[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
ឯកឧត្តមអភិបាលខេត្តថ្ងៃនេះគាត់សប្បាយរីករាយខុសពីធម្មតា។ (បានមកចូលរួម)កម្មវិធីច្រើននៅពោធិ៍សាត់ ប៉ុន្តែអត់ដែលឃើញគាត់សប្បាយដូចថ្ងៃនេះ។ ប្រហែលជានៅកន្លែងនេះ ជាទឹកដីដែលគួរឱ្យអបអរ។ ថ្ងៃនេះ យើងមកសម្ពោធសមិទ្ធិផលដាក់ឱ្យប្រើប្រាស់អគារសិក្សានិងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ។ សូមអរគុណឯកឧត្តម សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល គណៈធិបតី ភ្ញៀវកិត្តិយស មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អ៊ំ ពូ មីង បងប្អូន ទាំងអស់ដែលបានអញ្ជើញចូលរួមនៅព្រឹកនេះ។ អម្បាញ់មិញ បានសួរអ៊ំៗ ខ្លះ ថាបានមកតាំងពីម៉ោង២ តែនៅកម្លាំងពេញរស់រវើក។ មិនត្រឹមតែអភិបាលខេត្តទេ ប្រជាពលរដ្ឋក៏គាត់សប្បាយរីករាយ។ រំភើបពេក សូម្បីតែទូរស័ព្ទក៏គាំងថត។ យើងសប្បាយរីករាយចូលរួមអបអរសាទរសមិទ្ធិផលដែលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្ដល់ជូនប្រជាពលរដ្ឋនៅទីនេះ។
(១) បើគ្មាននយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន វាលវែងនៅតែជាទីលានសង្គ្រាម
មើលប្រវត្តិស្តីពីទីនេះ យើងកាន់តែមានសេចក្ដីរំភើបទៅទៀត។ យើងគិតថាសាលានៅទីនេះ ប្រហែលជាមានអីអស្ចារ្យ ដូចសាលានៅទីរួមខេត្ត មានអគារ ទីធ្លា បរិស្ថានល្អ … តែកុំភ្លេចថាពីមុនទីនេះជាកន្លែងសង្គ្រាម ដែលទើបនឹងបានធ្វើសមាហរណកម្មនៅឆ្នាំ១៩៩៧។ យើងបានប្រែក្លាយទីនេះពីវាលរហោឋាន សមរភូមិប្រយុទ្ធគ្នា មានមីនគ្រាប់ផ្លោង មកជាកន្លែងដែលអាចផ្ដល់នូវការអប់រំកសាងមូលដ្ឋានអនាគតជូនដល់ប្រជាពលរដ្ឋ ស្រុកវាលវែង ឃុំប្រម៉ោយ និងអន្លង់រាប ធ្វើឱ្យអនាគតខុសពី ២០ឆ្នាំមុន។ យើងប្រើពាក្យអរគុណសន្ដិភាព អរគុណនយោបាយឈ្នះឈ្នះនៅទីនេះ។ កត្តា២ នេះសំខាន់។ អម្បាញ់មិញឯកឧត្តមអភិបាលខេត្តបាននិយាយហើយថា “អរគុណសន្តិភាព។ អ្នកខ្លះប្រើពាក្យនេះ ដោយអោយអត្ថន័យផ្សេង នោះជារឿងរបស់គេមួយ។ ប៉ុន្តែ បើសួរអ្នកវាលវែង សួរអ្នកនៅកន្លែងនេះ ហើយអង្គុយស្រមៃមើលកាលពីជាង២០ឆ្នាំមុន ប្រហែលគេគួរតែយល់អត្ថន័យជ្រាលជ្រៅនៃពាក្យអរគុណសន្តិភាព និងអរគុណនយោបាយឈ្នះឈ្នះ ដែលបានអោយយើងអាចមកអង្គុយទីនេះដោយសុវត្ថិភាព និងមានលទ្ធភាពនៅក្នុងការកសាងភូមិ ឃុំមួយ នៅទីតាំងដែលធ្លាប់ជាតែជាអតីតសរមភូមិ។
ក្នុងរបាយការណ៍(អភិបាលខេត្ត) ឯកឧត្តម ខូយ រីដា បានលើកអំពីសក្ដានុពលនៅស្រុកវាលវែង មានកន្លែងទីតាំងធម្មជាតិច្រើនដែលអាចបង្កើតទេសចរណ៍បាន។ ពីលើឧត្ថម្ភាគចក្រ ខ្ញុំមើលឃើញអូរសោមមានទឹកស្អាត មានកន្លែងធ្វើវារីអគ្គិសនី និងដីអំណោយផលសម្រាប់ធ្វើកសិកម្ម។ របស់អស់នេះបាននៅទីនេះរាប់ពាន់ឆ្នាំមកហើយ។ ការប្រែក្លាយអោយទៅមានសក្ដានុពលនេះ វាមិនមែនកើតឡើងរាប់លានឆ្នាំឬមួយរាប់សិបឆ្នាំមុនទេ គឺវាកើតនៅពេលនេះ ជាពិសេសនៅក្រោយការបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះឈ្នះ។ បើគ្មាននយោបាយឈ្នះឈ្នះ និងគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនទេ ខ្ញុំគិតថាកន្លែងនេះនឹងនៅតែកប់ចោលដដែល មិនអាចមានអ្នកណាមកគិតគូរទេ ព្រោះជាកន្លែងសង្គ្រាម កន្លែងដែលកាប់ចាក់គ្នា។ យើងធ្វើផ្លូវរាប់រយគីឡូ។ ផ្លូវជាតិលេខ១០ បន្តិចទៀតក៏នឹងរួចរាល់។ បើគ្មានផ្លូវទេ គ្មានមនុស្សណានឹងមកដល់ទេ។ បើអោយរុកព្រៃ អ្នកខ្លះអាចរុកបាន ប៉ុន្តែបើអោយប្រជាពលរដ្ឋ ទេសចរទៅប្រហែលជាពិបាក។ ការអភិវឌ្ឍកន្លែងនេះក៏ដូចជានៅទូទាំងប្រទេសធ្វើអោយខ្មែរស្គាល់ខ្មែរ ធ្វើអោយកូនខ្មែរស្គាល់ទឹកដីខ្មែរកាន់តែច្រើន។
(២) ស្នេហាជាតិ ស្រលាញ់ទឹកដី មិនមែនតែតាមហ្វេសប៊ុក តាមមេក្រូ ទីសាធារណៈទេ តែអាស្រ័យលើការធ្វើសកម្មភាពជាក់ស្ដែង
ពាក្យថាស្នេហាជាតិ ស្រលាញ់ទឹកដី មិនមែនបានតែ(និយាយ)តាមហ្វេសប៊ុក តាមមេក្រូ ទីសាធារណៈថា “ខ្ញុំស្រលាញ់ ខ្ញុំចង់ការពារទឹកដី” នោះទេ។ វាអាស្រ័យលើការធ្វើសកម្មភាពជាក់ស្ដែង ការដាក់ចេញគោលនយោបាយ ការជំរុញជាក់ស្ដែងឱ្យបានសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេស ជាពិសេសអភិវឌ្ឍន៍តំបន់ព្រំដែនដើម្បីយើងការពារទឹកដី ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានធ្វើកន្លងទៅ … ការអភិវឌ្ឍប្រទេសវាមិនងាយស្រួលទេ ជាពិសេសការបញ្ចប់សង្គ្រាម ការប្រែក្លាយកន្លែងមួយតាមរយៈពាក្យពីរម៉ាត់ ឬកត្តាពីរ។ ទី១ សន្តិភាព និងទី២ សន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ ដែលយើងមាននៅទីនេះ។ កន្លែងខ្លះ គេបញ្ចប់សង្គ្រាមដោយប្រើកម្លាំងវាយផ្ដាច់ចោល ដូចនៅប្រទេសស្រីលង្ការវាយកាន់កាប់ទាំងអស់ អ្នកទាំងហ្នឹងចេញទៅណាក៏ទៅៗ … ចូលមក ខ្ញុំបានជួបមេឃុំប្រម៉ោយ ដែលជាអតីតមេវរ៣០២ចំណុះអោយកងពលលេខ៣ ប្រធានកងពលជាប្រធានក្រុមប្រឹក្សាស្រុកវាលវែង ដែលដឹកនាំប្រយុទ្ធជាមួយ ទ័ពរដ្ឋកម្ពុជា។ ឥឡូវយើងបានបញ្ចប់សង្គ្រាមហើយ។
ខ្ញុំសួរអ៊ំមេឃុំ និងសួរលោកអ៊ំៗ ទាំងអ្នកដែលមកក្រោយសមាហរណកម្ម និងអ្នកដែលនៅមុនសមាហរណកម្មថា កាលពីនៅវ៉ៃគ្នា អ៊ំមានដែលគិតថាវាលវែល ប្រម៉ោយយើងដូចរាល់ថ្ងៃនេះទេ? គាត់ថា “គ្មានទេ”។ បើនៅវាយគ្នាមេវរៈហ្នឹងមិនស្រួលអាចពលីនៅលើសមរភូមិ។ អម្បាញ់មិញ មិនមែនតែអ៊ំមេឃុំទេ អ៊ំៗនៅក្រោយប៉ុន្មាននាក់ប្រហែលជាអតីតទាហានដូចគ្នាស្រែកថា “អត់ទេ”។ សួរអ៊ំស្រីនៅទីនេះ កាលពីមុនបញ្ចប់សង្គ្រាមរៀននៅទីណា? គាត់ថាកាលពីពេលនៅវាយគ្នាកូនអត់មានសាលារៀនទេ។ តែមិនស្រួលធំបន្តិចគេចាប់ចូលច្បាំងគ្នា។ (ស្ថានភាពថ្មីបច្ចុប្បន្ន និងការដែលមានសាលាអោយកូនចៅរៀន)នេះ ជាមនុញ្ញផលនៃសន្តិភាព។ អ្នកខ្លះចំអកអោយពាក្យ “អរគុណសន្តិភាព”។ តែបើគេមកសួរនិងមើលទឹកដីនៅទីនេះហើយនឹកឡើងវិញពីអតីតកាល ទើបជាការគួរអោយអរគុណសន្តិភាព។
(៣) សម្តេចតេជោ ប្រឈមនឹងអង្គការសហប្រជាជាតិ ទប់ស្កាត់សង្គ្រាម ដើម្បីយុត្តិធម៌ជាតិ សំរាប់អ្នកដែលនៅរស់និងកូនចៅ
មកពីទីណាក៏ដោយ សុខចិត្តហត់ ២ម៉ោង មកតាំងពីម៉ោង២ ប៉ុន្តែជិះឡានអត់រលាក់ទេ ចេញទៅវិញក៏មិនដេកផ្លូវ យើងមកអង្គុយជាមួយគ្នានៅទីនេះ។ ចេញទៅវិញក៏មិនព្រួយពីរឿងថា តើនៅក្នុងតំបន់នេះ កូនចៅនឹងទៅជាយ៉ាងម៉េចដូចកាលពីនៅសម័យសង្គ្រាម។ នេះជាមនុញ្ញផលនៃ ទី១ គឺសន្តិភាព ដែលយើងទាំងអស់គ្នាបានទទួល។ កន្លែងដែលធ្លាប់តែជាសមរភូមិក្ដៅវាយគ្នា ក៏ក្លាយទៅជាទីលានសាលាមួយ មានហេដ្ឋារចនាសម្ព័ន្ធមិនចាញ់ទីរួមខេត្ត គឺដោយសារកត្តានេះឯង និងទីពីរ គឺនយោបាយឈ្នះឈ្នះដែលមានការធានា៣ គឺអាយុជីវិត, ទ្រព្យសម្បិត្ត និងតួនាទី។ សិទ្ធិសេរីភាពគ្មានការចាប់ចង លើកលែងតែមេដឹកនាំជាន់ខ្ពស់ដែលសាលាក្ដីខ្មែរក្រហមតម្រូវអោយនាំខ្លួនទៅ។ ថ្ងៃមុន ធ្វើបឋកថានៅទីម័រឡេស្ដេ សម្ដេចតេជោបាននិយាយថា បើសិនជាមិនមានសម្ដេចតេជោ ជាប្រមុខរាជរដ្ឋាភិបាលនៅពេលនោះដែល ហ៊ានប្រឈមជាមួយ UN កម្ពុជាអាចនឹងមានការផ្ទុះសង្គ្រាមឡើងវិញ។
មានអ្នកមិនយល់ពីអត្ថន័យ(នៃការអធិប្បាយ) យកទៅចំអកអោយលោក។ ពេលដែល UN ចូលមកបង្កើតសាលាក្តីខ្មែរក្រហមដើម្បីកាត់ក្ដី គេទាមទារស្រាវជ្រាវស៊ើបអង្កេតទាំងអស់ មិនមែនតែមេដឹកនាំកំពូលទេ។ អញ្ចឹងអាចមានមេដឹកនាំកងពល ត្រូវគេហៅទៅទាំងអស់ រួមទាំងអតីតព្រះមហាក្សត្រផង ដោយហេតុថាបរទេសដែលចូលមក(ធ្វើការក្នុងសាលាក្តី) មិនបានគិតពីរឿងនយោបាយ និងសង្គ្រាមនៅស្រុកខ្មែរទេ។ គេគិតតែពីរឿងច្បាប់។ គេអនុវត្តច្បាប់ តែគេមិនដឹងពីការផុយស្រួយនៃសន្តិភាពនៅកម្ពុជាទេ។ បើពេលនោះហៅមេកងពល ហៅអ៊ំ យ៉ុង ហៅមេឃុំទៅសួរចម្លើយនៅសាលាក្ដីខ្មែរក្រហម ខ្ញុំថាប្រហែលជាមិនទៅទេ។ ជាពិសេសនៅដើមឆ្នាំទើបបញ្ចប់សង្គ្រាមថ្មីៗ។ គ្រប់គ្រងភូមិនៅទីនេះ សល់អាវុធ។ អ៊ំមានកប់អាវុធទុកខ្លះទេ?មានកន្លែងកប់ទុក … ក្រោយមក ពេលដែលភ្ជួរស្រែទៅបានឃើញពេញរណ្ដៅ … មិនដឹងថា ឯកឧត្តម អ៊ី ឈាន លាក់ទុកប៉ុន្មានទេ …។
ខ្មែរយើងវាយគ្នារាប់រយឆ្នាំ ដូចនេះការទុកចិត្តគ្នាជាការលំបាក។ ការដាក់ចេញនយោបាយឈ្នះឈ្នះគឺ(នៅក្នុងដំណាក់កាលដែលមានការ)វាយគ្នាជិត៣០ឆ្នាំ។ គ្រាន់តែថា សម្ដេច ហ៊ុន សែន យកហេតុផល(ថាជាការតម្រូវនៃ)អន្តរជាតិ ហើយចាប់ទៅតុលាការ (ពួកគាត់ប្រាដជា)មិនទៅទេ គឺប្រាកដជាត្រឡប់ទៅវិញហើយ។ នេះគឺជាសច្ចភាព។ ការប្រឈមជាមួយអង្គការសហប្រជាជាតិ ជាមួយអន្តរជាតិ មិនមែនយើងមិនចង់រកយុត្តិធម៌ទេ។ ការកាត់ក្ដីរកយុត្តិធម៌ត្រូវតែមាន តែក៏ត្រូវគិតពីយុត្តិធម៌សម្រាប់ជាតិ កុំអោយផ្ទុះសង្គ្រាមឡើងវិញ។ នេះគឺជាយុត្តិធម៌សំខាន់សម្រាប់អ្នកដែលនៅរស់និងកូនចៅប្រជាពលរដ្ឋ។ បើសិនជាយើងទប់សង្គ្រាមមិនអោយផ្ទុះឡើងវិញបានទេនោះ យើងមិនបានរកយុត្តិធម៌ទេ។ កូនខ្មែរនៅបន្តស្លាប់តទៅទៀត។
(៤) សកម្មភាពសេដ្ឋកិច្ចនៅតំបន់វាលវែងកាន់តែល្អ មានសក្ដានុពលទេសចរណ៍ អាចទាញមនុស្សមករស់នៅ និងទស្សនា
បើនៅបន្តវាយគ្នា អ្នកវាលវែងមិនអាចធ្វើផ្លូវលេខ១០ នេះបានទេ។ សូម្បីតែផ្លូវ៥៥ ដែលធ្វើមកនេះ ពីមុនផ្លូវលេខ៥៦ ដែលល្បីខ្លាំងក្នុងការប្រយុទ្ធគ្នា មានស្លាប់ច្រើនទាំងសងខាង។ បើសិនជាគ្មាននយោបាយឈ្នះឈ្នះទេ ផ្លូវនេះក៏មិនអាចធ្វើបានដូចរាល់ថ្ងៃនេះដែរ។ ខ្ញុំចាំផ្លូវ៥៥ ដែលខ្ញុំមកពីឆ្នាំ២០១៣ អត់ដូចផ្លូវ៥៥ ឥឡូវទេ។ ខ្ញុំធ្វើដំណើរពីទីរួមខេត្តទៅថ្មដា ទៅសួរសុខទុក្ខវរៈ៥ ដែលឥឡូវជាកងព្រំដែន៥០១។ កាលនោះ មកដល់ភ្នំ ចិនយំ យើងអត់អាចធ្វើដំណើរទៅត្រង់បានទេ។ ធ្វើមិនទាន់ហើយ។ ត្រូវចាក់ទៅឆ្វេង ឡើងទៅតាមយាយម៉ៅ។ មានអាស្រមមួយនិងមានស្ទឹងកាច់។ កាលនោះ ក៏មិនទាន់ធ្វើស្ពាន ប៉ុន្តែឥឡូវធ្វើស្ពានហើយ។ តាមប្រវត្តិ ខ្លះថា ចិនយំ ខ្លះថា ចេញយំ ។ ពូៗ អតីតទាហានថា បកប្រែពីរ គឺមួយថា ចិនយំ ដោយសារកាលមុនមានវិស្វកម្មចិនមកធ្វើការ។ ដល់ពេលធ្វើដំណើរពិបាកពេកក៏យំតាមផ្លូវ។
