- ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា
- ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល
- គណៈអធិបតី ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស
- អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ និងអង្គពិធីទាំងមូល ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយ ដែលបានចូលរួមសាជាថ្មីជាមួយឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ដ៏អធិកអធមនេះ។
[ផ្ដើមសេចក្ដីអធិប្បាយ១]
ក្នុងខែ៤នេះ យើងបានសម្ពោធសមិទ្ធផលជាច្រើន។ មុនចូលឆ្នាំ យើងសម្ពោធសមិទ្ធផលធំ២។ ទី១ ទំនើបកម្មមូលដ្ឋានយោធាជើងទឹក ដែលពង្រីងនូវវិស័យការពារជាតិ ជាកិច្ចសហប្រតិបត្តិការជាមួយចិន។ ទី២ គឺការសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវជាតិលេខ៧១សេ ដែលតភ្ជាប់ខេត្តត្បូងឃ្មុំ ជាមួយខេត្តកំពង់ចាម ហើយឆ្ពោះទៅខេត្តកំពង់ធំ ដែលតភ្ជាប់ជាមួយស្ពាន(ស្ទឹងត្រង់-ក្រូចឆ្មារ)។ ឯថ្ងៃនេះ យើងសម្ពោធផ្លូវជាតិ ៣ខ្សែដែលតភ្ជាប់ ៥ខេត្ត មាន ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពត និងកែប. និយាយរួម ភ្ជាប់និស្ស័យរវាងខេត្ត និងប្រជាជន។ ផ្លូវនេះ កាត់ភ្នំស្រួច/កំពង់ស្ពឺ ចូលត្រាំកក់ទៅដងទង់ ហើយតទៅដល់ផ្លូវជាតិលេខ៤ ផ្លូវ៥១ ដល់ផ្លូវជាតិលេខ៥។ អញ្ចឹងគឺប្រទាក់ក្រឡាគ្នាកាន់តែច្រើន សម្រួលលំហូរប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិត។
អម្បាញ់មិញ មានអ្នកបាញ់រូបមក។ ថ្ពាល់ជាប់ក្រហមនៅឡើយទេ។ កាលពីថ្ងៃអាទិត្យ ទៅដល់ផ្ទះបានឃើញជាប់ក្រែមសងខាងថ្ពាល់។ ព្រឹកមិញ មីងៗ ថា មកតាំងពីម៉ោង៤ គុំ(ថើប) ពីរបីខ្សឺតសិន។ អត់អីទេ ថ្ពាល់ក្រហមដោយអ្នកត្រាំកក់អត់បញ្ហា សុវត្ថិភាព … លើ LIVE TV អត់បញ្ហា។ អរគុណណាស់ចំពោះការស្វាគមន៍ និងការស្រឡាញ់រាប់អានរបស់បងប្អូនអ្នកតាកែវ។ សូមជំរាប ឯកឧត្ដម Wang Wenbin ថា តាកែវមិនល្បីត្រឹមតែបង្កងប៉ុណ្ណោះទេ ពងទាកូនក៏ល្បីដែរ។ មានរបស់របរច្រើនទៀត។ ម្សិលម្ង៉ៃមួយ ទៅជប់លៀងកម្មវិធីបូកសរុបប្រចាំឆ្នាំយុវជន(CPP) ឯកឧត្ដម វ៉ី សំណាង យកពងទា ២ ០០២គ្រាប់(មកឲ្យសាកភ្លក់) … អញ្ចឹងអាចផ្ញើជូនឯកឧត្ដម អគ្គរដ្ឋទូតខ្លះ ដើម្បីឲ្យភ្លក់ពងទាតាកែវសាក។
ថ្ងៃនេះ ជាមួយសមិទ្ធផលថ្មីសម្រាប់ឆ្នាំថ្មី និងជាសមិទ្ធផលនៃទំនាក់ទំនងរវាងកម្ពុជានិងចិន ដែលក្រោយចូលឆ្នាំនេះ ប្រហែលជា២សប្ដាហ៍មុន ឯកឧត្ដម ប្រធានាធិបតី Xi Jinping ក៏បានមកទស្សនកិច្ចនៅកម្ពុជា ក៏ជាសារមួយបង្ហាញពីទំនាក់ទំនងដ៏រឹងមាំដែលកសាងតាំងពីទសវត្សរ៍ទី៥០មក ដោយសម្ដេចព្រះបរមរតនកោដ្ឋ និងបន្តភ្ជាប់មកទំនាក់ទំនងក្រោមការដឹកនាំរបស់សម្ដេចតេជោ ហើយរដ្ឋាភិបាលថ្មីក៏បន្តមកដល់ម៉ោងនេះ។
[ចប់សេចក្ដីអធិប្បាយ១]
ខ្ញុំសូមយកឱកាសនេះ ចូលរួមត្រេកអរចំពោះការទទួលបានសមិទ្ធផលខ្សែផ្លូវដ៏ថ្មីសន្លាងទាំងនេះ ជាមួយលោកយាយលោកតា អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ មិនថានៅទីនេះផ្ទាល់ និងនៅទូទាំងប្រទេស ដែលធ្វើដំណើរតាមបណ្ដោយខ្សែផ្លូវទាំងនេះ។ សមិទ្ធផល និងចំណងដៃថ្មីនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ដែលនេះជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបន្តអភិវឌ្ឍទៅមុខឥតឈប់ឈរលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ប្រទាក់ក្រឡាពីតំបន់មួយទៅតំបន់មួយជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងទូទាំងប្រទេស។
គួររំលឹកដែរថា ផ្លូវជាតិលេខ៣១ ៣៣ និង៤១ ធ្លាប់បានសាងសង់ម្ដងរួចមកហើយជាប្រភេទកៅស៊ូពីរស្រទាប់ DBST កាលពីអំឡុងឆ្នាំ២០១១ ដែលក្នុងនោះ ផ្លូវជាតិលេខ៣១ និងកំណាត់ផ្លូវជាតិលេខ៣៣ ចាប់ពីកំពង់ត្រាច ដល់ទីរួមខេត្តកំពត ត្រូវបានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ហើយកំណាត់ផ្លូវជាតិលេខ៣៣ ដែលបន្តពីកំពង់ត្រាចដល់ព្រំដែនកម្ពុជា-វៀតណាម ត្រូវបានប្រើប្រាស់ឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី។ ចំពោះផ្លូវជាតិលេខ៤១ ត្រូវបានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
តាមរយៈរបាយការណ៍របស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងមុននេះបន្តិច ផ្លូវជាតិលេខ៣៣ ៣៣ និង៤១ គឺជាខ្សែផ្លូវត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និង ថ្នល់ចិន (CRBC) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សរុបប្រមាណជាង ១៨៨ លានដុល្លារអាមេរិក រួមជាមួយថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំក៏បានកត់សម្គាល់ផងដែរអំពីភាពចាំបាច់នៃការលើកកម្រិតគុណភាពផ្លូវជាតិទាំង ៣ ខ្សែ នេះ ឡើងវិញ និងអត្ថប្រយោជន៍ជាច្រើន រួមទាំងការតភ្ជាប់ប្រទាក់ក្រឡានៃផ្លូវជាតិទាំង ៣ ខ្សែនេះ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់ និងជាខ្សែផ្លូវរួមចំណែកលើកកម្ពស់សកម្មភាពដឹកជញ្ជូន និងទេសចរណ៍នៅកម្ពុជា។
[ផ្ដើមសេចក្ដីអធិប្បាយ២]
(១) ផ្លូវ ៣១, ៣៣ និង៤១ ជាធាតុផ្សំពង្រីកសក្ដានុពលខេត្តភាគនិរតី ជាមូលដ្ឋានគ្រឹះនាំការវិនិយោគ
ផ្លូវ ៣ខ្សែនេះ ក្លាយជាធាតុផ្សំសំខាន់ ក្នុងការពង្រីកសក្ដានុពលខេត្តទិសនិរតីរបស់យើង។ យើងមានផ្លូវដែក ផ្លូវថ្នល់ រួមទាំងស្ពានដែលឆ្លងកាត់ និងប្រទាក់ក្រឡាគ្នា។ សុទ្ធតែជាមូលដ្ឋានគ្រឹះសម្រាប់នាំការវិនិយោគ និងបង្កើតការវិនិយោគនៅទីនេះ។ ផ្លូវ៤១ នេះ ខ្ញុំបានជិះកាត់ច្រើនដងតាំងពីធ្វើហើយដំបូង។ ក្រោយមកក៏ខូច។ ឥឡូវយើងជួសជុលឡើងវិញ។ កាលពីមិនទាន់ធ្វើ ផ្លូវ៣៣ និង៣១ ហើយ ពីបែកគូសចាក់មកតភ្ជាប់មកដល់ខេត្តកែប រាងលំបាកបន្តិច ប៉ុន្តែទេសភាពល្អ។ ក្រោយពីតភ្ជាប់ហើយ គឺកាត់មកកែបលឿនតែម្ដង។ ដោយឡែកផ្លូវ៣៣ ពីព្រែកចាកឡើងទៅខេត្តកំពត ធ្វើឲ្យប្រសើរឡើងបែបនេះនឹងជួយបន្ថែមទៀតដល់សេដ្ឋកិច្ចរបស់យើង។ ផ្លូវ៤១ ក៏តភ្ជាប់ពីខេត្តកំពត ខេត្តកែប ឡើងទៅដល់ផ្លូវជាតិលេខ៤ ខេត្តកំពង់ស្ពឺ ហើយបន្តទៅ៥១ ចាក់ទៅផ្លូវជាតិលេខ៥ បន្តទៅ៤៤ ចាក់ទៅឱរ៉ាល់ និងបន្តិចទៀតតភ្ជាប់ទៅខេត្តកោះកុង។ អញ្ចឹងបើកច្រកកាន់តែច្រើន។ ថ្ងៃក្រោយអ្នកជុំគិរី អ្នកត្រាំកក់ ទៅកោះកុង មិនចាំបាច់ទាល់តែទៅកាត់កំពត ទៅវាលរេញ ហើយចាក់ទៅ៤៨ ទេ។ អាចចាក់តាម៤៤ទៅតាមនេះបាន។ ឯទៅផ្លូវជាតិលេខ៥ មិនចាំបាច់ឡើងទៅភ្នំពេញហើយបានឡើងចាក់ទៅទេ គឺអាចចាក់ទៅតាមផ្លូវ៥១ ឡើងទៅបន្តទៅទៀត។ នេះជាអត្ថប្រយោជន៍នៃការតភ្ជាប់ផ្លូវ៣នេះ។
(២) ផ្លូវ៣១, ៣៣ និង៤១ ជាផ្លូវមេធំទូលាយ រួមធ្វើឲ្យសេដ្ឋកិច្ចនិងជីវភាពប្រជាពលរដ្ឋកាន់តែកើន ភ្ជាប់រវាងប៉ូលសេដ្ឋកិច្ចភ្នំពេញ/ខេត្តកណ្ដាល និងប៉ូលខេត្តព្រះសីហនុ
