ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំមន្ត្រីរាជការ ប្រតិភូអប់រំយុវជន និងកីឡា រាជធានី/ខេត្ត តំណាងដៃគូអភិវឌ្ឍ អង្គសន្និបាតទាំងមូលជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមន្សរីករាយ ដែលបានចូលរួមក្នុង “ពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៣-២០២៤” បន្ទាប់ពីបានដំណើរការដោយរលូនក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ និងបានដាក់ចេញនូវវិធានការសម្រាប់បន្តអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា ក្នុងឆ្នាំបន្តបន្ទាប់ទៀត ក្នុងគោលដៅ អនុវត្តយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក៏ដូចជាអនុសាសន៍ទាំង ៤ ចំណុច ដែលខ្ញុំបានដាក់ចេញនៅក្នុងអង្គប្រជុំលើកទី១ នៃគណៈរដ្ឋមន្ត្រី ក្នុងការលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សារួមមាន៖ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២. ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា, និងទី៤. ការជំរុញ និងលើកទឹកចិត្ត ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោកភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ។
ខ្ញុំសូមកោតសរសើរដល់ថ្នាក់ដឹកនាំ និងអ្នកបច្ចេកទេសនៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានចាត់ចែង និងរៀបចំការឆ្លើយតបភ្លាមៗ ដោយបានធ្វើការពិនិត្យឡើងវិញលើស្តង់ដារសាលារៀន ដោយបញ្ជ្រាបចំណុចទាំង៤ខាងលើ និងបានដាក់ឱ្យអនុវត្ត “ស្តង់ដារសាលារៀនគំរូ” ចាប់ពីសាលាមត្តេយ្យ – សិក្សារហូតដល់សាលាមធ្យមសិក្សា ព្រមទាំងបានរៀបចំយន្តការចុះវាយតម្លៃសាលារៀន យន្តការចុះជួយ សាលារៀន និងយន្តការពិនិត្យតាមដាន ជាពិសេសការធ្វើអាទិភាវូបនីយកម្មថវិកា និងប្រមូលផ្តុំធនធានសម្រាប់គាំទ្រដល់ការអនុវត្តសាលារៀនគំរូ ផងដែរ។
ជាការពិត សាលារៀនជាអង្គភាពផ្តល់សេវាសាធារណៈ ដែលស្ថិតនៅជិតប្រជាពលរដ្ឋ សាលា-រៀនត្រូវតែអនុវត្តនូវតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការបង្រៀន និងរៀន និងផ្តល់នូវវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដល់សិស្សានុសិស្សគ្រប់រូប ដែលទាមទារឱ្យសាលារៀនត្រូវពង្រឹងអភិបាលកិច្ច ប្រកបដោយភាពធន់ បុរេសកម្ម និងប្រមូលផ្តុំ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហគមន៍ និងមាតាបិតា ក្នុងការអភិវឌ្ឍសាលារៀន គ្រប់ជ្រុងជ្រោយស្របតាមស្តង់ដារសាលារៀនគំរូ ។
ខ្ញុំពិតជាគាំទ្រចំពោះការវាយតម្លៃសាលារៀនទាំងបីកម្រិត ដែលក្រសួងបានជ្រើសរើស និងទទួលស្គាល់ជាសាលារៀនគំរូ ទាំង១២០សាលា នៅដំណាក់កាលដំបូងនេះ ក្នុងន័យទទួលស្គាល់នូវសមិទ្ធផលសាលារៀន ទាំងលទ្ធផលសិក្សារបស់សិស្សខ្ពស់ ទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គណៈ-គ្រប់គ្រងសាលារៀន គ្រូបង្រៀន សិស្សានុសិស្ស និងគ្រួសារក្នុងការអភិវឌ្ឍសាលារៀន ជាសាលារៀនជាប់ចំណាត់ថ្នាក់អង្គភាពសេវាសាធារណៈល្អ សាលារៀនស្អាត នាយកល្អ ។ល។ និងក្នុងរូបភាពផ្សព្វ- ផ្សាយការប្រតិបត្តិដ៏ល្អ ដែលអាចជាគំរូដល់សាលារៀន នៅជុំវិញ និងសាលារៀនដទៃទៀត ឱ្យខិតខំអភិវឌ្ឍសាលារៀនស្របតាមយុទ្ធសាស្ត្រផ្ការីក។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្ត វិធានការគន្លឹះក្នុងវិស័យអប់រំ និងបានបង្កើតលេខាធិការដ្ឋានមួយ ដែលដើរតួជាសេនាធិការ របស់គណៈកម្មាធិការជាតិ ក្នុងគោលបំណងជួយគាំទ្រដល់ការលើកកម្ពស់ការអប់រំ ដែលក្នុង ដំណាក់កាលដំបូងផ្តោតលើសាលាបឋមសិក្សាប្រមាណ៥០ និងផ្តល់នូវការគាំទ្រ និងការចុះជួយលើផ្នែកទន់ (soft skill) ដើម្បីឱ្យនាយកសាលា គ្រូបង្រៀន និងសហគមន៍ចូលរួម និង ការរៀបចំកម្មវិធីក្រៅម៉ោងសិក្សា យ៉ាងហោច ២ម៉ោងសិក្សាបន្ថែម ដើម្បីឱ្យសិស្សបានមក សាលារៀន និងទទួលបាននូវការបំប៉នមេរៀនបន្ថែមទៅលើការសិក្សាក្នុងម៉ោងផ្លូវការ ការសិក្សាភាសាអង់គ្លេស កុំព្យូទ័រ និងសកម្មភាពផ្សេងៗទៀតដូចជា ការអានជាក្រុម ការអាននៅក្នុងបណ្ណាល័យ ការធ្វើលំហាត់បន្ថែម សកម្មភាពសង្គម ការអប់រំសីលធម៌ និងការលេងកីឡា ។ល។ ការរៀបចំសកម្មភាពក្រៅម៉ោងសិក្សានេះ ក៏មានគោលដៅកាត់បន្ថយម៉ោងទំនេរ និងប្រែក្លាយម៉ោងទំនេររបស់កុមារ និងយុវជន ដែលអាចយកទៅប្រព្រឹត្តសកម្មភាពអសកម្មមួយចំនួនឱ្យក្លាយទៅជាម៉ោងសម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនវិញ។
[ផ្តើមសេចក្តីអធិប្បាយ១]
(១) ការអប់រំ/បណ្តុះបណ្តាលមួយជីវិត គ្រូក៏រៀននាយករដ្ឋមន្ត្រីក៏រៀន
នៅក្នុងរបាយការណ៍របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ(យុវជននិងកីឡា) ការងារអប់រំមិនមែនធ្វើ ១ថ្ងៃ ១២ឆ្នាំ ឬ ១៦ឆ្នាំ ឬ២០ឆ្នាំ ទេ គឺយើងត្រូវការអប់រំមួយជីវិត បណ្តុះបណ្តាលមួយជីវិត គ្រូបង្រៀនក៏ត្រូវតែរៀន សូម្បីតែខ្ញុំជានាយករដ្ឋមន្ត្រីក៏រៀនរាល់ថ្ងៃដែរ។ រៀនអំពីបញ្ហាដែលកើតឡើង រៀនដោះស្រាយបញ្ហាថ្មី។ ប៉ុន្តែ អ្វីដែលជាមូលដ្ឋាននៅក្នុងការធានាគុណភាពរបស់មនុស្ស របស់ធនធានរបស់យើងគឺការអប់រំ ជាពិសេសនៅមូលដា្ឋនគ្រឹះតែម្តង។ នៅក្នុងរបាយការណ៍ … ក៏បានលើកអំពីលទ្ធផលនៃការពិភាក្សាគ្នា ៣ថ្ងៃ។ ខ្ញុំឃើញថាអត់មានអីខុសគ្នាពីការគិតរបស់ប្រជាពលរដ្ឋទូទៅទេ។ យើងស្ទង់មតិហើយ ឃើញថាចង់បានដូចគ្នា ចង់បានសាលាឱ្យកូនរៀនល្អ មូលដ្ឋានគ្រឹះរឹងមាំ ចង់បានវិន័យ ចង់បានម៉ោង កុំឱ្យកូនទំនេរច្រើនពេក ខ្លាចវាខូច ត្បិតម៉ែឪរវល់ និងចង់ឱ្យកូននៅក្នុងសាលាឱ្យបានច្រើន។ នៅតាមខេត្ត នៅតាមស្រុកឆ្ងាយ ដែលយើងមានបញ្ហាប្រឈមក្នុងការដោះស្រាយម៉ោងពេលរៀន ឪពុកម្តាយនៅទីនោះ ក៏ចង់បានដូចឪពុកម្តាយដែលមានកូនរៀននៅសាលាជំនាន់ថ្មីដែលរៀនពេញម៉ោងនោះដែរ។
(២) ដើម្បីទទួលបានធនធានមនុស្សល្អ ប្រកួតប្រជែង ត្រូវពង្រឹកការបណ្តុះបណ្តាលពីក្រោមដល់លើ
កិច្ចការចាំបាច់ក្នុងការធានាគុណភាពមនុស្សនោះ (ប្រៀបបានទៅនឹងការដាំនិងថែទាំផ្កា) បានន័យថាដើម្បីផ្កាល្អបាន ទាល់តែឬសទាល់តែដើមនិងគល់ហ្នឹងវាមាំ។ អញ្ចឹង ដែលយើងដាក់ទិសដៅគឺថាពង្រឹងជាជាងពង្រីក ហើយពង្រឹងនូវមូលដ្ឋានគឺជាកិច្ចការសំខាន់។ អម្បាញ់មិញ ក្នុងការផ្តោតទៅលើគោលគំនិត ៤ចំណុចនេះ យើងមានការធានាមិនមែនតែសម្រាប់ថ្នាក់បឋមដល់ថ្នាក់ទី ១២នោះទេ ឬមត្តេយ្យនោះទេ។ យើងមានផែនការសម្រាប់អភិវឌ្ឍនៅថ្នាក់ឧត្តមសិក្សា ដែលជាការធានានូវភាពប្រកួតប្រជែង។ យើងត្រូវការធនធានមនុស្សកម្រិតខ្ពស់ ទំនើបកម្ម ទាន់សម័យទើបប្រកួតជាមួយគេបាន។ ប៉ុន្តែ ពេលជាមួយគ្នា ដើម្បីទទួលបាន(ធនធាន)មនុស្សដែលធំខ្ពស់ អាចប្រកួតប្រជែងគេបាននោះទាល់តែយើងមានមូលដ្ឋាននៃការបណ្តុះបណ្តាលរឹងមាំ។ អញ្ចឹងវាត្រូវប្រទាក់ក្រឡាគ្នាពីក្រោមដល់លើ។
