ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល;
ឯកឧត្តម បណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន វ៉ាន់ដា និង
គណៈធិបតីភ្ញៀវកិត្តិយស គណៈគ្រប់គ្រងសាស្រ្តាចារ្យ បុគ្គលិកសិក្សា និស្សិតជ័យលាភី ជាទីមេ ត្រី !
ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួម ក្នុងពិធីប្រគល់សញ្ញា-បត្រកម្រិតបរិញ្ញបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ នៃវិទ្យាស្ថាន វ៉ាន់ដា ជូនដល់ជ័យលាភី ចំនួន ៤ ៤២៦ នាក់, ក្នុងនោះ មាននារី ចំនួន ៣ ៩២៤ នាក់ ស្មើនឹងជាង ៨៨% នៃចំនួនសរុប ។
ក្នុងនាមរាជរដ្ឋាភិបាល និង ក្នុងនាមខ្ញុំផ្ទាល់, ខ្ញុំសូមសម្តែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការដាក់ចេញនូវផែនការ និងគោលនយោបាយនានា ទាក់ទងនឹងការសិក្សាអប់រំ ដើម្បីលើកកម្ពស់គុណភាពអប់រំគ្រប់កម្រិត និងសូមកោតសរសើរ ចំពោះក្រុមប្រឹក្សាភិបាល គណៈនាយក សាស្រ្តាចារ្យ បុគ្គលិក និងដៃគូសហប្រតិបត្តិការទាំងអស់របស់វិទ្យាស្ថាន- វ៉ាន់ដា ដែលបានចូលរួមចំណែកក្នុងការកសាងមូលធនមនុស្ស ប្រកបដោយគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ មនសិការវិជ្ជាជីវៈ និង មានសេចក្តីថ្លៃថ្នូរ ក្នុងនាមជាកោសិកាសង្គមដ៏សំខាន់ និង ជាអ្នកចូលរួមចំណែក រែកពន់ជោគវាសនាអនាគតកម្ពុជា ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
ឆ្លៀតក្នុងឱកាសនេះ សូមអរគុណដល់វិទ្យាស្ថាន ដែលជានិច្ចកាលបានជួយគាំទ្រដល់អាហារូបករណ៍កម្មវិធីរបស់សម្ដេចតេជោ តាំងពីឆ្នាំ២០០៥ រហូតដល់ពេលនេះជាង ៨៧០កន្លែង ផ្ដល់ឱកាសនិស្សិតរបស់យើង ក៏ដូចជាអាហារូបករណ៍ផ្សេងៗតាមយន្តការផ្សេងៗ ដល់និស្សិតដែលមានការលំបាក។
[ចប់សេចក្ដីអធិប្បាយ១]
សមិទ្ធផល និងសកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងអប់រំ យុវជន និង កីឡា និងការចូលរួមចំណែកយ៉ាងសកម្មរបស់វិទ្យាស្ថាន- វ៉ាន់ដា ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ។ តាមរបាយការណ៍ លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថាន វ៉ាន់ដា និស្សិតជ័យលាភីត្រូវទទួលសញ្ញាបត្រនាពេលនេះ មានចំនួន ៤ ៤២៦ នាក់ (នារី ៣ ៩២៤ នាក់ ស្មើនឹង ៨៨,៦៦%), ក្នុងនោះ និស្សិតកម្រិតបរិញ្ញាបត្ររងមានចំនួន ៤១១ នាក់ (នារី ៣៣៤ នាក់ ស្មើនឹង ៨១,២៧%)និស្សិតកម្រិតបរិញ្ញាបត្រ ៣ ៨៩៦ នាក់ (នារី ៣ ៥២២ នាក់ ស្មើនឹង ៩០,៤០%) និង និស្សិតកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ១១៩ នាក់ (នារី ៦៨ នាក់ ស្មើនឹង ៥៧,១៤%) ។ ខ្ញុំពិតជាមានមោទនភាពក្រៃលែង នៅពេលដែលបានឃើញកម្រិតនៃការចូលរួម និងការបញ្ចប់ការ–សិក្សារបស់ស្ត្រី មានកម្រិតខ្ពស់បែបនេះ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(១) ការផ្តល់ឱកាសស្ត្រីដឹកនាំបញ្ជាក់ពីគោលនយោបាយឱ្យតម្លៃសិទ្ធនិងឱកាសស្មើគ្នាក្នុងសង្គម
ទើបតែ ៣ថ្ងៃមុន យើងប្រារព្ធទិវាសិទ្ធនារីពិភពលោក។ ម្សិលមិញ បានទៅកន្លែងទារកដ្ឋាននៅរោងចក្រមួយ។ សួរនារីៗ ថាថ្ងៃ ៨ មីនា ប្ដីមានអោយអ្វីពិសេសឬអត់? ថាអត់មានអ្វីពិសេសទេ។ ខ្ញុំសួរថាហេតុអី? សិទ្ធនារីមិនមែនមានតែមួយថ្ងៃហ្នឹងទេ។ អ្នកដែលមានប្រពន្ធគឺយល់។ សិទ្ធនារីគឺ ៣៦៥ ថ្ងៃ។ ថ្ងៃមុន ជួបប្អូន២នាក់ប្ដី-ប្រពន្ធ ទទួលសញ្ញាបត្រ ប្ដីរៀនខាងគ្រប់គ្រង … ខ្ញុំសួរថា ការហើយនៅផ្ទះ អ្នកណាគ្រប់គ្រង? “ប្រពន្ធខ្ញុំរៀនជំនាញផ្សេង តែពេលនៅផ្ទះ គាត់ជំនាញគ្រប់គ្រងវិញ ចាត់ចែងទាំងថវិកាប្រាក់ខែ។ គាត់ជាអ្នកច្បាស់លាស់។ ត្រូវការអី ទៅស្នើសុំដកវិញ” ប្អូនប្រុសប្រាប់។ ខ្ញុំប្រាប់ថា “មិនថាប្អូនឯងឬនាយករដ្ឋមន្ត្រីទេ ប្រពន្ធជា Bookkeeping …“ មិនមែនរើសអើងទាល់តែស្ត្រីជាមេផ្ទះអី(ទេ) ការបែងចែកការទទួលខុសត្រូវ និងការគោរពគ្នាទៅវិញទៅមក ជាពិសេសស្ត្រីជាមាតានៃគ្រួសារ ដែលប្រទេសយើងយកស្ត្រីជាធំ។
កកើតទឹកដីដំបូង យើងក៏មានម្ចាស់ក្សត្សី ព្រះនាង លីវ យី(ជាអ្នកគ្រប់គ្រង)។ ក្នុងពិធីធំៗ យើងប្រើពាក្យមេបា។ សូម្បីតែពេលអង្គុយកៅអី(ក្នុងពធីរៀបអាពាហ៍ពិពាហ៍) ពេលខ្លះស្ត្រីអង្គុយខាងស្ដាំ និងពេលខ្លះស្ត្រីអង្គុយខាងឆ្វេង ទៅតាមដំណាក់កាល។ ខ្ញុំសូមយកឱកាសអបអរសាទរជាថ្មី ចំពោះបងប្អូនស្ត្រីទាំងអស់នៅក្នុងទិវាស្ត្រីអន្តរជាតិ ក៏ដូចជាភាគច្រើននៅក្នុងការទទួលសញ្ញាបត្រថ្ងៃនេះ ដែល៨៨% ជាស្ត្រី។ ក្នុងរយៈពេលកន្លះទសវត្សរ៍នេះ មានការប្រែប្រួល ដែលពីមុនស្ត្រីត្រូវបោះបង់ការរៀនសូត្រ ភាគច្រើននៅថ្នាក់មូលដ្ឋាន ដោយសារតាមស្រុកភូមិមិនមានសាលា ហើយកូនស្រីពិបាកធ្វើដំណើរទៅរៀនបន្តនៅឆ្ងាយ។ ពេលនេះ ផ្នត់គំនិតរបស់សង្គមការប្រប្រែប្រួល។ ពីមុនថាកូនស្រីមិនបាច់រៀនច្រើនទេ ត្បិតកូនស្រីត្រូវទទួលការងារមេផ្ទះ។
ការរៀបចំទំនៀមទម្លាប់ប្រពៃណី និងការប្រតិបត្តិជាច្រើន នៅក្នុងដំណាក់កាលនេះគឺទាំងស្រីនិងប្រុស មានសិទ្ធនិងកាតព្វកិច្ចជួយគ្នា។ស្ត្រីមិនត្រឹមតែមានឱកាសរៀនសូត្រនៅក្នុងវិទ្យាល័យនោះទេ តែក៏បានបន្តការសិក្សារហូតកម្រិតឧត្តមច្រើនដែរ។ ស្ត្រីកំពុងដើរតួនាទីច្រើនក្នុងការដឹកនាំស្ថាប័នផ្សេងៗ ក្នុងវិស័យឯកជន សមាគមស្ត្រីធុរកិច្ច។ សមាគមស្រី្តខាងទេសចរក៏ដើរតួនាទីសំខាន់។ គ្រប់ស្ថាប័នរដ្ឋ ស៊ីវិល កងកម្លាំងប្រដាប់អាវុធក៏មានស្ត្រីកាន់តួនាទី(ច្រើន)។ នេះបង្ហាញពីឱកាសនិងសមត្ថភាពស្ត្រីនៅក្នុងការដឹកនាំ ដែលជាកត្តាឆ្លុះបញ្ជាក់ពីគោលនយោបាយរបស់របស់រាជរដ្ឋាភិបាលក្នុងការឱ្យតម្លៃសិទ្ធស្មើគ្នានិងឱកាសស្មើគ្នាក្នុងសង្គម។ យើងនឹងបន្តផ្ដល់ឱកាសទាំងស្រីទាំងប្រុសឱ្យមានសិទ្ធនិងមានឱកាសដូចគ្នាតទៅទៀត។
[ចប់សេចក្ដីអធិប្បាយ២]
តាមរយៈសមិទ្ធផលរបស់វិទ្យាស្ថាន វ៉ាន់ដា, ខ្ញុំសូមចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការបណ្តុះបណ្តាលបានមូលធនមនុស្សដ៏មានតម្លៃនេះ ។ សមិទ្ធផលជាទីមោទនៈនេះ បានមកពីការចូលរួមយ៉ាងសកម្មរបស់វិទ្យាស្ថាន វ៉ាន់ដា ក្នុងការងារគ្រប់គ្រង, ការបង្រៀន, ការសិក្សាស្រាវជ្រាវ, ការខិតខំប្រឹងប្រែងរៀនសូត្ររបស់និស្សិត, កិច្ចគាំទ្រពីមាតាបិតា និង អាណាព្យាបាលរបស់និស្សិត និង សកម្មភាពពាក់ព័ន្ធដទៃទៀត នៅក្នុងការបណ្តុះបណ្តាល ។ ទន្ទឹមនេះ, ខ្ញុំក៏សូមកោតសរសើរចំពោះការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់របស់វិទ្យាស្ថាន -វ៉ាន់ដា រហូតមានអគារផ្ទាល់ខ្លួន ធំទូលាយទាំងនៅទីតាំងគោល និង សាខា។
[ផ្ដើមសេចក្ដីអធិប្បាយ៣]
(២) ប្រែគំនិតជាសកម្មភាព/លទ្ធផលជាក់ស្ដែង និងធ្វើអោយមានចីរភាព
យើងគិតថាការងារទាំងអស់នេះងាយស្រួល។ មិនមែនដូច្នោះទេ។ អ្នកណាក៏មានគំនិតគិតគូរដែរ ប៉ុន្តែការប្រែក្លាយគំនិតជាសកម្មភាពជាក់ស្ដែងជាការលំបាក។ អ្វីដែលសំខាន់ ការប្រែគំនិតជាសកម្មភាពជាក់ស្ដែង បង្កើតជាលទ្ធផលជាការលំបាកមួយហើយ ប៉ុន្តែការលំបាកជាងទៀតនោះគឺធ្វើអោយមានចីរភាព។ ធ្វើអីក៏ដោយជួនកាលបានមួយឆាវ រួចហើយក៏គាំង។ តាំងពីឆ្នាំ២០០០ ក្នុងដំណាក់កាលនៃការចាប់ផ្ដើម យើងបានធ្វើអោយមានការរីកចម្រើន និងឈានមកដល់ការផ្ដល់ឱកាសបណ្ដុះបណ្ដាលដល់និស្សិតរាប់ម៉ឺននាក់។ នេះបង្ហាញពីការខិតខំប្ដេជ្ញាចិត្តខ្ពស់ ពុះពារគ្រប់ការលំបាកប្រកបដោយការច្នៃប្រឌិត និងការខិតខំ ដែលកើតចេញពីការរួមគ្នារបស់ថ្នាក់ដឹកនាំគ្រឹះស្ថាន សាស្ត្រាចារ្យ បុគ្គលិកសិក្សា ក៏ដូចជាមានការចូលរួមរបស់និស្សិតនិងអាណាព្យាបាល។ យើងអាចចាត់ទុកថាលទ្ធផលថ្ងៃនេះ បានពីការចូលរួមដោយស្ថាប័ន តាមគោលនយោបាយរដ្ឋាភិបាលដែលដាក់ចេញសំរាប់ការអប់រំ និងពង្រឹងធនធានមនុស្សរបស់យើង។
[ចប់សេចក្ដីអធិប្បាយ៣]
ម្យ៉ាងទៀត លទ្ធផលនេះ បានឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹង ពង្រីក មូលដ្ឋានក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម អភិបាលកិច្ចល្អ និង ធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ប្រទេសមួយអាចខ្លាំងបាន ទាល់តែមានមូលធនមនុស្សខ្លាំង ។ ប្រទេសមួយអាចមានអារ្យធម៌រុងរឿងបាន ទាល់តែមានមូលធនមនុស្សពូកែ ។ ការកសាងសង្គមជាតិមួយឱ្យរុងរឿង ទាល់តែមានស្ថិរភាព សង្គតិភាព និងការពូនជ្រំសមិទ្ធផល, រក្សាសមិទ្ធផលចាស់ បង្កើនសមិទ្ធផលថ្មី, ប្រមូលផ្តុំកម្លាំង និងចំណេះដឹង ចំណេះធ្វើ ពីមួយជំនាន់ ទៅមួយជំនាន់ ។ ប្រសិនបើសង្គមមួយដែលរវល់តែឈ្លោះគ្នា, បែកបាក់គ្នា និងមានសង្គ្រាមរ៉ាំរ៉ៃ, ផ្លាស់ប្តូររបបគ្រប់គ្រងឥតឈប់, មានភាពរកាំរកូសឥតឈប់ឈរជាមួយប្រទេសជិតខាង, សង្គមនោះ ពិតជាគ្មានពេលវេលា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់, កសាងស្ថាប័ន និង កសាងសមត្ថភាពនៃមូលធនមនុស្សរបស់ខ្លួនបានឡើយ ហើយសង្គមនោះ ប្រហែលជាត្រូវខាតបង់ធនធានយ៉ាងច្រើន ដើម្បី គាំទ្រដល់ការប្រយុទ្ធតតាំងគ្នា ជាជាងការកសាង-ជាតិ ។ ផ្ទុយទៅវិញ, បើសង្គមមួយមានសន្តិភាពនិងស្ថិរភាព, ប៉ុន្តែសង្គមទាំងមូលមិនបានផ្តល់តម្លៃលើការសិក្សាអប់រំ, ហើយពលរដ្ឋមិនខំកសាងសមត្ថភាពរបស់ខ្លួន, ប្រទេសជាតិមានធនធានមនុស្សទន់ខ្សោយ, ខ្វះឯករាជ្យម្ចាស់ការ មិនអាចប្រកួតប្រជែងជាមួយនឹងគេបាន, សង្គមនោះក៏មិនអាចរីកចម្រើនជឿនលឿនបានដែរ។
ជាមួយនឹងសេដ្ឋកិច្ចទីផ្សារ និងបើកចំហរបស់កម្ពុជា, និងការជំរុញសមាហរណកម្មសេដ្ឋកិច្ច ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល, តួអង្គសេដ្ឋកិច្ចទាំងអស់របស់កម្ពុជា សុទ្ធតែបានដឹងហើយថា យើងមិនមែនប្រកួតប្រជែងតែជាមួយតួអង្គក្នុងស្រុកនោះទេ ។ នៅពេលដែលរាជរដ្ឋាភិបាល ចង់ទាក់ទាញវិនិយោគ ឱ្យបង្កើតឧស្សាហកម្មថ្មី ដែលមានកម្រិតបច្ចេកវិទ្យាខ្ពស់ជាងមុន និងមានតម្លៃបន្ថែមខ្ពស់ជាងមុន, វិនិយោគិន ប្រាកដជានឹងសួរយើងថា តើយើងមានវិស្វករប៉ុន្មាននាក់ មានកម្មករជំនាញប៉ុន្មាននាក់ មានអ្នកគ្រប់គ្រងប៉ុន្មាននាក់? ប្រសិនបើយើងខ្វះខាត មូលធនមនុស្ស, ឬ ធនធានមនុស្សយើងខ្សោយ ពិបាកបណ្តុះបណ្តាល, ប្រាកដណាស់ វិនិយោគិន គេនឹងជ្រើសយកប្រទេសផ្សេង ជាទីតាំងវិនិយោគរបស់គេហើយ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]
(៣) ប្រែក្លាយចង្វាក់សេដ្ឋកិច្ច ធ្វើឱ្យជីវភាពប្រជាពលរដ្ឋប្រសើរឡើង មិនអាចពឹងតែលើសេដ្ឋកិច្ចប្រើជំនាញទាប
