ឯកឧត្ដម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល
ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងស្ថានទូត អង្គទូតនានាប្រចាំកម្ពុជា
លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា
លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍលំនៅដ្ឋានកម្ពុជា
លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី អង្គពិធីទាំងមូលជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយដែលបានចូលរួមពិធីសំណេះសំណាល និងពិធីពិសាភោជនាអាហារសាមគ្គីនៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍលំនៅដ្ឋាននៅកម្ពុជា។ ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមអរគុណដល់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សានៃសមាគមទាំងពីរ ដែលបានសហការរៀបចំពិធីនេះឡើងដើម្បីលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ សហការធុរកិច្ច មិត្តភាព និងសាមគ្គីភាព នៃសមាជិកក៏ដូចជាសមាគមទាំងពីរ។
ផ្អែកតាមរបាយការណ៍របស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា សមាជិកសមាគមឧកញ៉ាកម្ពុជាបច្ចុប្បន្នមាន ៤១០រូប ដែលត្រូវបានដឹកនាំដោយក្រុមប្រឹក្សា ដែលមានអាណត្តិ ៥ឆ្នាំ ជាមួយគណៈកម្មការជំនាញ៤ នៃអគ្គលេខាធិការដ្ឋាន និងជាសេនាធិការរបស់សមាគមទទួលបន្ទុកការងារប្រចាំថ្ងៃ។
ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណយ៉ាងជា្រលជ្រៅចំពោះលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងគោរមវន្តទាំងអស់ ដែលគិតមកត្រឹមឆ្នាំ២០២៣ មានចំនួន ១ ៤៣២រូប ដែលជានិច្ចកាលតែងតែចូលរួមសកម្មភាពសង្គមនានា ដូចជា សកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ជាច្រើន នាពេលកន្លងមក ជាពិសេស ក្នុងអំឡុងពេលនៃការរីលរាលដាលនៃជំងឺកូវីដ-១៩។ ខ្ញុំបានកត់សម្គាល់ឃើញថា រាល់ការអំពាវនាវរបស់រាជរដ្ឋាភិបាល ជាពិសេស ពីសំណាក់សម្ដេចតេជោ អតីតនាយករដ្ឋមន្រ្តី ជារឿយៗ តែងតែមានការគាំទ្រ ចូលរួមយ៉ាងសកម្មពីសំណាក់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ដែលបានបរិច្ចាគថិវកាជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ជារៀងរាល់ឆ្នាំ ចូលរួមបរិច្ចាគថវិកាសម្រាប់សមាគមបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងចូលរួមបរិច្ចាគថវិកាជូនសមាគមយុវជនគ្រូពេទ្យស្ម័គ្រចិត្តតេជោ TYDA ចូលរួមកសាងអគារសិក្សានៅពុទ្ធិកវិទ្យាល័យព្រះសីហមុនីរាជា ជួសជុលមហាកុដិសម្ដេចព្រះសង្ឃរាជ ជួន ណាត កសាងសារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម រាជបូណ៌ ជាដើម។ ហើយក្រៅពីនោះ ក្នុងនាមជាឯកជនផ្ទាល់ ក៏សមាជិកនៃសមាគមឧកញ៉ាកម្ពុជាក៏បានចូលរួមច្រើនក្នុងការជួយដល់កិច្ចការសង្គម។
ភារកិច្ចស្នូលរបស់ឧកញ៉ា គឺការចូលរួមក្នុងការងារសង្គម តាមរយៈការបង្កើននូវកម្មវិធីសកម្មភាពសេដ្ឋកិច្ច ដែលជាកត្តាសំខាន់សម្រាប់ប្រជាពលរដ្ឋយើង តាមរយៈការបង្កើតការងារ ការបង្កើតនូវឱកាសផ្សេងៗសម្រាប់ប្រជាពលរដ្ឋយើងមានឱកាសច្បាមយកនូវសេដ្ឋកិច្ច បង្កើននូវជីវភាពរស់នៅរបស់ខ្លួន។ ហេតុនេះហើយបានជារាជរដ្ឋាភិបាលយកចិត្តទុកដាក់ទៅលើវិស័យឯកជន ដែលជាកិច្ចការសំខាន់ ដែលក្នុងនោះ សមាគមឧកញ៉ា និងសមាជិកទាំងអស់នៃសមាគមឧកញ៉ា ក៏ដូចជាអ្នកវិនិយោគធុរកិច្ចកម្ពុជា បានដើរតួនាទីសំខាន់ណាស់ក្នុងការជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាព និងនិរន្តរភាព ទាំងក្នុងដំណាក់កាលល្អ និងដំណាក់កាលលំបាក។ កាលពីវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នៅថ្ងៃទី១៣ ខែ១១ ឆ្នាំ២០២៣ កន្លងទៅនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍មួយចំនួន ដើម្បីជួយអន្តរាគមន៍ ជួយជំរុញនូវវិស័យឯកជនរបស់យើង។ ក្នុងនោះ វិធានការគោលនយោបាយរូបិយបណ្ណ ដែលយើងបានដាក់ចេញនូវគោលការណ៍មួយចំនួន ឧទាហរណ៍ អនុញ្ញាតឲ្យធនាគារបន្តអនុវត្តអត្រាបម្រុងកាតព្វកិច្ចរូបិយបណ្ណត្រឹម ៧% ដែលយើងបន្សល់ថវិកាប្រហែលជាខ្ទង់ ១៥០០លាន ដើម្បីបង្វិលក្នុងសេដ្ឋកិច្ច ដែលអាចជួយក្នុងការជំរុញសេដ្ឋកិច្ចក្នុងដំណាក់កាលលំបាក ការដាក់ចេញនូវថវិកាមួយចំនួន ដូចជា កម្មវិធីអន្តរាគមន៍ទៅដល់វិស័យទេសចរណ៍នៅខេត្តសៀមរាប ថវិកា ៥០លាន តាមធនាគារ SMEs និងគោលការណ៍មួយចំនួន […]
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]
(១) វិធានការគោលនយោបាយរូបិយបណ្ណជួយសម្រួលដំណើរការវិស័យឯកជនក្នុងគ្រាលំបាក
(វិធានការគោលនយោបាយរូបិយបណ្ណ) បានជួយសម្រួលទៅដល់ដំណើរការនៃការអនុវត្តនៃវិស័យឯកជននៅក្នុងគ្រាលំបាក។ ក្នុងនោះមានគោលការណ៍លើកទឹកចិត្តលើពន្ធអាករផ្តល់ជូនទៅលើវិស័យផ្សេងៗ។ នេះជាគោលនយោបាយដែលរាជរដ្ឋាភិបាលជួយប្រជាជនតាមរយៈវិស័យឯកជន ដែលខ្ញុំបានលើកខាងដើម គឺថាវិស័យឯកជនដើរតួនាទីសំខាន់នៅក្នុងការជួយរាជរដ្ឋាភិបាលសម្រេចភារកិច្ចបង្កើតការងារ ជំរុញកំណើនសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពក្រីក្រ។ ដោយឡែក នៅក្នុងដំណាក់កាលលំបាកជួយឧបត្ថម្ភគាំទ្រដល់គ្រប់វិស័យ រួមទាំងមនុស្សធម៌ និងការងារកសាងសមិទ្ធផលសង្គមផ្សេងៗ ដែលសមាជិកសមាគមឧកញ៉ាជាច្រើនបានចូលរួម។ កន្លងទៅ ក៏មានការលើកទឹកចិត្តតាមពន្ធអាករតាមវិស័យ។ ក្រៅពីវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន យើងក៏បានជួបជាប្រចាំជាមួយវិស័យឯកជនដាច់ដោយឡែក ជាជំហានៗ។ កន្លងទៅបានជួបជាមួយវិស័យទេសចរណ៍។ យើងបានដាក់ចេញនូវគោលការណ៍មួយចំនួន ដែលនឹងជួយពង្រឹងវិស័យឯកជន។
(២) រៀបចំយន្តការអាណតិ្តថ្មីដើម្បីឲ្យភាពជាដៃគូរវាងរដ្ឋនិងឯកជនជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវរួមគ្នា
ខ្ញុំឧស្សាហ៍និយាយពីដើមទី ហើយ បើចង់ដាក់គោលការណ៍ឲ្យចំនូវអ្វីដែលជាតម្រូវការវិស័យឯកជន ទាល់តែសួរវិស័យឯកជនតែម្តង។ បើចង់សួរវិស័យកសិកម្ម ទាល់តែជួបជាមួយអ្នកនៅក្នុងវិស័យកសិកម្ម ថាតើអ្វីខ្លះដែលជាគន្លឹះ? ចង់ជួបវិស័យទេសចរណ៍ ត្រូវជួបតែម្តង។ ហេតុនេះ យើងបានដាក់ចេញកិច្ចការសំខាន់ៗ ក្នុងការរៀបចំយន្តការជាច្រើនក្នុងអាណតិ្តថ្មីនេះ ដើម្បីឲ្យភាពជាដៃគូរវាងរដ្ឋនិងឯកជន អាចជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវរួមគ្នា តិចឬច្រើន ធ្វើឲ្យរាជរដ្ឋាភិបាលអាចឆ្លើយតបបានតាមលទ្ធភាពជាក់ស្តែង។ សំរាប់ការឧបត្ថម្ភពន្ធអាករ ការកាត់បន្ថយ(ការបន្ធូរ) រដ្ឋាភិបាលនៅប្រទេសនានាមានវិធីខុសៗ គ្នា។ ប្រទេសខ្លះយកពន្ធហើយ ទើបបានបញ្ចេញទៅវិញ ផ្តល់ទៅវិញជាការឧបត្ថម្ភធន។ នៅកម្ពុជា ភាគច្រើនគឺយើងមិនយក(ពន្ធតែម្តង)។ ឧទាហរណ៍ថា កាត់បន្ថយពន្ធ ឬទម្លាក់ត្រឹម ៥០% បានន័យថា ជាជាងយើងយក ១០០% មកហើយបានបញ្ចេញ ៥០% ទៅឲ្យវិញ គឺយើងទុក ៥០% ឲ្យនៅក្នុងទីផ្សារដើម្បីចល័តតែម្តង។
(៣) វិស័យឯកជនជាតួអង្គសំខាន់ក្នុងការនាំយកផលផ្ទាល់ទៅដល់ប្រជាជន
យើងបានធ្វើអន្តរាគមន៍លើវិស័យជាច្រើន ជាពិសេសវិស័យដែលមានសំពាធ ដូចជាវិស័យអចលនទ្រព្យ។ តិចឬែច្រើន យើងបានជួយ … ចង់ជួយប្រជាជន ត្រូវជួយ(ផ្តល់)មធ្យោបាយឲ្យប្រជាជន គឺជួយតាមរយៈវិស័យឯកជន ដែលជាតួអង្គសំខាន់នៅក្នុងការនាំយកផលផ្ទាល់ទៅដល់ប្រជាជន។ រាជរដ្ឋាភិបាលមិនអាចបង្កើតការងារជូនប្រជាពលរដ្ឋរាប់លាននាក់ទេ។ រាជរដ្ឋាភិបាលមានមន្ត្រីរាជការខ្ទង់សែននាក់ ប៉ុន្តែវិស័យឯកជនទេ តាំងពី micro, small and medium enterprise (MSME) រហូតទៅដល់ក្រុមហ៊ុនខ្នាតធំ គឺជាតួអង្គដែលបានជួយជំរុញ ដែលបានបង្កើតការងារផ្ទាល់ ថែរក្សា និងផ្តល់នូវអ្វីដែលប្រជាជនអាចទទួលយកបានត្រង់ៗ។ ហេតុនេះហើយ បានជារាជរដ្ឋាភិបាលអាណត្តិទី ៧ យើងដាក់ចេញនូវវិធានការជាច្រើននៅក្នុងថ្ងៃនេះ។ ខ្ញុំក៏សូមយកឱកាសនេះផ្សាយដំណឹងដល់វិស័យឯកជន … អំពីវិធានការដែលយើងគ្រោងដាក់ចេញ ហើយអាចពាក់ព័ន្ធជាមួយនឹងអ្នកវិនិយោគនៅទីនេះ ជាពិសេសនៅខេត្តសៀមរាប។
(៤) បង្កើតក្រុមប្រឹក្សាទីផ្សារ និងផ្សព្វផ្សាយផលិតផលទេសចរ ឲ្យកាន់តែប្រសើរនៅឆ្នាំ ២០២៥
នៅក្នុងការជួបជាមួយវិស័យទេសចរដែលជាវិស័យគន្លឹះ សម្រាប់ឆ្នាំ ២០២៤-២០២៥ យើងបានដាក់ចេញ(វិធានការ)ដើម្បីជួយជំរុញការងើបឡើងវិញនូវវិស័យនេះ។ រាជរដ្ឋាភិបាលបានបង្កើតក្រុមប្រឹក្សាទីផ្សារ និងផ្សព្វផ្សាយផលិតផលទេសចរណ៍ ដើម្បីធ្វើការជាមួយនឹងវិស័យឯកជនក្នុងការរៀបចំផែនការសកម្មភាពជាក់ស្តែង។ យើងបានធ្វើសកម្មភាពច្រើនក្នុងឆ្នាំ ២០២៤ ប៉ុន្តែ(ពិនិត្យឃើញថានៅមាន)លទ្ធភាពនិងសក្តានុពលទៀត។ យើងត្រូវបង្កើនឲ្យកាន់តែច្រើន ឲ្យកាន់តែប្រសើរនៅឆ្នាំ ២០២៥ … ខ្ញុំបានជួបផ្ទាល់ជាមួយនឹងវិស័យឯកជន ជាមួយសមាគមទេសចរណ៍ ដើម្បីគិតគូរ ហើយចុងក្រោយនេះបានរៀបចំជាកិច្ចប្រជុំមួយនៅថ្ងៃទី ១០កក្កដា ឆ្នាំ២០២៤ រវាងភាគីពាក់ព័ន្ធវិស័យឯកជននិងរដ្ឋ ដើម្បីយើងក្តាប់បាន និងដាក់ចេញនូវចំណុចអន្តរាគមន៍នេះ។
(៥) កាត់បន្ថយលក្ខខណ្ឌតឹងរ៉ឹងស្តីពីសភាពក្រដាសប្រាក់ដុល្លារ ដើម្បីបន្ធូរ(បរិយាកាស)អាជីវកម្មទេសចរណ៍
អញ្ចឹង ជួបជាមួយតំណាងសមាគមឧកញ៉ានៅទីនេះ ខ្ញុំសូមឆ្លៀតជូនព័ត៌មានទៅបងប្អូនអ្នកនៅសៀមរាប។ ព័ត៌មានដែលក្តាប់បាន តាមរយៈវត្តមានរបស់ខ្ញុំនៅ pub street កាលពីថ្ងៃទី ១៧ (កក្កដា)នោះ … យើងបានមើលឃើញ និងបានស្តាប់លឺពីបងប្អូនដែលធ្វើអាជីវកម្មនៅ pub street មួយចំនួន ពាក់ព័ន្ធទៅនឹងការចាយក្រដាសប្រាក់ដុល្លារដែលចាស់ ដែលរហែក ដែលពិបាកចាយ ដែលចាយនៅទីនោះ ត្រូវការកាត់ទឹក ធ្វើឲ្យរំខានទៅដល់ភ្ញៀវទេសចរ ក៏ដូចជាអាជីវកម្មមួយចំនួន។ ទាក់ទងនឹងកិច្ចការនេះ ខ្ញុំសូមយកឱកាសនេះ អរគុណដល់លោកជំទាវ ជា សិរី ក៏ដូចជាសហការី និងធនាគារនៅខេត្តសៀមរាប ដែលបានឆ្លើយតបយ៉ាងលឿននៅថ្ងៃទី ២២ (កក្កដា) ដាក់ចេញនូវគោលការណ៍អនុញ្ញាតឲ្យបន្ធូរលក្ខខណ្ឌ ហើយសុំឲ្យធនាគារទាំងអស់សហការជាមួយធនាគារជាតិ និងកន្លែងលក់ដូរផ្សេងៗ កាត់បន្ថយនិងទទួលយកក្រដាសប្រាក់ដែលមានភាពចាស់ ដាច់រហែកតិចតួច ដើម្បីបន្ធូរ(បរិយាកាស)អាជីវកម្មផ្នែកទេសចរណ៍។ រឿងតិចតួចនេះជាគន្លឹះដែលធ្វើឲ្យប៉ះពាល់ដល់ការងារធំនៅកន្លែងខ្លះ … ព្រឹកមិញ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជូនឲ្យខ្ញុំនូវការចូលរួមយ៉ាងសកម្ម និងលឿនរបស់ធនាគារនៅខេត្តសៀមរាប ក៏ដូចជាអាជីវករយើងជាច្រើន។
