- ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា, សមាជិក សមាជិការដ្ឋសភា និង រាជរដ្ឋាភិបាល
- ឯកឧត្តម ដូមីនីក វិលលៀមស៍ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា
- គណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ, បុគ្គលិកសិក្សា និស្សិតទាំងអស់នៃសាកលវិទ្យាល័យ De Montfort cambodia អង្គពិធីទាំងមូលជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួម ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា (De Montfort University Cambodia) ។ នេះ គឺជាសាកលវិទ្យាល័យ ទីមួយ ដែលមានស្តង់ដារប្រទេសអង់គ្លេស ដែលបានបង្ហាញវត្តមានជារូបវន្ត នៅក្នុងព្រះរាជាណា-ចក្រកម្ពុជា និង ជាសាខា របស់សាកលវិទ្យាល័យ De Montfort ដំបូង នៅតំបន់។
ខ្ញុំពិតជាមានមោទនភាពក្រៃលែង ដែលសាកលវិទ្យាល័យ De Montfort បានសម្រេចជ្រើសរើស យកប្រទេសកម្ពុជា ជាទីតាំងវិនិយោគរយៈពេលវែង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ក្នុងនាមរាជរដ្ឋាភិបាល និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់, ខ្ញុំសូមសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និង កីឡា, ស្ថានទូតចក្រភព អង់គ្លេស ក្រោមការដឹកនាំរបស់ឯកឧត្តមឯកអគ្គរាជទូត Dominic Williams ក៏ដូចជា គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ ដែលបានខិតខំធ្វើការងារយ៉ាងច្រើន ទម្រំាឈានដល់ការសម្ពោធជាផ្លូវការនៅថ្ងៃនេះ បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពពី សម្តេចអគ្គមហាសេនាបតី- តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងការនាំមកនូវការអប់រំកម្រិតឧត្តមសិក្សា ដែលមានស្តង់ដារខ្ពស់មកកាន់ប្រទេសកម្ពុជា ។
ក្នុងនាមជាអតីតនិស្សិត ដែលបានសិក្សានៅចក្រភពអង់គ្លេស, ពេលវេលារបស់ខ្ញុំនៅប្រទេសអង់គ្លេស គឺជាអនុស្សាវរីយ៍មួយដ៏ល្អ និង ពេញចិត្តបំផុតមួយ នៅក្នុងបទពិសោធសិក្សារៀនសូត្ររបស់ខ្ញុំ ។ ដូច្នេះ, ខ្ញុំពិតជាមានសេចក្តីរំភើបជាពិសេស ចំពោះវត្តមាននៃសាកលវិទ្យាល័យ De Montfort នៅកម្ពុជា។ ខ្ញុំអាចមើលឃើញនូវអត្ថន័យ ៤ យ៉ាង, ពីការចាប់បដិសន្ធិនៃសាកលវិទ្យាល័យរបស់អង់គ្លេសនៅកម្ពុជា ។
ទី១- វត្តមាននេះ បង្ហាញពីការទទួលស្គាល់គុណភាពអប់រំរបស់ ព្រះរាជាណាចក្រកម្ពុជា និង សមត្ថភាព របស់និស្សិតខ្មែរថា អាចចូលរៀនបាន, ទទួលយកការអប់រំកម្រិតខ្ពស់ និង មានសមត្ថភាពប្រកួតប្រជែង ក្នុងបរិការណ៍នៃស្តង់ដារអប់រំកម្រិតអន្តរជាតិ ។ សាកលវិទ្យាល័យ De Montfort បានសម្រេចជ្រើសរើស ប្រទេសកម្ពុជា ជាគោលដៅសម្រាប់បើកសាខារបស់ខ្លួន ដោយសារតែសាកលវិទ្យាល័យនេះ បានទទួលស្គាល់ថា ប្រទេសកម្ពុជាផ្តល់តម្លៃលើវិស័យអប់រំ តាំងពីកម្រិតមូលដ្ឋាន