បន្ទាប់ពីបានសំណេះសំណាលជាមួយកម្មករ/ការិនីជាមាតាបិតានិងបុគ្គលិកទារកដ្ឋាន ស្តីពីប្រាក់ចំណូល ការចំណាយ អត្ថប្រយោជន៍ផ្សេងៗ ដែលបានទទួលជាក់ស្ដែង ជីវភាពគ្រួសារ សុខុមាលភាពមាតានិងទារក សេវាសុខាភិបាល ការឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំពោះស្រ្តីមានផ្ទៃពោះ និងកុមារ ព្រមទាំងគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញជូនកម្មករ ក្នុងឱកាសសម្ពោធទារកដ្ឋាន និងពិនិត្យស្ថានភាពអនាម័យនិងសណ្តាប់ធ្នាប់ នៅរោងចក្រ Marvel Garment សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសង្កថា ដែលមានសេចក្តីដកស្រង់ដូចខាងក្រោម៖
(១) ពិនិត្យការអនុវត្តបទបញ្ជា ១០ចំណុច ក្នុងនោះមានទារកដ្ឋាន ស្ថានភាពអនាម័យ និងសណ្តាប់ធ្នាប់
[…] ការដែលមកថ្ងៃនេះគឺមើលស្ថានភាពជាក់ស្ដែងនិងការរៀបចំ។ ឃើញថាមានការរៀបចំល្អ បានយកចិត្តទុកដាក់លើអនាម័យ លើសណ្ដាប់ធ្នាប់នៅកន្លែងនេះ។ សូមអរគុណដល់ក្រុមការងារ មានឯកឧត្តមរដ្ឋមន្រ្តី ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលអនុវត្ត(បានល្អ)។ មានការដាក់បទបញ្ជា ១០ចំណុច ក្នុងនោះ(ត្រូវ)រៀបចំទារកដ្ឋានឱ្យចេញ។ ពេលនេះយើងធ្វើបានមួយហើយ។ យើងនៅបន្តទៀត។ គ្រោង(ឱ្យមាន) ២ ឬ៣ បន្តទៀត។ ក្រៅពីនោះ យើងមានក្រសួងអប់រំរៀបចំនៅ ១៣សហគមន៍ទូទាំងប្រទេស (ខ្នាត)តូចនៅខេត្តកំពង់ស្ពឺ និងកំពង់ចាម។ យើងនឹងពិនិត្យបន្ថែមទៀតថ្ងៃក្រោយ ក្នុងសហគមន៍សម្រាប់បងប្អូន(កម្មករ)នៅរោងចក្រ/សហគ្រាសដែលយើងធ្វើការ។ សង្ឃឹមថា ក្រុមហ៊ុនធំៗដែលមានលទ្ធភាព អាចរៀបចំតាមកម្រិតដែលគាត់អាចធ្វើបាន ត្បិតថាយើងមានកំណត់នៅក្នុងច្បាប់ ប៉ុន្តែការអនុវត្តគឺទៅតាមលទ្ធភាព និងជំហានជាក់ស្ដែង។
(២) ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងសកម្មរៀបចំអោយមានអាហារដ្ឋានទីតាំងការងារ
