ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈធិបតី ភ្ញៀវកិត្តិយសជាតិ
ព្រឹទ្ធាចារ្យ យុទ្ធគុនខ្មែរបុរាណ ក្រុមគ្រូបង្វឹក កីឡាករ កីឡាការិនី និងអង្គពិធីជាទីមេត្រី!
(១) ការប្រកួតក្បាច់គុនខ្មែរចម្រុះមានការចូលរួមពីបងប្អូនកីឡាករ ៥៥ អង្គភាព/ក្លឹប/សហព័ន្ធ
ថ្ងៃនេះ ខ្ញុំមិនមានអ្វីច្រើនទេ។ បីថ្ងៃហើយ បងប្អូនបានប្រកួតដោយយកចិត្តទុកដាក់ ទាំងគ្រប់គ្រងការប្រកួត។ តាមពិត ខ្ញុំអត់បាន(មក)មើលផ្ទាល់ទេ រហូតដល់ល្ងាចនេះ ប៉ុន្តែមើលជាប់តាម live។ ទៅដល់ឥណ្ឌូនេស៊ី ក៏អង្គុយមើលដែរ។ ឃើញថាការប្រកួត និងសំដែងក្នុងរយៈពេលបីថ្ងៃនេះបានរលូន។ ខ្ញុំសូមអរគុណ ចំពោះគណៈកម្មការរៀបចំ។ តាមពិត ការរៀបចំនេះ ប្រថុចញ៉ុច ដោយសារផែនការដំបូងគឺត្រៀមរៀបចំនៅឆ្នាំក្រោយ។ ប៉ុន្តែខ្ញុំថា ខ្ញុំស៊ីញ៉េច្រឡំទេ ធ្វើឆ្នាំហ្នឹងតែម្ដង ដើម្បីបានប្រមូលរៀបចំប្រកួតនេះ។ ក្នុងរយៈពេលដ៏ខ្លី គណៈកម្មការបានរៀបចំបានល្អ ប៉ុន្តែសំខាន់បំផុត គឺមានការចូលរួមយ៉ាងច្រើនកុះករអំពីបងប្អូនកីឡាករពីច្រើនសហព័ន្ធ ច្រើនអង្គភាព សរុបទៅដូចមាន ៥៥ អង្គភាព/ក្លឹប/សហព័ន្ធ ផ្សេងៗ។
(២) មិនថាឈ្នះឬចាញ់ គោលដៅធំនៃការប្រកួតគឺគោរពស្រលាញ់ និងមិត្តភាព
ឆ្នាំនេះ យើងប្រកួតបីថ្ងៃ (ជាការរៀបចំប្រកួត)លើកដំបូង លើទីលានតូច យើងយកបានតែ ៤០០នាក់ជាង (ប៉ុន្តែ)មានអ្នកដាក់ពាក្យច្រើនជាងហ្នឹង។ បើសិនជាច្រើនជាងហ្នឹង យើងរៀបចំប្រកួតមិនបាន (ព្រោះទីលានតូច)។ ឆ្នាំក្រោយ សង្ឃឹមថា (ដក)ដកពិសោធន៍ឆ្នាំនេះ យើងអាចទទួលបានការប្រកួតបានច្រើនជាង។ សំខាន់ក៏មានការចូលរួមពីព្រឹទ្ធាចារ្យ យុទ្ធគុនបុរាណ ៣៥រូប។ អម្បាញ់មិញបានសំដែងផង ហើយចេញក្បាច់មិនចាញ់ក្មេងៗ ប៉ុន្មានទេ។ ខ្ញុំចាំ លោកគ្រូម្នាក់មកជួបខ្ញុំ (មានអាយុ) ៨០ឆ្នាំជាង។ អម្បាញ់មិញគ្រវីដំបងខ្លាំងជាងក្មេងអាយុ ៤០ឆ្នាំជាងផង។