មិនមែនតែផ្លូវ៣ ខ្សែនេះទេ។ ផ្លូវនេះជាផ្លូវមេ តែយើងបានធ្វើផ្លូវជាបន្តបន្ទាប់កន្លងមកហើយដែរ គ្រាន់តែផ្លូវខ្លះមិនទាន់ក្រាលកៅស៊ូ។ ផ្លូវមួយដែលចូលមកអម្បាញ់មិញនេះ យើងគ្រោងធ្វើខាងមុខគឺផ្លូវជាតិ៤៣ ដែលភ្ជាប់ផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៣ ត្រង់តែម្ដង និងអាចកាត់បន្ថយការធ្វើដំណើរ។ តែយើងធ្វើជាជំហានៗ … យើងបើកផ្លូវដីសិន ក្រោយមកយើងធ្វើផ្លូវកៅស៊ូ។ ផ្លូវកៅស៊ូមួយជំហាន DBST។ ឥឡូវយើងដំឡើងកម្រិតទៅជា AC ឲ្យកាន់តែរឹងមាំ និងពង្រីកថែម។ យើងរៀបចំពង្រីកស្ពានចាស់ និងធ្វើស្ពានថ្មី ដើម្បីការប្រើប្រាស់បានយូរអង្វែង … យើងបានសម្រេចការសាងសង់ផ្លូវបីខ្សែនេះជាផ្លូវមេ ឱ្យក្លាយជាផ្លូវកៅស៊ូស្អាត ធំទូលាយ។ សង្ឃឹមថា ខ្សែផ្លូវទាំងនេះ នឹងចូលរួមធ្វើឲ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនេះកាន់តែកើន។ ក្នុងនោះ គោលដៅទេសចរណ៍ រួមទាំងតំបន់ឆ្នេរ រមណីយដ្ឋានធម្មជាតិផ្សេងៗ ក៏នឹងបង្កើនភាពប្រទាក់ក្រឡាគ្នា។ ខេត្តទិសនិរតីនេះជាខេត្តសំខាន់។ ខេត្តនេះភ្ជាប់ចន្លោះប៉ូលពីរ។ ប៉ូលមួយគឺសេដ្ឋកិច្ចភ្នំពេញ សេដ្ឋកិច្ចកណ្ដាល និងប៉ូលមួយទៀតខេត្តព្រះសីហនុ។ ការកសាងមូលដ្ឋាននៅទិសនិរតីសំរាប់ជំរុញខេត្តដែលមានសក្ដានុពលអោយកាន់តែក្លាយជាលទ្ធភាពជាក់ស្ដែងនៅលើដី។
(៣) ជំរុញឧស្សាហកម្ម និងភស្ដុភារកម្មនៅខេត្តព្រះសីហនុ បង្កើតតំបន់សេដ្ឋកិច្ចពិសេស២ ទៅ៣ កន្លែងនៅកំពត និងសិក្សាប្រើប្រាស់ផែទឹកជ្រៅបង្កើត Ecosystem រោងចក្រសំខាន់មួយ
កន្លងទៅ និងទៅមុខទៅទៀត យើងបានអនុវត្តផែនការមេស្តីពីការវិនិយោគ ដើម្បីពង្រឹងខេត្តព្រះសីហនុនិងខេត្តជាប់សមុទ្រ។ យើងបានអនុវត្តជំហានដំបូង ដោយយកខេត្តព្រះសីហនុជាគោលដើម្បីជំរុញការធ្វើឧស្សាហកម្ម ភស្ដុភារកម្ម បង្កើតការងារអោយបានច្រើន។ មិនត្រឹមតែខេត្តព្រះសីហនុទេ ឥឡូវខេត្តកំពត ខ្ញុំស៊ីញ៉េមួយឆ្នាំជាងនេះ ឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេស២ ទៅ៣ កន្លែង។ នេះជាសញ្ញានៃការរីកខេត្តកំពតមិនត្រឹមតែជាទេសចរទេ ប៉ុន្តែជាឧស្សាហកម្មផងដែរ។ ឥឡូវ យើងកំពុងសិក្សាធ្វើផែទឹកជ្រៅ និងការវិនិយោគរាប់ពាន់លានដើម្បីបង្កើត Ecosystem នៃការផលិតរោងចក្រមួយ។ ខ្ញុំមិនទាន់បញ្ចេញទេ ប៉ុន្តែកំពុងចរចាដើម្បីប្រើប្រាស់ផែទឹកជ្រៅនៅខេត្តកំពតនេះក្នុងការផលិតនូវផលិតផលសំខាន់មួយផ្គត់ផ្គង់ទីផ្សារអន្តរជាតិ ដោយក្រុមហ៊ុនមួយដែលគាត់គ្រោងវិនិយោគធំនៅទីនេះ។ គាត់បានបើករោងចក្រ២ ទៅ៣ វិនិយោគជិត ១០០០លាន(ដុល្លារ)រួចហើយ តែគាត់ចង់ពង្រីកធំមួយទៀតនៅកម្ពុជា ដើម្បីទាញសក្ដានុពលនៅកម្ពុជា។ មិនមែនសន្យាថានឹងមកទេ។ អ្នកវិនិយោគនេះបានបើករោងចក្រ២ ផលិតនាំទៅអឺរ៉ុបជិត ១០០០លាន(ដុល្លារ)រួចទៅហើយ។ ប៉ុន្តែក្រៅពីនោះតំបន់សេដ្ឋកិច្ចពិសេស មានក្រុមហ៊ុនចាប់ផ្ដើមបណ្ដើរៗ។
(៤) ចលនាផ្ការីកបង្កើនសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជន ពីខេត្តមួយទៅកាន់ខេត្តមួយ ពីប៉ូលសេដ្ឋកិច្ចមួយទៅកាន់ប៉ូលសេដ្ឋកិច្ចមួយទៀត
ខ្ញុំសួរឯកឧត្តម ជា វុទ្ធី កាលពីមុន យើងមានតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ដែលមានអ្នកសុំអាជ្ញាបណ្ណធ្វើ កន្លែងខ្លះធ្វើបាន ខ្លះអត់មានមនុស្ស។ ឥឡូវឃើញរោងចក្រមកដាក់បណ្ដើរៗ។ កាលពីមុនផ្ដោតខ្លាំងទៅលើខេត្តព្រះសីហនុ។ ឥឡូវរីកមកទីនេះ។ បានតភ្ជាប់ប្រព័ន្ធព្រែកជីករបស់យើង។ ទៅមុខនឹងធ្វើអោយខេត្តតាកែវ ប្រហែលជានឹងមិនល្បីតែបង្កងនិងពងទាកូនទៀតទេ តែអាចក្លាយជាខេត្តដែលនាំចេញនូវផលិតផលឧស្សាហកម្មនិងកម្មន្តសាលច្រើន។ មិនមែនបានន័យថាឈប់ចិញ្ចឹមបង្កង និងពងទាកូននោះទេ។ ជំរុញគ្រប់វិស័យ។ ខេត្តកណ្ដាល រាជធានីភ្នំពេញ ខេត្តតាកែវ កែប កំពត ភ្ជាប់ជាមួយខេត្តព្រះសីហនុ និងកោះកុង។ ខេត្តដែលជាប់ មានកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ក៏មានសក្ដានុពលដេញបន្តគ្នា។ អ្នកខ្លះថា(ធ្វើ)ចលនាផ្ការីក ក្នុងគោលដៅផ្ដួលរដ្ឋាភិបាល។ តែយើងធ្វើចលនាផ្ការីកដើម្បីបង្កើនសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជនពីខេត្តមួយទៅកាន់ខេត្តមួយ ពីប៉ូលសេដ្ឋកិច្ចមួយទៅកាន់ប៉ូលសេដ្ឋកិច្ចមួយទៀតអោយកាន់តែច្រើន ដើម្បីសេដ្ឋកិច្ចរីកចម្រើនទូទាំងប្រទេស។ ការតភ្ជាប់នៃសរសៃឈាមគឺជាកិច្ចការសំខាន់របស់យើង។
(៥) គ្រប់ខេត្ត ក្រុង ស្រុក ឃុំ ភូមិ ត្រូវតែរីកចម្រើនគ្រប់កោសិកាទើបប្រទេសរីកចម្រើន
ផ្លូវទាំង ៣ខ្សែនេះក៏នឹងចូលរួមបន្ថែមក្នុងការបង្កើនសក្ដានុពលនិងបង្កើតនូវបណ្ដាញប្រទាក់ក្រឡាគ្នា។ អ្នកដែលបានផលគឺជាអ្នកណា? ទី១ ផលផ្ទាល់គឺអ្នកនៅក្នុងខេត្តទាំងប៉ុន្មានហ្នឹងឯង។ ទី២ ប្រជាពលរដ្ឋខ្មែរនៅតំបន់ផ្សេងៗ ដែលមកស្វែងរកការងារនៅខេត្តទាំងប៉ុន្មាននេះ។ គោលដៅធំរបស់យើងគឺជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារអោយបានច្រើននៅក្នុងស្រុកជូនបងប្អូនប្រជាពលរដ្ឋ។ ការដើរទាក់ម៉ូយ ការទាក់ទាញវិនិយោគ ការជំរុញសេដ្ឋកិច្ចនៅក្នុងប្រទេស ថែរក្សាលំនឹងសុខសន្តិភាព ស្ថិរភាព ការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តការវិនិយោគផ្សេងៗ បានធ្វើអោយកម្ពុជាជាប្រទេសមួយជាគោលដៅវិនិយោគ មានទេសចរកាន់តែច្រើន ទាញផលមកត្រង់មកប្រជាពលរដ្ឋ។ ការកសាងហេដ្ឋារចនាសម្ព័ន្ធគឺដើម្បីភ្ជាប់តំបន់និងពង្រាយសក្ដានុពលទាំងនេះ។ ខ្លួនមនុស្សត្រូវមានសុខភាពល្អគ្រប់កន្លែង។ មិនអាចមុខស្រស់តែខ្លួនឬមួយដៃជើងស្វិតនោះទេ។ ត្រូវរីកទាំងអស់។ ឈាមត្រូវរត់អោយបានដល់គ្រប់កន្លែង ទើបបានខ្លួនយើងរឹងមាំ។ បើយើងសាច់ដុំដៃធំ តែជើងស្វិត យើងទៅធ្វើអីច្រើនក៏មានកំណត់ដែរ។ មិនមែនថាអត់ទៅរួចទេ។ ទៅរួច។ បើយើងល្អតែរូបរាងខាងក្រៅ តែក្រពះរបស់យើងកើតមហារីក ឈឺក្រពះក៏មិនកើតដែរ … សរីរាង្គនិងអវយវៈយើងគ្រប់កន្លែងត្រូវតែរឹងមាំដូចគ្នា ព្រោះសរីរាង្គនិងអវយវៈមានតួនាទីខុសៗគ្នា។ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត ដៃជើងខុសគ្នាទាំងអស់។ ទាំងអស់នេះផ្គុំគ្នា ជួយអោយខ្លួនយើងមានគ្រប់លក្ខណៈអាចធ្វើចលនាបាន។ ប្រទេសយើងដូចគ្នាគ្រប់ខេត្ត ក្រុង ស្រុក ឃុំ ភូមិ ត្រូវតែរីកចម្រើនគ្រប់កោសិកាទាំងអស់ទើបប្រទេសរីកចម្រើន មិនអាចរីកត្រឹមតែរាជធានីភ្នំពេញនោះទេ។ មិនអាចចុះពីយន្តហោះចេញមករាជធានីភ្នំពេញដូចតូក្យូ តែចេញមិនទាន់បានប៉ុន្មាន(គីឡូវម៉ែត្រពីក្រុង)ផងសុទ្ធតែផ្ទះខ្ទម …។
(៦) ធៀបបច្ចុប្បន្នទៅទសវត្ស៨០ បើភូមិស្រុកគ្មានការរីកចម្រើន មិនធ្វើនាយករដ្ឋមន្ត្រីទៀតក៏បាន
ហ្នឹងហើយដែលថាក្នុង ៤០ឆ្នាំនេះ មានការវិវត្តន៍។ អ្នកខ្លះថាក្រទៅៗ។ ខ្ញុំហ៊ានភ្នាល់ថាឱ្យរើសគ្រប់ខេត្ត ទៅកន្លែងណាក៏ដោយ ចង្អុលបង្ហាញអោយខ្ញុំ ភូមិណានៅខេត្តតាកែវ ស្រុកណាក៏ដោយ … បើប្រៀបធៀបពីជំនាន់ទសវត្ស៨០ មកឥឡូវ គ្មានការរីកចម្រើន ខ្ញុំគិតថាមិនបាច់ធ្វើនាយករដ្ឋមន្ត្រីទៀតក៏បាន។ គិតតែត្រឹមថាពីមុនអត់ផ្លូវ ឥឡូវមានផ្លូវ។ ជីវភាពមានបញ្ហាប្រឈមខ្លះ ប៉ុន្តែបើយើងមើល ឥឡូវចំនួនផ្ទះស្លឹកមានប៉ុន្មាននៅតាកែវ? កាលពីជំនាន់៩០ ខាងជប៉ុនមក កាលពីសម័យអ៊ុនតាក់។ ខ្ញុំទៅជួបមេបញ្ជាការកងវិស្វកម្មរបស់ជប៉ុនម្នាក់។ ឥឡូវគាត់ផ្កាយ៤ និងចូលនិវត្តន៍។ គាត់ថតផ្លូវមួយចេញពីរង្វង់មូលកួរស្រូវមកទន្លេបាទី។ ផ្លូវហ្នឹងតូច និងមានស្ពានមួយដាច់ មានរូបកូនក្មេង(ចាំ)ដាក់ឈើ(អោយឆ្លង)។ ឥឡូវ ទៅមើលផ្លូវហ្នឹងមានរោងចក្រ ផ្ទះថ្មពេញ។ នេះជាការពិត។ ក្នុងជីវភាពរស់នៅ តម្រូវការនៅតែមាន។ ប៉ុន្តែ បើយើងគិតថាកម្ពុជារីកត្រឹមតែភ្នំពេញ កន្លែងផ្សេងទៀតភូមិ ឃុំ គ្មានការវិវត្តន៍សោះតែម្ដង ខ្ញុំមិនជឿទេ។ តាមភូមិក្នុងខេត្តតាកែវ ពីឆ្នាំ៩០ ខ្ញុំជឿថាសល់ផ្ទះស្លឹកច្រើន។ ផ្ទះដែលមានឡានជិះប្រហែលតិចណាស់។ សឹងតែអត់មាន។ ផ្ទះប៉ុន្មានមានគោយន្ត? ឥឡូវបើទៅតាមឃុំភូមិក្នុងខេត្តកាកែវ ហោចណាស់ក៏មានឡានមួយគ្រឿងដែរក្នុងមួយភូមិ។ អាចមានច្រើន? (ចម្លើយ៖ មានច្រើន)។ ខ្ញុំនិយាយថាយ៉ាងហោចណាស់ក៏មានឡានមួយគ្រឿងដែរមួយភូមិនៅតាកែវ។ បងប្អូននៅខេត្តតាកែវថាមានច្រើនជាងមួយគ្រឿង។ នេះជាការវិវត្តន៍ពីឆ្នាំ ៩០ជាងមក។
