[ផ្ដើមសេចក្តីអធិប្បាយ១]
អរគុណណាស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។ អម្បាញ់មិញថា ប្រជាពលរដ្ឋនៅទីនេះជិតស្មើគ្នា ទាំងស្រីនិងប្រុស។ អញ្ចឹងល្អហើយ កុំឱ្យពិបាកទៅរកប្ដីប្រពន្ធនៅក្រៅខេត្ត។ មានបញ្ហានៅប្រទេសចិន ខ្ញុំមើល(ឃើញព័ត៌មាន) កាលពីមុនគោលនយោបាយរបស់គាត់ គឺឱ្យមានកូនតែមួយទេ។ អញ្ចឹង(គ្រួសារ)ភាគច្រើនចង់បានតែកូនប្រុស ដើម្បីបន្តត្រកូល។ ដល់ពេលឥឡូវនេះ កូនទាំងអស់ហ្នឹងចាប់ផ្ដើមគ្រប់អាយុរៀបការ អត់មាន ខ្វះស្រី។ អញ្ចឹងខ្លះត្រូវទៅរកនៅខេត្តផ្សេង ខ្លះក៏យកប្រពន្ធពីខ្មែរពីអីទៅ ព្រោះអត់គ្រប់។ នៅខេត្តរតនគិរីនេះ កុំឱ្យពិបាកធ្វើដំណើរឆ្ងាយ (ចំនួនប្រុសនិងស្រ្តី) ៤៩%-៥១% អញ្ចឹងល្មម។ គេថា សន្សំទ្រព្យ កុំឱ្យបែកទ្រព្យ។
- ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល
- គណៈអធិបតី ភ្ញៀវកិត្តិយស មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ ក្មួយៗ សិស្សានុសិស្ស អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋអ្នកក្រុងបានលុង ខេត្តរតនគិរីទាំងអស់!
ខ្ញុំមានការរីករាយដែលបានមកខេត្តរតនគិរីម្ដងទៀត។ តាំងពីទទួលកិច្ចការថ្មី នេះជាលើកទីមួយ ប៉ុន្តែកាលពីនៅកងទ័ព និងការងារយុវជន គឺបានមកច្រើនដង ឧស្សាហ៍ឡើងចុះ។ ហើយក៏ឃើញការវិវឌ្ឍប្រែប្រួលមួយចំនួន ដែលគួរឱ្យកត់សំគាល់។ ជាពិសេស គឺការអភិវឌ្ឍថ្មីៗនេះក្នុងក្រុងបានលុងតែម្ដង។
(១) សម្ពោធសមិទ្ធផលរួមសម្រាប់វិស័យអប់រំក្នុងខេត្តរតនគិរី
សមិទ្ធផលទាំងអស់នេះ គឺជាមោទនភាពរបស់ប្រជាពលរដ្ឋយើង។ ហើយថ្ងៃនេះ មកសម្ពោធសាលា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍នៅខេត្តរតនគិរី។ ខ្ញុំក៏ភ្លេច ជាទូទៅតែងតែទៅសម្ពោធនៅទីតាំងមួយ។ ឧទាហរណ៍ នៅស្រុកវាលវែង វិទ្យាល័យណាមួយអញ្ចឹងទៅ។ អញ្ចឹងបានសួរក្រុមជំនួយការថា សរសេរដូចខ្វះ សរសេរហ្នឹងដូចមាន អគារសយនដ្ឋាន និងអគារពិសោធន៍ តើនៅវិទ្យាល័យណាឲ្យច្បាស់? បានគេរាយការណ៍មកវិញថា សម្ពោធសរុបនៅទូទាំងខេត្ត។ អញ្ចឹងបានជាគេដាក់នៅខេត្តរតនគិរី ព្រោះថ្ងៃនេះ សម្ពោធសមិទ្ធផលទូទាំងខេត្ត។ យើងមានអគារ ៤៨ខ្នង ៣០០បន្ទប់ជាង តែសម្ពោធថ្ងៃនេះមាន ១៤ អគារ នៅច្រើនស្រុក។ ជាជាងអត់មានពេលទៅសម្ពោធមួយកន្លែងម្ដងៗ ថ្ងៃនេះ យើងសម្ពោធរួមតែម្ដង នៅទីតាំងទីលានសាធារណៈតែម្ដង ព្រោះជាសមិទ្ធផលរួមរបស់ខេត្ត។ អញ្ចឹងសូមអបអរសាទរ។
(២) អភិវឌ្ឍប្រទេស គឺអភិវឌ្ឍគ្រប់ខេត្តក្រុងដូចៗគ្នា, រតនគិរីខេត្តចុង/ឆ្ងាយជាងគេនៅទិសឦសាន ប្រវត្តិលំបាកច្រើន
ខ្ញុំសូមអបអរសាទរចំពោះសមិទ្ធផលថ្មី សម្រាប់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ។ ហើយនេះជាគោលការណ៍សំខាន់សម្រាប់ការអភិវឌ្ឍប្រទេស គឺអភិវឌ្ឍរួមគ្នា។ យើងមិនអាចអភិវឌ្ឍតែទីក្រុង ទីប្រជុំជនធំៗ ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុនោះទេ។ បើយើងគិតខេត្តរតនគិរីគឺជាខេត្ត១ក្នុងចំណោមខេត្តដែលឆ្ងាយបំផុត បើប្រៀបធៀបនឹងទីក្រុងភ្នំពេញ គិតជាគីឡូម៉ែត្រ។ មកខេត្តរតនគិរី ត្រូវឆ្លងកាត់ខេត្តច្រើនណាស់ ហើយផុតពីខេត្តរតនគិរីគឺដល់ព្រំដែនតែម្ដង អញ្ចឹងអាចថាជាខេត្តចុងគេក្នុងប្រទេសយើងនៅទិសឦសាន។ សម្រាប់ប្រជាពលរដ្ឋយើងដែលរស់នៅទីនេះ ដឹងហើយថា ប្រវត្តិច្រើន និងយូរអង្វែងណាស់មកហើយ។ ហើយមានការលំបាកណាស់ ជាពិសេស ក្នុងសម័យប្រយុទ្ធគ្នា និងសម័យដែលយើងមិនទាន់មានសាមគ្គីឯកភាពជាតិ តាមនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨។
(៣) រតនគិរីប្រែប្រួល ពីធ្វើដំណើរពីភ្នំពេញមក ត្រូវចំណាយពេល២យប់៣ថ្ងៃ មកត្រឹមតែ៥ទៅ៨ម៉ោង
អម្បាញ់មិញ ក្នុងរបាយការណ៍របស់ឯកឧត្ដម ញ៉ែម សំអឿន ខ្ញុំសូមធ្វើការថ្លែងអំណរគុណ និងកោតសរសើរចំពោះការរីកចម្រើនគ្រប់វិស័យទាំងអស់នៅទីនេះ។ ហើយក៏សូមអរគុណណាស់ដល់ក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលចុះជួយ ដែលមានឯកឧត្ដម ជៀង អំ និងថ្នាក់ដឹកនាំ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាក្រុមការងារចុះមកជួយ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត មន្ទីរ/អង្គភាពចំណុះរដ្ឋបាលស្រុក/ក្រុង បុគ្គលិកអប់រំ គ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យទាំងអស់ រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលខិតខំរួមគ្នាកសាងនៅទីនេះ។ ខេត្តឆ្ងាយជាងគេមែន ប៉ុន្តែ មិនមែនជាខេត្តដែលរាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់នោះទេ។ ទោះបីក្នុងសម័យសង្រ្គាមក៏ដោយ បើយើងមើលថា ថ្ងៃនេះ ពេលនេះ យើងទៅភ្នំពេញ(ចំណាយពេល) ៤–៥ម៉ោង យើងជិះទៅដល់។ បើជិះយឺតអាច ៧–៨ម៉ោង។ ប៉ុន្តែ ពីមុន ការលំបាកក្នុងការតភ្ជាប់ បើសួរប្រវត្តិពីពូៗនៅទីនេះ កាលមុនទៅភ្នំពេញសុទ្ធតែ ២យប់ ៣ថ្ងៃឯណោះ ហើយកន្លែងខ្លះបើចង់លឿន ទាល់តែចូលទៅវៀតណាម ហើយចាក់ទៅតាមខាងបាវិតមកវិញបានៗ។ បើជិះក្នុងប្រទេស គឺផ្ដាច់ព្រលឹង មិនមែនបានន័យថា ផ្លូវល្អ ឡានតាក់ស៊ីបើកលឿនផ្ដាច់ព្រលឹងនោះទេ តែនៅកន្លែងនេះ ផ្ដាច់ព្រលឹងដោយសារការស្ទាក់បាញ់តាមផ្លូវ ព្រោះខ្មែរក្រហមធ្លាប់ធ្វើសកម្មភាពវាយនៅវឺនសៃអី តាមបណ្ដាស្រុកមួយចំនួន។
(៤) ការអរគុណសន្តិភាព នយោបាយឈ្នះឈ្នះ និងការអភិវឌ្ឍនៅក្នុងម្លប់សន្តិភាពនេះ គឺមានន័យសម្រាប់អ្នកខេត្តរតនគិរី
អញ្ចឹងការលំបាករបស់អ្នកខេត្តរតនគិរី បើយើងប្រៀបធៀបទៅនឹងអ្វីដែលយើងធ្លាប់ឆ្លងកាត់ ពេលដែលឯកឧត្ដម ញ៉ែម សំអឿន បានអានតាំងពីដើមទី គឺការអរគុណសន្តិភាព នយោបាយឈ្នះឈ្នះ និងការអភិវឌ្ឍនៅក្នុងម្លប់សន្តិភាពនេះ គឺមានន័យសម្រាប់អ្នកខេត្តរតនគិរីណាស់។ យើងក្មេងៗកើតក្រោយសង្រ្គាមប្រហែលមិនអាចយល់ តែបើសួរឪពុកម្ដាយដែលរស់នៅទីនេះប្រហែលជាអាច លើកលែងតែអ្នកចំណូលស្រុក(ថ្មី)។ ប៉ុន្តែ អ្នកចំណូលស្រុកក្នុងទសវត្សរ៍ដើមឆ្នាំ២០០០ក៏ដោយ ក៏អាចដឹងពីការលំបាកយ៉ាងណា។ នេះហើយដែលជាការអភិវឌ្ឍ។ យើងមិនអាចនិយាយថា អភិវឌ្ឍន៍អីប៉ុណ្ណឹង រតនគិរីអួតអី បើយើងប្រៀបធៀបទៅនឹងភ្នំពេញ គេផ្ទះ៣០ទៅ៥០ជាន់។ អត់ទេ។ ភ្នំពេញគឺដាច់ដោយឡែក, ពិតណាស់ ភ្នំពេញកម្រិតជីវភាព និងកម្រិតអភិវឌ្ឍន៍ខ្ពស់ជាងរតនគិរី ខ្ពស់ជាង បានលុង តែវាមិនអាចប្រៀបធៀបបែបនេះទេ។ ត្រូវយក បានលុង ប្រៀបធៀបជាមួយ បានលុង ពេលមុន ការអភិវឌ្ឍនៅនឹងកន្លែងនេះហើយ គឺសូចនាករបញ្ជាក់ពីការអភិវឌ្ឍជាក់ស្ដែង។ នេះគឺជាអ្វីដែលប្រជាពលរដ្ឋខេត្តរតនគិរី ពិសេសអ្នកក្រុង បានលុង ក៏ដូចជាបណ្ដាខេត្តផ្សេងៗ សូមអបអរសាទរ និងមានមោទនភាពចំពោះសមិទ្ធផលដែលខ្លួនបានទទួល។ បើសិនជាយើងរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍបែបនេះ ក្មេងៗជំនាន់ក្រោយ ១០ទៅ២០ឆ្នាំក្រោយទៀត គាត់នឹងកាន់តែប្រសើរជាងពេលនេះ ជាគោលដៅនៃការអភិវឌ្ឍប្រទេសជាតិ អភិវឌ្ឍខេត្ត ក្រុង ស្រុក ដែលយើងចង់បាន គឺស្ថិរភាពក្រោមម្លប់សន្តិភាព ដើរទៅមុខជានិច្ច កុំឲ្យដើរថយក្រោយ។ បានលុង ឆ្នាំ១៩៦០ មុនសង្គ្រាមក៏ល្អដែរ តែក្រោយសង្គ្រាមក៏ថយក្រោយដែរ។
(៥) សូមអរគុណដល់ថ្នាក់ដឹកនាំអាណត្ដិមុនដែលខំកសាងប្រទេសពីបាតដៃទទេ
ខ្ញុំសូមអរគុណចំពោះរាជរដ្ឋាភិបាលអាណត្តិមុនៗ ដែលដឹកនាំដោយសម្ដេចតេជោ និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាអភិបាលខេត្តអាណត្តិមុនៗដែលខិតខំកសាងប្រទេសតាំងពីការលំបាក។ ជាពិសេស នៅក្រោយដែលយើងបញ្ចប់សង្គ្រាម ខេត្តរតនគិរី ក៏ដូចជាខេត្តមណ្ឌលគិរី ខេត្តនៅទិសឦសានមានការលំបាក។ បើគម្លាតវិញគឺឆ្ងាយណាស់។ ឥឡូវមកដល់នេះមានឡាន ម៉ូតូ (ពិធីរៀប)ការអាចចូល៦០ទៅ៧០តុដែរមើលទៅ។ ចូលដល់រយតុឥឡូវ។ ការឥឡូវត្រូវគិតពីកន្លែងចតឡាន-ម៉ូតូ កាលពីមុនទើបនឹងចប់សង្គ្រាមប្រហែលជាត្រឹមកង់ទេ ហើយពីស្រុកមួយៗមក។ ឥឡូវ ផ្លូវភ្ជាប់ អាចស្រុកខ្លះនៅជិះមួយម៉ោង ទៅពីរម៉ោង ផ្លូវល្អផង ផ្លូវដីផង។ ទម្រាំតែពីមុនដាច់ស្រយាល មិនអាចភ្ជាប់បានឡើយ។ ហេតុនេះហើយបានជារាជរដ្ឋាភិបាលក្រោយចប់សង្រ្គាមភ្លាម សម្តេចតេជោបានរៀបចំផែនការ ធ្វើម៉េចរុញការអភិវឌ្ឍខេត្តនៅទិសឦសានរបស់យើង ឲ្យអភិវឌ្ឍល្បឿនលឿន ដើម្បីបិទនូវគម្លាតរវាងការអភិវឌ្ឍប្រទេស។
(៦) ការរៀបចំ CLV-DTA ទទួលបានការគាំទ្រពីបណ្ដាប្រទេសជាមិត្ត ជាពិសេស ជប៉ុន
អញ្ចឹងនៅក្នុងគោលនយោបាយមួយនោះ គឺរៀបចំ ដែលថ្ងៃមុននេះ មានគេលើកបាតុកម្មតវារឿង CLV-DTA នេះ ដែលដាក់ខេត្ត ៤ នេះ មិនមែនយកខេត្ត ៤ ទៅឲ្យគេទេ។ បើដាក់ខេត្ត ៤ ឲ្យគេ មិនបាច់អភិវឌ្ឍតែម្តងទៅ ទុកឲ្យដាច់តែម្តងទៅ មិនបាច់ធ្វើផ្លូវតភ្ជាប់ មិនបាច់កសាងអភិវឌ្ឍ។ តែរៀបចំក្នុងការអភិវឌ្ឍត្រីកោណ ដែលប្រទេសទាំង ៣ ពីតំបន់ដែលក្រជាងគេនៅក្នុងប្រទេសទាំង ៣ ផ្គុំគ្នាធ្វើ។ ហើយរៀបចំ មិនមែនតែ ៣ ប្រទេសទេ រៀបចំកៀរគរនូវការជួយរៀបចំ និងជួយគាំទ្រពីបណ្តាប្រទេសជាមិត្តដូចជាជប៉ុន ដូចជាធនាគារពិភពលោក ដូចជាអង្គការប្រទេសជាច្រើនណាស់មកជួយគម្រោងនេះ។
(៧) ជប៉ុនថា គម្រោង CLV-DTA នេះជួយតំបន់ មិនមែនបង្កើតឡើងឲ្យប្រទេសទាំង៣បាត់អធិបតេយ្យភាព ឬដាក់បង្កើតតំបន់មួយឲ្យអ្នកណាផ្តាច់មុខ បង្កើតរឿងរញ៉ីរញ៉ៃទេ
ហើយខ្ញុំទៅជប៉ុន ហើយថ្នាក់ដឹកនាំជប៉ុនមកជួបខ្ញុំនៅពេលដែលយើងដកខ្លួនចេញ … ព្រោះការអភិវឌ្ឍនោះក៏យើងសម្រេចបានគោលដៅរបស់យើងមួយជំហានទៅហើយ។ បានន័យថាទាញខេត្តទាំង ៤ របស់យើង មកភ្ជាប់កាន់តែកៀកទៅហើយ ឥឡូវយើងមានសមត្ថភាពធ្វើខ្លួនឯងផ្ទៃក្នុងហើយ។ ជប៉ុនមកប្រាប់ខ្ញុំ ជាពិសេស អ្នកដែលធ្លាប់ជាប់ពាក់ព័ន្ធជាមួយនឹងការជួយរៀបចំគម្រោងនោះ អ្នកធ្វើការនៅក្រសួងការបរទេសជប៉ុន ដែលគាត់ថា គម្រោងនេះល្អណាស់។ មិនមែនគម្រោងជប៉ុនមកធ្វើឲ្យប្រទេសកម្ពុជា ឡាវ វៀតណាម បាត់អធិបតេយ្យភាព ឬដាក់បង្កើតតំបន់មួយឲ្យអ្នកណាផ្តាច់មុខ បង្កើតរឿងរញ៉ីរញ៉ៃទេ តែគេចង់ជួយនៅក្នុងតំបន់នេះ។ ទាំង ៣ ប្រទេស ប្រជាជននៅតំបន់ដែលរីកចម្រើនយឺតជាងគេ ពី ១ទសវត្សរ៍ ២ទសវត្សរ៍មុន ឲ្យកាន់តែលឿន។ តែយើងក៏បានពន្យល់គាត់ថា អរគុណណាស់។ ហើយកម្ពុជា ប្រជាពលរដ្ឋរបស់យើងទូទាំងប្រទេសក៏មានការយល់ ជាពិសេស អ្នកខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តទិសឦសានតែម្តងយល់ណាស់ ថាតាំងពីឆ្នាំ២០០៤ ដែលយើងដាក់ ដល់ឆ្នាំ២០២៤ នេះ តើយើងបាត់អ្វីខ្លះនៅទីនេះ? អត់មានបាត់ដី អត់មានបាត់អី អត់មានប្រជាជននៅទីនេះ (មកពី)ប្រទេសផ្សេងមកនៅទេ។ ប៉ុន្តែ ផ្ទុយទៅវិញ ប្រជាពលរដ្ឋអ្នកខេត្តរនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ កាន់តែរីកចម្រើន កាន់តែតភ្ជាប់ជាមួយនឹងប្រទេសជាតិរបស់យើង។ ហើយប្រជាពលរដ្ឋរបស់យើងមិនថាប្រជាពលរដ្ឋជនជាតិភាគតិច គាត់បានផលទាំងអស់។