ខ្ញុំតែងតែជួបប្រាស្រ័យទាក់ទងជាមួយក្រុមអ្នកវិនិយោគនៅក្រៅប្រទេស។ គេតែងសួររឿងធនធានមនុស្សហ្នឹង។ ការប្រែក្លាយចង្វាក់សេដ្ឋកិច្ចក៏ដូចជាធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ចជីវភាពប្រជាពលរដ្ឋ យើងមិនអាចពឹងតែទៅលើវិស័យសេដ្ឋកិច្ច ឬកម្រិតសេដ្ឋកិច្ចដែលមានជំនាញទាបនោះទេ។ ខ្ញុំបានទៅមើលរោងចក្រកាត់អាវមួយ ផ្គត់ផ្គង់ដូច ២០លានអាវ គ្រាន់តែក្រុមហ៊ុន Nike មួយ។ មានបុគ្គលិក ១៨ ០០០នាក់ … យើងចូលទៅមើលច្រវាក់ផលិតកម្ម។ មានមនុស្សផ្គុំជាមួយ robbot ច្រើន … សូម្បីតែបត់ខោក៏ robot បត់ដែរ។ មនុស្សជួយរៀបពីដើមទី។ ការនេះជួយបង្កើនផលិតភាព (ហើយ)ដែល(ផលិតភាពនោះ)អាចបង្កើនបៀវត្សរ៍ បង្កើនអត្ថប្រយោជន៍ ធានានូវការប្រកួតប្រជែងទៅមុខ។ ការផ្គុំការងារ(រវាងមនុស្សនិងរ៉ូបូត៍)នោះ ត្រូវការបណ្ដុះបណ្ដាលធនធានមនុស្សអោយមានជំនាញ។ នេះហើយជារូបភាព(ជាក់ស្តែងថា) យើងមិនអាចពឹង(របៀបធ្វើការ)ពីដើមទសវត្សរ៍ទី៩០ ដែលយើងបានទាញការវិនិយោគមកពីដំបូងនោះ (មកប្រើទៀតបានទេ)។
(៤) ប្រែក្លាយពីកសិកម្មនាំចេញវត្ថុធាតុដើម ទៅនាំចេញផលិតផលសម្រេចខាងកសិ–ឧស្សាហកម្ម
កាលពីមុន សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើកសិកម្មភាគច្រើន។ កាលពីខ្ញុំនៅក្មេង គឺទសវត្សរ៍ឆ្នាំ៩០ អ្វីៗ ក៏យើងនាំចូលដែរ។ យើងមិនមានទឹកសុទ្ធច្រើនទេ។ ទឹកក្រូចមួយកំប៉ុងៗ សុទ្ធតែនាំចូល។ ខោអាវក៏ទិញពីក្រៅ គ្មានខោអាវផលិតនៅក្នុងប្រទេសទេ។ មិនមានផលិតផលបង្គុំអគ្គិសនីនៅក្នុងស្រុកទេ។ បច្ចុប្បន្ននេះ យើងផលិតច្រើននិងនាំចេញទៅទៀត។ យើងកំពុងតែទាក់ទាញឱ្យមានការផលិតកម្រិតខ្ពស់។ យើងគ្មានសមត្ថភាពសរសេរ Program computer ទេពីមុនមក។ យើងទិញ software hardware មកពីក្រៅ។ ឥឡូវយើងអាចធ្វើបានច្រើន។ ម្ចាស់ការដោយខ្លួនឯង។ យើងបន្តឈានទៅមុខទៀត។ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺប្រែក្លាយពីកសិកម្មដែលនាំចេញតែវត្ថុធាតុដើម ទៅជាកសិកម្មដែលនាំចេញនូវផលិតផលសម្រេច កសិ–ឧស្សាហកម្មមួយចំនួន។ ឧស្សាហកម្មកម្មន្តសាល ការរៀបចំពីឆ្នាំ៩០ ជាង រោងចក្រដែលមកបើកភាគច្រើន គឺជារោងចក្រផលិតខោអាវវាយនភណ្ឌដែលមានគុណភាពទាប។ ម្សិលមិញ គ្រាន់តែរោងចក្រមួយដែលខ្ញុំបានទៅឃើញ អាចរុញចេញទៅអោយ Ralph Lauren ហើយសុទ្ធតែប្រេនគួរសម។ កន្លែងខ្លះផលិតដល់គ្រឿងសង្ហារិមអោយ អ៊ីតាលី កម្រិតខ្ពស់ …។
(៥) ប្រែក្លាយប្រភេទការងារពីប្រើជំនាញទាប ទទួលបៀវត្សរ៍ទាប ទៅប្រើជំនាញខ្ពស់ ទទួលបៀវត្ស៍ខ្ពស់
យើងមានរោងចក្រផលិតរថយន្ត រោងចក្រតម្លើងម៉ូតូ។ ខាងក្រុមហ៊ុន BYD កំពុងធ្វើរោងចក្រនៅខេត្តព្រះសីហនុ។ សង្ឃឹមថាក្នុងឆ្នាំនេះឬដើមឆ្នាំក្រោយ យើងមានរោងចក្រតម្លើងរថយន្តអគ្គិសនី។ នៅ ក្រគរ មានរោងចក្រ ford ដែលគាត់រៀបចំបានផលិតរថយន្តនៅទីនោះ។ ពីមុនយើងនាំចូលទាំងអស់ ដែលពីដើមឆ្នាំ៩០ជាង សូម្បីតែទឹកក្រូចមួយកំប៉ុងក៏នាំចូល។ ឥឡូវយើងផលិតដោយខ្លួនយើងបានច្រើន។ ថ្ងៃមុនខ្ញុំទៅមើល(ក្រុមហ៊ុន)ហុងដា (ដែល)២០ឆ្នាំមុនមកចាប់ផ្ដើមប្រភេទ CKD ឬ Completely Knocked Down បានន័យថាយកពីក្រៅ១០០% មកផ្គុំនៅយើងដើម្បីលក់។ ឥឡូវផ្នែកគ្រឿងបង្គុំមួយចំនួនផលិតនៅយើង ហើយនាំចេញទៅថៃ និងទៅទីផ្សេងៗទៀត។ រាជរដ្ឋាភិបាលចង់ធ្វើ(កិច្ចការនេះ) ដើម្បីប្រែក្លាយពីប្រភេទនៃការងារ សម្រាប់ប្រជាពលរដ្ឋយើង ដែល(មាន)លទ្ធភាពទាប ជំនាញទាប បៀវត្សរ៍ទាប ទៅជាជំនាញកម្រិតខ្ពស់ (ទទួលបានបៀវត្ស៍និងអត្ថប្រយជន៍ខ្ពស់) កាន់តែច្រើនឡើង។ យើងបានផលិត(គ្រឿង)បង្គុំអគ្គិសនីនាំចេញទៅកាណាដា អាមេរិក អឺរ៉ុប។
(៦) ក្រុមហ៊ុនត្រូវការស្តង់ដាគណនី/bookkeeping ដើម្បីធានាការគ្រប់គ្រង
ផលិតផលកសិកម្មរបស់យើងមិនត្រឹមតែនាំរបស់ឆៅ វត្ថុធាតុដើម ឥឡូវយើងអាចនាំផលិតផលកំប៉ុង ផលិតផលអី ហើយយើងនឹងរុញបន្ថែម ដើម្បីឱ្យ(ការនាំចេញនូវផលិតផលនានាកាន់តែ)ច្រើនទៅលើកិច្ចការនេះ។ អញ្ចឹង(យើង)ពឹងទៅលើធនធានមនុស្ស។ បើយើងគ្មានធនធានមនុស្សទេ (យើងមិនអាចធ្វើបានទេ)។ យើងនិយាយតែជំនាញដែលពាក់ព័ន្ធនឹងសាលាវ៉ាន់ដា គឺគណនី។ នៅក្នុងស្រុក វារលែងតែ(ធ្វើមុខរបរ)ត្រឹមតែលក្ខណៈគ្រួសារ អាចនឹងមិនមានស្តង់ដាគណនីច្បាស់លាស់បាន ដោយម្ដាយឪពុកឱ្យកូនកត់ត្រាអីទៅ។ ប៉ុន្តែ បើជាក្រុមហ៊ុនបើកសាខាឡើង ៥ឬ ៦ខេត្តហើយ ប្រាកដជាត្រូវការស្តង់ដាគណនីមួយដើម្បីធានាការគ្រប់គ្រង … បើមិនមានស្តង់ដា មិនចេះប្រើកុំព្យូទ័រ ឬថាមិនចាំបាច់ប្រើកុំព្យូទ័រក៏ដោយ ក៏ត្រូវតែមានស្តង់ដា bookkeeping ហ្នឹងឱ្យត្រឹមត្រូវ។ (បើមិនមានទេ) កត់ត្រាគណនីមិនកើត ទៅមិនរួចទេ។ បើក្រុមហ៊ុនកាន់តែធំ ទាល់តែមានស្តង់ដា។
បើហៅក្រុមហ៊ុនពីក្រៅមក គេមានស្តង់ដាគណនីអន្តរជាតិ។ បើមកអត់មានធនធាននៅក្នុងស្រុក គេប្រាកដជាយកមនុស្សពីក្រៅហើយ។ នេះនិយាយតែពីជំនាញគណនីមួយ។ បើសិនជាយើងមិនមាន(ធនធានមនុស្ស)បែបនេះ ពិតជាវិលក្បុងហើយ។ សូម្បីតែពន្ធដារហ្នឹង មិនដឹងទៅ audit យ៉ាងម៉េច មិនដឹងរាយការណ៍យ៉ាងម៉េច ព្រោះយើងកត់ដៃ អត់មានស្តង់ដាគណនីច្បាស់លាស់។ ដល់ពេលធ្វើ(ការប្រមូល)ពន្ធម្ដងៗ អង្គុយឈឺក្បាល ព្រោះវាធ្វើឱ្យបាត់ផលិតភាព បាត់ពេលវេលា អង្គុយតែត្រួតពិនិត្យ មួយថ្ងៃៗដើរមើល ថៅកែហ្នឹងជិះតែ ៥ខេត្ត មួយអាទិត្យមើលម្ដង អង្គុយផ្ទៀងផ្ទាត់ហ្នឹងក៏បញ្ហា។ តែបើមានគណនីស្តង់ដាមួយ ប្រើបច្ចេកវិទ្យាទៀត គ្រាន់តែ link (ទិន្នន័យ)មករាល់ថ្ងៃ (ជាការងាយ)។ ដូចខាងពន្ធដារ គេបញ្ជូនមកខ្ញុំរាល់ថ្ងៃ។
(៧) ក្រោយបដិវត្តកម្មឌីជីថល/កែទំរង់ហិញ្ញវត្ថុសាធារណៈ រដ្ឋាភិបាលប្រើគណនីទោលប្រមូលពន្ធដារតាមខេត្ត
ពីមុនយើងធ្វើបដិវត្តកម្មឌីជីថល ឬមួយក៏ថាកំណែទម្រង់ខាងហិញ្ញវត្ថុសាធារណៈ ស្តីពីស្តង់ដាពីការប្រមូលពន្ធដារនៅក្នុងខេត្តនីមួយៗ ជាការពិបាក ត្បិតផ្គុំគណនីច្រើន។ ឥឡូវ រដ្ឋាភិបាលបង្កើតគណនីទោលមួយ។ មានតែមួយទេ។ អញ្ចឹង(ទិន្នន័យ)រត់ចូល(តែមួយកន្លែង)។ ល្ងាចឡើងពន្ធគយ ពន្ធដារត្រូវបានបញ្ជូនឱ្យខ្ញុំ។ គណនីដែលបានមកភ្លាម មិនថាពីសាខាខេត្តណាទេ រត់ចូលប៉ុន្មាន ប្រមូលពន្ធថ្ងៃហ្នឹង សាច់ប្រាក់ចូលរតនាគារជាតិប៉ុន្មាននៅទីនេះប៉ុន្មានទីនោះប៉ុន្មាន មើលតែមួយភ្លែត ក៏ដឹងភ្លាម។ បើសិនជាអត់មានប្រព័ន្ធស្តង់ដា bookkeeping ឬមួយក៏ស្តង់ដាកត់ត្រាបែបនេះទេ យើងធ្វើមិនចេញទេ។ ក្រុមហ៊ុនទូទាំងពិភពលោក ដូចជាក្រុមហ៊ុន multinational ក្នុងមួយថ្ងៃៗ គេអាចមើលដឹងថាសាខាណា sell នៅប្រទេសនេះប៉ុន្មានៗ ដោយសារការរៀបចំបែបនេះ។
ទាំងអស់នេះ គឺត្រូវការមនុស្សដែលចេះ(ប្រតិបត្តិការប្រព័ន្ធ)។ ប្អូនៗនៅទីនេះ (ខ្ញុំហៅប្អូនចុះ។ អាចមានបង ឬមានពូ) មានអាយុ ៦០ឆ្នាំជាង? និស្សិតមានចៅ? អត់មានអ្វីខុសទេ ព្រោះជាឱកាស។ ពីមុនយើងមិនដែលបាន(រៀន) ចេញមកពី(ជំនាន់)ប៉ុល ពត ធ្វើការជាប់រហូត។ ឥឡូវមកបន្ត(ការសិក្សា)។ ទីនេះជាតំណាងនៃធនធានមនុស្ស … បើយើងមិនមានវិវឌ្ឍន៍បែបនេះ យើងមិន(អាច)ប្រកួតប្រជែងជាមួយប្រទេសដ៏ទៃបានទេ។ បើក្រុមហ៊ុនមួយចង់មកវិនិយោគនៅក្នុងប្រទេសកម្ពុជា គ្រាន់តែស្តង់ដាគណនីហ្នឹង រកមនុស្សអត់បានដែរ វានឹងពិបាក។ បើរដ្ឋាភិបាលអត់មានស្តង់ដាមួយកម្រិតអន្តរជាតិ ដែលគេប្រើគ្រប់ប្រទេស ហើយមកស្រុកខ្មែរមិនដឹងប្រើស្អី ប្រើអី្វផ្សេងក៏មិនកើត(នោះជាការពិបាក)។ ដូចនេះ ការសិក្សាការកសាងធនធាមនុស្សជាអត្ថប្រយោជន៍នៃប្រទេសជាតិ។
(៨) ការពង្រឹងបរិមាណធនធានមនុស្ស និយាយពីឱកាសរៀនតាំងពីថ្នាក់បឋមដល់ឧត្តមសិក្សាគ្រប់ទីន្លែង
ការពង្រឹងធនធានមនុស្ស គឺត្រូវយកចិត្តទុកដាក់ទៅលើបរិមាណ និងគុណភាព … តើបរិមាណ ចង់និយាយអំពីអ្វី? បរិមាណ គឺនិយាយពីលទ្ធភាពដែលប្រជាពលរដ្ឋខ្មែរអាចរៀនតាំងពីថ្នាក់បឋម រហូតដល់ថ្នាក់ឧត្តមសិក្សា នៅគ្រប់ទីន្លែង … បរិមាណសំដៅទៅលើការបើកឱកាសឱ្យបានច្រើនដល់ប្រជាពលរដ្ឋ។ ក្នុងគោលដៅនេះហើយ ដែលយើងបានរុញបឋមសិក្សា មធ្យមសិក្សាទៅតាមបណ្ដាខេត្ត។ ថ្ងៃនេះ មានស្ត្រី ៨៨% ដែលទទួលសញ្ញាបត្រថ្នាក់ឧត្តមសិក្សា។ បើសិនជាប្អូនៗ គ្មានឱកាសរៀនពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១២ នៅមូលដ្ឋានទេ ប្រហែលជាក្នុង៨៨% ឬជាង ៣០០០នាក់ហ្នឹង ហោចណាស់ក៏ ៥០%ទៅ៧០% អាចនឹងមិនបានរៀនចប់វិទ្យាល័យទេ។ បើគ្មានវិទ្យាល័យតាមស្រុក ប្អូនៗ មិនងាយ(ធ្វើដំណើរមករៀនដល់ខេត្ត)ទេ។ ប្រុសៗ ទៅនៅវត្តបាន តែសំរាប់ស្រីៗ កុំថាទៅនៅវត្ត សូម្បីតែទៅផ្ទះបងប្អូន ម្ដាយឪពុកមិនងាយឱ្យចេញទៅដែរ។ ដោយសារមានការពង្រីកលទ្ធភាពបែបនេះហើយ ដែលធ្វើឱ្យប្អូនៗ(បានបញ្ចប់ការសិក្សាបរិញ្ញាបត្រ)។ ខ្ញុំមិនជឿថា ប្អូនៗមិនបានរៀនពីថ្នាក់ទី១ មកអង្គុយទទួលសញ្ញាបត្របរិញ្ញាបត្រទេ។ មានទេ? ក្រែងលោមានអ្នកណាកើតមកចេះស្រាប់ មិនបាច់រៀន ហើយឡើងមកដល់ចូលរៀនវិទ្យាស្ថានវ៉ាន់ដា …។
មួយទៀត ក្នុងកម្រិតឧត្តមសិក្សា បើសិនជាយើងមិនបើកឱ្យមានការចូលរួម(ពីវិស័យឯកជន ប្រជាពលរដ្ឋយើងក៏មិនមានឱកាសដែរ)។ ការពង្រីក(បរិមាណធនធានមនុស្ស) អាចធ្វើបានតាមពីរវិធី។ ទី១ យើងរុញការវិនិយោគសាធារណៈ កសាងសាលារដ្ឋ គ្រឹះស្ថានសាធារណៈឱ្យបានច្រើន។ ទី២ គឺបើកឱកាសឱ្យវិស័យឯកជនចូលរួម(កសាងសាលា ក៏ដូចជាផ្តល់សេវាសិក្សា) ព្រោះរដ្ឋមិនអាចធ្វើតែម្នាក់ឯងបានទេ។ វាក៏មិនហេតុផលដែលរដ្ឋត្រូវទៅផ្ដាច់មុខក្នុងការធ្វើរឿងនេះផង។ ក្នុងទសវត្សរ៍ទី៨០ រដ្ឋម្ចាស់ការ(ក្នុងវិស័យនេះ)។ ពេលនោះយើងខ្វះ(វិស័យឯកជនចូលរួម)។ ខ្ញុំតែងតែលើកថា ជំនាន់ខ្ញុំរៀននោះ ចេញពីប្រលងបាក់ឌូប្លិ៍ជាប់ហើយ ត្រូវទៅរៀនមួយឆ្នាំដើម្បីយកកៅអី។ រៀនត្រៀម ហើយប្រលងយកកៅអី ដោយសារមានកៅអីមិនគ្រប់ក្នុងសាកលវិទ្យាល័យនីមួយៗ។ ឥឡូវ ក្នុងទាំង ២៥រាជធានីខេត្ត យើងមានសាកលវិទ្យាល័យទាំងអស់។ កន្លែងខ្លះ ដែលជាស្រុកធំ ឈានទៅពង្រីកតាមស្រុកទៀត។ នេះជាឱកាសក្នុងការពង្រីកឱកាស និងសក្ដានុពល។
(៩) ការបង្កើនគុណភាពធនធានមនុស្សគឺបង្កើនកម្រិតសិក្សានិងពង្រឹងកម្មវិធីសិក្សា សមត្ថភាពគ្រូ វិធីសាស្ត្រ