ការលំបាកថ្ងៃនេះ ខុសពីការលំបាកឆ្នាំ៩០។ ការលំបាកថ្ងៃនេះប្រហែលជាការលំបាកសម្រាប់យុវជនមួយចំនួនគឺពិបាករកលុយទិញកាតទូរស័ព្ទ ឬមួយសេវាទូរស័ព្ទខលទៅវាស៊ីលុយច្រើន។ តែការលំបាកពី២០ ទៅ៣០ឆ្នាំមុន ប្រហែលជាមិនគិតពីរឿងហ្នឹងទេ។ គិតពីក្រពះនិងអត់ការងារធ្វើ។ មានការលំបាក ប៉ុន្តែការលំបាកមានការខុសគ្នា … សិង្ហបុរីពីឆ្នាំ៨០ ជំនាន់ Lee Kuan Yew ការលំបាកពេលនោះគឺជីវភាពរស់នៅ ចំណាយទៅលើអ្វីដែលចាំបាច់។ កន្លែងចាំឡានអត់ត្រូវមានម៉ាស៊ីនត្រជាក់។ វាជាការខ្ជះខ្ជាយ។ តែឥឡូវនេះប្រហែលជាពលរដ្ឋសម័យក្រោយ កន្លែងណាអត់ម៉ាស៊ីនត្រជាក់ គាត់ស្រែកថាហ្នឹងលំបាកណាស់។ កាលពីខ្ញុំនៅក្មេងនៅភ្នំពេញ ផ្ទះអត់មានម៉ាស៊ីនត្រជាក់ទេ មានតែកង្ហារល្អហើយ។ យប់ឡើងបក់ផ្លិត ឪពុកជានាយករដ្ឋមន្ត្រីផង។ ឥឡូវនេះ គ្រាន់តែប៉ុន្មានឆ្នាំមុនដាច់ភ្លើងបន្តិច គឺស្រែកតាមហ្វេសប៊ុក។ ដាច់ភ្លើងតែ២យប់ស្រែកថាវេទនាណាស់ រស់នៅក្នុងសម័យនេះ ម៉ាស៊ីនត្រជាក់អត់ដើរ។ ការលំបាកមាន តែខុសគ្នា។ បើយើងប្រៀបធៀបជាទូទៅ មើលព្រៃទាំងមូល បានន័យថា ការវិវត្តន៍យើងកាន់តែរីកចម្រើន កាន់តែល្អ។
(៧) រដ្ឋដោះស្រាយសេចក្តីត្រូវការទាំង៣ របស់ប្រជាពលរដ្ឋគឺ សុខភាព, ចំណេះដឹង និងឱកាសការងារ
មើលតែសុខភាព(មនុស្សម្នាក់ៗ ក៏អាចដឹងបាន)។ កាលពីឆ្នាំ១៩៨០-១៩៩០ អាយុ ៥០ឆ្នាំ មើលទៅដូចអាយុ ៨០ឆ្នាំ។ តែឥឡូវនេះ អាយុ ៨០ឆ្នាំ មើលមិនស្រួលដូច(អាយុ) ៥០ឆ្នាំអញ្ចឹង។ អាហារូបត្ថម្ភមិនមែនមានតែសំរាប់ក្មេងៗទេ។ មានអាហារូបត្ថម្ភសម្រាប់មនុស្សដែលមានអាយុច្រើនដែរ … ពីជំនាន់មុន ខ្វះអីហូប។ គេថា ជំនាន់ ប៉ុល ពត មិនឱ្យហូប ឥឡូវពេទ្យមិនឱ្យហូប។ អ៊ំខ្លះថា “ឥឡូវពិបាកណាស់ ក្មួយអើយ! ពេទ្យមិនឱ្យអ៊ំហូប។ ដោយសារអ្វី? អ៊ំលើសជាតិខ្លាញ់ ជាតិស្ករច្រើន”។ សុខភាពជាគោល។ នេះជាការវិវត្តន៍របស់យើង។ ប៉ុន្តែយើងមិនឱ្យមាន(ការលូតលាស់)តែនៅក្នុងភ្នំពេញទេ។ យើងជំរុញ(អោយមានការរីកចំរើន)ទាំងអស់។ មិនឱ្យមានសាលារៀនតែនៅភ្នំពេញទេ។ មិនដូចពីមុនសង្រ្គាមដែលយើងមានការខ្វះខាត កូនចៅប្រុសៗ ត្រូវឆ្លងទឹកពីម្ខាងទន្លេទៅរៀន។ សម្ដេចតេជោ ត្រូវទៅរៀននៅភ្នំពេញ ដោយសារនៅស្រុកស្ទឹងត្រង់ មិនសូវមានកន្លែង(សិក្សា)។ មួយខេត្ត មួយស្រុក ជួនកាលមានវិទ្យាល័យមួយ។ សិស្សច្រើន។ ឥឡូវយើងសាងសង់ រុញ(សាលា)ទៅគ្រប់កន្លែង ការងារទៅដល់មូលដ្ឋាន និងកសាងមណ្ឌលសុខភាព។
ជីវិតប្រជាពលរដ្ឋត្រូវការបី។ រដ្ឋត្រូវយកចិត្តទុកដាក់ដោះសេចក្តីត្រូវការទាំង៣។ រដ្ឋាភិបាលគ្រប់អាណត្តិបានដាក់គោលដៅ ៣ធំ គឺ ទី១ សុខភាព, ទី២ ចំណេះដឹង និងទី៣ឱកាសការងារ។ រដ្ឋាភិបាលជំរុញខ្លាំងណាស់។ គោលនយោបាយ ៦ចំណុចជាអាទិភាព វិធានគន្លឹះ៥ គឺសំដៅទៅលើការលើកកម្ពស់សុខភាពប្រជាពលរដ្ឋ។ ជំរុញវិស័យសុខាភិបាលឱ្យកាន់តែរឹងមាំ ជាពិសេស មូលដ្ឋាន មណ្ឌលសុខភាព។ រៀបចំគោលនយោបាយសុខភាពសាធារណៈ ចេញ ប.ស.ស ស្វ័យនិយោជន៍ ប.ស.ស បូកជាមួយនឹងបណ្ណសមធម៌ ដើម្បីជួយប្រជាពលរដ្ឋដែលខ្វះលទ្ធភាព។ ផ្ដល់អាហារូបករណ៍ ១លាន ៥សែននាក់ ដើម្បីឱ្យកូនចៅប្រជាជន ជាពិសេស អ្នកដែលលំបាកមានឱកាសរៀន។ បើគាត់លែងទៅរៀននៅវិទ្យាល័យ ឬ(លែង)បន្ត(ការសិក្សា)ទៀត យើងរុញការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយផ្ដល់អាហារូបករណ៍ឱ្យគាត់ រកការងារឱ្យគាត់ធ្វើ។
(៨) មិនថាតិចឬច្រើន រដ្ឋបង្កើតកម្មវិធីផ្ដល់អត្ថប្រយោជន៍ជូនមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ កម្មករ/ការិនី
ទាញវិនិយោគបន្ថែមដើម្បីបង្កើតការងារ រុញទៅដល់មូលដ្ឋាន។ ដំឡើងបៀវត្សរ៍អប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗ ទាំងមន្រ្តីរាជការ ទាំងកងកម្លាំងប្រដាប់អាវុធ ទាំងកម្មករ កម្មការិនី និង(ដំឡើង)បៀវត្សរ៍ផ្សេងៗទៀត។ ម្សិលមិញ ខ្ញុំទើបស៊ីញ៉េអនុក្រឹត្យមួយ ដំឡើងប្រាក់ឧបត្ថម្ភសម្រាប់មនុស្សចូលសោធន។ យើងគិតអ្នកដែលកំពុងធ្វើការ គិតទាំងអ្នកដែលចូលសោធន។ តិចច្រើន រដ្ឋាភិបាលមិនបានភ្លេចទេ(អំពី)កម្រិតជីវភាពប្រជាពលរដ្ឋទាំងអស់។ រៀងយឺតបន្តិចខែនេះ។ គេសួរក្រែងលោរដ្ឋាភិបាលអត់ចេញ។ យើងបានចេញអនុក្រឹត្យហើយ។ អញ្ចឹង ការគិតគូរពីជីវភាពរស់នៅរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទាំងអស់ គិតតាំងពីសុខភាព កូនមិនទាន់កើត។
ប្រជាពលរដ្ឋជាច្រើន មន្រ្តីរាជការ កម្មករ កម្មការិនី បានទទួលផល គ្រាន់តែចាប់ផ្ដើមមានផ្ទៃពោះ រដ្ឋជួយបាត់ទៅហើយ រហូតដល់កូនអាយុ ២ឆ្នាំ នៃការឧបត្ថម្ភសាច់ប្រាក់។ ប្រទេសយើងមិនមានលទ្ធភាពច្រើនដូចប្រទេសផ្សេងដែលគេមាន ប៉ុន្តែបើនិយាយអំពីគោលនយោបាយ យើងមានច្រើនមិនតិចទេ។ មិនមែនបានន័យថា ដោយសាររដ្ឋយើងមិនសូវមាន យើងត្បិតត្បៀតជាមួយប្រជាពលរដ្ឋទេ។ ទោះបីយើងមិនសូវមាន យើងបង្កើតកម្មវិធី ផ្ដល់អត្ថប្រយោជន៍តិចច្រើនជូនគាត់។ ពេលណាដែលរដ្ឋកាន់តែមានបន្ថែមទៀត ប្រាក់ទាំងអស់នោះក៏កាន់តែកើន។ បានន័យថា យើងគិតគូរសឹងតែគ្រប់ជ្រុងជ្រោយជូនប្រជាពលរដ្ឋ។
ការពង្រាយ/ចែកផលលាភនៃការអភិវឌ្ឍ មិនមែនអភិវឌ្ឍរីកចម្រើនតែអ្នកមានលុយ ធ្វើផ្ទះថ្ម ផ្ទះធំនោះទេ។ សួរថាតើអ្នកដែលធ្វើខុនដូ ធ្វើបុរី ធ្វើអី មិនថានៅកំពតទេ គាត់ធ្វើដោយសារអ្វី? ដោយសារមានអតិថិជន។ អតិថិជនហ្នឹង ជាអ្នកណា? គឺប្រជាពលរដ្ឋយើងដែលពីមុនក្រ ឥឡូវគាត់មានជីវភាពមធ្យម មានការងារ គាត់អាចបង់(រំលង់)បណ្ដើរៗបាន។ អម្បាញ់មិញ ខ្ញុំថាមួយឃុំ តិចថាមានឡានមិនដល់មួយ។ ប្រជាពលរដ្ឋស្រែកថា “មានច្រើនជាងហ្នឹង”។ និយាយរួម លុយទិញឡាន លុយទិញផ្ទះ លុយទិញម៉ូតូ លុយទិញទូរទស្សន៍ ទាល់តែគាត់សល់លុយ។ បើគាត់ខ្វះព្រឹកខ្វះល្ងាច គាត់មិនទៅចាយលុយហ្នឹងទេ។ អញ្ចឹងនេះជាសញ្ញាបង្ហាញថា ប្រជាពលរដ្ឋមានលទ្ធភាព។ សេដ្ឋកិច្ច វាឡើងចុះ មិនថានៅយើងទេ។ ពេលណាសេដ្ឋកិច្ចល្អទៅ ដីត្រូវប៉ាន់ទៅឡើងលឿនទៅ ទិញកាន់តែលឿន។
(៩) ចូលឆ្នាំថ្មីចំណូលពន្ធគយកើន ការលក់ផ្ទះបុរីកើនពី៦ឬ៧/ខែ ទៅ២០/ខែ ធៀបនឹងឆ្នាំមុន
ចាប់ផ្ដើមឆ្នាំថ្មី យើងឃើញសន្ទុះនៃការទិញរថយន្តថ្មី (ដែលបង្ហាញថា)គ្រួសារ(មានជីវភាពល្អ)ឡើង។ ពន្ធគយប្រចាំថ្ងៃ កាលមុនមានត្រឹមមួយថ្ងៃ ១០លានអីទេ។ ឥឡូវចូលចង់ជិត ២០លាន(ដុល្លារ)។ មួយផ្នែកធំ គឺកំណើននៃការទិញរថយន្ត និងគ្រឿងយន្ត។ ខ្ញុំសួរឯកឧត្តម គុណ ញឹម តើគ្រឿងយន្តហ្នឹងប្រភេទណា? គាត់ថា រថយន្តគ្រួសារ។ បើសិនជាចូលត្រឹមតែគ្រឿងយន្តធ្វើកសិកម្មអី រឿងផ្សេង តែនេះរថយន្តគ្រួសារ។ មានន័យប្រជាពលរដ្ឋអាចមានលំនឹងនិងជឿជាក់ … នេះគឺជាកត្តាជាក់ស្ដែង។ សួរទៅអចលនទ្រព្យ។ អ្នកធ្វើបុរីថា ពីឆ្នាំទៅលក់បានមួយខែ ៦-៧ផ្ទះ។ ឥឡូវនេះឡើងដល់ ២០ផ្ទះអីអញ្ចឹង។ វាមិនដូចមុនកូវីដ-១៩ទេ។ មុនកូវីដ-១៩ អ្នកខ្លះទិញម្ដង ១០០ផ្ទះអីឯណោះ។ មិន(លក់បាន)ច្រើន។ អ្នកខ្លះ អចលនទ្រព្យឡើងលឿន គាត់ calculate ហ៊ានយក ១០០ផ្ទះ។ គាត់យកហើយ គាត់លក់។ គាត់យកភ្លាម បង្វិល ៥០ផ្ទះ (លក់)យករួចដើម។ តែក្រោយពីកូវីដ-១៩ អ្នកដែលទិញភាគច្រើន មិនមែនទិញបែបលក់ទេ គឺទិញ(យកមក)រស់នៅពិតប្រាកដ។ អញ្ចឹងសញ្ញានេះ ក៏វាកើនឡើងវិញ។ យើងសង្ឃឹមថា ឆ្នាំ២០២៥ ស្ថានភាពនេះនឹងបន្តងើបឡើង។ ឥឡូវពិភពលោក អត់ដឹងថាទៅណាទេ។ អស់ពីសង្រ្គាមអ៊ុយក្រែនរុស្ស៊ី អស់ពីសង្រ្គាមជាមួយកូវីដ-១៩ ចូលសង្រ្គាមប្រដាប់អាវុធ។ អស់ពីសង្រ្គាមប្រដាប់អាវុធ ឥឡូវទៅជាសង្រ្គាមពាណិជ្ជកម្ម ដែលពិភពលោកមិនដែលឃើញជិត ១០០ឆ្នាំ(មកនេះ)។ អញ្ចឹងវាបង្កើតនូវស្ថានភាពមួយទៀត។