(៦) រូបីយ៍បណ្ណប្រទេសណា គឺធនាគារកណ្តាល ឬស្ថាប័នដែលមានសិទ្ធរបស់ប្រទេសនោះ ទើបអាចបំផ្លាញនិង/ឬបោះពុម្ពបាន
ពិតណាស់ យើងមិនទាន់ធ្វើបាន ១០០% ទេ។ នៅប្រែប្រួល នៅផ្លាស់ប្តូរ។ ប៉ុន្តែ យើងបានដំណើរការហើយ។ ពេលដែលខ្ញុំដាក់ចេញគោលការណ៍នោះ ក៏មានសំណួរថា ហេតុអ្វីបានដាក់វិធានការតែនៅសៀមរាប? ហេតុអ្វីក៏មិនដាក់នៅទូទាំងប្រទេសតែម្តង។ ខ្ញុំសូមពន្យល់។ ជាដំបូង ត្រូវយល់មូលហេតុអ្វីបានជាកន្លងទៅយើងដាក់លក្ខខណ្ឌរាងខ្ពស់បន្តិច។ គឺដោយសារវាទាក់ទងជាមួយកាតព្វកិច្ចនិងការទទួលខុសត្រូវ។ លុយចាស់ជារូបិយប័ណ្ណជាតិ ជាលុយរៀល ចាស់រហែក យើងកំទេចចោល ដុតចោលពេលណាក៏បាន យើងបោះពុម្ពថ្មីមកជំនួសពេលណាក៏បានដែរ។ ប៉ុន្តែ រូបិយប័ណ្ណអន្តរជាតិ យើងគ្មានសិទ្ធិធ្វើ(ដូចនោះ)ទេ។ រូបិយប័ណ្ណរបស់ប្រទេសណាគឺមានតែធនាគារកណ្តាល ឬស្ថាប័នណាមួយដែលមានសិទ្ធរបស់ប្រទេសនោះទេ ដែលអាចបោះពុម្ពបាន។ ដូចនេះ សំរាប់ប្រាក់ដុល្លារ មិនមានស្ថាប័នណាក្រៅពីរតនាគាររបស់អាមេរិកទេដែលមានសិទ្ធបោះពុម្ព។ តាមពិត យើងគ្មានសិទ្ធកាត់(ទឹក)លុយដុល្លារដែលចាយមិនបាននៅស្រុកយើងផង។ យើងគ្មានសិទ្ធបោះពុម្ពលុយថ្មីទេ។
(៧) ដើម្បីប្តូរប្រាក់ដុល្លារចាស់យកដុល្លារថ្មី ត្រូវដឹកទៅធនាគារអាមេរិក ដោយត្រូវចំណាយកំរៃជើងសារ ការធានារ៉ាប់រង និងការដឹកជញ្ជូន
អញ្ចឹងយើងធ្វើអ្វីកន្លងទៅ? លុយចាស់ចាយនៅក្នុងស្រុកខ្មែរ ពេលដែលចាយលែងកើត យើងបញ្ជូលទៅធនាគារជាតិ ហើយធនាគារជាតិមានកាតព្វកិច្ចត្រូវដឹកលុយនេះទៅអាមេរិកដើម្បីដូរលុយថ្មីមក។ នៅក្នុង ២ឆ្នាំកន្លះមុននេះ គ្រាន់តែលុយចាយមិនបាន យើងប្រមូលមក ១១លានដុល្លាអាមេរិក។ យើងដឹកយកទៅដូរ(នៅប្រទេសដើម ដោយ)ចំណាយអស់ ៣៥ ម៉ឺនដុល្លារ។ នេះគឺលុយជាតិទាំងមូល ដែលគ្រាន់តែប្ដូរលុយ(ចាស់)យកលុយថ្មីមក។ នេះគឺជាកាតព្វកិច្ច។ យើងមានជំរើស២។ ជំរើសមួយ ប្រមូលមកទុក និងមិនយកទៅដូរ ដោយមិនឱ្យចល័ត មិនឱ្យចាយ រុញទៅប្រទេសណាក៏អត់បាន។ យើងអត់ជំរើស ក្រៅតែពីដឹកទៅ។ ក្នុងការដឹកទៅនេះទៀតសោត យើងមិនទាន់មានដៃគូធ្វើទំនាក់ទំនងផ្ទាល់ជាមួយធនាគារកណ្ដាលរបស់អាមេរិកទេ។ អញ្ចឹង យើងត្រូវជួលអ្នកដែលមានទំនាក់ទំនង ឱ្យយកលុយហ្នឹង(ទៅដូរ) ដែលយើងត្រូវបង់ជាកំរៃជើងសារផង (commission) និងធានារ៉ាប់រងផង … ឧទាហរណ៍ថាយើងរុញ ១១លានលុយចាស់ទៅ ធនាគារអាមេរិកត្រូវបោះពុម្ពលុយថ្មីឲ្យមកយើងវិញ ក្នុងនោះយើងនៅត្រូវចេញលុយថ្លៃដឹកជញ្ជូន និងធានារ៉ាប់រងមកប្រទេសយើងទៀត។
អញ្ចឹង ក្រោយពីខ្ញុំជួប(បងប្អូន)នៅpub street ខ្ញុំបានឲ្យលោកជំទាវ ជា សិរី សិក្សាភ្លាម។ យើងត្រូវហ៊ានឈានមួយជំហានទៅមុខ។ យើងមិនអាចនៅពាំត្រណោតរហូតទេ។ យើងត្រូវរកវិធីដោះស្រាយ អញ្ចឹងបានដាក់គោលការសាកល្បងនៅខេត្តសៀមរាប។ ហេតុអ្វីបានជាយើងដាក់មួយខេត្ត? ទី១ សៀមរាបជាខេត្តអាទិភាពក្នុងវិស័យទេសចរណ៍។ យើងចង់វាយតម្លៃថា ពេលបើក(ច្រកនេះ) តើលុយដុល្លារចាស់ហូរគំហុកមកប្រទេសយើងឬអត់? តើលុយនេះ មាននៅតែក្នុងប្រទេស ឬហូរចូលពីប្រទេសណាមកទៀត ដែលនាំឲ្យយើងក្លាយជាកន្លែងទទួល(ប្រាក់ដុល្លារ)ចាស់។ កាលពីមុន យើងធ្លាប់មានលំហូរលុយក្រដាស ១ដុល្លារ ៥ដុល្លារ ចូលមក រហូតដល់យើងស្ទាក់ម្ដង។ អញ្ចឹង ប្រសិនបើលុយខូច លុយប្រលាក់ កើតមានលំហូរគំហុកចូលមក ធនាគារកណ្ដាលនឹងមានកាតព្វកិច្ច(ត្រូវទប់ទល់)។ ឧទាហរណ៍ យើងប្រកាសផ្លូវការ(អំពីការបន្ធូរបន្ថយលក្ខខណ្ឌសភាពក្រដាសប្រាក់ដុល្លារ) ស្រាប់តែមួយខែដំបូងមាន ២ទៅ ៣លានដុល្លារ វានឹងធ្វើអោយមួយឆ្នាំមាន ៣០លាន ក្នុងពេលដែលពីពីរឆ្នាំកន្លះមុនមាន ១១លានដុល្លារ។
(៩) បរិមាណសាច់ប្រាក់ដុល្លារមិនរក្សាបានសភាពដើមកើនឡើង តែធនគារជាតិថាអាចគ្រប់គ្រងបាន
បើយើងគុណទៅ ក៏ដឹងថាត្រូវចំណាយប៉ុន្មានដើម្បីដឹកលុយនេះទៅដូរយកក្រដាសប្រាក់ថ្មីមកវិញ។ មិនមែនថាយើងមិនហ៊ានធ្វើទេ តែយើងធ្វើដោយប្រុងប្រយ័ត្ន។ ការជួយសំរួលទៅដល់បងប្អូនដែលធ្វើអាជីវកម្ម ក៏ជាកាតព្វកិច្ចរបស់យើង។ ការជួយសំរួលដល់វិស័យទេសចរណ៍ កុំឲ្យទេសចរកាន់លុយចាយ មានការពិបាក មានការកាត់ទឹក (ក៏ជាកាតព្វកិច្ច)។ ព្រឹកមិញ មានអ្នកលើកឡើងថា គ្រាន់តែលុយ ២០ដុល្លារអាមេរិក ត្រូវបានកាត់អស់ ៥ដុល្លារ ពេលខ្លះ។ កន្លែងខ្លះកាត់ ១០% កន្លែងខ្លះកាត់ ២០%។ កន្លែងខ្លះធ្វើឲ្យមានបញ្ហា។ ទេសចរគាត់យកទៅសរសេរលើហ្វេសប៊ុក វាក៏កើតទៅរឿងអីផ្សេង។ រឿងតូចទេ តែវាធ្វើឲ្យប៉ះពាល់។ យើងត្រូវដើរដោយប្រុងប្រយ័ត្ន និងទទួលខុសត្រូវ។ អាស្រ័យហេតុនេះហើយ បានជាយើងដាក់ការសាកល្បងនៅខេត្តសៀមរាប។ ខ្ញុំឲ្យវាយតម្លៃឲ្យខ្ញុំភ្លាម។ មកដល់ម៉ោងនេះយ៉ាងម៉េច។ លោកជំទាវ ជា សិរី បានរាយការណ៍បា្រប់ខ្ញុំថា មកដល់ម៉ោងនេះមានការកើន ប៉ុន្ដែយើងអាចរ៉ាប់រងបាន។ (អាស្រ័យមានការសិក្សានិងអះអាងបែបនេះ ពីស្ថាប័នទទួលខុសត្រូវផ្ទាល់) ខ្ញុំក៏បានអនុញ្ញាតឲ្យចេញប្រកាសឲ្យអនុវត្ដទូទាំងប្រទេសតែម្ដង។
(១០) ធនាគារជាតិនឹងចេញប្រកាសណែនាំឱ្យទទួលលុយប្រលាក់និងដាច់តិចតួចទូទាំងប្រទេសពីថ្ងៃនេះតទៅ
អញ្ចឹង ធនាគារជាតិនឹងចេញសេចក្ដីប្រកាសណែនាំ ឱ្យទទួលលុយដែលប្រលាក់ ដាច់តិចតួចនៅទូទាំងប្រទេស ចាប់ពីថ្ងៃនេះតទៅ។ នៅភ្នំពេញក៏ច្រើនដែរ។ កាលដែលខ្ញុំដាក់ចេញដំបូង បងប្អូនស្រែកថាម៉េចក៏មិនដាក់នៅភ្នំពេញ? យើងដឹង ប៉ុន្ដែយើងត្រូវចាំការវាយតម្លៃសិន ព្រោះចង់មិនចង់ វានៅតែជារបស់យើង។ ឧទាហរណ៍ថាគ្រាន់តែយើងបើកភ្លាម មានលំហូរសាច់ប្រាក់(ក្នុងបរិមាណច្រើន នាំអោយត្រូវមានវិធានការណ៍)។ បើត្រឹមតែទេសចរមក មិនច្រើនទេ ប៉ុន្ដែក្រែងលំហូរមកពីច្រកផ្សេងទៀត ដូចជាតាមរយៈការទូទាត់ទំនិញតាមព្រំដែន ជាដើម? ប្រទេសជាច្រើនមិនប្រើលុយដុល្លារដូចយើងទេ។ គេតំរូវឲ្យដូរទៅរូបិយបណ្ណជាតិ។ អញ្ចឹងនេះជាកត្ដាដែលខ្ញុំសូមបញ្ជាក់ពាក់ព័ន្ធនឹងករណីលុយដុល្លារនេះ។ ខ្ញុំសង្ឃឹមថា បណ្ដាធនគារឯកជន អ្នកប្ដូរប្រាក់ អាជីវករទាំងអស់នៅទូទាំងប្រទេសចូលរួមបន្ធូរលក្ខខណ្ឌ អនុគ្រោះដល់ការចាយក្រដាសប្រាក់ដែលប្រលាក់តិចតួចដាច់តិចតួចនេះ ដើម្បីកុំឲ្យមានការលំបាក និងកុំឲ្យមានការកាត់ទឹក តាមគោលការណ៍របស់ធនាគារជាតិដែលនឹងណែនាំចេញទៅ។
(១១) «ជួញដូរប្រាក់រៀលគឺស្រឡាញ់កម្ពុជា» … លើកទឹកចិត្តឲ្យប្រើប្រាស់រូបិយបណ្ណជាតិ
ទោះជាយ៉ាងណាក្តី ខ្ញុំសូមលើកទឹកចិត្តឲ្យមានការប្រើប្រាស់លុយរៀលឲ្យបានច្រើន។ ការប្រើប្រាស់លុយរៀលអត់មានបញ្ហាទេ។ មួយទៀតក៏ជាអត្ដសញ្ញាណរបស់យើងដែរ។ នៅទីនេះ ថ្ងៃនេះ សុទ្ធតែឧកញ៉ា សុទ្ធតែអ្នកមានធុរៈកិច្ច សូមជួយលើកទឹកចិត្តក្នុងការប្រើប្រាស់រូបិយបណ្ណជាតិឲ្យបានច្រើន។ រដ្ឋបានប្រើហើយ តាមរយៈការបើកប្រាក់ខែ(មន្ដ្រីរាជការ)។ សូមជំរុញការប្រើប្រាស់នេះឲ្យបានច្រើន។ ខ្ញុំបានឃើញអ្នកឧកញ៉ា លឹម ហេង ផ្ញើសារមកថា «ជួញដូរប្រាក់រៀលខ្មែរគឺស្រឡាញ់កម្ពុជា»។ មិនដឹងថាគាត់មកឬក៏អត់។ យើងជំរុញការប្រើប្រាស់រូបិយបណ្ណជាតិរបស់យើងឲ្យបានច្រើន។ ក្រៅពីនោះ ធនាគារជាតិបានដាក់អោយសំរួលការទូទាត់តាមប្រព័ន្ធបាគង QR code ដើម្បីសំរួលដល់ទេសចរក្នុងការប្រើប្រាស់។ ខ្ញុំឃើញថ្ងៃមុនគេផ្សព្វផ្សាយ។ ឥលូវសូម្បីតែអ្នកលក់ទឹកអំពៅក៏មាន QR code ដែរ។ អ្នកទៅទិញ ពេលខ្លះស្កេន។ នេះជាការវិវឌ្ឍនៅលើពិភពលោកដែលឈានទៅលែងប្រើក្រដាស។ យ៉ាងណាក៏ដោយ យើងនឹងអនុវត្ដជាបណ្ដើរៗ មុនគេនៅតំបន់ទេសចរណ៍ …។
(១២) អនុវត្ដការដាក់ពាក្យសុំទិដ្ឋាការ ការបង់លុយតាមអនឡាញ និងប្រព័ន្ធ E-arrival
ចំណុចទីពីរ ពាក់ព័ន្ធនឹងគោលការណ៍ (សំរួលដំណើរមកដល់នៃទេសចរ)នៅព្រលានយន្ដហោះ។ កិច្ចការនេះក៏ទាក់ទងវិស័យទេសចរណ៍ … ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ប្រហែលជាដឹងហើយពីលំហូរចេញចូលប្រទេសនិមួយៗ ជាពិសេសតាមច្រកអន្ដោប្រវេសន៍ ទាំងគោកនិងអាកាស។ ឥលូវយើងនិយាយផ្លូវអាកាស។នៅប្រទេសភាគច្រើនគេលែងប្រើក្រដាសទៅហើយ។ ទៅសិង្ហបុរី ឬអីយើងបំពេញ form តាមអនឡាញ រួមទាំងបង់លុយជាដើម។ អញ្ចឹងកម្ពុជាត្រូវដើរតាមនេះដែរ។ មកដល់ម៉ោងនេះ ខ្ញុំសូមកោតសរសើរក្រសួងមហាផ្ទៃ អគ្គអន្ដោប្រវេសន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងសុខាភិបាល ក្រសួងការបរទេស និងកិច្ចសហការអន្ដរជាតិ ដែលបានអនុវត្ដនូវការដាក់ពាក្យស្នើសុំវិសាតាមអនឡាញ និងការបង់លុយតាមអនឡាញ។ មួយទៀត យើងបានអនុវត្ដ ប្រព័ន្ធ E-arrival ។ ការសុំវីសាមានពីរបែប។ ទី១ គឺការសុំតាមស្ថានទូត អគ្គកុងស៊ុល ដែលពីមុនមកតម្រូវអោយមានការបំពេញ form។ ឥលូវយើងធ្វើតាមអនឡាញ ហើយបង់លុយអនឡាញ។ ទី២ គឺការទទួល visa on arrival។ អ្នកដែលអត់បានបំពេញពាក្យតាមអនឡាញ ក៏មកស្នើសុំនៅព្រលានយន្ដហោះ។ កន្លងទៅ ទេសចរចុះពីយន្តហោះមក ក៏ត្រូវបំពេញពាក្យសុំ ហើយតម្រង់ជួរបង់លុយ។
(១៣) ពីថ្ងៃ១ កញ្ញា តទៅ ការបង់ពន្ធ ដាក់ពាក្យសុំវីសាគ្រប់ប្រភេទ នឹងធ្វើតាមប្រព័ន្ធអេឡិចត្រូនិក
