ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល
គណៈអធិបតី ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងអង្គពិធីទាំងមូលជាទីមេត្រី!
(១) នយោបាយឈ្នះឈ្នះ ប្រែក្លាយសមរភូមិប្រយុទ្ធទៅជាការបង្រួបបង្រួមជាតិ និងដោះស្រាយវិវាទដីធ្លី
ថ្ងៃនេះ ខ្ញុំមានកិត្តិយសនិងសប្បាយរីករាយដែលបានចូលរួមអបអរសមិទ្ធផលធំធេងនៅតំបន់បឹងជង្រុកតេជោឈ្នះឈ្នះ។ កន្លែងនេះសម្បូរភ្លើង។ គ្រាន់តែចុះយន្តហោះមកដូចគេបើកម៉ាស៊ីនត្រជាក់ចោលតែម្ដង។ នៅភ្នំពេញ មិនសូវរងា។ នៅបឹងជង្រុក បើកម៉ាស៊ីនត្រជាក់ចោលតែម្ដង។ សុខចិត្តពាក់អាវរងា។ សូមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយប្រគេនព្រះតេជព្រះគុណដែលគង់ក្នុងភូមិនេះ ក៏ដូចជាលោកតា លោកយាយ អ៊ំ ពូមីង បងប្អូនទាំងអស់។ តាមពិត កន្លែងនេះ មុននឹងកូវីដ-១៩ សម្ដេចតេជោមកសម្ពោធ(ទេតើ) ព្រោះនេះជាស្នាដៃនៃការដោះស្រាយនយោបាយឈ្នះឈ្នះ ២តង់នៅកន្លែងនេះ។ នយោបាយឈ្នះឈ្នះមួយតង់ដំបូង គឺប្រែក្លាយពីសមរភូមិនៃការវាយគ្នាទៅជាកន្លែងការបង្រួបបង្រួម។ នយោបាយឈ្នះឈ្នះមួយទៀត គឺដោះស្រាយវិវាទដីធ្លី។ អម្បាញ់មិញ ជួបជាមួយពូៗ … ជាអតីតយុទ្ធជន។ អ្នកខ្លះសុទ្ធតែពិការដោយសារសង្រ្គាម។ តែសំណាងដែលនៅមានជីវិត។ យុទ្ធមិត្តរបស់ពូៗភាគច្រើនប្រហែលពលីនៅសមរភូមិហើយ។ នេះជាកន្លែងមានបន្សល់ដោយមីន។
ចូលមក ឃើញក្នុងរូបភាពដែលតាំងបង្ហាញ មិនមានផ្លូវផង។ ជិះគោយន្តមក ហើយគ្រឿងចក្រចូលមកដំបូងគឺកប់តែម្ដង អត់មានផ្លូវបេតុងអញ្ចេះទេ។ ដែលថា យើងពុះពារនៅក្នុងការកសាងនៅកន្លែងនេះ ជាស្នាដៃ និងការចង្អុលបង្ហាញពីសម្ដេចតេជោ បានផ្ដល់នូវយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋក៏បានផ្ដល់យុត្តិធម៌ដល់សម្ដេចតេជោ តាមរយៈការចូលរួម។ បើសិនជាប្រជាពលរដ្ឋមិនចូលរួម មិនជឿលើសម្ដេចតេជោទេ ដោះមិនចេញទេ។ បើជឿតាមអ្នកបំផុសនៅក្រៅប្រទេសនោះ ឬមួយក៏អ្នកនយោបាយមួយចំនួនដែលហៅទៅស្ទឹងមានជ័យហើយសន្យានោះ។ ឥឡូវហ្នឹងក៏គេកំពុងតែប្រើ(វិធីចាស់គំរឹលហ្នឹង)ដែរ។ ប៉ុន្មានខែមុន ក្រុមនេះបានឆ្លៀតប្រើក្មេងៗ នៅជប៉ុន (ដែល)ប៊ិះ(តែនាំដល់ការ)ដុតប្រទេស។ សម្ដេចទាំងពីរ បានផ្ដាំផ្ញើ និងជូនពរផងចំពោះលោកតា លោកយាយ អ៊ំ ពូមីង ក្មួយៗទាំងអស់ ដែលមកចូលរួមនៅទីនេះ ឲ្យជួបប្រទះតែសេចក្ដីសុខ ពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត។
(២) ២៩ ធ្នូ ២០២៤ ជាខួប ២៦ឆ្នាំនៃ ទិវាសន្តិភាព ដែលនយោបាយឈ្នះឈ្នះបានបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា
សូមអរគុណដល់ប្រជាពលរដ្ឋអ្នកបឹងជង្រុក ដែលបានផ្ដល់ការជឿទុកចិត្តលើការដឹកនាំរបស់សម្ដេច តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងចំពោះការខិតខំរបស់គណបក្សប្រជាជនកម្ពុជាដែលជួយដល់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ នេះគឺជាអ្វីដែលជាសក្ខីភាពនៃការបោះឆ្នោតកន្លងទៅ។ ទីនេះមានការគាំទ្រគណបក្សប្រជាជនច្រើនលើសលប់។ ខ្ញុំសូមពាំនាំពីសំណាក់សម្ដេចតេជោ ដែលជាប្រធានគណបក្ស ថ្នាក់ដឹកនាំ សម្ដេចអនុប្រធាន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ នូវការថ្លែងអរគុណណាស់ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានផ្ដល់នូវយុត្តិធម៌ និងជឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បម្រើប្រជាជន ជាពិសេស សម្ដេចតេជោតែម្ដង។ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន បានធ្វើរបាយការណ៍ត្រួសៗ រួចមកហើយ ប៉ុន្តែអ្នកដែលបានដឹងរឿងច្រើនជាងហ្នឹង គឺអ្នកដែលនៅផ្ទាល់ និងឃើញផ្ទាល់។ ខ្ញុំបានឃើញរូបថតពីរបីសន្លឹកទេ។ ខ្ញុំមិនបានមកកន្លែងនេះផ្ទាល់ពេលដែលលំបាកទេ។ មានតែអ្នកដែលឆ្លងកាត់ការលំបាក ជាពិសេសប្រជាពលរដ្ឋ អ៊ំ ពូមីង ដែលនៅទីនេះតែម្ដងដែលបានឃើញ(ស្ថានភាព)កាលមុនយ៉ាងម៉េច និងឥឡូវយ៉ាងម៉េច។ នៅសល់តែ ១ខែគត់ ថ្ងៃនេះថ្ងៃ២៩ ខែវិច្ឆិកា ថ្ងៃ២៩ ខែធ្នូ គឺយើងគម្រប់ខួប ២៦ឆ្នាំ ទិវាសន្តិភាព ដែលរាជរដ្ឋាភិបាលចេញអនុក្រឹត្យឆ្នាំទៅ។ ឆ្នាំនេះជាឆ្នាំទីមួយ ដែលយើងអបអរសាទរដោយបង្កើតជាថ្ងៃឈប់សម្រាកនៅថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២៤ ត្បិតយើងបានកំណត់យកថ្ងៃ២៩ ខែ១២ ឆ្នាំ១៩៩៨ ជាថ្ងៃដែលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ បានបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា។
(៣) នយោបាយឈ្នះឈ្នះបញ្ចប់សង្គ្រាមបង្រួបបង្រួមទឹកដី និងប្រទេសទាំងមូលគ្រប់គ្រងដោយរដ្ឋាភិបាលតែមួយ ២៦ ឆ្នាំហើយ
នយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោដែលបញ្ចប់សង្រ្គាមក្នុងរយៈពេល ៥០០ឆ្នាំ (ចុងក្រោយ)នេះ មានលក្ខណៈពិសេស២ … ទី១ គឺបញ្ចប់សង្រ្គាមហើយបង្រួបបង្រួមទឹកដី។ យើងអត់មានតំបន់អបគមន៍ ដូចពីមុនទេ ក្នុងពេល ៥០០ឆ្នាំ។ ក្នុងពេល ៥០០ឆ្នាំនេះ យើងមិនដែលមានការបង្រួបបង្រួមទឹកដីពេញទេ សូម្បីតែជំនាន់មុនរដ្ឋប្រហារក៏នៅមានតំបន់ដាច់ដោយដុំ ជាពិសេសនៅភូមិភាគ ៥នេះ ដូចតំបន់ភ្នំវាយចាបក៏មានចលនាតស៊ូ ចលនាអីផ្សេងៗ ដែលយើងមានខ្មែរប៉ុន្មានពណ៌ឯណោះ។ នៅសំឡូត នៅខាងពោធិសាត់អី កន្លែងដែលពិបាក ជិតខាងកោះកុងអី ក៏មានតំបន់ដាច់ដែរ។ អញ្ចឹង លក្ខណៈពិសេសឥឡូវនេះគឺយើងអត់មានតំបន់ណាដែលថាមិនមានការគ្រប់គ្រងដោយរដ្ឋាភិបាលតែមួយ សាមគ្គីគ្នា ភ្ជាប់តគ្នានោះទេ។ ទី២ គឺ២៦ឆ្នាំ យើងគិតថាដូចមិនយូរទេ ប៉ុន្តែ បើយើងមើល ៥ឆ្នាំ ជាពេលវេលាមួយដែលសន្តិភាពអាចនៅបានយូរជាងគេ។ ឮចាស់ៗថា «ខ្មែរបានតែមួយឆ្អិនកំពឹស» ព្រោះប្រវត្តិសាស្រ្ត រួបរួមគ្នាបានតែបន្តិច ក៏តាំងសង្រ្គាមវិញ។ សូម្បីតែជំនាន់ព្រះករុណាដែលបានឯករាជ្យ ១៩៥៣ ហើយឆ្នាំ១៩៧០ យើងសង្រ្គាមឡើងវិញ។ ឥឡូវ ២៦ឆ្នាំ អញ្ចឹងបើក្នុង ៥០០ឆ្នាំ មានតែពេលហ្នឹងទេដែលសន្តិភាពនេះរយៈពេលវែង។ អញ្ចឹងលក្ខណៈពិសេសពីរនេះ។
(៤) បរទេសចង់ដឹងថា “ហេតុអីបានជាកម្ពុជាបញ្ចប់សង្រ្គាមបានដោយមានចីរភាព”
កាលពីសប្ដាហ៍មុន មានកិច្ចប្រជុំអន្តរជាតិនៅភ្នំពេញ។ តំណាងសភាពីបណ្ដាប្រទេសច្រើនប្រទេសណាស់ មានពីទ្វីបអាហ្រ្វិកផង ពីអាមេរិកឡាទីនផង ពីអឺរ៉ុបផង អាស៊ីផង មកប្រជុំគ្នា។ ទាំងគណបក្សទាំងសភា សុទ្ធតែនិយាយពីប្រធានបទសន្តិភាព ការបង្រួបបង្រួមជាតិ និងការអត់ឱន។ កាលពីដើមសប្ដាហ៍ ខ្ញុំទៅសៀមរាបដែលយើងធ្វើម្ចាស់ផ្ទះនៃវេទិកាកិច្ចប្រជុំសន្ធិសញ្ញាអូតាវ៉ា ដែលប្រឆាំងមីន ពិសេសមីនប្រឆាំងមនុស្ស ដែលបរទេសមកសិក្សាចង់ដឹងថា “ហេតុអីបានជាកម្ពុជាបញ្ចប់សង្រ្គាមបានដោយមានចីរភាព” ដែលមិនមែនជាបទឈប់បាញ់ ក្រោយមកពីរបីឆ្នាំក៏បាញ់គ្នាឡើងវិញ។ ពីរថ្ងៃមុន នៅ Gaza នៅ Lebanon មានការប្រកាសបទឈប់បាញ់រវាងអ៊ីស្រាអែល និង Hezbollah ដែលអ៊ីស្រាអែលហៅថាជាក្រុមឧទ្ទាមឬចលនាតស៊ូ។ មិនទាន់បានប៉ុន្មានផង យប់មិញ ក៏មានការបាញ់គ្នាវិញ។ ទាហានមួកខៀវយើងជិត ២០០ នាក់នៅទីនោះ។ ខ្ញុំបានទូរស័ព្ទទៅសួរឯកឧត្ដម ទៀ សីហា។ ទាក់ទងឲ្យជាប់។ ថ្ងៃខ្លះ ប្រាប់ថាគេបាញ់ប្លោងមកគ្មានដឹងថាទាហាន UNទេ។ បាញ់មករបួសទាហាន UN ប៉ុន្មាននាក់។ ដាក់សុទ្ធតែរថក្រោះបាញ់តែម្ដង មិនមែនបាញ់ដោយចៃដន្យទេ។ អញ្ចឹង ការស្វែងរកសន្តិភាពមិនងាយស្រួលនោះទេ តែបាញ់គ្នា បង្កើតកំហឹង ការសងសឹក ទេដែលងាយស្រួល។
(៥) បឹងជង្រុកជាជាសក្ខីកម្មកាកសំណល់សង្រ្គាម ឥឡូវមានក្ដីសង្ឃឹមថ្មីជាក់ស្ដែង
កាលពីសប្ដាហ៍មុនធ្វើសុន្ទរកថានៅភ្នំពេញ និងដើមសប្ដាហ៍នៅសៀមរាប តែថ្ងៃនេះ ខ្ញុំនិយាយនៅតំបន់ដែលធ្លាប់មានសង្រ្គាម និងតំបន់ដែលពោរពេញទៅដោយមីន។ កាលពីទសវត្សរ៍ទី៩០ ជំនាន់មុននយោបាយឈ្នះឈ្នះ (ដែលដែនដី)ភាគច្រើន(មាន)សន្តិភាព កន្លែងនេះ(នៅជា)តំបន់ដែលវាយគ្នា(នៅឡើយ)។ យើងអាចឃើញថា សមិទ្ធផលដែលយើងសម្ពោធនៅថ្ងៃនេះវាភ្ជាប់នឹងទិដ្ឋភាពជាក់ស្ដែង។ អ្នកអង្គុយសុទ្ធតែអ្នកសល់ពីសង្រ្គាម អ្នកដែលរបួស ពិការ តែនៅសល់ជីវិត។ មិនស្រួលមានចៅច្រើនផង។ ថ្ងៃមុន ខ្ញុំជួបជាមួយអតីតយុទ្ធជនពិការនៅបញ្ជាការដ្ឋានកោះឆ្នេរ។ គាត់ពិការមែន តែសួរទៅថាមានកូន៦។ ខ្ញុំសួរថា ចុះមុនពិការកូនប៉ុន្មាន? មុនពិការ កូន២ ទេ។ គាត់និយាយប្រាប់ខ្ញុំថា មានអីធ្វើ មានតែហ្នឹង។ កាលសង្រ្គាមរវល់តែឡើងច្បាំងមួយឆ្នាំមកផ្ទះម្ដង។ ឥឡូវ គាត់មានកូន ៦ ហើយមានចៅ(ទៀត)។ យ៉ាងណាក្តី គាត់មានសំណាងជាងយុទ្ធមិត្តរបស់គាត់ដែលស្លាប់នៅសមរភូមិ។ អញ្ចឹង ទីនេះហើយដែលយើងឃើញពីសក្ខីភាព កាកសំណល់ពីសង្រ្គាម ទាំងមីន ទាំងរូបភាពខ្លះៗ និងទាំងប្រជាពលរដ្ឋដែលរងគ្រោះ។ ប៉ុន្តែ យើងក៏ឃើញនូវក្ដីសង្ឃឹមថ្មីដែលបានផ្ដល់ឲ្យជាក់ស្ដែង។ ខ្ញុំសួរថា ២០ឆ្នាំមុន (មាននរណា)ដែល(បាន)គិតថា (ទីនេះនឹង)មានផ្លូវបេតុងក្នុងភូមិទេ? មិនដែលគិតទេ។ មិនដឹងថាថ្ងៃណា ពេលណា ឬអនាគតយ៉ាងម៉េចផង។ មែនទេ? ទើបចប់បាញ់គ្នា។ មិនដឹងឈប់បាញ់គ្នាយូរឬអត់?