អរគុណណាស់ដល់លោក Ma Jianrong ម្ដងទៀត ដែលបានជួយវិនិយោគនៅក្នុងការសាងសង់កន្លែងនេះ ហើយត្រូវជួយចំណាយ ដូចជិត ១ម៉ឺនដុល្លារក្នុងមួយខែទៀតដើម្បីផ្ដល់អត្ថប្រយោជន៍បន្ថែមលើបុគ្គលិក។ អញ្ចឹង នេះជាការយកចិត្តទុកដាក់ដល់ផាសុកភាព។ បងប្អូនកម្មករ/ការិនីជាគ្រួសាររបស់ក្រុមហ៊ុន។ ជួយគ្នាទៅវិញទៅមក … មិនត្រឹមតែប៉ុណ្ណឹងទេ ក្រសួងការងារក៏កំពុងតែជំរុញរៀបចំឱ្យល្អនូវអាហារដ្ឋាន។ មើលអាហារដ្ឋាននៅទីនេះ រៀបចំហូបនៅទីណា និងប៉ុន្មាននាក់នៅកន្លែងហ្នឹង? មានអាហារដ្ឋានទេ នៅទីនេះ? មាន។ គេរៀបចំបានល្អ។ យើងត្រូវបង់ថវិកានៅទីនេះ? មិនគិតថ្លៃទៀត។ អញ្ចឹងលោក Ma ពិសេសជាងគេ។ អរគុណហើយអញ្ចឹង។ ផ្ដល់ថ្លៃបាយ ម្ហូបចាត់ចែងខ្លួនឯង។ ត្រូវរៀបចំកន្លែងហូបចុកឱ្យបានស្រួល ព្រោះពាក់ព័ន្ធសុខភាព។ យើងសន្សំបានច្រើន។
(៣) មិនមែនគ្រាន់តែជាពាក្យសម្តីទេ គោលនយោបាយបានក្លាយជាផលជាក់ស្ដែង
ប្រាក់អត្ថប្រយោជន៍ក៏យើងឲ្យដែរ។ បើ(ស្នាក់)នៅកន្លែងនេះទៀត មិនត្រូវការបង់ថ្លៃធ្វើដំណើរទេ។ ទោះបីបង់ឬមិនបង់ មួយខែ ១៧ដុល្លារ។ អញ្ចឹង យើងបានហើយមិនបាច់ចំណាយធ្វើដំណើរ។ ហូបចុកនៅកន្លែងនេះ គឺក្រុមហ៊ុនគាត់ជួយ យើងសន្សំថ្លៃហូបចុក។ ថ្លៃមើលកូន ក៏មិនចាំបាច់ចំណាយទៀត។ យើងសន្សំបានទៀត។ តាំងពី(មាន)ទម្ងន់មក ព្យាបាលសុខភាព ទៅពិនិត្យសុខភាព អត់បង់ទៀត។ កើតកូនអត់បង់ទៀត សន្សំបានច្រើន។ សប្បាយចិត្តទេ? ចង់បន្តគោលនយោបាយអញ្ចឹងតទៅទៀតឬអត់? (ចម្លើយ)ចង់។ ពេលនេះ គោលនយោបាយមិនមែនគ្រាន់តែ(ជាពាក្យសម្តីដែល)ខ្ញុំនិយាយទេ តែគឺបានផលជាក់ស្ដែង។ ប៉ុន្មាននាក់ដែលអត់ទាន់បានផលជាក់ស្ដែង? អត់មានទេ។ ប៉ុន្មាននាក់ដែលបានផលជាក់ស្ដែងតាមអ្វីដែលបានឲ្យ? បានទាំងអស់។ ក្រៅពី១០០នាក់ជាងហ្នឹង បងប្អូននៅក្នុងរោងចក្រផ្សេងទៀត … នៅនេះ ១៨០០០នាក់ បានទាំងអស់គ្នាទេ? មិត្តភក្ដិយើង? បានអត្ថប្រយោជន៍ដូចគ្នាទាំងអស់អញ្ចឹងដែរ។ រោងចក្រនេះ មានកម្មករ ១៨០០០នាក់។ ធំជាងគេ … គាត់មាន ៣សាខារោងចក្រ។ បងប្អូន ១៨ ០០០ នាក់បានអត្ថប្រយោជន៍ …។
(៤) បងប្អូនកម្មករខំប្រឹងប្រែងធ្វើការដើម្បីជីវភាព រដ្ឋខំធានាផ្តល់អត្ថប្រយោជន៍តាមដែលអាចធ្វើបាន
