ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា, សមាជិក សមាជិកា រាជរដ្ឋាភិបាល
លោកស្រី Jyotsana Varma (យ៉ូតសាណា រ៉ាម៉ា) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា
គណៈធិបតី ភ្ញៀវកិត្តិយស បណ្ដាដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន និងអង្គពិធីទាំងមូល ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំមានសេចក្ដីរីករាយ ដោយបានមកចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែទេសចរណ៍អន្តរជាតិកំពត” ដ៏អធិកអធមនេះ ។
កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលយើងកំពុងប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ជូនដល់លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តកំពតផ្ទាល់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស, ជាពិសេស ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមានតម្រូវការប្រើប្រាស់សេវាកម្មកំពង់ផែទេសចរណ៍នេះ ធ្វើដំណើរទៅកាន់តំបន់គោលដៅទេសចរណ៍ផ្សេងៗ ។
ដូចដែល ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានរាយការណ៍មុននេះបន្តិច, កាលពីដើមខែ ធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ខ្ញុំបានសម្រេចអនុញ្ញាតឱ្យបើកដំណើរការប្រតិបត្តិការសាកល្បងកំពង់ផែទេសចរណ៍អន្តរជាតិកំពតនេះ រយៈពេល ៣ ខែ ដើម្បីឱ្យក្រុមហ៊ុនអាចទទួលបានមេរៀន បទពិសោធ និង ការកែលម្អស្ថានភាពនានាដែលពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើងនៅពេលខាងមុខ។ ជាក់ស្តែង, យើងពិនិត្យឃើញថា ដំណើរការសាកល្បង បានប្រព្រឹត្តទៅយ៉ាងល្អកន្លងមក ទោះបីជាមិនទាន់បានទៅដល់ការតភ្ជាប់ជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ ឬ ជាលក្ខណៈអន្តរជាតិក៏ដោយ, ក៏កំពង់ផែនេះ បានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនភ្ញៀវទេសចរមកកាន់តំបន់សមុទ្រ និងការធ្វើដំណើរកម្សាន្តនៅតាមបណ្តាកោះនានាដូចជា៖ កោះរ៉ុង, កោះរ៉ុងសន្លឹម និងកោះស្តេច ជាដើម, ហើយបច្ចុប្បន្ននេះ ក្រោយទទួលបានសិទ្ធិប្រតិបត្តិការ និងថែទំា, ក្រុមហ៊ុន K.I.T.P Development Co., Ltd ក៏បានបូមស្តារផ្លូវនាវាចរណ៍នៅត្រង់កន្លែងដែលជាឧបសគ្គ និង បានបំពាក់ឧបករណ៍ជំនួយនាវាចរណ៍ ដែលជាលទ្ធផលបញ្ជាក់ថា ចាប់ពីពេលនេះតទៅ កំពង់ផែនេះ អាចមានសមត្ថភាពទទួលឱ្យនាវា ដែលធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ ដឹកអ្នកដំណើរ ឬ ភ្ញៀវទេសចរ ចូលចេញកំពង់ផែនេះ បានដោយសុវត្ថិភាព ។
ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងសហការគ្នាយ៉ាងសកម្ម រហូតសម្រេចបាននូវសមិទ្ធផលកំពង់ផែទេសចរណ៍អន្តរជាតិកំពតនេះ, ខ្ញុំសូមយកឱកាសនេះ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តកំពត ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលទទួលបន្ទុកដឹកនាំជំរុញឱ្យកំពង់ផែទេសចរណ៍អន្តរជាតិកំពតអាចបើកដំណើរការ នាពេលនេះ រួមទាំង ក្រុមហ៊ុន AZ Builders Co., Ltd ដែលបានបោះទុនវិនិយោគលើប្រតិបត្តិការ និងការថែទាំកំពង់ផែទេសចរណ៍អន្តរជាតិកំពត ។ ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា វិញ ហួរ ដែលបានផ្តល់ដីទំហំ ៤,២៥ ហិកតា ជូនរាជរដ្ឋាភិបាល សម្រាប់ធ្វើការសាងសង់កំពង់ផែទេសចរណ៍នេះ ផងដែរ ។
កិច្ចខិតខំប្រឹងប្រែងនេះ គឺជាការរួមចំណែកដល់ការលើកកម្ពស់វិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និង កំពង់ផែ ដែលជាផ្លែផ្កាដល់វិស័យទេសចរណ៍នៅកម្ពុជា ដើម្បីគាំទ្រដល់កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ក្នុងគោលដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ។
ខ្ញុំក៏សូមថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានជួយផ្តល់ហិរញ្ញប្បទាន ដល់គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកំពតនេះ ក៏ដូចជាបានរួមចំណែកផ្ដល់ការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍនៅកម្ពុជា ហើយក៏សូមស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី បន្តផ្ដល់កិច្ចសហប្រតិបត្តិការ និងការគាំទ្របន្ថែមទៀត ដើម្បីជំរុញដល់ការអភិវឌ្ឍលើវិស័យអាទិភាពទាំងឡាយ សំដៅចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) សមិទ្ធផលទាំងមុនចូលឆ្នាំទាំងចូលឆ្នាំខ្មែរ ជំរុញសេដ្ឋកិច្ចគ្រប់វិស័យ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ
យើងអាចចាត់ទុកថា សមិទ្ធផលថ្ងៃនេះគឺជាសមិទ្ធផលសាធារណៈ ឬសមិទ្ធផលរបស់ជាតិយើងទី១ ដែលខ្ញុំសម្ពោធក្រោយពីចូលឆ្នាំខ្មែរ។ មុនចូលឆ្នាំខ្មែរនោះ ខ្ញុំសម្ពោធសមិទ្ធផលមួយនៅក្នុងទន្លេ យើងសម្ពោធផ្លូវជាតិលេខ ៧១ សេ បូកការតភ្ជាប់ជាមួយនឹងស្ពានស្ទឹងត្រង់។ ថ្ងៃនេះ យើងសម្ពោធផែអន្តរជាតិ ដែលភ្ជាប់ជាមួយនឹងសមុទ្រ។ ពិតណាស់ ភូមិសាស្រ្ត និងប្រភេទនៃហេដ្ឋារចនាសម្ព័ន្ធខុសគ្នា មួយគឺជាផ្លូវជាតិតភ្ជាប់នៅក្នុងប្រទេស ហើយស្ពានឆ្លងកាត់ទន្លេ។ នេះគឺផែតភ្ជាប់សមុទ្រ ប៉ុន្តែទិសដៅដូចតែគ្នាទេ។ ទិសដៅតែមួយគត់ សមិទ្ធផលដែលសម្ពោធទាំងពីរនេះ មិនថាមុនចូលឆ្នាំ ឬក្រោយចូលឆ្នាំខ្មែរ គឺដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចតាមវិស័យសម្រាប់ប្រជាពលរដ្ឋ មិនថានៅខេត្តកំពង់ចាមឬត្បូងឃ្មុំ ឬនៅកំពត ខេត្តព្រះសីហនុនោះទេ។ អញ្ចឹងវាជានិមិត្តរូបនៃការបន្តការអភិវឌ្ឍបន្ត។ យើងចូលឆ្នាំ អបអរសាទរឆ្នាំថ្មី យើងបូកសរុបសមិទ្ធផលឆ្នាំចាស់ ជាលក្ខណៈបុគ្គល ជាលក្ខណៈគ្រួសារ ជាលក្ខណៈប្រទេសជាតិ ជាលក្ខណៈរាជធានី-ខេត្ត។ ពិតណាស់ មិនមានអ្វីល្អឥតខ្ចោះនោះទេ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ យើងដើរទៅមុខ។ មួយឆ្នាំ យើងបូកសរុបម្ដង សម្រាកជួបជុំគ្រួសារម្ដង ឪពុកម្ដាយរង់ចាំនៅផ្ទះ។ យើងបានត្រឡប់ទៅផ្ទះជួបជុំ។ បងប្អូនខ្លះ ដើរលេង នៅកំពតនេះ ក៏មនុស្សច្រើនដែរ តាមខ្ញុំឃើញតាមហ្វេសប៊ុក តាម TikTok បាញ់ទឹកពេញហ្នឹង។ នេះគឺជាអ្វីដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានធ្វើ។
(២) គ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំថ្មីបានថយចុះ៤០% ធៀបទៅឆ្នាំមុន មិនមានការវាយតប់ និង/ឬ ហេតុការណ៍បង្កអោយផ្អើលជាន់គ្នាទេ
ឆ្លៀតឱកាសនេះ ខ្ញុំសូមអរគុណចំពោះរាជធានីខេត្ត ស្រុក ក្រុង ឃុំទាំងអស់ ដែលបានខិតខំរៀបចំតុបតែងទីកន្លែង រក្សាស្ថានភាព បរិស្ថាន អនាម័យ រៀបចំប្រគុំតន្រ្តី រៀបចំកន្លែងលេងល្បែងប្រពៃណី រៀបចំសម្រួលឱ្យប្រជាពលរដ្ឋយើងបានសប្បាយដោយស្ថិរភាព ដោយសុវត្ថិភាព … សូមយកឱកាសនេះថ្លែងអំណរគុណ និងកោតសរសើរ ចំពោះរដ្ឋបាលរាជធានីខេត្តទាំងអស់ ស្រុកក្រុង ភូមិឃុំ ដែលបានខិតខំដឹកនាំរៀបចំធ្វើឱ្យការប្រាព្ធពិធី(ចូលឆ្នាំខ្មែរ)ឆ្នាំនេះ កាន់តែមានភាពអធិកអធម ហើយសប្បាយរីករាយទូទាំងប្រទេស … សូមអរគុណផងដែរ ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងនគរបាល ទាំងអាវុធហត្ថ ទាំងកងទ័ព ទាំងប្រជាការពារ ដែលថាមិនមែនជាកងកម្លាំងប្រដាប់អាវុធទេ ប៉ុន្តែក៏ជាសេនាធិការខាងសន្តិសុខជួយថែរក្សា បូកជាមួយនឹងយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានខិតខំរៀបចំ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់បានល្អ។ ឆ្នាំនេះ យើងកត់សម្គាល់ឃើញថាគ្រោះថ្នាក់ចរាចរណ៍ (មានចំនួន)ថយជាងឆ្នាំទៅជិត ៤០ភាគរយ (ដែលនេះបង្ហាញនូវ)ការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋរបស់យើង។
ខ្ញុំឃើញមានការបង្ហោះមួយឬពីរករណី រឿងក្មេងវាយគ្នា ប៉ុន្តែជាទូទៅគឺ(មាន)ស្ថិរភាពនិងសន្តិសុខល្អណាស់។ ក្នុងការងារដែលរៀបចំនេះ គណៈបញ្ជការឯកភាពព្រួយជាងគេគឺពេលដែលមនុស្សជុំគ្នារាប់ម៉ឺនរាប់ពាន់នាក់នៅមួយកន្លែងរាំលេង។ បើសិនជាមានហេតុការណ៍ស្អីបន្តិច មិនចាំបាច់មានផ្ទុះមានអីទេ វានឹងអាចបណ្តាលជាការផ្អើលរត់ជាន់គ្នាដែរ។ ប៉ុន្តែ យើងធ្វើបានល្អ យើងរក្សាស្ថិរភាព។ (ករណី)ចោរឆក់(ចោរលួច) មានបន្តិចបន្តួច ដែលយើង(ខិតខំ)បង្រ្កាប។ វាមិនល្អឥតខ្ចោះទេ ប៉ុន្តែជាទូទៅស្ថានភាពគឺល្អ។ នេះគឺជាអ្វីយើង(បានធ្វើ)។ ឯការបង្ហោះតាមហ្វេសប៊ុកពីការវាយគ្នាវាយនោះវាយនេះ តាមពិត គេផ្សាយច្រឡំ។ ជារឿងហេតុនៅប្រទេសផ្សេងទេ តែអ្នកបង្ហោះហ្នឹងមិនដែលដាក់ថាប្រទេសណាទេ ច្រើនតែ(មានករណីកើត)ឡើង ដាក់ទៅ គេច្រឡំថានៅខ្មែរ តាមពិតវាមិនមែន។ ជារួម យើងបានធ្វើដោយជោគជ័យ សាមគ្គីគ្នា ស្រលាញ់គ្នា គោរពគ្នា អបអរសាទរឆ្នាំថ្មីទាំងអស់គ្នា ជាអ្វីដែលយើងចង់បាន ហើយខ្ញុំគិតថា ជាការចូលរួមចំណែកដូចគ្នា។
(៣) រថយន្តក្រុង៦០០ ដឹកបានជិត១០ម៉ឺននាក់ សន្សំលុយបាន ១,៧ លានដុល្លារ ដាក់ហោប៉ៅជូនប្រជាពលរដ្ឋ
សូមឆ្លៀតឱកាសនេះ អរគុណដល់សាលារាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង រាយការណ៍ឱ្យខ្ញុំ ប្រជាពលរដ្ឋដែលយើងជួយដឹកជញ្ជូន(ទៅស្រុកកំណើត)។ សាលារាជធានីបានរៀបចំឡានជិត ៦០០គ្រឿង ក្នុងរយៈពេលពីថ្ងៃទី១២ ទៅដល់ថ្ងៃទី១៧ (មេសា)នេះ។ បើគិតជាជើង(ធ្វើដំណើរ)ទាំងទៅទាំងមក សរុបជាង ២ ២៥១ ជើង ដឹកជញ្ជូនប្រជាជន ៨៥ ៨៤៩ នាក់។ បើគិតជាថវិកាដែលសន្សំ(ឱ្យប្រជាពលរដ្ឋ) យើងគិតលេខគត់ ម្នាក់ជាមធ្យមតែ ៨០ ០០០ រៀលចុះក្នុងមួយជើង គឺសន្សំ(ឱ្យប្រជាពលរដ្ឋគិតជាដុល្លារ) ១លាន ៧សែនដុល្លារ ចូលក្នុងហោប៉ៅជូនប្រជាពលរដ្ឋ ដើម្បីយកទៅផ្ទះដើរលេងសប្បាយ។ នេះជាការចូលរួមរបស់រដ្ឋនៅក្នុងការជួយដល់ប្រជាជន ជាពិសេសអ្នក(មកធ្វើការនៅ)រាជធានីភ្នំពេញ។ ពិតណាស់ យើងថា ៨០ ០០០ រៀល កន្លែងខ្លះទៅខេត្តព្រៃវែងអីតិចជាង តែបើទៅបន្ទាយមានជ័យ អាច ១០ម៉ឺនអីនោះ គេយកជាមធ្យមភាគ។ យើងគិតប្រហែលប៉ុណ្ណេះ។ អញ្ចឹងជិត ១០ ម៉ឺននាក់ ថាជាង ៨៥០០០ នាក់ បានទទួលផលប្រយោជន៍ពីនេះ។ ការចូលរួមរបស់កម្លាំងស្ម័គ្រចិត្ត យុវជន វិស័យឯកជន សហគមន៍ សហព័ន្ធកីឡា សិល្បករសិល្បការិនី គ្រប់រាជធានីខេត្តក្រុង មិនត្រឹមតែនៅអង្គរសង្រ្កាន្តនោះទេ គឺបានចូលរួមរៀបចំឱ្យកាន់តែអធិកអធម បង្កលក្ខណៈនៃការអបអរសាទររបស់ប្រជាពលរដ្ឋយើង បានល្អ។
សូមអរគុណជាពិសេស ជូនប្រជាពលរដ្ឋរបស់យើង។ ទាំងអស់នេះមិនអាច(ដំណើរការ)ទៅបានទេ បើសិនជាប្រជាពលរដ្ឋយើងមិនចូលរួម និង/ឬយុវជនយើងតិចៗវាយគ្នាពេញហ្នឹង។ តែយើងចេះគោរពគ្នា។ នៅសៀមរាប ខ្ញុំឃើញថាមានការសុំមុនហ្នឹងប៉ាតម្សៅ។ កន្លែងខ្លះ គេសួរថាលេងឬអត់។ បើអត់លេង គេឱ្យទៅ(ដោយមិនបាញ់ទឹកទេ)។ នេះជាការគោរពយោគយល់គ្នា … ប្រជាពលរដ្ឋយើងចូលរួមទូទាំងប្រទេស។ នេះជាអ្វីដែលយើងចង់បាន។ មនុស្សរាប់សែនរាប់ម៉ឺននាក់រុញចូលមួយកន្លែងកៀកគ្នាបំផុត។ បើតែមានបញ្ហា គឺលំបាក។ ប៉ុន្តែនេះជាអ្វីដែលប្រជាពលរដ្ឋខ្មែរពីមួយឆ្នាំទៅមួយឆ្នាំបានបង្ហាញនូវភាពចាស់ទុំ។ យុវជនរបស់យើង ស្រលាញ់គ្នា រាប់អានគ្នា មិនប្រកាន់រើសអើង មិនថាសាសនាណាៗទេ មិនថាភ្ញៀវជាតិ អន្តរជាតិទេ យើងគោរពស្រលាញ់។ (នៅប្រទេសខ្លះ ឃើញវាយដោយទាំងភ្ញៀវអន្តរជាតិទៀត។ ភ្ញៀវអន្តរជាតិនៅកន្លែងខ្លះក៏គាត់ច្រងេងច្រងាង ស្រវឹងវាយគ្នាទៅ។ ប៉ុន្តែនៅកម្ពុជា អត់មានទេ។
(៤) ព្រឹកទៅវត្ត ល្ងាចកំសាន្ត គិតធ្វើនិងផ្សព្វផ្សាយវិជ្ជមានពីប្រពៃណីវប្បធម៌ជាតិ រក្សាអត្តសញ្ញាណជាតិ
ឃើញប្អូនៗ ប្អូន business adviser និងផេចផ្សេងៗ ទៅសម្ភាសប្រជាពលរដ្ឋ(បរទេស)ថា ទេសចរដែលមក ម៉េចទៅ សប្បាយអត់? គេថាសប្បាយណាស់ គេមិនដែលមកស្រុកខ្មែរ គេមិននឹកស្ថានថា ស្រុកខ្មែរសប្បាយអញ្ចឹង។ ជួនអ្នកខ្លះ គេធា្លប់តែឮថា ស្រុកខ្មែរមានសង្រ្គាម ដល់ចុះមក ឃើញថា ប្រទេសយើងអភិវឌ្ឍ។ នេះជាការល្អ ហើយទាំងភ្ញៀវអន្តរជាតិ ទេសចរបរទេស ទាំងបរទេសរស់នៅស្រុកខ្មែរ សូមអរគុណណាស់ បានជួយផ្សព្វផ្សាយល្អ បូកជាមួយនឹងប្រជាពលរដ្ឋយើង យុវជនយើង influencer របស់យើងផ្សព្វផ្សាយអំពីផលវិជ្ជមាន និងអ្វីដែលវិជ្ជមាននៅក្នុងពេលបុណ្យចូលឆ្នាំថ្មីនេះ គឺទូទាំងប្រទេសតែម្ដង ខ្ញុំសូមអរគុណណាស់។