(៨) កម្ពុជាមិនបានរើសអើសជាតិសាសន៍ណា ឬជនជាតិណាទេ អភិវឌ្ឍរួមគ្នា/ការពារវប្បធម៌ប្រពៃណីជនជាតិភាគតិច
ថ្ងៃនេះ បងប្អូនស្លៀកពាក់ខោអាវប្រពៃណីជនជាតិដើម។ សិទ្ធិសេរីភាពរបស់បងប្អូនជនជាតិដើមក៏ត្រូវបានការពារ។ ខ្ញុំចាំកាលនោះគឺ ឯកឧត្តម ថង សាវ៉ុន គាត់នៅធ្វើអភិបាលនៅទីនេះ។ យើងមកសម្ពោធសាលាមួយនៅជិត បឹងយក្សឡោម ឬស្អីទេ? ហើយមានអ៊ំប្រុសម្នាក់គាត់មកពីអាមេរិក។ គាត់ចូលរួមអញ្ចឹងឃើញប្រជាពលរដ្ឋសិស្សស្លៀកពាក់ ខៀវ ស អញ្ចឹងចូលមកទាំងអស់ ព្រោះរៀនយើងស្លៀកពាក់ប្រជាពលរដ្ឋយើងអត់រើសអើងទេក្នុងការចូលរៀន។ ដល់ចប់ទៅបាយនៅកន្លែងមួយ ឯកឧត្តម អភិបាលខេត្តនៅហ្នឹង។ អ៊ំម្នាក់គាត់មកពីអាមេរិកគាត់សួរ ហើយយើងក៏ភ្ញាក់ស្រឡាំងកាំងគាត់ថា ឯកឧត្តម ខ្ញុំឃើញការរីកចម្រើនរបស់ប្រជាពលរដ្ឋនៅខេត្តរតនគិរីប៉ុន្តែ ខ្ញុំសួរមួយចុះប្រជាជនជនជាតិភាគតិចទៅណាអស់? បានខ្ញុំប្រាប់ថា អ៊ំ !ក្មេងៗទៅរៀនស្លៀកពាក់ ខៀវ ស សុទ្ធតែបងប្អូន(គាត់នៅហ្នឹង)។ គាត់គិតថាជនជាតិភាគតិចគឺនៅស្លៀកពាក់(ប្រពៃណីជនជាតិ)ទាំងអស់ប្រចាំថ្ងៃ ទៅធ្វើការ ហើយគិតថាយើងចូលទៅ ដេញគាត់ចេញ។ ដូចប្រទេសខ្លះស្បែកសអីចូលទៅដេញជនជាតិដើមចេញទៅណាមួយ។ គាត់គិតអញ្ចឹងស្មានថាដេញទៅណាអស់ អត់ទេ គឺបងប្អូនឥឡូវគាត់ទំនើប។ អភិបាលខេត្តគាត់ថា ខ្ញុំក៏ជនជាតិភាគតិចដែរ (ជនជាតិពួន)។ អញ្ចឹងបានគាត់ថា អូ! អញ្ចឹងទេ។ អញ្ចឹងគាត់អង្គុយមួយថ្ងៃគាត់គិតថា ការអភិវឌ្ឍយើងគឺយកប្រជាជនខ្មែរមក ដេញជនជាតិភាគតិចចេញ ហើយប្រជាពលរដ្ឋជនជាតិភាគតិចទៅណាអស់។
អត់ទេ ! គឺការអភិវឌ្ឍនេះគឺយើងគិតទាំងអស់ រួមគ្នាទាំងអស់។ យើងការពារប្រពៃណីវប្បធម៌របស់បងប្អូន។ កម្មវិធីគោលនយោបាយដីធ្លីអីយើងមានរៀបចំសម្រាប់ការពារសហគមន៍ជនជាតិភាគតិច បូកជាមួយនឹងផ្តល់ឱកាសគ្រប់គ្នា ការអភិវឌ្ឍមិនមែនរើសអើងទេ។ នេះគឺជាអ្វីដែលបងប្អូនអ្នករតនគិរីបានធ្វើ។ អញ្ចឹងប្រជាពលរដ្ឋយើងនៅក្នុងប្រទេស នៅក្នុងខេត្តបានឃើញហើយ ហានិភ័យនៃការអភិវឌ្ឍ ឬមួយគម្រោង CLV-DTA នេះវាមិនបានធ្វើឱ្យខេត្តរតនគិរី ប្រជាពលរដ្ឋខ្មែរអស់ទេ ប្រជាពលរដ្ឋជនជាតិភាគតិចអស់ទេ។ ប៉ុន្តែ ផ្ទុយទៅវិញ កាន់តែធានាការអភិវឌ្ឍ ការធានាឱកាសសម្រាប់កូនចៅប្រជាជនខ្មែរ មិនថា បងប្អូនយើងសាសនា ឬជនជាតិណាទេ ឱ្យតែរស់ក្នុងដីខ្មែរ គឺយើងបានផលទាំងអស់ហើយថែមទាំងរួមគ្នាការពារអធិបតេយ្យភាពជាតិរបស់យើង តាមរយៈការអភិវឌ្ឍនៅក្នុងខេត្ត កសាងផ្លូវព្រំដែន និងរៀបចំបង្កើនចំនួនប្រជាជន(មករស់នៅតាមព្រំដែន)ឲ្យកាន់តែច្រើននិងរឹងមាំ។ អ្នកខ្លះគេគិតថា ខេត្តទាំង៤នេះ អស់ខ្មែរ(រស់នៅ)ហើយ ចេញចូលខេត្តរតនគិរី ត្រូវសុំ VISA។ អត់ទេ! នេះជាការជាក់ស្ដែង។
(៩) ការអភិវឌ្ឍ និងការរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែន ទើបជារបងការពារដ៏ល្អបំផុត
អញ្ចឹង ឈានមកដល់មុខនៅពេលនេះ យើងបានឃើញកាន់តែល្អប្រសើរ។ ឥឡូវ រាជរដ្ឋាភិបាលក្រោយពីដកខ្លួនចេញពី CLV-DTA យើងជំរុញការអភិវឌ្ឍប្រទេសរបស់យើង។ ពិតណាស់ ទំនាក់ទំនងទ្វេភាគី ត្រីភាគី ជាមួយប្រទេសជិតខាង យើងមិនចោលទេ គ្មាននរណាទៅបិទរបងនោះទេ។ អ្នកខ្លះចង់ឲ្យយើងធ្វើរបង។ ចាំបាច់ទៅធ្វើរបងហាមប្រទេសធ្វើអី។ របងនៅលើពិភពលោក (បើ)ប្រទេសមួយធ្វើ ប៉ុន្តែបិទមនុស្សមិនជាប់នោះទេ។ តែផ្ទុយទៅវិញ គឺការអភិវឌ្ឍនៅតាមព្រំដែន អភិវឌ្ឍខេត្តជាប់ព្រំដែន គឺជាយុទ្ធសាស្រ្តដែលល្អបំផុតក្នុងការការពារបូរណភាពទឹកដីរយៈពេលវែង។ យើងយកប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅទីនោះ គឺជាអ្នកចាំដីឲ្យយើង ជាជាងដាក់ទ័ពចាំដី។ យើងគ្មានទ័ពគ្រប់ទៅពង្រាយតាមព្រំដែនរាប់ពាន់គីឡូនោះទេ។ អញ្ចឹង មានតែការអភិវឌ្ឍតាមព្រំដែន រុញប្រជាពលរដ្ឋទៅធ្វើ បើកច្រកសេដ្ឋកិច្ច ដើម្បីឲ្យមនុស្សទៅនៅ។ មនុស្សកសាង អភិវឌ្ឍ គាត់មើលត្រង់កន្លែងហ្នឹង។ ទំនាក់ទំនងជាមួយប្រទេសជិតខាង ប្រជាជនដែលរស់នៅតាមព្រំដែននៃប្រទេសជិតខាង គោរពគ្នា ជួយគ្នាទៅវិញទៅមក សហប្រតិបត្តិការល្អ។ នេះជាគោលនយោបាយក្នុងការអភិវឌ្ឍ និងការពារទឹកដីរបស់យើងនៅតាមបណ្ដោយព្រំដែន ដែលយើងបានធ្វើ។ ហើយនេះគឺជាគោលការណ៍ដែលត្រូវធ្វើ។
(១០) ពេលមានការយល់ច្រឡំនិងព្រួយបារម្ភ ថាមានការកាត់ដីឲ្យបរទេស ប្រជាពលរដ្ឋ អាជ្ញាធរខេត្តរតនគិរីចេញមុខបង្ហាញការពិត
ធ្វើតែរបង ហាមឃាត់ វាមិនកើត ប្រជាពលរដ្ឋនៅកៀកព្រំដែនត្រូវការឆ្លង(កាត់) ទិញទំនិញ ទៅពេទ្យ ទៅវិញទៅមក។ រដ្ឋបាលយើងកំណត់។ អញ្ចឹង រឿងគម្រោង និងគោលការណ៍ដែលរាជរដ្ឋាភិបាលដាក់មកនេះ ខ្ញុំគិតថា ខេត្តរតនគិរីគឺជាខេត្ដដែលអាចដឹង ហើយប្រជាជននៅទីនេះនឹងទុកចិត្តទៅដល់រាជរដ្ឋាភិបាល។ ហើយខ្ញុំសូមអរគុណណាស់ ពេលដែលមានការយល់ច្រឡំ បងប្អូនមានការព្រួយបារម្ភ អ្នកខេត្តរតនគិរី ទាំងអភិបាល ចេញមកធ្វើសម្ភាសន៍ បង្ហាញថា ខ្ញុំនៅហ្នឹង អត់មាននរណាមកទេ ខ្ញុំខ្មែរនៅបានលុង ខ្មែរនៅវឺនសៃ ខ្មែរនៅតាមបណ្ដាស្រុកជាច្រើន។ នេះគឺជាការពិត ដែលជួយឲ្យបងប្អូនយើងដែលមិនធ្លាប់មកខេត្តរតនគិរី ហើយព្រួយបារម្ភអំពីការបាត់បង់ប្រទេសជាតិ នៅឆ្ងាយ នៅក្រៅប្រទេស នៅភ្នំពេញ ដែលធ្លាប់តែឮថាខេត្ត៤នេះ គេយកអស់ហើយ គ្រាន់តែជនជាតិគេចូលជាង ៥០%-៦០% ទៅហើយ ខ្មែរមានចំនួនតិចទេ។ អត់ទេ។
(១១) គួរជំរុញបន្តឲ្យប្រជាពលរដ្ឋនៅខេត្តរតនគិរីយកកូនឲ្យច្រើន ដើម្បីជំរុញការអភិវឌ្ឍក្នុងខេត្ត
អម្បាញ់មិញ បើតាមរបាយការណ៍ឯកឧត្ដមអភិបាលខេត្ត (អត្រាមនុស្សស្រី/ប្រុស) ៤៩%-៥១%ទៀត ហើយបើអាចជំរុញអ្នករតនគិរីឲ្យមានកូនកាន់តែច្រើន កាន់តែល្អថែមទៀត ដើម្បីការអភិវឌ្ឍប្រទេសរបស់យើង។ … ប្រធានបទជួយជំរុញកូនច្រើនដូចមានអ្នកចាប់អារម្មណ៍ ព្រោះឥឡូវខ្ញុំគិតថា ល្បឿនក៏កើនដែរ ព្រោះអម្បាញ់មិញ នៅវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ ឯកឧត្ដម ញ៉ែម សំអឿន ឧទ្ទេសនាមឲ្យខ្ញុំអំពីអគារមួយខ្នងបីជាន់ ១៣បន្ទប់ ដែលធ្វើហើយ។ ឃើញដាក់សំណើមកថា សុំមួយខ្នងបីជាន់ ១៨បន្ទប់។ បានជាខ្ញុំសួរថា អាហ្នឹងក្រែងធ្វើហើយ ដាក់សំណើមកធ្វើអីទៀត? គាត់ថា អត់ទេ កូនកើតច្រើនពេក ឥឡូវរីកលឿនសុំមួយខ្នងទៀត។ ហើយមិនមែនតែនៅវិទ្យាល័យមួយហ្នឹងទេ នៅមានច្រើនទៀត។
(១២) ពេលសេដ្ឋកិច្ចខេត្តមានកំណើន កំណើនប្រជាជនខេត្តនឹងលឿន ព្រោះនឹងមានអ្នកពីខេត្តដទៃមកស្វែងរកឱកាសការងារ/រកស៊ីនៅរតនគិរី
… ហើយបើសិនជាមានកំណើនសេដ្ឋកិច្ចនៅទីនេះ ប្រជាជនកើនកាន់តែលឿន ដោយសារនឹងមានប្រជាពលរដ្ឋដែលរស់នៅខេត្តផ្សេងៗចង់មករកឱកាសការងារ ឱកាសអភិវឌ្ឍនៅទីនេះកាន់តែច្រើន មករកប្រកបរបរអាជីវកម្ម រកស៊ីទទួលទាន រកការងារធ្វើនៅទីនេះ អញ្ចឹងកើនឡើងកាន់តែច្រើន។ ខ្ញុំជឿថា អ្នករតនគិរីនឹងមិនប្រកាន់ទេ បើសិនជាប្រជាជនខ្មែរយើងមកពីខេត្តផ្សេងៗទៀតមករកស៊ី ធ្វើការឲ្យខេត្តរតនគិរីកាន់តែកើន។ មិនមែនមកដណ្ដើមដី និងការងាររបស់បងប្អូននោះទេ មកបង្កើនកម្លាំងសេដ្ឋកិច្ច មកជួយបង្កើនការអភិវឌ្ឍ ឧទាហរណ៍ថា មកវិនិយោគលើវិស័យទេសចរណ៍ធម្មជាតិ បង្កើត resort អញ្ចឹងទាញទេសចរមក ផលមកដល់ប្រជាពលរដ្ឋយើង ដែលទៅលក់ឥវ៉ាន់អីជាដើម បង្កើតការចាប់អារម្មណ៍។
(១៣) ប្រែក្លាយ បឹងកន្សែង ទៅជាកន្លែងកម្សាន្តសម្រាប់ប្រជាជនខេត្តរតនគិរី
ក្នុងន័យនេះ ខ្ញុំសូមអរគុណណាស់ហើយកោតសរសើរចំពោះ ឯកឧត្ដម ញ៉ែម សំអឿន ព្រោះគាត់បាញ់រូបឲ្យខ្ញុំនេះ រឿងបឹងកន្សែង ធ្វើបានល្អ។ ខ្ញុំឧស្សាហ៍មកទីនេះពេលនៅជាទាហាន ហើយមានភោជនីយដ្ឋានមួយនៅលើនោះ មានកោះមួយអណ្ដែតដែលចេះអណ្ដែតទៅលិចទៅកើត … តែនៅជុំវិញមិនទាន់ការអភិវឌ្ឍច្រើន។ យើងមានធ្វើផ្លូវព័ទ្ធជុំវិញដែរ តែនៅមានកន្លែងសម្រាប់អភិវឌ្ឍបន្ត។ អញ្ចឹង ថ្មីៗនេះ ពីឆ្នាំទៅនេះ ឯកឧត្ដម អភិបាល ក៏បានរៀបចំបន្ថែម ហើយបានបាញ់រូបមកឲ្យខ្ញុំ ប្រែក្លាយកន្លែងហ្នឹង … រៀបចំកន្លែងនោះ ហើយឃើញប្រជាពលរដ្ឋទៅដើរហាត់កីឡាច្រើននៅនោះ។
កន្លែងហ្នឹងផ្ដើមចេញពីឆ្នាំទៅ មានរឿងមួយ ឯកឧត្ដម គាត់ចាប់ផ្ដើមកសាងជាច្រើននៅលើទីនោះ អញ្ចឹងក៏បង្កើតការយល់ច្រឡំមួយចំនួន ជាពិសេស មន្ទីរសុខាភិបាល ដែលនៅមួយផ្នែកនៃបឹងកន្សែង។ មន្ទីរនោះនៅយូរហើយ ប៉ុន្តែមិនដឹងអ្នកណាគេថតបង្ហោះ គេថារដ្ឋចាក់ដីលក់ឲ្យឯកជន ចូលទៅក្នុងបឹងកន្សែងបម្រុងលុបបឹងកន្សែង។ ខ្ញុំបានផ្ញើសារមកឯកឧត្ដមអភិបាល គាត់ក៏ថា អាហ្នឹងមិនមែនអូតែលឯកជនទេ គឺមន្ទីរសុខាភិបាល ហើយនៅទីនេះយូរហើយ។ ខ្ញុំក៏ថាអញ្ចេះ កន្លែងហ្នឹងទាន់ផែនការរបស់ខេត្ត រៀបចំជាកន្លែងទេសចរណ៍សម្រាប់ប្រជាពលរដ្ឋក្នុងក្រុង ទៅជាកន្លែងទីសាធារណៈឲ្យបានល្អ ហើយមន្ទីរសុខាភិបាលគួរយកទៅដាក់កន្លែងផ្សេងទៅ។ ឯកឧត្ដមក៏ថាមាននៅជិតសាលាខេត្តនោះ មានដីប្រហែល១ហិកតា។ ខ្ញុំក៏បានឲ្យឯកឧត្ដម ឈាង រ៉ា និងមន្ទីរសុខាភិបាល លើកផែនការមក រៀបចំរើមន្ទីរសុខាភិបាលទៅកន្លែងថ្មីទៅ។ ហើយអគារ/ទីតាំងដែលមានស្រាប់ ប្រែក្លាយទៅជាកន្លែងសាធារណៈសម្រាប់កម្សាន្ត បើអាចកន្លែងហ្នឹងបើរើទៅហើយ កុំកាយដីកន្លែងនេះចេញ ហើយរក្សាអគារតូចៗមួយចំនួនរើចេញទៅ តែអគារខ្ពស់អីកុំវាយវាចោលអី (កែច្នៃ)រៀបចំឲ្យទៅជាកន្លែងផ្ដល់ព័ត៌មានទេសចរណ៍អីទៅ ឬកន្លែងលក់អីសម្រាប់ពេលប្រជាជនទៅកម្សាន្ត ហើយកន្លែងដីនោះ រៀបចំជាទោង ឧបករណ៍ហាត់ប្រាណអីទៅ វាជាប់នឹងបឹងកន្សែង ទុកឲ្យអ្នកខេត្តរតនគិរីតែម្ដង។ នេះជាអ្វីដែលសំខាន់។ ឥឡូវ Facebook ហ្នឹងលឿនណាស់ មិនទាន់ដឹងអីផង ថាខេត្តត្រូវគ្នាលុបបឹងកន្សែងលក់បាត់ហើយ។ ប្លែកៗ តែការពិតអត់មានលក់ទេ។
(១៤) កុំគិតតែទេសចរពីចម្ងាយ ត្រូវរៀបចំបង្កើនទីកន្លែងកម្សាន្តក្នុងខេត្តឲ្យកាន់តែច្រើន ទាក់ទាញទេសចរក្នុងខេត្តផង និងអ្នកឆ្លងកាត់ខេត្តផង