(៦) យើងបន្តកសាងទៀត ដរាបណាសង្រ្គាមអវត្តមានពីបឹងជង្រុក
ទើបនឹងមកនៅឆ្នាំ១៩៩៨ មិនដឹងថាត្រឡប់ទៅវាយគ្នាពេលណាវិញផង។ ការដោះស្រាយវិវាទដីធ្លីមិនទាន់បានអីផងខ្ញុំឃើញរូប(ដែល)មានក្រុមខុសគ្នា … យើងឈប់វាយគ្នា(ក្នុងសង្គ្រាម) ប៉ុន្តែនៅមានជម្លោះដីធ្លី។ ថ្ងៃនេះយើងបានឃើញបានផល(ជាក់ស្តែង) ដោយសារចក្ខុវិស័យដឹកនាំរបស់សម្ដេចតេជោ ក្រុមការងារច្បាស់លាស់ មានការចូលរួមរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ កម្លាំងប្រដាប់អាវុធទាំងអស់។ អម្បាញ់មិញមានទាំងប៉េអឹម មានទាំងប៉ូលីស ទាហានចូលរួម ដើម្បីយើងយកវិធីដោះស្រាយដោយសន្ដិវិធីនិងឈ្នះឈ្នះ។ ប៉ុន្តែសំខាន់ការចូលរួមរបស់ប្រជាពលរដ្ឋ ទាំងអ្នកដែលមានម្ចាស់កម្មសិទ្ធិដែលផ្ដល់ឱ្យ ទាំងអ្នកដែលត្រូវមកទាមទារថ្មី ដោះស្រាយតាមរបៀបឈ្នះឈ្នះ។ ពិតណាស់ យើងមានអ្នកដែលញុះញង់ពីខាងក្រោយ ជំរុញរឿងនេះ តែប្រជាពលរដ្ឋបានញែកគេចេញ ហើយរួមគ្នាដោះស្រាយ។ ខ្ញុំក៏មានការសប្បាយរីករាយ។
ជួបនឹងមេដឹកនាំធំៗ (កាលពី)អាទិត្យមុន សភាក្ដីគណបក្សអន្តរជាតិក្ដី ខ្ញុំបានប្រាប់ថា “បើយើងមើលតម្លៃនៃសន្តិភាព យើងត្រូវមើលទាំងពីរ។ ទី១ ពេលដែលមានសន្តិភាព ដែលពេលខ្លះយើងមើលមិនសូវឃើញទេ តែតម្លៃវាកើនខ្លាំងនៅពេលដែលវាបាត់។ សន្តិភាពឱ្យយើងទៅមុខ បាត់បង់នៃសន្តិភាពធ្វើឱ្យយើងដើរថយក្រោយ។ មិនបាច់មើលអីច្រើនទេ។ ខ្ញុំឱ្យគាត់មើលនៅ អ៊ុយក្រែន (ដែល)ក្រុងមួយចំនួន ៣ឆ្នាំមុនសង្រ្គាម រីក(ចម្រើន) ឥឡូវខ្ទេច។ ហ្គាហ្សា ប៉ុន្មានឆ្នាំមុន វាយគ្នា រូបភាពបង្ហាញមានក្រុង (អគារខ្ពស់ៗ)អី ឥឡូវឡើងខ្ទេច។ គ្រាប់បែកមួយៗ ខ្ទេចអស់តែម្ដង។ សូម្បីតែលីបង់ អគារ ២០ជាន់ សង់យ៉ាងហោចណាស់ ២ឆ្នាំ ដាក់តែមួយគ្រាប់ទៅទាំងអស់។ អញ្ចឹង នៅទីនេះ ពេលដែលអវត្តមានសង្រ្គាម យើងកសាងបានប៉ុណ្ណេះ យើងនឹងបន្តទៀតដរាបណាសង្រ្គាមអវត្តមានពីបឹងជង្រុក។
(៧) ហេដ្ឋារចនាសម្ព័ន្ធកម្រិតភូមិ តែស្អាតជាងស្រុក
អញ្ចឹង ប្រជាពលរដ្ឋនៅទីនេះ អាចចូលរួមទប់កុំឱ្យមានសង្រ្គាមទៀត ទាំងសង្រ្គាមវាយគ្នា ទាំងសង្រ្គាមរវាងប្រជាជននិងប្រជាជន តាមការញុះញង់របស់អ្នកមួយចំនួន។ តើយើងធ្វើបានទេ? (សម្លេងឆ្លើយ) បាន។ ចង់អ្នកណាមកឃោសនាថា “មក នាំគ្នាទៅដុតអគាររដ្ឋបាលចោល” អ៊ំពូមីងមិនជឿតាមទេ មែនទេ? ឥឡូវមានគេកំពុងស្រែកកោកៗ ពីខាងក្រៅ បង្កើតចលនាតស៊ូអី ហៅប្រជាជនឱ្យងើបឡើងបះបោរ។ ឥឡូវ យើងកសាងបានប៉ុណ្ណេះហើយ សូមកុំស្ដាប់។ សូមជឿលើរដ្ឋាភិបាល។ រួមគ្នាកសាងភូមិយើងឱ្យកាន់តែល្អថែមទៀត។ ឥឡូវមានសាលាបឋម។ អម្បាញ់មិញ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន (ម្ដងនេះលើកសំណើនៅលើវេទិកា) ឱ្យខ្ញុំឆ្លើយយ៉ាងម៉េច។ ចាំបន្តិចទៀតខ្ញុំឆ្លើយ។ គេរាយការណ៍ពីប្រវត្តិ តែអត់រាយការណ៍រឿងសំណើទេ។ នេះហើយជាការវិវត្ត។ ខ្ញុំចុះមកអម្បាញ់មិញ ឃើញហេដ្ឋារចនាសម្ព័ន្ធនៅទីនេះ កម្រិតភូមិ ស្អាតជាងក្រុង ស្អាតជាងស្រុកច្រើន។ គាត់ថា ធ្វើទុកឱ្យហើយ។ ក្រោយទៅជាអីទៀត អាហ្នឹងចាំរដ្ឋបាលខាងមហាផ្ទៃគិតគូរមើល ព្រោះហេដ្ឋារចនាសម្ព័ន្ធ ប្រជាជនច្រើននេះ យើងគិតយ៉ាងម៉េច? សំខាន់គឺអញ្ចឹង។ តែអត់សន្តិភាព ភូមិស្រុកខ្ទេចអស់រលីង អស់ទាំងមនុស្ស។ ឥឡូវយើងកើនពីព្រៃទៅជាកន្លែង(ភូមិអភិវឌ្ឍ)ហ្នឹង។ ពីព្រៃឫស្សីទៅជាកន្លែងដែលមានចំការ មានផ្ទះ មានអីហ្នឹង នេះគឺជាកិច្ចការសំខាន់ណាស់។
(៨) ក្រោយមានសន្ដិភាព រាជរដ្ឋាភិបាលត្រូវការ២០ ឆ្នាំដើម្បីបញ្ចប់សង្រ្គាមដីធ្លី
សូមអរគុណជូនឯកឧត្តម ប៉ាន់ខែម ប៊ុនថន ដែលបានធ្វើរបាយការណ៍អម្បាញ់មិញនេះអំពីវឌ្ឍនភាព និងភាពស្មុគស្មាញ។ ក្នុងរបាយការណ៍នេះ បញ្ជាក់ថា សន្តិភាព នយោបាយឈ្នះឈ្នះ ឈប់វាយគ្នានៅឆ្នាំ១៩៩៨។ ប៉ុន្តែ យើងត្រូវការ២០ ឆ្នាំទៀត ដើម្បីបញ្ចប់សង្រ្គាមរវាងប្រជាជនរឿងដីធ្លី។ បានន័យថាម៉េច? ជម្លោះងាយស្រួលនឹងកើតឡើង ងាយបង្កើតទំនាស់រវាងប្រជាជននិងប្រជាជន។ កម្លាំងប្រដាប់អាវុធ ឯកភាពគ្នា ប៉ុន្តែជម្លោះដីធ្លីនៅតែមាន ហើយជាពិសេស បើមានការលូកដៃក្នុងន័យណាមួយ(ពីជនណាមួយ)។ ប៉ុន្មានថ្ងៃមុន ខ្ញុំបិទសន្និបាតក្រសួងដែនដី។ ទិសដៅរបស់យើងគឺលុបបំបាត់បញ្ហាតាមរយៈការវាស់វែង ការចុះបញ្ជី និងរៀបប្លង់ដីឱ្យបានកម្មសិទ្ធិជូនប្រជាពលរដ្ឋ (កំណត់)កន្លែងណាដីរដ្ឋ (និងកន្លែងណាដីប្រជាពលរដ្ឋ) ដើម្បីបញ្ចប់សង្រ្គាម(ដីធ្លី)។ ឱ្យដឹងកម្មសិទ្ធ ថ្ងៃក្រោយត្រូវធ្វើអីផ្សេងទៀត ដោះដូរអីយ៉ាងម៉េច ប្រជាពលរដ្ឋមានសិទ្ធិ កុំឱ្យកាន់កាប់ទៅលើដីមួយ អត់មានថាដីហ្នឹងប្រាកដប្រជា …។
(៩) មន្ត្រីជាង ៥ពាន់នាក់ ថវិកា ១០០លានដុល្លារ ដើម្បីបញ្ចប់វាស់វែងនិងចេញបណ្ណកម្មសិទ្ធ ១លានកន្លះក្បាលដី
កុំឱ្យនៅៗ ស្រាប់តែមានមួយក្រុមមកថា ហ្នឹង(ជាដី)របស់គាត់ ឧទាហរណ៍។ ដោយសារយើងមិនមានប្លង់រឹង។ អញ្ចឹងមានតែជំរុញ(ការចេញប្លង់កម្មសិទ្ធិ)។ អាណត្តិមុននេះ យើងវាស់ ចុះបញ្ជីក្បាលដី ៧,៧ លានក្បាលដី ចែកជូនប្រជាពលរដ្ឋ ៧លានប័ណ្ណ។ អាណត្តិនេះ យើងវាស់ថែមបាន ៣លានកន្លះ។ ខ្ញុំថាជំរុញឱ្យលឿន ដាក់កម្លាំងពីដើមអាណត្តិមក។ ឯកឧត្តម សាយ សំអាល់ថា (បើចង់)ជំរុញលឿន ទាល់តែយើងបង្កើន(ចំនួនមនុស្ស) ព្រោះកម្លាំងនៅតាមខេត្តមិនគ្រប់ទេ។ អញ្ចឹង ក៏បានឱ្យបង្កើតសរុបមកជាង ៥ពាន់នាក់ចុះវាស់វែង កំណត់និយាមកា បញ្ជាក់ជាក់ស្ដែងលើដីដើម្បីឈានទៅដល់ការចេញប័ណ្ណកម្មសិទ្ធ បានចេញប័ណ្ណកម្មសិទ្ធិបណ្ដើរៗ ហើយ។ យើងនៅសល់ប្រហែល ១លានកន្លះក្បាលដីត្រូវបន្តទៀត។ យើងត្រៀមថវិកាគ្រោង ១០០លានដុល្លារ ដើម្បីឈានទៅដល់ការបញ្ចប់ ហើយរៀបចំចេញប័ណ្ណជូនប្រជាពលរដ្ឋ តាមកន្លែងដែលយើងវាស់វែងហើយ។
(១០) ប័ណ្ណកម្មសិទ្ធដីធ្លីជួយបញ្ចប់ជម្លោះផង ផ្ដល់ឱកាសដល់ម្ចាស់កម្មសិទ្ធជាទ្រព្យរស់ផង
ពេលខាងមុខ (ការ)ចេញ ប័ណ្ណកម្មសិទ្ធិនេះ មិនមែនត្រឹមតែជួយបញ្ចប់ជម្លោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱកាសដល់ម្ចាស់កម្មសិទ្ធិនីមួយៗ ដែលហៅថា ទ្រព្យរស់។ ដីអត់កម្មសិទ្ធិ ទ្រព្យងាប់ អត់ហ៊ានយកធ្វើអី យកទៅណាក៏គេមិនហ៊ានទទួលស្គាល់ដែរ ផ្ទេរទៅឱ្យកូនចៅក៏ទៅមិនរួច ព្រោះអត់មាន(បញ្ជាក់កម្មសិទ្ធ)របស់អ្នកណា។ ប្លង់ទន់វាទន់ ឆាប់រហែក ឆាប់ដាច់ ឯប្លង់រឹងឥឡូវ មិនមែនប្លង់ដាក់លើដុំថ្មទេ ចុះលើកុំព្យូទ័រ។ អញ្ចឹងបានន័យថា ប្លង់មានភាពរឹងផ្នែកច្បាប់ ព្រោះបានអាជ្ញាធរវាស់វែងហើយ ចេញ(កម្មសិទ្ធិ)ហើយ។ ប្លង់រឹង ប្លង់ទន់នោះ វាសំដៅមួយផ្នែក គឺទៅលើផ្លូវច្បាប់។ អញ្ចឹងប្លង់រឹង ទោះបោះលើក្រដាសដដែលក៏ដោយ តិចថាប្លង់រឹង ស្មានតែបោះលើថ្ម។ មិនមែនទេ។ វាមានភាពរឹងមាំផ្លូវច្បាប់ ព្រោះមានការទទួលស្គាល់ច្បាស់លាស់ ចុះបញ្ជីដាក់នៅក្នុងទិន្នន័យអីច្បាស់លាស់។ឥឡូវគេ upgrade ចូលនៅក្នុងក្រសួងដែនដី ហើយក្រសួងមហាផ្ទៃ សហការគ្នារៀបចំបញ្ចូលក្នុងទិន្នន័យ។ ពេលត្រូវការ ចូលទៅឆែកឃើញភ្លាមថាជារបស់(អ្នកណា)។
(១១) ក្រុមជនមួយចំនួនប្រើប្រាស់គ្រប់វិធី ឆបោកប្រជាជនរឿងដីធ្លី