ការបង្កើនគុណភាព … ទី១ និយាយពីកម្រិត។ បើសិនជាយើងរៀនត្រឹមតែថ្នាក់ទី ១០ ឬមួយត្រឹមអនុវិទ្យាល័យ យើងអត់មានវិទ្យាល័យ អញ្ចឹងគុណភាពធនធានមនុស្សរបស់យើងបានត្រឹមតែអនុវិទ្យាល័យហ្នឹងឯង។ បើសិនជាយើងដំឡើងកម្រិតថ្នាក់វិទ្យាល័យ ធនធានមនុស្សរបស់យើងអាចមានរៀនដល់ ១២ឆ្នាំ។ បើមានសាកលវិទ្យាល័យ អាចរៀនបន្ថែម។ ទី២ គឺពាក់ព័ន្ធនឹងការពង្រឹងកម្មវិធីសិក្សា គុណភាពគ្រូ វិធីសាស្រ្តបង្រៀន ការពាក់អីផ្សេងៗ ច្នៃប្រឌិត។ កន្លងទៅហ្នឹង ឃើញមានការច្នៃប្រឌិតសិក្សាតាមអនឡាញ។ ក្រសួងអប់រំបានអញ្ជើញខ្ញុំទៅចូលរួមកម្មវិធីមួយ ប្រកាសពីការប្រទាក់ក្រឡាគ្នាតាមអនឡាញរវាងសាកលវិទ្យាល័យមួយចំនួន។ សាកលវិទ្យាល័យនៅខេត្តមួយ អត់មានមុខជំនាញហ្នឹងទេ។ អញ្ចឹង បើសិស្សចង់រៀនមុខជំនាញហ្នឹង គាត់មានជម្រើសតែពីរទេ ទី១ មករៀននៅភ្នំពេញ និងទីពីរ រៀនមុខជំនាញអ្វីផ្សេងដែលមាននៅខេត្ត។ ដល់បានធ្វើការប្រទាក់ក្រឡាគ្នា គាត់អាចរៀនតាមរបៀប distance learning។ វិធីរៀនប្រទាក់ក្រឡាចែកធនធានគ្នាបែបនេះ (អាចធ្វើទៅបាន)ដោយមិនចាំបាច់សាលានីមួយៗ រកគ្រូជំនាញខ្លួនឯងទេ។ ពិតណាស់ថា វាទាមទារពេលវេលា និងដកពិសោធន៍ប៉ុន្តែនេះជាការច្នៃប្រឌិតមួយដើម្បីធានានូវគុណភាពនៃការអប់រំ។
(១០) ច្នៃប្រឌិតបំពេញឱ្យគ្នា ពង្រឹងជាជាងប្រកួតប្រជែង ដើម្បីសហការបណ្ដុះបណ្ដាលធនធានមនុស្សរួម
ខេត្តមួយនៅដាច់ស្រយាល។ គាត់ពិបាករកគ្រូទៅបង្រៀនមុខវិជ្ជាគណនី។ អញ្ចឹងបើគាត់ link ជាមួយវិទ្យាស្ថានវ៉ាន់ដា។ វ៉ាន់ដាមានគ្រូនៅទីនេះ។ ឥឡូវ ការរៀនតាមអនឡាញ និងរៀនក្នុងថ្នាក់ ភាគច្រើនស្រដៀងគ្នាទេ។ សំខាន់នៅលើសិស្ស។ ដូចពាក្យថា “រៀនដេក ឬដេករៀន”។ បើសិស្សយកចិត្តទុកដាក់ រៀនតាមអនឡាញក៏មិនខុសពីរៀនក្នុងថ្នាក់ដែរ។ កុំថារៀនក្នុងថ្នាក់ហ្នឹង(បាន)រៀននោះ។ កាលខ្ញុំរៀននៅអាមេរិក មិត្តភក្ដិម្នាក់ថាឱ្យតែទៅថ្នាក់ ដឹងតែនៅក្រោយ។ វាដេករហូត។ មិនមែនមានតែនៅយើងទេ។ នោះមកតែឧស្សាហ៍នៅដាច់យប់។ អញ្ចឹងអាស្រ័យលើសិស្ស។ ការបង្កើត ការប្រើប្រាស់បច្ចេកវិទ្យា ការត្រៀមលក្ខណៈ គឺធានាឱ្យយើងអាចបង្កើនគុណភាព និងលទ្ធភាពក្នុងការទទួលការអប់រំគ្រប់ទីកន្លែង ដោយមិនចាំបាច់សាលានីមួយៗ (រៀបចំកម្មវិធីដាច់ដោយឡែកតែឯងទាំងអស់នោះទេ)។ អញ្ចឹង ការផ្គុំគ្នា ច្នៃប្រឌិតបែបនេះ ឬហៅថា គំនិតនវានុវត្តន៍ អាចជួយពង្រឹងគ្នា ជាជាងប្រកួតប្រជែងគ្នា ទៅជាការសហការគ្នាជួយបណ្ដុះបណ្ដាលធនធានមនុស្សរួម។
(១១) ការពង្រីកគុណភាពពង្រឹងបរិមាណ ទាមទារធនធានគ្រូសិក្សាស្រាវជ្រាវនិងធ្វើទំនើបកម្ម កម្មវិធីសិក្សា
កន្លងទៅ យើងក៏មាន distance learning ដែរ ដែលអ្នកខ្លះយក PhD ពី Oxford ពី Cambridge ពីប្រទេសផ្សេងៗ។ រៀនប៉ុន្មានឆ្នាំអញ្ចឹងទៅ បានទៅណោះតែ ៦ខែអីចុងក្រោយ។ ការសិក្សារបៀបហ្នឹង មានយូរមកហើយ។ មានការធ្វើបែបហ្នឹងជាងមួយទសវត្សរ៍ហើយ តាមខ្ញុំចាំ។ កាលពីខ្ញុំរៀននៅឯនោះ ការច្នៃប្រឌិតក៏មានដែរ។ ការពង្រីកពង្រឹងគុណភាព និងបរិមាណ សំខាន់បំផុតគឺត្រូវការធនធានគ្រូ … គុណភាពអប់រំអាស្រ័យលើគុណភាពគ្រូ សាស្រ្តាចារ្យដែលបង្រៀន។ ទោះបីជាយើងមានឧបករណ៍ទំនើបយ៉ាងម៉េចក៏ដោយ បើសិនជាគ្រូ ឬសាស្រ្តាចារ្យមិនចេះប្រើ ក៏មិនដឹងបង្រៀនយ៉ាងម៉េច។ យើងចង់ដាក់ distance learning ក៏ដោយ ឬមួយរៀននៅថ្នាក់ បើសិនជាកម្រិតគ្រូបង្រៀនតែឯកសារ(កាលពី) ១០ឆ្នាំ ២០ឆ្នាំហើយ ជំនាញយើងនៅតែ ១០ឆ្នាំ ២០ឆ្នាំមុនអញ្ចឹង។ អត់ទាន់គេទេ។ អញ្ចឹង ទាមទារនូវការស្រាវជ្រាវ ទំនើបកម្ម កម្មវិធីថ្មីដែលសាលាបង្កលក្ខណ
ៈឱ្យ ដើម្បីទៅរួច ព្រោះសម័យនេះ សម័យឌីជីថល ហើយធ្វើសកម្មភាពតាមឌីជីថល គឺត្រូវកែសម្រួល។ សូម្បីតែខាងពន្ធដារ ខាងគយក៏ធ្វើទំនើបកម្មស្តង់ដារជាប្រចាំ ហើយកែសម្រួល និងកាត់បន្ថយនីតិវិធីច្រើន។ ពេលខ្លះ ការធានាគណនីយភាព ដាក់លក្ខខណ្ឌច្រើនជាជំហានដើម្បីធានាគណនេយ្យយភាព។
(១២) នីតិវិធីការងារអប់រំ គឺធ្វើទំនើបកម្ម ធ្វើបច្ចុប្បន្នភាព និងស្រាវជ្រាវជាប្រចាំ
គេតែងនិយាយថា រដ្ឋាភិបាល (មិនថាតែកម្ពុជា ឬប្រទេសណាទេ) មានការិយាធិបតេយ្យ ឬbureaucracy នេះ ច្រើនតង់ ដើម្បីធានាការត្រួតពិនិត្យតគ្នា។ ពេលខ្លះ វាធ្វើឱ្យច្បាស់ ប៉ុន្តែវាធ្វើអោយយឺត។ ឥឡូវយើងបង្រួមនីតិវិធីមួយចំនួន ប៉ុន្តែត្រួតពិនិត្យឱ្យច្បាស់តាមការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។ ម្សិលមិញ ខ្ញុំទៅមើល គ្រាន់តែអាវមួយខោមួយ ម៉ាស៊ីន robot បត់។ អញ្ចឹងបើ robot បត់ ជាមួយនឹងមនុស្សបត់ ក្នុងមួយពាន់ខោ ស្តង់ដា robot បត់ ប្រហែលជាសុក្រឹតដូចមនុស្សបត់មួយពាន់ខោដូចគ្នា។ ជឿទេ? សូម្បីតែស៊ីញ៉េ, មានម្ដងនោះ ឯកសារដែលបានបញ្ជូនទៅ ត្រូវបានបញ្ជូនមកវិញថា ស៊ីញ៉េមិនដូច ក្រែងមានការក្លែងបន្លំ។ ខ្ញុំស៊ីញ៉េខ្លួនឯង ប៉ុន្តែថ្ងៃខ្លះ វាធ្លាក់ដៃ។ (ដើម្បី)ប្រាកដប្រជាដែរ ផ្នែកពាក់ព័ន្ធក៏បញ្ជូនមកវិញ។ សូមឆែកមើលស៊ីញ៉េរបស់បងឬមិនមែន។ តែបើសិនជាត្រា ឬមួយក៏ម៉ាស៊ីន ចេញមកដូចគ្នាទាំងអស់ អត់មានខុសមួយមីក្រូមីល្លីម៉ែត្រទេ។ មិនបាច់ចាំដល់១មីល្លីម៉ែត្រផង។ អញ្ចឹងការធ្វើទំនើបកម្មជាប្រចាំឯកសារ ក្នុងនីតិវិធីការងាររដ្ឋ ក៏មិនខុសពីក្នុងការអប់រំ គឺត្រូវធ្វើទំនើបកម្ម ធ្វើបច្ចុប្បន្នភាព និងខិតខំស្រាវជ្រាវជាប្រចាំ។ នោះទើបយើងអាចធ្វើការងារបាន។ ជួនកាល សូម្បីតែស្តង់ដាគណនេយ្យដែលយើងរៀន គេឈប់ប្រើ ១០ឆ្នាំហើយ។ ស្រាប់តែក្រុមហ៊ុនបរទេសមួយហៅយើងទៅធ្វើការ ហើយគេប្រើគណនេយ្យមួយថ្មី។ គេថាទទួលមិនបាន ត្បិតស្តង់ដាហ្នឹងគេឈប់ប្រើ ១០ឆ្នាំមកហើយ។ ប្រព័ន្ធគណនេយ្យក៏មាន។ សូម្បីតែក្នុងរដ្ឋក៏អញ្ចឹងដែរ។ យើងផ្គុំគ្នារវាងប្រព័ន្ធ FIS (Financial Information System) ប្រព័ន្ធ Single Account ជាដើម។ បើយើងធ្វើមិនបានទេ យើងនឹងពិបាក។
(១៣) កំណើនសិស្សមធ្យមសិក្សាទូទាំងប្រទេស ចង្អុលបង្ហាញពីកំណើនសេចក្តីត្រូវការអគារ និងគ្រូ
យើងត្រូវតែធ្វើនវានុវត្តន៍ ធានាគុណភាពគ្រូ និងបរិមាណគ្រូ គ្រប់ថ្នាក់ជាការចាំបាច់។ ក្នុងឱកាសបិទសន្និបាតក្រសួងអប់រំ ខ្ញុំបាននិយាយពីការចាំបាច់ធានាបរិមាណគ្រូ ក្នុងនោះ វិធីសាស្រ្តឆ្លើយតប ដោះស្រាយបញ្ហាបំពេញគ្រូវិទ្យាល័យ ថ្នាក់មធ្យមសិក្សា សូមឲ្យពិចារណារៀបចំកុងត្រារយៈពេលខ្លីសម្រាប់លោក/អ្នកគ្រូដែលមានគុណវុឌ្ឍិខ្ពស់ បទពិសោធគ្រូល្អ និងដែលគាត់នៅមានឆន្ទៈអាចបំពេញការងារនៅកន្លែងខ្វះគ្រូ។ ពេលដែលខ្ញុំលើកចំណុចនេះឡើង បងប្អូនមួយចំនួនបានលើកជាមតិពីកង្វល់ថា បើសិនយើងធ្វើបែបនេះ យើងប្រហែលជាអាចបន្ថយឱកាសសម្រាប់លោក/អ្នកគ្រូក្មេងៗ។ ខ្ញុំសូមបញ្ជាក់។ វាផ្អែកទៅលើទិដ្ឋភាពជាក់ស្ដែង។ ខ្ញុំបានបញ្ជាក់ច្បាស់ណាស់គឺកន្លែងដែលខ្វះគ្រូ។ បច្ចុប្បន្ន ការរៀនសូត្ររបស់សិស្សបានកើនឡើង។ ថ្ងៃមុន ខ្ញុំមើលរបាយការណ៍របស់ក្រសួងអប់រំ។
ក្នុងរយៈពេល ១០ឆ្នាំនេះ សិស្សរៀនមធ្យមសិក្សាទូទាំងប្រទេសបានកើនប្រមាណពី ៣០ឬ៤០ម៉ឺន ទៅ ៥០ម៉ឺននាក់។ នេះបានន័យថា មួយកន្លែងៗ ទូទាំងប្រទេស មានកំណើនធៀបនឹង១០ឆ្នាំមុន។ ដូចគ្នា តម្រូវការអគារ តម្រូវការគ្រូ ក៏កាន់តែកើន។ ហេតុនេះហើយបានយើងត្រូវដោះស្រាយ។ ដោយយើងមិនអាចធ្វើវិទ្យាល័យបន្ថែមនៅកន្លែងឆ្ងាយ យើងក៏ដំឡើងអគារនៅហ្នឹងកន្លែង កុំឲ្យសិស្សពិបាកធ្វើដំណើរ។ កន្លែងខ្លះ ដោយសារតែចម្ងាយឆ្ងាយនេះហើយ បានជាមានសិស្សបោះបង់ការសិក្សា។ ឧបមាថា អនុវិទ្យាល័យនៅហ្នឹង ដល់ពេលវិទ្យាល័យ(ត្រូវ)ទៅ ២០ឬ៣០គីឡូម៉ែត្រពីគ្នា បើយើងអត់មានដី ឬគ្រូគ្រប់ ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធ (វានឹងកើតជាការប្រឈមច្រើន)។ ពេលខ្លះយើងដំឡើងនៅហ្នឹងកន្លែង ដោះស្រាយកុំឲ្យសិស្សពិបាកដើរ។
(១៤) អនុក្រឹត្យ៣០៩ បើកច្រកឲ្យរដ្ឋាភិបាលទទួលគ្រូកិច្ចសន្យាតាមការចាំបាច់
ថ្ងៃមុន នៅគូលែន នៅអន្លង់ធំ សិស្សត្រូវរៀននៅវិទ្យាល័យទីរួមខេត្ត ឬនៅស្វាយលើ ដែលនៅចម្ងាយជិត២០គីឡូម៉ែត្រ។ សិស្សមួយចំនួនមិនអាចទៅបាន សិស្សមួយចំនួនទៀតអាចទៅបាន ហើយជួលផ្ទះគេនៅក្បែរនោះស្នាក់។ ឃើញដូចនេះ ខ្ញុំបានសម្រេចឲ្យខិតខំដោះស្រាយរៀបចំវិទ្យាល័យមួយនៅហ្នឹងកន្លែង។ ប៉ុន្តែ បញ្ហាប្រឈមនៅតែមានដដែល គឺអត់គ្រូ។ គ្រូនៅបឋមសិក្សា យើងងាយបំពេញ ដោយសារមិនទាមទារកម្រិតគុណវុឌ្ឍិខ្ពស់។ ដោយឡែក ការបំពេញគ្រូថ្នាក់មធ្យមសិក្សាមានការលំបាក។ កំណើនសិស្សកើន ត្រូវការគ្រូបន្ថែម។ អ្វីដែលសំខាន់ ក្នុងមួយឆ្នាំៗ យើងក៏មានគ្រូត្រូវចូលនិវត្តន៍ យើងមានគ្រូដែលផ្ទេរចេញ មានគ្រូខ្លះដែលប្ដូរអាជីព ឈប់ធ្វើគ្រូ គ្រូខ្លះក៏ទទួលមរណភាព និងបាត់បង់សមត្ថភាពការងារ។ យើងត្រូវរកវិធីដោះស្រាយបំពេញបន្ថែម។ យើងមានអនុក្រឹត្យ៣០៩ ឆ្នាំ ២០១៤ បើកច្រកឲ្យរដ្ឋាភិបាលពិនិត្យមើលគ្រូកិច្ចសន្យាមួយចំនួនតាមការចាំបាច់ សំរាប់រយៈពេលខ្លីមួយឆ្នាំម្ដង ជាពិសេសថ្នាក់បឋមសិក្សា។ ខ្ញុំបានឲ្យពិនិត្យនិងបង្កើនកិច្ចសន្យាឲ្យដល់ ២ឆ្នាំ ព្រោះការធ្វើកិច្ចសន្យាមួយឆ្នាំម្ដង លំបាកក្នុងការរៀបបៀវត្សរ៍របស់គាត់ ជាពិសេស គ្រូបឋមគ្រូមធ្យមតាមជនបទ ដែលធ្វើឱ្យប្រាក់បៀវត្សយឺត។ ហើយការធ្វើ ២ឆ្នាំម្តងនេះ មិនមែន ២ឆ្នាំហើយចប់ទេ។ បើសិនជាគាត់នៅអាចធ្វើការបាន ដោយមិនមានបញ្ហាអី (ក៏អាចបន្តទៅទៀត តែក៏)អាចបញ្ឈប់ពេលណាក៏បានដែរ គ្រាន់តែថាកុំឲ្យមានការលំបាក(ដល់ការរៀបចំប្រាក់បៀវត្ស)។
(១៥) លក្ខខណ្ឌសំរាប់រើសគ្រូកិច្ចសន្យា គឺបំពេញសេចក្តីត្រូវការគ្រូ តាមនិយាមនិងលក្ខខណ្ឌក្រសួងអប់រំ
អំពីរឿងដែលភាគច្រើនបារម្ភពីគ្រូវិទ្យាល័យ គ្រូអនុវិទ្យាល័យ (ក្មេងៗ)ដែលថាអាចបាត់បង់(ឱកាស ដោយសារតែអនុញ្ញាតអោយមានគ្រូកិច្ចសន្យា)។ សុំបញ្ជាក់ លក្ខខណ្ឌដែលខ្ញុំឲ្យមានគ្រូកិច្ចសន្យាគឺ ទី១ ត្រូវកំណត់ឲ្យច្បាស់ថាបំពេញតែកន្លែងដែលខ្វះគ្រូពិតប្រាកដ។ ត្រូវមានការជ្រើសរើសដែលមានកំណត់តាមនិយាម និងលក្ខខណ្ឌច្បាស់លាស់ពីក្រសួងអប់រំ។ កន្លែងដែលខ្វះគ្រូពិតប្រាកដនៅកន្លែងណា? នៅក្នុងក្រុងមិនខ្វះទេ នៅជាយក្រុងមានបញ្ហាខ្លះ។ គ្រូបឋមដែលយើងយកបំពេញមិនសូវត្រូវការគុណវុឌ្ឍិខ្ពស់ទេ។ គ្រូមធ្យមត្រូវការខ្ពស់។ កន្លងទៅ មានសាលាខ្លះបានកុងត្រាជាមួយនិស្សិតបរិញ្ញាបត្រមួយចំនួនដែលមានសមត្ថភាព … ប៉ុន្តែ ភាគច្រើនបំពេញបានតែនៅក្នុងក្រុងនិងនៅទីប្រជុំជន។ សម្រាប់តាមជនបទឆ្ងាយៗ កន្លែងខ្លះ ពេលលោក/អ្នកគ្រូចូលនិវត្តន៍ លោក/អ្នកគ្រូពិបាករកអ្នកបំពេញបន្ថែមដោយសារកត្តាផ្សេងៗ។ ខ្ញុំបានឲ្យគោលការណ៍ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ គិតគូរដោះស្រាយការលំបាកសម្រាប់គ្រូដែលបញ្ជូនទៅ។ រាជរដ្ឋាភិបាលកាលពីជំនាន់សម្ដេចតេជោ ក៏បានខិតខំច្រើន។ យើងបានដំឡើងកញ្ចប់(បុព្វលាភគ្រូ)បន្ថែមទៅដល់គ្រូជនបទ កសាងផ្ទះសម្រាប់គ្រូស្នាក់នៅតាមវិទ្យាល័យផ្សេងៗ តែនៅតែមិនទាន់គ្រប់។ ទោះជាយ៉ាងណាក៏យើងនឹងខិតខំ។