រហូតដល់កម្រិតឧត្តមសិក្សា ។ សាកលវិទ្យាល័យ De Montfort បានមើលឃើញថា ការអប់រំកំពុងតែមានឥទ្ធិពលលើការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ខណៈដែលរាជរដ្ឋាភិបាល នៅតែបន្តឥតឈប់ឈរ ក្នុងការពង្រឹងគុណភាព និង បង្កើនសក្តានុពលរបស់វិស័យអប់រំ ព្រមទាំងលើកកម្ពស់អន្តរជាតិនីយកម្ម ។ សាកលវិទ្យាល័យនេះ ក៏បានសម្លឹងឃើញថា ប្រទេសកម្ពុជាពោរពេញទៅដោយ យុវជន ដែលប្រកបដោយភាពស្វាហាប់ ព្រមទាំងមានភាព- បុរេសកម្ម នៅក្នុងការចូលរួមចំណែកអភិវឌ្ឍខ្លួន ក៏ដូចជា អភិវឌ្ឍសហគមន៍ដែលពួកគេរស់នៅ ព្រមទាំងសង្គមជាតិទាំងមូល ។
ទី២- នេះ គឺជាការទទួលស្គាល់ស្ថិរភាពនយោបាយ, ការរីកចម្រើនសេដ្ឋកិច្ច និង សក្តានុពលកំណើនតទៅអនាគតរបស់កម្ពុជា, ជាពិសេស គឺការវាយតម្លៃទៅលើអំណាចចាយវាយ (consumption power) របស់ទីផ្សារកម្ពុជា ដែលមានបរិមាណកាន់តែរីកធំធាត់ឡើង ស្របតាមការអភិវឌ្ឍជឿនលឿននៃសេដ្ឋកិច្ចកម្ពុជា ។ ពិតណាស់ថា ការវិនិយោគលើសាកលវិទ្យាល័យ ត្រូវការទុនច្រើន, ជាពិសេស លើការបំពាក់ហេដ្ឋារចនាសម្ព័ន្ធទន់ និង រឹង, ដូច្នេះ ការសម្រេចចិត្តវិនិយោគ គឺពិតជាត្រូវការការវាយតម្លៃដោយប្រាកដប្រជា និង ប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់បំផុត។ ការបើកសាកលវិទ្យាល័យបាន គឺជារឿងអស្ចារ្យម្យ៉ាង, ប៉ុន្តែ ការពិនិត្យលើលទ្ធភាពនៃការបន្តឈរជើងឱ្យបានយូរអង្វែង និង ធានានិរន្តរភាពគ្រប់គ្រង គឺជាបញ្ហាដែលសាកលវិទ្យាល័យនីមួយៗ ត្រូវពិចារណាដោយប្រយ័ត្នប្រយែង, ទម្រាំគេសុខចិត្តមកបង្កើតសាខា ដែលមានសំណង់អគារជារូបវន្តនៅក្រៅប្រទេស ។ ដូច្នេះ, ខ្ញុំគិតថា ការសម្រេចចិត្តរបស់សាកលវិទ្យាល័យ ដោយជ្រើសរើសយកប្រទេសកម្ពុជា ជាទីតាំងបង្កើតសាខាទីមួយរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ គឺជាសក្ខីភាពបញ្ជាក់ពីទំនុកចិត្តដ៏រឹងមាំចំពោះបរិយាកាសវិនិយោគ និង អំណាចទីផ្សាររបស់ប្រទេសកម្ពុជា ។
ទី៣- វត្តមានរបស់សាកលវិទ្យាល័យ De Montfort នឹងក្លាយជាកាតាលីករជំរុញការប្រកួតប្រជែងគុណភាពអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា និង ជាការបង្កើនជម្រើសកាន់តែសំបូរបែប ដល់ទីផ្សារអប់រំ និង និស្សិតកម្ពុជា ។ វត្តមាននៃសាកលវិទ្យាល័យ De Montfort គឺជា ការផ្តល់តម្លៃបន្ថែមដល់គ្រឹះស្ថាន-អប់រំឧត្តមសិក្សា ដោយហេតុថា សាកលវិទ្យាល័យនេះ ត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌលជាសកលមួយរបស់អង្គការសហប្រជាជាតិ, ជាដៃគូសហការជាមួយនឹងមជ្ឈមណ្ឌលអប់រំនានារបស់អង្គការសហប្រជាជាតិ និង ដៃគូផ្សេងទៀត ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការស្រាវជ្រាវ, ការងារសហគមន៍ និង ឧត្តមភាពសិក្សា ។