ប៉ុន្តែអ្នកខ្លះថាកន្លែងនេះគ្រោះថ្នាក់ខ្លាំង។ អោយតែទាហានចេញល្បាតគឺយំហើយ។ ផ្លូវក៏លំបាក គ្រោះថ្នាក់ក៏ច្រើន។ ចង់អោយមូលហេតុអីក៏នៅតែមូលហេតុនៃការខ្លោចផ្សារ មិនមែនស្រួលទេ។ កាលពីឆ្នាំ២០១៣ ផ្លូវមិនទាន់ល្អ ជិះតាមចង្កេះភ្នំ១៥០០ ក្នុងពេលមួយដែលគ្មានមីននិងការស្ទាក់បាញ់ ខុសពីពេលដែលវាយគ្នា។ តែឥឡូវ ផ្លូវយើងកៅស៊ូហើយ។ កាលពីឆ្នាំ២០១៣ ផ្លូវដីទេតែធំ និងមានបង្គោលភ្លើងមួយចំនួន អត់ទាន់មានតភ្លើងទេ។ នៅសងខាងគឺមានតែព្រៃនិងផ្ទះមួយៗ។ ឥឡូវពីពោធិ៍សាត់មកដល់នេះគឺសុទ្ធតែផ្ទះនិងដីគ្រប់កន្លែង។ បានន័យថាសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋយើងកាន់តែច្រើន កាន់តែល្អ នៅក្នុងតំបន់នេះ ដែលប្រែក្លាយមិនមែនតែវាលវែងទេ គឺតាមដងផ្លូវរហូត។ កាលណាយើងធ្វើផ្លូវថ្មីហើយ គឺសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋតំបន់នេះប្រែក្លាយទៅជាតំបន់ដែលសក្ដានុពលទេសចរណ៍ អាចទាញមនុស្សមក ក៏ដូចជាផ្ដល់ផលដល់ប្រជាពលរដ្ឋយើងនៅទីនេះ។
(៥) នយោបាយឈ្នះឈ្នះធានា អាយុជីវិត ទ្រព្យសម្បត្តិ និងតួនាទី
កាលពីមុនឆ្នាំ១៩៩៩ វាលវែងមានតែ ៥០០គ្រួសារ។ ឥឡូវជាង ១ម៉ឺនគ្រួសារ។ នៅប្រម៉ោយមានតែ ៧០គ្រួសារ។ ឥឡូវជាង ៣ពាន់គ្រួសារ។ គឺនយោបាយឈ្នះឈ្នះនេះហើយដែលធ្វើអោយកើនមនុស្ស។ មិនមែនក្រោយសង្គ្រាមអោយមនុស្សកើតកូនលឿនទេ តែបង្កលក្ខណៈអោយប្រជាពលរដ្ឋចូលមក ប្រែក្លាយពីកន្លែងសមរភូមិចាស់ទៅជាភូមិ។ មានអ្នកមកក្រោយឆ្នាំ២០០០។ ទៅមុខទៀតសកម្មភាពកាន់តែកើន។ ខ្ញុំជិះមើលបន្តិចអម្បាញ់មិញ គ្រាន់តែស្រមៃមើល មានផ្លូវប៉ុណ្ណេះហើយបន្តិចទៀតកន្លែងនេះមិនមែនជាកន្លែងទៅហួសមកហួសទេ។ ឥឡូវមានផ្ទះសំណាក់ច្រើន។ បន្តិចទៀតជាកន្លែងដែលល្អ។ វារីអគ្គិសនី៣កន្លែងនេះ អត់ខ្វះភ្លើងទេ។
ថ្ងៃក្រោយយើងនឹងខិតខំទម្លាក់តម្លៃអគ្គិសនី។ ឥឡូវខិតខំទាញពីប្រភពកកើតថ្មីអោយច្រើន ដើម្បីយើងអាចបញ្ចុះតម្លៃទូទាំងប្រទេសនៅថ្ងៃក្រោយ។ បើយើងប្រៀបធៀបកាលពីដំបូងឡើយគឺថ្លៃ។ ឥឡូវចាប់ផ្ដើមចុះ។ កន្លែងអត់មាន យើងអូសបន្ថែមអោយមាន។ សក្ដានុពលកាន់តែធំ។ នយោបាយឈ្នះឈ្នះធានាអាយុជីវិត ដែលអាចថាទី១ មិនផ្ទុះសង្គ្រាមដោយសារយើងធានាពិតប្រាកដ, ទីពីរធានាទ្រព្យសម្បិត្តិ និងទីបី តួនាទី ធ្លាប់ធ្វើមេវរៈឥឡូវធ្វើមេឃុំ ធ្លាប់ធ្វើមេកងពល ឥឡូវមកធ្វើប្រធានក្រុមប្រឹក្សា។ ទាល់តែអ៊ំៗប្រជាប្រីយដែរ ព្រោះបោះឆ្នោតឃុំ។ ប្រាកដណាស់គឺនៅបន្តថែទាំប្រជាពលរដ្ឋ មើលការរីកចម្រើននៅទីនេះ។ នេះជាសន្តិភាពដោយនយោបាយឈ្នះឈ្នះ ដោយមិនអស់គ្រាប់មួយគ្រាប់ និងប្រែក្លាយទីតាំងសមរភូមិទៅជាទីតាំងរីកចម្រើន …។
(៦) បន្តធ្វើហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ជាប់ទូទាំងប្រទេស ឲ្យប្រជាពលរដ្ឋប្រទាក់ក្រឡា ពង្រីកសេដ្ឋកិច្ច និងចូលរួមការពារបូរណភាពទឹកដី
ខ្ញុំសូមចូលរួមអបអរសាទរនៅវាលវែង ដែលមានសក្ដានុពល ផ្លូវដែលតភ្ជាប់ មានផ្លូវលេខ៥៥ និងជាពិសេសផ្លូវលេខ១០។ កាលពីចុងសប្ដាហ៍នេះ មនុស្សទៅច្រើននៅកោះកុង។ ការតភ្ជាប់ផ្លូវនេះមិនមែនតែវាលវែងទេ។ (កាលពីពិធីបុណ្យចំរើនព្រះជន្មព្រះករុណា) កោះកុងឡើងណែន អត់ផ្ទះសំណាក់ និងអូតែល ចូលទៅស្នាក់នៅតាមវត្ត។ លោកជំទាវ មិថុនា ភូថង រាយការណ៍អោយខ្ញុំថា ជាលើកទីមួយដែលកោះកុងមានទេសចរណ៍ស្នាក់នៅអូតែលផ្កាយមួយពាន់។ អូតែលផ្កាយមួយពាន់ គឺក្រាលកន្ទេលគេងមើលទៅលើផ្កាយមួយពាន់។ ប៉ុន្តែខែនេះភ្លៀងប្រហែលមើលមិនឃើញផ្កាយមួយពាន់ទេ។ ចូលទៅតាមវត្ត។ សូមអរគុណដល់ព្រះចៅអធិការវត្ត និងប្រជាពលរដ្ឋ ដែលគាត់សហការស្វាគមន៍អោយនៅ មិនយកលុយ។
នេះគឺជាស្មារតីស្រលាញ់គ្នា និងជួយលើកទឹកចិត្តរបស់ប្រជាពលរដ្ឋយើង។ គាត់សប្បាយចិត្ត។ គាត់ឃើញអ្នកកោះកុងមិនរអ៊ូ ថាមកច្រើនម្លេះ។ បើអត់ផ្ទះនៅ គាត់អោយមកចូលនៅវត្ត។ ឃើញព្រះសង្ឃឲ្យកន្ទេលក្រាលសំរាក។ ខ្ញុំសួរថាមកពីណាខ្លះ? គាត់ថាភាគច្រើនមកពីភ្នំពេញ ដោយសារផ្លូវជាលេខ៤៨ ធ្វើហើយ។ ប៉ុន្តែក៏មានអ្នកមកពីបន្ទាយមានជ័យ ពីបាត់ដំបង ពីពោធិ៍សាត់ដែរ។ ប្រហែលជាតាមផ្លូវលេខ ១០ ហើយ។
ផ្លូវលេខ១០ មានស្ពានមួយខ្ពស់ កម្ពស់ ៩០ ម៉ែត្រ។ ព្រឹកមិញខ្ញុំចង់ជិះមើលដែរ តែ pilot ថាឆ្ងាយ ដោយវានៅព្រំប្រទល់ជាប់កោះកុងនិងពោធិ៍សាត់។ បើសិនជាទៅ ត្រូវវាងកាត់ភ្នំ។ ខ្ញុំមិនចង់ឲ្យប្រជាពលរដ្ឋចាំយូរ។ ខ្ញុំថាចាំលើកក្រោយចុះ ប៉ុន្តែជិះមើលមួយកំណាត់នេះ។ យើងនឹងសម្ពោធឆាប់ៗ … ធ្វើរួចហើយ ចាំតែសម្ពោធទេ។ ឥឡូវមានអ្នកបើកឆ្លងកាត់ហើយ … លោកអ៊ំពូមីង អាចយល់ថា បើសិនជាគ្មានការសម្រេចចិត្តរបស់រដ្ឋាភិបាលធ្វើផ្លូវកាត់កន្លែងនេះទេ តំបន់នេះប្រហែលជាខ្មែរភាគច្រើនមិនអាចចូលមកស្គាល់ទឹកដីតំបន់នេះទេ ព្រោះត្រូវឆ្លងកាត់ភ្នំច្រើនណាស់។ កាត់ភ្នំឡើងចុះច្រើន ហើយបើឲ្យអ្នកជិះម៉ូតូត្រៃមកស្វែងរក ក៏មកមិនដល់ដែរ។ បើឲ្យអ្នកដើរព្រៃក៏ដើរមិនដល់ដែរ។ រាប់រយគីឡូពីកោះកុងទៅពោធិ៍សាត់នេះ។
អញ្ចឹងហើយបានជាយើងបន្តធ្វើហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ជាប់ទូទាំងប្រទេស ពីខេត្តមួយទៅខេត្តមួយ ដើម្បីឲ្យប្រជាពលរដ្ឋនៅតំបន់តាមផ្លូវនេះ អាចប្រទាក់ក្រឡាគ្នា ពង្រីកសេដ្ឋកិច្ច និងចូលរួមចំណែកការពារបូរណភាពទឹកដី។ យើងបានធ្វើផ្លូវជាតិតាមបណ្តោយព្រំដែន ជាពិសេសទិសខាងលិចនេះច្រើនជាងទិសខាងកើត។ ទិសខាងកើតយើងនៅបន្តធ្វើកៀកតាមព្រំដែនថែមទៀត។ យើងនឹងបន្តធ្វើផ្លូវនេះលេខ១០ ចាក់ពីកោះកុង ឡើងទៅដល់សំឡូត ទៅជិតសំឡូតនោះមានផ្លូវ៥៧ មួយចាក់ទៅដល់ផ្លូវជាតិលេខ៥៧ ទៅប៉ៃលិន ហើយចេញពីនោះអាចតទៅផ្លូវ៥៩ ទៅដល់ប៉ោយប៉ែត។ បន្តតាមផ្លូវហ្នឹងឡើងទៅដល់ឧត្តរមានជ័យ ទៅដល់ព្រះវិហារ។ នេះហើយជាការការពារទឹកដី ការពារបូរណភាពទឹកដី ដែលយើងបាននិងកំពុងធ្វើពិត។
(៧) ប្រែក្លាយតំបន់ធ្លាប់ច្បាំង ជាតំបន់សមាហរណកម្មក្នុងសង្គមជាតិ អភិវឌ្ឍ តភ្ជាប់គ្នា ធានាសិទ្ធិ ធានាឱកាស ចូលរួមអភិវឌ្ឍប្រទេស
អ្នកដែលស្រលាញ់ជាតិ ស្រលាញ់ទឹកដី ប្រជាពលរដ្ឋទាំង ១៧ លាននាក់មានស្មារតីនេះ។ អ្វីដែលរាជរដ្ឋាភិបាលបានធ្វើ គឺមិនត្រឹមតែពាក្យថាស្នេហាជាតិនោះទេ។ យើងដាក់ចេញគោលនយោបាយ និងវិធានការជាក់ស្តែង ការអភិវឌ្ឍជាក់ស្តែង ដើម្បីប្រែក្លាយទឹកដីរបស់យើងទាំងមូលទៅជាតំបន់អភិវឌ្ឍ និងរួមគ្នាការពារបូរណភាពទឹកដី និងព្រំដែន ប្រែក្លាយតំបន់ដែលមានទ័ពច្បាំងគ្នា ទៅជាតំបន់ដែលអភិវឌ្ឍឲ្យប្រជាជនទៅរស់នៅ សមាហរណកម្មអតីតតំបន់ខ្មែរក្រហមចូលមកក្នុងរដ្ឋ/សង្គមជាតិ រុញការអភិវឌ្ឍចូល ឲ្យភ្ជាប់គ្នា ធានាសិទ្ធិ ធានាឱកាស នៅក្នុងការចូលរួមអភិវឌ្ឍប្រទេស។ តាមបណ្តោយព្រំដែន យើងនៅបន្តធ្វើហេដ្ឋារចនាសម្ព័ន្ធតទៅទៀត ដើម្បីរុញប្រជាពលរដ្ឋ ឲ្យទៅរស់នៅព្រំដែន យ៉ាងហោចណាស់ ក៏ឲ្យកូនខ្មែរមានឱកាសទៅស្គាល់ដីយើងនៅព្រំដែនកន្លែងណាខ្លះដែរ។
ជំនាន់បារាំង មានការបោះបង្គោលព្រំដែនលើផែនទី ប៉ុន្តែការកសាងផ្លូវមិនមានទេ។ កន្លែងខ្លះ ពីដើមឡើយ មិនមានការកាន់កាប់របស់ប្រជាជនខ្មែរ និង/ឬទ័ពខ្មែរទេ … ក្រោយពីយើងធ្វើផ្លូវហើយ យើងរុញការអភិវឌ្ឍនិងបើកច្រកព្រំដែនជាមួយប្រទេសជិតខាង។ តំបន់នោះនឹងមានប្រជាពលរដ្ឋទៅរស់នៅខ្លួនឯង ដូចនៅទីនេះដែរ។ រាជរដ្ឋាភិបាលមិនបានដាក់ផែនការជំរុញប្រជាពលរដ្ឋមករស់នៅទីនេះទេ ដែលប្រែក្លាយពី៥០០គ្រួសារ នៅឆ្នាំ១៩៩៩ មកជាង ១ម៉ឺនគ្រួសារដូចបច្ចបុប្បន្ននេះទេ។ ភាគច្រើនគឺមកដោយស្ម័គ្រចិត្ត។ ក្រោយពីរដ្ឋធ្វើឱ្យកន្លែងនេះឈប់វាយគ្នា ឈប់បាញ់គ្នា ធ្វើផ្លូវ ដោះមីន មានសក្តានុពលអភិវឌ្ឍ ប្រជាពលរដ្ឋមកដោយស្ម័គ្រចិត្ត។
នេះហើយជាការបង្កើតឱកាស និងសិទ្ធិសេរីភាពរបស់ប្រជាជន។ អម្បាញ់មិញស្នើរៀបចំភូមិឧបសម្ព័ន្ធ២៤ ដោយយោងទៅលើកំណើនប្រជាជន។ កន្លែងហ្នឹង ពីមុនព្រៃសុទ្ធ អត់ទៅធ្វើទេ។ ឥឡូវ ប្រជាពលរដ្ឋទៅនៅ។ ត្រូវរៀបចំដើម្បីបញ្ចូលជាភូមិ។ បន្តិចទៀត ខ្ញុំនឹងឆ្លើយតបសំណើ។ ឯកឧត្តមអភិបាលខេត្តថ្ងៃនេះមានសីលវិធីក្នុងការស្នើសុំ (សំណេះសំណាលជាមួយចៅហ្វាយខេត្ត)។ ហ្នឹងដូចស្នើសុំគម្រោងនៅកងទ័ព។ កន្លែងខ្លះ បានស្នើ ថ្នាក់លើថាធ្វើសិនទៅ ចាំទូទាត់ឲ្យវិញ។ ដល់ធ្វើហើយ ធ្វើសំណើមួយទៀត។ បើធ្វើរួចហើយចាំបាច់ស្នើធ្វើអ្វីទៀត? អញ្ជើញអង្គុយចុះ និយាយលេង។
(៨) ផ្លូវលេខ១០ និងផ្លូវដែក ជាសក្តានុពលធំរបៀងខាងលិច ពីខេត្តបន្ទាយមានជ័យ/ប៉ោយប៉ែតរហូតដល់កោះកុង តភ្ជាប់ផ្លូវ៤៨ ជាប៉ូលសេដ្ឋកិច្ចខេត្តទិសពាយ័ព្យនិងនិរតី
បានន័យថាការកកើតនេះគឺកើតឡើងដោយប្រជាពលរដ្ឋ។ ខ្ញុំជឿថា មិនមែនអ្នកកើតក្នុងកន្លែងនេះទាំងអស់ទេ អាចមានអ្នកនៅមូលដ្ឋានខ្លះ ប៉ុន្តែអ្នកចំណូលស្រុកថ្មី។ វាអត់ខុសពីគ្រប់កន្លែងនានាទេ។ រាជធានីភ្នំពេញជិត ៣លាននាក់ មិនមែនសុទ្ធតែអ្នកកើតនៅភ្នំពេញទាំងអស់ទេ។ ចេញពី ប៉ុល ពត មក សម្តេចតេជោបានជួបមនុស្សដូចជា ៧០នាក់ មិនដល់ ១០០នាក់។ ឥឡូវឡើងដល់ ៣លាននាក់។ ប្រជាពលរដ្ឋចល័តទៅកន្លែងដែលមានសក្តានុពលអាចកសាងជីវភាព និងរកការងារធ្វើ។ ទៅមុខទៀត ខ្ញុំគិតថា ខេត្តពោធិ៍សាត់និងនៅទីនេះ នឹងមានកំណើនទៀត ពេលដែលយើងរៀបចំសក្តានុពលជាតំបន់ទេសចរណ៍ ជាតំបន់ឧស្សាហកម្មមួយចំនួន។
កាលមុនខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំងដែលភាគច្រើន ហៅថាខេត្តទៅហួសមកហួស ដោយបាត់ដំបងគឺជាគោលដៅ។ ភ្នំពេញគឺជាគោលដៅ។ ម្សិលមួយថ្ងៃមួយ ក្នុងពិធីច្រត់ព្រះនង្គ័ល ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ថា ឥឡូវនៅកំពង់ឆ្នាំងក៏ខ្វះកម្លាំងដែរ គ្រាន់តែរោងចក្របើកនៅនោះជាង ៦ម៉ឺននាក់។ បន្តិចទៀតបើកថែមទៀត ដែលនឹងត្រូវខ្វះ ២ម៉ឺននាក់។ “សម្តេច ឥឡូវគេលែងទៅហួសមកហួសហើយ។ គេមកលេង មកហូបគុយទាវនៅកំពង់ឆ្នាំង”។ តំបន់មួយចំនួន នឹងប្រែទៅជាតំបន់ទេសចរណ៍ធម្មជាតិ។ គាត់កំពុងរៀបដីមួយចំនួនសម្រាប់រោងចក្រមកបន្ថែមទៀត។ អញ្ចឹងពោធិ៍សាត់និងកំពង់ឆ្នាំងគឺជាខេត្តសក្តានុពល។ កាលមុន នៅភ្នំពេញដីមិនទាន់ថ្លៃ គេទៅវិនិយោគនៅភ្នំពេញ។ ក្រោយមករុញទៅកំពង់ស្ពឺ ដោយសារតម្លៃដីនៅថោក។ គេអត់ទាន់ទៅកំពង់សោមទេ វានៅចន្លោះកណ្តាល។
ឥឡូវដីកំពង់ស្ពឺហ្នឹងក៏ឡើងថ្លៃ រោងចក្រមួយចំនួនចាប់ផ្តើមរំកិលមកកំពង់ឆ្នាំង។ អញ្ចឹងកំពង់ឆ្នាំង ពោធិ៍សាត់ និងផ្លូវលេខ ១០ បូកជាមួយផ្លូវដែករបស់យើង គឺជាសក្តានុពលធំសំរាប់ច្រករបៀងខាងលិចនេះ។ ផ្លូវនេះយើងអាចថាតភ្ជាប់ជារបៀងខាងលិចរបស់យើង ពីខេត្តបន្ទាយមានជ័យ ប៉ោយប៉ែត ចុះរហូតដល់កោះកុង ហើយតភ្ជាប់ផ្លូវ៤៨ ដល់ខេត្តព្រះសីហនុ គឺ ប៉ូលសេដ្ឋកិច្ចនៅខេត្តទិសពាយ័ព្យនិងនិរតី។ អញ្ចឹង សក្តានុពលរបស់យើងកាន់តែច្រើន។ បានន័យថានៅទីនេះ កាន់តែមានមនុស្សអ៊ូអរទៀត។ អ្នកវាលវែងអត់ពិបាកទេ។ បើសិនប្រជាពលរដ្ឋកើនកាន់តែច្រើន សេដ្ឋកិច្ចទេសចរអីមកកាន់តែច្រើន …។
(៩) ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ គោលនយោបាយឈ្នះឈ្នះបញ្ចប់សង្រ្គាម ការកសាងនិងអភិវឌ្ឍតាមបណ្តោយព្រំដែន សុទ្ធតែជាក៏ជាគោលនយោបាយដាក់ចេញដោយសម្តេចតេជោ
សូមយកឱកាសនេះ អរគុណដល់ប្រជាពលរដ្ឋអ្នកពោធិ៍សាត់ ក៏ដូចជាអ្នកនៅស្រុកវាលវែង និងនៅទូទាំងប្រទេស ដែលទាំងអស់នេះអាចវិវត្តបានដោយសារប្រជាពលរដ្ឋ។ ទី១ ប្រជាពលរដ្ឋចូលរួមក្នុងការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ ទើបចប់សង្គ្រាម។ បើសិនជាភាគីនៅទីនេះ ខ្មែរក្រហមនៅទីនេះ មិនអនុវត្តមិនចូលរួមជាមួយទេ មកដល់ម៉ោងនេះយើងនៅតែវាយគ្នា។ បើសិនជាប្រជាពលរដ្ឋមិនខំកសាងភូមិ-ឃុំ របស់ខ្លួន ប្រហែលជាយើងក៏មិនអាចរីកចម្រើនបែបនេះដែរ។
កត្តាធំមួយទៀត ដែលយើងអាចធ្វើឱ្យទីនេះមានការវិវត្តន៍ជាវិជ្ជមានបាន គឺដោយសារការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកន្លងទៅ។ គោលនយោបាយនេះ ធ្វើបានសំរេចដោយប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិ។ ខ្ញុំសូមអរគុណ អ្នកពោធិ៍សាត់ ជាពិសេសនៅឆ្នាំ២០២៣ នេះ បើសិនប្រជាពលរដ្ឋមិនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ការអនុវត្តគោលនយោបាយកសាងបន្ថែមទេ យើងមិនអាចសំរេចបានសមិទ្ធផលប៉ុណ្ណេះទេ។
បក្សផ្សេងគេធ្វើអ្វីផ្សេង ខ្ញុំមិនដឹងទេ ប៉ុន្តែអ្វីដែលបានមកដល់ពេលនេះ ទាំងគោលការណ៍ធ្វើផ្លូវអីនេះ គឺសុទ្ធតែជាគោលនយោបាយដែលដាក់ចេញដោយសម្តេចតេជោពីអាណត្តិមុនៗ។ គោលនយោបាយបញ្ចប់សង្រ្គាមក៏ដោយសារសម្តេចតេជោ និងការចូលរួមពីប្រតិបត្តិករទាំងអស់ ហើយការកសាង និងការអភិវឌ្ឍតាមបណ្តោយព្រំដែន ក៏ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលយើងយកខេត្តព្រះសីហនុ និងខេត្តនៅទិសខាងពាយ័ព្យជាប៉ូលសេដ្ឋកិច្ច។ ការធ្វើផ្លូវ ទីតាំង មូលដ្ឋានផ្សេងៗសម្រាប់សេដ្ឋកិច្ចតាមបណ្តោយព្រំដែន អភិវឌ្ឍតាមព្រំដែនជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ខ្ញុំសូមអរគុណជាថ្មី ដល់ប្រជាពលរដ្ឋអ្នកបោះឆ្នោតទូទាំងប្រទេស ក្នុងនោះរួមមានអ្នកពោធិ៍សាត់ អ្នកវាលវែងផងដែរ។ បើយើងមើលលទ្ធផលបោះឆ្នោតឆ្នាំ២០២៣ នៅទូទាំងប្រទេស(អ្នកបោះឆ្នោត) ៨៤,៥៩ ភាគរយបានបោះឆ្នោត ក្នុងនោះ ៨២,៣០ ភាគរយនៃអ្នកទៅបោះឆ្នោត ស្មើនឹង ៦លាន ៤សែននាក់បានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា … ដោយឡែកអ្នកខេត្តពោធិ៍សាត់ ២៣ម៉ឺន ២ពាន់នាក់ នៃអ្នកទៅបោះឆ្នោត ២៦ម៉ឺន ២ពាន់នាក់ ឬស្មើនឹង ៩០,៨៨ ភាគរយ ក្នុងនោះអ្នកស្រុកវាលវែង ៩២,០៥ ភាគរយនៃអ្នកវាលវែង បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ នេះ។
ដោយសារប្រជាពលរដ្ឋចូលរួម គ្រប់កាលៈទេសៈទាំងជ្រើសរើសគណបក្សឱ្យបម្រើប្រជាពលរដ្ឋ នេះជាកត្តាដែលយើងអាចនិយាយពីការរីកចម្រើន និងការបញ្ចប់សង្រ្គាម។ យើងមិនត្រឹមតែអបអរសាទរអ្វីដែលយើងបានធ្វើនោះទេ ប៉ុន្តែយើងក៏ពង្រឹងមូលដ្ឋានអនុវត្តគោលនយោបាយបន្តអភិវឌ្ឍនៅកន្លែងនេះ នៅទូទាំងខេត្ត នៅទូទាំងប្រទេសដើម្បីឲ្យកាន់តែរីកចម្រើន ក្រោមឆ័ត្រនៃសន្តិភាព និងគោលនយោបាយរបស់បក្សប្រជាជន បន្តទៅទៀត។ នេះជាអំណោយរបស់ប្រជាពលរដ្ឋសម្រាប់ជូនខ្លួនឯង តាមរយៈគណបក្សប្រជាជនកម្ពុជា។ ខ្ញុំសូមអរគុណ តំណាងឲ្យសម្តេចប្រធានបក្ស សម្តេចអនុប្រធាន និងថ្នាក់ដឹកនាំគណបក្សប្រជាជនទាំងអស់។ សូមអរគុណដល់ការជឿទុកចិត្ត សុំបន្តការជឿទុកចិត្តនេះតទៅទៀត។
(១០) ទោះមិនអាចដោះស្រាយសំណូមពរគ្រប់បែបក្នុងពេលតែមួយ តែខំធ្វើឲ្យបានសមិទ្ធផលច្រើនជូនប្រជាពលរដ្ឋ ជូនអ្នកបោះឆ្នោត
មានអ្នកសួរថា ឃើញតែការរិះគន់វាយប្រហារតាម Facebook មួយថ្ងៃៗថាធ្វើគ្មានបានអ្វីទេ។ ខ្ញុំថាគេធ្វើអ្វី ធ្វើទៅ។ តើយើងចាំបាច់ឈឺក្បាលទេ? សួរថាបងឯងអត់ចេះខឹងទេឬ? បងឯងអត់ចេះឆ្លើយតបទេឬ? ខ្ញុំថា មួយថ្ងៃមាន ២៤ម៉ោង ត្រូវឆ្លើយតបតែអ្វីដែលចាំបាច់។ រឿងបោះឆ្នោត ប្រទេសប្រជាធិបតេយ្យ វាមានការលើកទស្សនៈខុសគ្នា។ មុនបោះឆ្នោត២០២៣ នេះ បើនិយាយអំពីការជេរ ការវាយប្រហារតាម Facebook ហ្នឹងវាច្រើនជាងកាល២០១៣ ច្រើនណាស់។ ប៉ុន្តែលទ្ធផលជាក់ស្តែង គណបក្សប្រជាជនបានឈ្នះភ្លូកទឹក ភ្លូកដី។ ហេតុអ្វី? ដោយសារយើងមិនឈឺក្បាលហាលថ្ងៃ រវល់នឹងអ្វីដែលគេថា រវល់តែចុះមកដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដូចសមិទ្ធផលនៅថ្ងៃនេះអញ្ចឹង។
ជាក់ស្តែង លោកអ៊ំ ពូ មីង បងប្អូននៅទីនេះ ចូលរួមរាប់ពាន់នាក់។ ប៉ុន្មាននាក់ដែលឃើញអ្នកបង្កើតរឿង។ ម្សិលមិញគេបង្កើតរឿងថាយើងលក់ព្រលាន។ ដល់យើងប្រាប់ថាអត់ទេ គេថាកុំតែគេថា កុំអីលក់បាត់។ តាមដំណើរ។ យ៉ាប់តែម្តង។ ហ្នឹងដូចបងនិងប្អូន។ នៅផ្ទះប្អូនខិលជាង។ ប្រាប់ម្តាយថា “ម៉ែៗ បងបំរុងដើរទៅក្រៅហើយ”។ តាមពិត បងកំពុងតែធ្វើមេរៀន។ បងប្រាប់ម៉ែថា “ខ្ញុំអត់ទៅទេ។ ខ្ញុំធ្វើមេរៀន។” ប្អូនថា “បើកុំតែខ្ញុំប្រាប់ម៉ែ កុំអីបងឯងទៅបាត់”។ បាន credit ទៀត។ ដល់ក។ ផ្លូវនេះ កុំតែគេថា កុំអីរដ្ឋអត់ធ្វើទៀត។ សំខាន់ នេះជាការធ្វើការជាកស្តែងរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។ អ្នកឯងថាអីថាទៅ ជាក់ស្តែងយើងនៅជិតប្រជាជន ហើយនឹងបន្តធ្វើ។
ខ្ញុំសូមអរគុណដល់ក្រុមការងារចុះជួយខេត្តពោធិ៍សាត់ ក្រុមការងារថ្នាក់ជាតិ ក្រុមការងារគណបក្សក៏ដូចជាមន្រ្តី អាជ្ញាធរគ្រប់ថ្នាក់ ដែលខិតខំធ្វើការងារគ្រប់ពេលវេលា មិនថាជិតដល់បោះឆ្នោតបានមានមុខនោះទេ។ គឺចុះជាប់ជាប្រចាំ។ ឯកឧត្តម កែវ រតនៈ ឥឡូវជាប់ប្រជុំនៅសិង្ហបុរី អត់បានមក។ ទៅចរចារឿងអគ្គិសនី រឿងខ្សែកាបក្រោមទឹក … មិនថាថ្ងៃសៅរ៍ថ្ងៃអាទិត្យ នៅមូលដ្ឋានចុះតាមឃុំតាមអីជាប់ជាប្រចាំ ជាប់ជាមួយប្រជាជន។ អញ្ចឹង អ្នកឯងថាអីថាចុះ អ្នកឯងនៅខាងក្រៅ។
អ្វីដែលសំខាន់ គឺប្រជាពលរដ្ឋនឹងផ្តល់ជូនការគាំទ្រដល់ការកើតជាក់ស្តែងលើដី។ ដល់ពេលឃោសនាប្រជាជននឹងត្រូវសម្រេចចិត្ត។ តើអ្នកថានៅក្រៅប្រទេស អ្នកដែលស្រែករិះគន់ហ្នឹង និងទិដ្ឋភាពជាក់ស្តែង ដែលបងប្អូនខិតខំជាមួយគ្នា (មួយណាសំខាន់)។ មន្រ្តីអាជ្ញាធរមូលដ្ឋានមិនល្អឥតខ្ចោះ ប៉ុន្តែយើងខិតខំដោះស្រាយជាប្រចាំ។ យើងមិនអាចដោះស្រាយសំណូមពរគ្រប់បែបយ៉ាងក្នុងពេលតែមួយទេ ប៉ុន្តែយើងនៅបន្តដោះស្រាយ ធ្វើឲ្យកាន់តែបានសមិទ្ធផលច្រើនជូនប្រជាពលរដ្ឋ ជូនអ្នកបោះឆ្នោត ទើបអ្នកបោះឆ្នោតមានការទុកចិត្ត និងផ្តល់ឱកាសឲ្យតទៅទៀត។
(១១) “មាសសុទ្ធមិនខ្លាចភ្លើង” … នៅជាមួយរាល់ថ្ងៃ និងស្គាល់បញ្ហាដែលត្រូវបន្តដោះជូនប្រជាពលរដ្ឋ
យើងនឹងបន្តសងគុណតាមរយៈការខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ។ នេះជាមូលដ្ឋានដែលគណបក្សប្រជាជនបានធ្វើ។ លទ្ធផលបោះឆ្នោតនៅពោធិ៍សាត់ តាំងពី២០១៣ ២០១៨ ២០២៣ បានល្អ គឺដោយសារការធ្វើពិតប្រាកដជូនប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋចូលរួមជាមួយ។ មិនមែនគេទើបតែជេរឥឡូវនេះទេ។ តាមហ្វេសប៊ុក គេជេររាល់ថ្ងៃ ជេររាប់សិបឆ្នាំមកហើយ។ ឲ្យគេធ្វើទៀតចុះ។ ប៉ុន្តែអ្វីដែលជាក់ស្តែង ពាក្យថាមាសពិតមិនខ្លាចភ្លើង។ យើងនៅជាមួយប្រជាពលរដ្ឋ ប្រជាពលរដ្ឋឃើញយើងរាល់ថ្ងៃ។ ដោះបានតិចឬបានច្រើនវាប្រសើរជាងអត់។ យើងទទួលស្គាល់បញ្ហាដែលត្រូវបន្តដោះតទៅទៀត។ យើងនៅជាមួយគ្នាទៀត។ គណបក្សប្រជាជនប្តេជ្ញាចិត្ត ដរាបណាប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាអ្នកពោធិ៍សាត់ អ្នកវាលវែង ផ្តល់ឱកាសឲ្យដឹកនាំប្រទេសនិងបម្រើប្រជាជន យើងនឹងខិតខំប្រែក្លាយឲ្យកាន់តែប្រសើរតទៅទៀត។