នេះបង្ហាញអំពីទឹកចិត្ត និងការរៀបចំ។ ថ្ងៃនេះ ខ្ញុំបានចូលរួមផ្ទាល់។ ប៉ុន្មានថ្ងៃនេះ ចន្លោះម៉ោងប្រជុំម៉ោងអី ខ្ញុំតាមមើល ប៉ុន្តែអត់ដូចមើលផ្ទាល់ទេ។ ការប្រកួតខ្លះ ឃើញអ្នកទៅមើលហ្នឹង វាយចេញក្បាច់ខ្លាំងជាងអ្នកចូលប្រកួតទៀត។ អម្បាញ់មិញ ខ្ញុំអង្គុយ ដាក់អារម្មណ៍ខ្លាំងទៅចង់រង្គើកៅអីដែរ តែខំទប់ខ្លួន។ សម្លេងទះដៃអបអរការប្រកួតរបស់បងប្អូនដែលគាំទ្រ មិនថាអ្នកឈ្នះអ្នកចាញ់ ប៉ុន្តែការប្រកួត(ដោយ)គោរពគ្នា ការប្រកួតដោយការស្រលាញ់ មិត្តភាព នេះជាគោលដៅធំរបស់យើង។
(៣) ការប្រកួតក្បាច់គុនខ្មែរចម្រុះជាសុបិន្តក្លាយជាការពិត
ការប្រកួតនេះជាសុបិន្តរបស់ខ្ញុំមួយដែលក្លាយជាការពិត។ ការចង់រៀបចំការប្រកួតក្បាច់គុនចម្រុះនេះ ខ្ញុំមាន(បំណង)ប្រហែលជា ៤-៥ ឆ្នាំហើយ ពេលខ្ញុំនៅកងទ័ពជើងគោក។ នៅក្រៅប្រទេស ខ្ញុំឧស្សាហ៍ឃើញ Mixed Martial Arts យកក្បាច់ចំបាប់ ក្បាច់ផ្សេង ការ៉ាត់តេ តៃក្វាន់ដូ វាយជាមួយគ្នា។ អញ្ចឹងខ្ញុំចង់រៀបចំ។ កាលនោះ ខ្ញុំជជែកជាមួយនឹង PNN ប៉ុន្តែមិនបានរៀបចំ។ ថ្ងៃនេះ យើងរៀបចំចេញ។ ឃើញមានចំបាប់ មានក្បាច់គុនវាយជាមួយគុនខ្មែរ ប្រកួតប្រជែង ដកបទពិសោធន៍។ កិច្ចការគោលដៅធំបំផុត គឺយើងចង់បង្ហាញអំពីភាពសម្បូរបែបរបស់ក្បាច់គុន។
(៤) សិល្បៈ វប្បធម៌ ក្បាច់គុន នៅជាធ្លុងមួយជាមួយគ្នា
ពេលបិទចុងក្រោយអម្បាញ់មិញនេះ ខ្ញុំរំភើបចង់ស្រក់ទឹកភ្នែក ព្រោះឃើញក្បាច់គុនយើង និយាយរួម សង្ខេបខ្លីតែម្ដងនៅក្នុងការសំដែងប្រហែលមិនដល់ ១០នាទីទេ មានទម្រង់ផ្សេងៗ និងសិល្បៈ។ យើងមានល្ខោនខោល មានរបាំអប្សរា ផ្គុំជាមួយនឹងក្បាច់គុន។ ទាំងនេះសុទ្ធតែជាអ្វីដែលដូនតារៀបចំឱ្យទាំងអស់។ អត់មានត្រូវការបំបែកគ្នា សិល្បៈ វប្បធម៌ ក្បាច់គុនទេ គឺគ្រប់ប្រភេទនៃទម្រង់សិល្បៈ ប្រភេទនៃទម្រង់ក្បាច់គុន នៅជាធ្លុងមួយ ជាមួយគ្នា។ អ្នកហាត់ក្បាច់គុន ព្រឹទ្ធាចារ្យក្បាច់គុនគ្រប់ជំនាន់ ចូលជាមួយគ្នានៅថ្ងៃនេះ … នៅក្រោមទង់ជាតិប្រាសាទអង្គរវត្ត។ នេះជាស្មារតីចង់បង្ហាញភាពសម្បូរបែបនៃក្បាច់គុន វប្បធម៌បុរាណដូនតា …។