ខ្ញុំសូមអរគុណណាស់ និងអបអរសាទរ ចំពោះការរៀបចំ បង្កើនឲ្យកាន់តែល្អ ហើយទីកន្លែងសាធារណៈនេះគឺតាមបណ្ដារាជធានីខេត្តបានខិតខំយកចិត្តទុកដាក់។ ហើយបង្កើតបន្តទៀត ព្រោះវាជាកន្លែងទាក់ទាញទេសចរសំខាន់ណាស់។ បើយើងទៅប្រទេសផ្សេង ឬកន្លែងណាមួយដែលយើងមិនស្គាល់ ហើយចង់ដើរលេងយប់ យើងប្រាកដជាទៅសួរគេថាកន្លែងណាមនុស្សទៅដើរលេងច្រើននៅពេលយប់។ មិនដែលសួរថា កន្លែងណាដែលស្ងាត់ ខ្ញុំចង់ទៅដាច់ដោយឡែកពីគេនោះទេ។ … ព្រោះបើទៅលេងជាទេសចរ ទៅលេងម្នាក់ឯងពិបាក។ អញ្ចឹង អ្នកដែល(ទៅកម្សាន្ត)ភាគច្រើនគឺអ្នកដែលនៅមូលដ្ឋាន ពេលយើងបង្កើតទីតាំងសម្រាប់អ្នកមូលដ្ឋានទៅលេង អ្នកមកថ្មីក៏នឹងទៅលេងកន្លែងនោះដែរ អញ្ចឹងជាកន្លែងទាក់ទាញ បើកមុខរួចទៅហើយ។ ការគិតពីទេសចរណ៍ កុំគិតតែពីអ្នកមកពីចម្ងាយពេក គិតពីអ្នកនៅក្នុង(ទីតាំង)យើងផង។ ទី១ ក្នុងមូលដ្ឋាន ក្នុងក្រុង ក្នុងខេត្តខ្លួនឯង បង្កើតកន្លែងកម្សាន្តឲ្យច្រើន កន្លែងលេងកីឡា កន្លែងអាចចុងសប្ដាហ៍នាំកូនចៅមកអ៊ូអរ។ បើក្នុងក្របខ័ណ្ឌប្រទេស កុំគិតតែអភិវឌ្ឍសម្រាប់តែទេសចរមកពីអឺរ៉ុបអីជាដើម ត្រូវគិតក្របខ័ណ្ឌទេសចរប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងខេត្ត ក៏ច្រើនដែរឥឡូវ រាប់លាននាក់ផងដែរ។ អញ្ចឹង ផលិតផលទាំងអស់នេះដែលរៀបចំ គឺយើងគិត ហើយទាំងអស់នេះហើយដែលបំពេញគ្នាទៅវិញទៅមក វានឹងផ្ដល់ឲ្យជាកញ្ចប់ទេសចរណ៍មួយដែលទាក់ទាញទាំងអស់ ផ្ដើមចេញពីអ្នកនៅមូលដ្ឋាន ពីការយកចិត្តទុកដាក់បំពេញនូវសេចក្ដីត្រូវការ បង្កើតការចាប់អារម្មណ៍ និងការដើរលេងកម្សាន្ត។
(១៥) ប្រើប្រាស់សក្ដានុពលដែលដូនតា/ធម្មជាតិទុកឲ្យរាប់ឆ្នាំមកហើយ ទាញផលឲ្យអ្នកក្នុងខេត្ត
ហើយនៅខេត្តរតនគិរីនេះយើងមានសក្ដានុពលខាងកសិ-ឧស្សាហកម្ម ខាងទេសចរណ៍ធម្មជាតិ និងកសិកម្មច្រើន។ អញ្ចឹង ត្រូវទាញសក្ដានុពលទាំងអស់នេះ តាមរយៈការរៀបចំកន្លែង ជាពិសេស ខាងទេសចរណ៍ធម្មជាតិតាមសហគមន៍តូចៗ ធ្វើយ៉ាងណាបានផលទៅសហគមន៍ ហើយរៀបចំយ៉ាងណាដើម្បីទាញផ្គុំគ្នា។ បើការវិនិយោគមកពីក្រៅ ធ្វើយ៉ាងណាកុំឲ្យទៅសម្លាប់សេដ្ឋកិច្ចមូលដ្ឋាន។ ផ្ទុយទៅវិញ ទៅដើម្បីលើកសេដ្ឋកិច្ចមូលដ្ឋាន ដែលគេហៅថា ចែកគ្នារស់។ បង្កើនសក្ដានុពលដែលដូនតាយើង ឬធម្មជាតិ ទុកឲ្យរាប់លានឆ្នាំហើយ ដូចបឹងយក្សឡោមជាដើម មិនមែនយើងបង្កើតនោះទេ គឺវានៅហ្នឹងរាប់សែនលានឆ្នាំ ទាញសក្ដានុពលវាដើម្បីឲ្យផលដល់អ្នកនៅក្នុងខេត្ត និងផលអ្នកដែលមកកម្សាន្តទីនេះ។ នេះហើយជាការប្រើប្រាស់ដោយចីរភាព និងគិតគូរគ្រប់ជ្រុងជ្រោយ។
(១៦) និយាយពីការអប់រំ ផ្ដោតខ្លាំងមិនត្រឹមតែបង្កើនបរិមាណនោះទេ ត្រូវធានាគុណភាពផងដែរ
ពាក់ព័ន្ធនឹងការកសាងធនធានមនុស្ស ការយកចិត្តទុកដាក់ក្នុងការប្រមូលផ្ដុំ កសាងសាលារៀន គ្រូបង្រៀន និងប្រព័ន្ធអប់រំ។ ពិតណាស់ យើងមានបញ្ហាខ្វះខាត ដែលយើងត្រូវបំពេញជាជំហានៗ ធានាទាំងបរិមាណ និងគុណភាព។ បើយើងនិយាយពីការអប់រំ យើងត្រូវផ្ដោតខ្លាំងមិនត្រឹមតែបរិមាណឲ្យមាននោះទេ តែគុណភាពត្រូវតែធានា។ ហេតុនេះហើយបានជាក្រសួងអប់រំ មន្ទីរអប់រំ រាប់សិបឆ្នាំមកនេះ ខិតខំពង្រឹងនូវគុណវុឌ្ឍិគ្រូបង្រៀន រៀបចំជាការលើកទឹកចិត្តផ្សេងៗ។ ពិតណាស់ យើងជឿថា នៅខេត្តដាច់ស្រយាល ខេត្តដែលឆ្ងាយ ការបំពេញគ្រូមានការលំបាក ផ្គុំនឹងកំណើនប្រជាពលរដ្ឋកើនឡើងលឿននៅពេលដែលប្រទេសតភ្ជាប់ ផ្លូវតភ្ជាប់ សេដ្ឋកិច្ចតភ្ជាប់។ ប៉ុន្តែ វាជាវិញ្ញាសាមួយដែលយើងត្រូវប្រឈមដោះស្រាយ ហើយខិតខំរកវិធីសាស្រ្តដើម្បីដោះស្រាយឲ្យកាន់តែមានប្រសិទ្ធភាព មិនមែនដោយសារបញ្ហាស្មុគស្មាញ ឆ្ងាយពេក យើងបោះបង់ចោលនោះទេ។ ប្រជាពលរដ្ឋនៅទីណាក៏ត្រូវការការអប់រំ ការបណ្ដុះបណ្ដាល។ គោលនយោបាយដែលយើងនិយាយពីការអភិវឌ្ឍខេត្តរតនគិរី ទាល់តែប្រជាជនខេត្តរតនគិរីមានសមត្ថភាពចាប់យកការងារ បង្កើតការងារ ឬបង្កើតសមិទ្ធផលខ្លួនឯងច្រើន។ សមត្ថភាព ចំណេះដឹងក្នុងសាលារៀន ឬបំណិនតាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សេងៗ ត្រូវតែគិតគូរ។
(១៧) កំពុងវិភាគដើម្បីបង្កើនថវិកាពីឆ្នាំក្រោយតទៅ ក្នុងការពង្រាយអនុវិទ្យាល័យ និងវិទ្យាល័យ ដើម្បីភ្ជិតគម្លាតនឹងបឋមសិក្សា និងបង្កើនអត្រាអ្នករៀនចប់មធ្យមសិក្សាផង
ហេតុនេះហើយបានជាសម្ដេចតេជោ និងរាជរដ្ឋាភិបាលពីអាណត្តិមុនៗ បានរុញសាលារៀន បឋមសិក្សា មត្តេយ្យសាលា ជាពិសេស បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ នៅតាមមូលដ្ឋាន។ ហើយខ្ញុំកំពុងតែឲ្យវិភាគមើលដើម្បីបង្កើនថវិកាពីឆ្នាំក្រោយតទៅ ក្នុងការពង្រាយអនុវិទ្យាល័យ និងវិទ្យាល័យឲ្យបានច្រើន ព្រោះឥឡូវ រវាងចំនួនបឋមសិក្សា និងអនុវិទ្យាល័យ វិទ្យាល័យ មានគម្លាតខ្លាំង។ បឋមសិក្សា យើងមានជាង៧ពាន់ ដល់មកអនុវិទ្យាល័យមានតែ ១ពាន់ទៅ២ពាន់ ឯវិទ្យាល័យត្រឹមតែជាង១ពាន់។ អញ្ចឹង ទាល់តែពង្រីកល្បឿននេះ ដើម្បីស្រូបយកអ្នកមកពីបឋមឲ្យបានច្រើន ផ្គុំជាមួយនឹងនៅអនុវិទ្យាល័យ និងវិទ្យាល័យ បូកនឹងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈទៀត ដើម្បីយើងស្រូបយក ធ្វើយ៉ាងណាឲ្យកូនចៅប្រជាពលរដ្ឋយើង ពេលឡើងទៅលើ ជាពិសេស អត្រានៃអ្នករៀនចប់មធ្យមសិក្សាកាន់តែច្រើន។ ហើយយើងបានធ្វើច្រើនហើយពីមុន តាំងពីចប់សង្រ្គាម ប្រហែលជា១០%ទេ ឥឡូវយើងឡើងមកដល់ជាង៤០%(នៃអត្រាអ្នកចប់មធ្យមសិក្សា) តែចំនួននេះមិនទាន់ល្អនោះទេ។ ឥឡូវ យើងត្រូវដាក់ទិសដៅដើម្បីពង្រីករឿងនេះឲ្យបានច្រើនបន្ថែមទៀត ព្រោះនេះគឺជាមូលធនរយៈពេលវែង។ ទ្រព្យរយៈពេលវែងរបស់យើង គឺទ្រព្យធនធានមនុស្សនេះឯង។ ទ្រព្យដែលចេះតែរីក។ ទ្រព្យផ្សេងៗទៀតប្រើយូរៗទៅ ចេះតែរួម។
គេថា មនុស្សកាន់តែចាស់កាន់តែខ្ញី ខ្ញីកាន់តែចាស់កាន់តែហិរ។ អត់ទេ។ មនុស្សមានវ័យ ពីក្មេងកើតមករហូតដល់១៨ឆ្នាំ ភាគច្រើនជាវ័យស្រូបយកនូវជំនាញ ចំណេះដឹង។ ពី១៨ទៅ៦០ឆ្នាំ គឺជាវ័យដែលបញ្ចេញកម្លាំងថាមពលដើម្បីបង្កើតសមិទ្ធផលបន្ថែម។ ពីក្មេងរហូត១៨ឆ្នាំនេះ ត្រូវកសាងមូលដ្ឋាននេះឲ្យរឹងមាំ ដើម្បីពេលដែលគាត់ចេញទៅ គាត់មានសមត្ថភាពមូលដ្ឋានទៅបង្កើតសមិទ្ធផលបន្ថែមទៀតជំរុញដល់ការអភិវឌ្ឍ។
(១៨) រាជរដ្ឋាភិបាលជួយ ១៨ឆ្នាំដំបូង ឲ្យរៀនសូត្រដល់មធ្យមសិក្សា, ក្រោយ១៨ឆ្នាំ មានកម្មវិធីបំប៉នបន្ថែម ដើម្បីសុខភាពល្អ ចំណេះដឹង សមត្ថភាព និងបំណិន
ឥឡូវ ៦០ ឆ្នាំក៏មិនណយដែរ ៦០ ឆ្នាំមិនទាន់ចាស់ទេ។ គ្រាន់តែអាយុក្នុងច្បាប់យើងចូលនិវត្តន៍ ប៉ុន្តែ ៦០ ឆ្នាំខ្លះ មើលទៅខ្ញុំច្រឡំស្មានតែ ៤០ ជាង។ ក្មេងៗខ្លះ ៤០ ឆ្នាំជាង មុខចង់ចាស់ជាងផង។ អញ្ចឹងគឺ កម្លាំង ថាមពល សុខភាព (ល្អប្រសើរ) បានច្រើន ប៉ុន្តែយើងនិយាយតែពី ៦០ ឆ្នាំចុះ។ ពី ១៨ ទៅ ៦០ ឆ្នាំ (សរុបស្មើនឹង)៤២ ឆ្នាំ អញ្ចឹងភារកិច្ចរបស់យើងត្រូវធ្វើម៉េច? រាជរដ្ឋាភិបាលជួយ ១៦ ឆ្នាំ ១៧ ឆ្នាំ ឬ ១៨ ឆ្នាំ ដំបូង។ បើថាការរៀនសូត្រយ៉ាងហោចណាស់ដល់មធ្យមសិក្សា ហើយទៅបំណិនទៅអីចុះ ឲ្យមានមូលដ្ឋានរឹងមាំ។ ក្រោយពី ១៨ ឆ្នាំនេះ អាចមានកម្មវិធីបំប៉នបន្ថែមអីផ្សេងៗទៀត។ នេះជាការកសាងធនធានមនុស្សរបស់យើង។ អញ្ចឹងបាន រាជរដ្ឋាភិបាលជំរុញការបង្កើតបន្ថែមមូលនិធិ ក៏ដូចជាថវិកាជាតិវិភាជនៅអប់រំ និងសុខាភិបាលច្រើន។ សុខភាពល្អ ចំណេះដឹង និងបំណិនមាន សមត្ថភាពមាន យើងអាចជួយប្រទេសយើងបានច្រើន។
(១៩) ពង្រីកសាលាទាល់តែពង្រីកគ្រូ ពង្រីកគ្រូទាល់តែពង្រីកមូលដ្ឋានក្នុងការបណ្តុះបណ្តាលតាំងពីក្រោម
ប្រសិនជាយើងគ្មានធនធានមនុស្សដែលយើងកសាងបានមកប៉ុណ្ណេះ ប្រហែលជាគ្មានសាលារីកប៉ុណ្ណេះទេ។ ហើយបើសិនជាសាលារីកប៉ុណ្ណេះ យើងគ្មានគ្រូបណ្តុះបណ្តាលនៅក្នុងស្រុកយើង ប្រហែលយើងយកគ្រូមកពីភ្នំពេញ ឬមួយយកគ្រូពីក្រៅប្រទេស។ ទៅមិនរួចទេ។ អញ្ចឹង ពង្រីកសាលាទាល់តែពង្រីកគ្រូ ពង្រីកគ្រូទាល់តែពង្រីកមូលដ្ឋានក្នុងការបណ្តុះបណ្តាលតាំងពីក្រោម ព្រោះគ្រូមិនអាចថាខ្ជិលរៀនពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២។ ចាំឡើងចូលប្រឡងគរុកោសល្យគ្រូហើយ download ពី program បួនឆ្នាំចេញមកបង្រៀនមក អត់ទៅរួចទេ។ អញ្ចឹងមានតែកសាងបន្ថែម មន្រ្តីរាជការក្នុងខេត្តដូចគ្នា មិនអាចយកអ្នកអត់ចេះអក្សរ អត់ចេះអាន អត់ចេះសរសេរ … ទៅធ្វើរដ្ឋបាលខេត្ត ទៅធ្វើហិរញ្ញវត្ថុខេត្ត ទៅធ្វើជំនាញនៅក្នុងមន្ទីរ ការិយាល័យជំនាញនោះទេ។ អញ្ចឹងត្រូវតែបណ្តុះបណ្តាលគាត់។ មិនអាចយកមន្រ្តីរាជការ សូម្បីតែជាមន្រ្តីធម្មតា បើគាត់អត់ចេះអាន អត់ចេះសរសេរ ឲ្យទៅធ្វើអ្វី? ពិតណាស់គាត់អាចជារដ្ឋបាលបោសសំអាត ឬមួយអី ប៉ុន្តែយើងមិនចង់ឲ្យប៉ុណ្ណឹងទេ។ អ្នកដែលកាន់ computer អ្នកដែលសរសេរ អ្នកដែលកត់ត្រា អ្នកដែលរៀបចំគិតគូរអនុវត្តផែនការត្រូវមានមូលដ្ឋាន ហើយកុំចាំបាច់ទៅបណ្តុះបណ្តាលពីភ្នំពេញ ហើយយកមកនេះ។ ត្រូវរុញមកកន្លែងនេះ ហើយយើងបង្កើនឲ្យកាន់តែច្រើន។ ឥឡូវយើងរហូតឧត្តមសិក្សាក៏មាននៅមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ ខេត្ត ៤ ហ្នឹង។
(២០) សូមធ្វើយ៉ាងណាថែរក្សាសុខសន្តិភាព ការឯកភាពជាតិ ស្ថិរភាពក្នុងសង្គម ក្នុងខេត្ត, អរគុណអ្នកនៅខេត្តទិសឦសាន ដែលជួយរំងាប់អារម្មណ៍ព្រួយបារម្ភប្រជាជននៅកន្លែងផ្សេងទៀត
អញ្ចឹងពីខេត្តដែលដាច់ស្រយាលសឹងតែមិនមានអ្វីទាំងអស់ ២០ ឆ្នាំមុន ទៅជាខេត្តដែលមានលក្ខណៈសម្បត្តិ មានមូលដ្ឋានរីកចម្រើនគួរសម។ យើងនៅតែបន្តតទៅទៀត ប៉ុន្តែមូលដ្ឋានសំខាន់ សូមធ្វើយ៉ាងណាថែរក្សាសុខសន្តិភាព ការឯកភាពជាតិ ស្ថិរភាពក្នុងសង្គមរបស់យើង នៅក្នុងខេត្តរបស់យើង។ សូមបងប្អូនចូលរួមថែរក្សា។ ត្រង់ហ្នឹងហើយ ដែលខ្ញុំសូមអរគុណបងប្អូនអ្នកខេត្តរតនគិរី ដូចជាអ្នកខេត្តទិសឦសាន ពេលដែលជ្រួលច្របល់នៅភ្នំពេញរឿង CLV-DTA អ្នកខេត្តមានភាពនឹងនរ។ ហើយថែមទាំងចេញទៅប្រាប់គេទៀត ថាខ្ញុំនៅទីនេះអត់អីទេ ២០ ឆ្នាំហើយ ខ្ញុំគ្មានបាត់ទៅណាទេ គេគ្មានដេញខ្ញុំទៅណាទេ។ ខ្ញុំសូមអរគុណណាស់ដែលបងប្អូនក្នុងពេលនោះ បានជួយចេញសារដើម្បីរំងាប់ឲ្យប្រជាពលរដ្ឋយើងបានដឹង។ ជាពិសេស អ្នកនៅភ្នំពេញ អ្នកនៅខេត្តផ្សេងៗដែលចង់ស្វែងយល់ពេលនោះ ជិះឡានមកធ្វើ tour group រាប់រយ រាប់ពាន់នាក់ ជួបជាមួយយើងនៅទីនេះ។ បងប្អូនបានប្រាប់អំពីការវិវត្តជាក់ស្តែង ហើយជំនឿជាក់ស្តែងថា ទឹកដីនេះខ្មែរកាន់កាប់ ហើយខ្មែរ និងកូនខ្មែរ នឹងបន្តកាន់កាប់និងអភិវឌ្ឍបន្តទៅទៀត គ្មានអ្នកណាមកយក។ ខ្ញុំសូមអរគុណណាស់ដែលជួយរំងាប់។ បើសិនជាពេលនោះអ្នកខេត្តទាំង ៤ ចេញមកប្រាប់ថាមែន ខ្ញុំ(ត្រូវ) គេមកត្រួតអស់ហើយ គ្រប់សាលាទាំងអស់សុទ្ធតែគេហើយ។ ជនជាតិភាគតិចគេដេញខ្ញុំចេញពីស្រុកអស់ហើយ គេយកខ្ញុំទៅដាក់នៅកន្លែងនេះអស់ហើយ។ ខ្ញុំជឿថាពេលនោះប្រហែលជាឆេះតែម្តង ប៉ុន្តែដោយសារបងប្អូនបានឃើញនូវការពិត ហើយជួយរំងាប់បែបនេះ(ទើបសភាពការណ៍នឹងនរ)។
(២១) ទោះបីលែងមាន CLV-DTA ខេត្តទាំងបួនសហការរួមគ្នាគម្រោងនានា ជួយខ្លួនឯង រស់ដោយខ្លួនឯង
