ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល;
គណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនប្រជាពលរដ្ឋមកពីបណ្ដាស្រុកនានា
នៃខេត្តកំពង់ចាម និងអ្នកស្រុកស្ទឹងត្រង់ទាំងអស់ ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមន្សរីករាយ ដោយបានមកកាន់ទឹកដីស្រុកស្ទឹងត្រង់សាជាថ្មី។ ថ្ងៃនេះ ត្រជាក់ផង ក្ដៅផង។ ត្រជាក់ត្រង់ថា ថ្ងៃនេះមានខ្យល់។ ថ្ងៃមុន ទៅបន្ទាយមានជ័យ ក៏បើកម៉ាស៊ីនត្រជាក់ម្ដងហើយ។ ថ្ងៃនេះ មកទីនេះ ទេវតាបើកម៉ាស៊ីនត្រជាក់មួយទៀត។ នៅស្ទឹងត្រង់ ពាក់អាវរងាស្ទើរគ្រប់គ្នាតែម្ដង។ ក្ដៅវិញត្រង់ថា មានការកក់ក្ដៅ។ ថ្ងៃនេះ មកដល់ស្រុកកំណើត។ អម្បាញ់មិញថាមកស្រុកកំណើតតាយាយ និងពុក អ្នកស្រុកស្ទឹងត្រង់ ហើយក៏មានវត្តមានអ្នកមកពីក្រូចឆ្មារ រកាខ្នុរដែរ។ អញ្ចឹងថ្ងៃនេះ ស្រុកពុកនិងស្រុកម៉ែ ជួបគ្នានៅទីនេះតែម្ដង។ ស្រុកកំណើតខ្ញុំនៅមេមត់។ បើនិយាយពីប្រវត្តិ កាលម៉ែពរពោះហ្នឹង ជាប់គុកនៅនឹងមេមត់ តែកើតហើយ រត់មកនៅខាងក្រូចឆ្មារ រកាខ្នុរមួយរយៈ។ ដល់បែកភ្នំពេញ មកនៅស្ទឹងត្រង់មួយរយៈ មុននឹងទៅភ្នំពេញ។ អញ្ចឹង ក៏ដូចជាទឹកដីកំណើតរបស់ខ្លួន។ សប្បាយរីករាយបានជួបនូវទីនេះ លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូន ហើយជាពិសេសក្មួយៗអ្នកជំនាន់ក្រោយនៅស្ទឹងត្រង់។ ថ្ងៃនេះ អបអរសាទរការរៀបចំប្រកាសខេត្តកំពង់ចាមជាខេត្តដែលបញ្ចប់ការវាស់វែងដីធ្លីជាប្រព័ន្ធជាស្ថាពរ។ អម្បាញ់មិញ ដើរចូលមកបានច្រើនខ្សឺតដែរ។ ទីពីរក៏សប្បាយរីករាយព្រោះអ៊ំៗ ថានៅក្រៅឃើញក្មេងជាងក្នុងទូរទស្សន៍។ ខ្ញុំមិនដឹងធ្វើម៉េចឲ្យអ្នកទូរទស្សន៍សារ៉េធ្វើម៉េចកុំឲ្យក្មេង។ គេថា អស់ត្រឹមប៉ុណ្ណឹង បូកត្រឹម១០ឆ្នាំ។ ប៉ុន្តែមានគេហៅកុងដែរ។ អញ្ចឹងក្មេងផង កុងផង។
(១) គិតពីឆ្នាំ ២០១២ បានមកស្រុកស្ទឹងត្រង់ប្រមាណ ១០ដង
ស្ទឹងត្រង់នេះ បានមកច្រើនដង។ តាំងពីឆ្នាំ២០១២ ដូចជា១០ដង ហើយមកក្នុងកម្មវិធីផ្លូវការ និងក្រៅផ្លូវការក៏ច្រើន។ ចុងក្រោយនេះ ដូចជានៅខែ៤ ឆ្នាំ២០២៣ កាលនោះមកសម្ពោធអគារមួយនៅដងក្ដារ ហើយក៏បានប្រកាសរៀបចំបើកការដ្ឋានកសាងផ្លូវបេតុងប្រវែងជិត ៣ពាន់ម៉ែត្រ។ ឥឡូវដូចជាហើយៗ។ អម្បាញ់មិញ ជួបអ្នកដងក្ដារ គាត់ថាបានប្រើហើយ។ បានបេតុងទៅលែងសូវហុយដីក្រហម។ សូមអបអរសាទរសមិទ្ធផលថ្មី។ តែសំខាន់មិនមែនរឿងបើកការដ្ឋានទេ។ ថ្ងៃនោះមកសម្ពោធអគារអនុវិទ្យាល័យ។ ខ្ញុំសម្ពោធអនុវិទ្យាល័យច្រើន តែមិនចាំដូចថ្ងៃនោះទេ។ រឿងដើមហ្នឹងវាអញ្ចេះ។ អ្នកគ្រូរូបស្រស់ម្នាក់ចូលទៅហ្វេសប៊ុកសម្ដេចតេជោ ស្នើសុំអគារមួយខ្នង។ សម្ដេចតេជោក៏ឯកភាពផ្ដល់អគារមួយខ្នង ឬពីរខ្នង ខ្ញុំមិនសូវចាំ តែឲ្យខាងវិស្វកម្មតេជោឯកឧត្ដម ខេង សុមេធ មក(សាងសង់)។ អ្វីដែលគួរចាប់អារម្មណ៍ ពេលដែលមកសម្ពោធ អ្នកគ្រូមានកូនមួយបាត់។ សួរទៅថាអ្នកណាជាប្ដី គឺមេកងវិស្វកម្មដែលចុះមកធ្វើសាលាហ្នឹងតែម្ដង។ អញ្ចឹងក៏ចាំរឿងហ្នឹង … ជាភ័ព្វសំណាង អ្នកគ្រូសុំតែសាលាទេ តែបានទាំងគូ(ជីវិត)។ សូមអបអរសាទរ ផ្ដាំអបអរសាទរអ្នកគ្រូផង ហើយ(រួមនឹង)សមិទ្ធផលទាំងអស់។
(២) ប្រកាសខេត្តអស់មីននិងសំណល់គ្រាប់មិនទាន់ផ្ទុះបាន ១៥ខេត្ត កាត់បន្ថយការស្លាប់និងប្រែក្លាយដីដំណើរការសកម្មភាពសេដ្ឋកិច្ច
ថ្ងៃនេះ ជាការបើកទំព័រថ្មីមួយ ដែលយើងបានបញ្ចប់ការវាស់វែង ចុះបញ្ជីជូនប្រជាពលរដ្ឋ នៅខេត្តកំពង់ចាមនេះ។ បើមើលប្រវត្តិដីធ្លីរបស់យើងពីដើមមក អាចនិយាយថា (នេះជាសមិទ្ធផល)ជាប្រវត្តិសាស្រ្ត ព្រោះពីមុនមក យើងមិនដែលមានទូទាំងខេត្តចុះមកវាស់វែង(ដីធ្លី)ជាប្រព័ន្ធ ហើយចុះបញ្ជីក្បាលដីនេះទេ។ មុនសង្រ្គាម យើងមានកម្មសិទ្ធិខ្លះ។ ការចុះវាស់វែងជាប្រព័ន្ធទូទាំងប្រទេស មិនថាដីដែលប្រជាពលរដ្ឋកាន់កាប់ និង/ឬដីមិនមានការកាន់កាប់ ដើម្បីឈានទៅដល់ការរៀបចំឲ្យបានត្រឹមត្រូវ (នេះបានធ្វើ)ជាលើកទីមួយហើយ។ តាមរបាយការណ៍របស់ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានបញ្ជាក់ហើយថាជំនាន់ ប៉ុល ពត គឺលុបអស់តែម្ដង។ យើងត្រឡប់(ពីរបបនោះ)មកវិញ (មិនមាន)កម្មសិទ្ធិប្រើប្រាស់ទេ។ ខ្ញុំធ្លាប់តែប្រកាសខេត្តដែលអស់មីន និងកាកសំណល់គ្រាប់ពីសង្រ្គាម ដែលមានដូចជាបាន ១៥ខេត្តហើយនៅទូទាំងប្រទេស ដើម្បីកាត់បន្ថយហានិភ័យនៃការស្លាប់ និងជានិមិត្តរូបនៃការប្រែក្លាយដីដែលធ្លាប់តែជាទីតាំងសង្រ្គាមធ្វើឲ្យគ្រោះថ្នាក់ប្រជាជន ទៅជាកន្លែងដែលបង្កបង្កើនផល និង(ដំណើរការ)សកម្មភាពសេដ្ឋកិច្ចបាន។
(៣) កំពង់ចាមជាខេត្តទីមួយដែលបញ្ចប់ការវាស់វែងជាប្រព័ន្ធ និងផ្ដល់កម្មសិទ្ធិដីធ្លីដល់ប្រជាជន
ថ្ងៃនេះ ជាប្រវត្តិសាស្រ្តថ្មីមួយទៀត ដែលខេត្តកំពង់ចាមជាខេត្តទីមួយ ត្រូវបានប្រកាសជាខេត្តដែលបានបញ្ចប់ការវាស់វែងដីធ្លីជាប្រព័ន្ធនេះ គឺឈានទៅដល់ការផ្ដល់ និងការធានាកម្មសិទ្ធិរបស់ប្រជាជនយូរអង្វែង ហើយនេះគឺជាទិដ្ឋភាព និងជាសមិទ្ធផលប្រវត្តិសាស្រ្ត ដែលជាផលនៃសន្តិភាពរបស់យើង។ សូមអបអរសាទរ។ នេះគឺជាកិច្ចការជាមោទនភាពដែលយើងបានធ្វើ ហើយសូមអបអរសាទរជាមួយប្រជាពលរដ្ឋ អ៊ំ ពូ មីង លោកតា លោកយាយ បងប្អូនទាំងអស់ អ្នកស្រុកស្ទឹងត្រង់ ក៏ដូចជាអ្នកខេត្តកំពង់ចាម ដែលបានខេត្តរបស់យើងជាខេត្តទីមួយ។ ថ្ងៃនេះ ក៏មានឯកឧត្ដម អភិបាលខេត្តត្បូងឃ្មុំ ចូលមករួមអបអរសាទរ។ ខេត្តហ្នឹងជាខេត្តសម្ព័ន្ធមេត្រីភាពខាងកើត និងខាងលិចទន្លេ។ ពីមុន ឆ្នាំ២០១៣ ដូចខេត្តតែមួយទេ កំពង់ចាមខាងកើតទន្លេ និងកំពង់ចាមខាងលិចទន្លេ។ ឥឡូវបានស្ពានភ្ជាប់ទៀត អញ្ចឹងស្ពានស្ទឹងត្រង់នេះ (បង្កនូវភាព)ងាយស្រួល។ បើសិនជាមិនមានស្ពាននេះទេ ប្រជាពលរដ្ឋប៉ុន្មានរយនាក់នេះដែលមកពីក្រូចឆ្មារត្រូវឆ្លង(ទូកដរ)ច្រើនជើង។ ឥឡូវឆ្លងស្ពាន។
ប្រហែលថា អ្នកខាងស្ទឹងត្រង់ និងអ្នកក្រូចឆ្មារអាចក្លាយជាដន្លងនឹងគ្នាកាន់តែច្រើនហើយ ក្រោយភ្ជាប់ស្ពាននេះ។ កាលពីមិនទាន់មានស្ពានផង មានភ្ជាប់និស្ស័យច្រើនគូទៅហើយ រួមទាំងឪពុកម្ដាយខ្ញុំផង។ ទម្រាំមានស្ពានទៀត មិនដឹងឡើងប៉ុន្មាន។ និយាយអញ្ចឹងមិនមែនថាពន្យុះក្មេងៗទេ តែធ្វើម៉េចបើមានស្ពាន។ អាណិតតែអ្នករត់សាឡាងទេ។ ដូចជា តាជឿន រត់ពីអ្នកលឿង ពេលគេភ្ជាប់ស្ពានអ្នកលឿង យកមកដាក់នៅទីនេះ។ ប៉ុន្តែ នៅស្ទឹងត្រង់នេះ ដូចមិនទាន់មានសាឡាងទេកាលនោះ មានតែទូកឆ្លង។ ខ្ញុំចាំខ្ញុំបានមកឆ្លងនៅទីនេះ មុខសាលាស្រុកនេះឡើងទៅម្ខាងទៀត។ ពេលមកទូកដរមិនទាន់ដល់ យើងទិញទឹកអំពៅ គេច្នៃដាក់ម៉ាស៊ីនគោយន្តកិនជំនួស។ ខ្ញុំចាំនៅត្រើយម្ខាងនោះ។ កាលនោះ ទូកដមិនធំប៉ុន្មានដែរទេ។ ទូកឈើដែលចម្លងរថយន្ត។ ក្រោយមក សាឡាងក៏ចល័តមក។ ឥឡូវមិនដឹងទៅដល់ណាហើយ? អ្នកសាឡាងថាគាត់មិនអីទេ គាត់ធ្លាប់ហើយ ចម្រៀង «វាសនាអ្នករត់ទូកដរ»។ ស្រឡាញ់តែមិនប្រាប់គេ ដល់គេធ្វើស្ពានរួច នាងលែងឆ្លងទូកដរ បានស្ដាយក្រោយ។
(៤) តភ្ជាប់បង្កើតចរន្តទាំងមនុស្សទាំងសេដ្ឋកិច្ច ធ្វើការអភិវឌ្ឍ និងដើរទៅមុខជានិច្ច
សូម្បីតែអ្នកខេត្តក្រចេះ ក៏លែងចុះទៅក្រោមឆ្លងកាត់ទៅដល់ក្រុងកំពង់ចាមអីដែរ គឺឆ្លងតាមនេះឡើងទៅឆ្លូង។ ទៅមុខទៀត យើងមានស្ពានឆ្លងកាត់ក្រចេះ(រវាងក្រុងនិងស្រុកព្រែកប្រសព្វ) តភ្ជាប់ប្រជាពលរដ្ឋខាងកើត និងខាងលិច ឲ្យកាន់តែបានច្រើន។ នៅភ្នំពេញក៏ដូចគ្នា ពេលដែលយើងឆ្លងកាត់ យើងតភ្ជាប់បង្កើតចរន្តសេដ្ឋកិច្ចឲ្យជាប់គ្នា ភ្ជាប់ទាំងមនុស្ស ទាំងចរន្តសេដ្ឋកិច្ច ឲ្យមានកំណើនកាន់តែល្អ។ យើងធ្វើការអភិវឌ្ឍបន្តិចម្ដងៗ ប៉ុន្តែយើងដើរទៅមុខជានិច្ច។ អ្វីដែលសំខាន់កុំឲ្យវិលត្រឡប់ទៅទិដ្ឋភាពសង្រ្គាមវិញ។ (ត្រូវ)រក្សាឲ្យបាន(សន្តិភាពដូចបច្ចុប្បន្ន) ដែលបញ្ចប់(សង្រ្គាម)។ ខ្ញុំចាំថា កាលពីយើងចប់ការវាយគ្នាឆ្នាំ១៩៩៨ នៅស្ទឹងត្រង់ដូចមិនទាន់ចប់ស្រួលបួលនៅឡើយទេ នៅមានចរន្តឆ្លងកាត់ មានការប្រយុទ្ធគ្នា។ អ្នកស្ទឹងត្រង់ក៏ឆ្លងកាត់ការលំបាក និងប្រឈមច្រើនផងដែរ រួមទាំងគ្រួសាររបស់ខ្ញុំ ឪពុកម្ដាយ ជីដូនជីតារបស់ខ្ញុំ។ នេះជាការលំបាក ការព្រាត់ប្រាស ការបែកបាក់អ្វីដែលយើងបានឆ្លងកាត់ មកជាការជួបជុំគ្នា ការតភ្ជាប់គ្នា និងការអភិវឌ្ឍទៅមុខ។
(៥) ការវាស់វែង ចុះបញ្ជី និងប្រគល់បណ្ណកម្មសិទ្ធ ជាសករាជថ្មីនៃការអភិវឌ្ឍជាតិ ផ្ដល់ផលដល់ប្រជាជន
ការបែងចែក ការវាស់វែង ការរៀបចំចុះបញ្ជីក្បាលដី និងការប្រគល់បណ្ណជូនប្រជាពលរដ្ឋ នៅខេត្តកំពង់ចាមនេះ ក៏នឹងបានដំណើរការនៅទូទាំងប្រទេសនាពេលខាងមុខនេះ ជាសករាជថ្មីនៃការជំរុញការអភិវឌ្ឍប្រទេសជាតិរបស់យើង និងផ្ដល់ផលដល់ប្រជាជនផ្ទាល់។ ការអភិវឌ្ឍ ការរីកចម្រើន មិនមែនសម្រាប់ប្រមូលផ្ដុំផលតែទៅលើទេ គឺធ្វើម៉េចផលឲ្យរាយនៅគ្រប់កន្លែងទូទាំងប្រទេស មិនថាអ្នកនៅស្រុកស្ទឹងត្រង់ នៅខ្ពបតាងួន នៅអារក្សត្នោត នៅក្រូចឆ្មារ ឬនៅកន្លែងណាទេ គឺត្រូវផលនេះរុញឲ្យដល់ប្រជាពលរដ្ឋឲ្យបានកាន់តែច្រើនជាអតិបរមា។ កន្លែងដែលធ្លាប់តែដាច់ដោយសារសង្រ្គាម យើងដោះមីន យើងតភ្ជាប់ យើងធ្វើផ្លូវ យើងឲ្យកម្មសិទ្ធិប្រជាពលរដ្ឋទៅរស់នៅ ធ្វើស្រែចម្ការ អភិវឌ្ឍដើម្បីគាត់បានផល។ យើងនឹងបន្តរួមគ្នាតទៅទៀត។
(៦) រាជរដ្ឋាភិបាលប្ដេជ្ញាខិតខំធ្វើការបម្រើនិងផ្ដល់ផលឲ្យកាន់តែច្រើនដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង
ក្នុងន័យនេះ ខ្ញុំសូមពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនប្រជាពលរដ្ឋអ្នកស្ទឹងត្រង់ អ្នកកំពង់ចាម ហើយក៏សូមផ្ដាំផ្ញើអរគុណរបស់លោកចំពោះការទុកចិត្ត ការជឿជាក់របស់ប្រជាពលរដ្ឋអ្នកស្ទឹងត្រង់ អ្នកក្រូចឆ្មារ អ្នកខេត្តកំពង់ចាមទៅលើការដឹកនាំរបស់គណបក្សប្រជាជនកន្លងទៅ ជាពិសេសការដឹកនាំរបស់សម្ដេចតេជោ ធ្វើឲ្យប្រជាពលរដ្ឋបានផលទាំងសន្តិភាពទាំងការអភិវឌ្ឍ … ការគាំទ្រនៅស្ទឹងត្រង់តែងតែខ្ពស់ជាប់ជាប្រចាំនៅរាល់ការបោះឆ្នោត។ នាអាណត្តិកន្លងទៅនេះ (ការគាំទ្រ)នៅខេត្តកំពង់ចាមក៏ខ្ពស់ បញ្ជាក់ពីការផ្ដល់យុត្តិធម៌ដល់ថ្នាក់ដឹកនាំយើងដែលមានសាច់ឈាមពីខេត្តកំពង់ចាម ស្រុកស្ទឹងត្រង់ និងទូទាំងប្រទេសក្នុងការបម្រើប្រជាពលរដ្ឋ។ ក្នុងន័យនេះ ជាការតបស្នងសងគុណដល់ប្រជាជននៅគ្រប់ទីកន្លែង រួមទាំងអ្នកស្ទឹងត្រង់ អ្នកខេត្តកំពង់ចាម រាជរដ្ឋាភិបាលអាណត្តិថ្មីមិនមានអ្វីក្រៅពីការប្ដេជ្ញាចិត្ត និងបន្តខិតខំធ្វើការបម្រើនិងផ្ដល់ផលឲ្យកាន់តែច្រើនដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ សមិទ្ធផលថ្ងៃនេះ ជាលទ្ធផលជាក់ស្ដែង។
(៧) ផ្តល់កម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋតកូនតចៅ ជាផលជាក់ស្ដែងជូនប្រជាពលរដ្ឋ
មានអ្នកដែលតែងតែលើកពីចំណុចអវិជ្ជមានថា រាជរដ្ឋាភិបាលធ្វើបាបតែប្រជាជន ប្លន់ដីធ្លីប្រជាជន។ គេមិនដែលបានទទួលស្គាល់ទេ ពេលដែលយើងចុះចែកបណ្ណរាប់ម៉ឺនរាប់សែនក្បាលដី ដីរាប់លានហិកតាឲ្យប្រជាពលរដ្ឋ។ អ្នកណាថាអីថាចុះ សំខាន់ប្រជាពលរដ្ឋបានទទួលផលជាក់ស្ដែង ប្រជាពលរដ្ឋផ្ដល់យុត្តិធម៌ជាក់ស្ដែង។ នេះជាការពិត។ យើងត្រូវធ្វើបន្ត ដើម្បីសំរេចបានលទ្ធផលលើដី មិនមែនលើក្រដាស ឬមេក្រូនោះទេ ជូនប្រជាពលរដ្ឋ លោកតា លោកយាយ។ ផ្ដល់កម្មសិទ្ធិដីធ្លី មិនមែនផ្ដល់ត្រឹមតែលោកតាលោកយាយទេ គឺផ្ដល់តតំណ ព្រោះដីប្រគល់ឲ្យហើយ រដ្ឋអត់មានថាអស់ពីលោកតាលោកយាយទៅ រដ្ឋយកមកវិញអីទេ។ គឺប្រគល់ជូន ហើយផ្ទេរយ៉ាងណាអីតទៅទៀត(ក៏ស្រេចតែលោកយាយលោកតា) មិនដូចជាជំនាន់ ប៉ុល ពត ដែលថាលុបកម្មសិទ្ធិដីធ្លីឡើងវិញទេ។ ដីធ្លីនេះនឹងជូនប្រជាពលរដ្ឋមួយជីវិត និងតកូនតចៅតទៅទៀត។ យើងចែក(បណ្ណកម្មសិទ្ធដីធ្លី)ថ្ងៃនេះ ជានិមិត្តរូបនៃផលជាក់ស្ដែង បានផលតកូនតចៅរាប់តំណជូនប្រជាពលរដ្ឋ …។
(៨) ការប្រគល់បណ្ណកម្មសិទ្ធ ចំខួបទី១២ ឆ្នាំ នៃការអនុវត្តយន្តការ បប០១ នៅស្រុកស្ទឹងត្រង់
ក្នុងរបាយការណ៍របស់ឯកឧត្ដម អភិបាល មាននិយាយពីមូលហេតុដែលយើងជ្រើសរើសស្រុកស្ទឹងត្រង់នៅថ្ងៃនេះ ដែលវាគួបផ្សំនឹងទិដ្ឋភាពកាលពី១២ឆ្នាំមុន។ បើយើងគិតឆ្នាំ(ខ្មែរ)គឺមួយជុំ ដែលសម្ដេចតេជោបានរៀបចំនៅកន្លែងនេះប្រគល់បណ្ណកម្មសិទ្ធិដីធ្លី តាមរយៈយន្តការ បប០១។ អញ្ចឹង យើងរៀបចំកម្មវិធីនៅស្រុកស្ទឹងត្រង់ បានន័យថាក្នុងពេលមួយជុំ(១២ឆ្នាំ) ការវិវត្តនៃវឌ្ឍនភាពទទួលបានកម្មសិទ្ធិរបស់ប្រជាជនកាន់តែរឹងមាំ។ នេះគឺអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនធ្វើជូនប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។ យើងតែងតែដោះស្រាយបញ្ហាលំបាកនានារបស់បងប្អូន។ ក្នុងឱកាសនេះ សូមថ្លែងអំណរគុណដល់បណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងជំរុញការងារវាស់វែង និងចុះបញ្ជីដីធ្លីក្នុងខេត្តកំពង់ចាម រហូតដល់បញ្ចប់កិច្ចការនេះជាស្ថាពរ។ ជាមួយគ្នានេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ និងការប្ដេជ្ញាចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុរិយោដីខេត្តកំពង់ចាម មន្រ្តីបច្ចេកទេសក្រុមវាល មន្ត្រីស្ម័គ្រចិត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវជោគជ័យនៃការបញ្ចប់ការចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
(៩) ការបញ្ចប់សង្គ្រាមបង្កលក្ខណៈឱ្យអាចវាស់វែងដីទូទាំងប្រទេស ចុះបញ្ជីស្តង់ដារតែមួយនិងច្បាប់តែមួយ
ដីសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋយើងគ្រប់គ្នា មិនថាអ្នកក្រុង មិនថាអ្នកជនបទនោះទេ។ ដីជាមូលដ្ឋាននៃលំនៅដ្ឋានសំរាប់អ្នកទីក្រុង ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋនៅតាមជនបទ មិនត្រឹមតែជាលំនៅដ្ឋានទេ តែក៏ជាមូលដ្ឋានសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត ធ្វើស្រែចម្ការ ចិញ្ចឹមកូនចៅ។ ដីក៏ជាមូលដ្ឋានទ្រព្យដែលអាចលក់ដូរ ផ្ទេរបន្តជំនាន់ទៅឲ្យកូនចៅ។ ចែកទ្រព្យ។ ពីដើម ឪពុកម្ដាយថាអត់មានទ្រព្យអីចែកឲ្យទេ មានតែដី ចែកឲ្យកូន យកទៅកសាងផ្ទះ បង្កបង្កើនផល។ នេះគឺសារៈសំខាន់នៃដីធ្លី។ នៅកម្ពុជា នេះជាប្រវត្តិសាស្រ្តលើកទី១ ហើយ ដែលយើងដាក់ផែនការទូទាំងប្រទេសត្រូវតែវាស់វែង ចុះបញ្ជី ដីឯកជន ដីរដ្ឋ ដីសហគមន៍ ដើម្បីយើងដឹង ថ្ងៃក្រោយអាចរៀបចំធ្វើផែនការតាមសមត្ថភាពរបស់យើង។ វាជាប្រវត្តិសាស្រ្តក្នុងរយៈពេល៥០០ ឆ្នាំនេះ ដែលយើងមានការឯកភាពជាតិ។ ពីមុន យើងមិនដែលមានការឯកភាពជាតិ ទោះបីជាចង់វាស់ ក៏វាស់មិនអស់ដែរ។ សូម្បីជំនាន់មុនសង្គ្រាម ជំនាន់សង្គមរាស្ត្រនិយម បើយើងចង់វាស់ក៏វាស់បានដែរ។ (មាន)កន្លែងដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ តែតំបន់គ្រប់គ្រងដោយភាគីខ្មែរផ្សេងៗ ដូចព្រំដែនថៃអីនេះវាស់មិនបាននោះទេ។ ឥឡូវបង្កលក្ខណៈអំណោយផលដោយសារយើងបានបញ្ចប់សង្គ្រាម យើងលែងមានតំបន់រដ្ឋបាលគ្រប់គ្រងដោយ ២ឬ៣បក្សទៀត ឬ ២ទៅ ៣ពួកកម្លាំងប្រដាប់អាវុធទៀត។ យើងតែរដ្ឋាភិបាលតែមួយ។ ការនេះបង្កលក្ខណៈឱ្យយើងវាស់វែងដីទាំងអស់ទូទាំងប្រទេស ចុះបញ្ជីស្តង់ដារតែមួយ ដោយច្បាប់តែមួយ ដើម្បីធានានូវភាពរឹងមាំសម្រាប់ប្រជាជនគ្រប់កន្លែងទាំងអស់។
(១០) ក្រោយឆ្នាំ១៩៧៩ ប៉ុល ពត បន្សល់ទុកនូវការលុបបំបាត់កម្មសិទ្ធិដីធ្លី
ពីឆ្នាំ១៩៧៩ ពួក ប៉ុល ពត បានលុបបំបាត់អស់កម្មសិទ្ធិដីធ្លី។ ប្រជាពលរដ្ឋត្រូវជម្លៀសចេញពីក្រុង។ ក្រោយឆ្នាំ ១៩៧៩ យើងត្រឡប់មកវិញ។ ប៉ុន្តែដីកន្លែងខ្លះ មិនមានអ្នកមកវិញទេ ដោយសារម្ចាស់ត្រូវពួក ប៉ុល ពត សម្លាប់អស់ទៅហើយ។ អ្នកខ្លះស្លាប់ទាំងគ្រួសារតែម្តង។ មិនថាអ្នកស្ទឹងត្រង់ ឬអ្នកណា អ្នកភ្នំពេញក៏ដូចគ្នា។ អ្នកដែលចូលទៅវិញ កន្លែងខ្លះជាពិសេសនៅក្រុងមិនទៅយកកន្លែងដើមទេ។ ពីដើមទីមក ផ្ទះនៅភ្នំពេញ ពេលចូលទៅវិញ ប្រជាពលរដ្ឋប្រមូលផ្តុំនៅជាមួយគ្នា ព្រោះទីក្រុងស្ងាត់។ កម្មសិទ្ធិមានការប្រែប្រួល។ ដំណាក់កាលដំបូងនោះយើងមិនទាន់មានកម្មសិទ្ធិឯកជនទេ។ ដំណាក់កាលដំបូងពីឆ្នាំ១៩៧៩ ចេញមក ស្ថានភាពសង្គមសេដ្ឋកិច្ច មានការលំបាក ដោយអ្នកខ្លះស្លាប់អស់សមាជិកគ្រួសារ អ្នកខ្លះសល់ម្តាយមួយជាស្ត្រីមេម៉ាយ។
(១១) ក្រោយឆ្នាំ១៩៧៩ ចងក្រងក្រុមសាមគ្គីផង ច្បាំងទប់ទល់ការវិលត្រឡប់នៃខ្មែរក្រហមផង
ខ្ញុំបានជួបលោកយាយម្នាក់នៅពោធិ៍សាត់អាយុ ៩៣ឆ្នាំ។ សួរថា លោកយាយនៅតែម្នាក់ឯងតាំងពីពេលណាមក។ គាត់ថា តាំងពីឆ្នាំ១៩៧៩។ គេសម្លាប់ប្តីគាត់ សម្លាប់កូនគាត់ ៦នាក់។ អញ្ចឹង ចេញមក សល់តែម្នាក់ឯងគត់ពីឆ្នាំ១៩៧៩។ រហូតដល់ឆ្នាំ២០២៣ គាត់អាយុ ៩៣ឆ្នាំ។ ក្នុងស្ថានភាពនេះ បើសិនជាយើងមិនរៀបចំជាសមូហភាព យើងពិបាក។ លោកតា លោកយាយ អ៊ំ ពូ មីង ចេញមកដឹងហើយ យើងមានក្រុមសាមគ្គី ខ្វះគោ ខ្វះរទេះ ខ្វះអី ផ្គុំកម្លាំងគ្នា។ ពេលនោះ យើងក៏ត្រូវទប់ការវិលត្រឡប់របស់ខ្មែរក្រហមមកវិញ។ អញ្ចឹង កម្លាំងមួយចំនួនត្រូវចេញទៅច្បាំងទប់ទល់ទៀត។ សេដ្ឋកិច្ចពេលនោះរៀបចំប្រព័ន្ធសមូហភាព មិនមានកម្មសិទ្ធិឯកជន តែមានកន្លែងខ្លះ អនុវត្តរបបអាស្រ័យផល។ ដូចនៅខេត្តតាកែវ ឯកឧត្តម ប៉ុល សារឿន ជាអភិបាល បានសាកល្បងផ្តល់កម្មសិទ្ធិឯកជន បានន័យថាកម្មសិទ្ធិបង្កបង្កើនផល សិទ្ធិអាស្រ័យផលបានជួយប្រជាពលរដ្ឋ។
(១២) ឆ្នាំ១៩៨៩ ចាប់ផ្តើមការផ្តល់កម្មសិទ្ធិដីធ្លីជាឯកជនជូនប្រជាពលរដ្ឋ
ដល់ឆ្នាំ ១៩៨៩ តាមការផ្គួចផ្តើមរបស់សម្តេចតេជោ យើងបានធ្វើការកែទម្រង់សេដ្ឋកិច្ចពីសេដ្ឋកិច្ចផែនការ មកសេដ្ឋកិច្ចទីផ្សារ។ ពេលនោះ ចាប់ផ្តើមពីការផ្តល់កម្មសិទ្ធិឯកជនដីធ្លីជូនប្រជាពលរដ្ឋ។ យើងបានធ្វើជិត ៤០ឆ្នាំមកហើយ។ យើងគិតគូរផ្តល់កម្មសិទ្ធិឯកជនជូនប្រជាពលរដ្ឋ។ អញ្ចឹង ដំណើរការនៃការវិវត្តន៍ការគ្រប់គ្រងដីធ្លីរបស់យើងមានដំណាក់កាលបែបនេះ។ ដូចនិយាយអញ្ចឹង ដំណាក់កាលឆ្នាំ១៩៨៩ មិនទាន់មានការឯកភាពទឹកដីទេ។ កន្លែងច្រើនណាស់នៅវាយគ្នានៅឡើយ។ សូម្បីតែនៅខេត្តកំពង់ចាមនេះ កាលនោះត្បូងឃ្មុំមិនទាន់(នៅមិនទាន់បំបែកចេញ)ទេ។ ខេត្តកំពង់ចាមនេះ រួមទាំងស្ទឹងត្រង់ផង មានកន្លែងដែលឆ្លងកាត់ដោយខ្មែរក្រហមនិងមានការបាញ់ប្រហារគ្នាដែរ។ ពីក្មេងខ្ញុំមិនដែលបានឡើងមកដល់នេះទេ តែខ្ញុំធ្លាប់មកពីភ្នំពេញដល់កំពង់ចាម …។
ថ្ងៃមុនបាននិយាយជាមួយ ឯកឧត្តម នេត សាវឿន ថាកាលជំនាន់គាត់ការឆ្នាំ១៩៩០ជាង នៅមានការបាញ់ឡាននៅឡើយទេ … ខ្ញុំចាំថាអ៊ំ ហ៊ុន ណេង ដែលជាអភិបាលខេត្ត ឱ្យតែគាត់មកភ្នំពេញ គាត់មិនដែលប្រាប់ម៉ោងត្រូវទេ។ គាត់ប្រាប់ថាចេញម៉ោង៣ តែម៉ោង១១ គាត់ចេញមកហើយ ព្រោះបង្កាការស្ទាក់បាញ់ … បើថាវាស់វែងដីធ្លីនៅកន្លែងនោះ ក្រុមវាស់វែងក៏មិនទៅធ្វើ ព្រោះមិនស្រួលគេចាប់ធ្វើចំណាប់ខ្មាំងទៀត។ បើវាស់ហើយ ឱ្យប្រជាជនមកនៅ ក៏គាត់មិនមកនៅដែរ។ ឯកឧត្តមមេបញ្ជាការជើងទឹកម្នាក់ … បានប្រាប់ខ្ញុំថាផ្លូវជាតិលេខ៤ ដែលឥឡូវជាផ្លូវត្រូវប៉ាន់ ដីឡើងថ្លៃ ពីឆ្នាំ ១៩៨០ជាង យកប្រជាជនមកចែកដីឱ្យនៅផ្លូវជាតិលេខ៤ គាត់អត់នៅទេ ព្រោះជាកន្លែងបាញ់គ្នា។ តភ្ជាប់អត់បាន។
(១៣) សំរេចបានសន្តិភាពហើយប្រគល់ដីធ្លីឱ្យប្រជាជនបង្កើតសកម្មភាពសេដ្ឋកិច្ចដើម្បីជីវភាពរស់នៅ