យើងអត់អាចថា ពីក្រោមអត់ចេះសរសេរអក្សរ អត់ចេះគុណលេខ ដល់ឡើងទៅលើដោនឡូដ/ទាញចូលក្នុងខួរក្បាល ចេះទៅជាវេជ្ជបណ្ឌិតនោះទេ។ អញ្ចឹងហើយបានជាការប្រឡាក់ក្រឡាគ្នានេះជាការចាំបាច់ ហើយធ្វើជាមួយគ្នាទាំងលើទាំងក្រោម។ យើងឃើញថា នៅកម្រិតឧត្តមសិក្សា នៅកម្រិតថ្នាក់លើ យើងមានលទ្ធភាពច្រើន ក្រៅពីរដ្ឋ មានវិស័យឯកជនដើរតួនាទីច្រើនណាស់ … (ព្រមទាំង)ការទាញយកធនធាននិងបច្ចេកវិទ្យា និងការចូលរួម។ ក្នុងគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋក៏មានលក្ខណៈម្ចាស់ការច្រើនខុសពីសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យដែលត្រូវការជួយច្រើន …។
(៣) ការរៀបចំសាលាគំរូ/ជំនាន់ថ្មី ជាវិធីសាស្ត្ររកគន្លឹះនិងពិសោធន៍ពង្រឹងការអប់រំមូលដ្ឋាន
គោលដៅ ៤ចំណុចដែលខ្ញុំប្រកាសនៅដើមអាណត្តិផ្តោតទៅលើមូលដ្ឋាន ទៅលើសាលា តាំងពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី ១២ … មើលទៅលើលទ្ធភាពថាកន្លែងណាដែលយើងត្រូវដាក់ទុនមុន។ (យើងគប្បីត្រិះរិះ)អាទិភាពធំជាគោលដៅគ្រឹនិងពង្រឹងបន្ថែម និងអ្វីដែលរដ្ឋត្រូវចំណាយ ព្រោះទុនយើងមានកំណត់ គ្រាប់កាំភ្លើងមានតិច គ្រាប់កាំភ្លើងធំកាន់តែតិចទៀត បាញ់ឱ្យចំគោលដៅ។ ដោយហេតុនេះ … ខ្ញុំគាំទ្រក្រសួងអប់រំដែលបានអនុវត្តច្រើនអាណត្តិមកនេះ នូវការរៀបចំជាសាលាជំនាន់ថ្មីក្តី ជាសាលាគំរូក្តីដែលសុទ្ធតែជាវិធីសាស្ត្រក្នុងការខិតខំរកគន្លឹះ និងបទពិសោធន៍ដើម្បីពង្រឹងមូលដ្ឋាននេះឯង។ តាមរយៈការដាក់ចេញទិសដៅក្នុងការប្រកួតប្រជែងរវាងសាលា យើងទាំងអស់គ្នាដឹងហើយថាត្រូវធ្វើអី ប៉ុន្តែសំខាន់បំផុតគឺធ្វើយ៉ាងណា។ នោះហើយគឺជាសំណួរ។ ធ្វើយ៉ាងណាឱ្យមានប្រសិទ្ធិភាពឱ្យមានចីរភាព។ យើងថាយើងចង់ធ្វើអី យើងចេះតែថាបាន ទិសដៅអត់ពិបាកទេ ប៉ុន្តែធ្វើយ៉ាងណាគឺជាកត្តាគន្លឹះ។
(៤) ការបង្កើតសាលាជំនាន់ថ្មី, សាលាគំរូ និងសាលាធម្មតា មិនមែនជាការប្រកួតប្រជែង
ខ្ញុំសូមបញ្ជាក់កន្លែងនេះបន្តិច។ ឥឡូវយើងមានគណៈកម្មាធិការជាតិ។ ឆ្នាំនេះនឹងរៀបចំកម្មវិធីដែលអាចថាអនុវត្តជំហានដំបូង ៥០សាលា ហើយយើងផ្តោតទៅលើបឋមសិក្សា។ សួរថាក្រសួងអប់រំមានហើយ ហេតុអ្វីទើបចាំបាច់មានគណកម្មាធិការទៀត។ ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់នៅទីនេះ ដើម្បីពេលដែលអនុវត្តទៅមិនមានការយល់ច្រឡំថាជាការប្រកួតប្រជែង។ ត្រូវយល់ឱ្យច្បាស់ពីគោលបំណងនៃការបង្កើតសាលាជំនាន់ថ្មី, សាលាគំរូ និងសាលាធម្មតា មិនមែនបានន័យថាទៅប្រកួតប្រជែងគ្នាយកមួយទៅបំបាក់មួយទេ យើងក៏មិនអាចរុញម្តងទាំង ១ម៉ឺនសាលាដែរ។ យើងរុញម្តង ៥០(សាលា), ១០០(សាលា) ហើយរកវិធីគន្លឹះពី ៥០(សាលា) ឬ ១០០(សាលា) នេះ ដើម្បីចែករំលែក យោងទៅលើប្រការថាធនធានយើងមានកំណត់។ បើសិនមានថវិកាគ្រប់ យើងបង្កើនសាលាទាំង ១ម៉ឺនសាលាហ្នឹងទៅជាសាលាជំនាន់ថ្មីហើយ …។
(៥) ទាមទារឱ្យមាននវានុវត្តន៍ និងច្នៃប្រឌិតក្នុងកម្មវិធីសិក្សា
នៅក្នុងរបាយការណ៍របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាននិយាយច្បាស់ថា នៅតាមសាលាមួយចំនួន យើងប្រឈមទៅក្នុងបញ្ហាខ្វះគ្រូ ខ្វះអគារ ហើយយើងរៀនមួយថ្ងៃបានតែ ៣ម៉ោងកន្លះគត់។ ឥឡូវធ្វើម៉េច? បើយើងចាំអនុវត្តស្តង់ដារទាំងអស់ ទាល់តែដាក់ថវិកាទៅកសាង ៥០០០សាលា, ៥០០០អគារ ហើយរកគ្រូមកថែមទៀត។ ក្នុងមួយឆ្នាំធ្វើអត់ចេញទេ។ ការអប់រំមនុស្សមិនអាចរង់ចាំថាទាល់តែយើងធ្វើសាលាបានសិននោះទេ។ កូនយើងមិនអាចដល់អាយុ(សិក្សាហើយ ត្រូវតែរៀន មិនអាចថា)ចាំសាលាសង់បានសិននោះទេ។ ឬមួយថា ចាំមានសាលាចាំឡើងថ្នាក់មួយទៀតនោះទេ។ ដល់ឆ្នាំឡើងអាយុ ដាច់ខាតត្រូវតែធានាឱ្យគាត់បាន(សិក្សាឬឡើងថ្នាក់)។ ទាមទារឱ្យមាននវានុវត្តន៍ និងច្នៃប្រឌិតក្នុងកម្មវិធីសិក្សា ដាក់ចេញនូវសូចនាករ និងការរៀបចំសាកល្បងកម្មវិធី។ គណៈកម្មាធិការជាតិដំណាក់កាលអន្តរកាលនេះ ឆ្លើយតបទៅនឹងសំណួរដែលឯកឧត្តម ហង់ជួន ណារ៉ុន បានលើកអម្បាញ់មិញថា តើយើងត្រូវធ្វើយ៉ាងណា បើថវិកាយើងមានកំណត់។ អាចពង្រីកទៅជាសាលាជំនាន់ថ្មីទាំងអស់ភ្លាមទេ? តែយើងត្រូវរកវិធីយ៉ាងណា?
(៦) រកគន្លឹះផ្សារភ្ជាប់ចន្លោះពីសាលាធម្មតាដែលរៀន ៣ម៉ោងកន្លះ/ថ្ងៃ ដោយថែម ២ម៉ោងទៀត/ថ្ងៃ
អញ្ចឹងហើយ ទើបមានការរៀបចំសាលាគំរូ និងដាក់ចេញជាសូចនាករមួយចំនួនឱ្យអនុវត្ត។ យើងសាកល្បង ៥០សាលាទៀត ដែលនឹងត្រូវដាក់អនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ គឺ Pilot project ឬជាគម្រោងគំរូសាកល្បងមួយ ដើម្បីយើងរកគន្លឹះផ្សារភ្ជាប់ចន្លោះពីសាលាធម្មតាដែលសិក្សាបានតែ ៣ម៉ោងកន្លះ/ថ្ងៃ ដោយពន្លាតទៅថែមពេល ២ម៉ោងទៀតក្នុងមួយថ្ងៃ។ ៣ម៉ោងកន្លះ ៤ម៉ោងពេលព្រឹក ត្រូវថែមទាំង៦ថ្ងៃ។ បើចុះសួរឪពុកម្តាយ គាត់ថាចង់ថែម ៣ម៉ោងក៏បានដែរ។ ឥឡូវយើងថែម ២ម៉ោង តែយើងរកគន្លឹះ/រូបមន្តដើម្បីអាចអនុវត្តទៅបាន ដោយឱ្យកូនសិស្ស ឱ្យមនុស្សនៅក្នុងសាលា។ យើងធ្វើរូបមន្តបែបនេះនៅ ៥០សាលាសិន ដើម្បីកុំឱ្យរំខានទៅដល់សាលាផ្សេងទៀត។ យើងយកសាលា ៥០ជាគំរូជាជាងយើង Design ហើយឱ្យអនុវត្តនៅទូទាំងប្រទេសតែម្តង។ យើងនឹងទៅមិនរួចទេ។ ត្រៀមលក្ខណៈមិនបាន។ សាលាគំរូទាំង ៥០ នេះ មិនឱ្យប៉ះគ្នាជាមួយសាលាជំនាន់ថ្មី ឬមួយសាលាគំរូពីមុនមកទេ … តាមរយៈរូបមន្តនេះ ត្រូវធ្វើយ៉ាងណាបន្ថែមម៉ោងដោយច្នៃប្រឌិតដើម្បីឱ្យម៉ោងស្អុយក្លាយជាម៉ោងលទ្ធភាពកម្រិតណាមួយ។
(៧) ពេលរករូបមន្តឃើញ មានលទ្ធភាពគ្រប់គ្រាន់ នឹងផ្ទេរទៅជាសាលាស្តង់ដាឱ្យក្រសួងអប់រំ
ទោះបីមិនអាចមានលទ្ធភាពបំពាក់កម្មវិធីទំនើបដូចសាលាជំនាន់ថ្មី តែយើងអាចច្នៃដោយកម្រិតណាមួយ។ ជាគោលដៅ ការអនុវត្តគម្រោងគំរូនេះ កាលបើបានដើរយ៉ាងណាហើយ នៅឆ្នាំក្រោយ យើងនឹងផ្តុំគ្នា ចែកគ្នាទៅជាសាលាគំរូតែមួយរបស់អប់រំ។ ថាមានសាលា ២គំរូហើយ ហេតុអ្វីក៏ឥឡូវបង្កើតគំរូទី ៣ ទៀត។ ថ្ងៃមុន ឯកឧត្តម ហង់ជួន ណារ៉ុន សួរខ្ញុំថា គួរតែដាក់(ឈ្មោះជាគំរោង)អី។ តើដាក់ជាសាលាគំរូឬសម្តេចធិបតី? (ខ្ញុំថា)មិនបាច់ទេ។ កុំបង្កើតឈ្មោះច្រើនពេក។ គង់តែថ្ងៃណាមួយ ពេលដែលយើងរករូបមន្តឃើញ មានលទ្ធភាពគ្រប់គ្រាន់ យើងចែករំលែកហើយផ្ទេរទៅឱ្យក្រសួងអប់រំដើម្បីទទួលខុសត្រូវជាសាលាស្តង់ដារតែមួយទេ … យើងចង់ឱ្យសាលាមានសមត្ថភាពដូចសាលាជំនាន់ថ្មីទាំងអស់ … តែក្នុងដំណាក់កាលអន្តរកាលយើងមិនអាចចាំ ៥ឆ្នាំ ឬ ១០ឆ្នាំ ឬក៏រៀបចំឱ្យ ១ម៉ឺនសាលា ទៅទាំងអស់បានទេ ព្រោះ(ក្នុងរយៈពេល) ១០ឆ្នាំនេះ ចំនួនសិស្សនឹងកើន ចង់ដល់ ១០ម៉ឺន ឬ ២០ម៉ឺននាក់។ បើយើងអត់ធ្វើអីទាំងអស់ ១០ឆ្នាំនេះ ប្រហែល ២លាននាក់នេះនឹងអត់បានទទួលអីទាំងអស់ …។
