ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល
ឯកឧត្តមឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសនានាប្រចាំនៅកម្ពុជា
គណៈអធិបតី ភ្ញៀវកិត្តិយសតំណាងដៃគូអភិវឌ្ឍវិស័យឯកជនទាំងអស់ និងអង្គសន្និបាតជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដោយបានមកចូលរួម ពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារ ៥ ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្ត» របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ខ្ញុំសូមថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី, តំណាងក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គទូត ដៃគូ-អភិវឌ្ឍ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួម ក្នុងសន្និបាតដ៏មានសារៈសំខាន់ថ្ងៃនេះ។
ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលបានលើកឡើងមុននេះ ដោយ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ជាប្រធាន គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានខិតខំបំពេញការងារ រហូតបានសម្រេចសមិទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល ៥ ឆ្នាំ កន្លងទៅនេះ, ជាពិសេស ការងារកែទម្រង់ផ្ទៃក្នុងក្រសួង, ការពង្រឹងការប្រមូលចំណូល និង ការគ្រប់-គ្រងចំណាយ, ការកៀរគរ និងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជា ការធ្វើ និងព័ត៌មាន ឬ ហៅថា វិស័យឌីជីថល ឱ្យមានការអភិវឌ្ឍជាបន្តបន្ទាប់ សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
បច្ចុប្បន្ន, យើងកំពុងស្ថិតនៅក្នុងនិន្នាការនៃយុគផ្លាស់ប្តូរមួយ ដែលបរិវត្តកម្មឌីជីថល ពុំមែនគ្រាន់តែជាជម្រើសប៉ុណ្ណោះទេ, ប៉ុន្តែ ជាកត្តាចាំបាច់សម្រាប់គ្រប់ប្រទេសលើពិភពលោក រួមទាំងកម្ពុជាផងដែរ។ បច្ចេកវិទ្យាឌីជីថលកំពុងទម្លុះរបាំងប្រពៃណី ដើម្បីបើកផ្លូវឆ្ពោះទៅរក កាលានុវត្តភាពថ្មីៗ។ យើងសង្កេតឃើញថា ពលរដ្ឋគ្រប់រូបនៅទីតាំងណាក៏ដោយ គឺសុទ្ធតែមានលទ្ធភាពប្រើប្រាស់សេវាទូរស័ព្ទចល័ត និងអ៊ីនធឺណិត និងឧបករណ៍ឌីជីថល ដែលមានតម្លៃសមរម្យ។
[ចាប់ផ្តើមសេចក្ដីអធិប្បាយ១]
(១) បច្ចេកវិទ្យាឌីជីថលបានក្លាយជាចំណែកមួយសំខាន់ក្នុងជីវភាពរស់នៅរបស់មនុស្ស
ក្នុងបន្ទប់នេះ ប្រហែលជាមានមនុស្សតិចណាស់ ឬថាគ្មានតែម្ដង អ្នកដែលមិនមានស្មាតហ្វូនប្រើ ឬនៅប្រើ N ចុចពិល។ ខ្ញុំក៏មិនជឿថាមានមនុស្សច្រើនដែរ នៅក្នុងបន្ទប់នេះ មិនមានប្រព័ន្ធទំនាក់ទំនងតាមកម្មវិធីដូចជា app, what’s App, Telegram, Facebook, Tiktok ហើយប្រហែលជាមិនមានអ្នកណាក្នុងបន្ទប់នេះ មិនចំណាយពេលលើសពី ៥នាទីលើ internet នោះទេ។ ខ្ញុំបានជួបជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេស មិនថានៅភ្នំពេញមិនថាកងទ័ពនៅព្រំដែនទេ។ ថ្ងៃមុន ជួបកងទ័ពនៅតំបន់ដាច់ស្រយាលបំផុត អូរអាល័យ អូរតាង៉ាវ ពេលចូលទៅដល់ ពួកគាត់សុំថត Selfie។ សួរថាយកធ្វើអី? យកផូស្ដ Facebook។ ទាំងនេះបង្ហាញអី? វាបង្ហាញថា បច្ចេកវិទ្យាឌីជីថលបានក្លាយជាផ្នែកមួយនៃជីវិតរបស់យើងទៅហើយ។ កន្លែងខ្លះ ទូរស័ព្ទបានក្លាយទៅជាមិត្តល្អជាងប្រពន្ធកូនទៅទៀត។ យើងអាចនិយាយបានថា ប្រសិនបើប្រពន្ធអត់នៅផ្ទះ ៣ថ្ងៃ ហើយមិនទូរស័ព្ទមកក៏ប្រហែលជាមិននឹក មិនពិបាកចិត្តទេ។ ប៉ុន្ដែ បើបាត់ទូរស័ព្ទមួយថ្ងៃទ្រាំមិនបាន។ និយាយទៅអ្នកនៅលើវេទិកាសើច ប្រហែលជាអាច(ការពិត)។
ឯកឧត្តម លោកជំទាវ ប្រហែលជាមិនដឹងថាទូរស័ព្ទដៃនោះសំខាន់ពេលណា ឬមានតម្លៃពេលណាទេ។ (រហូតដល់)ពេលដែលវាបាត់ ឬវិះបាត់ បានដឹងថាទូរស័ព្ទនោះវាសំខាន់ ព្រោះ(ព័ត៌មានផ្ទាល់ខ្លួន)នៅក្នុងនោះទាំងអស់។ ខ្ញុំចាំបាន ពីមុនយើងពឹងផ្អែកទៅលើកុំព្យូទ័រ។ ខ្ញុំធ្លាប់ទៅហាត់ការនៅធនាគារពិភពលោក ក្នុងនាយកដ្ឋានមួយ នៅ ម៉ុងហ្គោលី។ ថ្ងៃមួយ ទៅធ្វើការម៉ោង៧។ ទៅដល់ គេប្រាប់ថាកុំព្យូទ័រ down។ មួយព្រឹកនោះ អត់មានអ្នកណាធ្វើអីទាំងអស់។ រាល់ទិន្នន័យ និងឯកសារទាំងអស់នៅក្នុងកុំព្យូទ័រ។ រាល់ថ្ងៃធ្វើ(ការ)តែនឹងកុំព្យូទ័រ។ ដល់ត្រឡប់មកវិញ (អត់មានកុំព្យូទ័រ)សរសេរអត់ចេញ។ ឥឡូវយើងប្រែក្លាយពីពឹងផ្អែកលើកុំព្យូទ័រ មកពឹងផ្អែកលើឧបករណ៍ទូរស័ព្ទដៃ គឺ(ជា)ប្រព័ន្ធឌីជីថលនេះឯង។ ហេតុនេះ ហើយបានជាយើងនិយាយថា ឌីជីថលក្លាយជាផ្នែកមួយនៃជីវិតរបស់យើង។
(២) វឌ្ឍនភាពនៃវិស័យឌីជីថល កើតឡើងដោយទី១ លទ្ធភាពរបស់ប្រជាពលរដ្ឋ និងទី២ វិសាលភាពសេវា
សួរថាអ្វី តើទាំងអស់នេះកើតឡើងដោយចៃដន្យឬទេ? ដូចដែលឯកឧត្តម ជា វ៉ាន់ដេត បានរាយការណ៍អម្បាញ់មិញអំពីវឌ្ឍនភាព(នៃវិស័យនេះ) នៅកម្ពុជាយើងវាកើតឡើងដោយ កត្ដាទី១ គឺលទ្ធភាព។ ប្រជាពលរដ្ឋ គឺមានលទ្ធភាពទិញស្មាតហ៊្វូន និងកាតទូរស័ព្ទប្រើ។ ទី២ គឺវិសាលភាពគ្របដណ្ដប់នៃសេវា។ ខ្ញុំទៅដល់ព្រំដែន ក៏កងទ័ពមិនបាច់រាយការណ៍តាមវិទ្យុទាក់ទងមកទេ។ គាត់ចុចថត និងរាយការណ៍បានទាំងរូបភាពមកទៀត។ មិនត្រឹមតែបាញ់ពីព្រំដែនមកដល់ភ្នំពេញទេ បាញ់ពីព្រំដែនទៅដល់អាមេរិកក្នុងពេលមិនដល់មួយវិនាទីផង។ អញ្ចឹងការវិនិយោគនៃសេវាទូរស័ព្ទឌីជីថល កើនឡើងដោយការគ្របដណ្ដប់នៃហេដ្ឋារចនាសម្ព័ន្ធ។ ទាំងអស់នេះមិនមែនកើតឡើងដោយចៃដន្យទេ (ប៉ុន្ដែ)ដោយសារការដាក់ចេញនូវគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលក្នុងរយៈពេល ២ទសវត្សមកនេះ ដែលចាប់ផ្ដើមបុកខ្លាំងទៅលើវិស័យឌីជីថល។
(៣) ការអភិវឌ្ឍបច្ចេកវិទ្យា ទូរគមនាគមន៍ ព័ត៌មានវិទ្យា ជាចក្ខុវិស័យសម្ដេចតេជា ហ៊ុន សែន តាំងពីឆ្នាំ២០០០
ដែលយើងថាឌីជីថលកំពុងរីកចំរើននៅកម្ពុជាមកប៉ុណ្ណេះ គឺមានដើមកំណើតរបស់វា។ ដើមដំបូង នៅឆ្នាំ២០០០ ពេលបង្កើត NIDA ក្រោមទីស្ដីការគណៈរដ្ឋមន្ដ្រី ពេលនោះហៅថាអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍបច្ចេកវិទ្យា ទូរគមនាគមន៍ ព័ត៌មានវិទ្យា ជាចក្ខុវិស័យរបស់សម្ដេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ដ្រីនា ក៏ដូចជាក្រសួងស្ថាប័នជំនាញ សម្ដេច វិបុលបញ្ញា សុខ អាន បានរៀបចំការគិតគូរនេះឡើង។ មិនមែនធ្វើមួយថ្ងៃចេញនោះទេ។ ត្រូវការរយៈពេលវែង។ ត្រូវការការចាប់ផ្ដើម ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ គោលនយោបាយច្បាស់លាស់។ តែបើយើងនិយាយ នឹងមានអ្នកនិយាយថាទ្រឹស្ដីទៀតហើយ។ ពេលដែលយើងដាក់ចក្ខុវិស័យនេះហើយ ត្រូវមានផែនការនិងការអនុវត្ដ។ ក្នុងរយៈពេល ២០ ឆ្នាំជាងនេះ តាំងពីឆ្នាំ២០១៣ យើងបានធ្វើសកម្មភាពតាមផែនការមេអភិវឌ្ឍវិស័យឌីជីថល ដោយ NIDA បានធ្វើសមាហរណកម្មទៅក្រោមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយបានដាក់ចេញនូវយុទ្ធសាស្ដ្រជាបន្ដបន្ទាប់ ពិសេសសក្នុងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣ ឆ្នាំ២០១៣-២០១៨ ដែលបញ្ជាក់ពីភាពចាចាំបាច់នៃការអភិវឌ្ឍរដ្ឋបាលអេឡិចត្រូនិក E-government និងជំរុញវិស័យឯកជនឲ្យបានរីកចំរើនធំធាត់ក្នុងការចូលរួមវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។
(៤) ប្រើ4G និងកំពុងអភិវឌ្ឍ5G ដើម្បីបង្កើនប្រសិទ្ធភាពទំនាក់ទំនងអោយបានថ្លៃកាន់តែទាប និងលឿន
ថ្ងៃនេះ យើងអាចនិយាយបានថា វិសាលភាពគ្របដណ្ដប់(នៃសេវាឌីជីថល)មានច្រើន។ ពិតណាស់ កន្លែងខ្លះ ដូចជានៅក្រុងភ្នំពេញនៅមានសេវាខ្សោយ កន្លែងខ្លះចូលទៅក្នុងផ្ទះអត់លឺ។ ប៉ុន្ដែ សេវាមានហើយ ជាមូលដ្ឋានសំរាប់បង្កើនប្រសិទ្ធភាពទៅថ្ងៃមុខ។ អម្បាញ់មិញក្រសួងក៏បានរាយការណ៍ពីផែនការបន្ដទៅមុខ ដូចជាការអូស Cable ក្រោមសមុទ្រអីមកបន្ថែម។ ទាំងអស់នេះ ជាលទ្ធផលដែលយើងឃើញថាជាផលប្រយោជន៍នៃការអនុវត្ដគោលនយោបាយ ដែលរដ្ឋាភិបាលបានគិតគូរជាង ២ទសវត្សមុន និងបានជំរុញជាបន្ដបន្ទាប់មក។ ផលប្រយោជន៍បានអី? … បើសិនបើយើងអត់មាន INTERNETប្រើ ប្រហែលម៉ោងនេះមិនមានអ្នកណាប្រើស្មាតហ៊្វូន ព្រោះទិញអត់ប្រយោជន៍។
