- សម្តេចពិជ័យសេនា ទៀ បាញ់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្
- ឯកឧត្តម ឧត្តមសេនីយ៍ឯក Cao Qingfeng នាយរងសេនាធិការចម្រុះ គណៈកម្មាធិការយោធាមជ្ឈឹមនៃសាធារណរដ្ឋប្រជាមានិតចិន
- ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល
- ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត អនុព័ន្ធយោធា សេនានុព័ន្ធយោធា តំណាងអង្គទូត នៃបណ្តាប្រទេសនានា
- គណៈអធិបតី ភ្ញៀវកិត្តិយស នាយទាហានថ្នាក់ដឹកនាំយោធិនទាំងអស់នៃកងយោធពលខេមរភូមិន្ទ និងអង្គពិធីជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជាចិន-ផែរាម» ដែលជាសមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីមួយទៀត ក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព និងផលប្រយោជន៍ទៅវិញទៅមក ស្មើភាព និងស្មើសិទ្ធិ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។
[ផ្ដើមសេចក្ដីអធិប្បាយ១]
ពិធីសម្ពោធថ្ងៃនេះ ប្រារព្ធឡើងក្នុងពេលប្រហែលជាពីរសប្ដាហ៍ទៀត មុននឹងថ្នាក់ដឹកនាំជាន់ខ្ពស់ចិន ឯកឧត្តមប្រធានាធិបតី ស៊ី ជីងភីង នឹងមកទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ក្នុងគម្រោងទស្សនកិច្ចផ្លូវការ ៣ប្រទេស ម៉ាឡេស៊ី វៀតណាម និងកម្ពុជា ដែលបង្ហាញពីភាពរឹងមាំនៃមិត្តភាពរបស់កម្ពុជា-ចិន។ ក្នុងមួយរយៈនេះ មានការអត្ថាធិប្បាយផ្សេងៗ កាសែតផ្សេងៗ អំពីទំនាក់ទំនងកម្ពុជា-ចិន ថាទំនាក់ទំនងកម្ពុជាចិន ជាពិសេសរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជាជាមួយនឹងរដ្ឋាភិបាលចិនមានការធ្លាក់ចុះជាគំហុក។ ខ្ញុំសុំមិនបកស្រាយទេ។ អ្វីដែលសំខាន់គឺសកម្មភាពជាក់ស្ដែង។ ការសម្ពោធមជ្ឈមណ្ឌលហ្វឹកហ្វឺនរួមគ្នា(នេះ) ក៏ដូចជាទស្សនកិច្ចផ្លូវការរបស់ប្រមុខកំពូលរដ្ឋាភិបាលចិនបញ្ជាក់សព្វគ្រប់ហើយ។ បើអ្នកមិនយល់ទៀត ខ្ញុំមិនដឹងថាពន្យល់យ៉ាងម៉េចទេ។
[ចប់សេចក្ដីអធិប្បាយ១]
តាមរបាយការណ៍ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាប្រពៃណីរវាងកងទ័ពនិងកងទ័ព ក៏ដូចជា ប្រជាជន និងប្រជាជនយើងទាំងពីរកម្ពុជា-ចិន។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេស កងទ័ពរំដោះប្រជាជនចិន ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រ និងរួមចំណែកអភិវឌ្ឍវិស័យការពារជាតិកម្ពុជាជាបន្តបន្ទាប់ ក្នុងនោះរួមមាន ការឧបត្ថម្ភជាគ្រឿងបំពាក់សម្ភារៈបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់កងទ័ពកម្ពុជា។ ទន្ទឹមនេះ ខ្ញុំក៏សង្ឃឹមថា ឯកឧត្តម ឧត្តមសេនីយ៍ឯក Cao Qingfeng នាយរងសេនាធិការចម្រុះ គណៈកម្មាធិការយោធាមជ្ឈឹមនៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានវត្តមានក្នុងពិធីសម្ពោធសមិទ្ធផល នាពេលនេះ នឹងបានឃើញយ៉ាងច្បាស់អំពីសមិទ្ធផលនានា ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។
ការសម្រេចជាស្ថាពរនូវការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម និងការកសាងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នា កម្ពុជា ចិន-ផែរាម មិនត្រឹមតែបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរ (កម្ពុជា-ចិន) ប៉ុណ្ណោះទេ គឺថែមទាំងជាការលើកកម្ពស់សមត្ថភាពការពារជាតិរបស់កម្ពុជា ក៏ដូចជា ការគិតគូរដល់ផលប្រយោជន៍ជាតិ ធានាសន្តិសុខជាតិ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ស្របតាមបាវចនានៃគោលដៅជាយុទ្ធសាស្រ្តលើវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺ «សន្តិសុខ ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ»។
កងទ័ព មិនត្រឹមតែជាកម្លំាងស្នូល ក្នុងកិច្ចការពារបូរណភាពទឹកដីប៉ុណ្ណោះទេ គឺថែមទាំងជាកម្លាំងសំខាន់មួយ ដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិផងដែរ។ កន្លងមក កងទ័ពរបស់យើងបានបង្កើនសមត្ថភាពលើជំនាញវិស្វកម្ម ការបោះសម្អាតមីន ការជួយសង្គ្រោះក្នុងគ្រោះមហន្តរាយ ។ល។ ជាមួយនឹងលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់។