យើងត្រូវបញ្ចប់ទំនាស់ដីធ្លី។ រឿងនេះ ជាប្រធានបទក្ដៅមួយ ជាពិសេសក្នុងពេលបច្ចុប្បន្ននេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួន ជាពិសេសក្រុមមួយចំនួន ជ្រកក្រោមផ្លាកអង្គការ ឬមួយក៏អ្នកនយោបាយមួយចំនួន ទាញយកកេងចំណេញតាមការបំផុសនានា។ មានអ្នកខ្លះ ទាញចំណេញយកផលប្រយោជន៍សេដ្ឋកិច្ច បំផុសមនុស្សឱ្យបង់ឱ្យ ២០០ដុល្លារ អោយទៅកាប់យកដី។ ថ្ងៃមុន នៅកំពង់ស្ពឺ មាន ក្រុមហ៊ុនចិត្តធម៌ ចែកដីជូនប្រជាពលរដ្ឋ។ ខ្ញុំកោតគាត់ហ៊ានបង្ហោះតាមហ្វេសប៊ុក ហៅអ្នកសារព័ត៌មានទៅប្រកាសទៀត។ គាត់បើកស្នាក់ការចល័ត មកចុះឈ្មោះយកដី។ តាមពិតជាដីរបស់រដ្ឋទាំងអស់។ ខ្ញុំថា ធ្វើលាក់ៗ ឬធ្វើមែនទែន។ អ្នកកាសែត ពូហ៊ន គាត់ថា “អាហ៊នអើយអាហ៊ន ចាញ់បោកគេសុទ្ធ” គាត់ថាឱ្យខ្លួនឯង។ គាត់ទៅផ្សាយ(ឱ្យគេ)។ គាត់ជួបខ្ញុំ គាត់ថា “សម្ដេចបង! ខ្ញុំឃើញដូចចិត្តធម៌ស្រួលបួល។ មានណាហៅខ្ញុំទៅ។ ប៊ិះ។” ដីរបស់រដ្ឋ ទាំងព្រៃទាំងអី ទៅដល់គេពុះឡូត៍ចែកគ្នា គេហៅថាបង់។ មួយបង់ ជូនក្រុមហ៊ុនហ្នឹងប៉ុន្មានរយដុល្លារអញ្ចឹងទៅ។ គេរត់ការ។ តាមពិតរត់ការអី បានលុយហើយរត់បាត់។ ផែនការតែអញ្ចឹង។ សូមកុំបំផុសបែបនេះ ព្រោះ(ធ្វើរបៀប)ហ្នឹងជាន់(ឈ្មោះម្ចាស់ដី)ចុះឡើងៗ បង្កើតសង្រ្គាម(ដីធ្លី)។
(១២) រដ្ឋគ្មានគោលនយោបាយធ្វើបាបឬមួយដណ្ដើមដីប្រជាជនទេ មានតែចែកជូនតាមនីតិវិធី
ប្រជាពលរដ្ឋដែលអត់ដីធ្លីពិតប្រាកដ រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយច្រើន សូម្បីតែនៅក្រោយនយោបាយឈ្នះឈ្នះ នៅម៉ាឡៃ សំឡូតនេះ ក៏ផ្ដល់ដីសម្បទានជូន។ ក្នុងរបាយការណ៍អម្បាញ់មិញ ជូនអតីតទាហាន គ្រួសារផ្ទាល់របស់អតីតខ្មែរក្រហម គ្រាន់តែថាបងប្អូនគាត់ពិបាកនៅគាត់ក៏លក់។ តែគាត់បានកម្មសិទ្ធិ។ ឆ្នាំ ១៩៩១ និង១៩៩២ ពេលដែលប្រជាពលរដ្ឋចូលទៅពីព្រំដែន យើងចែកដីជូន។ ឥឡូវយើងមានយន្តការរបស់ក្រសួងដែនដី ជាមួយខេត្ត ប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ យើងមានដីសម្បទានសេដ្ឋកិច្ច។ នៅខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យនេះ ដីផ្ទះអតីតយុទ្ធជន យើងធ្វើជូនច្រើននៅតេជោភ្នំឆ័ត្រ ៣១៧។ ទ័ពជើងគោកទទួលអភិវឌ្ឍកន្លែងហ្នឹង។ យើងបានជូនទៅអតីតយុទ្ធជនច្រើនណាស់ … បន្តិចទៀត យើងចេញកម្មវិធីមួយ ហៅថា “ផ្ដល់ដីការពារព្រៃ” សម្រាប់ប្រជាជនអត់ដីពិតប្រាកដ។ យើងរៀបចំកន្លែងឱ្យ។ កំពុង(រៀបចំ)អនុវត្តនៅដើមឆ្នាំក្រោយ។ យើងមិន(មែនជន)អាក្រក់ទេ។ យើងមិនធ្វើបាបប្រជាពលរដ្ឋទេ។ អ្វីដែលសំខាន់គឺយើងផ្ដល់ការដោះស្រាយទៅតាមរូបភាពច្បាប់ទម្លាប់។ មិនអាចទុកអោយប្រជាពលរដ្ឋឈ្លោះគ្នាអត់ចប់ ដោយសាររឿងដីដែលមិនមានភាពច្បាស់លាស់ ឬមួយក៏ជឿទៅមេខ្លោងមួយចំនួន ដែលយកលុយហើយ រុញយើងជល់ជាមួយអាជ្ញាធរទៀតនោះទេ។ ដីរដ្ឋជាដីរួម។ រដ្ឋមិនមែនជាម្ចាស់កម្មសិទ្ធិទេ គឺរដ្ឋមានភារកិច្ចទទួលការពារដីនេះព្រៃនេះ ទុកឱ្យប្រជាជនប្រទេសយើងទាំងមូល។ អញ្ចឹងរដ្ឋមានភារកិច្ច តែប្រជាពលរដ្ឋដែលមានការចាំបាច់ខ្វះខាតពិតប្រាកដ យើងនឹងពិនិត្យលទ្ធភាពជូនទៅតាមយន្តការច្បាស់លាស់ និងមានតម្លាភាពត្រឹមត្រូវ។ ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋយើងយល់ថា រដ្ឋគ្មានគោលនយោបាយធ្វើបាបប្រជាជន ឬមួយក៏ទៅដណ្ដើមដីប្រជាជននោះទេ មានតែចែកជូន ប៉ុន្តែសូមតាមនីតិវិធីស្រួលបួល។ ទៅមុខទៀត ដូចតែគ្នា។ កម្មវិធីដែលយើងធ្វើផ្ទះជូនអតីតយុទ្ធជន កន្លែងណាដែលយើងដោះតាមព្រំដែន ធ្វើផ្លូវហើយ យើងចែកដីធ្វើផ្ទះជូនទៀត …។
(១៣) រៀបចំរៀបចំដីសម្បទានជូនប្រជាជនមិនមានដីពិតប្រាកដតាមនយោបាយឈ្នះឈ្នះ
ឧទាហរណ៍ ឥឡូវនៅខេត្តខ្លះ ដូចជានៅកំពត់ចាមអី បាក់ដី។ ទឹកឡើងមកវាយបាក់ដី។ កន្លែងផ្ទះ(ចាស់របស់)ឪពុកខ្ញុំនៅស្ទឹងត្រង់បាក់ដី(លិចផ្ទះចូលទឹក)។ អញ្ចឹង ឱ្យគាត់ទៅនៅឯណា? រឿងបាក់ដីហ្នឹង អ៊ំរបស់ខ្ញុំជាអភិបាលខេត្តកំពង់ចាម កាលគាត់នៅរស់ គាត់សួរខ្ញុំថា “ណែត មើលជួយឆ្លើយអ៊ំបន្តិចមើល។ អ្នកកងមាសគាត់បាក់ដី ដល់ដីហ្នឹងទៅដុះនៅកោះសូទិន អ្នកកងមាសតាមទារដីហ្នឹង។ ឥឡូវច្បាប់ធ្វើយ៉ាងម៉េច?”។ គាត់ថាដីបាក់ទៅដុះនោះ ប្រាកដជាដីគាត់ហើយ … ទៅសុំពីហ្នឹងវិញ។ យើងមិនអាចទៅយកដីដែលបាក់ពីស្ទឹងត្រង់ ថាទៅដុះនៅខាងក្រូចឆ្មាទេ តែយើងអាចរៀបចំដីសម្បទានមួយចំនួនត្រៀមជូនគាត់។ បើគាត់បាក់មែន ឲ្យធ្វើម៉េច។ គាត់អត់មែន។ ដីគាត់មាន តែកម្មសិទ្ធិនោះនៅលើទឹកនៅឡើយ។ អញ្ចឹងគឺយើងដោះពិតប្រាកដជូនប្រជាពលរដ្ឋ។ គេយករូបមន្តថា រដ្ឋាភិបាលឥឡូវគឺគ្មានអីក្រៅពីធ្វើបាបប្រជាជន ប្លន់ដីធ្លីប្រជាជន។ មិនពិតដូចនោះទេ។ មានតែជួយដោះស្រាយជូន។ ទីនេះគឺជាសក្ខីភាពនាំការដោះស្រាយជាក់ស្តែង។ ដីរដ្ឋគឺដីប្រជាជននិងប្រជាជន ប្រជាជនថ្មីនិងប្រជាជនដែលបានមកក្រោយពីសមាហរណកម្ម។ ពេលនោះ ដោយសារយើងមិនមានកម្មសិទ្ធិច្បាស់លាស់ អញ្ចឹងបង្កើតទំនាស់។ អញ្ចឹង រដ្ឋមិនធ្វើឲ្យភាគីម្ខាងណាទេ លើកលែងតែមេក្លោងទាំងប៉ុន្មានហ្នឹងទទួលខុសត្រូវតាមច្បាប់។ សំរាប់ប្រជាជនដែលរងគ្រោះដែលអត់ដីពិតប្រាកដ យើងដោះជូនតាមនយោបាយឈ្នះឈ្នះ។
(១៤) យករូបមន្តបឹងជង្រុក ផ្តល់ភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ ដោយសន្តិវិធី និងរក្សាភាពស្ងាត់ស្ងៀម
ហ្នឹងគោលការណ៍របស់រដ្ឋ ប៉ុន្តែនៅពេលនោះគេយករូបភាពហ្នឹង។ គេថា រដ្ឋាភិបាលធ្វើបាបប្រជាជននៅបឹងជង្រុក។ គេបំពុលប្រជាជន កុំឲ្យរដ្ឋាភិបាលចូល រដ្ឋាភិបាលហ្នឹងអាក្រក់ណាស់។ ចូលមកកាន់កាំបិត កាន់ផ្គាក់កុំឲ្យចូល។ ឥឡូវ បើសិនជាបន្តជឿគេ ដោះមិនបានប៉ុណ្ណេះទេ។ ប្រជាពលរដ្ឋគ្រប់ភាគីដែលពាក់ព័ន្ធបានងាកមកធ្វើការជាមួយអាជ្ញាធរ ជាមួយតំណាងសម្តេចតេជោ។ បងប្អូនគ្រប់ភាគីទាំងអស់ ទាំងអ្នកដែលមិនជឿរដ្ឋាភិបាលលើកមុន ពេលងាកមកជឿលើសម្តេចតេជោ ជឿលើរដ្ឋាភិបាល យើងរួមគ្នាដោះស្រាយបាន។ អញ្ចឹងជាក់ស្តែងមែនទេ? ដូច្នឹងសម្រេចចិត្តត្រូវ។ ថ្ងៃក្រោយ បើគេបបួលទៅដុតកន្លែងនេះឬកន្លែងនោះប្រឆាំងរដ្ឋាភិបាល សូមកុំជឿគេ។ ជឿរដ្ឋាភិបាល។ ខ្ញុំសុំប៉ុណ្ណឹង។ រូបមន្តនេះជាក់ស្តែង។ រូបមន្តនេះដោះល្អណាស់។ ក្នុងរយៈពេល ១៥ ខែនេះ ដែលឯកឧត្តម ប៉ាន់ ខែមប៊ុនថន បានប្រើរូបមន្តនេះ ដោះមិនមែនត្រឹមតែ២ ករណី ដែលបានប្រាប់ក្នុងខេត្តបន្ទាយមានជ័យទេ។ មានកន្លែងខេត្តផ្សេងដែលធំជាងហ្នឹងទៀត រាប់ពាន់គ្រួសារពាក់ព័ន្ធដីជិតម៉ឺនហិកតា។ យើងដោះដោយធូរ។ បើដោះមិនស្រួល វាផ្ទុះ។ ដោះមិនស្រួលបង្កើតបញ្ហាមិនចេះចប់។ ដោះមិនស្រួលចូលនៅក្នុងអន្ទាក់នយោបាយ ដែលធ្វើឲ្យមានបញ្ហារ៉ាំរ៉ៃ។ ដោះមិនស្រួលបែកបាក់ប្រជាជននិងអាជ្ញាធរ។ យើងយករូបមន្តនៅបឹងជង្រុកនេះ អនុវត្តតាមគោលការណ៍ដែលយើងមាន ផ្តល់ភាពយុត្តិធម៌ជូនទាំងរដ្ឋទាំងប្រជាពលរដ្ឋ ដោះស្រាយដោយសន្តិវិធី រក្សាភាពស្ងាត់ស្ងៀម ហើយយើងបន្តទៅទៀត។
(១៥) ប្រជាពលរដ្ឋបឹងជង្រុកជ្រើសយកដំណោះស្រាយពិតប្រាកដ បញ្ចប់បញ្ហា ខ្ទប់ទំនាស់ថ្មីកុំឲ្យផ្ទុះ