នៅកន្លែងនេះ ទើបតែឆ្នាំ២០០៣ ទេដែលយើងបានកសាងសាលា។ នៅទីនេះឥឡូវមានហេដ្ឋារចនាសម្ព័ន្ធហើយ។ កូនចៅអ្នកដែលនៅទីនេះ មុនឆ្នាំ២០២៣ មុនសមាហរណកម្មឃើញតែគ្រាប់កាំភ្លើង មិនដឹងថាមានឱកាសទៅរៀនកន្លែងណា។ ឪពុករបស់ខ្លួនបងរបស់ខ្លួន ដែលពេញវ័យជួនកាលកាន់កាំភ្លើងទៅច្បាំងគ្នា មិនដឹងស្លាប់រស់ដល់ថ្ងៃនេះប៉ុន្មាននាក់ទៀត។ ថ្ងៃនេះ បានប្រែក្លាយទៅជាទឹកដីនៃក្តីសង្ឃឹម ទឹកដីនៃសន្តិភាព ដោយសារនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលបានការទុកចិត្តពីប្រជាពលរដ្ឋ។ ខ្ញុំសូមបញ្ជាក់ថា យើងនឹងខិតខំ មិនឲ្យបងប្អូនប្រជាពលរដ្ឋដែលបោះឆ្នោតខុសបំណងទេ។ គ្មានអ្វីល្អឥតខ្ចោះ តែយើងដាក់ទិសដៅធ្វើឲ្យល្អឥតខ្ចោះ។ នេះគឺជាអភិក្រមជួសជុលភ្លាម រាល់ចំណុចខ្វះខាត។ ខ្ញុំសូមឲ្យអាជ្ញាធរខេត្ត អាជ្ញាធរឃុំ អាជ្ញាធរស្រុក ខិតខំដោះស្រាយបញ្ហា។ នៅកន្លែងនេះ មិនមែនអត់បញ្ហាទេ។ រឿងដីធ្លីក៏មានដែរ ប៉ុន្តែយើងខិតខំដោះស្រាយឲ្យមានការអភិវឌ្ឍ ឈប់ឲ្យមានទំនាស់។
អំពីការដោះស្រាយទឹក។ ឯកឧត្តម អភិបាល រងចាំទំនប់លេខ២ ឬពោធិ៍សាត់២។ ថ្ងៃមុនឯកឧត្តម ថោ ជេដ្ឋា ផ្ញើរូបទំនប់លេខ៥ ទឹកឡើងពេញស្អាតឲ្យខ្ញុំ។ ឥឡូវគាត់ថា បើបានទំនប់លេខ២ នេះ គាត់លែងពិបាកទៅដោះស្រាយរឿងប្រជាពលរដ្ឋដណ្តើមទឹកគ្នាហើយ។ ឆ្នាំទៅ យើងធ្វើស្រែប្រាំងលើសផែនការ។ ផែនការធានាទឹកតែ ៥០ម៉ឺនហិកតាទេ យើងធ្វើដល់ជាង ៨០ម៉ឺនហិកតា។ អញ្ចឹងត្រូវបើកទឹកពីទំនប់ក្រសាលមក។ ខ្ញុំឲ្យរាយការណ៍ជាប្រចាំ។ ដាក់ម៉ាស៊ីនបូមទឹកឲ្យប្រជាពលរដ្ឋ។ និយាយពីកសិកម្ម មិនមែននិយាយពីតម្លៃទេ។ យើងនិយាយពីដីកម្មសិទ្ធិ។ យើងនិយាយពីការជួយ ការធានាទឹក ការធានាផ្លូវដឹកជញ្ជូន ដើម្បីមានទីផ្សារ។ តម្លៃយើងនឹងខិតខំដោះស្រាយ។ វាឡើងចុះទៅតាមឆ្នាំ តែយើងធ្វើការ។ ឆ្នាំទៅស្រូវបានថ្លៃល្អ អត់មានអ្នកណាជេររដ្ឋាភិបាលរឿងស្រូវ។ ឆ្នាំនេះ ស្រូវប្រភេទ OM មានបញ្ហាខ្លះ។ ស្វាយចន្ទី ឆ្នាំនេះត្រូវប៉ាន់ល្អ ដូចអត់មានអ្នកណារករឿង។ ទេសចរ ឯកឧត្តម ហួត ហាក់ នៅទីនេះ ខែនេះរាងមនុស្សតិច។ គេដាក់បទកំសត់។ គេជេរ។ ដល់ពេលទេសចរមកពាសពេញប្រទេស គេអត់មាត់មួយម៉ាត់។ កន្លែងខ្លះគេថាហ្នឹងរូបឆ្នាំចាស់មុនកូវីដ១៩។ ទៅជាអញ្ចឹងទៀត។
(១២) ក្នុង ២០ទៅ ៣០ឆ្នាំ ជាយទីរួមខេត្តនិមួយៗ នឹងរីក ហើយប្រែពីទីរួមស្រុក ទៅជាទីក្រុង
ប៉ុន្តែ ការបញ្ចេញទស្សនៈនោះវាអារកាត់នៅលើលទ្ធផលលើដី។ តើទេសចរនៅសៀមរាប មនុស្សច្រើនមែនអត់? ត្រូវចុះទៅសួរអ្នកសៀមរាប ចុះទៅមើលអ្នកសៀមរាប។ អ្នកសៀមរាបឆ្នាំនេះប្រហែលជាមួយវឹកអង្គរសង្គ្រាន្តអស់មាន់អស់ទាច្រើន។ ភ្ញៀវទៅច្រើនពេក។ គាត់កាប់លក់អស់។ កាលសង្គ្រាន្ត មានពូម្នាក់ ក្រុមការងារទៅ គាត់ថា ឥឡូវមាន់ខ្ញុំសល់តែ៣ និងទា១។ ត្រូវសម្រេចចិត្តថាតើទុកវា ឬមួយក៏កាប់លក់សិន ព្រោះទាន់មានទីផ្សារ។ ចុងក្រោយគាត់ថាកាប់សិន ចាំទិញកូនមកចិញ្ចឹម។ បង្កើតទីផ្សារ បង្កើតសេវាជូន tour guide ជូនអ្នករត់ម៉ូតូកង់បី ជូនអ្នកនៅតំបន់កំពង់ភ្លុក ជូនអ្នកនៅតំបន់ជិតៗហ្នឹងភ្នំគូលែន ហៀរមកដល់កំពង់ធំ។ កំពង់ធំមកដែរថ្ងៃនេះ។ គាត់អួតពីរឿងផ្លូវគាត់ដាក់សូឡាប៉ុន្មានពាន់ដើមបំភ្លឺផ្លូវ។ ឯកឧត្តមអភិបាលខេត្តអួតថា ពេលយប់មកដល់ ដឹងតែភ្លឺចិញ្ចាច។ ដល់ពេលថ្ងៃអត់សំរាម។ តែគាត់ឆ្លាត។ គាត់អត់ប្រើពាក្យថា “មានខេត្ត អត់សំរាម មានសំរាម អត់ខេត្ត”។ គាត់ដាក់ត្រឹមតែឃុំ ត្រឹមតែស្រុក … នេះជាការប្តេជ្ញាចិត្តដាក់ទិសដៅធ្វើ … បើធ្វើមិនបានដោយប្រការណាមួយ យើងនឹងខំប្រឹងធ្វើតទៅទៀត កុំបោះបង់ចោលទៅលើចំណុចនេះ។
នេះគឺជាការវិវត្ត។ ខ្ញុំសូមកោតសរសើរបណ្តារាជធានីខេត្ត ដោយឡែករួមទាំងខេត្តពោធិ៍សាត់ ដែលបង្ហាញខ្ញុំអំពីការប្រែក្លាយតំបន់ក្រុង ទៅជាតំបន់ដែលសំរាប់សាធារណៈ។ ខ្ញុំឃើញថាជាការល្អ។ ប្រជាពលរដ្ឋយើង ស្របជាមួយនឹងតម្រូវការសួនច្បារ កីឡា ផាសុខភាព កន្លែងខ្លះរៀបចំទីតាំងនៅជិតខេត្ត ដីសម្រាប់ប្រជាពលរដ្ឋថ្ងៃក្រោយទៅ picnic។ ឥឡូវគិតថា យក ៥០គីឡូ ឬមួយក៏ ២០គីឡូ ពីក្រុង ពីខេត្ត ឬ ១០គីឡូ បើមានដីឆ្ងាយ។ ជឿខ្ញុំចុះតែ ២០ឆ្នាំទៀត ២០គីឡូហ្នឹងក្លាយទៅជាជាយក្រុងហើយ។ ក្រុងយើងនឹងរីក។ ដោយហេតុនេះ តំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម នឹងក្លាយទៅជាទីក្រុង … កន្លែងខ្លះគឺប្រែពីទីរួមស្រុក ទៅទីរួមក្រុង ទៅទីក្រុង ដូចនៅខេត្តខ្លះមានក្រុងដល់ទៅ២ ទៅ៣ ឯនោះ … នៅពេលហេដ្ឋារចនាសម្ព័ន្ធ វាក៏នឹងមានមនុស្សច្រើន។ នៅសៀមរាប យើងទើបបង្កើតក្រុងរុនតាឯកមួយថ្មី បន្ថែមនឹងក្រុងសៀមរាប ដោយសាររដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធ និងមនុស្សកើនឡើង។
(១៣) លើកទឹកចិត្តវិនិយោគខ្នាតតូចក្នុងតំបន់អភិរក្ស ដោយមិនធ្វើឱ្យបាត់លក្ខណៈធម្មជាតិ និងត្រូវបំពេញគ្នាជាមួយសហគមន៍
នៅទីនេះ ជាតំបន់អេកូទេសចរណ៍។ សូមរក្សាឲ្យបានល្អ ហើយអភិវឌ្ឍ ជាពិសេសភ្ជាប់ជាមួយសហគមន៍។ ធ្វើម៉េចទាញផលវិនិយោគឲ្យភ្ជាប់ជាមួយសហគមន៍ ដើម្បីផលបានទៅប្រជាពលរដ្ឋនៅទីនោះ។ កន្លែងណាដែលសហគមន៍អាចធ្វើបាន ជួយគាត់ក្នុងការបង្កើនសមត្ថភាព ក្នុងការវិនិយោគ និងធ្វើដើម្បីទាញផល។ ធ្វើបែបនេះ ដើម្បីមានចីរភាពនិងនិរន្តរភាព ព្រោះគាត់រស់ខ្លួនឯង។ យើងឲ្យមានការវិនិយោគពីក្រៅកម្រិតណាមួយ ដែលមានតុល្យភាព កុំឲ្យសម្លាប់ធុរកិច្ចនៅមូលដ្ឋាន … បានន័យថា បើធុរកិច្ចនៅមូលដ្ឋានខ្លាំង រីកដុះដាល ក៏ឲ្យទៅជាមួយគ្នាទៅ។ បើធ្វើអូតែល ធ្វើ resort ធ្វើទៅ ផ្ទះសហគមន៍ក៏កើត មានផ្ទះសំណាក់ ឲ្យដើរជាមួយគ្នាទៅ។ នេះដែលយើងឲ្យធ្វើនៅកំពង់ស្ពឺ។ កុំដណ្តើមភ្ញៀវគ្នាផ្តាច់មុខ ចែកគ្នារស់។
កន្លែងតំបន់ធនធានធម្មជាតិ ឧទាហរណ៍ថាមានទឹកផុស ការចេញប័ណ្ណឲ្យវិនិយោគ កុំយកទៅដាក់នៅកន្លែងហ្នឹង ដកវាមកប៉ុន្មានគីឡូទៅ ទុកកន្លែងហ្នឹងជាទ្រព្យសម្បត្តិរួម។ បើយើងឲ្យយកវិនិយោគទៅដាក់នៅមាត់(ទឹកផុស)ហ្នឹង បានន័យថា គាត់ឃាឃាំងប្លុកហ្នឹងជាដីឯកជន លែងឲ្យគេចូលហើយ។ ឱ្យថយមក ១គីឡូ ២គីឡូ ធ្វើជាតំបន់ resort ទៅ។ ហ្នឹងបានយូរអង្វែងជាង។ បើសិនជាកន្លែងហ្នឹងល្អ ទៅដល់សុទ្ធតែឯកជន គ្មានអ្នកណាទៅទេ។ ចូលទៅបង់លុយ តែកន្លែងហ្នឹងធ្វើស្អាត។ ប្រជាជនទៅ picnic។ គេមិននៅ ១គីឡូ ២គីឡូដី ក៏វាអត់ខាតដែរ។ គេនៅហ្នឹង កន្លែងហ្នឹងស្រួល ធ្វើ restaurant ជិះឡាន ១គីឡូ ២ឬ៣គីឡូមក ជិះកង់មកមើលតេទឹកពុះ …។
ខ្ញុំសូមឲ្យយកចិត្តទុកដាក់ដល់ទេសចរណ៍ និងបរិស្ថាន។ កន្លែងដែលធ្វើនេះ យើងលើកទឹកចិត្តឲ្យមានការវិនិយោគខ្នាតតូចក្នុងតំបន់អភិរក្ស តំបន់គ្រប់គ្រងមួយចំនួន ដែលត្រូវអនុវត្តតាមលក្ខខណ្ឌនានា ដូចជាមិនឲ្យឃ្លាតលើសពី ៣០%នៃព្រៃ ធ្វើយ៉ាងណាឲ្យស្របជាមួយនឹងតំបន់ឬមួយក៏ឲ្យសហគមន៍។ នៅកន្លែងច្រើន នៅខ្នងផ្សារ នៅច្រកល្អៀង ឃើញសហគមន៍គាត់ធ្វើ រហូតទៅដល់បង្កើតផ្ទះសំណាក់របស់សហគមន៍។ យើងជួយធ្វើទៅ។ បង្កើតទៅ។ បើថាកន្លែងហ្នឹងមនុស្សទៅច្រើន សហគមន៍អត់មានសមត្ថភាពធ្វើទេ យើងឲ្យមានវិនិយោគមក ប៉ុន្តែត្រូវរក្សាលក្ខខណ្ឌ ទី១ កុំឲ្យវាបាត់លក្ខណៈធម្មជាតិនៅកន្លែងហ្នឹង ទី២ ត្រូវបំពេញគ្នា ជួយគ្នា ជាមួយសហគមន៍ កុំឲ្យសម្លាប់សហគមន៍។ សហគមន៍ខ្លះគាត់ព្រួយបារម្ភ ដូចដែលខ្ញុំជួបបងប្អូននៅខ្នងផ្សារ។ បើឲ្យអ្នកមានលុយមកវិនិយោគ ពួកគាត់ដាច់អាជីពហើយ។ ខ្ញុំថាមិនដូច្នោះទេ។
បើយើងរៀបចំត្រូវ គេជួយហៅភ្ញៀវមក។ បើយើងមានផ្ទះតែ ៥បន្ទប់ ភ្ញៀវអត់មកទេ។ អត់កន្លែងសម្រាក។ តែបើបង្កើតហ្នឹងទៅ ១០ ឬ២០ ឬ៣០ បន្ទប់ មានបឹងហ្គាឡូ អាចទាញភ្ញៀវមកបន្ថែមទៀត។ យើងនៅតែដើរ ៥បន្ទប់របស់យើង គឺជោគជ័យ។ គេនឹងមកកាន់តែច្រើន មកលេងកន្លែងនេះ ព្រោះមានបន្ទប់ច្រើន។ សហគមន៍ធ្វើអត់ទាន់ទេ។ គេមកគេឡើងទៅហូបអីដែលសហគមន៍អាចលក់ដូរបាន។ នេះហើយការជួយគ្នាអភិវឌ្ឍនិងអភិរក្ស … កន្លែងដែលសហគមន៍អាចរស់ ឲ្យគាត់រស់ ប្រែក្លាយពីកន្លែងដែលយកពីអនុផលព្រៃឈើមកលក់ដូរបន្តិចបន្តួចជាប្រភពចំណូលផ្សេងៗ។ គាត់អាចផលិតទំនិញទេសចរណ៍អីផ្សេងៗ … តំបន់នេះអាចក្លាយជាតំបន់អេកូទេសចរណ៍ បង្កើតការងារ និងអភិវឌ្ឍន៍មួយចំនួន …។
(១៤) “យកធម្មជាតិចិញ្ចឹមមនុស្ស និងមនុស្សរួមគ្នាការពារធម្មជាតិ”
មានកន្លែងខ្លះ ដូចនៅថ្មដា មានសំណង់ខ្ពស់ តែនៅតាមផ្លូវនេះ យើងមើលកន្លែងណាដែលថាអាចជាអេកូ tourism កន្លែងណាដែលត្រូវអភិរក្ស ដាច់ខាតមិនឲ្យមានវិនិយោគផ្សេងៗ ដើម្បីទុកជាតំបន់បៃតង ទុកឲ្យសាធារណៈ គាត់មកដើរធ្វើ hiking និងប្រជាពលរដ្ឋទៅលេង។ យើងអាចរៀបចំជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចបង្គន់ បន្ទប់ទឹកឲ្យ កន្លែងសេវាអីតិចតួច តែជាដីរបស់រដ្ឋដដែល មិនឲ្យមានឯកជន។ កន្លែងណាឲ្យប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវភាព ឲ្យគាត់រស់នៅទៅ ហើយជួយរៀបចំគាត់ឲ្យល្អ ដើម្បីរៀបកញ្ចប់ទាញទេសចរមក។ គាត់មកមើលកន្លែងហ្នឹងមែន ប៉ុន្តែគាត់ត្រូវទៅហូបអីកន្លែងជិតហ្នឹង។ អញ្ចឹងយើងត្រូវផ្គុំគ្នាធ្វើជាកន្លែង(ដែលមានសេវាប្រទាក់ក្រឡា)។ បើយើងមិនមានកន្លែងហ្នឹងធ្វើជាកន្លែងទាក់ទាញទេ វាទៅជាអស់ភាពទាក់ទាញ បានន័យថា គ្មានអ្នកណាមកទៀតទេ។ ទៅហួសមកហួសហើយ។ នេះគឺជាការយកធម្មជាតិចិញ្ចឹមមនុស្ស រៀបចំមនុស្សរួមគ្នាការពារធម្មជាតិ។ នេះជាការអភិវឌ្ឍដោយចីរភាព។