សមិទ្ធផលថ្ងៃនេះក៏នឹងចូលរួមចំណែកបង្កើនសមត្ថភាពកងទ័ពជើងទឹកកម្ពុជា មួយកម្រិតថែមទៀត ក្នុងការថែរក្សាសនិ្តសុខលំហរសមុទ្រ និងកិច្ចការពារធនធានធម្មជាតិរបស់កម្ពុជា ធ្វើកិច្ចសហប្រតិបត្តិការ លំហាត់សមយុទ្ធរួម ជាមួយបណ្តាប្រទេសជាមិត្ត និងចូលរួមពង្រឹងកិច្ចសហការទប់ស្កាត់រាល់បទល្មើស ដែលកើតមាននៅក្នុងដែនសមុទ្រ ព្រមទាំង រួមវិភាគទានដល់ការរក្សាសន្តិសុខដែនសមុទ្រនៅក្នុងតំបន់ រួមមាន៖ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ចោរសមុទ្រ ការរត់ពន្ធគ្រឿងញៀនខុសច្បាប់ ការរត់ពន្ធអាវុធ ការជួញដូរមនុស្សខុសច្បាប់ និងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនជាដើម។
កិច្ចសហប្រតិបត្តិការ និងការគាំទ្រពីបណ្តាប្រទេសជាមិត្តទាំងអស់ ពិតជាបានជួយឱ្យកម្ពុជាមានប្រព័ន្ធហ្វឹកហ្វឺនកាន់តែប្រសើរឡើងជាលំដាប់។ ដោយសង្គ្រាមបច្ចេកវិទ្យាបាន និងកំពុងវិវត្តប្រកបដោយភាពពិបាកប៉ាន់ស្មាន ការបណ្តុះបណ្តាលយោធិនអាជីព និងការហ្វឹកហ្វឺនជំនាញឯកទេស ចាំបាច់ត្រូវតែពង្រឹង ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងការវិវត្តនៃការរីកចម្រើននៃបច្ចេកវិទ្យា និងវិទ្យាសាស្រ្តទំនើប។ ដូច្នេះ កិច្ចការចំាបាច់ដែលត្រូវធ្វើ បន្ទាប់ពីយើងសម្រេចបាននូវសមិទ្ធផលនៅផែរាមនាពេលនេះ គឺការបន្តហ្វឹកហ្វឺនបង្កើនសមត្ថភាពជំនាញ ក៏ដូចជា អាជីពរបស់កងទ័ពឱ្យកាន់តែប្រសើរឡើងថែមទៀត។
យើងត្រូវពង្រឹង ពង្រីកសមត្ថភាពធនធានមនុស្ស និងសម្ភារៈបច្ចេកទេស ដើម្បីឆ្លើយតបចំពោះគ្រោះមហន្តរាយផ្សេងៗ។ ក្នុងនោះ កងទ័ពជើងទឹក ត្រូវបង្កើនសមត្ថភាពដែនសមុទ្ររបស់ខ្លួន ហ្វឹកហ្វឺនបង្កើនសមត្ថភាពបំពេញបេសកកម្មការពារដែនសមុទ្រ និងប្រតិបត្តិការល្បាត រុករក និងសង្គ្រោះ។ បង្កើនសមត្ថភាពក្នុងការធ្វើប្រតិបត្តិការជាមួយកម្លាំងប្រដាប់អាវុធនៅក្នុងតំបន់ ហើយសមត្ថភាពជាមូលដ្ឋានដែលកងទ័ពជើងទឹកអាចបំពេញភារកិច្ចរបស់ខ្លួនបាន គឺការល្បាតជាប្រចាំនៅក្នុងដែនទឹក និងតាមបណ្តាកោះ។
កងទ័ពជើងទឹកកម្ពុជា ក៏ត្រូវការបច្ចេកទេស និងជំនាញមួយចំនួនសម្រាប់ធើ្វប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការជ្រៀតចូលនៃអំពើភេរវកម្ម ហើយបច្ចេកទេស និងជំនាញទាំងនេះ កំពុងត្រូវបានអភិវឌ្ឍជាបណ្តើរៗ ដោយមានការឧបត្ថម្ភគាំទ្រពីសំណាក់ដៃគូសន្តិសុខអន្តរជាតិ ជាពិសេស ការជួយឧបត្ថម្ភពីសំណាក់មិត្តចិន ដែលមានសក្ខីភាពនៅទីនេះស្រាប់។
[ផ្ដើមសេចក្ដីអធិប្បាយ២]
(១) គ្មានអ្នកណាការពារអធិបតេយ្យភាពកម្ពុជា ជាងកម្ពុជាខ្លួនឯងនោះទេ
អនុញ្ញាតឱ្យខ្ញុំបន្ថែមបន្តិច ទាក់ទងទៅនឹងការធ្វើទំនើបកម្មនៅទីនេះ។ ប្រហែលជាយើងទាំងអស់គ្នាបានដឹងរាប់សិបឆ្នាំមកហើយ មិនមែនទើបតែថ្ងៃនេះទេ ដែលតែងតែមានការសង្ស័យ និងលើកឡើងជាប្រចាំអំពីការអភិវឌ្ឍនៅទីនេះ ធ្វើឱ្យបាត់អធិបតេយ្យភាពរបស់កម្ពុជា។ ខ្ញុំបានជួបជាមួយភាគីបណ្ដាប្រទេសមិត្តមួយចំនួន ជាច្រើនឆ្នាំមកនេះ តាំងពីមូលដ្ឋានរាមមិនទាន់បានធ្វើទំនើបកម្មចប់ គឺតែងតែមានបញ្ជាក់ពីកង្វល់ ក៏ដូចជាការលើកយោបល់ផ្សេងៗ អំពីអធិបតេយ្យភាពរបស់កម្ពុជា។ ខ្ញុំប្រាប់គាត់តែមួយម៉ាត់ទេថា “គ្មានអ្នកណាការពារអធិបតេយ្យភាពកម្ពុជា ជាងកម្ពុជាខ្លួនឯងនោះទេ”។ ការធ្វើទំនើបកម្មកងទ័ព ការបង្កើនសមត្ថភាព ការពារទឹកដី ប្រឆាំងគ្រប់រូបភាពនៃសង្គ្រាម មិនថាសង្គ្រាមរវាងកងទ័ព និងកងទ័ព ឬសង្គ្រាមប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន វាទាមទារឱ្យកងទ័ពកម្ពុជាកាន់តែមានមូលដ្ឋានច្បាស់លាស់។ កងទ័ពជើងទឹកដឹងហើយ។ បើចេញទៅ(លំហរសមុទ្រ) នាវារបស់យើងតូចមួយ តើទៅប្រយុទ្ធអី។ ទៅតាមអីគេទាន់។
(២) ដើម្បីការពារដែនសមុទ្រ ត្រូវបង្កើនសមត្ថភាពទប់ស្កាត់ការជ្រៀតចូលនៃពួកឧក្រិដ្ឋជនពីដែនសមុទ្រអន្តរជាតិ
(កងទ័ព)ជើងទឹកដឹងហើយ ពីមូលដ្ឋាននៃការហ្វឹកហ្វឺនកម្លាំងរបស់យើងបច្ចុប្បន្ន។ ប្រទេសជិតខាងគេធ្វើទំនើបកម្មកងទ័ពជើងទឹករបស់គេ មានបច្ចេកវិទ្យាខ្ពស់ណាស់។ កន្លងទៅ យើងបានខិតខំពង្រឹងជាប្រចាំ កងទ័ពជើងទឹកតាំងពីសម័យសង្គ្រាម ដែលបានធ្វើប្រតិបត្តិការទាំងទឹកសាបទាំងទឹកប្រៃ បង្កើនសមត្ថភាពការពារនិងប្រមូលព័ត៌មាននៅក្នុងដែនសមុទ្រ។ កាលពីពេលដែលយើងមានការប៉ះទង្គិចប៉ុន្មានឆ្នាំមុននេះ គ្រាន់តែការហោះចូលស៊ើបការក៏យើងមិនដឹងផង។ តើយើងធ្វើផែនការការពារយ៉ាងម៉េច។ ដើម្បីការពារដែនសមុទ្ររបស់យើង (យើងត្រូវ)បង្កើនសមត្ថភាពទប់ស្កាត់ការជ្រៀតចូលនៃពួកឧក្រិដ្ឋកម្មឆ្លងដែន (ពួកជួញដូរ)គ្រឿងញៀន ជួញដូរអាវុធ ប្រើប្រាស់ឧបករណ៍ទំនើបពីដែនសមុទ្រអន្តរជាតិ …។
(៣) ចាប់ផ្ដើមពីថ្ងៃនេះទៅ ស្វាគមន៍ភាគីមិត្តមកហ្វឹកហ្វឺនរួមគ្នានៅមូលដ្ឋានរាមដោយមិនមានអ្វីលាក់លៀម
