- អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា
- ឯកឧត្តមបណ្ឌិត Tan Sri Abang Zohari Tun Openg ប្រធានអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយអ៊ិស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក(RISEAP) និងជាអភិបាលរដ្ឋ សហព័ន្ធ Sarawak ប្រទេសម៉ាឡេស៊ី
- ឯកឧត្ដម លោកជំទាវ លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ បងប្អូនសាសនិកអ៊ិស្លាម និងអង្គពិធីទាំងមូល ជាទីមេត្រី!
- Salamalekum!
[ផ្ដើមសេចក្ដីអធិប្បាយ]
First, I would like to begin by a warm welcome to our friends from 20 countries, to join the 20th Assembly of RISEAP in Cambodia. Cambodia, this year, is proud to host this special event. I hope that for those who visit Cambodia for the first time, have an opportunity to explore Cambodia more besides this hotel and the meeting room. For those who have been here before, welcome back. May I address this event in Khmer, the translation is also available to you.
[ចប់សេចក្ដីអធិប្បាយ]
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សជាអនេក ដែលបានមកជួបបងប្អូនសាសនិកអ៊ិស្លាមសាជាថ្មី នៅក្នុងពិធីបើកសន្និបាតលើកទី ២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយអ៊ិស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក(RISEAP) ដែលមានវត្តមានដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត Tan Sri Abang Zohari Tun Openg ប្រធានអង្គការ RISEAP និងជាអភិបាលរដ្ឋសហព័ន្ធ Sarawak ប្រទេសម៉ាឡេស៊ី និងប្រតិភូរបស់អង្គការ RISEAP ដែលអញ្ជើញមកពីប្រទេសចំនួន ២១។ នេះគឺជាការបង្ហាញពីសាមគ្គីភាព និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅព្រះរាជាណាចក្រកម្ពុជា ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានខិតខំកសាង និងថែទាំយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយហេតុថា កត្តាទាំងនេះ គឺជាធាតុផ្សំមិនអាចខ្វះបាននៃសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមយកឱកាសនេះ សម្ដែងនូវការកោតសរសើរចំពោះអង្គការ RISEAP ដែលបានរួមចំណែកជាមួយបណ្តាប្រទេសជាច្រើន ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជន ការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព និងសិទ្ធិសេរីភាពរបស់បងប្អូនអ៊ិស្លាម។ មិត្តភក្តិបរទេស ប្រាកដជាដឹងច្បាស់ណាស់ថា សន្តិភាពពេញលេញរបស់កម្ពុជា ទើបតែមានអាយុកាលជិត ២៦ ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែ នេះគឺជាសន្តិភាព ដែលមានរយៈពេលវែងជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងរយៈកាលយ៉ាងហោចណាស់ ៥០០ ឆ្នាំ ចុងក្រោយនេះ។ ថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ គឺបង្គោលចរប្រវត្តិសាស្ត្រដ៏សំខាន់បំផុត ដែលប្រជាជនខ្មែរគ្រប់ជាតិសាសន៍ និង សាសនា តែងតែចងចាំ នោះគឺការសម្រចបានដោយជោគជ័យនៃ នយោបាយឈ្នះ–ឈ្នះ ដែលផ្តួចផ្តើម