(១៥) “ចប់សង្គ្រាម អត់មានសាលានៅក្បែរ ពិបាក, មានសាលានៅក្បែរ តែអត់ផ្លូវ ក៏ពិបាក, រៀនហើយ អត់មានឱកាសការងារ ក៏មិនកើត”
សូមយកឱកាសនេះសាជាថ្មី ថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ដល់ក្រសួងអប់រំ ដល់មន្ទីរអប់រំខេត្ត ក៏ដូចជាការិយាល័យជំនាញ អាជ្ញាធរ ដែលបានខិតខំយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍវិស័យអប់រំនៅទីនេះ ដែលនឹងផលិតនូវធនធានសំខាន់សំរាប់ប្រទេសជាតិរបស់យើង។ ពីអត់ឱកាស មកមានឱកាស តែចាប់ឱកាស ត្រូវបង្កលក្ខណៈ គឺត្រូវរៀបចំសាលារៀនឲ្យ។ ត្រឹមតែចប់សង្គ្រាម តែអត់មានសាលានៅក្បែរ ប្រហែលជាពិបាក។ បើមានសាលានៅក្បែរ តែអត់ផ្លូវមក ក៏ពិបាក។ រៀនហើយ អត់មានឱកាសការងារ មិនដឹងទៅធ្វើការឯណា ព្រោះវាដាច់ឆ្ងាយ គ្មានអ្នកណាមករស់នៅកន្លែងនេះ ក៏មិនកើត។ អញ្ចឹងហើយ ការរៀបចំការអភិវឌ្ឍជាកញ្ចប់សម្រាប់ប្រជាជននៅកន្លែងនេះ ប្រែក្លាយពីកន្លែងមីន កន្លែងផ្លោង កន្លែងវាយគ្នា កន្លែងកាប់សំលាប់គ្នា កន្លែងគ្មានមនុស្សនៅច្រើន ទៅជាកន្លែងដែលកុះករ មានការបង្កលក្ខណៈ មានការចូលរួមគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាល និងវិស័យអប់រំនេះ ដើរតួនាទីសំខាន់ គឺជាការចាំបាច់។ ខ្ញុំសូមលើកទឹកចិត្តឲ្យខេត្ត ឲ្យស្រុក និងក្រុមការងារគណៈពង្រឹងចូលរួមជាមួយក្រសួងអប់រំ មន្ទីរអប់រំ ដើម្បីជួយជំរុញដល់ការពង្រឹងវិស័យអប់រំនៅទីនេះ ក៏ដូចជានៅទូទាំងប្រទេស។
(១៦) រួមគ្នាអប់រំធនធានមនុស្សនៅវាលវែង ឲ្យកាន់តែរឹងមាំ ដើម្បីចេញទៅធ្វើការនិងមានឱកាសចូលរួមដឹកនាំប្រទេសគ្រប់វិស័យ
ក្រុមការងារឯកឧត្តម កែវ រតនៈ ធ្វើបទបង្ហាញឲ្យខ្ញុំកាលពីមុនថា អាណត្តិមុន ប៉ុន្មានឆ្នាំមកហើយ ចងក្រងក្រុមការងារប្រទាក់ក្រឡាជាមួយគ្រូបង្រៀន ជាមួយសាលា ដើម្បីរួមគ្នាធ្វើ។ ឥឡូវយើងប្រទាក់ក្រឡាមួយទៀត ការអប់រំត្រូវអប់រំទាំងអស់គ្នា គឺប្រទាក់ក្រឡាសាលាជាមួយឪពុកម្តាយ អាណាព្យាបាល។ ទាល់តែរួមគ្នា ទាំងគ្រួសារ ទាំងគ្រូ ទាំងនៅសាលា ដើម្បីយើងរួមគ្នាអប់រំធនធានមនុស្សនៅវាលវែង នៅប្រម៉ោយ នៅអន្លង់រាប នៅថ្មដា ឲ្យកាន់តែរឹងមាំ។ ថ្ងៃក្រោយ អ្នកដែលធ្លាប់តែរស់នៅ អតីតសមរភូមិអាចធ្វើការនៅទីនេះ ចេញទៅធ្វើការនៅកន្លែងក្រៅ អាចមានឱកាសចូលរួមក្នុងការដឹកនាំប្រទេសគ្រប់វិស័យ។ យើងត្រូវរួមគ្នាធ្វើ ពិសេសវិស័យអប់រំ ដោយឃើញថា យើងកំពុងមានកំណើនប្រជាពលរដ្ឋ កំណើនកូនចៅ។ ឥឡូវនៅទូទាំងប្រទេស យើងកំពុងតែបន្តសង់អគារច្រើន។ កំណើនប្រជាជនលឿន។ កន្លែងខ្លះអត់ទាំងមានហេដ្ឋារចនាសម្ព័ន្ធ ឬរចនាសម្ព័ន្ធផង មានប្រជាជនច្រើនរួចទៅហើយ។ ថ្ងៃមុន ខ្ញុំឲ្យទៅមើលមួយកន្លែងនោះ នៅលើផែនទី ដើម្បីរៀបចំកម្មវិធីផ្តល់ដីជូនប្រជាពលរដ្ឋអត់ដីធ្លី។ នៅលើផែនទីក្រសួងដែលមករាយការណ៍ កន្លែងហ្នឹងគឺអត់មានមនុស្សទេ។ ចុះទៅមើលមានជិត ២០០គ្រួសារនៅកន្លែងនោះ និងបានដាំដំណាំផ្សេងៗរួចហើយ។ អញ្ចឹងយើងត្រូវរៀបចំកន្លែងរដ្ឋបាលផ្សេងៗ កន្លែងខ្លះប្រជាជនច្រើនពេក យើងបំបែក បង្កើត ជាស្រុក ជាក្រុងបន្ថែម ដើម្បីរុញសេវាឲ្យកៀកជាមួយប្រជាពលរដ្ឋ។
(១៧) អប់រំ និងសុខាភិបាល ជាអាទិភាព២ នៃគោលនយោបាយរបស់រដ្ឋាភិបាល
ការអប់រំ ការបណ្តុះបណ្តាលសុខាភិបាល ដែលជាអាទិភាព២ នៃគោលនយោបាយរបស់រដ្ឋាភិបាលអាណត្តិនេះ ជាពិសេសត្រូវពង្រឹងមូលដ្ឋាន មណ្ឌលសុខភាព ពេទ្យបង្អែក សាលាបឋមដល់វិទ្យាល័យ បូកជាមួយការរួមផ្សំ ការជំរុញ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ ក្មួយៗខ្លះរៀនអត់ចប់វិទ្យាល័យទេ។ គាត់ចប់ថ្នាក់ទី៩ ទី១០។ យើងចង់ជំរុញឲ្យគាត់រៀនដល់ថ្នាក់ទី១២។ ប៉ុន្តែដោយសារកត្តាមួយចំនួន គាត់អត់មានលទ្ធភាពទៅ។ អញ្ចឹង យើងមិនអាចឲ្យកូនចៅប្រជាពលរដ្ឋយើង អត់មានបំនិនទេ។ ខិតខំជំរុញ ដែលយើងដាក់ចេញគោលនយោបាយ ១លាន ៥សែននាក់ ជាអាហារូបករណ៍សម្រាប់បណ្តុះបណ្តាលទូទាំងប្រទេស។ ឥឡូវបានជាង ១០ម៉ឺននាក់ហើយៗ យើងនឹងបន្តពង្រាយការបណ្តុះបណ្តាលនេះ។ យើងចង់ឲ្យកូនចៅប្រជាពលរដ្ឋ យុវជនបានចូលរៀន។ បើមិនរៀនយកថ្នាក់បាក់ឌុប្លិ៍ក្នុងពេលឥឡូវ ថ្នាក់ទី៩ ទី១០ អាចទៅរៀនយកជំនាញសិន ចេញទៅរកការងារសិន។ ថ្ងៃក្រោយអាចត្រឡប់មករកបាក់ឌុប្លិ៍វិញតាមច្រកណាមួយ ដើម្បីគាត់អាចទៅរកវិទ្យាល័យ មហាវិទ្យាល័យ ឬមួយអីបន្តទៀត។
(១៨) ឯកភាពអនុវត្តពីចុងឆ្នាំទៅ គំរោងតម្រង់ទិសវិជ្ជាជីវៈចាប់ពីថ្នាក់ទី១០
ខ្ញុំបានឲ្យក្រសួងអប់រំ និងក្រសួងការងារធ្វើកិច្ចការនេះ។ ថ្ងៃមុន បានឯកភាពគ្នាគ្រោងអនុវត្តចាប់ពីចុងឆ្នាំទៅគឺការតម្រង់ទិសពីថ្នាក់ទី១០ ទៅ។ បានន័យថា ពីថ្នាក់ទី៨ ទី៩ ចាប់ផ្តើមណែនាំ ដល់ថ្នាក់ទី១០ ទៅ គាត់រើស អ្នកណាទៅរៀនតនៅវិទ្យាល័យ អ្នកណាត្រូវទៅរៀនចំណេះដឹងទូទៅ ដើម្បីយើងជួយបណ្តុះគាត់។ រៀនដល់ថ្នាក់ទី១២ បានវិញ្ញាបនបត្រកម្រិតណាមួយដែលអាចទទួលស្គាល់បាន ដោយក្រសួងអប់រំ និងក្រសួងការងារ។ ថ្ងៃក្រោយគាត់ទៅធ្វើការងារជំនាញមួយរយៈ។ អ្នកដែលមានជំនាញ អ្នកដែលអត់ជំនាញ ធ្វើការងារខុសគ្នា បៀវត្សរ៍ខុសគ្នា។ ធ្វើការងារនៅរោងចក្រតែមួយ អាចបៀវត្សរ៍ខុសគ្នា ស៊ីសងលើជំនាញ បូកជាមួយបទពិសោធន៍។ អញ្ចឹង យើងធ្វើយ៉ាងណាឲ្យបងប្អូនរបស់យើង ដែលអ្នកខ្លះរៀនហើយធ្វើការហើយ ថ្ងៃក្រោយមានពេលវេលា មានឱកាសចង់ត្រឡប់ទៅយកបរិញ្ញាបត្ររង បរិញ្ញាបត្រវិញ គាត់អាចធ្វើបាន។ នេះយើងធ្វើច្រកបើកអោយគាត់។
ខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកពោធិ៍សាត់ ប្រជាពលរដ្ឋនៅវាលវែង ក៏ដូចជានៅគ្រប់កន្លែងទាំងអស់ ឯកឧត្តមអភិបាល ជួយលើកទឹកចិត្ត ជាពិសេសយុវជនក្រៅប្រព័ន្ធរបស់យើង ដែលគាត់អត់មានឱកាសរៀនសូត្រ បញ្ចូលទៅក្នុងកម្មវិធីហ្នឹង បណ្តុះបណ្តាលគាត់ធ្វើកម្មវិធីថ្ងៃសៅរ៍ ថ្ងៃអាទិត្យ។ គាត់មករៀន រដ្ឋចេញលុយឲ្យទៀត មួយខែ ២៨ម៉ឺន។ ពីមុនយកលុយទៅបង់គេរៀន ឥឡូវរដ្ឋបង្រៀនហើយឲ្យលុយទៀត ដើម្បីធ្វើយ៉ាងណាឲ្យក្មួយៗ ប្អូនៗ អាចមានចំណេះដឹង អាចធ្វើការបានទៅថ្ងៃក្រោយ។ ជួយខ្លួនឯង ជួយគ្រួសារ ជួយសង្គមជាតិឲ្យកាន់តែច្រើន។ អញ្ចឹងសូមបន្តលើកទឹកចិត្តបន្ថែម ជួយជំរុញជំនាញ មានទាំងជំនាញដូនតាទៀត។ កន្លែងខ្លះជំនាញដូនតា ជំនាញឆ្លាក់រូប ជំនាញត្បាញ … នេះគឺជាការខិតខំយកចិត្តទុកដាក់កសាងធនធានមនុស្ស។ រៀនក្នុងសាលាក៏ត្រូវយកចិត្តទុកដាក់ទៅលើការពង្រឹងសីលធម៌ សុជីវធម៌ បូកជាមួយនឹងចំណេះដឹងទូទៅ ដែលក្រសួងអប់រំក៏បានរុញ គណៈកម្មាធិការពង្រឹងវិស័យអប់រំក៏ជំរុញ។ យើងបន្តរួមគ្នា ហើយគ្រួសារ និងសាលារៀន បានចូលរួមច្រើន។
ខ្ញុំសូមលើកទឹកចិត្ត និងអរគុណដល់លោកគ្រូអ្នកគ្រូ នៅទូទាំងខេត្ត ទូទាំងស្រុក ថ្នាក់ដឹកនាំសាលា ដែលខិតខំយកចិត្តទុកដាក់ធ្វើកិច្ចការបានល្អ ធានាធ្វើឲ្យប្រទេសជាតិយើងបានរីកចម្រើនដោយចីរភាព។ យើងមិនពឹង មិនច្រណែន ឬរសើបជាមួយប្រទេសណាអ្នកណាទេ។ ម្សិលមិញ ចូលរួមខួប(ថ្ងៃបង្កើត)នគរបាល។ យើងបញ្ជូនសិក្ខាកាមនគរបាលទៅរៀននៅប្រទេសជិតខាង មិនខុសពីយោធា មិនខុសពីស៊ីវិលទៅរៀននៅវៀតណាម រៀននៅឡាវ រៀននៅថៃ រៀននៅចិន រៀននៅជប៉ុន រៀននៅម៉ាឡេស៊ី រៀននៅរូស្ស៊ី រៀននៅអាមេរិក នៅបារាំង។ គេក៏មានបញ្ជូនសិក្ខាកាមមករៀនវគ្គវែង រៀនភាសាខ្លះ វគ្គខ្លី រៀនសិក្ខាសាលាមួយចំនួននៅយើង។ វាអត់មានអីខុសទេ។ អញ្ចឹងការខិតខំបណ្តុះបណ្តាលបន្ថែមទាំងវិស័យអប់រំនេះគឺល្អ។ នេះគឺជាមូលដ្ឋាននៃការកសាងភាពរឹងមាំ និងអធិបតេយ្យភាពរបស់កម្ពុជា។
(១៩) បើខ្លាចបាត់ទឹកដី ត្រូវចរចាបោះបង្គោល កសាងផ្លូវ បញ្ជូនប្រជាជនទៅរស់នៅនិងអភិវឌ្ឍព្រំដែន
អ្នកខ្លះឲ្យតែឃើញនិស្សិតយើងទៅរៀននៅវៀតណាម ស្រែកថាប្រែក្លាយទៅជាវៀតណាមអស់ហើយ។ ឲ្យតែឃើញសិក្ខាកាមយើងនិយាយភាសាវៀតណាមមួយម៉ាត់ ថាឃើញទេ ឲ្យខ្មែររៀនភាសាគេអស់ហើយ។ ដល់ពេលសិក្ខាកាមវៀតណាមរៀនភាសាខ្មែរ និយាយភាសាខ្មែរ ដឹងគេថាម៉េច? ឃើញទេ វៀតណាមកំពុងបង្រៀនជនជាតិគេឲ្យមកត្រួតយើង។ ខុសទាំងអស់។ យើងរៀនភាសាវៀតណាមក៏ខុស ថាយើងទៅធ្វើក្រោមគេ គេរៀនភាសាយើង ថាគេមកត្រួតយើង។ បងប្អូនអើយ! ទស្សននៃការព្រួយបារម្ភអំពីការបាត់បង់ទឹកដី ការបាត់បង់អី អ្នកណាក៏ត្រូវតែមាន ប៉ុន្ដែមិនត្រូវបង្កើតគំនិតជ្រុលនិយមខ្លាចហួស។
បើខ្លាចគេ(ត្រូវខំ) ពង្រឹងខ្លួនឯងទៅ។ បើខ្លាចគេយករបស់ហ្នឹង ត្រូវពង្រឹងសសមត្ថភាពខ្លួនឯង … បើយើងមួយថ្ងៃៗ អង្គុយតែខ្លាចគេកេងចំណេញ មើលងាយ ធ្វើបាប។ បើគិតតែខ្លាច ហើយមិនខំប្រឹងធ្វើអី ហ្នឹងវាក្លាយជាការពិត។ ម្យ៉ាង យើងខ្លាចក្នុងអារម្មណ៍រួចទៅហើយបាក់ទឹកចិត្ត។ ខ្ញុំថាទំនាក់ទំនងរបស់ប្រទេស(និងប្រទេស) វាមិនខុសពីទំនាក់ទំនងប្រជាជនយើងទេ។ ម្នាក់ៗ សុទ្ធតែមានអ្នកជិតខាង មានអ្នករៀនជាមួយ ធ្វើការជាមួយ។ យើងមិនអាចផ្ដាច់ដោយឡែកតែឯងទេ។ សូម្បីបងប្អូនខ្លួនឯងបង្កើត ក៏មានទំនាក់ទំនងដែរ។ សួរថាតើយើងកំណត់ទស្សន និងការចង់បានរបស់គេបានទេ? អត់ទេ។
បើយើងថាខ្លាច មិនធ្វើទំនាក់ទំនង មិនទុកចិត្តមនុស្ស។ មនុស្សចង់បាន ដើរខ្សែលើយើងរហូត។ រឿងចង់បាន ជារឿងរបស់គេ ប៉ុន្ដែសំខាន់យើងឲ្យគេដើរខ្សែលើយើងឬអត់? គេចង់បានអីជារឿងរបស់គេ។ យើងមិនអាចទៅសុំអង្វរគេថា … កុំធ្វើម្ហូបឆ្ងាញ់ជាងខ្ញុំ យកម៉ូយខ្ញុំអស់ហើយទេ … ទឹកចិត្តរបស់គេ គេចង់ឈ្នះរឿងរបស់គេ តែកុំរំលោភដែនដីរបស់ខ្ញុំ។ អ្វីដែលសំខាន់ យើងមិនអាចផ្ដាច់ទំនាក់ទំនងជាមួយអ្នកជិតខាង អ្នកធ្វើការជាមួយ និងឬបងប្អូនបង្កើតទេ។ ទោះបីជាទឹកចិត្តគេយ៉ាងណាជារឿងគេ។ អ្វីដែលសំខាន់ យើងត្រូវបង្កើនសមត្ថភាពពឹងផ្អែកខ្លួនឯង ម្ចាស់ការខ្លួនឯង ទើបគេមិនមើលងាយ។ ធ្វើអីក៏យើងមិនពឹងគេដែរ ទាល់តែយើងចេះខ្លួនឯង។
