- ឯកឧត្តម, លោកជំទាវ, អ្នកឧកញ៉ា, ឧកញ៉ា, លោក, លោកស្រី និង ភ្ញៀវកិត្តិយសទាំងអស់ ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំពិតជាមានក្តីសោមនស្ស ដោយបានចូលរួមជាអធិបតី ក្នុងពិធីបើក សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ក្រោមប្រធានបទ «ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០៣០ និង ឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ា សម្រាប់វិបុលភាព ប្រកបដោយភាពធន់, និរន្តរភាព និងបរិយាប័ន្ន»។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលបានសហការជាមួយស្ថាប័នជាតិ និងអន្តរជាតិនានាជាច្រើន រៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើង។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជន វិទ្យាស្ថានស្រាវជ្រាវ អង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងសន្និសីទនាពេលនេះ។
ខ្ញុំកត់សម្គាល់ឃើញថា ក្រោមកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ វិទ្យាស្ថាន CDRI បានរៀបចំសន្និសីទប្រចាំឆ្នាំនេះចំនួន ១៤ លើករួចមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០០៧ មកដល់ឆ្នាំ២០២២ ដោយតែងតែទទួលបានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សន្និសីទថ្ងៃនេះគឺជាសន្និសីទប្រចាំឆ្នាំលើកទី១៥ ហើយក៏ជាការចូលរួមលើកទី១ របស់ខ្ញុំ ក្នុងតួនាទីជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ដូចគ្នានឹងរាជរដ្ឋាភិបាលអាណត្តិមុនៗដែរ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ចាត់ទុកសន្និសីទនេះជាវេទិកាដ៏សំខាន់ ដែលផ្តល់ឱកាសឱ្យតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស «ស្ថាប័នស្រាវជ្រាវ» បានពិភាក្សា និងផ្តោះប្តូរយោបល់អំពីសមិទ្ធផល បញ្ហាប្រឈម និងទិសដៅយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍ ដោយផ្តោតសំខាន់លើការអនុវត្តជាក់ស្តែងផង និងភាពបត់បែនទៅតាមការផ្លាស់ប្តូរនៃបរិការណ៍សកល និងតំបន់ផង ដើម្បីអាចនាំនាវាកម្ពុជាទៅកាន់វិបុលភាព ប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន។ ដោយសារប្រធានបទឆ្នាំនេះ ផ្ដោតលើការគិតគូរអំពីដំណើរកម្ពុជាក្នុងការឆ្ពោះទៅឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ វត្តមានរបស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក និងលោកស្រី ព្រមទាំងការចូលរួមពិភាក្សាចែករំលែកនូវមតិយោបល់ក្នុងថ្ងៃនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងស្មារតីរួមចំណែក និងសហការគ្នា គូសវាស តម្រង់ទិស និងកំណត់ជោគវាសនាកម្ពុជា។
- ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី!
ប្រាកដណាស់ថា ការគិតគូរទៅអនាគត ចាំបាច់ត្រូវឈរលើសមិទ្ធផលដែលសម្រេចបានកន្លងមក ពោលគឺការគិតពីអនាគតកាន់តែឆ្ងាយទៅមុខ ចាំបាច់ត្រូវពិនិត្យមើលអតីតកាល ដើម្បីឱ្យមានមូលដ្ឋានគ្រប់គ្រាន់។ ក្នុងន័យនេះ ខ្ញុំសូមអនុញ្ញាតរំលឹកឡើងវិញថា ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ ផ្ដើមចេញពីនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាកសាងបាននូវមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំសម្រាប់កិច្ចអភិវឌ្ឍ ដោយប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ តាមរយៈ ១). ការបើកចំហការធ្វើពាណិជ្ជកម្មអន្តរជាតិឈរលើគោលការណ៍ពហុភាគីនិយម ២). ការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដើម្បីជាមូលដ្ឋានកសាងចន្ទល់ថ្មីៗ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច ៣). ការពង្រឹង និងការស្ដារហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជា ផ្លូវ ថ្នល់ ទឹក និងភ្លើង ដើម្បីលើកកម្ពស់ការតភ្ជាប់ សម្រួលការចល័តធនធាន និងកម្លាំងពលកម្ម ក៏ដូចជាពង្រាយមូលដ្ឋានផលិតកម្ម ៤). ការបន្តអភិវឌ្ឍ និងការលើកកម្ពស់មូលធនមនុស្ស ដើម្បីចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងបង្កើនផលិតភាព និង ៥). ការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចជាប្រចាំ ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ច រួមទាំង ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធធនាគារ ឱ្យមានប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព ព្រមទាំងបែងចែកផ្លែផ្កាកំណើនឱ្យមានសមធម៌ និងបរិយាប័ន្ន។
