ជូនចំពោះ បងប្អូនជនរួមជាតិជាទីស្រឡាញ់!
ខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីជម្រាបជូនបងប្អូនជនរួមជាតិ អំពីស្ថានភាពរបស់និស្សិតខ្មែរ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតខ្មែរដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាក្រុមគ្រួសារនៅកម្ពុជាថា សុខសុវត្ថិភាពរបស់បងប្អូននិស្សិតខ្មែរ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្ននេះ មាននិស្សិតខ្មែរដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែលចំនួន ៤៥២ នាក់ ហើយមកទល់នឹងពេលនេះ ប្អូនៗមានសុវត្ថិភាពទាំងអស់គ្នា ដោយមានការការពារយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងរបស់អ៊ីស្រាអែលនៅក្នុងតំបន់ដែលពួកគាត់រស់នៅ ក៏ដូចជាពីសំណាក់កសិដ្ឋានដែលពួកគាត់កំពុងស្នាក់នៅ និងហាត់ការ។ ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ក្រសួងអប់រំ យុវជន និងកីឡា អគ្គនាយកដ្ឋានចារកិច្ចក្រសួងការពារជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានតាមដានយ៉ាងយកចិត្តដាក់នូវរាល់ការវិវឌ្ឍនៃសភាពការណ៍នៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាទាក់ទងផ្ទាល់ជាមួយប្អូនៗនិស្សិតជាប់ជាប្រចាំ ដើម្បីក្ដាប់បាននូវសុខទុក្ខ ជាពិសេស នូវសុវត្ថិភាពរបស់ប្អូនៗទាំងយប់ទាំងថ្ងៃ ចាប់តាំងពីស្ថានការណ៍ផ្ទុះឡើងកាលពីថ្ងៃទី៧ តុលា គឺមួយសប្ដាហ៍មុននេះ។
ដោយសារតែស្ថានភាពវិវឌ្ឍប្រែប្រួលនៅក្នុងប្រទេសអ៊ីស្រាអែល ជាពិសេស នៅតំបន់កាហ្សា ដែលមិនទាន់មានភាពច្បាស់លាស់នៅឡើយ និងដើម្បីត្រៀមជាយថាហេតុ ខ្ញុំបានប្រគល់ភារកិច្ចឲ្យក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំនូវទីកន្លែងសុវត្ថិភាពបណ្ដោះអាសន្នមួយ ស្ថិតនៅភាគត្បូងនៃប្រទេសអ៊ីស្រាអែល ជាប់ព្រំប្រទល់ជាមួយប្រទេសអេហ្ស៊ីប និងប្រទេសហ្សកដេន ដែលមានចម្ងាយជិត ៣០០គីឡូម៉ែត្រ ពីតំបន់កាហ្សា។ ចំពោះប្អូនៗនិស្សិតដែលមានបំណងចាកចេញពីតំបន់ដែលខ្លួនកំពុងស្នាក់នៅ និងហាត់ការមួយរយៈ ទៅកាន់ទីសុវត្ថិភាពនោះ គឺរាជរដ្ឋាភិបាលបានត្រៀមមធ្យោបាយដឹកជញ្ជូន ក៏ដូចជាទទួលខុសត្រូវលើការស្នាក់នៅ និងហូបចុករបស់ប្អូនៗទាំងអស់នៅទីនោះ។ ក្រុមការងាររបស់រាជរដ្ឋាភិបាលបានជូនដំណឹងទៅប្អូនៗនិស្សិតទាំងអស់ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល។ ចំពោះប្អូនៗនិស្សិតដែលមានបំណងចង់ធ្វើការផ្លាស់ទីកន្លែងទៅកាន់កន្លែងសុវត្ថិភាពបណ្ដោះអាសន្ននោះ ក៏សូមឲ្យពួកគាត់ចុះឈ្មោះតាមប្រព័ន្ធដើម្បីបញ្ជាក់ពីការស្ម័គ្រចិត្តរបស់ពួកគាត់។ ជាលទ្ធផល គិតត្រឹមម៉ោង ១០ ព្រឹក ថ្ងៃទី១៤ តុលា ឆ្នាំ២០២៣ ម៉ោងនៅកម្ពុជា ដែលត្រូវនឹងម៉ោង ៧ ព្រឹក នៅប្រទេសអ៊ីស្រាអែល មានប្អូនៗនិស្សិតចំនួន ៤២២ នាក់ បានចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយប្អូនៗទាំង ៤២២នាក់នោះ បានសម្រេចចិត្តបន្តស្នាក់នៅក្នុងតំបន់ដែលខ្លួនកំពុងរស់នៅ និងធ្វើការជាធម្មតា និងគិតថាមិនទាន់មានការចាំបាច់សម្រាប់ពួកគេក្នុងការប្ដូរទីតាំងទៅកាន់ទីកន្លែងសុវត្ថិភាព ដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំជូននោះទេ។
ក្រុមការងាររបស់រាជរដ្ឋាភិបាល នឹងនៅបន្តតាមដានសភាពការណ៍វិវឌ្ឍនៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាទាក់ទងផ្ទាល់ជាមួយប្អូនៗជាប់ជាប្រចាំ ហើយនិងត្រៀមលក្ខណៈដើម្បីជួយដល់ប្អូនៗដើម្បីធានានូវសុខសុវត្ថិភាពរបស់ប្អូនៗទាំងអស់គ្នា រួមទាំងការចល័តចេញពីតំបន់មានហានិភ័យទៅកាន់តំបន់មានសុវត្ថិភាពតាមការចាំបាច់។
ខ្ញុំសូមអំពាវនាវសាជាថ្មីចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែល ជាពិសេស ប្អូនៗនិស្សិតសូមគោរពឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនៅនឹងកន្លែង ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ប្អូនៗ។ សូមប្អូនៗមានលំនឹងក្នុងចិត្តថា រាជរដ្ឋាភិបាលកម្ពុជាមិនទុកប្អូនៗចោលនោះទេ។ តែផ្ទុយទៅវិញ រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុខទុក្ខរបស់ប្អូនៗ ដោយចាត់វិធានការចាំបាច់ទៅតាមអ្វីដែលយើងអាចធ្វើបាន និងដោយសហការយ៉ាងល្អជាមួយអាជ្ញាធរអ៊ីស្រាអែល។
ជាចុងក្រោយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ ខ្ញុំសូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេស ប្អូនៗនិស្សិតដែលមានវត្តមាននៅក្នងប្រទេសអ៊ីស្រាអែល និងក្រុមគ្រួសារ សូមប្រកបទៅដោយសេចក្ដីសុខ សុវត្ថិភាព និងទទួលបានជោគជ័យក្នុងគ្រប់កិច្ចការទាំងអស់។ សូមអរគុណ!