- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា, ជាទីគោរពដ៏ខ្ពង់ខ្ពស់;
- សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា, ជាទីគោរពដ៏ខ្ពង់ខ្ពស់;
- សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ជាទីគោរពដ៏ខ្ពង់ខ្ពស់;
- សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ជាទីគោរពដ៏ខ្ពង់ខ្ពស់;
- សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ជាទីគោរពដ៏ខ្ពង់ខ្ពស់;
- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ជាទីគោរព ដ៏ខ្ពង់ខ្ពស់;
- ឯកឧត្តម, លោកជំទាវ, សមាជិក-សមាជិកា នៃព្រឹទ្ធសភា, រដ្ឋសភា និងរាជរដ្ឋាភិបាល, សមាជិក–សមាជិកា នៃអង្គសមាជ, ជាទីមេត្រី!
[ផ្ដើមសេចក្ដីអធិប្បាយពីបញ្ហាព្រំដែន]
មុននឹងចូលដល់បទអន្តរាគមន៍របស់ខ្ញុំលើរបៀបវារៈទី១ ស្ដីពី ប្រព័ន្ធគាំពារសង្គម ខ្ញុំសូមអនុញ្ញាតពីសម្ដេចប្រធានសមាជ និងអង្គសមាជទាំងមូល ដើម្បីរាយការណ៍ខ្លីពាក់ព័ន្ធនឹងស្ថានភាពព្រំដែន ពិសេស នៅទិសយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងឧត្ដរមានជ័យ។
ព្រំដែន ត្រូវបានពួកជ្រុលនិយមមួយចំនួនតូចក្នុងប្រទេសកម្ពុជា និងប្រទេសថៃ យកធ្វើជាប្រធានបទដើម្បីរុញច្រានឲ្យមានការកើនកម្ដៅរវាងប្រទេសនិងប្រជាជនទាំងពីរ។ បញ្ហានេះបានឈានដល់ការផ្ទុះអាវុធប្រយុទ្ធគ្នានៅតំបន់មុំបី ដោយសារការវាយឆ្មក់របស់កងទ័ពថៃ មកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅក្នុងដែនអធិប តេយ្យភាពរបស់កម្ពុជា ដែលបណ្ដាលឲ្យពលីយោធិនយើងមួយរូប គឺព្រឹន្ទបាលឯក សួន រោន (ដែលខ្ញុំសូមចូលរួមរំលែកទុក្ខសាជាថ្មី) ក៏ដូចជាការកើនឡើងកម្ដៅកាន់តែខ្លាំងឡើងនៅតំបន់ប្រាសាទតាមាន់ និងតំបន់ប្រាសាទមួយចំនួននៅឧត្ដរមានជ័យ ដែលនឹងអាចឈានទៅដល់ការប្រឈមមុខគ្នាជាថ្មី។
ទោះបីជារាជរដ្ឋាភិបាលទាំងពីរបានខិតខំទប់ស្កាត់មិនឲ្យបញ្ហានេះឆេះក្លាយជាជម្លោះ និងរក្សាទំនាក់ទំនងនៅព្រំដែនល្អក៏ដោយ ក៏ប៉ុន្តែការឡើងកម្តៅនៅមិនទាន់ចប់នៅឡើយ។ ផ្ទុយទៅវិញ កម្លាំងជ្រុលនិយមនៅតែបន្តដុតកម្ដៅជាប្រចាំ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកទៅលើបច្ចេកទេស និងច្បាប់អន្តរជាតិ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហានៅតំបន់ប្រាសាទទាំងនេះ។ រាជរដ្ឋាភិបាលបានសម្រេចឲ្យគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជា ទី១ រៀបចំការប្រជុំជាបន្ទាន់ជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែន បន្តការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសយើងទាំងពីរ។ ប្រគល់ភារកិច្ចឲ្យគណៈកម្មការព្រំដែនចម្រុះដើម្បីត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបីនេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីពន្លត់បញ្ហានេះ ជាជាងអង្គុយបក់ផ្សែង។
កម្ពុជាសង្ឃឹមថា ភាគីថៃនឹងឯកភាពជាមួយកម្ពុជាដើម្បីរួមគ្នាយកបញ្ហានេះទៅតុលាការអន្តរជាតិ ក្នុងស្មារតីសុចរិតភាព និងស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក ដើម្បីបញ្ចៀសកុំឲ្យក្លាយទៅជាបញ្ហាដែលឈានទៅដល់ការប្រឈមគ្នាដោយប្រដាប់អាវុធសាជាថ្មី ដោយសារភាពមិនច្បាស់លាស់នៃព្រំដែន ក៏ដូចជា MoU ឆ្នាំ២០០០។ ខ្ញុំសូមបញ្ជាក់ថា ទោះបីជាភាគីថៃមិនឯកភាពជាមួយយើងក្នុងការយកបញ្ហានេះទៅ ICJ ក៏កម្ពុជានឹងប្ដឹងទៅ ICJ លើបញ្ហានេះ ដើម្បីបញ្ចប់និងពន្លត់បញ្ហា កុំឲ្យមានការស្រពេចស្រពិលគ្នា ជាពិសេសការធ្លាក់ចូលទៅក្នុងការបំផុសរុញច្រានដោយក្រុមជ្រុលនិយមមួយក្ដាប់តូចក្នុងប្រទេសថៃ និងកម្ពុជា ដែលអាចឈានទៅដល់ការផ្ទុះអាវុធ និងការប្រឈមមុខដាក់គ្នា។ កិច្ចការនេះជាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល។
ខ្ញុំក៏សូមបញ្ជាក់ជូនអង្គសមាជ ក៏ដូចជាប្រជាជនកម្ពុជាផងដែរថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ក៏ប៉ុន្តែ កម្ពុជារក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើសិនជាមានការប៉ុនប៉ងរំលោភដែនអធិបតេយ្យភាពរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធ។ នេះគឺជាការប្ដេជា្ញចិត្តរបស់រាជរដ្ឋាភិបាល។
ម្សិលមិញ ខ្ញុំបានទៅព្រះវិហារដើម្បីជួបនឹងមេដឹកនាំកងទ័ពដែលឈរជើងនៅទីនោះ និងដែលត្រៀមលក្ខណៈរួចជាស្រេចការពារបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជាមិនមានបំណងឈ្លានពានចូលប្រទេសជិតខាង មិនចង់បានទឹកដីប្រទេសណាសូម្បីតែ ១មីល្លីម៉ែត្រ ប៉ុន្តែកម្ពុជាប្ដេជ្ញាចិត្តក្នុងការការពារឲ្យបានដាច់ខាតនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង។ នេះគឺជាការប្ដេជ្ញាចិត្តរបស់កងទ័ព និងកងនគរបាលជាតិដែលឈរជើងនៅខាងមុខ។
ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះវីរភាពរបស់កងទ័ព កងនគរបាលជាតិ និងគ្រប់បណ្ដាកងកម្លាំងដែលឈរជើងត្រៀមការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនទាំងអស់ និយាយជារួម ហើយនិយាយដោយឡែក នៅទិសយោធភូមិភាគទី៤ ដែលមានបញ្ហានេះ។
ខ្ញុំសូមថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលតែងតែផ្ដល់ការគាំទ្រ ដឹកនាំ និងលើកទឹកចិត្តជាប្រចាំចំពោះវីរកងទ័ព ដែលឈរជើងការពារតាមបណ្ដោយព្រំដែន រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កងនគរបាលជាតិ កន្លងទៅ ក៏ដូចជាពេលនេះ ហើយក៏បានបំផុសចលនាជំរុញខឿនការពារជាតិរបស់ប្រជាជន ដែលកៀរគរប្រជាពលរដ្ឋនៅទូទាំងប្រទេសលើកទឹកចិត្តទៅដល់កងកម្លាំងរបស់យើង ដែលត្រៀមជាស្រេចដើម្បីការពារបូរណភាពទឹកដី។