(៨) គណកម្មធិការជាតិកែទម្រង់អប់រំ និងសុខាភិបាល នៅក្នុងក្រសួងសាម៉ី
បន្តិចទៀតយើងនឹងបង្កើតឱ្យមានគណៈកម្មាធិការជាតិអប់រំ ដែល ឯកឧត្តម ហង់ជួន ណារ៉ុន ក៏ជាអនុប្រធានប្រចាំការនៅទីនោះដើម្បីមើលការអនុវត្ត។ យើងរៀបចំគណៈកម្មាធិការជាតិសំរាប់កែទំរង់មុខងារសាធារណៈ អប់រំ សុខាភិបាល។ មានគណៈកម្មាធិការជាតិ ៣ ប៉ុន្តែគណកម្មាធិការជាតិ ២ គឺសុខាភិបាល និងអប់រំ មិនមានលេខាធិការដ្ឋានដាច់ដោយឡែកទេ។ លេខាធិការដ្ឋាននៅក្នុងក្រសួងដឹកនាំធ្វើតែម្តង។ បែបនេះការងារសាមញ្ញជាង។ ការដាក់លេខាធិការដ្ឋានដាច់ដោយឡែក ដោយសារយើងមិនចង់ឱ្យកិច្ចការនេះរំខានដល់គម្រោងផែនការដែលក្រសួងអប់រំកំពុងតែអនុវត្ត។ បើសិនជាយើងដាក់កម្មវិធីនេះចូលភ្លាមគឺនឹងច្របូកច្របល់។ សាលា ១០០ ឬ ២០០ កំពុងតែអនុវត្តទៅហើយ ដល់តែដាក់គម្រោងថ្មីវានឹងនាំឱ្យរំខាន … យើងត្រូវគិតវិធីសាស្ត្រឱ្យគ្រប់ជ្រុងជ្រោយ។ បោះអ្វីមួយទៅក្នុងផ្ទៃទឹក ត្រូវបង្កាកុំឱ្យវារំជួយទឹក(កើតជារលក)រត់បុកធ្វើអោយលិចទូក។ យើងធ្វើ Pilot project ដើម្បីធានាការអនុវត្ត …។
(៩) គំរោងសាកល្បងផ្តោតលើបឋមសិក្សា
ការរៀបចំនេះ ចាប់ផ្តើមដំបូងឡើងគឺពីបឋមសិក្សា។ ប្រហែលជាក្នុងមួយអាណតិ្តនេះ គម្រោងត្រូវផ្តោតទៅលើបឋមសិក្សា។ ក្រសួងអប់រំ សាលាគំរូ សាលាជំនាន់ថ្មី គម្រោងផែនការសម្រាប់កម្រិតផ្សេងៗទៀតនៅបន្តធ្វើ។ គម្រោងនេះផ្តោតសាកល្បងលើបឋមសិក្សា។ ឆ្នាំក្រោយ ពេលដែលរួមគ្នាហើយ ផែនការនេះចាប់ផ្តើមអនុវត្ត ចែករំលែកនៅតាមបឋមសិក្សា។ យើងមិនអាចរុញម្តង ៧០០០(សាលា)ទេ។ យើងអាចឈានទៅបង្កើនចំនួនសាលា។ មិនមានអី្វដែលល្អឥតខ្ចោះនោះទេ។ ដូចនេះ យើងនឹងពិនិត្យមើលគំរូនៃសាលាបច្ចុប្បន្នរបស់ក្រសួងអប់រំ និងគំរូប្រភេទនេះ។ យើងនឹងជំរុញកិច្ចការនេះនៅកម្រិតបឋមសិក្សា ដើម្បីធានានូវប្រសិទ្ធិភាព។ ត្រូវពង្រឹងមូលដ្ឋានគ្រឹះពីមត្តេយ្យដល់ថ្នាក់វិទ្យាល័យ ហើយនៅក្នុងហ្នឹងក៏ត្រូវដឹងថាពង្រឹងស្អីមុន។ បើសិនជាយើងយកទាំងអស់ច្រើនពេក។អម្បាញ់មិញ បូកទៅគ្រាន់តែសាលារដ្ឋ បឋមសិក្សា អនុវិទ្យាល័យ ៩ ២២១។ បើយើងដាក់យន្តការនេះដោយចាប់ផ្តើមទាំង ៩ ០០០សាលាតែម្តង គឺពិបាកហើយច្របូលច្របល់។
យើងត្រូវបែកចែកយកអីមួយនៅក្នុងមត្តេយ្យ បឋម អនុវិទ្យាល័យ វិទ្យាល័យ តើមួយណាដែលជាមូលដ្ឋានរឹងមាំ ហើយអនុវត្តបានគឺបឋមសិក្សាហ្នឹងហើយ។ បើថ្នាក់ទី ១ ដល់ទី ៦ នេះរឹងមាំ ខ្ញុំគិតថាឡើងទៅទី៧, ទី៨ ក៏គាត់មានមូលលដ្ឋាន ទី៩, ទី១០, ទី១១, ទី១២ ក៏គាត់(មាន)មូលដ្ឋានគ្រាន់បើ ដែលលោកគ្រូអនុវិទ្យាល័យ វិទ្យាល័យស្រួលបង្រៀន។ គាត់មានមូលដ្ឋានរឹងមាំពីក្រោម។ កន្លងទៅ ក្រសួងអប់រំបានខិតខំពង្រឹង(ការងារ)នេះហើយ។ យើងបានមូលដ្ឋាន ប៉ុន្តែនៅមានបញ្ហា។ យើងមិនទាន់ល្អឥតខ្ចោះ។ យើងត្រូវពង្រឹងឱ្យល្អ។ បើយើងពង្រឹងមត្តេយ្យពិបាក ត្បិតក្មួយៗ ទើបមានវ័យ ៤ឆ្នាំ ឬ ៥ឆ្នាំ … ធ្វើម៉េចបង្កើនអាហារូបត្ថម្ភឱ្យគាត់ បង្រៀន skill មួយចំនួនដើម្បីជាមូលដ្ឋានពេលគាត់ឈានទៅរៀនបឋមសិក្សាហ្នឹង …។
(១០) គណៈកម្មការជាតិកែទំរង់អប់រំ ប្រមូលធនធាននិងកម្លាំងជួយដោះស្រាយបញ្ហាបឋមមួយចំនួន
ការជ្រើសរើស(វិធីសាស្ត្រ)បែបនេះ មិនមានគោលគំនិតអីផ្សេងក្រៅពីការអនុវត្តដូចបានរៀបរាប់មកនេះទេ … កន្លងទៅមានមន្ទិលសង្ស័យ ឬថាមិនយល់មិនច្បាស់។ ខ្ញុំធ្លាប់និយាយច្រើនពីការរៀបចំគណៈកម្មការអីហ្នឹង ហើយក៏មានការឆ្ងល់។ ថាតើកម្មវិធីនេះត្រូវធ្វើអី ប្រកួតប្រជែងស្អី? ថ្ងៃមុន សូម្បីតែរើសសាលាហ្នឹងក៏ជាន់គ្នា។ ខ្ញុំថាកុំទៅដណ្ដើមគ្នា។ បើសិនជាសាលាអាទិភាពរបស់ក្រសួងអប់រំមាន ១២០សាលា យើងរើសសាលាផ្សេង។ ត្រីគគោកពេញបឹង យើងទៅចាប់(កន្លែងតែមួយ)ធ្វើអី។ ថ្ងៃក្រោយយើងផ្ទេរដាក់នៅក្នុងកន្ត្រកតែមួយទេតើ។ គណៈកម្មការជាតិមិនមានគោលការណ៍ធ្វើការជំនួសក្រសួងអប់រំក្នុងរយៈពេលវែងទេ។ គណៈកម្មការជាតិ (ដែលមាន)នាយករដ្ឋមន្រ្តីជាប្រធាននេះ បង្កើតឡើងជាបណ្ដោះអាសន្នដើម្បីប្រមូលធនធាន និងកម្លាំងសម្រាប់ជួយដោះស្រាយបញ្ហាបឋមមួយចំនួន … ឧទាហរណ៍ការធានាថែម ២ម៉ោងនៅក្នុងសាលា ត្រូវការធនធានផ្សេងៗ ត្រូវគិតគូរម៉ោងគ្រូដែលគាត់ត្រូវបង្រៀនថែមម៉ោង។ តើយើងយកពីណា? បើសិនជាផែនការនេះគិតគូរពីដើមទី នោះយើងធ្វើបាន។ តែនេះជាគម្រោងថ្មី ត្រូវការបុរេប្រទានពិសេស ត្រូវការការជួយពិសេស … ហើយលោកគ្រូអ្នកគ្រូនៅទីនេះ អាចនឹងចូលរួមអនុវត្តន៍។
ខ្ញុំដឹងថាមានការជជែកគ្នា និងមានការមិនយល់។ ខ្ញុំចង់បញ្ជាក់ប៉ុណ្ណេះ ដើម្បីកុំឱ្យមានការយល់ច្រឡំ។ អ្នកដែលអង្គុយធ្វើផែនការ(មាន)គ្នាតិច។ ខ្ញុំខ្លាចតែគ្នាតិចហ្នឹង (ក្រែងមានអ្នក)ទៅបញ្ជូនព័ត៌មានថែម ក្អែកមួយ ក្អែកដប់ ធ្វើឱ្យកាន់តែមិនយល់។ អញ្ចឹងខ្ញុំដាក់ឱ្យច្បាស់តែម្ដង។ ជួនកាល ទស្សនៈនៃការបញ្ជូនព័ត៌មានបន្ថែម អ្នកដែលប្រជុំធ្វើផែនការនេះបានតិច។ ដល់ពេលនិយាយតគ្នាទៅ មានការយល់ច្រឡំ។ កម្មវិធីមិនទាន់ចាប់ផ្ដើមផង ក៏មានការបកស្រាយ/យល់ថាជាការប្រកួតប្រជែងគ្នា។ ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា កម្មវិធីដែលគណៈកម្មការជាតិអនុវត្ត គឺដើម្បីបំពេញនិងសាកល្បងកម្មវិធី រករូបមន្តមួយដែលឆ្លើយទៅនឹងសំណួរដែលឯកឧត្តម ហង់ជួន ណារ៉ុន សួរអម្បាញ់មិញថា ធ្វើយ៉ាងម៉េចទៅ បើយើងកំពុងខ្វះសាលា ខ្វះគ្រូ។
(១១) បើគំរោងសាលាបែបទី៣ ដើរ នឹងជូនព័ត៌មានទៅក្រសួង ដើម្បីបន្ស៊ាំចូលជាកម្មវិធីរួម
បើឱ្យអនុវត្តកម្មវិធីពេញដូចក្រសួង ដូចសាលាជំនាន់ថ្មី យើងទៅមិនរួច។ ឥឡូវគេហៅ កម្មវិធីសន្សំសំចៃ សម្រាប់ច្នៃប្រឌិត low cost។ អញ្ចឹង សួរថាតើការជំរុញនៅក្នុងកម្មវិធីដែលក្រសួងអប់រំបានធ្វើក្នុងសាលាគំរូទាំងប៉ុន្មាន(នោះមានស្ថានភាពដូចម្តេច?)។ ខ្ញុំថាល្អ។ កុំទៅរំខានកម្មវិធីនោះ។ សាកល្បង(គំរោងសាលាមួយបែបផ្សេងទៀត)នេះសិន។ បើសិនជាវាដើរ យើងនឹងជូនព័ត៌មាននេះទៅខាងអប់រំ ដើម្បីឆ្នាំក្រោយៗ ធ្វើផែនការបន្ស៊ាំគ្នា ហើយព្រលែងឱ្យចូលទៅក្នុងវិធីរួម។ នេះហើយវិធីសាស្រ្តធ្វើ។ យើងដឹងថាធ្វើម៉េចហើយ ប៉ុន្តែពេលខ្លះធ្វើលឿនពេកបាក់ … ការបញ្ជាក់នៅទីនេះ គឺដើម្បីឱ្យបានយល់ទាំងអស់គ្នា ក្រែងនៅមានការស្រពិចស្រពិលក្នុងយន្ដការនេះ។ ទាំងនេះ សុទ្ធតែជាគោលគំនិត និងការសាកល្បង ដើម្បីឆ្លើយតបទៅនឹងសំណួរថា៖ ការពង្រឹងការអប់រំ យើងត្រូវពង្រឹងមូលដ្ឋាន(អប់រំ) ហើយពង្រឹងមូលដ្ឋាន(អប់រំ តើ)ពង្រឹងស្អី? ពង្រឹងកន្លែងណា? ហើយពង្រឹងយ៉ាងម៉េច?