ជាលទ្ធផល កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំ ប្រកបដោយចីរភាពក្នុងអត្រាជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេលជាង ២ ទស្សវត្សរ៍កន្លងមក ដែលនាំឱ្យកម្ពុជាសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ដោយទំហំផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) កើនឡើងប្រមាណ ១០ ដង ពីប្រមាណ ៣,១១ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ១៩៩៨ ដល់ប្រមាណ ២៩,៦០ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២២។ ជាមួយគ្នានេះ ផ.ស.ស. សម្រាប់មនុស្សម្នាក់ បានកើនឡើងរហូតដល់ ៧ ដង គឺពីប្រមាណ ២៥៣ ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៨ ដល់ប្រមាណ ១ ៧៨៤ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ អត្រាភាពក្រីក្រធ្លាក់ចុះនៅក្រោម ១០% នៅមុនវិបត្តិជំងឺកូវីដ-១៩ និងគម្លាតវិសមភាពសង្គមកាន់តែរួមតូច រចនាសម្ព័ន្ធសេដ្ឋកិច្ចបានផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែកជាចម្បងលើកសិកម្មប្រពៃណី ទៅជាសេដ្ឋកិច្ចពឹងលើឧស្សាហកម្ម និងសេវាកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន។ ទន្ទឹមទៅនឹងការផ្សារភ្ជាប់កាន់តែខ្លាំងទៅនឹងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកល កម្ពុជាក៏សម្រេចបាននូវវឌ្ឍនភាពនៃការធ្វើពិពិធកម្មទំនិញ និងទីផ្សារនាំចេញ ដោយប្រមាណជា ១/៣ នៃរចនាសម្ព័ន្ធទំនិញនាំចេញបានផ្លាស់ប្តូរពីការពឹងផ្អែកខ្លាំងលើការនាំចេញផលិតផលកាត់ដេរ ដែលមានចំណែកប្រមាណជា ៩១% នៃការនាំចេញសរុបនាឆ្នំា២០០០ មកត្រឹម ៦២% នាឆ្នាំ២០២២ ខណៈដែលផលិតផលឧស្សហកម្មមិនមែនកាត់ដេរបានបង្កើនការរួមចំណែករបស់ខ្លួនក្នុងការនាំចេញសរុបពី ៩% មក ៣៨%។ ជាមួយគ្នានេះ កម្ពុជាក៏បានពង្រីកទីផ្សារនាំចេញរបស់ខ្លួនបន្ថែមទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់អាស៊ានបូក ៣ ដោយកាត់បន្ថយជាបណ្តើរៗនូវការពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប។
ជាមួយនឹងកំណើនខ្ពស់ និងពិពិធកម្មសេដ្ឋកិច្ច កម្ពុជាបានដាក់ចេញនូវមហិច្ឆតារបស់ខ្លួន នៅក្នុងដំណើរអភិវឌ្ឍន៍វែងឆ្ងាយ គឺការប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទោះជាយ៉ាងនេះក្តី វិបត្តិជំងឺកូវីដ-១៩ បានក្លាយជាវិញ្ញាសាជាក់ស្ដែងមួយ សម្រាប់សាកល្បងភាពធន់នៃសង្គម-សេដ្ឋកិច្ចកម្ពុជា សមត្ថភាពនៃប្រព័ន្ធសុខាភិបាល និងសមត្ថភាពធនធានរបស់កម្ពុជា ក្នុងការឆ្លើយតបនឹងវិបត្តិដែលមិនធ្លាប់មានពីមុនមក ទាំងទំហំ និងទាំងជម្រៅនៃការប៉ះពាល់លើសង្គម-សេដ្ឋកិច្ចកម្ពុជា។ ក្នុងស្ថានភាពនោះ កម្ពុជាត្រូវប្រយុទ្ធមិនគ្រាន់តែលើសមរភូមិសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រយុទ្ធក្នុងសមរភូមិអប់រំ គាំពារសង្គម ហិរញ្ញវត្ថុ ក៏ដូចជាសេដ្ឋកិច្ច ដោយរួមបញ្ចូលទាំងការរក្សាលំនឹងអាជីវកម្ម លំនឹងជីវភាពប្រជាពលរដ្ឋ និងលំនឹងសតិអារម្មណ៍របស់ប្រជាជនជារួម។ ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកយ៉ាងនេះក្តី ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេចតេជោ កម្ពុជាបានយកឈ្នះលើសមរភូមិជំងឺកូវីដ-១៩ រក្សាបានលំនឹងសង្គម-សេដ្ឋកិច្ច និងឈានទៅបើកប្រទេសទាំងស្រុងឡើងវិញ។
- ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី!