ដែលយើងគិតថាសន្តិភាព មិនត្រឹមតែយើងឈប់បាញ់គ្នាទេ ប៉ុន្តែផ្តល់លទ្ធភាពឱ្យរៀបចំការវាស់វែង ការប្រគល់ដីធ្លីឱ្យប្រជាជន ហើយគាត់អាចទៅបង្កើតសកម្មភាពសេដ្ឋកិច្ចដើម្បីជីវភាពរស់នៅបាន។ នេះហើយផលសន្តិភាព។ មិនមែនបានន័យថាគ្រាន់តែឈប់បាញ់ ហើយអត់បានផលនោះទេ។ ឈប់បាញ់ហើយប្រើឱកាសហ្នឹងដើម្បីអី? អ្នកស្ទឹងត្រង់ កូនចៅអ្នកស្ទឹងត្រង់លែងត្រូវវាយគ្នាទៀត។ តំបន់នៅស្រុកស្ទឹងត្រង់ ក្រូចឆ្មារ លែងមានកន្លែងខ្មែរក្រហមឆ្លងកាត់ លែងបាញ់គ្នា ដែលពីមុនសូម្បីតែពេលខ្លះជិះកាណូតពីភ្នំពេញ លើកាណូតក៏ដាក់សុទ្ធតែទាហានពេញហ្នឹង ព្រោះអាចបាញ់គ្នាតាមផ្លូវ។ អត់ស្ពានស្ពានតភ្ជាប់ទេ។ (តែបច្ចុប្បន្នយើងសំរេចបាន)សមិទ្ធផលច្រើន (ពីនេះ)តទៅដល់ក្រចេះ។ នេះជាមោទនភាពទទួលបានទាំងវិស័យដីធ្លី និងទាំងផល។
(១៤) ធ្វើឱ្យដីនៃសោកនាដកម្មពី៥០០ ឆ្នាំកន្លង ក្លាយជាដីដែលប្រជាពលរដ្ឋបង្កបង្កើនផលតកូនចៅ និងល្អជាងជំនាន់បច្ចុប្បន្ន
រាជរដ្ឋាភិបាលថ្មី បន្តគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើរាប់សិបឆ្នាំមកហើយ និងខិតខំធ្វើឱ្យកាន់តែមានប្រសិទ្ធភាព ឈានទៅដល់ការដោះស្រាយបញ្ហានិងផ្តល់អត្ថប្រយោជន៍ឱ្យប្រជាជនបានត្រឹមត្រូវ បង្កលក្ខណៈឱ្យដីកម្ពុជាដែល ៥០០ឆ្នាំមកនេះជាដីនៃសោកនាដកម្ម នៃការរងទុក្ខលំបាកពេលខ្លះ ជាដីដែលបែកបាក់គ្នា ជាដីដែលសម្បូណ៌ទៅដោយគ្រាប់មីន ជាដីដែលខ្មែរធ្លាប់តែបាញ់គ្នាសម្លាប់គ្នា ទៅជាដីដែលមានសុខដុមនីយកម្ម ជាដីដែលប្រជាពលរដ្ឋអាចបង្កបង្កើនផល ជាដីអាចធ្វើឱ្យជំនាន់កូនចៅ ប្រជាពលរដ្ឋកាន់តែល្អជាងជំនាន់បច្ចុប្បន្ន។ នេះជាអ្វីដែលរាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តខិតខំដឹកនាំ ដើម្បីឆ្លើយតបជាមួយប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលបានបោះឆ្នោតផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាល ដល់គណបក្សប្រជាជនកម្ពុជាឱ្យបម្រើដល់ប្រជាជន។ ការប្តេជ្ញាចិត្តរបស់យើងក្នុងវិស័យដីធ្លី គឺមានតែខិតខំវាស់វែងឱ្យចប់ ផ្តល់កម្មសិទ្ធិឱ្យប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ បង្កលក្ខណៈឱ្យ(ដី)កាន់តែមានតម្លៃ និងមានឱកាសច្រើនក្នុងការប្រើប្រាស់ដីធ្លី ឱ្យប្រជាជនគ្រប់ទីកន្លែងបានផល …។
(១៥) បណ្ណកម្មសិទ្ធដីធ្លី ១) មានប្លង់រឹងកម្មសិទ្ធិច្បាស់លាស់ និង២) បញ្ចប់ជម្លោះដីធ្លី
មកដល់ពេលនេះ ដើម្បីឱ្យដីនេះមានផលប្រយោជន៍ កត្តាមួយសំខាន់គឺកម្មសិទ្ធិមួយច្បាស់លាស់។ បើមានកម្មសិទ្ធិស្រួល យើងអត់មានការបារម្ភ។ បានន័យថាមានប្លង់រឹងហើយ អត់មាននៅៗ ស្រាប់តែអ្នកណាកាន់ប្លង់រឹងមកដេញចេញទេ។ លែងខ្លាចហើយ … ប្លង់រឹងតាមផ្លូវច្បាប់ ចុះបញ្ជីវាស់វែងច្បាស់លាស់។ ឥឡូវមិនមែនវាស់ដៃដូចមុនទេ គឺវាស់ដាក់ក្នុងប្រព័ន្ធ។ ម៉ាស៊ីនចុចមកចំដល់ ១មីលីម៉ែត្រៗ តែម្តង អត់មានជាន់ព្រំគ្នាទៀតទេ។ ពីមុនយើងមានបញ្ហាមួយចំនួន ដោយសារការវាស់វែងដោយដៃ និងចេញជាប្លង់ស្លាបមាន់។ អញ្ចឹងហើយបានជានៅខេត្តមួយចំនួន ដូចនៅកំពង់សោមអី ពេលដីឡើងថ្លៃ ទៅវាស់ចុះឡើងជាន់គ្នា។ ឥឡូវអត់បញ្ហា ដាក់កន្លែងណា កន្លែងហ្នឹង មាន GPS មានអីនៅតែម្តង។ អញ្ចឹងកាន់តែរឹងមាំ។ អត់ព្រួយថាវាស់ថ្ងៃមុនចូលដីខ្ញុំ ១ម៉ែត្រអីទេ … ឥឡូវគឺប្រព័ន្ធបច្ចេកវិទ្យា។ ចុចតែមួយទេ គឺដូចគ្នាទាំងអស់។ កាលមុនថាមានប្លង់មួយហ្នឹងទៅសុរិយោដី ជួនកាលអាចសុរិយោដីខេត្តមួយបញ្ជាទៅដល់តុលាការ មួយទៀតចេញប្លង់ ២ ៣មក។ ឥឡូវប្លង់មានតែមួយទេ ហើយនៅក្នុងប្រព័ន្ធឌីជីថល។ អញ្ចឹងកាន់តែរឹងមាំ ផ្លូវច្បាប់ និងមានភាពកក់ក្តៅ។
ទី២ គឺបញ្ចប់ជម្លោះ។ កុំឱ្យមានជាន់(ព្រំគ្នា)។ កន្លែងខ្លះជាន់គ្នាតែប៉ុន្មាន មិនដល់កន្លះម៉ែត្រផង តែបញ្ហា។ ដោយសារពេលខ្លះការវាស់វែង … កន្លែងខ្លះខាងត្បូងជាប់នឹងទន្លេ ដល់ឆ្នាំនេះបាក់ដីអស់ មិនដឹងខាងត្បូងជាប់នឹងទឹកយ៉ាងម៉េច? … អ្នកកងមាស ប្តឹង អ៊ំ ណេង កាលនៅជាអភិបាលខេត្ត។ អ៊ំជួបខ្ញុំ គាត់ថា ណែត ឯងជួយដោះអ៊ំបន្តិចមើល អ៊ំទៅកងមាស។ ប្រជាពលរដ្ឋនៅកងមាសបាក់ដីទៅក្នុងទន្លេ។ ដីហ្នឹងទៅដុះនៅខាងកោះសូទិន។ ប្រជាពលរដ្ឋទារដីគាត់វិញ។ ខាងកោះសូទិនថាមិនដឹងចេញម៉េច។ អ្នកកងមាសទារដីនៅកោះសូទិនថាដីហ្នឹងបាក់វាចូលទៅខាងហ្នឹង។ ខាងជើងដូចអញ្ចឹងដែរ ស្ទឹងត្រង់បាក់ទៅដុះនៅខាងក្រូចឆ្មារ។ អញ្ចឹងសួរថា ដីហ្នឹងរបស់ខេត្តកំពង់ចាម ឬដីរបស់ត្បូងឃ្មុំ? ពេលនេះយើងមានបណ្ណកម្មសិទ្ធិហើយ។ ថ្ងៃមុន តំបន់មួយនៅរាជធានីភ្នំពេញបាក់ដីជាង ២០០០ហិកតា ហើយមានការគិតគូរបូមខ្សាច់បំពេញឡើងវិញ។ អញ្ចឹង ដីប្លង់វានៅហ្នឹង គ្រាន់ឥឡូវវាទឹក ពេលដែលបូមមកវិញកម្មសិទ្ធិគឺនៅដដែល។ នេះជាកិច្ចការសំខាន់។ អញ្ចឹង ការវាស់វែងនេះធ្វើឱ្យប្រជាជន(មានជំនឿ)រឹងមាំ និងឈានទៅបញ្ចប់ជម្លោះ។ ដោយសារគ្រប់កន្លែងទាំងអស់ដឹងហើយថា ដីណាដីប្រជាពលរដ្ឋ ដីណាដីសហគមន៍ ដីណាដីរបស់រដ្ឋ ជាដើម។ អញ្ចឹងយើងច្បាស់ហើយ។ ឈានទៅការបញ្ចប់រឿងនេះ។ រៀបចំផែនការនៅក្នុងការកសាងសេដ្ឋកិច្ចសង្គមក៏ស្រួល។ រៀបចំធ្វើផែនការមេអភិវឌ្ឍនៅខេត្ត នៅស្រុក ក៏ស្រួល។ យើងដឹងនិងមានទិន្នន័យច្បាស់លាស់។ កិច្ចការទាំងអស់នេះសំខាន់។ ការរៀបចំកម្មសិទ្ធិដីធ្លីនេះ ការផ្តល់ដីធ្លីនេះ ជាអ្វីដែលយើងត្រូវបន្តធ្វើជូនប្រជាពលរដ្ឋនៅក្នុងនោះ។
(១៦) ខំបញ្ចប់ការវាស់វែងនិងចុះបញ្ជីក្បាលដីឆ្នាំ២០២៥ ឈានទៅចែកបណ្ណឆ្នាំ២០២៧ ប្រារព្ធខួប ៤០ឆ្នាំនៃការដាក់ចេញគោលនយោបាយផ្តល់ដីធ្លី
ក្នុងអាណត្តិទី៦ មុននេះ បើតាមទិន្នន័យដែលមានយើងបានវាស់វែង ៧លាន៧សែនក្បាលដី។ យើងរៀបចំចែកបណ្ណជូនប្រជាជនបាន ៧លានក្បាលដី។ អញ្ចឹងនៅក្នុងអាណត្តិទី៧ នេះ បើយើងយើងរាប់ទៅខ្វះតែ ១ថ្ងៃគ្រប់ ១៦ខែ ព្រោះយើងចាប់ផ្តើមថ្ងៃទី ២២ សីហា ឆ្នាំ ២០២៣ ហើយឥឡូវយើងថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤។ ស្អែកថ្ងៃទី ២២ គ្រប់ ១៦ខែ។ ក្នុងរយៈពេលដ៏ខ្លីនេះ រាជរដ្ឋាភិបាលបានជំរុញការចុះបញ្ជីក្បាលដីបន្ថែមបាន ៣លាន៤សែនក្បាលដី ហើយមកដល់ម៉ោងនេះ យើងចេញបណ្ណបាន ៨ម៉ឺន ៧ពាន់ហើយ។ យើងនៅសល់ប្រហែល ១លាន៣សែនក្បាលដីទៀត ដែលត្រូវវាស់វែងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនៅទូទាំងប្រទេស។ យើងខិតខំជាគោលដៅបញ្ចប់ការវាស់វែងចុះបញ្ជីក្បាលដីនៅឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីយើងឈានទៅដល់ការចែកបណ្ណជូនប្រជាពលរដ្ឋដែលត្រូវទទួលបានឱ្យចប់ក្នុងអំឡុងឆ្នាំ២០២៧ គឺជិត៤០ឆ្នាំ ជាខួបនៃការចាប់ផ្តើមផ្តល់ដីសម្បទាន។ សូមជូនជាព័ត៌មានដល់ប្រជាពលរដ្ឋឱ្យបានជ្រាប។ បងប្អូនជាង ១ម៉ឺននាក់នៅទីនេះ ទទួលថ្ងៃនេះគឺជាផ្នែកមួយនៃប្រជាពលរដ្ឋរាប់សែនគ្រួសារទៀត ដែលនឹងបានទទួលផលទូទាំងប្រទេសអំពីការរៀបចំវាស់វែងចុះបញ្ជីក្បាលដី និងផ្តល់កម្មសិទ្ធិជូននៅក្នុងអាណត្តិនេះ … បើរដ្ឋមិនគិតគូរប្រជាពលរដ្ឋរឿងដីធ្លី ធ្វើបាបតែប្រជាជនដូចគេនិយាយនោះ មិនមែនដាក់គោលការណ៍វាស់វែង ចែករាប់លានក្បាលដីជូនប្រជាពលរដ្ឋនោះទេ។ យើងធ្វើដើម្បីឱ្យបានផលដល់ដៃប្រជាពលរដ្ឋ។
(១៧) ដោះស្រាយជម្លោះដីធ្លីតាមយន្តការពិត ក្រុមការងារពិត ប្រើបច្ចេកវិទ្យាពិត ធ្វើបានពិត ចែកពិតជូនប្រជាពលរដ្ឋ
មានជម្លោះ/វិវាទដីធ្លី ប៉ុន្តែឈានទៅដល់ការបញ្ចប់និងដោះស្រាយជម្លោះចំពោះមុខ។ យើងត្រូវធ្វើតាមវិធីសាស្ត្រត្រឹមត្រូវ។ យើងមិនដោះស្រាយតាមហ្វេសប៊ុកទេ។ យើងមិនដោះស្រាយតាមយន្តការស្រែកអាឡេអាឡូនោះទេ។ យើងដោះស្រាយតាមយន្តការពិត ក្រុមការងារពិត ទម្លាក់ថវិកាពិត ដាក់គោលនយោបាយប្រើបច្ចេកវិទ្យាពិត វាស់វែងពិត ធ្វើបានពិត ចែកពិតជូនប្រជាពលរដ្ឋ មិនមែនចែកលើតាមហ្វេសប៊ុកនោះទេ។ មានអ្នកខ្លះកំពុងប្រុងប្រៀបបង្កើតរដ្ឋាភិបាលតាមហ្វេសប៊ុកទៀត។ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនមែនរដ្ឋាភិបាលហ្វេសប៊ុកទេ។ យើងធ្វើពិតជាក់ស្តែងលើដីជូនប្រជាពលរដ្ឋ។ មានគេបង្កើតរដ្ឋាភិបាលនិរទេស … ហ្វេសប៊ុកទាំងអស់។ មានអ្នកខ្លះហ្នឹងធ្វើនាយករដ្ឋមន្ត្រីហ្វេសប៊ុក តាំងពីឆ្នាំ ២០១៣មក ប្រកួតជាមួយសម្តេចតេជោ។ ឥឡូវនៅហ្វេសប៊ុកទៀតចុះ … គណបក្សប្រជាជនអត់មានពេលនៅនិយាយតាមហ្វេសប៊ុកទេ។
(រដ្ឋាភិបាលបាន)ចុះធ្វើ ១៦ខែមកនេះ។ យើងបានបញ្ជូនមន្ត្រីប្រហែលជាង ៥០០០នាក់(អោយចុះធ្វើការវាស់វែង ចុះបញ្ជីនេះ)។ តាំងពីដើមទី ឯកឧត្តម សាយ សំអាល់ បានលើកយោបល់មកថា យើងត្រូវជំរុញធ្វើ ព្រោះបើមិនអញ្ចឹងទេ ជម្លោះដីធ្លីពិបាកបញ្ចប់។ ជំហានមួយ ត្រូវធ្វើម៉េចវាស់វែងពិតប្រាកដ ហើយចេញបណ្ណ។ អញ្ចឹង បើកម្លាំងជាក់ស្តែងយើងមានតិចណាស់។ បើធ្វើតាមកម្លាំងដែលមានស្រាប់តាមមូលដ្ឋាន តាមខេត្តអត់គ្រប់។ ថាឥឡូវសុំគោលការណ៍ដាក់កម្លាំងឱ្យច្រើន។ យើងបង្កើនកញ្ចប់ថវិកា រៀបចំជូនបងប្អូន។ បងប្អូនពុះពារណាស់។ កន្លែងខ្លះ តំបន់ខ្លះប្រជាពលរដ្ឋធ្វើការ អញ្ចឹងមានតែទៅយប់ ទៅសៅរ៍ អាទិត្យ ធ្វើជូន។ សូមអរគុណចំពោះមន្ត្រីរបស់យើង។ នេះគឺជាការរួមគ្នាធ្វើ នេះហើយគឺជាអ្វីដែលយើងចង់បានជូនប្រជាពលរដ្ឋរបស់យើង។
(១៨) គោលនយោបាយនិងការអនុវត្តក្នុងវិស័យដីធ្លី ក្នុងរយៈកាលជាង៣០ ឆ្នាំមកនេះ
ប្រជាពលរដ្ឋសួរថា ចុះវាស់វែង ចែកឲ្យតែអ្នកមានបណ្ណ ចុះប្រជាជនអត់ដី ធ្វើម៉េច? ប្រជាពលរដ្ឋខ្មែរមិនមែនជាអ្នកមានដីទាំងអស់ទេ។ កន្លងទៅ តាំងពីចេញ ១៩៧៩មក គឺមានស្ថានភាពច្រើន។ រដ្ឋាភិបាលបានគិតគូរអំពីបញ្ហាដីធ្លី។ ជួនកាល អ្នកខ្លះមានដីហើយ ប៉ុន្តែស្ថានភាពប្រែប្រួលក៏អត់ទៅវិញ។ ដូចឆ្នាំ ១៩៩១, ១៩៩២ ប្រជាពលរដ្ឋដែលធ្លាប់រស់នៅជំរុំនៅតាមព្រំដែនថៃ ពេលធ្វើសមាហរណកម្ម គាត់ត្រូវវិលចូលមកក្នុងប្រទេស។ អញ្ចឹងគាត់អត់មានដីក្នុងប្រទេសទេ។ រដ្ឋាភិបាលផ្តល់ដីសម្បទានសង្គមកិច្ច ចែកជូនប្រជាពលរដ្ឋនៅឆ្នាំ ១៩៩១, ១៩៩២ … ដឹងតែច្រើន រាប់ម៉ឺនរាប់សែន ព្រោះប្រជាពលរដ្ឋត្រឡប់មកវិញច្រើនគ្រួសារ។ ដល់ឆ្នាំ ១៩៩៨ យើងឈប់វាយគ្នា ដីអតីតតំបន់ខ្មែរក្រហម យើងរៀបចំចែកជូនគ្រួសារអតីតខ្មែរក្រហម។ ឯកឧត្តម អ៊ី ឈាន នៅទីនេះ យើងបែងចែកតំបន់ប្រគល់ជូនអ្នកអត់ដីធ្លីម្តងទៀត។