(១៦) ឬមួយបញ្ជូនគ្រូថ្មីទៅបំពេញ ឬមួយផ្គុំសិស្សចូលគ្នា បើពុំនោះទេ រកគ្រូកិច្ចសន្យានៅហ្នឹងកន្លែង
ចំណោទមានតែ២ ទេ។ បើសិនជានៅស្រុកមួយរាងឆ្ងាយ ដូចជានៅមណ្ឌលគិរី លោកគ្រូជីវវិទ្យាមួយសាលាថាមានពីរនាក់ទៅចុះ។ បើសិនជាមានលោកគ្រូមួយចូលនិវត្តន៍ សិស្សប៉ុន្មានរយនាក់(ត្រូវអត់មានគ្រូ)។ ជម្រើសយើងមានតែ ២ទេ។ ជម្រើសទី១ ល្អបំផុតគឺបញ្ជូនលោកគ្រូក្មេងទៅដើម្បីបំពេញជំនួស។ បើសិនជាបំពេញមិនបាន មិនទាន់ពេល ក្នុងដំណាក់កាលអន្តរកាលនេះ យើងសល់តែជម្រើសមួយទៀតទេ គឺសិស្សទាំងអស់ត្រូវមកផ្គុំគ្នារៀនជាមួយគ្រូម្នាក់ទៀតដែលនៅសល់។ អញ្ចឹង មួយថ្នាក់ឡើងពី ៤០ជាងមក ៦០ទៅ៧០នាក់ហើយ។ ត្រូវធានាគុណភាពសិក្សា។ បើសិនជាគ្រូថ្មីក៏មិនទាន់បញ្ជូនទៅបាន លោកគ្រូចាស់មានពីរនៅសល់តែមួយ សិស្សត្រូវបង្កើនចំនួន(ក្នុងថ្នាក់) ថយគុណភាព(បង្រៀននិងរៀន) យើងប្រហែលជាគ្មានជម្រើស។ មានតែត្រូវដោះស្រាយចំពោះមុខរយៈពេលខ្លី គឺ(ជម្រើសទី២)បើកច្រកដើម្បីរកគ្រូកិច្ចសន្យានៅហ្នឹងកន្លែង រួមទាំងលោកគ្រូដែលចូលនិវត្តន៍ផងដើម្បីឱ្យបន្ត(ចីរភាពសិក្សា)។ រឿងនេះមិនមែនរឿងថ្មីទេ។ កន្លែងខ្លះ សាលាខ្លះបានម្ចាស់ការជាមួយមាតាបិតាអញ្ជើញលោក/អ្នកគ្រូចូលនិវត្តន៍មកបង្រៀនវិញទៅហើយ។
(១៧) រើសគ្រូកិច្ចសន្យា បំពេញការងារបណ្ដោះអាសន្ន រយៈពេលខ្លី រហូតមានគ្រូក្របខណ្ឌថ្មីគ្រប់គ្រាន់
ថ្ងៃមុន ឃើញផ្ទុះរឿងមួយនៅក្នុង Facebook ដែលថា ហេតុអ្វីបានជាមិនទាន់ឲ្យប្រាក់ខែគ្រូ ដែលឪពុកម្ដាយបានសុំឲ្យមកបង្រៀននៅវិទ្យាល័យណាមួយ ខណៈគ្រូចូលនិវត្តន៍ចូលមកបង្រៀនវិញ។ ឪពុកម្ដាយគិតថាត្រូវបំពេញ(បរិមាណគ្រូ)ក្នុងដំណាក់កាលអន្តរកាល។ នៅពេលដែលក្នុងចន្លោះពេលនោះ ក្រសួងអាចរៀបចំគ្រូបញ្ជូនមកបាន។ ក្រសួងបានខិតខំបញ្ជូនគ្រូ រាប់ពាន់នាក់ ក្នុង២ឆ្នាំនេះ។ យើងបានរើសគ្រូដូចជា ២ពាន់នាក់ជាង ក្នុងឆ្នាំ២០២៣ ហើយបណ្ដុះបណ្ដាលបន្ត។ តែការបណ្ដុះបណ្ដាលគ្រូយូរ ជាពិសេសគ្រូវិទ្យាល័យដែលគុណវុឌ្ឍិកាន់តែខ្ពស់។ យើងត្រូវការ១២ បូក៤។ ប្រឡងជាប់គ្រូហើយត្រូវរៀន ៤ឆ្នាំទៀត។ មន្រ្តីផ្សេងប្រឡងជាប់ ចូលទៅធ្វើកម្មសិក្សា ១ឆ្នាំ ទើបតាំងស៊ប់។ សំរាប់គ្រូមិនដូចនោះទេ។ ប្រឡងជាប់ហើយ ត្រូវទៅរៀនគរុកោសល្យ៤ឆ្នាំ … ក្នុងចន្លោះពេលនេះ ត្រូវបំពេញបន្ថែមដោយគ្រូមានក្របខ័ណ្ឌ។ អញ្ចឹងហើយបានជាបើកច្រកសម្រាប់យើងធ្វើការបំពេញបន្ថែមតាមរយៈ
កុងត្រារយៈពេលខ្លី។
ខ្ញុំសូមបញ្ជាក់ទៅវិញពីការព្រួយបារម្ភខាងលើ។ ខ្ញុំទទួលនូវអ្វីដែលបងប្អូនបានលើក។ ប៉ុន្តែ ផ្អែកទៅលើតថភាពជាក់ស្ដែង យើងត្រូវច្នៃប្រឌិតក្នុងការបើកច្រក កុំឲ្យងាប់ក្រឡា ដោយភាពបត់បែន ដោយយើងមានអនុក្រឹត្យឆ្នាំ២០១៤។ ប៉ុន្តែ ភាគច្រើនយើងបំពេញតែគ្រូបឋម។ សំរាប់គ្រូមតេ្តយ្យមានតិចតួច។ តែថ្នាក់មធ្យមនេះ គឺឲ្យគិតគូរបែបនេះ។ បើមិនអញ្ចឹងទេ យើងនឹងប្រឈម។ ខ្ញុំសូមឲ្យគោលការណ៍ឲ្យច្បាស់។ ខ្ញុំបញ្ជាក់ជាថ្មី។ សូម្បីនៅក្នុងសុន្ទរកថាក៏បានបញ្ជាក់ហើយដែរ។ ខ្ញុំឲ្យបំពេញតែកន្លែងខ្វះ ហើយមានការវាយតម្លៃលើជំនាញពិតប្រាកដ។ បើខ្វះគ្រូជីវវិទ្យា ហើយលើសគ្រូគណិតវិទ្យា កុំយកគ្រូគណិតវិទ្យាមកទៀត។ កុំឲ្យគ្រូគណិតវិទ្យាទៅបង្រៀនជីវវិទ្យាមិនបានទេ។ យើងទុកលោក/អ្នកគ្រូជីវវិទ្យាបង្រៀនជីវវិទ្យា។ បើគ្រូរូបវិទ្យា យើងឲ្យអាទិភាពទៅលើជំនាញរូបវិទ្យានៅកន្លែងដែលខ្វះពិតប្រាកដ។ នេះជាការងារបណ្ដោះអាសន្នរយៈពេលខ្លី រហូតដល់យើងអាចបំពេញលក្ខខណ្ឌគ្រូថ្មីចូលបាន យើងនឹងមិនបន្តទៀតទេ។ សុខភាពក៏ត្រូវតែមាំមួននិងសកម្ម មិនអាចដោយសារតែមនោសញ្ចេតនានោះដែរ …។
ជាមួយគ្នា គ្រូកិច្ចសន្យាចូលត្រូវនៅក្រៅប្រអប់ សិទ្ធិនិងការទទួលខុសត្រូវ មិនដូចគ្រូក្នុងក្របខ័ណ្ឌនោះទេ។ ការងារហ្នឹងទុកឲ្យក្រសួងធ្វើការចុះ។ ខ្ញុំសូមបញ្ជាក់ថា ការបារម្ភដែលថា យើងឲ្យគ្រូដល់អាយុចូលនិវត្តន៍ មានសិទ្ធិចូលមកវិញគ្រប់កន្លែងគ្រប់ជំនាញ ដោយមិនមានការគិតច្បាស់លាស់នោះ គឺមិនដូចគិតនោះទេ។ ត្រូវមាននិយាម និងលក្ខខណ្ឌច្បាស់លាស់ ហើយបំពេញតែកន្លែងលំបាក … ខ្ញុំមិនមែនមើលតែរបាយការណ៍ទេ។ ខ្ញុំបានចុះទៅផ្ទាល់ ជួបនឹងកន្លែងជនបទ។ ឃើញកង្វះគ្រូថ្នាក់វិទ្យាល័យនៅតាមមូលដ្ឋាន ដែលពិបាកក្នុងការបំពេញ។ អញ្ចឹង តើយើងទទួលខុសត្រូវចំពោះអ្នកណា? យើងត្រូវទទួលខុសត្រូវធំជាងគេគឺសិស្ស អនាគតរបស់ក្មេងៗ។ អញ្ចឹងត្រូវរើសឲ្យត្រឹមត្រូវ។ បើយើងយកវិធីអនុវត្តតាមតែណាមួយ គ្រូចូលនិវត្តន៍ត្រូវតែឈប់ គ្រូថ្មីត្រូវមកចូលថ្មីបាន។ បើសិនលក្ខខណ្ឌល្អឥតខ្ចោះ បានន័យថាមានគ្រូសម្រាប់ចូលមកបំពេញទាន់ពេល។ យើងមិនចាំបាច់យកគ្រូចូលនិវត្តន៍មកបំពេញទេ។ បើមានធនធានផ្សេងទៀត ដែលអាចមានគុណវុឌ្ឍិ ដូចជានៅភ្នំពេញ នៅខេត្តមួយចំនួន មាននិស្សិតបរិញ្ញាបត្រជំនាញ គាត់អាចទៅបង្រៀនបាន យើងអាចធ្វើកិច្ចសន្យាគ្រូក្មេងៗ បាន។
(១៨) ត្រូវចាត់ទុកគ្រូចូលនិវត្តន៍ជាធនធានមនុស្ស អាចជួយក្នុងដំណាក់កាលអន្តរកាល
តែនៅតាមបណ្តាខេត្ត/ស្រុកឆ្ងាយៗ គ្រូចូលនិវត្តន៍ហើយ ត្រូវគិតថាគាត់ជាធនធានមនុស្ស កុំគិតថាគាត់ជាគ្រូរឺត្រែត។ (គិតគាត់ថា)ជាធនធានមួយដែលយើងអាចដោះស្រាយជាបណ្ដោះអាសន្នក្នុងដំណាក់កាលអន្តរកាល។ បើមាននិស្សិតក្មេងគ្រូក្មេង ដែលគាត់ទៅនៅទីនោះ មានជំនាញ ក៏យើងអាចកុងត្រាជាមួយគាត់ … យើងមិនរើសអើងទេ។ ប៉ុន្តែ ក្នុងដំណាក់កាលដែលអត់មានជម្រើសផ្សេងទៀតក្នុងរយៈពេលខ្លី ទោះបីជាចូលនិវត្តន៍ ឱ្យតែនៅមានឆន្ទៈ មានបទពិសោធគ្រូល្អ មានគុណវុឌ្ឍិ មានសីលធម៌ គុណធម៌ជាគ្រូគំរូ យើងត្រូវបើកច្រកឲ្យចូល។ មិនកំណត់ថាបិទសិទ្ធិ ឬឱកាសសម្រាប់គ្រូថ្មីនោះទេ។ ត្រូវគិតថាជាការជួយគ្នាទៅវិញទៅមក ដើម្បីបំពេញកង្វះខាត។ ក្រសួងបន្ដកសាងមូលធនមនុស្ស គ្រូក្របខណ្ឌ បូករួមនឹងរករូបមន្ដផ្សេងៗ ក្នុងការធានាឲ្យការអប់រំបានប្រកបដោយគុណភាព។ យើងត្រូវទទួលខុសត្រូវជាមួយប្រជាពលរដ្ឋ ជាមួយក្មួយៗ ត្រូវធ្វើម៉េច(ផ្ដល់)លទ្ធភាពឲ្យគាត់រៀនបានកាន់តែជិតផ្ទះ កាន់តែល្អ។ ពីមុនទាល់តែមកស្នាក់នៅវត្ដ ដូចសម្ដេចតេជោ។ ឥឡូវ(សាលា)រៀនដល់ស្រុកដល់អីហើយ។ តែកន្លែងខ្លះក៏នៅឆ្ងាយដែរ។
យើងខិតខំកសាងសាលាបន្ដ ខិតខំកសាងគ្រូទៀត ដើម្បីដោះស្រាយបញ្ហានេះ។ ខ្ញុំសូមឲ្យមានយោគយល់ និងយល់ថាអ្វី ដែលខ្ញុំបានលើកគឺផ្អែកទៅលើមូលដ្ឋានជាក់ស្ដែងនិយម មិនមែនត្រឹមតែទ្រឹស្ដី ឬការគិតគូរ(ដោយ)អ្នកណាលើកយោបល់ឲ្យខ្ញុំទេ។ មានការលើកយោបល់ ប៉ុន្ដែវាផ្គុំជាមួយបទពិសោធន៍ដែលខ្ញុំបានចុះទៅសិក្សាផ្ទាល់ … ខ្ញុំចុះគ្រប់កន្លែង ទៅដល់កន្លែងសាលាឆ្ងាយ កន្លែងខ្លះមានអគារប៉ុន្ដែខ្វះគ្រូ។ កន្លែងខ្លះ គ្រូគណិត ប៉ុន្ដែត្រូវទៅជួយបង្រៀនរូបវិទ្យា បន្ថែមទៅលើអ្វីដែលគាត់ធ្វើ ដោយសារមានការប្រឈមនឹងកំណើនសិស្ស។ ក្នុង ១០ ឆ្នាំនេះ ពីមុនយើងមានតែខ្ទង់ ២០ម៉ឺននាក់ទេ ឥឡូវឡើង ៥០ទៅ ៦០ទៅ ៧០ម៉ឺននាក់។ ពី ១០ជាងឆ្នំាមុន ថ្នាក់វិទ្យាល័យ អនុវិទ្យាល័យមានតែជាង ២០ម៉ឺនជាងនាក់ ឥឡូវឡើងដល់ប៉ុណ្ណឹង។ ជាង ១០ឆ្នាំនេះ មានការកើន ដោយសារយើងពង្រីកនៅហ្នឹងកន្លែងផង។ ពីមុនយើងអត់មាន(អនុវិទ្យាល័យនិងវិទ្យាល័យ) នៅហ្នឹងកន្លែង សិស្សបោះបង់(ចោលការសិក្សា)។ ឥឡូវ យើងពង្រីកពីបឋមទៅអនុវិទ្យាល័យនៅហ្នឹងកន្លែង គាត់អាចរៀនបន្ដបាន។ កន្លែងខ្លះ យើងតម្លើងទៅជាវិទ្យាល័យ …។
(១៩) ក្រសួងអប់រំកំណត់និយាមនិងលក្ខខណ្ឌចូលរួមតាមដានការរើសគ្រូកិច្ចសន្យាថ្នាក់មធ្យម
ខ្ញុំសូមយកឱកាសនេះដើម្បីបញ្ជាក់បន្ថែម ជាពិសេសលោកគ្រូអ្នកគ្រូ ឬមួយនិស្សិតដែលចប់(ការសិក្សា)ពីទីនេះ ហើយចង់ក្លាយជាគ្រូ។ (យើង)អត់មានហាមឃាត់ទេ អត់មានបិទទេ។ យើងបំពេញតែកន្លែងដែលលំបាក កន្លែងដែលខ្វះ(គ្រូ)។ បើសិនបើរកគ្រូក្មេងមិនបានក្នុងដំណាក់កាលនេះ គឺយើងឲ្យគ្រូចូលនិវត្ដន៍នេះឯង (ចូលមកបំពេញតម្រូវការបណ្តោះអាសន្ន)។ ខ្ញុំបានឲ្យក្រសួងអប់រំកំណត់និយាមនិងលក្ខខណ្ឌឲ្យបានច្បាស់លាស់ ចូលរួម និងតាមដានការរើសគ្រូកិច្ចសន្យាថ្នាក់មធ្យមជំនាញកំរិតណាមួយ ភាគច្រើនថ្នាក់បឋមនៅមូលដ្ឋាន (ថ្នាក់)ខេត្តអី រើសតាមនិយាមរបស់មន្ទីរប៉ុន្ដែថ្នាក់មធ្យម (ត្រូវមានការចូលរួមពីក្រសួង) ព្រោះ(ចំនួនមាន)តិចជាងការបំពេញគ្រូនៅថ្នាក់បឋមទេ។ ថ្នាក់ក្រោមក៏ត្រូវមាននិយាមច្បាស់លាស់ដែរ។ (ហេតុម្តេច)បានខ្ញុំនិយាយអញ្ចឹង។ មូលដ្ឋានធំបំផុតនៃការសិក្សាគឺនៅថ្នាក់បឋមហ្នឹងឯង។ តែមានសិស្សរៀនខ្លាំង រៀនគ្រាន់បើ រៀនរឹងមាំ ទម្លាប់និងឥរិយាបថពីថ្នាក់បឋមរឹងមាំ ដល់មធ្យម គឺល្អហើយ … ខ្ញុំសូមយកឱកាសនេះបញ្ជាក់ក្នុងគោលការណ៍ដែលបើកច្រកឲ្យពិចារណាកិច្ចសន្យាគ្រូចូលនិវត្តន៍តាមជំនាញដែលចាំបាច់ សំរាប់គ្រូដែលមានឆន្ទៈ សុខភាពល្អ គុណវុឌ្ឍិ គុណសម្បត្ដិល្អ នៅតាមកន្លែងដែលខ្វះ ជាពិសេសនៅតាមទីជនបទ នៅថ្នាក់អនុវិទ្យាល័យ វិទ្យាល័យ គឺសំរាប់បំពេញនៅកន្លែងដែលខ្វះ ក្នុងពេលដែលខ្វះ ដែលយើងមិនអាចបំពេញបាន ក្នុងពេលជាមួយគ្នា ខិតខំរកគ្រូថ្មីទៅជំនួសដើម្បីធានានិរន្ដរ៍ភាពនៃការងារ។ យើងទទួលខុសត្រូវចំពោះអនាគតរបស់សិស្សនីមួយៗ …។
[ចប់សេចក្ដីអធិប្បាយ៤]
ជាការពិត ការខិតខំកសាងសមត្ថភាព កសាងជីវភាព និង កសាងសេដ្ឋកិច្ចផ្ទាល់ខ្លួន របស់ពលរដ្ឋម្នាក់ៗ គឺជាការចូលរួមចំណែកដ៏សំខាន់រួចទៅហើយ សម្រាប់ការអភិវឌ្ឍជាតិ និងការពារជាតិ ។ បើសមត្ថភាពយើងខ្សោយ យើងមិនអាចចូលរួមអភិវឌ្ឍជាតិ និងការពារជាតិ ដោយលក្ខណៈស្ថាបនាបានឡើយ ផ្ទុយទៅវិញ យើងអាចប្រែក្លាយខ្លួនយើង ទៅជាបន្ទុករបស់សង្គមទៅវិញ ក៏ថាបាន ។ រាជរដ្ឋាភិបាលមានកាតព្វកិច្ចបង្កើនឱកាសទីផ្សារ បង្កើនឱកាសការងារ ជំរុញកំណើនសេដ្ឋកិច្ច ប៉ុន្តែ រាជរដ្ឋាភិបាលមិនអាចទៅរៀនជំនួស ឬ ធ្វើការជំនួសយុវជននោះឡើយ ។ យុវជនមានកាតព្វកិច្ច ពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និង ខិតខំចាប់យកឱកាស ដែលរាជរដ្ឋាភិបាលបានបង្កើត និង ផ្តល់ជូន ។ ខ្ញុំនៅតែលើកជានិច្ចនូវគំនិតដែលត្រឹមត្រូវគ្រប់សម័យរបស់អតីតប្រធានាធិបតីអាមេរិក ចន អេហ្វ ខេណេឌី នៅឆ្នាំ ១៩៦១ ដែលបានលើកឡើងថា “សូមកុំសួរថា ប្រទេសរបស់អ្នក ផ្តល់អ្វីខ្លះដល់អ្នក ។ ត្រូវសួរថា តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីប្រទេសរបស់ខ្លួន?” ។ នេះ គឺជាការបណ្តុះស្មារតីស្នេហាជាតិ តាមរយៈការចូលរួម ដោយលក្ខណៈស្ថាបនា និង មានការទទួលខុសត្រូវរៀងៗខ្លួន ។