(១០) ធ្វើពាណិជ្ជកម្មជាមួយគ្រប់ប្រទេស មិនពឹងតែលើទេសចរណ៍ ឬឧស្សាហកម្ម ឬកសិកម្ម តែពង្រាយនិងទាញយកផលពីសក្ដានុពលរបស់ប្រទេស បង្កើតការងារទាំងក្នុងស្រុកទាំងក្រៅស្រុក
ម្សិលម្ង៉ៃ ខ្ញុំជួបជាមួយបងប្អូនសហជីពក្រៅប្រព័ន្ធ អង្គការវិជ្ជាជីវៈ។ សូមឱ្យជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាថានឹងខិតខំឱ្យអស់លទ្ធភាព ខិតខំគ្រប់វិធីទាំងអស់ការពារអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋ រួមទាំងការងារក្នុងវិស័យឯកជនផងដើម្បីធានាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង។ យើងធ្វើពាណិជ្ជកម្មគ្រប់ប្រទេសទាំងអស់។ អត់មានរើសអ្នកណាទេ។ យើងធ្វើការជាមួយគ្រប់បណ្ដាញ យើងនាំចេញគ្រប់ទំនិញគ្រប់មុខ។ យើងមិនពឹងផ្អែកតែទៅលើទេសចរ យើងមិនពឹងផ្អែកតែទៅលើឧស្សាហកម្ម យើងមិនពឹងផ្អែកតែទៅលើកសិកម្មទេ។ យើងពង្រាយនិងទាញយកសក្ដានុពលរបស់ប្រទេស ដើម្បីឱ្យបានគ្រប់វិស័យ ហើយបង្កើតការងារឱ្យគ្រប់ច្រកល្ហកជូនប្រជាពលរដ្ឋ ទាំងទីផ្សារក្នុងស្រុកទាំងទីផ្សារក្រៅស្រុក។ យើងធ្វើបន្តដើរទៅមុខទៀត។ ប្រទេសយើងមិនឈប់ទេបងប្អូន។ សូមជឿចុះ។ រដ្ឋាភិបាលមិនរត់ចោលបងប្អូនទេ។ យើងនៅខាំស្មៅជាមួយគ្នា។ ទោះបីជាពេលចូលឆ្នាំក៏ដោយ ឯកឧត្តម ស៊ុន ចាន់ថុល និងក្រុមការងារ អត់សម្រាកទេ អង្គុយគិតគូរ ពិចារណាទាក់ទងក្នុងការចរចារឿងពាណិជ្ជកម្ម។
(១១) មិនថាសង្រ្គាមជាមួយកូវីដ-១៩ ឬសង្គ្រាមពាណិជ្ជកម្ម រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជននៅជាមួយនិងរកវិធីសាស្រ្តជួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ នឹងប្រកាសវិធានការទប់ស្កាត់ការឆ្លៀតឱកាសនាំចេញ និង transshipment អីផ្សេងៗ ដើម្បីបង្ហាញឆន្ទៈរបស់យើង ក្នុងការពង្រឹងការគ្រប់គ្រងមួយចំនួន។ កន្លងទៅ យើងមានវិធានការគ្រប់គ្រង ប៉ុន្តែទោះបីជាសង្រ្គាម មិនថាសង្រ្គាមជាមួយនឹងកូវីដ-១៩ សង្គ្រាមពាណិជ្ជកម្ម មិនថាឥទ្ធិពលពីសង្រ្គាមនៅតំបន់ផ្សេងៗទៀត រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងនៅជាមួយប្រជាជនជានិច្ច ហើយខិតខំរកវិធីសាស្រ្តជួយជីវិត ជួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សូមជឿទុកចិត្តចុះ។ យើងមិនដែលរត់ទេ ហើយយើងក៏មិនដែលយកលេស ឬហេតុផល(គេចវេសពីការទទួលខុសត្រូវឡើយ)។
បងប្អូនខ្លះឆ្ងល់ថា ហេតុអ្វីបានជារដ្ឋាភិបាលចន្លោះនេះចន្លោះនោះ។ ក្រសួងស្ថាប័ន ត្រូវចេញពន្យល់ឱ្យមហាជនបានយល់។ បងប្អូនខ្លះថាហ្នឹងជាការដោះសារ។ អត់ទេ។ យើងមិនត្រឹមតែពន្យល់ទេ ពេលជាមួយគ្នា យើងមើលថាតើបញ្ហាពិតប្រាកដយ៉ាងម៉េច។ យើងរកវិធីដោះស្រាយដើម្បីលុបបំបាត់។ បើបញ្ហានេះបានដោះស្រាយហើយ យើងក៏ពន្យល់ដើម្បីឲ្យបងប្អូនយល់។ នេះគឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល។ ប្រជាពលរដ្ឋ មន្ត្រីរាជការ អតីតយុទ្ធជន អតីតមន្ត្រីរាជការ ឆ្ងល់ថាតើរដ្ឋាភិបាលយើងភ្លេចតម្លើងប្រាក់បៀវត្សរ៍ទេ? ថាអត់ទេ។ ម្សិលមិញហ្នឹងមានការបំភ័យរឿងឯណាផ្សេងៗ រឿងធនាគារ។ ថាឲ្យតាមឲ្យជាប់។ អ្វីដែលសំខាន់គឺការទទួលខុសត្រូវរបស់យើងចំពោះប្រជាពលរដ្ឋរបស់យើង។
(១២) ទុកផ្លូវជាអាទិភាពទី២ បន្ទាប់ពីមនុស្សក្នុងយុទ្ធសាស្ត្របញ្ចកោណ ព្រោះផ្លូវប្រៀបបាននឹងសរសៃនាំឈាម
ការកសាងផ្លូវគឺជាអាទិភាពគន្លឹះ៥ របស់រដ្ឋាភិបាលក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក៏ដូចជាយុទ្ធសាស្ត្រចតុកោណពីមុន។ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ អញ្ចឹង ផ្លូវបន្ទាប់ពីមនុស្ស។ មនុស្សត្រូវមាន សុខភាព ចំណេះដឹង សមត្ថភាព បំនិន និងការងារគឺក្រពះ។ ឥឡូវចូលផ្លូវ។ ហេតុអ្វីបានផ្លូវជាអាទិភាពទី២? ផ្លូវជាអាទិភាពទី២ ដោយសារផ្លូវគឺជាសរសៃ ដែលនាំឈាមទៅគ្រប់កន្លែង គឺដើម្បីឲ្យជីវភាពរស់នៅរបស់ប្រជាជនគ្រប់កន្លែងបានប្រសើរ។ មើលសរសៃឈាមរបស់យើង។ បើសិនជាឈាមអត់មកដល់ទេ ឬដាច់សរសៃណាមួយ ទុកយូរត្រូវកាត់ដៃចោល ព្រោះឈាមមកចិញ្ចឹមមិនដល់ … ផ្លូវក៏ដូចគ្នា។ បើសិនជាផ្លូវ៤១ នេះមិនបានពង្រឹងពង្រីក តើបណ្តោយផ្លូវហ្នឹងតភ្ជាប់ក្នុងចន្លោះពីផ្លូវជាតិលេខ៤ មកដល់កំពង់ត្រាចនេះ បុកទៅផ្លូវជាតិលេខ៣ អាចរីកដល់ថ្ងៃហ្នឹងទេ? ប្រហែលជាអត់ទេ។ បើមកលំបាក ប្រហែលជាមិនមានអ្នកមកច្រើនទេ។ កាលធ្វើហើយពីលើកមុន មានអ្នកប្រើប្រាស់ច្រើន។ ខ្ញុំក៏ជិះផ្លូវហ្នឹង។ តែដល់ផ្លូវហ្នឹងខូច គេជិះផ្លូវជាតិលេខ៣ ម្តង។ អញ្ចឹងសេដ្ឋកិច្ច ហាងគុយទាវតាមផ្លូវ៤១ ហ្នឹងប្រហែលជាលំបាកដែរ។
ការតផ្លូវនេះ គឺជាកិច្ចការសំខាន់សម្រាប់ការពង្រាយសកម្មភាពសេដ្ឋកិច្ច និងការតភ្ជាប់ខេត្តទាំង៥ ជាមួយនឹងខេត្តផ្សេងៗទៀត។ ឥឡូវ បើយើងនិយាយអំពីការវិនិយោគធ្វើផ្លូវ គឺផលចំណេញច្រើន … ផ្លូវ ៣ខ្សែនេះ ត្រូវបានធ្វើឲ្យប្រសើរឡើង។ ផ្លូវ AC នេះ បូកទៅ ២០០គីឡូម៉ែត្រចំណាយថវិកា ១៨៨លានដុល្លារ។ ជាជាងធ្វើផ្លូវតភ្ជាប់ ២០០គីឡូម៉ែត្រ បើយើងយក ១៨៨លានដុល្លារនេះ ទៅធ្វើតំបន់សេដ្ឋកិច្ចពិសេស យើងអាចចំណាយប្រហែលជា ២០០ ឬ៣០០ ហិកតា ឬមួយក៏យកទៅធ្វើបុរី ប៉ុន្តែអត់មានផ្លូវតភ្ជាប់។ នោះបុរីដែលធ្វើហើយ តំបន់សេដ្ឋកិច្ចពិសេសដែលធ្វើហើយ មិនដើរទេ។ អ្នកណាជិះទៅធ្វើការនៅកន្លែងហ្នឹង បើអត់មានផ្លូវដឹកជញ្ជូន។ អ្នកណាទៅទិញផ្ទះនៅកន្លែងហ្នឹង បើចូលទៅ អត់មានផ្លូវតភ្ជាប់។ អត់ទៅទេ។ កន្លែងហ្នឹងយូរៗ ទៅជាកន្លែងមានតែអគារចោលហើយអស់តម្លៃទៅវិញ។ ជឿទេ។
(១៣) ចំណាយធ្វើផ្លូវថ្មី មនុស្សមកច្រើន ធ្វើដំណើរឆ្លងកាត់ច្រើន អ្នកស្រុកភូមិលក់ដូរបាន សេដ្ឋកិច្ចកើន បានផលច្រើនជូនដល់ប្រជាជន
ប៉ុន្តែដែលចំណាយធ្វើផ្លូវថ្មី២០០ គីឡូម៉ែត្រនេះ បងប្អូនចាំមើល អស់ ១៨៨លានដុល្លារដូចគ្នាឆ្លងកាត់៥ ខេត្ត តែតាមបណ្តោយផ្លូវទាំងហ្នឹង សេដ្ឋកិច្ចកាន់តែកើនឡើង ហាងគុយទាវកាន់តែរីក មនុស្សមកកាន់តែច្រើន ធ្វើដំណើរឆ្លងកាត់កាន់តែច្រើន អ្នកស្រុកអ្នកភូមិ អាចលក់ដូរកាន់តែច្រើន ផលិតផលស្វាយពីក្នុងអីនាំមកលក់តាមផ្លូវហ្នឹងកាន់តែច្រើន។ បានន័យថាបានផលជូនដល់ប្រជាជនកាន់តែច្រើន។ មិនតែតាមបណ្តោយខ្សែផ្លូវមេហ្នឹងទេ តាមផ្លូវតភ្ជាប់ពីហ្នឹងទៀត ឬតំបន់ហ្នឹង ជាក់ស្តែងខ្ញុំធ្លាប់ជិះម៉ូតូមកតាមអង្គសោម កាច់មកតាមផ្លូវនេះ ជិះមកអម្បាញ់មិញ អត់កាច់ដល់ផ្លូវ៤១ ជិះហួសនេះទៀតទៅផ្សារត្រពាំងអណ្តើក ហួសត្រពាំងអណ្តើកចាក់ទៅដល់ភ្នំស្រួច។ ទេសភាពល្អ។ ភ្នំស្រួចឡើងចេញទៅផ្លូវជាតិលេខ៤ ឡើងទៅគីរីរម្យ។ ខ្ញុំធ្លាប់ទៅ។ មិនស្រួលចៅហ្វាយខេត្តខ្លះអត់ទាន់ទៅផង។ ខ្ញុំជិះតាមផ្លូវនេះ។ ផ្លូវហ្នឹង ចុះផុតតិចទៅ ផ្លូវដីនៅឡើយ តែពង្រីកធំ។ ថ្ងៃក្រោយយើងចាក់កៅស៊ូ។ តាមផ្លូវហ្នឹងមានចំការមានអីនៅហ្នឹង ហើយមានសួន។ ខ្ញុំមើលដូចមានកន្លែងធ្វើ resort មានកន្លែងជិះទឹកស្អីផង … ទំនប់ម្លេច។ ឥឡូវបើសិនអត់មានផ្លូវ៤១ នេះ សួរថាមកទេ? ប្រហែលកន្លែងហ្នឹងមិនដើរទេ។ មិនមែនមានចំការស្វាយធំៗ ប្រជាពលរដ្ឋធ្វើចំការតាមផ្លូវហ្នឹងទេ …។