ពេលនេះ យើងកំពុងប្រើ 4G ហើយនិងកំពុងអភិវឌ្ឍ 5G ដែលអាចបង្កើនប្រសិទ្ធភាពក្នុងលក្ខណៈជាបុគ្គល អាចជួយប្រជាពលរដ្ឋយើងធ្វើការទំនាក់ទំនងបានថោក និងបានលឿន។ មុននឹងមានបច្ចេកវិទ្យា 4G ដែលយើងអាចនិយាយបាននេះ ទូរស័ព្ទទៅក្រៅប្រទេសម្តងៗ អស់ថ្លៃ។ រៀននៅអាមេរិក ខ្ញុំទូរស័ព្ទមកផ្ទះម្តងៗ ថ្លៃណាស់។ កាលពីហ្នឹង មួយនាទីប្រហែលជា ៥ទៅ ៦ដុល្លារ។ ឥឡូវខលក្នុងប្រទេស ឬក្រៅប្រទេសដូចគ្នា ជាពិសេសប្រើ app what app, telegram គិតតែ internet ទេ បញ្ជូនរូបដូចគ្នា។ នេះហើយគឺជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ដែលបានផលពីការចែករំលែកពត៌មាននិងការទទួលព័ត៌មានលឿន។
ឥឡូវបងប្អូនគាត់ផ្សាយផ្ទាល់/Live ហេតុការ អ្នកនៅអាមេរិកក៏មើលឃើញហេតុការណ៍នៅភ្នំពេញ អ្នកភ្នំពេញក៏មើលឃើញហេតុការណ៍នៅអាមេរិក ពេលជាមួយគ្នាតែម្តងគឺ real time។ ការកំសាន្តក៏ដូចគ្នា។ ដោយហេតុនេះ ខ្ញុំថាអត់ទូរស័ព្ទមួយថ្ងៃអផ្សុក។ ប្រពន្ធអត់នៅផ្ទះ៣ ថ្ងៃដូចមិនសូវអី … ព្រោះសល់ពេលមើល sport។ ប្រពន្ធអត់មកដណ្តើមតេឡេកុម្មង់។ បើទៅបុណ្យអីម្តងៗ មួយតុ ១០ នាក់អត់មានអ្នកណានិយាយគ្នាសោះ។ ណាត់គ្នាថាមកជួបគ្នា ដល់ពេលជួបគ្នា អត់និយាយគ្នា ទៅនិយាយជាមួយនឹងអ្នកឆ្ងាយតាម Facebook។
(៥) បច្ចេកវិទ្យាឌីជីថលផ្តល់ប្រយោជន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្ម
(ការរីកចំរើននៃវិស័យឌីជីថល)ផ្តល់សារប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម មិនត្រឹមតែជួយក្រុមហ៊ុន និងរដ្ឋាភិបាលក្នុងការធ្វើការទេ ប៉ុន្តែប្រជាពលរដ្ឋអាចធ្វើពាណិជ្ជកម្មតាមអនឡាញជាច្រើនផងដែរ ពិសេសនៅពេលបិទខ្ទប់(ដោយសារជំងឺកូវីដ១៩)។ មិនត្រឹមតែប៉ុណ្ណឹងទេ បានជួយកាត់បន្ថយតម្លៃទៀតផង។ កាលមុន ត្រូវបើកហាង បើកច្រើនកន្លែង ត្រូវជួលអីច្រើន។ ឥឡូវ អ្នកខ្លះដាក់នៅផ្ទះតែម្តង ប្រើសេវាដឹកជញ្ជូន។ មិនត្រឹមតែបំរើសេវាលក់ដូរអនឡាញទេ ប៉ុន្តែថែមទាំងផ្តល់នូវកំណើនទៅសេវាផ្សេងៗទៀតផង។ ឥឡូវយើងឃើញ Foodpanda និង Grab រីកចំរើនដោយសារ(វឌ្ឍនភាព)អនឡាញ។ ការជួញដូរផលិតផលតាមអនឡាញរួមទាំងអាហារផង។ អ្នកភ្នំពេញឥឡូវលែងដើរទៅទិញម្ហូបហើយ។ ម្ហូបហោះមកវិញ។ ខ្ញុំធ្លាប់ឃើញទិដ្ឋភាពបែបនេះនៅប្រទេសទំនើបប្រហែលជា ១០ឆ្នាំមុន ដែលផ្សារអត់សូវមានមនុស្ស។ ដល់សួរទៅគេថាទៅដល់ទិញកន្លែងហ្នឹង សូម្បីអ្នកលក់នៅកន្លែងហ្នឹងឥឡូវ មាន QR code រួចទៅហើយ។ គាត់លែងកាន់លុយហើយ។ កន្លែងខ្លះ អ្នកលក់លៀសហាលក៏មាន QR code ដែរ។
(៦) ប្រព័ន្ធព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) បង្កើនប្រសិទ្ធភាពគ្រប់គ្រង និងពន្លឿនការដោះស្រាយបញ្ហា
ឥឡូវ យើងបើកប្រាក់បៀវត្សតាម(មធ្យោបាយ)ហ្នឹង។ មន្រ្តីរាជការសុទ្ធតែមាន account ធនាគារ។ ដល់ខែយើងបញ្ជូនសាច់ប្រាក់ ដែលកាលមុនត្រូវដឹកពីរតនាគារទៅបែងចែក។ បើទាហានវិញ កាន់តែលំបាក។ ឥឡូវយើងបញ្ជូនទៅដល់កងពល ទៅដល់ភូមិភាគ មិនបាច់ចុះមក(ឆ្ងាយ) ហើយប្រព័ន្ធទូទាត់កាន់តែលឿន … សេវាសាធារណៈក៏កាន់តែល្អប្រសើរ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS (Financial Management Information System) ដែលក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានរៀបចំនិងប្រើប្រាស់ បានបង្កើនប្រសិទ្ធភាពគ្រប់គ្រង និងពន្លឿនការដោះស្រាយបញ្ហាផ្សេងៗ។ យើងបើក ២ ដងនៅក្នុងមួយខែ ហើយទាន់ពេល។ ថ្ងៃមុនមានការរអាក់រអួលបច្ចេកទេសបន្តិចនៅក្រសួងសង្គមកិច្ចចំពោះសម្រាប់អតីតយុទ្ធជន។ មិនមែនដោយយើងអស់លុយទេ គឺដោយសាររឿងបច្ចេកទេសបន្តិចបន្តួច។ គ្រាន់តែយឺតបន្តិច គេស្រែកថារដ្ឋអស់លុយហើយ។ ធនាគារជាតិបោះពុម្ពក្រដាស២០ម៉ឺនរៀល ដើម្បីអបអរសាទរខួបឡើងគ្រងរាជ្យនៃព្រះមហាក្សត្រ ២០ឆ្នាំ គេថាយើងអស់លុយហើយ។
(៧) បច្ចេកវិទ្យាជាបច្ចុប្បន្ន និងអនាគត
(រដ្ឋមាន)ការធានាបៀវត្សរ៍ឲ្យមន្រ្តីរាជការ។ យើងមានថវិកាបម្រុងគ្រប់គ្រាន់សម្រាប់ធានាបៀវត្សជូនមន្រ្តី ហើយមិនត្រឹមតែធានាទេ យើងឡើងប្រាក់២ ឆ្នាំជាប់គ្នាទៀត។ បើថាអស់លុយពីរតនាគារ ជាតិអស់លុយ យើងមានលទ្ធភាពឯណាតម្លើងប្រាក់ខែ។ យើងទើបតែតម្លើងឆ្នាំនេះ២០២៥ ខែ១ ទាំងអស់។ ការបង្កើត និងការធានារៀបចំប្រព័ន្ធបច្ចេកវិទ្យានេះ បានដើរតួសំខាន់។ ខ្ញុំអរគុណនិងសូមសរសើរដល់ខាងរតនាគារ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ប្រព័ន្ធពន្ធដារ ប្រព័ន្ធគយ។ រាល់ថ្ងៃយើងដឹងទិន្នន័យភ្លាមៗ ហើយក្តាប់បានតែម្តង។ នេះហើយគឺជាលទ្ធភាពនិងផលប្រយោជន៍នៃការកសាងគោលនយោបាយដែលដាក់ចេញពីទសវត្សរ៍មុន។ យើងកំពុងបន្ត ផ្អែកលើមូលដ្ឋាននោះនិងកសាងបន្ថែម។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីបានដឹងហើយថា រដ្ឋាភិបាលអាណត្តិទី៧ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ បន្តពីយុទ្ធសាស្រ្តចតុកោណ ខុសប្លែកគ្នាតែត្រង់មុំទី ៥។ មុំទី ៥នេះគឺបច្ចេកវិទ្យាហ្នឹងឯង។ នេះបង្ហាញច្បាស់ថា រដ្ឋាភិបាលមិនគ្រាន់តែមិនយកចិត្តទុកដាក់ទេ ប៉ុន្តែបង្កើនអាទិភាពចំពោះវិស័យនេះ ព្រោះវាជាបច្ចុប្បន្ននិងទៅអនាគត។ យើងត្រូវមានចក្ខុវិស័យដើម្បីធានាភាពម្ចាស់ការ កុំឲ្យយឺតជាងគេ។
(៨) ធានាភាពប្រកួតប្រជែងកសាងធនធានមនុស្ស កសាងហេដ្ឋារចនាសម្ព័ន្ធ និងបញ្ជ្រាបការប្រើប្រាស់ប្រព័ន្ធក្នុងគ្រប់វិស័យ
ការដាក់ចេញចក្ខុវិស័យក្នុងគោលនយោបាយបង្ហាញថា នេះជាក្របខណ្ឌគោលនយោបាយជាអាទិភាព ទាមទារឲ្យយើងត្រូវធ្វើផែនការមេ និងផែនការអនុវត្តដើម្បីធានា២០ ឆ្នាំទៀត។ មិនខុសពី២០ ឆ្នាំមុនដែលយើងដាក់ចេញនូវគោលនយោបាយពី២០០០ រហូតមកដល់នេះទេ។ យើងត្រៀមសំរាប់២០ ឆ្នាំទៅមុខទៀត កុំឲ្យពិភពលោកដើរចោលយើង។ យើងត្រូវធានានូវភាពប្រកួតប្រជែងទាំងការកសាងធនធានមនុស្ស ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបញ្ជ្រាបនូវគ្រប់វិស័យរបស់យើងឲ្យប្រើប្រាស់ប្រព័ន្ធនេះ។ នេះជាមូលហេតុដែលយើងកំណត់យកបច្ចេកវិទ្យាជាអាទិភាពទី ៥ នៅក្នុងមុំនៃបញ្ចកោណរបស់យើង។ នេះជាទិសដៅច្បាស់លាស់។ គ្មានអីដែលមកល្អទាំងអស់ទេ។ ស្អីក៏មានមកជាមួយនូវជ្រុងវិជ្ជមាន និងអវិជ្ជមាន។ អាស្រ័យទៅលើការប្រើប្រាស់។
(៩) រារាំងបញ្ញាសិប្បនិមិត្ត (AI) ឬត្រូវគ្រប់គ្រងនិងទាញយកផល គឺជាសំណួរទៅកាន់ពិភពលោក
មិនខុសពីការអាវុធទេ។ អាវុធមិនមែនសម្លាប់មនុស្ស អាវុធប្រើសម្លាប់វាយលុកនិងការពារ។ វាអាស្រ័យទៅលើយើងប្រើ។ ប៉ូលីសក៏ត្រូវប្រើអាវុធដើម្បីការពារប្រជាពលរដ្ឋ ការពារសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់។ បើមនុស្សអាក្រក់ប្រើសម្រាប់ប្លន់ … វាអាស្រ័យទៅលើការប្រើប្រាស់។ បច្ចេកវិទ្យាក៏ដូចគ្នា។ បើយើងមិនទទួលវាទេ គេទៅចោលយើងហើយ។ មានការជជែកថា AI កាន់តែគ្រោះថ្នាក់។ សួរថា តើទុកវាកុំឲ្យដើរទៅមុខ ឬមួយក៏ត្រូវទាញយកផលពីវា ហើយគ្រប់គ្រងវាឲ្យបាន? នេះជាប្រធានបទ និងជាសំណួរទៅកាន់ពិភពលោក។ ឆ្នាំនេះនៅប្រទេសបារាំងមានប្រជុំកំពូលធំ(អំពី AI) ប្រធានបទទូទាំងពិភពលោក។ ឯកឧត្តម Macron បានអញ្ជើញ តែខ្ញុំអត់បានចូលរួម និងបានចាត់ឯកឧត្តម ជា វ៉ាន់ដេត (ចូលរួម)។ ឥឡូវ AI កាន់តែមានភាពគ្រោះថ្នាក់ ដោយអាចយករូបយកសម្លេងមនុស្សណាម្នាក់ទៅធ្វើអ្វីក៏បាន។ ល្ងាចមិញ ខ្ញុំមើលរូបព្រះថោងនាងនាគ … ពីរនាក់ហ្នឹងចុះដើរទៅលេងសមុទ្រ។ នេះដោយសារយើងដឹងខ្លះថា រូបហ្នឹងធ្វើដោយ AI។ បើសិនទើបចាប់ផ្តើមឃើញភ្លាម យើងគិតថាមែនទែន។ ដូចមែនទែន។
[ចប់សេចក្តីអធិប្បាយ១]