ទោះបីជាកម្ពុជាបន្តទទួលរងនូវផលប៉ះទង្គិចពីវិបត្តិជំងឺកូវីដ-១៩ ហើយវិបត្តិផ្សេងៗទៀតក៏កំពុងបន្តកើតឡើង រាជរដ្ឋាភិបាលមិនបានបោះបង់ ឬផ្លាស់ប្តូរនូវទិសដៅអនុវត្តរយៈពេលវែងនោះទេ។ រាជរដ្ឋាភិបាលនៅតែរក្សាគោលដៅសម្រេចមហិច្ឆតារបស់ខ្លួនដដែល គឺកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងន័យនេះ ដោយឈរលើស្មារតី «រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី» និង «គិតគូរជាសកល និងអនុវត្តតាមបរិការណ៍ក្នុងប្រទេស (Think Globally and Act Locally)» រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់យកនូវឤទិភាពគន្លឹះចំនួន ៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលត្រូវបានឆ្លុះបញ្ចាំងជាចម្បងតាមរយៈ បញ្ចកោណយុទ្ធសាស្ត្រទាំង ៥ នៅក្នុងរចនាសម្ព័ន្ធនៃយុទ្ធសាស្រ្តទាំងមូល។ យុទ្ធសាស្ត្របញ្ចកោណ ប្រកាន់យកទស្សនវិស័យវែងឆ្ងាយ ដោយកំណត់ទិសដៅអាទិភាព និងអនុវត្តជា ៥ ដំណាក់កាល ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យវែងឆ្ងាយ ឈរលើបេសកកម្មជាប្រវត្តិសាស្ត្រចម្បងពីរ៖ (ទី១). ថែរក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រំចលនការនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និង(ទី២). កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
រាជរដ្ឋាភិបាលមិនឈប់ត្រឹមការដាក់ចេញនូវយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែបានដាក់ចេញនូវកម្មវិធី យន្ដការកែទម្រង់ និងវិធានការជាក់ស្ដែង ជាបន្ដបន្ទាប់។ ក្នុងរយៈពេលជាង ២ ខែកន្លងទៅ រាជរដ្ឋាភិបាលបានដាក់ចេញជាបន្ដបន្ទាប់នូវ «កម្មវិធីគោលនយោបាយអាទិភាព ៦» ក្នុងនោះកម្មវិធីចំនួន ៥ ត្រូវបានប្រកាស និងដាក់ឱ្យចាប់ផ្តើមអនុវត្តរួចហើយ រួមមាន៖ (ទី១). «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» (ទី២). «ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងហានិភ័យ» និង(ទី៣). «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅទូទាំងប្រទេស» ជាមួយនឹង «ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត» (ទី៤). «កម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតផលកសិកម្មរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ» និង(ទី៥). «ការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសហគមន៍កសិកម្មបែបថ្មី»។
ក្នុងអំឡុងពេលនេះដែរ ក្នុងចំណោម «វិធានការគន្លឹះ ៥» ដែលមានចរិតជាការកែទម្រង់ស្ថាប័ន រាជរដ្ឋាភិបាលបានសម្រេចរៀបចំនូវគណៈកម្មាធិការជាតិ ៣ រួមមាន (១). គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (២). គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (៣). គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