(១៤) ផ្លូវទាញការវិនិយោគ ផ្តល់ឱកាសការងារ ទម្លាក់លុយរាប់លានដុល្លារចូលទៅបណ្តាខេត្ត
ឥឡូវ ផ្លូវដែលយើងធ្វើតភ្ជាប់ មិនត្រឹមតែឲ្យកន្លែងនិងរីកសហគមន៍រីកច្រើន កន្លែងខ្លះតំបន់ទេសចរណ៍សហគមន៍ នៅថ្ពង មានជ្រៀវ (ជាដើម កាន់តែមានឱកាស)។ ខ្ញុំចូលទៅ(ជ្រៀវ)ហ្នឹង។ ផ្លូវ៤៤ តភ្ជាប់ទៅឱរ៉ាល់។ បន្តិចទៀត ផ្លូវ៤៤ នេះ ចាក់ទៅដល់កោះកុង បុកផ្លូវ៤៨ គ្រោងនឹងធ្វើក្នុងពេលឆាប់ៗខាងមុខ។ អញ្ចឹងកាន់តែល្អទៀត។ ឥឡូវបានឈូសជាផ្លូវដីហើយ។ តិចទៀតទៅជាផ្លូវ(កៅស៊ូ)។ កន្លែងនោះមានខ្នងផ្សារ មានតេទឹកពុះ។ ថ្ងៃមុន ខ្ញុំទៅដល់ច្រកល្អៀងនៅពោធិសាត់។ ដូចមានផ្លូវលេខ១០ … កន្លែងហ្នឹងប្រជាពលរដ្ឋនៅមូលដ្ឋានបង្កើតជាសហគមន៍ទេសចរណ៍។ ហ្នឹងហើយការតភ្ជាប់ផ្លូវ។ គឺធ្វើឲ្យសេដ្ឋកិច្ចដើរ ដោយប្រជាពលរដ្ឋរកឱកាសបង្កើតជីវភាពរស់នៅ ដែលបើបូកជាតម្លៃសេដ្ឋកិច្ចវាច្រើនជាង ១៨៨លានដុល្លារ រាប់បានដល់ពាន់លានដុល្លារ ពីចំណូលចូលប្រជាពលរដ្ឋ និងឱកាសការងារ និងឱកាសធ្វើទីផ្សារនៅមូលដ្ឋាន។ ផ្លូវ៤១ បុកទៅផ្លូវ៤៤ ហើយផ្លូវ៤៤ ក្រោយពីធ្វើ តភ្ជាប់ទៅឱរ៉ាល់។ រោងចក្របង្កើតនៅទីនោះមួយគរគោក។ ពីមុនមិនសូវមាន។ ឥឡូវគេចាប់ផ្តើមទៅ ដោយសារតែប្រព័ន្ធដឹកជញ្ជូនកាន់តែល្អ។ បើគ្មានភ្លើងគ្មានផ្លូវ គេមិនទៅទេ។ សូម្បីតែអ្នកធ្វើការក៏ពិបាកដែរ។ បងប្អូនខ្លះ មិនទៅធ្វើការនៅទីនោះទេ បើកន្លែងហ្នឹងពិបាក។ ធ្វើដំណើររហូតល្ងាចបានទៅដល់។ អត់មានអ្នកណាទៅទេ។ តែដោយសារយើងធ្វើផ្លូវនេះ … នេះបានថាផ្លូវជាអាទិភាពទី២ ដូចដែលខ្ញុំតែងប្រដូចទៅការដណ្តឹងកូនគេ។ ម៉ែគេថា “អត់ផ្លូវទេអាវ៉ា” ចប់ហើយ។ មានផ្លូវ មានសង្ឃឹម។ មានផ្លូវផ្តល់ឱកាសឲ្យប្រជាពលរដ្ឋអាចប្រើការច្នៃប្រឌិត ទាញយកផលសេដ្ឋកិច្ចចូលហៅប៉ៅរបស់គាត់។ មានផ្លូវទាញយកការវិនិយោគ ដើម្បីផ្តល់ឱកាសការងារ ទម្លាក់លុយរាប់លានដុល្លារចូលទៅខេត្តកំពង់ស្ពឺ ខេត្តផ្សេងៗទៀត។ នេះហើយការវិនិយោគលើផ្លូវដែលជាអាទិភាពទី២ នៃគោលនយោបាយចតុកោណ ឥឡូវបញ្ចកោណដំណាក់កាលទី១។
(១៥) ប្រភពចំណូលរបស់រដ្ឋាភិបាលគឺ ពន្ធអាករនិងកម្ចីសាធារណៈ
អ្នកខ្លះថា “ឥឡូវវ័ណ្ឌក ខ្ចីលុយទៀតហើយ”។ តើប្រទេសណាមិនខ្ចីលុយ? គ្រាន់តែទម្រង់នៃការខ្ចីលុយខុសគ្នា។ ឥឡូវខ្ញុំពន្យល់បន្តិច។ ប្រភពចំណូលរបស់រដ្ឋ/រដ្ឋាភិបាលនៅលើពិភពលោកមានមកពីណាខ្លះ? ប្រភពចំណូលទី១ គឺមកពីពន្ធអាករ។ ប្រទេសយើងពន្ធអាករតិចណាស់។ ពន្ធដី ពន្ធអីភាគច្រើនអត់មានទេ។ បើនៅប្រទេសខ្លះ ពន្ធត្រួតគ្នា។ ប្រទេសខ្លះមានរដ្ឋបាល ២ថ្នាក់ រដ្ឋបាលសហព័ន្ធ និងរដ្ឋបាលរដ្ឋ។ បង់ ២ជាន់។ កន្លែងខ្លះបង់ ៣ជាន់។ បង់រដ្ឋបាលរបស់សហព័ន្ធមួយទៅ បង់របស់រដ្ឋមួយទៅ បង់របស់ឃុំមួយទៀត។ បង់ ២ ឬ៣តង់ … ពន្ធប្រាក់បៀវត្សរ៍។ ប៉ុន្មាននាក់ជាប់ពន្ធបៀវត្សរ៍? តិចណាស់។ នៅប្រទេសអ្នកមាន បៀវត្សរ៍ភាគច្រើន(កំណត់ថា) ៤០%។ រកបាន១០០ រដ្ឋយក៤០%។ យើងយកពន្ធតិចណាស់។ ក្នុងអាណត្តិនេះ ខ្ញុំបានប្រកាសថា យើងមិនត្រឹមតែសំរួលពន្ធច្រើនទេ តែបានបន្ធូរពន្ធក៏ច្រើនទៀត ដោយសារកូវីដ-១៩ ផងអីផង។ យើងក៏បានប្រកាសមិនបង្កើតពន្ធថ្មី ដើម្បីទុកឲ្យលុយហ្នឹងនៅហោប៉ៅប្រជាជន នៅវិស័យឯកជនច្រើន។ អញ្ចឹងរដ្ឋបានលុយមកពីណា? ពិតណាស់រដ្ឋមានចំណូលមិនមែនសារពើពន្ធ។ ក្រសួងសាធារណការលក់ស្លាកលេខហ្នឹងបានចំណូលខ្លះ ប៉ុន្តែមិនច្រើនទេ។ សេវាកម្មមួយចំនួន ថ្នាក់ក្រោមជាតិ សេវាលិខិតស្នាម មិនច្រើនទេ។
ចំណូលទី២ គឺពីកម្ចី។ កម្ចីមាន២។ ទី១ គឺកម្ចីសាធារណៈ។ រដ្ឋប្រទេសណាក៏គេខ្ចីដែរ។ គ្រាន់តែមួយខ្ចីពីប្រជាពលរដ្ឋ មួយខ្ចីពីស្ថាប័ន ឬមួយប្រទេស។ ឧទាហរណ៍ ប្រទេសអ្នកមានខ្ចីតាមរយៈ government bond ឬថាលក់សញ្ញាបណ្ណរដ្ឋ ឬមូលបត្ររបស់រដ្ឋ។ អាមេរិកលក់ treasury bond គឺលក់ T-bill ហ្នឹង។ អ្នកដែលទិញពីគាត់ ឲ្យលុយមកហើយរដ្ឋបង់ការប្រាក់ឲ្យ។ ហ្នឹងគឺការខ្ចីទៅហើយ។ ប្រទេសដែលឲ្យខ្ចីលុយដោយសារឱនភាពភាពនៃការចំណាយ។ មិនមែនចេះតែដំឡើងពន្ធទេ។ វាងាប់ប្រជាពលរដ្ឋ។ អញ្ចឹង ដល់ពេលឆ្នាំណាត្រូវចាយខ្លាំង មានសង្រ្គាមត្រូវចាយខ្លាំង ត្រូវចេញបណ្ណ/មូលបត្រហ្នឹងខ្ចីលុយបន្ថែម។ ប្រទេសខ្លះ ជាពិសេសប្រទេសកំពុងអភិវឌ្ឍខ្ចី bond ហ្នឹង។ យើងចេញមួយចំនួន ប៉ុន្តែខ្ចីពីស្ថាប័ន ឬដៃគូ ខ្ចីពី IMF ខ្ចីពី world bank ខ្ចីពី ADB ខ្ចីពីបណ្តាប្រទេសជាដៃគូ ដោយគិតការប្រាក់។
បើសិនជាយើងមិនខ្ចីលុយ ឬមួយក៏រដ្ឋមិនខ្ចីលុយ មិនចេញជាសញ្ញាបណ្ណរដ្ឋ ឬក៏មូលបត្ររដ្ឋសម្រាប់ជា bond ជាស្អីនេះ ប្រទេសនៅជិតៗយើង ដែលពីក្រោយឆ្នាំទៅ ឃើញចេញលុយទៅឲ្យប្រជាពលរដ្ឋច្រើន។ នៅក្នុងអាស៊ានរបស់យើង ប្រទេសខ្លះដំឡើង VAT ហើយ។ ឆ្នាំក្រោយ ប្រទេសខ្លះទៀត ជិតបោះឆ្នោត ប្រជាពលរដ្ឋសុំឲ្យបេក្ខជនធានាថាកុំឲ្យដំឡើងពន្ធទៀត។ តែចៀសមិនរួច ព្រោះចំណាយកាន់តែខ្ពស់។ អញ្ចឹងគាត់ដំឡើង VAT ហើយបើដំឡើង VAT ស្មើនឹងដំឡើងថ្លៃទំនិញ។ ប្រជាពលរដ្ឋទៅទិញ បង់ VAT។ អញ្ចឹងពីមុន VAT ៥ភាគរយ ទិញ១០០ ត្រូវបង់ ១០៥។ ឥឡូវ VAT ឡើង ៨ភាគរយ ត្រូវបង់ ១០៨ដុល្លារ។ ប្រទេសខ្លះដំឡើងតាមការដំឡើងថ្លៃអគ្គិសនី។ ហ្នឹងក៏យើងគិតថាជាពន្ធ ឬជាតម្លៃបន្ថែម ដើម្បីប៉ះប៉ូវការចំណាយ។
(១៦) មួយឆ្នាំៗ ចំណាយធ្វើផ្លូវរាប់ពាន់លាន ព្រោះប្រជាពលរដ្ឋមិនអាចចាំបាន
វាមិនខុសពី ក្រុមហ៊ុនមួយទេ។ មានលុយ១០០ នៅក្នុងផ្ទះ។ បើយើងយកលុយ១០០ នេះទៅពង្រីកហាងប្រហែលជាយើងចាំសន្សំ ១០ឆ្នាំ ព្រោះថាលុយ១០០ នេះ យើងត្រូវចាយទៅលើអ្វីដែលសំខាន់ ទៅលើព្យាបាលសុខភាពឲ្យកូនទៅរៀនស្អីៗ អស់៦០។ យើងនៅសល់ ៤០។ ៤០នេះ យើងត្រូវសន្សំទុក ២០ដុល្លារបង្កាការមានការលំបាក។ យើងយក ២០ដុល្លារទុកពង្រីកហាង។ ពង្រីកហាងនេះអស់២០០។ អញ្ចឹងយើងត្រូវសន្សំ ១០ខែ ឬមួយឆ្នាំ ដើម្បីអាចពង្រីកហាងនេះបាន។ ហាងភាគច្រើនគេខ្ចីធនាគារបានឆាប់ ហើយសុខចិត្តបង់ការប្រាក់ក្នុងរយៈពេលមួយកំណត់ តាមចំណូលវិញ។ ធ្វើយ៉ាងណាកុំឲ្យបំណុលខ្ពស់ជាងចំណូល។ បើសិនជាយើងរកបាន១០០ តែយើងចាយ៦០ ជំពាក់៦០ ឬ៧០ បង់តែការប្រាក់ យើងជាប់ហើយ។ តែការគ្រប់គ្រងបំណុលសាធារណៈ បង្ហាញថាយើងនៅកម្រិតទាបនៅឡើយ។ យើងយកមកធ្វើអ្វី? យើងយកមកមិនមែនប្រើប្រាស់របៀបកញ្ជើធ្លុះទេ។ បើសិនជាយើងខ្ចីលុយធនាគារ ឬមួយខ្ចីលុយបំណុលនេះយកមកវិនិយោគទិញផ្ទះ យកមកចាយទិញឡានរដ្ឋជិះ ហ្នឹងវាធ្លាក់ហើយ។
ប៉ុន្តែ យើងយកមកបង្កើតចំណូលបន្ថែម។ ដូចនេះ ខ្ចីឥណទានមានការប្រាក់ទាប ១៨៨លានដុល្លារ តែយកផ្លូវ ២០០គីឡូម៉ែត្រនេះ បានជួយឲ្យប្រជាជនរស់នៅតាមផ្លូវហ្នឹងបង្កើនសេដ្ឋកិច្ច មានចំណូលរាប់ពាន់លាន។ នេះហៅថាការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ យើងខ្ចី ប៉ុន្តែខ្ចីដោយគ្រប់គ្រង។ យើងយកចំណូលនេះប៉ះប៉ូវយើងបន្តទៅវិញ ជាជាងយកលុយរដ្ឋ ២០០លានមកធ្វើផ្លូវនេះ ដោយដកពីការធ្វើសាលារៀន … បើធ្វើ ២០០លានមួយឆ្នាំ ធ្វើបានតែផ្លូវនេះទេ។ តែមួយឆ្នាំៗ យើងចំណាយធ្វើរាប់ពាន់លាន។ ដើម្បីអ្វី? ព្រោះយើងមិនអាចចាំបាន។ ប្រជាពលរដ្ឋមិនមែនតែអ្នកខេត្តកំពង់ស្ពឺ ស្រុកភ្នំស្រួច ស្រុកត្រាំកក់ទេ ដែលត្រូវការផ្លូវ។ ឧទាហរណ៍ថ្ងៃមុនរឿងផ្លូវ ៧១C អ្នកត្បូងឃ្មុំ អ្នកកំពង់ថ្ម អ្នកចំការលើត្រូវការតភ្ជាប់ដូចគ្នា។ អ្នកក្រចេះក៏ត្រូវការស្ពានកំពុងធ្វើ។ អញ្ចឹង ដើម្បីឲ្យយើងមានលទ្ធភាព យើងត្រូវរិះរកវិធានការផ្សេងៗ … រដ្ឋាភិបាលណាក៏ខ្ចីដែរ។