ចាប់ពីពេលនេះតទៅ ប្អូនៗនឹងក្លាយជាអ្នកជំនាញ ដែលនឹងត្រូវចូលរួមបំពេញការងារជាក់ស្តែងនៅក្នុងសង្គម ។ រាជរដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំថា ប្អូនៗនឹងយកចំណេះដឹងដែលទទួលបានពីការសិក្សាទៅអនុវត្តការងារ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែងតាមវិស័យ នីមួយៗ អាចជាការងារក្នុងស្ថាប័នរដ្ឋ ការងារក្នុងវិស័យឯកជន ឬ អង្គការជាតិ និងអន្តរជាតិ ឬស្វ័យនិយោជន៍ ។ នៅពេលនោះហើយ ដែលប្អូនៗនឹងយល់ដឹងកាន់តែច្បាស់ថា ចំណេះដឹងទទួលបានក្នុងពេលសិក្សាចាំបាច់ត្រូវគួបផ្សំជាមួយបទពិសោធទទួលបានពីការអនុវត្តជាក់ស្តែង រួមទាំងគំនិតច្នៃប្រឌិតជាច្រើនទៀត ស្របតាមស្ថានភាព និង កាលៈទេសៈ នៃការងារនោះ ។
ខ្ញុំសង្ឃឹម និង ជឿជាក់យ៉ាងមុតមាំថា ប្អូនៗនឹងខិតខំជំនះរាល់ឧបសគ្គ ដើម្បីកសាងខ្លួនឱ្យស័ក្តិសមជាពលរដ្ឋល្អ, មន្ត្រីរាជការល្អ, បុគ្គលិកល្អ ដោយប្រើនូវជំនាញ ចំណេះដឹងពិតប្រាកដរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវក្នុងការងារ សីលធម៌ល្អ ដើម្បីចូលរួមកសាងជាតិយើងទាំងអស់គ្នា ។ ការសិក្សា ផ្នែកទ្រឹស្តីនៅក្នុងថ្នាក់ បានជួយឱ្យប្អូនៗមានមូលដ្ឋានច្បាស់លាស់ ក្នុងការត្រិះរិះពិចារណាថ្លឹងថ្លែង និង បានយល់ពីតម្លៃពិតនៃចំណេះដឹង និងជំនាញសម្រាប់អភិវឌ្ឍខ្លួនឯងទៅថ្ងៃក្រោយ ។ សូមប្អូនៗចងចាំថា មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្តុះនូវផ្នត់គំនិតចម្រើនជឿនលឿន ហើយអាចជួយលើកស្ទួយប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀត, ដូច្នេះ ប្អូនៗត្រូវយល់ថា ដើម្បីក្លាយខ្លួនជាបញ្ញវន្តពិតប្រាកដ, ប្អូនៗត្រូវបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រដោយខ្លួនឯង, ខិតខំអានសៀវភៅឱ្យបានច្រើន ខិតខំត្រងត្រាប់ចាប់យកនូវចំណេះដឹងទាំងឡាយ ដែលប្អូនៗបានជួបប្រទះ និង ដុសខាត់រំលឹកឡើងវិញជាប្រចាំនូវចំណេះដឹងទាំងនោះ ។ ការទទួលបានសញ្ញាបត្ររបស់ប្អូនៗនាពេលនេះ គឺមិនទាន់គ្រប់គ្រាន់ទេ, ប្អូនៗត្រូវបន្តការសិក្សាស្រាវជ្រាវ និងបន្តការសិក្សាពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបង្កើនកម្រិតគុណវុឌ្ឍិតាមជំនាញរបស់ខ្លួន សំដៅតាមឱ្យទាន់ការរីកចម្រើន នៃសង្គម និង វិទ្យាសាស្រ្ត, ពីព្រោះ ការសិក្សាអប់រំ គឺគ្មានទីបញ្ចប់នោះទេ សូម្បីតែខ្ញុំជានាយករដ្ឋមន្ត្រីក៏ត្រូវខិតខំរៀន ជារៀងរាល់ថ្ងៃដែរ ។ ការសិក្សាពេញមួយជីវិត គឺជារបៀបរបបនៃការអប់រំក្នុងសតវត្សរ៍ទី ២១ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៥]
(២០) ទិវាជាតិអំណានចាប់ផ្តើមនៅឆ្នាំ២០១៥
ពិធីថ្ងៃនេះចំថ្ងៃទិវាជាតិអំណាន។ ខ្ញុំឃើញថាចលនានិងទម្លាប់នៃការអានសៀវភៅនេះល្អ។ ខ្ញុំឃើញថាយើងមានឱកាសច្រើន។ កាលពីខ្ញុំនៅរៀន មិនសូវមានសៀវភៅទេ។ មួយបណ្ណាល័យមានពីរឬបីសៀវភៅ។ គ្រូៗ ចាំបាច់ត្រូវកត់ទាំងអស់។ យើងត្រូវកូពីទាំងអស់ យកមកអានដើម្បីទន្ទេញ។ អ្វីដែលយើងទទួលបានគឺក្នុងទិដ្ឋភាពមួយដែលលោកគ្រូផ្ដល់ឲ្យ។ ឥឡូវ យើងមានសៀវភៅច្រើន តាំងពីថ្នាក់បឋមទៅ។ ខ្ញុំទៅមើលតាំងពីបឋម ក្រសួងយើងមានផ្ដល់ឲ្យនិងជួយភាគច្រើនណាស់ សិស្សម្នាក់មានសៀវភៅអានមួយក្បាល និងមានបណ្ណាល័យទៀត។ ការអាននេះគឺចាំបាច់ដែលត្រូវជួយជំរុញបន្ថែម។ ក្នុងន័យនេះ ខ្ញុំសូមអរគុណដល់ក្រសួងអប់រំដែលបានផ្ដួចផ្ដើមរៀបចំនូវទិវាជាតិអំណាននេះឡើង។ យើងចាប់ផ្ដើមនៅឆ្នាំ២០១៥។ អញ្ចឹង ១០ឆ្នាំហើយ។ ឆ្នាំនេះខួបទី១០។ ខ្ញុំសូមអរគុណចំពោះការចូលរួមរបស់ឪពុកម្ដាយក្នុងការជំរុញកូនឲ្យអាន។ ខ្ញុំឃើញនៅទិវាពិព័ណ៌លក់សៀវភៅមានមនុស្សច្រើន មិនថាសៀវភៅរូបភាពតូច សៀវភៅគំនូរ សៀវភៅអីក៏ដោយ ឲ្យតែបង្កើតទំលាប់ មិនថាខ្លឹមសារអីទេ បង្កើតរូបភាព។ ឥឡូវសៀវភៅសំរាប់ក្មេងៗថ្នាក់បឋមមួយចំនួនមានរូបភាពជាជាងសរសេរតែអក្សរសុទ្ធ។ អញ្ចឹងរូបភាពទាក់ទាញ ប៉ុន្ដែខ្លឹមសារដូចគ្នា កាត់តែយល់។ បើនិយាយពីប្រវត្ដិសាស្ដ្រអីជួនកាលសរសេរបួនប្រាំសន្លឹក (ប៉ុន្ដែ) រូបគូសតែប៉ុន្ដែគំនូស ហើយសរសេរតែបន្ដិចៗពីក្រោមគេអាចយល់បានទៅហើយ។
(២១) ខិតខំបង្កើតទម្លាប់អានអោយកូនៗ កុំឲ្យចំនាយពេលទាំងអស់លើតែរបស់លេង
ខិតខំបង្កើតទម្លាប់អាន ត្បិតពេលដែលកូនអានច្រើន មិនថាតែសៀវភៅអីទេ គាត់កាត់បន្ថយពេលវេលាលើទូរស័ព្ទដៃ។ ឃើញឪពុកម្ដាយជំរុញ ខ្ញុំសូមលើកទឹកចិត្តបន្ដថែមទៀត។ នេះជាទំលាប់មួយល្អជាងអង្គុយមើល ទូរស័ព្ទ។ យើងអង្គុយមើលសៀវភៅ ជាជាងទិញរបស់លេងផ្សេងៗ ដូចជាកាប់ដាវកាប់អី។ យើងឲ្យសៀវភៅខ្លះ។ (និយាយ)អញ្ចឹងមិនមែនហាមមិនឲ្យទិញ(របស់លេង)ទេ ប៉ុន្ដែកុំឲ្យគាត់ចំនាយពេលទាំងអស់ទៅលើតែរបស់លេងបែបនោះ។ កូនខ្ញុំដូចគ្នា។ មីងខ្ញុំគាត់មើលថែ គាត់ដាក់លក្ខខណ្ឌ។ ក្មេងចង់លេង ipad អញ្ចឹងចង់បាន ipad មានតែថ្ងៃសៅរ៍ អាទិត្យទេ។ ប៉ុន្ដែថ្ងៃសៅរ៍នោះក៏រៀនគួរពេញ។ ថ្ងៃអាទិត្យឲ្យមើលមួយម៉ោង។ ចង់លេងមួយម៉ោង ទាល់តែធ្វើ homework បានប៉ុន្មាន មើលសៀវភៅបានប៉ុន្មាន។ ដំណើរការដែរ ព្រោះគាត់អត់ជំរើស។ ពីមុនអាងយំទៅប្ដឹងម៉ែឪ។ ប្រាប់ថាអត់បានទេ តាមយាយទៅ។ អញ្ចឹង គាត់ចង់មើលមួយម៉ោង គាត់ត្រូវអានសៀវភៅ ធ្វើ homework ប៉ុន្មានក្នុងមួយសប្ដាហ៍ថែមប៉ុន្មានទៀត។
ឃើញមានចលនាមហាជនជួយជំរុញការងារនេះ។ ខ្ញុំឃើញប្អូន អ៊ុក វ៉ាន់ដេ ធ្វើ mobile library ទេសចរណ៍អំណាន។ គាត់បើករថយន្តតាមខេត្ត ឥឡូវដូចដល់ព្រៃវែងហើយ ថ្ងៃមុនស្វាយរៀង។ មានទាំងមន្ដ្រី ទាំងខេត្ត ឯកឧត្តមអភិបាលខេត្ដជួយ មន្ទីរអីជួយសំរួល។ ខ្ញុំសូមឲ្យលើកទឹកចិត្តការងារនេះឲ្យបានច្រើន មិនមែនថាទាល់តែប្អូន អ៊ុក វ៉ាន់ដេ ទៅដល់ ហើយចប់ពីនោះស្ងាត់ឈឹងទេ។ ឧ. គាត់ទៅដល់ស្វាយរៀងដល់អី យើងបង្កើតមួយខ្លួនឯងទិវា ឬកន្លែងណាមួយ (សំរាប់ប្រជាពលរដ្ឋអាន)។ សៀវភៅអត់ខ្វះទេ។ ខ្ញុំថាសៀវភៅ ១០០០ ក្បាល ដាក់សំរាប់អានចុងសប្ដាហ៍ឬមួយអី។ នៅរាជធានីភ្នំពេញដូចគ្នា។ យើងបិទកន្លែង (walk street)។ បើថាចាំបាច់ កន្លែងណាមួយដាក់ជ្រុងនៃអំណានទៅ។ ទុកម្ដុំនៅហ្នឹងដាក់តែកៅអីទៅ។ ប្អូន(អ៊ុក វណ្ណដេ)ទៅដល់ណា ដាក់សៀវភៅក្នុងទូរ ហើយប្រជាពលរដ្ឋរបស់យើងគាត់គោរព … បើដាក់ទូរស័ព្ទដៃប្រហែលជាបាត់ (ប៉ុន្ដែ)ដាក់សៀវភៅ អ្នកដែលចូលចិត្តកាប់ចាក់មិនទៅយកទេ។ អញ្ចឹងអ្នកអានហើយទុកវិញ ចែកគ្នាអាន។ អាចបង្កើតកន្លែងរបៀបហ្នឹងដោយខេត្តនីមួយៗ ជាពិសេសទីប្រជុំជន សួនច្បារ … អំណាននេះមិនមែនតែកូនក្មេងទេ។
ពីក្មេងខ្ញុំអត់មានលទ្ធភាពអានសៀវភៅច្រើនទេ។ មានការទិញសៀវភៅតូចៗ គូររូប រិទ្ធីសែននាងកង្រី កាលពីពេលនោះលក់តាមរទេះ រុញដើរលក់ ហើយទិញចាំភាគ។ គេគូសដៃ ហើយសរសេរ។ មួយខែចេញមួយ(ភាគ) ទិញហើយអានតែបន្ដិចចប់ អត់សូវមានច្រើនទេ។ បើបណ្ណាល័យយើងពិបាកខ្ចីផង។ ខ្ញុំអានសៀវភៅ Textbook ដែលចប់មុនគេ ពេលខ្ញុំនៅរៀនមហាវិទ្យាល័យនៅអាមេរិកដំបូង ដែលអានសៀវភៅលើសពី ១០០សន្លឹក។ ពីមុនយើងអានសៀវភៅតិចៗទេ ដល់ពេលអានហើយជក់។ ពីមុនអានសៀវភៅមិនដែលចប់ទេ។ ដល់ចប់មួយសៀវភៅចាប់ផ្ដើមចប់ច្រើនសៀវភៅតែម្ដង។ បើទៅបណ្ណាគារវិញ សៀវភៅយើងចង់ទិញតែមួយក្បាលទេ ប៉ុន្ដែចេញមកវិញសៀវភៅយ៉ាងតិច ១០ក្បាល ព្រោះមានចំណងជើង។ ឥឡូវនៅសល់ច្រើន។ ខ្ញុំស្ពាយ(សៀវភៅ)តាំងពីអាមេរិកតាំងពីអី ប្រមូលបន្ថែមទៀត ហើយគេឲ្យសៀវភៅ(បន្ថែម ដាក់)ពេញទូរ។ រៀនមិនឈប់ឈរ។
(២២) សញ្ញាបត្របើកទ្វារឱ្យចូល សញ្ញាឃើញបង្ហាញជណ្តើរឡើង
រៀននៅសាលាបានសញ្ញាបត្រ ប៉ុន្ដែចេញទៅធ្វើការបានសញ្ញាឃើញ។ សញ្ញាបត្រយើងរៀនទឹស្ដ្រីនៅនឹងសាលា ទ្រឹស្ដីនេះជាអ្វី? ទ្រឹស្ដីជាបង្គុំនៃបទពិសោធន៍របស់អ្នកផ្សេងដែលយកមកបង្គុំសំយោគដកស្រង់ចេញទៅជាទ្រឹស្ដីមួយយកមកបង្រៀនយើង។ សួរថាបទពិសោធន៍របស់អ្នកផ្សេងវាត្រូវសំរាប់យើងទេ? អត់ត្រូវ១០០% ទេ ប៉ុន្ដែវាជាមូលដ្ឋានមួយដែរ ព្រោះក្នុងសង្គមមានកត្ដាខ្លះដូចគ្នា។ បើរឿងវិទ្យាសាស្ដ្រ ពិតជាមិនខុសទេ។ ក្នុងសម័យឥឡូវ សូម្បីវិទ្យាសាស្ដ្រ(ដូច្នោះដែរ) ឧទាហរណ៍ជំងឺមួយវាបំប្លែង ដូចកូវីដ-១៩ អញ្ចឹង។ រឿងជំងឺផ្តាសាយ ដល់ឥឡូវវាបំប្លែង។ គេត្រូវសិក្សា។ តែយ៉ាងហោចណាស់ ពេលគេធ្វើថ្នាំ ផ្អែកទៅលើមូលដ្ឋានពីមុនមកខ្លះៗ ដើម្បីយើងធ្វើថ្នាំភ្លាមៗ … ព្រោះថ្នាំមួយៗ ត្រូវការប្រហែលជា ៥ឬ ៦ឆ្នាំ ដើម្បីដកពិសោធន៍ថាមានប្រសិទ្ធភាព ឬអត់? តែកូវីដ-១៩ យើងអត់(ដែលមានថ្នាំទេ) តែបានមូលដ្ឋានបទពិសោធន៍ពីមុន។ ដូចច្នេះ ជំនាញក៏ដូចគ្នា។
យើងបានពិសោធន៍នៅក្នុងសាលា យកជាមូលដ្ឋានហើយ ប៉ុន្តែដល់ពេលជាក់ស្តែងអាចខុសពីហ្នឹង តែត្រូវមានគម្ពីមួយ។ នៅក្នុងកងទ័ពអញ្ចឹង ពេលដែលប្រើអាវុធគាំទ្រ រៀនដំបូងគឺរៀនវាស់មុំបាញ់។ ឧ. គោលដៅនៅទីនោះ មើល jumelles ទៅ (ក្នុង jumelles ហ្នឹងមានម៉ែត្ររបស់គេ) វាយតម្លៃថាប្រវែងប៉ុន្មានម៉ែត្រ។ គេគណនាតាមគណិតវិទ្យាទៅដឹងថាចម្ងាយប៉ុន្មានទំហំប៉ុន្មាន។ អញ្ចឹងគេវាស់បាញ់។ អ្នកដែលចេញទៅដំបូង វាស់អាហ្នឹងឱ្យច្បាស់ទៅ។ តែបើអ្នកនៅយូរ ពេលខ្លះគេអត់ប្រើផង។ គេមើលតែកាំភ្លើងនៅកន្លែងនោះ ស្តាប់ គេរាប់ប៉ុន្មានវិនាទីមកដល់នេះ។ គេដឹងហើយចម្ងាយប៉ុន្មាន។ តែត្រូវមានមូលដ្ឋានពីដំបូង។ ត្រូវចេះបាញ់ឱ្យត្រូវ កុំបាញ់ដាក់គ្នាឯង។ គណនេយ្យដូចគ្នាដែរ។ យើងចេញមកពីស្តង់ដាមួយដែលត្រូវការរៀន។ ពេលរៀនៗ ក្បួនកុំរៀនផ្លូវកាត់។
សាលាគឺជាកន្លែងរៀនក្បួន។ ត្រូវមានក្បួនឱ្យច្បាស់។ នៅពេលចេញទៅធ្វើការសម្របសម្រួលទៅតាមពេលវេលានិងបទពិសោធន៍ការងារ។ តែយកក្បួនមើលឱ្យច្បាស់ដើម្បីនិយាយគ្នាឱ្យត្រូវ។ ទោះពេលទៅដល់ ពេលធ្វើការងារជាក់ស្តែង កាត់ខ្លះអីខ្លះ តែនិយាយក្បួនដូចគ្នា។ បើយើងបង្រៀនកាត់ហើយ យើងពិបាកហើយ។ សាលាត្រូវរៀនក្បួនឱ្យច្បាស់។ អញ្ចឹងយើងរៀនបែបនេះ។ ចេញពីហ្នឹង រៀនបន្ថែមខ្លួនឯង យកសញ្ញាឃើញ។ សញ្ញាឃើញ បូកជាមួយសញ្ញាបត្រ នឹងជួយបើកទ្វារឱ្យយើងចូលកន្លែងមួយ។ ប៉ុន្តែ សញ្ញាឃើញជួយឱ្យវិវត្តន៍នៅក្នុងកន្លែងនោះ។ ខ្ញុំតែងនិយាយថា សញ្ញាបត្រពេលខ្លះជួយក្នុងការបើកទ្វារឱ្យយើងចូលកន្លែងមួយ តែឡើងជណ្តើរនៅក្នុងផ្ទះនោះ គឺយើងត្រូវការសញ្ញាឃើញ។ លទ្ធផលជាក់ស្តែងដែលយើងឃើញត្រូវធ្វើ ត្រូវមានភាពបត់បែន និងសម្របឱ្យតបទៅនឹងស្ថានភាពជាក់ស្តែង ដែលយើងចាំបាច់ត្រូវរៀនខ្លួនឯង ស្វ័យសិក្សាខ្លួនឯង។