កាលពីសប្ដាហ៍កន្លងទៅ នៅក្នុង វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ខ្ញុំបានសម្រេចដាក់ចេញនូវវិធានការមុតស្រួច ដែលមានចរិតជាការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដើម្បីជំរុញដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា ក៏ដូចជាឆ្លើយតបនឹងកង្វល់របស់ផ្នែកឯកជន ដែលមានជិត ២០០ ដើម្បីកាត់បន្ថយថ្លៃធ្វើធុរកិច្ច និងការសម្រាលបន្ទុករបស់ប្រជាជនទូទៅ លុបបំបាត់ និងកាត់បន្ថយនីតិវិធីរដ្ឋបាលមិនចាំបាច់នានា ជួយសម្រួលដល់ធុរជន និងប្រជាពលរដ្ឋក្នុងការបំពេញកាតព្វកិច្ចតម្រូវរបស់ច្បាប់ បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងវិធានការជាច្រើនផ្សេងទៀត។
ជាមួយនឹងការអនុវត្តកម្មវិធីគោលនយោបាយ វិធានការគន្លឹះ និងវិធានការកែទម្រង់មុតស្រួចនានា ដែលត្រូវបានដាក់ចេញកន្លងមក និងវិធានការបុរសកម្មផ្សេងៗ ក្នុងពេលខាងមុខ កម្ពុជារំពឹងថានឹងសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងអត្រា ៥,៦% នៅឆ្នាំ២០២៣ និងបន្ដងើបកាន់តែលឿន ក្នុងអត្រា ៦,៦% នៅឆ្នាំ២០២៤។ ប្រាកដណាស់ថា ទស្សនវិស័យកំណើននេះក៏អាចប្រឈមនឹងហានិភ័យមួយចំនួន ក្នុងពេលដែលស្ថានភាពបច្ចុប្បន្ននៅមានភាពមិនប្រាកដប្រជាខ្ពស់នៅឡើយ។ ក្នុងន័យនេះ កម្ពុជាចាំបាច់ត្រូវប្រកាន់យកស្មារតីនៃ «ការកែទម្រង់ជាប្រចាំ និងបុរេសកម្មជានិច្ច» ដោយព្យាយាមកសាងឱ្យបាននូវភាពធន់ផង និងជំរុញពិពិធកម្មសេដ្ឋកិច្ចផង។
- ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី!
សម្រាប់សន្និសីទយើងនៅពេលនេះ ខ្ញុំមានចំណាប់អារម្មណ៍ជាខ្លាំងលើកិច្ចពិភាក្សាទាំងបីវគ្គនៅថ្ងៃនេះ ដែលសុទ្ធតែជាប្រធានបទមានសារៈសំខាន់ ជាពិសេសផ្នែកគោលនយោបាយ សម្រាប់កម្ពុជាអាចត្រៀមខ្លួនឱ្យបានល្អ និងគ្រប់គ្រាន់ ដើម្បីសម្រេចបង្គោលចរឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ខាងមុខទៀត។ ដូចបានបញ្ជាក់ខាងលើ សេដ្ឋកិច្ចកម្ពុជាគឺជាសេដ្ឋកិច្ចបើកចំហ ដូច្នេះការផ្លាស់ប្តូរជាវិជ្ជមាន និងអវិជ្ជមានពីកត្តាខាងក្រៅនឹងជះឥទ្ធិពលដោយផ្ទាល់ និងប្រយោលមកលើសក្តានុពលកំណើនកម្ពុជារយៈពេលមធ្យម និងរយៈពេលវែង។ ដើម្បីជាការចូលរួមបំផុសគំនិតសម្រាប់ការពិភាក្សា ខ្ញុំសូមលើកនូវការសង្កេតមួយចំនួនពាក់ព័ន្ធនឹងការវិវត្តនៃបរិការណ៍សកល ដូចខាងក្រោម៖
ទី១). ការប្រែប្រួលដ៏ជ្រាលជ្រៅមួយ នៃការផ្លាស់ប្ដូរពីនិម្មាបនកម្មសេដ្ឋកិច្ច និងអភិបាលកិច្ចអន្ដរជាតិលក្ខណៈឯកប៉ូល ទៅរកប្រព័ន្ធពហុប៉ូល ដែលកំពុងលេចចេញជារូបរាងបណ្ដើរៗ
ទី២). ការចាប់ផ្ដើមពឹងផ្អែកកាន់តែខ្លាំងឡើងលើសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច នៅពេលដែលប្រទេសក្នុងតំបន់កាន់តែរីកចម្រើនឡើង និងសមាហរណកម្មកាន់តែស៊ីជម្រៅ ខណៈដែលសេដ្ឋកិច្ចធំៗសម្រេចបានកំណើនទាប