ទាំងអស់នេះហើយដែលខ្ញុំថា ជាការបង្កើតនូវស្មារតីស្នេហាជាតិ តាមរយៈការរួមសាមគ្គីគ្នា គោរពគ្នា ស្រលាញ់គ្នា ដើម្បីលើកស្ទួយវប្បធម៌។ បុណ្យចូលឆ្នាំ គឺជាការអបអរសាទរនូវសមិទ្ធផលរបស់យើង នៅក្នុងបែបផែនវប្បធម៌ប្រពៃណីរបស់យើង ព្រោះការអបអរសាទរឆ្នាំថ្មី ព្រឹកទៅវត្ត ល្ងាចយើងកម្សាន្ត។ ពិតណាស់ មានការរៀបចំបាញ់ទឹក ប៉ាតម្សៅ មានការរៀបចំវាយស្គរ បោះអង្គញ់ រាំត្រុដិនៅច្រើនកន្លែង អត់ស្មើគ្នាទេ ប៉ុន្តែយើងមិនបានបំភ្លេចចោលនូវអត្តសញ្ញាណរបស់ខ្មែរយើងទេ។
ក្នុងពេលចូលឆ្នាំហ្នឹង អ្នកខ្លះបានជេររដ្ឋាភិបាលថា រដ្ឋាភិបាលជំនាន់នេះ ធ្វើអោយរលាយអស់វប្បធម៌ ឃើញតែលេងបាញ់ទឹកប៉ាតម្សៅ ប្រជាពលរដ្ឋ(ភ្លេចវប្បធម៌ខ្មែរអស់ហើយ)។ តើយើងហាមគាត់ទេ? អ្វីដែលសំខាន់ យើងនៅថែរក្សាវប្បធម៌ ទំនៀមទម្លាប់របស់យើង មិនច្រងេងច្រងាង ហើយប៉ាតម្សៅ។ ការជះទឹកនេះ មានតាំងពីជំនាន់មុនសង្រ្គាមឯណោះ។ មិនមែនវប្បធម៌របស់អ្នកណាទេ ជាការសំដែងនូវការគោរពគ្នា ការជួយផ្ដល់នូវសេចក្ដីសុខ សិរីសួស្ដីឱ្យគ្នា។ យើងក៏មិនភ្លេចពីការសំដែងរបាំបុរាណ ដូចជាល្ខោនខោល។ នៅតាមខេត្តនីមួយៗ គេរៀបចំបោះអង្គញ់ សូម្បីតែនៅវត្តភ្នំក៏មានដែរ(ល្បែងប្រជាប្រិយខ្មែរ) រាំត្រុដិយើងមាន។
អ្នកខ្លះសួរថា នៅស្រុកខ្មែរ ព្រឹកឡើងម៉េចស្ងាត់ម្លេះ? អត់សប្បាយអញ្ចឹង? (ថាស្ងាត់)ព្រោះពេលព្រឹក ប្រជាពលរដ្ឋយើងទៅវត្ត។ ខ្មែរយើងមិនមែនព្រឹកឡើងរាំ ប៉ាតម្សៅតាំងពីព្រលឹម ២៤ម៉ោងពេលចូលឆ្នាំទេ។ ព្រឹក យើងទៅវត្ត ចាស់ទុំយើងទៅថ្វាយបង្គំព្រះសង្ឃ។ ល្ងាចយើងទៅកម្សាន្ត។ យើងលេងតាមបែបផែន។ មាន concert មានស្អីៗ រួមទាំងល្បែងប្រពៃណី ទាំងបាញ់ទឹកស្អីទល់យប់ អាហ្នឹងវាអញ្ចឹង។ អត់មានអ្នកណាបោះអង្គញ់ពេលយប់ទេ។ អ្នកកំពតបោះអង្គុញពេលយប់ ដោយសារ ឯកឧត្តម ម៉ៅ ធនិន ដាក់ភ្លើងហ្វាឱ្យលេង? គេទៅមើល concert។ កន្លែងខ្លះកាន់កាំភ្លើងបាញ់ទឹកទៅជាមួយ។ វាជារឿងធម្មតា។ អញ្ចឹងគ្រាន់តែយើងសប្បាយបែបនេះ។
ខ្ញុំគិតថា យើងគួរមើលអ្វីដែលវិជ្ជមានទៅ កុំទៅយករឿងអវិជ្ជមាន។ ប្រជាពលរដ្ឋយើងស្លៀកពាក់ខោអាវប្រពៃណីជាច្រើន ថតនៅអង្គរវត្ត បរទេសស្លៀកពាក់ខោអាវខ្មែរថត។ ម៉េចក៏មិនផ្សព្វផ្សាយ? គ្រាន់តែមានម្នាក់គាត់លើកអាវនៅស្វាយរៀង គឺផ្ដោតតែអាហ្នឹង ហើយជេរថារដ្ឋាភិបាលសម័យនេះអសីលធម៌។ ម្នាក់ហ្នឹង គាត់ធ្វើជ្រុល ជារឿងរបស់គាត់។ យើងក៏ណែនាំ។ យើងមិនគាំទ្រទង្វើបែបនេះទេ។ យើងគួររួមគ្នាមើលអ្វីដែលវិជ្ជមាន ហើយបើយើងផ្សព្វផ្សាយវិជ្ជមាន យើងគិតវិជ្ជមាន យើងធ្វើសកម្មភាពវិជ្ជមាន យើងផ្សព្វផ្សាយវិជ្ជមានឱ្យបានច្រើន នេះហើយជាការផ្សព្វផ្សាយដល់ប្រពៃណីវប្បធម៌ និងប្រទេសជាតិខ្មែររបស់យើង ដែលប្រជាជនខ្មែររាប់សិបលាននាក់ក្នុងចូលឆ្នាំថ្មី បានបង្ហាញ។ បើមួយថ្ងៃៗ យើងមើលតែអ្វីដែលអវិជ្ជមាន ផ្តោតតែរឿងអវិជ្ជមាន ប្រទេសយើងនឹងមិនងាយនឹងទៅមុខទេ។
(៥) គ្រប់កន្លែងរៀបចំនិងបង្ហាញបរទេសថា “កម្ពុជាមានសុខសន្តិភាព សប្បាយ និងមានការអភិវឌ្ឍ”
(យើង)មិនល្អឥតខ្ចោះទេ។ បញ្ហាអវិជ្ជមាន យើងដោះស្រាយ។ តែយើងត្រូវអបអរសាទរអ្វីដែលយើងធ្វើបាន អ្វីដែលយើងរួមគ្នាកសាងបាន ហើយជាមូលដ្ឋានដើម្បីជាថាមពលសម្រាប់បន្តដំណើរទៅមុខ។ នេះហើយអត្ថន័យនៃការរួមគ្នាអបអរសាទរសប្បាយឆ្នាំថ្មីរបស់យើង។ ខ្ញុំមានមោទនភាពថា ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ ជាសមិទ្ធផលទី១ នៅឆ្នាំថ្មី មិនមែនសមិទ្ធផលទី១ របស់កម្ពុជានៅឆ្នាំ២០២៥ ទេ។ ចូលឆ្នាំថ្មីឆ្នាំខ្មែរ សង្ក្រាន្តទើបបញ្ចប់ យើងនឹងបន្ត(កសាង)សមិទ្ធផលបន្ថែមទៀត។ ស្អែក ខ្ញុំទៅសម្ពោធរោងចក្ររថយន្តក្រុមហ៊ុន Ford នៅខេត្តពោធិ៍សាត់។ ខ្ញុំត្រូវសម្ពោធបន្តទៀតនូវសមិទ្ធផលជាច្រើន រួមទាំងព្រលានយន្តហោះនៅខែកក្កដា(ខាងមុខ)។ ត្រូវបន្តធ្វើតទៅទៀត ត្រូវបន្តទាក់ទាញវិនិយោគ ត្រូវបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ត្រូវជំរុញទេសចរឱ្យមកកម្ពុជាឱ្យច្រើន។
ខ្ញុំជឿថាការផ្សព្វផ្សាយល្អពេលចូលឆ្នាំខ្មែរនេះនឹងបានទៅដល់បរទេសនិងប្រជាពលរដ្ឋយើង ដើម្បីដើរលេងកម្សាន្តឱ្យបានច្រើននៅទូទាំងប្រទេស។ យើងផ្សព្វផ្សាយល្អ សន្តិភាព សប្បាយក្នុងស្រុកយើង បរទេសគេមកលេង អ្នកដែលមិនធ្លាប់មកកម្ពុជា ពេលបានមកក៏សប្បាយ និងទៅប្រាប់គ្នីគ្នា។ ប្រជាជនខ្មែរដែលមិនធ្លាប់មកលេងកំពត មកលេងឆ្នាំនេះ ល្អ សប្បាយ។ ឆ្នាំក្រោយគាត់ហៅគេមកទៀត។ មិនចាំបាច់ឆ្នាំក្រោយ(ផង) ជួនកាល ចុងសប្ដាហ៍មកលេងទៀត។ ចូលឆ្នាំបានចប់ តែសកម្មភាពបុណ្យទើបចប់ពីម្សិលមិញទេ … ខ្ញុំសួរទៅខេត្តព្រះសីហនុថា ម៉េចហើយម្សិលមិញ និងម្សិលម្ង៉ៃ? (គាត់ថា)នៅស្ទះឡាននៅឡើយ។ បានន័យថា យើងចប់ថ្ងៃទី១៦ តែចំហាយបន្តមកដល់ថ្ងៃទី ២០។
បើសិនជាគាត់ឃើញនៅកន្លែងថ្មីៗ ការបង្កើត(កន្លែងកម្សាន្តថ្មី) ដូចនៅកំពតមានសេះសមុទ្រ មាននាឡិកាយក្ស ឥឡូវមានទឹករាំ ធ្វើឱ្យមានកន្លែង(ដើរកម្សាន្ត)ថែមទៀត។ អញ្ចឹងមកកំពត កែប ក៏រៀបចំកន្លែងថែម ឥឡូវចាក់ឆ្នេរ រៀបចំឆ្នេរមួយជាសាធារណៈប្រវែង ២គីឡូកន្លះនោះ … ខេត្តនីមួយៗប្រកួតគ្នា ដើម្បីរៀបចំ។ ខេត្តព្រះសីហនុរៀប ខេត្តកោះកុងក៏រៀប អញ្ចឹងខេត្តឆ្នេរសមុទ្ររបស់យើង សម្រាប់ទេសចរណ៍នឹងមានផលិតផលកាន់តែច្រើន សម្រាប់ប្រជាពលរដ្ឋយើងដែលមកកម្សាន្តចុងសប្ដាហ៍ ឬមួយក៏ទេសចរដែលមកលេង(នឹងមកលេងកាន់តែ)ច្រើន។
(៦) តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទាញទេសចរ ផ្ដល់លទ្ធភាព បង្កើតឱកាស បង្កើនសេដ្ឋកិច្ច ផ្តល់ចំណូលដល់ប្រជាពលរដ្ឋ
ឯការបង្កើតផែ (ដែលពេល)នេះទទួលទេសចរដែលចូលមកពីខេត្តព្រះសីហនុ … ពេលខ្លះ គាត់ជិះតាមកាណូតហ្នឹងមក ពេលខ្លះមកតាមផ្លូវគោក មកតាមផ្លូវទឹក មកកោះរ៉ុងអីក៏ភ្ជាប់មក។ បន្តិចទៀត ផែទេសចរណ៍អន្តរជាតិនេះតភ្ជាប់ជាមួយប្រទេសជិតខាង ដូចជាប្រទេសវៀតណាម ថៃជាដើម ដែលនឹងមានទេសចរមកថែមទៀត។ ហ្នឹងហើយជាសមិទ្ធផលបន្ថែម។ សមិទ្ធផលនេះ មិនមែនសម្រាប់ក្រុមហ៊ុន AZ ឬសម្រាប់ផែនេះទេ។ ផែនេះគ្រាន់តែជាស្ពានចម្លង។ ទេសចរដែលជិះកាណូតពីថៃ ពីកំពង់សោម មិនមែនមកដល់អង្គុយហូបតែមួយកែវនៅផែ ហើយចេញទៅវិញនោះទេ។ គេប្រាកដជាចូលទៅលេងក្នុងខេត្តកំពតហើយ។ អញ្ចឹង បង្កើនទេសចរបន្ថែមជូនអ្នកកំពត … យើងរួមគ្នាអបអរសាទរសមិទ្ធផលថ្ងៃនេះ ជូនដល់បងប្អូនជិត ៧ពាន់នាក់ដែលមកទីនេះ បូកនឹងអ្នកដែលបានស្ដាប់ឮតាមការផ្សាយបន្តផ្ទាល់ ដើម្បីជាផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
កាលពីថ្ងៃ១២ ខែមេសា ខ្ញុំបានសម្ពោធសមិទ្ធផលស្ពាននិងផ្លូវ សម្រាប់ជួយលើកកម្ពស់និងតភ្ជាប់សេដ្ឋកិច្ចរបស់ប្រជាជនអ្នកខេត្តកំពង់ចាមនិងត្បូងឃ្មុំ បូកនឹងខេត្តផ្សេងទៀតដែលធ្វើដំណើរឆ្លងកាត់។ នៅទីនេះ គឺសំរាប់ទេសចរជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋយើង មិនថាមកពីខេត្តណា ចង់ជិះកាណូតទៅលេងកោះ អាចឡើងពីនេះបាន មិនចាំបាច់ទៅឡើងនៅខេត្តព្រះសីហនុទៀតទេ។ និយាយអញ្ចឹង តិចខេត្តព្រះសីហនុ អន់ចិត្តខ្លាចគេដណ្ដើមម៉ូយ … មិនអញ្ចឹងទេ។ បង្កើតកាន់តែច្រើន បានន័យថាភ្ញៀវមកកាន់តែច្រើន បានន័យថា ឈ្នះឈ្នះ។ បង្កើតកញ្ចប់ទេសចរណ៍ជាមួយគ្នាទៅ Travel Agent នៅខេត្តកំពតក្ដី នៅខេត្តព្រះសីហនុក្ដី។ ឧទាហរណ៍ ១យប់ ១ថ្ងៃហ្នឹង តពីខេត្តកំពតមក ដើរទៅណា។ ព្រឹកហ្នឹងទៅកំពង់សោម ល្ងាចមកកំពត ឬព្រឹកមកកំពត ល្ងាចមកកំពង់សោមទៅ។ ឥឡូវ យើងមានមធ្យោបាយកាន់តែច្រើន ទាំងផ្លូវគោកក៏មាន ផ្លូវទឹកក៏មាន។
សម្រាប់ខេត្តទាំងពីរ វាជាសហថាមពល កាន់តែល្អ មិនមែនបង្កើតមកប្រកួតប្រកួតគ្នាយកស្លាប់រស់ទេ ប៉ុន្តែ កៀកស្មាគ្នា ភ្ជាប់គ្នា រួមគ្នាលើកស្ទួយទេសចរណ៍របស់ខេត្តជាប់សមុទ្ររបស់កម្ពុជាទាំង៤។ តែកាលណាទាញមកខេត្តកំពតហើយ កែបកុំពិបាក ទាញទៅផងទៅ ទាក់ម៉ូយទៅផងទៅ។ ជិតគ្នាទេ។ ទាញមកដល់នេះ គេចង់ទៅដល់ណា កំពតមានទឹកឈូ ទៅមើលភូមិនេសាទនៅកែប ទៅទៀតទៅមានទៅស្អី។ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដើម្បីទាញមនុស្សមក ទាញមនុស្សមកដើម្បីផ្ដល់សក្ដានុពល និងផ្ដល់លទ្ធភាពដល់អ្នកនៅក្នុងខេត្តចេះច្បាមយក បង្កើតឱកាសដើម្បីទាញយក បង្កើនសេដ្ឋកិច្ចរបស់ខ្លួន បង្កើតនូវអាជីពផ្សេងៗ ដើម្បីទាញចំណូលចូលប្រជាពលរដ្ឋរបស់យើង។
យើងមិនល្អឥតខ្ចោះទេ។ កន្លែងដែលមិនទាន់មាន យើងខំកសាងឲ្យមាន កន្លែងដែលនៅខ្វះខាត យើងខិតខំដោះស្រាយបញ្ហា ប៉ុន្តែសូមឲ្យមើលព្រៃទាំងមូល កុំផ្ដោតតែដើមឈើមួយដើមដែលមានបញ្ហា។ ព្រៃរបស់យើងកាន់តែដុះលូតលាស់។ នេះហើយជាមោទនភាពរបស់យើង រាជរដ្ឋាភិបាលនឹងខិតខំបន្តដើម្បីថែរក្សាព្រៃនេះឲ្យកាន់តែល្អ មានផ្លែផ្កាជូនប្រជាពលរដ្ឋ និងដាំបន្ថែមទៀតដើម្បីឲ្យកាន់តែរីកគ្រប់ទីកន្លែង។ ធ្វើស្ពាន ផ្លូវ ការវិនិយោគ និងជំរុញផ្សេងៗ។
(៧) ជាប្រទេសតូច តែកម្ពុជាមានទំនាក់ទំនងស្មើមុខស្មើមាត់ជាមួយមហាអំណាច និងប្រទេសលើពិភពលោក
ខ្ញុំសុំបន្តចូលទៅរឿងមួយទៀតបន្តិច។ រឿងនេះវាពិបាក។ ធ្វើអីក៏មិនកើត។ ពិបាកថា អ្នកខ្លះជិះលើផ្លូវ Highway ដែលកសាងដោយឥណទានពីចិន តែជេរចិន។ អ្នកខ្លះធ្វើការក្នុងរោងចក្រដែលមានថៅកែចិន ប្រាក់ខែរាប់រយ ខ្លះដល់រាប់ពាន់ នៅជេររដ្ឋាភិបាលទាញវិនិយោគពីចិនមក។ ខ្ញុំមិនយល់។ ប្រធានបទនេះ ទាក់ទងនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី Xi Jinping ដែលបានមកក្រោយចូលឆ្នាំ។ ខ្ញុំគិតថា ប្រជាពលរដ្ឋយើងគួរតែមានមោទនភាព ដែលកម្ពុជាជាប្រទេសតូចមួយមានទំនាក់ទំនងស្មើមុខស្មើមាត់នឹងប្រទេសមហាអំណាច និងគ្រប់ប្រទេសទាំងអស់លើពិភពលោក។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសតែ ៣គត់ ក្នុងដំណើរទស្សនកិច្ច មានវៀតណាម មានម៉ាឡេស៊ី និងកម្ពុជា។
(៨) កម្ពុជាមិនប្រកាន់យកណាមួយ ហើយផ្ដាច់ចោលប្រទេសណាមួយទេ តែទាក់ទងជាមួយគ្រប់ប្រទេសលើគោលការណ៍គោរពឯករាជ្យភាព អធិបតេយ្យភាព និងប្រយោជន៍គ្នាទៅវិញទៅមក
សួរថា ទំនាក់ទំនងរវាងកម្ពុជានិងចិនខុសអី? កម្ពុជាមិនបានប្រកាន់នូវជំហរប្រកាន់យកប្រទេសណាមួយ ផ្ដាច់ចោលប្រទេសណានោះទេ។ យើងមានទំនាក់ទំនងជាមួយគ្រប់បណ្ដាប្រទេសលើពិភពលោក។ នេះគឺជាជំហរនយោបាយផ្អែកទៅលើគោលការណ៍គោរពឯករាជ្យភាព អធិបតេយ្យភាព និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក … នេះជាជំហររដ្ឋាភិបាល។ យើងមិនរណបអ្នកណាទេ។ តែខ្ញុំសូមជម្រាប ពន្យល់ និងជូនសារទៅបងប្អូនដែលមានការបកស្រាយមួយចំនួន។ បើយើងមិននិយាយ មិនពន្យល់ វានៅតែ(មានការបញ្ចេញមតិ)ដដែលៗហ្នឹង។
(៩) កម្រិតទំនាក់ទំនងកម្ពុជា-ចិនជាទំនាក់ទំនងនៃ «សហគមន៍ជោគវាសនារួមគ្រប់រដូវកាល»
នាមុនទស្សនកិច្ចរបស់ប្រធានាធិបតីចិននេះ មានការលើកឡើងមួយចំនួន។ ខ្ញុំសង្ឃឹមថា ទស្សនកិច្ចមួយនេះបានបញ្ចប់ការលើកឡើងទាំងអស់នោះ។ គេថា ទី១ រដ្ឋាភិបាលចិនមិនឲ្យតម្លៃរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីទេ។ មានកាសែតបរទេសច្រើនណាស់កាលពីឆ្នាំទៅ និយាយថា កម្ពុជាស្ពៃហើយ។ សូម្បីតែចិនក៏លែងជួយដែរ។ កម្ពុជាឯកោហើយ បន្តិចទៀតដួលហើយ។ ទី២ ព្រែកជីកហ្វូណនដេកហើយ ព្រោះចិនឈប់ជួយហើយ រលំហើយ។ គេសួរថាម៉េចបានយើងមិនឆ្លើយតប(ពេលនោះ)? ខ្ញុំថា បើយើងធ្វើការពន្យល់ អ្នកខ្លះក៏ស្ដាប់មិនឮ តែអ្នកស្ដាប់ឮមួយចំនួន ក៏គង់តែធ្វើមិនលឺ។ គាត់ស្ដាប់ឮ តែនៅបន្តធ្វើការនិយាយស្ដីដែលគ្មានការទទួលខុសត្រូវ។ យើងមិនបាច់ពន្យល់ទេ។ យើងធ្លាប់ពន្យល់រួចហើយ តែអ្វីដែលសំខាន់ ចាំមើលជាក់ស្ដែង។
ឥឡូវ និយាយពីអ្នកដែលថា ចិនលែងមានទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលថ្មីៗ ស្ពៃហើយ។ ឥឡូវ តាមទស្សនកិច្ចមួយនេះ អាចឲ្យអស់លោកបានស្ងប់ចិត្ត ស្ងប់អារម្មណ៍ ហើយឈប់និយាយ ព្រោះនិយាយទៀតនាំតែខ្មាសគេ ត្បិតថារូបភាពច្បាស់ហើយ។ ប្រធានាធិបតី ប្រមុខរដ្ឋរបស់ចិន បានមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ វាជាការបញ្ជាក់នូវសារនយោបាយហើយ។ មិនតែប៉ុណ្ណោះ វាបានលើកកម្រិតនៃទំនាក់ទំនងរវាងកម្ពុជា-ចិនទៅ «សហគមន៍ជោគវាសនារួមគ្រប់រដូវកាល» ឬបានន័យថា ទាំងលំបាក ទាំងស្រួល យើងបន្តរួមគ្នា សហការគ្នា ដើម្បីអភិវឌ្ឍរួមគ្នាតាមគោលការណ៍គោរពអធិបតេយ្យភាព គោរពគ្នាទៅវិញទៅមក ឯករាជ្យភាព និងមិនលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។ វាមិនមែនមានន័យថាកម្ពុជាទៅរណប ក្លាយជាកូនជឹង(របស់ចិន)ទេ។ យើងអភិវឌ្ឍរួមគ្នា។ អញ្ចឹង សារនេះធំណាស់។ បើថាអ្នកវិភាគមិនយល់សារមួយនេះ ខ្ញុំមិនដឹងថាម៉េចទៀតទេ។ ដូរអាជីពទៅ។
