ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ៖
- សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ!
- ឯកឧត្តម, លោកជំទាវ, សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា, សមាជិក សមាជិកា រាជរដ្ឋាភិបាល,
- គណៈអធិបតី, ភ្ញៀវកិត្តិយស, សីលវន្ត សីលវតី និងអង្គពិធីទាំងមូល ជាទីមេត្រី!
ថ្ងៃនេះ ទូលព្រះបង្គំខ្ញុំ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា ពិតជាមានសេចក្តីរីករាយ និងសទ្ធាជ្រះថ្លាយ៉ាងក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី ថ្វាយ-ប្រគេនសម្តេចព្រះមហាសង្ឃរាជ, សម្ដេចព្រះសង្ឃនាយក, សម្តេចព្រះសង្ឃនាយករង, សម្តេចគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំរៀបចំពិធីនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយសទ្ធាជ្រះថ្លា ញ៉ាំងឱ្យព្រះរាជពិធីនេះ មានភាពអធិកអធម ស័ក្តិសមនឹងព្រះកិត្តិគុណរបស់សម្តេចជាអម្ចាស់គ្រប់ព្រះអង្គ។
ក្នុងឱកាសប្រកបដោយមហាមង្គលនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា សូមអនុមោទនាបុណ្យកុសល ជាមួយនឹងសេចក្តីអំណរសាទរ និងសូមថ្វាយ-ប្រគេននូវសព្ទសាធុការពរ ដ៏មហាប្រសើរបំផុតគ្រប់ប្រការ ចំពោះ៖(១) សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា, (២) សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត សម្ដេចព្រះសង្ឃនាយក, (៣) សម្ដេចព្រះពោធិវ័ង្ស សម្ដេចព្រះសង្ឃនាយករងទី១, (៤) សម្ដេចព្រះវនរ័ត សម្ដេចព្រះសង្ឃនាយករងទី ២, (៥) សម្ដេចព្រះពុទ្ធជ័យមុនី សម្ដេចព្រះសង្ឃនាយករងទី ៣, និង (៦) សម្តេចព្រះឧត្តមបញ្ញា ព្រះអនុប្រធានថេរសភា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទាំង ៦ ព្រះអង្គ ដែលនឹងត្រូវស្រោចស្រង់ព្រះសុគន្ធវារី នាពេលនេះ សូមប្រកបតែនឹងព្រះរាជសុខភាព, ព្រះសុខភាព, ល្អបរិបូរណ៍, បញ្ញាញាណភ្លឺថ្លា, ព្រះរាជទីឃាយុយឺនយូរ ដើម្បីបន្តបុព្វហេតុលើកស្ទួយព្រះពុទ្ធសាសនា វប្បធម៌ អរិយធម៌ និងប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ ដែលជាគោលការណ៍ដឹកនាំជីវិតរស់នៅប្រចាំថ្ងៃ សម្រាប់សាសនិកទាំងអស់ ឱ្យមានសីលធម៌, គុណធម៌, សុជីវធម៌, និង កុសលចេតនា ក្នុងការរួមចំណែកធ្វើឱ្យសង្គមកម្ពុជា មានភាពសុខដុមរមនា, សុខសន្តិភាព, និងការអភិវឌ្ឍ ប្រកបដោយចីរភាព។
ជាមួយគ្នានេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗ គួរឱ្យកត់សម្គាល់នៅក្នុងវិស័យធម្មការ និងសាសនា ដូចដែលឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានរំលេចនៅក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ថ្វាយ-ប្រគេន និងជូនអង្គពិធីនាពេលនេះ។ជាក់ស្តែង ព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីនាថ្ងៃនេះ ក៏ជាសក្ខីកម្មថ្មីមួយទៀត នៃការរីកចម្រើនខាងព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋកម្ពុជា បាននិងកំពុងរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ។
ព្រះពុទ្ធសាសនា ជាមរតកដូនតាខ្មែរ ហើយការបង្រៀនរបស់ព្រះពុទ្ធ ជាប្រភពនៃសេចក្តីស្រឡាញ់, បញ្ញាញាណ, សន្តិភាពផ្លូវចិត្ត និងបានជ្រួតជ្រាបក្នុងស្មារតី, ផ្នត់គំនិត, ឥរិយាបថ, សកម្មភាពរបស់ប្រជាជនខ្មែរ ដែលបង្ហាញឱ្យឃើញច្បាស់តាមរយៈចរិតរួសរាយរាក់ទាក់, ស្មោះត្រង់, សុភាពរាបសារ, ទន់ភ្លន់ និងម៉ឺងម៉ាត់។
នៅព្រះរាជាណាចក្រកម្ពុជា, «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» ហើយសេរីភាពខាងជំនឿ និងការប្រណិប័តន៍សាសនាដទៃទៀត ត្រូវបានធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត។ ជាក់ស្តែង, កម្ពុជាមានសុខដុមរមនាសាសនា និងរក្សាបាននូវគុណតម្លៃនៃសាមគ្គីភាពរវាងជាតិសាសន៍ និងសាសនាផ្សេងៗគ្នា ដោយមិនមានការប្រកាន់យកនូវនិន្នាការជ្រុលនិយមនោះទេ។
ក្រោមម្លប់នៃសុខសន្តិភាព កម្ពុជាមានកាលានុវត្តភាព, សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍលើគ្រប់វិស័យ។ កត្តាសុខសន្តិភាពនេះ ក៏បានផ្តល់លទ្ធភាពឱ្យពុទ្ធបរិស័ទយើងធ្វើបុណ្យសុន្ទរ៍ទាន តាមសេចក្តីប្រាថ្នា និងបើកឱកាសឱ្យយើងបង្កើតនូវសមិទ្ធផលថ្មីៗបន្តទៀត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
នៅក្នុងន័យនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងនូវក្តីសង្ឃឹមថា សម្តេចជាអម្ចាស់គ្រប់ព្រះអង្គ គង់ជាម្លប់ដ៏ត្រជាក់ នៃការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យបន្តរីកចម្រើន និងរុងរឿងជានិច្ចនិរន្តរ៍។
សម្តេចព្រះរាជាគណៈ, ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងអង្គពិធីទាំងមូល ជាទីមេត្រី!
