ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសនានា ប្រចាំនៅកម្ពុជា អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា!
គណអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំ អ្នកតំណាងវិនិយោគកម្ពុជាទាំងអស់ជាទីមេត្រី!
To friends from China and the Chinese speaking country 大家好
and to all from the English speaking countries.
Hello and welcome to Cambodia
ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្ស ដោយបានចូលរួមក្នុង «ពិធីអបអរសាទរដំណើរការជាផ្លូវការ ១ ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និង ពិធីពិសាភោជនាហារសាមគ្គី ឆ្នាំ២០២៥» ។ ស្ថិតក្នុងឱកាសដ៏រីករាយនេះ ខ្ញុំសូមអបអរសាទរចំពោះសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដែលបានដំណើរការយ៉ាងរលូនក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសូមអរគុណចំពោះការរៀបចំកម្មវិធីនេះឡើង ។
យោងតាមរបាយការណ៍របស់អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគ្រប់រូប នៃសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដែលបានប្តេជ្ញាចិត្តខ្ពស់រួមគ្នា ដឹកនាំ និងដំណើរការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ប្រកបដោយភាពសកម្ម និង សហថាមពល ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនមកកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាព កិច្ចសហការទ្វេភាគីវិនិយោគពាណិជ្ជកម្ម និងទេសចរណ៍ ជាដើម ។ លើសពីនេះ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានខិតខំបំពេញការងាររបស់ខ្លួន តាមរយៈការរៀបចំព្រឹត្តិការណ៍ជាតិ-អន្តរជាតិ បង្កើតជាវេទិកាជំនួប ផ្គូផ្គង និងពង្រីក កិច្ចសហប្រតិបត្តិការនានា ជាពិសេស ការបង្កើតកម្មវិធីទាក់ទាញវិនិយោគិន និង ភ្ញៀវ-បរទេសថ្មីៗ មកទស្សនា សិក្សាស្វែងយល់និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ។ ទន្ទឹមនេះ សហគមន៍សហព័ន្ធក៏បានកៀរគរជំនួយ ក្នុងការបំពេញកិច្ចការសង្គម និងមនុស្សធម៌ ជាច្រើន ដែលបានបង្ហាញពីសមានចិត្តនៃការចែករំលែកដ៏ប្រពៃថ្លៃថ្លាផងដែរ ។
បន្ថែមពីនេះ បេសកកម្មការងាររបស់សមាគមសហព័ន្ធក៏ជាការចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការជួយបង្កើតឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ ជូនដល់ប្រជាជនកម្ពុជា ព្រមទាំងជំរុញការនាំចូលជំនាញ និង បច្ចេកវិទ្យាថ្មីៗបន្ថែម ដែលកត្តាទាំងនេះ សុទ្ធសឹងតែជាអាទិភាពសំខាន់ៗ ស្ថិតក្នុង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលមានបាវចនា ចំនួន៥ គឺ «កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព» និង អាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។
ឯកឧត្តម លោកជំទាវ ឧកញ៉ា និង អង្គពិធីជាទីមេត្រី!
យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល ៥ ខែ ឆ្នំា២០២៥នេះ គម្រោងវិនិយោគចំនួន ២៩០ គម្រោង ត្រូវបានអនុម័ត ក្នុងទុនវិនិយោគ ៤,២ ពាន់លានដុល្លារអាមេរិក។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នំា២០២៤ ចំនួនគម្រោងបានកើនឡើងចំនួន ១៣៧ គម្រោង ស្មើនឹងប្រមាណ ៩០% ខណៈទុនវិនិយោគបានកើនឡើងប្រមាណជាង ១,៤ ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៥២%។
ដោយឡែក សម្រាប់វិស័យទេសចរណ៍ បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងរយៈពេល ៥ ខែ នៃឆ្នាំ ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,៩៥ លាននាក់ កើនឡើង ១១.៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នំា២០២៤ ។ ទាំងអស់នេះគឺបង្ហាញឲ្យឃើញអំពីការទុកចិត្តទៅលើស្ថេរភាព និងលំនឹងសេដ្ឋកិច្ចរបស់កម្ពុជា សេដ្ឋកិច្ចសង្គម សន្តិសុខសង្គម ដែលធានាបានសុខសន្តិភាព ក្រោមនយោ បាយ ឈ្នះ-ឈ្នះ។
ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាបន្តថែរក្សា ការពារសន្តិភាព និង ស្ថិរភាពពេញលេញ ទោះក្នុងតម្លៃណាក៏ដោយ។ មិនតែប៉ុណ្ណោះ អ្នកវិនិយោគទាំងអស់នៅលើពិភពលោកអាចរាប់ថា ទន្ទឹមនឹងការរក្សាបាននូវសុខសន្តិភាព និងស្ថេរភាព រាជរដ្ឋាភិបាលបន្តគិតគូរ និងយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងការអភិវឌ្ឍធនធានពលកម្មវ័យក្មេង ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដែលនឹងជួយគាំទ្រដល់ផលិតកម្មនានាបានយ៉ាងសកម្ម និងប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ កម្ពុជាជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងទ្វេភាគីជាច្រើន ដែលបានជួយបើកច្រកទីផ្សារបានកាន់តែទូលាយ ក្នុងនោះ យើងមានទីផ្សារអាស៊ាន ដែលមានប្រជាជនសរុបជាង ៦៦២ លាននាក់ ហើយកម្ពុជាក៏មានទីផ្សារនៃបណ្ដាប្រទេសជាសមាជិកអាសិប ដែលមានប្រជាជនសរុបប្រមាណជាង ២,៣ ពាន់លាននាក់។ ទីផ្សារទំាងនេះ នឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ផលិតកម្ម និងការផ្គត់ផ្គង់ទំនិញ ផលិតផល សេវាកម្ម ពីបណ្ដារោងចក្រសហគ្រាសរបស់វិនិយោគិនគ្រប់រូបនៅកម្ពុជា។
ជាមួយនឹងបរិយាកាសដ៏អំណោយផលនេះ រាជរដ្ឋាភិបាលបាន និង កំពុងខិតខំនូវបរិយាកាសធុរៈកិច្ចនៅកម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីធានានូវស្ថេរភាព ក៏ដូចជាលំនឹងនៃការវិនិយោគរបស់អ្នកវិនិយោគិនរបស់យើង ក៏ដូចជាការការពារផលប្រយោជន៍ផ្សេងៗរបស់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។ នៅក្នុងន័យនេះ រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះក៏បានដាក់ចេញជាច្រើននូវការលើកទឹកចិត្តបន្ថែមទៀត នៅក្នុងការទាក់ទាញ និងថែរក្សាការវិនិយោគនៅកម្ពុជា។
ចំពោះកិច្ចការទាំងអស់នេះ នៅក្នុងឱកាសដ៏ប្រពៃនេះ ខ្ញុំសូមលើកទឹកចិត្តបណ្តាវិនិយោគិនចិន វិនិយោគិនជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវបរទេសថ្មីៗ សូមសម្រេចចិត្តយកកម្ពុជា ជាទីតាំងសម្រាប់រាល់កិច្ចការសហការ ព្រោះរដ្ឋាភិបាលកម្ពុជាតែងតែគិតខ្ពស់ចំពោះការវិនិយោគ និងអ្នកវិនិយោគិនគ្រប់រូប ដោយគ្មានការរើសអើង។ ពិតជាសាទរចំពោះភាពរីកចម្រើនរបស់បណ្តារោងចក្រសហគ្រាស ដែលបានបណ្តាក់ទុននៅកម្ពុជាយើង។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
សង្ឃឹមថាអ្នកវិនិយោគសម្រេចចិត្តធ្វើការវិនិយោគបន្តនៅកម្ពុជា
មិត្តទាំងអស់អាចយល់ដឹងអំពីសន្តិភាព ស្ថេរភាពនៅកម្ពុជា។ ទោះជាបញ្ហាខ្លះៗ នៅព្រំដែន កំពុងតែកើតមាន រាជរដ្ឋាភិបាលប្តេជ្ញាចិត្តធានាការរកដំណោះស្រាយឲ្យបានក្នុងកិច្ចការពាក់ព័ន្ធជាមួយនឹងព្រំដែននេះ ដើម្បីថែរក្សាសុខសន្តិភាព និងស្ថេរភាពក្នុងប្រទេសទាំង ២ ក៏ដូចជាប្រទេសនៅក្នុងតំបន់។
ខ្ញុំសង្ឃឹមថា មិត្តអ្នកវិនិយោគទាំងអស់នឹងបន្តធ្វើការវិនិយោគបន្តនៅកម្ពុជា។ សង្ឍឹមថា អ្នកវិនិយោគដែលទើបតែមកដើម្បីស្វែងរកឱកាសនៅក្នុងការវិនិយោគនៅកម្ពុជាពេលនេះ នឹងអាចជ្រើសយកកម្ពុជា ធ្វើការវិនិយោគ និងតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្មរវាងកម្ពុជានិងបណ្តាប្រទេសផ្សេងៗនៅលើពិភពលោក។
ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណណាស់ អ្នកឧកញ៉ា លី ឃុនថៃ ដែលបានរៀបចំនូវកម្មវិធីឡើងនៅថ្ងៃនេះ ហើយក៏សូមអរគុណដល់មិត្តយើងទាំងអស់ មកពីគ្រប់បណ្តាប្រទេសនៅទូទាំងសកលលោកដែលមាន(បំណងមក)វិនិយោគនៅកម្ពុជា។
Before I finish, I would like to speak a little bit in English. I just want to say welcome and also really appreciate your role and investment contribution to the economy of Cambodia. Please have a trust and confidence in the Royal Government of Cambodia. We will continue to be a good partner for all investors, domestically and especially our foreign investors in Cambodia. I hope that we will have a long way to go together. I understand that tonight we have friends who have just arrived Cambodia to look for the investment opportunity. I am sure you will find the opportunity to begin our relationship and grow together in the future.
To finish this, I would like to give you my best wishes and all the prosperity. May god bless everyone and thank you very much.
[ចប់សេចក្តីអធិប្បាយ]
ចំពោះថ្នាក់ដឹកនាំ ចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ភ្ញៀវកិត្តិយស និងបងប្អូនវិនិយោគិនខ្មែរក៏សូមជូនពរ ឲ្យទទួលបានពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត ។ សូមអរគុណ៕