ទី៣). ការរីកចម្រើនផ្នែកជីឌីថលបន្ដមានសម្ទុះខ្ពស់ ជាពិសេសបញ្ញាសិប្បនិម្មិត ដែលបើកលទ្ធភាពក្នុងការជំរុញផលិតភាពឱ្យមានសម្ទុះខ្ពស់ឡើង និងអាចកាត់បន្ថយរយៈពេលនៃការរៀនសូត្រ ព្រមទាំងអាចពង្រាយបានទូលាយក្នុងរយៈពេលខ្លី និង
ទី៤). ប្រភពហិរញ្ញប្បទានសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ ក្នុងបរិការណ៍នៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ជាពិសេសសម្រាប់ប្រទេសមានចំណូលមធ្យម មានទំហំមិនគ្រប់គ្រាន់ និងមិនមានការសម្របសម្រួលល្អរវាងតួអង្គពាក់ព័ន្ធ ទាំងពហុភាគី ទ្វេភាគី និងវិស័យឯកជន។
ក្នុងន័យនេះ ខ្ញុំចង់ឃើញសន្និសីទរបស់យើងនាថ្ងៃនេះ គឺដើរតួជាវេទិកានៃការផ្តោះប្តូរយោបល់ត្រង់ទៅត្រង់មក ប្រកបដោយស្មារតីស្ថាបនា និងចូលរួមគិតគូរ អនុវត្ត និងទទួលខុសត្រូវរួមគ្នាលើជោគវាសនារបស់កម្ពុជា។ទន្ទឹមនឹងនេះ ខ្ញុំក៏ចង់ឃើញផងដែរថា លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថាន CDRI នាពេលបន្ដបន្ទាប់ នឹងមិនគ្រាន់តែជាការសិក្សាស្រាវជ្រាវបង្កើនការយល់ដឹងប៉ុណ្ណោះទេ ថែមទាំងជាឯកសារចង្អុលទិសគន្លឹះ សម្រាប់ជាធាតុចូលដល់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍នានា ក៏ដូចជាវិធានការគោលនយោបាយដើម្បីដំណោះស្រាយបញ្ហាប្រឈមទាំងឡាយដែលកំពុងកើតមាន និងនាពេលបន្តបន្ទាប់ រួមទាំងបញ្ហាប្រឈមនៅពេលដែលកម្ពុជារំពឹងថានឹងឆ្លងផុតពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច នាឆ្នាំ២០២៧ ខាងមុខ ការពង្រឹង និងការពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យបានរឹងមាំ និងមានពិពិធកម្មជាងមុន និងការកសាងភាពធន់សង្គម-សេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា។ ការចូលរួមរបស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ ដែលបង្ហាញពីការលះបង់កម្លាំងកាយចិត្ត ដើម្បីអនាគតរបស់កម្ពុជា។
ខ្ញុំសង្ឃឹមជឿជាក់ថា សន្និសីទនាថ្ងៃនេះ នឹងប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កា។ ខ្ញុំសូមលើកទឹកចិត្ត ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីទាំងអស់ ចូលរួមឱ្យបានសកម្ម និងផុសផុល ក្នុងការពិភាក្សា ដើម្បីឱ្យសន្និសីទនាថ្ងៃនេះបញ្ចប់ទៅប្រកបដោយផ្លែផ្កា និងទទួលបានធាតុចូលសំខាន់ៗ សម្រាប់ជាជំនួយដល់ការវិភាគ និងការសន្និដ្ឋានរបស់វិទ្យាស្ថាន CDRI លើប្រធានបទដ៏មានសារៈសំខាន់ថ្ងៃនេះ។
ជាចុងបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច និងជួបប្រទះនឹងពរ និងពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
ខ្ញុំសូមប្រកាសបើក សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៣ ចាប់ពីពេលនេះតទៅ៕
សូមអរគុណ!