(២៣) រៀនគ្រប់កន្លែង គ្រប់ពេលវេលា គ្រប់មធ្យោបាយ និងចំណេះរឹងរៀនពីសាលា ចំណេះទន់រៀនពីសៀវភៅ
ពេលទៅរៀនគ្រប់ទីកន្លែង គ្រប់ពេលវេលា គ្រប់មធ្យោបាយទាំងអស់រួមទាំងស្វ័យសិក្សា ដកពិសោធន៍ខ្លួនឯងស្រាវជ្រាវ រួមទាំងការអានសៀវភៅ។ សៀវភៅជួយយើងច្រើន។ យើងរៀននៅសាលា ជួយយើងច្រើន មានចំណេះរឹង គណនេយ្យ កុំព្យូទ័រ តែចំណេះទន់ Soft skill យើងអាចរៀនច្រើនពីសៀវភៅដែលជួយយើងក្នុងការស្វ័យសិក្សា។ ពេលខ្ញុំរៀន ខ្ញុំអានប្រវត្តិសាស្ត្រ ខ្ញុំចូលចិត្តអានសៀវភៅទស្សនវិជ្ជាច្រើន។ ដល់ពេលខ្ញុំចាប់ផ្តើមធ្វើការដឹកនាំ ចាប់ផ្តើមពីអង្គភាពប្រឆាំងភេរវកម្ម រហូតទៅដល់ជើងគោក។ ខ្ញុំអានសៀវភៅច្រើនទាក់ទង Self improvement ការអភិវឌ្ឍខ្លួនឯង។ យើងត្រូវយល់ពីចក្ខុវិស័យ និងរបៀបរបបនៅក្នុងការគ្រប់គ្រងដឹកនាំមួយចំនួន ដែលត្រូវការបទពិសោធន៍ពីគេមក។ ជាការលំបាកបំផុតគឺការធ្វើការជាមួយមនុស្សនិងដឹកនាំមនុស្ស។ មិនអាចប្រើដូចកុំព្យូទ័រចុចមើលម៉ោងថ្មើណាក៏វាទៅ, robot ចុចមួយអត់ទៅ យកញញួរដាក់វាទៅនោះទេ។ ដឹកនាំមនុស្សគឺមានអារម្មណ៍ មានកាលៈទេសៈ។ មួយថ្ងៃនេះល្អ ស្អែកឡើងអត់ល្អ។ ជួនកាលចេញពីផ្ទះមកត្រូវមាត់ប្រពន្ធអញ្ចឹងទៅ ជួនកាលមានបញ្ហាអីមួយត្រូវយល់។
អញ្ចឹងធានាប្រសិទ្ធភាពការងារត្រូវយល់ ជាពិសេសការងារសម្របសម្រួលដឹកនាំ ពេលដែលយើងមានមនុស្សជាច្រើននៅខាងក្រោម។ សម្របសម្រួលការសហការគ្នា ដាក់ទិសដៅយ៉ាងម៉េច ប្រគល់ភារកិច្ច សិទ្ធិយ៉ាងម៉េច? ការរៀនសូត្រពីសៀវភៅនេះជួយខ្ញុំច្រើន។ ខ្ញុំមិនអាចរត់ទៅរកអ្នកណាអោយជួយ ថាឥឡូវខ្ញុំ(មាន)បញ្ហាប្រឈមនៅកន្លែងការងារ អង្គភាពខ្ញុំអញ្ចេះជួយប្រាប់ខ្ញុំផង … គេមិនអាចដោះស្រាយឱ្យយើងបានទេ។ គេធ្លាប់ដឹកនាំដោះស្រាយអង្គភាពរបស់ ប៉ុន្តែគេមិនយល់ពីស្ថានភាពយើងទេ។ ទាមទារឱ្យយើងខិតខំស្រាវជ្រាវខ្លួនឯង ជំរុញខ្លួនឯងគ្មានអ្នកណាជំរុញយើងទេ។ វាយតម្លៃខ្លួនយើង ជំរុញខ្លួនយើង កែលម្អខ្លួនយើង ចំណុចខ្លាំងចំណុចខ្សោយ។ ជួនកាលមិនមានអ្នកណាប្រាប់យើងទេ តែយើងត្រូវរៀនសិក្សា មើលឆ្លុះកញ្ចក់ខ្លួនឯងដើម្បីវាយតម្លៃ។ នេះដែលលខ្ញុំនិយាយថាកុំភ្លេចរៀនពីខ្លួនឯងនោះ។ រៀនពីខ្លួនឯង ដឹងចំណុចខ្សោយយើងកែ។ ពេលខ្លះសៀវភៅនេះហើយ ធ្វើការស្រាវជ្រាវ។
(២៤) បង្កើនតម្លៃ ពង្រឹងខ្លួនជាគ្រាប់ពេជ្យ នៅកន្លែងណាក៏មិនកប់
បើសិនជាអ្នកខ្លះថា គ្មានពេលអានសៀវភៅ យ៉ាងហោចណាស់ក៏មានពេលអានទូរស័ព្ទដៃដែរត្រូវទេ? ប៉ុន្មាននាក់ខ្ញុំសួរ ក្នុងមួយថ្ងៃចំណាយមិនតិចជាង ១០នាទីលើទូរស័ព្ទ? មើលសុំលើកដៃបន្តិចមើល? មិនតិចជាង ១០នាទី នៅមើលហ្វេកប៊ុក មើលព័ត៌មាន មើលអីនៅលើទូរស័ព្ទ។ ខ្ញុំសុំបន្តិចមើល? សឹងទាំងអស់ហើយ។ ទាំងលោកគ្រូ។ អញ្ចឹងបើយើងមានពេល ១០នាទី មើលគេតតាំងគ្នា គេប្រយុទ្ធគ្នា កន្លែងខ្លះគេដ្រាម៉ា ឬមួយឈ្លោះគ្នាតាមហ្វេកប៊ុកហើយ យើងក៏មិនខ្វះពេល ១០នាទីសម្រាប់អានដែរ។ ឧទាហរណ៍ថា កិច្ចការមួយ ឥឡូវយើងវាយទៅ Google, Deepseek ស្រួលណាស់ ចង់រកប្រធានបទអ្វី វាយចូលអាន ១០នាទី អាចជួយគំនិតយើងមួយចំនួនបានដែរ។ នេះហើយផលនៃការអាន។ អានសៀវភៅ អានឯកសារ ស្រាវជ្រាវ … កុំយំ កុំអង្គុយកើតទុក្ខ ខ្ញុំថាគ្មានអ្នកណា(ជួយឱ្យ)ជោគជ័យ។ មួយថ្ងៃៗអង្គុយតែផឹកស្រា រត់ពីបញ្ហា អត់រកដំណោះស្រាយ។ គ្មានអ្នកជួយយើងបានជាងយើងជួយខ្លួនឯងនោះទេ។ ជួយខ្លួនឯងត្រូវដឹងថាជួយយ៉ាងម៉េច? មនុស្សខ្លះដឹងថាខ្លួនចង់ធ្វើអី ប៉ុន្តែធ្វើយ៉ាងណានោះពិបាក។
ពេលប្រជុំមួយៗ ម្តងៗ ត្រូវតែមានគោលការណ៍ដែលថាអាចធ្វើសកម្មភាពបាន។ បើប្រជុំដើម្បីតែប្រជុំលើកនិយាយតែពីបញ្ហា មិនបាច់ប្រជុំទេព្រោះដឹងអស់ហើយ។ តែត្រូវដឹងថាឥឡូវយើងដោះស្រាយយ៉ាងម៉េច។ យើងវាយតម្លៃខ្លួនឯង ចេញមកពីធ្វើការ ហេតុអីគេធ្វើល្អជាងយើង ហេតុអីក៏មេឱ្យគេឡើងធ្វើប្រធានក្រុម។ កុំថាមកពីគេពូកែអែបអប មើលខ្លួនឯងផង។ ក្រែងចំណុចខ្លះយើងអត់ទាន់បញ្ចេញ។ យើងធ្វើអត់ទាន់គ្រប់។ ត្រូវបង្កើនតម្លៃខ្លួនឯង។ ហោចណាស់ នៅពេលដែលយើងមានតម្លៃខ្លួនឯង យើងសប្បាយចិត្តខ្លួនឯងទៅ ព្រោះយើងមានឱកាសច្រើន សមត្ថភាពម្ចាស់ការខ្លួនឯងកាន់តែច្រើន … បើយើងអត់សមត្ថភាព អត់វិធីសាស្រ្តដើម្បីពង្រឹងខ្លួនឯងទៅជាគ្រាប់ពេជ្យ នៅកន្លែងណាក៏យើងកប់ដែរ។ ទោះបីជាមានបងប្អូនជួយក៏ដោយ ឧទាហរណ៍ អ្នកខ្លះទៅធ្វើការនៅក្រុមហ៊ុនឪពុកម្តាយ បើយើងអត់ច្បាស់ផង សូម្បីតែម្តាយឪពុកជាថៅកែក្រុមហ៊ុនក៏មិនឱ្យកូនគ្រប់គ្រង …។
ថានិយាយដើមក៏និយាយចុះ តែខ្ញុំមិនបញ្ចេញឈ្មោះទេ។ ម្នាក់មិត្តភក្តិខ្ញុំ។ បងគាត់ជាម្ចាស់សណ្ឋាគារ។ ដំបូងឱ្យប្អូនទៅធ្វើជា Manager នៅហ្នឹង។ បានមួយឆ្នាំ បងថាឥឡូវប្អូនឯងទុកឱ្យគេធ្វើ … ពេលទៅធ្វើ គាត់បបួលតែបុគ្គលិកផឹក។ គាត់មនោសញ្ចេតនាពេក ការងារវាអត់សូវដើរ។ រឿងអីក៏អត់ច្បាស់។ ដល់អញ្ចឹងគាត់ទៅគ្រប់គ្រងឱ្យក្រុមហ៊ុនខាត ប្រកួតអត់ឈ្នះគេ … អញ្ចឹងគាត់ជួល CEO ផ្សេង ហើយឱ្យប្អូនធ្វើអីផ្សេង។ គឺវាពឹងទៅលើបុគ្គលខ្លួនឯង។ ជំហានដំបូងគ្មាន គេថាអាចទ្វារបានទោះបីជាថាមានការយោគយល់ក៏ដោយ ប៉ុន្តែមិនអាចគេមកយោគយល់មួយជីវិតឱ្យយើងទេ។ គេដាក់កន្លែងណាខំប្រឹងធ្វើឱ្យបានល្អ បង្កើនសក្តានុពល ដើម្បីចាប់យកឱកាសជំហានបន្ថែមទៀត។ ក្នុងនោះពង្រឹងខ្លួនឯង រៀនសូត្រពីខ្លួនឯង អានឱ្យច្រើន រៀនឱ្យច្រើន។
(២៥) ប្រគល់ភារកិច្ចត្រូវមើលមនុស្ស ចាត់តាំងមនុស្សខុសលំបាកអ្នកដឹកនំា
ពិភពលោកប្រកួតប្រជែង។ ការប្រគល់ភារកិច្ចក៏គេមើលមនុស្សដែរ។ គេឱ្យសាកល្បង តើអ្នកហ្នឹងមានសមត្ថភាពគ្រប់គ្រាន់ ឬអត់ មានឆន្ទៈគ្រប់គ្រាន់ ឬអត់? ចេះដឹកនាំការងារ ចេះដឹកនាំសម្របសម្រួល ធ្វើឱ្យសកម្មភាពការងារជោគជ័យ ឬទេ? បើឱ្យការងារតូចប៉ុណ្ណេះទៅមិនទាន់ទៅរួចផង តើឱ្យធ្វើធំទេ។ អត់ទេ។ គេយោគយល់ប៉ុន្តែគេមិនបំផ្លាញផលប្រយោជន៍គេទេ។ អ្នកដែលចាត់តាំងមនុស្សខុសគឺលំបាកខ្លួនឯង។ បើខ្ញុំមានសេនាធិការដែលអត់ចេះ ខ្ញុំនឹងហត់ តែបើខ្ញុំមានសេនាធិការដែលពូកែ ខ្ញុំគ្រាន់តែប្រគល់តួនាទីភារកិច្ចឱ្យគាត់ គាត់ចាត់ចែងលឿន គាត់ចាត់ចែងការងារលះបានល្អ មានការដោះមិនចេញគាត់ប្រាប់មកខ្ញុំ រាយការណ៍សុំគោលការណ៍ ខ្ញុំឱ្យគាត់ធ្វើ ខ្ញុំកាន់តែឱ្យសិទ្ធិគាត់ទៀត។ តែបើឱ្យការងារតូចគាត់ទៅមិនរួច ស្អីក៏ខ្ញុំត្រូវហត់ដដែល។ ពិបាកហើយ។ ការងារកាន់តែធំត្រូវមើលកាន់តែល្អិត បើសិនមានអ្នកជំនួយការដែលចេះល្អិតឱ្យ តែមិនចាំបាច់ផ្ទាល់ទេ ។
បើសិនជាមានអ្នកជួយការងារមើលការងារល្អិត យើងត្រូវមើលការងារធំ ព្រោះការងារល្អិតនេះ ធ្វើឱ្យមានការខូចគោលការណ៍។ តែបើអ្នកដែលជួយយើងគាត់ជាអ្នកម៉ត់ចត់ យើងស្រួល … ថៅកែហាងមួយ បើសិនជាចុងភៅអត់ហ្មត់ចត់ គាត់ចេះតែធ្វើឱ្យប្រៃ ភ្ញៀវ Complain មានតែថៅកែហ្នឹងចេញទៅសូមទោសភ្ញៀវ។ សេវាមិនល្អចេញទៅខ្ជីខ្ជា ធ្វើឱ្យភ្ញៀវមិនសប្បាយចិត្ត អ្នកណាអ្នកទទួលខុសត្រូវ? មានតែយើង។ អញ្ចឹងដើម្បីយើងគ្រប់គ្រង យើងរក Manager មួយដែលមើលជំនួសយើង។ បើ Manager ហ្នឹងមិនប្រាកដប្រជា … អញ្ចឹងគេត្រូវរកអ្នកដែលហ្មត់ចត់ ហើយចេះអភិវឌ្ឍខ្លួនដើម្បីខ្លួន។ អញ្ចឹងគ្មានអីក្រៅពីពង្រឹងខ្លួនឯង។ ការគ្រប់គ្រង ការដឹកនាំខ្ញុំគិតថា បងប្អូនប្រហែលជារៀនហើយ។ ប៉ុន្មានអ្នករៀនគ្រប់គ្រង? នៅនេះសុទ្ធតែគណនេយ្យទាំងអស់ អត់មានគ្រប់គ្រងទេ។ ដូចខ្ញុំនិយាយពីដើមអញ្ចឹង គឺវាមានបែបបត់ល្អិតណាស់។
គណនេយ្យខុសមួយកាក់មួយសេន អត់បានទេណា។ គេចាប់ស្រ្តីម្នាក់នៅអាមេរិក ធ្វើការនៅធនាគារ ក្នុងរយៈពេល ២០ឆ្នាំ គាត់កិបកេងបានជិត ២០លានដុល្លារ។ គាត់កិបកេងយ៉ាងម៉េច? ភ្ញៀវម្នាក់ៗ មានលុយកន្ទុយសេន។ ឧទាហរណ៍ ក្នុងកុងមាន ៥៩៩ ៤៥ គាត់លួចតែ ១សេន ចុងក្រោយទេ។ Customer ១លាននាក់ ១ឆ្នាំ គាត់បានប៉ុន្មាន? គេស្រាវជ្រាវល្អិត។ យើងធ្វើខុស វាយខុសបញ្ជី ត្រួតពិនិត្យ ខុសតែបន្តិចបញ្ហា។ បើខុស ០មួយធ្ងន់ ត្រូវ ១០០០លាន តែកត់ត្រាតែ ១០០លាន មានបញ្ហា។ បើគណនេយ្យនេះអត់ច្បាស់ ក្រុមហ៊ុនមានបញ្ហា។ ការគ្រប់គ្រងប្រព័ន្ធគណនេយ្យជាការគ្រប់គ្រងល្អិត។ យើងប្រាកដជាចង់បានអ្នកបេឡា ដែលច្បាស់លាស់ រាប់លុយអត់បាត់។ មិនមែនគាត់លួចទេ ជួនកាលរាប់ទៅវាបាត់។ បូកអត់ត្រូវ។
(២៦) ពង្រឹងខ្លួន រៀនសូត្រជាប្រចាំ ធ្វើជាធនធាន កុំធ្វើជាបន្ទុក ត្រៀមចាប់ឱកាសកាន់តែច្រើននិងខ្ពស់
នេះជាកិច្ចការសំខាន់ ដែលតាមឋានានុក្រម ទោះជាការងារធំយ៉ាងណាក៏ដោយ មូលដ្ឋាននៅតែដដែល ការងារម៉ត់ចត់ល្អិត។ បើកាន់តែធំ មិនអាចគ្រប់គ្រង អញ្ចឹងត្រូវការជំនួយការដែលច្បាស់លាស់ មានសមត្ថភាព ឆន្ទៈ ហើយល្អិតល្អន់ តគ្នាអញ្ចឹងទៅ។ អញ្ចឹងហើយបានជាការតែងតាំង ចាត់តាំងត្រូវការអញ្ចឹង។ ហ្នឹងហើយដែលយើងត្រូវការពង្រឹងសមត្ថភាពការងារ។ គេថាចេះអីក៏ដោយ ចេះឲ្យច្បាស់ មិនបាច់ចេះច្រើនទេ។ អ្នកខ្លះគាត់ចេះ ៥ ភាសា ប៉ុន្តែប្រើអត់កើតទេ។ គាត់ចេះតែបី ឬបួនម៉ាត់មួយភាសា។ ចាញ់អ្នកដែលចេះតែមួយភាសាតែប្រាកដអាចរកការងារបាន។ សុំឲ្យពង្រឹងខ្លួនជាប្រចាំ។ ការចេះប្រាកដនេះមិនមែនចេះតែក្នុងសាលាទេ គឺចេញទៅសិក្សាស្រាវជ្រាវ។ នេះជាមូលដ្ឋាននៃការបណ្តុះបណ្តាល។ ត្រឡប់មកវិញ ទិវាអំណានភ្ជាប់ទៅនឹងការស្វ័យសិក្សា។ អំណានគឺការស្វ័យសិក្សា ស្វ័យរៀនសូត្រ។ ពាក្យថាស្វ័យនេះគឺខ្លួនឯង។
ស្វយ័តគ្មានអ្នកណាមកប្រាប់យើងឲ្យធ្វើទេ ហើយគ្មានអ្នកណាបង្ខំយើងឲ្យធ្វើដែរ។ តែបើយើងចង់រីកចម្រើនខ្លួនឯង ប្រកួតប្រជែងនៅក្នុងពិភពលោកដែលប្រកបទៅដោយការប្រកួតប្រជែងខ្ពស់ទាល់តែយើងពង្រឹងខ្លួនឯងជាប្រចាំ រៀនសូត្រជាប្រចាំ។ ធ្វើជាធនធានកុំធ្វើជាបន្ទុក។ កសាងសមត្ថភាពខ្ពស់ បងប្អូននឹងត្រៀមលក្ខណៈចាប់យកឱកាសកាន់តែច្រើន និងកាន់តែខ្ពស់។ ជឿខ្ញុំចុះ។ ទោះបីឱកាសមិនដល់ម្តងក៏ដោយ កុំបាក់ទឹកចិត្តឲ្យសោះ។ ភាគច្រើនដែលបោះបង់ចោល ព្រោះបាក់ទឹកចិត្ត។ បាក់ទឹកចិត្ត អត់បង្ហាញឆន្ទៈ អត់បង្ហាញសមត្ថភាព អត់បង្ហាញលទ្ធផល អញ្ចឹងអ្នកផ្សេងមើលមិនឃើញទេ។ មិនមែនតែថ្នាក់លើទេ សូម្បីតែក្រុមហ៊ុនផ្សេងៗ ក៏គេមើលមិនឃើញដែរ។ កុំបន្ទោសថាគេមិនផ្តល់ឱកាស ព្រោះគេមើលមិនឃើញផង។ ថាខ្ញុំ(ជាគ្រាប់)ពេជ្រ ប៉ុន្តែវាគ្រាន់តែកប់ផុក។ មកពីគេមិនព្រមយកខ្ញុំទៅលាងទឹកបានជាគេមើលមិនឃើញ … ខ្ញុំនៅតែសង្កត់ទៅលើស្វ័យសិក្សា ស្វ័យពិនិត្យ …។