(១០) មិនដែលពេលណាមួយដែលរដ្ឋាភិបាលចិនបដិសេធការជួយដល់ការជីកព្រែកហ្វូណនតេជោទេ
ទី២ សួរថា ព្រែកជីកហ្វូណនយ៉ាងម៉េចហើយ? ល្ងាចមិញនេះ ឃើញអ្នកនាំពាក្យទំពែកមួយនោះ ដែលមិនព្រមយល់ការពិត និយាយថា ចិនមិនដែលប្រកាស(ពីការចូលរួមកសាងព្រែកជីកហ្វូណនតេជោ) … មួយថ្ងៃៗ គិតតែរកនឹកអ្វីមកវាយប្រហារមិនចេះចប់ វាយទាំងពេលប្រជាជនមានកើតទុក្ខ វាយទាំងចូលឆ្នាំ វាយទាំងរឿងដែលល្អ … ការភូតកាន់តែច្រើន វិភាគ(ស៊ីអារម្មណ៍)កាន់តែច្រើន ធ្វើឲ្យសាបរលាបខ្លួនឯងទេ។ ភស្ដុតាងជាក់ស្ដែងបានបង្ហាញហើយ។ គេនិយាយថា ហេតុអីបានជាចិនប្រកាសជួយព្រែកជីក ដោយសារចិនទើបនឹងឈ្លោះគ្នាជាមួយអាមេរិក។ ចិនពីមុនមិនដែលប្រកាសជួយទេ។ សូមអស់លោកអ្នកវិភាគខាងក្រៅ និងប្រជាពលរដ្ឋ និស្សិត បញ្ញាវន្ត មន្រ្តីរាជការ បងប្អូនទៅឆែកមើលទៅ។ ភស្ដុតាងវាយតែលើកាសែត ឬ Google ទៅ វាគ្មានទៅណាលើសហ្នឹងទេ។ វាមានទាំងអស់។ មិនដែលពេលណាមួយដែលថា គម្រោងនេះត្រូវរដ្ឋាភិបាលចិនបដិសេធជួយនោះទេ។ ខ្ញុំទៅជួបប្រធានាធិបតី Xi Jinping ទូតចិនបានចេញសារ យើងនឹងបន្តសហការគ្នាលើការកសាងនេះ។
ខ្ញុំគ្រាន់តែប្រាប់ថា បើចង់វាយប្រហារ វាយទៅចុះ ប៉ុន្តែ គួរតែផ្អែកលើការពិតខ្លះផង។ បើមិនអញ្ចឹងទេ ប្រជាពលរដ្ឋខ្មែរនឹងមានការវិនិច្ឆ័យ។ បើសិនជាគ្មានភស្ដុតាងស្រួលបួល មិននិយាយក៏គេមិនថាគទេ។ តែបើជាជ្រុលនិយាយហើយ សុំឲ្យមានភស្ដុតាងច្បាស់ផង។ ទល្ហីករណ៍ដើម្បីការពារអំណះអំណាង។ បើមិនអញ្ចឹងទេកាន់់តែបាត់នូវជំនឿពីប្រជាជន។ សូមទៅឆែកមើលទៅ។ ពេលណាដែលរដ្ឋាភិបាលចិនប្រកាសមិនជួយលើគម្រោងព្រែកជីកនេះ? គឺបានចរចាគ្នាតាំងពីដើម។ ការប្រកាសជាផ្លូវការ គ្រាន់តែជាការប្រកាសបន្ថែមដោយប្រធានាធិបតីចិនតែប៉ុណ្ណោះ។ ជំហរមិនដែលប្រែប្រួលទេ។
(១១) ខំធ្វើ បកស្រាយម្ដងម្កាល បង្ហាញសមិទ្ធផល ការពិតជាក់ស្តែងនឹងបិទមាត់អ្នកវិភាគទ្រុស្ត
យើងបើកការដ្ឋានព្រែកជីកនេះថ្ងៃទី៥ ខែ៨ ឆ្នាំ២០២៤។ យើងបន្តធ្វើការងារជីក ការងារបោះនិយាមកា ចាប់ផ្ដើមចរចាដោះស្រាយផលប៉ះពាល់។ យើងមិនបានឈប់ទេ។ គេមានរបៀបរបបធ្វើការអញ្ចឹង។ ធ្វើផ្លូវ Highway អីក៏ដោយ ពេលដែលគេកំណត់នៅលើផែនទីហើយ ជំហានបន្ទាប់គឺគេចុះទៅវាស់និយាមកា ហើយពិនិត្យមើលផលប៉ះពាល់ ដោះស្រាយជូនប្រជាពលរដ្ឋស្រួលបួល។ មិនមែនចេះតែយក Excavator ទៅកាយនោះទេ។ គេដោះស្រាយផលប៉ះពាល់។ គិតហើយបានធ្វើដំណើរការដោយទទួលខុសត្រូវ។ ព្រែកជីកហ្វូណនក៏ដូចគ្នា។ ពេលខ្លះ យើងពិបាកពន្យល់។ Winston Churchill ធ្លាប់និយាយថា «បើយើងរវល់តែរើសដុំថ្មគប់ឆ្កែដែលព្រុសគ្រប់កន្លែង យើងមិនដើរដល់គោលដៅនោះទេ»។
នេះជាពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេសជំនាន់សង្រ្គាមលោកលើកទី២។ ខ្ញុំមិនសំដៅទៅអ្នកណាជាឆ្កែទេ តែពាក្យនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះបាននិយាយធៀបប្រៀបដូច្នេះឯង។ បើយើងរវល់តែឆ្លើយតបនឹងការវាយប្រហារអត់មូលហេតុ នោះកម្ពុជាដើរមិនដល់គោលដៅទេ។ ដើម្បីបង្ហាញការពិត យើងមានតែខិតខំធ្វើ ពេលណាចាំបាច់ត្រូវបកស្រាយម្ដងម្កាល និយាយចុះ តែចាំបាច់ត្រូវតែធ្វើដើម្បីបង្ហាញសមិទ្ធផល ដើម្បីបញ្ជាក់នូវការពិត។ ពេលនោះហើយដែលការពិតនឹងបិទមាត់អ្នកទាំងអស់នោះដោយពិតប្រាកដ ប្រជាជនលែងជឿអ្នកនោះទៀត ព្រោះគេឃើញសមិទ្ធផលជាក់ស្ដែង។
(១២) ធ្វើព្រែកជីកហ្វូណនឲ្យចប់តាមផែនការ តភ្ជាប់ផ្លូវសមុទ្រនិងទន្លេ ប្រទាក់ក្រឡាការដឹកជញ្ជូន និងសេដ្ឋកិច្ច
សមិទ្ធផល(កំពង់ផែនា)ថ្ងៃនេះ មិនខុសពីរឿងព្រែកជីកហ្វូណនទេ។ ឆ្នាំទៅ ពេលដែលខ្ញុំទៅមើលព្រលានយន្តហោះ មានក្មេងស្រីម្នាក់នៅកូរ៉េ ចេញមកវាយប្រហាររឿងកំពង់ផែអន្តរជាតិកំពតថា រដ្ឋាភិបាលខ្ជះខ្ជាយលុយ ១៨លានដុល្លារ ត្បិតធ្វើរួចហើយ ប្រើមិនកើត អត់ប្រយោជន៍។ គាត់មិនដឹងថា គេមិនទាន់ធ្វើចប់ស្រួលបួល ដោយគេត្រូវធ្វើផែ ធ្វើគន្លង។ ដែលគាត់និយាយ មានគេមើលច្រើន។ គេដឹង គេគិត គេចាប់អារម្មណ៍ តែមិនមែនថាអ្នកឯងពិតប្រាកដនោះទេ។ អ្នកឯងបង្កើតការចាប់អារម្មណ៍កាន់តែច្រើន អ្នកឯងក៏ធ្លាក់ក៏កាន់តែច្រើនដែរ ពេលដែលសមិទ្ធផលនេះត្រូវបានសម្ពោធដូចថ្ងៃនេះ។ គេនឹងឃើញថា ម្នាក់នេះ ថ្ងៃមុនជេរថាមិនធ្វើ តាមពិតគេធ្វើសោះ។ ឥឡូវបាត់ឥទ្ធិពលខ្លួនឯង។ ហ្នឹងហើយគឺការបន្សាបនូវការបំភ្លៃការពិត។
យើងបន្តធ្វើព្រែកជីកហ្វូណន ហើយខំធ្វើឲ្យបានចប់តាមផែនការ ដើម្បីតភ្ជាប់ផ្លូវសមុទ្រ និងផ្លូវទន្លេ ធ្វើឲ្យការដឹកជញ្ជូន និងសេដ្ឋកិច្ចមានភាពប្រទាក់ក្រឡា ជាពិសេសចូលមកជិតខេត្តកំពតនេះ។ រដ្ឋាភិបាលមិនចាំបាច់ មួយថ្ងៃអង្គុយតែឆ្លើយតបនឹងការចោទប្រកាន់ទេ។ យើងនៅតែធ្វើ យើងនឹងបន្តធ្វើ។ ក្រសួងសាធារណការបានចេញដំណឹងជូនហើយថាយើងបាននិងកំពុងធ្វើអីខ្លះ ជាសមិទ្ធផលជាក់ស្ដែងជូនប្រជាពលរដ្ឋ។ អ្នកដែលបានស្ដាប់ ក្មេងស្រីម្នាក់ដែលចេញមកបកស្រាយវាយប្រហារថាកំពង់ផែនេះចោលអត់ប្រយោជន៍ ធ្វើហើយប្រើមិនកើត រដ្ឋាភិបាលខ្ជះខ្ជាយលុយពីឆ្នាំទៅ ឥឡូវសូមមកមើលសមិទ្ធផលដែលយើងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ តើយើងបោះបង់ចោលមែនឬទេ? ឬមួយយើងបានប្រើប្រាស់៣ខែហើយៗ យើងកំពុងតែធ្វើឲ្យកាន់តែល្អទៀត។ ប្រាកដណាស់ ការសម្ពោធថ្ងៃនេះ មានក្រុមហ៊ុនរៀបចំចាត់ចែងដំណើរការជាក់ស្ដែង យើងមិនបានចោលនោះទេ។
(១៣) យក “ទាំងសាច់គោទាំងស្ពៃ” គិតគូរពីសុខភាព ឬសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា
ឃើញមានការដាក់សារវាយប្រហាររហូតថា អាមេរិកនិងចិនកំពុងឈ្លោះគ្នា។ ការឲ្យប្រធានាធិបតីចិនមកអញ្ចឹងអាមេរិកហ្នឹង កម្ពុជាយកស្ពៃ។ ខ្ញុំឆ្ងល់ថា ម៉េចបានចូលចិត្តនិយាយថាស្ពៃ? គេថា យកអាមេរិកគឺយកសាច់គោ បើយកចិនគឺយកស្ពៃ។ ស្ពៃជ្រក់ឆ្ងាញ់ណាស់ណា ត្រីឆ្អើរ ត្រីអាំងអី អត់មានស្ពៃជ្រក់ទៅមិនរួចទេ។ កាលខ្ញុំរៀននៅអាមេរិក យកស្ពៃហ្នឹងមកដាក់ប្រអប់រុំទៅ។ ទំនងដែរហ្នឹង។ ត្រសក់ជ្រក់ដាក់កែវនៅអាមេរិក និងអង់គ្លេស ១០ដុល្លារ មិនស្រួលចាញ់ស្ពៃជ្រក់ទេ។ ខ្ញុំយល់ គេចង់ថា សាច់គោមានជីវជាតិ ប៉ូវកម្លាំង តែស្ពៃមិនសូវមានជីវជាតិ ជាបន្លែ។ មើលខម្មិនហ្នឹង … មានអ្នកគាំទ្រទាំងសងខាង។ អ្នកមួយទៀតគេថាអត់បន្លែ អ្នកមួយទៀតគេថាត្រូវហើយសាច់គោឆ្ងាញ់ ប៉ុន្តែជាតិខ្លាញ់សុទ្ធប្រយ័ត្នលើសខ្លាញ់ងាប់ឆាប់។ ស្ពៃជាបន្លែសុខភាពល្អរស់បានយូរ (ជា)ទស្សនៈទាំងសង្ខាង។
ប៉ុន្តែសួរថាកម្ពុជារើសយកអី សាច់គោឬបន្លែ? យើងរើសទាំងពីរ។ គ្មានអ្នកណាមកភ្ជង់យើង បិទសិទ្ធិអោយរើសយកតែបន្លែ ឬតែសាច់គោនោះទេ។ យើងរើសទាំងពីរ ព្រោះយើងគិតគូរពីសុខភាពរបស់យើង។ សុខភាពរបស់យើងគឺសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់កម្ពុជាប្រជាជនយើង។ អ្នករើសស្ពៃរើសទៅ អ្នកណារើស(សាច់)គោរើសទៅ។ សូមកុំភ្លេចថាគោក៏ស៊ីស្ពៃដែរ … សូម្បីតែស្ពៃក៏ត្រូវការអាចម៍គោដែរ។ បានន័យថាទាំងគោនិងស្ពៃគឺពឹងគ្នាទៅវិញទៅមក។ យើងទៅរើសយកសាច់គោ(ឬ)យកស្ពៃ យ៉ាងម៉េច? យើងយកទាំងពីរ(គឺ)យកទាំងជីវភាពនិងកាឡូរីខ្ពស់ បូកជាមួយសុខភាពល្អថែមបន្លែមកទៀត ដើម្បីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើង។ រាជរដ្ឋាភិបាលកម្ពុជាមានឯករាជ្យ អធិបតេយ្យភាព ក្នុងការសម្រេចចិត្តផ្ទាល់ខ្លួន គ្មានអ្នកណាមកដាក់សម្ពាធ (ការជ្រើសរើស) របស់យើងបានទេ។
(១៤) អ្នកនយោបាយត្រូវការ គុណធម៌ សីលធម៌ សច្ចធម៌ និងជំហរនឹងនរ
យើងយកទាំងអស់ ដើម្បីខ្លួនយើងបានរឹងមាំ យើងរស់បានយូរជីវភាពរបស់ប្រជាពលរដ្ឋយើងកាន់តែសម្បូណ៌សប្បាយ។ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រកាន់ជំហរច្បាស់លាស់ គឺអព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធនិង មិនចូលជាមួយប្រទេសណាប្រឆាំងប្រទេសណានោះទេ។ អ្នកនយោបាយខ្លះមិនទាន់បានឡើងកាន់អំណាចផងជ្រើសមួយរួចទៅហើយ។ ទម្រាំតែបានកាន់អំណាចទៀតទៅជាអី … ក្រុមប្រឹក្សាស្អីនោះ ម្សិលមិញខ្ញុំឃើញអ្នកនាំពាក្យហ្នឹងទៀត។ មួយក្រុមប្រឹក្សា ធ្វើការតែ២ ទៅ៣ នាក់គ្នាគាត់ហ្នឹងឯង។ តើខ្មែរអាក្រក់សុទ្ធទេ? ប្រជាពលរដ្ឋខ្មែរយើងល្អឥតខ្ចោះ ឬមួយក៏ប្រទេសយើងវាអាក្រក់ជាងគេទេ? ខ្លួនជាខ្មែរដែរ ហេតុអីក៏មិននិយាយល្អពីខ្មែរខ្លះផង?
បើជាចំណុចអវិជ្ជមាន សូមរិះគន់វាយប្រហារចុះ។ ត្រឹមត្រូវ។ ប៉ុន្តែពេលខ្លះ បើ(អ្នកឯង)មិននិយាយ គេមិនថាគទេ។ ម្សិលមិញនេះ គេបានយកសេចក្ដីថ្លែងការណ៍រួមកម្ពុជាចិន ដែលក្រសួងការបរទេសបង្ហោះកាលពីថ្ងៃ១៨ ក្រោយដំណើរទស្សនកិច្ចនោះទៅអាន។ គេបានចេញមកធ្វើសំយោគ ៣ចំណុច។ ចំណុច២ ដំបូង និយាយពីកម្ពុជានិងចិននៅក្នុងក្របខណ្ឌអន្តរជាតិនិងតំបន់។ ខ្ញុំមិននិយាយទេ។ តែចំណុចទី៣ គេចោទថា តាមការប្រកាសរួមគឺរដ្ឋាភិបាលក្រុងភ្នំពេញបានលើកប្រទេសកម្ពុជាទាំងមូលអោយទៅចិនកុម្មុយនីស្តគ្រប់គ្រងហើយ តាំងពីវិស័យសន្តិសុខ កងកម្លាំងប្រដាប់អាវុធតាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ។ តាំងពីថ្នាក់ក្រោមជាតិដល់កំពូលផ្ដល់នូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មអោយចិនគ្រប់គ្រងទាំងអស់។
តើលោកបាន(ឯកសារ ) មកពីណា? ឯកសារនេះ យើងមិនបានលាក់ទេ។ យើងប្រកាសឯកសារអោយសាធារណៈបានឃើញជាចំហរ។ លោកឯងយកឯកសារដែល(បង្ហោះជា)សាធារណៈ យកទៅបកស្រាយបែបនេះ គឺស្មើនឹងការបំផ្លាញនូវការទុកចិត្តខ្លួនឯង ព្រោះប្រជាជនខ្មែរចេះអានដែរ។ មន្ត្រីរាជការយើង បើមិនជឿទៅមើលសេចក្ដីថ្លែងការណ៍ ហើយស្ដាប់អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាហ្នឹងមើល … មាត់ពូកែជេរមែន រើសអ្នកនាំពាក្យត្រូវ … ខ្ញុំសុំផ្ដល់យោបល់។ ធ្វើនយោបាយត្រូវសន្សំមូលធននយោបាយ។ បើអ្នកឯងបាត់មូលធននយោបាយ អ្នកឯងបាត់ការគាំទ្រ។ មូលធននយោបាយរបស់អ្នកនយោបាយនិងក្រុមអ្នកនយោបាយ កត្តាច្រើនដែលកត្តា៣ដែលមាន៖ ទី១ គុណធម៌ សីលធម៌, ទី២ គឺសច្ចធម៌ និង ទី៣ គឺជំហរនឹងនរច្បាស់លាស់។
(តើ)ក្រុមអ្នកឯង មេអ្នកឯងមានឬអត់(ចំណុច) ៣ហ្នឹង? ទី១ ពាក់ព័ន្ធហ្នឹងគុណធម៌ សីលធម៌ ជាអ្នកនយោបាយជាស្អី? គឺគុណធម៌ជាមនុស្ស។ បើចង់ធ្វើជាអ្នកនយោបាយអោយគេគោរពត្រូវធ្វើជាមនុស្សអោយគេគោរពសិន។ (១) ត្រូវយកគោលនយោបាយ មិនមែនគំនុំផ្ទាល់ខ្លួនដើរវាយ(ប្រហារ)គេឯង និងគ្រួសារគេនោះទេ។ ទី២ ទស្សនៈខុសគ្នាជាធម្មតា ប៉ុន្តែមើលអោយឃើញ។ មិនមែនការមើលងាយមនុស្សទេ។ មេអ្នកឯងដើរតែមើលងាយគេ មើលងាយមន្ត្រីរាជរដ្ឋាភិបាលមិនចេះធ្វើការ ខ្លួនឯងពូកែសុទ្ធ … ទី៣ មិនកេងចំណេញនយោបាយ ពេលគេមានទុក្ខ។ នេះគឺជាគុណធម៌ធំណាស់។ មិនមែនពេលគ្រួសារគេកំពុងតែមានទុក្ខ អ្នកឯងចេញមកកេងចំណេញវាយប្រហារនោះទេ។ មិនមែនពេលដែលប្រជាជនខ្មែរស្លាប់នៅក្នុងគ្រោះរញ្ជួយដីនៅថៃ អ្នកឯងចេញមកកេងចំណេញនយោបាយហើយវាយប្រហាររាជរដ្ឋាភិបាលទេ។
នៅថៃ គណបក្សប្រឆាំងមិនបានចេញមកជេររដ្ឋាភិបាលថៃ ពេលដែលជនជាតិថៃធ្វើជាពលករបានស្លាប់នៅអ៊ីស្រាអែល ពេលដែលហាម៉ាស់និងអ៊ីស្រាអែលវាយគ្នា អ្នកនយោបាយប្រឆាំងនិងរដ្ឋាភិបាលគេរួមគ្នារកវិធីជូនប្រជាជនមកផ្ទះដើម្បីដោះស្រាយ។ អ្នកដែលត្រូវចាប់ជំរិត រួមគ្នាជាមួយរដ្ឋាភិបាលដើម្បីចរចារកវិធីដោះ។ មានតែអ្នកនយោបាយខ្មែរទេដែលជេរគ្រប់បែបយ៉ាង តែមិនផ្ដល់ដំណោះស្រាយ។ ពេលដែលបាក់អគារភ្លាម ទូតខ្មែរជាមួយមន្ត្រី ពលករខ្មែរ ប្រចាំការនៅស្ថានទូតទៅដល់ទីតាំងភ្លាមដើម្បីជួយដោះស្រាយ។ ម្សិលម៉្ងៃទើបបានរកឃើញសពម្នាក់ទៀត។ ទើបបានបញ្ជាក់។ រដ្ឋាភិបាលបានចាត់តំណាងទៅ។ ខ្ញុំផ្ញើថវិកាចូលបុណ្យគាត់រួចហើយ។ អ្នកនៅបាត់ដំបង។ អ្នកដែលទាញកេងចំណេញនយោបាយ អ្នកដែលកេងចំណេញលើសពរបស់ពលករខ្មែរយើង តើនេះឬជាគុណធម៌នយោបាយ?