កិច្ចការដែលយើងត្រូវបន្ត រាជរដ្ឋាភិបាលក្នុងអាណត្តិទី ៧ នេះ យើងនឹងបន្តលើកិច្ចការនៅក្នុងការកសាងនិងអភិវឌ្ឍន៍ ពង្រឹងវិស័យឌីជីថលនេះ បន្តទៅទៀត។ រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសំខាន់ៗមួយចំនួន ដែលរួមមាន ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» ជាមួយនឹងចក្ខុវិស័យរយៈពេលវែង ក្នុងការកសាង រដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងការជំរុញធុរកិច្ចឌីជីថល។ ទី២ គឺការដាក់ចេញនូវ គោលនយោបាយរដ្ឋបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅលើកកម្ពស់គុណភាពជីវិត និង ទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលឌីជីថល សន្តិសុខឌីជីថល និងសេវាសាធារណៈឌីជីថល។
[ចាប់ផ្តើមសេចក្តីអធិប្បាយ២]
ដូចមានរៀបរាប់នៅក្នុងរបាយការណ៍សង្ខេបរបស់ឯកឧត្តម ជា វ៉ាន់ដេត អម្បាញ់មិញនេះ ក្រសួងបានធ្វើកិច្ចការទាំងអស់នេះ។ ក្រសួងបានធ្វើកិច្ចការច្រើន។ ជាកិច្ចការមួយចំនួនដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានធ្វើ ប៉ុន្តែក្រសួងស្ថាប័ននីមួយៗ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ក៏បានអភិវឌ្ឍក្នុងផែនការរបស់ខ្លួន ឬមួយក៏កម្មវិធីរបស់ខ្លួនរៀងៗខ្លួនផងដែរតាមវិស័យរបស់ខ្លួន។ គោលដៅសំខាន់គឺយើងត្រូវភ្ជាប់វា។ ចំណុចនេះ ដែលឯកឧត្តម ជា វ៉ាន់ដេត បានលើកនៅក្នុងរឿងដាក់ super app។ ចុងក្រោយនេះចាំខ្ញុំលើក។ យើងបង្កើតច្រើន ប៉ុន្តែសំខាន់គឺឲ្យវាប្រទាក់ក្រឡាគ្នា។ មិនមែនជាសិទ្ធិផ្តាច់មុខរបស់ក្រសួង MPTC ធ្វើទេ ប៉ុន្តែធ្វើម៉េចយើងមានក្រសួងមេមួយដែលជាអ្នកសម្របសម្រួលប្រទាក់ក្រឡា។ បើយើងធ្វើច្រើន អត់ប្រទាក់ក្រឡាគ្នា ព័ត៌មានក៏យើងពិបាកភ្ជាប់ថ្ងៃក្រោយ។ កិច្ចការទាំងអស់នេះខ្ញុំនឹងលើកនៅចុងក្រោយនេះ។
[ចប់សេចក្តីអធិប្បាយ២]
រាជរដ្ឋាភិបាល ដោយមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាសេនាធិការ, បានយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យា-ឌីជីថល, ដែលក្នុងនោះ រួមមាន បច្ចេកវិទ្យាឈានមុខថ្មីៗ (Emerging Technologies) ដូចជា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, ម៉ាស៊ីនស្វ័យសិក្សា, ទិន្នន័យធំ, បច្ចេកវិទ្យាក្លោដ, បច្ចេកវិទ្យាប្លុកឆេន និងបចេ្ចកវិទ្យាអ៊ីនធឺណិតនៃវត្ថុ ក៏ដូចជា ការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមមាន៖ ស្ថានីយអង់តែនទូរស័ព្ទចល័ត, បណ្ដាញខ្សែកាបអុបទិកលើគោក និងក្រោមបាតសមុទ្រ ហេដ្ឋា-រចនាសម្ព័ន្ធបណ្តាញរដ្ឋាភិបាលឌីជីថល, មជ្ឈមណ្ឌលទិន្នន័យជាតិ និងមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខ ជាដើម។ ទោះបីជាការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលទាមទារឱ្យមានការ- វិនិយោគខ្ពស់ក៏ដោយ ក៏កម្ពុជាចាំបាច់ត្រូវតែជំរុញការងារនេះ ឱ្យសម្រេចបានជោគជ័យ ក្នុងគោលដៅរៀបចំមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សម្រាប់ការអភិវឌ្ឍដោយចីរភាព។
ក្នុងរយៈពេល ៥ឆ្នាំនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រេចបានសមិទ្ធផលយ៉ាងច្រើន ដូចជា (១) ការរៀបចំស្ថាប័នឱ្យមានរបៀបរៀបរយ, (២) អភិបាលកិច្ច និងនិយ័តកម្ម ដើម្បីបង្កើនគុណភាពសេវាទូរគមនាគមន៍ និងសេវាឌីជីថល, (៣) ការអភិវឌ្ឍមូលធនមនុស្សឌីជីថលគ្រប់កម្រិត, (៤) ការជំរុញល្បឿនបរិវត្តកម្មឌីជីថលក្នុងរដ្ឋាភិបាលនិងក្រសួងស្ថាប័ន និង (៥) ការលើកតម្កើងកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិក្នុងវិស័យឌីជីថល។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៣]
(១០) មានមោទនភាពចំពោះសមត្ថភាពអភិវឌ្ឍកម្មវិធីនានា រហតមានប្រទេសផ្សេងយកទៅប្រើ
ជាថ្មីម្តងទៀត សូមអបអរសាទរ និងសូមកោតសរសើរចំពោះសមត្ថភាពរបស់កូនខ្មែររបស់យើង ដែលបានអភិវឌ្ឍនូវកម្មវិធីផ្សេងៗ ដូចកម្មវិធី verify.com.kh កម្មវិធីសម្រាប់បកប្រែពីភាសានិយាយធម្មតាទៅភាសា braille សម្រាប់អ្នកពិការភ្នែក និងកម្មវិធីផ្សេងៗទៀត។ កម្មវិធីខ្លះមិនមែនត្រឹមតែអភិវឌ្ឍដើម្បីម្ចាស់ការខ្លួនយើងទេ តែថែមទាំងប្រទេសផ្សេងទៀតក៏យកទៅប្រើ។ នេះគឺជាមោទនភាពរបស់យើង។ ខ្ញុំមិនចេះបច្ចេកទេសទេ ប៉ុន្តែបើអ្នកបច្ចេកទេសនិងរដ្ឋាភិបាលប្រទេសមួយ ជាពិសេសប្រទេសដែលដើរលឿនជាងយើង ព្រមយកបច្ចេកវិទ្យាយើងទៅប្រើ បានន័យថារបស់យើងល្អជាងអ្វីមួយហើយ។ បើប្រើទៅមានសុវត្ថិភាព និងងាយស្រួល គេចូលចិត្តប្រើ។ ហ្នឹងត្រូវប៉ាន់ហើយ។ បើថាមូលហេតុអ្វីដែលត្រូវប៉ាន់ ខ្ញុំអត់ដឹងទេ។ ទាល់តែសួរអ្នកបច្ចេកទេសបានពន្យល់ថាមកពីអ្វី … ប្រហែលឯកឧត្តម លោកជំទាវ ក៏ពិបាកយល់ដូចខ្ញុំដែរ។ គេនិយាយភាសាឌីជីថល ខ្ញុំនិយាយភាសាអាណាឡូក។ សូមអរគុណ ហើយកោតសរសើរក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានដើរតួនាទីសំខាន់កាលពីជំនាន់កូវីដ១៩។ កាលនោះ គ្មានអ្នកណាអាចជួបអ្នកណាបានទេ។
(១១) គ្មានហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធសេវាជាគោលនយោបាយពី២០ ឆ្នាំមុន ការដឹកនាំសម័យកូវីដ១៩ នឹងសំបាក
បើសិនជាគ្មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេវាដែលយើងបានដាក់ចេញគោលនយោបាយ ២០ឆ្នាំមុន ក៏ដូចជាការងារជាសេនាធិការសំខាន់របស់ក្រសួងប្រៃសណីយ៍ យើងនឹងពិបាក។ (ក្នុងកាលៈទេសៈកូវីដ១៩)ការដឹកនាំត្រូវបានកាត់ផ្តាច់ការប្រជុំមិនហ៊ានជួបទេ ហើយឲ្យតែជួបម្តងៗ លឺសូរតែអ្នកចេញមកវិញវិជ្ជមាន។ គ្រប់គ្នាដេកភ័យ។ ធ្វើតេស្ត ដាក់ខ្លួនឯងនៅដោយឡែក ពីដំបូង ២១ថ្ងៃ និងក្រោយមក ១៤ថ្ងៃ។ ខ្ញុំគ្រាន់តែ quarantine ខ្លួនឯង ៥ដង។ អញ្ចឹងពេលនោះ បើសិនជាយើងមិនមានបច្ចេកវិទ្យា ប្រហែលជាយើងមិនអាចទប់ស្កាត់ ឬដោះស្រាយបញ្ហាបានទាន់ពេលនិងមានប្រសិទ្ធភាពដូចដែលយើងបានធ្វើនោះទេ។ ការប្រជុំដឹកនាំធ្វើតាមប្រព័ន្ធ conference ទាំងអស់។ ម្សិលម្ង៉ៃ ខ្ញុំឃើញទូរទស្សន៍មួយឲ្យអ្នកធ្វើការស្លៀកពាក់សម្លៀកបំពាក់កាលជំនាន់កូវីដ១៩ ពេលប្រជុំ។ អញ្ចឹងមកអ្នកខ្លះក្រវ៉ាត់ក ប៉ុន្តែខោខ្លី អ្នកខ្លះប្រជុំ៣ ក្នុងពេលតែមួយ។ ជំនាន់នោះមិនថាគេថាខ្ញុំ ចាំបាច់ស្លៀកខោធ្វើអ្វី។ ក្នុងបន្ទប់ យើងធ្វើម៉េចឲ្យត្រឹមត្រូវមួយកំណាត់លើបានហើយ។ ធ្វើការបានដូចគ្នាតើ។ ដូចឥឡូវមកដល់គេស្រែក។
យើងត្រូវបិទសាលា។ បើគ្មានការរៀនតាមអនឡាញ(សិស្សនឹងមិនបានរៀន)។ វាមិនមានប្រសិទ្ធិភាព ១០០% ដូចយើងគិតទេ ព្រោះមានកន្លែងខ្លះអត់ទៅដល់ កន្លែងខ្លះសិស្សមិនមានលទ្ធភាព កន្លែងខ្លះគេសួរថាសិស្សដេករៀន ឬរៀនដេក។ សំខាន់ យើងមិនបានផ្អាកងងឹតឈឹងនោះទេ។ សិស្សនិងគ្រូយើងបានធ្វើ(ការប្រឹងប្រែង)។ ខ្ញុំសូមយកឱកាសនេះ កោតសរសើរទៅដល់ក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងក្រសួងស្ថាប័នជំនាញដែលបានយកចិត្តទុកដាក់ ខិតខំដោះស្រាយបញ្ហាជំនាន់កូវីដ១៩ រហូតយើងឈានដល់ជោគជ័យ។ មិនត្រឹមតែដោះស្រាយសុខភាពទេ ប៉ុន្តែធានានូវនិរន្តភាពនិងចរន្តនៃសេដ្ឋកិច្ចសង្គមបានដើរ។
[ចប់សេចក្តីអធិប្បាយ៣]
ជាមួយនឹងសមិទ្ធផលជាច្រើនត្រូវបានសម្រេចក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបន្តដោះស្រាយបញ្ហាប្រឈមនានា ជាអាទិ៍ ការ-គ្រប់គ្រង និងអភិវឌ្ឍវិស័យប្រៃសណីយ៍នៅមានកម្រិត, គុណភាពសេវាទូរគមនាគមន៍តាមទីតាំងមួយចំនួនត្រូវបន្តធ្វើឱ្យប្រសើរ, ធនធានមនុស្សជំនាញឌីជីថលជារួម និងអក្ខរកម្មឌីជីថល របស់ប្រជាពលរដ្ឋត្រូវអភិវឌ្ឍបន្ថែម, ប្រព័ន្ធឌីជីថល និងទិន្នន័យរបស់ក្រសួង-ស្ថាប័ននៅដាច់ដោយឡែកពីគ្នា និងមានកម្រិតប្រព័ន្ធសន្តិសុខសាយប័រខុសៗគ្នា ដែលនាំឱ្យមានហានិភ័យខ្ពស់, អភិបាលកិច្ច និងការគ្រប់គ្រងទិន្នន័យរបស់ក្រសួង-ស្ថាប័ន នៅមានភាពមិនច្បាស់លាស់, និង យន្តការនៃការធានាចីរភាពនៃប្រព័ន្ធឌីជីថលនៅពុំទាន់មាននៅឡើយ។
ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងារ និងជំរុញល្បឿនបរិវត្តកម្មឌីជីថល ខ្ញុំសូមផ្ដល់អនុសាសន៍មួយចំនួនដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដូចខាងក្រោម៖