ខ្ញុំសូមប្រាប់ថា យើងបិទមូលដ្ឋានរាមដើម្បីធ្វើទំនើបកម្ម(មូលដ្ឋាននាវាចរ)រាមនេះ តាំងពីឆ្នាំ២០២២ មក។ គេសួរថាបិទធ្វើអី? ចង់លាក់បន្ទាយរាមធ្វើអី? តើធ្វើនេះដើម្បីអី ម៉េចក៏ចូលមិនបាន? ខ្ញុំថាគេកំពុងតែលើកដាក់។ គេកំពុងតែសាងសង់ ចូលទៅក្រែងដែកមួយដុំធ្លាក់លើ វាជាបញ្ហា។ មិនថាភាគីណាទេ ពេលនោះយើងសុំឱ្យមានការយោគយល់។ ខ្ញុំប្រាប់ថា តែ(ពេល)បើកហើយ យើងនឹងស្វាគមន៍ទាំងអស់។ ចាប់ផ្ដើមពីថ្ងៃនេះទៅ កម្ពុជាស្វាគមន៍ភាគីមិត្តទាំងអស់ដែលមកហ្វឹកហ្វឺនរួមគ្នានៅមូលដ្ឋានរាមនេះ។ យើងគ្មានអីលាក់លៀមទេ។ គេថា កម្ពុជាធ្វើមូលដ្ឋាននេះ ដើម្បីឱ្យទៅកងទ័ពចិនឈរជើង ជាការបាត់បង់នៃអធិបតេយ្យភាព។ ខ្ញុំសូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាមាត្រាទី៥៣ បានចែងច្បាស់ថា៖
«… ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។ ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និងធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស។» នេះគឺរដ្ឋធម្មនុញ្ញមាត្រាទី៥៣ថ្មី។
(៤) គ្មានគោលបំណងបំពានរដ្ឋធម្មនុញ្ញ ឱ្យប្រទេសណាមួយមានមូលដ្ឋានយោធាផ្តាច់មុខនៅកម្ពុជាទេ
បើកម្ពុជាមានបំណងចង់ឱ្យប្រទេសណា ភាគីណាមកឈរជើងមូលដ្ឋាននៅទីនេះ យើងចាំបាច់រំលោភរដ្ឋធម្មនុញ្ញធ្វើអី។ យើងអាចធ្វើវិសោធនកម្មបាន។ គណបក្សប្រជាជនកម្ពុជាគ្រប់គ្រង កាលពីអាណត្តិមុនមាន១២៥ លើ១២៥ កៅអី។ (បើចង់ធ្វើ)វិសោធនកម្ម យើងត្រូវការ២/៣។ បើយើងចង់បើកច្រកឱ្យប្រទេសណាមួយមកដាក់មូលដ្ឋាននៅកន្លែងណាមួយលើទឹកដីកម្ពុជា យើងធ្វើវិសោធនកម្មទៅ។ វាចប់ហើយ។ កុំឱ្យបានបញ្ហា។ យើងដកមាត្រាហ្នឹងចោល កែពាក្យក្នុងហ្នឹងទៅបើកច្រក។ តែនេះយើងមិនធ្វើ។ មូលហេតុអី? ព្រោះយើងគ្មានគោលបំណងរំលោភបំពានលើរដ្ឋធម្មនុញ្ញ ក៏គ្មានគោលបំណងឱ្យប្រទេសណាយកកងទ័ពមកដាក់ផ្ដាច់មុខជាមូលដ្ឋានយោធានៅលើប្រទេសកម្ពុជានោះទេ។
(៥) តើមានអ្វីខុស ដែលកម្ពុជាកសាងមូលដ្ឋានហ្វឹកហ្វឺននិងធ្វើទំនើបកម្មជាមួយចិនជាដៃគូ
នៅក្នុងអាស៊ាន តើមានប្រទេសប៉ុន្មានដែលឱ្យបរទេសមានមូលដ្ឋានកងទ័ព? ប្រទេសមិនតិចទេក្នុងអាស៊ាន១០ប្រទេសនេះ។ គេបើកជាចំហតែម្ដង។ តើខុសអី ដែលគ្រាន់តែកម្ពុជាទំនើបកម្មសមត្ថភាពកងទ័ពរបស់ខ្លួន កសាងមូលដ្ឋានហ្វឹកហ្វឺនដៃគូការអភិវឌ្ឍនេះជាមួយចិន។ តើកម្ពុជាប្រទេសដែលរងសម្ពាធដោយសារសង្គ្រាម សមត្ថភាពកងទ័ព ជាពិសេសកងទ័ពជើងទឹកយើងដើរក្រោយគេ ចង់ពន្លឿនការកសាង/បង្កើនសមត្ថភាពឱ្យកងទ័ពយើង មានសម្ភារៈប្រើប្រាស់ មានឧបករណ៍ប្រមូលព័ត៌មាន មានកងទ័ពដែលអាចហ្វឹកហ្វឺនសម្ភារៈទំនើប។ តើខុសអី? បើបងប្អូនជាអ្នកស្នេហាជាតិពិតប្រាកដ គួរតែអបអរសាទរនូវសមិទ្ធផលដែលយើងធ្វើទំនើបកម្មកងទ័ពជើងទឹក ទើបគឺជាការស្នេហាជាតិពិតប្រាកដ។
(៦) រដ្ឋាភិបាលគណបក្សប្រជាជន ទាំងពីអតីតកាល ថ្ងៃនេះ និងទៅថ្ងៃមុខ គ្មានបំណងឱ្យបរទេសដាក់មូលដ្ឋានកងទ័ពដោយរំលោភរដ្ឋធម្មនុញ្ញឡើយ
អាចនឹងមានការបកស្រាយវាយប្រហារផ្សេងៗ តែខ្ញុំសូមយកឱកាសនេះបញ្ជាក់ឱ្យច្បាស់ថា “រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន ទាំងពីអតីតកាល ទាំំងក្នុងថ្ងៃនេះ និង/ឬទៅថ្ងៃមុខ គ្មានគោលបំណងនឹងរំលោភរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយការឱ្យប្រទេសណាមកដាក់មូលដ្ឋានកងទ័ពផ្ដាច់មុខនៅលើទឹកដីកម្ពុជានោះទេ”។ នេះគឺជាការពិត។ វាងាយស្រួលណាស់ បើយើងមានចេតនា។ យើងគ្រាន់តែធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ អត់ពិបាកទេ។ ចាំបាច់អីយើងទៅប្រឈមជាមួយប្រជាពលរដ្ឋថាយើងរំលោភរដ្ឋធម្មនុញ្ញខ្លួនឯងធ្វើអី។ រឿងអ្នកនេះអ្នកនោះនិយាយជារឿងមួយ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាយើងទទួលខុសត្រូវជាមួយប្រជាជនកម្ពុជា …។
កាសែតបរទេសមានទាំងចិននិងប្រទេសផ្សេងៗ បានធ្វើអត្ថាធិប្បាយគ្រប់ជ្រុងទាំងអស់។ និយាយរួម កម្ពុជានៅកណ្ដាល។ ចោទប្រកាន់កម្ពុជា ជាមួយប្រទេសនេះ/នោះ … អ្នកឯងថាអីថាទៅ។ សំខាន់យើងច្បាស់លាស់ជាមួយប្រជាជន។ យើងការពារដាច់ខាតរដ្ឋធម្មនុញ្ញ មិនរំលោភ ហើយក៏គ្មានចេតនា មិនចង់កែលម្អ ឬមួយធ្វើវិសោធនកម្មកែសម្រួល កែប្រែ ឬលុបចោលរដ្ឋធម្មនុញ្ញដែលហាមមិនឱ្យមានមូលដ្ឋានបរទេសនៅលើទឹកដីនោះទេ។ ប្រទេសជិតខាងក្នុងអាស៊ាន … គេដាក់ជាចំហ ហើយមិនមែនទើបឥឡូវទេ ប្រទេសខ្លះរាប់សិបទសវត្សរ៍មកហើយ។
(៧) នឹងមាន frigate ព្យាករនិង/ឬល្បាតរយ
ៈចម្ងាយឆ្ងាយ ផ្ដល់ព័ត៌មានគ្រប់គ្រងទូទាំងប្រទេស