អញ្ចឹងការដែលអនុវត្តបានទីនេះ គឺភាពផុយស្រួយក្នុងដំណាក់កាលក្រោយបញ្ចប់សង្រ្គាមឆ្នាំ១៩៩៨ តែភាពផុយស្រួយនេះកើតឡើងដោយមានការយល់ច្រឡំ និងការយកជោគជ័យ ដែល២០ ឆ្នាំចប់នៅទីនេះ អាចប្រៀបធៀបទៅនឹងព្រឹត្តិការណ៍ទើបនឹងកើតថ្មីកាលពីខែសីហាកន្លងទៅ។ កំពុងតែនៅសុខៗគេយកប្រធានបទរឿងព្រំដែនជាមួយវៀតណាមមកញុះញង់ឲ្យប្រជាពលរដ្ឋភ័យ សឹងតែឈានទៅដល់ដុតប្រទេសនៅថ្ងៃ១៨ សីហា។ ឧបាយកលរបស់គេនេះនៅតែដដែល ហើយមនុស្សក៏ដដែល។ ក្រុមដដែលហ្នឹងគឺក្រុមអ្នកនយោបាយមួយចំនួនដែលមានស្មារតីជ្រុលនិយម ចង់បានចំណេញនយោបាយ។ គេនិយាយពិរោះឱ្យប្រជាពលរដ្ឋស្តាប់ … ប៉ុន្តែបង្កប់អត្ថន័យដូចក្នុងរបាយការណ៍របស់ឯកឧត្តម ប៉ាន់ ខែមប៊ុនថន (បានលើកឡើង)។ កាលពីថ្ងៃ១៨ សីហា គេនិយាយដូចគ្នាទៅកាន់យុវជននៅក្នុងប្រទេសនិងអ្នកនៅក្រៅប្រទេស ជាពិសេសនៅជប៉ុន និងកូរ៉េ។ គេថាបងប្អូនអើយ ក្មួយៗ អើយ រដ្ឋាភិបាលអាក្រក់ធ្វើឲ្យបាត់ទឹកដី អត់គិតពីប្រជាពលរដ្ឋទេ អត់គិតពីអនាគតទេ។ ប្រជាពលរដ្ឋដែលព្រួយបារម្ភរឿងទឹកដីរឿងជាតិ បានជឿគេ ឈានទៅដល់ការធ្វើសកម្មភាពមានកាំបិត មានផ្គាក់ មានជំពាម មានដបសាំង បើតាម telegram មានត្រៀមរហូតគ្រាប់បែកឆ្នៃបម្រុងទម្លាក់តាម drone មកលើអាជ្ញាធររបស់យើង ដូចកាលពីនៅបឹងជង្រុកមានទាញកាំបិតផ្គាក់ដែរ។ អ្នកបឹងជង្រុកត្រូវគេហៅទៅស្ទឹងមានជ័យ ឯកាល ១៨ សីហា គេចុះទៅជួបក្មេងៗ នៅកូរ៉េ និងតាមហ្វេសប៊ុក បង្កើតរឿង។ នេះមានភាពស្រដៀងគ្នា។ យុទ្ធសាស្រ្តរបស់គេដូចគ្នា ប៉ុន្តែភាពបរាជ័យរបស់គេថ្ងៃ១៨ សីហា មិនខុសពីភាពបរាជ័យក្នុងរឿងដោះស្រាយបឹងជង្រុកទេ។ គឺប្រជាជនលែងជឿ។
ថ្ងៃ១៨ សីហា ដែលគេចង់បំផុសព្រឹត្តិការណ៍រឿង CLV DTA នេះឲ្យប្រជាពលរដ្ឋងើបឡើងប្រឆាំងរដ្ឋបាល មានបាតុកម្មនៅភ្នំពេញ។ ប្រជាពលរដ្ឋច្រើនដែលគាត់បារម្ភពីរឿងទឹកដី ព្រួយ អត់ព័ត៌មាន តែគាត់មិនល្ងង់តាមរហូតដុតប្រទេសទេ។ ប្រជាជននៅទីនេះដូចគ្នា។ លើកលែងមេក្លោងមួយចំនួនដែលរឹង។ បងប្អូនជាច្រើន រួមទាំងពូៗនៅទីនេះ ពីមុនថាគាត់រឹងដែរប៉ុន្តែយល់ថាយើងមិនអាចដុតកន្លែងនេះទេ … ប្រជាពលរដ្ឋភាគច្រើនដូចគ្នាដែលមិនជឿតាមគេ។ យើងមកចូលរួមដោះស្រាយ។ ហ្នឹងដែលខ្ញុំនិយាយ ចាក់ខុសខ្សែរលាយប្រទេស ទាញត្រូវខ្សែសម្រេចចិត្តត្រូវ យើងនឹងជោគជ័យ។ អញ្ចឹងចាក់ខ្សែជាមួយរាជរដ្ឋាភិបាល យកខាងការរកដំណោះស្រាយពិតប្រាកដ យើងអាចបញ្ចប់បញ្ហា យើងអាចខ្ទប់ កុំឲ្យរឿងថ្មីផ្ទុះឡើង ជាទំនាស់រវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ទំនាស់ប្រជាពលរដ្ឋជាមួយអាជ្ញាធរ។ ដែលខ្ញុំប្រៀបធៀបរឿងដោះនៅបឹងជង្រុកជាមួយនឹងរឿងថ្ងៃ ១៨ សីហាដែលគេកំពុងបំផុសនេះ … គឺដោយសារប្រជាពលរដ្ឋបានងាកមកជឿលើរាជរដ្ឋាភិបាល ជឿនៅក្នុងការដោះស្រាយ ហើយជឿពិតប្រាកដនៅក្នុងការសម្របសម្រួលនយោបាយឈ្នះ-ឈ្នះ។ យើងបានផលនៅបឹងជង្រុក ហើយដោយសារប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស យុវជនរបស់យើងបានជឿ ក្រោយពីថ្ងៃ១៨ សីហា យើងបញ្ចប់នូវហានិភ័យដែលប្រទេស ឬមួយភ្នំពេញអាចមានបញ្ហាផ្ទុះ។
(១៦) ស្រាយបញ្ចប់ជម្លោះប្រជាជននិងប្រជាជន ធ្វើឲ្យមានសន្តិភាពទាំងផ្លូវកាយទាំងផ្លូវចិត្ត
ជាលទ្ធផល ការដោះស្រាយ ដែលមានការចូលរួមរបស់ប្រជាជន បានធ្វើឲ្យប្រទេសអាចថែរក្សាស្ថេរភាពបាន។ ជម្លោះប្រជាជននិងប្រជាជននេះហើយ ជាជំហានដំបូងឈានទៅការបែកបាក់ឯកភាពជាតិ។ អត់ចាំបាច់ប្រើកងទ័ពទេ។ ធ្វើឲ្យមនុស្សឈ្លោះគ្នា ត្រូវការតែកាំបិត ផ្គាក់ ត្រូវការតែទឹកចិត្តឈ្លោះគ្នា គឺធ្វើឲ្យមានសង្រ្គាមហើយ។ អ្នកផ្ទះជិតខាង មិនបាច់ចាំលើកកាំភ្លើងបាញ់គ្នាទេ។ មិនបាច់ចាំលើផ្គាក់ដាក់គ្នាទេ។ គ្រាន់តែឲ្យកូនស្អប់គ្នា ឈប់ឲ្យកូនលេងជាមួយគ្នា មានអីមិនជួយគ្នា ហ្នឹងហើយគឺសង្រ្គាមរវាងអ្នកជិតខាង។ បានន័យថាបាត់បង់សាមគ្គីភាព ហ្នឹងហើយសង្រ្គាម។ បើសិនជាភូមិមួយមានប្រជាជនមើលមុខគ្នាមិនត្រូវ បែងចែកជាក្រុម មានគ្នារៀងៗ ខ្លួនកម្លាំងរៀងៗ ខ្លួន ផ្គាក់កាំបិតរៀងៗខ្លួន ហ្នឹងហើយសង្រ្គាមនោះ គឺសង្រ្គាមផ្លូវចិត្ត។ ការដោះស្រាយបញ្ចប់គឺឲ្យមានសន្តិភាពទាំងផ្លូវកាយផ្លូវចិត្ត។ ក្រោយពីយើងបញ្ចប់(វិបត្តិទំនាស់)នៅទីនេះ យើងបានរួមគ្នា។ ក្រោយពីយើងបញ្ចប់ផែនការ ១៨សីហា CLV DTA ប្រជាពលរដ្ឋយើងបានមូលមតិគ្នា យល់ពីរាជរដ្ឋាភិបាល។
មេឧទ្ទាមក្រៅប្រទេស ពេលនេះកំពុងបង្កើតចលនាស្អីទៀត។ គេបម្រុងធ្វើរដ្ឋាភិបាលអីទៀត។ គេថាលែងទទួលស្គាល់ការបោះឆ្នោតហើយ ព្រោះបោះមិនដែលឈ្នះគណបក្សប្រជាជនកម្ពុជាទេ។ អញ្ចឹង គេបង្កើតចលនាមួយ ដែលមានអ្នកខ្លះតាំងខ្លួនជានាយករដ្ឋមន្រ្តីនៅក្រៅប្រទេសតែម្នាក់ឯង។ រដ្ឋបាលគាត់ គឺគាត់ដើរតួជានាយករដ្ឋមន្រ្តីផង ជារដ្ឋមន្រ្តីក្រសួងព័ត៌មានផង។ ទូរទស្សន៍គាត់គឺ page របស់គាត់ (សម សារី)។ គាត់ទៅប្រកាសខ្លួននៅក្រៅប្រទេសតែប្រជាពលរដ្ឋអត់តាម។ ឥឡូវ សូម្បីអ្នក ១៨សីហា ដែលជឿឃោសនាបំផុសឲ្យបាតុកម្ម ឥឡូវមកចូលរួមជាមួយនឹងសម្តេចតេជោ ជាមួយនឹងគណបក្សប្រជាជន។ ក្មេងៗនៅក្រៅប្រទេស មានទាំង ហៃ វណ្ណា ប្អូន សិទ្ធ តាម telegram … ដល់ដឹងខ្លួន បានមកជួបជាមួយសម្តេចតេជោ ហើយសម្តេចតេជោមិនដែលយកទោសអីទេ។ លោកហៅមកជួប។ ហ្នឹងហើយនយោបាយឈ្នះ-ឈ្នះ។ បងប្អូននៅទីនេះដូចគ្នា។ នយោបាយឈ្នះ-ឈ្នះ ពេលដែលយើងបញ្ចប់ ភាគីទាំងអស់ មិនថាខ្មែរក្រហម រដ្ឋាភិបាល សុទ្ធតែបានផលដូចគ្នា ធានាអាយុជីវិត ធានាតួនាទី ទ្រព្យសម្បត្តិ ចែកដីឲ្យទៀត? ដោះស្រាយបឹងជង្រុកប៉ុន្មាន? … លើកលែងតែមេក្លោងប៉ុន្មានដែលត្រូវសុំច្បាប់។ ប្រជាពលរដ្ឋគ្រប់ភាគីទាំងអស់សុទ្ធតែអ្នកដែលត្រូវការចែកដីជូន។ ឥឡូវធ្វើប័ណ្ណកម្មសិទ្ធិជូន។
(ដកស្រង់ការសន្ទនា១)
អ្នកអង្គុយមុខបានកម្មសិទ្ធិឬនៅ? បានហើយ។ អត់ទាន់លក់បន្តទេ? កុំលើកនៅហ្នឹងហើយ។ នៅទើរនៅហ្នឹងកេរដំណែលរបស់យើង។ បើលក់បានអីនៅ។ ត្រូវមែន។ តាំងពីអត់អី តាំងពីដីមួយដែលនៅព្រៃ។ គេហៅមកដំបូង មីងមកនេះឆ្នាំណា? ឆ្នាំ ២០១៤។ ពីមុននៅណា? អ្នកមោងអ្នកបាត់ដំបង។ ប៉ុន្តែមកដំបូងទីតាំងនេះយ៉ាងម៉េច? ព្រៃហើយមានមីន។ ហើយអត់ទាន់ដឹងថាមកហ្នឹងបានដីឬអត់ផង ត្រូវទេ? មកបោសសំរាមនៅអានកូ តែឥឡូវមកធ្វើជាម្ចាស់កម្មសិទ្ធិដីនៅទីនេះ។ អញ្ចឹងបានន័យថាសំណាង។ ឥឡូវបានកម្មសិទ្ធហើយ។ បានប្លង់រឹងឬនៅ? រឹងមាំហើយ អាចផ្ទេរអោយកូនបានទៀត។ កូននៅជុំម៉ែទាំងអស់ តែមក ២០១៤ អត់ទាន់ដឹងទេ។ ត្រូវទេ? ហ្នឹងហើយអនាគតដោយភាពជឿជាក់ ដោយក្ដីសង្ឃឹម។ ជឿរដ្ឋាភិបាលបានអញ្ចឹង។ តាំងពីអត់ដឹងអីទាំងអស់ ឥឡូវមកកន្លែងថ្មី ជីវភាពថ្មី រស់នៅថ្មី។ បងប្អូនរាប់ពាន់គ្រួសារនៅទីនេះដូចគ្នា។
(ចប់ការសន្ទនា១)
(១៧) គន្លឹះនៃការថែសុខដុមនីយកម្ម ប្រែក្លាយអតីតសមរភូមិ គ្មានអភិវឌ្ឍន៍ គឺការចូលរួមរបស់ប្រជាពលរដ្ឋ