ដល់នៅឆ្នាំ២០១២ សម្តេចតេជោបានដាក់ចេញយុទ្ធនាការបទបញ្ជា ០១ ដែលហៅថា បប ០១ បញ្ជូនយុវជនស្ម័គ្រចិត្តចុះមកវាស់ដី ធ្វើកម្មសិទ្ធជូនប្រជាពលរដ្ឋ។ ពេលនោះ យើងបានផ្តល់ដី៧០ ម៉ឺនក្បាលដីជូនប្រជាពលរដ្ឋ ហើយមាន ១លាន ២សែនហិកតា ដែលបានចែកកម្មសិទ្ធ ដែលរួមទាំងឆ្នាំ ២០១២ សម្តេចតេជោ ចុះមកប្រគល់ផ្ទាល់ជូនដល់អ្នកស្ទឹងត្រង់នៅទីនេះ។ ប៉ុន្តែកម្មវិធីនេះ មិនទាន់ចប់ត្រឹមឆ្នាំ ២០១២ទេ។ យើងមានកម្មវិធីដីសម្បទានសង្គមកិច្ច។ កន្លងទៅនៅឆ្នាំ ២០១២ នេះ ក៏យើងផ្អាកនូវការចេញដីសម្បទានសេដ្ឋកិច្ច ហើយដីសម្បទានសេដ្ឋកិច្ចជាច្រើនកន្លែងដែលមិនប្រើប្រាស់ មិនគោរពលក្ខខណ្ឌ គឺបានដកមកវិញ ហើយទុកជាដីប្រគល់ទៅឲ្យខេត្តគ្រប់គ្រង ដើម្បីរៀបចំទុកជាដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋដែលខ្វះខាតដី។
នេះលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូន ដែលរដ្ឋាភិបាលបានធ្វើពិតប្រាកដ។ តាំងពីឆ្នាំ២០០០ កម្មវិធីដីសម្បទានដែលយើងមានតាំងពី២០០៣ មកជិត ២០ ឆ្នាំជាងហើយ ក្នុងនោះបានធ្វើប្រទានកម្មដីរដ្ឋតាមរយៈដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន គ្រួសារទ័ព នគរបាលតាមព្រំដែន ប្រជាជនក្រីក្រ ក្នុងរយៈពេលជាង ២០ ឆ្នាំនេះ បានរៀបចំដី ១លាន ៤សែនហិកតា ៤៩ម៉ឺនគ្រួសារនៃប្រជាពលរដ្ឋបានទទួលផល បូកជាមួយនឹងសង់ផ្ទះជូនអតីតយុទ្ធជនបានជាង ៨ពាន់ខ្នង។ យើងនៅបន្តធ្វើតទៅទៀត។ ថ្ងៃមុនឯកឧត្តម សាយ សំអាល់ បានបញ្ជូនមកឲ្យខ្ញុំ ភូមិដែលកាលពី១០ ឆ្នាំមុនជាកន្លែងដែលប្រជាពលរដ្ឋអត់ដីធ្លី។ យើងរៀបចំពុះឡូត៍ជូនគាត់ ប្រគល់ដីជូនគាត់ ៣ ហិកតា, ៥ ហិកតា។ ឥឡូវមើលលែងស្គាល់។ ទៅជាភូមិមានហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវបេតុង មានសកម្មភាពសេដ្ឋកិច្ច។ កន្លែងខ្លះមណ្ឌលជនពិការ ដែលពីមុនចាប់ផ្តើមដំបូងយើងមានតែប្រជាពលរដ្ឋទៅនៅដំបូងចាប់ផ្តើម ឥឡូវគឺកន្លែងខ្លះដូចមិនចាញ់ក្រុងប៉ុន្មានដែរទេ។ នេះជាគោលនយោបាយដែលបានអនុវត្ត។ យើងជូនដី ជូនប្រជាពលរដ្ឋកម្មសិទ្ធទូទាំងប្រទេសរាប់លានហិកតា រាប់លានគ្រួសារ អ្នកដែលអត់ដីធ្លី។ យើងបានធ្វើជាប់រហូត ព្រោះយើងនិយាយពីកម្មវិធីដំបូង ១៩៩១ ចូល ៣០ ឆ្នាំជាងមកហើយ។
(១៩) ដើមឆ្នាំ ២០២៥ ដាក់អោយអនុវត្ត “កម្មវិធីផ្តល់ដីការពារព្រៃដើម្បីការអភិវឌ្ឍដោយចីរភាព”
ដើមឆ្នាំ ២០២៥នេះ យើងរៀបចំកម្មវិធីបន្ថែមទៅលើយន្តការដែលមានស្រាប់ … គឺកម្មវិធីផ្តល់ដីការពារព្រៃដើម្បីការអភិវឌ្ឍដោយចីរភាពសម្រាប់ប្រជាពលរដ្ឋ។ ឧទាហរណ៍ អ្នកស្ទឹងត្រង់ អ្នកដែលបាក់ដី ឥឡូវមិនដឹងជប់យ៉ាងម៉េច? ដីកន្លែងផ្សេងគេអស់នៅក្នុងខេត្ត។ អញ្ចឹងយើងរៀប។ ប្រជាពលរដ្ឋដែលត្រូវការចុះឈ្មោះតាមយន្តការឃុំ រុញមកលើ យើងនឹងរៀបចំជូននៅខេត្តផ្សេងៗ។ ដោយសារនៅក្នុងនេះយើងអត់មានដី។ ដីប្រជាពលរដ្ឋផ្សេងហើយ។ អញ្ចឹង យើងរុញទៅកន្លែងនោះ ដើម្បីបង្កើតសកម្មភាពសេដ្ឋកិច្ច។ ឥឡូវ នៅទូទាំងប្រទេស ទៅមើលអ្នករតនគីរី អ្នកស្ទឹងត្រែងអីមួយចំនួន សុទ្ធតែអ្នកក្រូចឆ្មារ សុទ្ធតែអ្នកត្បូងឃ្មុំ សុទ្ធតែអ្នកស្ទឹងត្រង់។ ប្រជាពលរដ្ឋខ្វះខាត មានកម្លាំង គាត់ទៅធ្វើសកម្មភាព … អ្នកខ្លះយករឿងទំនាស់ដីធ្លី(មកបំផុសបំផុល)។ យើងមិនថាអត់ទំនាស់ទេ តែយើងខិតខំប្រឹងប្រែងដោះស្រាយ។ ក្នុងប៉ុន្មានអាណត្តិនេះ យើងដោះស្រាយពីរាប់ម៉ឺនហិកតា រាប់ម៉ឺនករណី។ ឥឡូវយើងដោះរួច នៅសល់ដូចក្រោម ១ពាន់ករណីដែលត្រូវបន្តដោះស្រាយទៀត។ សង្ឃឹមថាពេលដែលវាស់វែង ចុះបញ្ជី កំណត់ព្រំ មានបណ្ណច្បាស់លាស់ឈានទៅលុបបំបាត់ការវិវាទគ្នា ឈ្លោះគ្នាដោយភាពមិនច្បាស់លាស់ដោយព្រំប្រទល់ដីនេះ។
ប្រជាពលរដ្ឋដែលអត់មានដីពិតប្រាកដ បើត្រូវការ សូមឲ្យចុះឈ្មោះតាមយន្តការរបស់មូលដ្ឋានដើម្បីយើងផ្តល់ជូន។ សូមកុំចាញ់ឃោសនារបស់ក្រុមមេខ្យល់ នាំប្រជាពលរដ្ឋទៅកាប់កន្លែងនេះទៅកាប់កន្លែងនោះ ជាថ្នូរនឹងលុយ។ កន្លងទៅ មានរូបភាពច្រើន។ រូបភាពខ្លះគឺមានអ្នកតំណាង។ ល្ងាចមិញ ខ្ញុំសួរឯកឧត្តម អ៊ុន ចាន់ដា កាលពីប៉ុន្មានឆ្នាំមុន មានអ្នកតំណាងប្រជាពលរដ្ឋនៅក្នុងស្ទឹងត្រង់ ឬមួយអ្នកក្នុងខេត្តកំពង់ចាមនេះដាក់ពាក្យសុំដីសម្បទានសង្គមកិច្ច អត់ឆ្លងខេត្ត … គេរត់ការទៅឆ្លងក្រសួងនេះក្រសួងនោះ … សូមកុំឲ្យមានរឿងហ្នឹង។ ត្រូវប្រើយន្តការស្របច្បាប់ យន្តការផ្លូវការ គឺយន្តការរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីយើងងាយដោះស្រាយ។ ខេត្តមួយៗដែលមានដីសម្បទានសង្គមកិច្ច ត្រូវមើលនិតីវិធីផង … ថ្ងៃមុនខ្ញុំសួរឯកឧត្តម អ៊ុន ចាន់ដា ថាអ្នកដែលបាក់ដីនៅកន្លែងនេះ ត្រូវការមិនដល់ ១០០គ្រួសារទេ ប៉ុន្តែមានម្នាក់ទៅជួបជាមួយមីងខ្ញុំថាជាតំណាង ថាអ្នកស្ទឹងត្រង់ជាង ១០០គ្រួសារ ហើយចៅហ្វាយខេត្តអត់ដឹង។
អ្នកដែលរត់ការនេះ ខ្ញុំមិនដឹងថាជួយដោយមូលហេតុអ្វីទេ ដោយសុទ្ធចិត្ត ដោយក្តីអាណិតអាសូរមែនទែន ឬយ៉ាងម៉េចក្តី ក៏សូមកុំរុញតាមផ្លូវកាត់។ តែអញ្ចឹងរដ្ឋបាលយើងគ្រប់គ្រងអត់បាន។ ទៅបង្កើតជំលោះផ្សេងៗ។ សូមឲ្យប្រជាពលរដ្ឋយើងដាក់តាមយន្តការខេត្តនីមួយៗ ឃុំនីមួយៗ។ យើងមានយន្តការហើយ សុរិយោដីខេត្តអីហ្នឹង រុញមកខាងលើមក … សូមធ្វើតាមយន្តការរដ្ឋ។ រដ្ឋមិនដែលធ្វើបាបប្រជាពលរដ្ឋ។ អ្នកដែលអត់ពិតប្រាកដយើងចែកដី យើងធ្វើបណ្ណរាប់សែនគ្រួសាររួចទៅហើយ តាំងពីឆ្នាំកៅជាងមក។ យើងធ្វើជាប់ជាប្រចាំ។ ឥឡូវយើងធ្វើដូចជាមួយធនាគារពិភពលោក license នេះ យើងរៀបចំនៅតាមបណ្តាខេត្ត …។
(២០) ដីរដ្ឋគឺដីរួម រដ្ឋមានភារកិច្ចការពារដីរួម អ្នកត្រូវការដីសូមដាក់សំណើតាមយន្តការរដ្ឋ
ខ្ញុំសូមឲ្យប្រជាពលរដ្ឋរួមគ្នា ហើយរដ្ឋមានភារកិច្ចការពារដីរួម។ ដីរដ្ឋគឺដីរួម។ អញ្ចឹងយើងផ្តល់ឲ្យប្រជាជនដែលអត់ពិតប្រាកដ។ យើងខិតខំ។ យើងផ្តល់ដីហើយ … បើទៅតាមមេខ្យល់ គេថាបង់ខ្ញុំប៉ុណ្ណេះ កាប់ទៅ ធ្វើអីធ្វើតែខ្លួនឯងទៅ ខ្ញុំអត់ដឹងទេ។ តែយន្តការរដ្ឋ រៀបចំជូនគឺមិនមែនត្រឹមតែឲ្យទេ គឺយើងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ខំផ្តល់លទ្ធភាព និងជួយបង្កើតសកម្មភាពពីដំបូង តាមលទ្ធភាពដែលត្រូវធ្វើបាន មិនយកប្រជាជនទៅបោះចោល។ ខ្ញុំសូមប្រកាសដូចនេះ។ បើមិនអញ្ចឹងយើងដោះជម្លោះមិនចប់ទេ។ បើយើងរៀបចំចុះបញ្ជីហើយ យន្តការយើងមានហើយ ស្រាប់តែអ្នកតំណាងចេះៗ រត់ទៅចាប់កន្លែងនេះចាប់កន្លែងនោះ យកហេតុផលសង្គមកិច្ចទៀត គឺអត់ចប់ បង្កើតជម្លោះ។ សូមមកតាមយន្តការផ្លូវការ មានមន្ទីរសុរិយោដី ឆ្លងតាមខេត្ត មកដល់ក្រសួងដែនដី យើងមានយន្តការដោះស្រាយ។ យើងរួមគ្នាដោះស្រាយត្រូវចំគោលដៅ … បើមិនចឹងជម្លោះដីធ្លីស្រុកយើងអត់ចប់ទេ ទោះបីយើងវាស់យ៉ាងណាក៏ដោយ បើមានតែអ្នកដែលប្រមូលគ្នាទៅចាប់ដី(តែពាសនោះ) …។
នៅប្រទេសណាក៏ដូចគ្នាដែរ។ ប្រទេសជិតខាងយើង ប្រទេសអាមេរិក ប្រទេសអីក៏ដោយ យន្តការក្នុងការផ្តល់លំនៅដ្ឋានមានខុសគ្នា ដីរដ្ឋ ដីការពារ ដីអីផ្សេងៗ។ យើងក៏ដូចគ្នាដែរ។ ការគ្រប់គ្រងដោយច្បាប់ដើម្បីឲ្យបានផលស្មើៗ គ្នា បើម្នាក់ៗ មានសិទ្ធទៅកាប់ ២០ឬ ៣០ ហិកតាយកម្នាក់ឯង ចុះប្រជាពលរដ្ឋ ១៧លាននាក់ទៀតក៏មានសិទ្ធទៅកាប់ដែរ។ ហ្នឹងនិយាយឲ្យស្មោះត្រង់ចឹងតែម្តង មិនថាអ្នកមានមិនថាអ្នកអត់ … អ្នកដែលអត់ពិតប្រាកដ យើងរៀបចំជូន តែសូមដាក់មកដើម្បីយើងងាយស្រួលនៅក្នុងការគ្រប់គ្រង។ ដោះស្រាយតារបៀបឈ្នះឈ្នះទាំងអស់គ្នា។ អ្នកអត់ពិតប្រាកដ យើងដោះស្រាយជូន ហើយជួយទៀត។ អ្នកដែលមាន យើងរកវិធីសាស្ត្រថ្មី ជួយសេដ្ឋកិច្ចអីផ្សេងៗ ពេលជាមួយគ្នា។ យើងអាចការពារដីរួមរបស់ជាតិ។ មិនល្អឥតខ្ចោះ ប៉ុន្តែរួមគ្នាធ្វើ។
សូមផ្តាំនេះ ជាពិសេសផ្តាំទៅមេខ្យល់ … ដែលអូសប្រជាពលរដ្ឋទៅ យកលុយប្រជាពលរដ្ឋហើយ ឲ្យប្រជាពលរដ្ឋជល់ជាមួយអាជ្ញាធរទៀត សូមដកខ្លួន កុំធ្វើរឿងនេះទៀត។ បើស្រឡាញ់អាណិតប្រជាពលរដ្ឋ ឃើញអ្នកអត់ពិតប្រាកដ ប្រាប់មក ជូនគាត់មកចុះឈ្មោះនៅមន្ទីរ នៅភូមិ នៅឃុំទៅ។ ធ្វើតាមហ្នឹង។ ហៅគាត់មកឲ្យរដ្ឋស្គាល់ថានៅឯណា។ យើងជួយដោះតាមហ្នឹង។ ដោះដោយស្មោះត្រង់ជាង។ កុំឲ្យថ្ងៃមុននៅកំពង់ស្ពឺ គេហៅដូចមានឧកញ៉ា មិនមែនឧកញ៉ា គេហៅឯកឧត្តមចិត្តធម៌។ ឯកឧត្តមចិត្តធម៌ដាក់ឡាន pick up បើកតង់មួយ ការដ្ឋានចែកដីប្រជាពលរដ្ឋ ហៅទាំងអ្នកសារព័ត៌មានទៅផ្សាយ … ខ្ញុំមិនហាមសិទ្ធសេរីភាពទេ។ ខ្ញុំស្វាគមន៍។ ខ្ញុំគាំទ្របងប្អូននៅក្នុងការផ្សព្វផ្សាយ ប៉ុន្តែសូមឲ្យផ្សព្វផ្សាយមានការស្រាវជ្រាវឲ្យបានច្រើន ឲ្យបានច្បាស់លាស់។ បើផ្សាយទៅខុស ក្រោយពីមានការបញ្ជាក់វិញ សូមផ្សាយកែសម្រួលដើម្បីកុំឲ្យមានការយល់ច្រឡំ។ ជាការទទួលខុសត្រូវទាំងអស់គ្នា។
ហៅតាហ៊នទៅកំពង់ស្ពឺ។ គេថា តា ហ៊ន អើយ នែ!ឯកឧត្តមនេះ ពីរទៅបីនាក់ ក្រុមគាត់ចិត្តធម៌ណាស់មកចែកដីជូនប្រជាពលរដ្ឋ។ អញ្ចឹង តា ហ៊ន មកផ្សាយផង ហើយប្រជាពលរដ្ឋទៅបានដីហ្នឹង គឺបង់កុម្មិស្យុងតិចតួច គេរត់ការ។ ទៅដល់ គេយកដីរដ្ឋទៅពុះចែកប្រជាពលរដ្ឋ … តា ហ៊ន ថាឈប់ហើយ … គាត់ឃើញថាចិត្តធម៌ទេ សមធម៌គាត់ទៅផ្សាយ ទៅជួយផ្សាយ ចិត្តល្អទេ តែត្រូវអ្នកដែលហៅគាត់ទៅជួយផ្សព្វផ្សាយមានគំនិតផ្សេងវិញ។ ដល់ទីបំផុត ទាំងប្រជាជនទាំងអី ដែលគិតថាត្រូវទទួលបានដឹងថា ចាញ់បោកគេសោះ។ មិនដឹងថាអ្នកខ្លះអស់លុយកក់ ៣០០បាត់ មិនស្រួល។ អញ្ចឹងអស់ទទេៗទៅ។ ច្រើនណាស់ ជាពិសេសតាមអ៊ីនធើណេតនេះ តាមទូរស័ព្ទនេះគឺពូកែណាស់។
(២១) សូមប្រុងប្រយ័ត្នចំពោះការបោកប្រាស់តាមប្រព័ន្ធឌីជីថលជាសកល