កន្លងទៅ ពាក្យសុំមាន ៣ ទំរង់ ដោយសារមានស្ថាប័នអន្ដោប្រវេសន៍ គយ និងសុខាភិបាល។ ឥលូវយើងបានឯកភាពនឹងរៀបចំជាប្រព័ន្ធអេឡិចត្រូនិកទាំងអស់។ អញ្ចឹង ចុះពីយន្តហោះមក ទេសចរអាចទៅស្កេនប៉ាស្ព័រ មិនបាច់បំពេញបែបបទទេ ព្រោះថាទោះបីកន្លែងខ្លះមាន(ឧបករណ៍)អេឡិចត្រូនិកក៏ដោយ ក៏ប៉ុន្ដែនៅអង្គុយវាយមួយៗនាំអោយខាតពេល។ ម្សិលម្ង៉ៃ ឯកឧត្តម ជា វណ្ណដេត ឯកឧត្តម សុខ វាសនា ក្នុងជំនួបជាមួយខ្ញុំ បានអះអាងថាអាចធ្វើបាន ដោយយកតែប៉ាស្ព័រមកស្កេន ហើយព័ត៌មាននឹងរត់ចូលប្រព័ន្ធអេឡិចត្រូនិកដោយមិនចាំបាច់អង្គុយវាយអោយយូរទេ។ អញ្ចឹង យើងនឹងរៀបចំកិច្ចការហ្នឹង។ នៅមួយគឺការបង់លុយ នៅបង់ជាក្រដាសដដែល។ ឥលូវ ខ្ញុំបានសម្របសម្រួលឲ្យធ្វើកិច្ចការហ្នឹង ដោយបានឲ្យក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដឹកនាំការប្រជុំ។ ចាប់ពីថ្ងៃ១ ខែកញ្ញានេះទៅ នៅព្រលានយន្ដហោះទាំង៣ ការបង់ពន្ធ ការដាក់ពាក្យសុំវីសា ទាំងវីសារ on arrival ទាំងវីសាសុំតាមស្ថានទូត គឺប្រើអេឡិចត្រូនិកទាំងអស់ … យើងទាំងអស់គ្នាសូមជួយតាមដានត្រួតពិនិត្យ។ ប៉ុន្ដែគាត់ថាធ្វើបានហើយ។ Program នេះអត់ទិញពីគេទេ។ កូនខ្មែរ អ្នកបច្ចេកទេសរបស់យើងធ្វើ(បាន)ខ្លួនឯង។ នេះជាមោទនភាពរបស់យើង។ យើងទិញកម្មវិធីថ្លៃច្រើន។ យើងអភិវឌ្ឍខ្លួនឯង ដោយទិញតែ Tablet Ipad អីមកដើម្បីបញ្ចូលទេ។ អញ្ចឹងការសម្រួលនេះអាចពាក់ព័ន្ធវិស័យឯកជន។
(១៤) ទៅថ្ងៃមុខ គិតគូរពីបដិសណ្ឋារកិច្ចភ្ញៀវទេសចរនៅច្រកផ្លូវគោកបន្ថែមទៀត
ក្នុងវិស័យទេសចរណ៍ ការសំរួលការធ្វើដំណើរ ការសំរួលបដិសណ្ឋាកិច្ច ក៏វាជះឥទ្ធិពលដល់កម្ពុជាផងដែរ។ កន្លងទៅ ការផ្សព្វផ្សាយឬខមិន តាម Tiktok (និងបណ្តាញសង្គមនានា) ប៉ះពាល់ដល់កម្ពុជា។ កន្លែងខ្លះពាក់ព័ន្ធនឹងបដិសណ្ឋាកិច្ចនេះឯង។ យើងសង្ឃឹមថាអ្វីដែលយើងបានធ្វើនេះ រួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់មន្ដ្រីនៅព្រលាន ក៏ដូចជាគ្រប់វិស័យ ទាំងវិស័យឯកជន នឹងអនុវត្ដឲ្យបានល្អ។ យើងសង្ឃឹមថាវិស័យបដិសណ្ឋារកិច្ច ពិសេសនៅតាមព្រលានយន្ដហោះ នឹងមានភាពល្អប្រសើរតាំងពីភ្ញៀវចូលរហូតដល់ភ្ញៀវចេញទៅវិញ។ នេះជាការជួយសំរួល មិនថាភ្ញៀវបរទេស មិនថាភ្ញៀវកម្ពុជាទេ។ នេះជាមោទនភាព ដែលរាជរដ្ឋាភិបាលនឹងដាក់ចេញដំណោះស្រាយជាក់ស្ដែងដើម្បីជួយវិស័យឯកជន ជាពិសេសវិស័យទេសចរណ៍ឲ្យបានដើរទៅមុខ។ ជាដំបូងយើងដាក់(អោយដំណើរការនៅ)ព្រលានយន្ដហោះទាំង៣។ ទៅថ្ងៃមុខ យើងនឹងគិតគូររៀបចំនៅច្រកផ្លូវគោកបន្ថែមទៀត។ នេះជាខ្ញុំសូមជូនជាព័ត៌មាន។
(១៥) ដាក់ចេញដំណោះស្រាយជាបន្ដបន្ទាប់ ផ្អែកលើការចូលរួមមតិ និងតំរូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងវិស័យឯកជន
ល្ងាចនេះមានការផ្សាយផ្ទាល់។ រឿងទាំងអស់នេះពាក់ព័ន្ធជាមួយធុរកិច្ច ប្រជាពលរដ្ឋរាប់លាននាក់ ទេសចររាប់លាននាក់ដែលមក និងបងប្អូនគ្រប់វិស័យទាំងអស់។ រាជរដ្ឋាភិបាលដាក់ចេញនូវដំណោះស្រាយជាបន្ដបន្ទាប់ តាមរយៈកម្មវិធីបែបនេះ ដោយផ្អែកលើភាពជាក់ស្ដែងនិយម ការចូលរួមមតិយោបល់ និងការស្វែងយល់ពីតំរូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងវិស័យឯកជន … ខ្ញុំសូមឲ្យវិស័យឯកជនចូលរួមគិត។ គិតហើយយើងបានដាក់ជាគោលការណ៍។ ឥលូវ គោលការណ៍ចេញហើយសូមចូលរួមអនុវត្ដឲ្យរលូន។ ឧទាហរណ៍ គោលការណ៍ស្តីពីរឿងលុយដុល្លារ។ សូមធនាគារ កន្លែងប្ដូរប្រាក់ឯកជន និងខ្ញុំសូមឱ្យគ្រឹះស្ថានរបស់រដ្ឋផង(ចូលរួម)។ ខ្ញុំបានជូនដំណឹងឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន និងសូមឲ្យជូនដំណឹងពីការដាក់គោលការណ៍នេះ ទៅគ្រឹះស្ថានអង្គរយើង។ កន្លងទៅ សៀមរាបក៏អត់ទាន់បានគោលការណ៍នេះ។ សូមឲ្យទទួល(អនុវត្តការបន្ធូរបន្ថយ)លក្ខខណ្ឌ(ក្នុងការការចរាចរ)លុយប្រលាក់ ដាច់បន្ដិចបន្ដួច ដើម្បីកុំឲ្យមានវិបាកលើកិច្ចការងារនេះ។ សូមបន្ដចូលរួមអនុវត្ដ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ។
(១៦) ការប្រតិបត្ដិនៅតំបន់អង្គរ មានសាវតាទាក់ទងនឹងក្រមប្រតិបតិ្ដអាជ្ញាធរអប្សារា អាជ្ញាធរដែនដី ស្ថានភាពរស់នៅទូទៅ និងការប្រតិបត្ដិរបស់ប្រជាជន
ដំណោះស្រាយមួយទៀតដែលបានដាក់ចេញ ទាក់ទងនឹងវិស័យទេសចរណ៍ដែរ ដែលខ្ញុំសុំយកឱកាសនេះ ដើម្បីជូនជាដំណឹងក្នុងកម្មវិធី និងប្រជាពលរដ្ឋរបស់យើង ក៏ដូចជាទេសចរនៅខេត្តសៀមរាប … យើងប្រជុំដាក់គោលការណ៍ហើយ មួយទៀតទាក់ទងនឹងការប្រតិបត្ដិនៅតំបន់អង្គរ ពាក់ព័ន្ធនឹងអាជ្ញាធរអប្សារា។ កិច្ចការងារនេះមាន ២រឿង ដែលយើងឧស្សាហ៍ឃើញបង្ហោះនៅតាមអនឡាញជាយូរមកហើយៗ វាមានសាវតាមានហេតុផលរបស់វា ទាក់ទងនឹងគោលការណ៍ក្រមប្រតិបតិ្ដរបស់អាជ្ញាធរអប្សារា អាជ្ញាធរដែនដី ស្ថានភាពរស់នៅទូទៅ( និងការ)ប្រតិបត្ដិរបស់ប្រជាជន។ កិច្ចការងារនេះ យើងកំពុងធ្វើការវាយតម្លៃ។ ខ្ញុំបានប្រគល់ភារកិច្ចជូន ឧបនាយករដ្ឋមន្ដ្រី (និងរដ្ឋមន្ត្រីរៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់) ឯកឧត្តម សាយ សំអាល់ ធ្វើការស្រាវជ្រាវ ដើម្បីយើងរកវិធីពន្លត់ភ្លើងជាជាង(អង្គុយ)បក់ផ្សែង។ បន្ដិចទៀតខ្ញុំនិយាយពីដើមចម អ្នកណាខុសអ្នកណាត្រូវ។ អត់មានអ្នកណាខុសអ្នកណាត្រូវទេ គឺត្រូវទាំងអស់គ្នា ប៉ុន្ដែវាខុសស្ថានភាព ពេលវេលា តែប៉ុណ្ណឹងទេ។
(១៧) អាជ្ញាធរជាតិអប្សារាអភិរក្សតួប្រាសាទ តំបន់ប្រាសាទ និងតំលៃវប្បធម៌ ធ្វើអោយមានគោលការណ៍ពីទសវត្សឆ្នាំ ១៩៩០ ខ្លះតឹងតែង
ទី២ រឿងថតរូប។ រឿងនេះក៏ឧស្សាហ៍ឃើញ។ ម្សិលមិញ ខ្ញុំក៏ឃើញដែរ ដែលថាមានលក្ខខណ្ឌតឹងរ៉ឹង។ កន្លែងខ្លះភ័យបារម្ភ។ ហេតុអ្វីបានជាតឹងម្ល៉េះ រឿងកាមេរ៉ា ? ហេតុអ្វីថត prewedding ត្រូវសុំច្បាប់? ហេតុអ្វីគាត់ធ្វើនេះធ្វើនោះមិនបាន? ចំណុចនេះ វាមានដើមហេតុរបស់វា។ មន្ដ្រីអប្សារាមានភារកិច្ចស្នូលមិនត្រឹមតែអភិរក្សតួប្រាសាទ និងតំបន់ទេ ប៉ុន្ដែអភិរក្សទាំងតំលៃនៃវប្បធម៌របស់យើងផង។ គេមិនប៉ះប្រាសាទរបស់យើងមែន តែ(ដែល)មកធ្វើសកម្មភាពធ្វើឲ្យប៉ះពាល់វប្បធម៌យើងក៏មិនកើត។ ឧទាហរណ៍មកថតអាសអាភាសនៅហ្នឹងវាប៉ះពាល់តំលៃ។ (ដូច្នេះ)គាត់ត្រូវការពារ។ នេះជាកាតព្វកិច្ច។ ខ្ញុំសូមអរគុណណាស់ ដល់អាជ្ញាធរអប្សារា មន្ដ្រីអប្សារាទាំងអស់ដែលខិតខំបំពេញភារកិច្ចរបស់ខ្លួនរាប់ឆ្នាំមកនេះ។
យ៉ាងណាក្តី មានគោលការណ៍មួយចំនួនក៏ហាក់ដូចជាហួសសម័យ និងតឹងបន្ដិច។ គោលការណ៍ភាគច្រើន យើងបានដាក់អោយអនុវត្តតាំងពីក្នុងទសវត្សឆ្នាំ ៩០ ជាង។ ពិតណាស់ យើងបានចេញគោលការណ៍ឆ្នាំ ២០១៧ ពាក់ព័ន្ធការកំណត់ឯកសណ្ឋានសំលៀកបំពាក់ ការថត ការសុំច្បាប់ ប៉ុន្ដែរបៀបរបបការអនុវត្ដ គឺតាំងពីឆ្នាំ ៩០ ជាង។ ពេលនោះ យើងអត់ទាន់មានកាមេរ៉ាទេ។ មិនដូចឥលូវ ម្នាក់ៗមានកាមេរ៉ាទំនើបទេ។ ពេលនោះ អ្នកមានកាមេរ៉ាទំនើបភាគច្រើនទាល់តែអ្នកជាងថត ឬក្រុមថតកុន ថតឯកសារ។ អញ្ចឹងហើយបានជាអាជ្ញាធរអប្សារាបានគិតគូរថា … ទាល់តែតម្រូវអោយសុំច្បាប់សិន។ សុំនេះដើម្បីកំណត់ថាអ្នកឯងថតអី ហើយត្រូវស៊ីញ៉េថាអ្នកឯងមិនថតយកទៅធ្វើអីខុសគោលការណ៍។ មិនថតយកទៅ copy ធ្វើ 3D ដាក់ museum ធ្វើអាជីវកម្ម ឬមួយយ៉ាងណា។
(១៨) ហាមឃាត់ការស្លៀកពាក់មិនគប្បីអាចជាការប្រយ័ត្នឬខ្លាច តែទទួលស្គាល់ថាអាចមានការបំពាន
មួយទៀត ហាមឃាត់ការស្លៀកពាក់ខោអាវ(មិនគប្បី)ផ្សេងៗ។ បើចង់ថត ត្រូវសុំសិន ដើម្បីគេពិនិត្យមើល។ នេះជាសាវតាបន្ដិច ដើម្បីបានយល់ថាអ្នកណាខុសអ្នកណាត្រូវ។ អត់មានអ្នកណាខុសទេ គឺត្រូវទាំងអស់គ្នា ជាពិសេសអាជ្ញាធរអប្សារាគាត់ទទួលភារកិច្ចថែរក្សាប្រាសាទ មិនឲ្យប៉ះពាល់ មិនឲ្យយកអីទៅសរសេរ ឬឆ្លាក់នៅថ្មប្រាសាទ។ យើងមើលលើថ្មប្រាសាទកន្លែងខ្លះមានឈ្មោះ មានរូបបេះដូងអីនៅឡើយទេ។ ឥលូវ(យើង)ហាម។ គាត់ថែរក្សាតំលៃ … មិនឲ្យស្លៀកពាក់អាសអាភាស ធ្វើសកម្មភាពអ្វីដែលប៉ះពាល់តំលៃវប្បធម៌ដូនតា ហើយយកទៅបង្ហោះ ឬបោះពុម្ពចេញជាទស្សនាវដ្ដី។ អញ្ចឹង ក្នុងការប្រជុំគ្នាថ្ងៃមុន ខ្ញុំបានហៅទៅសួរ ហើយបានផ្ដល់គោលការណ៍មួយចំនួន … ខ្ញុំបានពន្យល់ថា រឿងញែកវាឲ្យដាច់ រវាងការថតជារឿងមួយ និងការយកទៅធ្វើអីជារឿងមួយទៀត។ បើយើងខ្លាចគេយកទៅធ្វើអី ហ្នឹងច្បាប់យើង(ត្រូវ)ផ្ដោតលើរឿងថាគេយកទៅធ្វើស្អីហ្នឹង។ ពេលដែលគេថត យើងអាចបន្ធូរលក្ខខណ្ឌ។
អញ្ចឹងបានឯកភាពគ្នាបន្ធូរលក្ខខណ្ឌទៅមួយចំនួន។ រីឯការស្លៀកពាក់ ដែលយើងមិនឲ្យស្លៀកពាក់ខោអាវបរទេសមកថតនៅអង្គរ … ព្រោះកន្លងទៅ ធ្លាប់មានប្រទេសខ្លះមានចេតនាញុះញុង់ ស្លៀកពាក់ខោអាវបែបគាត់ ហើយមកនិយាយសារវាយប្រហារយើង។ ការនោះបានធ្វើឱ្យមហាជនវាយប្រហារអាជ្ញាធរអប្សារាថាម៉េចមិនចេះមើល។ ដល់ទៅខ្លាចមានរឿង គឺដាក់វិធានការកញ្ចប់តែម្តង។ អញ្ចឹងគឺមានតែសុំមកថតខោអាវវប្បធម៌ មានតែខោអាវខ្មែរ … កន្លែងខ្លះត្រូវមានបង់ថ្លៃទៀត។ ខោអាវផ្សេងយើងមិនឱ្យ។ បើសិនជាបារាំងគាត់ចង់ស្លៀកពាក់ខោអាវ ឬមួយក៏កូរ៉េគាត់ចង់ស្លៀកពាក់ខោអាវជាតិរបស់គាត់ ថតយក Background មិនបានទទួលការអនុញ្ញាតទេ។ យើងបានពិនិត្យ(ចំណុចនេះ)ឡើងវិញ ហើយក៏បានឯកភាពគ្នាថា រឿងនេះប្រហែលជាយើងប្រយ័ត្នពេក យើងខ្លាចពេក តែយើងទទួលស្គាល់អាចមានបញ្ហានេះកើតឡើង។
យោងតាមការពិភាក្សាគ្នា យើងមិនគួរសរុបចូលទាំងអស់ទេ។ យើងគួរដាក់លក្ខខណ្ឌ។ បើបុគ្គលណាថតហើយធ្វើសកម្មភាព ឬនិយាយសារបែបញុះញង់ បែបវាយប្រហារ មិនបាច់ចាំពាក់ខោអាវប្រពៃណីពីប្រទេសណាទេពាក់ខោអាវស្អី ក៏ត្រូវចាត់វិធានការដែរ។ នេះយើងធ្វើបែបនេះ។ និយាយថាបន្ធូរលក្ខខណ្ឌ មិនអាស្រ័យទៅលើឯកសណ្ឋានដែលគេស្លៀកពាក់ទេ។ ប្រពៃណីប្រទេសណាក៏គួរអនុញ្ញាតចុះ។ សុំឱ្យប្រជាពលរដ្ឋ បងប្អូនរបស់យើងយោគយល់។ ប្រសិនបើជាអ្នកណាក៏ដោយ ស្លៀកពាក់ខោអាវប្រទេសណាក៏ដោយ ធ្វើសកម្មភាពមិនសមរម្យ យើងចាត់វិធានការទប់ស្កាត់។ សម្រាប់អ្នកដែលល្អគឺយើងអនុញ្ញាត។ មិនមានជាបញ្ហាទេដើម្បីជាការគោរពគ្នាទៅវិញទៅមក។ ជួនកាលប្រទេសកូរ៉េក៏ចង់ Pre-Wedding ដោយស្លៀកពាក់ខោអាវគាត់ គ្រាន់តែយក Background អង្គរ។ យើងអនុញ្ញាតចុះ។ ប្រទេសម៉ុងហ្គោលី ប្រទេសអីក៏ដោយ … ដូចខ្មែរយើងស្លៀកពាក់ខោអាវខ្មែរថតនៅ Eiffel Tower គ្មានអ្នកណាឃាត់ទេ កុំឱ្យតែធ្វើសកម្មភាពអីមិនគប្បី។
(១៩) ថតប្រាសាទជាឯកជនមិនបាច់សុំការអនុញ្ញាត ថតដោយអង្គភាពព័ត៌មានត្រូវមានការអនុញ្ញាត តែការថតក្នុងបំណងធ្វើអាជីវកម្ម ត្រូវសុំច្បាប់និងបង់សេវា