សូមអរគុណណាស់ចំពោះការជឿទុកចិត្តទៅលើរដ្ឋាភិបាល ហើយការសន្យារបស់សម្ដេចតេជោ រដ្ឋាភិបាលនឹងបន្តធានាការពារកម្មសិទ្ធស្របច្បាប់របស់ប្រជាពលរដ្ឋ និងបន្តអភិវឌ្ឍន៍បន្ថែមទៀតជូនប្រជាពលរដ្ឋនៅទីនេះ។ (ទះដៃ)លឺអញ្ចឹងប្រហែលជាបានហើយសំណើអម្បាញ់មិញ។ មកបឹងជង្រុក មានតែនិយាយរឿងបឹងជង្រុក។ តែលទ្ធភាព តថភាពនិងស្ថានភាព និងការដោះស្រាយនៅបឹងជង្រុក មិនខុសពីយើងកំពុងដោះស្រាយបញ្ហាប្រឈមរាល់ថ្ងៃនេះទេ។ តួអង្គដដែលបំផុសស្ថានភាពអាចបែកបាក់ផុយស្រួយដូចគ្នា។ ភាពជោគជ័យ គន្លឹះដោះស្រាយនៅទីនេះ មិនខុសពីការដោះស្រាយនៅកន្លែងផ្សេងៗ នៅទូទាំងប្រទេស ដើម្បីថែរក្សាសុខដុមនីយកម្មនៅទីនេះ ប្រែក្លាយអតីតកន្លែងសង្គ្រាម កន្លែងដែលអត់មានអី កន្លែងដែលអត់អភិវឌ្ឍន៍ សុទ្ធតែមីន គឺដោយសារតែការចូលរួមរបស់ប្រជាពលរដ្ឋជាមួយរដ្ឋាភិបាល។ ផ្ដល់ការជឿទុកចិត្តទៅលើប្រព័ន្ធប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតទៅលើថ្នាក់ដឹកនាំដែលមានគោលនយោបាយច្បាស់លាស់ រួមគ្នាការពារនិងជឿទុកចិត្តលើសន្តិភាព និងការអភិវឌ្ឍប្រទេស ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
(១៨) ក្រុមបង្កហេតុមិនគិតពីពិតឬមិនពិតទេ ឱ្យតែប្រជាពលរដ្ឋបាត់ការទុកចិត្តលើរដ្ឋាភិបាល
អ្វីដែលជាមេរៀននៅបឹងជង្រុក និងផលនៅបឹងជង្រុកនេះ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសដែលយើងទើបនឹងឆ្លងកាត់តថភាព ថ្ងៃ១៨ សីហា (អាចមើលឃើញច្បាស់ហើយ)។ ឥឡូវ (ក្រុមបង្កហេតុខាងលើ)បានបង្វែរពីព្រំដែនខាងកើត ទៅព្រំដែនខាងលិចទៀត។ ល្ងាចមិញឃើញលោកយាយអ្នកនយោបាយវ័យចំណាស់ ទៅបបួលបងប្អូនពិភាក្សាគ្នារឿងកោះណាមួយនោះ។ គាត់អ្នកជំនាញគ្រប់រឿង។ ទៅបបួលលោក អ៊ំ សំអាន ធ្វើបទឧទ្ទេសនាមរឿងព្រំដែន។ កុំភ្លេចថាលោកហ្នឹងធ្លាប់ក្លែងឯកសារ ហើយជាប់គុករឿងក្លែងឯកសារព្រំដែន។ យកអ្នកប្រឌិតរឿងព្រំដែន ទៅឧទ្ទេសនាមរឿងព្រំដែន … យកអ្នកជំនាញព្រំដែនត្រឹមត្រូវមិនយក … ៨ឆ្នាំមុន លិខិតនៅមាននៅឡើយ លោក អ៊ំ សំអាន ខ្លួនឯងផ្ទាល់ បានសរសេរលិខិតសុំសម្ដេចតេជោ “ខ្ញុំដឹងកំហុសហើយ។ បង្ហោះឯកសារអត់មូលដ្ឋាន ហើយសន្យាឈប់បង្ហោះរឿងព្រំដែនអត់មូលដ្ឋាន”។ ឥឡូវ គាត់អត់រាង។ តែប្រហែលជាអត់មានអ្នកផ្សេង(ដែលអាចធ្វើបាន)។ រឿងមិនពិត ទាល់តែអ្នកហ៊ាននិយាយរឿងមិនពិត អត់ខ្លាចបាប។ តែគេអត់ឈឺក្បាលទេរឿងពិតឬមិនពិត។ អ្វីដែលគេចង់បានគឺធ្វើឱ្យប្រជាពលរដ្ឋអត់មានការទុកចិត្តទៅលើរដ្ឋាភិបាល។ រកប្រធានបទដែលប៉ះពាល់ជាមួយនឹងផលប្រយោជន៍ជាតិ បំភ្លៃការពិត ដុតកំដៅធ្វើឱ្យប្រជាជនយើងមានជំលោះផ្ទៃក្នុង។ តើសន្តិភាពនៅប្រទេសយើងមានតែមួយឆ្អិនកំពិសឬយ៉ាងណា? ២៦ឆ្នាំហើយ។ ខ្ញុំសួរបងប្អូនអ្នកបឹងជង្រុក ចង់ឱ្យស្រុកយើងបានសុខសាន្តត្រឹមតែ២៦ឆ្នាំ ឬមួយចង់ឱ្យបានរាប់រយឆ្នាំតទៅទៀត? ចង់អោយបានសុខរហូត។
(១៩) រដ្ឋាភិបាលមានការទទួលខុសត្រូវពីព្រំដែន ការពារអធិបតេយ្យជាតិ ការអភិវឌ្ឍន៍ភូមិឃុំជូនប្រជាពលរដ្ឋ
ឥឡូវគេកំពុងតែដុតទៀតហើយ។ សូមបងប្អូនគ្រប់ភូមិ ទូទាំងប្រទេស អ្នកបឹងជង្រុក សិក្សាអោយច្បាស់អំពីប្រវត្តិសាស្ត្ររបស់យើង សិក្សាអំពីតថភាពជាក់ស្ដែង។ បងប្អូននឹងបានយល់កាន់តែច្បាស់។ សូមកុំងាយជឿទៅលើការញុះញង់ ការបំផុសដែលអត់មានហេតុផល ពិសេសជឿទៅលើអ្នកដែលធ្លាប់ភរ។ ភររឿងអីមិនភរ យកអ្នកជំនាញព្រំដែនដែលធ្លាប់ភររឿងព្រំដែនមកភរ។ គោលបំណងគេមានតែមួយគត់គឺដុតកំដៅប្រជាជនគ្មានមិនឱ្យមានសេចក្ដីសុខសន្តិភាពផ្លូវចិត្ត។ នៅតែមានរឿងរហូត។ ខ្ញុំសូមអំពាវនាវឱ្យបងប្អូនអ្នកបឹងជង្រុក អ្នកបន្ទាយមានជ័យក៏ដូចជានៅទូទាំងប្រទេស ចូលរួមបន្តថែរក្សាសន្តិភាព ថែរក្សាការសាមគ្គីឯកភាពជាតិ កុំចាញ់ឃោសនា។ ការព្រួយបារម្ភពីប្រទេសជាតិអត់មានអ្នកណាហាមឃាត់ទេ គឺជាអ្វីដែលត្រូវតែធ្វើ។ ការព្រួយបារម្ភអំពីទឹកដីអធិបតេយ្យភាពគឺត្រូវតែធ្វើ។ រាជរដ្ឋាភិបាលក៏បារម្ភពីអធិបតេយ្យភាពជាតិ និងការពារទឹកដី។ ហេតុនេះហើយបានជាយើងចរចាព្រំដែនមិនទាន់ចប់។ ចរចាហើយចរចាទៀតដើម្បីការពារគ្រប់មីលីម៉ែត្រ។ យើងអភិវឌ្ឍន៍តំបន់ព្រំដែនដើម្បីពង្រឹងអធិបតេយ្យភាពនិងការពារព្រំដែនរបស់យើង។ ដូចនៅទីនេះអញ្ចឹង។ រដ្ឋាភិបាលព្រួយបារម្ភគ្រប់ពេលវេលា។ រដ្ឋាភិបាលមិនត្រឹមតែព្រួយបារម្ភ និយាយតាមវេទិការទេ រដ្ឋាភិបាលត្រូវមានការទទួលខុសត្រូវដោះស្រាយបញ្ហាព្រំដែន ការពារអធិបតេយ្យជាតិ អភិវឌ្ឍន៍ ភូមិឃុំជូនប្រជាពលរដ្ឋតាមបណ្ដោយព្រំដែន បង្កើតនូវតំបន់អភិវឌ្ឍន៍តាមព្រំដែន ដោះមីន ដើម្បីប្រជាជនអាចទៅរស់នៅ …។
(២០) កត្តាគន្លឹះរក្សាការអភិវឌ្ឍ គឺសាមគ្គីឯកភាពជាតិ និងសន្តិភាព
កាលពីឆ្នាំ១៩៩៦ មួយឆ្នាំៗ យើងមានស្លាប់ខ្ទង់ ៤ពាន់នាក់ជាងដោយសារមីន។ ឥឡូវ ក្នុង១០ឆ្នាំនេះ យើងមានស្លាប់និងរបួសក្រោម ១០០នាក់ ដោយសារមីន។ ប៉ុន្តែ ទោះបីតែម្នាក់ ក៏នៅតែធ្ងន់ដែរ។ ប៉ុន្មានថ្ងៃមុនគេរាយការណ៍ថាមានអ្នកជាន់មីននៅខាងព្រះវិហារ នៅខាងភូមិភាគ ៥ក៏មានដែរ។ អ្នកដាក់មីនខ្លះ ភ្លេចមីននៅឯណាហើយដាក់ជំនាន់សង្គ្រាមមានចាំឯណា។ ថ្ងៃមុនគេបាញ់រូបឱ្យខ្ញុំ។ នៅព្រះវិហារ កសិករម្នាក់ភ្ជួរដីនឹងត្រាក់ទ័រ។ ដាក់ផាលទៅ … តែហេងមីនតោនឡើងមកជាប់ប្រលោះផាល។ តែប្រហែលជាមួយខែឬពីរខែមុន មានម្នាក់ទៀតអត់សំណាង ផ្ទុះដាច់ទាំងត្រាក់ទ័រនិងផាលស្លាប់ទាំងមនុស្ស។ អញ្ចឹង ត្រូវរួមគ្នាប្រែក្លាយប្រទេសយើងឱ្យកាន់តែរីកចម្រើន ដូចនៅតំបន់បឹងជង្រុក ដែលប្រែក្លាយពីសមរភូមិគឺថែរក្សាសន្តិភាព។ ពេលដែលយើងអបអរសាទរនៅទីនេះ ក៏សូមអំពាវឱ្យបងប្អូនបន្តរួមគ្នាថែរក្សាកត្តាគន្លឹះដែលអាចអោយការអភិវឌ្ឍនេះ គឺការសាមគ្គីឯកភាពជាតិ និងសន្តិភាពនៅក្នុងប្រទេសកម្ពុជារបស់យើង។ សូមអោយរួមគ្នាជាមួយរដ្ឋាភិបាល ជឿជាក់លើរដ្ឋាភិបាល បន្តជួយអភិវឌ្ឍប្រទេសលើកកំពស់ជីវភាពប្រជាពលរដ្ឋនិងការពារបូរណភាពទឹកដីគ្រប់ទីកន្លែងទាំងអស់ មិនថាទឹក មិនថាគោកនោះទេ។ សូមកុំចូលរួមជាមួយការអំពាវដែលបំផុសប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពអីមួយដែលបំផ្លាញសេចក្ដីសុខ។ ការលើកអោយព្រួយបារម្ភរឿងមួយ តែធ្វើសកម្មភាពដែលបំផ្លាញសេចក្ដីសុខ សូមកុំចូលរួមអោយសោះ។ ខ្ញុំសូមអំពាវប៉ុននេះ។ ធ្វើបានទេអ្នកបឹងជង្រុក? (ចម្លើយ)បាន។
ដល់ចូលណូអែល យើងជប់លៀងណូអែលទៅ។ ឆ្នាំចិនជប់លៀងទេ អ្នកបឹងជង្រុក។ មានអ្នកសែនទេ នៅបឹងជង្រុក? សូម្បីតែអ្នកអត់សែន ក៏ជប់លៀងដែរ។ កាលខ្ញុំនៅរៀន គ្រូសួរថាអ្នកណាខ្លះកូនកាត់ចិន។ មាន ២នាក់លើកដៃ។ ដល់ថ្ងៃសែន អ្នកណាកូនកាត់ចិន អោយលើកដៃទៅផ្ទះ លើកដៃមួយថ្នាក់។ បន្ទាប់មកយើងមានចូលឆ្នាំមានអី។ មិត្តភក្ដិបរទេសថា “ម៉េចសក់ស្កូវ?” ខ្ញុំថាមកពីស្រុកខ្មែរចូលឆ្នាំច្រើនពេក។ មួយឆ្នាំចូល ៤ទៅ៥ដង។ គ្រីស្តម៉ាសក៏ចូលឆ្នាំ។ អោយតែកម្មវិធីអបអរសាទរ។ យើងទុកពេលសប្បាយបែបនេះវិញ។ ខ្ញុំចាំពេលដែលយើងវាយគ្នា ចូលឆ្នាំខ្មែរ ខ្ញុំអត់ដែលបានជួបពុកទេ។ ដោយសារអី? អោយតែពេលចូលឆ្នាំខ្មែរគឺបើកយុទ្ធនាការរដូវប្រាំងវាយ។ សម្ដេចតេជោ ត្រូវទៅប្រចាំការនៅគណបក្ស ទីបញ្ជាការនៅទីនោះដើម្បីក្ដាប់សមរភូមិ។ តិចថាកូននាយករដ្ឋមន្ត្រីបានចូលឆ្នាំនៅជាមួយឪពុកម្ដាយ។ អត់ទេ។ ដោយសារសង្គ្រាមនៅឆ្នាំ១៩៧០។ ថ្ងៃមុន … សម្ដេចតេជោឧទ្ទេសនាមថា “នែ! មើលអតីតនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រី” គាត់ចង្អុលទៅខ្លួនគាត់ “មិនមែនស្រួលទេ”។