(៥) ច្នៃប្រឌិតដើម្បីអភិវឌ្ឍនិងអភិរក្ស ដោយផ្អែកលើអត្តសញ្ញាណ
ខ្ញុំសួរឯកឧត្តម ថោង ខុន ថា អ្នកណារៀបចំគំនិតច្នៃប្រឌិតហ្នឹង? គាត់ថា ក្រសួងវប្បធម៌ ជាមួយនឹងសហព័ន្ធ។ នេះគឺជាការច្នៃប្រឌិត ប៉ុន្តែច្នៃប្រឌិតផ្អែកទៅលើអត្តសញ្ញាណខ្មែរ។ នេះហើយដែលយើងធ្វើការអភិវឌ្ឍនិងអភិរក្សជាមួយគ្នា។ ថ្ងៃនេះ ឯកឧត្តម ថោង ខុន, ឯកឧត្តម វ៉ាត់ ចំរើន បានយកទៅឆ្លងមតិខ្ញុំ សូម្បីតែឯកសណ្ឋាន។ ខ្ញុំថា យើងដាក់អ្នកប្រកួត អាជ្ញាកណ្ដាលប្រកួត ឱ្យប្លែកបន្តិចទៅចុះ។ យើងច្នៃ។ ប៉ុន្តែច្នៃនៅក្នុងក្របខណ្ឌជាសំលៀកបំពាក់ខ្មែរ មានហូលមានអី។ ខ្ញុំសូមសរសើរដល់ការផ្សព្វផ្សាយ ការថែរក្សា ការអភិរក្ស តាមរយៈរបាំចេញចុងក្រោយនេះ រួមទាំងអ្នកបញ្ចូលសម្លេងអម្បាញ់មិញ។ ប៉ុន្តែអ្នកបកប្រែបកអត់ចេញ។
(៦) បង្ហាញក្បាច់គុនដូនតានៅលើឆាកអន្តរជាតិ
តាមពិតអ្នកបកប្រែត្រូវគ្រហឹមចុងក្រោយដែរ។ បញ្ចូលអារម្មណ៍ជាមួយនឹងឧបករណ៍របស់យើង។ ក៏សូមអរគុណ បងប្អូនខាងសំដែង ទាំងព្រះបាទជ័យវរ្ម័ន ទាំងក្បាច់គុនផ្សេងៗ ទាំងទម្រង់របស់យើង។ នេះគឺជាការចូលរួមជាមួយគ្នា។ ថ្ងៃនេះល្បុក្តតោមានវត្តមាននៅទីក្រុងហៃណាន កំពុងចូលរួមបង្ហាញក្បាច់គុនខ្មែរកម្មវិធីពិព័រណ៌ក្បាច់គុននៅចិន ដែលមាន៥៦ប្រទេសចូលរួម។ ឯកឧត្តម ហួត ហាក់ នៅទីនោះ។ យើងមិនត្រឹមតែបង្ហាញក្បាច់គុនដូនតាយើងនៅក្នុងប្រទេសទេ ថែមទាំងនៅក្នុងឆាកអន្តរជាតិទៀត។ នេះគឺជាការផ្សាព្វផ្សាយដ៏សំខាន់របស់យើង។ នេះគឺជាអ្វីដែលសំខាន់។
(៧) ការអភិរក្សនិងអភិវឌ្ឍក្បាច់គុនចម្រុះខ្មែរ គប្បីផ្តោតលើការស្រាវជ្រាវចងក្រង ការផ្សព្វផ្សាយ និងការអនុវត្ត
ការអភិរក្សការអភិវឌ្ឍផ្អែកទៅលើការងារ៣។ ទីមួយ៖ គឺការស្រាវជ្រាវចងក្រង ការប្រមូលផ្ដុំមកនេះគឺបំផុស។ ខ្ញុំសង្ឃឹមថាឆ្នាំក្រោយៗទៀត នឹងមានក្បាច់គុនជាច្រើនប្រភេទទៀត។ ទោះបីជាក្បាច់គុនមួយចំនួនយើងអត់ដែលស្គាល់ ក៏ត្រូវតែយកចេញមកវិញ ចូលរួមដើម្បីយើងបានស្គាល់។ ព្រឹទ្ធាចារ្យនៅទីនេះប្រមូលចងក្រង។ សង្ឃឹមថានឹងចូលរួមដើម្បីចងក្រង។ ទន្ទឹមនឹងការបង្កើតគណៈកម្មការរៀបចំប្រកួតក្បាច់ចម្រុះនេះ ខ្ញុំបានសម្រេចបង្កើតជាមួយគ្នាគឺគណៈកម្មការចងក្រង “គម្ពីរអាថ៌កំបាំងយុទ្ធគុនខ្មែរបុរាណ” ដើម្បីប្រមូលចងក្រង យើងបន្តទៀត។