ខ្ញុំសូមអរគុណផងដែរ ចំពោះការគាំទ្រដ៏ផុសផុលពីបងប្អូនប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី មិនថាក្នុងឬក្រៅប្រទេស ចំពោះការជួយឧបត្ថម្ភគាំទ្រដល់កងទ័ព និងកងនគរបាលជាតិ តាមរយៈការបរិច្ចាគធនធាន ថវិកា សម្ភារៈ ស្បៀងអាហារជាច្រើន ជាបន្តបន្ទាប់ ក៏ដូចជាការបញ្ចេញនូវការគាំទ្រផ្សេងៗតាមសារ តាមហ្វេសប៊ុក តាមគ្រប់រូបភាពដើម្បីគាំទ្រដល់បងប្អូនរបស់យើង។ ខ្ញុំសូមបញ្ជាក់ថា ការជួយឧបត្ថម្ភមិនមែនមានត្រឹមតែស្បៀង ឬថវិកាតែប៉ុណ្ណោះទេ។
ការធានាស្បៀង ការធានាថវិកា រាជរដ្ឋាភិបាលយើងបានធានា ក្រសួងការពារជាតិឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានទៅឈរជើងនៅទីនោះ ឯកឧត្ដម ឥត សារ៉ាត់ ឯកឧត្ដម ហ៊ីង ប៊ុងហៀង និងថ្នាក់ដឹកនាំរបស់ក្រសួងការពារជាតិ ខាងភស្ដុភារ និងបច្ចេកទេស ក៏បានធានា ដោយយើងមិនឲ្យបងប្អូននៅទនោះមានការខ្វះខាតទេ។ ការជួយឧបត្ថម្ភគាំទ្របន្ថែមរបស់ប្រជាពលរដ្ឋយើងកាន់តែសំខាន់ជាងទៀត មិនត្រឹមតែជាស្បៀង និងសម្ភារៈ គឺការលើកទឹកចិត្តដល់កងទ័ពរបស់យើង ដែលដឹងថាប្រជាពលរដ្ឋគ្រប់ទិសទីនៅពីក្រោយកងទ័ពដើម្បីបំពេញកាតព្វកិច្ចការពារទឹកដីឲ្យបានជោគជ័យ។ នេះគឺជាសារធំណាស់សម្រាប់បងប្អូនរបស់យើង។
ខ្ញុំសូមអំពាវនាវឲ្យបន្តការគាំទ្រ និងការរួមគ្នាដើម្បីលើកទឹកចិត្តកងកម្លាំងរបស់យើង។ ពេលជាមួយគ្នា ខ្ញុំសូមអំពាវនាវសាជាថ្មីចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន បើទោះបីជាមាននិន្នការយ៉ាងណាក៏ដោយ សូមកុំធ្វើសកម្មភាពណាដែលប៉ះពាល់ដល់ទឹកចិត្តរបស់(កងទ័ព)កម្ពុជា។ នេះជាពេលដែលប្រទេសជាតិទាំងមូលត្រូវរួមគ្នា ជាពិសេសរួមគ្នានៅពីក្រោយកងទ័ព ត្រៀមលក្ខណៈការពារជាតិ និងបូរណភាពទឹកដី។
រឿងនយោបាយ ភាពខុសគ្នា យើងនិយាយនៅពេលផ្សេង តែសូមកុំនិយាយអ្វីដែលនាំឲ្យប៉ះពាល់ដល់ទឹកចិត្ត និងស្មារតីការពារទឹកដីរបស់បងប្អូន(ក្នុងពេលនេះ)។ (នេះ)មិនមែន(ជាពេល)មកកេងចំណេញនយោបាយផ្ទៃក្នុង ប្រឆាំងគ្នាឯងនោះទេ តែជាការមូលមតិគ្នា មូលចិត្តគំនិតរួមគ្នា ព្រោះអ្វីដែលជាហានិភ័យគឺទឹកដី និងកងទ័ពរបស់យើង។ ក្នុងន័យនេះ ខ្ញុំសូមសាជាថ្មីអរគុណចំពោះប្រជាពលរដ្ឋយើងទូទាំងប្រទេស ហើយសូមអំពាវនាវបន្តគាំទ្រលើកទឹកចិត្តដល់កងទ័ពយើងតទៅទៀត។ សូមអរគុណ៕
[ចប់សេចក្ដីអធិប្បាយពីបញ្ហាព្រំដែន]
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមក្នុង សមាជរដ្ឋសភា និងព្រឹទ្ធសភា និងធ្វើបទអន្តរាគមន៍ ស្តីពី «ប្រព័ន្ធគាំពារសង្គម» ដើម្បីគោរពរាយការណ៍ អំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ នៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា។
ខ្ញុំសូមអនុញ្ញាតយកឱកាសដ៏វិសេសនេះ គោរពជម្រាបជូន សម្ដេចប្រធាន, សម្ដេច ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ,ឯកឧត្តម, លោកជំទាវ, សមាជិក-សមាជិកា នៃព្រឹទ្ធសភានិងរដ្ឋសភា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា រាជរដ្ឋាភិបាល នៅគ្រប់នីតិកាលតែងយកចិត្តទុកដាក់លើសុខុមាលភាពរបស់ពលរដ្ឋ។ ជាមួយនឹងការស្តារជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ដោយផ្តោតលើសន្តិសុខស្បៀង, ការផ្តល់សេវាសុខាភិបាល, ការអប់រំ និងសេវាសង្គម, រាជរដ្ឋាភិបាល ក្នុងនីតិកាលមុនៗ បានចាប់ផ្តើមកសាងសំណាញ់សុវត្ថិភាពសង្គម ជាជំហានៗ។
ផ្លែផ្កានៃកំណើនសេដ្ឋកិច្ច, សុខសន្តិភាពពេញបរិបូរណ៍, ស្ថិរភាពនយោបាយ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច ដែលបាននាំមកជូនជាតិមាតុភូមិ តាមរយៈការអនុវត្ត នយោបាយ ឈ្នះ-ឈ្នះ និងក្រោមការដឹកនាំ និងការជំរុញការអភិវឌ្ឍប្រទេស ដោយភាពហ្មត់ចត់, ជវភាព និងចក្ខុវិស័យវែងឆ្ងាយ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ព្រមទាំងការវិវឌ្ឍនៃស្ថានភាពប្រជាសាស្ត្រ, រាជរដ្ឋាភិបាល ក្នុងនីតិកាលមុន បានផ្តួចផ្តើមរៀបចំ និងបានដាក់ចេញនូវ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦–២០២៥។ ក្របខ័ណ្ឌគោលនយោបាយនេះ មានលក្ខណៈ ប្រមូលផ្តុំ និងពេញលេញ ដែលបង្កើនប្រសិទ្ធភាព តម្លាភាព និងសង្គតិភាព នៃកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមនានា។ អនុលោមតាមការចង្អុលបង្ហាញរបស់ក្របខ័ណ្ឌគោលនយោបាយនេះ, ក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវបានបង្កើតឡើង ដើម្បីដឹកនាំសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតម្រង់ទិសយុទ្ធសាស្ត្រ និងគោលនយោបាយ ក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយដ៏រឹងមាំជាជំហានៗ មានវិសាលភាពធំជាងមុន និងអាចបត់បែនឆ្លើយតបនឹងគ្រោះអាសន្ននានា។
រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ បានកំណត់យកការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាសកម្មភាពអាទិភាពមួយ ក្នុងចំណោមសកម្មភាពអាទិភាពនានា។ រួមជាមួយការវិវត្តយ៉ាងរហ័សនៃព្រឹត្តការណ៍សកលនានា, ជាពិសេស វិបត្តិជំងឺកូវីដ-១៩ ជាមួយនឹងលទ្ធផលនៃការវាយតម្លៃពាក់កណ្តាលអាណត្តិ, រាជរដ្ឋាភិបាល បានមើលឃើញពីភាពចាំបាច់ ក្នុងការធ្វើបច្ចុប្បន្នកម្ម ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ទៅជា ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ក្នុងគោលបំណងពង្រឹងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមបន្ថែមទៀត ដើម្បីបន្តតម្រង់ទិស ដោយផ្តោតលើការកសាងភាពធន់ និងការរក្សាភាពអាចបត់បែនបាន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ, គ្រោះអាសន្ន