បើសិនជាលក្ខណៈឯកជន ទោះបីជាប្រើប្រាស់ Camera អីក៏ដោយ ក៏គួរយើងអនុញ្ញាតចុះ។ ឥឡូវ Camera ទំនើបខ្លាំងណាស់ ហើយលទ្ធភាពគាត់ទិញ មិនដូចពីឆ្នាំ ១៩៩០ ជាង ទាល់តែក្រុមជាងថតបានមាននោះទេ។ គាត់ថតសម្រាប់ប្រើជាឯកជន អត់មានបញ្ហាអីទេ។ អញ្ចឹង កិច្ចប្រជុំម្សិលមិញនេះ បានឯកភាពគ្នារៀបចំជាគោលការណ៍ណែនាំ។ អប្សរានឹងចេញគោលការណ៍ដើម្បីណែនាំបន្ថែម។ ល្ងាចនេះខ្ញុំសូមជូនដំណឹងប៉ុណ្ណេះ។ លក្ខខណ្ឌដែលសម្របសម្រួលកន្លងមកនេះ គឺនៅសល់សម្រាប់រាល់ការថតក្នុងគោលបំណងធ្វើអាជីវកម្មទាំងឡាយណា មានទាំងការថតភាពយន្តខ្នាតធំ/តូច គ្រប់ប្រភេទ ការថតវីដេអូរូបថតសន្លឹក ផលិតជាស្ពត ផលិតជា Magazine អីដើម្បីលក់ ការថតវីដេអូសន្លឹកប្រើប្រាស់ឧបករណ៍ដ្រូនគ្រប់ប្រភេទ។ បើប្រើដ្រូនហើយត្រូវសុំច្បាប់បង់សេវា។
ទី២ រាល់ការថតក្នុងគោលបំណងមិនប្រើអាជីវកម្ម ប៉ុន្តែត្រូវសុំច្បាប់ តែមិនតម្រូវឱ្យបង់ថ្លៃ គឺមានអង្គភាពសារព័ត៌មានផ្លូវការរបស់ជាតិ ឬអន្តរជាតិ ដែលសុំថតប្រាសាទដើម្បីធ្វើព័ត៌មាន។ ហ្នឹងអោយគាត់សុំចុះ ព្រោះដើម្បីដឹងថាថតយកទៅធ្វើអី ហើយត្រូវកុំឱ្យយកខុសគោលការណ៍។ កន្លងទៅអ្នកខ្លះមកលួចថត យកទៅធ្វើជាប្រធានបទវាយប្រហារយើង។ ប៉ុន្មានថ្ងៃនេះយើងឃើញ Al Jazeera វាយប្រហាររឿងអង្គររបស់យើង ភ្ជាប់ទៅនឹងប្រធានបទសិទ្ធិមនុស្សឯណាឆ្កុយ។ អញ្ចឹងយើងតម្រូវតែប៉ុណ្ណឹងទេ។ អង្គភាពសារព័ត៌មានដែលថតផ្លូវការ ឧទាហរណ៍ ថា ទូរទស្សន៍ បាយ័ន ចង់ទៅថតជាព័ត៌មានដើម្បីផ្សាយជាព័ត៌មាន ហ្នឹងគាត់សុំទៅអាជ្ញាធរ ប្រាប់គេទៅថាចង់ថត។ គេឱ្យមិនបាច់បង់លុយទេ។ តែបើថតអីផ្សេងៗដើម្បីធ្វើអាជីវកម្មបង់ទៅ … ប៉ុន្តែសម្រាប់ឯកជនថតអ្វីថតចុះ គឺមិនបាច់សុំច្បាប់ ឬបង់លុយទៀតទេ នេះគឺសុំបញ្ជាក់។
ប្រជាពលរដ្ឋទៅថត Pre-Wedding ថតដាក់ Youtube, Facebook, ដើម្បី Promote សូមថតចុះ។ ប៉ុន្មានថ្ងៃនេះខ្ញុំឃើញទេសចរថតរបៀប Temple Run។ ហ្នឹងគាត់ថតចុះ។ គាត់ថតផ្សព្វផ្សាយជាលក្ខណៈឯកជន។ គាត់ផ្សព្វផ្សាយឱ្យយើងទេ។ ភ្ញៀវបរទេសមកថត មិនយកធ្វើអាជីវកម្មដាក់ក្នុងទូរទស្សន៍បានលុយ។ គ្រាន់តែផ្សាយក្នុងផេកដើម្បីបានផ្សព្វផ្សាយ អោយថតចុះ។ ប្រជាពលរដ្ឋខ្មែរចង់ស្លៀកពាក់ខោអាវបុរាណទៅថតដើម្បីផ្សព្វផ្សាយ តារាភាពយន្ត សិល្បៈករ ប្រជាពលរដ្ឋ ដើម្បីយករូបថតនេះផ្សព្វផ្សាយវប្បធម៌ ផ្សព្វផ្សាយផេករបស់ខ្លួន ធ្វើចុះមិនបាច់ស្នើសុំ ហើយក៏មិនបាច់បង់លុយដែរ។ អញ្ចឹងអ្នកថត Pre-wedding អីថតចុះ អត់អីទេ។ សម័យឥឡូវអត់ដូចពីដើមទេ។ ពីដើម មុនរៀបការ អត់ឱ្យចូលផ្ទះខាងស្រី។ ឥឡូវពេលខ្លះ គេផ្សាយមក Pre-wedding ខ្ញុំស្មានថាគេការបាត់ទៅហើយ។ ទៅបើកថ្ងៃ ថាការថ្ងៃនេះ។ ម៉េចលួចការមុន គេថាមិនមែនទេបង ហ្នឹង Pre-wedding តើ។
(២០) អនុវត្តកាតព្វកិច្ចស្លៀកពាក់តាមគោលការណ៍ កុំយក Camera ធំចូលទីហាមប្រាម នៅប្រាសាទទីសក្ការៈត្រូវបិទបាំងសម្លៀកបំពាក់ខ្លី
ទោះបីជាមិនមានតម្រូវការក្នុងការថត ការសុំ ឬការបង់ថវិកាក៏ដោយ ប៉ុន្តែខ្ញុំសូមឱ្យអ្នកថតទាំងអស់ត្រូវបំពេញកាតព្វកិច្ចមានក្រមសីលធម៌ឱ្យបានច្បាស់លាស់ ទី១ ការស្លៀកពាក់ត្រូវគោរពទៅតាមគោលការណ៍។ បានន័យថាម៉េច? កុំដោះអាវ កុំថតអាសអាភាស កុំធ្វើស្អីឱ្យប៉ះពាល់តម្លៃវប្បធម៌របស់យើង កុំថតរូបច្រង៉េងច្រង៉ាង។ បើបងប្អូនទៅថតមានក្រុមធំ សុំជួយសម្រួល អាណិតអ្នកទេសចរផ្សេងផង។ កុំទៅថតបាំងផ្លូវគេ។ កាលមុនអាជ្ញាធរអប្សរាថា បើថត Pre-wedding ជួយប្រាប់មកដើម្បីគេជួយសម្រួលកន្លែងថត ព្រោះទេសចរច្រើនបើគាត់ទៅគ្នា ១០នាក់ អញ្ចឹង Camera ច្រើន។ ឥឡូវអត់សុំទេ ប៉ុន្តែខ្ញុំសូមឱ្យសហការបែបនេះសុំជួយគិតផង ជួយគូរផង ហើយជួយសម្រួលផង បានន័យថាយើងរៀបចំកន្លែងណាមានសណ្តាប់ធ្នាប់ដើម្បីជួយទាំងអស់គ្នា។
នៅប្រាសាទខ្លះប្រហែលជាមានកន្លែងហាម។ កន្លែងប្រាសាទខ្លះគេហាមយក Camera ធំៗ ឧបករណ៍ធំៗ វាប៉ះប្រាសាទ។ សូមកុំជម្នះយកចូល។ ឧទាហរណ៍កន្លែងហ្នឹងគេថាកុំយក Camera ចូល សូមបងប្អូនទុកក្រៅចុះ។ យក Camera តូចថត អត់មានអ្នកណាថាអីទេ។ សូមសហការ។ មានប្រាសាទច្រើន តែមានប្រាសាទខ្លះជាទីសក្ការៈ។ អញ្ចឹងមានដាក់បំរាមនៅកន្លែងនោះហើយ។ គេមិនបំរាមទូទៅទេ កន្លែងខ្លះទីសក្ការៈ។ ឧទាហរណ៍ ទេសចរដើរកន្លែងផ្សេងស្លៀកខោខ្លី ពាក់អាវវាលខែក្តៅបាន ប៉ុន្តែចូលដល់កន្លែងប្រាសាទហ្នឹង គឺសុំយកអីគ្របព្រោះទាក់ទងជាទីសក្ការៈ។ សូមគោរពតាមហ្នឹង។ តែយើងមិនហាមឬតម្រូវឱ្យសុំច្បាប់អីទេ។ សូមលក្ខខណ្ឌតែប៉ុណ្ណឹងទេ។
ល្ងាចនេះ ដែលខ្ញុំជូនព័ត៌មាន ជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នៅទីនេះ ប៉ុន្តែសំខាន់បំផុតប្រហែលជា ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ា មិនមែនជាអ្នកទៅថត Pre-wedding ទៀតទេ។ ប្រហែលជាមានចៅអស់ហើយ។ តែអាច Pre-wedding បាន។ ខ្ញុំឧស្សាហ៍ឃើញអ៊ំៗ ខ្លះគាត់ទៅថត wedding វិញតើ។ គាត់ថាកាល ប៉ុល ពត ការឱ្យ មានបានថតការឯណា ឥឡូវស្លៀកពាក់ការម្តង។ ទៅថត Background នៅអង្គរវត្ត។ អញ្ចឹងគឺយើងនឹងសម្រួលបែបនេះ។ ខ្ញុំឃើញបងប្អូនច្រើនណាស់ដែលមានស្មារតីស្រឡាញ់វប្បធម៌ ចង់ Promote។ សូមអញ្ជើញទៅថត ទៅរៀបចំឱ្យបានល្អយក Promote តាមលក្ខណៈឯកជន កុំឱ្យមានបញ្ហា កុំឱ្យមានការបារម្ភ។
សូមអរគុណទៅដល់អាជ្ញាធរអប្សរាដែលថា សម្តេចបើបានអញ្ចឹង ពួកខ្ញុំក៏ធូរដែរ ព្រោះកន្លងទៅពួកខ្ញុំអនុវត្តតាមគោលការណ៍ កន្លែងខ្លះរាងតឹងបន្តិច ខ្លាចពេក ព្រោះខ្លាចតែធ្វើមិនស្រួលអ្នកណាថតបង្ហោះមួយទៅស្រាប់តែចេញមកតាមហ្វេកប៊ុកគេជេរ។ គេថាអាជ្ញាធរអប្សរាឱ្យទៅធ្វើអញ្ចឹង។ វាប៉ះពាល់តម្លៃ។ បើយើងចេញគោលការណ៍បែបនេះ ពួកគាត់ក៏ស្រួល … ខ្ញុំសូមអរគុណសាជាថ្មីទៅដល់បងប្អូនទាំងអស់ ទៅដល់អាជ្ញាធរអប្សរា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយអាជ្ញាធរខេត្ត និងបងប្អូនយើងទាំងអស់ដែលបានចូលរួមនៅក្នុងការថែរក្សាវប្បធម៌ជាតិរបស់យើង។
(២១) ស្មារតីជាតិនិយមជាអាវុធមុខ ២
ពេលវេលាកាន់តែខើចហើយ ប៉ុន្ដែមានរឿងមួយដែលខ្ញុំត្រូវតែនិយាយ។ បើមិននិយាយមិនបាន។ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ប្រហែលជាបានជាដឹងហើយថា ខ្ញុំចង់និយាយពីអី? មានគេសួរថាហេតុអីក៏នាយករដ្ឋមន្រ្តីនៅស្ងៀមលើប្រធានបទនេះ? ប្រធានបទនេះ ពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចសង្គមនយោបាយ សន្តិសុខជាតិ ពាក់ព័ន្ធទៅនឹងអាជីវកម្ម ស្ថិរភាពរបស់ប្រទេស ពាក់ព័ន្ធទៅនឹងសុខសន្តិភាព និងចីរភាព នៃនិរន្តរភាព នៃសេដ្ឋកិច្ច និងការបង្រួបបង្រួមជាតិ បើមិនយកចិត្តទុកដាក់។ អ្វីដែលយើងដាក់ចេញគឺជាយន្តការថ្មី បន្ថែមទៅលើយន្តការនៅក្នុង ១១ខែនេះ ដែលបានដាក់នៅពេលដែលរាជរដ្ឋាភិបាលថ្មីជួយអន្តរាគមន៍វិស័យឯកជន …ប្រធានបទដែលខ្ញុំសូមលើកចុងក្រោយនេះ គឺ CLV-DTA … ការអភិវឌ្ឍតំបន់ត្រីកោណ។ សួរថា និយាយនៅវិស័យឯកជនសោះ ក៏ទៅលើកអីពីរឿងអភិវឌ្ឍ ៣ប្រទេស។ វាពាក់ព័ន្ធត្រង់ការអភិវឌ្ឍ ៣ប្រទេស គឺការលើកកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ឦសាន។ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ខ្ញុំបានឃើញថាប្រធានបទនេះត្រូវបានលើកយកមកធ្វើការបកស្រាយវែកញែក ដែលវាប៉ះពាល់ទៅដល់អារម្មណ៍ប្រជាពលរដ្ឋ គឺស្មារតីជាតិនិយម។ ស្មារតីជាតិនិយមយើងគ្រប់គ្នាត្រូវតែមាន។ បើសិនជាយើងគ្មានស្មារតីជាតិនិយមយើងគ្មានជាតិនោះទេ។ គ្មានអ្នកណាស្រឡាញ់ខ្មែរជាងខ្មែរនោះទេ។ ប៉ុន្តែ ស្មារតីជាតិនិយមជាអាវុធមុខ២។ បើស្មារតីជាតិនិយមប្រើប្រាស់នៅក្នុងទិសដៅត្រូវ វានឹងមានជួយឱ្យមានការឯកភាពជាតិ ថែរក្សា សន្តិសុខ ស្ថិរភាព នឹងការរួមគ្នាដើម្បីថែរក្សានូវនិរន្តរភាពនៃសន្តិភាពក្នុងប្រទេសរបស់យើង។ ប៉ុន្តែបើជាតិនិយមនៅក្នុងស្មារតីផ្សេងអាចនាំឱ្យមានការបែកបាក់។
(២២) កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ មិនធ្វើឱ្យបាត់បង់ទឹកដី ឬអធិបតេយ្យជាតិទេ
នេះជាកិច្ចការសំខាន់ ដែលបងប្អូនទាំងអស់ទាំងអ្នកនៅទីនេះទាំងអ្នកនៅផ្ទះ ទាំងអ្នកនៅក្រៅប្រទេសត្រូវស្វែងយល់ឱ្យបានច្បាស់ពីធាតុពិតនៃប្រធានបទនេះ។ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមបកស្រាយ និងសូមធានាជូនប្រជាពលរដ្ឋថា កម្មវិធី ឬមួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ នឹងមិនធ្វើឱ្យបាត់បង់ទឹកដី ឬអធិបតេយ្យជាតិរបស់យើងនោះទេ។ តើបានអីយកមកធានា? គឺអនាគតរបស់ខ្ញុំ អនាគតរបស់កូនចៅ ចៅលួតរបស់ខ្ញុំ។ ខ្ញុំទៅរៀននៅក្រៅប្រទេសរាប់ឆ្នាំ ម្តាយឪពុកខ្ញុំហាមដាច់ខាតមិនឱ្យយកសញ្ជាតិបរទេស ត្រូវតែមកស្រុកខ្មែរ។ គ្មានផែនការវេចបង្វេចនាំកូននាំចៅទៅក្រៅប្រទេសទេ។ អញ្ចឹងកូនខ្ញុំ ចៅខ្ញុំ ចៅទួតខ្ញុំ នឹងបន្តរស់នៅក្នុងទឹកដីកម្ពុជាដែលកាន់តែសម្បូរសប្បាយតទៅទៀត។ នេះគឺជាការធានារបស់ខ្ញុំ។
ក្នុងការវែកញែកកន្លងទៅនេះ សម្តេចតេជោ បានពន្យល់ម្តងហើយ ទាក់ទងទៅនឹងកិច្ចព្រមព្រៀង ហើយមន្ត្រីរបស់យើងក៏បានប្រជុំ។ ខ្ញុំសូមមិនយកពេលនេះទៅបកស្រាយខ្លឹមសារនោះទេ ហើយខ្លឹមសារនេះក្រសួងពាណិជ្ជកម្មក៏បានបង្ហោះជាសាធារណៈរួចទៅហើយ។ សម្តេចតេជោ បានស្នើសុំឱ្យក្រសួងបញ្ចេញ។ ខ្ញុំសួរថាមូលហេតុអីបានជាយឺតនៅក្នុងការបញ្ចេញ គឺដោយសារត្រូវបកប្រែពីភាសាអង់គ្លេសមកភាសាខ្មែរ ព្រោះពេលដែលចេញនោះ ចេញជាភាសាអង់គ្លេស។ បកជាភាសាខ្មែរឱ្យប្រជាជនបានដឹង ហើយបញ្ចេញទាំង២ ភាសាតែម្តង ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ដើម្បីកុំឱ្យថាយើងមានអីលាក់លៀម បង្ហាញនូវភាពស្មោះត្រង់ដាច់ខាតរបស់យើងចំពោះជាតិ … ថ្ងៃមិញ ខ្ញុំឃើញមន្ត្រីយើងធ្វើវេទិកាតុមូលជាមួយនឹងរាជបណ្ឌិត្យសភា ឯកឧត្តម សុខ ទូច ក៏បានបកស្រាយ ហើយអ្នកនាំពាក្យជាច្រើនក៏បានចេញមកពន្យល់។
(២៣) ពួកដឹងគ្រប់រឿង ពួកជំរុញសភាពការ និងពួកព្រួយបារម្ភពិត អំពីតំបន់ត្រីកោណអភិវឌ្ឍ
ខ្ញុំសូមលើកជ្រុងមួយនេះ។ មកដល់ម៉ោងនេះ ការបញ្ចេញមតិ និងការជំរុញលើប្រធានបទនេះ ជាពិសេសការជំរុញចលនាប្រឆាំង និងមិនគាំទ្រលើប្រធានបទនេះ នៅបន្ត។ ខ្ញុំសង្កេតឃើញមាន ៣ក្រុម៖