ទី២៖ ការផ្សព្វផ្សាយ គឺធ្វើការប្រកួតបែបនេះ។ ប្រកួតច្រើន។ ខ្ញុំឃើញកម្មវិធីប្រកួតថ្ងៃអាទិត្យគុណខ្មែរ។ យើងមានកម្មវិធីល្បុក្តតោ សម្ដែងផ្សេងៗ។ ឥឡូវយើងបង្កើតកម្មវិធីចម្រុះផ្សេងទៀត។ ក្បាច់គុនខ្លះអាចពិបាកអត់មានការរៀបចំច្រើន ដូចចំបាប់អី យើងរៀបចំនៅក្នុងជួរព្រឹទ្ធាចារ្យក្បាច់គុន រៀបចំនៅតាមវត្តប្រចាំឆ្នាំ។ អញ្ចឹងយើងសង្ឃឹមថា ព្រឹត្តិការណ៍ប្រចាំឆ្នាំមានចំបាច់ខ្មែរចូលរួមច្រើនដើម្បីបង្ហាញថ្នាក់ជាតិ។ នេះជាអ្វីដែលយើងចង់បាន។ សង្ឃឹមថាចូលបានច្រើន។ សម័យសកលភាវូបនីយកម្មងាយស្រួលណាស់ក្នុងការចម្លង ដែលយើងទទួលវប្បធម៌ឥទ្ធិពលពីហូលីវូដ ប៉ុន្តែយើងក៏មានវប្បធម៌និងអរិយធម៌របស់យើង។ យើងមិនហាមការកែច្នៃប្រឌិតទេ ប៉ុន្តែយើងក៏ត្រូវយកឱកាសនេះចងក្រងផ្សព្វផ្សាយអត្តសញ្ញាណជាតិរបស់ក្បាច់គុនយើង។
លោកគ្រូមកពីអាមេរិក លោកគ្រូរី បើកក្លឹបនៅអាមេរិកហាត់ក្បាច់គុនល្បុក្តតោយើងនៅក្រៅប្រទេស។ សូមជំរុញហ្វឹកហ្វឺនតទៅទៀត។ ខ្ញុំចង់ឱ្យយើងមានក្លឹប។ ថ្ងៃមុន បានពិភាក្សាគ្នាចង់បង្កើតក្លឹបមួយនៅប្រទេសខ្មែរ ដែលបរទេសមកហាត់នៅទីនេះក៏បានច្រើន។ យើងមានដែរ។ Erick អី។ ឥឡូវ(មានសញ្ជាតិ)ខ្មែរហើយ។ កាលពីមុនបារាំង ឥឡូវបារាំងផងខ្មែរផង ផ្សព្វផ្សាយតទៅទៀត។ យើងត្រូវជំរុញផ្សព្វផ្សាយបន្តវប្បធម៌អរិយធម៌ ចាប់ផ្ដើមពីខ្មែរយើងមុនគេ។ ផ្សព្វផ្សាយក្នុងទូទាំងប្រទេសរបស់យើង។
ទី៣៖ ការដាក់ឱ្យអនុវត្ត ដែលយើងបង្កើតនិងរុញទៅតាមកងទ័ព កងយោធពលខេមរភូមិន្ទ ប៉ូលីស ក្លឹប សាលារៀន។ សង្ឃឹមថានឹងជំរុញការប្រើប្រាស់ ដាក់ឱ្យហាត់ក្បាច់គុនខ្មែរ ឱ្យបានច្រើនតទៅទៀត។ ឯកឧត្តម ហង់ជួន ណារ៉ុន សាកលវិទ្យាល័យមានក្លឹបហាត់ក្បាច់គុនខ្មែរថែមទៀត ដើម្បីប្រើប្រាស់និងផ្សព្វផ្សាយឱ្យបានច្រើន។