និងវិបត្តិនានា ក៏ដូចជា ការវិវឌ្ឍនៃកត្តាសេដ្ឋកិច្ច, កត្តាសង្គម និងកត្តាប្រជាសាស្ត្រ, សំដៅរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយ ចីរភាព និងបរិយាបន្ន។ ក្របខ័ណ្ឌគោលនយោបាយថ្មីនេះ ត្រូវបានធ្វើការផ្លាស់ប្តូរពីអភិក្រមនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមដែលផ្តោតលើសសរស្តម្ភ ទៅជាការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម និងការផ្ដល់កិច្ចគាំពារ តាមហានិភ័យនៃវដ្តជីវិតវិញ ដោយបន្តផ្តោតការយកចិត្តទុកដាក់លើការធានា នូវសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់ពលរដ្ឋ សំដៅលើកកម្ពស់សុខុមាលភាព, ការឆ្លើយតបនឹងយេនឌ័រ ព្រមទាំងកាត់បន្ថយភាពក្រីក្រ ទន្ទឹមនឹងការត្រៀមខ្លួនដោះស្រាយបញ្ហា ដែលបង្កឡើងដោយគ្រោះអាសន្ន និងវិបត្តិនានាជាយថាហេតុ។ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» នេះ ទើបត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្នុងពិធីបើកសប្ដាហ៍គាំពារសង្គម ឆ្នាំ២០២៥, កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។
ដើម្បីបង្ហាញច្បាស់ អំពីសមិទ្ធផលនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា, ខ្ញុំសូមគោរពរាយការណ៍ អំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ នៃប្រព័ន្ធគាំពារសង្គម ដោយផ្ដោតលើផ្នែកសំខាន់ៗ ចំនួន ៣ ដូចខាងក្រោម៖
ផ្នែកទី ១៖ ការកសាងប្រព័ន្ធ
ដើម្បីកសាងប្រព័ន្ធគាំពារសង្គម ឱ្យមានភាពរឹងមាំ, មានភាពធន់ និងប្រសិទ្ធភាព ដូចសព្វថ្ងៃនេះ, រាជរដ្ឋាភិបាលបានវិនិយោគលើការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា។ ជាក់ស្តែង, រាជរដ្ឋាភិបាល បានអភិវឌ្ឍ និងកសាងប្រព័ន្ធសំខាន់ៗ ដោយផ្ដោតលើធាតុសំខាន់ៗ ចំនួន ៣ គឺ៖ ១. ក្របខ័ណ្ឌគតិយុត្ត និងឯកសារគោលនយោបាយ, ២. ប្រព័ន្ធគាំពារសង្គមឌីជីថល និងយន្តការតាមដាននិងវាយតម្លៃ,និង៣. ក្របខ័ណ្ឌស្ថាប័ន។
ក្នុងនោះ, រាជរដ្ឋាភិបាល បានរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត, ឯកសារក្របខ័ណ្ឌ, ផែនទីបង្ហាញផ្លូវ, យុទ្ធសាស្ត្រ, និងគោលការណ៍ណែនាំសំខាន់ៗ សម្រាប់ធ្វើស្ថាប័នូបនីយកម្ម, ដាក់ឱ្យអនុវត្ត ក៏ដូចជា ជំរុញការអនុវត្តកម្មវិធីជាតិជំនួយសង្គម, របបសន្តិសុខសង្គម និងអន្តរាគមន៍គាំពារសង្គម ជាបន្តបន្ទាប់ ដែលរួមមាន៖ ១. ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥, ២. ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥, ៣. គោលការណ៍ណែនាំ ស្តីពីក្របខ័ណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន, ៤. គោលការណ៍ណែនាំ ស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ, ៥. ផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម, ៦. គោលនយោបាយស្តីពីការផ្តល់អាហារតាមសាលារៀន, ៧. យុទ្ធសាស្ត្រទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គមកម្ពុជា, និង៨. សៀវភៅណែនាំ ស្តីពីយន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម ជាដើម។
បន្ថែមលើនេះ, រាជរដ្ឋាភិបាល ក៏បានរៀបចំបង្កើត និងដាក់ឱ្យដំណើរការនូវប្រព័ន្ធគាំពារសង្គមឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព និងសម្រួលដល់ប្រតិបត្តិការកម្មវិធីគាំពារសង្គម ក៏ដូចជា រៀបចំ និងអនុវត្តយន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាព នៃការអនុវត្តការងារ និងធ្វើការកែសម្រួល ឱ្យបានទាន់ពេល។ កិច្ចការទាំងអស់នេះ ត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ចាត់ទុកជាការងារដ៏សំខាន់ ក្នុងការវាស់វែងប្រសិទ្ធភាព និងលទ្ធផលនៃគោលនយោបាយ ដែលត្រូវបានដាក់ចេញ។
ជាមួយគ្នានេះ, យន្តការស្ថាប័នក្នុងប្រព័ន្ធគាំពារសង្គម ក៏ត្រូវបានកែទម្រង់, ពង្រឹង និងពង្រីកមុខងារ ដើម្បីធានាដល់ការចាត់ចែង និងការគ្រប់គ្រងកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម, ជាពិសេស ការផ្តល់អត្ថប្រយោជន៍ ដល់ពលរដ្ឋគោលដៅ ប្រកបដោយប្រសិទ្ធភាព, តម្លាភាព និងគណនេយ្យភាព។ ដើម្បីធានាបាននូវ ភាពជោគជ័យនៃការអនុវត្ត និងប្រតិតុល្យការរវាងការបំពេញមុខងារក្នុងប្រព័ន្ធគាំពារសង្គម, រាជរដ្ឋាភិបាលបានរៀបចំអភិបាលកិច្ចនៃប្រព័ន្ធគាំពារសង្គម តាមមុខងារ ចំនួន ៣ កម្រិត រួមមាន៖
១). កម្រិតគោលនយោបាយ៖ មាន ក្រុមប្រឹក្សាជាតិគាំពារសង្គម ជាអ្នកដឹកនាំ តម្រង់ទិស និងសម្របសម្រួលការរៀបចំ និងការអនុវត្តគោលនយោបាយគាំពារសង្គម ដោយមាន គណៈកម្មាធិការប្រតិបត្តិ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ជាសេនាធិការបច្ចេកទេស។ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានដើរតួយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពត្រួតស៊ីគ្នា និងកង្វះកិច្ចសហប្រតិបត្តិការ រវាងក្រសួង-ស្ថាប័ន និងបុគ្គលពាក់ព័ន្ធ ព្រមទាំងបានតាមដាន និងវាយតម្លៃការអនុវត្តកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមជាប្រចាំ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត និងធានាថា គ្មានពលរដ្ឋណាម្នាក់ត្រូវបានបោះបង់ដោយមិនមានការយកចិត្តទុកដាក់នោះឡើយ។