ក្រុមទី១ ជាក្រុមដែលតាំងខ្លួនជាអ្នកដឹងគ្រប់រឿង បូកជាមួយក្រុមនយោបាយមួយចំនួន ដែលមានគោលបំណងដាក់ចេញកាលវិភាគមួយចំនួនរុញសភាពការណ៍ឱ្យប្រជាជនមិនយល់ ហើយថែមទាំងបំផុសឱ្យមានការក្រោកឈរឡើង។ អ្នកទាំងអស់នេះ មានប្រហែល ០,៥%។ យើងថា ០,១% ចុះ។
ក្រុមទី២ ជាក្រុមដែលចង់រុញសភាពការណ៍ឱ្យជ្រុល ជាអ្នករៀបចំចាត់តាំងប្រមូលគ្នាដឹកនាំធ្វើបាតុកម្មប្រឆាំងនៅកម្ពុជា ដោយសារបានឃើញរូបមន្តនៅបង់ក្លាដេស។ អ្នកនេះប្រហែលជាមាន ០,១ ទៅ ០,៥% ទេយ៉ាងច្រើន។ ខ្ញុំថា ០,១% ចុះ។ ២ក្រុមនេះ បូកទៅតែ ០,២% ទេ។
ក្រុមទី៣ គឺប្រជាពលរដ្ឋ ៩៩,៨% ជាអ្នកដែលព្រួយបារម្ភពិតប្រាកដ។ ទោះបីជាគាត់មានទស្សនៈមិនគាំទ្រ មិនទាន់យល់ទៅលើគម្រោងនេះ ប៉ុន្តែគាត់គ្មានចេតនាអីដុតប្រទេស ឬកេងចំណេញនយោបាយនោះទេ។ ខ្ញុំឃើញប្រជាពលរដ្ឋ ៩៩,៨% នេះបញ្ចេញមតិ ដែលពេលខ្លះគាត់គ្រោតគ្រាត ពេលខ្លះអី ប៉ុន្តែចេញពីអារម្មណ៍បារម្ភទាំងអស់។ នេះគឺជាអ្វីដែលខ្ញុំសូមបញ្ជាក់ជូននៅថ្ងៃនេះ។
ចំពោះក្រុមទី១ ដែលតាំងខ្លួនជាអ្នកដឹងគ្រប់រឿង ដឹងគ្រប់ពេល ដែលខ្ញុំឧស្សាហ៍ថា វិះដុតផ្ទះខ្ញុំម្តង។ ដោយសារគេចេញមកថាព័ត៌មានច្បាស់ការថា នៅអាមេរិកខ្ញុំទារពុកការប្រពន្ធអាមេរិកាំង។ វិះប្រពន្ធខ្ញុំរករឿង។ គេយករឿងភរបែបនេះ បូកជាមួយអ្នកនយោបាយមួយចំនួន ដុតបែបនេះ ហើយបំផុសចុងក្រោយថាងើបឈរទៅ … ត្រូវតែបះបោរ។ ខ្ញុំសូមសួរតែមួយម៉ាត់ទេជូនទៅអ្នកវិភាគ អ្នកដែលដឹងច្បាស់លាស់ហេតុការណ៍ អ្នកវិភាគទាំងអ្នកអត់សក់ រហូតទៅដល់អ្នកសក់វែងដូចស្រី ដែលដឹងទាំងអស់ ដែលតែងតែងអួតថាខ្លួនដឹងទាំងអស់ ហេតុអីបាន ២៥ឆ្នាំ ទើបតែងើបពីដេក? បើសិនជាខ្លួនដឹងពិតប្រាកដ ចេះទាយពិតប្រាកដ ចេះមើលពិតប្រាកដ គួរតែចេញតាំងពីឆ្នាំ ១៩៩៩ ឯណោះ។ កិច្ចប្រជុំនេះ គេធ្វើជាចំហតាំងពីឆ្នាំ ១៩៩៩ មក។ ប្រហែលជាអ្នកមិនដឹង មិនយល់ ឬមួយក៏មិនមែនជារឿង(ដែលហុចប្រយោជន៍)? អ្នកទាំងអស់នេះ បើសិនស្អីជារឿង(ហុចប្រយោជន៍)គាត់ចេញហើយ។ ប៉ុន្តែប្រហែលជាឆ្លៀតឱកាសដើម្បីរុញសភាពការណ៍។ ហេតុអីបានជា ២៥ឆ្នាំហើយ មិនចេញ? ទើបតែងើបពីដេក? ឬមួយក៏ឆ្លៀតឱកាសដុតឱ្យខ្លោចរោលឱ្យឆៅ? នេះគឺក្រុមទី ១។
ក្រុមទី២ គឺក្រុមអ្នកចង់ឆ្លៀតឱកាសយកអារម្មណ៍របស់ប្រជាពលរដ្ឋ រុញបន្ថែម ធ្វើសកម្មភាពបន្ថែម មិនត្រឹមតែធ្វើការបញ្ចេញមតិទេ ប៉ុន្តែឈានទៅដល់ការប្រមូលផ្ដុំកម្លាំងធ្វើបាតុកម្មបះបោរ។ យករូបមន្តបង់ក្លាដែស។ ថ្ងៃមុនឃើញ Group មួយខាងសន្តិសុខបញ្ជូនមកឱ្យគឺក្រុមនេះសុទ្ធតែសុខចិត្តស្លាប់ ដល់ម៉ោងត្រូវតែងើបឈរ។ សុទ្ធតែស្ម័គ្រស្លាប់។ រូបមន្តនៅបង់ក្លាដែសដែលដុតប្រទេសមិនទាន់ឈប់ផង។ ចង់រុញសភាពការណ៍នេះទៅណា? តើចង់បានអី? កុំយកស្មារតីព្រួយបារម្ភរឿងជាតិរបស់ប្រជាពលរដ្ឋ ៩៩,៨% រុញគាត់ចូលគាត់ទៅក្នុងសកម្មភាពដែលធ្វើឱ្យខាតទាំងអស់គ្នា។ ៩៩,៨%នេះ មិនមែន ៩៨,៨%ទូទាំងប្រទេសទេ។ ខ្ញុំនិយាយក្នុងចំណោមអ្នកដែលបញ្ចេញអារម្មណ៍មិនទាន់កក់ក្ដៅជាមួយនឹងគម្រោងនេះ។ ក្នុងចំណោមហ្នឹង ៩៩,៨%នេះនៅក្នុងចំណោមអ្នកដែលមិនគាំទ្រ អ្នកដែលនៅប្រឆាំង។ ប្រជាពលរដ្ឋជាច្រើនទូទាំងប្រទេសយល់ហើយ សម្ដេចតេជោបានចេញមកពន្យល់រួចទៅហើយ។ សល់អ្នកមួយចំនួន …។
(២៤) បើរាជរដ្ឋាភិបាលចាត់វិធានការមិនឱ្យមានការបង្កអស្ថេរភាពសង្គម សូមកុំចោទរដ្ឋាភិបាលថាផ្ដាច់ការ
តើអស់លោកមានដឹងទេ? ស្អីទៅដែលកើតនៅបង់ក្លាដែស? លោកចង់បង្កើតបែបនេះ តើអស់លោកមានសួរប្រជាពលរដ្ឋ ២លាននាក់នៅភ្នំពេញទេ។ ចង់បានឬអត់? តើអ្នកដែលរុញសភាពការណ៍នេះនៅបង់ក្លាដែស មានសួរអ្នក ១០លាននាក់ដែលរស់នៅទីក្រុង Dhaka ទេ ថាតើគេចង់ឱ្យមានសភាពការបែបនេះឬអត់? ដុតរាល់ថ្ងៃ។ អត់មានអ្នកណាហ៊ានទៅ ទេសចរលែងទៅ គេពិបាករស់នៅ។ មានសួរគេទេ។ មានសួរគ្រួសាររបស់អ្នកជាង២០០នាក់ ដែលស្លាប់ទេ? បាតុកម្មដែលចេញពីអហិង្សាប្រែក្លាយទៅហិង្សាស្លាប់ជាង ២០០នាក់ ដែលប្រហែលជា ២ឬ ៣សប្ដាហ៍មុន អ្នកទាំងអស់ហ្នឹងនៅជាមួយគ្រួសារសោះ។ តើចង់ឱ្យប៉ុន្មាននាក់នៅភ្នំពេញទៅបែបនេះ? សួរប្រជាពលរដ្ឋនៅភ្នំពេញ តើចង់ឱ្យរូបភាពដូច ២០១៣ ដែលបាតុកម្មដុតរាល់ថ្ងៃកើតមាននៅភ្នំពេញទៀតទេ? ដោយសារប្រធានបទនេះ ដោយសារការព្រួយបារម្ភនេះ… ខ្ញុំជឿថាប្រជាពលរដ្ឋធម្មតា ទាំងអ្នកមានការព្រួយបារម្ភមិនគាំទ្រគម្រោងនេះ គេមិនចង់ឱ្យប្រទេសដុតទេ។
មើលនៅបង់ក្លាដែសទៅ។ មិនទាន់ចប់ផង។ ដំបូងឡើយ ចាប់ផ្ដើមពីប្រធានបទចង់សុំដកកូតា។ ដល់ឥឡូវតុលាការកំពូលដក ហើយកូតាហ្នឹង។ ឥឡូវគាត់នាំគ្នាចាប់ឱកាស នាំគ្នាទៅបាតុកម្មរឿងផ្សេង។ សួរថាទៅមុខអាចមានហិង្សាឡើងវិញ ឬអត់? យើងមិនដឹងទេ តែខ្ញុំមិនចង់ឱ្យស្ថានភាពបែបនេះកើតមាននៅកម្ពុជាទេ។ ថ្ងៃនេះមានទូតផង។ បើសិនជារាជរដ្ឋាភិបាលចាត់វិធានការមិនឱ្យអ្នកដែលប៉ុនប៉ងធ្វើសកម្មភាពបែបនេះ តាមរយៈការអនុវត្តច្បាប់ទៅលើអ្នកប៉ុនប៉ងដុតប្រទេស រុញបាតុកម្មនៅកម្ពុជាឱ្យទៅដូចនៅបង់ក្លាដែស សូមកុំចោទរដ្ឋាភិបាលថាផ្ដាច់ការ។ វាគ្មានអីក្រៅពីការពារមិនឱ្យអស្ថិរភាពកើតមាននៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅទីក្រុងភ្នំពេញនេះទេ។ មិនអាចឱ្យមនុស្សរាប់លាននាក់ជាជនរងគ្រោះនៃការចាប់ផ្ដើមរបស់មនុស្សមួយក្ដាប់តូចទេ។
បាតុកម្មនៅ Dhaka បានកើតឡើងដោយសារមនុស្សមួយចំនួនតូច។ ប៉ុន្តែស្លាប់ជាង ២០០នាក់ និងរបួសរាប់ពាន់នាក់។ តើអ្នករងការប៉ះពាល់សេដ្ឋកិច្ចមានប៉ុន្មាន? សួរថាទេសចរដែលរៀបជិះយន្តហោះទៅលេង Dhaka នៅបង់ក្លាដែស ប៉ុន្មាននាក់ដែលលុបទស្សនកិច្ចនៅទីនោះ? សួរថាវិនិយោគប៉ុន្មានដែលព្រួយពីស្ថានភាពលំនឹងនៅទីនោះ? តើវាប៉ះពាល់រាប់លាននាក់ទៀតទេ? ហេតុនេះ នៅកម្ពុជាយើងមិនអាចឱ្យស្ថានភាពបែបនេះកើតមានទេ។ កម្ពុជាធ្លាប់ឆ្លងកាត់ហើយ។ ទីក្រុងភ្នំពេញធ្លាប់ភ្លក់រសជាតិហើយ។ ការធ្វើបាតុកម្មឈានទៅដល់ហិង្សានិងភាពអនាធិបតេយ្យធ្វើឱ្យប៉ះពាល់អាជីវកម្មបងប្អូនបែបណា? ឥឡូវសេដ្ឋកិច្ចយើងមិនទាន់ងើបឡើងវិញស្រួលផង។ បើសិនជាថែមរឿងហ្នឹងមួយទៀត តើក្រពះរបស់បងប្អូនប្រជាពលរដ្ឋយើង មិនថាតែឧកញ៉ានៅទីនេះ សូម្បីតែប្រជាពលរដ្ឋដែលលក់ដូរ រត់កង់បី ក៏នឹងត្រូវប៉ះពាល់ដែរ។ រាជរដ្ឋាភិបាលត្រូវតែការពារបង្កាមិនឱ្យស្ថានភាពនេះកើតឡើង ដើម្បីការពារជីវភាពរស់នៅប្រជាពលរដ្ឋ ពិសេសអ្នករស់នៅទីក្រុងភ្នំពេញមុនគេ …។
(២៥) អ្នកមិនទាន់យល់អាចតវ៉ាបញ្ចេញមតិ តែសូមកុំចូលរួមធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គមក្នុងចេតនាផ្សេង
អ្នកប្រភេទី២ សូមកុំសាកល្បងចងក្រង Group បំផុសគ្នា សុទ្ធតែកណ្ដាប់ដៃ ចង់ប្រមូលគ្នា សុទ្ធតែស្ម័គ្រស្លាប់។ កុំ។ ខ្ញុំមើលអ្នកដែលស្លាប់នៅក្នុង ២០០នាក់ជាងនៅបង់ក្លាដែសប្រហែលមិនមែនសុទ្ធតែជាអ្នកដែលផ្ដួចផ្ដើមបាតុកម្មទេ។ អ្នកដែលចូលរួម អ្នកដែលគេអូសទាញទៅ អ្នកដែលអត់ដឹងអីសោះកន្លែងខ្លះ។ ទាំងសមត្ថកិច្ច បូកចូលគ្នា។ តែប៉ះពាល់ធំបំផុតគឺសេដ្ឋកិច្ចជាតិនិងសង្គម និងរូបភាពប្រទេស។ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានប្រកាសហើយ យើងត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាពកុំឱ្យស្ថានភាពបែបនេះកើត។ សូមកុំឆ្លៀតឱកាស កេងចំណេញពីការព្រួយបារម្ភរបស់អ្នកដែលព្រួយបារម្ភពិតប្រាកដពីរឿងនេះ។ ប្រជាជនជាច្រើនគាត់បានយល់ហើយ ប៉ុន្តែនៅមានអ្នកខ្លះមិនទាន់យល់។ ក្នុងចំណោមអ្នកមិនទាន់យល់នេះ ជាង៩៩,៨%គាត់ព្រួយបារម្ភដោយស្មារតីស្រលាញ់ជាតិទេ។ គាត់តវ៉ាបញ្ចេញមតិ តែគ្មានចេតនាដុតប្រទេស រុញឱ្យជ្រុលនោះទេ។ ខ្ញុំសូមឱ្យបងប្អូនទាំងអស់បន្តចូលរួមបញ្ចេញមតិរបស់ខ្លួន ប៉ុន្តែថែរក្សាអភិក្រមបញ្ចេញមតិកុំឱ្យចូលរួមនៅក្នុងសកម្មភាពអីដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម ហើយកុំឱ្យដូចមានស្ថានភាពនៅប្រទេសបង់ក្លាដែសដែលកំពុងកើតឡើង នៅក្នុងទីក្រុងភ្នំពេញនៅក្នុងពេលនេះ។ នេះគឺជាការអំពាវនាវឱ្យបងប្អូនទាំងអស់ សិទ្ធិបងប្អូនបញ្ចេញមតិទៅអត់បញ្ហាយើងចេះជជែកគ្នាជាសិទ្ធិ តែកុំបំភ្លៃកុំនាំដុតនៅក្នុងចេតនាផ្សេង។
(២៦) ខេត្ត ៤ ក្នុងតំបន់ត្រីកោណអភិវឌ្ឍកាន់តែរឹងមាំ ក្នុងរយៈពេល ២៥ ឆ្នាំមកនេះ
ឥឡូវ ខ្ញុំសូមបញ្ជាក់ទៅបងប្អូនភាគច្រើនលើសលប់ដែលនៅព្រួយបារម្ភ។ ខ្ញុំមើលទៅពួកគាត់ព្រួយបារម្ភតែ ២ទេ។ ទីមួយគឺការបាត់បង់ទឹកដី និងទីពីរបាត់បង់អធិបតេយ្យភាព។ មានការគិតថាចូល ៤ខេត្តនេះគឺនឹងកាត់ដីទៅឱ្យគេ។ មិនមានទេ។ ខ្ញុំសូមបញ្ជាក់ថា ក៏លើកឡើងថាកិច្ចព្រមព្រៀងចំនួន ៥ សម្រាប់កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ មិនមានកិច្ចព្រមព្រៀងណា ដែលនិយាយអំពីបញ្ហាព្រំដែន ឬនិយាយអំពីបញ្ហាការកាត់ដីឱ្យប្រទេសណា ឬមួយដោះដូរដីនោះទេ។ សម្ដេចតេជោបានបញ្ជាក់ហើយ។ បើមិនច្បាស់មើលឯកសារហ្នឹងទៅ។ ក្រសួងពាណិជ្ជកម្មបានបញ្ចេញហើយ។ សូមបងប្អូនអ្នកស្រាវជ្រាវមើលឱ្យបានច្បាស់។ គ្មានកិច្ចព្រមព្រៀងណាដែលចរចាពីការកាត់ដី ៤ខេត្ត ឬដោះដូរដីឱ្យប្រទេសណាមួយនោះទេ។ នេះគឺជាការពិត។ សូមមានភាពជឿជាក់។ ទីពីរ ខ្ញុំសូមបញ្ជាក់ពីការបោះបង្គោលព្រំដែន … ដោយសារបច្ចុប្បន្នមិនមាន អញ្ចឹងគេមិនអាចឱ្យប្រជាពលរដ្ឋជឿអ្វីក្នុងបច្ចុប្បន្នទេ។ គេឱ្យជឿថាអនាគត៥០ឆ្នាំទៀតនឹងបាត់ហើយ។ ១០០ឆ្នាំទៀតបាត់ហើយ។ ខ្ញុំសូមឱ្យមើលថា រឿងនេះវាមិនមែនរឿងថ្មីទេ។ ២៥ ឆ្នាំហើយ។ យើងអាចមានលទ្ធផលខ្លះមកបញ្ជាក់បាន។