ទន្ទឹមនឹងសមិទ្ធផលសម្រេចបានជាច្រើន នៅក្នុងវិស័យធម្មការ និងសាសនា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ជាពុទ្ធបរិស័ទមួយរូប សូមចូលរួមចំណែកវិភាគទាននូវទស្សនៈមួយចំនួនដូចខាងក្រោម៖
ទី១. សូម សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រះមេត្តាបន្តជួយដល់សង្គមលើការលើកកម្ពស់ គុណធម៌ សីលធម៌ សុជីវធម៌ ថែរក្សាវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ល្អរបស់ជាតិ តាមរយៈ ការសម្តែងធម្មទេសនា នៅគ្រប់ទីកន្លែង និងការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗ ដើម្បីជួយធ្វើឱ្យប្រជាជនមាននូវបញ្ញាស្មារតី ប្រកបដោយព្រហ្មវិហារធម៌ កាត់បន្ថយអំពើអនាចារ អបាយមុខ អំពើហិង្សា អសីលធម៌ និងជួយឱ្យសង្គមជាតិ មានសុខដុមរមនា និងពង្រឹងសាមគ្គីធម៌។
ទី២. ក្រសួងធម្មការ និងសាសនា ត្រូវបន្តសហការជាមួយ គណៈសង្ឃទាំងពីរគណៈ ដើម្បីរក្សាសុខដុមនីយកម្ម សាមគ្គីភាព និងវឌ្ឍនភាពសង្គម តាមរយៈ សកម្មភាពសាសនានានា។ ក្នុងនោះ, ក្រសួងធម្មការ និងសាសនា ត្រូវបន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីដាក់ចេញជាសកម្មភាព ក្នុងការលើកកម្ពស់សាសនារបស់រដ្ឋ និងសីលធម៌សង្គម, ជាពិសេស ការផលិតវីឌីអូខ្លី ស្តីពីការអប់រំ សីលធម៌ ចរិយាធម៌ និងពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីផ្សព្វផ្សាយតាមបណ្តាស្ថានីយ៍ទូរទស្សន៍រដ្ឋ និងឯកជន បណ្តាញសង្គម និងផ្ទាំងប៉ាណូ តាមទីសាធារណៈ។
ទី៣. ក្រសួងធម្មការ និងសាសនា គួរពិចារណាក្នុងការដាក់បញ្ចូលកម្មវិធីប្រតិបត្តិសមាធិ ក្នុងកម្មវិធីសិក្សារបស់ ពុទ្ធិកសិក្សាគ្រប់កម្រិត ដើម្បីពង្រឹងគុណភាពអប់រំ កសាងឱ្យបានមូលធនមនុស្ស, មានទាំងសុខភាពផ្លូវកាយ, សុខភាពផ្លូវចិត្ត, បញ្ញាស្មារតី និងការទទួលខុសត្រូវ ក្នុងការរស់នៅក្នុងសង្គម។
ទី៤. ក្រសួងធម្មការ និង សាសនា ត្រូវសហការជាមួយ គណៈសង្ឃទាំងពីរគណៈ ក្នុងការរៀបចំបណ្តុះបណ្តាលតួនាទីភារកិច្ចដល់ព្រះមន្រ្តីសង្ឃ អាចារ្យ គណៈកម្មការវត្ត, ជាពិសេសប្រព័ន្ធសង្ឃាភិបាល ឱ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីពង្រឹងសមត្ថភាព និងបង្កើនការយល់ដឹងពីតួនាទី និងភារកិច្ច ដល់ព្រះមន្រ្តីសង្ឃ អាចារ្យ គណៈកម្មការវត្ត ស្របតាមបទដ្ឋានគតិយុត្ត ដើម្បីបង្ការទប់ស្កាត់ និងកាត់បន្ថយឱ្យបាននូវអធិករណ៍ តាមវត្តអារាម។
ទី៥. ខ្ញុំសូមលើកទឹកចិត្តឱ្យ ក្រសួងធម្មការ និង សាសនា បន្តសហការ សាមគ្គីគ្នា និងមានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត, ទាំងក្នុងថ្នាក់ជាតិ និង អន្តរជាតិ ដោយឈរលើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍។ ទន្ទឹមនេះ, មន្ទីរធម្មការ និងសាសនាខេត្ត-ក្រុង ត្រូវបន្តរៀបចំដឹកនាំកិច្ចការសាសនាក្នុងសហគមន៍ តាមរយៈកិច្ចសហការជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ និងគណៈកម្មការវត្តអារាម ព្រមទំាងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។
ជាទីបញ្ចប់, ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា សូមថ្វាយព្រះពរ ប្រគេនពរ និងជូនពរ សម្តេចជាអម្ចាស់ សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ, ឯកឧត្តម លោកជំទាវ, លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី, សីលវន្ត សីលវតី លោកយាយ លោកតា, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស និងពុទ្ធបរិស័ទ សូម-ប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ, វណ្ណៈ, សុខៈ, ពលៈ, និងបដិភាណ កុំបីឃ្លៀងឃ្លាត៕
សូមអរព្រះរាជគុណ, អរព្រះគុណ និង អរគុណ!