ទី៤- សាកលវិទ្យាល័យ De Montfort អាចជួយកម្ពុជា ក្នុងការការពាររំហូរចេញនៃធនធាន ខួរក្បាល (brain drain) តាមរយៈ ការផ្តល់នូវការអប់រំ និង ការបង្កើតការងារនៅនឹងកន្លែងពោល គឺនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង ។ ខ្ញុំជឿជាក់ថា នេះ គឺជាកាលានុវត្តភាពថ្មី សម្រាប់និស្សិតយើង ក្នុងការទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស នៅក្នុងប្រទេសកំណើតរបស់ខ្លួន ។ ខ្ញុំដឹងថា សាកលវិទ្យាល័យ De Montfort ក៏នឹងផ្តល់ ឱកាសដល់និស្សិតខ្មែរ ដែលមានបំណងចង់ទទួលបានបទពិសោធសិក្សាថ្នាក់ឧត្តមសិក្សា ទាំងរយៈពេលខ្លី និង វែង នៅចក្រភពអង់គ្លេស ឬ នៅប្រទេសផ្សេងទៀត, ប៉ុន្តែ យ៉ាងណាក្តី តាមរយៈការផ្សារភ្ជាប់វត្តមានផ្ទាល់ នៅលើទឹកដីរបស់កម្ពុជា សាកលវិទ្យាល័យនេះ ក៏នឹងរួមចំណែកបណ្តុះវប្បធម៌ និង ការយល់ដឹងពីបរិការណ៍អន្តរជាតិ ទន្ទឹមគ្នានឹងបរិការណ៍ដោយឡែកនៃគុណតម្លៃ និង ការវិវឌ្ឍនៃសង្គមកម្ពុជាផងដែរ ។ នេះ គឺជាការរួមចំណែកដល់ការរក្សាទំនាក់ទំនង ជាមួយនឹងប្រទេសកំណើតរបស់ខ្លួន ទាំងនៅក្នុងអំឡុងពេលសិក្សា និង ក្រោយពេលបញ្ចប់ការសិក្សា ។
ឯកឧត្តម លោកជំទាវ, លោក លោកស្រី, ក្មួយៗនិសិ្សត និង អង្គពិធីទាំងមូល ជាទីមេត្រី!
រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះកត្តា «មនុស្ស» នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ។ យើងមិនអាចក្លាយជាប្រទេសអ្នកមានបានទេ ប្រសិនបើធនធានមនុស្សរបស់យើង ពុំមានចំណេះដឹង និង សមត្ថភាព ជំនាញ, ពុំអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ, ពុំមានសុខភាពល្អគ្រប់គ្រាន់ និង ពុំមានសមត្ថភាពចូលរួមកសាងមូលដ្ឋាននៃសង្គម សេដ្ឋកិច្ច និង ឧស្សាហកម្ម ដែលផ្អែកលើចំណេះដឹង ។ ដូច្នេះហើយ, នេះមិនមែនជាការចៃដន្យនោះទេ ដែល យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ បានកំណត់យកអាទិភាព គន្លឹះ ៥ គឺ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង, បច្ចេកវិទ្យា» ពោល គឺយកកត្តា «មនុស្ស» ជាអាទិភាពខ្ពស់បំផុត ។
«មនុស្ស» គឺជាកត្តាស្នូលនៃគោលនយោបាយរបស់យើង, ដូច្នេះហើយការអប់រំ និង ការបណ្តុះ-បណ្តាលមូលធនមនុស្ស គឺជាយុទ្ធសាស្ត្រវិនិយោគវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតមូលដ្ឋាន សង្គម-សេដ្ឋកិច្ច និង ឧស្សាហកម្ម ដែលផ្តោតលើជំនាញ និង ចំណេះដឹង, និង ដើម្បីធានាថា កម្ពុជានឹងមិនធ្លាក់ចូលក្នុងអន្ទាក់នៃប្រទេសចំណូលមធ្យម នៅក្នុងដំណើរការដ៏វែងឆ្ងាយរបស់យើង ឈានឆ្ពោះទៅឋានៈជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។
ដើម្បីឈានទៅដល់គោលដៅនេះ, ស្ថាប័នឧត្តមសិក្សា គឺជាដៃគូដ៏សំខាន់មិនអាចខ្វះបាន របស់រាជរដ្ឋាភិបាល បើនិយាយជារួម; ហើយស្ថាប័នឧត្តមសិក្សារបស់អង់គ្លេស ក៏មានតម្លៃបន្ថែមជាពិសេសរបស់ខ្លួន ទាក់ទងនឹងការចូលរួមចែករំលែកបទពិសោធរបស់អង់គ្លេស នៅក្នុងការកសាងសង្គម-សេដ្ឋកិច្ច និង ឧស្សាហកម្មជឿនលឿន ដែលផ្អែកលើចំណេះដឹង និង ជំនាញ បើនិយាយដោយឡែក ។