២). កម្រិតនិយ័តករ៖ មាន និយ័តករសន្តិសុខសង្គម ជាអ្នកបំពេញតួនាទីតាមដាន និងត្រួតពិនិត្យរាល់ប្រតិបត្តិការ នៃគ្រប់របបសន្តិសុខសង្គម ដើម្បីធានាគណនេយ្យភាព និងតម្លាភាពរបស់ប្រតិបត្តិករសន្តិសុខសង្គម។ កន្លងមក, និយ័តករសន្តិសុខសង្គម បានដាក់ចេញនូវវិធានការនិយ័តកម្មមួយចំនួន ដូចជា៖ ១. ការពង្រឹងការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាល តាមរយៈការពិនិត្យឡើងវិញ លើកិច្ចសន្យារបស់មូលដ្ឋានសុខាភិបាលឯកជន ជាមួយ ប.ស.ស., ២. ការរៀបចំក្របខ័ណ្ឌសម្រាប់កំណត់ពិតានចំណាយប្រតិបត្តិការរបស់ ប.ស.ស., និង៣. ការរៀបចំគោលការណ៍គ្រប់គ្រងមូលនិធិសន្តិសុខសង្គម ដោយផ្អែកលើឧត្តមានុវត្តន៍ អនុ្តរជាតិ និងបរិបទកម្ពុជា ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តរបបសន្តិសុខសង្គម ព្រមទាំងរក្សាបាននូវភាពរឹងមាំ និងចីរភាពហិរញ្ញវត្ថុ នៃមូលនិធិសន្តិសុខសង្គម។
៣). កម្រិតប្រតិបត្តិករ៖ មាន៖ ១. បេឡាជាតិសន្តិសុខសង្គម ជាស្ថាប័នគ្រប់គ្រង និងចាត់ចែងដំណើរការនៃរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព, ផ្នែកហានិភ័យការងារ, និងផ្នែកប្រាក់សោធន, ២. មូលនិធិជាតិជំនួយសង្គម ជាស្ថាប័នទទួលបន្ទុកចាត់ចែង និងគ្រប់គ្រងកម្មវិធីជំនួយសង្គម និងជាអ្នកបើកផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជូនពលរដ្ឋ, ៣. ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ជាស្ថាប័នទទួលបន្ទុកបញ្ជាក់ការស្នើសុំទូទាត់ចំណាយ នៃរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងរបបថែទាំសុខភាពទាំងអស់, និង៤. រដ្ឋបាលថ្នាក់ក្រោមជាតិ ជាប្រតិបត្តិករអនុវត្តការងារនៅជួរមុខ ជាមួយពលរដ្ឋផ្ទាល់។
ការកសាងប្រព័ន្ធមួយដែលមានលក្ខណៈច្បាស់លាស់បែបនេះ បានផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងជាកាតាលិករដ៏សំខាន់ ក្នុងការដាក់ចេញ និងការពង្រីកវិសាលភាពប្រព័ន្ធគាំពារសង្គម បានយ៉ាងទូលំទូលាយ និងទទួលបានការសាទរពីសាធារណជន នាពេលកន្លងទៅ ដោយឈរលើអភិក្រម «ពង្រឹងប្រព័ន្ធដើម្បីពង្រីក ការគ្របដណ្ដប់»។
ផ្នែកទី២៖ ការដាក់ចេញ និងការពង្រីកវិសាលភាពកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម រួមទាំងការឆ្លើយតបនឹងគ្រោះអាសន្ន
រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផល ក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់ការគាំពារសំដៅលើកកម្ពស់សុខុមាលភាពរបស់ពលរដ្ឋ តាមរយៈការពង្រីកវិសាលភាពកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដែលមានស្រាប់ និងការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗ ជាបន្តបន្ទាប់។ វឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ នៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា និងការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ចែកចេញជា ៣ ទិដ្ឋភាពដូចក្រោម៖
ក. ទិដ្ឋភាពជំនួយសង្គម៖
គិតត្រឹមខែមេសា ឆ្នាំ ២០២៥, កម្មវិធីជាតិជំនួយសង្គមគ្របដណ្តប់លើពលរដ្ឋសរុបប្រមាណ ១,២ លានគ្រួសារ, សមមូលពលរដ្ឋប្រមាណជាង ៤,៨៤ លាននាក់, ស្មើនឹងប្រមាណ ២៨% នៃពលរដ្ឋសរុប, ហើយក្នុងឆ្នាំ ២០២៥ នេះ, រាជរដ្ឋាភិបាលបានវិភាជថវិកាប្រមាណ ១ ០២៨ ប៊ីលានរៀល, សមមូលនឹង ២៥៧ លានដុល្លារ អាម៉េរិក, សម្រាប់អនុវត្តកម្មវិធីចំនួន ៩ ដូចខាងក្រោម៖
១). កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ត្រូវបានបង្កើត និងដាក់ឱ្យអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤ កន្លងទៅ។ កម្មវិធីនេះ គឺជាការធ្វើសមាហរណកម្ម នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដែលមានស្រាប់ និងកម្មវិធីបង្កើតថ្មី សរុបចំនួន ៤ គឺ៖
– កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដែលត្រូវបានដាក់ឱ្យអនុវត្ត កាលពីឆ្នាំ២០១៩ និងត្រូវបានពង្រីកវិសាលភាព ជាបន្តបន្ទាប់ ព្រមទាំង ត្រូវបានដំឡើងកម្រិតប្រាក់ឧបត្ថម្ភទ្វេដង ដោយគិតមកដល់បច្ចុប្បន្ន មានអ្នកទទួលផលសរុបចំនួនប្រមាណ ៤៤ ម៉ឺននាក់;
– កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា ដែលមានសិស្សក្រីក្រទទួលផលសរុបមាន ចំនួន ៤៣១ ៦៩៧ នាក់;
– កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព មកពីគ្រួសារក្រីក្រដែលមានអ្នកទទួលផលចំនួន ៥៣ ៥៩៧ នាក់;
– កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ ឆ្នាំឡើង) មកពី គ្រួសារក្រីក្រ ដែលមានអ្នកទទួលផលចំនួន ៣៨៥ ៨២០ នាក់។
ជាមួយគ្នានេះ, ក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក៏មានការឧបត្ថម្ភគោល សម្រាប់គ្រួសារក្រីក្រទាំងអស់ ដែលបច្ចុប្បន្ន ជាង ៧១ ម៉ឺនគ្រួសារ បានទទួលផល និងការឧបត្ថម្ភសមាជិកដែលរស់នៅជាមួយមេរោគ/ជំងឺអេដស៍ ចំនួន ៥ ០៩៦ នាក់ ផងដែរ។
២). កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ក៏ត្រូវបានដាក់ឱ្យអនុវត្តជាកម្មវិធីជាតិជំនួយសង្គម កាលពីដើមឆ្នាំ២០២០ ក្នុងគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារ ក្នុងតំបន់មានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ ដោយចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ។ កម្មវិធីនេះត្រូវបានពង្រីកវិសាលភាពជាបន្តបន្ទាប់ ដែលបច្ចុប្បន្ន សាលារៀន ចំនួន ១ ១១៤ បានអនុវត្តកម្មវិធីនេះ និងសិស្សចំនួនប្រមាណ ៣០ ម៉ឺននាក់ បានទទួលផល,ដែលក្នុងនោះ, រាជរដ្ឋាភិបាល បានទទួលយកសាលារៀនគោលដៅពីដៃគូអភិវឌ្ឍ ចំនួន ៦៨៦ សាលា ក្នុងខេត្តចំនួន ១០ និងមានសិស្សទទួលផលជាង ១៩ ម៉ឺននាក់។
៣). កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ត្រូវបានដាក់ឱ្យអនុវត្តក្នុងគោលបំណងផ្តល់ឱកាសស្មើគ្នា ជូនយុវជនគោលដៅ ក្នុងការទទួលបានការអភិវឌ្ឍជំនាញ និងឱកាសការងារកាន់តែល្អក្នុងការបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ ដែលមានយុវជនចុះឈ្មោះចូលរៀន សរុបប្រមាណ ១១ ម៉ឺននាក់, ក្នុងនោះ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានចំនួនជិត ៥ ម៉ឺននាក់។