(១៥) ប្រជាពលរដ្ឋអាចផ្ទៀងផ្ទាត់ថាអ្នកនយោបាយប្រឆាំងប្រាសចាកពីសច្ចធម៌ ហើយរាជរដ្ឋាភិបាលប្រកាន់ជំហរមិនប្រែប្រួលលើកិច្ចការអន្តរជាតិ
ពេលបុណ្យចូលឆ្នាំ ប្រជាពលរដ្ឋអបអរសាទរ ខ្លួនឯងចេញមកវាយប្រហារ។ យើងបញ្ជូនកម្លាំងទៅដើម្បីថែរក្សាសន្តិសុខនៅអង្គរសង្ក្រាន ព្រះករុណា ប្រមុខរាជរដ្ឋាភិបាល ប្រមុខសភា ថ្នាក់ដឹកនាំយើងទៅធ្វើពិធីបួងសួងសុំសេចក្ដីសុខ ប្រជាពលរដ្ឋយើងរាប់ពាន់នាក់ ទាំងភ្ញៀវជាតិនិងអន្តរជាតិ ក៏គេចោទថារដ្ឋាភិបាលបំផ្លាញលុយដែរ។ គ្រាន់តែរឿងអ្នកលេងបាញ់ទឹកច្រើន ក៏គេចោទថារដ្ឋាភិបាលឪ-កូន នេះគឺបំផ្លាញវប្បធម៌ព្រោះអោយប្រជាជនលេងបាញ់ទឹកច្រើនពេក។ ជេរដល់ថ្នាក់ហ្នឹង។ តើនេះឬជាគុណធម៌នយោបាយ? សួរប្រជាពលរដ្ឋមើល តើគាត់បាញ់ទឹក លាបម្សៅ តើគាត់បាត់អត្តសញ្ញាណជាខ្មែរឬទេ? គាត់មានទៅវត្តទេ? គាត់មានវាយក្អមទេ? គាត់មានរាំត្រុដិ? មានដូចគ្នាទេតើ។ ជេររដ្ឋាភិបាលស្មើនឹងជេរប្រជាពលរដ្ឋខ្លួនឯងរាប់លាននាក់ នេះហើយគុណធម៌នយោបាយ។
បើអ្នកឯងចង់ជេរ អ្នកឯងត្រូវមានពេលវេលាត្រូវគិតគូរផង។ កុំយករឿងមួយករណីយកមកផ្សព្វផ្សាយបង្អាប់ប្រទេសខ្លួនឯង នេះហើយគេហៅថាគុណធម៌ និងសីលធម៌ក្នុងនាមជាអ្នកនយោបាយ។ គិតគូរពីរឿងធំ កុំមើលរឿងគំនុំ គុំគួនមួយជ្រុងតូចដើម្បីធ្វើការវាយបង្អាប់ប្រទេសខ្លួនឯង។ ចង់វាយរដ្ឋាភិបាល តែអ្វីដែលអស់លោកលើកឡើងគឺលើកឡើងពីជ្រុងវាយប្រហារប្រទេសខ្លួនឯង បង្កើតនូវទោមន្សក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋ។ នេះគេហៅថាសីលធម៌ និងគុណធម៌ក្នុងនាមជាមេដឹកនាំអ្នកនយោបាយ។
ទី២ សច្ចធម៌ គឺសេចក្ដីពិត ដំណើរទៀងត្រង់។ ការដែលអស់លោកថា ក្នុងកិច្ចព្រមព្រៀងឬមួយក៏សេចក្ដីថ្លែងការណ៍រួមនេះ រដ្ឋាភិបាលបានលើកប្រទេសទាំងមូល អោយទៅចិនគ្រប់គ្រង គឺអ្នកឯងកំពុងតែដើរប្រាសចាកពីសច្ចធម៌ ព្រោះភស្តុតាង ប្រជាពលរដ្ឋរាប់លាននាក់អាចមើលបាន។ យើងបង្ហោះនៅលើផេក ដោយឥតលាក់លៀមទេ។ មើលខ្លឹមសារនោះចុះ។ អត់មានមួយកន្លែងណាថាយើងអោយប្រទេសចិនមកគ្រប់គ្រងទេ។ បងប្អូនប្រជាពលរដ្ឋសូមពិនិត្យមើលចុះ ចូលទៅមើលទៅនៅផេកទាំងអស់នេះ … ចំណុចទី៣ បានបញ្ជាក់យ៉ាងច្បាស់ណាស់ថា “… ភាគីទាំ២បានបញ្ជាក់សារជាថ្មីនូវការគាំទ្រផលប្រយោជន៍ស្នូលអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីអោយគ្នាទៅវិញទៅមក ព្រមទាំងប្រឆាំងដាច់ខាតក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ។ ភាគីចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជា ក្នុងការប្រកាន់មាគ៌ាអភិវឌ្ឍន៍ដោយឯករាជ្យនិងស្របតាមលក្ខខណ្ឌជាតិរបស់កម្ពុជា ព្រមទាំងគាំទ្រកម្ពុជាដោយឥតងាករេចំពោះការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ បូរណភាពទឹកដីព្រមទាំងតួនាទីកាន់តែសកម្មរបស់កម្ពុជានៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ …”
នេះគឺខ្លឹមសារឯកសារដែលបានដាក់ចេញ។ អស់លោកមើលកន្លែងណាដែលថាកម្ពុជាបានយកប្រទេសដាក់ទៅអោយចិនត្រួតត្រា។ នៅពេលដែលខ្លឹមសារនិយាយច្បាស់ថា គោរពអធិបតេយ្យភាព និងឯករាជ្យភាពរបស់ជាតិកម្ពុជា។ ការមិនប្រកាន់សច្ចធម៌បែបនេះ ខ្ញុំថាអ្នកឯងកំពុងជីកដីកប់ខ្លួនឯង។ បើសិនជាកិច្ចព្រមព្រៀងថ្លែងការនេះ រាជរដ្ឋាភិបាលលាក់ទុក អ្នកឯងនិយាយចុះ(ដើម្បី)បង្កើតការសង្ស័យ។ ប៉ុន្តែអ្នកឯងកំពុងតែកប់ខ្លួនឯង នៅពេលដែលអ្នកឯងយកខ្លឹមសារដែលដាក់(បង្ហាញជាសាធារណៈ) … ប្រជាពលរដ្ឋ បញ្ញវន្ត និស្សិតយើង អាននៅក្នុងនោះគ្រប់ចំណុចទាំងអស់គ្មានកន្លែងណាមួយដែលថាយើងអោយ(ប្រទេសយើង)ទៅគេ(គ្រប់គ្រងទេ) គឺមានតែគោពអធិបតេយ្យភាព និងឯករាជ្យភាព និងការសម្រេចចិត្តរបស់កម្ពុជាធ្វើដោយខ្លួនឯងនោះទេ។
ខ្ញុំសូមបញ្ជាក់ជូនជនរួមជាតិអោយបានច្បាស់។ ផ្ទុយទៅនឹងអ្វីដែលក្រុមនយោបាយមួយចំនួននៅក្រៅប្រទេសថា “តាមកិច្ចព្រមព្រៀងកម្ពុជាបានអោយប្រទេសទៅចិនគ្រប់គ្រង រាជរដ្ឋាភិបាលជាមួយភាគីចិនបានឯកភាពគ្នាទៅលើការគោរពអធិបតេយ្យភាព និងឯករាជ្យភាពរបស់គ្នាទៅវិញទៅមក ហើយកម្ពុជាធានានូវម្ចាស់ការក្នុងការកំណត់ទិសដៅកិច្ចការទាំងក្នុងប្រទេសនិងក្រៅប្រទេសលើ(បញ្ហា)តំបន់និងអន្តរជាតិដោយខ្លួនឯង គ្មានអ្នកណាមកចង្អុលបង្ហាញទេ”។ គឺឯករាជ្យភាពរបស់យើង។ នេះគឺហៅសច្ចភាពនៃនយោបាយ។ អ្នកឯងនិយាយៗចុះ ដើម្បីឱ្យលឺ វាយប្រហារចុះ ប៉ុន្តែខ្ញុំជឿថានិយាយកាន់តែច្រើន ភរកាន់តែច្រើន (ក៏ចាញ់អាត្មា)មិនខាន។
ចំណុចទី៣ មេដឹកនាំនយោបាយឬមួយជាកម្លាំងនយោបាយត្រូវធានានូវជំហររឹងមាំច្បាស់លាស់។ ខ្ញុំលើកលើកអោយច្បាស់លាស់ថា ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ៤០ឆ្នាំមកនេះ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា លើកិច្ចការអន្តរជាតិ ជាពិសេសតាំងពីអាណត្តិមុនមក មកដល់នេះយើងអត់ប្រែប្រួលទេ ។ យើងប្រកាន់ឯករាជ្យភាព យើងធ្វើមិត្តជាមួយគ្រប់បណ្ដាប្រទេសទាំងអស់ យើងមិនយកប្រទេសណាជាសត្រូវនោះទេ យើងត្រូវតែយកកិច្ចការចំណុចរួមរបស់ប្រទេសទាំងអស់ដើម្បីជោគជ័យ នេះគឺជាជំហរជាក់ស្ដែងរបស់យើង។
(១៦) ឆ្នាំ២០២៣ កម្ពុជាទទួលបានវិនិយោគពីចិន ៣០០លានដុល្លារ ខណៈសិង្ហបុរីបានទទួល ១៣ពាន់លានដុល្លារ
សូមបញ្ជាក់ចំណុចមួយ ដែលគេថាកម្ពុជារើសយកអារមេរិកគឺសាច់គោ ឬ(ចិន)ជាស្ពៃ និងចោទថាយើងអោយចិនមកគ្រប់គ្រងគ្រប់កន្លែង ឬហៅចិនមកវិនិយោគគ្រប់កន្លែងគឺបាត់អធិបតេយ្យភាព ខ្ញុំសូមបញ្ជាក់ថាវិនិយោគចិនមិនមែននៅតែកម្ពុជាទេ។
ខ្ញុំឱ្យស្រង់ទិន្នន័យយប់មិញ។ ឆ្នាំ២០២៣ វិនិយោគចិននៅអាមេរិកមាន ២៨ពាន់លានដុល្លារ ដោយទិញទាំងក្រុមអាមេរិក។ ភាគច្រើនមានភាគហ៊ុនចិនទិញ។ ក្រុមហ៊ុន GE នៅអឺរ៉ុបតាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ លុយចិនវិនិយោគនៅក្នុងប្រទេសអឺរ៉ុបទាំង ២៣ ប្រទេសមាន ១៦៣ពាន់លានដុល្លារ។ ក្រុមហ៊ុនអឺរ៉ុប ដូចជា Volvo របស់ស៊ុយអ៊ែត ចិនបានទិញយកនិងគ្រប់គ្រងយូរហើយ។ ក្រុមហ៊ុនឡាន MG Motor នេះ ឃើញឡាន MG នៅស្រុកខ្មែរ ឡានអង់គ្លេស ក្រុមហ៊ុនចិនទិញយកយូរហើយ។ ក្រុមហ៊ុនប៉ុន្មានរបស់បារាំងមានភាគហ៊ុនចិននៅក្នុងហ្នឹង គេទិញច្រុះគ្នារួចទៅហើយ។ តិចថាក្រុមហ៊ុនអាមេរិកអត់មានភាគហ៊ុនចិន។ មិនមែនទាំងអស់ទេ។ ខ្លះមាន។ ក្រុមហ៊ុនកូរ៉េបើកទីផ្សារសេរី គេទិញដូចគ្នាទៅវិញទៅមក អាមេរិកក៏ទិញភាគហ៊ុនក្នុងក្រុមហ៊ុនចិន ក្រុមហ៊ុនចិនក៏ទិញទៅវិញទៅមក។ អញ្ចឹងគោនិងស្ពៃគេជួយគ្នារស់។ យើងត្រូវចាប់យកទាំងគោទាំងស្ពៃ។
ឥឡូវនៅជប៉ុនឆ្នាំ ២០២៣នេះ ចិនវិនិយោគជិត ២ពាន់លានដុល្លារ នៅកូរ៉េខាងត្បូង ៩ពាន់លានដុល្លារ ចិនវិនិយោគនៅអូស្ត្រាលីជាង ៥ពាន់លានដុល្លារ នៅក្នុងអាស៊ាន ១០ប្រទេសលុយចិនវិនិយោគ ២៥ពាន់លានដុល្លារ ឆ្នាំ២០២៣។ ឃើញចិនវិនិយោគច្រើននៅយើង សួរថាក្នុងអាស៊ានប្រទេសទាំង ១០ហ្នឹងចិនវិនិយោគនៅប្រទេសណាច្រើនជាងគេ? ខ្មែរយើង ចិនវិនិយោគច្រើនជាងគេលេខ៨ នៅសិង្ហបុរី ១៣ពាន់លានដុល្លារ ចិនវិនិយោគនៅឥណ្ឌូនេស៊ី ៤ពាន់លានដុល្លារកន្លះ ចិនវិនិយោគនៅវៀតណាម ២ពាន់លានដុល្លារកន្លះឆ្នាំ ២០២៣។ ចិនវិនិយោគនៅម៉ាឡេស៊ី ២,២ពាន់លានដុល្លារ ចិនវិនិយោគនៅថៃ ១ពាន់លានដុល្លារ ចិនវិនិយោគនៅហ្វីលីពីន ដែលឧស្សាហ៍មានរឿងសមុទ្រ ៩០០លានដុល្លារ។ ចិនវិនិយោគនៅភូមាដែលកំពុងតែសង្គ្រាមនេះ ៤០០លានដុល្លារ។ ចិនវិនិយោគនៅខ្មែរតែ ៣០០លានដុល្លារទេ។
(១៧) មិនឃើញថាប្រទេសទទួលបានវិនិយោគច្រើនពីចិនបាត់អធិបតេយ្យភាព និង/ឬឯករាជ្យភាពទេ
បើទាំងគ្នាថាចិនមកវិនិយោគនៅតែខ្មែរៗ បាត់អធិបតេយ្យភាព។ សួរប្រទេសអាស៊ានទាំង១០ ហេតុអីក៏សិង្ហបុរី មាន ១៣ពាន់លានដុល្លារ? ឥណ្ឌូនេស៊ី ៤ពាន់លានដុល្លារជាង? ថៃ ១ពាន់លានដុល្លារ ហ្វីលីពីនដែលមានបញ្ហាជាមួយគ្នា ៩០០លានដុល្លារ ហេតុអីអាមេរិកឱ្យចិនទៅវិនិយោគ ២៨ពាន់លានដុល្លារ? ហេតុអីក៏អឺរ៉ុបក្នុងរយៈពេលជិត ១០ឆ្នាំ ឱ្យចិនទៅវិនិយោគជាង ១៦០ពាន់លានដុល្លារ? សួរថាប្រទេសទាំងអស់ហ្នឹងបាត់បង់អធិបតេយ្យភាព ឯករាជ្យភាពដោយសារវិនិយោគចិនទេ? ថាអត់ទេ។ កម្ពុជាក៏ដូចគ្នា។ ប្រទេសនីមួយៗមានកាតព្វកិច្ចទៅប្រទេស ទៅប្រជាជនរៀងៗខ្លួន។ សាច់គោក៏គេយក ស្ពៃក៏គេយក ព្រោះគោហើយស្ពៃហ្នឹងវាជួយគ្នាទៅវិញទៅមករួចទៅហើយ។
អញ្ចឹងកម្ពុជាដែលមានវិនិយោគចិន ៣០០លានដុល្លារ នៅឆ្នាំ ២០២៣ ប្រៀបធៀបជាមួយប្រទេសអាស៊ានដទៃទៀត គឺយើងមានវិនិយោគពីចិនតិចណាស់ទី៨។ អញ្ចឹងសួរប្រទេសអាស៊ានដទៃទៀតដែលហៅចិនទៅវិនិយោគធំហ្នឹង គេមិនបាត់អធិបតេយ្យទេ ? អត់ទេ។ បងប្អូនអើយ រដ្ឋាភិបាលមួយណាក៏ដូចរដ្ឋាភិបាលមួយណាដែរ។ គេធ្វើការងារសហប្រតិបត្តិការដើម្បីកិច្ចការអភិវឌ្ឍរួម ផលប្រយោជន៍ជាតិទាំងអស់។ នេះគឺជាអ្វីដែលយើងធ្វើ តែយើងមិនឱ្យបាត់បង់អធិបតេយ្យភាពរបស់យើងទេ។ សួរថាកម្ពុជាយកតែក្រុមហ៊ុនចិនទេ? ថាអត់ទេ។ ខ្ញុំសូមបញ្ជាក់ថាកម្ពុជាយើងមិនមែនបើកច្រកតែក្រុមហ៊ុនចិន ឬមួយធ្វើការតែជាមួយចិននោះទេ។
(១៨) ផែសមុទ្ររាម បានទទួលនាវាជប៉ុន កំពុងត្រៀមទទួលនាវាវៀតណាម ឥណ្ឌា រុស្សី និងសហរដ្ឋអាមេរិក
ថ្ងៃទី៥ ខែមេសា ខ្ញុំសម្ពោធនូវហេដ្ឋារចនាសម្ព័ន្ធការធ្វើទំនើបកម្មជើងទឹករាមរបស់យើង ដែលកិច្ចសហប្រតិបត្តិការជាមួយចិន។ ឥណទានរបស់ចិន។ ថ្ងៃទី ១២មេសា ខ្ញុំសម្ពោធផ្លូវ និងស្ពាន៧១សេ ជាឥណទានរបស់ចិន។ នៅថ្ងៃទី ១៧ និង១៨ ប្រធានាធិបតីរបស់ចិន ស៊ី ជីងពីង បានមកទស្សនកិច្ចយើងចរចាកិច្ចព្រមព្រៀង ៣៧ទៀត។ នៅថ្ងៃទី ១៩ មេសា នាវារបស់ជប៉ុន កងទ័ពជើងទឹកជប៉ុនចូលមក។ យើងសហប្រតិបត្តិការសន្តិសុខជាមួយនឹងគ្រប់ប្រទេសទាំងអស់ មិនថាតែចិន ជប៉ុនក៏ចូលមកស្វាគមន៍ដូចគ្នា។ ដាក់ពាក្យមកមានពីវៀតណាម ពីឥណ្ឌា ពីរុស្សី ត្រូវចូលមកផែហ្នឹងទៀត។ អញ្ចឹង ពេលដែលយើងធ្វើហើយកាន់តែរវល់ហើយ។ ខាងអាមេរិកក៏គិតថាមកទៀតដែរ។ យើងស្វាគមន៍ទាំងអស់។ មិនមែនយើងលើកប្រទេសទាំងមូល ទាំងកងកម្លាំងប្រដាប់អាវុធ តាំងពីថ្នាក់ក្រោមជាតិទៅដល់ថ្នាក់ជាតិដូចគេថា ឱ្យទៅចិនគ្រប់គ្រងនោះទេ។ យើងនៅរក្សាទំនាក់ទំនងជាមួយគ្រប់ប្រទេសទាំងអស់។ ជាក់ស្តែងកប៉ាល់ចិន កប៉ាល់ជប៉ុនចូលមក កំពុងតែសហប្រតិបត្តិការជាមួយយើង ហើយគ្មានអ្នកណាថាអីទេ។ ចិនក៏មិនជំទាស់ ប្រទេសណាក៏មិនជំទាស់ ព្រោះសិទ្ធិរបស់យើង ខ្ញុំសូមបញ្ជាក់បែបនេះ។
(១៩) ត្រៀមទទួលទស្សនកិច្ចនាយករដ្ឋមន្ត្រីថៃ ទៅប្រជុំអាស៊ាន ទៅប្រជុំនៅអឺរ៉ុប និងសម្ពោធព្រលាន TIA
អ្នកដែលនិយាយថាយើងលើកមួយប្រទេសទាំងកងកម្លាំងប្រដាប់អាវុធ(ឱ្យទៅចិន សូម)ចាំមើលជាក់ស្តែង។ គេផ្សាយថាកប៉ាល់ជប៉ុនចូលមក ២ថ្ងៃ ២២មេសាទៅវិញ។ ថ្ងៃ ២១ មេសា ខ្ញុំសម្ពោធផែដែលជាឥណទានរបស់ ADB។ ស្អែកខ្ញុំទៅសម្ពោធក្រុមហ៊ុន Ford វិនិយោគរបស់អាមេរិក។ ថ្ងៃ ២៣ និង២៤ មេសា នាយករដ្ឋមន្ត្រីថៃមកទស្សនកិច្ច។ ចុងខែឧសភា ខ្ញុំត្រូវទៅប្រជុំអាស៊ាននិងជួបជាមួយមេដឹកនាំប្រទេសទាំងនោះ បូកជាមួយទស្សនកិច្ចផ្លូវការនៅជប៉ុន។ ខ្ញុំទៅធ្វើទស្សនកិច្ចនៅទីនោះទៀត មិនផ្តាច់មុខជាមួយអ្នកណាទេ។ ពាក់កណ្តាលឆ្នាំ ខ្ញុំនឹងទៅប្រជុំនៅអឺរ៉ុបជួបបណ្តាមេដឹកនាំអឺរ៉ុបថែមទៀត។ អត់មានអីដែលថាកម្ពុជាត្រូវកាត់យកប្រទេសណាទុកប្រទេសណាទេ។ ខែកក្កដា យើងនឹងសម្ពោធព្រលានយន្តហោះនៅភ្នំពេញ/TIA។