ទី១. ត្រូវបន្តពង្រឹងអភិបាលកិច្ចក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល, អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងសមត្ថភាពមន្ត្រីរាជការ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយឈរលើមូលដ្ឋាននៃការកែទម្រង់ដែលបានអនុវត្តកន្លងមក ដើម្បីប្រែក្លាយទៅជា ស្ថាប័នគំរូ សម្រាប់ដឹកនាំគ្រប់គ្រងវិស័យស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួង ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទី២. ត្រូវបន្តពន្លឿនការរៀបចំសេចក្តីព្រាងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិ-យុត្ត និងគោលការណ៍ណែនាំពាក់ព័ន្ធក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ជាពិសេស បច្ចេកវិទ្យាឈានមុខថ្មីៗ រួមមាន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, ម៉ាស៊ីនស្វ័យ-សិក្សា, ទិន្នន័យធំ, បច្ចេកវិទ្យាក្លោដ, បច្ចេកវិទ្យាប្លុកឆេន និងបចេ្ចកវិទ្យាអ៊ីនធឺណិតនៃវត្ថុ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]
ខ្ញុំសូមឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៅក្នុងការរៀបចំច្បាប់សន្ដិសុខសាយប័រ សូមសហការគ្នាដើម្បីពន្លឿនច្បាប់នេះចេញ ដើម្បីជាមូលដ្ឋានគតិយុត្តដើម្បីយើងបន្តដំណើរទៅមុខតទៅទៀត ឱ្យបានឆាប់ទៅតាមសំណូមពរដែលឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើង។
[ចប់សេចក្ដីអធិប្បាយ៤]
ទី៣. ត្រូវបន្តពង្រឹងគុណភាពសេវាប្រៃសណីយ៍ លើកកម្ពស់ទំនុកចិត្តលើសេវាប្រៃសណីយ៍ និងការអភិវឌ្ឍវិស័យប្រៃសណីយ៍ ដើម្បីគាំទ្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈ ការបន្តពង្រឹងប្រតិបត្តិការរបស់សហគ្រាសប្រៃសណីយ៍កម្ពុជា ការពង្រីកបណ្ដាញប្រៃសណីយ៍ឱ្យបានទូលំទូលាយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រៃសណីយ៍គន្លឹះ រួមមាន ឃ្លាំងភស្តុភារកម្មប្រៃសណីយ៍ និងភណ្ឌាគារគយមានដែនកំណត់ (Customs Bonded Warehouse) ការដឹក-ជញ្ជូនគោលដៅចុងក្រោយ និងការត្រៀមដាក់ឱ្យប្រើប្រាស់ថ្នាល DGPost ដើម្បីអភិវឌ្ឍប្រព័ន្ធ-អេកូឡូស៊ីប្រៃសណីយ៍រស់រវើក។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជា ដែលជាតួអង្គសំខាន់នៅក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវសហការដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធ- អេឡិចត្រូនិក ឱ្យដំណើរការបានល្អ ដោយលុបបំបាត់ការលក់ទំនិញក្លែងក្លាយ និងការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ។
ទី៤. ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពសេវា ពង្រីកវិសាលភាពនៃសេវាទូរស័ព្ទ និងអ៊ីនធឺណិត តាមរយៈការសាងសង់ស្ថានីយអង់តែនទូរស័ព្ទចល័ត ការស្ថាបនាបណ្ដាញខ្សែកាបលើអាកាស និងក្រោមដី ការបញ្ចប់គម្រោងបណ្ដាញខ្សែកាបអុបទិកក្រោមបាតសមុទ្រឱ្យបានឆាប់ និងការស្ថាបនាបណ្ដាញខ្សែកាបអុបទិកទៅដល់គ្រប់លំនៅដ្ឋានប្រជាពលរដ្ឋដែលមានតម្រូវការ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៥]
ចូលមកអម្បាញ់មិញ ឯកឧត្តម បានបង្ហាញអំពីការគ្រោងរៀបចំនៅក្នុងការដាក់ តភ្ជាប់ប្រព័ន្ធខ្សែកាបពីហុងកុងមក(ប្រទេស)យើង នៅក្រោមសមុទ្រ។ ខ្សែកាបបណ្ដាញ ដែលយើងទិញមកមាន Bandwidth វាតូច កដបផង ធ្វើអោយយឺតហើយថ្លៃ។ យើងសង្ឃឹមថា ក្នុងអាណត្តិ យើងអាចជំរុញបានតភ្ជាប់ប្រព័ន្ធខ្សែកាបក្រោមសមុទ្រ។ ការងារនេះស្ទះមកយូរបន្តិចហើយ។ សូមបន្តជំរុញ ព្រោះការប្រើប្រាស់អ៊ីនធឺណិតយើងអត់មានថយទេ កាន់តែកើន។ ដំណើរការ Bandwidth ក៏ដូចជាតម្លៃ ក៏ត្រូវការពង្រីក។ កិច្ចការទាំងអស់នេះគឺក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺជាសេនាធិការសំខាន់ក្នុងការជំរុញ។
[ចប់សេចក្ដីអធិប្បាយ៥]
ខ្ញុំសូមឱ្យក្រសួងរៀបចំផែនការដាក់ឱ្យដំណើរការសេវាទូរស័ព្ទចល័តជំនាន់ទី ៥ (5G) ដើម្បីឱ្យរាជរដ្ឋាភិបាលកំណត់ពេលសមរម្យមួយក្នុងការដាក់ឱ្យដំណើរការសេវានេះនៅក្នុងការអភិវឌ្ឍអាទិភាពនៃវិស័យទូរគមនាគមន៍របស់យើង។ ទន្ទឹមនេះ, ខ្ញុំសូមឱ្យក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមផ្តល់កិច្ចសហការឱ្យបានពេញលេញ ក្នុងការជួយសម្រួល និងពន្លឿននីតិវិធីផ្តល់ការអនុញ្ញាតក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ដោយត្រូវចាត់ទុកថា សេវាទូរស័ព្ទ និងអ៊ីនធឺណិត គឺជាសេវាសារវន្ត ដូចសេវាអគ្គិសនី និងទឹកស្អាត ផងដែរ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំមានការបារម្ភអំពីផលប៉ះពាល់សុខភាពបង្កមកពីស្ថានីយអង់តែនទូរស័ព្ទចល័ត, ពីព្រោះ តាមការសិក្សារបស់អង្គការសុខភាពពិភពលោក គឺពុំមានភស្តុតាងវិទ្យាសាស្រ្តណាដែលបង្ហាញថា ស្ថានីយអង់តែនទូរស័ព្ទចល័ត អាចបង្កផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋទេ ហើយប្រសិនបើមានការប៉ះពាល់ដល់សុខភាពពិតមែន ប្រទេសទាំងអស់ ជាពិសេស ប្រទេសអភិវឌ្ឍមិនប្រើប្រាស់សេវាទូរស័ព្ទទៀតទេ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៦]
(១២) គប្បីមាន master plans និងគិតគូរគ្រប់ជ្រុងជ្រោយ ក្នុងការរៀបចំអង់តែន/ប្រព័ន្ធទូរស័ព្ទ
នេះក៏ខ្ញុំធ្លាប់លឺ។ ដាក់កៀកពេក ប្រើទៅ កើតកង់ស៊ែរ។ អ្នកខ្លះថា ប្រើទូរស័ព្ទយូរកើតកង់ស៊ែរ។ ការសិក្សាផ្សេង ប៉ុន្តែជាទូទៅសុវត្ថិភាពបានល្អ។ ក្រសួងក៏បានធ្វើការតាមដានលើការវិវឌ្ឍន៍នេះ។ ធម្មតាអ្វីក៏មានជាតិវិទ្យុសកម្មដែរ។ ថ្មធម្មជាតិក៏មានវិទ្យុសកម្មដែរ។ អ្វីក៏ដោយមានវិទ្យុសកម្មទាំងអស់គ្រាន់តែវាតិចច្រើន ចេញពីប្រព័ន្ធទូរស័ព្ទ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងការរៀបចំអង់តែនចល័ត មានការគិតគូរគ្រប់ជ្រុងជ្រោយ មិនខុសពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ យើងគិតជាអេកូឡូស៊ី ក៏វាចូលទៅក្នុងការរៀបចំទីក្រុងរបស់យើង កុំឱ្យចេះតែដាក់ទីនេះមួយដុំ ទីនោះមួយដុំ។ យើងរៀបមាន Master plans ធ្វើហើយ កែសម្រួលវិញ វាអស់ថ្លៃផង ខាតពេល។ សូមអោយយកចិត្តទុកដាក់ការរៀបចំលើរឿងនេះ។ សូមអោយយកចិត្តទុកដាក់ផង ជាពិសេសនៅទីប្រជុំជនមួយចំនួន ប្រព័ន្ធសេវាកន្លែងខ្លះវាខ្សោយ កន្លែងខ្លះចូលបុរី ហាក់ដូចជាបាត់អ៊ីនធឺណិតទូរស័ព្ទ។ សូមពិនិត្យមើលជាមួយក្រុមហ៊ុនដើម្បីដោះស្រាយ បង្កើនការជឿទុកចិត្តរបស់ប្រព័ន្ធអ៊ីនធឺណិត និងទូរស័ព្ទ។ ពិសេសកន្លែងដែលលំនៅដ្ឋានប្រជាពលរដ្ឋរីកលឿនជាងហេដ្ឋារចនាសម្ព័ន្ធ។ ហ្នឹងមិនខុសពីប្រទេសអភិវឌ្ឍន៍ជាច្រើន ជួនកាលផ្ទះបុរីរីកមុនប្រព័ន្ធលូទៅដល់។ ប្រព័ន្ធទូរស័ព្ទដូចគ្នា។ បន្តការគិតគូរទាំងអស់នេះ … មាន់និងពងមាន់ មួយណាកើតមុន។ ទីបំផុតត្រូវមានទាំងពីរ។ ដោះស្រាយបញ្ហាធ្វើយ៉ាងណាដើម្បីធានានូវការធ្វើអោយប្រសើរឡើង ដូចដែលក្រសួងកំពុងធ្វើជាប្រចាំនេះ។
[ចប់សេចក្ដីអធិប្បាយ៦]
ទី៥. ត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ការអភិវឌ្ឍ ការស្រាវជ្រាវ និងនវានុវត្តន៍លើវិស័យបច្ចេកវិទ្យាឌីជីថល, ជាពិសេស បច្ចេកវិទ្យាឌីជីថលឈានមុខថ្មីៗ ព្រមទាំងទាញយកប្រយោជន៍ជាអតិបរមា កាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃបច្ចេកវិទ្យាទាំងនេះ។ ក្រសួង ត្រូវរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការវិនិយោគតាមដំណាក់កាល ដើម្បីកសាងប្រព័ន្ធអេកូ-ឡូស៊ីជាតិ សម្រាប់អភិវឌ្ឍបច្ចេកវិទ្យាឈានមុខថ្មីៗ ដែលរួមមាន អភិបាលកិច្ច ធនធាន បច្ចេកវិទ្យាឌីជីថល, ធនធានមនុស្ស, បច្ចេកទេស និងការអភិវឌ្ឍទីផ្សារបច្ចេកវិទ្យាឌីជីថលថ្មីៗ។ ដោយសារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានភាពលេចធ្លោជាងគេបង្អស់ ហើយនាំមកនូវផល-វិជ្ជមាន និងអវិជ្ជមានផង ដូច្នេះ ក្រសួង និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ត្រូវរៀបចំអភិបាលកិច្ចឱ្យទាន់ពេល។ ទន្ទឹមនឹងនេះ, ក្រសួង ត្រូវបន្តសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជំរុញការស្រាវជ្រាវ, ការអភិវឌ្ឍនវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះ ដើម្បីបម្រើឱ្យការអភិវឌ្ឍក្នុងវិស័យរបស់ខ្លួន។ ក្រសួង ក៏ត្រូវតាមដាន សិក្សាស្រាវជ្រាវ និងស្វែងយល់នូវរាល់និន្នាការវិវត្តនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗ ក្នុងកម្រិតតំបន់ និងពិភពលោក។