ប្រទេសតិចណាស់ដែលមិនខ្ចី។ គេមិនខ្ចី តែភាគច្រើនយកវិធានការប៉ះប៉ូវតាមការដំឡើងពន្ធ។ លើកលែងតែប្រទេសហ្នឹងមានចំណូល មានប្រេង មានស្អីច្រើន។ ហ្នឹងគាត់អត់ខ្ចីទេ គាត់មានចំណូលផ្សេង។ តែប្រទេសដែលគ្មានធនធានធម្មជាតិដូចប្រេង ដូចអី ដែលប៉ះប៉ូវថវិកាជាតិបាន បើចង់ចាយច្រើន ឆ្លើយតបទៅនឹងអ្វីដែលប្រជាពលរដ្ឋត្រូវការ ធ្វើផ្លូវ ធ្វើពេទ្យឲ្យច្រើន សុខភាពប្រជាជនកាន់តែច្រើន។ ចំណាយទៅលើសុខភាពសាធារណៈ យើងត្រូវបង្កើនការចំណាយ ដំឡើងបៀវត្សរ៍មន្រ្តីរាជការ។ អញ្ចឹងបៀវត្សដែលយើងប្រមូលបានពីពន្ធមានកំណត់។ យើងចាយទៅលើមុខព្រួញសំខាន់។ ការកសាងផ្សេងៗទៀត យើងការខ្ចីមួយចំនួនជាការធម្មតា តែការគ្រប់គ្រងមិនឲ្យជ្រុលហួស។ យើងមានលទ្ធភាពសងទៅវិញ។
(១៧) វិនិយោគទៅលើអ្វីដែលបង្កើតផលបន្ថែមសេដ្ឋកិច្ចរយៈពេលវែងឲ្យយើង ដើម្បីឲ្យយើងរស់។
ទី២ យកទៅវិនិយោគឲ្យចំគោលដៅ។ វិនិយោគទៅលើអ្វីដែលបង្កើតផលបន្ថែមសេដ្ឋកិច្ចរយៈពេលវែងឲ្យយើង ដើម្បីឲ្យយើងរស់។ យក ១៨៨លានដុល្លារ ទៅបង្កើតរាប់ពាន់លាន នេះគឺជាការគ្រប់គ្រងដែលត្រឹមត្រូវ។ មិនមែនយក ១៨៨លានដុល្លារ ទៅទិញអ្វីដែលក្លាយទៅជា ១០លានដុល្លារក្នុងរយៈពេលត្រឹមតែ ១០ ឆ្នាំទេ។ បើយើងយកទៅទិញឡាន ១៨៨លានដុល្លារ ជិះបានតែ៥ ទៅ១០ ឆ្នាំ ខ្ទេចអស់ហើយ។ តែបើយើងធ្វើផ្លូវ ២០០គីឡូម៉ែត្រ ១០ ឆ្នាំទៅមុខ សេដ្ឋកិច្ចកាន់តែកើនថែមទៀតដោយសារឥទ្ធិពលនៃដុំទឹកកក។ ភាសាសេដ្ឋកិច្ចគេថា snow balling effect។ ពីកំពូលភ្នំខ្ពស់ ព្រិលធ្លាក់មកតូចទេ។ ដល់រមៀលមកក្រោម កាន់តែធំទៅៗ។ សេដ្ឋកិច្ចដូចគ្នា។ ពេលដែលយើងធ្វើផ្លូវនេះហើយ ប្រជាពលរដ្ឋមួយចំនួនតូចចាប់ផ្តើមទៅនៅ បើកហាងគុយទាវ បើកហាងល់អីផ្សេងៗ។ អញ្ចឹងមនុស្សចាប់ផ្តើមមកនៅកាន់តែច្រើន។ កន្លែងហ្នឹងកាន់តែរីក។ ដល់មានប្រជុំជនច្រើន អគ្គិសនីថាមនុស្សរស់នៅច្រើនហើយអញ្ចឹងគេតភ្លើងទៅហើយ ព្រោះបើភូមិតិចគេអត់ទៅទេ។ អញ្ចឹងដល់ភូមិមានផ្ទះច្រើន គេចាប់ផ្តើមដាក់ភ្លើង ដាក់ទឹក។ ដល់មានភ្លើង មានទឹក រោងចក្រចាប់ផ្តើមបើក។ ហ្នឹងហើយគេហៅថាវាវិលជុំ។ អញ្ចឹងការចំណាយធ្វើផ្លូវធ្វើស្ពាន ការកសាងវិនិយោគគឺរុញផលិតផល និងសក្តានុពលទៅដល់មូលដ្ឋាន។
(១៨) រដ្ឋខ្ចីលុយបង្កើតហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតឱកាសសេដ្ឋកិច្ច ឱ្យលុយចូលហោប៉ៅប្រជាជនផងនិងរដ្ឋខ្លះផង
មើលកម្ចីតាំងពីរដ្ឋាភិបាលចិន ពីកូរ៉េ ពីជប៉ុន ពីធនាគារពិភពលោក ពីអ្វីដែលថាកម្ចីការប្រាក់ទាប ឥណទានអនុគ្រោះ គឺយើងមិនដែលយកទៅវិនិយោគ យកទៅបើកប្រាក់ខែទេ។ យើងយកលុយជាតិ គឺប្រាក់ពន្ធទៅបើកប្រាក់ខែ។ កម្ចីគឺយើងតែងយកវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ ទៅលើអ្វីដែលជួយឲ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន។ នេះជាការវិនិយោគដ៏ត្រឹមត្រូវ។ វិនិយោគដើម្បីបង្កើតវិនិយោគ យកលុយបង្កើតលុយ យកលុយបង្កើតលុយ … រដ្ឋខ្ចីមែន ប៉ុន្តែលុយបង្កើតហេដ្ឋារចនាសម្ព័ន្ធ។ ហេដ្ឋារចនាសម្ព័ន្ធនេះបង្កើតឱកាសសេដ្ឋកិច្ច ឱ្យលុយចូលហោប៉ៅប្រជាជនផងលុយចូលមករដ្ឋខ្លះផង។ នេះជាការចែកផលលាភនៃការអភិវឌ្ឍ មិនមែនដាក់កន្លែងណាសម្រាប់តែរដ្ឋផ្តាច់មុខប្រើនោះទេ។ ឥឡូវ ផ្លូវលេខ ៣១ ផ្លូវលេខ ៣៣ ផ្លូវលេខ ៤១ ប្រវែង ២០០គីឡូម៉ែត្រនេះ បើសិនជាបងប្អូនណាប្រើហើយមានរដ្ឋទៅទារលុយ ប្តឹងមកខ្ញុំ។ គឺសម្រាប់បងប្អូនធ្វើដំណើរស្រួល។ កាត់បន្ថយថ្លៃចំណាយ សន្សំលុយគឺផលចូលហោប៉ៅរបស់ប្រជាពលរដ្ឋ …។
អ្វីដែលយើងធ្វើមានការទទួលខុសត្រូវ ហើយមានប្រទេស/រដ្ឋតិចណាស់នៅលើពិភពលោកនេះ ដែលមិនប្រើប្រាស់វិធីសាស្រ្តខ្ចី។ បើយើងចង់ធ្វើ ១០មុខ យើងមានលុយតែប៉ុណ្ណឹង តើយើងគ្រប់គ្រងវាយ៉ាងម៉េច? នេះគឺជាវិញ្ញាសារ។ ការវិនិយោគកម្រិតណា ការបង្កើនចំណូល យើងដើរផ្លូវណា ការជំរុញជីវភាពរស់នៅយ៉ាងម៉េច? អញ្ចឹង អ្វីដែលខ្ញុំលើកថ្ងៃនេះ បងប្អូនបានឃើញហើយ សូម្បីតែអ្នកជិះមកព្រឹកមិញ មកពីដូនកែវ តាមអង្គតាសោមលឿន។ កាលមុនផ្លូវជាតិលេខ២ ហ្នឹង ធ្វើហើយមកតែតាមហ្នឹងទៅអង្គតាសោម ទៅដូនកែវ។ ពីមុនពេលធ្វើផ្លូវហ្នឹង តើប្រើពេលប៉ុន្មាន? ចង្កេះតែស្រួល មិនស្រួលៗគេ្រច។ ឥឡូវជិះមិនស្រួលលឿនហួសផ្លូវ។ ក្រោយពីធ្វើផ្លូវហើយ តើកំណើនឬជីវភាពរស់នៅប្រជាពលរដ្ឋតាមបណ្ដោយផ្លូវហ្នឹងយ៉ាងណា? (យើងបានធ្វើ)ច្រើនណាស់នៅទូទាំងប្រទេស ទាំងការធ្វើផ្លូវតភ្ជាប់និងស្ពានតភ្ជាប់។ នេះខ្ញុំមិននិយាយពីការធ្វើកំពង់ផែ តភ្ជាប់ផ្លូវសមុទ្រ ផែទឹកសាប ការតភ្ជាប់តាមផ្លូវអាកាសទេ។ ថ្ងៃនេះយើងនិយាយតែផ្លូវ(គោក) ហើយផ្លូវនេះគឺតភ្ជាប់អញ្ចឹង។ ខ្ញុំនិយាយតែផ្លូវថ្នល់ និង ស្ពាន អត់និយាយផ្លូវដែកទេ។
(១៩) ប្រើប្រាស់ផ្លូវដោយគោរពច្បាប់ចរាចរណ៍ ចូលរួមថែរក្សាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកផ្លូវថ្នល់
ខ្ញុំឃើញ ភាគច្រើនបងប្អូនដែលចូលរួមក្នុងកម្មវិធីនេះ លើកលែងតែក្មួយៗ តូចៗ រៀននៅថ្នាក់វិទ្យាល័យ ប្រហែលជាកើតមិនទាន់មុនពេលធ្វើផ្លូវលេខ៤១ នេះទេ។ អ្នករស់តាមបណ្ដោយផ្លូវនេះ អាចជាសាក្សីរស់ ថាតើពីមុនផ្លូវនេះបានផលយ៉ាងម៉េចដល់ផ្ទះនីមួយៗ? បើថា ផ្លូវនេះធ្វើហើយ សេដ្ឋកិច្ច ជីវភាព និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋលំបាកជាងមុន សូមប្រាប់ខ្ញុំមក ខ្ញុំនឹងកាយផ្លូវចេញវិញ។ និយាយលេងសើចទេ។ មិនកាយទេ។ ប្រសិនបើផ្លូវនេះ ធ្វើហើយដាក់លក្ខខណ្ឌមិនឲ្យប្រជាពលរដ្ឋប្រើ បែបបងប្អូនដេញឲ្យយកទៅវិញហើយ។ ប៉ុន្ដែនេះធ្វើសំរាប់សំរួល។ តាមផ្លូវហ្នឹងដូចមានកន្លែងអ្នកណាធ្វើអី ហុងស៊ុយ ឯកឧត្តម លឺ ឡាយស្រេង … យើងនឹងបន្តធ្វើតទៅទៀត។ ប៉ុន្ដែមិនមែនចប់(ត្រឹមនេះទេ)។ ការធ្វើផ្លូវហើយត្រូវបន្ដថែទាំ។ សេដ្ឋកិច្ចយើងនឹងបន្ដជំរុញមកទីនេះ។ ផ្លូវដែលមិនទាន់តភ្ជាប់ ឬទើបតែភ្ជាប់ពីដី យើងនឹងបន្ដធ្វើតទៅទៀត។ សសៃឈាមឲ្យកាន់តែច្រើន (ដើម្បីមាន)ផ្លូវកាន់តែច្រើនខ្វាត់ខ្វែង។ ថ្ងៃមុនយើងនឹងធ្វើផ្លូវលេខ៤៣ ដើម្បីតភ្ជាប់។ ផ្លូវមេក៏យើងធ្វើ ខ្នែងតូចៗក៏យើងធ្វើ ទាល់តែថាថ្ងៃណាមួយប្រជាពលរដ្ឋជិះវង្វេងផ្លូវហើយបន្ទោសថារដ្ឋាភិបាលធ្វើផ្លូវច្រើន ទើបយើងឈប់ធ្វើ។ ជាជាងអត់ផ្លូវ រុញទាល់តែទៅដល់តែម្ដង។
ខ្ញុំអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ផ្លូវនៅទីនេះសូមធានាសុវត្ថិភាព សូមប្រើប្រាស់ទៅតាមការកំណត់ច្បាប់ចរាចរណ៍។ កុំឲ្យផ្លូវកាន់តែរលោង គ្រោះថ្នាក់កាន់តែច្រើន។ ការធ្វើដំណើរទាំងអ្នកបើកបររថយន្ដ អ្នកជិះម៉ូតូ និងអ្នកឆ្លងកាត់ផ្លូវ (ថ្មើជើង) និងសូមអំពាវនាវដល់បងប្អូន ដែលមានសត្វពាហនៈនៅតាមផ្លូវ ទាំងឆ្កែ គោ ក្របី … អត់ចាំបាច់ទៅធ្វើជំរឿនដូចឯកឧត្តម ញ៉ែម សំអឿន ទេ។ គាត់ជំរឿនហ្នឹងអញ្ចេះទេ ដោយសារចេះតែមានគ្រោះថ្នាក់តាមផ្លូវ គាត់ចង់ដឹងដើម្បីណែនាំ។ ដល់ទៅចេញមកជំរឿន នៅរតនៈគិរីឆ្កែ អ្នកណាធ្លាប់មានប្រវត្ដិឆ្កួត … ម្សិលម្ង៉ៃ ខ្ញុំក៏ឃើញគេដាក់រូបគោ។ សូមឲ្យប្រយ័ត្នប្រយែងតាមដាន។ បើកបរកុំលឿនពេក ជាពិសេស ម៉ូតូ រថយន្ដ នៅកន្លែងភូមិ (ដែល)មានប្រជាពលរដ្ឋ និងក្មេងៗ ឆ្លងកាត់។
