- ឯកឧត្ដម Mikayil Jabbarov, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃសាធារណរដ្ឋអាស៊ែបៃហ្សង់
- ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងអង្គវេទិកាទាំងមូលជាទីមេត្រី!
ខ្ញុំមានសេចក្តីសោមនស្សក្រៃលែងដែលបានមកចូលរួមក្នុងវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ ឯកឧត្តម Mikayil Jabbarov គណៈប្រតិភូជាន់ខ្ពស់អាស៊ែបៃហ្សង់ ធុរជន និងវិនិយោគិនអាស៊ែបៃហ្សង់ទាំងអស់។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ ក្រសួងពាណិជ្ជកម្មកម្ពុជា ក្រសួងសេដ្ឋកិច្ចអាស៊ែបៃហ្សង់ ស្ថានទូតនៃប្រទេសទាំងពីរ និងសភាពាណិជ្ជកម្ម ដែលបានសហការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង។ វត្តមានយ៉ាងកុះកររបស់ថ្នាក់ដឹកនាំធុរកិច្ចកម្ពុជា និងអាស៊ែបៃហ្សង់នាថ្ងៃនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់វិស័យឯកជន លើការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
វេទិកានាថ្ងៃនេះប្រព្រឹត្តទៅក្នុងពេលដែលសភាពការណ៍សកលមានការប្រែប្រួលយ៉ាងឆាប់រហ័ស ដែលការណ៍នេះ បាននិងកំពុងជំរុញឱ្យមានការរៀបចំឡើងវិញនូវខ្សែច្រវាក់ផ្គត់ផ្គង់ និងការសម្រេចចិត្តក្នុងការវិនិយោគ។ ក្នុងបរិការណ៍នេះ កម្ពុជា និងអាស៊ែបៃហ្សង់ បន្តប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការប្រើប្រាស់ឧត្តមភាពដែលបំពេញឱ្យគ្នាទៅវិញទៅមក ខណៈដែលទំនាក់ទំនងទ្វេភាគីរបស់យើងកំពុងមានសម្ទុះយ៉ាងល្អប្រសើរ ទាំងក្នុងទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការតភ្ជាប់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
ខ្ញុំសូមរំលឹកឡើងវិញនូវទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤។ ទស្សនកិច្ចនេះបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ថ្ងៃនេះ ឯកឧត្តមប្រធានាធិបតី Aliyev និងខ្ញុំ បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា ដែលផ្តល់នូវមូលដ្ឋានសំខាន់សម្រាប់ការពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងការស្វែងរកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
- ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី!
ទោះបីជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងអាស៊ែបៃហ្សង់ ស្ថិតក្នុងដំណាក់កាលចាប់ផ្ដើមដំបូងនៅឡើយ ប៉ុន្តែប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនសម្រាប់ការពង្រីកបន្ថែម។ ក្នុងន័យនេះ យើងគួរផ្តោតការយកចិត្តទុកដាក់លើការធ្វើពិពិធកម្មមុខទំនិញ និងសេវាកម្មសម្រាប់ការធ្វើពាណិជ្ជកម្ម ការជំរុញការផ្លាស់ប្តូរធុរកិច្ច និងធុរកិច្ច និងការស្វែងរកវិស័យថ្មីៗសម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