ទី៦. ត្រូវបន្តអភិវឌ្ឍធនធានមនុស្សឌីជីថល តាមរយៈ កម្មវិធីអក្ខរកម្មឌីជីថល, កម្មវិធីអប់រំឌីជីថលកម្រិតឧត្តមសិក្សា, កម្មវិធីបណ្ដុះបណ្ដាលពង្រឹងជំនាញឌីជីថលក្នុងចំណោមមន្រ្តី-រាជការ និងកម្មវិធីភាពជាអ្នកដឹកនាំឌីជីថល។ ក្រសួង ត្រូវរៀបចំផែនការបង្កើនការយល់ដឹងអក្ខរ-កម្មឌីជីថលឱ្យស្របតាម “ក្របខ័ណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន”។ ចំពោះកម្មវិធីអប់រំឌីជីថលកម្រិតឧត្តមសិក្សា, ខ្ញុំគាំទ្រ និងលើកទឹកចិត្តឱ្យក្រសួងបន្តផ្តល់អាហារូបករណ៍ និងជំនួយហិរញ្ញវត្ថុ ដល់សិស្សឆ្នើមឱ្យបានកាន់តែច្រើន និងបន្តអនុវត្តគម្រោងប្រកួតប្រជែងនៅកម្រិតគ្រឹះស្ថានអប់រំ ដើម្បីបញ្ជ្រាប និងផ្សព្វផ្សាយការយល់ដឹងអំពីសារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថលជាសាធារណៈ។ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ និងគាំទ្រចំពោះក្រសួង ដែលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថល និងការផ្តល់មធ្យោបាយបច្ចេកវិទ្យាឌីជីថលដល់គ្រឹះស្ថានឧត្តមសិក្សា ជាពិសេស ក្នុងការផ្សារ-ភ្ជាប់ការអប់រំជំនាញឌីជីថលទៅនឹងសួនឌីជីថល ( Park) ដែលជាគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីលើកកម្ពស់គុណភាពអប់រំ ឱ្យបានកាន់តែល្អប្រសើរ និងផ្តល់លទ្ធភាពងាយស្រួលដល់សិស្សនិស្សិត អាចទទួលបានការងារនៅកន្លែងផ្ទាល់ ឬ ការងារពីចម្ងាយដោយសហការជាមួយក្រុមហ៊ុនធំៗនៅតំបន់ Silicon Valley នៃសហរដ្ឋអាម៉េរិក និង មជ្ឈមណ្ឌលធុរកិច្ចថ្មីឌីជីថលផ្សេងៗទៀត។
ទី៧. ដើម្បីជំរុញការកសាងរដ្ឋាភិបាលឌីជីថល ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវតែរៀបចំធនធានមនុស្សជំនាញឌីជីថល សម្រាប់គាំទ្រដល់ដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង និងការផ្តល់សេវាសាធារណៈឌីជីថលដល់វិស័យឯកជន និងប្រជាពលរដ្ឋ។ ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួង បន្តជួយបណ្តុះបណ្តាលមន្ត្រីរាជការឱ្យចេះប្រើប្រាស់ឧបករណ៍ឌីជីថល និងកម្មវិធីសុសវែរ (Software) ផ្សេងៗសម្រាប់កិច្ចការការិយាល័យ និងជំរុញបញ្ចប់ការកសាងផែនការសកម្មភាពបរិវត្តកម្មឌីជីថលនៅតាមក្រសួង-ស្ថាប័ន ដែលមិនទាន់រៀបចំរួច។ ក្រសួងក៏ត្រូវបន្តសហការជាមួយ ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបញ្ចប់សេចក្តី-ព្រាងអនុក្រឹត្យ ស្ដីពីគោលការណ៍នៃការរៀបចំអង្គភាពបរិវត្តកម្មឌីជីថលនៅតាមក្រសួង-ស្ថាប័ន ប៉ុន្តែចំពោះការអនុវត្តការងារបរិវត្តកម្មឌីជីថលដែលជាមុខងារគាំទ្រ ត្រូវរង់ចាំរហូតដល់មានការសម្រេចអនុញ្ញាតសិន។ ទន្ទឹមនឹងនេះ, គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និង លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធាន-ការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ត្រូវសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំសេវាសាធារណៈឌីជីថលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។
ទី៨. ត្រូវយកចិត្តទុកដាក់គិតគូរអំពីអភិបាលកិច្ច និងការគ្រប់គ្រងទិន្នន័យ (Data Governance) ការរៀបចំនិម្មាបនកម្មរដ្ឋាភិបាលឌីជីថល ( Government Enterprise Architecture) ការធ្វើអន្តរប្រតិបត្តិការ (Interoperability) ការធ្វើកូដនីយកម្មទិន្នន័យ (Data Encryption) និងការរក្សាទុកទិន្នន័យនៅក្រសួង-ស្ថាប័នសាមី ស្របតាមគោលការណ៍សុវត្ថិភាពទិន្នន័យ និង សន្តិសុខសាយប័រ។ ក្រសួងត្រូវពន្លឿនការសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ រាល់ការអភិវឌ្ឍថ្នាល និងកម្មវិធីឌីជីថលរបស់គ្រប់ក្រសួង ស្ថាប័ន ត្រូវឆ្លងការពិនិត្យ និងវាយតម្លៃផ្នែកបច្ចេកទេសដោយគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៧]
(១៣) បង្កើនសមត្ថភាពគ្រប់គ្រងទិន្នន័យក្នុងប្រទេស និងចែករំលែក/ប្រទាក់ក្រឡាទៅថ្ងៃមុខ
ខ្ញុំឯកភាពជាមួយឯកឧត្ដម ជា វ៉ាន់ដេត។ ពីដំបូងឡើយ នៅពេលដែលមិនទាន់មានលទ្ធភាពគ្រប់គ្រងទិន្នន័យ ឬអភិវឌ្ឍទិន្នន័យ data center ដោយខ្លួនឯង ក្រសួង-ស្ថាប័ននីមួយៗ ខិតខំចាប់ដៃគូផ្សេងៗ រួមទាំងការស្តុកទិន្នន័យនៅក្រៅប្រទេស។ ទិសដៅរបស់យើងទៅថ្ងៃអនាគតគឺ (១) បង្កើនសមត្ថភាពក្នុងការរៀបចំ គ្រប់គ្រងទិន្នន័យនៅក្នុងប្រទេស ព្រោះយ៉ាងហោចណាស់វានៅក្នុងផ្ទះយើង។ មានអីត្រូវរកៗ បាន។ ទី២ គឺសុវត្ថិភាពក្នុងការចែករំលែកនិងការប្រទាក់ក្រឡា ទៅថ្ងៃមុខគឺទិន្នន័យយើងលែងដាច់ដោយឡែក។ អញ្ចឹងគឺត្រូវប្រទាក់ក្រឡានៅក្នុងការចែករំលែកកម្រិតណាមួយ។ ការប្រើប្រាស់បច្ចេកវិទ្យាមានមុខ២។ ទន្ទឹមនឹងវាជួយយើងនៅក្នុងការពន្លឿន ក្នុងការចែករំលែកព័ត៌មាន ប៉ុន្តែ សុវត្ថិភាពព័ត៌មានក៏មានកម្រិតហានិភ័យខ្ពស់ មិនមែនតែកម្ពុជាទេ នៅគ្រប់ប្រទេសទាំងអស់។ ពីមុន ដើម្បីទៅយកព័ត៌មានមួយ ទាល់តែទៅក្រសួងហ្នឹង ចូលទៅសួរគាត់ៗ បើកកេសមក។ មុននឹងមានកុំព្យូទ័រ។
(១៤) អាចយក Software ឬជំនាញបច្ចេកវិទ្យាពីក្រៅមកអភិវឌ្ឍនិងគ្រប់គ្រងទិន្នន័យ
ពេលមានកុំព្យូទ័រ ទាល់តែចូលទៅក្រសួងនោះ ទៅសុំទិន្នន័យ។ គាត់ឲ្យ Hard disk មក កូពីដាក់ឌីសយើង។ ឥឡូវយើងរៀបចំមួយដំណាក់ទៀត គឺដាក់ទិន្នន័យនៅ Cloud។ Cloud ហ្នឹងបើយើងបកប្រែមកថាដាក់ក្នុងពពក តែវាអត់នៅលើមេឃទេ។ ខ្ញុំធ្លាប់ទៅប្រទេសមួយ គាត់បាននាំខ្ញុំទៅមើល Cloud របស់គាត់ នៅក្នុងអគារមួយគឺថាធំ។ គាត់ថាទិន្នន័យនៅហ្នឹងតាំងពីប្រទេសផ្សេងៗដាក់នៅហ្នឹង។ អញ្ចឹង Cloud ហ្នឹងមិនមែនអ្នកណាថាស្ថានទេវតានោះទេ នៅស្ថានដែលមនុស្សលោកអាចទៅដល់។ វាអាចខូច Data Center ក៏មានបញ្ហា។ ជាការអភិវឌ្ឍ កន្លែងខ្លះកូនកើតមុនឪ។ យើងមិនចាំឪកើតទេ កូនចេះដើរក៏ដើរទៅ ដើម្បីបានទៅមុខ។ អញ្ចឹង ក្រសួងមួយៗអាចអភិវឌ្ឍ។ យើងក៏មិនហាមដែរ ក្នុងការយកបច្ចេកវិទ្យាផ្សេង(មកប្រើប្រាស់)។ មិនមែនថាទាល់តែយក Software ពីក្រសួង MPTC នោះទេ។ ទិន្នន័យខ្លះ ជំនាញខ្លះអាចយកពីក្រៅ ប៉ុន្តែស្តង់ដាសុវត្ថិភាពអីត្រូវមានការច្បាស់លាស់និងប្រទាក់ក្រឡាគ្នា។ យើងមានគោលការណ៍បែងចែកទិន្នន័យណាដែលពាក់ព័ន្ធនឹងសន្តិសុខជាតិ ទិន្នន័យណាកម្រិតមធ្យម ទិន្នន័យណាកម្រិតទូទៅ។
(១៥) ហេដ្ឋារចនាសម្ព័ន្ធមជ្ឍមណ្ឌលទិន្នន័យត្រូវមានសុវត្ថិភាពនិងសង្គតភាព
យើងបានជជែកគ្នាទៅលើកិច្ចការនេះ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំត្រូវតែមានលទ្ធភាពការពារ ព្រោះយើងដាក់អត្តសញ្ញាណលើ Cloud គឹយើងបានផ្ញើនៅខាងក្រៅ។ អញ្ចឹង គប្បីព្យាយាមការពារ។ បងប្អូនដឹងហើយ បច្ចេកវិទ្យាប្រើប្រាស់ក៏មុខ២ដែរ។ អ្នកខ្លះអាចទទួលបានសារពីមិត្តសុំខ្ចីលុយតាម Telegram។ ឧស្សាហ៍មាន។ មិត្តភ័ក្រយើងដាក់សារមកខ្ចីលុយ១ពាន់ដុល្លារដោយសារគាត់ត្រូវចោរលួចកាបូបនៅអ៊ីតាលី។ ដល់តែសួរចុះសួរឡើង គាត់មិនបានទៅអ៊ីតាលីឯណា។ គាត់នៅស្រុកខ្មែរ។ នេះជាការលួចអត្តសញ្ញាណ។ ហ្នឹងថាត្រឹមបោក រួចចុះបើយកទៅធ្វើអ្វីខុសច្បាប់ទៀត យើងងាប់។ ទន្ទឹមជាមួយការអភិវឌ្ឍបច្ចេកវិទ្យា ការអភិវឌ្ឍក្របខ័ណ្ឌច្បាប់ បទដ្ឋានគតិយុត្ត ដើម្បីតម្រង់ទិសក្នុងការកំណត់ព្រំដែននៃការប្រើ បូកជាមួយនឹងការអភិវឌ្ឍនូវបច្ចេកវិទ្យាសុវត្ថិភាព។ នេះគឺជាគោលការណ៍សំខាន់។ ក្រសួង-ស្ថាប័ននីមួយៗក៏សូមសហការគ្នា ហើយសហការជាមួយក្រសួងប្រៃសណីយ៍ដើម្បីមើល។ យើងមិនហាមមិនឲ្យក្រសួង-ស្ថាប័ននីមួយៗអភិវឌ្ឍខ្លួនឯង ឬមួយក៏មានដៃគូកម្រិតណាទេ តែ (១) ត្រូវមានស្តង់ដាកម្រិតណាមួយដែលថាត្រូវមានការឆែកពីស្តង់ដាសុវត្ថិភាព, ទី២ ដើម្បីសង្គតិភាពនៅថ្ងៃអនាគត ដើម្បីឲ្យទិន្នន័យនៃក្រសួងមួយៗ អាចយកបានដូចគ្នា។