ខ្ញុំគិតថា កងទ័ពរបស់យើង កងកម្លាំងប្រដាប់អាវុធរបស់យើង ជាពិសេសកងទ័ពជើងទឹកផ្ទាល់ ប្រាកដជាមានមោទនភាព ដែលយើងមានសមត្ថភាពពង្រឹងមូលដ្ឋាន(កងទ័ពជើងទឹក)ដែលមិនទាន់ទំនើបទៅជាទំនើប។ ពេលដែលមានការប្រយុទ្ធគ្នា យើងមានការហ្វឹកហ្វឺនកម្លាំងទ័ព។ ទៅមុខទៀត យើងមាននាវា frigate ២គ្រឿង។ ក្នុងការហ្វឹកហ្វឺននេះ (យើងប្រើ frigate)ជារបស់ភាគីមិត្ត តែយើងនឹងមាន frigate របស់យើងដើម្បីអាចព្យាករនិង/ឬល្បាតរយ
ៈចម្ងាយឆ្ងាយ អាចការពាររាប់គីឡូដី ផ្ដល់ព័ត៌មានឱ្យអាចគ្រប់គ្រងទូទាំងប្រទេស។ ខ្ញុំជឿថា កងទ័ពជើងទឹក នាយនាវី នាយនាវីរង ពលនាវីទាំងអស់ ប្រាកដជាមានមោទនភាពក្នុងការបង្កើនទំនើបកម្ម និងសមត្ថភាពរបស់កងទ័ពជើងទឹក។ ខ្ញុំក៏មានមោទនភាពដែរ។
(៨) បើជាខ្មែរស្នេហាជាតិពិត រួមគ្នាបង្កើនសមត្ថភាពការពារអធិបតេយ្យភាពទឹកដីរយៈពេលវែង
ទោះបីខ្ញុំពីមុនជាមេទ័ពជើងគោកក៏ដោយ ប៉ុន្តែក៏សប្បាយ ដែលថ្ងៃនេះយើង(បានធ្វើអោយមានការរីកចំរើន)ក្នុងនាមជាខ្មែរ។ បើជាខ្មែរពិតប្រាកដ ស្នេហាជាតិពិតប្រាកដ យើងគួរតែរួមគ្នាអបអរការបង្កើនសមត្ថភាពការពារអធិបតេយ្យទឹកដី និងការពារជាតិរយៈពេលវែង។ ថ្ងៃនេះ យើងសប្បាយប៉ុណ្ណេះ។ យើងមិនឈប់ទេ យើងនឹងនៅបន្តធ្វើទំនើបកម្មទាំងមនុស្ស ទាំងបច្ចេកវិទ្យា ទាំងសម្ភារៈរបស់កងទ័ពជើងទឹកបន្តទៅទៀត។ នេះជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។ យើងមិនអាចការពារតែលើគោកទេ។ ទោះបីដែនសមុទ្ររបស់យើងតូចក្តី កងទ័ពរបស់យើងក៏ត្រូវតែចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងតំបន់ ។ ឥឡូវ ហៅទៅល្បាតជាមួយគ្នា នាវាតូចៗ ទៅល្បាតមិនទាន់។ តែបើយើងមាន frigate ២ កងទ័ពខ្មែរចេញទៅចូលរួមសមយុទ្ធ ចូលរួមធ្វើប្រតិបត្តិការថែរក្សាសន្តិសុខស្មើមុខស្មើមាត់គ្នា … មែនទេកងទ័ពជើងទឹក? ជាកងទ័ពមួយ អ្នកណាក៏ស្រលាញ់យុទ្ធោបករណ៍ដែរ គ្រាន់តែថាអត់លុយទិញតែប៉ុណ្ណឹង។
(៩) ប្រទេសក្រ ចំណាយច្រើនលើសង្គមកិច្ច អភិវឌ្ឍធនធានមនុស្ស ប៉ុន្តែមិនចោលវិស័យការពារជាតិ
ប្រទេសយើងក្រីក្រ ប្រទេសដែលសេដ្ឋកិច្ចមានកំណត់។ យើងពង្រឹងខ្លួនតាមកម្រិតណាមួយ។ ការចំណាយភាគច្រើនលើសង្គមកិច្ច លើការអភិវឌ្ឍធនធានមនុស្ស ប៉ុន្តែវិស័យការពារជាតិក៏យើងមិនចោលដែរ។ អញ្ចឹងបានជាយើងសហការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីបង្កើនសមត្ថភាពកងទ័ព កងកម្លាំងប្រដាប់អាវុធយើង មិនថាជើងទឹក ជើងគោក ជើងអាកាស មិនថាកងនគរបាល កងរាជអាវុធហត្ថ ឱ្យតែមានភារកិច្ចបម្រើជាតិ ការពារជាតិ ការពារប្រជាជន រាជរដ្ឋាភិបាលត្រូវតែខិតខំបង្កើនសមត្ថភាព បង្កើនលទ្ធភាព។ បងប្អូនហត់នឿយណាស់។ បងប្អូនលះបង់។ ម្សិលមិញ ប្រជុំគណៈរដ្ឋមន្ត្រីខ្ញុំថា កងកម្លាំងប្រដាប់អាវុធជាមួយនឹងពេទ្យដូចគ្នា។ ពេលដែលគេធ្វើការយើងធ្វើការ ពេលដែលគេសម្រាកចូលឆ្នាំ យើងធ្វើការលើសដើម ដើម្បីថែរក្សានិងការពារ។ តិចថាចូលឆ្នាំ អាវុធហត្ថនិងនគរបាលជាតិ នគរបាលខេត្តព្រះសីហនុបានសម្រាក … គេឡើងរាំប៉ាតម្សៅ យើងកាន់តែធ្វើការ។ តែបើគេប៉ាតអីបន្តិចបន្តួច ក៏ឃើញថាក៏សប្បាយ។ ឆ្នាំទៅឃើញនារីៗចាប់ប៉ាត PM ចាប់ប៉ាតប៉ូលីស។ ពេទ្យក៏ដូចគ្នា។ យើងបំពេញភារកិច្ចមិនបានឈប់(សម្រាកទេ)។ អញ្ចឹង ការយកចិត្តទុកដាក់ទៅលើការ(ទំនើបកម្មកងទ័ព) មិនមែនជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញ មិនមែនជាការធ្វើឱ្យបាត់អធិបតេយ្យភាពទេ។
(១០) រាមជាមូលដ្ឋានកងទ័ពជើងទឹកស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជា
ទី២ គេថា រាមជាមូលដ្ឋាន(ទ័ពជើងទឹក)ដែល បើមិនទាំងមូលក៏ផ្នែកណាមួយ (ត្រូវបាន)ឱ្យទៅឱ្យកងទ័ពរំដោះប្រជាជនចិន ដែលខ្មែរមិនអាចចូលបាន ដូចនៅប្រទេសខ្លះសូម្បីតែម្ចាស់ផ្ទះ(ក៏ចូលមិនបាន)។ ថ្ងៃនេះ ទាំងអស់គ្នាបានឃើញហើយថាមិនមានរបងទេ។ គ្មានផ្នែកណាមួយនៅក្នុងមូលដ្ឋានរាមដែលកងទ័ពជើងទឹករបស់យើង នាយទាហានរបស់យើងមិនអាចចូលបាននោះទេ … មុនដំបូងគេថាមូលដ្ឋានរាមទាំងមូល។ ម្តងគេថាមួយផ្នែក។ នៅកន្លែងខ្លះ មានគេមកខ្សឹបប្រាប់ថា(មូលដ្ឋានរាម)នេះ បិទរបងមិនឱ្យចូល។ មិនដូចនោះទេ។ សូម្បីតែរបងក៏គ្មានផង។ រាមជាមូលដ្ឋានដែលស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជា។ យើងមានការហ្វឹកហ្វឺនជាមួយភាគីមិត្ត នៅម្ខាងនោះ គឺជាមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាស្ត្រ។ អញ្ចឹង កងទ័ពមិត្តណាដែលចូលមកធ្វើការហ្វឹកហ្វឺន នឹងនៅភាគខាងនោះ ហើយគ្រប់គ្រងវាហើយ។ វាជារឿងធម្មតាទេ។