អញ្ចឹងសូមបន្តមានទំនុកចិត្តជាមួយនឹងរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងបន្តគោលនយោបាយ ដើម្បីជួយកសាង និងអភិវឌ្ឍ ដល់បងប្អូនទាំងអស់ មិនថាបងប្អូនប្រជាពលរដ្ឋជនជាតិខ្មែរ ឬជនជាតិដើមភាគតិច។ គឺយើងសហការរួមគ្នាតទៅទៀត អត់ចោលទេ ការអភិវឌ្ឍនេះ។ ហើយយើងនឹងរុញបន្ថែមបន្តទៅទៀត។ ហើយសូមឯកឧត្តមអភិបាលខេត្តទាំង ៤ នៅទីនេះជុំគ្នាល្អ ដឹកដៃគ្នា។ ខ្ញុំឆ្ងល់បងឯងមាឌប៉ុណ្ណឹងចូលចិត្តទៅអង្គុយ/ឈរជិតគេមាឌធំ ឯកឧត្តមអភិបាលខេត្តក្រចេះ គាត់មាឌល្អិត ប៉ុន្តែចូលចិត្តទៅឈរជិតឯកឧត្តមខេត្តស្ទឹងត្រែង។ ពីមុនអភិបាលរងខេត្តកំពង់ស្ពឺ។ ឥឡូវមកដល់នេះ រុញមកព្រំដែនឲ្យស្រកគីឡូ មានស្រកឯណាឡើងលើសដើម ប៉ះអាកាសធាតុនេះផង។ ថ្ងៃមុន ឲ្យជុំគ្នាជជែកអំពីមន្ទីរទេសចរណ៍ជាមួយគ្នា គិតមើលថាយើងអាចធ្វើអ្វីជាមួយគ្នាបាន។ បំពេញបន្ថែមគោលនយោបាយពីកណ្តាលមក ខេត្តទាំង ៤ សហការគ្នាបាន នេះជាកិច្ចការល្អ។ រួមគ្នាធ្វើ ទោះបីយើងមិនមាន CLV-DTA សហការបន្ថែមមានបរទេស ឧទាហរណ៍ World Bank ជប៉ុន អង្គការអីផ្សេងៗ ចូលក្នុងគម្រោងហ្នឹងមកជួយយើងទៀត យើងរស់ខ្លួនឯង យើងធ្វើខ្លួនឯង។ បន្តទៀតទាញមក។ ហើយខេត្តផ្សេងៗមានដៃគូទ្វេភាគី ការអភិវឌ្ឍជាមួយនឹងដៃគូបណ្តាប្រទេស ឬមួយអង្គការអភិវឌ្ឍផ្សេងៗដែលក្របខណ្ឌក្រសួងស្ថាប័នជំនាញរុញមកដែរ យើងបន្តធ្វើ។ ប៉ុន្តែអ្វីដែលសំខាន់ គឺពង្រឹងសមត្ថភាពខ្លួនឯង ប្រើអស់សក្តានុពលធនធានមនុស្ស ធនធានធម្មជាតិ ថវិកាដែលយើងមាន ច្នៃប្រឌិតដើម្បីទាញបង្កើតថាមពលបន្ថែមសម្រាប់ខេត្ត។ អញ្ចឹងសូមឲ្យចូលរួម ហើយតភ្ជាប់ខេត្តនៅកន្លែងនេះ ខេត្តទិសឦសាន ជាប៉ូលសំខាន់មួយដើម្បីប្រៀបធៀប ប្រកួតប្រជែង ទាញឲ្យភ្ជាប់ជាមួយនឹងប៉ូលផ្សេងៗទៀត កុំឲ្យមានគម្លាត។
(២២) ឲ្យតែមានឱកាស ខួរក្បាលអ្នករតនគិរីមិនចាញ់អ្នកភ្នំពេញនោះទេ
ចំពោះការងារដែលរាជរដ្ឋាភិបាល បានកសាង និងអភិវឌ្ឍបន្ថែម។ ខ្ញុំសូមអរគុណណាស់ចំពោះរបាយការណ៍កោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលនៅក្នុងវិស័យអប់រំ ដែលឯកឧត្តមបានប្រកាសអម្បាញ់មិញនេះ។ យើងបានប្រកួតប្រជែង បានប្រឡងនិទ្ទេស A ក៏មាន ប្រឡងបានជាប់ច្រើន ហើយបានទៅប្រកួតបានមេដាយច្រើនទៀត។ អញ្ចឹងសូមអបអរសាទរ។ នៅខេត្តរតនគិរីមានសាលាគំរូ ២ សាលា។ រៀន គាំទ្រ អភិវឌ្ឍ ហើយមានសាលា ៤ បានចូលរួមប្រកួតប្រជែងអង្គភាពផ្តល់សេវាគំរូក្នុងវិស័យអប់រំឆ្នាំ២០២៤។ (វាអាស្រ័យលើ)រឿងឱកាស (ព្រោះ)សមត្ថភាពខួរក្បាលអត់ចាញ់គ្នាទេ។ អ្នកខេត្តរតនគិរី មិនចាញ់អ្នកភ្នំពេញទេ ឲ្យតែផ្តល់ឱកាស តភ្ជាប់សាលា តភ្ជាប់ផ្លូវ តឱកាសឲ្យមានកុំព្យូទ័រឲ្យមានភ្លើង ដាក់ internet ឲ្យរៀន ស្រាវជ្រាវបានដូចតែគ្នាទេ។ ប្រឡងបាក់ឌូប្លិ៍ ប្រឡងប្រកួតប្រជែងផ្សេងៗ ក៏យើងអាចយកជ័យលាភីបានមួយចំនួន។
(២៣) បើគេផ្ដល់ឱកាសហើយ ត្រូវច្បាមយកឱកាសដែលមាន ដើម្បីបង្កើនសក្តានុពល
អញ្ចឹងការបង្កើតនេះ គឺបង្កើតការទុកចិត្តលើខ្លួនឯងនេះហើយ។ ហើយច្បាមយកឱកាសដែលមាននេះដើម្បីបង្កើនយកសក្តានុពលគឺសំខាន់ ។ បានន័យថាកុំពឹង អ្វីដែលធ្លាក់មកពីមេឃទាំងអស់។ បើយើងមិនព្យាយាម។ ភ្លៀងធ្លាក់មក កុំចាំគេមកជួយភ្ជួរឲ្យ ភ្ជួរទៅ។ សន្តិភាពមានហើយ ត្រូវខិតខំច្បាមយកកន្លែងដែលមានសក្តានុពល។ កន្លែងដែលមានមីន ដោះមីនឲ្យអស់។ កន្លែងដែលមានភាពប្រទាញប្រទង់មិនទាន់មានភាពដាច់ស្រេចនៅក្នុងកម្មសិទ្ធិដីធ្លី យើងចាប់ផ្តើមវាស់វែងដីធ្លី ចែកកម្មសិទ្ធិឲ្យគាត់។ កន្លែងដែលមានសក្តានុពលបង្កើតការងារ ទាក់ទាញការវិនិយោគ ឬមួយក៏បង្កើតការវិនិយោគនៅក្នុងខេត្តដើម្បីបម្រើសេវា។ នេះជាអ្វីដែលយើងរួមគ្នាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាល និងប្រជាជនត្រូវរួមគ្នាតែមួយ។ កត្តាទាំងអស់នេះ រាជរដ្ឋាភិបាលត្រឹមតែបង្កលក្ខណៈ ផ្តល់សិទ្ធិសេរីភាព ផ្តល់ហិរញ្ញវត្ថុ ផ្តល់គោលការណ៍គោលនយោបាយ តម្រង់ទិស។
ប៉ុន្តែ ការប្រើប្រាស់ឱកាសឬមិនឱកាស គឺបងប្អូនប្រជាពលរដ្ឋខ្លួនឯង។ សម្តេចតេជោកសាងសាលានៅទីនេះ ផ្ដល់ជូនប៉ុន្មានរយអគារ ប៉ុន្មានរយបន្ទប់? ៤៨ ខ្នង។ រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ និងសប្បុរសជនកសាងរាប់ពាន់បន្ទប់ទៀតជូន វាអាស្រ័យទៅលើបងប្អូនរៀន(ឬ)មិនរៀន គ្រូមកបង្រៀនយកចិត្តទុកដាក់ឬទេ។ នេះគឺជាសមិទ្ធផល។ ហើយសមិទ្ធផលបានមកពីការប្រកួតប្រជែង លទ្ធផលជាក់ស្តែងនេះ ទាំងសាលាគំរូ ទាំងលទ្ធផលនៃការប្រឡងនេះ បានបង្ហាញពីការប្រើប្រាស់ឱកាសនេះបានល្អណាស់ សម្រាប់ប្រជាជនអ្នកខេត្តរតនគិរី។ ហើយខ្ញុំសូមកោតសរសើរ ហើយសូមបន្តប្រើប្រាស់ឱកាសនេះ ដើម្បីជំរុញការកសាងធនធានមនុស្សឲ្យកាន់តែច្រើន ដើម្បីខេត្តយើងកាន់តែរីកចម្រើន។
[ចប់សេចក្តីអធិប្បាយ១]
ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូលជាទីមេត្រី!
ទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្លំាងលើវិស័យអប់រំ ក្នុងនោះ សាលារៀនដែលជាអង្គភាពផ្តល់សេវាសាធារណៈនៅជិតប្រជាពលរដ្ឋ មានភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការផ្ដល់នូវវិជ្ជាជីវៈសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដល់សិស្សានុសិស្សគ្រប់រូប។ ការណ៍នេះ ទាមទារឱ្យសាលារៀនត្រូវពង្រឹងអភិបាលកិច្ច ប្រកបដោយភាពធន់ បុរេសកម្ម និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស សហគមន៍ និងមាតាបិតា ក្នុងការអភិវឌ្ឍសាលារៀនគ្រប់ជ្រុងជ្រោយ ស្របតាមស្តង់ដាសាលារៀនគំរូ។
ក្នុងន័យនេះ ខ្ញុំសូមផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដល់ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ស្ថាប័នមានសមត្ថកិច្ច ព្រមទាំងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ដូចខាងក្រោម៖
ទី១. រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក ត្រូវពង្រឹង គាំទ្រ និងទទួលខុសត្រូវលើមុខងារដែលរាជរដ្ឋាភិបាល និង ក្រសួងអប់រំ យុវជន និងកីឡាបានប្រគល់ជូន។ សូមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សហការ និងបន្តស្មារតីពូនជ្រំ ចូលរួមកសាង និងអភិវឌ្ឍមូលធនមនុស្សរបស់យើង ឱ្យក្លាយជាធនធានប្រកបដោយចំណេះដឹង គុណភាព គុណធម៌ និងមានសមត្ថភាពប្រកួតប្រជែងទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
ទី២. ខ្ញុំសូមលើកទឹកចិត្តដល់ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ នៃគ្រប់គ្រឹះស្ថានសិក្សាក្នុងខេត្ត បន្តសហការ ដើម្បីលើកស្ទួយវិស័យអប់រំ ឱ្យកាន់តែល្អប្រសើរ តាមរយៈការផ្តល់សេវាបង្រៀនប្រកបដោយគុណភាពខ្ពស់ កិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ ក្នុងការពង្រឹងអភិបាលកិច្ចសាលារៀន និងការអភិវឌ្ឍប្រព័ន្ធអប់រំ ឱ្យកាន់តែរឹងមាំ មានភាពបុរេសកម្ម ទំនើបកម្ម ព្រមទាំងយកចិត្តទុកដាក់លើធនធានយុវជនសម្រាប់ជាអ្នកបន្តវេន និងជាសសរទ្រូងដ៏រឹងមាំ សំដៅឈានឆ្ពោះដល់ការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ទី៣. ខ្ញុំសូមគាំទ្រ និងជំរុញការរៀនសូត្រពេញមួយជីវិត និងការអភិវឌ្ឍជំនាញ បង្កើតគំនិតផ្តួចផ្តើមដែលលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់មនុស្សពេញវ័យ ក្នុងការទទួលបានឱកាសសិក្សាជាបន្តបន្ទាប់ ដើម្បីរក្សាការប្រកួតប្រជែង និងសម្របខ្លួននៅក្នុងកម្លាំងការងារក្នុងយុគសម័យឌីជីថល។
ទី៤. សូមបន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយត្រូវលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនចេញថ្មី និងបន្តធ្វើវិក្រឹតការគ្រូបង្រៀន ឱ្យស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន រួមទាំងការផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងផ្តល់ឧបករណ៍គាំទ្រចាំបាច់ ស្របតាមតម្រូវការ ក្នុងការអនុវត្តវិធីសាស្ត្របង្រៀនបែបថ្មី និងការអប់រំឌីជីថល។ គ្រូបង្រៀន គឺជាបេះដូង នៃប្រព័ន្ធអប់រំ ដូច្នេះតាមរយៈការពង្រឹងជំនាញរបស់គ្រូបង្រៀន យើងនឹងធានាបាននូវការអប់រំប្រកបដោយគុណភាព ភាពច្នៃប្រឌិតថ្មី និងការផ្សារភ្ជាប់គំនិតច្នៃបង្កើតទាំងនោះទៅនឹងជីវភាពរស់នៅជាក់ស្តែង។
ទី៥. មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងគណៈគ្រប់គ្រងសាលារៀន ត្រូវបន្តសហការក្នុងការលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សា និងត្រៀមវិធានការឆ្លើយតប និងចូលរួមទប់ស្កាត់ភ្លាមៗ ព្រមទាំងបង្កើនការអប់រំ អំពីសុវត្ថិភាពសុខភាពសិក្សា, សុវត្ថិភាពចំណីអាហារ កែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព ដូចជារៀបចំបន្ទប់សុខភាពស្តង់ដា បរិស្ថានសាលារៀនបៃតងសាលារៀនស្អាតគ្មានសំរាម និងការលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងអនាម័យ។ ការដោះស្រាយសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់សិស្សានុសិស្សនៅក្នុងសាលារៀន រួមបញ្ចូលទាំងកម្មវិធីអប់រំសុខភាពផ្លូវចិត្ត និងសុខុមាលភាពនៅក្នុងសាលារៀន។ សាលារៀនត្រូវតែជាកន្លែងសុវត្ថិភាពដែលចិញ្ចឹមទាំងការសិក្សា និងការលូតលាស់ផ្លូវចិត្ត។
ទី៦. មន្ទីរ និងការិយាល័យចំណុះក្រសួងអប់រំ យុវជន និងកីឡា និងគណៈគ្រប់គ្រងសាលារៀន ត្រូវសហការជាមួយភាគីពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន ជំរុញភាពជាដៃគូសាធារណៈ និងសហគមន៍ក្នុងការអប់រំ ដោយចាប់ផ្តើមអនុវត្ត នៅតាមសាលារៀនគំរូ និងសាលារៀនគោលដៅ គ.វ.អ ដោយត្រូវបន្តធ្វើសុខដុមនីយកម្ម និងរៀបចំសេចក្តីណែនាំអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបំផុសស្មារតីចូលរួមតាមគោលការណ៍ស្ម័គ្រចិត្តសម្រាប់គាំទ្រដល់ការបន្ថែមមុខវិជ្ជាថ្មីៗ ឬការបន្ថែមម៉ោងអនុវត្ត ដើម្បីឱ្យសិស្សចំណាយពេលកាន់តែច្រើននៅក្នុងសាលារៀន ក្រោមការគ្រប់គ្រង និងដឹកនាំរបស់គ្រូបង្រៀន។ ការបង្កើតទំនាក់ទំនងល្អរវាងមាតាបិតាសិស្ស និងគ្រូបង្រៀន ដើម្បីផ្តល់ព័ត៌មាន និងជួយគ្នាទៅវិញទៅមកអំពីការអប់រំសិស្ស និងលើកទឹកចិត្តមាតាបិតាឱ្យចូលរួមជាមួយការសិក្សារបស់កូនកាន់តែច្រើន។
ទី៧. ក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធក្នុងសហគមន៍ មាតា បិតា និងអាណាព្យាបាល សូមសហការក្នុងការបន្តអភិវឌ្ឍកុមារ និងយុវជន ឱ្យមានស្មារតីទទួលខុសត្រូវ មានជំនឿលើសមត្ថភាពរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម មានសីលធម៌ និងការរស់នៅក្នុងភាពជាពលរដ្ឋល្អ តាមរយៈការបំផុសចលនា “កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ” កម្មវិធីយុវជនស្ម័គ្រចិត្ត និងការលើកទឹកចិត្តឱ្យយុវជនចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍ ព្រមទាំងបន្តបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់យុវជនសំដៅឆ្លើយតបបានទៅនឹងឱកាសការងារ និងភាពរឹងមាំនៃកោសិកាសង្គម។