តើសមិទ្ធកម្មនៅលើដីនេះ វាបញ្ជាក់អំពីចេតនានៃការឈានចូលដល់ការយកដីយើងទេ។ ឥឡូវយើងគិតគូរអញ្ចេះ បើចង់បានខេត្ត ៤ហ្នឹងគេត្រូវធ្វើម៉េច? ខ្ញុំសាកល្បងមួយ យកឧទាហរណ៍ថាចង់បានបន្ទាយទាហានមួយដែលយើងវាយយក។ មានកម្លាំងការពារនៅក្នុងនោះ។ ដើម្បីឈានដល់ការវាយយកទីតាំងហ្នឹង ទីមួយត្រូវហ៊ុមព័ទ្ធកន្លែងហ្នឹង កាត់ស្បៀងកុំឱ្យមាន អោយទន់ខ្សោយ។ ទីពីរវាយកាំភ្លើងធំ កាំភ្លើងអីឱ្យស្លាប់មនុស្សកាន់តែអស់ឬមួយឱ្យរត់ចេញពីហ្នឹងឱ្យអស់ ដើម្បីងាយស្រួលចូលយក កុំឱ្យកន្លែងហ្នឹងខ្លាំង ទប់កុំឱ្យគេថែមទ័ពមកទៀត … ហ្នឹងជំហានមួយដែលត្រូវយក។ បើប្រទេសជិតខាងចង់បាន ៤ខេត្តរបស់យើង នៅក្នុង៥០ឆ្នាំទៀត។ អញ្ចឹង ២៥ឆ្នាំនេះ តាំងពីឆ្នាំ១៩៩៩ ប្រហែលជាសមិទ្ធកម្មលើដីឃើញអញ្ចឹងហើយ។ ប្រហែលជាប្រទេសយើងតាំងពីឆ្នាំ១៩៩៩ កាន់តែថយហើយ ក្នុង ៤ខេត្តហ្នឹង ប្រជាជនកាន់តែវេទនាទៅ កាន់តែខ្សត់ទៅហើយ។ គ្មានស្អីរីកចំរើនទេ ព្រោះបន្តិចទៀតដល់វាអស់ទៅចប់។ ផ្លូវអត់មានតភ្ជាប់មកក្នុងទេ ប្រហែលជាតភ្ជាប់ទៅខាងប្រទេសផ្សេងហើយដើម្បីគេងាយយក … សូមយកភស្តុតាងជាក់ស្ដែងមកជំរាបតែម្ដង។ តើក្នុង២៥ឆ្នាំនេះ យើងបានរៀបនិងអនុវត្តផែនការបន្តិចម្ដងៗដើម្បីឱ្យខេត្តនេះអស់ខ្មែរ ស្រួលឱ្យទៅគេ? លទ្ធផលជាក់ស្ដែងវាមិនមែនអញ្ចឹង។ លទ្ធផលជាក់ស្ដែងគឺខេត្ត ៤នេះកាន់តែរឹងមាំដែលគេពិបាកយក។ បើចង់ឱ្យក៏មិនកើត។
(២៧) ការបោះបង្គោលព្រំដែនរាប់រយ ជាការបញ្ជាក់ព្រំដែនប្រទេស និងដើម្បីការពារទឹកដី
យើងមើលនៅក្នុងការអភិវឌ្ឍព្រំដែន។ ទី១ ការបោះបង្គោលព្រំដែនត្រូវធ្វើឱ្យច្បាស់។ ហេតុអីបានជាយើងត្រូវធ្វើឱ្យច្បាស់? បង្គោលព្រំដែនពីមុនមក នៅក្នុងខេត្តទាំង៤នេះ ជាមួយវៀតណាមទៅដល់កន្ទុយនាគ អត់មានទេ។ បង្គោលព្រំដែនដែលមានពីមុន គឺមានតែពីកំពតទៅកំពង់ចាមទេ ជាមួយកូសាំងស៊ីន។ ដល់ពីកំពង់ចាមទៅដល់កន្ទុយនាគ ខេត្តរតនគិរី គឺអត់ដែលមានព្រំដែនទេ គឺព្រំដែនរដ្ឋបាល។ ព្រំដែនកម្ពុជា ជាមួយអាណ្ណាមអត់មានទេ។ យើងបានបោះបង្គោលព្រំដែនពីឆ្នាំ ២០០៧មក។ ហេតុអី? បើយើងចង់ឱ្យខេត្ត ៤នេះទៅ យើងមិនចាំបាច់បោះបង្គោលធ្វើអី?ធ្វើមិនដឹងទៅ។ យើងបោះបង្គោលដើម្បីកំណត់ព្រំរវាងប្រទេសនិងប្រទេស។ នៅក្នុងរយៈពេល ២៥ឆ្នាំនេះ នៅខេត្តក្រចេះពីឆ្នាំ ២០០៦-២០១៨ យើងបោះចប់។ ២០១៨ យើងបានបោះបង្គោលមេចំនួន ១១ និងបោះបង្គោលព្រំដែនបំពេញចំនួន ១៤៤។ នៅខេត្តមណ្ឌលគិរី ឆ្នាំ២០០៧-២០១៨ យើងបោះបង្គោលមេចំនួន ៣៥ និងបោះបង្គោលបំពេញបន្ថែមចំនួន ៣៧៥ និងបោះបង្គោលតម្រុយចំនួន ១១ បង្គោល។ នៅខេត្តរតនគិរី បោះបង្គោលមេ ៤០ បោះបង្គោលបន្ថែម ១៥៣ និងបោះបង្គោលតម្រុយ ៤។ បង្គោលរាប់រយដែលបានបោះនេះគឺបានបញ្ជាក់អំពីសុឆន្ទៈរបស់យើងច្បាស់ថា យើងចង់បញ្ជាក់ថាព្រំដែនប្រទេសយើងនៅទីណា មិនមែនដូចគេគិតថាចង់លើកខេត្តនេះទៅឱ្យប្រទេសជិតខាងនោះទេ។ បងប្អូនជឿទុកចិត្តចុះ យើងធ្វើការកំណត់ព្រំដែនដីរបស់យើងនេះដើម្បីអនាគតវែងឆ្ងាយដើម្បីយើងស្រួលការពារដីរបស់យើង។
(២៨) រុញការអភិវឌ្ឍទៅព្រំដែន បន្ទាប់ពីបោះបង្គោល ដើម្បីការពារព្រំដែនបានដោយចីរភាព
មិនត្រឹមតែធ្វើព្រំដែននោះទេ ដើម្បីការពារប្រទេសបូរណភាពទឹកដី និងព្រំដែនដ៏រឹងមាំ ថ្ងៃមុនខ្ញុំបានបញ្ចេញសារ ខឿនការពារជាតិរបស់ប្រជាជន។ កាលពីខ្ញុំនៅជាមេទ័ពជើងគោក ខ្ញុំដើរធ្វើលេណដ្ឋាននៅតាមព្រំដែន។ គ្មានកន្លែងណាដែលខ្ញុំឱ្យដករំកិលលេណដ្ឋានថយទេ។ យើងឈរពង្រឹងព្រំដែនទាំងអស់។ ខ្ញុំទៅដល់អូអាល័យ អូតាង៉ាវ។ គ្រប់កន្លែងទាំងអស់។ ខ្ញុំចុះព្រំដែនខាងកើត ខាងជើង ខាងលិច ចុះទៅដល់តំបន់ដាច់ស្រយាល។ យ៉ាងណាក្តី កងទ័ពមិនមែនជាកម្លាំងដែលថែរក្សាសន្តិភាព ស្ថិរភាព និងបូរណភាពទឹកដីចីរភាពយូរអង្វែងនោះទេ។ យើងគ្មានកម្លាំងគ្រប់ ហើយវាក៏អត់មានផលប្រយោជន៍អីដែរ។ យើងកំពុងតែដំណើរការដោះមីនតាមព្រំដែន ដើម្បីយើងបើកច្រកអន្តរជាតិ។ គោលនយោបាយរបស់រាជរដ្ឋាភិបាលគឺរុញការអភិវឌ្ឍទៅព្រំដែនបន្ទាប់ពីយើងបោះបង្គោលព្រំដែនហើយ នេះគឺជាអ្វីដែលការពារព្រំដែនបានចីរភាព។ ប្រជាជនគាត់នៅទីនោះគាត់ដឹងព្រំស្រែគាត់នៅឯណា គាត់ដឹងជាប្រចាំថាដីនៅឯណា។
តាមហ្វេសប៊ុក បងប្អូនបានខម្មិនថា “បងអើយធ្វើរបងតែម្ដងទៅឱ្យវាដាច់ស្រេច។ ធ្វើរបងតែម្ដងទៅប៉ុន្មានរយគីឡូហ្នឹង”។ ខ្ញុំថាធ្វើរបងចង់ធ្វើ ១០០ម៉ែត្រឡើងលើក៏មិនប្រសិទ្ធភាពដែរ។ នៅអ៊ីស្រាអែលធ្វើរបងជាមួយប៉ាឡេស្ទីន នៅតែមានមនុស្សចេញចូល … ប្រទេសមហាអំណាចក៏មិនអាចធ្វើដែរ។ អញ្ចឹងមានតែធ្វើនយោបាយប្រជាពលរដ្ឋនោះទេ។ សួរថា ២៥ឆ្នាំនេះ តើនយោបាយប្រជាពលរដ្ឋបានធ្វើដូចផែនការយើងទេ ឬមួយក៏ទុកតំបន់ហ្នឹងអោយដាច់ស្រយាលមិនអភិវឌ្ឍន៍ ទុកឱកាសអោយគេចូលមកយកថ្ងៃក្រោយ? តើយើងដេញប្រជាពលរដ្ឋដែលមានប៉ុន្មាននៅព្រំដែនចេញពីព្រំដែនឬ? ខ្ញុំសូមបញ្ជាក់ថា ក្រោយពីការបោះបង្គោលព្រំដែននេះ យើងមិនត្រឹមតែបានធ្វើផ្លូវជាតិលេខ៧ តភ្ជាប់លេខ៧៦ បើកភ្ជាប់ជាមួយរតនគិរី, មណ្ឌលគិរីនោះទេ តែយើងបានធ្វើផ្លូវតាមក្រវ៉ាត់ព្រំដែនទៀតផង។ យើងបានធ្វើផ្លូវតាមព្រំដែនខាងកើត ខាងជើង និងខាងលិច ចូលពាន់គីឡូ។ ខ្ញុំរាប់តែ ៣ខេត្តទេ … នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ យើងបានធ្វើផ្លូវក្រវ៉ាត់ព្រំដែន ៧៨គីឡូម៉ែត្រចប់ទាំងស្រុង។ មណ្ឌលគិរី យើងបានធ្វើ ១៥៥គីឡូម៉ែត្រ លើ ៣១៩គីឡូម៉ែត្រ។ យើងនឹងបន្តធ្វើទៅខាងមុខឱ្យចប់។ នៅរតនគិរី យើងបានធ្វើ ៨៩គីឡូម៉ែត្រ លើ ២២០គីឡូម៉ែត្រ។ យើងបន្តធ្វើតទៅទៀត។ ខ្ញុំបានចារគោលការណ៍ជូនឯកឧត្តម ក្វាន់ សៀម ដើម្បីបន្តធ្វើឱ្យដល់កន្ទុយនាគខេត្តរតនគិរីតែម្ដង …។
(៣០) គោលនយោបាយខឿនការពារជាតិប្រជាជន តភ្ជាប់ក្រចេះ មណ្ឌលគិរី រតនគិរី តាមបណ្ដោយព្រំដែន
សូមឱ្យបងប្អូនជិះឡានទៅមើល។ ម្សិលម៉្ងៃមួយ ខ្ញុំបានជិះទៅមើលព្រំដែន។ កាលខ្ញុំនៅកងទ័ព ខ្ញុំជិះទៅជាប្រចាំតាំងពីមិនទាន់ធ្វើផ្លូវ។ ថ្ងៃមុន ខ្ញុំទៅមើលស្ថានភាពឡើងវិញ។ ខ្ញុំចង់ជិះមើលស្ថានភាពប្រជាពលរដ្ឋ តើគាត់ធ្វើអីខ្លះ អាជីវកម្មនៅទីនោះ។ អ្នកខ្លះប្រាប់ថា ខ្ញុំជិះឡានម៉ាស៊ីនត្រជាក់ទៅមើលព្រំដែន។ ចុះមានអ្នកណាជិះរទេះសេះសម័យឥឡូវ … ពូម្នាក់ប្រាប់ខ្ញុំថា ឡានក្មួយជិះននេះឡានវីរៈប៊ុនថាំយករត់ហ្នឹង។ ជិះអាហ្នឹងទៅមើល។ ខ្ញុំចុះមើលជាមួយប្រជាពលរដ្ឋដែរ។ ចុះជួបជាមួយគាត់។ គាត់កំពុងដកដំឡូង។ ចុះទៅជួបអ្នកបង់ត្រី … គាត់មានដី២ហិកតា។ មួយហិកតាកៅស៊ូ និងមួយហិកតាទៀតស្វាយចន្ទី។ គាត់ចេះធ្វើពិពិធកម្មសេដ្ឋកិច្ចទៀត។ គាត់ថាក្រែងមួយធ្លាក់ថ្លៃ បានមួយនៅ។ កៅស៊ូបានជៀរជ័រ ឆ្នាំនេះឡើងថ្លៃ … គាត់គ្រាន់តែជាគ្រួសារមួយក្នុងចំណោមគ្រួសាររាប់រយ រាប់ពាន់នៅព្រំដែន ក្រោយពីយើងធ្វើផ្លូវតាមព្រំដែន … គាត់ថា កាលពីមិនទាន់ធ្វើផ្លូវ បើចង់ទៅភូមិក្បែរហ្នឹង គាត់ត្រូវឆ្លងទៅខាងវៀតណាម ហើយបានចេញមកកម្ពុជាវិញ។ ឥឡូវយើងធ្វើផ្លូវបានតភ្ជាប់គ្នា។ ប្រជាពលរដ្ឋយើងនៅក្នុងខេត្តក្រចេះ មណ្ឌលគិរី រតនគិរី អាចតភ្ជាប់គ្នាតាមបណ្ដោយព្រំដែន។ នេះគឺជាគោលនយោបាយនៅក្នុងការការពារទឹកដី ខឿនការពារជាតិរបស់ប្រជាជន …។
(៣១) ដាំបង្គោលភ្លោះដើរតាមខ្សែទឹកនៅព្រំដែនជាមួយវៀតណាមនិងជាមួយឡាវ
យប់មិញ ខ្ញុំបានឃើញគេលើកយកការបោះបង្គោលមួយមកស្រែក … មានម្នាក់គាត់ទៅថតបង្ហោះបង្គោលព្រំដែនមួយនៅកោះធំ។ បង្គោលព្រំដែនដែលបែងចែកផ្លូវទឹក គឺយើងដើរតាមផ្លូវទឹក ដើរតាមផ្លូវទន្លេ កន្លែងណាមានទន្លេ។ កាលពីជំនាន់បារាំង មុនគេបោះបង្គោលលើច្រាំង ឧទាហរណ៍ថាបោះបង្គោលលើច្រាំងកម្ពុជា កម្ពុជាចង់ចុះទឹកទាល់តែទៅសុំវៀតណាម។ បោះបង្គោលលើច្រាំងវៀតណាម បើវៀតណាមចង់ចុះទឹកទាល់តែសុំកម្ពុជា។ សម្ដេចតេជោ បានចរចាជាមួយវៀតណាមថា ឥឡូវកុំឱ្យលំបាកប្រជាជនទាំងសងខាង កន្លែងណាដែលបោះបង្គោលលើច្រាំងគឺយើងយកតាមខ្សែទឹក គឺយកបង្គោលព្រំដែនយកទៅដាក់នៅកណ្ដាលទឹកតែម្ដង។
នេះគឺជាខ្សែព្រំដែន។ ប៉ុន្តែយើងមិនអាចធ្វើបង្គោលនៅកណ្ដាលទឹកបានទេ។ អញ្ចឹងមានតែធ្វើបង្គោលភ្លោះ។ អញ្ចឹងហើយបានជាមានបង្គោលនៅស្រុកកោះធំ ដូច ២៤៥ មានលេខ១។ អញ្ចឹងមានបង្គោល ២៤៥ លេខ២ នៅខាងវៀតណាម។ អញ្ចឹងបានន័យថា បង្គោលនេះ ជានិមិត្តរូប។ បានន័យថាខ្សែព្រំដែននៅកណ្ដាលទឹកតែម្ដង។ យើងទើបតែចរចាជាមួយនឹងឡាវ បានឯកភាពគ្នាពីដើមឆ្នាំទៅ។ ឯកឧត្តម ឡាំ ជា ទើបតែទៅនោះ បានឯកភាពគ្នាដើម្បីជំរុញការដើរតាមខ្សែទឹកនៅព្រំដែនឡាវជាមួយនឹងយើងដែរ ដើម្បីប្រជាជនដែលរស់នៅព្រំដែន កុំឱ្យពិបាកសុំគ្នាទៅវិញទៅមកពេលចុះទឹក គឺប្រើប្រាស់ទឹករួម គឺពាក់កណ្ដាលម្នាក់ … នេះជា(គោលការណ៍នៃ)ការបោះបង្គោលព្រំដែន(នៅភូមិសាស្ត្រដែលមានខ្សែទឹក)។ អញ្ចឹងបងប្អូនអាចយល់ហើយ។
(៣២) ក្នុងរយៈពេល ២៥ ឆ្នាំ កំណើនប្រជាពលរដ្ឋនៅខេត្តទាំង ៤នាភាគឦសាន ឡើងដល់ជិត ១លាននាក់
ទី៣ ចំនួនប្រជាពលរដ្ឋ។ តើនៅក្នុងរយៈពេល ២៥ ឆ្នាំនេះ ប្រជាជននៅខេត្តទាំង ៤ថយឬទេ? ខ្ញុំឱ្យយកទិន្នន័យមក។ (ប្រជាជន)នៅខេត្តក្រចេះពីឆ្នាំ ១៩៩៨ មាន ២៦០ ០០០ នាក់។ ឥឡូវឡើងដល់ជាង ៤៤០ ០០០ នាក់ (គិតត្រឹម)ឆ្នាំ ២០២២ ទេ។ ស្ទឹងត្រែង ឆ្នាំ ១៩៩៩ មាន ៨១ ០០០ ឥឡូវឡើងដល់ ១៨០ ០០០នាក់។ រតនគិរីជាង ៩០ ០០០ នាក់ ឥឡូវឡើងដល់ជិត ២៣០ ០០០ នាក់។ មណ្ឌលគិរី ៣០ ០០០ នាក់ ឥឡូវឡើងដល់ ៩២ ០០០ នាក់។ សូមបញ្ជាក់ថានៅក្នុង ២៥ឆ្នាំនេះ តើ(ចំនួន)ពលរដ្ឋកម្ពុជាកាន់តែថយទៅ ដើម្បីទុកកន្លែងហ្នឹងឱ្យគេយក ឬមួយក៏ប្រជាជនកម្ពុជាកើន? ចម្លើយជាក់ស្ដែង គឺប្រជាពលរដ្ឋកើន តាំងពីជិតកន្លះលាននាក់ក្នុង ៤ខេត្តនេះ ទៅជិត ១លាននាក់។ នេះបង្ហាញថា បើអ្នកចង់បាន កាន់តែលំបាកហើយ។ បើសិនមានផែនការពីឆ្នាំ ១៩៩៩ មក ដើម្បីយកទឹកដីកម្ពុជាគិតក្នុងរង្វង់ ៥០ឆ្នាំចុះ ក្នុង ២៥ឆ្នាំដំបូងនេះ គេនឹងឃើញថា ចំនួនប្រជាជនកាន់តែថមថយទៅហើយ។ ផ្ទុយទៅវិញ កម្ពុជាកាន់តែខ្លាំងទៅក្នុងខេត្តទាំង ៤នេះ។ នេះបញ្ជាក់ថា រាជរដ្ឋាភិបាលនិងប្រជាជនយើង មិនមានចេតនាឱ្យខេត្តទាំង ៤នេះ ទៅអ្នកណាទេ។ ផ្ទុយទៅវិញ ត្រូវតែខិតខំបង្កើតសក្ដានុពលសេដ្ឋកិច្ចរបស់ខេត្តទាំង ៤ ដែលជាខេត្តភាគឦសានរបស់យើង ដើម្បីបង្កើនកំណើនឱ្យតភ្ជាប់ និងខិតឱ្យកៀកជាមួយកំណើននៃភាគផ្សេងទៀតនៃប្រទេសកម្ពុជា។ នេះជាគោលដៅធំបំផុតនៃកិច្ចព្រមព្រៀង និងការអភិវឌ្ឍ។