បើខ្លាចគេយកទឹកដី យើងត្រូវបង្កើនការដោះស្រាយបញ្ហាព្រំដែន ចរចាបោះបង្គោលព្រំដែន កសាងអភិវឌ្ឍព្រំដែន និងផ្លូវព្រំដែនឲ្យច្រើន។ កន្លែងដែលទុកចោល ដែលយើងមិនដឹងថាកន្លែងណាកន្លែងណី ប៉ុន្ដែយើងធ្វើផ្លូវដល់ព្រំដែន បោះបង្គោលព្រំដែន រុញប្រជាជនទៅអភិវឌ្ឍ កសាងផ្ទះនៅព្រំដែន បង្កើតរោងចក្រតាមច្រកព្រំដែន ហ្នឹងហើយការការពារទឹកដី។ យើងត្រូវធ្វើដោយខ្លួនឯង គ្មានអ្នកណាមកធ្វើជំនួសទេ …។
(២០) “ចង់ម្ចាស់ការគ្រប់វិស័យ ទាល់តែចេះគ្រប់វិស័យ”
ចង់ឲ្យខ្លួនឯងម្ចាស់ការគ្រប់វិស័យ ទាល់តែកូនខ្មែរចេះគ្រប់វិស័យ។ បើមិនអញ្ចឹងទេ យើងត្រូវពឹងគេរហូត។ ចង់ធ្វើស្ពានមួយខ្សែ មិនថាតូចឬធំ ថ្លៃផង ហើយបើគេមិនមកគឺយើងចប់។ បើដូចកាលជំនាន់កូវីដ ១៩ មិនអាចឆ្លងព្រំដែន យើងចប់។ ប៉ុន្ដែ ដោយសារយើងពឹងសមត្ថភាពកូនខ្មែរជាវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ជាអ្នកព្យាបាលដែលសង្គ្រោះប្រជាពលរដ្ឋយើងបាន។ យើងធ្វើស្ពាន និងអគារច្រើនជាន់ ដោយកូនខ្មែររបស់យើង។ ពិតណាស់កន្លែងខ្លះនៅពឹងទៅលើអ្នកបច្ចេកទេសបរទេសមួយចំនួន ប៉ុន្ដែវិស្វករជាកូនខ្មែរយើងធ្វើបាន។ កន្លែងខ្លះទៀតស្ពានឆ្លងទន្លេពីកោះប៉ែនទៅ កំពង់សៀម គឺកូនខ្មែរ វិស្វកម្មខ្មែរធ្វើបាន ដោយសារយើងបណ្ដុះបណ្ដាលធនធាន(មនុស្ស)ខ្លួនឯង។ នេះហើយជាការពង្រឹងឯករាជ្យភាព និងការស្នេហាជាតិ ទឹកដី។ កុំខ្លាចគេ។ គេចង់បានជារឿងរបស់គេ។ ខ្ញុំមិនឲ្យអ្នកឯងទេ តាមរយៈការពង្រឹងសមត្ថភាព និងទទួលខុសត្រូវរបស់កូនខ្មែរ។ នេះគឺជាការពិត។ ថ្ងៃក្រោយ អ្នកប្រម៉ោយចង់ធ្វើការនៅប្រម៉ោយទាល់តែមានសាលារៀន បើមិនអញ្ចឹងអ្នកផ្សេងមកយកហើយ។ អ្នកប្រម៉ោយក៏អាចទៅយកការងារកន្លែងផ្សេងបានដែរ ប្រកួតជាមួយអ្នកផ្សេង។
ខ្ញុំសុំឱកាសពីប្រជាពលរដ្ឋក្នុងការថ្លែងអំណរគុណជាថ្មី អរគុណដល់ក្រុមវិស្វកម្មដែលបានធ្វើការងារនេះល្អដោយយកចិត្តទុកដាក់។ អរគុណដល់អាជ្ញាធរខេត្ត មន្ទីរអប់រំ ក្រសួងអប់រំ ដែលយកចិត្តទុកដាក់នៅក្នុងការបំពាក់នូវកម្មវិធីអប់រំផ្សេងៗ ធ្វើបានទូទាំងខេត្ត និងការពង្រីកបន្ថែមទៀត។ សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានខិតខំចូលរួមកសាងទូទាំងប្រទេស … ក្នុងប៉ុន្មានឆ្នាំនេះ ខ្ញុំបានចូលរួមសម្ពោធសមិទ្ធផលដែលកសាងរាប់ឆ្នាំ ប៉ុន្ដែមិនទាន់អស់។ យើងនឹងបន្ដធ្វើតទៅទៀតជូនប្រជាពលរដ្ឋ ព្រោះដរាបណាកូនខ្មែរនៅតែកើត យើងនៅតែបន្ដកសាងសាលាឲ្យគាត់រៀន។ ខ្ញុំជឿថាអ្នកវាលវែងប្រាកដជាកើនហើយ មិនស្រួលនៅលើទឹកដីនេះកើតកូនច្រើនផង។ នៅទឹកដីព្រៃភ្នំច្រើនតែកូនច្រើន ហើយកូនស្រីទៀត។ អ្នកវាលវែងកូនស្រី ឬប្រុសច្រើន? កូនស្រី។ ឲ្យតែតំបន់ត្រជាក់មិនដឹងម៉េចកូនស្រីច្រើន។ ខ្ញុំបានកូនស្រីច្រើនដែរ តែខ្ញុំអត់ខិលទេ … ឥឡូវកំពុងចរចាយកប្រុសមួយទៀត តែដូចលំបាក។ ចរចាអីផ្សេងទៅរួច ប៉ុន្ដែចរចារឿងហ្នឹងដូចលំបាក។ ឥឡូវមានតែចាំកូនៗ ទៅចរចាជំនួស ប៉ុន្ដែពិបាកកូនពៅថាគេចង់ធ្វើពៅ …។
(២១) ស្ថានភាពប្រជាសាស្ត្រកម្ពុជានៅល្អ អ្នកពោធិ៍សាត់នៅអាចបង្កើតកំលាំងពលកម្មក្នុងស្រុកច្រើន
យើងមានកំណើនប្រជាពលរដ្ឋច្រើន។ សង្ឃឹមថានឹងកើនតទៅទៀត។ ប្រទេសខ្លះមានបញ្ហាត្រង់ថាប្រជាពលរដ្ឋថយ ព្រោះអ្នកចាស់ដល់អាយុស្លាប់ច្រើនជាងអ្នកកើតថ្មី។ ប្រទេសជប៉ុន កូរ៉េ ពីឥលូវទៅរយៈពេល ១៥ឆ្នាំទៅមុខ គាត់នឹងខ្វះកំលាំងពលកម្មច្រើន។ អ្នកដល់អាយុចាស់ស្លាប់ច្រើនជាងអ្នកកើតថ្មី ព្រោះអ្នកកើតថ្មីលែងចង់មានកូន។ ប្រទេសខ្លះរដ្ឋចេញលុយឲ្យទៀត បើកើតកូនរដ្ឋចេញលុយប៉ុណ្ណេះប៉ុណ្ណោះ។ ក៏នៅតែមិនយក ព្រោះការចិញ្ចឹមកូនថ្លៃ ហើយជីវិតរបស់គាត់រវល់រៀងខ្លួន មានពេលឯណាទៅមើលកូន។ កម្ពុជានៅល្អនៅឡើយ។ អ្នកពោធិ៍សាត់ មិនទាន់ដង់ស៊ីតេខ្ពស់ប៉ុន្មានទេ។ អញ្ចឹង សូមជូនពរអ្នកពោធិ៍សាត់បង្កើតកំលាំងពលកម្មក្នុងស្រុកឲ្យកាន់តែច្រើន។ ជូនពរឲ្យមានកូនកាន់តែច្រើន។ យើងជូនពរឲ្យរីកចំរើន ប៉ុន្ដែបើអត់ប្រជាជន ក៏អត់រីកចំរើនដែរ។ ឥឡូវ យើងទើប ១៧លាន នាក់ ដីយើងក៏នៅច្រើនដែរ។
[ចប់សេចក្ដីអធិប្បាយ១]
ចុងក្រោយ ខ្ញុំសូមឲ្យមានមតិមួយចំនួនជូនដល់សាលា និង ខេត្ត ដូចខាងក្រោម៖
ទី១. ពង្រឹងអភិបាលកិច្ចសាលារៀន និង អភិវឌ្ឍប្រព័ន្ធអប់រំ ឱ្យកាន់តែរឹងមាំ, មានភាពបុរេសកម្ម, ទំនើបកម្ម និង ឆ្លើយតបទៅនឹងបរិការណ៍ជាតិ និង អន្តរជាតិ ដែលបាន និង កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស តាមរយៈការអនុវត្តស្តង់ដារសាលារៀនគំរូ ក៏ដូចជាធានាបាននូវសេវាអប់រំ ដែលមាន ប្រសិទ្ធភាព និង គុណភាព ប្រកបដោយសមធម៌ បរិយាបន្ន។
ទី២. រិះរកវិធីសាស្ត្របង្រៀន វិធីសាស្ត្ររៀន និង វិធីសាស្ត្រវាយតម្លៃថ្មី ដែលអាចអនុញ្ញាតឱ្យសិស្សអភិវឌ្ឍបំណិននៃការគិតប្រកបដោយការត្រិះរិះពិចារណា ការដោះស្រាយបញ្ហា ដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃ និង អនុវត្តចំណេះដឹងវិទ្យាសាស្ត្រក្នុងជីវិតប្រចាំថ្ងៃ ។
ទី៣. ជំរុញការរៀនសូត្រពេញមួយជីវិត និង ការអភិវឌ្ឍជំនាញ បង្កើតគំនិតផ្តួច-ផ្តើម ដែល លើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត សម្រាប់មនុស្សពេញវ័យ ក្នុងការទទួលបាន ឱកាសសិក្សាជាបន្តបន្ទាប់ ដើម្បីរក្សាការប្រកួតប្រជែង និងសម្របខ្លួននៅក្នុងកម្លាំងការងារ ។
ទី៤. បន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយត្រូវលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនចេញថ្មី និង បន្តធ្វើវិក្រឹតការគ្រូបង្រៀន ឱ្យស្របតាមស្តង់ដារវិជ្ជាជីវៈ គ្រូបង្រៀន រួមទាំងការផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និង ផ្តល់ឧបករណ៍គាំទ្រចាំបាច់ ស្របតាមតម្រូវការ ក្នុងការអនុវត្តវិធីសាស្ត្របង្រៀនបែបថ្មី និង ការអប់រំឌីជីថល ។ គ្រូបង្រៀនគឺជាបេះដូង នៃប្រព័ន្ធអប់រំ ដូច្នេះ តាមរយៈការពង្រឹងជំនាញរបស់គ្រូបង្រៀន យើងនឹងធានាបាននូវការអប់រំប្រកបដោយគុណភាព និង ភាពច្នៃប្រឌិតថ្មី និង ការផ្សារភ្ជាប់គំនិតច្នៃបង្កើតទាំងនោះ ទៅនឹងជីវភាពជាក់ស្តែង។
ទី៥. ត្រូវយកចិត្តទុកដាក់បន្តធ្វើសមាហរណកម្ម វិស័យបច្ចេកវិទ្យាឌីជីថលទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត បំពាក់បន្ទប់ពិសោធន៍ឌីជីថល, ភ្ជាប់បណ្តាញអគ្គិស នី និង អ៊ីនធើណិត នៅតាមគ្រឹះស្ថានសិក្សា លើកកម្ពស់គុណវុឌ្ឍិ និង សមត្ថភាពឌីជីថលដល់គ្រូបង្រៀន បញ្ចូលការប្រើប្រាស់បច្ចេកវិទ្យា ទៅក្នុងការបង្រៀន និង រៀន កែលម្អមាតិកាឌីជីថល និង បង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល និង ផ្សព្វផ្សាយវេទិកាឌីជីថល ឱ្យកាន់តែទូលំទូលាយ និង គ្រប់ជ្រុងជ្រោយ ។
ទី៦. បន្តលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សា និង ត្រៀមវិធានការឆ្លើយតប និង ចូលរួមទប់ស្កាត់ភ្លាមៗ ព្រមទាំងបង្កើនការអប់រំអំពីសុវត្ថិភាពសុខភាពសិក្សា, សុវត្ថិភាពចំណីអាហារ កែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព ដូចជា៖ រៀបចំបន្ទប់សុខភាពស្តង់ដារ បរិស្ថានសាលារៀនបៃតងសាលារៀនស្អាតគ្មានសំរាម ខ្ញុំថាចាប់ផ្ដើមពីសាលារៀនតែម្ដងជាគោល កន្លែងនេះងាយស្រួលក្នុងការធ្វើ បង្កើតទំលាប់ នៅក្នុងការធ្វើការងារ។
ទី៧. ជំរុញភាពជាដៃគូសាធារណៈ និង សហគមន៍ក្នុងការអប់រំ ដោយត្រូវបន្តធ្វើសុខុដុមនីយកម្ម និង រៀបចំសេចក្តីណែនាំអនុវត្ត ឱ្យបានគ្រប់ជ្រុង-ជ្រោយ ព្រមទាំងផ្សព្វផ្សាយឱ្យបានទូលំទូលាយ និង បំផុសស្មារតីចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត សម្រាប់គាំទ្រដល់ការបន្ថែមមុខវិជ្ជាថ្មីៗ ឬ ការបន្ថែមម៉ោងអនុវត្ត ដើម្បីឱ្យសិស្សចំណាយពេលវេលាកាន់តែច្រើន នៅក្នុងសាលារៀន ក្រោមការគ្រប់គ្រង និង ដឹកនាំរបស់គ្រូបង្រៀន។ បង្កើតទំនាក់ទំនងល្អរវាងមាតាបិតាសិស្ស និង គ្រូបង្រៀនដើម្បីផ្តល់ព័ត៌មាន និង ជួយគ្នាទៅវិញទៅមកអំពីការអប់រំសិស្ស រួមទំាងលើកទឹកចិត្តមាតាបិតាឱ្យចូលរួមជាមួយការសិក្សារបស់កូនៗឱ្យបានកាន់តែច្រើន។
ទី៨. បន្តអភិវឌ្ឍកុមារ និង យុវជន ឱ្យមានស្មារតីទទួលខុសត្រូវមានជំនឿលើសមត្ថភាព របស់ខ្លួន និងប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម មានសីល-ធម៌ និងការរស់នៅក្នុងភាពជាពលរដ្ឋល្អ តាមរយៈការបំផុសចលនា “កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ” កម្មវិធីយុវជនស្ម័គ្រចិត្ត និង ការលើកទឹកចិត្តឱ្យយុវជនចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍ ព្រមទាំងបន្តបណ្តុះបណ្តាលជំនាញបច្ចេកទេស និង ជំនាញទន់ដល់យុវជន សំដៅឆ្លើយតបបានទៅនឹងឱកាសការងារ និង ភាពរឹងមាំនៃកោសិកាសង្គម ។
ទី៩.បន្តលើកកម្ពស់វិស័យកីឡា ដើម្បីកសាងមនុស្សគ្រប់រូប ឱ្យមានសុខភាព និងសុខុមាលភាពល្អកាយសម្បទាមាំមួន ឆន្ទៈមោះមុត, អំណត់ព្យាយាម, មានវិន័យ មានស្មារតីក្រុម គំនិតច្នៃប្រតិដ្ឋ និង មានការតស៊ូស្វិតស្វាញ ។ ទន្ទឹមនេះ, ត្រូវពង្រឹងការគ្រប់គ្រងវិស័យអប់រំកាយ និង កីឡា ពង្រឹងយន្តការ ដែលមានស្រាប់ រួមទាំងសហព័ន្ធកីឡា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡាការបណ្តុះបណ្តាលធនធានមនុស្ស និង ការលើកទឹកចិត្ត ដែលជាកត្តាចម្បងក្នុងការបង្កើនប្រសិទ្ធភាព និង គុណភាពត្រៀមខ្លួនរបស់អត្តពលិក និង ការពង្រឹងគុណភាពនៃការប្រកួតកីឡាគ្រប់កម្រិត ។