[ផ្ដើមសេចក្ដីអធិប្បាយ២]
(២៤) ការធានានូវគុណភាពនិងបរិមាណនៃធនធានមនុស្ស អប់រំទាំងសមត្ថភាព ទាំងផ្នែកសីលធម៌ ឥរិយាបថ
ការធានានូវគុណភាពរបស់មនុស្សយើង(គឺ)សំខាន់។ ដែលខ្ញុំហៅថា គុណភាពនិងបរិមាណ។ ខេត្តរបស់យើង មានមនុស្សតិច អញ្ចឹងសូមឱ្យធនធានដែលមាននេះ គឺពិតប្រាកដ។ បានន័យថា បើមាន ១០ ខ្លាំងទាំង ១០ ឬយ៉ាងហោចណាស់ខ្លាំង ៩។ បើមាន ១០ ប្រើប្រាស់បានតែ ៤ ឯ ៦ ទៀតខូច (ធនធានមនុស្ស)យើងមិនកើតទេ ចាញ់គេមាន ៥ ហើយប្រើបានទាំង ៥។ បើសិនជាការអប់រំរបស់យើងដែលខ្ញុំនិយាយ មិនត្រឹមតែសមត្ថភាពចំណេះដឹងនោះទេ តែឥរិយាបថផង សីលធម៌ផង។ បើសិស្ស(មាន) ១០០ នាក់ ទៅរៀន ៦០ នាក់ប្រឹងរៀន ៤០នាក់ ប្រឹងដើរកាប់ចាក់ អាហ្នឹង(ធនធានមនុស្ស)យើងខូចហើយ។ ឪពុកម្ដាយមានកូន ៥នាក់, ៣នាក់ ទៅរួច ២នាក់ខូចដោយសារគ្រឿងញៀន ឬមួយ(ខិលខូច)អត់អនាគត ជាបន្ទុកឪពុកម្ដាយ នេះហើយជាបញ្ហា។ ស៊ូមានកូន ៣ ពូកែទាំង ៣ ទៅមានអនាគតទាំង៣ ជាជាងមានកូន ៥នាក់ ហើយមានតែ ៣នាក់ ដែលល្អ ហើយ ២នាក់ទៀត(ខិលខូច) (បង្កភាពលំបាក)វេទនា(ដល់ឪពុកម្ដាយ)។ នេះជាអ្វីដែលជាធនធានរបស់យើង។
(២៥) គ្រូ និងឪពុកម្ដាយសហការគ្នាអប់រំផ្នែកសីលធម៌ គុណធម៌ និងឥរិយាបថ
សូមឱ្យយកចិត្តទុកដាក់ទៅលើការអប់រំផ្នែកសីលធម៌ សុជីវធម៌ ឥរិយាបថ។ ហើយចាំបាច់ត្រូវ(មាន)គ្រូនិងឪពុកម្ដាយ សហការគ្នា(ដើម្បីជួយបណ្ដុះបណ្ដាល)។ ការបណ្ដុះបណ្ដាលមានបី៖ នៅផ្ទះ នៅសាលា និងនៅក្នុងបរិស្ថានជុំវិញក្នុងសង្គម។ យើងមិនអាចបន្ទោសសង្គមទេថា ដោយសារសង្គមអញ្ចឹង បានជាកូនខ្ញុំវាអញ្ចឹង អត់ទេ! សង្គមនេះកើតពីអ្វី? កើតពីមនុស្ស។ បើគ្រួសារមួយ ឥរិយាបថយ៉ាងណា សង្គមវាយ៉ាងនោះ។ យើង(អាច) និយាយក្រុងបានលុង ឥរិយាបថយ៉ាងម៉េច គឺអាស្រ័យទៅលើប្រជាជនអ្នកបានលុង។ បើប្រជាជនអ្នកបានលុង ជាអ្នកដែលថែរក្សាបរិស្ថាន ស្រលាញ់ស្អាត អនាម័យ គ្មានសំរាម គឺក្រុងនេះស្អាត។ រឿងតែប៉ុណ្ណឹង។ តែបើថា ប្រជាពលរដ្ឋគាត់មិនយកចិត្តទុកដាក់(រឿង)ហ្នឹងទេ សំរាមប៉ុណ្ណឹង មិនមែនបានន័យថាក្រុងបានលុងស្អាតទេ គេថា ក្រុងបានលុងស្អាតឬមិនស្អាត គឺអាស្រ័យទៅលើឥរិយាបថរបស់ប្រជាពលរដ្ឋ។ នេះគឺជាការពិត។ ការបណ្ដុះបណ្ដាលយុវជន កូនសិស្ស ប្រជាពលរដ្ឋរបស់យើង ឪពុកម្ដាយ គ្រូរបស់យើង នៅក្នុងខេត្តគឺត្រូវរួមគ្នា ដើម្បីកសាងធនធានមនុស្ស។
(២៦) កម្រិតជីវភាពរស់នៅមិនអាចកំណត់ថាប្រទេសធំអាចមានឥរិយាបថល្អជាងប្រទេសតូច វាអាស្រ័យលើផ្នត់គំនិត និងការបណ្ដុះបណ្ដាល
អ្នករតនគិរីទៅដល់ណា ក៏គេអាចដឹង ដោយសារមានឥរិយាបថមួយ។ អាហ្នឹងដូចនៅក្រៅប្រទេស ខ្ញុំមិននិយាយប្រទេសណាទេ ខ្ញុំធ្លាប់នៅប្រទេសមហាអំណាចពីរ នៅជាប់គ្នា(តែ)ឥរិយាបថខុសគ្នា។ គ្រាន់តែយើងមើលរបៀបនៃការជិះឡានក្រុង ប្រទេសមហាអំណាចមានដូចគ្នា។ ប្រទេសមហាអំណាចមួយ ប្រជាពលរដ្ឋពេលចាំឡានក្រុង អត់តម្រង់ជួរទេ មកប្រជ្រៀតគ្នាឡើងវាយគ្នា(ដោយសារ)ដណ្ដើមគ្នាជិះ។ ប្រទេសមួយទៀត (ដោយសារប្រជាពលរដ្ឋមាន)ឥរិយាបថ(ល្អ) ចង្អៀតប៉ុណ្ណា គាត់តម្រង់ជួរ គោរព(គ្នា)។ វិន័យ គ្រាន់តែឃើញតែនៅកន្លែងហ្នឹងមួយគ្រប់គ្រាន់។ អញ្ចឹងការបណ្ដុះបណ្ដាលក្នុងសង្គម(គឺ)សំខាន់ ដោយសាររបៀបរបបនៃការធ្វើ។ នៅអាមេរិក ទៅដល់ក្រុងមួយ គេឃើញភ្លើងក្រហម មនុស្សនៅតែដើរកាត់ គេថាអ្នកហ្នឹងមកពីតំបន់នេះហើយ ព្រោះអ្នកនៅក្នុងទីក្រុងធំ ឱ្យតែភ្លើងក្រហម ទោះអត់ឡាន ក៏មិនហ៊ានដើរដែរ តែខ្លះ(ចង់ល្មើស)។ អញ្ចឹងមកពីឥរិយាបថ។ ថ្ងៃមុន នៅជប៉ុន គេធ្វើតេស្ដ គេដាក់ទូរស័ព្ទ smart phone ឬ iPhone ថ្មីមួយ ដាក់ចោលនៅទីសាធារណៈ នៅលើធុងសំរាម។ ពីរម៉ោង គ្មានអ្នកណាយកទេ មិនមែនមិនឃើញទេ គេអត់យកតែម្ដង។ គេសាកមួយកន្លែងទៀត គឺដូចគ្នា។ ប៉ុន្តែ នៅប្រទេសមហាអំណាចខ្លះ មិនបានទេ (គ្រាន់តែ)កាន់ទូរស័ព្ទនិយាយ ឆក់បាត់។ មិនមែនដោយសារជីវភាពរស់នៅទេ ដោយសារឥរិយាបថ និងផ្នត់គំនិតនៃការបណ្ដុះបណ្ដាល។ ជប៉ុន គេមានវិធីសាស្រ្តក្នុងការលើកទឹកចិត្ត ឱ្យរង្វាន់ទៅលើភាពស្មោះត្រង់ និងការគោរពគ្នា។ ឃើញ(របស់គេជ្រុះ) យកទៅឱ្យប៉ូលីស គេឱ្យរង្វាន់។ ជាស្ដង់ដា គេបណ្ដុះតាំងពីក្មេង។ (ប្រទេស)ខ្លះអត់ទេ ជិះមិនស្រួល ឆក់យកបាត់។ មហាអំណាចដូចគ្នា មិនមែនមកពីកម្រិតជីវភាពនោះទេ ហើយនៅពេលដែលជីវភាពកាន់តែរីកចម្រើន ឥរិយាបថកាន់តែប្រែប្រួល ហើយភាគច្រើនឥរិយាបថកាន់តែលំបាក។ ពេលនៅក្រីក្រ គោរពគ្នា ស្រលាញ់គ្នា។ ពេលនៅក្រីក្រមិនអីទេ។ ដល់ពេលចាប់ផ្ដើមមានបាន ប្រកួតប្រជែងគ្នា គិតរឿង(ចង់ឈ្នះ)ហើយ លែងគោរពគ្នា ប្រៀបធៀបគ្នា លែងឱ្យតម្លៃគ្នា។ ឧទាហរណ៍ មិត្តភក្ដិ កាលនៅពីក្មេងស្រលាញ់គ្នា ដល់ធំឡើងជួបគ្នា ជិះកង់ធ្វើមើលមិនឃើញ។
(២៧) វិន័យ ផ្ដើមចេញពីគ្រូ និងសាលារៀន
ការបណ្ដុះបណ្ដាល ការគោរពគ្នានេះ វាមានមូលដ្ឋានវែងសម្រាប់យើង។ ដែលខ្ញុំថា ក្នុងគោលការណ៍នេះ ការអភិវឌ្ឍវិស័យអប់រំរបស់យើង ពង្រឹងថ្នាក់បឋមរហូតដល់ថ្នាក់មធ្យម យើងផ្ដោតខ្លាំងណាស់ទៅលើវិស័យអប់រំ។ ឥឡូវយើងពង្រីកបានច្រើន។ ក្រសួងអប់រំរុញច្រើនឆ្នាំមកហើយ ទៅលើស្តង់ដានៃគ្រូ ស្តង់ដាសាលាគំរូ មានអភិបាលកិច្ច ផ្ដើមចេញពីគ្រូ។ សាលាល្អ សិស្សល្អ ចាប់ផ្ដើមចេញពីគ្រូ ចេញពីគណៈគ្រប់គ្រងសាលា។ បើចង់ឱ្យសិស្សមានវិន័យ ទៅទាន់ម៉ោង សុំឱ្យលោកគ្រូអ្នកគ្រូទៅទាន់ម៉ោង(មុនសិស្ស)។ បើសិនចង់ឱ្យសាលាស្អាត សិស្សមានអនាម័យ ចេះរើសសំរាម ទាល់តែនាយកសាលា លោកគ្រូអ្នកគ្រូអនុវត្តអាហ្នឹងឱ្យជាប់ ឃើញសំរាមនៅទីណា ចាប់ផ្ដើមឱ្យសម្អាតភ្លាម។ បើសិនជាឃើញអាហ្នឹងចន្លោះប្រហោងហើយ មេនៅខាងលើក៏ថា វាមិនអីទេ (នោះនឹងជាគំរូមិនល្អ)។ នេះគឺជាការបណ្ដុះបណ្ដាល ដែលការពង្រឹងសាលា មិនមែនពង្រឹងតែសិស្សទេ។ គុណភាពអប់រំ មិនមែនអាស្រ័យទៅលើពិន្ទុ។ មេរៀនដូចគ្នា សាលានៅជិតគ្នានៅក្នុងក្រុងតែមួយ ហេតុអ្វីសាលានេះសិស្ស(ប្រឡង)ជាប់បានច្រើនជាងសាលានោះ។ ជួនកាល វាអាស្រ័យទៅលើវិន័យដែរ។ បើសិស្សមានវិន័យ វិន័យទាំងការរៀនសូត្រ ការយកចិត្តទុកដាក់(រៀនសូត្រ) គ្រូដែលខំប្រឹងយកចិត្តទុកដាក់(បង្រៀន)។
ខ្ញុំមិនថា លោកគ្រូអ្នកគ្រូមិនយកចិត្តទុកដាក់នោះទេ ប៉ុន្តែ លោកគ្រូអ្នកគ្រូខិតខំយកចិត្តទុកដាក់ហើយ ប៉ុន្ដែក្រសួងអប់រំមានកាតព្វកិច្ចជួយលោកគ្រូអ្នកគ្រូឱ្យកាន់តែមានគុណវុឌ្ឍិ មានប្រសិទ្ធភាពក្នុងការបង្រៀន តាមរយៈការរៀបចំកញ្ចប់បង្រៀន ការបំប៉ននូវគរុកោសល្យជូនលោកគ្រូអ្នកគ្រូបន្ថែមទៀត។ លោកគ្រូអ្នកគ្រូមានម៉ោងស្រាវជ្រាវ គិតគូរ ដើម្បីឱ្យគាត់មានលទ្ធភាព(ពង្រីកយុទ្ធសាស្រ្តក្នុងការបង្រៀន)។ នេះជាការគិតគូរក្នុងការអប់រំ។ ពេលលោកគ្រូអ្នកគ្រូមានលទ្ធភាព សមត្ថភាព មានឱកាស ពង្រឹងអភិបាលកិច្ចជាមួយគ្នាហើយ ហ្នឹងហើយសាលារឹងមាំ សិស្សទៅឯង។
(២៨) គ្រូធូរ សិស្សគ្មានវិន័យ, គ្រូតឹង សិស្សត្រង់កន្ទុយ
កាលខ្ញុំនៅរៀន ខ្ញុំខ្លាចគ្រូណាស់។ បើគ្រូធូរ សិស្សគ្មានវិន័យ បើគ្រូតឹង សិស្សត្រង់កន្ទុយ។ តែសម័យឥឡូវ ប្រហែលជាមិនដូចជំនាន់ខ្ញុំទេ។ លោកគ្រូនៅសាលាមានប៉ុន្មាននាក់បង្រៀននៅបឋមនិងមធ្យមសិក្សា លើកដៃ? លោកគ្រូអ្នកគ្រូប៉ុន្មាននាក់មានដាក់ផ្ដៅតាមខ្លួន? នៅមានដែរ! សិស្សណាខ្លះធ្លាប់ត្រូវរំពាត់? ត្រូវដែរ។ … គ្រូវាយឈឺទេ? ហើយត្រូវរំពាត់អញ្ចឹង ចាំជាងគ្រូណែនាំ? ចាំជាង។ នេះបើជំនាន់ពូ មិនមែនលើកដៃតែ ១០% ទេ អ្នកដែលត្រូវរំពាត់នោះ។ វិធីសាស្រ្តអប់រំ វិធីសាស្រ្តក្ដៅត្រជាក់ ប៉ុន្តែទោះជាយ៉ាងណាលោកគ្រូអ្នកគ្រូ ឪពុកម្ដាយយើង ដូចគ្នា គឺចង់ឱ្យយើងចេះ។ អញ្ចឹងកុំឱ្យគាត់លំបាក រួមគ្នា(ខិតខំរៀន) ដើម្បីអី្វ? ដើម្បីយើងខ្លួនឯង។
(២៩) ខិតខំរៀន ពង្រឹងសមត្ថភាព ដើម្បីអនាគតរបស់ខ្លួន
យើង(ត្រូវ)ដឹងថា បន្តិចទៀតយើងនឹងទទួលខុសត្រូវខ្លួនឯងហើយ។ ឪពុកម្ដាយចិញ្ចឹមយើងដល់អាយុ ១៧-១៨ ឆ្នាំ រៀនចប់ ទៅធ្វើការរកស៊ី(ចិញ្ចឹម)ខ្លួនឯង។ ហើយដល់ពេលមានប្ដីមានប្រពន្ធ មានកូន ត្រូវចិញ្ចឹមគេ។ ត្រូវអត់? អញ្ចឹងដល់ពេលចាប់ផ្ដើមចេញធ្វើការ រកស៊ី មានប្ដីមានប្រពន្ធ បានធ្វើជាឪពុកម្ដាយគេ អត់មានពេលទៅរៀនទេ។ ប៉ុន្ដែ សមត្ថភាពយើងដែលរៀនទាល់តែចប់នេះ ជួយឱ្យយើងមានសមត្ថភាពទៅរកការងារ មានលទ្ធភាពចិញ្ចឹមកូនកាន់តែប្រសើរ។ មែនអត់? អញ្ចឹងកុំខូច រៀនឱ្យច្រើន។ និយាយមែនទែន មួយឆ្នាំៗលឿនណាស់។ ឪពុកម្ដាយយើង (និង)អ្នកឆ្លងកាត់សង្រ្គាម មួយថ្ងៃៗ យូរណាស់ តែសម័យនេះ ឥឡូវមួយថ្ងៃៗលឿនណាស់ ចុចតែទូរស័ព្ទហ្នឹងអស់ ២ម៉ោងបាត់ហើយ។ អញ្ចឹងកុំប្រើពេលវេលា(ចោល) មិនមែនមិនឱ្យលេងទូរស័ព្ទទេ ប្រើបច្ចេកវិទ្យា មើលរឿងមើលអីមើលចុះ ប៉ុន្តែកុំប្រើច្រើនពេក រៀនសូត្រឱ្យច្រើន។ យកទូរស័ព្ទហ្នឹង ប្រើសម្រាប់ស្រាវជ្រាវរៀនសូត្រកាន់តែល្អ។
(៣០) រៀនមិនចេះចប់ ប្រើប្រាស់ទូរស័ព្ទទំនើបឱ្យមានប្រយោជន៍
រាល់ថ្ងៃ ពូក៏នៅរៀនដែរ។ សូម្បីតែធ្វើជានាយករដ្ឋមន្រ្តីនេះ ក៏ដឹងមិនគ្រប់ដែរ។ សូម្បីតែជិះមកនេះ មើល សិក្សាករណីសិង្ហបុរីជាមួយនឹងម៉ាឡេស៊ី តតាំងគ្នានៅ ICJ រឿងព្រំដែន។ ពូរៀបចំទៅតតាំងរឿងព្រំដែននៅ ICJ ក៏យើងសិក្សាស្រាវជ្រាវ (យក)បទពិសោធពីប្រទេសផ្សេងៗ (រកវិធី)ដោះស្រាយរឿង(កុំឱ្យ)វាយគ្នា ប្រើ YouTube ដូចតែគ្នាដែរ ព្រោះអាហ្នឹងវាមាន។ ក្មួយមាន(ទូរស័ព្ទទំនើប)ក្នុងដៃហើយ ប្រើវាឱ្យបានផល ព្រោះនៅនេះមាន internet ដែរ។ នៅរតនគិរី ប៉ុន្មានស្រុកមាន internet? មានគ្រប់ទីរួមស្រុក។ តែតាមឃុំអី មិនទាន់ដល់ទាំងអស់ តែទៅអនាគត យើងនឹងព្យាយាមឱ្យដល់។ អញ្ចឹងយ៉ាងហោចណាស់ គ្រប់ទីរួមស្រុកមាន internet រួចទៅហើយ។ អញ្ចឹងសៀវភៅក្នុងដៃយើងច្រើន ប្រើប្រាស់(ទូរស័ព្ទចំគោលដៅ)។
ទោះជាយ៉ាងណា កុំភ្លេចឥរិយាបថ។ យើងមិនមែនចេះតែចំណេះដឹង ហើយច្រងេងច្រងាង ប្រើប្រាស់សកម្មភាព(ធ្វើឱ្យ)ខូចអនាគត បំផ្លាញសង្គម មិនល្អទេ។ ត្រូវយកចិត្តទុកដាក់។ ហើយអរគុណ លោកគ្រូអ្នកគ្រូ ជាមួយនឹងមាតាបិតា។ (អរគុណឪពុកម្ដាយ)ដែលរួមគ្នាជួយបង្កើតកូន ចិញ្ចឹមកូន រកលុយទិញខោអាវ ទិញកង់ម៉ូតូឱ្យកូនទៅរៀន លោកគ្រូអ្នកគ្រូខំប្រឹងបង្រៀន នាយកសាលាខំប្រឹងគ្រប់គ្រង កសាងសាលា, មន្ទីរអប់រំខំកសាង ជំរុញវិស័យអប់រំជាមួយនឹងក្រសួងអប់រំ ហើយខេត្តខំកសាងបន្តទៀត ដើម្បីអនាគតយើងទាំងអស់គ្នា ហើយជាពិសេស អនាគតរបស់ក្មួយៗ។
(៣១) ថ្ងៃក្រោយចង់ក្លាយជាអ្នកដឹកនាំគេ ទាល់តែខំរៀនពីថ្ងៃនេះ