និងដឹកនាំអនុវត្តដោយផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយកាលពីចុងខែវិច្ឆិកាកន្លងទៅ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកម្រិតអន្តរជាតិជាច្រើន ដូចជា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI) មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព(IPTP)។ ប្រទេសជាច្រើនមកពីបណ្តាទ្វីបនានាលើពិភពលោក តែងតែបានថ្លែងការកោតសរសើរ ចំពោះការផ្លាស់ប្តូរមុខមាត់ស្ទើរតែមិនគួរឱ្យជឿរបស់កម្ពុជា ដែលបានជួបសោកនាដកម្មប្រវត្តិសាស្ត្រ ដែលពិបាកនឹងស្រមើស្រមៃ។ បណ្តាមិត្តរបស់កម្ពុជាក៏បានផ្តល់តម្លៃខ្ពស់ចំពោះមេរៀននៃការកសាងសន្តិភាព បង្រួបបង្រួមជាតិ និងភាពអត់ឱនរបស់កម្ពុជា ហើយនៅក្នុងនោះ មិត្តរបស់យើងក៏បានកត់សម្គាល់ពីភាពលេចធ្លោរបស់កម្ពុជា ក្នុងទិដ្ឋភាពសុខដុមនីយកម្មសាសនា ទោះបីជាកម្ពុជាកំណត់យកពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ដោយ។
បច្ចុប្បន្ននេះ ក្រោមម្លប់ដ៏សែនត្រជាក់នៃសន្តិភាព យើងស្ទើរតែមិនដែលឮទាល់តែសោះអំពីជម្លោះសាសនានៅកម្ពុជា។ សម្រាប់កម្ពុជា សហគមន៍ខ្មែរអ៊ិស្លាម […] តែងតែទទួលបានការលើកកម្ពស់ និងការយកចិត្តទុកដាក់តាំងពីដើមរៀងមក។ […] ជាក់ស្តែង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានមានព្រះរាជតម្រិះសព្វព្រះរាជហឫទ័យ ប្រទាននាមដល់បងប្អូនជនជាតិភាគតិចចាម ថាជា “ខ្មែរអ៊ិស្លាម” នៅក្រោយទទួលបានឯករាជ្យពីបារាំង នាឆ្នាំ ១៩៥៣ ក្នុងគោលបំណងចង់ឱ្យក្រុមជាតិភាគតិចចាម បានក្លាយជាពលរដ្ឋខ្មែរ កាន់សាសនាអ៊ិស្លាមដោយស្របច្បាប់ និងក្លាយជាខ្មែរតែមួយ ព្រមទាំងបានបន្សល់ទុកនូវអត្តសញ្ញាណដើមរបស់ពួគគេផងដែរ។ យ៉ាងណាមិញ បងប្អូនខ្មែរអ៊ិស្លាមបានរងទុក្ខលំបាកដោយសារសង្គ្រាម ការរើសអើងជាតិសាសន៍ ក្នុងរបបសាធារណរដ្ឋខ្មែរ និងការលុបបំបាត់ទាំងស្រុងនូវសេរីភាពសាសនា និងអំពើប្រល័យពូជសាសន៍ ក្រោមការដឹកនាំរបស់របបកម្ពុជាប្រជាធិបតេយ្យ។ ទាល់តែដល់ថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ទើបសេរីភាពនៃជំនឿសាសនានៅកម្ពុជា ត្រូវបានស្តារ និងសង្គ្រោះឡើងវិញ។ ជាតថភាពប្រវត្តិសាស្ត្រ ខ្ញុំអាចនិយាយបានថា ការជំរុញសុខដុមនីយកម្មសាសនា គឺជា ឌី.អេន.អេ (DNA) របស់គណបក្សប្រជាជនកម្ពុជានៅគ្រប់អាណត្តិ ហើយគ្រប់អាណត្តិនៃរដ្ឋាភិបាលលរបស់គណបក្សប្រជាជនកម្ពុជា យើងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នេះជានិច្ច។
រាជរដ្ឋាភិបាលអាណត្តិមុន ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានរៀបចំឱ្យមានស្ថាប័នកំពូលអ៊ិស្លាមគឺ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា និងបានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរអ៊ិស្លាមជាច្រើនរូប នៅក្នុងស្ថាប័នកំពូលរបស់ជាតិ និងនៅថ្នាក់ក្រោមជាតិ។ បច្ចុប្បន្ននេះ យើងមានបងប្អូនអ៊ិស្លាម ចំនួន ៥ រូប ជាសមាជិកព្រឹទ្ធសភា ដែលក្នុងនោះ មានស្ត្រីមួយរូប និង ៦ រូប ជាអ្នកតំណាងរាស្ត្រ ដែលក្នុងនោះក៏មានស្ត្រីមួយរូបផងដែរ។ ក្រៅពីនេះ ក៏មានសមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាប្រធានព្រឹទ្ធសភា ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័ន អភិបាលរងរាជធានី-ខេត្ត អភិបាលរងក្រុង-ស្រុក-ខណ្ឌ សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មន្ត្រីយោធា និងនគរបាលថ្នាក់ឧត្តមសេនីយ៍ គ្រូពេទ្យ និងគ្រូបង្រៀនខ្មែរអ៊ិស្លាមជាច្រើនរូប។