(១២) ពង្រឹងមូលដ្ឋានអប់រំតាមរយៈធាតុចូលនិងការសំយោគពីលោក/អ្នកគ្រូ បុគ្គលិកអប់រំទូទាំងប្រទេស
ខ្ញុំគាំទ្រអោយមានសិក្ខាសាលាប្រចាំឆ្នាំ ដែលតែងតែលើកបទពិសោធន៍មកចែករំលែក។ ធម្មតាការអនុវត្តផែនការអត់មានលទ្ធផលដូចដែលយើងរំពឹងគិតទាំងអស់នោះទេ។ អ្នកអង្គុយសរសេរផែនការ (អង្គុយសរសេរ)គោលនយោបាយ អង្គុយគិតព្យាករណ៍ ប៉ុន្តែដល់ពេលដាក់ទៅ ចាត់តាំងអនុវត្ត វាមានបញ្ហាច្រើន។ បញ្ហានេះហើយដែលត្រូវការផ្គុំគ្នា បូកសរុប វាយតម្លៃ និងលើកយោបល់ថា កន្លែងណាត្រូវកែសម្រួល កន្លែងណាដែលត្រូវពង្រឹងបន្ថែម កន្លែងណាដែលត្រូវចែករំលែក កន្លែងណាដែលត្រូវមិនចែករំលែក ដើម្បីយើងយកមកពង្រឹងមូលដ្ឋានរួម ពីលទ្ធផលដែលបានពីសមូហភាព ពីលោកគ្រូអ្នកគ្រូ ជាបុគ្គលិកមន្រ្តីអប់រំនៅទូទាំងប្រទេសបានផ្តល់។ ក្នុងរបាយការណ៍ថាមានការប្រជុំ ២ពាន់នាក់តាមប្រព័ន្ធអនឡាញ ដើម្បីបានជាធាតុផ្សំចូលមក និងដើម្បីយកទៅសំយោគ អាចចេញជាបទពិសោធន៍ feedback សម្រាប់យើងបន្ត …។
គ្រប់ក្រសួងស្ថាប័នទាំងអស់បានធ្វើការបូកសរុបវាយតម្លៃ។ ខ្ញុំសង្ឃឹមថា អ្វីដែលបានជាលទ្ធផលនៃការបូកសរុបនេះ នឹងដាក់ទិសដៅការងារ មិនចប់ត្រឹមថ្ងៃដែលបូកសរុបលទ្ធផល ដែលវាយចប់ ព្រីន បានឃើញ ឯកភាព ហើយចប់(នោះទេ)។ ប៉ុន្តែយកចំណុចមួយចំនួន(មកអនុវត្តន៍)។ ខ្ញុំមិនរំពឹងថា ធ្វើបានទាំង១៦ចំណុច នោះទេ ប៉ុន្តែយ៉ាងហោចណាស់ អាចធ្វើទៅបាននូវចំណុចមួយចំនួន គឺអនុវត្តចាត់ចែងតែម្ដង។ ឯកឧត្តម លោកជំទាវ ប្រហែលជាចូលរួមប្រជុំច្រើនហើយ។ ប្រជុំដែលបានផលប្រយោជន៍ គឺប្រជុំមិនបាច់វែងក៏បានដែរ តែចេញមកមានគោលដៅ ១, ២, ៣ ដែលត្រូវធ្វើបន្ដ។ ហ្នឹងដែលចាំបាច់មែនទេ? បើគ្រាន់តែប្រជុំ ដើម្បីប្រជុំ លើកយោបល់ហើយចប់ បូកសរុប ដាក់នៅក្នុងនេះចប់ទៅធ្វើដដែល។ អ្វីដែលបានពីកិច្ចប្រជុំ យើងអត់ធ្វើ អញ្ចឹងវាមិនជោគជ័យ។
(១៣) យោបល់ពីថ្នាក់ក្រោមមកលើតាមរយៈសិក្ខាសាលាប្រចាំឆ្នាំជាធាតុផ្សំពិសេស
ក្រសួងអប់រំបានបូកសរុប ហើយកែច្នៃលំដាប់ជាប្រចាំ។ ខ្ញុំសូមគាំទ្រនិងលើកទឹកចិត្តយកជាសូចនាករជាយោបល់ពីថ្នាក់ក្រោមហ្នឹង ព្រោះជាធាតុផ្សំពិសេស។ ពីថ្នាក់ក្រោមនេះហើយដែលយើងឱ្យមើល។ កាលខ្ញុំនៅមេទ័ពជើងគោក ខ្ញុំដើរចុះជួបទៅដល់ទ័ពនិងមេទ័ពជួរមុខ។ ពិតណាស់ យើងមានកម្មវិធីហ្វឹកហ្វឺនប្រចាំឆ្នាំ ដែលការិយាល័យហ្វឹកហ្វឺនជើងគោកធ្វើផែនការរួម។ ខ្ញុំនៅតែចុះទៅជួបខាងក្រោម ដើម្បីដឹងថាតើផែនការ(ដែលបានដាក់នោះ យក)មកអនុវត្តចេញឬទេ? កន្លែងខ្លះថា “អនុវត្តមិនចេញទេ ព្រោះអត់មានមនុស្ស។ ពេលវេលាក៏អស់។ អញ្ចឹងត្រូវតែច្នៃ”។ ជួនកាល ចេញមកផែនការហ្នឹងអនុវត្តបាន ប៉ុន្តែវាអត់ត្រូវជាមួយនឹងសំណូមពរភារកិច្ចរបស់ខ្ញុំប្រចាំថ្ងៃ។ អញ្ចឹងធាតុផ្សំពីក្រោមឡើងមកលើនេះ ជាកិច្ចការសំខាន់ ហើយការធ្វើសន្និបាតសំខាន់។ អញ្ចឹង ខ្ញុំសូមគាំទ្រ ហើយសូមធ្វើការកោតសរសើរដល់ការដាក់ទិសដៅបន្ថែមក្នុងផែនការ ក្នុងរបាយការណ៍និងទិសដៅការងាររបស់ក្រសួងអប់រំអម្បាញ់មិញនេះ ។ លម្អិតណាស់ ហើយផែនការនេះ គ្រាន់តែសង្ខេបផងចង់ ២០ទំព័រ។ ទិសដៅ សរសេរមួយបន្ទាត់ធ្វើ៥ឆ្នាំ។ អញ្ចឹងមួយបន្ទាត់ៗ ធ្វើ ៥ឆ្នាំ។ សូមរើសបន្ទាត់ឱ្យត្រូវ កុំរើសបន្ទាត់ខុស។ ជួនកាលសរសេរអាទិភាពមក ១០ ចំណុច រើសមួយពីរដែលអាទិភាពធំៗ ប្រឹងធ្វើឱ្យចេញ ព្រោះជួនកាលអាទិភាព ៨ទៀត វាពឹងទៅលើ ២ហ្នឹង។
(១៤) ធនធានមនុស្សកម្ពុជាអាចចាប់យកការបណ្តុះបណ្តាលបច្ចេកវិទ្យាបាន
ទៅក្រៅប្រទេស ខ្ញុំជួបអ្នកវិនិយោគ។ ខ្ញុំថា ធនធានមនុស្សកម្ពុជា បណ្ដុះបណ្ដាលបានច្រើនណាស់ ហើយមានលទ្ធភាពអាចចាប់យកបច្ចេកវិទ្យាបាន។ ការអប់រំយើងខ្លាំង ប៉ុន្តែនៅតែ(ថា)ដដែល ការអប់រំកន្លែងណា អប់រំអី? អប់រំច្រើន ប៉ុន្តែសួរថាតើសម្រាប់ឧស្សាហកម្មមួយហ្នឹង ចាំបាច់អប់រំច្រើនទេ។ បើបង្រៀនមនុស្សឱ្យតែត្រៀមធ្វើការនៅរោងចក្រផលិតឡាន តើចាំបាច់បង្រៀនគាត់ធ្វើជា GM ទេ? ខាងគណនេយ្យទេ? បណ្ដុះបណ្ដាល TVET ឱ្យគាត់ចេះ។ បើគេត្រូវការអ្នកបញ្ជា Robot បង្រៀនឱ្យចំ។ កំណែទម្រង់របស់យើងដូចគ្នា។ មានច្រើនណាស់នៅក្នុងនេះ ហើយយើងមិនចាំបាច់ថាត្រូវតែធ្វើមួយឆ្នាំហ្នឹងឱ្យអស់ ឬ ៥ឆ្នាំឱ្យអស់ ប៉ុន្តែចាប់ផ្ដើមវាពីជំហានៗដែលត្រូវធ្វើ។ ការបូកសរុបថ្ងៃនេះ ប្រហែលជាអាចដឹងនៅពេលយើងដាក់ទៅ។ ពេលដែលដាក់ផែនការ យើងគិតថាហ្នឹងជារឿងសំខាន់។ ដល់ពេលអនុវត្តជាក់ស្ដែង ថ្នាក់ក្រោមប្រាប់ថា រឿងហ្នឹងអត់ទាន់សំខាន់ទេ រឿងនេះសំខាន់ជាង។ យើងច្នៃតាមបែបនេះ។ នេះហើយជាមូលដ្ឋាននៃការដាក់ចេញនូវគំរូសាលា។ ស្រដៀងគ្នាហ្នឹងឯង។
(១៥) ដោះស្រាយកង្វះខាតចំពោះមុខ ដោយបំពេញគ្រូ បំពេញហេដ្ឋារចនាសម្ព័ន្ធ ដោយមិនរង់ចាំ
យើងច្នៃ ដើម្បីផ្គុំគ្នា ដើម្បីឆ្លើយតបទៅនឹងការធានាគុណភាពបណ្ដុះបណ្ដាលសិស្ស។ គុណភាពទាំងពីចំណេះដឹងក្នុងខ្លួន ទាំងឥរិយាបទ ទាំងវិន័យ សីលធម៌ផ្សេងៗ សំខាន់បំផុត គឺការធានាដោះស្រាយបញ្ហាចំពោះមុខដែលយើងខ្វះខាត ការបំពេញគ្រូ ការបំពេញហេដ្ឋារចនាសម្ព័ន្ធ។ យើងអត់អាចនៅអង្គុយចាំទាល់តែ(តម្រូវការ)ទាំងអស់នោះគ្រប់ បានធ្វើនោះទេ។ កុំចាំ។ ស្អីដែលមានក្នុងដៃ ច្នៃធ្វើទៅ។ កាលខ្ញុំនៅអង្គភាពប្រឆាំងភេវរកម្ម មួយក្រុម ៦នាក់ ត្រូវមានសំភារៈទម្លុះទ្វារមួយ ហើយភាគីមិត្តជួយសំភារៈមួយឈុត ៥ពាន់ដុល្លារ។ អញ្ចឹងគេបំពាក់បានតែ ២ឈុត។ គ្នាយើងមាន ១០កង។ តើយើងត្រូវចាំសុំគេឬទេ។ ខ្ញុំថា “ទេ! ទៅកន្លែងផ្សារដែកហ្នឹង។ ធ្វើអស់តែ ២០០ដុល្លារ។ យើងច្នៃខ្លួនឯង ហើយយើងសម្រេចភារកិច្ចបាន។ កុំចាំបាច់ពឹងគេទំលាក់គ្រប់អ្វីដែលយើងចង់បាន (យើងត្រូវ)ច្នៃដោយខ្លួនឯង។
(១៦) យកគ្រូបង្គោលធ្វើជាសិក្ខាកាម រៀនចប់ សរសេរឯកសារបង្រៀន
ការបណ្ដុះបណ្ដាលក៏ដូចគ្នា។ ពេលដែលគេឱ្យមួយវគ្គមកយើងរៀន ខ្ញុំអត់បញ្ជូនសិក្ខាកាមទៅបណ្ដុះបណ្ដាលទេ។ ខ្ញុំបញ្ជូនគ្រូបង្គោលឱ្យទៅរៀន ដើម្បីយកមកតែងឯកសារបង្រៀនវិញ។ បើគេបង្រៀន មួយឆ្នាំគេមកបង្រៀនម្ដង។ បើចាំមួយឆ្នាំម្ដង ជំនាញដែលរៀនប៉ុន្មាន ក៏នឹងភ្លេចអស់ហើយ។ ខ្ញុំបញ្ជូនគ្រូបង្គោលឱ្យទៅរៀន។ ឱ្យដាក់ក្រុមកាមេរ៉ាថតទាំងអស់នូវកម្មវិធីដែលគេបង្ហាត់។ យកគ្រូបង្គោលហ្នឹងធ្វើជាសិស្ស។ រៀនចប់ចេញមកអង្គុយសរសេរឯកសារដើម្បីបង្រៀនវិញ។ ថ្ងៃក្រោយពេលដែលគ្រូថ្មីមក សិស្សយើងអាចចេះខ្លះរួចទៅហើយ។ អ្វីដែលខ្ញុំនិយាយគឺការច្នៃប្រឌិតនូវអ្វីដែលមាន។ កម្មវិធីសាកល្បង ៥០ សាលានេះ គឺច្នៃអ្វីដែលមាននៅមូលដ្ឋាន យកបទពិសោធពីសាលាដែលធ្លាប់បានជោគជ័យរួចហើយ ដោយមិនចាំបាច់ប្រើធនធានពីលើ។ នៅទូទាំងប្រទេស យើងមានសាលាដែលបានជោគជ័យច្រើនណាស់។ សាលាដែលជោគជ័យ សាលាដែលបានលទ្ធផលល្អ ច្នៃប្រឌិតច្រើន ដោយមិនចាំបាច់(មានជំនួយ)អី្វទាំងអស់ ទាំងចលនាពីឪពុកម្ដាយអី យកអាហ្នឹងមកដើម្បីធ្វើ។ នេះជាអ្វីដែលខ្ញុំតែងតែចង់បាន។ យើងចង់បានលទ្ធផលហ្នឹង យើងត្រូវពុះពារធ្វើ តែធ្វើយ៉ាងម៉េចច្នៃប្រឌិតឲ្យបាន។ សំខាន់បំផុតដកដង្ហើមតាមច្រមុះខ្លួនឯងឲ្យអស់លទ្ធភាព ចាំពឹងអុកស៊ីសែនមកពីលើ …។
(១៧) ច្នៃម៉ោងស្អុយ ឲ្យសិស្សចូលមកសាលាប្រមូលផ្ដុំធ្វើការងារកីឡា ឬការងារសង្គម
នេះហើយជាគោលការណ៍ ហើយចាំបាច់គ្រាន់តែចែករំលែកបទពិសោធន៍បង្ហាញខ្លះ។ រឿងតែប៉ុណ្ណឹង។ ហ្នឹងហើយបានសាលាដែលយើងសាកល្បងនេះ ត្រូវខិតខំកុំឲ្យប្រើប្រាស់ថវិកាមិនចាំបាច់បន្ថែម ហើយប្រើអ្វីដែលមាននៅមូលដ្ឋាន។ គោលដៅធំបំផុត គឺច្នៃម៉ោងស្អុយ ដែលសិស្សមិននៅសាលា ឲ្យចូលមកក្នុងសាលាដើម្បីធ្វើអីមួយ។ បើគ្មានថ្នាក់រៀនគ្រប់ តើគាត់អាចធ្វើអីផ្សេងដែលនៅប្រមូលផ្ដុំអាចផ្ដល់បាន? ការងារកីឡា ការងារសង្គមបានទេ? ជាជាងគាត់ទៅផ្ទះ គាត់ដើរបងតូចបងធំ ឪពុកម្ដាយក៏រវល់។ រឿងហ្នឹងមិនចាំបាច់ចាយថវិកាទេ។ នេះហើយជាការច្នៃប្រឌិត ទម្រាំតែយើងមានឱកាស។ កន្លែងខ្លះមិនចាំបាច់ទាំងមានអគារផង មានតែរោកអាចទៅប្រមូលផ្ដុំគ្នាស្វ័យសិក្សា។ សាកល្បងរៀនជាក្រុមដោយមិនចាំបាច់(មានគ្រូ)។