(២៧) អ្នកដែលអាស៊ីសេរីសម្ភាសន៍ថា អង្គរសង្ក្រាន្តអត់ប្រយោជន៍ តែអ្នកសៀមរាបរីករាយសាទរ
ការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចគ្នា។ រដ្ឋាភិបាលមិនមែនល្អឥតខ្ចោះទេ។ បងប្អូនដែលលើកទស្សនៈមកថា យើងឲ្យគ្រូចូលនិវត្តន៍(ចូលមកបង្រៀនបន្តទៀត) គាត់បារម្ភថាខ្លាចបាត់ឱកាស។ ខ្ញុំទទួលស្គាល់នូវមតិកង្វល់របស់គាត់។ ខ្ញុំក៏យកមូលដ្ឋាននេះ(មកត្រិះរិះ)។ កន្លងទៅក៏បានគិតគូរដាក់ចេញគោលនយោបាយឲ្យកុងត្រាដើម្បីយើងរៀបឲ្យចំគោលដៅ។ នៅគ្រប់វិស័យទាំងអស់ រាជរដ្ឋាភិបាលត្រូវគិតគូរគ្រប់វិស័យមិនអាចធ្វើតែមួយបានទេ។ ក្នុងពេលជាមួយគ្នានេះ យើងត្រូវដោះស្រាយស្អីខ្លះ? វិស័យអប់រំដោះយ៉ាងម៉េច បញ្ហាអ្វីខ្លះ? វិស័យកសិកម្មដោះយ៉ាងម៉េច? ខ្វះទឹក តម្លៃកសិផល រៀបចំកសិផល ប្រព័ន្ធខ្សែសង្វាក់យ៉ាងម៉េច រកទីផ្សារខាងក្រៅយ៉ាងម៉េច? ធ្វើម៉េចកុំឲ្យបាត់តុល្យភាពរវាងទំនិញនៅក្នុងផ្សារ និងទំនិញដែលកសិករផលិត។
ឥឡូវនៅអាមេរិកស្រែករឿងពងមាន់។ ខ្ញុំឃើញប្រជាជនខ្មែរនៅអាមេរិកផុសរាល់ថ្ងៃ អស់ពីពងមាន់ ផ្លែឈើអីឡើង។ កាលពីជំនាន់ Joe biden គេស្រែកថាទំនិញឡើងថ្លៃអតិផរណាពិបាកណាស់ជីវភាព។ ឥឡូវ Trump ឡើងមក ដោយសារគោលនយោបាយ Tariffs ថ្មីនេះ (ទំនិញមួយចំនួន)កាន់តែលំបាក។ ម្ចាស់កសិដ្ឋានពងមាន់សប្បាយចិត្ត ព្រោះពងមាន់គាត់ឡើងថ្លៃ ប៉ុន្តែឥឡូវថ្លៃហើយអត់ទៀត។ ឥឡូវមិនមែនតែពងមាន់ទេ មនុស្សចាប់ផ្តើមបុកទៅទិញអង្ករដើម្បីស្តុកទុកខ្លាចឡើងថ្លៃ … វិស័យទេសចរណ៍ ត្រូវធ្វើយ៉ាងម៉េច? ខែ high ខែ low ឥឡូវឯកឧត្តម ហួត ហាក់ ថាខែ green។ យើងត្រូវធានាកុំឲ្យមានគម្លាតខុសគ្នាឆ្ងាយ … សសយក គ្រោងរៀបអង្គរសង្រ្កាន្តខែ៤។ មានប្អូនៗមួយចំនួន អ្នកនៅក្រៅប្រទេស អាស៊ីសេរី សម្ភាសន៍ថាធ្វើហ្នឹងខាតប្រយោជន៍ អត់បានការអ្វីទេ។ ចំណាយលុយអត់ប្រយោជន៍ពេលប្រជាពលរដ្ឋក្រីក្រ។ ទស្សនៈរបស់បងប្អូនដែលលើកនោះខ្ញុំទទួល ប៉ុន្តែខ្ញុំក៏មានទស្សនៈជ្រុងមួយផ្អែកទៅលើជាក់ស្តែង។
បើបងប្អូនទៅសួរអ្នកសៀមរាប អ្នកដែលលក់នៅក្នុងផ្សារសៀមរាប អ្នករត់ pass app អ្នករត់កង់៣ អ្នកលក់ដូរនៅផ្សារប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប ជុំវិញសៀមរាបដែលពឹងផ្អែកលើវិស័យទេសចរណ៍ ដែលយើងធ្វើអង្គរសង្រ្កាន្តនេះ សួរថាគាត់សប្បាយចិត្តទេ? ខ្ញុំទៅផ្ទាល់។ គាត់សប្បាយ អត់មានអ្នកណាមិនចង់ទេ ព្រោះនាំមនុស្សទៅ។ ឥឡូវខ្ញុំឮថាhotel នៅហ្នឹងកក់ពេញអស់ហើយ។ អ្នកខ្លះមិនស្រួលបាន hotel ផ្កាយមួយពាន់ ព្រោះឥឡូវផ្កាយប៉ុន្មានៗ កក់មិនទាន់គេ … សួរថា តើមានការចាំបាច់ទេ? ការរៀបចំនេះគឺដើម្បីបង្កើតព្រឹត្តិការណ៍ទេសចរណ៍។ កាលពីពេលយើងមិនសូវមាន គេវាយតម្លៃថារដ្ឋាភិបាលអត់មានគោលនយោបាយបង្កើតព្រឹត្តិការណ៍ទេសចរណ៍ទាក់ទាញ។ ឥឡូវយើងរៀបចំ គេថាឥតប្រយោជន៍ … (មិនដូចនោះទេ វានឹង)លើកកម្ពស់ជីវភាពរស់នៅរបស់អ្នកសៀមរាប នៅខែដែល low season។
ឥឡូវទៅមើល មនុស្សច្រើន។ តែយើងធ្វើ(នៅខែមេសា)ដើម្បីឲ្យរវាងខែដែលមនុស្សច្រើននិងខែភ្លៀង មានលំហូរ(ទេសចរ) ព្រោះនៅអាស៊ីយើងខែភ្លៀងមិនសូវមានគេមក។ យើងហៅខែ low ខែ green នោះ ពេលហ្នឹងចំខែវ៉ាកងស្រុកគេ។ អញ្ចឹងគេដើរនៅអឺរ៉ុបច្រើន។ ខែក្តៅនៅស្រុកគេ។ អញ្ចឹងយើងទាញមនុស្សមកតែយើងធ្វើឲ្យសិក្សាមើលនៅថៃ នៅវៀតណាមដូចគ្នារវាងខែខ្ពស់ និងខែហ្នឹងគម្លាតប្រហែលជា ២០ ទៅ ៣០ ភាគរយ។ អញ្ចឹងគោលដៅធ្វើឲ្យគម្លាតរាងខ្ពស់បន្តិច បង្កើតព្រឹត្តិការណ៍ឲ្យច្រើន។ អញ្ចឹងព្រឹត្តិការណ៍អង្គរនេះ មិនមែនធ្វើជំនួសព្រឹត្តិការណ៍សង្ក្រាន្តទូទាំងប្រទេសទេ។ នៅទូទាំងប្រទេសទាំងខេត្តនិងរាជធានី ក៏នៅរៀបដែររាល់ឆ្នាំ ប្រជាពលរដ្ឋមិនមែនទៅសៀមរាបទាំងអស់ទេ …។
(២៨) អង្គរសង្រ្កាន្ត រីករាយអបអរឆ្នាំថ្មីផង ថែទាំប្រពៃណីទំនៀមទម្លាប់ជាតិ ជំរុញសកម្មភាពទេសចរផង
ក្នុងការរៀបចំវិស័យទេសចរណ៍ … រដ្ឋាភិបាលពិនិត្យត្រិះរិះគ្រប់ជ្រុងជ្រោយ គ្រប់វិស័យ ក្នុងពេលតែមួយ ទោះថាមិនល្អឥតខ្ចោះទេ តែយើងត្រូវមើលខ្លួនឯងថាចំណុចណាដែលបងប្អូនគាត់មានការលំបាក ត្រូវដោះស្រាយ។ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ រកវិធីយ៉ាងម៉េច? ឆ្នាំទៅ ស្រូវបានថ្លៃខ្ពស់ប្រជាពលរដ្ឋអត់លឺមាត់កទេ … ឥឡូវ ស្រូវប្រភេទខ្លះ(មិនបានថ្លៃខ្ពស់) រដ្ឋកំពុងជំរុញរៀបចំសហគមន៍ដើម្បីកាត់បន្ថយតម្លៃនាំចូល អគ្គិសនីត្រូវជួយយ៉ាងម៉េច ដើម្បីទម្លាក់ថ្លៃបូមទឹកយ៉ាងណា។ ធនធានទឹកត្រូវទៅកាយប្រឡាយបូមទឹក។ យើងត្រូវធ្វើប្រឡាយមេប៉ុន្មាន? ចំណាយអស់រាប់រយលានដុល្លារ ២ឆ្នាំនេះ ដើម្បីធ្វើប្រឡាយមេ ប្រព័ន្ធស្រោចស្រពឲ្យកាន់តែច្រើន។ យើងធ្វើបានច្រើនហើយនៅទូទាំងប្រទេស។ យើងនឹងបន្តទៀត។ អញ្ចឹងវិស័យទេសចរណ៍ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ វាស្របគ្នានឹងការដែលកំពុងតែស្នើសុំចុះសង្រ្កាន្តក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ឈ្មោះអ្វីបានរៀបចំឯកសារនិងរុញហើយ។ ឆ្នាំទៅយើងចុះក្រម៉ាខ្មែរក្នុងបេតិកភណ្ឌ ហើយសម្លៀកបំពាក់អាពាហ៍ពិពាហ៍។ ឥឡូវយើងត្រូវរុញបន្តៗទៅទៀត ដើម្បីរួមគ្នាអបអរសាទរ បង្កើតព្រឹត្តិការណ៍ មិនត្រឹមតែសប្បាយរីករាយនោះទេ (ប៉ុន្តែក៏ចូលរួមថែទាំប្រពៃណីទំនៀមទម្លាប់ជាតិ ក៏ដូចជាជំរុញសកម្មភាពទេសចរក្នុងរដូវបៃតងដែរ)។
ឃើញប្អូនៗខ្លះដាក់ថាយើងបង្កើតព្រឹត្តិការណ៍នេះដើម្បីពង្វក់យុវជនកុំឲ្យគិតគូរពីរឿងសង្គម។ ចូលឆ្នាំ បើយើងមិនអបអរសាទរ យើងធ្វើអី? សួរថា ការរៀបចំនេះដើម្បីបង្ហាញអ្វី? ឃើញការសម្ភាសន៍ខ្លះ អ្នកវិភាគគ្រប់ជំនាញមួយនោះថា (ការរៀបចំពិធី)ហ្នឹងគឺដើម្បីបង្កើនប្រជាប្រីយ៍ភាពត្រកូល ហ៊ុន។ ទៅជាអញ្ចេះ។ វាគ្រាន់តែឯកឧត្តម ហ៊ុន ម៉ានី គាត់ដឹកនាំរៀប។ មិនមែនទើបរៀបឆ្នាំនេះទេ។ សសយក រៀបតាំងពីយូរមកហើយៗ រៀបព្រឹត្តការណ៍នោះអត់មានដាក់រូបខ្ញុំទេ គឺរៀបចំគ្រប់កន្លែងទាំងអស់ មានតែបង្ហាញអំពីប្រពៃណីវប្បធម៌របស់យើងហ្នឹងឯង។ គ្រាន់តែ ហ៊ុន ម៉ានី ជាប្រធាន សសយក ហើយមានសមាជិករាប់ពាន់នាក់ រាប់ម៉ឺននាក់ដែលធ្វើ ថារាប់ពាន់ចុះទៅធ្វើហ្នឹង មានឯកឧត្តមឧបនាយករដ្ឋមន្រ្តីជាច្រើនដែលជាសមាជិក សសយក ហ្នឹង។ សាយ សំអាល់, ស សុខា, ទៀ សីហា ធ្វើតាំងពីនៅយុវជន។ ឥឡូវនៅបន្តទៀត។ តែធ្វើមិនមែនដើម្បីឲ្យបក្សណា ដើម្បីឲ្យអ្នកណានោះទេ។ ធ្វើដើម្បីប្រជាជនយើងទាំងអស់។
អ្នកដែលទទួលផលផ្ទាល់ ទី១ គឺប្រជាពលរដ្ឋអ្នកខេត្តសៀមរាប។ បានមនុស្សច្រើន hotel restaurant អ្នកនៅជុំវិញនៅកំពង់ភ្លុក ទេសចរណ៍ធម្មជាតិ អ្នកនៅកន្លែងផ្សេងៗសប្បាយចិត្ត បានបំផុសទៅដល់វិស័យទេសចរណ៍។ ទី២ ខាង tour group អាចលក់ផលិតផល ប្រាប់គេនៅអឺរ៉ុប មកឲ្យច្រើនមកខែហ្នឹង កម្ពុជាមានរៀបពិធីសង្ក្រាន្តហ្នឹងល្អ។ នេះជាការគិតគូរគ្រប់វិស័យទាំងអស់។ យើងត្រូវមើលគ្រប់ទិដ្ឋភាព។ យកពត៌មានផ្ទាល់ពីប្រជាពលរដ្ឋ យកព័ត៌មានពីមន្រ្តី ពីស្ថាប័នដែលចុះធ្វើការផ្ទាល់ ចុះជាមួយប្រជាពលរដ្ឋ។ ពិតណាស់ របាយការណ៍មិនបានគ្រប់ជ្រុងជ្រោយ និងគ្រប់ទិដ្ឋភាពនោះទេ ហើយក៏មិនមែនថារបាយការណ៍ទាំងអស់នោះ ជារបាយការណ៍ភូតកុហកនោះដែរទេ។ កន្លែងខ្លះ ទិដ្ឋភាពវាអត់មានល្អឥតខ្ចោះ ១០០ ភាគរយ ព្រោះបើការសរសេរ ៥០០សន្លឹក សង្ខេបមកត្រឹមតែ ២០សន្លឹកមើលចង់ដាច់ខ្យល់ទៅហើយ អញ្ចឹងយើងផ្គុំជាមួយការអនុវត្តជាក់ស្តែង …។
(២៩) ខេត្តកំពង់ស្ពឺមានបំណងរៀបចំបុណ្យភ្នំ នៅគិរីរម្យ
ដូចការដោះស្រាយរឿងបំពេញគ្រូកិច្ចសន្យាហ្នឹង។ ក្រសួងអប់រំបង្ហាញពីកង្វះទិន្នន័យច្បាស់លាស់ ហើយផ្គុំជាមួយការចុះទៅផ្ទាល់ ទៅកន្លែងស្រុកមួយចំនួន។ យើងដឹងហើយថាពិបាកអីយ៉ាងណា យើងរៀបចំចេញមក ហើយប្រគល់ឲ្យជំនាញធ្វើការហ្នឹងទៀត។ ខាងវិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យកម្មន្តសាល វិស័យឧស្សាហកម្មដំណើរការល្អ។ ម៉ោងថ្មើរនេះរោងចក្រនៅបន្តបើក។ មួយថ្ងៃៗក្រសួងការងារនៅតែប្រកាសការរក(អ្នកធ្វើការ) ៥ម៉ឺនទៅ៦ម៉ឺននាក់។ ឱកាសការងារបន្ថែមទៀត។ គាត់ដាក់ច្បាស់តែម្តងលើអនឡាញ។ អញ្ចឹងអាចរកហើយមានភ្នាក់ងារមុខរបរជួយភ្ជាប់ឲ្យទៀត។ វិស័យអចលនទ្រព្យ វិស័យសំណង់ផ្សេងៗ ក្រៅពីនោះក៏មានការពង្រីកទីផ្សារក្នុងសេវាកម្មដែលរដ្ឋាភិបាលត្រូវមើលទាំងអស់។ ពិតណាស់ វាមិនបានល្អឥតខ្ចោះ។ អ្នកខ្លះ ជាពិសេសអ្នកនៅក្រៅ ឲ្យតែអីបន្តិចយករឿងដែលមិនមានចំណុចល្អមក(ផ្សាយរិះគន់ ហើយ)តែងតែភ្ជាប់ “នៅដល់ណាទៀត ត្រូវក្រោកឈរឡើង”។ ៥ឆ្នាំក្រោកឈរ ទៅបោះឆ្នោតម្តងបានហើយ។ ប្រជាពលរដ្ឋ ៨០% បោះហើយ។ គាត់ផ្តល់លទ្ធភាពដើម្បីធ្វើការងារបន្ត។
នៅប្រទេសប្រជាធិបតេយ្យគេមិនដែលថាបោះហើយ មួយឆ្នាំក្រោយបបួលគ្នាទៅទម្លាក់ធ្វើស្អីទៀតទេ។ គេទុកឱកាសឲ្យរាជរដ្ឋាភិបាល។ គ្មានរដ្ឋាភិបាលណាក្នុងពិភពលោកមិនប្រឈមបញ្ហាទេ ជឿចុះ។ កៅអីនេះជាកៅអីដោះស្រាយបញ្ហា កៅអីនេះជាកៅអីក្តៅ។ ខ្ញុំជួបឯកឧត្តម Thongloun Sisoulith ប្រធានរដ្ឋឡាវ កាលនៅជានាយករដ្ឋមន្រ្តី គាត់ថាពេលដែលនៅជានាយករដ្ឋមន្រ្តីគាត់យល់ពីកៅអីក្តៅ ប៉ុន្តែកៅអីក្តៅជាកាតព្វកិច្ចដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ … ថ្ងៃមុន ខ្ញុំទៅគិរីរម្យ។ មានអ្នកចូលខម្មិនថា “នាយករដ្ឋមន្រ្តីដែលទំនេរជាងគេបំផុត”។ ដែលខ្ញុំទៅនោះ ទី១ គឺចង់ទៅមើល(ស្ថានភាពទូទៅ)។ ទី២ ខ្ញុំអញ្ជើញឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីបរិស្ថាន និងអភិបាលខេត្ត ដែលអ្នកទាំង ៣នាក់ហ្នឹង អត់ដឹងទំាងថាទៅណាផង។ ឯកឧត្តម ហួត ហាក់ ដាក់មួយសាក់កាដូធ្ងន់តែម្តង។ ចុះពីលើឡាន គាត់ស្មានថាខ្ញុំបបួលគាត់ទៅភ្នំគីរីរម្យ ជិះឡានឡើង។ គាត់ដាក់មួយសាក់កាដូឡើងណែន។ គ្រាន់តែទៅដល់ គាត់គិតថាខ្ញុំជិះឡានឡើងដល់បាតជើងព្រះ។ ដល់ទៅដល់ គ្រាន់តែចុះនៅជើងភ្នំ ដើរឡើង គាត់ចាប់ផ្តើមរើអីវ៉ាន់ចេញពីសាក់កាដូរបស់គាត់។
ទៅដើម្បីអ្វី? ទៅដើម្បីមើល(ស្ថានភាពពទូទៅ)។ គាត់សុទ្ធតែអ្នកអត់ដែលទៅផ្ទាល់។ ថាចង់ជួយវិស័យទេសចរណ៍ ព្រោះខេត្តកំពង់ស្ពឺចង់រៀបចំបុណ្យភ្នំបន្ថែមទៅលើបុណ្យទន្លេ បុណ្យសមុទ្រ។ យើងកំពុងតែសិក្សាតើរៀបចំឬទេ។ អញ្ចឹងបានជាទៅមើលសក្តានុពល។ ឥឡូវយើងរៀបនៅគីរីរម្យ។ តែខ្ញុំ ទៅមើលសក្តានុពលខ្នងផ្សារ។ ជាជាងជិះ Helicopter ទៅ ឬមួយជិះឡានឡើងទៅដល់លើ ហើយបានដើរឡើងបន្តិច យើងដើរពីក្រោមទៅតែម្តង ឲ្យឃើញស្ថានភាពជាក់ស្តែង។ រវាងរដ្ឋមន្ត្រីទេសចរណ៍ និងរដ្ឋមន្ត្រីបរិស្ថាន ២នាក់ហ្នឹង ឯកឧត្តមរដ្ឋមន្ត្រីបរិស្ថានពេលឡើងភ្នំជាប់សរសៃ។ ដើរត្រូវចាំគាត់។ ស្រែកគាត់រហូត។ ដល់ពេលចុះភ្នំវិញ ឯកឧត្តម ទេសចរណ៍ ជាប់ជង្គង់។ ហ្នឹងគេអត់បង្ហាញរូប គេគ្រាចុះផង។ ដើម្បីឲ្យដឹង។ ចុះមកវិញជួបនឹងប្រធានសហគមន៍។ ខ្ញុំអញ្ជើញប្រធានសហគមន៍ អនុប្រធានសហគមន៍នៅនោះមាន ៩០គ្រួសារ ជាង ៣០០(នាក់)។