កាលខ្ញុំរៀននៅអាមេរិក កាលហ្នឹងមិនទាន់មានអ៊ីនធើណេតទេ។ គេបាញ់សារមកថា អូ! អ្នកឯងជាប់វគ្គជំរុះទី១ នៃឆ្នោតផ្សងសំណាង ដែលលុយ៥០ លានដុល្លារ។ តែដើម្បីអ្នកឯងអាចទៅជំហានទី២ អ្នកឯងបង់៥ ដុល្លារ។ និយាយត្រង់ខ្ញុំចាញ់បោកគេដែរ។ គេថាឥឡូវសល់តែ៥ ម៉ឺននាក់ទេ។ ជំហានទី២ ដើម្បីទៅបង់៥ ដុល្លារ។ បង់ទៅដែរកាលនោះ។ ចង់ស្វែងយល់។ ប្រហែលជា២ ខែក្រោយ គេផ្ញើមកទៀត។ អ្នកឯងឈានចូលដល់ជំហានទី១ ហើយ សូមបង់២០ ដុល្លារ កាន់តែឡើងហើយ។ ទីបំផុតគឺក្បួនបោកហ្នឹងឯង។ អញ្ចឹង សូមបងប្អូនប្រយ័ត្នប្រយែង តាមអនឡាញ។ ខាងក្រសួងមហាផ្ទៃ ខាងប្រឆាំងបទល្មើសបច្ចេកវិទ្យា ខិតខំធ្វើការ ប៉ុន្តែការបោកតាមអនឡាញនេះ វាលឿន … វាយមួយ ស្អែកឡើងបង្កើត១០ ចេញមកតែម្តង។ មិនស្រួលយកឈ្មោះយើង យករូបយើងទៅខ្ចីលុយគេ។ ថ្ងៃមុនគេដាក់សារមក telegram ថាមិត្តភក្តិខ្ញុំជាប់នៅអ៊ីតាលី។ ទៅលេងនៅហ្នឹង ហើយចោរលួចកាបូបអស់ហើយ។ ឲ្យខ្ញុំផ្ញើលុយឲ្យ ២០០ផង។ ខ្ញុំមិនទុកចិត្ត ដល់ចុចទៅសួរ អត់ឆ្លើយ ចុចអត់លើកសង្ស័យហើយ។ ចុចលេខត្រង់ទៅ ថាបងខ្ញុំអត់មានទៅអ៊ីតាលីណា ខ្ញុំនៅភ្នំពេញតើ ទើបបានដឹងរឿងបោកហ្នឹងមួយទៀត។
គ្រោះថ្នាក់បំផុតយករូបយើងទៅញ៉ែគេ។ ខ្ញុំប្រាប់នៅមណ្ឌលគីរីថ្ងៃមុន មានយករូប WhatsApp ចុះ telegram។ មើលមានឃើញឯណា។ ដាក់រូបយើងទៅទាក់ទងសាសង ចុះឡើងចំកូនទាហានរបស់យើង។ គ្នាឆ្ងល់ដំបូងគោរពមេៗ។ យូរៗ មេដូចនិយាយមិនស្រួល សួរចុះសួរឡើង បានចេញមកដល់យើង។ ហេង! កុំអីឆេះផ្ទះ។ គាត់អត់ដឹងទេ ដឹងតែលឺអាហ្នឹង អត់បានសួរពីដើមចម។ ខ្ញុំឃើញម្សិលមិញ គេដាក់កំប្លែងមួយតាមទូរទស្សន៍។ កូនចៅនារីម្នាក់ហ្នឹងធ្វើការអោយប្រធាន។ គេផ្ញើសារមកមេ ថាគោរពមេ។ មេក៏ឆ្លើយតបថា យ៉ាងម៉េច? នារីនោះគេ ដាក់ថា ខ្ញុំមានផ្ទៃពោះហើយ។ គ្រាន់តែប៉ុណ្ណឹងប្រពន្ធចូលមកមើលឃើញប៉ុណ្ណឹង បោកទូរស័ព្ទចោល។ តាមពិតមួយឃ្លាក្រោមរឿងអញ្ចេះ។ គេថា “មេ! ខ្ញុំមានផ្ទៃពោះហើយ”។ មេតបថា “យ៉ាងម៉េច? ឲ្យខ្ញុំជួយយ៉ាងម៉េច?” កូនចៅតបថា “ខ្ញុំសុំពេលវេលាពីរថ្ងៃដើម្បីទៅនិយាយជាមួយសង្សារខ្ញុំ”។ ប្រពន្ធមិនបានឃើញមួយកំណាត់ក្រោមឯណា ឃើញតែ “ខ្ញុំមានផ្ទៃពោះហើយ” ឆេះបណ្ដោយ។ រឿងបច្ចេកវិទ្យាពិបាកអញ្ចឹង។
រឿងខ្ចីបុលតាមអនឡាញ ក៏កំពុងឲ្យធនាគារជាតិ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុពិនិត្យមើល … ប្រយ័ត្នប្រយែងឲ្យមែនទែន។ មិនមែនជាបញ្ហាតែខាងកម្ពុជាទេ។ ម្សិលមិញខ្ញុំជួបជាមួយខាងជប៉ុន អាមេរិក ជួបគ្រប់ប្រទេសនៅខាងក្រៅនេះជាបញ្ហាធំណាស់។ ប្រទេសមហាអំណាចក៏ពិបាកទប់ទល់ជាមួយនឹង(បទល្មើស)បច្ចេកវិទ្យាអនឡាញនេះដែរ។ វាជាប្រព័ន្ធ ហើយច្រើន។ សូមប្រជាពលរដ្ឋមានភាពម្ចាស់ការ ជាពិសេសឥឡូវនេះសូម្បីលោកយាយៗ ក៏មានស្មាតហ្វូនដែរ។ អម្បាញ់លោកតា ឬលោកអ៊ំទេអម្បាញ់មិញ គាត់ថត fix ហើយថាអត់ទេ សុំថតtiktok មួយទៀត។ អញ្ចឹងម្នាក់ៗ សុទ្ធតែមានប្រព័ន្ធហ្នឹង ហើយភ្ជាប់(គ្នា)។ ឥឡូវ យើងឆ្លងស្ពាន យើងទៅផ្ទះ យើងស្គាល់មុខតែនេះមិនស្គាល់ទេ …។
(២២) ធានាសុវត្ថិភាពទិន្នន័យ ឈានទៅរៀបចំផ្គុំទិន្នន័យ ចែករំលែកព័ត៌មាន ពីស្ថាប័នមួយទៅស្ថាប័នមួយ
ក្រសួងដែនដីក៏បានរៀបចំតម្លើងតាមប្រព័ន្ធអនឡាញ។ ខាងតុលាការ ដាក់បន្ទុកអី អាចទាញមកភ្លាម។ ប៉ុន្ដែត្រូវរៀបចំប្រព័ន្ធការពារ។ បើយើងប្រើ ត្រូវការពារឲ្យបាន ព្រោះទិន្នន័យយើងមិនមែនដាក់ក្នុងទូរទេ។ ដាក់លើអាកាស។ អញ្ចឹង ត្រូវមានប្រព័ន្ធការពារ។ អត្ដសញ្ញាណអីៗ សិទ្ធិនៅក្នុងការកែអី ត្រូវដាក់ឲ្យច្បាស់។ បើមិនអញ្ចឹងទេ យើងពិបាក។ ត្រូវរៀបចំប្រព័ន្ធនេះ (ហើយត្រូវធានា)សុវត្ថិភាពឲ្យបាន ការពារឱ្យជាប់ ព្រោះទិន្នន័យសំខាន់។ ថ្ងៃក្រោយយើងនឹងមានទិន្នន័យច្រើន។ ក្រសួងមួយៗមានទិន្នន័យខុសៗគ្នា។ រាជរដ្ឋាភិបាលទៅថ្ងៃក្រោយរៀបចំផ្គុំទិន្នន័យ ចែករំលែកព័ត៌មានពីស្ថាប័នមួយទៅស្ថាប័នមួយ។ កាលពីដើមអាណត្ដិ យើងបានជំរុញអោយមានប្រព័ន្ធ CamDx។ ម្សិលមិញបានជួបប្រជុំជាមួយខាង CDC ព័ត៌មានវិនិយោគត្រូវភ្ជាប់ជាមួយក្រសួងមហាផ្ទៃ ភ្ជាប់ជាមួយក្រសួងដែនដី(នគរូបនីយកម្មនិងសំណង់)។ អញ្ចឹង ពេលដែលចង់(ធ្វើការវិនិយោគ)ព័ត៌មានពីកន្លែងមួយគេចុចយកមួយកន្លែងហ្នឹងអាចទាញយកព័ត៌មានទាំងអស់។ កុំឲ្យពិបាក។ ដឹងថាអ្នកនឹងមានអត្ដសញ្ញាណពិតប្រាកដយ៉ាងម៉េច ផ្ទះនៅឯណា ស្អីៗអាចដាក់បន្ទុកបាន កុំឲ្យពិបាកជិះទៅរកគ្រប់កន្លែង ហើយពិបាកជួបគ្នា។
ពេលជាមួយគ្នា ក្នុងការធ្វើទំនើបកម្មនេះសូមការពារឲ្យបាន ហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន។ គ្រប់ទាំងអស់ មិនថាអ្នកដែលកៀរគរទៅសុំដីសម្បទាទេ។ កាលពីខ្ញុំទៅមណ្ឌលគិរីថ្ងៃមុននេះ មានអ្នកតាំងខ្លួនតាម telegram កៀរគរប្រជាពលរដ្ឋទៅសុំដីសម្បទានសេដ្ឋកិច្ចនៅមណ្ឌលគិរីហ្នឹងឯង។ អ្នកស្ទឹងត្រង់ដូចគ្នា សូមប្រើប្រាស់យន្ដការអាជ្ញាធរដែលមានស្រាប់ សូរិយោដី យន្ដការជំនាញរបស់យើង។ បើអ្នកណាមកគេថា គេកាង គេធានាធ្វើអញ្ចេះ បង់(លុយ)ឲ្យគេប៉ុណ្ណេះដើម្បីគេធ្វើសុំឲ្យ កុំធ្វើឲ្យសោះ ព្រោះយើងចុះមកធ្វើតាមនេះគឺមិនអស់លុយទេ។ យើងចុះមកតាមប្រព័ន្ធការងាររបស់យើង។ បើគេថា បង់ឲ្យគេ តែ ៣០០ ដុល្លារ ដីអត់មានគិតការ៉េទេ (កុំជឿ)។ នៅភ្នំពេញគេគិតការ៉េ … នៅកន្លែងនោះ បង់តែ៣០០ កាត់មួយស្រឡាញ់ កាន់តែកុំជឿទៀត។ ថ្ងៃមុនបង់ Commission តែ ៣០០ទេ ទៅយកចុះ។
(២៣) ចូលរួមជាមួយរាជរដ្ឋាភិបាល ជាមួយថ្នាក់ក្រោមជាតិ គ្រប់គ្រងដីរាប់រយឆ្នាំតទៅមុខ
អញ្ចឹង ទន្ទឹមនឹងការប្រគល់ប័ណ្ណក្នុងថ្ងៃនេះ ការរៀបចំក្នុងគោលនយោបាយដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ ដែលអត់ដីធ្លី ខ្ញុំសូមឲ្យបងប្អូនចូលរួមលុបបំបាត់នូវទំនាស់ដីធ្លី ដែលកើតឡើងដោយភាពមិនច្បាស់លាស់។ ភាពមិនច្បាស់លាស់មួយគឺការទៅកាន់កាប់ដីធ្លីតាមរយៈយន្ដការមិនស្របច្បាប់ មិនផ្លូវការរបស់រដ្ឋ ឬតាមការឃោសនារបស់អ្នកផ្សេង។ ដូចគ្នា ដីសហគមន៍នៅស្ទឹងត្រង់។ យើងមិនចង់ឲ្យប្រជាពលរដ្ឋនៅខេត្តផ្សេងនៅសុខៗ លើកគ្នា ៥០ឬ ៦០ នាក់ មកកាត់ដីសហគនម៍នៅស្ទឹងត្រង់ទេមែនទេ? ដូចគ្នា។ អ្នកសហគមន៍នៅមណ្ឌលគិរី ក៏មិនចង់ឃើញថាស្ងាត់ៗ អ្នកមកពីស្ទឹងត្រង់ ឬពីក្រចេះ ទៅឆ្ការព្រៃសហគមន៍គាត់ ឬមួយក៏អីនោះដែរទេ។ វានឹងបង្កើតទំនាស់រវាងប្រជាជននឹងប្រជាជន។ នេះហើយ(បញ្ហាដែល)យើងចង់បញ្ចប់។ ខ្ញុំសូមការចូលរួមរបស់ប្រជាជន។ ស្អីក៏ដោយ! បើមិនមានការចូលរួមរបស់ប្រជាជនយើងមិនជោគជ័យទេ។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានច្បាស់ថា រដ្ឋាភិបាលមិនមែនអមនុស្សធម៌មិនបានគិតគូរពីផលប្រយោជន៍ប្រជាពលរដ្ឋទេ ប៉ុន្ដែយើងត្រូវផ្ដល់ឲ្យបានតាមរបៀបឈ្នះ-ឈ្នះ។
ប្រជាពលរដ្ឋដែលមានកម្មសិទ្ធដីធ្លីត្រូវការពារឲ្យបាន រួមទាំងដី/ព្រៃសហគមន៍ ដើម្បីបានផលដល់សហគមន៍ ការពារភាពស្របច្បាប់ រួមទាំងការពារសិទ្ធិរបស់ប្រជាពលរដ្ឋដែលមានកម្មសិទ្ធឯកជន និងដីរដ្ឋ ព្រមទាំងរកដំណោះស្រាយដីធ្លីឲ្យប្រជាពលរដ្ឋដែលអត់មាន ដែលខ្វះខាត ដីធ្លីពិតប្រាកដ តាមយន្ដការស្របច្បាប់ផ្លូវការ ដែលមានភាពរឹងមាំ។ ប្រជាជនបានហើយមិនត្រូវមានអារម្មណ៍ភ្នែកនៅកញ្ជឹងកថាហ្នឹងមិនដឹងស្របច្បាប់ឬមិនស្របច្បាប់នោះទេ។ ត្រូវចូលរួមអនុវត្ដបែបនេះ ចូលរួមការស្នើសុំគ្រប់គ្រងដីធ្លីជាមួយរាជរដ្ឋាភិបាល ជាមួយថ្នាក់ក្រោមជាតិដើម្បីឲ្យយើងមានភាពរាបរយក្នុងការគ្រប់គ្រងដីរាប់រយឆ្នាំតទៅមុខទៀត។ សូមកុំចាញ់បោកឃោសនាអ្នកដែលប្រមូលផ្ដុំធ្វើអីផ្សេងៗ។ ខ្ញុំសុំតែប៉ុណ្ណឹង។ បើមិនអញ្ចឹងនៅមានជំលោះរហូត មិនច្បាស់លាស់ទេ នេះយើងនិយាយគ្នាតែម្ដង ហើយបង្ការឲ្យហើយ។
(២៤) ប្តេជ្ញាធ្វើនិងប្រកាស ២៥រាជធានីខេត្ត បានចុះបញ្ជីក្បាលដីជាប្រព័ន្ធចប់សព្វគ្រប់ ក្នុងអាណត្តិនេះ
ជាថ្មីម្ដងទៀត នេះជាជំហ៊ានធំមួយក្នុងប្រវត្ដិសាស្ដ្រ។ យើងនឹងឈានទៅបន្ដការធ្វើឲ្យចប់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ សង្ឃឹមថា នៅក្នុងអាណត្ដិនេះ យើងនឹងអាចប្រកាសទាំង ២៥រាជធានីខេត្ត ជារាជធានីខេត្តដែលបានវាស់វែងនិងចុះបញ្ជីក្បាលដីជាប្រព័ន្ធចប់សព្វគ្រប់។ នេះជាការបេ្ដជ្ញាចិត្តរបស់ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ និងមន្ដ្រីរបស់យើង ដើម្បីយើងរុញផលទាំងអស់នេះអោយមានភាពកក់ក្ដៅផ្លូវកាយផ្លូវចិត្តសំរាប់ប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិដីធ្លី ដើម្បីឱ្យគាត់មានភាពកក់ក្ដៅក្នុងការប្រើប្រាស់មានឯករាជ្យភាព និងម្ចាស់ការ ក្នុងការប្រើប្រាស់ដី និងទ្រព្យរបស់គាត់ដែលរដ្ឋចែកឲ្យដោយជឿជាក់តែម្ដង។ សូមឲ្យប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល និងជឿទុកចិត្តលើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជារាជរដ្ឋាភិបាលដែលដឹកនាំដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ កសាងសមិទ្ធផលថ្មីជាបន្ដបន្ទាប់ដើម្បីលើកកំពស់ជីវភាពប្រជាពលរដ្ឋទាំងអស់គ្រប់ទីកន្លែងទាំងអស់ មិនឲ្យមានការ(គិតថា)កន្លែងណាដែលប្រជាពលរដ្ឋរស់នៅដោយគ្មានការយកចិត្តទុកដាក់ និងជួយពីរដ្ឋនោះទេ … ទឹកដី ប្រជាពលរដ្ឋ ជាអ្វីដែលយើងត្រូវធ្វើ(ការការពារ)។
សំបូរអ្នកដែលតាំងខ្លួនជារដ្ឋាភិបាលតាមហ្វេសប៊ុក ឡើងជាអ្នកជំនាញតាមហ្វេសប៊ុក។ យករឿងវិវាទដីធ្លីមួយចំនួនមកចោទថារដ្ឋាភិបាលគ្មានដែលគិតអីពីប្រជាពលរដ្ឋទេ ធ្វើបាបតែប្រជាពលរដ្ឋ ដេញ ប្លន់ដីប្រជាពលរដ្ឋ។ ខ្ញុំសួរប្រជាពលរដ្ឋដែលមកទទួលប័ណ្ណរាប់ម៉ឺននាក់នៅទីនេះ តើការផ្ដល់ការផ្ដល់ដីឲ្យប្រជាពលរដ្ឋនេះសប្បាយចិត្តទេ? ប្រសិនបើរដ្ឋគង់តែប្លន់ដដែល ចែកដីនេះឲ្យធ្វើអី ទុកដីនឹងជាដីរបស់រដ្ឋដដែលទៅមិនស្រួល។ គ្រាន់តែទុកតែសិទ្ធិអាស្រ័យផលទៅ រដ្ឋយកវិញមិនស្រួល។ ចែកឲ្យកម្មសិទ្ធិប្រជាពលរដ្ឋជាឯកជនហើយ បានន័យថារដ្ឋគ្មានបំណងទៅរឹបអូសមកទេ។ ផ្ទុយទៅវិញមានតែផ្ដល់ការការពារផ្លូវច្បាប់យូរអង្វែង តកូនតចៅដល់ប្រជាពលរដ្ឋម្ចាស់ដីធ្លី … សូមកុំជឿឃោសនា។ វិវាទដីធ្លីយើងមាន ហើយយើងខិតខំដោះស្រាយ។ ប្រជាជនអត់មានដីធ្លីយើងខិតខំប្រគល់ដីឲ្យ។