(១៦) សហការធានាភាពប្រទាក់ក្រឡានៃប្រព័ន្ធទិន្នន័យនិងប្រព័ន្ធឌីជីថល
បានន័យថា កុំឲ្យមានទិន្នន័យច្រើននៅក្នុងក្រសួង-ស្ថាប័ន ឬកុំឲ្យក្រសួង-ស្ថាប័នច្រើន ធ្វើការងារដដែល។ អញ្ចឹងបច្ចេកវិទ្យានេះនឹងជួយថាតើក្រសួង-សា្ថប័នណាជាអ្នកនាំមុខនៅក្នុងកិច្ចការអី? ឧទាហរណ៍ ក្រសួង-ស្ថាប័ននីមួយៗក្នុងផ្នែកឌីជីថលនេះ មានអង្គភាពបរិវត្តកម្មឌីជីថលរបស់ខ្លួន បូកនឹងអង្គភាព IT របស់ខ្លួន ដែលទទួលខុសត្រូវទៅលើសុវត្ថិភាពរបស់ស្ថាប័នរបស់ខ្លូន ក្នុងប្រព័ន្ធបច្ចេកវិទ្យា។ ប៉ុន្តែ នៅក្នុងប្រព័ន្ធរដ្ឋាភិបាលទាំងមូលត្រូវមានតួអង្គមួយ នៅក្នុងនោះក្រសួងជំនាញ ដោយសារក្រសួងប្រៃសណីយ៍ ឬគណៈកម្មការឌីជីថលធ្វើការងារកំណត់ ដែលមានតួអង្គមួយជាលេខាធិការដ្ឋានដែលជាក្រសួងជំនាញសម្រាប់ធ្វើការ។ សូមយកចិត្តទុកដាក់លើការប្រទាក់ក្រឡា និងការថែរក្សាការពារសុវត្ថិភាព។ ថ្ងៃក្រោយ សង្ឃឹមថាយើងនឹងអាចរៀបចំទិន្នន័យ ប្រមូលទិន្នន័យទាំងអស់នៅក្នុង data center។ ពពកក៏ពពកទៅចុះ តែពពកនៅបឹងកក់ ពពកនៅកំពង់ធំ វាប្រសើរជាងពពកនៅមួយចំហៀងពិភពលោក។ សូមឲ្យក្រសួង-ស្ថាប័នធ្វើការជាមួយគ្នា សហការជាមួយនឹងយន្តការជាមួយក្រសួង ជាមួយយន្តការដែលយើងមាន អន្តរក្រសួងក្ដី ដើម្បីធ្វើការងារ ធ្វើយ៉ាងណាទៅមុខដើម្បីឲ្យមានការប្រទាក់ក្រឡាប្រព័ន្ធទិន្នន័យ និងប្រព័ន្ធឌីជីថលរបស់យើង ដើម្បីធានានូវប្រសិទ្ធភាព និងសង្គតិភាព។
(១៧) Apps បង្កើតថ្មី ត្រូវមានសង្គតិភាព និងបំពេញគ្នាទៅវិញទៅមក
សូមគាំទ្រការដាក់ឲ្យប្រើប្រាស់សាកល្បងថ្នាល Digi SuperApp នៅខែមីនាខាងមុខ ប៉ុន្តែសូមឲ្យពិនិត្យមើល ព្រោះយើងមាន CamDX មួយដែរ។ យើងយកជាគោល។ រដ្ឋាភិបាលមួយមាន platform មួយណាដែលជា platform សម្រាប់ជាឆ័ត្រ។ អញ្ចឹង ពិនិត្យមើលជាមួយគ្នា កុំឲ្យមានពីរទៅថ្ងៃមុខ។ ខ្ញុំមិនយល់បច្ចេកទេសទេ ធ្វើម៉េចយើងបានប្រកាស CamDX គឺជាថ្នាលអន្តរក្រសួង។ រាល់ Apps ចុងក្រោយ ត្រូវមានសង្គតិភាព និងបំពេញគ្នាទៅវិញទៅមក។ នេះជាយន្តការដែលយើងត្រូវធ្វើ។ ខ្ញុំជាមនុស្សប្រយ័ត្នបន្តិច។ ដូច Verify.gov.kh អញ្ចឹង។ ដាក់ដំបូង ជាមួយក្រសួងអប់រំសិន។ ខ្ញុំឲ្យ ៦ខែ។ បើសិនជា ៦ខែ ដាក់ហើយអត់មានបញ្ហាបាត់ ច្រឡំទិន្នន័យស្អីៗ ទេ យើងឲ្យពង្រីក។ ដល់ពេលដាក់ទៅឃើញប្រសិទ្ធភាពល្អ អត់ឃើញមានបញ្ហា ក៏បានឲ្យអនុវត្ត។ ឥឡូវក៏បានប្រទាក់ក្រឡាជាមួយក្រសួងស្ថាប័នជាច្រើនដើម្បីយើងចែករំលែកជាមួយគ្នា។ (ដែលធ្វើដូចនោះព្រោះ)បើដាក់ទៅជ្រុលហើយ ពិបាកយកមកវិញណាស់។ ហ្នឹងដូច Technology តែ postទៅហើយ គេ saveទុកហើយ ជាពិសេស Group Telegram អីនេះ។ អ្នកខ្លះបាញ់រូបតាម Telegram ឲ្យមិត្តភក្ដិ តែច្រឡំទៅ group ថ្នាក់ដឹកនាំ។ ធ្លាប់ទេ? ឥឡូវមាន function លុប។ ពីមុនអត់មានទេណា។
(១៨) ក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងទិន្នន័យសន្តិសុខជាតិ ទន្ទឹមនឹងអភិវឌ្ឍ ត្រូវយកចិត្តទុកដាក់លើការការពារ
យកល្អ រឿងបច្ចេកវិទ្យា រឿងទិន្នន័យ data ស៊ូដើរសន្សឹមៗ ឲ្យច្បាស់រឿងសុវត្ថិភាព ប្រសិទ្ធភាព។ បើធ្វើៗឲ្យល្អជាងមុន។ បានន័យថាមានតម្លៃបន្ថែម Value added។ តែយើងត្រូវតែដើរទៅហើយ យើងមិនអាចថាដល់ម៉ោងនេះត្រូវតែបិទ internet បានទេ។ យើងត្រូវតែទៅ។ តែទៅដោយប្រុងប្រយ័ត្នដើម្បីធានាសង្គតិភាព ធានាសុវត្ថិភាព និងចីរភាពនៃការអភិវឌ្ឍរបស់យើង … តែទៅម្ដងមានបញ្ហា វាពិបាក។ ជាពិសេស ទិន្នន័យ ប្រយ័ត្ននរណាយកឈ្មោះទៅ ស្រាប់តែកែទៅជាមនុស្សស្រីបាត់។ អត្តសញ្ញាណនេះទាក់ទងនឹងរឿងច្បាប់ រឿងព័ត៌មាន privacy លក្ខណៈឯកជនផងដែរ។ ទិន្នន័យជាកិច្ចការសំខាន់ដែលយើងត្រូវអភិវឌ្ឍ ជាពិសេសក្រសួង-ស្ថាប័នដែលពាក់ព័ន្ធនឹងទិន្នន័យជាតិ ដូចជាក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលក្រសួងទាំងនេះសំខាន់ត្រូវតែពិនិត្យមើលការការពារ មិនត្រឹមតែការអភិវឌ្ឍទេ ការការពារផងដែរ។ យើងការពារបានច្បាស់ សឹមដាក់់ឲ្យអនុវត្ត។ បើមិនអញ្ចឹងទេ ដាក់ជ្រុល ពិបាកធ្លាយ ហើយស្រង់មកវិញពិបាក។ ប្រទេសច្រើនណាស់ដែលមានបញ្ហានេះ។ កន្លែងខ្លះគេ hack យកទិន្នន័យរាប់លាននាក់។ សូមឱ្យយកចិត្តទុកដាក់ទៅលើសុវត្ថិភាពនិងប្រទាក់ក្រឡានៅក្នុងការអភិវឌ្ឍដើរទៅមុខ(នៃវិស័យបច្ចេកវិទ្យា)។
[ចប់សេចក្ដីអធិប្បាយ៧]
ទី១០. ត្រូវផ្តល់កិច្ចសហការ និងជំនួយបច្ចេកទេសផ្នែកសន្តិសុខសាយប័រដល់ ក្រសួង-ស្ថាប័ន ដើម្បីការពារថ្នាល និងកម្មវិធីឌីជីថល តាមរយៈការពង្រឹងយន្តការឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) ការដាក់ឱ្យអនុវត្តបទប្បញ្ញតិ្តផ្ទៃក្នុងនៃការគ្រប់គ្រងសន្តិសុខសាយប័រ (Internal Regulation on Cybersecurity Management) និងការដាក់ឱ្យអនុវត្តនិម្មាបនកម្មសន្តិសុខសាយប័រ (Cybersecurity Architecture) នៅតាមក្រសួង-ស្ថាប័ន ដើម្បីអាចតភ្ជាប់មកមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខ (SOC) របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្រសួង-ស្ថាប័នដែលមិនទាន់មានបទប្បញ្ញត្តិផ្ទៃក្នុងនិងនីតិវិធីនេះ អាចពិចារណាយកទៅប្រប្រាស់តាមតម្រូវការបាន។ ខ្ញុំសូមឱ្យក្រសួង បន្តចូលរួមជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាជំរុញយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងអំពីសុវត្ថិភាពអនឡាញ (Online Safety) ជាពិសេស ការការពារកុមារតាមប្រព័ន្ធអនឡាញ និងការផ្សព្វផ្សាយតាមក្រុមហ៊ុនបច្ចេកវិទ្យា និងគ្រឹះស្ថានអប់រំ។ល។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៨]
(១៩) ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបិទវែបសាយត៍ខុសច្បាប់និងឆបោករាប់ពាន់
នៅក្នុងន័យនេះ តាមរបាយការណ៍របស់ឯកឧត្តមរដ្ឋមន្រ្តី (ទាក់ទងនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា Online Scam) យើងទប់ស្កាត់ ហើយបិទនូវវេបសាយន៍ដែលមានបញ្ហាមិនប្រក្រតី ទាក់ទងនឹងរឿងល្បែងខុសច្បាប់ ការឆបោក ទាក់ទងនឹងរឿងកុមារ និងទាក់ទងរឿងផ្សេងៗ។ អម្បាញ់មិញ (ការបិទវេបសាយន៍) ដូច(ជាង) ១ម៉ឺន ៨ពាន់ វេបសាយន៍។ តាមព័ត៌មានដែលបុកខ្លាំង គឺយើង(បិទ) ១៣ ៦០០(វេបសាយន៍មិនប្រក្រតី) នៅក្នុងរយៈពេល ៦ខែនេះ។ ១ ម៉ឺន ៨ពាន់វេបសាយន៍ យើងរាប់ពីឆ្នាំ ២០២១។ ដោយសារ ១៣ ៦០០ ក្នុងរយៈពេល ៦ខែ។ ហេតុអ្វី? ដោយសារយើងយកចិត្តទុកដាក់ទៅលើកិច្ចការនេះ បានបង្កើតក្រុមការងារមួយ ដែលមានក្រសួងមហាផ្ទៃ អគ្គស្នងការ ជាមួយនឹងក្រសួងប្រៃសណីយ៍ ធ្វើការជាមួយគ្នា ជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ទៅលើការងារនេះ ហើយនិងបន្តធ្វើតទៅទៀត ព្រោះនេះ ដូចឆ្មានិងកណ្ដុរអញ្ចឹង។ នេះពិបាកជាងឆ្មានិងកណ្ដុរទៀត ព្រោះពេលខ្លះ កណ្ដុរហ្នឹង ផ្ទះវានៅក្រៅប្រទេសឯណោះ បើកណ្ដុរនៅក្នុងផ្ទះ យើងអាចទៅរក រើទៅ។ ដល់នេះ នៅក្រៅប្រទេស ហើយជូនកាល IP address អីហ្នឹង វាបច្ចេកទេសខ្ពស់ តែយើងត្រូវតែធ្វើ និងបន្តធ្វើ … ខ្ញុំសូមអរគុណនិងកោតសរសើរក្រសួងពាក់ព័ន្ធ មានក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ កន្លងទៅក៏មានធនាគារជាតិ មានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និយតករ TRC និយ័តករធនាគារមួយចំនួន ដែលបានសហការគ្នាលើកិច្ចការនេះ។ មានការឆបោកច្រើន ទាំងកម្ចីទាំងស្អី។
(២០) ទំនើបកម្មប្រព័ន្ធឌីជីថលនាំមកនូវបញ្ហាមួយចំនួនរួមមានព័ត៌មានក្លែងក្លាយ