(១៨) បណ្ដុះគំនិតសិស្សដោយបំពេញបន្ថែមចំណេះដឹងទូទៅ ការងារសង្គម និងវប្បធម៌
យើងចង់សាកល្បងគំនិតម្ចាស់ការ។ ខ្ញុំធ្លាប់ធ្វើអស់ហើយ។ បើចាំគេជួយបានពីរ sets តម្លៃ ១ម៉ឺនដុល្លារ។ យើងមាន ១០កងជាង។ តើឆ្នាំណាគេបំពាក់ បើបំពាក់មួយឆ្នាំតែ២ ហើយមិនដឹងកាលណាបំពាក់(ទៀត)។ តែបើយើងទៅធ្វើខ្លួនឯង ជាងដែកនៅទួលទំពូង អស់តែ ២០០ ដុល្លារ។ ១០ sets អស់តែ ២០០០ ដុល្លារ ស្មើមួយ set។ យើងបំពាក់បានភ្លាម យើងហ្វឹកហ្វឺនបានភ្លាម។ គេមកបង្ហាត់ យើងបញ្ជូនគ្រូទៅចងក្រងឯកសារ បង្ហាត់ខ្លួនឯង ច្នៃប្រឌិតខ្លួនឯង ស្រាវជ្រាវតាម YouTube បន្ថែមទៀត ហាត់ទៅ។ ចាំបាច់ទាល់តែមានកម្មវិធីធ្វើអី។ ឧទាហរណ៍។ ខ្ញុំមិនមែននៅក្នុងវិស័យអប់រំទេ ប៉ុន្តែហ្វឹកហ្វឺនទាហានស្រដៀងគ្នាដែរ។ ការច្នៃប្រឌិតនៅក្នុងការបង្រៀន ការចងក្រងឯកសារ រកសម្ភារៈច្នៃប្រឌិត។ កម្មវិធីពេលល្ងាចសម្បូរបែប ទី១ យើងផ្ដោតលើការបំពេញបន្ថែមចំណេះដឹងទូទៅដែលគាត់រៀនពីព្រឹកបាន ៣ម៉ោងកន្លះ ល្ងាចអាចបន្ថែមអី ក្នុងមួយអាទិត្យហ្នឹង។ ថែមឲ្យច្រើនទៅ។ ក្រៅពីនោះ ការងារសង្គម ការងារអីខ្លះ ដើម្បីបណ្ដុះគំនិតគាត់។ ពេលខ្លះ អាចថែមជាម៉ោងរបាំ … ជួនកាលលោក/អ្នកគ្រូខ្លះ(បង្រៀន)រាំម៉ាឌីហ្សូន គោះត្រឡោក … បន្តិចៗអញ្ចឹង តែវាជាសកម្មភាពមួយគ្រាន់បើជាងក្មេងអត់ធ្វើអី។ ហ្នឹងបំពាក់នូវវប្បធម៌និងការចេះដឹង។ បន្តិចៗហ្នឹង ទុកឲ្យគ្រូគាត់ច្នៃទៅចុះ។ ហើយសួរថាអស់លុយឬអត់? អត់អស់លុយច្រើនទេ។ យើងអាចបំប៉នឧបត្ថម្ភជូនលោក/អ្នកគ្រូខ្លះដែលគាត់មកជួយមើលបន្ថែម។ ម៉ោងដែលយើងរៀនបន្ថែមនេះ គឺអាចជួយនៅក្នុងការជំនួសម៉ោងរៀនគួរ ព្រោះនៅជនបទខ្លះអត់មានលទ្ធភាពរៀនគួរទេ។ លោកគ្រូខ្លះអត់ត្រូវជំនាញ ដែលបង្រៀនគួរមិនកើត។ តែម៉ោងរៀនជាក្រុមនេះ យើងនឹងសិក្សាដើម្បីឱ្យទៅជាម៉ោងបំប៉នបន្ថែម រំលឹកនូវអ្វីដែលរៀនពីព្រឹក …។
(១៩) មិនគួរបង្កើតមូលនិធិសមធម៌ ចៀសវាងការយល់ច្រឡំថាជាការដាក់កាតព្វកិច្ច
ការច្នៃប្រឌិតគឺបែបនេះ។ ខ្ញុំឃើញសម្ទុះនៃការចង់ចូលរួមរបស់លោក/អ្នកគ្រូ និងឪពុកម្ដាយ។ ខ្ញុំថា ពេលដែលទៅទាញការគាំទ្ររបស់ឪពុកម្ដាយ ដាច់ខាតកុំដាក់កាតព្វកិច្ចជូនគាត់។ អម្បាញ់មិញ ខ្ញុំឃើញថាការបង្កើតមូលនិធិសមធម៌។ សូមលើកយោបល់ថាកុំបង្ខំឲ្យបង្កើត។ តែមិនស្រួលគាត់ច្រឡំថា ទាមទារកាតព្វកិច្ចឲ្យគាត់ត្រូវបង់ថវិកាចូលទៀត។ សូមកុំបង្ខំឪពុកម្ដាយអោយបង់។ ធ្វើម៉េចឲ្យតែសាលាល្អ។ ឪពុកម្ដាយដែលស្រឡាញ់កូន គាត់ជួយឯកឯង។ គាត់គ្មានថវិកា ក៏គាត់ជួយកម្លាំងចិត្ត ជួយណែនាំកូន។ បានដូចគ្នា។ កន្លែងណាគាត់មានលទ្ធភាព គាត់ធ្វើទៅ។ យើងមិនប្រកាន់។ តែធ្វើម៉េចចៀសពីការដាក់កាតព្វកិច្ចណាមួយ ជាពិសេសកាតព្វកិច្ចហិរញ្ញវត្ថុ កុំឲ្យមាន។ កុំនាំឲ្យមានយល់ច្រឡំ។ មូលនិធិសមធម៌ឬមួយអី ខ្ញុំជូនយោបល់ថាកុំចាំបាច់បង្កើត គួរទុកឲ្យលោក/អ្នកគ្រូ ជាមួយអាណាព្យាបាលគេធ្វើទៅ។ បើគាត់ចង់បង្កើត ក៏បង្កើតទៅ ហើយគាត់ចង់ដាក់អីដាក់ទៅ ចង់ចូលជាបដិភាគក៏ស្រេចតែគាត់។ តែកុំឲ្យសោះ(ជាទម្រង់កាតព្វកិច្ច) ព្រោះឥឡូវនេះមាន Facebook។ មិនស្រួលទេ។ គ្រាន់តែមួយវ៉ាស កម្មវិធីប៉ុន្មានឆ្នាំបាត់រលីង។ អាចមានឪពុកម្ដាយ ៩៩% គាំទ្រកម្មវិធី ឪពុកម្ដាយតែ ១% យល់ច្រឡំ ដាក់ចូលតាម Facebook វាទៅជារឿងផ្សេង។ អញ្ចឹងយកល្អ ការឯកភាពរវាងសាលា ឲ្យវិមជ្ឈការសិទ្ធិក្នុងការធ្វើទៅ …។
(២០) គួរបង្កើនទំនាក់ទំនងល្អ និងការប្រទាក់ក្រឡារវាងឪពុកម្ដាយនិងគ្រូ
ការចូលរួមរបស់ឪពុកម្ដាយ ក៏មិនចាំបាច់ក្នុងរូបភាពជាថវិកាចូលសាលាដែរ។ ឲ្យតែគាត់ជួយប្រដៅកូនគាត់ឲ្យខំប្រឹងរៀន ខ្ញុំថាល្អហើយ។ ឲ្យតែជួយជំរុញឲ្យកូនគាត់គោរពវិន័យសាលា ល្អហើយ។ អ្វីដែលលោកគ្រូ/អ្នកគ្រូចង់បាន គឺជាទំនាក់ទំនងល្អ និងការប្រទាក់ក្រឡាជាមួយឪពុកម្ដាយ។ ខ្ញុំឃើញបញ្ហាធំបំផុត ជាពិសេស សាលានៅក្នុងក្រុង គឺការដាច់ឆ្ងាយពីគ្នារវាងឪពុកម្ដាយនិងសិស្ស។ ជំនាន់ខ្ញុំ ត្រូវរំពាត់គ្រូនៅសាលា ទៅប្រាប់ពុកថាគ្រូវាយ ចង់ពន្យល់យ៉ាងម៉េច(ក៏ដោយ) គាត់វាយថែម ព្រោះគាត់ទុកចិត្ត គាត់ជឿថាលោកគ្រូ/អ្នកគ្រូមិនដែលប្រដៅកូនគាត់ខុសទេ។ ថ្ងៃមុន ខ្ញុំឃើញនៅសាលាមួយនៅខេត្តកណ្ដាល កូនសិស្សធ្វើអីខុស លោកគ្រូប្រដៅ ស្រាប់តែម្ដាយដែលស្រឡាញ់កូនផង ដោយមិនទាន់ដឹងរឿងរ៉ាវអីច្បាស់លាស់ ក៏ដាក់គ្រូមួយប្រាវតាម Facebook។ ទម្រាំតែយល់គ្នា។ បើសិនជាគ្រូនិងសិស្ស និងឪពុកម្ដាយ មានទំនាក់ទំនងហ្នឹងស្រួល។
(២១) តួអង្គអប់រំសំខាន់ ៣ គឺ ផ្ទះ សាលា និងសហគមន៍
ឪពុកម្ដាយនិងសិស្សគឺជាតួអង្គនៃការអប់រំ។ អប់រំនៅសាលា និងអប់រំនៅផ្ទះ គឺជាកត្តាខ្លាំងណាស់ ដើម្បីជួយលុបបំបាត់ឥទ្ធិពលពីសង្គមខាងក្រៅ។ អប់រំមានតែ ៣ ទេ នៅផ្ទះ នៅសាលា និងនៅក្នុងសង្គម។ បើសាលានិងផ្ទះឯកភាពគ្នាពង្រឹងហើយ ឥទ្ធិពលសង្គមយ៉ាងម៉េច ក៏អាចនេះ(ទប់ទល់បាន)ដែរ។ ក្នុងសង្គមមានរឿងច្រើនដែលយុវជនជាពិសេស ត្រូវពិចារណាថាតើមួយណាល្អ មួយណាអាក្រក់ ... តើរាំនេះខុស ឬរាំនោះខុស? តើសកម្មភាពនេះល្អ ឬអាក្រក់? យើងអភិរក្សពេកវាមិនទៅមុខ តែយើងអភិវឌ្ឍដោយអត់មានក្របខ័ណ្ឌច្បាស់លាស់ វាអនាធិបតេយ្យ។ អញ្ចឹងការអភិវឌ្ឍត្រូវមានតម្លៃមួយកំណត់។ ការអប់រំរបស់ឪពុកម្ដាយ និងគ្រូនេះហើយ គឺជាកត្តាកំណត់តម្លៃក្នុងខ្លួនរបស់មនុស្ស។ បើយើងមានតម្លៃមួយច្បាស់លាស់ ដឹងថាអ្វីខុសអ្វីត្រូវ អ្វីៗ នឹងងាយស្រួល … អញ្ចឹងធ្វើម៉េចបង្កើននូវការគាំទ្រ ប្រទាក់ក្រឡា រវាងឪពុកម្ដាយ សហគមន៍ជាមួយនឹងសាលា។ ហ្នឹងហើយគឺជាជោគជ័យនៃការអប់រំ ដែលខ្ញុំហៅថា ភាពជាដៃគូរវាងរដ្ឋ និងសហគមន៍ដើម្បីអប់រំនោះ។ រដ្ឋតំណាងដោយសាលា អាចថាមានគាំទ្រពីមន្ទីរអប់រំ ការិយាល័យអប់រំអីផ្សេងៗ។ ទី៣ សហគមន៍ គឺសំដៅទៅលើមាតាបិតា ប្រជាពលរដ្ឋនៅក្នុងសហគមន៍ហ្នឹងតែម្ដង ដែលគាត់គាំទ្រសាលា។ សាលាក្នុងភូមិ ទោះបីកូនគាត់មិនរៀន ក៏គាំទ្រក្នុងហ្នឹង ដើម្បីវិស័យអប់រំ។
(២២) ការិយាល័យអប់រំស្រុក ជាសេនាធិការជំនាញជួរមុខ និងជាខ្សែបណ្តោយមកក្រសួងមន្ទីរ
ខ្ញុំសុំឲ្យពិនិត្យមើល ការពង្រឹងតួនាទីរបស់ការិយាល័យអប់រំស្រុក … ឥឡូវយើងធ្វើវិមជ្ឈការទៅស្រុកច្រើន ហើយការិយាល័យអប់រំស្រុកដើរតូនាទីជាជំនាញឲ្យស្រុក និងជាជំនាញឲ្យមន្ទីរអប់រំ ដើម្បីធ្វើការ។ កន្លងទៅយើងធ្វើវិមជ្ឈការទៅដល់ឃុំ។ យើងធ្វើវិមជ្ឈការដល់ទៅខេត្ត។ នៅចន្លោះ(ថ្នាក់ស្រុក)ហ្នឹង។ អញ្ចឹងសូមយកចិត្តទុកដាក់។ កន្លែងខ្លះយើងនៅខ្វះមនុស្ស កន្លែងខ្លះខ្វះទាំងហេដ្ឋារចនាសម្ព័ន្ធ។ នេះក៏ជាចំណុចមួយដែលគួរយកចិត្តទុកដាក់។ ការិយាល័យអប់រំស្រុកជាសេនាធិការជំនាញជួរមុខ។ មានមន្ទីរអប់រំហើយ តែសេនាធិការជំនាញគឺការិយាល័យអប់រំ(ស្រុក)។ អញ្ចឹងជួយពង្រឹងតួនាទីរបស់ការិយាល័យអប់រំស្រុក។ សុខាភិបាលក៏ដូចគ្នា។ ការិយាល័យអប់រំ និងការិយាល័យសុខាភិបាល ជាសេនាធិការជំនាញនៅក្នុងការផ្ដល់យោបល់ជូនអភិបាលស្រុក គណៈអភិបាលស្រុក ហើយក៏ជាខ្សែបណ្ដោយមកក្រសួងមកមន្ទីរ។ អញ្ចឹងយើងត្រូវពិនិត្យមើលពីការពង្រឹងកន្លែងនេះ។ ខ្ញុំចំណាប់អារម្មណ៍(ប៉ុណ្ណឹង)ទាក់ទងនឹងការពង្រឹងតួនាទីនៅមូលដ្ឋានរបស់យើង។
[ចប់សេចក្ដីអធិប្បាយ១]
ឯកឧត្ដម លោកជំទាវ លោក លោកស្រី អង្គសន្និបាតទាំងមូល!