(២៥) ស្រឡាញ់ទឹកដីដោយការពារអធិបតេយ្យភាពនិងឯករាជ្យភាពពិត លើកកម្កើង និងពង្រឹងលើឆាកអន្ដរជាតិ
សំបូរអ្នកដែលបន្ដិចៗបបួលគ្នាមកផ្ដួលរាជរដ្ឋាភិបាល។ ឥឡូវ ស្រែកទៀតហើយ។ ស្រែករឿងព្រំដែនខាងកើតមិនទាន់ចប់ផង CLV-DTA ឥឡូវស្ងាត់ជ្រាប បោះហ្នឹងចោលទៅដេញ(ដោល) រឿងព្រំដែនខាងលិចឯណាទៀត។ ក្លាយទៅជាអ្នកជំនាញព្រំដែនទាំងអស់ហើយ។ រដ្ឋាភិបាលចាំបាច់ទៅនិយាយអីច្រើនយើងធ្វើពិត ពិតមែនទេអ៊ំ ពូមីង បងប្អូន។ បើខ្ញុំនិយាយលើមេក្រូ មួយថ្ងៃៗ ផ្សព្វផ្សាយតែបណ្ណដីធ្លីដែលចែករាប់សិបឆ្នាំមកហើយនេះ … យើងគ្មានវាស់វែង ៣លាន ៤សែនហិកតាបន្ថែមទៀត ឲ្យប្រជាពលរដ្ឋ ក្នុង ១៦ ខែនេះទេ។ មួយថ្ងៃៗ រដ្ឋាភិបាលគ្មានពេលទៅអង្គុយនិយាយប៉ោឡែតាមហ្វេសប៊ុកទេ។ យើងធ្វើផ្ទាល់។ រឿងទឹកដីដូចគ្នា។ ប្រជាពលរដ្ឋ អ៊ំពូមីងបងប្អូនជឿទុកចិត្តចុះរឿងការការពារទឹកដី សម្ដេចតេជោយើងធ្លាប់លើកទ័ពការពារទឹកដីមិនឲ្យបាត់មួយមីល្លីម៉ែត្រ។ យើងការពារអ្វីដែលមាននៅសល់ក្នុងភាពស្របច្បាប់។ កន្លែងណាមិនទាន់ច្បាស់លាស់យើងនៅធ្វើចុះបញ្ជី ចរចាព្រំដែនដើម្បីផលប្រយោជន៍ យើងមិនឲ្យបាត់ទេ។ អញ្ចឹង សូមឲ្យប្រជាពលរដ្ឋជឿទុកចិត្តចុះ ទោះបីជាម្ង៉ៃៗ យើងមិននៅអង្គុយរឿងកោះគុត មិននៅអង្គុយរឿង CLV-DTA (ក៏ដោយ)។ អ្នកនៅក្រៅនោះ មួយថ្ងៃៗសំបូរពេល ដើរតែដុត ដើរតែលើក ធ្វើម៉េចឲ្យប្រជាជនក្ដៅប្រហាយ យល់ច្រលំជាមួយរាជរដ្ឋាភិបាល។ ប៉ុន្ដែ រដ្ឋាភិបាលមិនលេងល្បែងហ្នឹងទេ។ គ្មានពេលទៅអង្គុយឆ្លើយតបលេងល្បែងហ្នឹងទេ។ រដ្ឋាភិបាលរវល់វាស់វែងដីបញ្ចប់ជូនប្រជាជន។ ចុះក្នុងបញ្ជី សំអាតកន្លែងណា បិទបញ្ជី តើមានទំនាស់អីអត់? ឲ្យបានស្រួលបួល ចុះវាស់វែង ចេញប្លង់ឲ្យ ចុះចែកជូន។ យើងរវល់រឿងហ្នឹង។ ឬលោកតា/យាយ អ៊ំពូមីង ចង់ឲ្យរដ្ឋាភិបាលមិនបាច់ធ្វើអីទេ ឆ្លើយតបតែតាមហ្វេសប៊ុក ឬមួយឲ្យចុះមកធ្វើការឲ្យប្រជាពលរដ្ឋ? ចង់ឲ្យចុះមែនទេ? បើថាចង់ឲ្យរដ្ឋបាលថ្នាក់ខេត្ត អភិបាលខេត្ត អភិបាលស្រុក ចុះមកធ្វើការឲ្យប្រជាពលរដ្ឋ ឲ្យមន្ដ្រីយើងចុះពីភ្នំពេញ ដាក់កំលាំងជាក់ស្ដែងចុះមកវាស់វែងឲ្យប្រជាពលរដ្ឋ សូមទះដៃមួយ។ ជាជាងឲ្យអង្គុយនៅ(ប៊ុយរ៉ូ)ភ្នំពេញ បង្ហោះហ្វេសប៊ុក។ ត្រូវទេ? អ្នកនៅខេត្តនៅតែអត់ដីដដែល អត់មានវាស់ឯណាទេ ឈ្លោះគ្នាដដែល អង្គុយបង្ហោះហ្វេសប៊ុកនៅនោះ(ភ្នំពេញ)។ យើងធ្វើ។
ខ្ញុំសូមប្រាប់ថា ខ្ញុំអត់លេងល្បែងអស់លោកទេ។ មួយថ្ងៃៗ ឃើញតែ “ហេតុអ្វីបានរដ្ឋាភិបាលមិនប្ដឹង?” ឥឡូវគេបង្កើតវេទិកាហៅបងប្អូននៅក្រៅប្រទេសទៅ(ជជែក) … រឿងគេចរចារាប់សិបឆ្នាំមកហើយ។ គណៈកម្មាការព្រំដែននៅតែចចារមិនទាន់មានការឯកភាពគ្នាទេនៅព្រំដែនទឹក។ យើងនៅទាមទារផលប្រយោជន៍ គេ(ក៏)ទាមទារ។ អញ្ចឹងបានចរចាមិនទាន់ចប់។ ចង់យ៉ាងម៉េច? ចង់វ៉ៃគ្នាទៀតឬអី? … ពូកែណាស់ខាងហៅគេទៅវ៉ៃគ្នា។ ប៉ុន្ដែធ្លាប់ហើយ ២០០៨, ២០១១ វ៉ៃពីព្រះវិហារឡើងទៅដល់ឧត្តរមានជ័យ។ នៅទិសខាងជើង យើងវ៊ិះប៉ះគ្នាទៀតនៅខាងមុំបី អូរអាឡៃ អូរតាង៉ាវ។ សួរថា រដ្ឋាភិបាលមិនយកចិត្តទុកដាក់ឲ្យគេចេះតែចូលមកយក? អត់ទេ។ យើងដោះស្រាយ។ បន្សល់ទុកពីមុនមកមិនច្បាស់លាស់ យើងដោះស្រាយដោយសន្ដិវិធី គណៈកម្មាការព្រំដែន មន្ដ្រីព្រំដែនរបស់យើង(ធ្វើការ)។ សួរថាគាត់ក្បត់ជាតិឬអី ? គាត់ខំសិក្សាស្រាវជ្រាវដើម្បីចរចាមួយចំអាមៗទុកឲ្យ។ សួរថា ស្រឡាញ់ជាតិតែអស់លោកនៅក្រៅប្រទេសនឹងឬ? អ្នកក្នុងស្រុកអត់ស្រឡាញ់ជាតិទេអី?
ស្រឡាញ់ដូចតែគ្នាទេ។ យើងមិនត្រឹមតែស្រឡាញ់តែតាមហ្វេសប៊ុកទេ គឺយើងធ្វើពិត ការពារពិត ទឹកដី អធិបតេយ្យភាព ឯករាជ្យភាព ពិតរបស់កម្ពុជា ហើយមិនត្រឹមតែការពារទេ ថែមទាំងលើកកម្កើង និងពង្រឹងលើឆាកអន្ដរជាតិទៀត។ នេះជាអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនធ្វើពិតប្រាកដជូនប្រជាពលរដ្ឋ។ សូមបងប្អូនជឿទុកចិត្តចុះ។ គ្មានពេលទៅអង្គុយតតាំងជាមួយអស់លោកទេ។ មួយថ្ងៃៗដើរធ្វើតែ(បំផុសប្រជាពលរដ្ឋ)។ គិតថាព្រំដែនកន្លែងនេះខ្លាំងណាស់ សំខាន់ណាស់ ស្រែកៗ ដល់តែរឿងនេះមក បោះរឿងនោះចោល ទៅ។ CLV-DTA ខ្លាំងណាស់។ គ្រាន់តែព្រឹប ចោលរឿងហ្នឹង រត់ទៅកោះគុត …។
សរសើរពួកគាត់៤ ទៅ៥ នាក់នេះចេះសព្វ ប្រធានបទអីក៏ច្បាស់ដែរ រហូតទៅដល់ចេះជាងអ្នកម្ចាស់ដើមទៀត។ ទៅបកស្រាយនិក្ខេបទសម្តេចក្រុមព្រះ។ មិនដឹងមើលយ៉ាងម៉េច ទៅបកស្រាយជំនួសសម្តេចក្រុមព្រះ។ បកស្រាយសៀវភៅរបស់ឯកឧត្តម ហង់ជួន ណារ៉ុន ជំនួសឯកឧត្តម ហង់ជួន ណារ៉ុន ទៀត។ ខ្លាំងហ្មងខ្ញុំសរសើរ។ ខ្ញុំសរសើរចេះគ្រប់តែម្តង។ កាលមុនខ្ញុំថាអាចារ្យអេចុះចេះ ឥឡូវអាចារ្យសុខចេះគ្រប់។ អាចារ្យសុខដូចអត់សក់ទាំង២។ បើលោកតាអាចារ្យណាឈ្មោះសុខមិនមែនរឿងហ្នឹងទេ អាចារ្យសុខក្រៅប្រទេស។ មានអាចារ្យតិញព្រោះពាក់ស្បង់មែន … មានអ្នកតាំងខ្លួនជាអ្នកស្នេហាជាតិស្រលាញ់ទឹកដី ដូចរឿង CLV-DTA ថាត្រូវតែការពារអ្នកនយោបាយខ្លះ។ លោកស្រីមួយ អ្នកនយោបាយចាស់ៗ ពេលដែលខ្លួននៅអង្គុយសភា៥៥ កៅអីអត់មានមាត់មួយម៉ាត់ទេ ហើយមានសមាជិកបក្សរបស់ខ្លួនក្នុងសភាដែលចូលក្នុងគណកម្មការរឿង CLV-DTA អត់មានមាត់មួយម៉ាត់ថាខុស។ ឥឡូវទើបថាខុស។ ចង់ចំនេញបោកប្រជាពលរដ្ឋ បានន័យថាពីមុនល្ងង់ ឬមួយក៏ពីមុនដឹងឥឡូវទើបធ្វើមិនដឹង … ខ្ញុំអត់ហត់ជាមួយទេលោក។ ខ្ញុំអត់ហត់ទេរឿងទៅឆ្លើយតបជាមួយអស់លោក។ ខ្ញុំមានកាតព្វកិច្ចច្រើន។ ប្រជាពលរដ្ឋរាប់លាននាក់គ្រប់វិស័យទាំងអស់ដែលត្រូវការជួយ។
មន្រ្តីរបស់រាជរដ្ឋាភិបាល មិនមានពេលទៅអង្គុយតតាំងឆ្លើយតបទេ។ គាត់ធ្វើការតាមជំនាញរបស់គាត់បានតិច បានច្រើន ដែនដីធ្វើការរឿងដែនដីទៅ វាស់វែងទៅ ដោះស្រាយរឿងវិវាទបុរីទៅ ដោះស្រាយរឿងអី? រៀបចំប្រព័ន្ធទិន្នន័យទៅ។ កសិកម្មដោះស្រាយរឿងកសិកម្ម។ តម្លៃឡើងចុះថោកនៃទំនិញខិតខំរកវិធីកន្លែងណា ពាណិជ្ជកម្មដើរអំពាវនាវបើកទីផ្សាររុញទំនិញយើងលក់ទៅក្រៅប្រទេសទៅ។ សាធារណៈការដឹកជញ្ជូនខំប្រឹងធ្វើផ្លូវធ្វើផែធ្វើអីទៅ។ សុខាភិបាលខំប្រឹងពង្រឹងមណ្ឌលសុខភាព ធ្វើថ្នាំឲ្យល្អ ពង្រឹងក្រមសីលធម៌របស់ពេទ្យដើម្បីលើកកម្ពស់ទៅ។ មន្រ្តីថ្នាក់ក្រោមជាតិខេត្តនីមួយៗ គ្មានពេលទៅអង្គុយ មិនមែនបានន័យថាយើងមិនស្តាប់ទេ ការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មាន តាមការស្រាវជ្រាវពិត ប្រជាជនប្តឹងពិតក៏ត្រូវដោះស្រាយបន្ទាន់ រឿងច្រើនណាស់ដែលខ្ញុំបាន(ដឹង)តាម facebook តាមកាសែត តាមព័ត៌មាន។ ខ្ញុំបាញ់ទៅឲ្យ(អ្នកពាក់ព័ន្ធ)ភ្លាម ចុះមើលភ្លាម រឿងហ្នឹងយ៉ាងម៉េច ពិតឬមិនពិត។ បើពិតត្រូវដោះស្រាយភ្លាម បើមិនពិតត្រូវចេញពន្យល់ប្រជាជនឲ្យដឹងភ្លាម។ រឿងខ្លះដោះស្រាយចប់២ ឆ្នាំហើយ គេយកបង្ហោះឡើងវិញ។ ត្រូវជូនប្រាប់ប្រជាពលរដ្ឋឲ្យដឹងភ្លាម។ រវល់អញ្ចឹង។
នេះហើយគឺរវល់ពិត រវល់ដើម្បីបំពេញកាតព្វកិច្ចបម្រើប្រជាពលរដ្ឋ។ សួរប៉ុណ្ណឹងហើយតើយើងដោះគ្រប់ទេ? អត់ទាន់គ្រប់ទេ។ នៅការងារច្រើនណាស់។ ការងារថ្មីកើតឡើងរាល់ថ្ងៃ។ អញ្ចឹង បើយើងរវល់តែឈឺក្បាលឆ្លើយតប អង្គុយលេងតែ facebook មួយថ្ងៃៗគឺចប់ហើយ។ ខ្ញុំជឿថាប្រជាពលរដ្ឋរាប់លាន រាប់សែននាក់លើកលែងតែអ្នកខ្លះពូកែតាម facebook ក៏ប្រជាពលរដ្ឋរវល់រឿងជីវភាពប្រចាំថ្ងៃដែរ។ គិតណាមួយកូនទៅរៀន ណាមួយបង្កបង្កើនផលរកស៊ីចិញ្ចឹមជីវិតខ្លួនឯង គ្មានពេលទៅតាមដានស្អីរញ៉េរញ៉ៃទេ។ អញ្ចឹងគាត់ចង់បានឲ្យទាំងមន្រ្ទីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិរបស់រដ្ឋាភិបាល អាជ្ញាធរសមត្ថកិច្ចធ្វើការបម្រើប្រជាពលរដ្ឋ មិនចាំបាច់មួយថ្ងៃៗអង្គុយតែលេង facebook នោះទេ មែនទេ? គឺឲ្យបម្រើផ្ទាល់ដោះស្រាយជូនប្រជាពលរដ្ឋ។ នេះហើយគឺអ្វីដែលរដ្ឋាភិបាលធ្វើរាល់ថ្ងៃ ហើយអស់លោកមានពេលច្រើននៅក្រៅប្រទេសអង្គុយលេង facebook លេងទៀតចុះ។
(២៦) គណបក្សប្រជាជនមិនល្អឥតខ្ចោះ ប៉ុន្តែជាគណបក្សចាស់ទុំ ប្រជាជនអាចពឹងពាក់បានគ្រប់ពេល
លេងតែខ្លួនឯងទៅ។ បញ្ចេញមតិបញ្ចេញទៅ តែកុំបំផុសប្រជាពលរដ្ឋ កុំកៀគរគ្នាឲ្យប្រជាពលរដ្ឋធ្វើអ្វីខុសច្បាប់នៅក្នុងប្រទេស ដូចកាលពីថ្ងៃ ១៨ សីហា។ យករឿង CLV-DTA មិនត្រឹមតែបញ្ចេញមតិដុតទេថែមទាំងជំរុញប្រជាពលរដ្ឋ ក្មេងៗជាពិសេសយុវជនអត់ដឹងអីឲ្យគ្នាក្តៅក្រហាយ យកកាំភ្លើងកែច្នៃ ជំពាមគ្រាប់បាដាង ដបដុតបម្រុងមកគប់អាជ្ញាធរតាមការបំផុសផ្តួលរដ្ឋាភិបាលរបស់តាចាស់ម្នាក់នៅក្រៅ(ប្រទេស)។ សួរថាលោកតានយោបាយចាស់ហ្នឹងស្រលាញ់ជាតិ? ខ្ញុំថាមិនមែនស្រលាញ់ជាតិទេ។ គាត់ចង់ធ្វើដូចបង់ក្លាដែស។ បង់ក្លាដែសគឺធ្វើឲ្យប្រជាពលរដ្ឋយុវជនក្នុងប្រទេសងើបឡើងផ្តួលរដ្ឋាភិបាល។ តែផ្តួលហើយទៅរកអ្នកណាមកដឹកនាំ? ទៅដង្ហែអ្នកដែលភៀសខ្លួនទៅក្រៅប្រទេសមកធ្វើនាយករដ្ឋមន្រ្តី។ គាត់ចង់បានដូចគ្នាដែរហ្នឹងហើយ។ គាត់ធ្វើនាយករដ្ឋមន្រ្តីតាម facebook តាំងពីឆ្នាំ ២០១៣ មក។ អញ្ចឹងបានអុជប្រជាពលរដ្ឋឲ្យបាន ដើម្បីអី? ប្រហែលជាគាត់ចង់បានយកកន្លែងហ្នឹង។ បើចង់បានបោះឆ្នោតទៅ។ តែបោះឆ្នោតមិនដែលឈ្នះគណបក្សប្រជាជនកម្ពុជា ដោយសារប្រជាជនទូទាំងប្រទេសរួមទាំងអ្នកស្ទឹងត្រង់ ផ្តល់ការទុកចិត្តលើសម្តេចតេជោ លើគណបក្សប្រជាជនហើយបន្តគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។