(១១) អនុញ្ញាតឱ្យកងទ័ពជើងទឹកភាគីមិត្តចូលរួមហ្វឹកហ្វឺន ពង្រឹងមិត្តភាព សាមគ្គីភាពជាមួយគ្រប់ប្រទេស
ពេលដែលចប់វគ្គហ្វឹកហ្វឺន គេចេញទៅវិញ វាជារបស់យើង។ នេះគឺជាការកសាងមូលដ្ឋាន។ មានការលើកឡើងមួយទៀតថា មូលដ្ឋាននេះធ្វើចប់ នឹងប្រគល់ឱ្យកងទ័ពរំដោះប្រជាជនចិនផ្តាច់មុខ។ មិនអញ្ចឹងទេ។ នៅខាងមុខនេះ ដូចខ្ញុំប្រកាសអម្បាញ់មិញ ចាប់ពីថ្ងៃនេះទៅ យើងបើកជាផ្លូវការហើយ។ រាល់ការហ្វឹកហ្វឺនជាមួយភាគីមិត្តណាទាំងអស់ កងទ័ពជើងទឹកនឹងត្រូវចូលមក អនុញ្ញាតឱ្យចូល។ យើងមានទាំងផែឱ្យនៅ មានទាំងកន្លែងឱ្យស្នាក់នៅទៀត។ យើងអត់មានលាក់ទេ។ វាជាការពង្រឹងមិត្តភាព អធិបតេយ្យភាព សាមគ្គីភាពរបស់កម្ពុជាជាមួយគ្រប់ប្រទេសទាំងអស់ រួមទាំងការការពារជាតិរបស់យើង ផ្អែកទៅលើការសាមគ្គី គោរពគ្នា គោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។ នេះគឺជាអ្វីដែលកម្ពុជាប្រកាន់ជំហរជាមួយគ្រប់ប្រទេសទាំងអស់។
(១២) ផែមានជំរៅ ១០ម៉ែត្រ ទទួលអោយនាវា ២ម៉ឺនតោនចូលចតបាន មានទាំងកន្លែងឱ្យស្នាក់នៅ
ថ្ងៃនេះ មាន(វត្តមានបណ្ដា)ទូត។ (សូមបញ្ជាក់ថា)រាល់កងទ័ពភាគីមិត្តដែលចូលមក សូមជូនដំណឹងមុន ប្រាប់មកក្រសួងមុន។ កុំឲ្យចូលចតអត់ដឹង។ បើថាជាករណីបន្ទាន់ ឧទាហរណ៍ ឆេះត្រូវចូលចតហ្នឹងវាជាធម្មតា … សូម្បីភាគីចិនក៏ត្រូវតែជូនដំណឹងមកយើងដែរ។ ថ្ងៃណាទ័ពណាកប៉ាល់ណាចូលមក ត្រូវបើកសុវត្ថិភាពយ៉ាងម៉េច។ កប៉ាល់ណាក៏ចូលមកបាន លើកលែងតែកប៉ាល់ដែលលើសចំណុះ។ យើង(មានជំរៅ) ១០ម៉ែត្រ (អាចអោយនាវាចូលចត)បាន ២ម៉ឺនតោន តាមខ្ញុំបានដឹង។ អញ្ចឹងកប៉ាល់/នាវាប្រទេសណាក៏ដោយក្រោម ២ម៉ឺនតោន ដែលអាចចូលបាន ក៏ចូលមក។ មានទាំងកន្លែងស្នាក់នៅទៀត។ អត់ឲ្យលំបាក។ បើកម្ពុជាមានឆន្ទៈ ឬមានបំណងថាឲ្យតែកងទ័ពចិនប្រើនៅទីនេះ យើងចាំបាច់រៀបចំកន្លែងហ្នឹងធ្វើអី? យើងប្រាប់ថាអត់មានកន្លែងទេ កុំចូល ទៅសម្រាកនៅកំពង់សោមទៅ នៅអូតែលទៅ។ យើងសង់អគារនេះ(សម្រាប់ឲ្យស្នាក់នៅ)។
(១៣) បើកទ្វារអោយមានការហ្វឹកហ្វឺនរួមជាមួយគ្រប់ប្រទេស ក្រោមការគ្រប់គ្រងរបស់កងទ័ពជើងទឹកកម្ពុជា
ឯកឧត្តម ខ្វាន់ ស៊ាម ធ្វើគម្រោងប្រាប់ថា សូមសម្ដេច(យោគយល់)អស់លទ្ធភាពហើយ ដើម្បីធ្វើចប់បាន គឺត្រូវការពេលរហូតដល់ចុងខែ៤។ ខ្ញុំថាឲ្យត្រឹមខែ៣។ ហើយមែន។ អរគុណណាស់ ឯកឧត្តម ខ្វាន់ ស៊ាម។ ថ្ងៃនេះអត់បានមក។ វិស្វកម្មអគ្គបញ្ជាការកងទ័ពធ្វើទាំងយប់ទាំងថ្ងៃ … សារដែលខ្ញុំចង់បញ្ជាក់នោះ គឺចាប់ពីថ្ងៃសម្ពោធនេះទៅ មូលដ្ឋានរាមបើកទ្វារទទួល open for business សម្រាប់មិត្តទាំងអស់គ្នា អត់មានថាដោយសារអត់កន្លែងស្នាក់នៅ មិនឲ្យកងទ័ពផ្សេងចូលទេ។ គឺចូលហ្វឹកហ្វឺនរួមគ្នា។ ទាំងអស់នេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់មូលដ្ឋានជើងទឹករាម របស់កងទ័ពកម្ពុជា មូលដ្ឋាននៃការហ្វឹកហ្វឺនរួមគ្នា។ ពេលដែលមានការហ្វឹកហ្វឺន យើងមានបទបញ្ជាផ្ទៃក្នុងឯកភាពគ្នាហើយ ប៉ុន្តែស្ថិតក្រោមអធិបតេយ្យភាពរបស់កងទ័ពកម្ពុជា។ ពិតជានឹងមានការបកស្រាយហើយ ព្រោះអ្នកដែលវាយយើងមក ៣ឆ្នាំនេះ គេមិនឈប់ទេ។ គេនឹងរកជ្រុងណាមួយវាយប្រហារបន្តទៀត … អ្នកបក ខ្ញុំមិនខ្លាចទេ។ ខ្ញុំខ្លាចតែអ្នកពន្លាត់។ វាពិបាកតែអ្នកពន្លាត់។ អញ្ចឹងសូមជូនសារទៅអ្នកពន្លាត់ ថានេះគឺជាការបញ្ចេញឆន្ទៈ។ ថ្ងៃនេះមកធ្វើកម្មវិធីសម្ពោធជាផ្លូវការ។ បើយើងចង់លាក់ យើងមិនបាច់សម្ពោធទេ។ យើងធ្វើរបងបិទជិត។ ដាក់សំណាញ់ការពារ។ ដាក់របងលួសកុំឲ្យចូល។ បើយើងចង់ឲ្យដាច់មុខ យើងមិនចាំបាច់ធ្វើកន្លែងសម្រាប់ស្វាគមន៍ភាគីមិត្តមកពីបណ្តាប្រទេសនៅកន្លែងនេះទេ។
(១៤) ក្នុងសុន្ទរកថាទី១ នៅអង្គការសហប្រជាជាតិបញ្ជាក់ថា “កម្ពុជាគោរពរដ្ឋធម្មនុញ្ញ មិនឲ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីកម្ពុជាទេ”
អ្វីដែលយើងឃើញជាក់ស្តែង ហើយ live នៅថ្ងៃនេះ គឺគឺពិធីសម្ពោធដែលចង់ឲ្យទាំងប្រជាពលរដ្ឋកម្ពុជា ទាំងប្រជាពលរដ្ឋ ទាំងកងទ័ពនៅលើពិភពលោកទាំងអស់ កុំបើមានមន្ទិលសង្ស័យអ្វីទៀត។ យើងបានធ្វើហើយមិនមានអ្វីលាក់លៀម … យើងមិនហាមឃាត់ទេ។ យើងធ្វើទៅតាមការសន្យា។ សូមឲ្យបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលថា មិនបានធ្វើសកម្មភាពរំលោភទៅលើរដ្ឋធម្មនុញ្ញខ្លួនឯងនោះទេ។ នៅក្នុងសុន្ទរកថារបស់ខ្ញុំលើកទី១ នៅក្នុងអង្គការសហប្រជាជាតិ ខ្ញុំបាននិយាយច្បាស់ក្នុងនោះថា យើងប្រកាន់ខ្ជាប់នូវការគោរពរដ្ឋធម្មនុញ្ញ មិនឲ្យមានមូលដ្ឋានរបស់កងទ័ពបរទេសណានៅលើទឹកដីកម្ពុជានោះទេ។ នេះខ្ញុំបានបញ្ជាក់ហើយ។ ខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ ជូនបងប្អូនទាំងអស់ ព្រោះគេនឹងឡងចុះឡងឡើង ធ្វើអត្ថាធិប្បាយ។ ខ្ញុំគ្មានពេលនឹងឡងចុះឡងឡើងទេ។ ឥឡូវខ្ញុំនិយាយពន្យល់មុនតែម្តង។ បើថាវាយអីវាយទៅ យក video ខ្ញុំនិយាយយកទៅ(ចាក់ផ្សាយទៅ)។ នាយករដ្ឋមន្រ្តី ប្រមុខរដ្ឋាភិបាល និយាយជាចំហ មិនមានគោលបំណងភូតកុហក។