ព្រលានយន្តហោះនៅសៀមរាបជាឥណទានរបស់ចិន តែភ្នំពេញជាឥណទានរបស់វិស័យឯកជនដែលមានការចូលរួមពីក្រុមហ៊ុនអង់គ្លេស ក្រុមហ៊ុនអាមេរិកាំង ក្រុមហ៊ុនសិង្ហបុរី និងក្រុមហ៊ុនបារាំង។ អញ្ចឹងសួរថា កម្ពុជាយកមួយណា? យើងយកទាំងអស់។ មិនត្រឹមតែយកសាច់គោនិងស្ពៃទេ យើងយកទាំងសាច់ត្រី យើងយកទាំងផ្លែឈើ យើងទាំងអីទាំងអស់ដែលធ្វើឱ្យសុខភាពរបស់យើងកាន់តែរឹងមាំ កាន់តែជីវភាព (ល្អ) ចូលប្រជាពលរដ្ឋរបស់យើង។ យើងមិនគិតតែក្នុងក្របខណ្ឌអាមេរិកនិងចិនទេ យើងធ្វើទំនាក់ទំនងទាំងជប៉ុន ទាំងកូរ៉េ ទាំងប្រទេសក្នុងអាស៊ាន។ រដ្ឋាភិបាលនេះធ្វើការដើម្បីទាញយកផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ តិចច្រើនមិនបានគ្រប់តាមវិស័យគ្រប់តាមតម្រូវការគ្រប់គ្នានោះទេ។
(២០) និយាយកុហក គ្មានសច្ចៈភាព លំអៀង តែបើប្រជាពលរដ្ឋដឹង ដូចសើយគូទឱ្យទាត់
ថ្ងៃណាស្រូវធ្លាក់ថ្លៃ គេជេរយើងរឿងស្រូវថោក។ នៅពេលដែលស្រូវឡើង ថ្លៃគេអត់មាត់ទេ។ គេជេរយើងរឿងអត់មានទេសចរ ពេលដែលទេសចរមកពេញ គេអត់មាត់ទេ គេទៅជេរយើងរឿងស្អីផ្សេងទៀត។ អ៊ំពូមីង ប្រជាពលរដ្ឋអើយ ពិតណាស់រដ្ឋាភិបាលមិនអាចដោះបានគ្រប់រឿងទេ។ ប៉ុន្តែអ៊ំពូមី បងប្អូន អ្នកណាដែលមានកូន អ្នកណាដែលមានឪពុកម្តាយ ទោះបីជាឪពុកម្តាយមិនអាចដោះស្រាយគ្រប់ពេលវេលាតាមតម្រូវការកូន ក៏ត្រូវតែយល់ការខិតខំរបស់ឪពុកម្តាយ ខិតខំដោះឱ្យបានជូនកូនគ្រប់បែបយ៉ាងដែរ។ កុំឱ្យអ្នកជិតខាងមើលពីក្រៅអត់ធ្វើអីសោះមកដល់ ចាប់តែមើលបំណាំមួយ។ ទារម្តាយទិញ (ម៉ូតូ) Fino ម្តាយអត់មានលុយឱ្យ ថាស្អប់ម្តាយ… អញ្ចឹង បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រជាកសិករយើង កម្មករ/ការិនីរបស់យើង ពិតណាស់ពេលខ្លះមានការលំបាក ប៉ុន្តែសួរថាតើអ្នកណានៅជាមួយបងប្អូន? រាជរដ្ឋាភិបាល។ ការងារដែលមានជាង ១លាននេះ នៅក្នុងវិស័យកាត់ដេរ ដែលឥឡូវគេកំពុងបន្លាចថា(តែកាលណា)បាត់ ជាកំហុសរបស់រដ្ឋាភិបាល។
១០០ ប្រទេសជាង ទូទាំងពិភពលោកជាប់ពន្ធរបស់អាមេរិក។ តើ ១០០ប្រទេសហ្នឹង ជាកំហុសរបស់រដ្ឋាភិបាលទាំងអស់ ឬការសម្រេចចិត្តមួយរបស់អាមេរិកនៅក្នុងការគិតគូរពីពាណិជ្ជកម្មរបស់គាត់។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលខិតខំត្រៀមលក្ខណៈចរចា ការពារផលប្រយោជន៍ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា ១លាននាក់ជាងនេះ ប្រាក់ខែអប្បបរមាតាំងពី ៤០ដុល្លារ ឡើងមកដល់ជាង ២០០ដុល្លារ ខ្ពស់ជាងប្រទេសមួយចំនួននៅក្នុងតំបន់ដែលជាដៃគូប្រកួតប្រជែងរបស់យើង ដូចជា បង់ក្លាដេស។ ប្រាក់ខែអប្បបរមា យើងក៏ខ្ពស់ជាងតំបន់ខ្លះរបស់វៀតណាមផងដែរ។ បានប៉ុណ្ណេះដោយសាររាជរដ្ឋាភិបាលខិតខំតស៊ូ ដើម្បីទាញផលមកប្រជាពលរដ្ឋ។ ទោះបីជាលំបាកខ្លះអីខ្លះ សូមឱ្យបងប្អូនប្រជាពលរដ្ឋ ពលករ កម្មករ/ការិនី ជឿទុកចិត្តទៅលើរដ្ឋាភិបាល។ យើងខិតខំថែរក្សា កសាងដើម្បីបានផលដល់បងប្អូន ហើយយើងនឹងខិតខំតស៊ូបន្តទៅទៀតជូនបងប្អូនរបស់យើង។
យើងឆ្នាំនេះស្រូវមិនសូវបានថ្លៃ ស្វាយចន្ទីបានល្អ ជាង ៥.០០០(រៀល) ហើយឥឡូវ។ ពីដើមខែពេលដែលប្រមូលទិញវាធ្លាក់ចុះបន្តិច ៤.០០០(រៀល) គេជេរយើងដូចព្យុះ។ ដល់ពេលឡើង ៥.០០០(រៀល) គេអត់មានសរសើរយើងទេ។ យើងខិតខំទាញវិនិយោគ ផលិតនាំចេញត្រង់ទៅប្រទេសផ្សេងៗ ទៅអឺរ៉ុបទៅអី។ ឥឡូវស្វាយចន្ទីទៅក្រៅប្រទេស។ អង្ករយើងនាំចេញទៅក្រៅប្រទេសសូម្បីទីផ្សារអាមេរិកក៏យើងនាំទៅមួយចំនួន តែមិនមែនគ្រប់ទីផ្សារទេ។ មានម្នាក់នោះទៅថតផ្សារមួយនោះហើយជេរថាអត់ឃើញអង្ករខ្មែរនៅហ្នឹង? មកពីលោកឯងទៅយក Brand ផ្សារដែលអត់មានអង្ករខ្មែរ។ ចុះមិនទៅមើលផ្សារដែលមានលក់អង្ករខ្មែរនៅ Long Beach ហ្នឹងទៅ។ គេមិនអាចយកអង្ករយើងទៅលក់គ្រប់ទីផ្សារនៅអាមេរិក ទីផ្សារអាមេរិកដូចនៅស្រុកខ្មែរគេមាន Lucky គេមានផ្សារជីបម៉ុង គេមានផ្សារ Aeon ផ្សារនីមួយៗគេមាន Brand ខុសៗគ្នា។ ផ្សារខ្លះគេមានកុងត្រាជាមួយ Brand ទឹកក្រូចនេះ ទៅគេដាក់ហ្នឹងទៅ។ នៅនោះដូចគ្នា។ អង្ករខ្មែរយកទៅលក់នៅបារាំងតែមិនលក់នៅគ្រប់ផ្សារនោះទេ។ បើអ្នកឯងចង់ឃើញ ដើរឱ្យគ្រប់ផ្សារសិនទៅ ចាំដើរអស់ផ្សារអត់មានចាំជេរ …។
ដូចរឿងចូលឆ្នាំអញ្ចឹងទៅថតតែម្នាក់លាត់អាវ ហើយថាវប្បធម៌ខ្មែររលាយអស់ហើយក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ចុះមិនទៅថតមើលកន្លែងដែលគេស្លៀកពាក់ប្រពៃណីមួយគរគោកថតរូប ទៅថតតែគេបាញ់ទឹក ប៉ាតម្សៅ ថារលាយអស់ហើយ … ចុះមិនថតកន្លែងដែលគេរៀបចំបោះអង្គញ់ ប្រជាពលរដ្ឋកំពុងលេងទាញព្រ័ត្រ មានតើ។ នេះហើយដែលខ្ញុំនិយាយថាភូត និយាយមិនមានសច្ចៈភាព និយាយលំអៀង។ ពេលខ្លះឯងរួចខ្លួនដោយសារប្រជាពលរដ្ឋអត់ដឹង ប៉ុន្តែប្រធានបទខ្លះប្រជាពលរដ្ឋមើលឃើញគ្រប់គ្នា ហើយអ្នកឯងនិយាយភូត ដូចជាសើយគូទឱ្យទាត់អញ្ចឹង បាត់មូលធននយោបាយរបស់ខ្លួន ប្រជាជនលែងជឿ។
(២១) យករូបភាពអវិជ្ជមានមកលាបលនថាខ្មែរកណ្តាលលែងគោរពប្រពៃណីវប្បធម៌ជាតិ គឺអ្នកកំពុងមើលងាយបងប្អូនប្រជាជនខ្មែរ ១៧លាននាក់ហើយ
ទៅជាមកស្តីឱ្យរដ្ឋាភិបាលថា “មិនលើកស្ទួយ(អត្តសញ្ញាណជាតិ)” នៅពេលដែលប្រជាជនរាប់លាននាក់គេឃើញថា មានកន្លែងលេងល្បែងប្រជាប្រិយ វាយក្អមវាយអី។ គ្រាន់តែអ្នកលេងទឹកវាច្រើនជាង ព្រោះវាយក្អម វាយអីគេរៀបចាំពេលព្រឹក។ មនុស្សទៅវត្តទៅអី។ ដល់ពេលយប់អត់មានអ្នកបោះអង្គញ់ទេ មានតែលេងបាញ់ទឹក។ ដល់ពេលអស់លោកមកចោទថា រដ្ឋាភិបាលធ្វើឱ្យរលាយវប្បធម៌ វាចប់ហើយ។ គេចូលចិត្តយកខ្មែរកម្ពុជាក្រោម ដែលកំពុងរាំរបាំប្រពៃណីលើឆាក និងដាក់ខ្មែរលើព្យុហយាត្រាប្រពៃណី មកប្រៀបធៀបនឹងរូបខ្មែរកណ្តាលយករូបបាញ់ទឹក។ បើថានៅគ្រប់កន្លែងយករូបបាញ់ទឹកអត់មានរៀបចំ ចុះនៅខ្មែរកណ្តាលរៀបចំសំដែងល្ខោនយីកេ រៀបចំល្ខោនខោល រៀបចំទាញព្រ័ត្រនៅអង្គរសង្ក្រាន្ត រៀបចំទាំងល្បុក្កតោ គុនខ្មែរ យករូបហ្នឹងមកដាក់ទៅ មិនស្រួល។
សួរថានៅខ្មែរលើ ក្រៅពីរាំនៅលើឆាកហ្នឹងចប់ ក្មេងៗហ្នឹងទៅណា? ពេលខ្លះទៅប៉ាតម្សៅដូចតែគ្នាតើ។ បើអ្នកយករូបភាពទាំងអស់យកមកដាក់ដើម្បីឱ្យមានយុត្តិធម៌ វិភាគបានគ្រប់ជ្រុងបែបនេះ បានន័យថាបើសិនជានៅគ្រប់កន្លែងនៅស្រុកខ្មែរចោលប្រពៃណីវប្បធម៌ ជេរចុះរិះគន់ចុះ។ ប៉ុន្តែបើត្រឹមតែយករូបភាពខ្លះដែលវាចំណុចអវិជ្ជមាន ហើយយកមកប៉ាតថាប្រជាជនខ្មែរកណ្តាលលែងគោរពប្រពៃណីវប្បធម៌ហើយ ខ្ញុំជឿថាបងប្អូនកំពុងតែមើលងាយបងប្អូនប្រជាជនខ្មែរ ១៧លាននាក់ ដែលនៅក្នុងប្រទេសដែលរក្សាប្រពៃណីវប្បធម៌របស់ខ្លួន។ មិនមែនស្រឡាញ់វប្បធម៌តែអ្នកលើអ្នកក្រោមទេ អ្នកកណ្តាលនេះក៏រក្សាប្រពៃណីវប្បធម៌។ ក្នុងវិស័យសាសនាប៉ុល ពត សម្លាប់ព្រះសង្ឃអស់ ឥឡូវមានជាង ៦ម៉ឺនអង្គ។ តាំងពីសាលាដែលយើងមានសល់ប៉ុន្មាន ឥឡូវសាលារាប់ម៉ឺនកន្លែងដើម្បីកូនខ្មែររៀនសូត្រ។ សិល្បៈតាំងពីទម្រង់ខ្លះបាត់ជំនាន់ ប៉ុល ពត ឥឡូវឡើងមកវិញយើងរៀបចំល្ខោនខោល យើងដាក់ទាំងបេតិកភណ្ឌពិភពលោកទៀត សម្លៀកបំពាក់ខ្មែរ ពិធីការ ក្រមាយើង មិនត្រឹមតែអបអរសាទរក្នុងស្រុកទេយើងរុញដាក់បិតិកភណ្ឌរូបិយរបស់ពិភពលោក របស់មនុស្សជាតិទៀតដើម្បីលើករបស់យើង។
(២២) ខ្មែរ១៧លាននាក់ នាំក្បាច់គុន/រៀបចំឯកសារចុះបញ្ជីសង្ក្រាន្ត ជាបេតិកភណ្ឌពិភពលោក និងកំពុងត្រៀមទទួលវត្ថុសិល្បៈ២០ ដែលបានបាត់បង់សម័យសង្គ្រាម ពីប្រទេសថៃ
សួរថាប៉ុណ្ណឹងហើយ នៅមិនបានថែទាំ និងលើកតម្កើងវប្បធម៌របស់យើងទេឬ? យើងបានរុញគុនខ្មែរ ល្បុក្កតោ ចូលទៅចុះបញ្ជី និងរៀបចំចុះបញ្ជីសុំសង្រ្កាន្តនៅកម្ពុជាថែមទៀត។ យើងធ្វើម៉េចការពារវប្បធម៌សិល្បៈរបស់យើង យើងថែទាំប្រាសាទបុរាណរបស់យើង។ ប្រាសាទដែលធ្លាប់តែត្រូវបានលួចក្បាលចម្លាក់យកទៅលក់ពេលយើងវាយគ្នា ឥឡូវយើងទៅប្រមូល(មកវិញ) ។ សប្តាហ៍នេះយើងត្រូវយក ២០រូបទៀតមកពីថៃមកវិញ ព្រោះពេលដែលវាយគ្នា នៅតាមប្រាសាទមួយចំនួន គេលួចយកទៅលក់នៅថៃតាំងពីឆ្នាំ ១៩៨០-១៩៩០។ ឥឡូវយើងទៅសុំយកមកវិញ។ ថ្ងៃមុនយកមកពីអាមេរិក សួរថានេះឬមិនថែទាំវប្បធម៌ដូនតារបស់យើង? នេះជាអ្វីដែលយើងខិតខំរួមគ្នា ហើយអ្នកណាអ្នកធ្វើ គឺខ្មែរកណ្តាលអ្នកធ្វើ ប្រជាជនរបស់យើងនៅ ១៧ លាននាក់នេះ។ បងប្អូនអាចឃើញមានភាពមិនពេញចិត្តនូវសកម្មភាពមួយចំនួន មិនមែនល្អឥតខ្ចោះទេ ។ ប៉ុន្តែ យើងកុំទុទ្ទិដ្ឋិនិយមផ្តោតលើអាហ្នឹងខ្លាំងពេក។ ដើមឈើមួយដើម ពីរដើមរួមគ្នាជួសជុលវាទៅ ថែទាំវាទៅឲ្យវាល្អឡើងវិញ។
(២៣) ក្នុងចំណោមប្រជាជនពលរដ្ឋ ១៧លាននាក់ អ្នកដើរលេងសង្ក្រាន្តមាន ២៤លាន/ដងនាក់
យើងត្រូវអបអរសាទរ និងខិតខំពូនជ្រុំព្រៃដែលនៅល្អ ហើយរួមគ្នាថែទាំសិល្បៈវប្បធម៌របស់យើងតទៅទៀត។ បុណ្យចូលឆ្នាំថ្មីត្រូវតែធ្វើតទៅទៀត ហើយរួមគ្នាធ្វើឲ្យបានល្អពីមួយឆ្នាំទៅមួយឆ្នាំ។ ឆ្នាំនេះ អ្នកដើរលេងសង្ក្រាន្តកើនជាងឆ្នាំមុនជិត ១០ភាគរយ។ គេរាប់ទៅឃើញមាន ២៤លានដង/នាក់។ គេនាំគ្នាចេញមកជេរ បានមួយប្រាវទៀត។ ខ្ញុំយល់ថាប្រជាជនយើង ១៧លាននាក់។ ហេតុអ្វីក៏មានអ្នកដើរលេងដល់ ២៤លាននាក់? រឿងនេះក្រសួងទេសចរណ៍បកស្រាយហើយ។ វាទាក់ទងទៅនឹងនីតិវិធីក្នុងការរាប់ ដែលមនុស្សម្នាក់អាចរាប់ច្រើនដង ដោយសារមនុស្សម្នាក់អាចដើរទៅច្រើនគោលដៅ។ ជួនកាលអ្នកកំពតមួយថ្ងៃហ្នឹងគាត់មកភ្នំពេញទៅវត្តភ្នំ យប់ឡើងផ្លូវល្បឿនលឿនជិះទៅលេងកំពង់សោម។ អញ្ចឹងគេរាប់គាត់ម្នាក់ទៅជា ៣ រួចទៅហើយ។ វិធីនេះកម្ពុជាមិនមែនអ្នករាប់បំភ្លៃទេ គឺវិធីដែលគេរាប់នៅទូទាំងពិភពលោក។ គេមិនអាចរាប់ដូចនៅក្នុងសួនកំសាន្តទេ។ សួនកំសាន្តឧទាហរណ៍ដូចនៅ Disney អញ្ចឹងមានកន្លែងលេងច្រើននៅក្នុង។ ប៉ុន្តែមនុស្សម្នាក់ទិញសំបុត្រមួយ អញ្ចឹងគេឆែកអ្នកចូល ហ្នឹងគេរាប់បាន។ អ្នកឯងចូលទៅក្នុងលេងស្អីគេមិនរាប់ទេ។
ឥឡូវឲ្យអ្នកកំពតទៅរាប់ម៉េច។ ឲ្យសំបុត្រចូលឬយ៉ាងម៉េច? អត់ទេ។ គេមើលម្តុំហ្នឹង គេគុណមើលប្រហែលប៉ុន្មាន។ ត្រូវទេ? ខេត្តមិនអាចចូលទៅបាញ់ទឹកនៅវិមានឯករាជ្យរាប់ទេ។ ចូលចេញទៅ គេគុណការេមើលគេវាយតម្លៃ។ ការេម្តុំនេះប៉ុន្មានការេគុណមើលប្រហែលប៉ុន្មាន។ ការរាប់បែបនេះ អ្នកខ្លះថារាប់៣ ទៅ៤ ដង។ ខ្ញុំថាដូចនិយាយអញ្ចឹង អ្នកខ្លះគេរាប់ ១០ដង បើសកម្ម។ បើគាត់មួយថ្ងៃហ្នឹងដើរ ៥ខេត្ត ឧទាហរណ៍ ភ្នំពេញព្រឹក ថ្ងៃទៅកំពង់ឆ្នាំង ទៅពោធិ៍សាត់ ទៅបាត់ដំបងចូលកន្លែង គេរាប់ហើយ។ អញ្ចឹង ២៤ លាននាក់នេះ បានន័យថាចំនួនដងនាក់។ ហ្នឹងយើងអាចហៅថាដងនាក់។ ម្នាក់ច្រើនដងអញ្ចឹងទៅ។ បើថែមពាក្យដងនាក់ត្រូវជាង។ ម្នាក់បូកនឹងដង បានន័យថាដូចម្នាក់ចូលរៀន ២ដងអញ្ចឹង។ គេរាប់ ២ដងនាក់។ យើងភ្លេចពាក្យដងហ្នឹង។ ដងហ្នឹងបានន័យថាចំនួនគាត់ទៅនៅកំពតឧទាហរណ៍ទៅលេងនៅកន្លែងបាញ់ទឹកហ្នឹង ៣ថ្ងៃ គេរាប់ ៣ដងបាត់ហើយ ម្នាក់គុណនឹង៣ ហើយ។ អញ្ចឹងអ្នកកំពត ២ ម៉ឺននាក់ ម៉េចថា ៦ ម៉ឺននាក់ មកពី ២ ម៉ឺននាក់ទៅលេង ៣ ដង។ ខ្ញុំគិតថាមិនគួរណាជជែកគ្នាអារឿងតិចតួចហ្នឹងទេ បើមិនអញ្ចឹងទេ រវល់តែជជែកគ្នារឿងតិចតួច វាធ្វើឲ្យអាក់ គេថាស្មុគ្រស្មាញ។ មានអីយោគយល់គ្នាទៅ។
(២៤) រួមគ្នាបង្កើតផ្នត់គំនិត/ធ្វើសកម្មភាពវិជ្ជមាន បង្កើតសមិទ្ធផលវិជ្ជមានជូនជាតិនិងប្រជាជន និងកុំបង្កើតហេតុការណ៍ចាំអំពីគ្នានូវរឿងមិនល្អមួយជីវិត