ប្រជាពលរដ្ឋទទួលស្គាល់ថាគណបក្សប្រជាជនកម្ពុជាមិនមែនល្អឥតខ្ចោះនោះទេ ប៉ុន្តែជាគណបក្សមួយដែលចាស់ទុំ ជាគណបក្សមួយដែលប្រជាជនអាចពឹងពាក់បានគ្រប់ពេលវេលា ជាពិសេសពេលលំបាកគឺមានមុខគណបក្សប្រជាជនកម្ពុជាហើយ។ រំដោះជំនាន់ប៉ុលពតក្តី បញ្ចប់សង្គ្រាមក្តី កូវីដ-១៩ក្តី ខ្វះស្បៀង ខ្វះផ្លូវក្តី គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលខិតខំអនុវត្តគោលនយោបាយពិតដើម្បីបម្រើប្រជាជន មិនល្អឥតខ្ចោះ យើងនៅមានចំណុចខ្វះខាតច្រើនតែយើងប្តេជ្ញាចិត្តកែលម្អឲ្យកាន់តែល្អ ហើយបម្រើប្រជាជនឲ្យកាន់តែច្រើន ហើយប្រជាជនរាប់លាននាក់បោះឆ្នោត ២០២៣, ៦ លាននាក់ជាងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាដើម្បីបន្តបម្រើប្រជាពលរដ្ឋ។ នេះជាសក្ខីភាពជាក់ស្តែង។ នេះហើយដែលលោកឯងនៅក្រៅប្រទេសមិនដែលឈ្នះនោះ។ គឺដោយសារការធ្វើពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជា ហើយប្រជាជនមានជំនឿពិតប្រាកដ។ សម្តេចតេជោនៅជាមួយប្រជាជនពិតប្រាកដ មិនមាន passport ២ មិនដែលរត់ចោលប្រជាពលរដ្ឋទេ។ គាត់ភៀសខ្លួនម្តងទៅវៀតណាមតែមិនមែនទៅរស់នៅរកសេចក្តីសុខ ហើយស្រែកតាម facebook ដើម្បីបង្កើតកម្លាំងចលនាប្រឆាំងទេណា។ គឺបង្កើតទ័ព ដឹកនាំទ័ព យកជីវិតជាដើមទុនដើម្បីរំដោះប្រទេសជាតិ។ មិនមែនចេញទៅស្រែកឲ្យគេមកជាប់គុកជំនួស ដូចអ្នកខ្លះនៅក្រៅប្រទេសឥឡូវទេ។
(២៧) សម្តេចតេជោ កូនអ្នកស្ទឹងត្រង់ បញ្ចប់សង្រ្គាមបាក់បែកប្រទេសជាតិ ៥០០ឆ្នាំ
ប្រជាជន ជាពិសេសអ្នកស្ទឹងត្រង់ ស្គាល់និងមានមោទនភាព ដែល ៥០០ឆ្នាំនៃសង្រ្គាមការបាក់បែកប្រទេសជាតិ ត្រូវបានបញ្ចប់ដោយគោលនយោបាយដែលផ្តួចផ្តើមឡើងដោយកូនអ្នកស្ទឹងត្រង់ គឺសម្តេចតេជោ។ ៥០០ឆ្នាំនៃការបែកបាក់ទឹកដី … កូនអ្នកស្ទឹងត្រង់ ភ្ជាប់និស្ស័យជាមួយអ្នកក្រូចឆ្មារ (បានបញ្ចប់ការបែកបាក់)។ ខ្ញុំអ្នកមេមត់កើតនៅសំរោង។ កើតហើយចល័តភៀសខ្លួនមកដល់ក្រូចឆ្មារវិញ។ មកដល់ស្ទឹងត្រង់។ ស្ទឹងត្រង់ហ្នឹងហើយក្នុងកុនថ្ងៃមួយ ក៏មានថតទៀតវគ្គហ្នឹង ពុកឲ្យគេកាត់ចោល រឿងដណ្តើមបាយឆ្មាហូប២ នាក់ បងជីដូនមួយខ្ញុំ ហ៊ុន ជា។ បែកភ្នំពេញ ម៉ែមកនៅហ្នឹង។ អញ្ចឹង ដូចមីងខ្ញុំ មិនដឹងមីងនី ឬមីងពុម្ព គាត់មើល។ គាត់ជាប់រវល់ហើយ ពីរនាក់កំពុងវារផង មិនទាន់មួយឆ្នាំផង ដាក់២ នាក់នៅហ្នឹង។ នៅលើហ្នឹង ថាសមានបាយឆ្មា។ យើងមានដឹងថាឆ្មាមិនឆ្មាឯណា។ ឥឡូវបែកការអស់បាត់។ ឃើញសម្តេចពាក់អាវស្អាតនិយាយមេក្រូ តាមពិតប្រវត្តិដណ្តើមបាយឆ្មាសោះនៅស្រុកស្ទឹងត្រង់។ មាតុភូមិយើងកម្សត់ណាស់ ឆ្លងកាត់សង្រ្គាម ឆ្លងកាត់ការបែកបាក់ ឥឡូវយើងវិវត្តទៅមុខ។ វិទ្យាល័យនៅទីនេះដូចមាន ៣ ជាន់ឬ ៤ ជាន់? ៣ ជាន់។
ធ្វើមួយៗ បន្ថែមទៀត ផ្លូវប្រែទៅបេតុងអស់ហើយ។ កាលមុនផ្លូវតូច ក្រោយមកផ្លូវដី ឥឡូវផ្លូវបេតុងយើងតបន្តទៀត។ កាលមុនឆ្លងទូក ឥឡូវយើងឆ្លងស្ពាន ទៅក្រចេះកាលមុនត្រូវឆ្លង(ទូក)។ ឥឡូវដំណើរសេដ្ឋកិច្ចបានច្រើន។ អញ្ចឹងកុំឲ្យដើរថយក្រោយ។ យើងបន្តដំណើរទៅមុខ។ បន្តដំណើរទៅមុខគឺយើងបន្តកសាងអភិវឌ្ឍ បន្តថែរក្សាសុខសន្តិភាពជាមួយគ្នា បន្តដាក់ចេញនូវគោលនយោបាយបម្រើប្រជាពលរដ្ឋតទៅទៀត។ សូមឲ្យប្រជាជនបន្តជឿទុកចិត្ត និងផ្តល់ការទុកចិត្តទៅដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាចូលរួមជាមួយរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលខ្ញុំថាមិនមែនល្អឥតខ្ចោះនោះទេ។ យើងខិតខំអស់លទ្ធភាពដើម្បីឲ្យកាន់តែល្អប្រសើរឡើង ឈានទៅរកការអភិវឌ្ឍបន្ថែមទៀតជូនប្រជាពលរដ្ឋ សូមអ៊ំពូមីងបងប្អូនជឿទុកចិត្តចុះ រឿងតែប៉ុណ្ណឹង សុំជឿតែប៉ុណ្ណឹងបានហើយ។
មួយទៀត សូមកុំចូលរួមតាមការអំពាវនាវណាដែលនាំទៅដុតប្រទេស ដុតស្រុក ដុតភូមិ ធ្វើឲ្យបែកបាក់ឡើងវិញ តែប៉ុណ្ណឹងបានហើយ។ ឥឡូវមិនបានទេ គេលាបពណ៌។ កាលពីមុន ឲ្យតែអ្នកមិនឯកភាព គេប្រើភាសាតែមួយហៅថាយួន។ ឥឡូវគេថែមពីរឬបីពាក្យទៀត។ គេថែមឲ្យតែនិយាយគាំទ្ររាជរដ្ឋាភិបាលគេថាទ្រពង ឲ្យតែនិយាយល្អពីវិជ្ជមានគេថាស្អែកទៅបើកលុយ គេថាលក់ក្បាល មកលាបពណ៌គ្នាអញ្ចឹង។ គេថាអីថាទៅ បើអ្នកឯងជេរខ្ញុំ អ្នកឯងសប្បាយចិត្ត ខ្ញុំថាដូចខ្ញុំធ្វើបុណ្យឲ្យអ្នកឯងអញ្ចឹង។ ជេរចុះ តែបើរំពឹងថាអ្នកឯងជេរឲ្យខ្ញុំឈឺក្បាល សូមទោសហើយអត់ទៅឈឺក្បាលជាមួយទេ ព្រោះអត់មានពេលទៅឈឺក្បាលស្តាប់ស្រែករាប់ពាន់គីឡូមកទេ។ តាមមើលរបាយការណ៍ ខែនេះវាស់បានដីថែមប៉ុន្មាន? វិវាទនៅបុរីប៉ុន្មានត្រូវបានដោះបន្ថែម។ ម្ចាស់បុរីជាមួយអតិថិជនត្រូវគ្នាប៉ុន្មានហើយ សល់ប៉ុន្មាន។ ខ្ញុំតាមអស់ហ្នឹង។ ករណី ជា សារ៉ន នោះថ្ងៃណាប្រកាសដោះស្រាយជូនប្រជាពលរដ្ឋ? យើងប្រមូលបានប៉ុន្មាន ដាក់បន្ទុកប៉ុន្មាន … មើលត្រី ឆ្នាំនេះត្រូវអត់។ ខ្ញុំតាមអាហ្នឹង។ យើងនាំផលិតផលកសិកម្មចេញទៅបានប៉ុន្មាន ឆ្នាំនេះ។ ១០ខែនេះយើងចេញទៅប្រមាណជិត ៤លានតោន។ ស្រូវអង្ករដូចជា ២៥ទៅ ៣០ភាគរយ នាំចេញ ក្រៅពីហ្នឹងមានផលិតផលផ្សេង។ ខ្ញុំតាមរាល់ថ្ងៃ។ បើថាបញ្ហាប្រជាជនមានទំនាស់ ឬក៏មានអីដែលជាភាពអសកម្ម ហ្នឹងបានខ្ញុំឈឺក្បាល។ ខ្ញុំឈឺក្បាល មិនមែនឈឺក្បាលម្នាក់ឯងទេណា ខ្ញុំ screenshot ហើយបាញ់អភិបាលខេត្ត អភិបាលស្រុក ក្រសួងស្ថាប័នទៅឲ្យដោះស្រាយ … ខ្ញុំបាញ់ទៅឲ្យដោះឲ្យលឿន។ ហ្នឹងខ្ញុំឈឺក្បាលព្រោះវាពាក់ព័ន្ធផលប្រយោជន៍ប្រជាពលរដ្ឋរបស់ខ្ញុំ ប៉ុន្តែបើអ្នកឯងត្រឹមតាំងខ្លួនជាវីរៈបុរសនៅក្រៅប្រទេសតាំងទៀតចុះ ខ្ញុំអត់ឈឺក្បាលជាមួយទេ។
[បញ្ចប់សេចក្ដីអធិប្បាយ១]
ខ្ញុំសូមផ្តល់នូវអនុសាសន៍មួយចំនួនសម្រាប់ក្រសួងពាក់ព័ន្ធក៏ដូចរាជធានីខេត្តបន្តធ្វើ៖
ទី១. សូម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បន្តជំរុញការចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៥, ហើយ រដ្ឋបាលខេត្តត្រូវចូលរួមអនុវត្តកិច្ចការនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ និង សូមឱ្យប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់រាជធានី-ខេត្ត ចុះចែកបណ្ណកម្មសិទ្ធិឱ្យដល់ដៃប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។
[ផ្ដើមសេចក្ដីអធិប្បាយ២]
(២៨) អាចរាំអបអរ (១) ទ្រព្យប្រវត្តិសាស្រ្តទាំងទិដ្ឋភាពច្បាប់ទាំងទិដ្ឋភាពយន្តការ និង(២) ប្រជាពលរដ្ឋមានបណ្ណកម្មសិទ្ធិដីធ្លីក្នុងដៃ
(ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់រាជធានី-ខេត្ត ចុះចែកបណ្ណកម្មសិទ្ធិឱ្យដល់ដៃប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ) ជាយន្តការទូទាំងប្រទេសតែម្តង។ យើងចែកទូទាំងប្រទេសរាប់លានប័ណ្ណ។ អញ្ចឹង កន្លែងណាបានច្រើនចុះទៅ ព្រោះក្រុមការងារថ្នាក់ជាតិគង់តែចុះទៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬមួយអីដដែលចុះទៅរៀបចំពិធីតែម្តងជាមួយអភិបាលខេត្ត ជាមួយអភិបាលស្រុក។ ហ្នឹងជាទ្រព្យសំខាន់ ហើយទ្រព្យប្រវត្តិសាស្រ្តដែលថាទាំងទិដ្ឋភាពច្បាប់ទាំងទិដ្ឋភាពយន្តការដែលប្រវត្តិសាស្រ្តខ្មែរ មិនដែលមានទូទាំងប្រទេសចេញប័ណ្ណឲ្យប្រជាពលរដ្ឋអញ្ចឹងទេ។ ទី២ ប្រជាពលរដ្ឋដែលបានប័ណ្ណនេះ អ្នកខ្លះមិនធ្លាប់តកូនតចៅ កាលដំបូងមិនមានប័ណ្ណក្នុងដៃទេ។ ជាប្រវត្តិសាស្រ្តយើងជូនគាត់។ អញ្ចឹង ខ្ញុំគិតថាអត់មានអីខុសទេ ចូលរួមអបអរជាមួយប្រជាពលរដ្ឋឱ្យបានទូលំទូលាយកាន់តែល្អ។ ចែកប័ណ្ណមានមន្រ្តីចុះមកពីថ្នាក់កណ្តាលជួយអបអរសាទរកាន់តែល្អ។ បើថែមនំបញ្ចុកអបអរសាទរទៀត ក៏កាន់តែល្អ គេថារាំវង់បានប័ណ្ណកម្មសិទ្ធិដីធ្លីថ្មី។
(២៩) ផ្ការីកនៃសន្តិភាព ផ្ការីកនៃគោលនយោបាយឈ្នះ–ឈ្នះ ផ្ការីកនៃការអភិវឌ្ឍជាតិ
យុទ្ធនាការនេះ សម្តេចតេជោបានប្រកាសហើយថាជាទំរង់ផ្ការីក។ មានមេដឹកនាំនយោបាយនៅក្រៅប្រទេសគេស្រែកថា ផ្ការីកដើម្បីធ្វើបដិវត្តន៍។ គេប្រើពាក្យផ្កាហ្នឹងច្រើន តែបដិវត្តន៍នៅមជ្ឈិមបូព៌ា បដិវត្តន៍ពណ៌ បដិវត្តន៍អីហ្នឹង។ បដិវត្ត៍ផ្កាឈូកអី។ សម្រាប់កម្ពុជាពាក្យផ្ការីករបស់យើងគឺផ្ការីកនៃសន្តិភាព ផ្ការីកនៃគោលនយោបាយឈ្នះ–ឈ្នះ ផ្ការីកនៃការអភិវឌ្ឍប្រទេសជាតិរបស់យើង។ ចាប់ផ្តើមរីកពីខេត្តកំពង់ចាមដែលជាខេត្តទី១ ដែលយើងបញ្ចប់ការវាស់វែងដីធ្លី បន្តទៅចែកប័ណ្ណដីធ្លីទៅដល់ ២៥រាជធានីខេត្តតែម្តង។ នេះជាផ្ការីករបស់យើង។ រីកដើម្បីផ្ដល់នូវភាពញញឹមដល់ប្រជាពលរដ្ឋឱ្យស្រលាញ់គ្នា សាមគ្គីគ្នាថែរក្សាផលិតផលដែលយើងមាន មិនមែនផ្ការីកនៃចលនាខឹងសម្បា បះបោរប្រឆាំងរដ្ឋអំណាចទេ។ នេះជាផ្ការីកនៃគ្រោះថ្នាក់។ សូមបងប្អូនប្រជាពលរដ្ឋកុំទៅតាមផ្ការីកដែលដុតប្រទេស តែចូលរួមនៅក្នុងគេហៅថាយន្តការផ្ការីកនៃការបម្រើប្រជាពលរដ្ឋអោយបានកាន់តែល្អ។ រីកពីខេត្តកំពង់ចាម ចែកបណ្ណនៅស្រុកស្ទឹងត្រង់ រីកចែកបន្តបន្ទាប់ទៅដល់ស្រុកផ្សេងៗទៀត ទៅដល់ខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ និងនៅទូទាំងប្រទេសតែម្ដង រីកស្រស់បំព្រង រីកនៅក្នុងសន្តិភាព គឺរីកនៃការអភិវឌ្ឍនេះឯង … ផ្ការីកនៃសន្តិភាព ផ្ការីកជាមួយរាជរដ្ឋាភិបាល ភាពញញឹមស្រស់បំព្រង កុំទៅយកផ្ការីកនេះញុកជាមួយនឹងបែកបាក់ជាតិ។ ខ្ញុំនិយាយអញ្ចឹងមិនមែនពាក្យរបស់អ្នកឯងទេ។ ផ្ការីកក៏ផ្ការីករបស់យើងដែរ ផ្ការីកនៅគ្រប់កន្លែងមិនមែនកម្មសិទ្ធផ្ដាច់មុខរបស់លោកឯង។ លោកឯងដើរនៅក្នុងសួននៅក្រៅប្រទេសបបួលគេរីកដុតប្រទេស។ ផ្ការីកនៅកម្ពុជា ផ្ការីកដោយគណបក្សប្រជាជនកម្ពុជា គឺប្រែក្លាយដីដែលសម្បូណ៌ដោយគ្រាប់មីនទៅជាកន្លែងដែលជាសួនផ្កា សួនកសិកម្ម ដើម្បីជីវភាពរស់នៅប្រជាជនបានរីកស្រស់បំព្រង នេះគឺផ្ការីករបស់គណបក្សប្រជាជនកម្ពុជា ផ្ការីកនៃសន្តិភាព។ រាំវង់ផ្ការីកនៃសន្តិភាពតែម្ដងទៅពេលចែកបណ្ណ។
[បញ្ចប់សេចក្ដីអធិប្បាយ២]