ឥឡូវគេប្រើវិធីហ្នឹង(ឆបោកតាមអនឡាញ)។ មធ្យោបាយ(បច្ចេកវិទ្យាអនឡាញ)ហ្នឹង គេប្រើ គេរកស៊ី។ អញ្ចឹងអ្នកល្អក៏រកស៊ី(តាមហ្នឹង) អ្នកអាក្រក់ក៏ឆ្លៀតរកស៊ី។ អញ្ចឹងយើងដើរតួជាអ្នកការពារ ត្រូវតែទំនើបកម្មដូចគ្នា ត្រូវតែបង្កើនប្រសិទ្ធភាព និងកិច្ចសហប្រតិបត្តិការ … ទំនើបកម្មប្រព័ន្ធឌីជីថលនាំមកនូវបញ្ហាមួយចំនួន ដូចជារឿងព័ត៌មានក្លែងក្លាយ។ មិនមែនតែយើងទេ។ លើពិភពលោកដូចគ្នា។ បន្តិចទៀត (បច្ចេកវិទ្យា) AI និង Deepfake កាន់តែលំបាក(បែងចែកអ្វីដែលពិត)។ ដូចខ្ញុំនិយាយអញ្ចឹង រូបព្រះថោងនាងនាគ រូប(មានទំងន់)រាប់ពានតោន អាចធ្វើឱ្យដើរយ៉ាងរលូន ចូលទៅលេងទឹកសមុទ្រ។ មិនស្រួលគេអាចធ្វើរូបឯកឧត្តម សាយ សំអាល់ ជាអ្នកយានអវកាសចុះទៅភពព្រះច័ន្ទ។ បច្ចេកវិទ្យាកាត់តហ្នឹង ពីមុនមានដែរ ប៉ុន្តែអ្វីដែលខុសគឺគុណភាព។ ពីមុន ការកាត់តវីដេអូ ១០-២០ឆ្នាំមានកាត់រូប កាត់ត។ យើងមើលដឹង។ ឥឡូវ ពិបាកមើលដឹង។ នេះគឺជាបញ្ហា។ បើប្រើត្រឹមកំប្លែងលេងអត់អីទេ ប៉ុន្តែបើប្រើប្រាស់ជាកិច្ចការមួយចំនួនពាក់ព័ន្ធទៅនឹងសន្តិសុខជាតិ ពាក់ព័ន្ធនឹងរឿងបញ្ហាមួយចំនួន គឺជាកិច្ចការសំខាន់(ត្រូវតែទប់ស្កាត់) ព្រោះប្រជាជនមើលលែងដឹងហើយថាតើ(រូបហ្នឹ)ត្រូវ ឬមិនត្រូវ ពិតឬមិនត្រូវ? យូរទៅ លែងដឹងទាំងអស់។ កន្លែងខ្លះ(បង្កជា)បញ្ហាគ្រោះថ្នាក់តែម្ដង។ នេះជាអ្វីដែលយើងត្រូវគិតគូរបច្ចុប្បន្ននិងទៅអនាគត ដើម្បីត្រៀម។ មិនមែនតែយើងទេ។ ឆ្នាំទៅ ខាងក្រសួងប្រៃសណីយ៍យើងក៏បានរៀបចំក្របខណ្ឌប្រជុំអាស៊ានមួយ។ តាមខ្ញុំចាំ ទាក់ទងទៅនឹងរឿង AI រឿង cyber security នេះ ហើយព័ត៌មានក្លែងក្លាយ។
(២១) នាយករដ្ឋមន្ត្រីមិនបានដឹងពីការផ្លាស់ប្ដូររដ្ឋមន្រ្តីណាឡើយ
ខ្ញុំថាមិនចង់និយាយរឿងនេះនៅក្នុងវេទិកាទេ តែបើមិននិយាយ វាមិនចប់។ មិនមែនរឿងព័ត៌មានក្លែងក្លាយនៅលើ internet ទេ តែរឿងពាក្យចចាមអារ៉ាម។ មិនមែន(ចែកតាម) internet តែចែករំលែកតាម(គ្នា) រឿងដូររដ្ឋមន្រ្តីប៉ុន្មានទៀតនេះ។ មិនចេះចប់ តាំងពីចុងឆ្នាំ។ រឿងនេះ គេប្រាប់មកថា បន្តិចទៀតយើងត្រូវដូររដ្ឋមន្រ្តី ៥-៦ ក្រសួងទៀតហើយ។ មន្រ្តីមិនបាច់ធ្វើការទេ ចាំមេថ្មីមក។ ខ្ញុំមិនចង់និយាយលើវេទិកាសាធារណៈទេ ខ្ញុំបានប្រាប់ទៅរដ្ឋមន្រ្តីក្រសួងដែលពាក់ព័ន្ធ(រួចហើយ) … ប៉ុន្តែម្សិលម្ង៉ៃនេះ មានអ្នកមកប្រាប់ខ្ញុំទៀតថា “បងអើយ! មិនទាន់ស្ងាត់ទេ”។ ឥឡូវខ្ញុំសូមប្រកាសតាមនេះតែម្ដងថា “ដូររដ្ឋមន្រ្តីអី បើនាយករដ្ឋមន្រ្តីអត់ដឹងផង”។ យូរៗ ប្រពន្ធខ្ញុំថា ខ្ញុំលាក់គាត់ទៀត ព្រោះគេប្រាប់គាត់ថាច្បាស់។ វិះប្រពន្ធចាក់សោរចោល។ គាត់ថា “បងឯងក៏លាក់ម្លេះ គេដឹងច្បាស់ណាស់ថា (ដូររដ្ឋមន្រ្តី)ក្រសួងនេះៗ”។ ខ្ញុំថាអត់ទេ។
រឿងការស្នើសុំតែងតាំង ផ្លាស់ប្ដូររដ្ឋមន្រ្តី ឬមួយក៏សមាជិករាជរដ្ឋាភិបាល ជាឆន្ទានុសិទ្ធិ ជាសិទ្ធិ និងការទទួលខុសត្រូវរបស់នាយករដ្ឋមន្រ្តី ហើយបើនាយករដ្ឋមន្រ្តីអត់ដឹងផង កុំព្រួយបារម្ភ។ ខ្ញុំមិនដឹងថា មានក្រសួងណាត្រូវប្ដូរអីទៀតទេពេលនេះនោះ។ អញ្ចឹងសូមឱ្យរំលត់ចោលទៅរឿងនេះ។ មន្រ្តីទាំងអស់ធ្វើការ ទោះបីជារដ្ឋមន្រ្តីណា(ក៏ដោយ)។ រឿងសំខាន់ប្រឹងធ្វើការទៅ កុំចាំអ៊ុតមើលមេ ព្រោះសិទ្ធនៅក្នុងការស្នើសុំតែងតាំង ចាត់តាំង ឬស្នើសុំតែងតាំងមន្រ្តី គឺជាឆន្ទានុសិទ្ធិរបស់រដ្ឋមន្រ្តី។ ប្រយ័ត្នរវល់តែចាំអ៊ុតមេ ភ្លេចខ្លួនឯង ប្រយ័ត្នរដ្ឋមន្រ្តីសុំប្ដូរខ្លួនឯងចេញ។ ខ្ញុំមិនចង់និយាយទេ (ព្រោះមានវត្តមាន)អគ្គរដ្ឋទូត។ ប៉ុន្តែ ហ្នឹងវាចូលរឿង ពាក្យចចាមអារ៉ាម។ បើខ្ញុំមិននិយាយប្រកាសជាសាធារណៈនៅពេលនេះទេ ប្រហែលជាមិនចប់ទេ។ ឥឡូវសូមបញ្ចប់ទៅ ព្រោះនាយករដ្ឋមន្រ្តីអត់ដឹងថាមានក្រសួងណាត្រូវប្ដូរទៀតទេ ដឹងតែរដ្ឋមន្រ្តីមួយៗ កំពុងតែខិតខំបំពេញភារកិច្ចយ៉ាងមមាញឹករៀងៗខ្លួន។ ត្រូវរក្សាលំនឹងតទៅទៀត … ខ្ញុំបាននិយាយទៅកាន់រដ្ឋមន្រ្តីដែលពាក់ព័ន្ធថា កុំឱ្យមានអី(បារម្ភ) ព្រោះខ្ញុំអត់ដឹងទេ។
មានរដ្ឋមន្រ្តីមួយរូបរត់ទៅជួបខ្ញុំនៅទីស្ដីការ។ មកដែរថ្ងៃនេះ។ ខ្ញុំមិនប្រាប់ថាអ្នកណាទេ។ “សម្ដេច! ខ្ញុំឮព័ត៌មានពីក្រុមឧកញ៉ាៗថា សម្ដេចប្រុងនឹងប្ដូរខ្ញុំ?”។ អ្នកណាប្ដូរ ខ្ញុំអត់ដឹងផង។ អត់(ប្ដូរអី)ទេ ផ្ដោតលើធ្វើការងារទៅ។ មន្រ្តីសូមកុំគិតរឿងនេះ គិតតែពីខិតខំបំពេញភារកិច្ចរបស់ខ្លួនដើម្បីជាធាតុផ្សំមួយ កោសិកាមួយ ចូលរួមជាសហថាមពលដើម្បីលើកស្ទួយជំរុញប្រទេសជាតិរបស់យើងឱ្យបានដើរទៅមុខ។ សូមឱ្យមានភាពនឹងនរ កុំគិតកុំរវល់ កុំព្រួយបារម្ភរឿងការងាររបស់ខ្ញុំ។ ទុកឱ្យខ្ញុំរវល់វិញ។ មន្រ្តីនៅតាមស្ថាប័នសូមយកចិត្តទុកដាក់តែលើការងាររបស់ខ្លួន ធ្វើឱ្យបានល្អទៅ ប្រយ័ត្នរដ្ឋមន្រ្តីប្ដូរ ព្រោះរវល់អ៊ុត។ តែធ្លាក់ដៃ អត់ទៅមុខ អត់សកម្ម ព្រោះចាំអ៊ុត។ និយាយលេងសើច តែនិយាយមែន។ ខ្ញុំសុំថាសូមឱ្យពន្លត់រឿងហ្នឹងទៅ។ សូមចូលបន្តិចចុះ។ ហ្នឹងវាចូលរឿងព័ត៌មានក្លែងក្លាយ ប៉ុន្តែមិនមែននៅលើ internet ទេ តាមតុពិភាក្សា កាហ្វេពិភាក្សា …។
(២២) ការអនុវត្តសិទ្ធបុគ្គល មិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធជាតិ
ក្រៅពីព័ត៌មានក្លែងក្លាយ យើងក៏ឃើញថាមាន ការប្រើប្រាស់ព័ត៌មានដែលប៉ះពាល់ទៅដល់តម្លៃជាតិ វប្បធម៌ សាសនារបស់យើង។ ខ្ញុំសូមអរគុណដល់ក្រសួងធម្មការនិងសាសនា ក្រសួងវប្បធម៌ វិចិត្យសិល្បៈ ក្រសួងមហាផ្ទៃ ដែលបានចាត់វិធានការជាបន្តបន្ទាប់។ រឿងនេះ កើតម្តងហើយកាលពីឆ្នាំទៅ។ កាលហ្នឹង ច្រើនណាស់ ថ្ងៃណាក៏មានអារក្សជាន់ដែរ។ ស្ងាត់ហើយ។ ឥឡូវចេញមកក្រោយនេះ មានព្រះនាងឥន្រ្ទទេវី។ រឿងការជឿរបស់ខ្លួន ឬក្រុមខ្លួន ដែលមិនធ្វើអ្វីខុសច្បាប់ រឿងរបស់អ្នកធ្វើនៅក្នុងផ្ទះទៅ កុំយកមកបង្ហោះប៉ះពាល់ទៅដល់បុព្វបុរសរបស់យើង ប៉ះពាល់ទៅដល់វប្បធម៌ សាសនារបស់យើង។ ហ្នឹងជាសិទ្ធបុគ្គល សិទ្ធមនុស្ស។ ខ្ញុំថា សិទ្ធរបស់បុគ្គលវាមាន ប៉ុន្តែវាមានព្រំដែន។ ពេលដែលសិទ្ធនោះវាប៉ះពាល់ទៅដល់សិទ្ធរួមរបស់ជាតិមួយ។ ជាតិមួយ ផ្អែកទៅលើមនុស្ស ទឹកដី ភាសា សាសនា សិល្បៈវប្បធម៌។ បើយើងមិនការពារអត្តសញ្ញាណរបស់យើង នេះគឺជាសិទ្ធរបស់ប្រជាជាតិមួយដែលត្រូវការពារវប្បធម៌របស់ខ្លួនមែនទេ? បើសិទ្ធរបស់បុគ្គលពាក់ព័ន្ធជាតិត្រូវតែបិទសិទ្ធរបស់គាត់ ឱ្យគាត់ធ្វើខ្លួនឯងនៅក្នុងផ្ទះ កុំមកបំផ្លាញសិទ្ធរួមរបស់ជាតិមួយ។ អ្នកខ្លះថា ឱ្យតែគ្នាចេញអីបន្តិច ក្រសួងហៅមកធ្វើកិច្ចសន្យាឱ្យឈប់និយាយ។ និយាយអីមួយគរគោក និយាយទៅរឿងអ្នកឯង តែបើសិនប៉ះពាល់ត្រូវមានមូលដ្ឋានច្បាស់លាស់។ បើសិនជាមូលដ្ឋានមិនច្បាស់លាស់ កុំបង្ហោះ។ ធ្វើនៅផ្ទះទៅ ចង់អ្នកឯងតែងខ្លួនធ្វើអីធ្វើទៅ ខ្ញុំមិនថាអីទេ។ វល់តែបងប្អូន(ខ្លួនឯង) តែកុំឱ្យប៉ះពាល់ដល់តម្លៃ(ជាតិ)។
(២៣) មិនគប្បីប្រើអ៊ីនធើណិត បំពានច្បាប់ ទម្លាប់ និងប្រពៃណីជាតិ
មិនដឹងថាបងប្អូនចង់បាន Like ឬ View ឬមួយយ៉ាងម៉េចទេ? តែសូមកុំប៉ះពាល់ដល់វប្បធម៌ ដល់បុព្វបុរសរបស់យើង សេចក្តីថ្លៃថ្នូររបស់ជាតិខ្មែរ។ ទោះបីជាពិភពលោកវិវត្តន៍ដល់ណារាប់ពាន់ឆ្នាំ ខ្មែរនៅតែជាខ្មែរដដែលហ្នឹងឯង។ ខ្មែរនៅតែជាខ្មែរដោយសារយើងអភិរក្សតម្លៃវប្បធម៌ និងអត្តសញ្ញាណរបស់យើង។ ត្រូវរួមគ្នាការពារ កុំឱ្យប្រើសិទ្ធខុសច្បាប់ អាងមាន Internet ខុសប្រពៃណី ខុសទម្លាប់របស់យើង។ ទោះបីជាមិនខុសច្បាប់ក៏ដោយ ប៉ុន្តែវាប៉ះពាល់ទៅដល់សិទ្ធរបស់ជាតិមួយនៅក្នុងការការពារ អភិរក្សអត្តសញ្ញាណជាតិរបស់យើង។ សូមចៀសពីអំពើទាំងនេះ។ បងប្អូនអាចទៅធ្វើអីបាន ចង់បាន View ចង់បាន Like ចុះ។ បើសិនជាព្រះនាងឥន្ទ្រទេវីមកពន្យល់សប្តិមែន មិនបាច់ស្លៀកពាក់ខោអាវហ្នឹងថតបង្ហោះទេ ទៅសួរលោកឱ្យកាត់សប្តិមើលទៅ។ ខ្ញុំក៏ធ្លាប់យល់សប្តិឃើញទេវតាប្រាប់រឿងអីដែរ តែខ្ញុំមិនស្អែកឡើងពាក់រូបទេវតាទៅនិយាយទេ។ ការជឿរបស់យើងប៉ុន្តែវាអត់ចាំបាច់។ កន្លែងខ្លះ ដូចប្អូនម្នាក់ចេញមកវាយប្រហាររឿងព្រះពុទ្ធសាសន រឿងស្អីៗហ្នឹង។ ខ្ញុំគិតថាសិទ្ធរបស់គាត់មែន ប៉ុន្តែក្នុងនាមជាជាតិមួយ ក្រសួងមានភារកិច្ចអភិរក្ស និងការពាររបស់ជាតិ។ យើងត្រូវតែការពារអត្តសញ្ញាណវប្បធម៌ និងសាសនារបស់យើង ទល់នឹងការវាយប្រហារដែលគ្មានមូលដ្ឋានច្បាស់លាស់នេះ។ ត្រូវតែកំណត់ព្រំដែនរបស់គាត់។ មិនមែនចាប់គាត់ដាក់គុកទេ ប៉ុន្តែឱ្យគាត់សន្យាឈប់ធ្វើ។ បើធ្វើៗខ្លួនឯងចុះ កុំបង្ហោះទៀត។