៤). កម្មវិធីស្តារជីវភាពឡើងវិញ សម្រាប់ការផ្លាស់ប្តូរលំនៅឋានទៅក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែង នៃស្រុកអង្គរធំ ខេត្តសៀមរាប ត្រូវបានដាក់ចេញ ដើម្បីគាំទ្រជីវភាពបន្ថែមសម្រាប់គ្រួសារ ដែលបានស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅឋានទៅរស់នៅក្នុងក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែង ដែលបច្ចុប្បន្ន មានគ្រួសារទទួលផលសរុបប្រមាណ ១ ម៉ឺនគ្រួសារ ស្មើនឹង ៤៣ ២៤១ នាក់។
៥). មូលនិធិសមធម៌សុខាភិបាល បានគ្របដណ្តប់ក្រុមពលរដ្ឋគោលដៅនានា រួមមាន៖ ពលរដ្ឋមកពីគ្រួសារក្រីក្រ, ពលរដ្ឋមកពីគ្រួសារងាយរងហានិភ័យ, កម្មករក្រៅប្រព័ន្ធ, អ្នកធាក់ស៊ីក្លូ, កីឡាករជម្រើសជាតិ, ក្រុមគ្រួសារជនពលីមរណៈ, បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងទៀត។ ជារួម, ពលរដ្ឋចំនួនប្រមាណ ៤,៨៤ លាននាក់ កំពុងទទួលបានការថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ឬមន្ទីរពេទ្យរដ្ឋ ដោយរដ្ឋជាអ្នកបង់ថ្លៃជំនួស។
៦). កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ សម្រាប់ សមាជិក ប.ស.ស. ជាស្ត្រី ត្រូវបានចាប់ផ្តើមអនុវត្តដំបូងក្នុងឆ្នាំ ២០១៨ ដោយផ្ដល់ការឧបត្ថម្ភសាច់ប្រាក់ ជូនកម្មករនិយោជិតជាស្ត្រីនៅពេលសម្រាល។ ចាប់ពីខែសីហា ឆ្នាំ២០២៣, រាជរដ្ឋាភិបាល បានដំឡើងប្រាក់ឧបត្ថម្ភ ព្រមទាំងបានផ្តល់សេវាសុខាភិបាលបន្ថែម, ទាំងក្នុងអំឡុងមានផ្ទៃពោះ និងក្រោយពេលសម្រាល រហូតដល់កុមារអាយុ ២ ឆ្នាំ, ហើយត្រូវបានពង្រីកវិសាលភាព ដល់មន្រ្តីរាជការ, មន្រ្តីកម្មសិក្សា, និងមន្រ្តីជាប់កិច្ចសន្យា ជាស្រី្ត ផងដែរ។ គិតត្រឹមខែមេសា ឆ្នាំ២០២៥, ស្រ្តី និងកុមារ សរុបជាង ៩៧ ម៉ឺននាក់ (ម្តាយ ៤៨,៥ ម៉ឺននាក់ និងកូន ៤៨,៨ ម៉ឺននាក់) បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ។
ខ. ទិដ្ឋភាពសន្តិសុខសង្គម៖
គិតត្រឹមខែមេសា ឆ្នាំ២០២៥, របបសន្តិសុខសង្គមគ្របដណ្តប់លើពលរដ្ឋសរុបប្រមាណ ៣,១ លាននាក់, ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។ ក្នុងឆ្នាំ ២០២៥ នេះ, រាជរដ្ឋាភិបាល បានវិភាជថវិកាជាតិ ប្រមាណ ១ ៧០០ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៤២៥ លានដុល្លារអាម៉េរិក, បន្ថែមលើថវិកាភាគទាន ដែលប្រមូលបានពីសមាជិក ប.ស.ស. សម្រាប់អនុវត្តរបបសន្តិសុខសង្គមចំនួន ៣ សំខាន់ៗ ដែលសម្រេចបានសមិទ្ធផលដូចខាងក្រោម៖
១). របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ត្រូវបានពង្រីកវិសាលភាពជាបន្តបន្ទាប់ ដល់បុគ្គលក្នុងវិស័យសាធារណៈ, បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក បន្ថែមលើកម្មករនិយោជិត ដែលបច្ចុប្បន្ន សមាជិកសរុបមានចំនួន ៣,១ លាននាក់ ក្នុងនោះ ១,៩ លាននាក់ ជាកម្មករនិយោជិត, ៥១ ម៉ឺននាក់ ជាបុគ្គលនៃវិស័យសាធារណៈ, និង៦៩ ម៉ឺននាក់ទៀតជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.។
២). របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ក៏ត្រូវបានពង្រីកវិសាលភាពដល់មន្ត្រីសាធារណៈ ដែលគិតត្រឹមឆ្នាំ ២០២៤ របបសន្តិសុខសង្គមនេះ មានសមាជិកសរុបប្រមាណ ២,២ លាននាក់ ក្នុងនោះ កម្មករនិយោជិតមានប្រមាណ ១,៩ លាននាក់ និងមន្ត្រីសាធារណៈ ប្រមាណ ៣១ ម៉ឺននាក់។
៣). របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិត ត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការ កាលពីខែកក្កដា ឆ្នាំ២០២២ ដែលបច្ចុប្បន្នគ្របដណ្តប់ កម្មករនិយោជិត ប្រមាណ ២,៣ លាននាក់ បន្ថែមពីលើ របបសន្តិសុខ សង្គមផ្នែកប្រាក់សោធនសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលគ្របដណ្តប់និវត្តជន ចំនួន ១២ ម៉ឺន ៩ ពាន់នាក់។ រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាចំនួន ១,៦១ ទ្រីលានរៀល, សមមូលនឹងប្រមាណ ៤០៣,៥ លានដុល្លារអាម៉េរិក, សម្រាប់បើកប្រាក់សោធន ជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ក្នុងឆ្នាំ២០២៥ នេះ។
គ. ទិដ្ឋភាពអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន
បន្ថែមលើកម្មវិធីជាតិជំនួយសង្គម និងរបបសនិ្តសុខសង្គមខាងលើ, នៅពេលកម្ពុជា ជួបគ្រោះអាសន្នកន្លងមក ដែលរួមមានការរីករាលដាលនៃជំងឺកូវីដ-១៩, សម្ពាធអតិផរណា និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ, រាជរដ្ឋាភិបាល ក៏បានគិតគូរ និងផ្តល់ការគាំពារដល់ពលរដ្ឋ ដើម្បីរក្សាលំនឹងជីវភាព, កាត់បន្ថយកម្មវិបាកអវិជ្ជមាន, និងស្តារជីវភាពរបស់ពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តាមរយៈអន្តរាគមន៍ជំនួយសង្គមពិសេស ដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយបានចំណាយថវិកាជាតិ សរុបចំនួន ៥,៧ ទ្រីលានរៀល, សមមូលនឹង ១ ៤២២ លានដុល្លារអាម៉េរិក។អន្តរាគមន៍ទាំងនោះរួមមាន៖
១). កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ–១៩ ត្រូវបានដាក់ចេញកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងគោលបំណងផ្តល់ការគាំពារ ដើម្បីជួយរក្សាលំនឹងជីវភាពរបស់ក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងមានវិបត្តិជំងឺកូវីដ-១៩។ កម្មវិធីនេះ ត្រូវបានបិទបញ្ចប់ទាំងស្រុង នៅខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីត្រូវបានអនុវត្តរយៈពេល ៤៦ ខែ ដោយបានផ្តល់សាច់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់គ្រួសារក្រីក្រ ចំនួនជាង ៧០ ម៉ឺនគ្រួសារ, ស្មើនឹង ២,៨ លាននាក់, ជាមួយនឹងចំណាយថវិការដ្ឋសរុបជាង ៥,៤ ទ្រីលានរៀល, សមមូលនឹង ១ ៣៦០ លានដុល្លារអាម៉េរិក។
២). កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ទ្រង់ទ្រាយធំ ត្រូវបានដាក់ឱ្យអនុវត្ត ដើម្បីឆ្លើយតបនឹងផលប៉ះពាល់លើគ្រួសារមានការលំបាកផ្នែកជីវភាព ពីការអនុវត្តវិធានការបិទខ្ទប់ទ្រង់ទ្រាយធំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ, ក្រុងតាខ្មៅ នៃខេត្តកណ្ដាល និងក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដោយបានបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារគោលដៅ សរុបចំនួន ១២ ម៉ឺនគ្រួសារ និងបានចំណាយថវិកាជាតិ សរុបចំនួន ៣១,៦ ប៊ីលានរៀល, សមមូលនឹង ៨ លានដុល្លារអាម៉េរិក។
៣). កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងមានសម្ពាធអតិផរណា បានផ្តល់ការគាំទ្រដល់គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ក្នុងគោលបំណងជួយស្រូបយកសម្ពាធពីការកើនឡើងខ្ពស់នៃអតិផរណា ក្នុងមួយគ្រា នៃវិបត្តិ ដែលបានគ្របដណ្ដប់លើគ្រួសារគោលដៅ សរុបប្រមាណ ៥០ ម៉ឺនគ្រួសារ ឬ ស្មើនឹងប្រមាណ ១,៨ លាននាក់ ដោយបានចំណាយថវិការដ្ឋ សរុបប្រមាណ ១៧៦ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៤៤ លានដុល្លារ–អាម៉េរិក។ កម្មវិធីនេះ ត្រូវបានបិទបញ្ចប់ទាំងស្រុង កាលពីពាក់កណ្ដាលឆ្នាំ២០២៣។
៤). កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់៖ រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រដល់គ្រួសារងាយរងហានិភ័យ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីគ្រោះទឹកជំនន់ នៅក្នុងតំបន់ភូមិសាស្ត្រនៃរាជធានី-ខេត្តគោលដៅ ចំនួន ១៦ ក្នុងគោលបំណងជួយ រក្សាលំនឹងជីវភាព និងជួយស្តារជីវភាពឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ធ្ងន់ធ្ងរពីទឹកជំនន់ ដែលបានផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារគោលដៅជិត ១០ ម៉ឺនគ្រួសារ ឬ ស្មើនឹងសមាជិកប្រមាណ ៣៧ ម៉ឺននាក់ ដោយបានចំណាយថវិកាជាតិ សរុបចំនួន ៤៧ ប៊ីលានរៀល, សមមូលនឹង ១១,៧ លានដុល្លារអាម៉េរិក។
សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ការវាយតម្លៃរបស់ធនាគារពិភពលោក (WB) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) លើកម្មវិបាកនៃការអនុវត្ត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ–១៩ កាលពីឆ្នាំ២០២១ បង្ហាញថា កម្មវិធីនេះ ពិតជាបានផ្តល់ផលវិជ្ជមានជាច្រើន ដោយបានចូលរួមសម្រួលជីវភាពគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ឱ្យរួចផុតពីការធ្លាក់ចូលទៅក្នុងបញ្ហាអសន្តិសុខស្បៀង, បំណុល, ការលក់ទ្រព្យសកម្មរបស់គ្រួសារ, បង្កើនប្រាក់សន្សំ និងសម្រួលបន្ទុក ចំណាយ របស់គ្រួសារ, ជាពិសេស ចំណាយលើម្ហូបអាហារ, ថ្នាំសង្កូវ និងការអប់រំកូនចៅ។
លើសពីនេះ, កម្មវិធីនេះមានផលវិជ្ជមាន លើម៉ាក្រូសេដ្ឋកិច្ចកម្ពុជាផងដែរ ដោយបានចូលរួមដល់កំណើនសេដ្ឋកិច្ច ប្រមាណ ០,៥៥% ក្នុងឆ្នាំ២០២០ និង០,៤៥% ក្នុងឆ្នា២០២១ ក៏ដូចជា បានរួមចំណែកក្នុងការកាត់បន្ថយអត្រានិកម្មភាព ចំនួន ០,៥៧% ក្នុងឆ្នាំ ២០២០ និង០,៦២% ក្នុងឆ្នាំ២០២១ និងបានចូលរួមកាត់បន្ថយអត្រាភាពក្រីក្រ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ផងដែរ។
បន្ថែមពីនេះ, ការវាយតម្លៃរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) លើកម្មវិបាក នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងមានសម្ពាធអតិផរណា និងគ្រួសារដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរ បានបង្ហាញថា គ្រួសារទទួលផលប្រមាណ ៩៧% ពេញចិត្ត និងគាំទ្រអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងទម្រង់ជាការឧបត្ថម្ភសាច់ប្រាក់ ដែលត្រូវបានប្រើប្រាស់លើមុខចំណាយចាំបាច់ ដូចជា៖ ម្ហូបអាហារ, សេវាសុខាភិបាល និងឱសថ, និងការសិក្សារបស់កូន ជាដើម។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ទាំង ២ ក៏បានទប់ស្កាត់ការធ្លាក់ចុះធ្ងន់ធ្ងរនៃស្ថានភាពជីវភាពរបស់គ្រួសារគោលដៅ ដូចជា៖ ១). បានកាត់បន្ថយការកើនឡើង នៃអត្រាអសន្តិសុខស្បៀង ក្នុងគ្រួសារចំនួន ១៣%, ២). បានជួយលើការសន្សំក្នុងគ្រួសារ ចំនួន ៧,៥%, និង៣). បានជួយគ្រួសារឱ្យមានលទ្ធភាពបង់ថ្លៃសេវាទឹក-ភ្លើង, ថ្លៃជួលផ្ទះ, និងបង់ថ្លៃសេវាសុខាភិបាល ជាដើម។ ការវាយតម្លៃ ក៏បានបង្ហាញថា គ្រួសារពលរដ្ឋ, ជាពិសេស គ្រួសារងាយរងហានិភ័យដែលទទួលបានសាច់ប្រាក់ឧបត្ថម្ភ មានទស្សនៈវិជ្ជមាន លើរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានផងដែរ។
ផ្នែកទី៣៖កម្មវិធីគោលនយោបាយអាទិភាពពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម
ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ដែល សម្ដេចតេជោ ហ៊ុន សែន បាននាំមកជូនប្រជាជាតិយើង, រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមបន្ថែមទៀត ក្នុងគោលបំណងបែងចែកផ្លែផ្កា នៃកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ សំដៅកាត់បន្ថយវិសមភាពសង្គម និងពង្រឹងសាមគ្គីធម៌ ក្នុងសង្គម។ ក្នុងនោះ, រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ កម្មវិធីគោលនយោបាយអាទិភាព ចំនួន ៦ ដែលក្នុងនោះ កម្មវិធីគោលនយោបាយអាទិភាព ចំនួន ៣ ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម រួមមាន៖