ទី២. នៅពេលដីធ្លីត្រូវបានចុះបញ្ជី មានបណ្ណកម្មសិទ្ធិរួចរាល់ហើយ ប្រជាជនយើងទទួលបានសុវត្ថិភាពផ្លូវច្បាប់ មានតម្លៃសេដ្ឋកិច្ចកាន់តែខ្ពស់។ ដូច្នេះ សូម លោកតា លោកយាយ អ៊ំ ពូ មា មីង បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តខិតខំប្រើប្រាស់ដីរបស់ខ្លួនក្នុងការបង្កបង្កើនផល ក៏ដូចជាក្នុងការប្រកបអាជីវកម្ម ឱ្យអស់សក្តានុពល ដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ចឱ្យបានជាអតិបរមា ជាពិសេស សម្រាប់ខេត្តកំពង់ចាម ដែលជាខេត្តមានសក្តានុពលលើវិស័យកសិកម្ម កសិ-ឧស្សា-ហកម្ម និង ការកែច្នៃកសិផលសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និង នាំចេញ។
ទី៣. សូមបន្តរៀបចំប្លង់គោលការប្រើប្រាស់ដីឱ្យបានចប់សព្វគ្រប់សម្រាប់រយៈពេលវែង ដែលត្រូវរក្សាឱ្យមានតុល្យភាពសម្រាប់ការរស់នៅ, ការប្រកបការងារ និង ការកម្សាន្ត តាមរយៈការ-រៀបចំបំពេញឱ្យគ្នានូវសេដ្ឋកិច្ច បរិស្ថាន និង ការអភិវឌ្ឍដោយចីរភាព។ លើកិច្ចការនេះ ខ្ញុំស្នើ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី–ខេត្ត ចូលរួមឱ្យបានសកម្ម ប្រកប- ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការងាររៀបចំប្លង់គោលប្រើប្រាស់ដី ក្នុងការរៀបចំក្រុង ទីប្រជុំជន សម្រេចបានឆាប់រហ័ស និង មានប្រសិទ្ធភាពខ្ពស់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសដើម្បីឱ្យប្រជាជនគ្រប់រូបអាចរស់នៅប្រកបដោយសុខដុមរមនីយកម្ម និងស៊ីវិល័យ។
ទី៤. ចំពោះការងារនគរូបនីយកម្ម ខ្ញុំស្នើ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ប្រែក្លាយទស្សនាទាននៃការរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែងឱ្យបានឆាប់ ដោយឈរលើគោលនយោបាយ និង ផែនការសកម្មភាពជាក់ស្តែង ដើម្បីឈានឆ្ពោះទៅកសាងសង្គមសុខដុម ដែលប្រជាជនគ្រប់រូបអាចរស់នៅបានប្រកបដោយចំណេះដឹង និង មានភាតរភាពជាបងប្អូន។
ទី៥. លើមូលដ្ឋាននៃទស្សនាទាន “ ការងាររៀបចំដែនដី” ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង រដ្ឋបាលរាជធានី–ខេត្ត ជំរុញការកសាងផែនការ ប្រើប្រាស់ដី បង្កើតជារបៀងសេដ្ឋកិច្ច ឱ្យស្របតាមសក្តានុពលអំណោយផលពីធម្មជាតិ នៃធនធានដី ទៅតាមភូមិសាស្រ្តដែលអាចបង្កើតផលិតកម្មស៊ីសង្វាក់តាមវិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជា កសិកម្ម ឧស្សាហកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ជាដើម ដែលអាចបង្កើនតម្លៃសេដ្ឋកិច្ចឱ្យកាន់តែខ្ពស់ និង ឈានទៅបង្កើនចំណូលរបស់ប្រជាជន ប្រែក្លាយសក្តានុពលនេះទៅជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាឧទាហរណ៍ ខេត្តកំពង់ចាម ជាតំបន់វាលទំនាបកណ្តាល នៃទន្លេមេគង្គ អាចរៀបចំជារបៀងយុទ្ធសាស្ត្រ តភ្ជាប់ភូមិភាគឦសានមកតំបន់សក្តានុពល កណ្តាលនៃកម្ពុជាព្រមទាំងរាជធានីភ្នំពេញ ភ្ជាប់ទៅ បឹងទន្លេសាប ផងដែរ។
[ផ្ដើមសេចក្ដីអធិប្បាយ៣]
(៣០) ព្រែកជីកហ៊្វូណនបង្កើនសក្តានុពលដឹកជញ្ជូនផ្លូវទឹក ធ្វើផ្លូវបន្ថែមនិងពង្រីកផ្លូវ ដើម្បីងាយឆ្លងកាត់ពីកន្លែងមួយទៅកន្លែងមួយ
ទៅមុខទៀត ពេលដែលព្រែកជីកហ្វូណនតភ្ជាប់ តំបន់នៅជាប់ទន្លេនេះក៏មានសក្ដានុពល តភ្ជាប់ទៅសមុទ្រផងដែរតាមការដឹកជញ្ជូនផ្លូវទឹក។ ចំពោះផ្លូវគោកក៏យើងនឹងបន្ត។ ឥឡូវខាងក្រសួងដែនដីនគរូបនីយកម្ម ក្រសួងសាធារណការនិងដឹកជញ្ជូន ធ្វើផ្លូវដែលអត់ទាន់មានឬមានលក្ខណៈតូចទៅជាផ្លូវធំ បង្កើនកម្រិតតភ្ជាប់ផ្លូវមេ ក្រៅពីនេះយើងត្រូវខិតខំតថែមខ្សែផ្លូវថ្មីទៀត ដើម្បីឱ្យងាយឆ្លងកាត់ពីកន្លែងមួយទៅកន្លែងមួយ កុំចងជើងតែមួយកន្លែង ព្រោះប្រជាជនរស់នៅខុសគ្នា។ អញ្ចឹង ត្រូវទៅក្រចេះមិនចាំបាច់ជិះឡានទៅដល់កំពង់ចាម ហើយឆ្លងទៅដល់គីហ៊្សូណានោះទេ។ យើងឆ្លងស្ពាននេះ។ ឥឡូវយើងមានផ្លូវនេះទៅដល់ក្រចេះ ថ្ងៃក្រោយបន្ទាប់ពីស្ពានព្រែកប្រសព្វធ្វើហើយ យើងអាចធ្វើផ្លូវខ្សែបុកមកតភ្ជាប់ថែមទៀត ដើម្បីឱ្យទៅកាន់តែជិត។ ទៅខេត្តមណ្ឌលគីរី រតនគិរី យើងធ្វើផ្លូវឆ្អឹងជំនីត្រី។ កុំធ្វើដំណើរ១០០ គីឡូបានឆ្លង។
បន្តិចទៀត ស្ពានអីយើងធ្វើជាបន្តបន្ទាប់។ យើងធ្វើច្រើន។ អញ្ចឹង កន្លែងខ្លះគេបន្ទោសថាជិះឡានវង្វេងដោយសារធ្វើផ្លូវច្រើនពេក។ កាលពីមុនទៅតែមួយខ្សែហ្នឹង ជិះឡានទៅអត់ខុសទេ ទៅដល់កន្លែងដល់ហើយ។ ឥឡូវមកដល់នេះ ម៉េចមានផ្លូវ៣ ខ្សែ បែកជា៣ កន្លែង ដោយសារចូលទៅក្នុងភូមិតភ្ជាប់ ពីកន្លែងមួយទៅកន្លែងមួយ។ ពីនេះទៅក្រចេះលែងមានតែមួយផ្លូវទៀតហើយ។ មានផ្លូវ២ ឬ៣ ឬ៤។ ពីកំពង់ឆ្នាំទៅកំពង់ធំ ផ្លូវគោកលែងចុះមកដល់ស្គន់ ឬមួយឡើងទៅដល់សៀមរាបទៀតហើយ។ បន្តិចទៀតមានស្ពានឆ្លងទន្លេសាបតែម្ដង។ ហ្នឹងហើយដែលយើងបង្កើតបង្កើតផ្លូវបន្ថែមកាន់តែច្រើន។ កន្លែងខ្លះ យើងប្រែក្លាយពីផ្លូវរទេះគោទៅជាផ្លូវលំ ឥឡូវទៅជាផ្លូវធំ។ (ផ្លូវ)ដីគ្រោះ (ទៅជាផ្លូវ)បេតុង។ ប៉ុន្តែអ្នកសុំផ្លូវបេតុង អត់សុំទៅជាផ្លូវកៅស៊ូវិញទេ? ប្រជាពលរដ្ឋឥឡូវនៅតាមភូមិ ឃុំ ស្រុក អីគឺសុំភាគច្រើនបេតុងតែម្ដង។ បានយូរ។ អ្នកនៅភ្នំពេញទេ សុំផ្លូវកៅស៊ូ។ ទំនើបកម្មយើងដើរតភ្ជាប់បន្ថែម។
[បញ្ចប់សេចក្ដីអធិប្បាយ៣]
ទី៦. ដោយឡែក ខេត្តកំពង់ចាម ត្រូវយកចិត្តទុកដាក់លើសក្តានុពលកសិ-ឧស្សាហកម្ម ដើម្បីជំរុញឱ្យក្លាយជាមជ្ឈមណ្ឌលកែច្នៃផងដែរដើម្បីបង្កើតការងារនិងចំណូលបន្ថែមជូនប្រជាពលរដ្ឋ ។
[ផ្ដើមសេចក្ដីអធិប្បាយ៤]
(៣១) ធ្វើពិពិធកម្មពីការពឹងផ្អែកតែលើកសិកម្មទៅសេវាកម្ម ធ្វើឱ្យចំណូលចូលហោប៉ៅប្រជាជនបានច្រើន
កត្តាជាគន្លឹះ គឺមិនមែនធ្វើម៉េចឱ្យដីកាន់តែរីកទេ។ ដីយើងអត់អាចរីកបានទេ។ មួយគ្រួសារៗ ចំនួនប្រជាជនកាន់តែច្រើន ដីអត់កើនទេ។ ត្រូវធ្វើម៉េចរកដំណោះស្រាយ។ មិនមែនរកដីថែមដើម្បីចែកជូនប្រជាជនគឺមិនចេះអស់នោះទេ … ដីប៉ុណ្ណឹងឱ្យចំណូលកាន់តែច្រើន តាមរយៈការបង្កើតសកម្មភាពសេដ្ឋកិច្ចផ្សេងៗ។ ដីកន្លែងហ្នឹងកាលពីមុន១០០ ហិកតាធ្វើស្រែមួយហិកតាបាន៣ តោនជាង។ (អញ្ចឹង១០០ហិកតា)បានតែ៣០០ តោនជាងក្នុងមួយឆ្នាំ តែប្រែក្លាយវាជាតំបន់សេដ្ឋកិច្ចពិសេស ឬកែច្នៃវាជាកសិ-ឧស្សាហកម្ម បង្កើតការងារម្នាក់ចំណូលបាន១លានឬ២ លាន។ អញ្ចឹង មួយគ្រួសារដីមួយហិកតា កូន៥ នាក់។ បើឱ្យធ្វើកសិកម្មចិញ្ចឹមអត់បាន តែបើកូន៥ នាក់បូកចៅបាន១០ នាក់ធ្វើការម្នាក់បាន១ លាន បានចំណូលមួយគ្រួសារហ្នឹង(១០លាន)។ ដី១ ហិកតាឬ២ ហិកតាដូចគ្នាសង់ផ្ទះ ខ្លះគាត់ត្រូវការតែ១០០០ ការ៉េឬ២០០០ ការ៉េ ព្រោះនៅភ្នំពេញមិនដល់១០០០ ការ៉េផង តែចំណូលរបស់គាត់មិនមែនបានពីដីលំនៅឋានហ្នឹងទេ គឺបានពីចំណូលការងារ។ អញ្ចឹងយើងរុញមកខេត្តកំពង់ចាមនេះ ឧស្សាហកម្មក៏មកច្រើន នៅជើងស្រុកជើងព្រៃនៅអី … តែនៅខាងលើនេះពេលដែលតភ្ជាប់ស្ពាននៅទីនេះ នឹងអាចបង្កើតតំបន់(សេដ្ឋកិច្ច)ផ្សេងៗ ធ្វើឱ្យចំណូលចូលហោប៉ៅប្រជាជនឱ្យច្រើន តាមរយៈការប្រែក្លាយឱកាសដែលផ្អែកទៅលើកសិកម្មទាំងស្រុង ទៅជាមានពិពិធកម្ម មានជម្រើសផ្សេងៗទៀត អាចថាទៅជាការងារនៅក្នុងវិស័យសេវាកម្មដូចជា ធនាគារ អីផ្សេងៗ។ នៅក្នុងរោងចក្រ នៅក្នុងក្រុមហ៊ុនកសិ-ឧស្សាកម្មកែច្នៃ បានបៀវត្សរ៍កាន់តែច្រើនអត្ថប្រយោជន៍កាន់តែច្រើន។ នេះគឺការកែច្នៃ។
[បញ្ចប់សេចក្ដីអធិប្បាយ៤]
ដូច្នេះ សូម ក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលខេត្ត និង មន្ទីរជំនាញ យកចិត្តទុកដាក់បន្ថែមលើការជំរុញការងារអប់រំ និងបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជន, ជាពិសេស ជំនាញកសិកម្ម បច្ចេកទេសកែច្នៃ និង បច្ចេកវិទ្យា ជាដើម។
ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ ជាពិសេសលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូន ប្រជាពលរដ្ឋទាំងអស់ ក្មួយៗ លោកគ្រូ អ្នកគ្រូ ដែលចូលរួមក្នុងកម្មវិធីព្រឹកនេះ។ ទីមួយសូមអបអរសាទរសាជាថ្មីចំពោះការទទួលបានបណ្ណកម្មសិទ្ធ និងខេត្តកំពង់ចាមក្លាយជាខេត្តទីមួយដែលបញ្ចប់ការវាស់វែង ចុះបញ្ជីឈានទៅដល់ការចែកបណ្ណជាប្រព័ន្ធ នៅក្នុងពេលឆាប់ៗនេះ។ សូមជូនពរនិងប្រសិទ្ធពរជូនលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូន ប្រជាពលរដ្ឋទាំងអស់ ឯកឧត្តម លោកជំទាវ លោក លោកស្រីទទួលបានពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈនិង បដិភាណកុំបីឃ្លៀងឃ្លាត ។ សូមអរគុណ។ ជូនពរឱ្យអ្នកមិនទាន់មានគូឱ្យឆាប់មានគូ។
ថ្ងៃនេះសម្រាប់មន្ត្រីសុរិយោដីខេត្តកំពង់ចាមនិងយុវជនស្ម័គ្រចិត្ត ១៣០នាក់ ម្នាក់ថវិកា២០ម៉ឺនរៀល សូមបន្តជំរុញការងារនេះសូមអរគុណ ហត់បន្តិចតែសប្បាយចិត្ត ហត់បន្តិចតែផ្ដល់ភាពកក់ក្ដៅឱ្យប្រជាពលរដ្ឋច្រើន, យុវជនកាយរឹទ្ធកម្ពុជា កាកបាទក្រហម សហភាពសហព័ន្ធយុវជន យុវជនស្រលាញ់សន្តិភាព យុវជនគណបក្សប្រជាជន សមាគមនារីដើម្បីសន្តិភាព សមាគមនរាជសី ៣៥០នាក់ ម្នាក់ថវិកា២ម៉ឺនរៀល, វិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ទឹងត្រង់ ថវិកា២លានរៀល, មន្ទីរពេទ្យបង្អែកសម្ដេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ថវិកា១០លានរៀល, មណ្ឌលសុខភាពព្រែកកក់ ថវិកា៣លានរៀល, សាលាស្រុកស្ទឹងត្រង់ ២លានរៀល, ក្រុមគ្រូពេទ្យប្រចាំការអង្គពិធីថវិកា៣លានរៀល, ក្រុមតន្ត្រីសម័យថវិកា៥លានរៀល។
ថ្ងៃនេះមានសិល្បៈករ/ការនី ជាច្រើនបានធ្វើដំណើរមកអបអរសាទរ។ អ្នកនាង ម៉េង កែវពេជ្ជចិន្តា, លោក ហេង ប៊ុនលាភ, លោក សឿន វុទ្ធា, អ្នកនាង សួស លីនដា, លោក ប៊ុន ជំនោរ, លោក ហង់ សុវណ្ណរឹទ្ធ,កញ្ញា សំ លីនដា, លោក គ្រី ថៃពៅ, លោក អ៊ឹម ថៃ, កញ្ញា ខាត់ សួស្ដី, លោក រាជ ប្រាថ្នា, លោក ខៀវ ចិន្តា, កញ្ញា ជ័យ ស្រីរ័ត្ន, លោក ជ័យ សុវាត, លោក បឺត សំរេច និងលោកស្រី យូ សុខធា ហៅ កាឆយ៕