ប៉ុន្មានថ្ងៃនេះ ឃើញរឿងចាក់សាំង។ ខ្ញុំថាយោគយល់គ្នាទៅ។ រឿងហ្នឹងបើសិនជាលុយអាប់ មិនលុយអាប់នេះ ខ្ញុំមិននិយាយទេ ខ្ញុំមិនកាន់ជើងអ្នកណាទេ តែដោយសារខ្ញុំធ្លាប់លើករឿងនេះកាលពីទិវាសិល្បករ ខ្ញុំថាបងប្អូនខ្លះ រឿង Facebook រឿងអីហ្នឹង ពេលដែលយើងមានបញ្ហាច្រើន តែទៅប្តឹងអ្នកទី៣ តាមរយៈ Facebook អត់ជជែកគ្នាទេ។ អញ្ចឹងរឿងនេះ បើមិនឈានទៅដល់ហ្នឹងទេ តែចូលដល់អ្នកទី៣ ទី៤ … ព្រឹកមិញមកមិនទាន់ចប់ទៀត។ នៅមានអ្នកចេញគាំទ្រសងខាង។ មានអ្នកខ្លះគាំទ្របងស្រីម្នាក់អ្នកចាក់សាំង មានអ្នកខ្លះគាំទ្រអ្នកម្ចាស់ឡានទៅ។ ហ្នឹងវាមិនគួរជារឿងសោះ។ បើសិនយើងចេះយោគយល់គ្នា ខ្វះខាតអីនិយាយគ្នាទៅ … សូមឲ្យអំពាវនាវឲ្យបញ្ចប់ទៅ។ រឿងអ្វីដែលយើងត្រូវស្មុគ្រស្មាញ? យើងត្រូវអបអរសាទរបុណ្យចូលឆ្នាំខ្មែរសប្បាយរីករាយដោយអត់មានបញ្ហា សប្បាយទាំងអស់គ្នា យើងចាប់ផ្តើមឆ្នាំថ្មីដោយរឿងសប្បាយៗ រឿងល្អ ដើម្បីឲ្យប្រទេសរបស់យើងកាត់តែវិវត្តទៅមុខ។
អ្នកដែលចូលរួម បើវិភាគរឿងចាក់សាំង រឿងលុយអីនេះ ខ្ញុំសូមថាគួរបញ្ចប់ទៅ គ្មានអ្នកឈ្នះទេ។ អ្នកទាំងពីរនាក់ ទាំងម្ចាស់ឡាន និងអ្នកចាក់សាំងនេះគឺត្រូវបានគេស្គាល់ធ្វើរឿងតូច ឥឡូវរាប់លាននាក់បានឃើញទៅហើយ វានៅជាមួយនឹងពួកគាត់រាប់សិបឆ្នាំ។ ធ្វើឲ្យល្អក់កករទំនាក់ទំនងរវាងមនុស្សដែលមិនស្គាល់គ្នាសោះ។ បើមានរឿងអ្វី អាចជជែកគ្នា ហើយទៅបាត់សោះ លែងចាំមុខគ្នា។ ឥឡូវចាំមុខគ្នាមួយជីវិត ហើយចាំគ្នារឿងមិនល្អទៀត។ ខ្ញុំគិតថាចូលឆ្នាំថ្មីនេះ គួរយកគម្រូមានអ្វីគោរពគ្នា មានអ្វីយោគយល់គ្នា លើសខ្វះយើងនិយាយគ្នា សាមគ្គីគ្នា ក្នុងនាមជាខ្មែរ។ យើងរួមគ្នាឈប់យកអារឿងតិចតួចជាបញ្ហាដើម្បីបញ្ចប់ទៅ។ ខ្ញុំមិនបកស្រាយ កាន់ជើងអ្នកណាទេ ប៉ុន្តែអ្វីដែលសំខាន់ ខ្ញុំថាយើងរួមគ្នាបង្កើតផ្នត់គំនិតវិជ្ជមាន ធ្វើសកម្មភាពវិជ្ជមាន យោគយល់ស្រលាញ់គ្នាក្នុងស្មារតីវិជ្ជមានដើម្បីបង្កើតសមិទ្ធផលវិជ្ជមានជូនជាតិ និងប្រជាជន និងខ្លួនយើងបន្តទៀតសុំតែប៉ុណ្ណឹងសម្រាប់ឆ្នាំថ្មី ចូលជាមួយរដ្ឋាភិបាល។
(២៥) រួមគ្នាបម្រើប្រជាពលរដ្ឋថ្នាក់ជាតិ/ក្រោមជាតិជំរុញទៅមុខនាវាដែលកំពុងប្រឈមនឹងព្យុះភូមិសាស្រ្តនយោបាយសន្តិសុខនិងសេដ្ឋកិច្ចមិនស្រាកស្រាន្ដ
អ្នកដែលមានទុទ្ទិដ្ឋិនិយមខ្ញុំមិនអាចហាមគេមិនឲ្យគិតទេ អ្វីដែលមានគឺទៅចុះ ប៉ុន្តែអ្វីដែលសំខាន់ គឺយើងបន្តរួមគ្នា មន្រ្តីរាជការរបស់យើង រាជរដ្ឋាភិបាលរបស់យើងទាំងអស់គ្នាសូមបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យបានល្អ។ កិច្ចការអ្វីត្រូវខិតខំដោះស្រាយឲ្យបានល្អ មានការងារឆកល្វែងកន្លែងណាត្រូវដោះស្រាយ ហើយមានការពន្យល់ឲ្យបានច្រើន។ កន្លែងខ្លះ ដោយសារការមិនពន្យល់ រឿងវាមិនអញ្ចឹងទេ តែដោយសារការពន្យល់មិនបានច្បាស់លាស់វាទៅជារឿងផ្សេង ធ្វើឲ្យមានការយល់ច្រឡំ រឿងតូចក្លាយទៅជារឿងធំ។ រឿងដែលអាចបញ្ចប់បានក្នុងរយៈពេលមួយនាទីឬ ១០នាទី ក្លាយទៅជារឿងអពមង្គលមួយជីវិត។ យើងមិនចង់ឲ្យមាន។ សូមមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់គ្រប់វិស័យគ្រប់ប្រភេទរួមគ្នាបម្រើប្រជាជន ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិជួយជំរុញនាវារបស់យើងទៅមុខ (ដែលកំពុងប្រឈមនឹង)ព្យុះនៃភូមិសាស្រ្តនយោបាយទាំងសន្តិសុខ ទាំងសេដ្ឋកិច្ច មិនស្រាកស្រាន្ដ។ បើនៅលើទូកជាមួយគ្នា អ្នកកាន់ចង្កូតមានលំនឹង គោលនយោបាយច្បាស់ ប្រជាពលរដ្ឋយើងជួយចូកជួយចែវ កុំយកជើងរាទឹក ជួយដាស់តឿនគ្នានូវចំណុចអវិជ្ជមាន ជួយប៉ះប៉ូវគ្នា ជួយកសាងរួមគ្នា នោះប្រទេសជាតិយើងកាន់តែល្អ សំពៅរបស់យើង ទូករបស់យើងកាន់តែទៅ(មុខ) មិនថាព្យុះមកពីណា យើងមិនលិច យើងមិនថយទេ។
សូមរួមគ្នាកសាងសមិទ្ធផលបន្ថែមជាមួយរដ្ឋាភិបាល ដើម្បីយើងកសាងប្រទេសមួយដែលកាន់តែរីកចម្រើន ដែលមានភាពធន់ ទោះបីជាព្យុះបោកបក់យ៉ាងណា យើងមិនធ្លាក់ចូលក្នុងសមុទ្រនៃសង្រ្គាម ឬមួយក៏ធ្លាក់ចូលទៅក្នុងការបែកបាក់លិចទូករបស់យើងនោះទេ។ សំខាន់បំផុត សាមគ្គី ឯកភាពជាតិរបស់យើង ត្រូវតែថែរក្សា។ បើសាមគ្គីភាព ឯកភាពជាតិ យើងថែរក្សាទូករបស់យើងមិនលិចទេ។ បើយើងចែវទូកទៅជាមួយគ្នា យើងទៅមុខលឿន នេះជាអ្វីដែលជាកិច្ចការសំខាន់ វាបាក់កន្លែងណា វាធ្លាយកន្លែងណា ជួសជុលវាទៅ កុំវាយគ្នានៅលើទូក កុំដល់ម៉ោងរុញគ្នាទម្លាក់ទឹកព្រោះនៅសល់ស្បៀងតិច។ ត្រូវខិតខំរកស្បៀងបន្ថែមទៀត ដើម្បីរស់ឲ្យបានច្រើនទាំងអស់គ្នា នេះជាអ្វីដែលជាកិច្ចការសំខាន់។
(២៦) រុញនាវាកម្ពុជាឲ្យលេចត្រដែតលើឆាកអន្តរជាតិនិងតំបន់ ទាញផលពីការវិនិយោគជូនប្រជាពលរដ្ឋ
រដ្ឋាភិបាលនៅជាមួយនឹងបងប្អូន រដ្ឋាភិបាលគិតគូរពីផលប្រយោជន៍ប្រជាពលរដ្ឋ រដ្ឋាភិបាលគិតគូរពីការការពារទឹកដី ការការពារអធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា។ នេះជាអ្វីដែលយើងបានធ្វើ ហើយយើងនឹងបន្តធ្វើ មិនត្រឹមតែលើក្រដាសក្នុងសេចក្តីថ្លែងការរួមដែលយើងបញ្ជាក់ពីការការពារនោះទេ។ ប៉ុន្តែសកម្មភាពដែលខ្ញុំរៀបរាប់បន្តិចអម្បាញ់មិញនេះ នៅក្នុងពេលនេះទៅដល់ ៣ ឬ ៤ ខែទៀតគឺខ្ញុំនឹងត្រូវប្រទាក់ក្រឡាការសម្ពោធ និងការទាក់ទាញទាំងផ្លូវរដ្ឋ និងផ្លូវឯកជនជាមួយគ្រប់បណ្តាប្រទេសទាំងអស់ មិនថាតែចិននោះទេ ទាំងជប៉ុន ទាំងអឺរ៉ុប ទាំងបណ្តាប្រទេសផ្សេងៗទាំងអស់នៅក្នុងតំបន់ និងលើពិភពលោក។
យើងនឹងបន្តធ្វើដើម្បីរុញនាវាកម្ពុជារបស់យើងឲ្យលេចត្រដែតនៅលើឆាកអន្តរជាតិ និងឆាកតំបន់ និងទាញផលប្រយោជន៍ការវិនិយោគបន្ថែមជូនប្រជាពលរដ្ឋរបស់យើង។ យកទាំងសាច់គោ យកទាំងស្ពៃ យកទាំងផ្លែឈើ យកទាំងត្រី យកទាំងបង្គា យកទាំងមាន់ យកទាំងអស់អ្វីក៏ដោយឲ្យតែផលប្រយោជន៍សុខភាពសម្រាប់ប្រជាពលរដ្ឋយើងយកទាំងអស់។ នេះជាសិទ្ធិឯករាជ្យភាពរបស់កម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា នឹងដាច់ខាតត្រូវតែការពារ និងដើរផ្លូវនេះ អត់មានទៅណាទេ។ អញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋជឿចុះ។
(២៧) បើយករូបមន្តដំណើរការដូចវិស័យឯកជន គួរយកអ្នកចេះដឹងកិច្ចការ business ឲ្យមកគ្រប់គ្រង
សូមត្រឡប់មកការសម្ពោធរបស់យើងថ្ងៃនេះវិញ។ ឯកឧត្តម ប៉េង ពោធិ៍នា បានបញ្ជាក់មុនហើយថាឈានទៅប្រកាសនិងបើក(ឱ្យដំណើរការគ្រប់គ្រង)ផែនេះឲ្យដើរ ដើម្បីវាយតម្លៃនូវផលប៉ះពាល់ ៣ខែ។ ឥឡូវ រាងច្រើនជាង ៣ខែបន្តិច ដើម្បីយើងធ្វើការវាយតម្លៃជួសជុលកែសម្រួលកន្លែងណាឲ្យបានល្អ ពេលដែលយើងបើកដំណើរការទៅ។ អញ្ចឹងផែនេះមិនមែនធ្វើបោះចោល ឬមួយសម្ពោធគ្រាន់តែជាឡប់ឡែនោះទេ។ យើងសម្ពោធកន្លែងនេះដោយមានភាពប្រាកដប្រជា និងភាពជាដៃគូ ហើយការដាក់រូបមន្តកន្លែងនេះ គឺជារូបមន្តលើកទី ១ ដែលយើងបានធ្វើនៅក្នុងរូបភាពជា PPP កន្លងទៅ PPP មានរូបភាពជា BOT ដែលថាវិនិយោគគាត់មក កន្លែងនេះគឺរដ្ឋយើងវិនិយោគ ប៉ុន្តែយើងឲ្យ PPP ក្នុងការគ្រប់គ្រងប្រតិបត្តិ ប៉ុន្តែទ្រព្យសម្បត្តិនេះជារបស់រដ្ឋដដែល ដែលយើងធ្វើជាមួយដៃគូ … ផែនេះជាស្ពានជាច្រកដើម្បីទាញយកកម្លាំងសេដ្ឋកិច្ច យកមកចិញ្ចឹម យកមកបង្កើនសក្តានុពលខេត្តកំពត ខេត្តកែប បន្ថែមទៀត។
យករូបមន្តណាក៏ដោយ ឲ្យតែផែនេះដើរ មានការគ្រប់គ្រងថែទាំបានល្អ មានសេវាបានល្អ គឺនឹងទាញមនុស្សមកហើយ។ ប្រជាជនអ្នកកំពតជាអ្នកបានផលនៅទីនេះ។ មិនមែនតែអ្នកកំពតទេ អ្នកកំពង់សោមដែលចង់មកលេងកំពតតាមផែនេះក៏បាន។ ទេសចរដែលមកប្រទេសជិតខាងពីថៃ ពីវៀតណាមចង់មកតាមផ្លូវទឹក មកតាមទីនេះក៏បាន ប្រជាពលរដ្ឋចង់ទៅលេងថៃទៅលេងវៀតណាមតាមនេះក៏បាន។ ហ្នឹងធ្វើឲ្យកន្លែងនេះដើរកាន់តែល្អ។ អញ្ចឹងរូបមន្ត PPP នេះជាការអនុវត្តជាក់ស្តែង។ ការសាងសង់ជាជំហានមួយទេ។ ធ្វើឲ្យវាដើរជារឿងមួយទៀត។ អញ្ចឹងបើសិនជាយករូបមន្ត យកកន្លែងនេះធ្វើឲ្យវាដំណើរការដូចវិស័យឯកជន គួរតែយកអ្នកវិស័យឯកជនដែលចេះដឹងកិច្ចការ business ឲ្យមកធ្វើ business កុំចាំបាច់រដ្ឋបង្កើតក្រុមហ៊ុនមួយយកមកធ្វើ business មកគ្រប់គ្រងធ្វើអី។
(២៨) ជួលអ្នកជំនាញក្នុងវិស័យឯកជនមកដឹកនាំ រដ្ឋធ្វើជាក្រុមប្រឹក្សាភិបាលគ្រប់គ្រងផែ
យើងបង្កើតហ្នឹងរបៀបសហគ្រាសសាធារណៈរបស់រដ្ឋ។ ខ្ញុំឲ្យកែសម្រួលសហគ្រាសសាធារណៈរបស់រដ្ឋ។ ពីមុនសហគ្រាសសាធារណៈរបស់រដ្ឋគឺភាគច្រើនជាមន្រ្តី ជាអ្នកធ្វើប្រធានប្រតិបត្តិ CEO។ អញ្ចឹងយើងមានមន្រ្តីរាជការជាប្រធានក្រុមប្រឹក្សាភិបាល ហើយមន្រ្តីគឺជាអ្នកធ្វើប្រធានក្រុមហ៊ុន។ ឥឡូវ ខ្ញុំឲ្យកែសម្រួល លក្ខន្តិកៈឲ្យកែសម្រួលអនុក្រឹត្យដើម្បីបើកច្រកធ្វើប្រធានប្រតិបត្តិ។ យើងអាចជួលអ្នកមកពីវិស័យឯកជនធ្វើការងារហ្នឹង ដើម្បីឲ្យគាត់ចេះដឹកនាំជាលក្ខណៈឯកជនតែម្តង។ រដ្ឋរបស់យើងត្រឹមតែក្រុមប្រឹក្សាភិបាលបានហើយ។ ក្រុមប្រឹក្សាភិបាលកុំមកលូកលាន់ ការដឹកនាំរបស់ក្រុមហ៊ុនឯកជន ទោះបីក្រុមហ៊ុនគ្រឹស្ថានសាធារណៈរបស់ដរដ្ឋក៏ដោយ ក៏ត្រូវតែរត់ក្នុងលក្ខណៈឯករាជ្យដើម្បីប្រសិទ្ធភាព បានចំណេញ។
បើធ្វើការជាឯកជនទាល់តែមានផ្នត់គំនិតឯកជន។ អញ្ចឹងអាចមានសិទ្ធជួល អាចទទួលខុសត្រូវក្នុងលក្ខណៈជាឯកជន។ ធ្វើបែបនេះដើម្បីមានប្រសិទ្ធភាព ប្រសិទ្ធផលជូនជាតិនិងប្រជាជនរបស់យើង។ ពេលខ្លះ (ខ្ញុំនិយាយនេះ) មិនមែនមើលងាយមន្ដ្រីទេ។ មន្ដ្រីយើងមានអ្នកចេះដឹង អ្នកខ្លះគាត់រៀនបាន PhD. ខាង management ខាងអី ប៉ុន្ដែពេលខ្លះ គាត់អត់ដែលធ្វើប្រធានក្រុមហ៊ុនឯកជនទេ។ គាត់ចេះសរសេរផែនការ គោលនយោបាយ ប៉ុន្ដែ (ឲ្យគាត់)ចេះ (ធ្វើ)តាមក្បួនក្រុមហ៊ុនឯកជន ទាល់តែអ្នកធ្លាប់ដឹកនាំក្រុមហ៊ុនឯកជនយកមកធ្វើ។ យើងកុំប្រកាន់ «ឆ្មាខ្មៅក៏បាន ឆ្មាសក៏បាន» ឲ្យតែចាប់កណ្ដុរឲ្យយើង។ ចង់អ្នកឯងមកពីវិស័យឯកជន ឬ រដ្ឋក៏ដោយឲ្យតែអ្នកឯងអាចធ្វើឲ្យក្រុមហ៊ុននេះចំនេញបានយកផលឲ្យរដ្ឋទៅ។ ការគិតគូរនេះ ខ្ញុំកំពុងពិនិត្យមើលការព្រៀង ព្រោះការព្រៀងនេះមាន៣ ឬ៤ ក្រុមហ៊ុន ដែលយើងបង្កើតនឹងមានលក្ខណៈមិនទាន់សង្គតិភាពជាមួយគ្នា។
(២៩) បើរៀបចំការគ្រប់គ្រងផែជាគ្រឹះស្ថានសាធារណៈរបស់រដ្ឋ ត្រូវគិតគូរការគ្រប់គ្រងជាវិស័យឯកជន
កន្លែងខ្លះសុំប្រធានក្រុមប្រឹក្សាភិបាលអនុម័ត។ កន្លែងខ្លះសុំរដ្ឋមន្ដ្រីក្រសួងពីរអនុម័ត។ កន្លែងខ្លះសុំដល់នាយករដ្ឋមន្ដ្រីអនុម័ត។ កន្លែងខ្លះមានអាណត្ដិ ហើយកន្លែងខ្លះអត់មានអាណត្ដិសំរាប់ CEO។ អញ្ចឹងត្រូវមកអង្គុយនិយាយជាមួយគ្នាធ្វើយ៉ាងម៉េច ឲ្យ CEO ដែលរើសមកនេះមានឯករាជ្យភាព ប្រសិទ្ធភាព ហើយធានានូវការទទួលខុសត្រូវឲ្យបានច្បាស់ដើម្បីផលប្រយោជន៍ជាតិរបស់យើង។ អញ្ចឹង ត្រូវអង្គុយ (ពិភាក្សារកចំណុច) ឯកភាពគ្នា ព្រោះដាក់មក៤ ឬ៥ មិនទាន់ឯកភាព។ អញ្ចឹងខ្ញុំមិនទាន់ស៊ីញ៉េមួយណាទេ។ ខ្ញុំនឹងហៅក្រសួងពាក់ព័ន្ធ គណៈកម្មាការគោលនយោបាយ ទាំងក្រុមការងារព្រាងអនុក្រឹត្យដើម្បីជជែកគ្នាឲ្យមានឯកភាព កុំឲ្យក្រុមហ៊ុន ១០ ខុសគ្នាទាំង ១០។ ឲ្យមានបទដ្ឋានមួយ(រួម) តើជ្រើសរើស CEO យ៉ាងម៉េច? អ្នកណាអ្នករើស? ឆ្លងនីតិវិធីអីខ្លះ? អ្នកណាអ្នកសំរេច? ការដឹកនាំនេះតើផ្អែកលើអី? តើអ្នកណាមានសិទ្ធអារកាត់លើការសំរេចចិត្តរបស់ក្រុមហ៊ុន ដើម្បីធានានូវឯករាជ្យ និងការទទួលខុសត្រូវតាមកំរិតណារបស់ CEO និងកំរិតណារបស់ក្រុមប្រឹក្សាភិបាល។