(១៥) ការហ្វឹកហ្វឺនរួមគ្នាមានគោលដៅបង្កើនសមត្ថភាព លទ្ធភាព និងធ្វើទំនើបកម្មបំពេញភារកិច្ចការពារទឹកដី
ជាសកម្មភាពជាក់ស្តែងនៅទីនេះ យើងឃើញការហ្វឹកហ្វឺនរួមគ្នាជាមួយនឹងគ្រប់ប្រទេសទាំងអស់។ ប៉ុន្តែគោលដៅអ្វី? រឿងសហប្រតិបត្តិការជាមួយភាគីមិត្តជាគោលដៅមួយហើយ។ ប៉ុន្តែគោលដៅធំបំផុតគឺបង្កើនសមត្ថភាពកងទ័ពកម្ពុជា។ គឺយើងមានសមត្ថភាព មានលទ្ធភាព និងមានការបំពាក់ និងធ្វើទំនើបកម្ម ដើម្បីបំពេញភារកិច្ចការពារទឹកដី។ គ្មានអ្នកណាការពារទឹកដីកម្ពុជាជាងកងទ័ព កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជានោះទេ។ បើរាជរដ្ឋាភិបាលមិនខិតខំគ្រប់វិធីដើម្បីពង្រឹងការការពារជាតិរបស់កម្ពុជា តាមរយៈការពង្រឹងកងទ័ពកម្ពុជានេះ តើអ្នកណាមកធ្វើជំនួសយើង? រាជរដ្ឋាភិបាលប្តេជ្ញាបន្តពង្រឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសកងទ័ពជើងទឹកនៅថ្ងៃនេះនិងទៅអនាគត ។
(១៦) អ្នកស្នេហាជាតិរួមគ្នាការពារជាតិ គាំទ្រការធ្វើទំនើបកម្មបង្កើនសមត្ថភាពឲ្យកងទ័ព
យើងនៅតែយកចិត្តទុកដាក់ដើម្បីថ្ងៃក្រោយ កងទ័ពគ្រប់ប្រភេទ ទ័ព ជើងទឹក ជើងគោក និងជើងអាកាស អាចមានសមត្ថភាពចូលរួមការពារទឹកដី និងក្នុងប្រតិបត្តិការថែរក្សាសន្តិភាពនៅក្រៅប្រទេស សន្តិសុខក្នុងតំបន់ និងក្នុងប្រទេសរបស់យើង។ នេះជាអ្វីដែលខ្មែរជាអ្នកស្នេហាជាតិទាំងអស់ គួរមានមោទនភាព។ មានបងប្អូនខ្លះថាខ្លួនជាអ្នកស្នេហាជាតិ ប៉ុន្តែឲ្យតែយើងបំពាក់ស្អីល្អ ដូចជាគ្រាន់តែទិញឡានល្អឲ្យកងទ័ពជិះ ក៏រិះគន់។ គេទើស តែគេទៅ។ ខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើង រួមគ្នាការពារជាតិយើង គាំទ្រកងទ័ពរបស់យើង គាំទ្រការធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពឲ្យកងទ័ព ដើម្បីការពារជាតិរបស់យើងបច្ចុប្បន្ន និងទៅអនាគតនេះ។ សុំតែប៉ុណ្ណឹង។ ជឿទុកចិត្តចុះ យើងរួមគ្នាដើម្បីធ្វើកិច្ចការនេះ។
[ចប់សេចក្ដីអធិប្បាយ២]
ជាមួយនឹងការប្រារព្ធពិធីសម្ពោធសមិទ្ធផលនៅមូលដ្ឋានសមុទ្ររាមដ៏មហោឡារិកនេះ ខ្ញុំសូមផ្តាំផ្ញើ និងផ្តល់នូវអនុសាសន៍មួយចំនួន ដូចតទៅ៖
ទី១. បន្តពង្រឹង និងអភិវឌ្ឍវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដោយឈរលើមូលដ្ឋាននៃការគោរពរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និងអន្តរជាតិ។ ការពាររឹងមាំ ដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ បន្តពង្រឹងខឿនការពារជាតិកម្ពុជា ដោយយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍកងកម្លាំង ឱ្យក្លាយជាកងទ័ពដែលមានវិជ្ជាជីវៈខ្ពស់ មានស្មារតី ឆន្ទៈដាច់ខាតស្មោះត្រង់ ចំពោះជាតិមាតុភូមិ និងប្រជាជន។
ទី២. ក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ដល់ការងារកែទម្រង់កងយោធពលខេមរភូមិន្ទ កសាង និងអភិវឌ្ឍធនធានមនុស្ស សម្ភារៈ និងមធ្យោបាយបម្រើឱ្យវិស័យការពារជាតិ ក្នុងនោះ ត្រូវបន្តពង្រឹងការងារហ្វឹកហ្វឺន រៀនសូត្រ បណ្តុះបណ្តាល កសាងប្រភពកម្លាំង ក្នុងជួរកងទ័ព ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើឱ្យវិស័យការពារជាតិកាន់តែមានប្រសិទ្ធភាពខ្ពស់។ ជាពិសេស ចំពោះ កងទ័ពជើងទឹក ត្រូវយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺន និងល្បាតក្នុងដែនទឹក និងតាមបណ្តាកោះ ឆ្នេរ។
[ផ្ដើមសេចក្ដីអធិប្បាយ៣]
(១៧) ទន្ទឹមនឹងធ្វើទំនើបកម្មកងទ័ពជើងទឹក សូមមិត្តចិនបន្ដជួយបង្កើនសមត្ថភាពកងទ័ពការពារកោះ/ឆ្នេរ បំពាក់គ្រឿងសព្វវុធនិងផ្តល់ការហ្វឹកហ្វឺន