ស្របពេលដែលព្រះរាជាណាចក្រកម្ពុជារក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ហើយអ្វីដែល ជាការកត់សម្គាល់ថែមទៀតនោះ ឆ្នាំសិក្សា ២០២២-២០២៣ ជាឆ្នាំចុងក្រោយ ដែលក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ ស្របតាមយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដូចបានលើកឡើងនៅក្នុងរបាយការណ៍សង្ខេបរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលពិតជាបានស្តែងចេញនូវកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងស្អិតល្មួតរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់។
អង្គសន្និបាតអប់រំនៅពេលនេះ បានដំណើរការដោយរលូន និងទទួលបានសមិទ្ធផល គួរជាទីមោទនៈលើការងារអប់រំ ការអភិវឌ្ឍយុវជន និងការអប់រំកាយនិងកីឡា ដោយបានពិនិត្យឡើងវិញនូវសមិទ្ធផលសម្រេចបានក្នុងឆ្នាំសិក្សាកន្លងមក ព្រមទាំងបានដាក់ចេញនូវអាទិភាព និងទិសដៅការងារនាពេលខាងមុខ ឱ្យកាន់តែស៊ីជម្រៅ និងមុតស្រួច ស្របតាមបរិការណ៍ថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងខណៈដែលកម្ពុជាកំពុងរក្សាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងបានឆ្លើយតបទៅនឹងចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និង២០៥០។
ខ្ញុំសូមគាំទ្រចំពោះកម្មវិធីកំណែទម្រង់វិធានការ និងអាទិភាព ដែលអង្គសន្និបាតបានដាក់ចេញដោយឈរលើមូលដ្ឋាននៃសមិទ្ធផលនាពេលបច្ចុប្បន្នកន្លងមកនេះ។
រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់ឤទិភាព ក្នុងការជ្រើសរើសគ្រូបង្រៀន ទាំងគ្រូបង្រៀនមានក្របខ័ណ្ឌ និងគ្រូបង្រៀនកិច្ចសន្យាបច្ចេកទេស ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀន និងប្រកបដោយគុណភាព, ការកៀរគរ និងការផ្តល់ធនធានបន្ថែមទៀតសម្រាប់គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន, ការអនុវត្តកំណែទម្រង់សាលារៀន, ការអភិវឌ្ឍ និងការលើកកម្ពស់បំណិនសតវត្សទី២១ដល់យុវជន, ការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, ការជំរុញការអប់រំឌីជីថល, កំណែទម្រង់សាលាគរុកោសល្យ, ការលើកកម្ពស់សុខភាពសិក្សា, និងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា ដោយភ្ជាប់ការស្រាវជ្រាវនិងការអភិវឌ្ឍ។
ដើម្បីលើកទឹកចិត្ត និងយកចិត្តទុកដាក់លើកិច្ចការដ៏មានសារៈសំខាន់នេះ ខ្ញុំសូមផ្តល់អនុសាសន៍ សំខាន់ៗសម្រាប់អនុវត្តបន្តដូចខាងក្រោមនេះ ៖
ទី១) សូមបន្តពង្រឹងអភិបាលកិច្ចសាលារៀន និងអភិវឌ្ឍប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ, មានភាពបុរេសកម្ម, ទំនើបកម្ម និងឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ ដែលបាននិងកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូ និងការធានាបាននូវសេវាអប់រំ ដែលមានប្រសិទ្ធភាព និងគុណភាពប្រកបដោយសមធម៌ បរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
ទី២) បន្តពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់អ្នកសិក្សា ដូចជាចាប់ផ្តើមអនុវត្តការសិក្សាពេញមួយថ្ងៃ, និងកែលម្អសៀវភៅសិក្សាគោល ដើម្បីឱ្យស្របគ្នាជាមួយបណ្តាប្រទេសជឿនលឿន។
ទី៣) ដាក់ឱ្យប្រើប្រាស់វិធីសាស្រ្តបង្រៀន វិធីសាស្រ្តរៀន និងវិធីសាស្រ្តវាយតម្លៃថ្មី ដែលអាចអនុញ្ញាតឱ្យសិស្សអភិវឌ្ឍបំណិននៃការគិត ប្រកបដោយការត្រិះរិះពិចារណាដោះស្រាយបញ្ហា ដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃ, និងអនុវត្តចំណេះដឹងវិទ្យាសាស្ត្រក្នុងជីវិតប្រចាំថ្ងៃ។
ទី៤) បន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយត្រូវពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន ចេញថ្មី និងធ្វើវិក្រឹតការគ្រូបង្រៀន, កែលម្អការបណ្តុះបណ្តាលគ្រូ ដើម្បីបំពេញតាម “ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន” និងផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ
[ផ្តើមសេចក្តីអធិប្បាយ២]
(២៣) ក្រសួងអប់រំនិងមុខងារសាធារណៈ គិតពីក្របខណ្ឌគ្រូកិច្ចសន្យា
ចំណុចនេះ ខ្ញុំសុំឲ្យក្រសួងអប់រំគិតគូរជាមួយនឹងក្រសួងមុខងារសាធារណៈ ពីការគិតក្របខណ្ឌបច្ចេកទេសថ្មីដែលហៅថាគ្រូកុងត្រា គ្រូកិច្ចសន្យានោះ ត្រូវអោយមានការបណ្តុះបណ្តាលក្របខណ្ឌដូចគ្នា។ លោកគ្រូចូលទៅ ខុសតែពាក្យមួយទេ គឺមួយកុងត្រា មួយក្របខណ្ឌមួយជីវិត។ ខ្ញុំមិនពន្យល់ច្រើនទេ។ និយាយរួមគ្រូកុងត្រានេះទទួលនូវតួនាទី ភារកិច្ច និងសិទ្ធិ និងការទទួលខុសត្រូវ អត្ថប្រយោជន៍បៀវត្សរ៍អីដូចគ្រូធម្មតា គ្រាន់តែមួយយើងអត់ជាប់កាតព្វកិច្ចមួយជីវិត។ មួយទៀត ពួកគាត់អាចចាប់ផ្តើមម្តងមួយឆ្នាំនៅគ្រាដំបូង។ បន្ទាប់មក បើត្រូវគ្នា(បានន័យថាវាយតម្លៃគ្នាទៅវិញទៅមក) លោកគ្រូជាប់កិច្ចសន្យាថាចង់នៅតទៀត សាលាក៏ចង់បានលោកគ្រូនៅទៀត អាចឈានទៅដល់ ៣ ឆ្នាំ។ បើគ្រប់ ៣ ឆ្នាំនេះ គាត់អាចបន្តទៀត អាចបន្ថែម ៥ឆ្នាំម្តងរហូតដល់ចូលនិវត្តន៍។ ការតម្លើងនៅក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិលយើងធ្វើដូចគ្នា រហូតទៅដល់មានតួនាទីធំៗ មួយចំនួនគឺអាចធ្វើជាកុងត្រាបាន។ ព្រោះដើម្បីអ្វី? ព្រោះដើម្បីបើកច្រកទាញយកគ្រូ ធនធានមនុស្សដែលមានសមិទ្ធកម្ម ដែលមានសមត្ថភាពខ្ពស់ចូលមកតែម្តង។
ឧទាហរណ៍លោកគ្រូមួយដែលជា dean នៅសាលាឯកជន។ គាត់ចង់ចូលមកសាលារដ្ឋ ឬមួយមកក្នុងការិយាល័យជំនាញណាមួយរបស់ក្រសួងអប់រំ។ បើចូលឥឡូវទាល់តែឲ្យគាត់ជាទីប្រឹក្សា ឬក៏ជារដ្ឋលេខាធិការបើឲ្យកម្រិតគាត់ជាមន្រ្តីធម្មតាអត់កើត។ អញ្ចឹងអាចទាញចូលមកជាអនុការិយាល័យ ឬក៏កន្លែងខ្លះជាអនុប្រធាននាយកដ្ឋាន ឬមួយអីមួយ តែយើងមាន(ការកំណត់)គុណវុឌ្ឍិ។ បើមិនអញ្ចឹងទេ យើងបិទច្រកនៃការកសាងធនធានមនុស្ស … ក្រសួងមួយចំនួនត្រូវការវិស្វករសំណង់។ ឥឡូវយើងខ្វះវិស្វករសំណង់ មានវិស្វករសំណង់ស្រាប់ហើយ។ អាយុ ៤៥ ឆ្នាំ ហួសក្របខណ្ឌហើយ តែបើចូលកម្រិតនយោបាយហួសជំនាញ ទាញចូលទៅក្នុងប្រអប់ដែលត្រូវការខាងនាយកដ្ឋានសំណង់អីអញ្ចឹងទៅ។ បើគាត់មានគុណវុឌ្ឍិត្រឹមត្រូវអាចឲ្យតួនាទីនៅក្នុងហ្នឹង លើកលែងតែប្រអប់សំខាន់មួយចំនួន ឧទាហរណ៍កំពុងឲ្យគិតថា អនុប្រធាននាយកដ្ឋានអាចប្រើមន្ត្រីកិច្ចសន្យាឬទេ។ បើប្រធាននាយកដ្ឋានទាល់តែផ្ទេរគាត់មកវិញ។ យើងគិតពីគុណវុឌ្ឍិហ្នឹងដើម្បីយើងបើកច្រក បើមិនអញ្ចឹង យើងបើកច្រកតែអត់មានអ្នកណាចូល។
(២៤) ការរើសគ្រូកិច្ចសន្យាត្រូវអនុវត្តគោលការណ៍ “រើសអោយចំ ថែអោយនៅ”
កាលមុន យើងធ្លាប់មានបញ្ហារឿងពេទ្យ។ ពេទ្យជំនាញ ពេទ្យឯកទេសទៅរៀន មកវិញលើសអាយុ។ ដោយសារខុសមួយបន្ទាត់(គឺកំណត់ត្រឹមវ័យ) ៣០ ឆ្នាំ។ យើងចោលធនធានអ្នកបណ្តុះបណ្តាលចេញទៅក្រៅ។ ដល់ក្រោយមកយើងលុបវិញ។ គាត់ឯកទេសបេះដូង ឯកទេសអីផ្សេង មកវិញអាយុ ៣១ បាត់។ អញ្ចឹងយើងអត់មានពេទ្យតែដដែល។ អ្នកដែលមានជំនាញចង់ចូលៗ មិនចុះ។ គ្រូក៏ដូចគ្នា។ ប្រអប់នេះស្រួលទៀត។ ប្រអប់នេះឲ្យទៅក្នុងសាលាតែម្តង ឲ្យទៅកន្លែងតែម្តង ហើអត់រត់ទេ។ បានន័យថាបើមន្រ្តីក្របខណ្ឌអាចផ្ទេរ តែបើមន្រ្តីកិច្ចសន្យានេះគឺមានកិច្ចសន្យាប៉ុណ្ណឹងសំរាប់ប្រអប់ហ្នឹង។ បើចង់កុងត្រាកន្លែងផ្សេង ត្រូវចប់កុងត្រាកន្លែងហ្នឹងសិន ទើបទៅកុងត្រាកន្លែងផ្សេង។ កុងត្រាយកប្រអប់។ កុងត្រាកន្លែងផ្សេង អត់ស្ពាយប្រអប់ហ្នឹងទេ។ អញ្ចឹងសម្រាប់សាលាមួយៗ ឧទាហរណ៍មានគ្រូ ១០០ នាក់ ក្នុងហ្នឹងមាន ៤០ ប្រអប់សម្រាប់កុងត្រា គឺប្រអប់ហ្នឹងនៅជាមួយគាត់រហូត។ អស់មនុស្សភ្លាម គាត់់មានសិទ្ធិរើសកុងត្រាអ្នកផ្សេងភ្លាម។ ហ្នឹងយើងត្រូវដោះស្រាយបញ្ហា ២ គឺរើសឲ្យចំ ថែឲ្យនៅ។ ដែលខ្ញុំថាថែឲ្យនៅហ្នឹង ហើយយើងបើកច្រកមួយទៀតដើម្បីធានា។ បើសិនជាឥឡូវលោកគ្រូមានក្របខណ្ឌផ្ទេរទៅសាលា ឬទៅស្រុកហ្នឹង ស្រាប់តែគាត់ផ្ទេរចេញទៅបាត់ បានន័យថា ក្របខណ្ឌស្រុកហ្នឹងត្រូវបាត់ហើយ។ គេអត់សងវិញទេ ត្រូវទេ? តែបើក្របខណ្ឌប្រអប់នេះគឺ fixed។ នៅហ្នឹងស្រុកនេះតែម្តង។ ចប់កុងត្រា ប្រអប់ហ្នឹង គាត់មានសិទ្ធិរើសបន្ថែម។ បៀវត្សរ៍ស្រាប់នៅហ្នឹង។ រដ្ឋអត់ត្រូវការបំពេញបន្ថែមបៀវត្សរ៍ទេ។ បៀវត្សរ៍មានហើយសម្រាប់ប្រអប់ហ្នឹង។ អ្នកណាមកយកឲ្យអ្នកហ្នឹង។ អ្នកហ្នឹងចេញពីប្រអប់ហ្នឹង អ្នកផ្សេងចូលមកឲ្យអ្នកហ្នឹង។ អញ្ចឹងថវិការដ្ឋអត់ប៉ោងទេ។ កន្លងទៅ ដោយសារថវិការដ្ឋប៉ោងហើយ បានជាមន្រ្តីក្របខណ្ឌអស់ យើងអត់ហ៊ានបំពេញបន្ថែមភ្លាម ដោយសារនៅកាតព្វកិច្ចច្រើន … តែជម្រើសនេះអាចធ្វើបានច្រើន។