ពូប្រហែលជា ២០-៣០ ឆ្នាំទៀត ចូលអាយុប្រហែល ៧០ហើយ។ … គឺមានតែក្មួយៗជាអ្នកបន្តវេន។ ក្មួយៗ ជំនាន់នេះ ឥឡូវអាយុ ១៧-១៨ ឆ្នាំ ២០ឆ្នាំទៀត ចូល ៣៧-៣៨ ឆ្នាំ សុទ្ធតែអ្នកពេញកម្លាំង។ ពីអាយុ ១៧-១៨ ឆ្នាំ ចាប់ផ្ដើមកសាងមូលដ្ឋាន ការងារពីតូច ដល់ពេលយើងអាយុ ៣៧-៣៨ ឆ្នាំ ដល់កម្រិត ឡើងតួនាទីអី ទាំងក្នុងរដ្ឋ(ឬឯកជន) ដល់អាយុ ៤០-៥០ ឆ្នាំអី ដល់តួនាទីដឹកនាំ។ កុំភ្លេច មានថ្ងៃនោះ ទាល់តែមានថ្ងៃនេះ។ មានឱកាសដឹកនាំគេនៅថ្ងៃក្រោយ ទាល់តែយើងមានសមត្ថភាព(ខិតខំ)រៀនសូត្រពីថ្ងៃនេះ។ បើគ្មានចំណេះដឹងក្នុងខ្លួន គ្មានអ្នកណាឱ្យ(ដឹកនាំ)ទេ មិនថាក្នុងរដ្ឋ មិនថាមានបាក់ឌូប្លិ៍ឬអត់ ទោះបីមានជំនាញបំណិន រៀនបណ្ដុះបណ្ដាលក៏ដោយ ទាល់តែមានវិជ្ជាជីវៈក្នុងខ្លួន បានថ្ងៃក្រោយអាចធ្វើប្រធានផ្នែក ប្រធានសាខារបស់ក្រុមហ៊ុន ឬមួយរោងចក្រអីមួយ។ មួយឆ្នាំៗលឿនណាស់ កុំចោលវា។ មួយថ្ងៃៗលឿនណាស់ ងើបឡើងមិនទាន់បានអី ពាក់កណ្ដាលថ្ងៃបាត់ហើយ។ ស្ដាប់អ៊ំ ហ៊ុន ម៉ាណែត និយាយ អស់មួយថ្ងៃបាត់។ ទម្រាំដល់ផ្ទះ កើនមួយថ្ងៃទៀតបាត់ (ពេលវេលា)លឿនណាស់។
[ចប់សេចក្ដីអធិប្បាយ២]
ទី៨. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តលើកកម្ពស់វិស័យកីឡា ដើម្បីកសាងមនុស្សគ្រប់រូបឱ្យមានសុខភាព និង សុខុមាលភាពល្អកាយសម្បទាមាំមួន ភាពអំណត់ព្យាយាម។
ទី៩. ក្រសួងអប់រំ យុវជន និងកីឡា, គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ត្រូវសហការគ្នា ក្នុងការលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈ និងគណិតវិទ្យានៅគ្រប់កម្រិត ដើម្បីរៀបចំសិស្ស និងនិស្សិតឱ្យកាន់តែប្រសើរឡើង និងទទួលបាននូវបំណិនសតវត្សរ៍ទី២១ ជាពិសេសជំរុញការបំពាក់បំប៉នជំនាញ។
ទី១០. សូម គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ជួយថែរក្សានូវសមិទ្ធផលដ៏ថ្លៃថ្លានេះឱ្យមានអនាម័យល្អ សោភណភាពស្អាត, បរិស្ថានល្អ, មានផាសុកភាព និងស្ថិតស្ថិរយូរអង្វែង សម្រាប់ជាថ្នាលបណ្តុះបណ្តាល កុមារ និងយុវជនកម្ពុជាយើងបន្តទៅមុខទៀត។
ទី១១. ក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមខិតខំស្រាវជ្រាវយកចិត្តទុកដាក់ ដែលពូបាននិយាយអម្បាញ់មិញនេះ។
[ផ្ដើមសេចក្ដីអធិប្បាយ៣]
មុននឹងបញ្ចប់ ជាមួយនឹងការអបអរសាទរ អនុញ្ញាតឲ្យខ្ញុំបើករង្វង់ក្រចកខ្លីមួយ ប្រហែលជាច្រើននាក់ចង់ស្ដាប់រឿងហ្នឹងដែរ។ ខ្លីទេ មិនវែងទេ ព្រោះរឿងនេះខ្ញុំបានចេញហើយ ក៏មានការឆ្លើយឆ្លងគ្នាច្រើន តែជាអ្វីដែលប្រជាពលរដ្ឋយើង រួមទាំងអ្នករតនគិរីត្រូវទទួលដឹង។ ទាក់ទងទៅនឹងរឿងបញ្ហាព្រំដែនរបស់យើង។ ខ្លីទេ។ រឿងនេះជារឿងទាំងអស់គ្នា មិនមែនតែយើងទេ គឺរឿងទំនាក់ទំនង ក៏ដូចជាប្រជាជនថៃ ដែលយើងកំពុងតែប្រឈមនូវវិញ្ញាសាមួយដែលលំបាក ទាមទារឲ្យការដោះស្រាយប្រកបដោយការថ្លឹងថ្លែងបំផុត។ ខុសមួយជំហានអាចមានបញ្ហាធ្ងន់ ខុសមួយជំហានអាចមិនសម្រេចភារកិច្ច ហើយធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញ។
(៣២) ជំហររបស់កម្ពុជា វិធីសាស្ត្រអភិក្រមប្រើ ៣ រវាងស្ថានភាពព្រំដែនជាមួយថៃ
ម្សិលមិញនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដែលគាត់ជាប្រធានប្ដូរវេនអាស៊ាន បានទូរស័ព្ទមកខ្ញុំ។ កាលពីពេលល្ងាច ក្រោយពីខ្ញុំប្រជុំរឿងផែនការហិរញ្ញវត្ថុហើយ ម៉ោងប្រហែលជា៥កន្លះល្ងាច។ គាត់សួរពីស្ថានភាព និងជំហររបស់កម្ពុជា រឿងព្រំដែនកម្ពុជា-ថៃ ដែលកើតមានឡើងពីសប្ដាហ៍មុន ឈានទៅដល់វិវត្ត។ រឿងនេះខ្ញុំបានប្រាប់គាត់ ពីជំហររបស់កម្ពុជាប្រើប្រាស់ហើយ ដូចខ្ញុំបាននិយាយជាសាធារណៈកន្លងទៅ ជំហររបស់កម្ពុជាវិធីសាស្ត្រអភិក្រមរបស់កម្ពុជាប្រើ ៣៖
ទីមួយ គឺប្រើយន្តការបច្ចេកទេស គឺការខិតខំដោះស្រាយតាមគណៈកម្មការព្រំដែនទាំងពីរប្រទេស ដោយប្រើប្រាស់លិខិតបទដ្ឋានគតិយុត្ត ផែនទី ដែលបានឯកភាពគ្នាក្នុងការប្រើប្រាស់។ ក្នុងករណីកម្ពុជា-ថៃ គឺយើងឯកភាពគ្នាតាមរយៈកិច្ចព្រមព្រៀងឆ្នាំ២០០០ ដែលហៅថា MoU ២០០០ ដើម្បីទៅប្រើប្រាស់ជាមូលដ្ឋានក្នុងការដោះស្រាយ ដោយយកផែនទីដែលគណៈកម្មការកំណត់ព្រំដែនបារាំង-សៀម ឆ្នាំ១៩០៧។ ផែនទីធ្វើឆ្នាំ១៩០៤។ យើងយកនូវសន្ធិសញ្ញាឆ្នាំ១៩០៧ និងលិខិតបន្ទាប់បន្សំដើម្បីជាគោល។ ផែនទីនោះគឺ(មាត្រដ្ឋាន) ១/២០០.០០០ នៅក្នុងការដោះស្រាយ សម្រាប់មួយជួរព្រំដែនរបស់យើង ៨០០ គីឡូម៉ែត្រជាង ដែលចាប់ផ្ដើមតាំងពីមុំបី រហូតដល់ខេត្តកោះកុង។
(ទីពីរ) បើយន្តការនេះទៅមិនរួច យើងប្រើយន្តការច្បាប់អន្តរជាតិ។ ទីមួយ យន្តការច្បាប់អន្តរជាតិផ្អែកទៅលើមូលដ្ឋានដើម្បីដោះស្រាយរឿងបច្ចេកទេស។ តែបើសិនជាអាហ្នឹងទៅមិនរួចទេ គឺយើងប្រើប្រាស់យន្តការ …ច្បាប់អន្ដរជាតិ (ដូចជានៅ)កន្លែងខ្លះយើងប្រើភាគីទីបី ដូចនៅព្រំដែនកម្ពុជា-ឡាវ … យើងពឹងបារាំងរឿងការបោះពុម្ពជួយមើលរឿងផែនទី។ បើថាពីរនាក់ហ្នឹងទាល់ច្រកទៅហើយ យើងនៅរ៉ាំរ៉ៃទៀតក៏មិនទៅមុខ។ ហេតុអីបានជាយើងដោះបញ្ចប់ ដើម្បីកុំឲ្យកូនខ្មែរជំនាន់ក្រោយរាប់រយឆ្នាំនៅតែគ្រឺតធ្មេញដាក់គ្នា បន្តិចៗរកតែវាយគ្នាជាមួយប្រទេសជិតខាងដើម្បីបញ្ចប់។
ថ្ងៃមុន មានអ្នកខ្លះជេរសម្ដេចតេជោ អ្នកនយោបាយមួយចំនួននៅក្រៅប្រទេសថាម៉េច រាប់រយឆ្នាំហើយគេមិនយកមកដោះស្រាយ? ហេតុអីក៏សម្ដេចតេជោយករឿងព្រំដែនមកដោះស្រាយ? សួរថាក្នុងនាមជាមេដឹកនាំនយោបាយ យើងចង់សំងំរួចខ្លួន? រួចហើយទុកឲ្យកូនចៅខ្មែរនៅវាយគ្នារហូតឬ ទុកឲ្យព្រំដែននៅតំបន់មុំបី អត់ដឹងថាអ្នកណា នៅកន្លែងណា? អត់ដឹងថាដើរទៅកន្លែងណាគេមកចាប់! ហើយគេចូលទៅកន្លែងណា យើងចាប់ ឬត្រូវរកវ៉ៃគ្នារហូតឬ? អត់ទេ។ ព្រំដែនវាជាអកុសលពីជំនាន់ប្រហែលមួយរយឆ្នាំមុន ព្រោះព្រំដែននេះ៧០ឆ្នាំគត់ មុននឹងខ្ញុំកើត។ ខ្ញុំកើតឆ្នាំ១៩៧៧ ឯអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។ សម្ដេចតេជោកើតឆ្នាំខ្ទង់១៩៥០ជាង ក៏អាចកន្លះសតវត្សរ៍មុនសម្ដេចតេជោលោកកើត។ តែបើយើងទុកអាហ្នឹងរាប់រយឆ្នាំទៀត ឲ្យកូនចៅខ្មែរយើង កូនចៅវៀតណាម កូនចៅឡាវ កូនចៅថៃ នៅបន្តមិនទាន់ដាច់គ្នា។ តំបន់ហ្នឹងទុកចោលរហូត គិតតំបន់ហ្នឹងជាតំបន់សមិនហ៊ានលូក។ ការអភិវឌ្ឍមិនមានកំណត់ព្រំដែនច្បាស់លាស់ តើយើងនៅមានបញ្ហាទេ? អញ្ចឹងយើងត្រូវដោះ ដោយទទួលខុសត្រូវ។ បើដោះទ្វេភាគីហើយមិនចប់ មានតែទៅយន្តការអន្តរជាតិដើម្បីដោះ ដើម្បីជៀសផុតពីបញ្ហាទី៣។
យន្តការទីបី ក្នុងករណីចាំបាច់បើសិនជាមានការឈ្លានពានទឹកដីយើង(ដោយ)ប្រើប្រាស់កម្លាំង យើងក៏ប្រើប្រាស់កម្លាំង(ដើម្បីតបទៅវិញ)។ ប៉ុន្តែជំហានទីបីនេះ វាគ្មានផលប្រយោជន៍សម្រាប់ប្រទេសណាទេ។ យើងធ្លាប់វាយគ្នាឆ្នាំ២០០៨ និង ២០១១ ប៉ុន្តែកងទ័ព និងកងកម្លាំងប្រដាប់អាវុធរបស់យើង ការពារទឹកដីដូចគ្នា ប៉ុន្តែអាទិភាពគឺជំហានពីរខាងមុខ។ ទី១ យន្ដការទ្វេភាគីដោះស្រាយ ទី២ យន្ដការអន្ដរជាតិ។
(៣៣) កម្ពុជាប្រកាន់ជំហរ៤៖ ទីមួយប្រកាន់ជាប់ជានិច្ចនូវគោលជំហរ រក្សាសន្តិភាព មិត្តិភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសថៃ និងប្រទេសជិតខាង
ខ្ញុំបានប្រាប់ទៅឯកឧត្តម Anwar គឺកម្ពុជាប្រកាន់ជំហរ៤៖ ទីមួយគឺកម្ពុជាប្រកាន់ជាប់ជានិច្ចនូវគោលជំហររក្សាសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសថៃ និងប្រទេសជិតខាង។ នេះគឺជាគោលការណ៍ដែលយើងប្រកាន់ខ្ជាប់ជានិច្ច។ ព្រោះ (ព្រំដែន) ៨០០ គីឡូម៉ែត្រ ប្រជាពលរដ្ឋរាប់លាននាក់នៅទល់មុខគ្នាបានផលជាមួយគ្នា។ អ្នកខ្លះការយកគ្នាជាប្ដីប្រពន្ធ ប្រពន្ធខ្មែរ ប្ដីថៃ, ប្ដីខ្មែរ ប្រពន្ធថៃ រស់នៅព្រំដែនតាំងពីយូរ។ ខ្មែរលើ ខ្មែរសុរិន្ទ និយាយតែភាសាខ្មែរដាក់គ្នា។ សេដ្ឋកិច្ចទៅវិញ ទៅមក។ កុំឲ្យរឿងកន្លែងតូចមួយ វារាលទូទាំងប្រទេស។ ការធានានូវសន្តិភាព ស្ថិរភាព មិត្តភាព និងដោះស្រាយដោយបច្ចេកទេសល្អ ត្រូវបង្កើន។ យើងមានទំនាក់ទំនងរបស់ប្រជាជនយើងទាំងនេះ។
(៣៤) កុំឲ្យជម្លោះព្រំដែនរាលដាលទៅជាជម្លោះជាតិសាសន៍
ខ្ញុំសូមអរគុណប្រជាពលរដ្ឋយើង ដែលរួមគ្នា មិនឲ្យបញ្ហានេះរីក។ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើងនៅទូទាំងប្រទេស ធ្វើយ៉ាងណាកុំឲ្យបញ្ហាដោះស្រាយនូវចំណុចព្រំដែនប៉ុន្មានចំណុចនេះ ទៅជារឿងរាលដាលរហូតទៅដល់ក្លាយជាជម្លោះជាតិសាសន៍។ នេះគឺមិនចំណេញសម្រាប់ប្រជាពលរដ្ឋយើងទេ។ យើងមានថៃរស់និងធ្វើការនៅយើង។ យើងមានប្រជាជនយើងរស់នៅប្រទេសថៃ ពាណិជ្ជកម្មជាមួយគ្នា។ ម្សិលមិញ មានប្រជាពលរដ្ឋថៃ ប្រហែលជា២០០នាក់ទៅបាតុកម្ម នៅមុខទូតយើង នៅបាងកក។ ពេលជាមួយគ្នា មានអ្នកពីខាងក្រៅប្រទេសមួយចំនួនស្រែក ខ្មែរយើងលើកគ្នាទៅបាតុកម្មនៅទូតថៃ។ រឿងហ្នឹងហើយ យើងធ្លាប់ឆ្នាំ២០០១ម្ដង បាតុកម្មចុះឡើង យើងជ្រុលទៅដុតទូត ដោយសារព័ត៌មានក្លែងក្លាយ បង្កើតកំហឹងរវាងប្រជាជននិងប្រជាជន។ នៅបាងកក ប្រជាជន៥លាននាក់ជាង បូកទាំងនៅជុំវិញបាងកកជាង១១លាននាក់។ បើប្រជាជនថៃទាំងអស់ស្អប់ខ្មែរ មិនមែន២០០នាក់ទៅបាតុកម្មទេ និយាយដោយត្រង់តែម្ដង។ បានន័យថា ប្រជាជនយើងទាំងពីរ មានអ្នកស្រលាញ់ជាតិ អ្នកខ្លះស្មារតីជាតិនិយមជ្រុលបន្តិច ប៉ុន្តែរឿងព្រំដែនទុកឲ្យរឿងព្រំដែន ហើយជឿទុកចិត្តលើរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើង ជាអ្នកដោះស្រាយបញ្ហានៅកន្លែងណាដែលកើតហេតុ។ ក្រៅពីហ្នឹង កុំពង្រីកបញ្ហាទៅជាទំនាស់រវាងជាតិនិងជាតិ ព្រោះបើសិនជាជាតិនិងជាតិ គឺរាលពេញប្រទេស។ ចាប់ខ្មែរបញ្ជូន ចាប់ថៃបញ្ជូនទៅវិញទៅមក។ … យើងរក្សាស្ថិរភាព មិត្តភាព សាមគ្គីភាព។ រឿងដែលកើត យើងដោះបញ្ចប់។ រឿងនេះខ្ញុំសូមឲ្យបងប្អូនរក្សាភាពនឹងនរ និងស្ងៀមស្ងាត់ ជឿទុកចិត្តលើរាជរដ្ឋាភិបាល ការប្រើប្រាស់យន្តការបច្ចេកទេស យន្តការច្បាប់អន្តរជាតិ និងបើចាំបាច់ការពារបូរណភាពទឹកដី ប្រើប្រាស់យន្តការកងកម្លាំងប្រដាប់អាវុធរបស់យើង ដើម្បីការពារ ដោះស្រាយបញ្ហា ការពារបូរណភាពទឹកដីរបស់យើង។ កុំចូលបង្កើតជាជម្លោះតាមហ្វេសប៊ុក ឈានទៅដល់ការវាយគ្នា។ នៅថៃមានអ្នកជ្រុលនិយម ជាតិនិយម ឃើញប្រកាសឲ្យចាប់ខ្មែរ បណ្ដេញចេញ។ មានហាងខ្លះគេដាក់ឈប់លក់ឲ្យខ្មែរ។ តែសួរថាមួយក្រុងបាងកកគ្រប់គ្នាធ្វើដូចគេទេ? អត់ទេ។ អ្នកនោះនៅជាភាគតិច។ តែបើប្រជាជនខ្មែរនិងថៃចាប់ផ្ដើមជល់គ្នា ឡងគ្នាទៅវិញទៅមក យូរទៅវាបង្កើតនូវរឿងផ្សេង អាហ្នឹងហើយគឺជាបញ្ហា។
(៣៥) គោលជំហរទីពីរ កម្ពុជាសម្រេចយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែន
គោលជំហរទីពីររបស់រាជរដ្ឋាភិបាល គឺការសម្រេចចិត្តរបស់កម្ពុជា ដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែន នៅតំបន់ទាំងនេះ ដោយសន្ដិវិធី ឲ្យបានឆាប់រហ័ស ឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហានេះឲ្យអូសបន្លាយរ៉ាំរ៉ៃយូរទៅទៀត ដែលអាចបង្កជម្លោះតាមព្រំដែន។