ពេលសង្គ្រាម គាត់វិះតែត្រូវយកទៅវាយចោល និងរងរបួសប៉ុន្មានដងនៅលើសមរភូមិ។ ខ្ញុំត្រូវបែកពីឪពុក។ កើតមកហើយហៅគាត់ថាពូទេ។ ខ្ញុំចាំថាអោយតែគាត់ទៅជិតម៉ែ ខ្ញុំជិះកង់ជ័រដេញបុកគាត់។ ខ្ញុំអត់ដែលស្គាល់។ ពូនេះមកធ្វើអីក្បែរម៉ែខ្ញុំ។ គាត់និយាយលើវេទិកា។ (ឥឡូវ)ខ្ញុំនិយាយវិញ។ តែយើងនិយាយសើច។ ដោយសារអី? ដោយសារវាវេទនាព្រាត់ប្រាស។ ខ្ញុំប្រាប់គេថា ខ្ញុំធ្លាប់នៅក្នុងគុកដែរ។ គេថាអ្នកឯងធ្វើខុសអី? ខ្ញុំថាអត់ខុសអីទេ។ ពេលពុករត់ទៅវៀតណាម គេចាប់ម៉ែដាក់គុក។ ខ្ញុំអាយុ ៧ខែក្នុងពោះម្តាយ។ ជាស្វ័យប្រវត្តិ ខ្ញុំក៏នៅក្នុងគុកដែរ។ តែសំណាងគាត់ព្រាត់ហើយជួប។ ប្រជាពលរដ្ឋរាប់លាននាក់ ព្រាត់ហើយមិនជួប ដោយសារស្លាប់។ បែកឆ្នាំ១៩៧៩ យើងនៅបន្តស្លាប់លើសមរភូមិ។ ពេលដែលយើងចប់ ១៩៧៩ ពូៗអត់ទាន់ពិការទេ។ ទើបដោយសារសង្គ្រាមប្រហែលជាអាចឆ្នាំ ៨០ជាងហើយ។ យើងទូទាំងប្រទេសមិនថានាយករដ្ឋមន្ត្រី ប្រធានរដ្ឋឬមួយអ្នកណាសុទ្ធតែរងគ្រោះ សូម្បីព្រះមហាក្សត្រ។ រាជបុត្ររបស់ព្រះករុណាប៉ុន្មាននាក់ដែលត្រូវខ្មែរក្រហមសម្លាប់ចោល។ តាំងពីរាស្ត្ររហូតដល់ព្រះមហាក្សត្រគឺរងទុកដោយសារសង្គ្រាម ការកាប់សម្លាប់ហ្នឹងហើយដែលយើងត្រូវរួមគ្នាកសាង។
(២១) ក្រោកពីដំណេកទៅធ្វើការដើម្បីកំណើនជីវភាព ល្អជាងប្រមូលគ្នាទៅដុតសាលា
ថ្ងៃនេះខ្ញុំនិយាយប៉ុណ្ណេះចុះ មកភ្ជាប់រឿងប៉ុណ្ណេះ។ រឿងដែលយើងអភិវឌ្ឍកន្លែងនេះ តែភ្ជាប់រឿងអនាគតនិងបច្ចុប្បន្ន ព្រោះមានអ្នកដែលព្យាយាមញុះញង់។ ខ្ញុំសុំតែប៉ុណ្ណឹងទេ។ យករូបមន្តបឹងជង្រុក។ កុំចាញ់ឃោសនាគេញុះញង់អោយឈ្លោះគ្នា អោយប្រឆាំងរដ្ឋអំណាច។ យើងរួមគ្នាជឿរដ្ឋាភិបាល បន្តអភិវឌ្ឍនៅបឹងជង្រុកតទៅទៀត រួមគ្នាថែរក្សាស្ថិរភាព សន្តិភាព និងរួមគ្នាឱ្យជំនាន់ក្រោយកាន់តែសម្បូរសប្បាយជាងជំនាន់យើងទៀត។ សុំតែប៉ុណ្ណឹងទេ។ អ្នកណាអ្នកស្រែកអីស្រែកទៅ។ ខ្ញុំអាណិតដែរពេលខ្លះ។ ខ្ញុំថាអាណិត គាត់ថាខ្ញុំឌឺគាត់ទៀត។ ខ្ញុំអាណិត ព្រោះយូរៗទៅ សូម្បីតែក្មេងៗ ដែលជឿគាត់ ឥឡូវដើរចោលគាត់អស់ហើយ។ កាលមុនថាអ្នកនយោបាយជំនាន់គាត់ចុះ អតីតសមាជិកសភា គណបក្សសង្គ្រោះជាតិធ្លាប់នៅជាមួយគាត់ចូលមកគណបក្សប្រជាជនកម្ពុជាចូលអីអស់ហើយ។ ឥឡូវសូម្បីតែក្មេងៗនៅជប៉ុន លែងជឿគាត់ទៀត … ប្រជាពលរដ្ឋយើងងាយស្រួលនឹងយល់ថាតើអ្វីជាការពិត។ សារដដែលហ្នឹងឯងគឺគ្មានអីក្រៅពីគាត់បំផុសឱ្យមនុស្សស្អប់គ្នាទេ។ និយាយម្តងណាគឺស្អប់នេះស្អប់នោះ នេះក្បត់នោះក្បត់ លើកគ្នាកងកម្លាំងប្រដាប់អាវុធ តោះបង់ក្លាដេសគេផ្ទួលរដ្ឋាភិបាល យើងកម្ពុជាខ្មែរក្រោកឡើង។ ក្រោកពីគេងទៅធ្វើការដើម្បីកំណើនជីវភាពល្អជាង ក្រោកពីគេងប្រមូលគ្នាទៅដុតសាលារៀន។ មែនទេ?
(២២) ការចូលរួមថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន បង្ហាញពីទឹកចិត្ត/ស្មារតីស្នេហាជាតិ
គាត់កំពុងតែជេរយើង … ថវិកាថ្ងៃមុនប្រជាពលរដ្ឋចូលរួម។ ខ្ញុំយកឱកាសនេះដែលសូមថ្លែងអំណរគុណណាស់ជូនទៅដល់ប្រជាពលរដ្ឋអ្នកបន្ទាយមានជ័យ អាចមានបឹងជង្រុក ប្រជាពលរដ្ឋនៅក្នុងប្រទេស និងក្រៅប្រទេសដែលបានចូលរួមនៅក្នុងមូលនិធិកសាងផ្លូវព្រំដែនរបស់យើង។ ចូលរួមប្រមាណ ៧០ម៉ឺននាក់ បើយើងគិតជាគ្រួសាររាប់លានគ្រួសារ ព្រោះគ្រួសារខ្លះគាត់ចូលម្នាក់។ អញ្ចឹង ៧០ម៉ឺននាក់នេះ ចូលរាប់លានគ្រួសារ។ អ្នកខ្លះចូល ១០០រៀល។ ទំហំថវិកាចូលរួមមិនសំខាន់ តែទឹកចិត្តក្នុងការចូលរួមបង្ហាញអំពីស្មារតី។ យើងទទួលខុសត្រូវ។ អ្នកខ្លះថាស្ងាត់ទៅណា? ស្ងាត់ទៅណា បើឯកឧត្តម ខ្វាន់ ស៊ាម ប្រកាសហើយ។ បើអ្នកឯងមិនយកភ្នែកមើល។ ថវិការៃបានខ្ទង់ជិត ២៧លានដុល្លារ គ្រោងនឹងធ្វើផ្លូវ ៣កន្លែង នៅតាមព្រំដែន សរុប ២៥០គីឡូ។ ដោះមីនចូលប៉ុន្មានម៉ឺនគីឡូម៉ែត្រការ៉េ ដូចជាង ៦លានម៉ែត្រការ៉េ ធ្វើផ្លូវ ឈូសធ្វើស្ពាន នៅតាមព្រំដែនកម្ពុជា-វៀតណាម មួយកំណាត់មណ្ឌលគិរី និងរតនគិរី ហើយធ្វើផ្លូវតទៅក្នុង … ប្រជាពលរដ្ឋអាចធ្វើទៅមើលបាន។ ខ្ញុំកំពុងតែឱ្យសិក្សាដាក់បោះបង្គោលកន្លែងហ្នឹងថាកំណាត់ផ្លូវហ្នឹងគឺកសាងដោយមូលនិធិ ដូចយើងធ្វើផ្លូវលំកន្លែងផ្សេង ថាកំណាត់ផ្លូវនេះបានកសាងដោយមូលនិធិអីអញ្ចឹងទៅ។ យើងដាក់មូលនិធិចូលរួមដោយប្រជាពលរដ្ឋ … ដើម្បីតម្លាភាព។ ទៅមើលទៅ យើងយកទៅធ្វើផ្លូវព្រំដែន។ ដើម្បីអី? ដើម្បីឆ្លើយតបឱ្យស្របទៅនឹងទឹកចិត្តប្រជាពលរដ្ឋ ដែលចង់ចូលរួមការពារអធិបតេយ្យភាពជាតិ អភិវឌ្ឍតំបន់ព្រំដែន ដើម្បីការពារព្រំដែនឱ្យគាត់ឃើញ។ ខ្ញុំសូមថ្លែងអំណរគុណជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសនូវស្មារតីស្នេហាជាតិនេះតែម្តង។ ជាតិនិយម ស្នេហាជាតិ មានន័យថា ទាល់តែរួមគ្នាដើម្បីការពារជាតិ កសាងសមិទ្ធផលវិជ្ជមានជូនជាតិ។
(២៣) ផ្លូវ ១.៣០០គីឡូ ត្រូវការថវិកាជាង ២០០លានដុល្លារ កសាងក្នុងរយៈពេល ១០ឆ្នាំ
មានអ្នកខ្លះសួរថា តើមូលនិធិទៅណាហើយស្ងាត់ម៉េស? មកពីអ្នកឯងមិនមើល។ ប្រយ័ត្នខ្ញុំសួរទៅវិញមើលមូលនិធិទូរទស្សន៍ព្រះអាទិត្យទៅណាហើយ? មានអ្នកណាធ្លាប់ចូលមូលនិធិទូរទស្សន៍ព្រះអាទិត្យទេ? មានសួរទេទៅណាហើយ បាត់ឈឹងតែម្តង។ សម្រាប់មូលនិធិកសាងព្រំដែន ខ្ញុំមានធ្វើសន្និសីទកាសែត ហើយនឹងឱ្យ ឯកឧត្តម ខ្វាន់ ស៊ាម បង្ហាញជាក់ស្តែងនូវសំណើ។ ឃើញគាត់បង្ហោះមួយគគោករាល់ថ្ងៃដូច ១អាទិត្យម្តង។ ឃើញវឌ្ឍភាព។ (ធ្វើ)ចប់ជូនប្រជាពលរដ្ឋទៅមើល។ ម្ចាស់ថវិកា មិនម្ចាស់ថវិកានៅតែជាម្ចាស់ មានសិទ្ធិទៅមើលផ្លូវព្រំដែនដែលយើងធ្វើ ថវិកាដែលយើងធ្វើ។ យើងនៅសល់ ១.៣០០គីឡូទៀត ដែលត្រូវការថវិកាជាង ២០០លានដុល្លារទៀត ដែលខ្ញុំបានចារឯកភាពធ្វើក្នុងរយៈពេល ១០ឆ្នាំ … សូមយកឱកាសនេះបញ្ជាក់ថានេះជាទឹកចិត្តរបស់ប្រជាពលរដ្ឋ។ យើងត្រូវគោរពទឹកចិត្តនិងស្មារតីនៃការចង់បានរបស់ប្រជាពលរដ្ឋ គឺចូលរួមក្នុងការការពារទឹកដីតាមរយៈ ការចូលរួមកសាងផ្លូវព្រំដែន ដែលបង្កលក្ខណៈឱ្យយើងអាចអភិវឌ្ឍព្រំដែនការពារទឹកដី … សូមបងប្អូនដែលបានចូលរួមវិភាគទានទុកចិត្តចុះ យើងមិនមានអីលាក់លៀម ឬមួយឱ្យបាត់ទៅណាទេ យើងនឹងបន្តធ្វើដោយតម្លាភាព និងត្រឹមត្រូវ។
(២៤) សង់សាលា បញ្ចូលក្របខណ្ឌគ្រូ ជូនខាងបឹងជង្រុក សង់ផ្សារនិងជំរើសគ្រប់គ្រងផ្សារបឹងឈូក
ឥឡូវ យើងនិយាយពីការកសាងបន្តទៀត។ អម្បាញមិញ មានស្នើសុំប៉ុន្មាន? អ្នកបឹងជង្រុកកូនច្រើន? (ច្រើន) ខ្ញុំចាំម្តងនៅខេត្តបាត់ដំបង យកពេទ្យចុះទៅដូចតំបន់អី? មានតំបន់មួយដែលបង្កើតថ្មី … គ្រាន់តែអ្នកមានផ្ទៃពោះ ២០០នាក់ មួយស្រុក។ ខ្ញុំថាខ្លាំងណាស់ អ្នកបាត់ដំបង ប្រហែលជាទឹកដីជីវជាតិ ហើយអាកាសធាតុត្រជាក់អញ្ចេះផង។ យើងបង្កើតដូចមានមណ្ឌលសុខភាពហើយ មានពេទ្យ យើងមានសាលារៀន ឥឡូវសាលារៀនសិស្សប៉ុន្មាននាក់? ឯណានាយកសាលា? សូមជួបនាយកសាលាបន្តិចមើលឡើងជាមួយខ្ញុំបន្តិចមើល។ សិស្សប៉ុន្មាននាក់ហើយនាយកសាលា? […]
(ដកស្រង់ការសន្ទនា២)