បើមិនអញ្ចឹងទេយើងយករូបមន្ដដែលមិនដើរ។ កុំធ្វើឲ្យសោះ។ មិនបាច់ធ្វើល្អជាង។ បើរៀបចំគ្រឹះស្ថានសាធារណៈរបស់រដ្ឋគឺត្រូវគិតគូរ គ្រប់គ្រងជាវិស័យឯកជន។ អញ្ចឹងត្រូវគិតគូរទាំង (ការជ្រើសរើស) មនុស្ស និងការប្រតិបត្ដិកុំឲ្យមានឥទ្ធិពលជះទៅលើការដឹកនាំរបស់ម្នាក់នឹង។ បើមិនអញ្ចឹងទេ គាត់មិនដឹង ស្ដាប់អ្នកណា ស្ដាប់លិច ស្ដាប់កើត បន្ដិចៗតើដល់អាណត្ដិ ឬ មិនដល់អាណត្ដិ អានឹងចាំយើងជជែកគ្នា។ ហើយហ្នឹងហើយដែលជាបញ្ហា។ រឿងអាណត្ដិនេះ វាមានចំណុចវិជ្ជមាន និង អវិជ្ជមាន។ ដូចអាណត្ដិថ្នាក់ដឹកនាំប្រទេសអញ្ចឹង គេថាប្រទេសខ្មែរទាល់តែមានអាណត្ដិទើបមានប្រសិទ្ធភាព នាយករដ្ឋមន្ដ្រី ២ ឬ៣ អាណត្ដិ។ ខ្ញុំថារូបមន្ដខុសគ្នា។ ប្រទេសខ្លះ មានតែ ១អាណត្ដិទេ។ ហ្វីលីពីន ៦ឆ្នាំ ១អាណត្ដិ អត់មានសិទ្ធិឈរឈ្មោះទៀតទេ។ ខ្ញុំថាប្រទេសណា ក៏មានអាណតិ្ដដែរ។ គ្រាន់តែអាណត្ដិមួយកំណត់ដោយច្បាប់ និងអាណត្តិមួយកំណត់ដោយអ្នកបោះឆ្នោត។ ប្រទេសដែលគ្មានអាណតិ្ដ នាយករដ្ឋមន្ដ្រីគេមិនកំនត់ថាមួយអាណត្តិ ឬពីរអាណត្ដិ បីអាណត្ដិ លែងមានសិទ្ធិឈរឈ្មោះទេ។
(៣០) សហគ្រាសសាធារណៈរបស់រដ្ឋ គ្រប់គ្រងលុយរាប់លានដុល្លារ ការរើស CEO និយាយតែពីប្រសិទ្ធភាព
គេកំណត់បើអ្នកឯងធ្វើល្អ ប៉ុន្មានអាណត្ដិឲ្យតែ(មាន)អ្នកបោះឆ្នោតឲ្យគឺអ្នកឯងដឹកនាំចុះ បើអ្នកឯងធ្វើមិនល្អ តែមួយអាណត្ដិក៏គេបោះទម្លាក់ដែរ។ អញ្ចឹងស៊ូយកអាណត្ដិដែលអ្នកបោះឆ្នោតកំណត់ឲ្យ។ ជួនកាលកន្លែងខ្លះកំពុងតែល្អប្រជាជនលែងមានសិទ្ធិរើស អ្នកដែលល្អដឹកនាំបន្ដ គោលនយោបាយរដ្ឋាភិបាលអាណត្ដិ ៤ ឆ្នាំ កំពុងតែដាក់បាន ២ឆ្នាំ ចាប់ផ្ដើមអនុវត្ដ អស់ (អំណាច) … លែងមានសិទ្ធិ … រើសអ្នកថ្មីឡើងលុបចោលគោលនយោបាយនឹងបាត់។ ក្រុមហ៊ុន ដូចគ្នា យើងនឹងជជែកគ្នា ព្រោះមានរូបមន្ដ តើដាក់អាណត្ដិ ៤ ឆ្នាំនេះ ឲ្យ CEO ចាំបាច់ទេ? ឬមួយក៏យក KPI (Key Performance Indicators) បានន័យថាក្រុមប្រឹក្សាភិបាលអោយអ្នកឯងការងារមួយចំនួន។ បើអ្នកឯងធ្វើមិនបានតាមហ្នឹង អ្នកឯងត្រូវចប់ពេលណា? អត់ចំាបាច់(ដល់អាណត្ដិ) បើអ្នកឯងធ្វើល្អ អ្នកឯង(ធ្វើ)បន្ដទៅទៀត ឬមួយត្រូវតែ ៤ឆ្នាំត្រូវតែអស់។ ត្រូវគិតគូរមើលអាហ្នឹង ជជែកឲ្យហើយ។ ខ្ញុំបញ្ជូនសារទៅតាមនេះ ដើម្បីឲ្យត្រៀមមកពន្យល់ខ្ញុំ។ ឥលូវកន្លែងខ្លះត្រូវមកការពារនិក្ខេបបទ។ ដាក់មកខ្ញុំ ខ្ញុំមិនស៊ីញ៉េ ភ្លាមទេ។ កន្លែងខ្លះខ្ញុំឲ្យសិក្សាលំអិត ហើយត្រូវមកការពារនិក្ខេបទឲ្យខ្ញុំ ព្រោះគោលនយោបាយនេះពាក់ព័ន្ធគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ក្រុមហ៊ុន/សហគ្រាសសាធារណៈរបស់រដ្ឋ គឺជាក្រុមហ៊ុនដែលទទួលខុសត្រូវលើលុយរដ្ឋ ថវិកាជាតិរាប់លានដុល្លារ។ អញ្ចឹងត្រូវធានាប្រសិទ្ធភាពឲ្យខ្ញុំ។ កាលរើស CEO ផ្សេងៗ ត្រូវកំណត់ អត់មានការដណ្ដើមអំណាច ប្រកួតប្រជែងអំណាចស្អីទេ។ និយាយតែពីប្រសិទ្ធភាពទេ។ រូបមន្ដណាក៏ដោយឲ្យតែធានានូវប្រសិទ្ធភាពនៃការជ្រើសរើស ដឹកនាំ ការទទួលខុសត្រូវរបស់ CEO ធ្វើយ៉ាងណាឲ្យក្រុមហ៊ុននេះ ដើរដោយលក្ខណៈប្រសិទ្ធភាពដូចវិស័យឯកជន ធ្វើការ(បែប)វិស័យឯកជនហ្នឹង ខ្ញុំចង់បាន។ អញ្ចឹងរៀបចំបែបណា យើងនឹងធ្វើឲ្យមានសង្គតិភាព ខ្ញុំនឹងកំណត់ពេលដើម្បីជួបគ្នា។
(៣១) ប្រគល់ការគ្រប់គ្រងកំពង់ផែទេសចរណ៍អន្តរជាតិកំពត ឲ្យវិស័យឯកជនធ្វើការប្រតិបត្ដិនិងថែទាំ
ខ្ញុំបញ្ជូនសារតាមនេះ ឯកឧត្តម អស់លោក ក្រុមការងារដែលជជែកគ្នា ខ្ញុំដឹងថាជជែកគ្នាច្រើន ក្នុងការប្រជុំអន្ដរក្រសួងលើមាត្រាមួយៗ ពីការកំណត់នីតិវិធីនៃការរើសអីយ៉ាងម៉េច។ ឥលូវមិនបាច់ឆ្លងគណៈរដ្ឋមន្ដ្រីទេ។ អនុក្រឹត្យនេះត្រូវមកឆ្លងជាមួយនាយករដ្ឋមន្ដ្រីតែម្ដង ហើយចាំការពារឲ្យខ្ញុំ។ យើងនឹងជជែកគ្នាក្នុងស្មារតីទទួលខុសត្រូវទាំងអស់គ្នា ត្រូវធ្វើយ៉ាងណាធានានូវផលប្រយោជន៍ជាតិរបស់យើងជាអតិបរមា យកជំរើសណាក៏ដោយ គ្មានជំរើសណាល្អឥតខ្ចោះទេ ប៉ុន្ដែត្រូវធានានូវផលប្រយោជន៍ជាតិជាអតិបរមា នេះជាជំរើសដែលល្អ។ អញ្ចឹង រូបមន្ដនៃការគ្រប់គ្រងកន្លែងនេះ យើងឲ្យទៅវិស័យឯកជនក្នុងការ O&M បានន័យថាប្រតិបត្ដិនិងថែទាំ។ មានសិទ្ធិ ២០ឆ្នាំ ធ្វើដូច BOT ដែរប៉ុន្ដែមិន Build ទេ។
រដ្ឋអ្នក build តែឲ្យគាត់ធ្វើ ត្រូវចេញលុយថែទាំ ធ្វើ marketing ដើម្បីឲ្យដើរ។ អញ្ចឹងយករូបមន្ដនេះ ព្រោះកសាងមកវាល្អ ឲ្យដើរជាជាងទុកចោល ឬមួយដឹកនាំដោយអត់ប្រសិទ្ធភាព។ ខាតលុយ។ យើងធានារូបមន្ដបែបនេះ។ បើរូបមន្ដបែបនេះដើរ យើងនឹងសិក្សាកន្លែងផ្សេង។ យើងធ្វើអញ្ចឹងកន្លងទៅខាងរថភ្លើង។ រដ្ឋគ្រប់គ្រង track ចាស់ ក្រុមហ៊ុនAustralia’s Toll Holdings operates។ យើងយករូបមន្ដបែបនេះ ធ្វើយ៉ាងណាឲ្យមានការទទួលខុសត្រូវ ធ្វើយ៉ាងណាឲ្យអ្វីដែលជារបស់ជាតិយើងកាន់តែបានផល ដោយប្រសិទ្ធផល ប្រសិទ្ធភាព អត់មាននិយាយរឿងប្រកួតប្រជែងអំណាចអ្នកនេះអ្នកនោះ ក្រសួងនេះ ក្រសួងនោះទេ ម៉ោងថ្មើនេះត្រូវធានា …។
(៣២) សុខចិត្តឲ្យមន្ដ្រីបន្ទោសថា “លូក” ប៉ុន្ដែមិនឲ្យប្រជាជនបន្ទោសថា “ធ្វើការយឺត” ឬ “អត់លទ្ធផល” ទេ
មុនចូលឆ្នាំ ខ្ញុំហៅវះកាត់ក្រសួងពីរ … នៅក្នុងបទដ្ឋានតួនាទីភារកិច្ច វាមានប្រទាក់ក្រឡាគ្នាខ្លះៗ ប៉ុន្ដែញែកវាមិនដាច់។ អញ្ចឹង ត្រូវវះកាត់ឲ្យដាច់ អង្គុយជជែកគ្នា ហៅរដ្ឋមន្ដ្រីទាំងពីរមកប្រាប់ខ្ញុំ។ ឥលូវកិច្ចការហ្នឹងក្រសួងមួយណាមានការប្រទាក់ក្រឡាខ្ពស់ជាងគេ? ពេលវះកាត់ហើយត្រូវសហការគ្នាបែងចែកគ្នា។ ប្រជុំដឹកនាំជិត ១ឆ្នាំ មិនចេញ។ ខ្ញុំវះកាត់ប្រហែល ២ម៉ោង ដាក់ផាំងដាច់ផាច់។ ឆ្នាំថ្មីអាចធ្វើការងារបាន ព្រោះខ្ញុំអត់មានពេលវេលាអង្គុយចាំទេ។ ខ្ញុំចង់បានលទ្ធផល។ បើរវល់តែនៅជជែកគ្នាមិនដាច់ស្រេចក្នុងយន្ដការការិយាធិបតេយ្យស្អីៗ process យើងច្រើនពេក យើងធ្វើមិនចេញ រត់មិនទាន់គេ។ ប៉ុន្មានឆ្នាំនៅតែធ្វើ នៅតែចរចា ទីបំផុតអត់ចេញសោះ ខ្ញុំហៅមកវះតែម្ដង។ បើអ្នកណាថានាយករដ្ឋមន្ដ្រីលូកគ្រប់តែកន្លែង។ លូកមិនលូកស្រេចតែខ្ញុំ។ អោយតែចេញ (លទ្ធផល) ឲ្យខ្ញុំ។ តែឲ្យធ្វើយូរពេក ខ្ញុំហៅមកហើយ។ ខ្ញុំអង្គុយវះហើយ។ បន្ទោសៗ ចុះ។ ខ្ញុំសុខចិត្តឲ្យមន្ដ្រីបន្ទោសថាខ្ញុំលូក ប៉ុន្ដែខ្ញុំមិនឲ្យប្រជាជនបន្ទោសថាធ្វើការយឺតអត់លទ្ធផលឲ្យគាត់ទេ។
បន្ដិចទៀតត្រូវបង្កើតយន្ដការដើម្បីចរចា រៀបចំពាណិជ្ជកម្មស្អីនេះ ដែលយើង clear រាប់សិបឆ្នាំ មិនទាន់ចេញ (ហើយ) ការនាំចេញរបស់យើងមួយចំនួនវាយឺតពេក នីតិវិធីទាំងសងខាង ទាំងយើង ទាំងគេ។ អញ្ចឹងហើយ ពេលប្រធានាធិបតី(ចិន)មក យើងបានជជែកគ្នាដើម្បីរកនីតិវិធីពន្លឿនការងារហ្នឹង បើកច្រកផលិតផលកសិផលខ្មែរទៅចិនឲ្យបានច្រើន។ កន្លង(ដំណើរការយឺតដោយសារ)រឿងនីតិវិធីមួយចំនួន។ អញ្ចឹងបានជជែកគ្នារកវិធីធ្វើទៅ។ នៅក្នុងរដ្ឋយើងដូចគ្នា។ ជួនកាលនីតិវិធីមិនមែនខុសទេ ប៉ុន្ដែនីតិវីធីហ្នឹងវាចាស់ អត់ទាន់សម័យ។ អញ្ចឹងទាល់តែហៅមកអង្គុយ ប្រាប់ថាផ្លោះទៅ ខ្ញុំទទួលខុសត្រូវឲ្យផ្លោះ។
(៣៣) សំរួលនីតិវិធីនិងបច្ចេកវិទ្យា ធ្វើឲ្យគ្រប់គ្រងមានលក្ខណៈប្រកួតប្រជែងជាមួយនឹងវិស័យឯកជន
នីតិវិធីគយ ពន្ធដារមួយចំនួន យើងសាកល្បងនៅព្រលានថ្មី។ នីតិវិធីពន្ធដារដែល(ធ្លាប់)មានបង្កើត កាត់នីតិវិធីមួយចំនួនសំរាប់ក្រុមហ៊ុនមួយចំនួនដែលល្អ យើងរុញទៅកុំឲ្យស្មុគស្មាញ កាត់យកតែម្ដងទៅ។ ឥលូវនេះ ក្រសួងស្ថាប័ន ទាំងក្រសួងពាណិជ្ជកម្មក៏ធ្វើ រឿងបញ្ជីសេវាយើងប៉ុន្មានថ្ងៃមុន ក្រសួងមុខងារសាធារណៈប្រាប់ថានីតិវិធីទូទាំងរដ្ឋបាលមាន ៣ ០០០ ជាង។ ខ្ញុំប្រាប់ថាមើលទៅ ត្រូវការកាត់អី កាត់ខ្លះទៅ កុំទុកច្រើនពេក។ (នីតិវិធី) ណាត្រូវដាក់អនឡាញៗ ដាក់ខ្លះទៅ កុំឲ្យគាត់រត់គ្រប់កន្លែង កាត់បន្ថយពេលវេលា ការចំនាយឲ្យអស់ ហើយកុំឲ្យមានការស្រពេចស្រពិល។ ជួនកាលរឿងវាមិនមែនស្ថាប័នយើង ស្ថាប័នពីរ អ្នករត់ត្រូវធ្វើ។ អញ្ចឹងគេជួលអ្នកទី៣ គេហៅអ្នកភ្នាក់ងារ ជើងសារ។ អ្នកនឹងគាត់រត់ពីនេះពីនោះ។ ជួនកាលគាត់គិតតំលៃលើស ដល់ប្រជាពលរដ្ឋ មកបន្ទោសថាក្រសួងយើងអ្នកយកលុយលើស។ តាមពិតគេ charge commission គេខ្ពស់។ រឿងប៉ុណ្ណឹង អាហ្នឹងអញ្ចឹង។
អញ្ចឹងយកល្អ ដាក់នីតិវិធីអីដែលសាមញ្ញ ដែលប្រជាជនអាចធ្វើខ្លួនឯងបាន តាមអនឡាញបាន។ សុំទោសអ្នករត់ជើងសារ មិនមែនធ្វើឲ្យបាត់អាជីពទេ។ យើងនៅតែមានឱកាស ប៉ុន្ដែធ្វើយ៉ាងណាឲ្យប្រជាជនភាគច្រើនគាត់អាចស្រួលហើយអាចកាត់បន្ថយតំលៃ សេវាចោលឲ្យអស់ ដែលមិនចាំបាច់។ យើងទុកតែអ្វីដែលចាំបាច់ ឧទាហរណ៍តម្រូវឯកសារទៅពីរកន្លែង ត្រូវកូពីឯកសារដដែលពីរបីកន្លែងទៅឲ្យ។ យើងដាក់តែមួយឯកសារ Upload online ក្រសួងស្ថាប័នទាំងអស់ចែកជាមួយគ្នាតាម CamDx តាមអីទៅ។ អញ្ចឹងសៀវភៅគ្រួសារ សំបុត្រកំណើតស្អីៗ នឹងដាក់ទៅស្រួល។ នៅលើហ្នឹងឥលូវ មានទៀតឯកសារក្លែងក្លាយមិនក្លែងក្លាយ មាន Verify.com ឆែកមើលច្បាស់ទៀត។ តិចមានបាក់ឌូប្លិ៍ អត់កន្ទុយ យកទៅដាក់លើហ្នឹង គេឆែកព្រឹបអត់កន្ទុយសន្លឹកភ្លាម គេហៅបាក់ឌូប្លិ៍សេះហោះ។ អញ្ចឹងគេធ្វើឲ្យស្រួល។ ថ្ងៃក្រោយប្រជាពលរដ្ឋធ្វើដំណើរទៅក្រៅប្រទេស គាត់ត្រូវការ(អាច)យកអនឡាញបាន មិនបាច់ធ្វើដំណើរពីកំពតមកភ្នំពេញទេ អនឡាញពី(ភ្នំពេញ)ទៅអ្នកមណ្ឌលគិរី។
យើងខំប្រឹងរុញបន្ថែមទៀតក្នុងមួយឆ្នាំជាងនេះ ហើយក្នុងពីអាណត្ដិមុនយើងបានធ្វើច្រើន។ ក្នុង ១ឆ្នាំជាងនេះ យើងប្រកាសចេញច្រើនណាស់ (ដូចជា)ប្រព័ន្ធបញ្ជរតែមួយ ក្រសួងស្ថាប័នខំប្រឹង upgrade ទៅជាប្រព័ន្ធឌីជីថល។ ឥលូវទៅសុំធ្វើហ៊ីប៉ូតែក រឿងដីរឿងអី ចូលទៅក្រសួងដែនដី តាមអនឡាញហើយក្រសួងអាចមើលដឹងថ្ងៃនេះ អាទិត្យនេះគេដាក់ ហ៊ីប៉ូតែកប៉ុន្មានលាន ប៉ុន្មានពាន់លានក្នុងមួយខែ។ យើងឃើញចរន្ដលុយវិល រឿងសេដ្ឋកិច្ចរឿងអីយើងមើលដឹងទៀត។ ក្រសួងពាណិជ្ជកម្ម register online។ ក្រសួងសាធារណៈការចង់បានលេខឡាន ម៉ូតូ ដាក់ព្រឹបចេញបាត់ ចង់បានលេខល្អអីខ្លះថ្លៃជាងឡានទៀត។ លេខមួយនោះ ខ្ញុំសួរ ២០ ម៉ឺន ដុល្លារ លេខ ៨ ខ្ញុំថាយកទុកប្រើចុះ។ ប៉ុន្ដែគេអាចរក reserve ទុកភ្លាមបាន ទំនើបបែបនេះ។ ឥលូវទេសចរមកស្រុកយើង apply E-visa ស្អីៗ ទៅមុខទៀតយើងឈានទៅដល់ការមិនចំាបាច់មានក្រដាស់ទៀតទេ។ នេះជាការសំរួលនីតិវិធីនិងសម្រួលតាមបច្ចេកវិទ្យា ធ្វើយ៉ាងណាឲ្យការដឹកនាំ ការគ្រប់គ្រងរបស់យើងឲ្យមានលក្ខណៈប្រកួតប្រជែងជាមួយនឹងវិស័យឯកជន។
(៣៤) ពង្រឹងសមត្ថភាពចាប់ឱកាស ដើម្បីរឹងមាំ ពេលព្យុះមកដល់ អាចឈរជើងបាន
បើជាសហគ្រាសដែលមានចរិតជាវិស័យឯកជន ត្រូវមានអ្នកដែលដឹកនាំ និងរបៀបរបបដឹកនាំ សិទ្ធិ និងការទទួលខុសត្រូវឲ្យដូចវិស័យឯកជន ក៏មានឯករាជ្យភាព និងការទទួលខុសត្រូវ ទើបបានជោគជ័យ។ យើងអត់ត្រឡប់ទៅរូបមន្តពីមុនទេ។ ហើយ CEO ថ្មីដែលខ្ញុំនិយាយ គឺយើងបើកច្រកទាំងមន្ត្រី ទាំងឯកជន។ ឥឡូវយើងផ្តល់អាទិភាពដល់អ្នកណាក៏ដោយ មិនថាឆ្មាខ្មៅឆ្មាស ឲ្យតែធានាឲ្យបាន(នូវប្រសិទ្ធភាព/ផលការងារ)។ ទី២ ឯករាជ្យភាពរបស់គាត់។ ហ្នឹងសុំឲ្យគិតគូរមើល។ ថ្ងៃនេះគឺយើងអបអរសាទររូបមន្តថ្ងៃនេះ ដែលយើងចង់ធ្វើ ហើយធ្វើយ៉ាងណាដើម្បីឲ្យផលកាន់តែច្រើន។ យើងដើរមិនទាន់សភាពការណ៍ មានឱកាសតែគ្មានសមត្ថភាពចាប់យក ជាបញ្ហា ។ ដល់ពេលឱកាសទៅបាត់ យើងស្តាយក្រោយ។