(៣០) បង្រៀនសហគមន៍ឱ្យចេះធ្វើធុរកិច្ច ឯការវិនិយោគឯកជនជាជំរើសចុងក្រោយបំផុត
សួរថាមានកង្វល់អីខ្លះ? យើងរៀបចំដោះឲ្យ។ វិស័យទេសចរណ៍ត្រូវវិនិយោគក្នុងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ តែវិនិយោគឲ្យចំ កុំវិនិយោគខុសខាតលុយ។ អញ្ចឹងកន្លែងនោះវិនិយោគស្អី តិចថាសុំធ្វើផ្លូវបេតុងឡើងទៅដល់លើ ត្រូវអភិវឌ្ឍ resort នៅលើ។ អត់ទេ។ កុំ។ ខ្ញុំឲ្យលុបប៉ុន្មានគម្រោងនៅលើនោះ ដែលការគិតគូររៀបចំវិនិយោគ ដល់ពេលយើងពិនិត្យជាក់ស្តែង វាអត់សមស្រប ទុកអាហ្នឹងឲ្យសហគមន៍គេធ្វើទៅ។ បងប្អូនខ្លះព្រួយបារម្ភថា បើសិនជាសហគមន៍មិនមានសមត្ថភាពក្នុងការរៀបចំ/គ្រប់គ្រង ប្រហែលទាល់តែត្រូវការវិនិយោគឯកជន។ ខ្ញុំប្រាប់ថាជំរើសនេះជាជំរើសចុងក្រោយបំផុត។ កុំធ្វើការជំនួសសហគមន៍។ ត្រូវបង្រៀនសហគមន៍ឲ្យចេះរកស៊ី។ កុំទៅយកអ្នករកស៊ីឲ្យធ្វើការជំនួសសហគមន៍ ហើយត្រឹមតែបង្កើតការងារ។ កន្លែងណាដែលសហគមន៍គាត់ចេះរកស៊ី បង្រៀនគាត់ ជួយគាត់ បង្កើនសមត្ថភាពគាត់ ឲ្យចេះធ្វើធុរកិច្ច។ យើងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រឲ្យ យើងកសាងកន្លែងបន្ទប់ទឹក កសាងកន្លែងលក់អីឲ្យស្រួលឲ្យគាត់គ្រប់គ្រង។ នៅខាងក្រោមគាត់បង្កើតផ្ទះសំណាក់អី។ យើងរៀបចំទាក់ថ្ពក់ជាមួយវិស័យឯកជន tour guide អី បង្កើតកញ្ចប់ទៅ។
យើងបង្រៀនឲ្យគាត់ចេះធ្វើបដិសណ្ឋាកិច្ចឲ្យល្អ មានហេដ្ឋារចនាសម្ព័ន្ធ … កាលមុន កន្លែងហ្នឹងប្រជាពលរដ្ឋរកស៊ីកាប់ឈើ រកអនុផលឈើ។ ដល់ពេលមានទេសចរណ៍ គាត់បែរពីរកកាប់ឈើមកធ្វើរបរហ្នឹង។ ជាគោលដៅដែលយើងត្រូវធ្វើ។ ត្រូវជួយគាត់ឲ្យរកស៊ីបានកាន់តែច្រើន ចំណូលចូលសហគមន៍។ កុំអី្វបន្តិចក៏វិស័យឯកជនទៅជំនួសប្រជាពលរដ្ឋដែរនោះ។ ទាល់តែថាខ្នាតធំត្រូវការទុន ហើយមូលដ្ឋានគាត់មិនអាចធ្វើទេ។ ជួនកាលរោងចក្រផលិតស្អីៗ ហ្នឹងពិបាក។ ត្រឹមតែបដិសណ្ឋារកិច្ច អូតែល សេវាកម្មមួយចំនួននៅទីនោះ ខ្ញុំគិតថាត្រូវតែបង្រៀន។ យើងបានបង្រៀនបានច្រើន ហើយកន្លែងខ្លះសហគមន៍នៅក្រចេះ នៅស្ទឹងត្រែងនៅអីរកបានច្រើន។
គោលការណ៍នេះហើយ ធ្វើអភិវឌ្ឍមូលដ្ឋាន មិនមែនត្រឹមតែមានហេដ្ឋារចនាសម្ព័ន្ធល្អ សេវាល្អ នៅហ្នឹងកន្លែងតែមួយទេ ប៉ុន្តែត្រូវបានផលឲ្យសហគមន៍ឲ្យបានច្រើនជាអតិប្បបរមា។ នេះជាគោលដៅសម្រាប់ប្រជាជននៅទីនោះ។ នេះហើយគឺការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។ បើថាប្រជាជនមិនទាន់ចេះ តែមានឆន្ទៈ ហើយសហគមន៍ប្រាប់ថា ខ្លាចគេមកវិនិយោគឯកជនជំនួសគាត់។ ខ្ញុំថា វិស័យឯកជនវិនិយោគក្នុងករណី២។ ទី១ បើសិនជាការវិនិយោគធ្វើឲ្យបាត់បង់ឱកាសរបស់សហគមន៍ដែលអាចធ្វើដូចគ្នាបាន ហ្នឹងវាពិបាក តែបើវិនិយោគខ្លះផ្គុំគ្នាជាមួយសហគមន៍ (អាចធ្វើបាន)។ ឧ. ភ្ញៀវទៅហ្នឹង។ បើភ្ញៀវទៅច្រើន សហគមន៍គាត់ទទួល/ផ្តល់សេវាកម្មបាន អញ្ចឹងភ្ញៀវទៅមិនទៅអាស្រ័យលើសមត្ថភាពមានទីតាំងគាំទ្រឬអត់។ មានផ្ទះសំណាក់គ្រប់អត់។ អញ្ចឹងបើមានច្រើនហ្នឹងទៅហើយ។ សហគមន៍អាចអនុវត្តបានប៉ុន្មាន យើងឲ្យអាទិភាព។ បើអត់ទេ វិស័យឯកជនត្រឹមកម្រិតណាមួយ កុំទៅធ្វើឲ្យរលំសហគមន៍។ ជួយក្នុងកម្រិតណាមួយ ថែរក្សាបរិស្ថាន និងសហការគ្នាបំពេញគ្នាជាមួយនឹងសហគមន៍ ដើម្បីនាំគ្នាហៅភ្ញៀវឲ្យបានច្រើន ដើម្បីឲ្យសហគមន៍បានផលច្រើនលើសេវាកម្មដែលគាត់ផ្តល់។
(៣១) បើរដ្ឋជួយហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតជាប្រព័ន្ធទេសចរណ៍ សហគម៍ត្រូវធ្វើសេវាកម្មឱ្យល្អ
ខ្ញុំឲ្យគាត់ទទួលខុសត្រូវមួយថា បើរដ្ឋជួយហើយ អាចថាជួយកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ធ្វើប្រព័ន្ធស្ទាក់ទឹកអីហ្នឹង បង្កើតប្រព័ន្ធទេសចរណ៍ ប៉ុន្តែរឿងឲ្យគាត់ជួយគាំទ្រ គឺធ្វើម៉េចឲ្យសេវាកម្មបានល្អ។ អញ្ចឹងគាត់សន្យា ថា បើភ្ញៀវមកគឺបំរើដូចស្តេចអញ្ចឹង។ ខ្ញុំថាហ្នឹងល្អ។ សេវាកម្មគាប់ចិត្ត ព្រោះបើទៅកន្លែងខ្លះល្អ តែសេវាច្របូកច្របល់ ក៏អត់ទាក់ទាញដែរ។ កន្លែងខ្លះទុក្ខលំបាកមែន តែចូលទៅដល់សេវាកម្មល្អត្រជាក់ចិត្ត។ កន្លែងខ្លះចូលទៅក្នុងព្រៃ អត់មានស្អីច្រើន ផ្ទះថ្មអីទេ ប៉ុន្តែសេវាកម្មគេ អូតែលផ្កាយប្រាំខ្លះនៅក្នុងព្រៃ អត់មានទេ មួយល្មម នៅជាមួយធម្មជាតិ តែសេវាកម្មល្អ ភ្ញៀវត្រូវការអីបាន។ នេះជារូបមន្តនៃការអភវិឌ្ឍវិស័យទេសចរណ៍ ជាពិសេសវិស័យទេសចរណ៍ភ្ជាប់នឹងមូលដ្ឋាន។ ខ្ញុំឃើញឯកឧត្តម សាយ សំអាល់ បាញ់រូបឲ្យខ្ញុំនៅតំបន់ប៉ុន្មាន មានសហគមន៍មានទឹកមានអី។ គាត់ផ្គុំគ្នាធ្វើបានល្អ។ ភ្ញៀវទៅជិះទូកជិះអី សហគមន៍ធ្វើហ្មង មិនបាច់ហៅវិនិយោគពីក្រៅទៅធ្វើទៅអីទេ។ យើងអាចជួយសហគមន៍។ កន្លែងខ្លះជួយគាត់ បង្រៀនគាត់ កន្លែងខ្លះជាកម្ចីកម្រិតទាបរបស់រដ្ឋដើម្បីជួយឲ្យគាត់ដើរ ហើយជួយគាត់ឲ្យចេះរកស៊ី។ គាត់បង្កើតសហគមន៍ ធ្វើជាម្ចាស់ផង ធ្វើជាអ្នកផ្តល់សេវាកម្មផង ជាបុគ្គលិកផង។
ចំណុចនេះ យើងបានធ្វើកន្លងទៅ ហើយភ្ជាប់ទៅនឹងការពង្រឹង ដែលរដ្ឋាភិបាលយកចិត្តទុកដាក់នៅគ្រប់វិស័យទាំងអស់ ក្នុងវិស័យសេវាកម្ម ក្នុងវិស័យទេសចរណ៍ នៅក្នុងករណីនេះដូចគ្នា។ (និយាយពី)ចេញពីការអាន ទៅដល់ការឡើងមើលភ្នំណាឯនោះ។ ប៉ុន្តែ នេះគ្រាន់តែបង្ហាញថា ទិដ្ឋភាពនៃការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងការយកចិត្តទុកដាក់គ្រប់វិស័យក្នុងពេលតែមួយ វាមិនល្អឥតខ្ចោះប៉ុន្តែពេលខ្លះយើងត្រូវរើសអីដែលបានផលជាអតិប្បបរមា។ នេះគឺជាកន្លែងដែលសំខាន់ កន្លែងខ្លះយើងធ្វើទំនប់វារីអគ្គិសនី។ ប្រជាពលរដ្ឋមានភូមិខ្លះនៅហ្នឹង យើងត្រូវរើទីតាំងរបស់គាត់ទៅកន្លែងផ្សេង ហើយអភិវឌ្ឍនៅកន្លែងនោះ។ អញ្ចឹងសួរថា បើយើងមិនធ្វើ បើយើងយកដំណោះស្រាយថាល្អឥតខ្ចោះទាំងពីរ(តើបានឬទេ?)។ ទៅអត់រួច។ យើងក៏បានធ្វើ ហើយប្រជាពលរដ្ឋក៏បានផលពីការប្រើចង្កៀងប្រេងកាត មកចង្កៀងអគ្គិសនី ពីកន្លែងអត់សេវាកម្ម ទៅមានសេវាកម្ម ហើយអគ្គិសនីក៏បានផ្គត់ផ្គង់ទូទាំងខេត្ត កន្លែងផ្សេងៗ ជាមួយការគិតគូរច្បាស់និងដោះស្រាយផលប៉ះពាល់។ ថ្ងៃមុនឃើញគេបង្ហាញពីការគិតគូរ។ កន្លែងខ្លះយើងត្រូវសម្រេចមិនធ្វើតែម្តង ដោយសារប៉ះពាល់ខ្លាំង។ កន្លែងខ្លះយើងធ្វើ ហើយរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដើម្បីបានជំរុញការអភិវឌ្ឍ។ ការគិតគូរបែបនេះជាបណ្តុំ(នៃបញ្ញាញាណ)រដ្ឋាភិបាល មិនមែនតែខ្ញុំម្នាក់ឯងទេ។
(៣២) រដ្ឋាភិបាលជាបណ្តុំមន្ត្រីមានពិសោធន៍ ជំនាញ និងការទទួលខុសត្រូវ
រដ្ឋាភិបាលគឺជាបណ្តុំមន្ត្រីដែលមានបទពិសោធន៍ មានជំនាញ មានការទទួលខុសត្រូវ។ ខ្ញុំគ្រាន់តែជាអ្នកស៊ីញ៉េចុងក្រោយនៅកម្រិតណាមួយទេ។ កម្រិតខ្លះយើងប្រគល់សិទ្ធទៅឲ្យក្រសួងស្ថាប័ន។ ឥឡូវយើងធ្វើវិមជ្ឈការទៅដល់ខេត្តទៅដល់មន្ទីរទៀត បណ្តុំទៅដោយមន្ត្រី(ថ្នាក់ក្រោមជាតិ)។ យើងមិនបានធ្វើល្អឥតខ្ចោះគ្រប់នោះទេ ប៉ុន្តែការងារច្រើនដែលយើងបានផ្តល់ជូនបងប្អូន។ សូមមើលទិដ្ឋភាពទាំងមូលនៃការខិតខំ។ យើងទទួលខុសត្រូវ យើងទទួលចំណុចអវិជ្ជមានដើម្បីកែលម្អ។ កន្លងទៅ យើងអនុវត្តអភិក្រមវះកាត់បានច្រើន។ កន្លែងខ្លះរហូតទៅដល់អភិបាលរង កម្រិតខ្ពស់ មន្ត្រីថ្នាក់ឧត្តមសេនីយ៍ផ្សេងៗ។ ប៉ុន្តែកន្លែងខ្លះ យើងត្រូវកែលម្អ នីតិវិធីរបស់យើង កាត់បន្ថយពន្ធអីផ្សេងៗ។ រកវិធីជួយកសិករ ជួយប្រជាពលរដ្ឋ កម្មករ ជួយនិស្សិតបញ្ញវ័ន្ត ជួយប្រជាពលរដ្ឋ រៀនចប់រកការងារឲ្យស្របតាមជំនាញ។ នេះគឺអ្វីដែលរដ្ឋាភិបាលរៀនខ្លួនឯងរាល់ថ្ងៃ។ បងប្អូនមើលរាល់ថ្ងៃ វិភាគរាល់ថ្ងៃ ទទួលព័ត៌មានរាល់ថ្ងៃ កន្លែងណាដែលមិនពិតប្រាកដ យើងបញ្ជូនកម្លាំងចុះពិនិត្យ កន្លែងណាដែលមានបញ្ហា យើងបញ្ជូនឲ្យទៅដោះស្រាយ។ រឿងខ្លះត្រូវការក្តាប់ជាក់ស្តែង សិក្សាលំអិត ប៉ុន្តែការទទួលព័ត៌មាន យើងទទួលយកមកដើម្បីពិនិត្យវាយតម្លៃរៀនសូត្រពីចំណុចខ្សោយ …។
ឆ្នាំទៅនៅសៀមរាប គេថតថាស្ងាត់ទេសចរណ៍ស្ងាត់។ ឥឡូវមនុស្សច្រើន។ បងប្អូនខ្លះថា នៅតែអត់ជឿទៀត។ ទេសចរណ៍មកពេញហើយ គេថតបង្ហោះ គេថារូបចាស់។ ប៉ុន្តែយើងធ្វើបានច្រើន។ យើងមិនឈប់ត្រឹមហ្នឹងទេ យើងត្រូវរៀនខ្លួនឯងទៀតថា ក្នុង low season ឬ green season នេះ ធ្វើម៉េចដើម្បីទាញភ្ញៀវបាន។ អញ្ចឹងឆ្នាំនេះយើងបង្កើតព្រឹត្តិការណ៍អង្គរ(សង្ក្រាន)ហ្នឹងដើម្បីទាញឲ្យបានច្រើន។ ភ្ញៀវមកកាន់តែច្រើន គេស្គាល់យើងកាន់តែច្រើន បានផលប្រជាជនច្រើន។ គេដឹងពីស្ថានភាពសេដ្ឋកិច្ច ស្ថានភាពសេ្ថរភាព សន្តិភាពរបស់យើង ដែលនេះជាការល្អ ហើយបានផលទាំងអស់គ្នា មិនបានផលតែបងប្អូនទេ។ ប៉ុន្មាននាក់គ្រោងទៅសៀមរាប ទៅសៀមរាបអង្គរសង្ក្រាន្ត? ច្រើនដែរ។ កក់អូតែលនៅ? ត្រៀមតង់ អូតែលផ្កាយមួយពាន់ free។ នេះហើយគឺជាចំណុចដែលពាក់ព័ន្ធទៅនឹងការស្វ័យ និងការពង្រឹងខ្លួន វាទាំងបុគ្គល ទាំងរាជរដ្ឋាភិបាល ទាំងស្ថាប័នទាំងអស់។
[ចប់សេចក្តីអធិប្បាយ៥]
ជាថ្មីម្តងទៀត, ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាភិបាល គណៈ នាយក សាស្រ្តាចារ្យ បុគ្គលិក ដៃគូសហប្រតិបត្តិការជាតិ-អន្តរជាតិ និង ប្អូនៗទាំងអស់ ដែលបានចូលរួមចំណែកលើកស្ទួយវិស័យអប់រំឱ្យកាន់តែល្អប្រសើរ ក្នុងបុព្វហេតុ នៃការ-អភិវឌ្ឍមូលធនបញ្ញាដល់យុវជនយើង សម្រាប់បន្តវេន និង ជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ ។
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមអបសាទរជាថ្មីម្តងទៀត ចំពោះលទ្ធផលដ៏ត្រចះត្រចង់ ដែលប្អូនៗទទួលបានក្នុងថ្ងៃនេះ និង សូមថ្លែងអំណរគុណដល់ ក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថាន វ៉ាន់ដា ព្រមទាំងដៃគូសហប្រតិបត្តិការនានា ដែលបានខិតខំបំពេញភារកិច្ចដ៏ត្រចះត្រចង់ និងទទួលបានលទ្ធផលគួរជាទីមោទនៈ ។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសព្រមទាំងប្អូនៗជ័យលាភី សូមបានប្រកបដោយពុទ្ធពរ និង ពរ ទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត៕