(២៥) កំពុងពិចារណាបូកអតីតភាពការងារទាំងក្នុងរដ្ឋនិងក្នុងវិស័យឯកជនសម្រាប់គ្រូកិច្ចសន្យា
សុំឲ្យរៀបចំក្របខណ្ឌនិងការបណ្តុះបណ្តាលគុណវុឌ្ឍិជូនលោក/អ្នកគ្រូដែលចូលក្របខណ្ឌនេះ … ឧទាហរណ៍ គាត់មានសញ្ញាបត្រហើយ តែត្រូវមានការបំប៉នជំនាញគ្រូសម្រាប់ចូលធ្វើការ។ ការងារដូចគ្នាអីដូចគ្នាទាមទារគុណវុឌ្ឍិដូចគ្នា មិនមែនថាលោកគ្រូក្របខណ្ឌបច្ចេកទេសអត់យកចិត្តទុកដាក់ទេ។ អញ្ចឹងថ្នាក់ដែលគាត់បង្រៀនខ្សោយអត់បានទេ។ ត្រូវស្មើគ្នា។ យើងគិតប្រាក់ខែដូចគ្នា បានអត្ថប្រយោជន៍ ប-ស-ស ដូចគ្នា អីដូចគ្នា ខុសតែមួយទេ គាត់អត់កុងត្រាមួយជីវិត។ បានន័យថា អ្នកដែលមានក្របខណ្ឌមួយជីវិតចូលនិវត្តន៍មានប្រាក់ចូលនិវត្តន៍។ ឥឡូវយើងកំពុងពិចារណាពីប្រាក់ចូលនិវត្តន៍មួយទៀតសម្រាប់គ្រូកុងត្រា។ បានន័យថាឲ្យគាត់ធ្វើការរដ្ឋក្តីធ្វើការឯកជនក្តី បូកអតីតភាពការងាររហូត។ អញ្ចឹងគាត់មានជម្រើស។ កុំឲ្យថាទាល់តែធ្វើការរដ្ឋ ៣០ ឆ្នាំបានៗ។ អញ្ចឹងថ្ងៃក្រោយគាត់ធ្វើការងាររដ្ឋ ១៥ ឆ្នាំ ចេញទៅឯកជនអាចបូកត(បូកយោង)។ គេគិតរូបមន្តយ៉ាងម៉េចខ្ញុំមិនទាន់ដឹង។ គ្រូឯកជនដូចគ្នា។ គាត់ធ្វើការឯកជនបាន ១៥ ឆ្នាំ ផ្ទេរមករដ្ឋយើងបូកយោងដូចគ្នា។ អញ្ចឹងថ្ងៃក្រោយ រវាងមន្រ្តីក្របខណ្ឌពេញនិងមន្រ្តី(កុងត្រា) មិនមានអ្វីខុសគ្នាទេ។ អត្ថប្រយោជន៍ដូចគ្នា។ តើនេះជាផលប្រយោជន៍អ្នកណា? ខ្ញុំថាគួរតែរៀបចំការគិតគូររើសធនធានមនុស្សឲ្យមានភាពបត់បែនបែបដូចនេះទើបយើងទៅរួច។ឲ្យមានច្រកចេញចូលអញ្ចឹង។
(២៦) យកគុណវុឌ្ឍិ និងមិនប្រកាន់អតីតភាព ក្នុងការរើសមន្រ្តី
អញ្ចឹងយើងអាចធានាឆ្លើយតបបានតម្រូវការធនធានមនុស្ស។ អ្នកដែលធ្វើការក៏គាត់មានជម្រើសច្រើន។ យើងសាក។ យើងអនុវត្តបែបនេះ ព្រោះឥឡូវពិភពលោកទៅតាមហ្នឹងអស់ហើយ។ សូម្បីតែប្រទេសបារាំងដែលជាប្រទេស fonctionnaire រឿងក្របខណ្ឌរដ្ឋខ្លាំង ឥឡូវក៏គាត់កែដែរ។ គាត់ត្រូវប្រកួតប្រជែងជាមួយនឹងប្រទេសអាលឺម៉ង់ ប្រកួតប្រជែងសេដ្ឋកិច្ចជាមួយនឹងប្រទេសផ្សេងៗ ទីផ្សារការងារត្រូវមានភាពបត់បែន។ ប្រជាពលរដ្ឋរបស់យើងលែងប្រកាន់រវាងឯកជន និងរដ្ឋ គឺឆ្លងគ្នាបាន បូកចូលគ្នាបាន។ រូបមន្តយ៉ាងម៉េច បូកយោងយ៉ាងម៉េច ហ្នឹងសុំឲ្យក្រសួង(មុខងារសាធារណៈពិចារណា)។ កិច្ចការនេះខ្ញុំបានបញ្ជាក់ច្រើននៅក្នុងកម្មវិធីសាធារណៈ ហើយថ្ងៃនេះក៏សុំបញ្ជាក់បន្ថែមប្រាប់លោក/អ្នកគ្រូ ឲ្យបានយល់។ យើងចង់ធ្វើអញ្ចឹងដើម្បីធានាបានភាពបត់បែន។
ជួនកាលធ្វើការមួយរយៈទៅ ចង់ចេញទៅឯកជន ១០ឆ្នាំ។ ឥឡូវថាចង់ចូលមកវិញ មានឱកាសទៅនាយកដ្ឋានផ្សេង ឬទៅក្រសួងណាផ្សេងដែលត្រូវការគុណវុឌ្ឍិរបស់គាត់ … ព្រោះជួនកាលគាត់ជំនាញច្បាប់ ឬមានជំនាញដែលក្រសួងត្រូវការ។ អញ្ចឹងការរើសមន្រ្តីនេះគឺយកគុណវុឌ្ឍិ អត់ប្រកាន់អតីតភាពថានៅក្រសួងនេះនៅក្រសួងនោះទេ។ តាមពិត ខ្ញុំមើលនៅប្រទេសមួយចំនួនដូច Singapore គាត់ឲ្យមន្រ្តីដូរគ្រប់តែក្រសួង ដើម្បីឲ្យបានយល់ឲ្យបានដឹងគ្រប់ជំនាញ ពិសេសមន្រ្តីកណ្តាល។ អញ្ចឹងយើងបើកច្រកហ្នឹង។ ឥឡូវគិតគូរបានប៉ុន្មានជំហ៊ានហើយ។ ប្រជុំដូច ៦, ៧ដង ហើយលើរឿងហ្នឹង។ ក្នុងកិច្ចប្រជុំមុនគេ គឺយើងធ្វើកិច្ចការពាក់ព័ន្ធអប់រំ និងសុខាភិបាលមុនគេ។ ក្រសួងផ្សេងទៀតទុកសិន។ ជូនអប់រំ សុខាភិបាលមុន។ យើងគិតពី pilot project មុន ព្រោះទំហំធំ។ អញ្ចឹងយើងធ្វើពីនេះមុន កុំអាលទៅរំជើបរំជួលកន្លែងផ្សេង។ បើពីរនេះអនុវត្តបាន ហើយចំគោលគំនិតនៃការអនុវត្តវិធានពង្រឹងមូលដ្ឋាននៅក្នុងការបំពេញសាលា និងមណ្ឌលសុខភាពអីផង យើងធ្វើចាប់ផ្តើមពីមូលដ្ឋានមកតែម្តង។ អញ្ចឹងសុំឲ្យរៀបចំ។
[ចប់សេចក្តីអធិប្បាយ២]
ទី៥) បន្តអភិវឌ្ឍការអប់រំឌីជីថល ដោយត្រូវបន្តធ្វើសមាហរណកម្មវិស័យបច្ចេកវិទ្យាឌីជីថលទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត, បំពាក់បន្ទប់ពិសោធន៍ឌីជីថល, ភ្ជាប់បណ្តាញអគ្គិសនី និងអ៊ីនធើណិតនៅតាមគ្រឹះស្ថានសិក្សា, លើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពឌីជីថលដល់ គ្រូបង្រៀន, បញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងការបង្រៀននិងរៀន, កែលម្អមាតិកាឌីជីថល និងបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល និងផ្សព្វផ្សាយវេទិកាឌីជីថល ឱ្យកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។
[ផ្តើមសេចក្តីអធិប្បាយ៣]
(២៧) ដំណាក់កាលពង្រឹងនិងបង្រួម ដើម្បីប្រើធនធានមានប្រសិទ្ធភាព
អម្បាញ់មិញឃើញគឺមានការរៀបចំបង្កើត cyber university ផង។ ខ្ញុំសូមអរគុណនិងសូមគាំទ្រ ហើយក៏អរគុណដែលបានអញ្ជើញ(អោយចូលរួម)។ ចាំដាក់ថ្ងៃ។ បង្កើតហើយ។ បង្កើតនៅតិចណូ។ ខ្ញុំថាជាជាងបង្កើតដាច់ដោយឡែក ៥, ៦, ៧ សាលាហ្នឹងចែក resource ដើម្បីមកជួយ។ កាលមុនខ្ញុំថា R&D ខាងស្រាវជ្រាវនិងអភិវឌ្ឍន៍ហ្នឹង មិនបាច់ចាំទៅបង្កើតមជ្ឈមណ្ឌលអីដាច់មួយទេ យកសាលាណាមួយជាគោលសំរាប់យើងដាក់ resource ចូលនៅក្នុងហ្នឹងតែម្តង។ គ្រូនៅហ្នឹងអីនៅហ្នឹងស្រាប់ ចែករំលែកបទពិសោធន៍។ ឥឡូវនេះជាដំណាក់កាលពង្រឹងនិងដំណាក់កាលបង្រួម។ ជួនកាលយើងមានស្ថាប័នច្រើនធ្វើការតែការងារមួយ។ អញ្ចឹងយើងអត់បានសម្របសម្រួលធនធានគ្នា ជាន់ការងារគ្នា ហើយចែកធនធានបានតិច។ ថ្ងៃហ្នឹងឯកឧត្តម ឌិត ទីណា មកទេ? គាត់ថានៅកសិកម្មឥឡូវដូចបង្រួមមន្ទីរពិសោធន៍ហើយ។ កាលមុនយើងមានមន្ទីរពិសោធន៍នៅនាយកដ្ឋានតូចៗ ដោយសារមានគម្រោងដាច់ដោយឡែកពីគ្នា។ ពិតណាស់ យើងមាននាយកដ្ឋានមួយៗ ជំនាញខុសគ្នា ប៉ុន្តែបើសិនជាយើងធ្វើបន្តិចៗ វាអត់ជោគជ័យ។ យើងសុទ្ធចិត្តប្រមូលគ្នា រៀបចំតាមមើល ហើយសុខចិត្តឲ្យផ្នែកមួយៗ នាយកដ្ឋានតែមួយហ្នឹង មានផ្នែកមួយវិញ ជាជាងផ្នែកមួយៗវិមជ្ឈការនៅក្នុងក្រសួង …។
(២៨) ក្រសួងរ៉ែនិងថាមពលធ្វើក្របខណ្ឌគោលនយោបាយ ក្រសួងសាធារណការទទួលបន្ទុកគ្រប់គ្រងបច្ចេកទេស EV
ខាងឌីជីថលក៏ដូចគ្នា។ វិនិយោគធំ ហើយត្រូវការក្របខណ្ឌគោលនយោបាយត្រឹមត្រូវ។ ថ្ងៃមុនខ្ញុំទើបប្រគល់ភារកិច្ច ចែកឲ្យដាច់តែម្តង រឿងគោលនយោបាយ EV។ ថ្ងៃក្រោយរថយន្តអគ្គិសនីនេះ ត្រូវតែយើងរៀបចំ ធ្វើហើយ ព្រោះប្រទេសលើពិភពលោកប្រើហើយរថយន្តអគ្គិសនីហ្នឹង។ អញ្ចឹងយើងត្រូវតែរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដោយសារថាបន្តិចទៀតមនុស្សចាប់ផ្តើមជិះម៉ូតូអគ្គិសនី ព្រោះវាចំណាយទាប។ នៅប្រទេសគេ(ធ្វើ)អស់ហើយ។ អញ្ចឹងយើងត្រូវរៀបចំគោលនយោបាយមុន រួមទាំងការបែងចែកភារកិច្ចរវាងក្រសួង ២ ដែលពាក់ព័ន្ធ គឺក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរ៉ែនិងថាមពល។ ក្នុងអាណត្តិមុន ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានផ្តួចផ្តើមធ្វើច្រើន។ ប៉ុន្តែពេលដែលអនុវត្តទៅវាខ្ទាស់។ រថយន្តអគ្គិសនីត្រូវប្រើភ្លើង អ្នកណាអ្នកចេញគោលនយោបាយភ្លើង? ក្រសួងរ៉ែ និងថាមពល។ អញ្ចឹងបានឲ្យប្រជុំគ្នាទៅ។ លើកយោបល់ឲ្យខ្ញុំដើម្បីធ្វើការវះកាត់។ ថ្ងៃម៉ិញបានលើកយោបល់មក គឺប្រគល់ភារកិច្ចដាច់ដោយឡែកនៅក្នុងការធ្វើក្របខណ្ឌគោលនយោបាយ ទាំងការគ្រប់គ្រងគ្រឿងបំពាក់ ទាំងគោលនយោបាយថ្លៃអីនេះ ទៅដល់ក្រសួងរ៉ែនិងថាមពល ហើយក្រសួងសាធារណការ ទទួលបន្ទុកលើការងារគ្រប់គ្រងបច្ចេកទេស EV។ ចែកឲ្យដាច់តែម្តង។ អញ្ចឹង កុំឲ្យក្រសួងមួយធ្វើការ ដល់ត្រូវការភ្លើងសង់ហេដ្ឋារចនាសម្ព័ន្ធភ្លើង សាធារណការទៅ។ ដល់រត់ទៅសុំតអគ្គិសនី … អញ្ចឹងសូម្បីតែអ្នកវិនិយោគហ្នឹងក៏មិនដឹងវិលទៅណា។ យើងកែសម្រួលបែបនេះ។