សម្តេចធិបតី៖ យើងខ្វះ(គ្រូ) ១១នាក់។ អញ្ចឹងអត់មានអ្នកណាទៅណាទេណា។ ប្រយ័ត្នចូលក្របខណ្ឌហើយ មកឆ្នាំក្រោយបាត់អស់រលីង។ អ្នកគ្រូទាំងអស់គ្នា? … អញ្ចឹងគឺបេ្តជ្ញាចិត្តជួយដើម្បីបណ្តុះបណ្តាលដល់ក្មួយៗ កូនចៅអ្នកបឹងជង្រុករួមគ្នាកសាងតទៅទៀត។ អញ្ចឹងសូមឯកភាពផ្តល់ក្របខណ្ឌ ហើយជូនពរឱ្យឆាប់បានគូផង …។
ថែមផ្លូវ … ឥឡូវអញ្ចេះ ឯកឧត្តម ខេង សាម៉េត សិក្សាដើម្បីរៀបចំ។ ឯកភាពផ្តល់ជូនតាមសំណើរ។ កន្លែងនេះអ្នកណាអ្នកធ្វើ? ខាងនោះធ្វើតែម្តង។ ឥឡូវចាំជជែកគ្នាម៉េចៗ ខាងនោះធ្វើ ហើយយើងចាំគិតគូរ … មិនមែនធ្វើផ្លូវសម្រាប់ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ជិះឯណា ធ្វើជូនអ្នកបឹងជង្រុក។ ដើម្បីជានិមិត្តរូបនៃការតភ្ជាប់តំបន់ដែលធ្លាប់គ្រោះថ្នាក់ដោយសារសង្គ្រាម ទៅជាតំបន់ដែលមិនត្រឹមតែអភិវឌ្ឍ តែតភ្ជាប់ជាមួយកន្លែងផ្សេងទៀត … យ៉ាងម៉េចអ្នកបឹងជង្រុក? ប៉ុណ្ណេះហើយ អ្នកណាហៅទៅដុតប្រទេសលែងទៅហើយ … មានអីរួមគ្នាកសាងបន្ថែម។
ឥឡូវខ្ញុំមានរឿងមួយទៀត។ រឿងនេះឆ្លងខេត្ត។ ខ្ញុំឃើញតាមហ្វេកប៊ុកប៉ុន្មានថ្ងៃមុន។ អ្នកបាត់ដំបង ឯកឧត្តម សុខ លូ មកទេ? ឥឡូវខ្ញុំឃើញសំណើររឿងផ្សារបឹងឈូក លឺសូរថាមានអាជីវករមក។ មើលអាជីវករផ្សារបឹងឈូកសុំម្នាក់ ឬពីរនាក់មើល … កាលពីដើមខែនេះឆេះ(ផ្សារ)? […]
ក្រោយពីគិតទៅ ខ្ញុំបានសំរេចគឺ រដ្ឋនឹងយក(ផ្សារ)ពីវិស័យឯកជនមកវិញ ដោយសារគាត់អត់មានលទ្ធភាពធ្វើបន្ដទៅទៀតទេ។ ខ្ញុំបានផ្ដល់គោលការណ៍នេះ។ បើគាត់ធ្វើមិនបាន ប្រជាពលរដ្ឋអាជីវករនៅកណ្ដាលទី។ អត់បានទេ។ អញ្ចឹងបានឲ្យចចារជាមួយផ្សារ។ អញ្ចឹងបានប៉ុន្មានថ្ងៃនេះ ឲ្យឯកឧត្តម កើត រិទ្ធ និង ឯកឧត្តម សុខ លូ ចចារជាមួយផ្សារ។ គាត់បានឯកភាពថា ឥលូវគាត់ទៅមិនរួច ហើយរដ្ឋយកមកវិញ រដ្ឋវិនិយោគ។ ខ្ញុំសំរេចថា រដ្ឋនឹងធ្វើផ្សារជូនវិញដើម្បីបងប្អូនបានលក់ដូរ […]
(ចប់ការសន្ទនា២)
សង់ជូនទី១ គឺយកមកជារបស់រដ្ឋវិញ។ បានន័យថា សំរាប់អ្នកដែលជួលតូបពីក្រុមហ៊ុនម្ចាស់ដើម មិនមែនអ្នកជួលបន្ដពី(អ្នកលក់) ទាំងជាន់ផ្ទាល់ដី ជាន់ទី ១ និងផ្សារតូចនៅខាងក្រោយ គឺរាជរដ្ឋាភិបាលនឹងផ្ដល់សិទ្ធិកាន់កាប់តូបនិងរាន អស់មួយជីវិត។ មិនបាច់បង់លុយមួយខែប៉ុន្មានដុល្លារទៀតទេ គឺផ្ដល់ឲ្យតែម្ដងសិទ្ធិកាប់ ប្រើប្រាស់ទៅ។ ផ្សារនេះរបស់រដ្ឋ។ អញ្ចឹងដូចផ្សាររបស់រដ្ឋផ្សេងទៀតដែលឲ្យអាជីវករលក់ដូរមានសិទ្ធិតកូនចៅមួយជីវិត។
សូមផ្សព្វផ្សាយតាមនឹង។ សូមឲ្យឯកឧត្តម ខេង សុមេធ ទៅធ្វើ។ ខ្ញុំសូមអញ្ចេះគោលការណ៍ គឺរក្សាស្ថានភាពទំរង់ដើម។ បានន័យថាតូបប៉ុណ្ណា ធ្វើប៉ុណ្ណឹងវិញ។ តូបចំនួនប៉ុន្មានធ្វើចំនួនប៉ុណ្ណឹងវិញ។ កុំធ្វើលើស។ បើធ្វើទៅលើសតូប បានន័យថាកាត់បន្ថយបង្រួមរបស់អ្នកផ្សេង។ កុំឲ្យសោះ។ សូមឲ្យធ្វើដូចប្លង់មុន។ ប៉ុន្មានការ៉េធ្វើប៉ុណ្ណឹងឲ្យវិញ។ ចំនួនតូបប៉ុន្មានធ្វើប៉ុណ្ណឹង។ ប្រជាពលរដ្ឋនៅទីនេះ។ ប្រសិនបើគាត់ធ្វើលើសធ្វើអីអត់បានដូចតាមស្ដង់ដារ(ដើម) មកប្ដឹងមក។ ដោះស្រាយតាមស្ថានភាពដើមជូន។ ចំពោះការបង់ថ្លៃឈ្នួលគឺយើងអត់មានទៀតទេ ប៉ុន្ដែសំរាប់ផ្សារ(នេះ)ដូចផ្សាររដ្ឋផ្សេងទៀត ត្រូវការអនាម័យ សន្ដិសុខ ភាស៊ីអីបន្ដិចបន្ដួចយើងកំណត់ទៅតាមច្បាប់។ បន្ដិចទៀតខ្ញុំនិយាយពីការគ្រប់គ្រង។ យើងមានជំរើសពីរ យកតាមសៀវភៅបន្ទុកអនុវត្ដអីទៅ គ្រាន់សំរាប់អនាម័យកន្លែងណាក៌មានដែរ ប៉ុន្ដែសំរាប់បង់ថ្លៃជួលទៀតគឺលែងមានហើយ។
ទី២ សំរាប់អ្នកជួលបន្ដ ដែលនៅជាន់ទី១ ដែលឆេះ។ បងប្អូនក៏រងគ្រោះដែរ ដូចជា ២៥នាក់ … ផ្ដល់ជូនផ្សារខាងក្រោយមានតូបខ្លះ ព្រោះនៅខាងលើយើងចែកមិនបានទេ។ បើយើងពង្រីកតូប ២៥មិនបានទេ។ អញ្ចឹងយើងផ្ដល់ជូនតូបនៅផ្សារខាងក្រោយ។ វាខុសគោលដៅនៃការលក់ ប៉ុន្ដែយ៉ាងហោចណាស់ ក៏បានផ្ដល់ជូនម្នាក់១ តូប មាន២៥ តូប ដែលជាអ្នកឆេះនៅជាន់ទី១ ឲ្យដូចគ្នា។ គាត់ឆេះរបស់គាត់អស់រលីងហើយ។ អញ្ចឹងយើងផ្ដល់អាខាងក្រោយអោយ។ ឯខាងលើផ្ដល់មិនបានទេ ព្រោះសុទ្ធតែមានគេអស់ហើយ។ យើងមិនអាចធ្វើបន្ថែម ២៥ តូបទៀតបានទេ។ អញ្ចឹងផ្ដល់ជូនតូប(នៅផ្សារ)ខាងក្រោយនេះ យ៉ាងហោចណាស់ក៏អត់ដៃទទេដែរ។
ដោយឡែក សំរាប់អ្នកជួលបន្ដផ្សេងទៀតនៅជាន់ក្រោមដែលអត់មានឆេះ ហើយអ្នកជួលបន្ដនៅខាងក្រោយ សូមឲ្យខេត្តទៅធ្វើការជាមួយអាជីវករពិភាក្សាគ្នា តើយើងអាចជួយគាត់យ៉ាងម៉េច ហើយចាំលើកយោបល់មកខ្ញុំបន្ថែមទៀត។ អញ្ចឹង យើងដោះ(ស្រាយបញ្ហា)ចំពោះមុខនេះ ចំពោះអ្នកដែលជួលពីអ្នកអភិវឌ្ឍផ្សារ ក៏ដូចជាអ្នកជួលបន្ដដែលស្រង់ទៅ ២៥ (តូប)នេះ ហើយក៏ដូចជាអ្នកជួលបន្ដនៅផ្សារជាន់ខាងក្រោម ដែលមិនឆេះ និងផ្សារខាងក្រោយសុំជជែកគ្នាជាមួយក្រុមអាជីវករ ដើម្បីលើកយោបល់សុំការសំរេចថាតើជួយគាត់តាមរូបភាពអី …។
អញ្ចឹង ខ្ញុំគិតថាដំណោះស្រាយបែបនេះគឺមិនឲ្យប្រជាពលរដ្ឋនៅតែលតោលកណ្ដាលទន្លេ ហើយថែមទាំងបានប្រែក្លាយពីការជួលទៅជាសិទ្ធអាស្រ័យផល ប្រើប្រាស់មួយជីវិតតកូនតចៅដូចផ្សាររដ្ឋផ្សេងៗ។ យើងជួយបានប៉ុណ្ណឹង។ សូមផ្ដាំផ្ញើទៅបងប្អូនផង មិនបាច់លើកគ្នាទៅមុខសាលាខេត្តទេ … ថ្ងៃណាក៏ឃើញតវ៉ា(រឿងផ្សារ)បឹងឈូក។ បងប្អូនក៏បារម្ភ ព្រោះជិតមួយខែដែរហើយ។ យើងមិនទាន់ឲ្យចូលទៅខាងក្នុង ដោយសារយើងវាយតម្លៃខាងលើ ឆេះប៉ុន្មានម៉ោងនេះវាអាចធ្វើឲ្យអាគារនេះអត់ស្រួល … សិក្សាទៅថាអត់អីទេ នៅមាំ អាចជួសជុលនៅខាងលើបាន។ អញ្ចឹងគឺអាចរៀបចំ។
កិច្ចការដែលត្រូវដោះស្រាយចំពោះមុខ ទី១ ដំណោះស្រាយបណ្ដោះអាសន្នសំរាប់បងប្អូនដែលត្រូវ(លក់) … ឯកឧត្តម ខេង សុមេធ ថាជំរុញលឿន យ៉ាងហោចណាស់ ៤ខែ។ អញ្ចឹងបងប្អូនត្រូវរកកន្លែងបណ្ដោះអាសន្នណាឲ្យគាត់លក់សំរាប់អ្នកនៅជាន់ទី១។ អ្នកនៅខាងក្រោមអាចលក់វិញចុះ។ អ្នកអត់ឆេះចូលលក់វិញបាន តែអ្នកខាងលើទេដែលឆេះ។ អ្នកផ្សារខាងក្រោយអត់ឆេះបន្ដលក់វិញបាន។ ពេលណាចូលវិញបានសុំឲ្យខេត្តអ្នករៀបចំ។
ទី២ ក្រោយពីបែងចែកហើយ យើងគិតពីការគ្រប់គ្រង។ ផ្សារត្រូវមានគណៈគ្រប់គ្រងហើយ។ គណៈគ្រប់គ្រងឲ្យមានជំរើស២ ពិភាក្សាគ្នាចុះ។ ជំរើសទី ១ គឺរដ្ឋបាលខេត្ត ធ្វើការទទួលខុសត្រូវគ្រប់គ្រង រកដៃគូវិនិយោគក្នុងការធានាភាស៊ីដូចផ្សាររដ្ឋផ្សេងៗ។ ជំរើសទី២ គឺឲ្យគណៈអាជីវករនឹងតែម្ដងគ្រប់គ្រងខ្លួនឯងទៅ យកភាស៊ីយកអីខ្លួនឯងទៅ ទទួលអនាម័យទៅ។ អញ្ចឹងឲ្យជជែកគ្នា។ បានន័យថាអាជីវករក្នុងផ្សារប្រមូលគ្នាបោះឆ្នោតរើសគណៈគ្រប់គ្រងទៅ ហើយកំណត់រឿងភាស៊ី អនាម័យ សន្ដិសុខអី ខ្លួនឯង រដ្ឋមិនទទួលខុសត្រូវទេ។
អញ្ចឹងជំរើស ២ នេះឲ្យជជែកគ្នាចុះ យកជំរើសមួយណា។ តើយកជំរើសដែលរដ្ឋនៅបន្ដជួយ ដូចរូបមន្ដផ្សាររដ្ឋផ្សេងៗ ដែលមានដៃគូទទួលភាស៊ី ធានាអនាម័យ ធានាអី ឬមួយយករូបមន្ដ ដែលគណៈអាជីវករខ្លួនឯងនៅក្នុងផ្សារ ប្រមូលគ្នាបោះឆ្នោត រើសអ្នកគ្រប់គ្រងខ្លួនឯងហើយគ្រប់គ្រងទៅ។ នៅខេត្តខ្លះគេធ្វើបែបនេះ តែមានភាពស្មុគស្មាញ។ ខេត្តខ្លះធ្វើទៅស្រួល ខេត្តខ្លះធ្វើទៅលំបាកដោយសារកន្លែងខ្លះគណៈអាជីវករខ្លួនឯងពិបាកក្នុងការរកដំណោះស្រាយឯកភាពគ្នា កន្លែងខ្លះឯកភាពគ្នាស្រួលវិញ។ អញ្ចឹងខ្ញុំឲ្យគិតពិចារណាឲ្យរើសចុះ ធ្វើយ៉ាងណាឲ្យមានសុខដុមនីយកម្មជាមួយគ្នា កុំឲ្យមានបញ្ហា។ អញ្ចឹងការរៀបចំថ្មីហើយដោះស្រាយឲ្យចប់តែម្តង។