ខ្ញុំអំពាវនាវជាថ្មីម្តងទៀត អ្នកទាំងអស់ហ្នឹង អ្នកខ្លះចង់បានពេក សុខចិត្តចេញមកធ្វើរបូតខោ របូតអី។ កាលមុនចេញមកហូបសុទ្ធតែស្បែកជើងកៅស៊ូ។ ខ្ញុំយូរៗឱ្យថា អាទឹកត្រីម្ទេសហ្នឹងស្អីក៏រលាយដែរ ស្បែកជើងក៏ដាក់ទៅរួចដែរ ឱ្យតែជ្រលក់ទឹកត្រីហូបបានទាំងអស់ អញ្ចឹងទំនើបមិនបាច់ទិញបាយ ទិញអី ដាក់កៅអីមួយជ្រលក់ទឹកត្រីដាក់ទៅ។ ពេលខ្លះយើងត្រូវមានការគិតគូរ។ អញ្ចឹងខ្ញុំសូមឱ្យក្រសួងស្ថាប័នពាក់ព័ន្ធសកម្ម ហើយបុរេសកម្មលើរឿងនេះ។ ម្សិលមិញ អញ្ជើញប្អូនស្រី Love Riya មក។ ថ្ងៃមុនមានម្នាក់ទៅអង្គរវត្ត ក្រសួងធម្មការ និងសាសនា ឯកឧត្តម ចាយ បូរិន បានហៅមកឱ្យគាត់ធ្វើកិច្ចសន្យា។ សូមបន្តរួមគ្នាធ្វើទៀត ព្រោះសិទ្ធសេរីភាពរបស់បុគ្គលត្រូវមានព្រំដែន។ ពេលដែលប៉ះពាល់ដល់សិទ្ធសេរីភាពសហគមន៍ដែលជាជាតិរបស់យើង ជាពិសេសរឿងវប្បធម៌ និងសាសនាជាតិ ចាំបាច់ត្រូវតែរួមគ្នាការពារ។ បងប្អូនទាំងអស់ដែលគិតថាយករឿងនោះទាក់ទាញ View ខ្ញុំសូមឱ្យរករឿងអីផ្សេងទៅ។ នេះជាសិទ្ធរបស់បងប្អូន តែកុំធ្វើឱ្យប៉ះពាល់ទៅដល់វប្បធម៌ជាតិរបស់យើង។
(២៤) នាយករដ្ឋមន្ត្រីនិងឧបនាយករដ្ឋមន្ត្រី ដឹកនាំយុទ្ធនាការថ្នាក់ជាតិទប់ស្កាត់ល្បែង និងការឈរបោកអនឡាញ
អំពីការទប់ស្កាត់ល្បែង និងការឈរបោកអនឡាញ ដែលប៉ះពាល់ទៅដល់សន្តិសុខសង្គម និងមុខមាត់សង្គមជាតិខ្ញុំសូមអរគុណទៅដល់ក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ស ថេត រដ្ឋបាលរាជធានី/ខេត្ត ក្រសួង យុត្តិធម៌ ក៏ដូចជាក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងក្រសួងពាក់ព័ន្ធ ដែលបានរួមគ្នាខិតខំ អនុវត្ត ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងទៅលើបទល្មើសទាំងឡាយនេះ។ ជាង ១ម៉ឺន ៨ពាន់ Website ដែលយើងបិទ ៦ខែ ហើយកំពុងមានវិធានការបន្តទៀត។ ក៏ដូចមានការបិទទីតាំងមួយចំនួន។ ឃើញមានការស្នើសុំចុះទៅគ្រប់ទីតាំង ចាប់បញ្ជូនជនបរទេសជាច្រើន រុញទៅខាងក្រៅពាក់ព័ន្ធទៅនឹងរឿងនេះ។ ការងារនេះមិនទាន់អស់ទេ។ យើងត្រូវតែទទួលស្គាល់។ នៅតែបន្តទៅមុខទៀត។ រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីឆ្នាំថ្មីនេះរៀបចំយន្តការដំឡើងកម្រិតយន្តការអន្តរក្រសួង ជាមួយថ្នាក់ជាតិ ដែលនាយករដ្ឋមន្ត្រីដឹកនាំ ហើយមានឧបនាយករដ្ឋមន្ត្រី នេត សាវឿន ឯកឧត្តម ស សុខា ឯកឧត្តម ទៀ សីហា ឯកឧត្តម ប្រាក់ សុខុន ឯកឧត្តម កើត រិទ្ធ ពីក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ គណៈកម្មាធិការ ចំពោះកិច្ចមួយដើម្បីធ្វើការប្រយុទ្ធប្រឆាំង ដោយរួមមានកម្លាំងនគរបាល កម្លាំងអាវុធហត្ថ កម្លាំងកងទ័ព … មានកិច្ចការជាច្រើនដែលត្រូវធ្វើ។ យើងជំរុញការដោះស្រាយបញ្ហាព្រោះវាពាក់ព័ន្ធដល់មុខមាត់និងសន្តិសុខជាតិរបស់យើង។ សូមឱ្យស្ថាប័ន រាជធានី/ខេត្ត រដ្ឋបាលរាជធានី/ខេត្ត ក៏ដូចជាស្នងការនគរបាលរាជធានី/ខេត្ត អាវុធហត្ថរាជធានី/ខេត្ត ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រៀមលក្ខណៈដើម្បីសហការគ្នា។
(២៥) កងទ័ពផ្តល់ការគាំទ្រដល់មន្ត្រីនគរបាលយុត្តិធម៌ ជាការបង្កើនសហថាមពលប្រតិបត្តិការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ
ដឹកនាំ(ក្នុងរូបភាព)អន្តរក្រសួង នេះជាយន្តការចំពោះកិច្ច។ មិនមែនទៅធ្វើការងារជំនួសទេ គឺបង្កើនថាមពល យន្តការប្រតិបត្តិនៅតែនគរបាល មន្ត្រីប៉ូលិលយុត្តិធម៌។ ពិតណាស់ យើងមានកម្លាំងអន្តរាគមន៍ពីកណ្តាលមួយទៀត សម្រាប់មុខសញ្ញាមួយចំនួន បន្ថែមពីលើកងនគរបាល កងរាជអាវុធហត្ថ។ គេថាប្រើកងទ័ពខុសច្បាប់។ អត់ទេ។ កងទ័ពគាំទ្រដល់មន្ត្រីនគរបាលយុត្តិធម៌ក្នុងប្រតិបត្តិការសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ អត់ខុសច្បាប់ទេ។ មន្ត្រីអនុវត្តច្បាប់ដើម្បីបង្កើនសហថាមពលធ្វើការងារនេះ។ កិច្ចការមិនសាមញ្ញទេ … ការងារនេះ យើងបានធ្វើច្រើន មិនមែនស្ងាត់ជ្រាបទេ។ យើងមានការចុះផ្សាយបន្តបន្ទាប់។ បញ្ហានេះនៅបណ្តាប្រទេសជាច្រើន នៅអាស៊ានរបស់យើងក៏មានបញ្ហាប្រឈមច្រើន នៅតាមប្រទេសជិតខាងរបស់យើង។ វិធានការដាច់ដោយឡែកពីគ្នាសម្រាប់កម្ពុជាយើង បានធ្វើជាបន្តបន្ទាប់តាំងពីអាណត្តិមុន ដោយសម្តេចក្រឡាហោម អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ បានដឹកនាំប្រតិបត្តិការនេះ។ អាណត្តិថ្មីខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអនុវត្តតាំងពីដើមអាណត្តិមកធ្វើការងារនេះ។ ទៅមុខទៀត យើងត្រូវបង្កើនសហថាមពលដើម្បីដោះស្រាយបញ្ហា។ សូមឱ្យក្រសួងជំនាញពាក់ព័ន្ធ រួមទាំងក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ត្រៀមសហការគ្នាចូលរួមនៅក្នុងការទប់ស្កាត់ និងបង្រ្កាបទៅលើបទល្មើសទាំងនេះ …។
(២៦) ឆ្នាំ២០២៥ ក. ជំរុញវាស់វែងដីធ្លីបញ្ចប់ចេញបណ្ណ ដោះស្រាយវិវាទ ការងារដីសម្បទាន និង ខ. ដោះស្រាយរឿងឈរបោកអនឡាញ បង្កើនភាពវិជ្ជមាននិងកាត់បន្ថយផលអវិជ្ជមានជូនសង្គមជាតិ
នេះជាផលវិជ្ជមានដែលយើងបានពីការវិវត្តន៍នៃវិស័យឌីជីថល។ ជាមួយគ្នា វាក៏បើកច្រកនៅក្នុងការឆ្លៀតឱកាសធ្វើសកម្មភាពមួយចំនួន ដែលយើងមិនចង់បាន ប៉ុន្តែយើងត្រូវពង្រឹងក្របខណ្ឌ បទដ្ឋានគតិយុត្តិ ក៏ដូចជាយន្តការនៅក្នុងការអនុវត្តបង្កើនសហថាមពលធ្វើការងារនេះ។ នេះគឺជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលរបស់យើង។ នៅក្នុងឆ្នាំថ្មីនេះយើងរុញការងារ២ គណៈកម្មាធិការ២ ដែលបង្កើនសុពលភាព ទី១ ការរៀបចំរឿងដីធ្លីដែលសហការជាមួយក្រសួងដែនដី នគរូបនីយកម្ម បន្តជំរុញការងារវាស់វែងដីធ្លីបញ្ចប់ចេញបណ្ណ ដោះស្រាយវិវាទ ការងារដីសម្បទានសម្រាប់អតីតយុទ្ធជន … ហើយយើងមានយន្តការដោះស្រាយបញ្ហាមួយចំនួនសម្រាប់ប្រជាជន ដែលខ្វះដីធ្លី តាមយន្តការផ្តល់ដីការពារព្រៃ និង(២) យន្តការសហការដោះស្រាយបញ្ហាទាក់ទងរឿងឈរបោកអនឡាញ ឬ Scam online ដើម្បីជំរុញបង្កើនភាពវិជ្ជមានជូនប្រជាពលរដ្ឋនិងកាត់បន្ថយផលអវិជ្ជមានជូនសង្គមជាតិយើងជាមួយគ្នា។
[ចប់សេចក្តីអធិប្បាយ៨]
កិច្ចការសំខាន់ ទី១១. ខ្ញុំសូមលើកទឹកចិត្តឱ្យ សហប្រធានក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ (ក្រុមការងារ “ណ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បន្តពិភាក្សាលើសំណូមពរ និង បញ្ហាប្រឈមនានា ព្រមទាំងចូលរួមជំរុញ និងទាក់ទាញធុរកិច្ច និងការវិនិយោគបន្ថែមក្នុងវិស័យឌីជីថល ដើម្បីទទួលបានលទ្ធផលជាផ្លែផ្កាច្រើនបន្ថែមទៀត សម្រាប់សង្គម និងសេដ្ឋកិច្ចជាតិ។
មុននឹងបញ្ចប់ ជាថ្មីម្ដងទៀត, ខ្ញុំសូមអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផលការងាររយៈពេល ៥ ឆ្នាំ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ខ្ញុំសូមលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់របស់ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បន្តអនុវត្តភារកិច្ចដ៏មានសារៈសំខាន់ ក្នុងការគ្រប់គ្រង និង អភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេក-វិទ្យាឌីជីថល ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
ជាទីបពា្ចប់, ខ្ញុំសូមជូនពរ ឯកឧត្ដម លោកជំទាវ, លោក លោកស្រី និង អង្គសន្និបាត, សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងក្រុមគ្រួសារ និងទទួលបានជោគជ័យ ក្នុងការបំពេញភារកិច្ចរៀងៗខ្លួន និង សូមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត។ ខ្ញុំសូមប្រកាសបិទ «សន្និបាតបូកសរុបលទ្ធផលការងារ ៥ ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្ត» របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាពេលនេះ៕