ចំណុចនេះ ខ្ញុំសូមថ្លែងអំណរគុណ និងសូមឯកឧត្តម Cao Qingfeng នាយរងសេនាធិការចម្រុះគណៈកម្មាធិការយោធាមជ្ឈឹមចិន ដែលទន្ទឹមនឹងជួយធ្វើទំនើបកម្មកងទ័ពជើងទឹកនៅទីនេះ តាមរយៈការបំពាក់នាវានិងហ្វឹកហ្វឺន ក៏សូមបន្ដជួយបង្កើនសមត្ថភាព(កងទ័ព)ក្នុងការការពារកោះ/ឆ្នេររបស់យើង ជាពិសេស ការបំពាក់ការហ្វឹកហ្វឺន គ្រឿងអាវុធការពារឆ្នេរ។ ឧបករណ៍ទាំងនេះសំខាន់។ សូម ឯកឧត្តម ទៀ សីហា ពិភាក្សាបន្ថែម ព្រោះឥឡូវ យើងបង្កើន(សមត្ថភាព)ជើងទឹកហើយ។ ជើងទឹកបានតែវាយអន្ដរាគមន៍។ អត់អាចនៅទីនោះទេ។ មានតែកម្លាំងការពារកោះឆ្នេរ។ បញ្ជាការដ្ឋានកោះឆ្នេរ មកទេថ្ងៃនេះ? បងប្អូននៅលើកោះ អាវុធនៅទីនោះប្រហែលជារាងចាស់(ហើយ) ចាស់ជាងកងទ័ពយើងនៅនេះផង។
(១៨) រៀបចំផែនការការពារ ការបំពាក់ប្រព័ន្ធអាវុធការពារកោះ/ឆ្នេរ អាកាស និងប្រព័ន្ធរ៉ាដាប្រឆាំងនាវា
ថ្ងៃមុន បានជជែកជាមួយ ឯកឧត្តម ទៀ សីហា មួយជំហាន គឺត្រូវការពារ រៀបចំ ពិនិត្យមើលទីតាំងភូមិសាស្ដ្រ រៀបចំផែនការការពារ កន្លែងណាដែលត្រូវបម្រុងទុកសម្រាប់ការពារជាតិ ហើយរៀបចំបំពាក់(អាវុធ) ហ្វឹកហ្វឺន ជាពិសេសប្រព័ន្ធអាវុធការពារកោះ/ឆ្នេរ ទាំងការពារអាកាស ប្រព័ន្ធរ៉ាដាប្រឆាំងនាវាអីផ្សេងៗ ដែលយើងមានបំពាក់។ ខ្ញុំសូមឯកឧត្តមពាំនាំសំណើនេះដល់មិត្តចិន ដើម្បីបន្ដជួយបង្កើនសមត្ថភាពកម្ពុជាមួយកំប្លេតែម្ដង។ (ទ័ព)ជើងទឹកត្រូវមានចំណុចអន្ដរាគមន៍ល្បាត ឬអន្ដរាគមន៍ពេលមានសភាពការណ៍ ហើយត្រូវចូលមកវិញ។ អញ្ចឹងត្រូវមានកម្លាំងដែលឈរពង្រាយ ក្ដាប់សភាពការណ៍ ការពារខែ្សទី១។ យើងមានហើយនៅកោះតាង និងកោះពូលូវ៉ៃ។ បងប្អូននៅទីនោះ និងតាមបណ្ដាកោះផ្សេងៗទៀត យើងបានធ្វើ។
(១៩) មានភ្នែកលើទឹក និងលើអាកាស ការពារមិនតែសន្ដិសុខពីសង្គ្រាម តែក៏មានការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន
មិនមែនតែ(ការងារការពារ)សន្ដិសុខរឿងសង្គ្រាមនោះទេ (ប៉ុន្ដែដើម្បី) សន្ដិសុខជាប្រចាំរបស់យើង ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនក៏ត្រូវការកម្លាំងឈរជើងនៅទីនោះ។ ការបង្កើនសមត្ថភាពកងទ័ព(គឺជាការចាំបាច់) ព្រោះប្រព័ន្ធរ៉ាដាមិនមែនចាប់តែកប៉ាល់ចម្បាំងទេ តែក៏កប៉ាល់ក្រុមឧក្រិដ្ឋកម្ម កប៉ាល់នេសាទ។ គេថាមានភ្នែកលើទឹក និងលើអាកាស។ ហ្នឹងប្រព័ន្ធការពាររបស់យើងគឺច្បាស់។ យើងអាចក្ដាប់សភាពការណ៍រយៈចម្ងាយឆ្ងាយបាន។ មានសភាពអីប្រែប្រួលក្នុង ១០០-២០០ miles យើងដឹងភ្លាម។ អញ្ចឹងកន្លែងជួរមុខបោះ(ព័ត៌មានមក)ឲ្យយើង យើងត្រៀមនៅនេះ។ រញ្ជួយដី ស៊ូណាមី កន្លែងណា, កប៉ាល់លិច កប៉ាល់បុកគ្នា កន្លែងណា, យើងអាចដឹងភ្លាម យើងអាចចល័តកម្លាំងទៅជួយភា្លម។ ខ្ញុំសូមឯកឧត្តមជួយពាំនាំនូវសំណើជួយពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការការពារកោះ/ឆ្នេរ ដើម្បីឲ្យទៅជាកញ្ចប់តែមួយក្នុងការការពារដែនសមុទ្រស្របតាមយុទ្ធសាស្ដ្រនិងយុទ្ធវិធីការពារជាតិ …។
[ចប់សេចក្ដីអធិប្បាយ៣]
ទី៣. ក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ដល់ការប្រើប្រាស់ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាព ក៏ដូចជាជំនួយរបស់ភាគីមិត្តឱ្យបានល្អ ស្ថិរភាព និងមានប្រសិទ្ធភាព ពោល គឺ ប្រើប្រាស់ និងគ្រប់គ្រង ថែរក្សាបច្ចេកទេស ទាំងកម្លាំង និងមធ្យោបាយ សម្ភារៈ យោធា បរិក្ខារ និងស្បៀងអាហារ ឱ្យបានសមស្របទៅនឹងតម្រូវការជាក់ស្តែង និងតាមជំនាញត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស […]។
[ផ្ដើមសេចក្ដីអធិប្បាយ៤]
(២០) សេនាធិការកងទ័ពជើងទឹកសិក្សាទីឈរជើងរបស់ទ័ពសំរាប់ផែនការរយៈពេលវែងក្នុងដែនសមុទ្រ
ចំណុចនេះ ខ្ញុំចង់ឲ្យ(ជាគោលការណ៍)ដែរ។ កាលពីឆ្នាំ២០២៣ នៅជានាយសេនាធិការចម្រុះស្ដីទីនោះ យើងក៏បានសិក្សា។ កាលនោះ បានឲ្យឯកឧត្ដមនាយសេនាធិការខាងកងទ័ពជើងទឹកសិក្សាពីផែនការការពាររយៈពេលវែងក្នុងដែនសមុទ្រ។ យើងដៅឲ្យហើយកន្លែងណា ទីតាំងណា កោះណា ដើម្បីយើងជជែកជាមួយខាង CDC ឆែកជាមួយអ្វីៗឲ្យហើយ reserve ទុកតែម្ដង ព្រោះកោះក៏ត្រូវការអភិវឌ្ឍ … កន្លែងខ្លះ យើងទៅសិក្សា។ កន្លែងខ្លះក៏សុំឲ្យកែសម្រួលការវិនិយោគ។ កន្លែងខ្លះក៏យកមួយផ្នែក។ ប៉ុន្តែ បើយើងដៅទីតាំងទាំងអស់នេះច្បាស់លាស់ជាយុទ្ធសាស្រ្ត តាមយុទ្ធវិធីថាកន្លែងហ្នឹងគឺ reserve រយៈពេលវែងសម្រាប់ការពារជាតិ ទោះបីជាឥឡូវយើងមិនទាន់មានសមត្ថភាពទៅដល់នោះក៏ដោយ ក៏យើង reserve ឲ្យហើយ ដើម្បីពេលដែលវិស័យឯកជនស្នើសុំកោះនេះ/នោះដើម្បីវិនិយោគធ្វើ resort ក៏យើងទុកសិន។ អោយទៅរកទីណាផ្សេង ព្រោះកន្លែងនេះសម្រាប់ការពារដាក់ទីតាំងឈរជើងរបស់កងទ័ព សម្រាប់ការពារអាកាស សម្រាប់អីផ្សេងៗ។
(២១) កំណត់ទីតាំងបម្រុងទុកឱ្យកងទ័ពជើងទឹក ការវិនិយោគ និង/ឬទុកឲ្យប្រជាពលរដ្ឋរស់នៅ