ហេតុអីបានជាយើងត្រូវយកចំណុច៤នេះទៅ? មុននឹងទៅ យើងត្រូវខិតខំដោះស្រាយបញ្ហាបច្ចេកទេសទ្វេភាគី។ យើងបានខិតខំហើយនៅកន្លែងនេះ តាំងពីឆ្នាំ២០០០ជាង។ រហូតដល់វ៉ៃគ្នាឆ្នាំ២០០៨ និងឆ្នាំ២០១១ ហើយថ្មីៗនេះចលនាជាតិនិយមទាំងសងខាង បានរុញទៅដល់បង្កើតបញ្ហានៅក្នុងគំនិតរបស់ប្រជាពលរដ្ឋ រហូតដល់កងទ័ព ថាតំបន់នោះជាពិសេសប្រាសាទតាមាន់ធំ គឺជារបស់រៀងៗខ្លួន ដោយភាគីទាំងសងខាងមិនបានទាន់មានគោលជំហរផ្លូវការ តែចលនាហ្វេសប៊ុក ចលនាប្រជាជនបានធ្វើឲ្យស្មារតីជាតិនិយមនេះវារុញច្រានទៅដល់ការជាប់គាំង មិនអាចអ្នកណាដកថយបាន។ បើទុកយូរនៅតែដដែល ព្រោះមានអ្នកណាដោះ? មានតែហៅអ្នកទីបីមកដោះ ដើម្បីបញ្ចប់បញ្ហា។ កុំឲ្យជៀសវាងជម្លោះប្រដាប់អាវុធ។ រហូតដល់កងកម្លាំងទាំងសងខាងប្រឈមមុខគ្នារាល់ថ្ងៃនេះ មិនមែនប្រឈមមុខតែក្នុងអង្គភាពទ័ពជាមួយទ័ពប៉ុន្មាននាក់ទេ។ ១០នាក់ ទល់១០នាក់, ១០០នាក់ទល់នឹង១០០នាក់ អានេះគឺរីកធំ។ ដើម្បីបញ្ជៀសបញ្ហាយើងត្រូវយកកិច្ចការនេះទៅដោះស្រាយ (ICJ)។ ព្រោះជម្រើសទីមួយការដោះស្រាយទ្វេភាគីនេះ វាគាំងហើយ ដោយសារភាគីយើងបានឯកភាពគ្នា MoU ឆ្នាំ២០០០ ប្រើប្រាស់ផែនទីឆ្នាំ១៩០៤ បូកជាមួយសន្ធិសញ្ញាឆ្នាំ១៩០៧ និងឯកសារពាក់ព័ន្ធ។ MoU ២០០០ និយាយអញ្ចឹង តែដល់ជាក់ស្ដែង ភាគីថៃប្រើប្រាស់ផែនទី១/៥០.០០០ ដែលគូសឯកតោភាគីខ្លួនឯង។ ភាគីខ្មែរក៏មានផែនទី ១/ ៥០.០០០ របស់ខ្លួន។ អញ្ចឹងយកឈ្នះរៀងៗខ្លួន ទាញមកចូលយន្តការដោះស្រាយ។ MoU ២០០០ អត់ទេ។ ប៉ុន្តែឥឡូវអ្វីដែលជាប់គាំងគឺចលនាជាតិនិយមទាំងសងខាងនេះ បានធ្វើឱ្យអាហ្នឹងចាប់ហ្វ្រាំង ដាក់មីនមិនឲ្យថយរៀងៗខ្លួន។ ដើម្បីដោះគឺមានតែរុញទៅតុលាការយុត្តិធម៌អន្តរជាតិ។
(៣៦) យន្តការទៅរក ICJ ជាយន្តការល្អបំផុត
ខ្ញុំប្រាប់ជំហរហ្នឹងទៅឯកឧត្តម Anwar គាត់ថាអញ្ចឹងដែរ។ កាលពីសិង្ហបុរី និងម៉ាឡេស៊ីឈ្លោះគ្នារឿងដែនទឹក គាត់ធ្វើអញ្ចឹងដែរ។ គាត់ឈ្លោះគ្នានៅកន្លែងមួយនោះគឺម្ដុំកោះPedra Branca។ ម៉ាឡេស៊ីចាប់ផ្ដើមទាមទារនៅឆ្នាំ១៩៧៩ ទាល់តែឆ្នាំ២០០៨បានដោះចប់ ទៅប្ដឹងICJ។ ដំបូងឡើយ ព្យាយាមដោះស្រាយទ្វេភាគី ប៉ុន្តែអត់ទេ! ១០ឆ្នាំដំបូងប្រទាញប្រទង់គ្នាទាញទៅទាញមក ដល់អញ្ចឹងឆ្នាំ១៩៨៩ ដប់ឆ្នាំក្រោយ គឺសិង្ហបុរីបបួលម៉ាឡេស៊ីទៅ ICJ។ ទាល់តែ៥ក្រោយ បានម៉ាឡេស៊ីអាចឯកភាពទៅ។ ធ្វើការរយៈពេល ១៤ឆ្នាំ ក្រោយឯកភាពគ្នាទៅ បានដោះស្រាយចេញ ព្រោះជាប់គាំងហើយ។ យន្តការទៅភាគីទីបីនេះគឺជាយន្តការល្អបំផុត នៅក្នុងពេលដែលយន្តការទ្វេភាគីជាប់គាំងប្រទាញប្រទង់គ្នា ជាពិសេសប្រឈមគ្នាទៅដល់ការផ្ទុះនៅក្នុងកងកម្លាំងប្រដាប់អាវុធ និងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសនិងប្រទេសមានបញ្ហា។ ដើម្បីពន្លត់បញ្ហានេះឲ្យចប់ជាស្ថាពរ កុំឲ្យនៅរ៉ាំរ៉ៃ អាចវ៉ៃគ្នាឬមួយឈ្លោះគ្នារាប់សិបឆ្នាំទៅមុខទៀត ដោយសារភាពមិនច្បាស់លាស់។ យន្តការទ្វេភាគីយើងបានឯកភាពគ្នាហើយ តែមិនទាន់មានការអនុវត្ត។ ឥឡូវមានទាំងការជំរុញស្មារីជាតិនិយមទាំងសងខាង ធ្វើឲ្យដំណោះស្រាយតាមបច្ចេកទេសមិនអាចទៅទេ ព្រោះឥឡូវចាក់សោទាំងសងខាងហើយ លែងទទួលស្គាល់រួចទៅហើយ។ មានតែហៅទៅតុលាការយុត្តិធម៌អន្តរជាតិតែម្ដងតោ។ តុលាការកាត់យ៉ាងម៉េចកម្ពុជាទទួលស្គាល់ និងទទួលយកដើម្បីបញ្ចប់។ មិនមែនការយកទៅតុលាការICJ គឺជាការបញ្ឆេះសង្គ្រាមនោះទេ គឺជាការបញ្ចប់ភ្លើង និងជៀសផុតពីការប្រយុទ្ធគ្នាដោយមិនចាំបាច់។ តែប្រយុទ្ធគ្នាគឺមានការស្លាប់រស់ទាំងសង របួសហើយ អត់មានអ្នកណានៅទេ។
ថ្ងៃមុនខ្ញុំនិយាយថា បើវ៉ៃគ្នាហើយសូម្បីមួកដែក អាវក្រោះ ក៏ជួយជិវិតមិនបាន១០០%ដែរទេ។ មានគេលែងសើចជាមួយខ្ញុំ ។គេថាធ្វើមេទាហាន អត់ស្គាល់អាវក្រោះនិងមួកដែកជួយជីវិត អញ្ចឹងគេពាក់ធ្វើអី? ខ្ញុំថា ខ្ញុំធ្វើទាហានខ្ញុំដឹង អាហ្នឹងវាជួយជីវិត មិនមែនជួយ១០០%ទេ។ បើអញ្ចឹងទាហានអ៊ុយក្រែន និងរុស្សី សុទ្ធតែពាក់អាវក្រោះ ស្លាប់រាប់សែននាក់រួចទៅហើយ ទាំងសងខាង។ ខ្លះគេរកឃើញខ្មោចដាច់កនៅតែមួកដែក។ ពាក់អាវក្រោះការពារតែ(ខ្លួន)ប៉ុណ្ណឹង។ អាវក្រោះហ្នឹងបើជិតពេលខ្លះការពារត្រឹមតែ AK តែអា ១២ក្បៀស ឬគ្រាប់កាំភ្លើងធំមកហើយ វាទៅទាំងអស់ហើយ។ អាមួកដែកហ្នឹងក៏វាធ្លាយដែរ។ កុំ(ចេះតែ)និយាយនោះ។ ខ្ញុំនិយាយអញ្ចឹងគេថាធ្វើមេទ័ពអត់ដឹង អាវក្រោះហើយមួកដែកការពារជីវិត អាហ្នឹងវាការពារ ប៉ុន្តែមិនមែន ១០០% ទេ។ សូម្បីតែរថក្រោះ គ្រឿងដែក ក៏គេបាញ់ឆេះ ងាប់ខ្មោចរថក្រោះមួយគគោកដែរ។ រថក្រោះ បញ្ជូនពីប្រទេសមហាអំណាចទៅអ៊ុយក្រែនហ្នឹង ងាប់ចោលខ្មោចនៅលើហ្នឹង។ រថក្រោះទំនើបបំផុត ស្បែកក្រាស់អីជាងមនុស្សជាងអាវក្រោះទៅទៀត នៅតែឆេះខ្ទេច។ តែច្បាំងគ្នាគឺស្លាប់ទាំងសងខាងហើយ។
យើងយកវិធីសាស្ត្រដោះស្រាយនេះទៅ ICJ ដើម្បីដោយសារអាលើដីនេះយើងវាយតម្លៃថាវាជាប់គាំងហើយ។ បើការចរចាគ្នាលើផែនទីអាហ្នឹងរឿងមួយ ដល់ថែមរឿងជាតិនិយម រឿងអីនេះប្រទាក់ក្រឡាគ្នា គ្រឺតដាក់គ្នានេះហើយដែលធ្វើឱ្យជាប់គាំង អញ្ចឹងយើងត្រូវតែទៅ។ អាហ្នឹងយន្តការយើងដែលទៅតុលាការ ICJ។
(៣៧) បន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែងខណ្ឌសីមា បោះបង្គោលព្រំដែន រវាងប្រទេសទាំង ២ ដែលនៅសេសសល់ ក្រៅពីចំណុចទាំង ៤ ដែលយកទៅ ICJ
គោលចំណុចទី៣ គឺយើងក្រៅពី ៤ ចំណុចនេះ គឺយើងបន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខណ្ឌសីមាបោះបង្គោលព្រំដែនរវាងប្រទេសទាំង ២ ដែលនៅសេសសល់ ក្រៅពីចំណុចទាំង ៤ ដែលយើងយកទៅ ICJ ដោយប្រើប្រាស់យន្តការទ្វេភាគីរវាងគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជា-ថៃ។ យើងមិនចោលយន្តការទ្វេភាគីទេ។ យើងមានយន្តការច្រើនណាស់ទ្វេភាគីរវាងក្រសួងការបរទេស និងការបរទេស រវាងក្រសួងការពារជាតិ និងក្រសួងការពារជាតិ រវាងភូមិភាគ និងភូមិភាគ។ រឿងព្រំដែននេះ ៨០០គីឡូ ឥឡូវយើងរកបានប្រហែលជា ២០០គីឡូ ឥឡូវ ៤៤បង្គោល លើ ៧៣បង្គោល នៅសល់រាប់រយគីឡូទៀតដែលត្រូវខណ្ឌសីមាបោះបង្គោលព្រំដែន។ លើកលែងតែកន្លែងដែលជាប់គាំងនេះ យើងរកអ្នកទី ៣ កន្លែងផ្សេងទៀតយើងបន្តយន្តការទៅតាមការឯកភាពគ្នា។ យន្តការទី១ បច្ចេកទេស បើសិនជាជាប់គាំងមានបញ្ហាផ្សេងបានយើងទៅយន្តការអន្តរជាតិ។
(៣៨) មិនដែលគណបក្សប្រជាជនដឹកនាំប្រទេសដោះស្រាយបញ្ហាគ្រប់ទាំងអស់ ដែលជាបក្សឈ្នះ ទៅស្តាប់យោបល់របស់អ្នកដែលចាញ់ទេ
ខ្ញុំឃើញម្សិលមិញអ្នកគ្រូ … ខ្ញុំពិបាកដែរ អ្នកនយោបាយមួយចំនួនឥឡូវអ្នកនៅពីក្រៅប្រទេសចេញមកប្រាប់ស្អីនោះ គេតំណាងចលនា គេចេញមកប្រាប់ថា ដើម្បីដោះស្រាយបញ្ហា រដ្ឋាភិបាលត្រូវធ្វើអញ្ចេះៗ។ ឥឡូវខ្ញុំសួរលោកគ្រូ អ្នកគ្រូដូចឆោត លើលោកនេះ គេតែងតែយកបទពិសោធ យកយោបល់ពីអ្នកដែលមានបទពិសោធ ឬអ្នកដែលជោគជ័យត្រូវ ឬអត់? មិនមែនគ្រូជោគជ័យទេ។ តាមខ្ញុំឆែកមើល អស់លោកដែលឱ្យយោបល់ខ្ញុំនេះនៅបក្សនយោបាយគាត់ ដូចមិនឈ្នះឆ្នោតទេ។ អញ្ចឹងមិនដែលគណបក្សប្រជាជនដឹកនាំប្រទេសដោះស្រាយបញ្ហាគ្រប់ទាំងអស់ ដែលជាបក្សឈ្នះ ទៅស្តាប់យោបល់របស់អ្នកដែលចាញ់ទេ។ បើអ្នកឯងខ្លាំង ប្រឹងឱ្យឈ្នះសិនទៅ។ យកហេតុផលស៊ីឡាក់រហូត។ គេថាយើងទៅប្តឹងហ្នឹងដោយសារគេឱ្យក្បួន។ គេថាយើងដកចេញពី CLV-DTA ដោយសារគេឱ្យក្បួន។ គេថា អញ្ចឹងយើងត្រូវតែប្តឹងទូទាំងព្រំដែនទៅ ឈប់ចរចា។
(៣៩) គ្មានអ្នកណាយកផែនទីទាំងមូល ព្រំដែន ៨០០គីឡូ ទៅឱ្យ ICJ អង្គុយដោះទេ
សូមបញ្ជាក់លោកទៅវិញ តុលាការ ICJ មិនមែនទំនេរទេ ជិត ២០០ប្រទេស ប្តឹងច្រើនណាស់ រឿងច្រើនណាស់។ អញ្ចឹងករណីមួយៗ ទម្រាំតែគេទទួល គេត្រូវមានហេតុផលច្បាស់លាស់។ គេឱ្យដោះស្រាយផ្ទៃក្នុងឱ្យអស់ ទ្វេភាគីអ្នកពាក់ព័ន្ធឱ្យអស់ចិត្តសិន។ បើសិនជាអស់ហើយ បានគេទទួល។ អញ្ចឹងគ្រាន់តែរឿងម៉ាឡេស៊ីនេះ និងសិង្ហបុរី រឿងតែកោះប៉ុន្មាន បន្តិចមួយ ហើយព្រំដែនទឹកតែបន្តិចមួយ … ត្រូវការជិត ១៥ឆ្នាំ ដើម្បីដោះស្រាយ គ្រាន់តែរឿងប៉ុណ្ណឹង។ អញ្ចឹងគ្មានអ្នកណាយកផែនទីទាំងមូល ព្រំដែន ៨០០គីឡូ ទៅឱ្យ ICJ អង្គុយដោះទេ។ ហើយ ICJ បើឃើញបែបនេះក៏គេមិនដោះដែរ។ គេគ្រាន់តែឃើញ ៨០០គីឡូ គេរកវិធីដោះស្រាយបញ្ហាអត់(ទទួល)យក(បណ្ដឹង)ហើយ។ គេដោះតែកន្លែងដែលយើងដោះមិនចេញ។ កន្លែងដែលយើងដោះមិនចេញនៅលើ ៨០០គីឡូ នេះកន្លែងច្រើនណាស់ដែលយើងបានឯកភាពគ្នាហើយ យើងបន្តធ្វើ។
ពេលដែលយើងរុញការងារនេះទៅ ICJ បានន័យថា យើងបង្កក យើងលែងប៉ះហើយកន្លែងហ្នឹង។ ដូចរឿងទំនាស់យើងអញ្ចឹង ដំបូងភាគីសងខាងទំនាស់ដីធ្លី រកវិធីចរចាគ្នាក្រៅតុលាការ នៅហ្នឹងនៅមានសិទ្ធិ តែចាប់ផ្តើមបញ្ជូនសុំណុំរឿងទៅតុលាការហើយ ដកដៃចេញ អស់សិទ្ធិនិយាយគ្នាហើយ។ អញ្ចឹងបើតុលាការបង្កក ២០ឆ្នាំ យើងត្រូវទទួល ២០ឆ្នាំ។ បើសិនជាទទួលសំណូមពរនេះ។ យើងគ្មានសិទ្ធិទៅនិយាយរឿងហ្នឹងទេ។ ប៉ុន្តែយើងមិនអាចបង្កក ៨០០គីឡូម៉ែត្រ កន្លែងខ្លះយើងអាចបោះបង្គោលបាន យើងមានព្រំដែនទឹកអីដែលឯកភាពគ្នាហើយ បើយើងឱ្យទៅ ICJ បង្កក យើងរុញលែងបានហើយ។ អញ្ចឹងយើងសុខចិត្តយក ៤ ចំណុចនេះ ព្រោះវាទាល់ច្រកទៅហើយ យកទៅដាក់ ដើម្បីដោះស្រាយវាទៅ។ តែប៉ុន្មានទៀត យើងត្រូវរកវិធីដោះស្រាយតាមកិច្ចការដែលឯកភាពគ្នាពី MoU ឆ្នាំ២០០០ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះបន្តទៅទៀត។ ធ្វើយ៉ាងណាកុំឱ្យវានៅស្រពេចស្រពិលគ្រប់កន្លែង។ បើដោះបានតែ ៥០% ៧០% វាប្រសើរជាង ០% ដែលយើងមិនទាន់ដោះស្រាយ។ យើងឯកភាពគ្នាឃើញបង្គោល ៤៣ យើងមិនទាន់កំណត់អីស្រួលបួល ខណ្ឌសីមាអី យើងត្រូវបើកមុខព្រួញដើម្បីយើងឈានទៅដល់ការប្រកាស។
(៤០) យើងមិនអាចកំណត់ព្រំដែនដោយមើលភ្នែកទទេ មានតែពឹងបច្ចេកទេស និងការឯកភាពគ្នាបោះបង្គោល
នៅវៀតណាម នៅឡាវ។ ឡាវយើងអត់ទាន់មានពីមុនមកទេព្រំដែន ឥឡូវយើងឯកភាពគ្នាដល់ ៨៦% ទៅហើយបោះបង្គោល។ អញ្ចឹងកន្លែងហ្នឹងប្រជាពលរដ្ឋយើងអាចទៅនៅ អាចបង្កបង្កើនផល។ រដ្ឋអាចធ្វើផ្លូវអីបានដោយសារយើងវាស់ហើយ យើងកំណត់ព្រំដែនដឹងជាក់ស្ដែង។ បើសិនជាយើងមិនធ្វើទេ បានន័យថាកន្លែងនេះគ្មានអ្នកណាហ៊ានទៅទេ ព្រោះមើលនឹងភ្នែកម៉េចដឹងថា អានេះរបស់វៀតណាម ឬរបស់ខ្មែរ។ មិនមែនចូលទៅដល់វៀតណាម ឃើញឱ្យតែដើមត្នោតខ្មែរ ចូលទៅដល់វៀតណាមភ្លាមចេញដើមនេះឯណា …។ ព្រំដែនខ្មែរ-ថៃ ដូចគ្នា ដើមឈើដុះស្រដៀងគ្នាហ្នឹង។ ពីដើមមកមិនទាន់ចែកដែនដីឯណា? រាប់លានឆ្នាំហើយព្រៃឈើវាដុះ។ យើងសតវត្សរ៍ទី ១ គេផ្សេងសតវត្សរ៍ទី១០ ទី១១ ហើយចាប់ផ្តើមគូសផែនទីសតវត្សរ៍ទី២០តើ។ អញ្ចឹងដើមឈើវានៅតែដុះ។ អញ្ចឹងយើងមិនអាចមើលភ្នែកទទេទេ មានតែពឹងបច្ចេកទេសដើម្បីកំណត់។ ដើម្បីដឹងថារបស់អ្នកណានៅឯណា។