ត្រូវពង្រឹងសមត្ថភាពចាប់យកឱកាស ហើយបើយើងមានឱកាសកាន់តែរឹងមាំ ពេលដែលស្រួល យើងប៉ូវខ្លួនយើងកាន់តែរឹងមាំ។ ពេលព្យុះមកដល់ យើងអាចឈរជើងបានរឹងមាំ។ អញ្ចឹងបានថា ពេលដែលស្រួល ត្រូវខិតខំត្រៀមដើម្បីពេលដែលកាន់តែលំបាក ហើយក្នុងសម័យប្រកួតប្រជែង គ្មានពេលណាស្រួលទេ ហ៊ានតែយើងស្រួល យើងឈប់រត់ គេរត់ចោលយើងហើយ។ ប្រទេសមហាអំណាចក៏វិនិយោគរាប់រយពាន់លាន កន្លែងខ្លះរាប់ពាន់ពាន់លាន វិនិយោគបន្ថែមលើវិស័យវិទ្យាសាស្ត្រ។ ទោះបីជាគេដឹកនាំក៏ដោយ គេនៅដឹកនាំបន្ថែម។ អញ្ចឹងយើងត្រូវតែខិតខំវិនិយោគទៅលើធនធានមនុស្ស ទៅលើហេដ្ឋារចនាសម្ព័ន្ធ ទៅលើសុខភាព ទៅលើការពង្រឹងរបៀបរបបការងាររបស់ក្រសួងស្ថាប័នរបស់យើង ពង្រឹងនិតីវិធី ធ្វើយ៉ាងណាឲ្យឆ្លើយតបទៅនឹងការប្រកួតប្រជែងពិភពលោក។ ពិភពលោកអត់អាណិតយើងទេ។
ដែលថាជាមិត្តៗ ហើយ ប៉ុន្តែដល់ពេលចំនេញទំនិញ អាជីវកម្មៗ លោកជំទាវ ចម និម្មល អាចយល់ហើយ បងប្អូនទាំងអស់ដឹងហើយ។ មិត្តៗ ហើយ បងប្អូនៗ អ្នកដែលមានអាជីវកម្ម សូម្បីតែបងប្អូនគ្នា សាច់ឈាមជាមួយគ្នា តែរកស៊ីទាល់តែខំប្រឹងទាំងអស់គ្នា។ មិនអាចបងខំប្រឹងម្នាក់ឯង ប្អូនដេក ហើយទាញយកបងឲ្យបងអូស ទៅអត់រួចទេ។ ឲ្យបងចែកភ្ញៀវមក ដល់ភ្ញៀវមកដល់ហាងប្អូន ហាងប្អូនម្ហូបអត់ឆ្ងាញ់ បាត់ទាំងពីរនាក់ ឈប់មកហាងប្អូន ហើយឈប់មកហាងបងទៀត ព្រោះប្រាប់ឲ្យមក។ អញ្ចឹងបើហាងប្អូនក៏ឆ្ងាញ់ ហាងបងក៏ឆ្ងាញ់អាចជួយគ្នាទៅវិញទៅមក។
(៣៥) ជនកម្ពុជាបច្ចុប្បន្ន អាយុ ៦០ឆ្នាំ តែមើលទៅដូចអាយុ ៤០ឆ្នាំ
ប្រទេសយើងដូចគ្នា។ ដើម្បីឲ្យប្រទេសប្រកួតប្រជែង ទាល់តែក្រសួងស្ថាប័ននីមួយៗប្រកួតប្រជែង ទាល់តែរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗប្រកួតប្រជែងគ្នា ទើបអាចរីកទៅបាន។ ថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុង ថ្នាក់ឃុំ រដ្ឋបាលនីមួយៗខិតខំប្រកួតប្រជែងផ្តល់សេវា ទើបគេទៅ នេះហើយគឺជាអ្វីដែលល្អ។ ខ្ញុំបានប្រាប់ខេត្តនានា ដូចជាកំពង់ស្ពឺ ខ្ញុំប្រាប់ឯកឧត្តម ជាម ច័ន្ទសោភ័ណ ថាខេត្តហ្នឹងមានសក្តានុពលធំ។ ប៉ុន្តែ បើសិនជារោងចក្រទៅហ្នឹងមានបញ្ហា គ្មានអ្នកណាទៅទៀតទេ។ អញ្ចឹង ទាល់តែខេត្តត្រូវការពារផលប្រយោជន៍របស់អ្នកវិនិយោគ ដើម្បីការពារផលប្រយោជន៍កម្មករ/ការិនីរបស់យើង ទើបគេទៅ។ ខេត្តនីមួយៗ ទោះបីខេត្តជាប់សមុទ្រក៏ដោយ ខេត្តកំពតក៏ដោយ បើសិនជាអ្នករកស៊ីមកពិបាក គ្មានអ្នកណាទៅទេ គេទៅថៃក៏បាន គេទៅខេត្តព្រះសីហនុក៏បាន គេទៅកោះកុងក៏បាន។ អញ្ចឹងទាល់តែយើងខិតខំធ្វើយ៉ាងណាទាក់ទាញឲ្យល្អ។
អាណត្តិនេះ ពេលចូលឆ្នាំនេះ ខ្ញុំសប្បាយចិត្ត អត់មានខេត្តណាជាផ្ទាំងស៊ីបទេ ជាពិសេសឯកឧត្តម សោម ពិសិដ្ឋ សប្បាយជាងគេ អត់មានរឿង ៤ម៉ឺនអីទៀតទេ សេវាល្អណាស់។ សូមអរគុណ។ ខេត្តទាំងអស់បានផ្សព្វផ្សាយ ប្រជាពលរដ្ឋដែលទៅ ទាំងកំពត កែប កោះកុង ភ្នំពេញ បាត់ដំបង ព្រៃវែង ស្វាយរៀង កំពង់ចាម អ្នកខ្លះលៀស ៣តោន ។ ខ្ញុំសួរឯកឧត្តម ចាន់ដា គាត់ថាលៀស ៣តោនសម្តេច អត់មានខ្វះមួយក្រាមទេ ប៉ុន្តែសម្តេចអើយ គ្រាន់តែមុនបើកអ្នកភ្លក់អស់ ១តោនកន្លះបាត់។ គ្រាន់តែបើកភ្លាមអស់បាត់ ៣តោន។ តែបានផ្សព្វផ្សាយលៀសកំពង់ចាម។ គាត់ផ្ញើឲ្យខ្ញុំមួយធុងដែរ អរគុណណាស់ ហើយប្រពន្ធខ្ញុំគាត់ចូលចិត្ត។ មិនដឹងម៉េច ពេលយើងចាស់ទៅ (វាទៅជាចូលចិត្តរបស់អញ្ចឹង)។ កាលពីក្មេង ខ្ញុំអត់ចូលចិត្តទេ។ លៀសហាលដាក់មកគ្រឹបៗ ឥឡូវធ្មេញដូចខ្សោយ ដាក់ទៅដូចសង្កៀរហ្មង។ ឥឡូវលៀសហាលគេមានកញ្ចក់មានអីស្រួលបួល អនាម័យ។
កាលខ្ញុំពីក្មេង ផ្សារកាប់គោ គេហាលលើសង្ក័សី ដាក់លើដីផ្លូវភ្នំពេញ កាលនោះមិនមែនផ្លូវកៅស៊ូរលោងដូចឥឡូវទេ ផ្លូវលាយដី។ យើងទិញតែពេលថ្ងៃត្រង់ទេ ព្រោះឆ្អិនខ្លាំង។ ទិញហើយ លៀសហាលមិនដែលអ្នកណាយកទៅលាងទឹកទេ។ មែនទេ។ ដាក់ហើយចូលមាត់ហ្មង កុំឲ្យអស់ជាតិអំបិល។ តែពេលនោះគ្មានរាគអីទេ គ្មានវ៉ាក់សាំងអីទេ គ្រាន់តែពេលនោះប្រជាពលរដ្ឋយើងអាយុមិនសូវវែង ដោយសារជំងឺច្រើន ថ្លើមអីចឹងទៅ … មកឥឡូវ តែអាយុ ៦០ឆ្នាំ មើលទៅដូចអាយុ ៤០ឆ្នាំអញ្ចឹង។ អាយុកាន់តែវែង។ ៧០ឆ្នាំ ៨០ឆ្នាំ។ ខ្ញុំចាំអ៊ំខ្ញុំ ៦០ឆ្នាំ ៥០ឆ្នាំ កាលពីឆ្នាំ ១៩៨០ មើលដូចគាត់អាយុ ៨០ឆ្នាំឥឡូវ។ តែឥឡូវអាហារូបត្ថម្ភមិនមែនតែក្មេងៗ លូតកំពស់ សាច់ធំៗទេ មនុស្សចាស់ក៏គេហៅសាច់ខ្ចីញ៉េញដែរ។ ៧០ឆ្នាំ មើលទៅដូច ៥០ជាង យ៉ាប់តែក្មេងខ្លះទេ អត់ថែខ្លួន លើកដាច់ៗមើលដូចអាយុ ៧០ចឹង។
និយាយលេងៗ រឿងសុខភាពសំបូរបែប ឥឡូវថែទាំសុខភាព អ៊ំៗខ្លះគាត់និយាយ ក្មួយឥឡវលំបាក កាលពីជំនាន់អាពតចង់ហូប អាពតមិនឲ្យអ៊ំហូប ឥឡូវមានលទ្ធភាពហូប តែពេទ្យមិនឲ្យហូប ថាអ៊ំលើសជាតិស្ករ សុខភាពជាធំ។ ប៉ុន្តែនេះហើយគឺការខិតខំ ឥឡូវអញ្ចេះ ខ្ញុំនិយាយចេះតែទាក់រឿងលៀសហាលចូលឆ្នាំ ដោយសារនឹកឃើញឯកឧត្តម អ៊ុន ចាន់ដា តែគ្រប់ខេត្តបានធ្វើល្អ ទាក់ទាញប្រទាក់ក្រឡាគ្នា។ ហើយថ្ងៃនេះគឺអរគុណណាស់ចំពោះប្រជាពលរដ្ឋដែលបានចូលរួម ។
[បញ្ចប់សេចក្តីអធិប្បាយ១]
ខ្ញុំសូមផ្តាំផ្ញើចំណុចមួយចំនួន៖
ទី១. ក្រុមហ៊ុនត្រូវគិតគូររៀបចំ និង អនុវត្តផែនការវិនិយោគឱ្យបានច្បាស់លាស់ និង គ្រប់ជ្រុងជ្រោយ ដើម្បីប្រតិបត្តិការ ថែទាំកំពង់ផែបានយូរអង្វែង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធទាញយកសក្តានុពល ព្រោះអាហ្នឹងវាពងមាន់ និងមាន់ បើយើងសេវាល្អក៏មានមនុស្សមកច្រើន អញ្ចឹងវាប្រទាក់ក្រឡាគ្នា។ កុំចាំមនុស្សមកច្រើន បានធ្វើសេវាល្អ ព្រោះសេវាអត់ល្អគេអត់មក។ អញ្ចឹងទាល់តែខិតខំទាក់ទាញ ហើយបូកបន្ថែម ហើយនៅជុំវិញក៏មានដីច្រើនជារបស់ឯកជន អាចតិចទៀតពេលដែលកន្លែងហ្នឹងដើរ តិចទៀតបង្កើតហើយ បៀរហ្គាឌិន កន្លែងផ្ទះសំណាក់នៅក្បែរៗហ្នឹងពេលខ្លះ restaurant អីបន្ថែមទៀតនៅហ្នឹង។
ទី២. ក្រុមហ៊ុនត្រូវបន្តលើកកម្ពស់ការផ្ដល់សេវាកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព រហ័សងាយស្រួល និងការថែទាំ ជាពិសេសគន្លងដែលយើងចូលមកកន្លែងនេះ។
ទី៣. ក្រុមហ៊ុនត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការពិនិត្យលទ្ធភាពស្វែងរកក្រុមហ៊ុនដៃគូក្រៅស្រុក ដើម្បីពង្រីកបន្ថែមទៀត ឬមួយក្នុងស្រុក ដើម្បីពង្រីកបន្ថែមទៀត បើសិនជាលទ្ធភាពយើងមានកំណត់។ អញ្ចឹងយើងធ្វើយ៉ាងណាដើម្បីឲ្យកាន់តែសំបូរបែប។
ទី៤. ក្រុមហ៊ុនត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរៀបចំព្រឹត្តិការណ៍ផ្សេងៗ នៅទីតាំងកំពង់ផែ និងពិនិត្យលទ្ធភាពបង្កើតសេវាកម្មបន្ថែមទៀត ការជិះកម្សាន្ត,ការបរិភោគអាហារ, ការរៀបចំពិធីកម្សាន្ត ទម្រង់ជាទេសចរណ៍តាមនានា ហើយសហការជាមួយនឹងក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ ជាមួយនឹងភ្នាក់ងារទេសចរណ៍ ដើម្បីរៀបចំជាកញ្ចប់តែម្តង ដូចឃើញក្រុមហ៊ុនរៀបចំពីនេះជាមួយកោះសេះ ជាមួយខេត្តព្រះសីហនុ។ មួយចំនួនឥឡូវគេថាកោះសេះវៀតណាមយកបាត់ នៅណា នៅក្នុងដីរបស់យើងសោះ ថ្ងៃមុនដូចក្រុមហ៊ុន កាណាឌីយ៉ា ឬក្រុមហ៊ុនអីមួយកំពុងវិនិយោគ ខ្ញុំថាឲ្យជំរុញរៀបចំឲ្យលឿនទៅ ធ្វើបឹងហ្គាឡូ ធ្វើអីទៅ ពីនេះនាំទៅលេងកន្លែងនោះ ភ្ជាប់បន្ថែម ភ្ជាប់ជាមួយបូកគោ ភ្ជាប់ជាមួយទឹកឈូផ្សេងៗ។
ទី៥. ក្រសួងសាធារណការ និង ដឹកជញ្ជូន ក៏ត្រូវយកចិត្តទុកដាក់បន្ថែមលើការអភិវឌ្ឍ ដើម្បីពង្រីកវិសាលភាព និង សក្ដានុពលនៃការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងពង្រឹងការគ្រប់គ្រងអាជីវកម្មកំពង់ផែ និង នាវាចរណ៍ ស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន ដើម្បីធានានូវប្រសិទ្ធភាពការធ្វើដំណើរផ្លូវទឹក
ទី៧. ក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ រួមជាមួយមន្ត្រីមានសមត្ថកិច្ច ដែលកំពុងបំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិ ត្រូវសហការសម្របសម្រួលឱ្យការចូល-ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង ឆាប់រហ័ស និង ប្រកបដោយក្តីរីករាយ និង ភាពជឿទុកចិត្ត ដោយអនុលោមតាមច្បាប់ ដែលទទួលបាន ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ២]
អញ្ចឹងនៅទីនេះយើងមានកំពង់ផែកំពង់សោម កំពង់ផែកំពតអន្តរជាតិឧកញ៉ា វ៉េង ហួរ ហើយមានប៉ុន្មានផង ហើយភ្ជាប់ដែលមានទេសចរណ៍ចេញចូលតាមគ្រប់ផ្លូវ។
[បញ្ចប់សេចក្តីអធិប្បាយ២]
អញ្ចឹងថ្ងៃនេះ ខ្ញុំសូមស្នើដល់ក្រសួង-ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធបន្តផ្ដល់កិច្ច-សហការ និងសម្របសម្រួលបង្កលក្ខណៈងាយស្រួល ឱ្យដំណើរការអាជីវកម្មរបស់កំពង់ផែទេសចរណ៍អន្តរជាតិកំពតនេះ ប្រព្រឹត្តទៅដោយរលូន និង មានការគាំទ្រពីអតិថិជនប្រើប្រាស់សេវាកម្ម ដើម្បីឈានទៅបង្កើនសមត្ថភាព ផ្ដល់នូវជម្រើសសេវាកម្មថ្មីៗ និង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែបន្ថែមទៀត ។
ខ្ញុំក៏សូមយកឱកាសនេះ, កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពត ដែលបានបង្កើតសមិទ្ធផលថ្មីៗ ដូចជា រូបសំណាកសេះសមុទ្រ និងនាឡិកាខ្នាតធំ និងសូមបន្តបង្កើនភាពច្នៃប្រតិដ្ឋបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីផ្ដល់ជាជម្រើស សម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរអញ្ជើញមកទស្សនា និងកម្សាន្តនៅខេត្តកំពត ។ ទន្ទឹមនឹងនេះ, ខ្ញុំក៏សូមឱ្យរដ្ឋបាលខេត្តកំពត អាជ្ញាធរ ពាក់ព័ន្ធ និង ប្រតិបត្តិករទេសចរណ៍, សូមរក្សាឱ្យបាននូវបដិសណ្ឋាកិច្ចល្អ រមណីយដ្ឋានស្អាត សេវាកម្មជឿទុកចិត្តបាន, ជាពិសេស រក្សាឱ្យបាននូវតម្លៃសមរម្យ មិនមានការដំឡើងថ្លៃ និងមានភាពស្មោះត្រង់ក្នុងការលក់ដូរ ដើម្បីទទួលបានការទុកចិត្តពីសំណាក់ភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តក្នុងខេត្ត ។
ជាទីបញ្ចប់, ជាមួយនឹងការប្រកាសសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែទេសចរណ៍អន្តរជាតិកំពត”, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោកអ្នកឧកញ៉ា អ្នក-ឧកញ៉ា ឧកញ៉ា, លោក លោកស្រី, ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ, លោកយាយ លោកតាអ៊ំពូមីង បងប្អូនទាំងអស់ ឲ្យទទួលបាននូវពុទ្ធពរ និងពរ ទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាត ។ សូមអរគុណ
[ចាប់ផ្តើមសេចក្តីអធិប្បាយ៣] ចប់មែនទែនហើយ អត់មានតទៀតទេ។ អញ្ចឹងថ្ងៃនេះខ្ញុំ ក៏សូមទី១ ក្រុមយុវជនកាយារិទ្ធិកម្ពុជា កាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនសមាគមនិស្សិត អ.ម.ទ យុវជនគណបក្សខេត្ត យុវជនស្រឡាញ់សន្តិភាព យុវជនសហគមន៍រាជសី សមាគមសិស្ស និស្សិតក្មេងវត្ត និងសម្ព័ន្ធយុវជនមូស្លីម ៣០០ នាក់ ម្នាក់ៗថវិកា ២ ម៉ឺនរៀល។ សាលាស្រុកទឹកឈូ ថវិកា ២ លានរៀល។ ក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកា ៥ លានរៀល និងជូនក្រុមតន្ត្រីសម័យ ថវិកា ១០ លានរៀលផងដែរ (សម្តេចហៅឈ្មោះអ្នកចម្រៀង)៕