មើលតាមតួលេខនេះ បងប្អូនអាចមានភាពកក់ក្ដៅហើយ។ បើឱ្យប្រជាពលរដ្ឋ(កើន)កាន់តែច្រើន បានន័យថា ទោះបីជារាជរដ្ឋាភិបាលចង់(កាត់ខេត្តឱ្យគេក៏)ទៅមិនរួចទេ។ បើសិនជារដ្ឋាភិបាលគ្មានស្មារតីការពារអធិបតេយ្យជាតិ តើចាំបាច់ធ្វើផ្លូវព្រំដែនធ្វើអី។ ទុកកន្លែងដែលមិនធ្លាប់ភ្ជាប់មកផ្លូវជាតិចោលទៅ … ទុកឱ្យ(ប្រជាពលរដ្ឋ)វេទនាទៅ កុំឱ្យមានមនុស្សទៅ(រស់នៅបន្ថែម) កុំធ្វើផ្លូវព្រំដែន កុំឱ្យមានការដាំកៅស៊ូអីនៅនោះ។ យើងបានរុញប្រជាពលរដ្ឋទៅរស់នៅ។ គ្រាន់តែក្នុងរយៈពេលប៉ុន្មានឆ្នាំប៉ុណ្ណោះ យើងបានជំរុញកម្មវិធីកសាងភូមិតាមព្រំដែនទាំងខាងកើត ខាងជើង ខាងលិច ធ្វើផ្លូវ ធ្វើផ្ទះជាង ៦០០០ ខ្នង ជូនអតីតយុវជន ជូនមន្រ្តីរាជការជាង ១៨ ០០០ គ្រួសារ ហើយចែកដីរាប់ម៉ឺនហិកតាជូនប្រជាពលរដ្ឋតាមភូមិឃុំដែលយើងបង្កើតតាមព្រំដែន។ យើងនឹងបន្តយន្តការនេះ ដើម្បីឱ្យតាមព្រំដែនមានប្រជាពលរដ្ឋរស់នៅបង្កបង្កើនផល។ នេះគឺជានយោបាយភូមិសាស្រ្តប្រជាជនការពារព្រំដែន។
(៣៤) តឹកតាងជាក់ស្ដែងនៅលើដី បញ្ជាក់ថាកម្ពុជាមិនចោលខេត្តទាំង៤ ហើយរួមគ្នាកសាងខេត្តភូមិភាគឦសានឱ្យកាន់តែរឹងមាំ
សំរាប់បងប្អូនដែលព្រួយបារម្ភពីការបាត់ព្រំដែន សូមជឿទុកចិត្តចុះថា ក្នុង ២៥ឆ្នាំនេះ សមិទ្ធផលលើដីជាក់ស្ដែង មិនបានបង្ហាញថាយើងត្រៀម(កាត់ដី/បន្ទាយ)ឱ្យគេទេ ប៉ុន្តែផ្ទុយទៅវិញយើងបានការពារបន្ទាយយើងកាន់តែរឹងមាំ បង្កើនទ័ពនៅទីនេះ ត្រៀមការពារនិងកសាងបន្ទាយរយៈពេលវែង។ ខេត្តទាំង ៤របស់យើងបង្កើនទំនាក់ទំនងនិងតភ្ជាប់សេដ្ឋកិច្ចមកក្នុងប្រទេស។ ពិតណាស់ យើងសហការជាមួយបណ្ដាប្រទេសជិតខាង ប៉ុន្តែមិនមែនបានន័យថា យើងនឹងឱ្យកន្លែងនេះទៅក្រោម(ការគ្របគ្រងរបស់)អ្នកណា ឬកាត់ឱ្យអ្នកណាទេ។ សូមបងប្អូនជឿទុកចិត្តចុះ។ បើបងប្អូនមិនជឿ សូមទៅជួបប្រជាពលរដ្ឋនៅទីនោះ សួរម្ចាស់ចំការទាំងឡាយថា តើពីមិនទាន់ធ្វើផ្លូវព្រំដែនហ្នឹង លំបាកយ៉ាងម៉េច? ភូមិគ្រឹះហ្នឹងយ៉ាងម៉េច?។
ថ្ងៃមុន ខ្ញុំទៅឃុំក្រញូងសែនជ័យ ស្រុកស្នួល។ ចូលបាយបន្ដិច ហើយសួរ(ព័ត៌មានមួយចំនួនពី)គាត់ផង។ គាត់ថា ប្រហែល ១៥ឆ្នាំមុន កន្លែងភូមិហ្នឹងមិនសូវមានមនុស្សទេ។ មានផ្ទះ ៤-១០ នៅជាប់ថ្នល់។ ឥឡូវទៅជាផ្សារធំ។ នេះគឺជាសក្ខីភាព តឹកតាងជាក់ស្ដែងនៅលើដី ដែលថា កម្ពុជាមិនទៅណាទេចោលខេត្តទាំង ៤នេះ ហើយបងប្អូនដែលព្រួយបារម្ភថា កម្ពុជានឹងធ្វើឱ្យបាត់ខេត្តនេះនៅថ្ងៃអនាគត សូមកុំជឿតាមការឃោសនា សូមទុកចិត្តរាជរដ្ឋាភិបាល ហើយរួមគ្នាជួយជំរុញកសាងខេត្តយើងទាំងអស់នៅភូមិភាគឦសាន ឱ្យកាន់តែរឹងមាំថែមទៀត … ពីមុន (បន្ទាត់)ព្រំដែនអត់ច្បាស់។ មិនដឹងត្រង់ណារបស់យើង។ (ពេលនេះ យើង)បោះឱ្យច្បាស់ កុំឱ្យគេបន្លំ។ បោះហើយ ការពារតាមរយៈការធ្វើផ្លូវក្រវាត់ព្រំដែន។ ធ្វើផ្លូវក្រវាត់ព្រំដែន មិនមែនឱ្យអ្នកណាផ្ដល់ឱ្យទេ គឺដើម្បីឱ្យខ្មែរប្រើ …។
(៣៥) កសាងផ្លូវឱ្យអាចទៅដល់និងដើម្បីអោយមានការវិនិយោគនៅតំបន់ព្រំដែន ជួយគ្នាការពារទឹកដី
ខ្ញុំធ្លាប់ទៅសម្ពោធសាលាមួយនៅកំពង់ស្រឡៅ។ ខ្ញុំទៅនិយាយកំប្លែងមួយចប់។ សើចតែអ្នកនៅលើឆាក។ ពេលចប់ មានអ្នកប្រាប់ខ្ញុំថាដែលបងឯងនិយាយអម្បាញ់មិញ អ្នកខាងក្រោមស្ដាប់អត់បានទេ ព្រោះគាត់ចេះតែឡាវ។ ខ្ញុំក៏ថា បើអញ្ចឹងម្តេចមិនព្រមប្រាប់ខ្ញុំពីដើម ដើម្បីមិនបាច់និយាយ។ ដោយសារយើងមិនដែលទៅដល់(តំបន់ទាំងនោះ) កន្លែង(ទាំង)នេះត្រូវកាត់(ផ្ដាច់ផ្លូវ)ដោយសារសង្រ្គាម មិនដែលមានផ្លូវទៅ ប្រជាជនឆ្លងទឹកទៅរៀននៅឡាវ។ ឥឡូវ យើងមានសុខសន្ដិភាព យើងធ្វើផ្លូវចូលទៅ។ ពេលដែលយើងមានទំនាស់នៅអូរអាឡៃ អូរតាង៉ាវ ខ្ញុំឡើងទៅកន្លែងនោះ។ យើងធ្វើផ្លូវទៅសៀមប៉ាង។ (ឥឡូវ)យើងមានផ្លូវទៅដល់សៀមប៉ាង។ ពីមុន យើងមិនងាយបានទៅដល់ទេ។
ពេលដែលយើងទៅដល់ព្រំដែនឡាវ ក៏ឃើញភូមិមួយហៅថា ស្រែចំប៉ា គឺជាភូមិរបស់ឡាវ ដែលធ្វើនៅក្នុងដីរបស់យើង ដោយសារយើងមិនដែលមានផ្លូវទៅ(ដល់តំបន់នោះ)។ អញ្ចឹងបងប្អូនឡាវឃើញដីទំនេរ គាត់មកធ្វើ។ ដល់ពេលយើងធ្វើផ្លូវទៅ ប្រជាជនខ្មែរយើងចូលទៅដល់ បងប្អូនឡាវក៏គាត់រើចេញទៅវិញ។ គាត់ថាពីមុនអត់ដែលឃើញមានមនុស្សនៅ (ទើបគាត់មកនៅ)។ នេះជាការការពារទឹកដីរបស់យើង។ គ្រប់ទីកន្លែង រួមទាំងកន្លែងដែលយើងមិនដែលទៅដល់ ពេលនេះយើងបានកសាងផ្លូវដើម្បីឱ្យកូនខ្មែរអាចទៅដល់ ទៅមើលតែម្ដង ដើម្បីឱ្យអ្នកវិនយោគកម្ពុជា អាចទៅវិនិយោគនៅតំបន់ព្រំដែនបង្កើនសេដ្ឋកិច្ចនៅទីនោះ ជួយគ្នាការពារទឹកដីរបស់យើង។ នេះជាអ្វីដែលយើងបានធ្វើ បើគិតក្នុង ២៥ឆ្នាំនេះ។ អត់មានថយក្រោយ ឬមួយអត់មានធ្វើអីឱ្យខូចប្រយោជន៍ជាតិទេ។
ឥឡូវ និយាយពីការបាត់បង់អធិបតេយ្យភាព។ ខ្ញុំសុំបន្ដិចទៀតចុះ។ អ្នកឧកញ៉ា លី យ៉ុងផាត់ បាយឆ្អិនម៉ោង ៧។ អញ្ចឹងខ្ញុំសុំថែម ២នាទីទៀត។ នេះជារឿងដែលយើងត្រូវ(និយាយ)។ យើងសុខកាយ ក៏ត្រូវសុខចិត្ត គឺមានសេចក្ដីសុខសន្ដិភាពក្នុងចិត្ត។ ឥឡូវ ប្រជាពលរដ្ឋរបស់យើងមួយផ្នែក កំពុងតែមានការជ្រួលច្របល់គិតបារម្ភថា រាជរដ្ឋាភិបាលនឹងធ្វើឱ្យបាត់បង់ទឹកដី។ គាត់អត់មានសន្ដិភាពផ្លូវចិត្តទេ។ ជាការចាំបាច់ ត្រូវតែបកស្រាយរឿងនេះ ឱ្យបានដឹងទាំងអស់គ្នា។ សម្ដេចតេជោ លោកបានបកស្រាយហើយ។ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំត្រូវតែចេញមុខអះអាងបញ្ជាក់ឱ្យបានច្បាស់។ ខ្ញុំនិយាយពេលនេះ មានការផ្សាយបន្តផ្ទាល់ ហើយថតផ្ទាល់ អ្វីដែលខ្ញុំនិយាយជាសក្ខីភាព ជាភស្ដុតាង … ខ្ញុំបានឃើញ បានចូលរួមធ្វើ ជាមួយរាជរដ្ឋាភិបាល មន្រ្តីរបស់យើងគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធដែលឈរការពារទឹកដី ក្រសួងពាណិជ្ជកម្មដឹកនាំចរចាទទួលខុសត្រូវរឿងកិច្ចប្រជុំ CLV ផ្សេងៗចុងឆ្នាំនេះ។
យើងប្រជុំសហប្រតិបត្តិការ ៣ប្រទេស ប៉ុន្តែក៏រួមទាំងតំបន់ត្រីកោណ ដើម្បីឱ្យយល់ច្បាស់ថា ពួកគាត់មិនមានអ្នកណាក្បត់ជាតិទេ។ ប៉ុន្តែគ្មានអ្វីក្រៅពីយកជំនាញរបស់ពួកគាត់ដើម្បីការពារនិងលើកកម្ពស់កិត្យានុភាព និងបង្កើនសេដ្ឋកិច្ច អត្ថប្រយោជន៍ជាតិនោះ តាមរយៈការចុះកិច្ចព្រមព្រៀង និងការពង្រឹងកិច្ចព្រមព្រៀងទាំងអស់នេះ ដើម្បីការពារអធិបតេយ្យភាព ការពារទឹកដី ការពារប្រជាជន ពីបច្ចុប្បន្ននេះទៅអនាគត គឺប្រៀបដូចជាការការពារកូនចៅគាត់ដដែលហ្នឹង។ បើសិនកិច្ចព្រមព្រៀងនេះធ្វើឱ្យបាត់ទឹកដី មិនមែនតែខ្ញុំនិងគ្រួសាររបស់ខ្ញុំទេ អ្នកដែលចូលរួមប្រជុំទាំងប៉ុន្មានគឺជាប់ទាំងអស់ ទាំងមន្រ្តីបច្ចេកទេសចរចា ពាក្យពេជន៍ហ្នឹង ទាំងកូនចៅគាត់។ សួរថា តើគាត់ចង់ក្លាយទៅជាជនដែលគេចោទប្រកាន់បែបនេះទេ? ថាអត់ទេ។ ម្នាក់ៗ ធ្វើដើម្បីផលប្រយោជន៍ជាតិទាំងអស់។ សូមបងប្អូនជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលនិងមន្រ្តីរបស់យើងចុះ។ កាលពីម្សិលម្ង៉ៃ ខ្ញុំឃើញប៉ុស្ដិ៍ប៉ូលីសទើបធ្វើថ្មីៗច្រើនណាស់ ធំនិងស្អាត។ បើយើងបម្រុងរើទីតាំង ចាំបាច់ធ្វើប៉ុស្ដិ៍ប៉ូលីសនៅព្រំដែនល្អៗធ្វើអី? ធ្វើប៉ុស្ដិ៍ទាហាន ក៏ធ្វើនៅព្រំដែនទៀត។
(៣៧) ភូមិឃុំស្រុកទាំងមានស្រាប់ទាំងបង្កើតថ្មី គ្រប់គ្រងអនុវត្តដោយមន្រ្តី អាជ្ញាធរ និងច្បាប់កម្ពុជា
រឿងសហប្រតិបត្តិការសន្ដិសុខ យើងត្រូវតែធ្វើដើម្បីជួយសម្រួលទំនាក់ទំនងដល់ប្រជាពលរដ្ឋ ប៉ុន្តែអ្វីដែលសំខាន់ គឺប្រជាពលរដ្ឋបានរួមគ្នាទាញផលប្រយោជន៍ពីទំនាក់ទំនង ហើយអភិវឌ្ឍខ្លួន អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងជួយចាំដីឱ្យយើង (ដែលជាការការពាររឹងមាំ)ជាងធ្វើរបង។ ខ្ញុំសប្បាយចិត្តបានឃើញដូចនេះ … គោលការណ៍ អធិបតេយ្យភាពគឺថាខ្លាចបាត់អធិបតេយ្យភាព ខ្លាចគេមក(រំលោភយកទឹកដី)។ ទឹកដីមិនបាត់ទេ នៅលើក្រដាសនៅតែឈ្មោះរបស់កម្ពុជាអញ្ចឹង។ គេបំផុសរឿងមួយទៀតថា “(នៅលើក្រដាសឈ្មោះកម្ពុជា) ប៉ុន្តែនៅលើដីគេគ្រប់គ្រង ប្រជាជនគេមកនៅ បន្ដិចទៀតអាជ្ញាធរគេមកគ្រប់គ្រង។ ឈ្មោះនៅលើក្រដាសជាឈ្មោះកម្ពុជា គឺមានតែឈ្មោះ”។ តើនេះជាការពិតទេ បងប្អូនអ្នកស្ទឹងត្រែង អ្នកក្រចេះ អ្នករតនគិរី អ្នកមណ្ឌលគិរី? ពិតណាស់ មានអន្តោប្រវេសន៍ មានអ្នកមកពីវៀតណាមខ្លះមកធ្វើការ ប៉ុន្តែសួរថាអាជ្ញាធរមូលដ្ឋានរបស់យើងនៅទីនោះ ជាអាជ្ញាធរវៀតណាម ឬក្រោមច្បាប់វៀតណាមឬ? ថាអត់ទេ។ ភូមិឃុំស្រុកទាំងអស់ ទាំងចាស់ទាំងបង្កើតថ្មី គឺនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរកម្ពុជា គ្រប់គ្រងអនុវត្តដោយមន្រ្តីនិងច្បាប់កម្ពុជា។ នៅក្នុងឆ្នាំ ២៥ឆ្នាំនេះ មិនមានអ្វីដូរផ្លាស់ទេ ហើយនឹងបន្តគ្រប់គ្រងរហូត គ្មានឱ្យអ្នកណា ច្បាប់ប្រទេសណា មកគ្រប់គ្រងអធិបតេយ្យភាពកម្ពុជានោះទេ។ ប៉ុស្ដិ៍នគរបាល ប៉ុស្ដិ៍យោធាអីផ្សេងៗរបស់យើងៗ នៅបន្តគ្រប់គ្រង។
ឃើញមានការលើកឡើងថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យប្រជាជនពីប្រទេសជិតខាង ចូលមករស់នៅកម្ពុជាដោយសេរី។ ដោយក្រសួងពាណិជ្ជកម្មបានបង្ហោះខ្លឹមសារកិច្ចព្រមព្រៀងទៅហើយ សូមបងប្អូនយកទៅមើលចុះ។ ឯកសារនេះ គ្មានអ្វីលាក់លៀមទេ ទាំងភាសាដើមជាភាសាអង់គ្លេស និងការបកប្រែជូនជាភាសាខ្មែរទៀត ដើម្បី(ប្រជាពលរដ្ឋងាយស្រួល)មើល។ សូមបញ្ជាក់ថា ក្នុងមាត្រានៃកិច្ចព្រមព្រៀងតំបន់អភិវឌ្ឍត្រីកោណនេះ មិនមានចែងអំពីការលើកលែងទិដ្ឋាការ ឬការបម្លាស់ទីដោយសេរី ដោយ/ពីប្រជាជននៅក្នុងប្រទេសទាំងបីនោះទេ។ ចេញចូលត្រូវសុំ VISA ដោយអនុវត្តដូចកន្លែងផ្សេងៗ អត់មានអីខុសគ្នាទេ។ អញ្ចឹងដែលថាខ្លាចគេចូលមកនៅដោយសេរីរាប់ពាន់រាប់ម៉ឺនរាប់សែននាក់ គឺមិនមានទេ។ យើងមានប្រជាជនតិចមែន គេមានច្រើនមែន ប៉ុន្តែវាមានរបាំងច្បាប់ របាំងអធិបតេយ្យ ដែលមិនឱ្យហូរមកដោយសេរី។ នេះគឺជាការធានារបស់រាជរដ្ឋាភិបាល។ មកដល់ម៉ោងនេះ សូមទៅមើលកិច្ចព្រមព្រៀងឡើងវិញ គ្មានកន្លែងណានិយាយអំពីការដកចេញនូវការទាមទារលក្ខខណ្ឌអន្តោប្រវេសន៍ ដែលអនុវត្តនៅកន្លែងផ្សេងៗ ជាមួយវៀតណាម ជាមួយឡាវ នោះទេ។
(៣៩) ហាមប្រជាពលរដ្ឋខ្មែរមិនឱ្យលក់/ជួលដីស្រែ ដីចំការ លំនៅដ្ឋាននៅតាមតំបន់ព្រំដែនឱ្យទៅប្រជាពលរដ្ឋប្រទេសជិតខាង ទោះជាក្នុងរូបភាពណាក៏ដោយ