កម្មវិធីទី១- ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល;
កម្មវិធីទី២- កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ; និង
កម្មវិធីទី៣- ការធ្វើស្ថាប័នូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះក្នុងគ្រួសារក្រីក្រ, និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។
កម្មវិធីគោលនយោបាយអាទិភាព ទាំង ៣ នេះ ពិតជាបានជំរុញឱ្យប្រព័ន្ធគាំពារសង្គម ពង្រីកខ្លួនថែមមួយកម្រិតទៀត ដែលខ្ញុំសូមជម្រាបជូននូវសមិទ្ធផល ដោយសង្ខេប ដូចខាងក្រោម៖
តាមរយៈ កម្មវិធីគោលនយោបាយអាទិភាពទី ១, រាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលធំៗ ចំនួន ៣ រួមមាន៖
១). ការដាក់ឱ្យអនុវត្តជាផ្លូវការនូវ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់ សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ក្នុងគោលបំណងអភិវឌ្ឍប្រព័ន្ធគាំពារសុខភាពសង្គម និងការពង្រឹងសមត្ថភាព ក្នុងការផ្តល់សេវាសុខាភិបាលទាំងសាធារណៈ និងឯកជន;
២). ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. ជាកម្មករនិយោជិត និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ដែលមានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. ប្រមាណ ៦៩ ម៉ឺននាក់ បានចុះឈ្មោះ; និង
៣). ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ ដែលមានចំនួនសរុបប្រមាណ ៥០ ម៉ឺនគ្រួសារ ឬស្មើនឹង ១,៨ លាននាក់។
ជារួម, គិតត្រឹមខែមេសា ឆ្នាំ២០២៥, តាមរយៈ កម្មវិធីគោលនយោបាយអាទិភាពទី១ នេះ, ការគ្របដណ្តប់ប្រព័ន្ធគាំពារសុខភាពសង្គម មានការកើនឡើងប្រមាណជាង ៣ លាននាក់, ធៀបនឹងខែសីហា ឆ្នាំ២០២៣, ដែលនាំឱ្យចំនួនពលរដ្ឋត្រូវបានគ្របដណ្ដប់ មានចំនួនប្រមាណ ៧,៩ លាននាក់។ការណ៍នេះ បានឈានមួយកម្រិតទៀតក្នុងការសម្រេចបាននូវគោលដៅនៃការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។
តាមរយៈ កម្មវិធីគោលនយោបាយទី២, រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្នុងគោលបំណងផ្តល់ឱកាសស្មើគ្នា ជូនយុវជនគោលដៅ ក្នុងការទទួលបានការអភិវឌ្ឍជំនាញ និងឱកាសការងារកាន់តែប្រសើរ ក្នុងការបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ តាមរយៈការផ្តល់ការបណ្តុះបណ្ដាល ដោយមិនបង់ថ្លៃសិក្សា ជាមួយនឹងប្រាក់ឧបត្ថម្ភប្រចាំខែ ក្នុងអំឡុងទទួលការបណ្តុះបណ្តាល។ ក្នុងនោះ, កម្មវិធីនេះ ក៏បានផ្តោតលើការបណ្តុះបណ្តាល «ជំនាញវិជ្ជាជីវៈដូនតា» ក្នុងគោលបំណងលើកស្ទួយ និងថែរក្សាជំនាញទាំងនោះ មិនឱ្យបាត់បង់។ ជាវឌ្ឍនភាព, គិតត្រឹមខែមេសា ឆ្នាំ២០២៥, យុវជនបានចុះឈ្មោះចូលរៀន សរុបចំនួនជាង ១១ ម៉ឺននាក់, ក្នុងនោះ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានចំនួនជាង ៤ ម៉ឺននាក់, ដែលក្នុងនោះ យុវជនចំនួនជាង ១ ម៉ឺន ៣ ពាន់ នាក់ បានបញ្ចប់ការសិក្សា។
តាមរយៈ កម្មវិធីគោលនយោបាយទី ៣, រាជរដ្ឋាភិបាល បានផ្តោតជាពិសេស លើការធ្វើស្ថាប័នូបនីយកម្ម “កម្មវិធីជាតិជំនួយសង្គម” ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ, សមាហរ័ណ, និងស្វ័យប្រវត្តិកម្ម ដើម្បីបង្កើនសមត្ថភាពប្រព័ន្ធគាំពារសង្គម ក្នុងការឆ្លើយតបនឹងវិបត្តិ ឬគ្រោះអាសន្ននានា តាមរយៈការរៀបចំ និងការដាក់ឱ្យអនុវត្តនូវ ១.គោលការណ៍ណែនាំ ស្ដីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់អនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ, និង២. គោលការណ៍ណែនាំ ស្ដីពីក្របខ័ណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ក្នុងគោលបំណងធ្វើស្ថាប័នូបនីយកម្មប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមខ្លួនឆ្លើយតបនឹងគ្រោះអាសន្ន និងវិបត្តិនានា រួមមាន៖ ១). វិបត្តិគ្រោះធម្មជាតិ, ២). វិបត្តិសុខភាពសាធារណៈ ជាដើម។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំសូមបញ្ជាក់ជូនជាថ្មីថា, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តកំណត់យកការលើកស្ទួយសុខុមាលភាព និងជីវភាព របស់ពលរដ្ឋ, ការអភិវឌ្ឍមូលធនមនុស្ស, និងការកាត់បន្ថយភាពក្រីក្រ ជាការងារអាទិភាពចំពោះមុខ ទោះក្នុងកាលៈទេសៈណាក៏ដោយ ក្រោមស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» ជាដាច់ខាត។ ក្នុងន័យនេះ, ជាទិសដៅទៅមុខ, រាជរដ្ឋាភិបាលនឹងបន្តជំរុញ និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម តាមអភិក្រមនៃការគាំពារទៅតាមហានិភ័យ នៃវដ្តជីវិត ស្របតាមទិសដៅគោលនយោបាយនានា ដែលត្រូវបានកំណត់ក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ និងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ដោយផ្តោតលើអាទិភាពសំខាន់ៗ ដូចជា៖
- បន្តទ្រទ្រង់ជីវភាពគ្រួសារក្រីក្រ តាមរយៈការបន្តអនុវត្តកម្មវិធីជាតិជំនួយសង្គម, ពិសេស កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ, កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, និងកម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ;
- បន្តពង្រឹងការផ្តល់សេវាសន្តិសុខសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព និងងាយស្រួលក្នុងការទទួលបាន ដែលរួមទាំងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិត, មន្រ្តីសាធារណៈ, អតីតមន្ត្រីរាជការ, អតីតយុទ្ធជន និងក្រុមពលរដ្ឋផ្សេងទៀត;