គ្រោះថ្នាក់ចរាចរណ៍ជាឃាតករលាក់មុខ សម្លាប់មនុស្សច្រើនជាងគេនៅកម្ពុជាប៉ុន្មានឆ្នាំនេះ ក្រោយពីសង្គ្រាម។ កាលពីមុន វាយគ្នាមានគ្រាប់កាំភ្លើង។ ចប់សង្គ្រាមមានគ្រាប់មីន។ ឥឡូវគ្រាប់មីនយើងក្នុងមួយឆ្នាំកាត់យក(ជីវិត)ក្រោម ១០០នាក់ ប៉ុន្ដែគ្រោះថ្នាក់ចរាចរណ៍ច្រើន។ ទី២ ចូលរួមថែរក្សាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវដែក ផ្លូវថ្នល់ … ប្រសិនបើគេដាក់អំពូលនិងចំណាំងផ្លាតតាមផ្លូវ សូមកុំគាស់វា។ កន្លែងខ្លះគាស់អស់រលីង។ គេដាក់តាមផ្លូវសំរាប់(ជាសញ្ញាចាំងផ្លាត)ពេលបើកយប់។ របស់ហ្នឹងលក់មិនបានថ្លៃទេ។ ជីវិតមនុស្សថ្លៃជាង ហើយភូមិស្រុករបស់យើងត្រូវការ។ ប្រសិនបើគេដាក់រនាំងដែក កុំទៅកាត់វាចោល អាហ្នឹងគេសំរាប់កុំឲ្យចុះទៅក្រោម។ កាលប៉ុន្មានឆ្នាំមុន មានអ្នកទៅដោះទាំងបាឡុងផ្លូវរទេះភ្លើងទៀត។
សូមប្រជាពលរដ្ឋរួមគ្នាថែរក្សាសម្បត្ដិរួមទាំងអស់គ្នា។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវសាធារណៈគឺសំរាប់ប្រជាពលរដ្ឋប្រើប្រាស់ទាំងអស់គ្នា។ យើងអត់មានដំណាក់កាលដូចពីមុនមានផ្លូវដាច់ ប្រជាពលរដ្ឋនៅទីហ្នឹងកាន់បន្ទះក្ដារពីរ។ ប្រសិនបើចង់ឆ្លងទាល់តែបង់លុយឲ្យគាត់ទេ។ ឥឡូវ យើងធ្វើស្ពានឲ្យទាំងអស់គ្នា FREE តែម្ដងដោយមិនចំបាច់(បង់ប្រាក់) លើកលែងតែ BOT ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ មួយខ្សែហ្នឹង។ ក្រៅពីហ្នឹងផ្លូវរដ្ឋ ប្រើដោយអត់មានបង់លុយទេទៀត។ សូម្បីផ្លូវជាតិលេខ៤ រាជរដ្ឋាភិបាលទិញមកវិញដើម្បីបានផ្លូវឲ្យប្រជាពលរដ្ឋប្រើ។ ផ្លូវនេះក៏ដូចគ្នា ប្រសិនបើមានអ្នកណាទារលុយ ហ្នឹង(សូមរាយការណ៍) ប៉ុន្ដែបើបើកលឿន ប៉ូលីសផាក ហ្នឹងរឿងផ្សេង។ ខ្ញុំនិយាយរឿងយកលុយ (ពេល)ឆ្លង …។
(២០) រដ្ឋលើកទឹកចិត្តបណ្ដាខេត្ត/ស្រុកទាក់ទាញយកការវិនិយោគ
ខ្ញុំក៏សូមអំពាវនាវ ឲ្យវិស័យឯកជន ធុរកិច្ចចាប់អារម្មណ៍ទាញយកសក្ដានុពលពីផ្លូវដែលយើងបានធ្វើ ពីពេលនេះនិងទៅអនាគត។ យើងនិយាយពីការកសាងប្រព័ន្ធគមនាគមន៍ មិនមែនតែផ្លូវថ្នល់ទេ។ ផ្លូវដែកយើងនឹង(បន្ដ)ពង្រឹងបន្ថែមទៀត ផ្លូវទឹក ព្រែកជីក ដែលកាត់តាមខេត្តទាំងប៉ុន្មានេះ ក៏សូមឲ្យគិតគូរឲ្យហើយទាញយកសក្ដានុពលដើម្បីចូលរួមជាមួយរដ្ឋាភិបាល។ រដ្ឋាភិបាលបានត្រឹមតែបង្កលក្ខណៈឲ្យ តែមិនបង្ខិតបង្ខំទេ។ រដ្ឋាភិបាលមានត្រឹមតែជួយបង្កលក្ខណៈឱ្យប្រជាពលរដ្ឋ វិស័យឯកជន ធុរកិច្ចស្វែងរកសក្ដានុពលវិនិយោគ ហើយសូមចាប់អារម្មណ៍មកវិនិយោគនៅទិសនិរតី ដែលជាខេត្តមានសក្ដានុពល ដើម្បីមានកំណើនសេដ្ឋកិច្ច និងទាញយកផលចំណេញសំរាប់ក្រុមហ៊ុនទាំងក្នុងនិងក្រៅប្រទេស។ រួមគ្នាធ្វើ។ ធ្វើផ្លូវហើយអត់មនុស្សដើរ ក៏វាមិនកើតដែរ។ ធ្វើផ្លូវហើយអត់វិនិយោគមកប្រើប្រាស់ទាញផលក៏យើងអត់សូវបានសក្ដានុពលដែរ។ រដ្ឋសូមបន្ដលើកទឹកចិត្តបណ្ដាខេត្តតាមបណ្ដោយផ្លូវ និងខេត្តដែលពាក់ព័ន្ធនៅខេត្តនិរតី ទាញច្បាមយកការទាក់ទាញមក មិនចាំបាច់តែខេត្តទេ សូម្បីស្រុកមួយៗក៏ទាញយកទៅ។
ចៅហ្វាយស្រុកត្រាំកក់ ឥឡូវផ្លូវមកហើយ។ ទាក់ម៉ូយអីខ្លះ។ ដូចជាថា មកវិនិយោគនៅខ្ញុំៗ ធានាពងទាមួយខែ ១ពាន់គ្រាប់អញ្ចឹងទៅ។ ឧទាហរណ៍ (សំរាប់)មួយឆ្នាំ។ ជាការលើកទឹកចិត្តបន្ថែម។ គ្រាន់តែជាឧទាហរណ៍ទេ។ ធ្វើនៅ (មូលដ្ឋាន)។ ខ្ញុំជួយសេវានេះឲ្យរលូន។ (ខេត្តមួយៗ) ប្រកួតប្រជែងគ្នា។ គេថាផ្លូវមកហើយ យើងទាញ(ផល)ពីផ្លូវនេះ ដើម្បីបានឆ្នាំងបាយចូលផ្ទះ។ ប្រកួតគ្នាទៅ សេវាសាធារណៈ បូកជាមួយសក្ដានុពលដែលរដ្ឋ(បង្កើត)ឱ្យ។ ត្រូវគិតអញ្ចេះ អ្វីដែលយើងឃើញហើយថាអាចទាញស្អីឲ្យយើង សូមកុំនិយាយថាវាទាញស្អីឲ្យខ្ញុំ។ ដូរនិយមន័យពីខ្ញុំទៅខេត្ដខ្ញុំ។ កុំឃើញគេមកថា ខ្ញុំបាន(ផល)អ្វីផ្ទាល់ខ្លួន។ ត្រូវគិតថា តើខេត្តខ្ញុំនិងប្រជាជនខ្ញុំនៅភូមិនេះបានអីឲ្យច្រើន ទើបយើងដាក់ទិសដៅបំរើសេវាបានល្អ។ បើស្រុកភូមិយើងបានរីកយើង និងគ្រួសារយើងក៏បានផលដែរ។ តែបើយើងដាក់មកខ្លួនយើងគ្រួសារយើងមុន គេមិននៅទេ គេរត់អស់។ អត់ទាំងអស់គ្នា។
(២១) មានគោលនយោបាយវិនិយោគនិងធ្វើផ្លូវល្អ បើសេវានៅមូលដ្ឋានពិបាក វិនិយោគិននឹងដូរទិសដៅ
សេវាល្អ សេវាគាប់ចិត្ត ធ្វើឲ្យយើងរីកទាំងអស់គ្នា។ សុខចិត្តជាលេខចុងប៉ូចនៃក្រុមដែលឈ្នះ ប្រសើរជាងជាលេខមួយនៃក្រុមដែលចាញ់។ សុខចិត្តជាខេត្តមួយ ស្រុកមួយ ជាខេត្តដែលមានវិនិយោគច្រើនជាងគេបំផុត ទោះបីជាស្ថាប័នខ្ញុំភាគលាភបានតិចជាងភាគលាភនៃមន្ទីរនេះមន្ទីរនោះ ឬការិយាល័យណាមួយក៏ដោយ តែបើស្រុកខ្ញុំមានកំណើនច្រើន ចំណូលរួមខ្ញុំបានហើយ។ នេះសូមឱ្យដាក់ទិសដៅបែបនេះ។ សេវាផ្ទាល់នេះហើយជាកត្តាគន្លឹះ។ ទោះបីជារដ្ឋាភិបាលដាក់គោលនយោបាយវិនិយោគល្អយ៉ាងណាក៏ដោយ ចង់តម្រង់ទិសទៅខេត្តនេះតាមរយៈការធ្វើផ្លូវធ្វើអីក៏ដោយ ប៉ុន្តែបើគេទៅសេវាពិបាក គេទៅខេត្តជិតហ្នឹងដែលសេវាស្រួលហើយ។ ជឿចុះ។ បើសិនជាទៅណាត់ជួបចៅហ្វាយខេត្ត ៣ថ្ងៃ មិនឱ្យជួប គេប្រាកដជាទៅខេត្តមួយទៀតដែលចៅហ្វាយខេត្តមកជួបគេដល់កន្លែង ដល់រោងចក្រ។ ខ្ញុំជឿអញ្ចឹង។ បើសិនជាទៅកន្លែងហ្នឹងចៅហ្វាយស្រុកគ្រាន់តែសុំឱ្យដោះស្រាយចេញប្លង់ដីឱ្យគេ ដាក់បន្ទុកឱ្យគេត្រូវការ ៣ខែ មិនទាន់ចេញគេប្រាកដជាមិនទៅទេ គេប្រាកដជាទៅកន្លែងដែលចៅហ្វាយស្រុកដោះឱ្យគេក្នុង ៣ថ្ងៃ។ ជឿខ្ញុំទៅ … បើបានផល មនុស្សទៅកាន់តែច្រើន ស្រុកហ្នឹងកាន់តែរីក។ ទៅណាក៏រីកមុខ រីកមាត់ដែរ។ ចៅហ្វាយស្រុកដូចគ្នា តែចៅហ្វាយស្រុកមួយដែលមានសេដ្ឋកិច្ចខ្លាំងទៅណាក៏រឹងមាំដែរ។ ខេត្តដូចគ្នា បើទៅខេត្តមួយដែលថាសេដ្ឋកិច្ចខ្លាំង ប្រជាពលរដ្ឋធូរធារ ទៅដល់មួយបាវដែរហ្នឹង។
(២២) មន្ទីរដើរ ស្រុកដើរ សេវាសាធារណៈដើរ ខេត្តដើរ ហើយកម្ពុជាអាចធានាបរិស្ថានវិនិយោគ
ថ្ងៃមុន ខ្ញុំមើលឃ្លីបមួយរបស់(អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី) លី ស៊ានលុង។ គាត់និយាយថា “មេដឹកនាំទៅជុំគ្នា ឧទាហរណ៍ថា ទៅអាស៊ាន បើសិនជាមេដឹកនាំទៅពីប្រទេសដែលកំពុងរញ៉ីរញ៉ៃ មានបាតុកម្ម គ្រប់គ្រងមិនបាន ក៏គេមិនសូវទទួលដែរ។ តែបើទៅពីប្រទេសមួយដែលកំពុងតែរីកខ្លាំង ជាប្រទេសដែលគ្រប់គ្រងរឹងមាំ គេទទួលផ្សេង។ ក្នុងអារម្មណ៍គេផ្សឹង” … ខេត្តដូចគ្នាចេញទៅក្រៅប្រទេស ឧទាហរណ៍ ឯកឧត្តម វ៉ី សំណាង ពីតាកែវទៅ Shenzhen ទៅដល់ណាត់វិនិយោគ។ គេសិក្សាថានៅខេត្តតាកែវ រញ៉ីរញ៉ៃពិបាក អត់មានសក្តានុពលសេដ្ឋកិច្ច គេមិនសូវមកដែរ។ តែបើខេត្តហ្នឹងមានសក្តានុពល ខេត្តហ្នឹងមានសេដ្ឋកិច្ចធំ អ្នករកស៊ីច្រើន អ្នករកស៊ីគេចង់មក។ គេប្រាកដជាទៅណាត់។ ១០០នាក់មក ២០០នាក់។ អញ្ចឹងក៏មុខមាត់ដែរ។ ដូចនេះ ទាល់តែគ្រប់កោសិកាទាំងអស់ដើរ គ្រប់មន្ទីរទាំងអស់ដើរ គ្រប់ស្រុកទាំងអស់ដើរ សេវាសាធារណៈដើរ ទើបខេត្តតាកែវដើរខ្លាំង។ បើខេត្តមួយៗដើរ កម្ពុជាស្រួលទៅនិយាយ។ ខ្ញុំហៅមក ខ្ញុំអាចធានាបានយើងមានបរិស្ថានវិនិយោគល្អ។ គាត់ទៅខេត្តណាក៏អត់រលាក។ នេះហើយដែលយើងអាចនិយាយគ្នាបាន។ គេមកច្រើន។ ហៅ ១០០នាក់ គេមក ២០០នាក់។ គេមកស្តាប់គេចង់មកសាកមើល ព្រោះអ្នកវិនិយោគគេដើរមើល។ ប្រជុំអាស៊ានម្តងៗ អ្នកវិនិយោគគេទៅ គេចូលកម្មវិធី ១០ប្រទេសទៀត ដែលរៀបដូចគ្នា។ គេទៅស្តាប់នាយករដ្ឋមន្ត្រីវៀតណាម គេទៅស្តាប់នាយករដ្ឋមន្ត្រីឡាវ គេទៅស្តាប់នាយករដ្ឋមន្ត្រីថៃ មួយណាទាក់ទាញជាង។ ចេញមកឱកាសល្អគេសួរបញ្ជាក់ជាមួយនឹងអ្នករកស៊ីនៅហ្នុង សមាគមន៍វិនិយោគតើទៅរកស៊ីស្រួលឬអត់? គេមើលអាហ្នឹងទៀតមុននឹងសម្រេច ១០ប្រទេសហ្នឹងទៅមួយណា?