មុននឹងបញ្ចប់ ជាថ្មីម្តងទៀត ខ្ញុំសូមចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីៗ នៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ និង លទ្ធផលសម្រេចបានគួរឱ្យកត់សម្គាល់ ក្នុងកិច្ចការអប់រំ យុវជន និង កីឡា នៅក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ជារួម និង សូមកោត-សរសើរ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី ជាមន្ត្រីរាជការ នៃរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ មន្ទីរអប់រំ យុវជន និង កីឡា និង គណៈគ្រប់គ្រងសាលា ដែលបានខិតខំបំពេញតួនាទី និង ភារកិច្ច និង បានយកអស់កម្លាំងកាយចិត្ត ចូលរួមជំរុញ និង លើកកម្ពស់វិស័យអប់រំរហូតទទួលបានលទ្ធផលល្អប្រសើរ ។
រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើ វិស័យអប់រំ ហើយខ្ញុំសូមលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ សូមបន្តស្មារតីពូនជ្រំ ចូលរួមកសាង និង អភិវឌ្ឍមូលធនមនុស្សរបស់យើង ឱ្យក្លាយជាធនធានប្រកបដោយចំណេះដឹង គុណភាព គុណធម៌ និង មានសមត្ថភាពប្រកួតប្រជែង និងការទទួលខុសត្រូវ ខ្ពស់ ទាំងក្នុងតំបន់ និង នៅលើឆាកអន្តរជាតិ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(២២) អនុវត្ដច្បាប់ទាំងចំពោះអ្នករងគ្រោះទាំងចំពោះអ្នកបង្ករ ដើម្បីយុត្តិធម៌សង្គម
ទាក់ទងនឹងការទទួលខុសត្រូវនេះ ខ្ញុំសូមបញ្ជាក់បន្ដិច។ ម្សិលមួយថ្ងៃ មានបាតុភាពជាអកុសល គឺគ្រោះថ្នាក់ចរាចរណ៍ ដែលជាអកុសលធ្វើឲ្យអ្នករត់ម៉ូតូកង់បីម្នាក់ស្លាប់។ អ្នកបង្កជានាយនគរបាលម្នាក់ ដែលដល់អាយុចូលនិវត្ដន៍ហើយ គ្រាន់តែមិនទាន់ដាក់ចូលនិវត្ដន៍ … គាត់មានជាតិស្រវឹងក្នុងខ្លួន។ យើងមានគោលការណ៍ដែលអនុវត្ដតាំងពីដើមអាណត្ដិមកហើយ រាល់ការបើកបុកមនុស្សស្លាប់ដោយមានជាតិស្រវឹង ត្រូវអនុវត្ដច្បាប់ម៉ឺងម៉ាត់។ ខ្ញុំក៏បានធ្លាប់បញ្ជាក់ ឯកឧត្តម កើត រិទ្ធ ក៏បានធ្លាប់បញ្ជាក់ដែរ គោលការណ៍នេះ មិនមែនត្រឹមតែសងលុយហើយ បានរួចខ្លួននោះទេ។ អ្នកដែលបុកគេស្លាប់ហើយមានជាតិស្រវឹងក្នុងខ្លួន មិនថាអ្នកនោះជាអ្នកណាទេ (ត្រូវតែទទួលទោស)។ យើងបានអនុវត្ដហើយ។ ដូចជាមន្ដ្រីសេដ្ឋកិច្ចហិរញ្ញវត្ថុម្នាក់ ដែលបុកមនុស្សស្លាប់ប៉ុន្មានឆ្នាំមុន។ អត់ទាន់មានលែងទេ។ ទោះបីជាសងប្រាក់ក៏ដោយ។
ពិតណាស់ គ្មានអ្នកណាចង់បង្កហេតុទេ។ ខ្ញុំជឿថា អ្នកបើកបុកក៏គ្មានចេតនាដែរ ប៉ុន្ដែអង្គហេតុនេះវាបានកើតហើយ។ ការធ្វេសប្រហែស បានធ្វើឲ្យបាត់បង់នូវអនាគតរបស់គ្រួសារមួយនិងជីវិតមនុស្សម្នាក់ហើយ។ យើងអនុវត្ដគោលការណ៍នេះ ប៉ុន្ដែប្រជាពលរដ្ឋហាក់ដូចជាមិនទាន់ច្បាស់ក្នុងចិត្ត។ តាមនីតិវិធី ម្សិលមិញនេះ ឃាត់ខ្លួននគរបាលទុកមួយរយៈ ដើម្បីស្រាវជ្រាវឲ្យហើយ មិនឲ្យលើសពី ៤៨ម៉ោង កសាងសំណុំរឿងបញ្ជូនទៅតុលាការ។ មិនអាចគ្រាន់តែចាប់ពីឡានមកភ្លាម រុញទៅតុលាការទេ។ ត្រូវកសាងកំណត់ហេតុ។ អញ្ចឹងត្រូវការពេលមួយរយៈ។ ក្នុងរយៈពេលនេះ មានប្រជាពលរដ្ឋជាច្រើនបារម្ភថា ប្រយ័ត្នមន្ដ្រីនគរបាលខ្លួនឯងមិនហ៊ានធ្វើ។ អត់ទេ។ គោលការណ៍គឺច្បាស់ណាស់។ មន្ដ្រីអនុវត្ដច្បាប់ហើយ។ ព្រឹកមិញស្នងការរាជធានីភ្នំពេញបានចេញបញ្ជាក់ហើយ។ ជនបង្កត្រូវបានកសាងតាមនីតិវិធីបញ្ជូនទៅតុលាការ។ កិច្ចការនេះ សូមបងប្អូនជឿទុកចិត្តចុះ គឺ(បុគ្គលបង្ក)នឹងត្រូវទទួលខុសត្រូវ មិនឲ្យរួចខ្លួន មិនថាជាមន្ដ្រីនគរបាល ឬមន្ដ្រីជាន់ខ្ពស់ណាទេ។
រឿងសង ដោះស្រាយផលប៉ះពាល់គោលនយោបាយជូនជនរងគ្រោះត្រូវតែធ្វើ ប៉ុន្ដែការទទួលខុសត្រូវចំពោះមុខច្បាប់ក៏ត្រូវតែអនុវត្ដអត់មានការយោគយល់ទេ។ សូមបញ្ជាក់ប៉ុណ្ណេះ។ សូមឲ្យបងប្អូនឈប់បារម្ភ និងសំដែងការមិនទុកចិត្តទៅលើអាជ្ញាធរនិងប្រព័ន្ធច្បាប់របស់យើង។ យើងបានដាក់គោលការណ៍ច្បាស់ហើយ ជាពិសេសរឿងបុកស្លាប់គឺនាយករដ្ឋមន្ដ្រីតាមផ្ទាល់ តុលាការ និងសមត្ថកិច្ច ក្រសួងស្ថាប័នដឹងច្បាស់ហើយ។ ត្រូវអនុវត្ដច្បាប់ ទាំងចំពោះអ្នកស្លាប់ ទាំងចំពោះអ្នកបង្ករបួសស្នាម ដើម្បីយុត្តិធម៌សង្គម … គ្មានអ្នកណាមានចេតនាបើកឲ្យគេបុកនោះទេ។ កន្លែងខ្លះ(អាច)មានគេថា តូចចិត្តនឹងជីវិតលោតចូលឡាន។ ហ្នឹងដោយចេតនា។ ប៉ុន្ដែតាមវីដេអូដែលថតបានមកនេះគឺអត់មានចេតនាទេ។ គឺបើកបរបុកពីក្រោយ។
(២៣) មានមតិដើម្បីរំងាប់ការព្រួយបាម្ភ និងបញ្ចប់ការបញ្ចេញមតិជាមន្ទិលលើបណ្តាញសង្គម
ខ្ញុំក៏មិនជឿថាអ្នកបង្កមានចេតនាទៅតាមសំលាប់អ្នកធុកធុកដែរ … ទាំងគ្រួសាររងគ្រោះ អ្នកដែលបង្ក ត្រូវរងគ្រោះដោយឧបទ្ទេវហេតុនេះ។ មួយបាត់ឪពុកដោយសារស្លាប់ មួយបាត់ឪពុកដោយប្រឈមក្នុងពន្ធនាគារទៅតាមច្បាប់។ ប៉ុន្ដែច្បាប់ជាច្បាប់។ យើងត្រូវអនុវត្ដដើម្បីយុត្ដិធម៌សង្គម។ ខ្ញុំសូមបញ្ជាក់ ព្រោះជួនកាលបើគ្មានការបញ្ជាក់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ រឿងហ្នឹងវានៅតែជាប្រធានបទជជែកមិនឈប់។ រឿងខ្លះអ្នកនាំពាក្យចេញក៏មិនស្ដាប់។ អញ្ចឹងបាន(អ្នកខ្លះ)ថាចាំបាច់នាយករដ្ឋមន្ដ្រីនិយាយធ្វើស្អី? រឿងច្បាប់ ខ្ញុំមិនលូកទេ សិទិ្ធរបស់តុលាការ។ រឿងច្បាប់របស់ប៉ូលិសអី អនុវត្តតាមច្បាប់ ខ្ញុំមិនលូកទេ។ អ្វីដែលខ្ញុំត្រូវមានមតិគឺរំងាប់ការព្រួយបាម្ភ និងបញ្ចប់ការបញ្ចេញមតិមន្ទិលរបស់បងប្អូនប្រជាពលរដ្ឋ។
ខ្ញុំសូមយកឱកាសនេះ (ដាស់តឿនអោយមាន)ការទទួលខុសត្រូវ។ យើងអប់រំមនុស្ស អប់រំកូនចៅឱ្យរៀនទទួលខុសត្រូវ មានគុណធម៌ សីលធម៌ និងគោរពច្បាប់។ ទោះបីមន្ត្រី ឬមួយអីចេញទៅក្នុងសង្គម យើងត្រូវអនុវត្ត។ ក្នុងករណីមួយនេះ ខ្ញុំសូមជូនសារបញ្ជាក់ទៅដល់ប្រជាពលរដ្ឋរបស់យើង ជាពិសេសបងប្អូនតាមបណ្តាញសង្គមដែលនៅ(មិនទាន់អស់ចិត្ត) … ឯកឧត្តម កើត រិទ្ធ និយាយថា មិនឱ្យរួចខ្លួនទេ … ខ្ញុំសូមឱ្យបងប្អូនជឿទុកចិត្តលើប្រព័ន្ធច្បាប់ ជឿទៅលើអាជ្ញាធរ ហើយករណីនេះ នឹងមានការយកចិត្តទុកដាក់ដើម្បីអនុវត្តត្រឹមត្រូវទៅលើគោលការណ៍ … ដូចដែលយើងធ្វើពីដើមអាណត្តិនេះ។
ប៉ុន្មានករណីនៅជាប់(ពន្ធធនាគារ)ទាំងអស់។ មិនថាអ្នកឯងជិះ Lamborghini បុកគេទេ។ ចាប់មិនទាន់ឱ្យចេញ។ គឺនៅក្នុងហ្នឹង។ មិនថាជនបរទេសឬជនជាតិខ្មែរនោះទេ បើប្រព្រឹត្តបែបនេះត្រូវ(ទទួលទោស)។ ការដោះស្រាយថវិកា ដោះស្រាយសំណងជូនជនរងគ្រោះត្រូវតែដោះ។ ប៉ុន្តែ មិនមែនបង់លុយហើយរួចខ្លួននោះទេ។ នេះករណីបើកបរស្រវឹងហើយបុកគេស្លាប់។ ហេតុផលណាក៏ដោយ មូលហេតុណាក៏ដោយ។ ប៉ុន្តែដោយសារអង្គហេតុវាអញ្ចឹង។ ព្រឹត្តិការណ៍វាកើត ការបាត់បង់គឺមាន។ ខ្ញុំសូមបញ្ជាក់និងសូមបញ្ចប់រឿងនេះប៉ុណ្ណេះ។
[ចប់សេចក្តីអធិប្បាយ២]
ត្រឡប់មកយើងវិញជាទីបញ្ចប់នៅក្នុងការអបអរសាទរ ជាមួយនឹងការប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ«អគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ» ចាប់ពីពេលនេះ, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី ភ្ញៀវកិត្តិយស, លោកគ្រូអ្នកគ្រូ,
ប្អូនៗសិស្សានុសិស្ស, បងប្អូនប្រជាពលរដ្ឋ, សូមសម្រេចបានជោគជ័យ ក្នុងគ្រប់ ការងារ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព និង សូមប្រកបដោយពុទ្ធពរ និងពរ ទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀឃ្លាត ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៣]
ថ្ងៃនេះសម្រាប់ ក្រុមយុវជនកាយឫទ្ធិកម្ពុជា យុវជនកាកបាទក្រហម សហភាពសម្ព័ន្ធយុវជនកម្ពុជា យុវជនស្រឡាញ់សន្តិភាព យុវជនក្មេងវត្ត យុវជនសមាគមន៍រាជសីហ៍ យុវជនកម្ពុជា សរុប ១៤០នាក់ ម្នាក់ៗ ថវិកា ២ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ២៩៩នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ក្មួយៗសិស្សានុសិស្សចំនួន ២.១៩៣នាក់ ម្នាក់ៗសៀវភៅ ២ក្បាល ប៉ិច ១ដើម ថវិកា ១ម៉ឺនរៀល។ ជូនវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ថវិកា ២លានរៀល។ អនុវិទ្យាល័យអន្លង់រាប ថវិកា ១លានរៀល។ សាលាបឋមសិក្សាប្រម៉ោយ ថវិកា ១លានរៀល។ សាលាស្រុកវាលវែង ថវិកា ២លានរៀល។ ក្រុមគ្រូពេទ្យប្រចាំការថវិកា ៥លានរៀល។ ជូនក្រុមតន្ត្រីសម័យថវិកា ១០លានរៀល។(…) ក៏មានក្រុមតន្ត្រីអង្គភាពប្រឆាំងភេរវកម្ម អ្នកចម្រៀង ៦នាក់។ អរគុណណាស់បានធ្វើដំណើរមកអបអរសាទរនៅទីនេះ។ មកតាមណា? មកតាមពោធិ៍សាត់ទៅវិញតាមកោះកុង ឬអី? អរគុណណាស់ហើយជូនពរ។
ឥឡូវអញ្ចេះនៅក្នុងនេះដូចនាយកសាលា លោកគ្រូ អ្នកគ្រូ វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ។ មើលសូមនាយកសាលានៅឯណា? ស្នើសុំកុំព្យូទ័រ ២០គ្រឿង ម៉ាស៊ីន Printers ២គ្រឿង និងម៉ាស៊ីនថតចម្លង។ លោកគ្រូ មានភ្លើងរបស់រដ្ឋឬនៅនេះ? ភ្លើងរដ្ឋ។ បើនៅទីនេះវារីអគ្គីសនី ៣ហើយ បើស្រុកអត់មានភ្លើងរដ្ឋ ខ្ញុំមិនដឹងថាម៉េចទេ? ទាល់តែលើកទំនប់វារីអគ្គិសនីទៅកន្លែងផ្សេង។ អញ្ចឹងត្រូវការអាហ្នឹង ហើយអត់ត្រូវការ Projector ទេ? ព្រោះឥឡូវការបង្រៀនគេដាក់បញ្ចាំង។ ត្រូវការទេ? ត្រូវការប៉ុន្មាន?