អរគុណដល់អ្នកវិនិយោគ។ ក្រុមហ៊ុនខ្ញុំអត់ចាំឈ្មោះ ដែលគាត់យោគយល់ ហើយព្រមឲ្យរដ្ឋដើម្បីចូលត្រឡប់មកវិញ។ រដ្ឋគ្រប់គ្រងហើយធ្វើជូនទៅអាជីវករយើងវិញដើម្បីបានទាំងអស់គ្នា។ គាត់ត្រូវចប់ ២០៤៧ ឥឡូវគាត់ឯកភាពដើរចេញ។ គាត់ដូចនៅបេនឡាន។ អាហ្នឹងគាត់គ្រប់គ្រងរបស់គាត់ចុះ។ តែផ្សារយើងយកមក ទាំងមុខទាំងក្រោយ។ អញ្ចឹងម៉េចហើយ បងប្អូនអ្នកផ្សារប៉ុណ្ណឹងអូខេ? អញ្ចឹងធ្វើតូបឲ្យហើយ រកដំណោះស្រាយហ្នឹងជូនហើយ មួយជីវិត អត់មានកុងត្រាប៉ុន្មានឆ្នាំនេះទៀតទេ។ បើរូបមន្តរាល់ថ្ងៃនេះ ផ្សារជួលត្រឹមឆ្នាំ ២០៤៧ តែវិនិយោគចប់កុងត្រា បានន័យថាកុងត្រារបស់យើងជាមួយវិនិយោគឯកជនចប់ដែរហើយ។ តែឥឡូវរដ្ឋយកមកហើយឲ្យមួយជីវិត បានន័យថាអចិន្ត្រៃយ៍ដល់កូនអីទៀត។
អរគុណចំពោះអាជ្ញាធរខេត្ត សមត្ថកិច្ចរបស់យើង ទី១ ពេលដែលមានគ្រោះអគ្គីភ័យនេះ ខំប្រឹងដើម្បីជួយពន្លត់ទាន់សភាពការណ៍អត់មានគ្រោះថ្នាក់ដល់ជីវិត។ របស់របរបាត់ចុះ តែមិនមានគ្រោះថ្នាក់ដល់ជីវិត។ ទី២ ខំរកវិធីដោះស្រាយរករូបមន្តនេះ លើកយោបល់។ ថ្ងៃនេះបានផ្តល់យោបល់ជាក់ស្តែងមកតែម្តង។ ជួបគ្នានៅទីនេះ។ អញ្ចឹងដោះបឹងជង្រុកនៅទីនេះ ដោយទាំងបឹងឈូកមួយទៀត ដោះបន្ទាយមានជ័យ ដោយទាំងបាត់ដំបង។ អញ្ចឹងមិនត្រឹមតែឯកឧត្តម អុំ រាត្រី សប្បាយចិត្តទេ ឯកឧត្តម សុខ លូ ក៏សប្បាយចិត្តដែរ។
ហ្នឹងហើយការដោះស្រាយរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលគ្មានគោលគំនិត ឬគោលនយោបាយធ្វើបាបប្រជាពលរដ្ឋ មានបញ្ហាប្រឈមមុខដោះ។ អត់រត់ចោលទេ … នៅទីនេះប្រឈមមុខដោះ ពេលខ្លះយើងប្រកាស ពេលខ្លះយើងមិនទាន់ប្រកាស តែមិនមែនអត់ធ្វើអីទេ។ តាំងពីថ្ងៃ ៣ មកដល់ថ្ងៃ ២៩ វិច្ឆិកានេះ មិនមែនរដ្ឋបាលខេត្តអត់ធ្វើការទេ គឺប្រឈមរកវិធីដោះ។ គ្រាន់តែអត់ហ៊ានប្រកាស។ អត់ទាន់ដឹងដោះរូបភាពដូចម្តេច។ អញ្ចឹងរាងស្ងាត់តែទីបំផុតសូមបងប្អូនយោគយល់ ព្រោះអត់អាចប្រកាសតាមមេក្រូរាល់ថ្ងៃ ត្រូវធ្វើអីៗទេ។ យើងរកវិធីដោះស្រាយ ជាពិសេសចរចាជាមួយក្រុមហ៊ុនដែលត្រូវធ្វើ។
អញ្ចឹងយើងគិតថាថ្ងៃនេះដំណឹងល្អជូនទាំងអស់ យើងដោះស្រាយបន្ថែម សមិទ្ធផលបន្ថែមនៅទីនេះបានសាលា ១ ខ្នង គ្រូ ១១ នាក់ ក្របខណ្ឌ តែមាន ១២ នាក់ ម្នាក់មានក្របខណ្ឌ ហើយអាចឈានទៅដល់ធៀបការរបស់អ្នកគ្រូៗឆាប់ៗ។ ខ្ញុំនិយាយត្រង់ និយាយលេងសើចចុះលោកគ្រូអ្នកគ្រូ សំណាងហើយក្រុមហ៊ុនធ្វើផ្លូវនៅនេះ បើឲ្យកងវិស្វកម្មឯកឧត្តម ខេង សាម៉េត មក លោកគ្រូ អ្នកគ្រូ មិនមែននៅទំនេរចឹងទេ។ ខ្ញុំចាំម្តងនៅស្ទឹងត្រង់ទៅសម្ពោធអគារ ២ខ្នង សម្តេចតេជោបានទទួលសំណើពីអ្នកគ្រូម្នាក់នៅស្រុកស្ទឹងត្រង់។ សម្តេចឲ្យឯកឧត្តម ខេង សាម៉េត ទៅធ្វើ។ ពីមុនធ្វើ អ្នកគ្រូនៅលីវ ដល់ថ្ងៃខ្ញុំទៅសម្ពោធប្រហែលជិត ២ឆ្នាំក្រោយ អ្នកគ្រូកូន ១បាត់។ ដល់សួរ មានណាប្តីរបស់គាត់ មេកងវិស្វកម្មដែលចុះធ្វើការ។ និយាយលេងទេ សរសើរខាងទាហ៊ានពូកែក្លាហាន។ ខ្ញុំមិនហ៊ានទេ សុទ្ធតែទាហានដូចគ្នា (សម្តេចនិយាយលេងរឿងទាហាន និងរឿងម៉ាស៊ីនត្រជាក់ហ្វ្រី)។
(២៥) ជាអ្នកបន្តវេន ប្តេជ្ញាថែរក្សាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍជូនប្រជាជនគ្រប់កន្លែង
អរគុណសាជាថ្មីចំពោះការចូលរួមថ្ងៃនេះ ទាំងខាងយុវជន ខាងប្រជាពលរដ្ឋ មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទាំងខាងបឹងជង្រុក ទាំងតំបន់ផ្សេងៗទៀត។ នៅទីនេះ សូមអបអរសាទរនូវផលដែលយើងបានទីនេះ ហើយរួមគ្នាដើម្បីកសាងបន្ថែមទៀតទៅមុខ។ នេះហើយគឺជាអ្វីដែលរាជរដ្ឋាភិបាលធ្វើដើម្បីថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅគ្រប់កន្លែង ដែលបានផ្តល់ការទុកចិត្ត ផ្តល់ការគាំទ្រ និងជឿជាក់ទៅលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយជាពិសេសទៅលើការដឹកនាំរបស់សម្តេចតេជោ។ ក្នុងនាមជាអ្នកបន្តវេន ក៏បានប្តេជ្ញាចិត្ត ដរាបណាប្រជាជននៅផ្តល់ការទុកចិត្ត និងផ្តល់ការគាំទ្រ គណបក្សប្រជាជនកម្ពុជាគ្មានអីក្រៅពីប្តេជ្ញាបន្ថែម ដើម្បីតបស្នងសងគុណ គ្មានធ្វើអី្វក្រៅពីការថែរក្សាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ឲ្យបានផលដល់ប្រជាជនគ្រប់កន្លែងទាំងអស់នោះទេ មានតែការងារប្តេជ្ញាចិត្តតែប៉ុណ្ណឹង។
ប៉ុណ្ណឹងចុះ។ ខ្ញុំនិយាយយូរហើយ។ ចប់មែនទែនហើយលើកនេះ។ សូមជូនពរ និងប្រសិទ្ធពរជូនឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ គណៈអធិបតីទាំងអស់ លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្មួយៗយុវជនទាំងអស់ លោកគ្រូ អ្នកគ្រូ ឲ្យបានទទួលនូវសុខភាពល្អ អាយុយឺនយូរ ជោគជ័យគ្រប់ភារកិច្ច។ ទទួលបាននូវពុទ្ធពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃនេះ សម្រាប់ប្រជាពលរដ្ឋសរុប ៣០២៦គ្រួសារ ក្នុងមួយគ្រួសារថវិកា ២០ម៉ឺនរៀល។ ជូនក្រុមប្រឹក្សាឃុំសង្កាត់ ចំនួន ៨៥នាក់ ក្នុងម្នាក់ៗ ថវិកា ១០ម៉ឺនរៀល។
ជូនក្រុមយុវជនកាយារិទ្ធិកម្ពុជា យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ចលនាយុវជន ១៥៧ សមាគមនិស្សិត អ.ម.ត និងយុវជនគណបក្សប្រជាជនកម្ពុជា ៧៧០ នាក់ ម្នាក់ៗថវិកា ២ ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ១២ នាក់ ម្នាក់ៗថវិកា ២០ ម៉ឺនរៀល។ ក្មួយសិស្សានុសិស្ស ៤២៣ នាក់ ម្នាក់ៗថវិកា ១ ម៉ឺន ប៊ិច ១ ដើម សៀវភៅ ២ ក្បាល។ ជូនសាលាបឋមសិក្សាបឹងជង្រុកតេជោឈ្នះឈ្នះ ថវិកា ១ លានរៀល។ ជូនមណ្ឌលសុខភាពបឹងជង្រុក ថវិកា ៣ លានរៀល។
សាលាស្រុកម៉ាឡៃ ថវិកា ២ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំក្នុងអង្គពិធី ថវិកា ៣ លានរៀល និងក្រុមតន្ត្រីសម័យ ថវិកា ៥ លានរៀលផងដែរ។ ហើយតន្ត្រីសម័យថ្ងៃនេះដូចមានច្រើន មានមីង ឆោម ឆវិន គាត់អញ្ជើញមកដែរ? តាំងពីខ្ញុំនៅក្មេងមកដល់ឥឡូវខ្ញុំចាស់ជាងគាត់ គាត់នៅថែរក្សា ហើយមានអ្នកនាង មឿន និមល អត់ស្គាល់ទេ មឿន និមល ដល់ហៅ ប៉េងប៉ោង បានស្គាល់។ លោក ប៊ុន ជំនោរ លោក វណ្ណ ផាន់រ៉ា កញ្ញា ម៉ម ចាន់ណា លោក ពេជ្រ ថៃ លោក ផាត់ ភូ កញ្ញា ជ័យ សេរីរ័ត្ន កញ្ញា សម លីដា ដែលជាម្ចាស់ពាន ហើយលោក ភឿន សុភាព ម្ចាស់ពានផងដែរ។ សូមអរគុណបានមកដល់ទីនេះ។ បើអត់ទាន់ធ្លាប់ផ្លូវកាត់តាមព្រំដែន ជិះកាត់ផ្លូវព្រំដែន តាមកូនដំរី ភ្នំព្រឹក ទៅប៉ៃលិន មើលស្រុកយើងបន្តិច កុំឲ្យខាត។ សុទ្ធតែអតីតតំបន់សមរភូមិទាំងអស់។ អញ្ចឹងជិះមើលល្អ។ អញ្ចឹងអរគុណណាស់ដែលបានចូលរួមអបអរសាទរថ្ងៃនេះ បាទ!សូមអរគុណ។
(សម្តេចនិយាយលេងរឿងរកប្រពន្ធឲ្យអាចយ)។ សូមធ្វើដំណើរត្រឡប់ទៅវិញដោយសុវត្ថិភាពទាំងអស់គ្នា។ ជាថ្មីម្តងទៀត គឺបន្ថែមជូនក្រៅពីសម្ពោធថ្ងៃនេះ សាលា ១ ខ្នង ២ ជាន់ ១២ បន្ទប់ ផ្លូវតភ្ជាប់បូកជាមួយនឹងក្របខណ្ឌជូនលោកគ្រូ អ្នកគ្រូ។ អ្នកបាត់ដំបងជូនសិទ្ធិរៀបចំផ្សារជូនហ្នឹងតែម្តង៕