(៨) មិនហាមឃាត់ការហ្វឹកហ្វឺនក្បាច់គុនបរទេស តែក៏បន្តជំរុញការហ្វឹកហាត់ក្បាច់គុណខ្មែរឱ្យបានច្រើន
ខ្ញុំមិនហាមឃាត់អ្នកហាត់ក្បាច់គុនការ៉ាត់តេ តៃក្វាន់ដូទេ។ ខ្ញុំពីមុនក៏ធ្លាប់ហាត់ការ៉ាតេ តៃក្វាន់ដូ ដែរ។ ប៉ុន្តែឥឡូវលោតលែងរួចហើយ។ ឥឡូវជួយរៀបចំដាក់ឱ្យប្រើប្រាស់បានច្រើន ជំរុញឱ្យបានច្រើន។ នេះគឺអ្វីដែលយើងចាប់អារម្មណ៍។ ជំរុញកងទ័ព។ ថ្ងៃមុន នៅខួបកងទ័ព ខ្ញុំបានដាក់បទបញ្ជា និងឱ្យគោលការណ៍។ ឯកឧត្តម ទៀ សីហា នៅទីនេះ ដើម្បីជំរុញការអនុវត្តការហ្វឹកហ្វឺននៅកន្លែងនេះ។ យើងមិនហាមឃាត់មិនឱ្យហ្វឹកហ្វឺនក្បាច់គុនរបស់ប្រទេសណាទេ។ ជាការអភិវឌ្ឍ។ ប៉ុន្តែក្បាច់គុណខ្មែរយើង ក៏ត្រូវបន្តដើម្បីជំរុញឱ្យបានច្រើន។ បងប្អូនទាំងអស់នៅទីនេះ គឺជាអ្នកតួអង្គផ្ទាល់ក្នុងការអភិវឌ្ឍនិងអភិរក្សក្បាច់គុនបុរាណខ្មែរ។ សុំបន្តតទៅទៀត។ ខ្ញុំមិនមានអីច្រើនទេ។ សុំអរគុណ។
(៩) កសាងនិងអភិវឌ្ឍជាតិខ្មែរឱ្យកាន់តែរុងរឿង អភិរក្ស និងអភិវឌ្ឍវប្បធម៌សិល្បៈ ក្បាច់គុណរបស់ខ្មែរ ដល់ម៉ោងដែលត្រូវប្រកាសរង្វាន់។ អ្នកដែលមិនទាន់បានមេដាយឆ្នាំនេះ និងអ្នកបានមេដាយឆ្នាំនេះ គឺសូមអបអរទាំងអស់គ្នា។ អបអរទាំងគណៈកម្មការ គ្រូ និងអ្នកគាំទ្រទាំងអស់ អ្នកសេវាខាងអាហារ។ សូមអរគុណទាំងអស់គ្នា ជោគជ័យទាំងអស់គ្នា។ សូមជូនពរ ប្រសិទ្ធពរជូនឯកឧត្តម លោកជំទាវ គណៈធិបតី ជូនចំពោះព្រឹទ្ធាចារ្យក្បាច់គុន បងប្អូនទាំងអស់នៅទីនេះ ទាំងកីឡាករ គណៈកម្មការ អាជ្ញាកណ្ដាល បងប្អូនប្រជាពលរដ្ឋយើងនៅទូទាំងប្រទេសដែលកំពុងតែតាមដានកម្មវិធីនេះ Live។ អរគុណឯកឧត្តម នេត ភក្ត្រា និងទទក ដែលបានផ្សព្វផ្សាយ live ប៉ុន្មានថ្ងៃនេះ។ សូមជូនពរទាំងអស់គ្នាឱ្យទទួលបានសុខភាពល្អ ជោគជ័យនៅក្នុងគ្រប់ភារកិច្ចរបស់ខ្លួន និងរួមគ្នាដើម្បី កសាងអភិវឌ្ឍជាតិខ្មែរឱ្យកាន់តែរុងរឿង រួមគ្នាការពារថែរក្សាអភិរក្ស និងអភិវឌ្ឍវប្បធម៌សីល្បៈ ក្បាច់គុណរបស់ខ្មែរយើងបន្តទៅទៀតសូមអរគុណ។