ឥឡូវកុំព្យូទ័រ ២០គ្រឿង ជូន Projector ៥គ្រឿង ម៉ាស៊ីន Printers ២គ្រឿង ម៉ាស៊ីនថតចម្លង ១គ្រឿង។ ឥឡូវទំនើប។ រៀនជីវៈវិជ្ជា ឬមួយរៀនអីហ្នឹង គាត់អាច Download វីដេអូ បង្ហាញលើ Screen តែម្តង។ បើកាលខ្ញុំរៀនអត់ទេ! លោកគ្រូគូរដៃ។ អត់ដូចទេ។ គូរក្រពះហ្នឹងដូចសត្វនាគអីអញ្ចឹងទៅ។ តែឥឡូវក្រពះគេអាចឃើញចំណីអាហារចូលមកកន្លែងណាអីកន្លែងណា? នៅទីនេះមានបណ្ណាល័យទេ? អត់ទាន់មាន។ សិស្សចូលចិត្តអានទេនៅទីនេះ? មើលក្មួយៗប៉ុន្មាននាក់ចូលចិត្តអានសៀវភៅ? ប៉ុន្មាននាក់ចូលចិត្តអានតាមទូរស័ព្ទ? អត់លើកដៃដឹងតែទាំងអ្នកហើយ។ អញ្ចឹងបណ្ណល័យយើងមានយកថ្នាក់មួយរៀប ឬអត់ទេ? ឥឡូវអញ្ចេះសិស្សច្រើនហើយជូនបណ្ណល័យ ១ខ្នង ហើយរៀបចំសៀវភៅដើម្បីក្មួយៗរៀន។
បង្កើតទម្លាប់អានឱ្យច្រើន។ ឃើញទាំងឪពុកម្តាយ ឃើញទាំងក្មួយៗសិស្សានុសិស្សអីរៀន ហើយតាមខេត្ត តាមអីរៀបចំកន្លែងអានតាមសួនសាធារណៈ។ ថ្ងៃមុនអ្នកណាទេ? ប្រាប់មកខ្ញុំ គាត់បើកបណ្ណាល័យមួយតូចទេ លក់(សៀវភៅ)។ គាត់ថាក្នុងប៉ុន្មានខែលក់បានរាប់ពាន់ក្បាល។ បានន័យថា ឪពុកម្តាយជូនកូនមករៀន ជូនកូនមកទិញសៀវភៅអាន។ បង្កើតទម្លាប់ឱ្យច្រើន អានតាមទូរស័ព្ទដៃ តែកុំភ្លេចអានសៀវភៅ។ បើអានតាមទូរស័ព្ទវាមានប្រភពច្រើន។ ពេលយើងចូលធ្វើការត្រូវអាន ត្រូវសរសេរ។ ទូរស័ព្ទនេះបង្កើនចំណេះបូកជាមួយនឹងលំហែកាយមួយចំនួន តែកុំលំហែកាយច្រើនពេក។ កុំមួយថ្ងៃមើលទូរស័ព្ទ ៣ម៉ោង ហើយសុទ្ធតែរឿងភាគទាំងអស់។
ចំណេះដឹងស្រាវជ្រាវបានច្រើនណាស់ក្មួយៗអើយ! ជួនកាលគ្រូបង្រៀនពីស្អីហ្នឹងវាយចូលក្នុងហ្នឹងឃើញភ្លាម។ ចង់ដឹងពីពោះវៀន ក្រពះ រំលាយអាហារ មើលក្នុង YouTube សូម្បីតែអ៊ំដូចគ្នាទេ។ ប្រធានបទខ្លះយើងអត់ចេះទេ។ កន្លែងខ្លះយើងចង់ដឹងរឿងសាសនា រឿងទស្សនវិជ្ជា រឿងបច្ចេកទេសអគ្គិសនី។ ជួនកាលទៅកន្លែងសម្ពោធមួយៗ គេដាក់របាយការណ៍មក គេសរសេរមកដូចស្រួល ឯកឧត្តម ប្រាំង ជលសា អានស្រួល គាត់យល់។ ដល់យើងអត់យល់ ទាល់តែវាយក្នុង YouTube ទៅបានគេពន្យល់តាមហ្នឹងមានរូបមានអី។ ជួនកាលបច្ចេកទេសអ៊ំក៏នៅមើលដែរ។ រៀនដូចគ្នា។ Internet គឺជាបណ្ណាល័យធំណាស់ឱ្យតែយើងចេះប្រើត្រូវ បូកជាមួយបណ្ណាល័យនៅទីនេះ។
ទី២ នៅអនុវិទ្យាល័យ អន្លង់រាប នាយកមកទេ? អនុវិទ្យាល័យសិស្សប៉ុន្មានឥឡូវ? ២២០នាក់ អត់ទាន់មានអគារ ខ្ចី(អគារ)របស់បឋម។ បឋមសិស្សប៉ុន្មាន? ជាង ៦០០នាក់ … អញ្ចឹងចង់ដោះស្រាយទាល់តែមានអគារថ្មីរបស់ខ្លួនឯង។ អញ្ចឹងសុំ ១ខ្នង ៥បន្ទប់។ អគារទីចាត់ការ ១ខ្នង។ អ្នកសរសេរ ៥បន្ទប់។ អញ្ចឹងបានថាអ្នកជំនួយការសរសេរខុសតែ ១ពាក្យ គាត់បាត់ ១បន្ទប់។ អញ្ចឹងជូន ១ខ្នង ៦បន្ទប់ និងអគារទីចាត់ការ១ តាមសំណើ។ សំណើដើមគេវាយត្រូវ ១ខ្នង ៦បន្ទប់ ដល់អ្នកចម្លងឱ្យខ្ញុំអាន ១ខ្នង ស្មើ ៥បន្ទប់ បាត់របស់គ្រូ ១បន្ទប់។ ត្រូវការកុំព្យូទ័រអីដែរអត់? ឥឡូវអញ្ចេះ ដោយសារវិទ្យាល័យគេច្រើនជាង។ អញ្ចឹងខ្ញុំឱ្យកុំព្យូទ័រ ១០គ្រឿង សម្រាប់ទាំងបឋម ទាំងអនុវិទ្យាល័យ។
យើងគ្រប់គ្រងតែមួយ ឬមួយពីរ? ខ្ញុំនិយាយរឿងកុំព្យូទ័រ កុំនិយាយរឿងអគារដី។ ឥឡូវនៅក្នុងរចនាសម្ព័ន្ធហ្នឹងមានជាមួយគ្នា គ្រូបឋមនិងគ្រូអនុវិទ្យាល័យ។ ឥឡូវអញ្ចេះឱ្យ Printer ៤គ្រឿង ២គ្រឿងទៅបឋម ២គ្រឿងទៅអនុវិទ្យាល័យ ហើយម៉ាស៊ីនកូពីឱ្យ ១គ្រឿងទៅអនុវិទ្យាល័យ ១គ្រឿង ទៅបឋម និង Projector ឱ្យទៅអនុវិទ្យាល័យ ៣គ្រឿង ឱ្យទៅបឋម ២គ្រឿង។ អញ្ចឹងកុំព្យូទ័រឱ្យទៅ ១០គ្រឿង អម្បាញ់មិញចែកគ្នាទៅ។ បឋមប្រើតិចជាង អាច ៣គ្រឿងទៅបឋម ហើយ ៧គ្រឿងទៅអនុវិទ្យាល័យ ហើយថែមអគារជូនតាមសំណើ។ យកបណ្ណាល័យ ឬអត់? ថែមបណ្ណាល័យជូនមួយទៀត។ បណ្តុះឱ្យក្មួយៗរៀនអានតាំងពីក្មេង ឥឡូវសម្បូរសៀវភៅហើយយើង។ សប្បាយចិត្តទេ? សុំតែអគារថែម អានោះឱ្យទៀត។
ឥឡូវនេះ សំណើរបស់ខេត្តភូមិ ឧបសម្ព័ន្ធ ២៤នេះ បើនៅយូរហើយខ្ញុំសូមឯកភាពជាគោលការណ៍ ហើយសូមឱ្យក្រសួងមហាផ្ទៃ បូកជាមួយក្រសួងពាក់ព័ន្ធ ទាំងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង បរិស្ថាន ជជែកគ្នា ពិនិត្យរៀបចំបង្កើតជាជំហានរៀបចំជូន តែខ្ញុំឱ្យជាគោលការណ៍ហើយ … ទៅតាមទំហំថវិកា។ ជួនកាលយើងមិនអាចរៀបភ្លាមបានទាំង២៤ អាចមួយជំហានៗ តែកុំយូរពេកពិនិត្យមើលទៅជាក់ស្តែង។ សូមឱ្យបងប្អូនរស់នៅកន្លែងនោះចូលរួមគ្នាការពារនិងអភិរក្សតំបន់នោះ ហើយអភិវឌ្ឍតំបន់នោះតែម្តង។
ចំពោះក្របខណ្ឌ ១២៨នាក់នោះ ទុកឱ្យក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យវិនិច្ឆ័យ ព្រោះឥឡូវគ្រូបង្រៀនខុសពីមន្ត្រីធម្មតា។ ត្រូវការគុណវុឌ្ឍិមួយចំនួន។ ប៉ុន្តែយើងក៏គិតអំពីអតីតភាពនៃអ្នកចូលស្ម័គ្រចិត្តកិច្ចសន្យានៅតំបន់លំបាកមួយចំនួន។ ក្រសួងអប់រំ កំពុងតែមើល។ ធម្មតាត្រូវរៀនគរុកោសល្យ ៤ឆ្នាំ។ ការដែលបញ្ចូលនេះយើងត្រូវគិតកន្លែងខ្លះរើសគ្រូកិច្ចសន្យា តាមការដែលបងប្អូនស្ម័គ្រចិត្ត ប៉ុន្តែយើងត្រូវធ្វើការវាយតម្លៃ ព្រោះគុណភាពអប់រំអាស្រ័យលើគុណភាពគ្រូ។ យើងត្រូវមើល ហើយត្រូវជួយឱ្យស្របទៅតាមគុណវុឌ្ឍិណាមួយ។ បើគាត់ធ្វើការច្រើនឆ្នាំ កន្លែងខ្លះគឺយើងអាចឱ្យគាត់ទៅផ្លូវកាត់ បានន័យថាបំប៉នរយៈពេលខ្លីជាង ៤ឆ្នាំ។
ក្រសួងអប់រំកំពុងពិនិត្យ … បើសុំទូទាំងខេត្ត ហ្នឹងទុកឱ្យក្រសួងអប់រំពិនិត្យមើល ហើយវាយតម្លៃរួមតែម្តង។ អម្បាញ់មិញសុំ ១២៨នាក់ ទូទាំងស្រុក។ អញ្ចឹងពិនិត្យមើល។ ទូទាំងខេត្ត ស្រុកជាប់ហ្នឹងក៏មានច្រើន។ ទូទាំងប្រទេសចូលម៉ឺននាក់។ អញ្ចឹងយើងរុញតាមហ្នឹង។ កន្លងទៅខ្ញុំឱ្យកន្លែងខ្លះ ៤ ឬ១០នាក់ហ្នឹង គឺកន្លែងដែលរៀងលំបាកឆ្ងាយគួរសម។ អញ្ចឹងកន្លែងនេះយើងនឹងពិនិត្យមើល។ ក្រសួងអប់រំមកទេ? សុំឱ្យពិនិត្យមើល ហើយផ្តល់អាទិភាពវាយតម្លៃនៅស្រុកនេះ។ អ្នកណាដែលគ្រប់លក្ខខណ្ឌហើយអាចបំប៉នអីមួយចំនួនឱ្យ។ ទោះមិនបាន ១២៨នាក់ ភ្លាមទាំងអស់ ក៏ពិនិត្យមើលលក្ខខណ្ឌណាមួយ សូមជួយមើលផងដែរ។ អញ្ចឹង ខ្ញុំអាចឆ្លើយបានប៉ុណ្ណឹង។
តែបើសុំម្តងច្រើនៗពិបាកឆ្លើយដែរ … លោកគ្រូអ្នកគ្រូ ត្រូវមានស្តង់ដារ ត្រូវបង្រៀន ព្រោះទទួលខុសត្រូវលើអាយុជីវិតរបស់មនុស្ស។ មិនមែនបញ្ហាអាយុជីវិតរឿងសុខភាព រឿងស្អីនោះទេ ប៉ុន្តែអាយុជីវិតក្នុងន័យអនាគតរបស់គេ។ តើគេរៀនគុណភាពប៉ុណ្ណា វានឹងចេញទៅជាគុណភាពមនុស្សដែលត្រូវប្រកួតប្រជែងក្នុងសង្គម។ បើសិនជាស្រុកវាលវែងមានគុណភាពមិនសូវខ្លាំង គ្រូមិនសូវពូកែ ចេញទៅក្រៅធ្វើការមិនសូវច្បាស់ អត់ឈ្នះគេ ពិបាក។ អញ្ចឹងយើងត្រូវទទួលខុសត្រូវ។ សូមទោសលោកគ្រូអ្នកគ្រូ នៅវាលវែង ១២៨នាក់ ដែលគិតថាខ្ញុំឱ្យសញ្ញាវិជ្ជមាន១០០% នោះ មិនទាន់ទេ។ តែឱ្យអាទិភាពពិនិត្យមើលកន្លែងនេះ ជាអាទិភាពក្នុងការពិនិត្យ។ តែយើងត្រូវទទួលខុសត្រូវជាមួយឪពុកម្តាយ មិនមែនថាលោកគ្រូ អ្នកគ្រូ អត់គុណវុឌ្ឍិទេ មិនអាចទៅនិយាយជំនួសក្រសួងអប់រំ ត្រូវធ្វើដូចគ្នា។
អរគុណអភិបាលខេត្តដែលគាត់ព្យាយាម។ ទោះជាយ៉ាងណានេះគឺជាគិតគូរនិងលើកទឹកចិត្ត។ ក៏អរគុណចំពោះឪពុកម្តាយដែលបានចូលរួមនៅក្នុងការជួយគាំទ្រ ជួយទៅដល់លោកគ្រូ អ្នកគ្រូ នៅក្នុងការបង្រៀនកូនចៅរបស់យើង។សំណូមពរដូចមានតែប៉ុណ្ណឹងទេ។ វិះអស់ ១បន្ទប់ តែឥឡូវថែម Projector សងវិញ។ សូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក អ៊ំពូមីង ធ្វើដំណើរត្រឡប់ដោយសុវត្ថិភាព និងរីកចម្រើនបន្តទៅទៀតទាំងអស់គ្នាទៅថ្ងៃមុខ។ សូមអរគុណ៕