អញ្ចឹងសូមឲ្យពិនិត្យឡើងវិញ។ ដូចជាដល់ពេលដែល CDC ចាប់ផ្ដើមវាយតម្លៃឡើងវិញលើកោះខ្លះ ដែលគាត់សុំអាជ្ញាបណ្ណ ហើយទុក(ចោល)។ ឯកឧត្ដម ស៊ុន ចាន់ថុល នៅទីនេះស្រាប់។ កន្លងទៅ មានការវាយតម្លៃហើយដកយកមកវិញនូវកន្លែងដែលអត់(ទាន់វិនិយោគ)។ តែដកមកហើយ ប្រាកដជាមានអ្នកផ្សេងសុំ(បន្ត)។ អញ្ចឹងយើងគិតឲ្យហើយទៅ កន្លែងណាដែលដកហើយ ទុកសម្រាប់កងទ័ពជើងទឹក សម្រាប់មូលដ្ឋានការពាររយៈពេលវែង ហើយទុកកន្លែងផ្សេងទៀតដើម្បីទុកឲ្យគេវិនិយោគ ឬធ្វើអ្វីមួយ ឬទុកឲ្យប្រជាពលរដ្ឋយើងរស់នៅ។ នេះជាការគិតគូររយៈពេលវែង។ នេះជាការគិតគូរជាកញ្ចប់ ព្រោះយើងមិនអាចគិតតែពីកងទ័ព មិនគិតពីកំណើនតម្រូវការសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រជាពលរដ្ឋនោះទេ។ អញ្ចឹង ការកំណត់ទីតាំង ការកំណត់ការប្រើប្រាស់ដី ដូចឯកឧត្ដម សាយ សំអាល់ បានធ្វើកន្លងទៅជាកិច្ចការចាំបាច់ … គិតឲ្យហើយជាមុនដើម្បី reserve ទុកតែម្ដង។
(២២) កន្លែងដែលកំណត់ជាទីតាំងសាធារណៈសម្រាប់ការពារជាតិ ត្រូវបម្រុងទុកមិនឲ្យពាក់ព័ន្ធនឹងការវិនិយោគ តែមិនឱ្យវិនិយោគជាអូតែលការពារជាតិទេ
កន្លែងណាទីតាំងឈរជើង កន្លែងណាសម្រាប់ការពារកោះ/ឆ្នេរ។ ពេលដែលយើងមានទ័ពកាន់តែច្រើន ពង្រឹងកាន់តែខ្លាំង យើងត្រូវពង្រាយបន្ថែម។ គិតទុកឲ្យហើយ។ សុំឲ្យ CDC ធ្វើការជាមួយ(ក្រសួងការពារជាតិ) កន្លែងណាដែលជាទីតាំងសម្រាប់វិស័យការពារជាតិ គឺយើង reserve ទុក កុំឲ្យ(ពាក់ព័ន្ធនឹងការវិនិយោគ)។ សូមឲ្យច្បាស់។ ក្រសួងការពារជាតិយកសម្រាប់ធ្វើទីតាំងការពារជាតិ ទីតាំងកងទ័ព មិនមែនយកទៅសម្រាប់វិនិយោគអូតែលរបស់ក្រសួងការពារជាតិនោះទេ។ រក្សាជាទីតាំងសាធារណៈសម្រាប់ការពារជាតិតែម្ដង។ កន្លែងផ្សេងទៀត យើងគ្រប់គ្រង បានន័យថាយកទៅហើយ ត្រូវគ្រប់គ្រងឲ្យជាប់។ នៅលើទឹកមិនសូវលំបាកទេ។
នៅលើដី ជួនកាលទីតាំងកងទ័ពកន្លែងខ្លះទើបដាក់បន្តិច អ្នកដែលដឹង(ដំណឹង)ខាងមេខ្យល់អី គេទៅនាំមនុស្សទៅកាប់ទៅអីទៅ។ ហើយក៏ចោទតែរឿងជាមួយទាហាន។ តែនៅលើកោះ មិនសូវមានអ្នកណាទៅ ព្រោះមិនដឹងទៅចាប់យ៉ាងម៉េច។ តែយើងត្រូវរក្សា ព្រោះវាអាចជល់គ្នាជាមួយនឹងការសម្រេចក្នុងវិស័យឯកជន។ បើយើងបានគិតគូរឲ្យហើយរយៈពេលវែង នោះជាការចាំបាច់។ ការគិតគូរគ្រប់ជ្រុងជ្រោយរបស់យើង ជាបុរេសកម្មនេះសំខាន់ ត្បិតវានឹងពង្រឹងសមត្ថភាពជើងទឹក។ យើងគិតទាំងសមត្ថភាពការពារ វាយលុក និង ប្រមូលក្ដាប់ព័ត៌មានជាប្រចាំ។ នេះហើយជាកិច្ចការសំខាន់ដែលត្រូវធ្វើ។
[ចប់សេចក្ដីអធិប្បាយ៤]
ទី៤. ក្រសួងការពារជាតិ ត្រូវបន្តពង្រឹងកិច្ចការពារព្រំដែន (គោក ទឹក អាកាស) សហការល្អជាមួយ កងកម្លាំងនគរបាលជាតិ ក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។ ទំនាក់ទំនងល្អក្នុងការកសាងមិត្តភាពរឹងមាំជាមួយប្រទេសជិតខាង ដោយប្រើប្រាស់មធ្យោបាយការទូត និងការចរចាដោយសន្តិវិធី ក្នុងគោលដៅ “កសាងព្រំដែនជាតំបន់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ”។
ទី៥. ក្រសួងការពារជាតិ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យ យោធាដោយឈរលើមូលដ្ឋានច្បាប់ជាតិ និងអន្តរជាតិ ក្រោមបាវចនា “កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ”។ ចំពោះកងទ័ពជើងទឹក ត្រូវបន្តយកចិត្តទុកដាក់ពង្រឹង និងពង្រីកទំនាក់ទំនងការទូតយោធា និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ជាមិត្ត ទាំងក្នុងតំបន់ និងសកលលោក ដោយឈរលើគោលការណ៍ស្មើភាព គោរពឯករាជ្យ អធិបតេយ្យ និងផលប្រយោជន៍រួមគ្នាទៅវិញទៅមក។
មុននឹងបញ្ចប់ ខ្ញុំសូមសម្តែងនូវអំណរអរគុណចំពោះ រដ្ឋាភិបាល កងទ័ព និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលជានិច្ចកាល តែងតែជួយឧបត្ថម្ភគាំទ្រយ៉ាងធំធេង ទាំងស្មារតី និងសម្ភារៈ ដល់កងយោធពលខេមរភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជា និងសូមអរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត អនុព័ន្ធយោធា សេនានុព័ន្ធយោធា នៃបណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការល្អក្នុងវិស័យការពារជាតិ និងវិស័យដទៃទៀតជាមួយកម្ពុជា នាពេលកន្លងមក និងបន្តទៅអនាគត។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអង្គពិធី សូមសម្រេចបានជោគជ័យក្នុងគ្រប់ការងារ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព និងសូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាត៕