(៤១) រាជរដ្ឋាភិបាលប្ដឹងទៅ ICJ ដើម្បីដោះស្រាយបញ្ចប់ ដោយស្មារតីសន្តិភាព សហប្រតិបត្តិការ គោរពគ្នា ឯកភាពគ្នា ដើម្បីបញ្ចៀសសង្គ្រាម
(…) រឿងនេះជារឿងដែលជាពិសេសអ្នកព្រំដែនខាងនោះចង់ឮ អ្នកនៅឧត្តរមានជ័យ អ្នកបន្ទាយមានជ័យ អ្នកបាត់ដំបង អ្នកពោធិ៍សាត់ អ្នកចាំយាម ព្រោះឮថា ថៃចេញតាមសន្និសីទកាសែត ចាំស្តាប់មើលយើងយ៉ាងម៉េច? ស្រួលគាត់វេចបង្វិចរៀបចំរត់ ឬអត់? កងទ័ពយើងនៅជួរមុខ ប្រជាពលរដ្ឋយើងដែលមានគ្រួសារ ជាកូន ជាចៅនៅត្រៀមច្បាំង គាត់ចង់ឮ។ អញ្ចឹង(ខ្ញុំ)ចង់បញ្ជាក់ដែលថារដ្ឋាភិបាលយើងយកទៅ ICJ ហ្នឹង មិនមែនដើម្បីបង្កើតសង្រ្គាមទេ គឺយើងចង់ដោះស្រាយបញ្ចប់ជាមួយមិត្តប្រទេសជិតខាងរបស់យើង ដោយស្មារតីសន្តិភាពសហប្រតិបត្តិការ គោរពគ្នា ឯកភាពគ្នា ផ្អែកទៅលើមូលដ្ឋានផែនទី ពីជំនាន់បារាំងដែលយើងបានឯកភាពគ្នាពីឆ្នាំ ២០០០ ដើម្បីបញ្ចៀសសង្គ្រាម។ ប៉ុន្តែ យើងក៏ត្រៀមលក្ខណៈការពារទឹកដីយើងគ្រប់មធ្យោបាយ រួមទាំង(ប្រើកម្លាំង) កងទ័ព។ ប៉ុន្តែជំហររបស់យើង គឺទោះជាយ៉ាងណាក៏ដោយ យើងមិនផ្តាច់នូវមធ្យោបាយដោះស្រាយបញ្ហាបច្ចេកទេសទ្វេភាគីនៅតាមកន្លែងដែលមិនពាក់ព័ន្ធនេះបន្តទៅទៀត។
(៤២) កន្លែងដែលអាចដោះស្រាយតាមយន្តការទ្វេភាគី ត្រូវបន្តធ្វើ ដើម្បីឈានទៅវាស់វែងខណ្ឌសីមា និងបង្គោល
គោលការណ៍ទី៤ គឺបន្តទំនាក់ទំនងគ្រប់ភាគីទាំងអស់។ អញ្ចឹង ៤ចំណុចនេះ ៤គោលការណ៍នេះ ដែលខ្ញុំបានប្រាប់ទៅឯកឧត្តម Anwar ហើយក៏ជាអភិក្រមនិងគោលការណ៍ដែលរាជរដ្ឋាភិបាលយើងធ្វើដែរ។ យើងមិនចង់យករឿងដែលសេសសល់ពីរាប់រយឆ្នាំមុន ទុកឱ្យស្រពេចស្រពិល ហានិភ័យឈ្លោះគ្នារាប់រយឆ្នាំ។ ប៉ុន្តែ ក្នុងការដោះស្រាយនេះ យើងក៏ចង់ដោះស្រាយដោយសន្តិវិធីពឹងផ្អែកទៅលើច្បាប់ និងបច្ចេកទេស ជាជាងបង្កើតនូវអរិភាពរវាងគ្នា។ យើងដោះស្រាយកន្លែងណាដែលទាល់ច្រក អស់បញ្ហាបច្ចេកទេស យើងឈានទៅដល់ច្បាប់អន្តរជាតិ រួមទាំងតុលាការអន្តរជាតិ ទាំង ICJ តុលាការយុត្តិធម៌អន្តរជាតិ។ ប៉ុន្តែ ពេលជាមួយគ្នា កន្លែងណាដែលយើងត្រូវគ្នា គឺយើងនៅបន្តខិតខំដោះស្រាយប្រើប្រាស់យន្តការទ្វេភាគីរវាងគណៈកម្មការកិច្ចការព្រំដែនរបស់ប្រទេសយើងទាំង ២ ដើម្បីឈានទៅវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែន ដើម្បីឱ្យប្រជាពលរដ្ឋយើងទាំង ២ប្រទេស នៅកន្លែងនោះ ស្រួលធ្វើការជាមួយគ្នា និងបន្តទំនាក់ទំនងជាមួយគ្នាលើគ្រប់វិស័យ រួមទាំងកងទ័ពនៅគ្រប់កន្លែងទាំងអស់ ដែលយើងធ្វើការ ទាំងកម្រិតភូមិភាគ កម្រិតក្រសួងការពារជាតិ កម្រិតគណៈកម្មការជាតិព្រំដែន កម្រិតក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ កម្រិតវិស័យឯកជន រវាងប្រជាជននិងប្រជាជន កម្រិតធុរកិច្ច និងធុរកិច្ច។ នេះជាអ្វីដែលរាជរដ្ឋាភិបាលប្រកាន់យកជំហរនៅក្នុងការដោះស្រាយបញ្ហាដោយទទួលខុសត្រូវ នៅក្នុងការកើតមាននៅព្រំដែនកម្ពុជា-ថៃ នៅពេលនេះ។
(៤៣) សូមចូលរួមកុំពង្រីកសភាពការណ៍ឱ្យលើសដល់ការស្អប់ជនជាតិ រើសអើងជាតិសាសន៍
អញ្ចឹងបងប្អូន នេះគឺជាជំហរដែលខ្ញុំបានបញ្ជាក់ទៅ ឯកឧត្តម Anwar ហើយក៏ជាជំហរដែលប្រជាពលរដ្ឋទាំងអស់ត្រូវមានទំនុកទុកចិត្ត ហើយខ្ញុំបានប្រាប់។ សូមឱ្យបងប្អូនសាជាថ្មីចូលរួមកុំពង្រីកសភាពការណ៍ឱ្យលើសពីអ្វីដែលជាការចាំបាច់។ ជាពិសេសគឺការចាប់ផ្តើមកេណ្ឌគ្នាស្អប់ជនជាតិ រើសអើងជាមួយជនជាតិនៃប្រទេសមួយ។ វានឹងធ្វើឲ្យប្រទាញប្រទង់គ្នា។ អ្នកជាតិនិយមជ្រុល អ្នកដែលមានស្មារតីជ្រុលនិយមជ្រុល ប្រកាន់ជំហរជ្រុល មានមួយក្តាប់តូចទេ នៅក្នុងប្រទេសទាំងសងខាង។ ប៉ុន្តែ បើសិនជាអ្នកទាំងនេះ ផ្លុំចូលត្រចៀកអ្នកផ្សេងៗ ចាប់ផ្តើមធ្វើសកម្មភាពបែបហ្នឹង។ នេះហើយគឺការពង្រីកសមរភូមិ។ សមរភូមិមិនមែនត្រៀមប្រយុទ្ធតែនៅទិសភូមិភាគ៤ និងកងទ័ពទេ គឺសមរភូមិរវាងប្រជាជន និងប្រជាជន រវាងសេដ្ឋកិច្ច និងសេដ្ឋកិច្ច រវាងប្រទេសទាំង២តែម្តង ហើយរយៈពេលវែង។
(៤៤) សង្ឃឹមថា នឹងរកបានចំណុចរួមមួយនៅកិច្ចប្រជុំថ្ងៃ១៤ ខែ៦ ខាងមុខ ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់តាមទ្វេភាគី
ខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលថៃ ជាពិសេសនៅកិច្ចប្រជុំថ្ងៃ ១៤ ខែ ៦ ខាងមុខនេះ យើងនឹងរកចំណុចរួមមួយ ដើម្បីបន្តដំណើរនៅក្នុងការចរចាដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ច្រើនរយគីឡូម៉ែត្រទៅទៀត។ ទោះបីជា ៤ចំណុចនេះកម្ពុជាបានយកទៅ ICJ ក៏ដោយ ប៉ុន្តែនៅច្រើនចំណុចទៀត ដែលយើងត្រូវបន្តខណ្ឌសីមាបោះបង្គោលព្រំដែន តាមរយៈយន្តការទ្វេភាគី ផ្អែកទៅលើ MoU ឆ្នាំ២០០០ ផ្អែកទៅលើផែនទី ដែលយើងបានឯកភាពគ្នា។ នេះហើយគឺយើងសង្ឃឹមថា តាមយន្តការនេះយើងនឹងបន្តឈានទៅមុខដោះស្រាយបញ្ហាព្រំដែនរបស់យើង។ ជាពិសេស ព្រំដែនគោករបស់យើងឱ្យឆាប់ចប់ ហើយរក្សានូវសាមគ្គីភាពរវាងប្រទេសនិងប្រទេស ប្រជាជននិងប្រជាជនលើគ្រប់វិស័យ។ នេះជាការសង្ឃឹមរបស់យើង។
អញ្ចឹងខ្ញុំសូមបិទរង្វង់ក្រចកប៉ុណ្ណេះ។ ប៉ុន្មានម៉ោងហើយ? (ជាង ១ម៉ោងហើយ)។ ជាពិសេសខ្ញុំចង់ឱ្យបងប្អូនបានស្តាប់ឮ ព្រោះរឿងនេះវាពាក់ព័ន្ធទាំងអស់គ្នា។ ជាពិសេសគឺអ្នកដែលនៅផ្ទាល់នៅខាងមុខតែម្តង។ ម្សិលមិញឃើញបងប្អូនខ្លះរត់ចល័ត។ ឯកឧត្តម គឹម រិទ្ធី មកឬទេ? ច្រើនគ្រួសាររត់ជម្លៀសខ្លួន ដោយសារព័ត៌មានមិនច្បាស់លាស់។ នៅខាងថៃក៏ខាងថៃ ខាងយើងក៏ខាងយើង។ អញ្ចឹងជំហររបស់យើងប៉ុណ្ណេះ។ មិនមែនលើកទ័ពយកទៅដើម្បីវាយទេ។ ការពារខ្លួនរៀងៗខ្លួន។ ប៉ុន្តែយន្តការដែលយើងប្រកាន់គឺយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោលដដែល។ អានោះជាផែនការបម្រុងរបស់យើងយថាហេតុ។ ការពារដាច់ខាត(នូវ)អធិបតេយ្យភាពជាតិរបស់យើង។
(៤៥) សូមអរគុណដល់ស្មារតីរឹងមាំរបស់កងកម្លាំងជួរមុខទាំងអស់ និងអ្នកនៅពីក្រោយគាំទ្រកងទ័ពយើង
ខ្ញុំសូមអរគុណណាស់ ចំពោះស្មារតីរឹងមាំរបស់វីរៈកងទ័ព និងនគរបាលជាតិរបស់យើង ដែលកំពុងឈរជើងនៅខាងមុខគ្រប់បណ្តាអង្គភាពពាក់ព័ន្ធទាំងអស់ ដែលឈរជើងប្តូរផ្តាច់ត្រៀមលក្ខណៈជាស្រេច ដើម្បីការពារបូរណភាពទឹកដី។ បើសិនជាមានការឈ្លានពានតាមការប្រើប្រាស់កងទ័ព និងរូបភាពណាមួយ។ ខ្ញុំសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋយើងនៅទូទាំងប្រទេស ទាំងក្នុងនិងក្រៅប្រទេសដែលបានគាំទ្រជាកម្លាំងចិត្ត បូកនឹងធនធាន ថវិកា សម្ភារៈ។ ជាពិសេសកម្លាំងចិត្តមូលគ្នានៅពីក្រោយកងទ័ពរបស់យើងតែម្តង។ នេះគឺជាកិច្ចការសំខាន់ដែលជាពេលវេលាដ៏លំបាក ដែលប្រជាជាតិមួយទាំងមូលត្រូវរួមគ្នានៅជាមួយនឹងកងទ័ពរបស់យើង ជាមួយនឹងអ្នកចរចាព្រំដែនរបស់យើង ជាមួយរដ្ឋាភិបាលរបស់យើង ដើម្បីបុកមុខព្រួញទាំង ៣ របស់យើងទាំងបច្ចេកទេស ទាំងច្បាប់អន្ដរជាតិ និងការត្រៀមលក្ខណៈការពារទឹកដីក្នុងករណីចាំបាច់របស់កងទ័ព។ ទាំងអស់គ្នាត្រូវការប្រមូលផ្ដុំរបស់ជាតិយើងនៅពីក្រោយ នេះជាកិច្ចការ។ កងទ័ពជួរមុខខាងបច្ចេកទេសគឺគណៈកម្មការជាតិព្រំដែនដែលមានបងប្អូននៅខាងក្នុង។ កងទ័ពរបស់យើងផ្នែកច្បាប់អន្ដរជាតិ គឺក្រុមការងារច្បាប់អីផ្សេងៗ ដែលត្រូវទៅតតាំងនៅតុលាការ ICJ។ បូកនឹងកងទ័ពលើដីពាក់ឯកសណ្ឋាន និងកងនគរបាលជាតិ ដែលឈរតាមព្រំដែន និងបណ្ដាអង្គភាពពាក់ព័ន្ធ នេះជាអ្វីដែលយើងត្រូវមូលគ្នា រួមការពារគ្នាទាំងអស់។
កុំឲ្យពេលដែលយើងចេញទៅចរចា នាំគ្នាជេរគណៈកម្មការព្រំដែន «ក្បត់ជាតិ»។ ចរចាទ្វេភាគីអត់ប្ដឹង។ ខ្ញុំពន្យល់ហើយ «ហេតុអ្វីបានជាយើងត្រូវប្ដឹង? ហើយប្ដឹងកន្លែងណា? ត្រូវដោះស្រាយទ្វេភាគីកន្លែងណា»។ លើកទឹកចិត្តឲ្យទុកចិត្តគណៈកម្មការចរចាព្រំដែនរបស់យើង ព្រោះបងប្អូនធ្វើការលះបង់ណាស់ទម្រាំបោះបានមួយបង្គោលៗបាន មិនថាជាមួយប្រទេសវៀតណាម ឡាវ ថៃ នោះទេ (ទាំងខាង)ឯកសារ (និងការ)តស៊ូ(ចុះបោះបង្គោល)។ នេះជាការត្រូវរួមគ្នា ពីនេះ រហូតដល់ចប់បញ្ហា។ អញ្ចឹង ខ្ញុំសុំលើកទឹកចិត្ត និងជំរុញការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងនៅពេលនេះ។
[បញ្ចប់សេចក្ដីអធិប្បាយ៣]
ជាថ្មីម្តងទៀត ខ្ញុំសូមចូលរួមអបអរសាទរចំពោះសមិទ្ធផលសិក្សាធិការនៅក្នុងខេត្តរតនគិរី និងលទ្ធផលសម្រេចបានគួរឱ្យកត់សម្គាល់ក្នុងកិច្ចការអប់រំ យុវជន និងកីឡា នៅក្នុងមូលដ្ឋាន និងសូមកោតសរសើរដោយស្មោះ ចំពោះឯកឧត្តមអភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រីជាមន្ត្រីរាជការនៃរដ្ឋបាលខេត្តរតនគិរីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទី និង ភារកិច្ច និង បានយកអស់កម្លាំងកាយចិត្ត ចូលរួមជំរុញ និង លើកកម្ពស់វិស័យអប់រំ។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី, បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សូមសម្រេចបានជោគជ័យគ្រប់ភារកិច្ច ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព និង សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាត ។
[ឆ្លើយឆ្លងជាមួយនាយកសាលា លោក/អ្នកគ្រូពីសំណូមពរនិងសំណើ]
អញ្ចឹងសូមអរគុណណាស់ សាជាថ្មី ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី, បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស និង បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅវិញសុខសប្បាយ ជោគជ័យគ្រប់គ្នាបន្ដទៅទៀតសូមអរគុណ។
យុវជនកាយឫទ្ធិ ២០ នាក់ កាកបាទក្រហម ២០ នាក់ ស.ស.យ.ក ២០ នាក់ សមាគម រាជសី សមាគមនារីដើម្បីសន្ដិភាព ការអភិវឌ្ឍខេត្ត, យុវជនស្រឡាញ់សន្ដិភាព សរុប១២០ នាក់ ម្នាក់ៗ ២ម៉ឺនរៀល។ សិស្សានុសិស្ស ២ ៤២០ នាក់ ម្នាក់ៗថវិកា ១ម៉ឺនរៀន សៀវពីរក្បាល ប៊ិច ១ ដើម។ លោកគ្រូអ្នកគ្រូ ទូទាំងក្រុងបានលុង ៣៩០ នាក់ ម្នាក់ៗ ថវិកា ៥ ម៉ឺនរៀល។ ជូនវិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ ថវិកា ២ លានរៀល។ វិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ថវិកា ២ លាន។ មណ្ឌលសុខភាពបានលុង ៣ លានរៀល។ សាលាក្រុងបានលុង ២ លានរៀល។ ក្រុមគ្រូពេទ្យប្រចាំការ ៥ លានរៀល។ ក្រុមតន្ដ្រីសម័យ ១០ លាន រៀល។ ក្រុមតន្ដ្រីសម័យមកឆ្ងាយមានអ្នកណាខ្លះថ្ងៃនេះ? ហេង ប៊ុនលាភ លោកស្រី គីង សូរិយា លោកទុំ សុវត្ថិ អ្នកនាង ឆោម និមល ភឿន សុភាព លោកទី អន លោក បុស្បាសត្យាលីវអ៊ាន កញ្ញា សំ លីដា នាយឆ្អឹង នាយកណ្ដុរ និងអ្នកនាងប៉េងប៉ោង មើលខាងសិល្បៈបង្ហាញមុខបន្តិចមើល ទៅលេងបឹងយក្សឡោមនៅ? បងប្អូនកុំភ្លេចថតជាមួយបងប្អូនសិល្បករមិនងាយមកទេ។ សូមធ្វើដំណើរបានសុខសប្បាយទាំងអស់គ្នា៕