(២៩) សំរេចវះកាត់ ដើម្បីបង្កាភាពមិនប្រក្រតី និងរាំងស្ទះការវិនិយោគអំពីរថយន្តប្រើអគ្គិសនី
ឯកឧត្តម កែវ រតនៈ ឯកឧត្តម ប៉េង ពោធិ៍នា អត់បានមកទេ តែប្រហែលជាដឹងការសម្រេចរបស់ខ្ញុំ ព្រោះខ្ញុំទើបស៊ីញ៉េថ្ងៃម៉ិញនេះ។ ឥឡូវដឹងហើយ។ វះកាត់អញ្ចឹងតែម្តង។ ឲ្យដាច់ពីគ្នា។ មួយទទួលបន្ទុកបច្ចេកទេស រៀបចំរឿងភ្លើងរៀបចំរឿងអី (មួយទទួល)រឿងគោលនយោបាយ។ វាត្រូវការដាក់កន្លែង ដោតមិនស្រួល ដោតជិតការ៉ាសសាំងផ្ទុះទាំងអស់ … ត្រូវការគោលនយោបាយភ្លើងដើម្បីកំណត់តម្លៃកំណត់អី។ អញ្ចឹងក្រសួងហ្នឹងតែមួយតែម្តងទៅ។ ដោយឡែក ឡានយកមកត្រូវឆែកបច្ចេកទេស ដូចតែឡានប្រើសាំងហ្នឹងទុកឲ្យសាធារណការធ្វើទៅ។ បច្ចេកទេសយានយន្ត សាធារណការធ្វើទៅ … យើងសុខចិត្តកែសម្រួល ដោយសារពីមុនក្រសួងសាធារណការចាប់ផ្តើមការងារនេះ។ អញ្ចឹងមានយន្តការនាយកដ្ឋានស្រាប់នៅហ្នឹង។ បើខ្ញុំមានជម្រើសថា ឥឡូវឃើញការងារពាំត្រណោត តែដោយសារមានយន្តការហ្នឹងយើងអត់ហ៊ានវះកាត់ ទុក២០ឆ្នាំទៀតកាន់តែបញ្ហា។ ឥឡូវវះកាត់ឲ្យហើយទៅ។ ប្រគល់ភារកិច្ចឲ្យទៅក្រសួងរ៉ែនិងថាមពល បង្កើតនាយកដ្ឋាន … សុំទោស(ដែលការសំរេចនេះអាចនឹង)ប៉ះអារម្មណ៍ តែធ្វើម៉េច បើខ្ញុំមិនវះកាត់ ខ្ញុំត្រូវសុំទោសប្រជាពលរដ្ឋពេលដែលគោលនយោបាយ EV ដាក់ទៅមិនមានប្រក្រតីភាព ឬពេលដែលវិនិយោគដោះមិនចេញ …។
(៣០) អប់រំនិងទូរគមនាគមន៍ បណ្តុះបណ្តាលឌីជីថល តាមគោលនយោបាយជាស្តង់ដារ
អញ្ចឹងការបង្រួម ការកំណត់ទិសដៅ និងការដាក់ឲ្យច្បាស់នូវការបណ្តុះបណ្តាលឌីជីថលនេះ គឺសុំឲ្យប្រាកដប្រជា។ សុំរួមគ្នាធ្វើជាស្តង់ដារគោលនយោបាយមួយ។ ខ្ញុំសូមឲ្យសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីកុំឲ្យក្រសួង ២ ធ្វើការបណ្តុះបណ្តាលដូចគ្នា ស្តង់ដារខុសគ្នា គឺសុំឲ្យតែមួយដូចគ្នាតែម្តង ព្រោះទៅខាងមុខទៀតនឹងរុញទៅតាមសាលា។ ក្រសួងអប់រំចេញកម្មវិធីអប់រំ តែត្រូវការជួយជាការហេដ្ឋារចនាសម្ព័ន្ធរបស់ក្រសួង(ប្រៃសណីយ៍និងទូរគមនាគមន៍)។ អញ្ចឹងចេញគោលនយោបាយរួមពីដើមទីតែម្តង កុំឲ្យមានការប្រកួតប្រជែងគ្នា នាំដល់ការចែកសាលាគ្នា ណាអប់រំធ្វើ ណាប្រៃសណីយ៍ធ្វើ … ហ្នឹងគឺការងារសម្របសម្រួល។ ការកំណែទម្រង់រដ្ឋ ត្រូវពង្រឹងការបែងចែកភារកិច្ចឲ្យដាច់បែបនេះ។ អញ្ចឹងការរៀបចំគោលនយោបាយឌីជីថលរវាងសាលារដ្ឋ សាលាឯកជន និងនាយកដ្ឋាន/ស្ថាប័នណានៅក្នុងក្រសួងអប់រំដែលទទួលនេះ សុំបែងចែកឲ្យដាច់ ហើយការសហការកម្រិតណាជាមួយក្រសួងពាក់ព័ន្ធ ត្រូវរៀបចំជាគោលនយោបាយ …។ បើយើងដើរទៅហើយមានលំដាប់លំដោយស្រួលបួលហ្នឹងគឺដើរលឿន។ ខ្ញុំចាំពាក្យមួយថា “យឺតតែរលូន រលូនតែលឿន” ហ្នឹងគឺយឺតតែលឿន ដើរលឿនពេក បុកគ្នាដួល អត់ដល់ទីទេ … តែបើរលូន ឯកភាពគ្នាហើយថាអ្នកឯងដើរជំហាននេះខ្ញុំដើរនេះ យើងចេញដេប៉ាយឺតបន្តិច តែយើងដើររលូនជាមួយគ្នា … ទៅក្រៅប្រទេស កាលខ្ញុំនៅខាងប្រឆាំងភេរវកម្ម ទៅដល់ស្ថាប័នជំនាញរបស់ប្រទេសមហាអំណាចមួយដែលមាន ១០, ២០ ស្ថាប័ន ពិបាកជាងគេបំផុត គឺឲ្យអន្តរស្ថាប័នឯកភាពគ្នាចេញជាគោលការណ៍។ អញ្ចឹងដោយសារស្ថាប័នមួយៗ មានអាយុ ៥០, ៦០ ឆ្នាំហើយ ដល់ពេលចាប់មកជាមួយគ្នាលំបាក។ ប៉ុន្តែយើងចាប់ផ្តើមពីដើមទីនេះ កំណត់ឲ្យច្បាស់ជាការស្រួល ជាពិសេសគោលនយោបាយថ្មី គោលនយោបាយឌីជីថល technology នេះ។ ខ្ញុំសូមអរគុណ ហើយសូមគាំទ្រទៅដល់តួនាទីរបស់សាកលវិទ្យាល័យ និងគ្រឹះស្ថានបណ្តុះបណ្តាល ក្នុងការដើរតួនាទីសំខាន់ក្នុងការស្រាវជ្រាវ និងអនុវត្តនូវបច្ចេកវិទ្យា និងការអប់រំនៅក្នុងផ្នែកឌីជីថលនេះឲ្យបានរឹងមាំ ដោយក្រសួងអប់រំបន្តជួយថែមទៀត …។
[ចប់សេចក្ដីអធិប្បាយ៣]
ទី៦) បន្តលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សាត្រៀមវិធានការឆ្លើយតប និងចូលរួមទប់ស្កាត់ភ្លាមៗ និងបង្កើនការអប់រំអំពីសុវត្ថិភាពសុខភាពសិក្សា, សុវត្ថិភាពចំណី-អាហារ, កែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព ដូចជា រៀបចំបន្ទប់សុខភាពស្តង់ដា, បរិស្ថានសាលារៀនបៃតង, សាលារៀនស្អាតគ្មានសំរាម, និងការលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងអនាម័យ ។
ទី៧) ជំរុញភាពជាដៃគូសាធារណៈ និងសហគមន៍ក្នុងការអប់រំ ដោយចាប់ផ្តើមអនុវត្តនៅតាមសាលារៀនគំរូ និងរៀបចំសេចក្តីណែនាំអនុវត្តនៅគ្រប់គ្រឹះស្ថានសិក្សា ក្នុងគោលដៅផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបំផុសស្មារតីចូលរួម ដូចជាការបង្កើតមូលនិធិសមធម៌ ដើម្បីប្រើប្រាស់ថវិកាបដិភាគដោយស្ម័គ្រចិត្តពីមាតាបិតាសិស្ស សម្រាប់គាំទ្រដល់ការបន្ថែម មុខវិជ្ជាថ្មីៗ, ការបង្កើតទំនាក់ទំនងល្អរវាងមាតាបិតាសិស្ស និងគ្រូបង្រៀន ដើម្បីផ្តល់ព័ត៌មាន និងជួយគ្នាទៅវិញទៅមក។
[ផ្ដើមសេចក្ដីអធិប្បាយ៤]
កិច្ចការនេះ គឺការងារស្ម័គ្រចិត្ត ជាការងារដាច់ខាតតែម្តង។
[ចប់សេចក្ដីអធិប្បាយ៤]
ទី៨) បន្តអភិវឌ្ឍកុមារ និងយុវជន ឱ្យមានស្មារតីទទួលខុសត្រូវ មានជំនឿលើសមត្ថភាពរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម មានសីលធម៌ និងការរស់នៅក្នុងភាពជាពលរដ្ឋល្អ តាមរយៈការបំផុសចលនា “កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ”, កម្មវិធីយុវជនស្ម័គ្រចិត្ត, និងការលើកទឹកចិត្តឱ្យយុវជនចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍, ព្រមទាំងបន្តបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់យុវជន សំដៅឆ្លើយតបបានទៅនឹងឱកាសការងារ និងភាពរឹងមាំនៃកោសិកាសង្គម។
ទី៩) បន្តលើកកម្ពស់វិស័យកីឡា ដើម្បីកសាងមនុស្សគ្រប់រូបឱ្យមានសុខភាព និងសុខុមាល-ភាពល្អ, កាយសម្បទាមាំមួន, ឆន្ទៈមោះមុត, អំណត់ព្យាយាម, មានវិន័យ, មានស្មារតីក្រុម, គំនិតច្នៃប្រឌិត, និងមានការតស៊ូស្វិតស្វាញ។ ជាមួយនេះ ពង្រឹងការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា, ពង្រឹងយន្តការ ដែលមានស្រាប់រួមទាំងសហព័ន្ធកីឡា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ការបណ្តុះបណ្តាលធនធានមនុស្ស និងការលើកទឹកចិត្ត ដែលជាកត្តាចម្បងក្នុងការបង្កើនប្រសិទ្ធភាព និងគុណភាពនៃការត្រៀមខ្លួនរបស់អត្តពលិក, និងការពង្រឹងគុណភាព នៃការប្រកួតគ្រប់កម្រិត។
ទី១០) បន្តការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ, ការកសាងគោលនយោបាយ និងផែនការអប់រំ, និងការរៀបចំផែនការអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំ និងគ្រូបង្រៀន ឱ្យបានពេញលេញ និងមានភាពរស់រវើក និងប្រទាក់ក្រឡាគ្នា ដើម្បីធានាភាពស័ក្តិសិទ្ធិនៃភាព-ជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់
ខ្ញុំមានសុទិដ្ឋិនិយមចំពោះសមិទ្ធផលរបស់អង្គសន្និបាត និងអនុសាសន៍សំខាន់ៗ ដែលខ្ញុំបានលើកឡើងនាពេលនេះ ដែលនឹងក្លាយជាមូលដ្ឋាន និងជាធាតុចូលសម្រាប់យកទៅអនុវត្ត ក្នុងវិស័យអប់រំកម្ពុជានៅឆ្នាំសិក្សាថ្មី និងឆ្នាំសិក្សាបន្តបន្ទាប់។ នៅទីបញ្ចប់ ជាមួយនឹងការប្រកាសបិទ “សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំ-សិក្សា ២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៣-២០២៤” ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងអង្គសន្និបាតទាំងមូល សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ ឤយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