ការវិនិយោគរបស់សាកលវិទ្យាល័យ De Montfort គឺជាការផ្តល់ ផលប្រយោជន៍ទៅវិញទៅមក ដែលមានលក្ខណៈយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និង ចក្រភពអង់គ្លេស ។ ខ្ញុំចង់លើកទឹកចិត្តឱ្យសាកលវិទ្យាល័យ De Montfort សហការឱ្យបានជិតស្និទ្ធជាមួយនឹងបណ្តាញធុរកិច្ចរបស់ចក្រភព-អង់គ្លេស ដើម្បីជំរុញការផ្សារភ្ជាប់ការអប់រំ ជាមួយនឹងទីផ្សារការងារ ។ ខ្ញុំក៏លើកទឹកចិត្តឱ្យសាកលវិទ្យា-ល័យសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានការគាំទ្រផ្សេងៗ ទាក់ទងនឹងការ- បណ្តុះសហគ្រិនភាព ដើម្បីចូលរួមបង្កើតការងារជាក់ស្តែងនៅកម្ពុជា ជាមួយនឹងគំនិតនវានុវត្តន៍ ដែលនិស្សិតរបស់យើង នឹងទទួលបានពីឧត្តមភាពនៃការសិក្សាពីសាកលវិទ្យាល័យ De Montfort ។ នៅថ្ងៃអនាគត, ខ្ញុំចង់ឃើញសាកលវិទ្យាល័យ De Montfort ក្លាយជាទីប្រមូលផ្តុំ (hub) និង ជាដែកឆក់ (magnet) នៃការវិនិយោគមកពីចក្រភពអង់គ្លេស ដែលជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងធនធានមនុស្ស និង អនាគតអ្នកដឹកនាំ ដែលសាកលវិទ្យាល័យបានខិតខំបណ្តុះបណ្តាល ជាមួយនឹងតួអង្គទីផ្សារ វិនិយោគិន និង ឧស្សាហកម្មអនាគតរបស់ចក្រភពអង់គ្លេស ។
ឯកឧត្តម លោកជំទាវ, លោក លោកស្រី, ក្មួយៗនិសិ្សត និង អង្គពិធីជាទីមេត្រី!
ព្រះរាជាណាចក្រកម្ពុជា និង ចក្រភពអង់គ្លេស មានទំនាក់ទំនងជាប្រពៃណីយូរអង្វែងផូរផង់ ជាមួយនឹងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និង ផ្តល់ផលប្រយោជន៍ទៅវិញទៅមក ទាំងនៅក្នុងកម្រិតទ្វេភាគី កម្រិតតំបន់ និង អន្តរជាតិ ។ ការបើកសាខាសាកល វិទ្យាល័យ De Montfort នៅកម្ពុជា គឺជាការចូលរួមចំណែកប្រកបដោយអត្ថន័យខ្លឹមសារ ដល់ការលើកស្ទួយទំនាក់ទំនងនេះ ឱ្យកាន់តែខ្ពស់ថែមមួយកម្រិតទៀត ។ ខ្ញុំទន្ទឹងរង់ចាំ ដោយសេចក្តីសោមនស្ស ចំពោះការរីកចម្រើន និង ការអភិវឌ្ឍរបស់សាកលវិទ្យាល័យ De Montfort នៅកម្ពុជា ជាមួយនឹងផ្លែផ្កានៃការអភិវឌ្ឍរបស់សាកលវិទ្យាល័យ តាមរយៈ ធនធានមនុស្សប្រកបដោយសមត្ថភាព, ទាំងចំណេះដឹងជំនាញ គុណធម៌ សីលធម៌ និង មនសិការ សេ្នហាជាតិ ជួយចូលរួមអភិវឌ្ឍសង្គមជាតិខ្មែរ ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា ក្រោមម្លប់ដ៏សែនត្រជាក់នៃសន្តិភាព ។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី ថ្នាក់ដឹកនាំនៃសាកល វិទ្យាល័យ, គណៈគ្រប់គ្រង, បុគ្គលិកសិក្សា, សាស្ត្រាចារ្យ និង និស្សិត, សូមមានសុខភាពល្អបរិបូណ៌ ជោគជ័យក្នុងគ្រប់ការងាររៀងៗខ្លួន និង បានប្រកបដោយពុទ្ធពរ និង ពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត ។
សូមអរគុណ!