យើងបានដំឡើងប្រាក់មូលដ្ឋានប៉ុន្មានឆ្នាំមុន។ ទោះបីកូវីដ-១៩ ក៏យើងដំឡើង អត់ដែលឈប់ទេ។ ប្រាក់ខែតិចឬច្រើន យើងបានដំឡើង អត្ថប្រយោជន៍ក៏ឡើង ចំណាយកាន់តែថយ។ អញ្ចឹងសល់បានក្រែល។ តែលុយដែលសល់ហ្នឹង ប្រពន្ធអ្នកទុក ឬប្ដីអ្នកទុក? ប៉ុន្មាននាក់លុយប្រពន្ធទុក សូមលើកដៃ? ទាំងអស់។ ទុកឲ្យប្ដីប៉ុន្មានភាគរយ? ទាល់តែប្ដីត្រូវការមកសុំវិញ។ អីក៏ដូចគ្នាម្លេះ។ ប្រាក់ខែបង ដល់ខែជំនួយការបើក។ គេអត់យកឱ្យបងទេ។ គេយកឲ្យទៅប្រពន្ធបង។ គេគ្រាន់តែរាយការណ៍ថាបានផ្ដល់ឱ្យបងស្រីហើយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏ដូចគ្នាដែរ ប្រហែលជាមិនខុសគ្នាទេ។ ព្រោះទុកនៅប្ដី ១០០ក៏គ្រាន់ ១០០០ក៏គ្រប់ អស់រលីងក៏សល់ដែរ។ ធ្វើម៉េច(ក៏ដោយ)ឲ្យមានសុភមង្គលជាមួយគ្នា។ ខំប្រឹងធ្វើការងារបានជីវភាពធូរធា បានកូនបន្ថែម ហើយរដ្ឋនឹងបន្តខិតខំធានាអត្ថប្រយោជន៍ និងរកវិធីផ្ដល់អត្ថប្រយោជន៍បន្ថែមទៀតតាមដែលអាចធ្វើបាន។
(៥) កម្មករ/ការិនីធ្វើការងារជួយខ្លួនឯង ជួយគ្រួសារ និងជួយសង្គមជាតិ សំខាន់ជួយបង្កើតធនធានមនុស្ស
សូមអរគុណដល់បងប្អូនកម្មករ/ការិនីទាំងអស់ ដែលបានខិតខំធ្វើការងារ ជួយខ្លួនឯង ជួយគ្រួសារ និងជួយសង្គមជាតិ ជាពិសេស ដែលសំខាន់ជួយបង្កើតធនធានមនុស្សបន្ថែមទៀតឲ្យបានច្រើន ហើយជួយថែទាំឲ្យបានល្អ។ ជូនពរ ប្អូនៗដែលចង់បានកូនបន្ថែម។ សង្ឃឹមថា ប្ដីនឹងឯកភាពតាមហ្នឹង។ ប្រុសៗកុំតវ៉ានឹងប្រពន្ធពេក។ បើប្រពន្ធចង់បានកូន យកទៅ ប្រយ័ត្នដល់ពេលមួយគេបិទឡ យើងចង់បាន ក៏មិនកើត។ ពិបាកសុំណាស់។ គេលែងឲ្យ ពិបាកសុំ។ សុំផ្ទាល់ក៏មិនបាន។ កូនទៅសុំក៏មិនបាន។ សុំតាមមីក្រូហ្វូនសាធារណៈក៏មិនបានទៀត។ និយាយលេង និយាយសើច។ សប្បាយចិត្ត ជាពិសេសឃើញក្មួយៗ កូនៗ មានសុខភាពល្អ។ ក្មេងៗ មានសុខភាពល្អនិងក្មេងៗដែលមានអាហារូបត្ថម្ភមិនគ្រប់ខុសគ្នា។ យើងមើលដឹង។ បើសាច់ឈាមអញ្ចេះៗ ដឹងតែល្អ ហើយនឹង(ជាពលរដ្ឋរឹងមាំទៅ)ថ្ងៃអនាគត។ នៅទីនេះ ដូចជាកូនស្រីច្រើនជាងកូនប្រុស … គេមានឯកសណ្ឋានផង។
(៦) ធ្វើឲ្យផលនៃសេវាសុខាភិបាលបានទៅដល់ប្រជាពលរដ្ឋ សហគមន៍ បងប្អូនកម្មករ/ការិនីក្នុងនិងក្រៅប្រព័ន្ធ
សូមក្រសួងការងារ និងសុខាភិបាល បន្តសហការជាមួយក្រុមហ៊ុនជួយមើល។ ក្រសួងអប់រំអាចពិនិត្យមើលលទ្ធភាពរៀបចំការបណ្ដុះបណ្ដាល(ផ្នែកទារកដ្ឋាន)។ កន្លងទៅ យើងក៏មានកម្មវិធីបណ្ដុះបណ្ដាល ១លាន៥សែននាក់ ដល់ប្អូនៗកម្មករ/ការិនី។ អ្នកណាដែលចង់ទទួលការបណ្ដុះបណ្ដាល (សូមទាក់ទងតាម)ក្រសួងការងារ។ ខាងទារកដ្ឋានអីនេះ បើចង់បណ្ដុះបណ្ដាលនៅកន្លែងផ្សេងអី ក្រសួងអប់រំអាចពិនិត្យមើល ព្រោះធ្លាប់មានបទពិសោធរៀបចំមត្តេយ្យច្រើន។ អញ្ចឹង ការងារតែមួយទេ តែសំខាន់បំផុតឲ្យបានផលដល់ដៃប្រជាពលរដ្ឋ ដល់ដៃសហគមន៍ ដល់ដៃអ្នកដែលត្រូវទទួល គឺបងប្អូនកម្មករ/ការិនីយើង។ មន្រ្តីរាជការយើងក៏បាន ប.ស.ស ដែរ។ ឥឡូវយើងពង្រីកដល់អ្នកអត់ធ្វើការក្នុងវិស័យ អ្នកក្រៅប្រព័ន្ធក៏បានផលបណ្ដើរៗក្នុងការទទួលនូវសេវាសុខាភិបាល។
(៧) ដែលបងប្អូនកម្មករ/ការិនីបានទទួលអត្ថប្រយោជន៍ បង្ហាញថាជាគោលនយោបាយត្រឹមត្រូវ
អ្នកខ្លះថា រាជរដ្ឋាភិបាលយើងដើរតែអួត។ អ្នកណាថាអីថាទៅ។ សំខាន់ខ្ញុំមកជួបនឹងបងប្អូន។ បើបងប្អូនលើកដៃថាបានទទួលផលជាក់ស្ដែង ខ្ញុំសប្បាយចិត្តហើយ។ អ្នកដែលឲ្យពិន្ទុជាក់ស្ដែងគឺបងប្អូន មិនមែនអ្នកដែលចាំតែថាទេ។ បើបងប្អូនថាបានផលពី ប.ស.ស បានផលពីអត្ថប្រយោជន៍ដែលសម្ដេចតេជោបានផ្ដល់ឲ្យ ឥឡូវពីរាជរដ្ឋាភិបាលដែលខ្ញុំកំពុងដឹកនាំបន្តទៀត ទាំងការឧបត្ថម្ភស្រ្តីមានផ្ទៃពោះ ឧបត្ថម្ភកូនរហូតដល់អាយុ២ខួប (នោះជាផលនៃគោលនយោបាយដែលត្រឹមត្រូវហើយ)។ អម្បាញ់មិញ ប្អូនម្នាក់នោះថា ដល់តែស្រួលអញ្ចឹង ប្រពន្ធគាត់ចង់បានកូនថែម។ ហ្នឹងកាន់តែល្អ។ សំខាន់ជួបថ្ងៃហ្នឹង គឺរឿងហ្នឹង និយាយតតាំងគ្នាតែម្ដង។ […]
សូមអរគុណដែលបានមកជួបនៅព្រឹកនេះ។ ថ្ងៃនេះក៏មាននាំមកជូនអ្នកគ្រប់គ្រង ២នាក់ អ្នកមើលថែទាំទារក ១៧នាក់ ស្មើនឹង ១៩នាក់ ម្នាក់ៗ ២០ម៉ឺនរៀល។ ជូនម្ដាយទារក ១៦១នាក់ ម្នាក់ៗ ១០ម៉ឺនរៀលផងដែរ។ ស្រ្តីមានផ្ទៃពោះ ៣ខែឡើង ក្នុងរោងចក្រតែម្ដង ទាំងអ្នកមក និងមិនមក ១ ០៤២នាក់ ម្នាក់ៗថវិកា ២០០ដុល្លារ។ ជូនកម្មករ និយោជិតក្នុងនេះ ១៨ ៧៤៤នាក់ ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀលផងដែរ។ ទោះបីមិនជួបទាំងអស់ ក៏សូមផ្ដាំផ្ញើទៅឲ្យទាំងអស់គ្នា … ជិតឆ្នាំថ្មីផង សូមជូនពរសុខភាពល្អទាំងម្ដាយទាំងកូន និងឪពុកផង។ បើម្ដាយនិងកូនសុខភាពល្អ ឪពុកក៏សប្បាយចិត្តដែរ។ ជូនពរប្រពន្ធកុំឲ្យកាចៗ ស្រឡាញ់ប្ដីឲ្យបានច្រើន ហើយប្ដីស្រឡាញ់ប្រពន្ធឲ្យបានច្រើនដូចគ្នា។ ជូនពរនូវពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាត៕