ខ្ញុំជឿជាក់យ៉ាងមុតមាំថា តាមរយៈការចូលរួមយ៉ាងសកម្មពីសំណាក់វិស័យសាធារណៈ និងឯកជន កម្ពុជា និងអាស៊ែបៃហ្សង់នឹងអាចទាញយកនូវសក្តានុពលបានពេញលេញពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអាចកសាងភាពជាដៃគូប្រកបដោយជវភាពដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ចំពោះការវិនិយោគ គឺមានភាពចាំបាច់ក្នុងការលើកកម្ពស់ការយល់ដឹងឲ្យកាន់តែប្រសើរឡើងលើបរិយាកាសធុរកិច្ច និងឱកាសផ្សេងៗនៃប្រទេសទាំងពីរ។ វេទិកាធុរកិច្ចនាថ្ងៃនេះ ផ្តល់នូវវេទិកាដ៏ល្អប្រសើរមួយដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមករវាងធុរកិច្ចកម្ពុជា និងធុរកិច្ចអាស៊ែបៃហ្សង់។
កម្ពុជា និងអាស៊ែបៃហ្សង់ មានរចនាសម្ព័ន្ធសេដ្ឋកិច្ចបំពេញឱ្យគ្នាទៅវិញទៅមក ដែលផ្តល់សក្តានុពលយ៉ាងខ្លាំងក្លាសម្រាប់សហថាមភាពពាណិជ្ជកម្ម។ ខណៈដែលអាស៊ែបៃហ្សង់មានភាពលេចធ្លោលើវិស័យ ថាមពលគីមីឥន្ធនៈ ថាមពលកកើតឡើងវិញ បច្ចេកវិទ្យា កសិកម្ម ឡូជីស្ទិក និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល កម្ពុជាមានវិស័យកម្មន្តសាលប្រកបដោយជវភាព វិស័យកសិកម្មប្រកបដោយផលិតភាព កម្លាំងពលកម្មវ័យក្មេងដែលងាយសម្របខ្លួន ការចាប់យកថាមពលស្អាតកាន់តែច្រើន និងការទទួលបានការអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារក្នុងតំបន់។ តាមរយៈការរួមបញ្ចូលគ្នានូវឧត្តមភាពទាំងនេះ យើងអាចបង្កើតបាននូវប្រព័ន្ធអេកូឡូស៊ីមួយប្រកបដោយជវភាពដែលជំរុញឱ្យធុរកិច្ចយើងរីកចម្រើនរួមគ្នា។
ខណៈដែលកម្ពុជា និងអាស៊ែបៃហ្សង់ កំពុងឈានចូលទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ខ្ញុំសូមលើកឡើងពីអត្ថប្រយោជន៍ជាក់ស្តែងដែលកម្ពុជាផ្តល់ជូនវិនិយោគិនដូចខាងក្រោម៖
១. កម្លាំងពលកម្មប្រកបដោយថាមវន្ត៖ កម្លាំងពលកម្មរបស់កម្ពុជាគឺមានវ័យក្មេង ថាមវន្ត រៀនសូត្របានលឿន និងអាចប្រើប្រាស់បច្ចេកវិទ្យាបានយ៉ាងស្ទាត់ជំនាញ ដោយប្រជាជនកម្ពុជាប្រមាណ ៦០% មានអាយុតិចជាង ៣៥ ឆ្នាំ។
២. បរិយាកាសធុរកិច្ចអំណោយផល និងមានការលើកទឹកចិត្ត៖ បរិយាកាសធុរកិច្ចកម្ពុជាមានលក្ខណៈសេរី និងផ្តោតលើវិនិយោគិន ដែលផ្តល់ការលើកទឹកចិត្តយ៉ាងសម្បូរបែប និងតាមតម្រូវការ តាមការលើកលែងពន្ធរហូតដល់ ១២ ឆ្នាំ និងអនុញ្ញាតឱ្យធុរជនបរទេសមានកាន់កាប់ភាគហ៊ុន ១០០% ដោយគ្មានការកម្រិតលើការផ្ទេរប្រាក់ចំណេញឬដើមទុនឡើយ។ រាជរដ្ឋាភិបាលកម្ពុជាក៏បានអនុវត្តការកែទម្រង់ផ្សេងៗ រួមទាំងការកាត់បន្ថយបទបញ្ញត្តិស្មុគស្មាញ និងការលើកកម្ពស់តួនាទីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាច្រកចេញចូលតែមួយ (CDC) សម្រាប់ការដាក់ពាក្យស្នើសុំវិនិយោគ។
៣. ការគាំទ្រដ៏រឹងមាំពីសំណាក់រាជរដ្ឋាភិបាល៖ យើងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបន្តភាពជោគជ័យរបស់វិនិយោគិនតាមរយៈការផ្តល់សេវាថែទាំក្រោយការវិនិយោគ ដែលផ្តល់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការរៀបចំនូវយន្តការពិគ្រោះយោបល់ជាទៀងទាត់ ដើម្បីដោះស្រាយកង្វល់របស់វិនិយោគិន។ យន្តការទាំងនេះរួមមាន វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ក៏ដូចជាកិច្ចពិគ្រោះយោបល់ផ្សេងៗទៀត រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមធុរកិច្ចបរទេស ព្រមទាំងស្ថានទូតនានា។