រាជរដ្ឋាភិបាលក៏បានផ្តល់ជូនសហគមន៍ខ្មែរអ៊ិស្លាម ដូចជា ការរៀបចំអាហារស្រាយបួសរ៉ាម៉ាឌន តាំងពីឆ្នាំ២០១៤ មក ដែលមានអ្នកចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិជាមធ្យមប្រមាណ ៥០០០ នាក់/ឆ្នាំ។ សេរីភាពនៃការគោរពប្រណិប័តន៍សាសនាអ៊ិស្លាម ក៏ត្រូវបានរាជរដ្ឋាភិបាលបើកទូលាយ ជាក់ស្តែង សិស្ស-និស្សិតខ្មែរអ៊ិស្លាម អាចស្លៀកសំលៀកបំពាក់ប្រពៃណីអ៊ិស្លាម នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត ហើយបងប្អូនជាស្ត្រីអាចទទូរក្បាល ហើយបុរសក៏អាចពាក់មួកកាតឹបថតរូប សម្រាប់ប្រើប្រាស់លើឯកសាររដ្ឋបាល ដូចជា លិខិតឆ្លងដែន និងអត្តសញ្ញាណបណ្ណ ។ល។ យើងក៏មានកន្លែងថ្វាយបង្គំ នៅតាមព្រលានយន្តហោះ មន្ទីរពេទ្យរដ្ឋ រោងចក្រ សណ្ឋាគារ និងផ្សារធំៗមួយចំនួន ជាពិសេស នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំបន្ទប់ថ្វាយបង្គំផងដែរ។
ជាមួយនឹងសន្តិភាព ការជឿនលឿននៃសង្គម-សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិដ៏រស់រវើករបស់កម្ពុជា បងប្អូនអ៊ិស្លាមជាច្រើនក៏មានឱកាសទៅសិក្សារៀនសូត្រនូវចំណេះដឹងផ្នែកសាសនាអ៊ិស្លាម ក៏ដូចជា ជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅបណ្តាប្រទេសដៃគូជាច្រើននៅលើពិភពលោក។ បងប្អូនអ៊ិស្លាមកាន់តែច្រើន ក៏មានលទ្ធភាព និងឱកាសទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ ហើយបងប្អូនអ៊ិស្លាមខ្លះទៀត ក៏មានឱកាសចាប់ដៃគូជាមួយវិនិយោគិនបរទេស ដើម្បីបង្កើតអាជីវកម្មនៅកម្ពុជា។
នៅឆ្នាំក្រោយនេះ អង្គការសម្ព័ន្ធពិភពអ៊ិស្លាម (រ៉ាពីតាស់) គ្រោងនឹងរៀបចំ សន្និសីទអន្តរជាតិអ៊ិស្លាម នៅរាជធានីភ្នំពេញ ដើម្បីឱ្យបណ្តាប្រទេសដទៃ អាចរៀនសូត្រពីបទពិសោធ ជាគំរូរបស់កម្ពុជា លើទិដ្ឋភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ហើយខ្ញុំក៏នឹងចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ។
ទាំងនេះគឺជាការទទួលស្គាល់របស់សង្គមជាតិកម្ពុជា ចំពោះស្នាដៃ និងសមត្ថភាពចូលរួមចំណែកកសាងសង្គមជាតិ ពីបណ្តាបងប្អូនអ៊ិស្លាមគ្រប់រូប។ យើងទទួលស្គាល់ថា បងប្អូនអ៊ិស្លាម គឺជាសមាសធាតុ និងសមាជិកប្រកបដោយការទទួលខុសត្រូវនៅក្នុងសង្គមជាតិខ្មែរ ដែលស្មោះស្ម័គ្រនៅក្នុងបេសកកម្មរួមរបស់យើង នៅក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពសង្គម។ បងប្អូនខ្មែរអ៊ិស្លាម យល់ច្បាស់ថា ប្រសិនបើគ្មានសន្តិភាព ស្ថិរភាព និងទំនាក់ទំនងអន្តរសាសនា ប្រកបដោយភាពសុខដុម យើងមិនអាចនិយាយបានឡើយ អំពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសេរីភាពសាសនា។ បងប្អូនអ៊ិស្លាមក៏បានយល់យ៉ាងច្បាស់ និងមានការប្តេជ្ញាចិត្តខ្ពស់ ចំពោះការប្រយុទ្ធប្រឆាំងនឹងលទ្ធិជ្រុលនិយម ទាំងក្នុងសកម្មភាពនយោបាយ និងសាសនា ដែលតែងតែជំរុញឱ្យមានការបែងចែក និងបំបែកបំបាក់សង្គម កំហឹង និងការរើសអើង និងការប្រើប្រាស់ហិង្សា។
ឯកឧត្តម លោកជំទាវ, លោក លោកស្រី!