(២៣) អ្នកទាក់ម៉ូយធំបំផុតអ្នកមូលដ្ឋាន ធ្វើឱ្យគេមក គេគាប់ចិត្ត គេពង្រីក គេនៅយូរ គេហៅគ្នាមកទៀត
ឆ្នាំទៅ យើងទាក់ទាញវិនិយោគមក ៤០០ជាងគំរោង មានទំហំទឹកប្រាក់ ៦.០០០លានជាង ដែលជាតួលេខបំបែកឯតទគ្គកម្មវិនិយោគនោះ មិនមែនដោយចៃដន្យនោះទេ គឺដោយសារការខិតខំរបស់យើងគ្រប់គ្នា គ្រប់ស្ថាប័ន។ បញ្ហានៅមាន តែយើងខិតខំដោះស្រាយបន្តទៅទៀត។ គ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិបង្កលក្ខណៈឱ្យមានការទាក់ទាញកាន់តែច្រើន។ ក្នុងមួយត្រីមាសទី១ នេះ យើងជិត(ចុះបញ្ជីបានជិត) ២០០ហើយ។ ចង់ពាក់កណ្តាលនៃឆ្នាំហើយ។ អញ្ចឹងយើងនឹងបន្តកែទម្រង់បន្តទៀត ជំរុញកែសេវាច្រើន។ សូម្បីតែប្រធានសភាពាណិជ្ជកម្មអឺរ៉ុប ដែលគាត់ជិតចប់អាណត្តិថ្ងៃមុនថា គាត់ឃើញមានការកែទម្រង់ពីដើមអាណត្តិ តែក្នុងរយៈពេល ១៧ខែ ដែលគាត់ធ្វើនេះល្បឿននៃកំណែដូចជាលឿនមែនទែន។ វិនិយោគបានចូលមកក្រោយពីការចប់សង្គ្រាមឆ្នាំ១៩៩៨។ ការកែទម្រង់រដ្ឋធ្វើបានច្រើន។ កែសម្រួល ប្រព័ន្ធវិនិយោគ បង្កើតប្រព័ន្ធ CDC បង្កើតអនុគណកម្មាធិការវិនិយោគ។ អាណត្តិនេះនៅតែបន្ត ដើម្បីឱ្យកម្ពុជាក្លាយទៅជាកន្លែងដែលទាក់ម៉ូយពិតប្រាកដ។ អ្នកទាក់ម៉ូយធំបំផុតគឺជាអ្នកនៅមូលដ្ឋាន គឺជាអ្នកដែលធ្វើឱ្យគេមក ហើយគេសប្បាយចិត្ត គេមកហើយគេគាប់ចិត្ត គេពង្រីក គេនៅយូរ គេហៅគ្នាមកទៀត។ អញ្ចឹងហេដ្ឋារចនសម្ព័ន្ធដែលរដ្ឋធ្វើឱ្យនេះគ្រាន់តែជាមធ្យោបាយទេ ដើម្បីទាញវិនិយោគ បង្កើនសក្តានុពលបន្ថែម។
(២៤) ថ្នាក់ជាតិនិងក្រោមជាតិដើរជាមួយគ្នា ទិសដៅតែមួយ ជំរុញកំណើនប្រទេសជាតិ
អ្វីដែលសំខាន់ សូមឱ្យវិនិយោគក្នុងស្រុក វិនិយោគបរទេស និងខេត្តនីមួយៗ ស្រុកនីមួយៗ ខិតខំបង្កើតបរិស្ថាន និងទាក់ទាញបន្ថែមទៀត ដើម្បីទាញផលពីផ្លូវទាំងប៉ុន្មាននេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងស្រុក ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ បើមិនធ្វើទាំងអស់គ្នាទៅមិនរួចទេបងប្អូន។ ឈាមយកទៅចិញ្ចឹមសរីរាង្គទាំងអស់បាន ប៉ុន្តែបើសរីរាង្គនីមួយៗ ស្ពឹកស្រពន់មានឈាមក៏ដោយ មិនរស់រវើកក៏ទៅមិនរួចដែរ។ បើសិនជាមានសុខភាពល្អតែខ្ជិល … បើខ្ជិលក៏រៀនមិនមានសមត្ថភាព។ បើសហការគ្នាក៏កើតជាបញ្ហា។ អាហ្នឹងដូចរឿងមួយដែលសរីរាង្គឈ្លោះគ្នាហើយងាប់មនុស្ស។ ក្រពះ អណ្តាត ដៃ … គ្រាន់តែអវយវៈហ្នឹងឈ្លោះគ្នា ស្លាប់មនុស្ស។ ច្រណែនគ្នាចុះឡើង អ្នកធ្មេញច្រណែនអ្នកអណ្តាត។ អ្នកអណ្តាតទៅមានអ្នកនេះអ្នកនោះទៅបំផុតថាទេ! ទៅឆ្អែតតែក្រពះ។ ងាប់ក្រពះនៅឯណោះ។ អញ្ចឹងទាល់តែយើងសហការគ្នាគ្រប់សរសៃទាំងអស់ គ្រប់ថ្នាក់ទាំងអស់ គ្រប់ស្ថាប័នទាំងអស់។ ថ្នាក់ជាតិនិងក្រោមជាតិដើរជាមួយគ្នា ទិសដៅតែមួយគឺជំរុញកំណើនប្រទេសជាតិយើងតាមរយៈធ្វើឱ្យកោសិកានីមួយៗ ពីថ្នាក់ភូមិ ថ្នាក់ឃុំ សង្កាត់ ស្រុក ក្រុង ឡើងទៅដល់ខេត្តរីកចម្រើនទាំងអស់គ្នា ទើបប្រទេសរីកចម្រើន។ ជាការទាញផលលាភរបស់យើង។
(២៥) ផលចំណេញពីការវិនិយោគ ១៨៨លានដុល្លារ គឺកាត់បន្ថយចំណាយ/ពេលធ្វើដំណើរ និងចែកផលលាភនៃគោលនយោបាយអភិវឌ្ឍក្នុងសន្តិភាព
អញ្ចឹងប្រាក់ ១៨៨លានដុល្លារនេះ សួរថាផលចំណេញបានប៉ុន្មាន? យើងមិនដឹងថាផលចំណេញបានប៉ុន្មានទេ? ព្រោះផលចំណេញវាមាន២។ មួយគឺ កាត់បន្ថយចំណាយតាមរយៈការកាត់បន្ថយថ្លៃធ្វើដំណើរ។ ហ្នឹងក៏ចំណេញចូលហោប៉ៅប្រជាជនសន្សំដែរ។ ទាញយកបានផលចំណេញដើម្បីបង្កើតសក្តានុពលសហគមស្អីៗ។ ខ្ញុំសង្ឃឹមថា ផលចំណេញនេះកាន់តែច្រើន។ រដ្ឋយើងបានចំណូល ប្រជាជនបានលុយចូលហោប៉ៅកាន់តែច្រើន តាមរយៈការពង្រាយផ្លូវ។ រដ្ឋនឹងបន្តកសាងបន្ថែមហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឱ្យបានគ្រប់ទីកន្លែង។ ចែកគ្នារស់គឺចែកផលលាភ។ ផលលាភនៃសន្តិភាពដែលយើងបាន។ ផលលាភនៃស្ថិរភាព សន្តិសុខ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ផលលាភនៃការដាក់គោលនយោបាយត្រូវតាមរយៈការលើកទឹកចិត្តវិនិយោគ ផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋដើរហើររកការងារ។ ផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋរៀនសូត្រ ទាំងចំណេះដឹងទូទៅ ទាំងជំនាញ។ ផ្តល់សិទ្ធិឱ្យប្រជាជនមានឱកាសព្យាបាលសុខភាព មិនថាអ្នកកំពត មិនថាអ្នកតាកែវ មិនថាអ្នកកំពង់ស្ពឺ មិនថាអ្នករលាក់កងជើង ដែលជាកន្លែងក្រីក្រទៅជាកន្លែងដែលមានជីវភាពរស់នៅល្អ។
(២៦) កសាងហេដ្ឋារចនាសម្ព័ន្ធដើម្បរីកមកទិសខាងលិច រីកទៅទិសខាងកើត រីកទៅទិសជើង និងរីកទៅទិសខាងត្បូង
មិនថាតែអ្នករស់ចូលកាប់ព្រៃយកធ្វើធ្យូងលក់ ឥឡូវបែរទៅរំពឹងលើចំណូលខ្ពស់ពីទេសចរណ៍ធម្មជាតិ។ រោងចក្រ សហគ្រាស ដែលយើងធ្វើ។ ប្រែក្លាយពីខ្ទមដែលអត់ផ្លូវទៅជាផ្ទះថ្ម ផ្ទះឈើ ផ្ទះក្បឿង ប្រែក្លាយពីអត់មានលុយទិញម៉ូតូ ឥឡូវទៅជាឡានយ៉ាងហោចណាស់អាចមានច្រើនជាង ១គ្រឿងនៅក្នុងមួយភូមិ មួយឃុំ។ យើងនឹងធ្វើឱ្យរីកកាន់តែច្រើនថែមទៀត។ ខេត្តតាកែវ ក្រុងដូនកែវ រីកតភ្ជាប់មិនយូរមិនឆាប់អាច កៀកទៅដល់ភ្នំពេញ។ ឥឡូវផ្លូវជាតិលេខ២ ព្រែកជីកហ្វូណន ធ្វើតាមហ្នឹង។ បន្តិចទៀតតំបន់សេដ្ឋកិច្ចពិសេសកាន់តែកើន។ ព្រលានយន្តហោះធំនៅខេត្តកណ្តាល ជាប់ខេត្តតាកែវ។ បន្តិចទៀតផ្ទះនៅហ្នឹងកាន់តែច្រើន កន្លែងហ្នឹងកាន់តែថ្លៃ មនុស្សទៅទិញផ្ទះនៅដូនកែវមិនថោកជាងធ្វើដំណើរតែកន្លះម៉ោងទៅធ្វើការ។ បន្តិចទៀតដូនកែវក៏កាន់តែមានផ្ទះច្រើន។ ឥឡូវដូនកែវមានផ្ទះខ្ពស់ប៉ុន្មានជាន់? មាន ៧ជាន់។ ហ្នឹងដូចភ្នំពេញកាលមុន។ ឥឡូវកាន់តែរីកទៅទិសខាងកើត។ ផ្លូវជាតិលេខ ២ ផ្លូវជាតិលេខប៉ុន្មានមួយគរគោក ជិះតែកន្លះម៉ោងដល់។ ជិះ ១ម៉ោងដល់។ ជួនកាលជិះពីច្បារអំពៅ ទៅព្រលានយន្តហោះហ្នឹងលើស ១ម៉ោង។ ខ្ញុំធ្លាប់ហើយ ជិះពីកំពង់សោមទៅដល់ចោមចៅ ២ម៉ោងកន្លះ។ ពីចោមចៅទៅទួលគោក ៣ម៉ោង។ ហ្នឹងគឺវារីកអញ្ចឹង។ រីកបន្តៗគ្នា រីកមកទិសខាងលិច រីកទៅទិសខាងកើត រីកទៅទិសជើង រីកទៅទិសខាងត្បូង។
[ចប់សេចក្តីអធិប្បាយ៣]
អញ្ចឹងខ្ញុំទន្ទឹមនឹងការអបអរសាទរជាមួយនឹងបងប្អូននៅថ្ងៃនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពត និងខេត្តកែប រួមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយ និងផ្ដល់កិច្ចសហការ យ៉ាងល្អប្រសើរជាមួយក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្នុងការរៀបចំពិធីសម្ពោធផ្លូវជាតិលេខ៣១ ៣៣ និង៤១ ដែលនឹងត្រូវប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនាពេលបន្តិចទៀតនេះ។
ខ្ញុំក៏សូមធ្វើការផ្ដាំផ្ញើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដរួមសហការខិតខំបំពេញការងារឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការលើកកម្ពស់ការចូលរួមចំណែកថែទាំ និងអភិវឌ្ឍន៍ផ្លូវ-ស្ពាន ដើម្បីតភ្ជាប់បណ្ដាញផ្លូវគមនាគមន៍ទៅគ្រប់តំបន់ជិតឆ្ងាយទូទាំងប្រទេស និងភ្ជាប់ជាមួយប្រទេសជិតខាងឱ្យមាននិរន្ដរភាពទាំងគុណភាព និងប្រសិទ្ធផល។
ជាមួយគ្នានេះ ខ្ញុំសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ សូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ ចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។
ទន្ទឹមនឹងនេះ ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីទាំងអស់នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ធនាគារ-នីហរ័ណអាហរ័ណចិន ដែលបានរួមសហការជំរុញលំហូរចរន្តហិរញ្ញប្បទានរបស់រដ្ឋាភិ-បាលនៃសាធារណរដ្ឋប្រជាមានិតចិនសម្រាប់ការស្តារ សាងសង់ និងអភិវឌ្ឍន៍ផ្លូវ-ស្ពាននៅកម្ពុជា អាចប្រព្រឹត្តទៅដោយរលូននិង ឆាប់រហ័ស ហើយយើងសង្ឃឹមយ៉ាងមុតមាំថាមិត្តចិននឹងបន្តផ្ដល់កិច្ចសហប្រតិបត្តិការ និងបន្ត ជួយអភិវឌ្ឍប្រទេសកម្ពុជាបន្ថែមទៀត។ ខ្ញុំក៏សូមថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ក្នុងនាមជាអ្នកទទួលបន្ទុកសាងសង់ និងក្រុមហ៊ុនក្វាងចូវវ៉ាន់អាន (WACC) ក្នុងនាមជាអ្នកទទួលបន្ទុកត្រួតពិនិត្យបច្ចេកទេសដែលបានខិតខំជំរុញបញ្ចប់ការសាង- សង់ផ្លូវជាតិទាំង៣ខ្សែនេះ ជាស្ថាពរតាមការគ្រោងទុក។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៣១ ៣៣ និង៤១ ចាប់ពីពេលនេះតទៅ ខ្ញុំសូមប្រសិទ្ធពរជូន ឯកឧត្តម លោកជំទាវ អ្នកឧញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ លោក-យាយ លោកតា អ៊ំពូមីង លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសជូនដល់ឯកឧត្តមឯកអគ្គរាជទូតចិនប្រចាំកម្ពុជា សហការី និងអ្នកជំនាញការចិនទាំងអស់ ដែលបាននិងកំពុងបំពេញបេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមទទួលបានជោគជ័យ និងវិបុលសុខគ្រប់ប្រការ ព្រមទាំងសូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៤]
អំណោយ
ក្នុងឱកាសនេះផងដែរ ខ្ញុំក៏សូម… ក្រុមយុវជនកាយឫទ្ធិកម្ពុជា យុវជកកាកបាទក្រហម សហភាព សហព័ន្ធកម្ពុជាសរុប ១៥០នាក់ ម្នាក់ៗថវិកា ២ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ១២៦នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ក្មួយៗសិស្សានុសិស្សចំនួន ១០០៨នាក់ ម្នាក់ៗទទួលសៀវ ២ក្បាល ប៉ិច ១ដើម ថវិកា ១ម៉ឺនរៀល។ វិទ្យាល័យត្នោតជុំថវិកា ២លានរៀល។ បឋមសិក្សាត្រពាំងអណ្តើតថវិកា ១លានរៀល។ សាលាស្រុកត្រាំកក់ ថវិកា ២លានរៀល។ សាលាស្រុកជុំគិរី ថវិកា ២លានរៀល។ ក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកា ៥លានរៀល។ ជូនក្រុមតន្ត្រីសម័យថវិកា ១០លានរៀលផងដែរ។
ខាងនេះមានអ្នកសិល្បៈករ/ការិនី សូមបង្ហាញមុខបន្តិចមើល អរគុណណាស់ដែលបានចូលរួមនៅថ្ងៃនេះ។ អ្នកនាង ខាត់ សុឃីម លោក ជិន វឌ្ឍនា អ្នកនាង អ៊ិន ចាន់ថាវី លោក ជ័យ សង្វាត កញ្ញា អៀង សុធា លោក ឃី សុខុន កញ្ញា សាន់ ដានី លោក ហោ សំអាត អ្នកនាង ស៊ុន ស្រីនុន លោក ប៊ុន ជំនោរ អ្នកនាង ចែម ស្រីលក្ខ លោក ជុំ លីណូ អ្នកនាង គុន ចាន់ស៊ីណា លោក អ៊ូ ប៉ុនណារ៉ាត ហៅនាយក្រឹម លោក ដួង សុខគា ហើយក៏មានក្រុមតន្ត្រីករប្រឆាំងភេរវកម្ម ៦នាក់ អ្នកចម្រៀង ៧នាក់។ សូមអរគុណណាស់៕