៤. ទីតាំងយុទ្ធសាស្ត្រ និងការតភ្ជាប់៖ ស្ថិតនៅចំកណ្តាលនៃអាស៊ាន កម្ពុជាផ្តល់នូវបណ្តាញដឹកជញ្ជូន និងឡូជីស្ទិកដែលមានប្រសិទ្ធភាព ងាយស្រួល និងមានតម្លៃសមស្របទូទាំងតំបន់។ ការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់របស់យើងលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន រួមទាំងការកសាងព្រែកជីកហ្វូណនតេជោ ដែលកំពុងដំណើរការ នឹងជួយកាត់បន្ថយថ្លៃដើមឡូជីស្ទិកបន្ថែមទៀត ដែលធ្វើឱ្យប្រតិបត្តិការអាជីវកម្មមានប្រសិទ្ធភាពខ្ពស់។
៥. ការចូលទៅកាន់ទីផ្សារតំបន់ និងសកលលោក៖ ក្នុងនាមជាសមាជិកអាស៊ាន និងជាភាគីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កម្ពុជាផ្តល់នូវលទ្ធភាពយ៉ាងទូលំទូលាយក្នុងការចូលទៅកាន់ទីផ្សារក្នុងតំបន់ដែលកំពុងមានការរីកចម្រើន។ បន្ថែមលើនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរបស់កម្ពុជាជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ក៏ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយអារ៉ាប់រួម នឹងកាន់តែពង្រីកអត្ថប្រយោជន៍ទីផ្សារទាំងនេះបន្ថែមទៀត។
៦. ចីរភាពថាមពល និងកំណើនបៃតង៖ ប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះចីរភាពថាមពល។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ កម្ពុជាសម្រេចបានការប្រើប្រាស់ថាមពលកកើតឡើងវិញចំនួន ៦៣% ហើយយើងមានគោលដៅសម្រេចឱ្យបាន ៧០% នៅឆ្នាំ២០៣០ ព្រមទាំងឈានទៅសម្រេចឱ្យបានអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០។ វារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ គឺជាសមាសភាគដ៏សំខាន់នៃផែនការនេះ។
- ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី!
មុននឹងបញ្ចប់ ខ្ញុំសូមបញ្ជាក់ជាថ្មីថា កម្ពុជា និងអាស៊ែបៃហ្សង់ មានសក្តានុពលដ៏ធំធេងដែលមិនទាន់បានទាញយកនៅឡើយ សម្រាប់ការពង្រីកភាពជាដៃគូសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ចំណុចខ្លាំងរបស់ប្រជាជាតិនីមួយៗ។
គម្លាតភូមិសាស្ត្រលែងជាឧបសគ្គទៀតហើយ នៅពេលដែលយើងមានចក្ខុវិស័យរួមសម្រាប់ការរីកចម្រើន និងវិបុលភាពរួមគ្នា។ ខ្ញុំចង់ឃើញការពិភាក្សានៅថ្ងៃនេះប្រែក្លាយទៅជាលទ្ធផលជាក់ស្តែង ដែលរួមមានដំណើរទស្សនកិច្ចសិក្សាធុរកិច្ច ភាពជាដៃគូយុទ្ធសាស្ត្រ កិច្ចព្រមព្រៀងផ្លូវការ និងគម្រោងវិនិយោគជាក់ស្តែងក្នុងឆ្នាំ២០២៧ និងឆ្នាំបន្តបន្ទាប់។
ជាទីបញ្ចប់ ខ្ញុំសូមអញ្ជើញវិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សម្បូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្ត និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយសម្រួលដល់គ្រប់ដំណើរការវិនិយោគ តាមរយៈយន្តការគាំទ្រ និងការតម្រង់ទិស ដើម្បីធានាទទួលបាននូវបទពិសោធដ៏រលូន និងជោគជ័យ។
ជាចុងក្រោយ ខ្ញុំសូមជូនពរឱ្យវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ ទទួលបានលទ្ធផលផ្លែផ្កា និងបង្កើតបាននូវភាពជាដៃគូ គម្រោងវិនិយោគ និងកាលានុវត្តភាពធុរកិច្ចថ្មីៗសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ។ ខ្ញុំសូមជូនពរឱ្យ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ មានសុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
សូមអរគុណ!