- បន្តពង្រីកវិសាលភាពការថែទាំសុខភាពសង្គមឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ស្របតាម ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤–២០៣៥;
- បន្តពង្រឹង និងកែលម្អប្រព័ន្ធចុះបញ្ជីក្រុមពលរដ្ឋគោលដៅ ឱ្យកាន់តែមានសុក្រឹតភាព និងឈានទៅដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីគាំពារសង្គម ដើម្បីធានាការទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គម;
- បន្តពង្រឹង និងកសាងប្រព័ន្ធចាំបាច់នានា ដើម្បីត្រៀមលក្ខណៈផ្តល់អន្តរាគមន៍គាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន សំដៅផ្តល់ការគាំទ្រ និងបង្កើនជីវភាពរបស់ពលរដ្ឋ ទាំងក្នុងពេលប្រក្រតី និងជួយរក្សាលំនឹងជីវភាព ក្នុងអំឡុងមានគ្រោះអាសន្នកើតឡើង;
- ធ្វើការកែទម្រង់ឱ្យមានប្រព័ន្ធសោធនជាតិរួមមួយ ដែលមានប្រសិទ្ធភាព, តម្លាភាព និងនិរន្តរភាព;
- បន្តអភិវឌ្ឍ និងកែលម្អប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ ប.ស.ស., ម.ជ.ជ. និងប្រព័ន្ធអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ឱ្យមានភាពសាមញ្ញ, តម្លាភាព និងសុក្រឹតភាព និងឈានទៅដាក់ឱ្យដំណើរការ នូវប្រព័ន្ធចុះបញ្ជីគាំពារសង្គម ដើម្បីធានានូវការទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គម;
- បន្តផ្សព្វផ្សាយ និងបង្កើនការយល់ដឹងរបស់សាធារណៈជន អំពីគោលនយោបាយជាតិគាំពារសង្គម និងអត្ថប្រយោជន៍នានា នៃប្រព័ន្ធគាំពារសង្គម ដែលពលរដ្ឋមានសិទ្ធិទទួលបាន;
- បន្តពង្រឹងសមត្ថភាពស្ថាប័ន និងភាពជាអ្នកដឹកនាំ នៅគ្រប់កម្រិត ព្រមទាំងលើកកម្ពស់សមត្ថភាពមន្រ្តី, ជាពិសេស មន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់កម្រិត ដើម្បីអនុវត្តកម្មវិធីគាំពារសង្គមប្រកបដោយប្រសិទ្ធភាព;
- បន្តពង្រឹងអភិបាលកិច្ចប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ទៅតាមមុខងារ ទាំង ៣ កម្រិត គឺ៖ កម្រិតគោលនយោបាយ, កម្រិតនិយ័តករ, និងកម្រិតប្រតិបត្តិករ ដើម្បីធានាប្រតិតុល្យការ និងបំពេញមុខងារ ក្នុងប្រព័ន្ធគាំពារសង្គម ប្រកបដោយប្រសិទ្ធភាព;
- គិតគូរ និងរៀបចំដាក់ឱ្យដំណើរការកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗ ស្របតាមហានិភ័យនៃវដ្តជីវី និងការវិវត្តជាក់ស្តែងនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយផ្តោតជាពិសេស លើការផ្តល់ឱកាសពង្រឹងសមត្ថភាពដល់ពលរដ្ឋ ស្របតាម អភិក្រមនៃការបង្រៀនពលរដ្ឋឱ្យចេះស្ទូចត្រី បន្ថែមលើការផ្តល់ត្រីដល់ពួកគាត់ ដែលរួមមាN៖ ១).កម្មវិធីគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ, ២). ការសិក្សាលទ្ធភាពផ្តល់ឥណទាន សម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សា, ៣).ការពិនិត្យលទ្ធភាព ក្នុងការផ្តល់ការឧបត្ថម្ភជាសាច់ប្រាក់ សម្រាប់ទ្រទ្រង់ចំណាយជួលផ្ទះ ឬ បន្ទប់ស្នាក់នៅដល់សិស្ស និងនិស្សិតដែលមានជីវភាពលំបាក, និង៤). ការសិក្សាសមិទ្ធលទ្ធភាព ក្នុងការដាក់ឱ្យដំណើរការកម្មវិធីលំនៅឋានតម្លៃសមរម្យ សម្រាប់ពលរដ្ឋដែលមានចំណូលទាប និងងាយរងគ្រោះ ជាដើម។
តាមរយៈការអនុវត្ត ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥ និងអាទិភាពសំខាន់ៗខាងលើនេះ, ខ្ញុំជឿជាក់ថា សុខុមាលភាព, កម្រិតជីវភាព, និងគុណភាពជីវិតរបស់ពលរដ្ឋកម្ពុជា នឹងត្រូវបានលើកកម្ពស់ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
ខ្ញុំសូមយកឱកាសដ៏ថ្លៃថ្លានេះ សម្តែងនូវការកោតសរសើរចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍ, វិស័យឯកជន, និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការគ្នាជាធ្លុងមួយ ក្រោមការដឹកនាំ និងការសម្របសម្រួល របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន, ក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា និងការអនុវត្តក្របខ&ណ្ឌគោលនយោបាយជាតិគាំពារសង្គម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅសម្រេចបានចក្ខុវិស័យ និងទិសដៅគោលនយោបាយ របស់រាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះដែរ, តាងនាមរាជរដ្ឋាភិបាល, ខ្ញុំសូមម្តែងនូវអំណរគុណ ចំពោះសមាជព្រឹទ្ធសភា និងរដ្ឋសភា ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះ «ប្រព័ន្ធគាំពារសង្គម» និងបានអនុញ្ញាតឱ្យដាក់កិច្ចការនេះ ជារបៀបវារៈនៃសមាជដ៏វិសេសវិសាលនេះ។ ខ្ញុំសូមគោរពស្នើសុំ អង្គព្រឹទ្ធសភា និងអង្គរដ្ឋសភា បន្តផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការជំរុញអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យបោះជំហានទៅមុខកាន់តែប្រសើរថែមទៀត ក្នុងបេសកកម្មលើកកម្ពស់សុខុមាលភាព និងផ្តល់នូវគុណភាពជីវិត ដល់ពលរដ្ឋកម្ពុជាគ្រប់រូប។
មុននឹងបញ្ចប់, ខ្ញុំសូមគោរពជម្រាបជូនអង្គសមាជថា, ថ្ងៃនេះខ្ញុំបានដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាល, ទាំងថ្នាក់ដឹកនាំកម្រិតនយោបាយ និងកម្រិតជំនាញ ដើម្បីត្រៀមស្រាយបំភ្លឺ និងឆ្លើយសំណួរនានា ក្នុងករណីអង្គសមាជលើកឡើង នាពេលបន្តិចទៀតនេះ ក្នុងគោលបំណងជម្រាបជូនឱ្យអស់សេចក្តីអំពីវឌ្ឍនភាព និងសមិទ្ធិផលនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ក៏ដូចជាគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល។
ជាទីបញ្ចប់, ខ្ញុំសូមគោរពជូនពរ សម្តេច, ឯកឧត្តម, លោកជំទាវ និងអង្គសមាជទាំងមូល សមប្រកបនឹងពុទ្ធពរទាំង ៤ ប្រការ៖ អាយុ, វណ្ណៈ, សុខៈ, និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