ក្រៅពីទិដ្ឋភាពនយោបាយ និងសង្គម ខ្ញុំក៏ចង់គូសរំលេចផងដែរនូវទិដ្ឋភាពសេដ្ឋកិច្ច។ យើងមិនត្រូវភ្លេចទេថា សហគមន៍អ៊ិស្លាមរបស់កម្ពុជា គឺជាកោសិកាមួយនៃសហគមន៍អ៊ិស្លាមអន្តរជាតិ។ ដូច្នេះ ភាតរភាពនៃសាសនា ក៏បានបង្កើតនូវទំនុកចិត្តជាពិសេស សម្រាប់ធុរកិច្ច-អ៊ិស្លាមទូទាំងពិភពលោក ឱ្យចាប់អារម្មណ៍ និងផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ បងប្អូនខ្មែរអ៊ិស្លាម គឺជាកូនសោគន្លឹះសម្រាប់កម្ពុជា ក្នុងការបើកទ្វារនៃកាលានុវត្តភាពសេដ្ឋកិច្ចអ៊ិស្លាម កម្រិតពិភពលោក មិនថា ហិរញ្ញវត្ថុអ៊ិស្លាម (Islamic finance) ឬសេដ្ឋកិច្ចហាឡាល (Halal economy)។ ខ្លួនខ្ញុំផ្ទាល់ក៏បានយកចិត្តទុកដាក់ខ្ពស់ នៅក្នុងការជំរុញឧស្សាហកម្ម ផលិតកម្ម និងការនាំចេញផលិតផលហាឡាល ដើម្បីឱ្យកម្ពុជាអាចចាប់យកកាលានុវត្តភាពដ៏ទូលំទូលាយ នៃទីផ្សារហាឡាល ដោយមានការបញ្ជាក់ពីស្តង់ដា និងការទទួលស្គាល់អនុលោមភាពច្បាស់លាស់ លើគោលការណ៍ហាឡាល កម្រិតអន្តរជាតិ។ ក្នុងន័យនេះ ខ្ញុំបន្តលើកទឹកចិត្តឱ្យបងប្អូនខ្មែរអ៊ិស្លាម ចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងការដើរតួជាទូតសុឆន្ទៈ ជាដៃគូពាណិជ្ជកម្ម និងដៃគូវិនិយោគ និងជាអន្តរការី ដែលអាចទុកចិត្តបាន និងមានភាពស្មោះត្រង់ សម្រាប់ដៃគូអ៊ិស្លាមបរទេស នៅក្នុងការជំរុញការផ្សារភ្ជាប់ និងពង្រឹងវត្តមានកម្ពុជា ទៅក្នុងសហគមន៍សេដ្ឋកិច្ចប្រកបដោយវិបុលភាពនៃអ៊ិស្លាមអន្តរជាតិ។
ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណ ដល់បងប្អូនខ្មែរអ៊ិស្លាមនៅទូទាំងប្រទេស ដែលតែងតែជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងការដឹកនាំរបស់គណបក្សប្រជាជន និងសូមថ្លែងអំណរគុណដល់មិត្តភក្តិបរទេសមូស្លីម ដែលតែងតែគាំទ្ររាជរដ្ឋាភិបាលកម្ពុជារហូតមក។
ខ្ញុំសូមព្រះអល់ឡោះ ប្រទាននូវពរជ័យ សិរីសួស្តីជូនអ្នកទាំងអស់គ្នា ដែលបានចូលរួមនៅទីនេះ។ ព្រះអល់ឡោះ នឹងផ្តល់នូវការរីកចម្រើន រុងរឿង សុភមង្គល និងសេចក្តីសុខសប្បាយសម្រាប់គ្រប់ៗគ្នា តរៀងទៅ។
ខ្ញុំសូមប្រកាសបើក “សន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយអ៊ិស្លាមតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក(RISEAP)” ចាប់ពីពេលនេះតទៅ!
សូមអរគុណ!