អំពី ការធ្វើបម្លាស់ទីមនុស្ស និងទំនិញ យានយន្ត ត្រូវធ្វើតាមច្បាប់ និងបទបញ្ញត្តិនៃប្រទេសនីមួយៗ។ ដឹកទំនិញយើងទៅវៀតណាម ត្រូវគោរពច្បាប់គេ។ វៀតណាមចូលដឹកទំនិញចូលព្រំដែនយើង ត្រូវគោរពច្បាប់យើង។ អាហ្នឹងនៅដដែល។ នេះគឺអធិបតេយ្យភាពទាំងរដ្ឋបាល ទាំងច្បាប់ គឺនៅតែជារបស់កម្ពុជា ហើយទៅអនាគត ក៏នៅតែជារបស់កម្ពុជា គ្មានគោលការណ៍ដែលផ្ទេរទៅជារបស់ប្រទេសណាមួយនោះទេ។ ពាក់ព័ន្ធទៅនឹងកម្មសិទ្ធិឯកជន ដែលព្រួយបារម្ភថាគេចូលមកតាមច្រកសម្បទានសេដ្ឋកិច្ច។ បងប្អូនលើកជាច្រើនរឿងថា កម្ពុជាឱ្យទៅក្រុមហ៊ុនប្រទេសជិតខាងជួលដីជួលអី ហើយគាត់នឹងរុញមនុស្សមកនិងអះអាងបន្ដិចទៀត កម្ពុជាក្លាយជាប្រទេស(មាន)ប្រជាជនភាគតិចនៅកន្លែងនោះ។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនឱ្យបានច្បាស់។ ទី១ អំពីសិទ្ធិនៃជនបរទេសនៅក្នុងការកាន់កាប់ដីធ្លីជាកម្មសិទ្ធិឯកជននៅកម្ពុជា ជាពិសេសនៅតំបន់ព្រំដែន ផ្អែកទៅលើច្បាប់ដែលមានជាធរមាន និងបទដ្ឋានគតិយុត្ត … គឺទី១ សារាចរណែនាំលេខ ៨ ស.រ ឆ្នាំ ២០១៥ ដែលសម្ដេចតេជោ បានចេញ គឺយើងហាមប្រជាពលរដ្ឋខ្មែរមិនឱ្យលក់ ជួលដីស្រែ ដីចំការ ឬលំនៅដ្ឋាននៅតាមតំបន់ព្រំដែន ឱ្យទៅប្រជាពលរដ្ឋប្រទេសជិតខាង ទោះជាក្នុងរូបភាពណាក៏ដោយ។ យើងនៅតែបន្តគោលការណ៍នេះ អត់មានប្រែប្រួលទេ។ សូមកុំឱ្យប្រជាពលរដ្ឋភ័យថា ខ្លាចគេចូលមកជួលដី ជួលដី បន្លំ អត់ទេ! អត់មានឱ្យទេ។
មួយទៀត ការវិនិយោគតាមអចលនទ្រព្យ។ ថាមិនឱ្យជួលដីស្រែ ដីចំការ ចុះបើគេមកទិញបុរី លក់ឱ្យគេអត់? យើងមានច្បាប់ស្ដីពីកម្មសិទ្ធិចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេសឆ្នាំ ២០១០ មាត្រា ៦ … ជនជាតិបរទេស បើទិញជាខុនដូ អាចមានសិទ្ធិទិញនៅក្នុងខុនដូពីជាន់ទីមួយឡើង ប៉ុន្តែមិនឱ្យទិញជាន់ផ្ទាល់ដី ឬជាន់ក្រោមដីទេ។ បើទិញដីគឺមិនឱ្យតែម្ដង។ គ្រប់កន្លែងទាំងអស់។ ប៉ុន្តែ លក្ខខណ្ឌក៏មានទៀត ឱ្យសិទ្ធិទិញ មិនមែនគ្រប់កន្លែងនោះទេ។ ទី១ ទាល់តែ ៣០គីឡូ លើសពី ៣០គីឡូពីព្រំដែនគោកបានឱ្យ។ ចំពោះបុរី ជនបរទេសគ្មានសិទ្ធិទិញទេ លើកលែងតែនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឬក៏កន្លែងណាមួយដែលអាចទិញជាន់ទី១ ទៅ។ ភាគច្រើនគឺមិនអាចទិញបានទេ នេះដែលបងប្អូនខ្លាចគេយករូបភាពជ្រកក្រោមសម្បទានសេដ្ឋកិច្ច រូបភាពទិញដីយើង ឬជួលដីយើង។ (ច្បាប់បានហាមមិនឱ្យជនបរទេសមានសិទ្ធិទិញដី) មិនមែនសំដៅតែប្រទេសវៀតណាមនោះទេ តែជាគោលការណ៍អនុវត្តសំរាប់ទាំងប្រទេសឡាវ ប្រទេសថៃ គឺព្រំដែនជាមួយប្រទេសទាំងបី។ សិទ្ធិនៅក្នុងការទិញអចលនទ្រព្យនេះ មានបញ្ជាក់ច្បាស់ហើយ ទិញខុនដូបាន (តែនៅចម្ងាយ)លើសពី ៣០គីឡូ(ម៉ែត្រ) អាចទិញជាន់ទីមួយឡើង ហើយនៅក្រោម ៣០គីឡូ អត់មានកម្មសិទ្ធិឯកជនទេ លើកលែងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន។ ក្រៅពីហ្នឹងមិនអាចទៅទិញបានទេ។ មិនថាជាន់ទី១ ឬ ទី២នោះទេ … បើនៅក្នុងក្រុង នៅទីប្រជុំជន ហ្នឹងមានសិទ្ធិទិញពីជាន់ទី១ ឡើង តែជាន់ផ្ទាល់ដី ក្រោមដី មិនឱ្យមានសិទ្ធិទិញទេ។
អំពីដីសម្បទានសេដ្ឋកិច្ច ដែលបានលើកឡើង គោលការណ៍ជាធរមានរបស់យើងមានប៉ុន្មានលក្ខខណ្ឌ ដែលបងប្អូនមិនគួរព្រួយបារម្ភ។
ទី១ តាំងពីឆ្នាំ ២០១២ មក រាជរដ្ឋាភិបាលមិនមានចេញអាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ចអីបន្ដទៀតទេ។ ដីសម្បទានសេដ្ឋកិច្ចដែលមានបច្ចុប្បន្ននេះ គឺដីសម្បទានសេដ្ឋកិច្ចចាស់ទេ។ អញ្ចឹងការផ្ដល់ដីសម្បទានថ្មី គឺមិនមានទេ ជាពិសេស គឺនៅតាមបណ្ដាព្រំដែនគឺមិនមានទេ។
ទី២ កិច្ចសន្យាសម្បទានសេដ្ឋកិច្ចត្រូវបានកំណត់ តាមរយៈការប្ដូរពីពេលមុនមានអាយុកាល ៩៩ឆ្នាំ នៅឆ្នាំ២០១៥ ដោយបានកែមកត្រឹម ៥០ឆ្នាំ។
ទី៣ ចំពោះក្រុមហ៊ុនដែលមានអាជ្ញាបណ្ណស្រាប់ មុនឆ្នាំ២០១២ ត្រូវអនុវត្តគោលការណ៍ជាធរមាន ដែលក្នុងនោះការប្រើប្រាស់កម្លាំងពលកម្មត្រឹមតែ ១០% អាចយកជនបរទេសមកបាន ក្រៅពីហ្នឹង ៩០% ត្រូវតែប្រជាពលរដ្ឋខ្មែរ។ នេះគឺជាគោលការណ៍ដែលយើងមាន។
សូមក្រសួងការងារពិនិត្យការងារនេះ។ កាលពីខែវិច្ឆិកាកន្លងទៅ មានសំណើពីវិស័យឯកជនឲ្យយើងបង្កើនកូតាជនបរទេស ឱ្យអាចធ្វើការបាននៅកម្ពុជាច្រើនជាង ១០%។ ខ្ញុំបានសម្រេចមិនឯកភាពនោះទេ។ យើងទុកការងារឲ្យកូនចៅប្រជាពលរដ្ឋខ្មែរ មិនថានៅព្រំដែន ឬនៅគ្រប់វិស័យទាំងអស់។ នេះគឺគោលការណ៍ ហើយយើងនឹងបន្តអនុវត្តគោលការណ៍នេះ។
អញ្ចឹង បើខ្លាចពីរឿងដីសម្បទានសេដ្ឋកិច្ច បងប្អូនអាចមើលឃើញហើយថា យើងមិនមានផ្ដល់ដីសម្បទានអីផ្សេងទេ គេក៏មិនអាចជួលដីប្រជាពលរដ្ឋដែលកាន់កម្មសិទ្ធិធ្វើដែរ។ បើមិនបានដីរដ្ឋ គឺរកដីឯកជន តែជាគោលការណ៍យើងបានហាមហើយ។ មួយទៀត បើគាត់មកបើក(ធ្វើអាជីវកម្ម)ត្រូវតែយកកម្លាំងពលកម្មរបស់កូនម្ចាស់ស្រុក ៩០% … កន្លែងនេះច្បាប់យើងមិនមានគោលការណ៍កែសម្រួលនោះទេ។ យើងនៅបន្តអនុវត្តគោលការណ៍នេះ ដើម្បីធានាការងារភាគច្រើនលើសលប់ គឺទុកឲ្យកូនចៅខ្មែរនៅគ្រប់កន្លែង ជាពិសេសនៅតំបន់ព្រំដែនរបស់យើង ព្រោះកន្លែងខ្លះបច្ចេកទេសខ្លះ។ យើងលំបាក តែយើងត្រូវបណ្ដុះបណ្ដាលកូនខ្មែរ …។
(៤២) សូមបងប្អូនដែលឈឺឆ្អាលរឿងជាតិ បញ្ចេញមតិដោយស្មារតីយោគយល់គ្នា គោរពគ្នាទៅវិញទៅមក កុំធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាព សន្តិភាព
ខ្ញុំមើលគោលការណ៍ដែលមានជាធរមាននេះ ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា ឯកឧត្ដម អស់លោក លោកស្រី អ្នកឧកញ៉ា ឧកញ៉ា និងប្រជាពលរដ្ឋទូទាំងប្រទេសដែលកំពុងមើលសារនេះជ្រាបថា គម្រោងអភិវឌ្ឍន៍ត្រីកោណ CLV ក៏ដូចជាគម្រោងអភិវឌ្ឍន៍នៅគ្រប់ទីកន្លែងទាំងអស់នៅទូទាំងប្រទេស មិនថានៅព្រំដែនជាមួយនឹងប្រទេសណាទេ គឺនឹងមិនឲ្យមានកាតបាត់បង់ទឹកដីរបស់កម្ពុជា ឬបាត់បង់អធិបតេយ្យភាពរបស់កម្ពុជានោះទេ។ ខ្ញុំធានាដោយមានគ្រួសារខ្ញុំជាគោល … ខ្ញុំអាយុ ៤៦ឆ្នាំហើយ។ យ៉ាងច្រើន ខ្ញុំរស់បាន ១៥០ឆ្នាំ ដូចបងប្អូនដែរទេ។ តែកូនខ្ញុំ ចៅខ្ញុំ ចៅទួតខ្ញុំនឹងនៅទីនេះយូរទៀត។ ខ្ញុំមិនទុកកេរឈ្មោះថាអ្នកដែលធ្វើឲ្យបាត់ដីខេត្ត ៤ទៅឲ្យប្រទេសណាទេ។ សម្ដេចតេជោក៏ដូចគ្នា។ មន្រ្តីរបស់យើង ដែលចូលរួមក្នុងការចរចាខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងអស់នេះ ក៏មិនធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាតិនោះដែរ។ ខ្ញុំសូមធានាបែបនេះ សូមបងប្អូនជឿទុកចិត្តចុះ។
ការបញ្ចេញមតិ ការឈឺឆ្អាល ជាសិទ្ធិរបស់បងប្អូន។ ស្មារតីជាតិនិយមត្រូវតែមាន។ ខ្ញុំគាំទ្រ។ ប៉ុន្តែ កុំឲ្យជ្រុលនិយម។ ការភ័យខ្លាច និងការសាមគ្គីគ្នា កុំឲ្យឈានទៅដល់ការបែកបាក់គ្នា។ យើងបាត់បង់ដោយសារបែកបាក់រាប់រយឆ្នាំមកហើយ។ កុំនាំដុតរឿង ឈានទៅដល់ការធ្វើសកម្មភាពបាតុកម្ម កូដកម្ម ដុតប្រទេស ដុតក្រុង ស្លាប់រាប់រយនាក់ ដូចនៅបង់ក្លាដេស។ ឥឡូវ រវាងអ្នកដែលវាយគ្នានេះ មិនទាន់ត្រូវគ្នានៅឡើយទេ។ នៅគំគ្នាទៅវិញទៅមក រវាងទាហាន/ប៉ូលីស និងបាតុករដែលបាញ់គ្នាប៉ុន្មានថ្ងៃមុន មិនទាន់រលត់នៅឡើយទេ។ សួរថា តើប៉ុន្មានថ្ងៃទៀតចប់នៅទីនោះ? ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋបង់ក្លាដេសនឹងអាចរកដំណោះស្រាយ ហើយត្រឡប់ទៅភាពធម្មតា ព្រោះស្លាប់និងរបួស ធ្វើអោយខាតប្រយោជន៍ជាតិដូចគ្នាទេ …។
ក្នុងនាមរាជរដ្ឋាភិបាល យើងមិនអនុញ្ញាតឲ្យផលប្រយោជន៍របស់ប្រជាជនរាប់លាននាក់ ត្រូវបាត់បង់ដោយសារអ្នកមួយចំនួនតូចឆ្លៀតយកឱកាសរុញស្ថានភាព ដុតឲ្យខ្លោចរោចឲ្យឆៅ ដូចនៅប្រទេសផ្សេង មានបង់ក្លាដេសជាដើមនោះទេ។ យើងត្រូវតែការពារដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព ទោះក្នុងតម្លៃណាក៏ដោយ ទោះបីជាអ្នកចោទខ្ញុំថាផ្ដាច់ការក៏ថាចុះ។ ប៉ុន្តែ ខ្ញុំទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ ២លាន ជិត ៣លាននាក់ រស់នៅភ្នំពេញ ដើម្បីឲ្យគាត់ដកដង្ហើមស្រួល។ កុំឲ្យមានការបិទផ្លូវ យប់ឡើងម៉ោង៩ បិទចរាចរណ៍ ព្រោះអស្ថិរភាព ធ្វើអោយគាត់មិនអាចរកស៊ីបាន។
ការបង្កើតអស្ថិរភាពជាការងាយស្រួល។ ដូចនៅបង់ក្លាដេស ក្នុងតែមួយថ្ងៃ(អស្ថិរភាពបានកើតមាន) ហើយមិនទាន់ចប់ទេ។ សូម្បីថាចាប់ផ្ដើមឡើង ជារឿងទារកូតាក្តី តែឥឡូវទោះបីតុលាការកំពូលផ្ដល់កូតាឲ្យហើយ ក៏មិនអស់ចិត្តទៀត ចេញធ្វើបាតុកម្មទៀត។ មិនងាយបញ្ចប់។ អញ្ចឹង យកល្អកុំឲ្យសកម្មភាពបែបនេះកើតឡើងនៅលើទឹកដីកម្ពុជា និងនៅទីក្រុងភ្នំពេញ។ សូមបងប្អូនទាំងអស់ដែលឈឺឆ្អាលរឿងជាតិ ទាំងអ្នកគាំទ្រ ទាំងអ្នកមិនគាំទ្រគម្រោង បញ្ចេញមតិដោយស្មារតីយោគយល់គ្នា គោរពគ្នាទៅវិញទៅមក កុំធ្វើឲ្យជ្រុលធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាព សន្តិភាព នៅក្នុងប្រទេស ធ្វើឲ្យខាតបង់ប្រយោជន៍ជាតិរបស់យើង។
(៤៣) បើស្រឡាញ់និងបារម្ភខ្លាចបាត់ខេត្ត ៤នៅឦសាន សូមនាំគ្នាទៅទស្សនា ហើយក្រុមហ៊ុនទៅវិនិយោគឲ្យច្រើន
ជាថ្មីម្ដងទៀត បើស្រឡាញ់ខេត្ត ៤នេះ ភ័យបារម្ភខ្លាចខេត្ត ៤នេះបាត់ សូមនាំគ្នាទៅលេង ទៅមើលខេត្ត ៤នេះឲ្យបានច្រើន។ កុំថាឆ្ងាយពេក ខ្ជិលទៅ។ ទៅមើល ជំរុញសេដ្ឋកិច្ច ទេសចរណ៍ នៅទីនោះឲ្យច្រើន … បើខ្លាចបាត់ណាស់ នាំគ្នាទៅជួយការពារ មិនមែនតាមរយៈទៅបាតុកម្មដុត វាយនរណាទេ តែទៅជួយជំរុញសេដ្ឋកិច្ច ទៅដើរលេងឲ្យច្រើន ឲ្យស្គាល់ខេត្តយើង។ នេះគឺជាការល្អ។ សូមអំពាវនាវឲ្យសមាជិកសមាគមឧកញ៉ា សមាជិកសភាពាណិជ្ជ អ្នកវិនិយោគរបស់កម្ពុជា រួមគ្នាយកចិត្តទុកដាក់ តម្រង់ទិស ជាអាទិភាពមួយក្នុងការគិតគូរការវិនិយោគរបស់ខ្លួនឈានទៅវិនិយោគនៅទិសឦសាន ដើម្បីឲ្យខេត្តទាំង៤កាន់តែរីកចម្រើនខ្លាំង។ យើងត្រូវបង្កើនមនុស្សតាម២វិធី។ វិធី១ ឲ្យអ្នកនៅទីនោះកើតកូនឲ្យច្រើន។ វិធីទី២ បង្កើតឱកាសសេដ្ឋកិច្ច ដើម្បីមនុស្សនឹងទៅ។ ខ្ញុំជួបភូមិមួយដែលនៅទីនោះ ភាគច្រើនសុទ្ធតែអ្នកទៅពីត្បូងឃ្មុំ កំពង់ចាម និងក្រចេះ។ អ្នកខ្លះឡើងទៅដល់មណ្ឌលគិរី។ ចល័តមនុស្សទៅឲ្យបានច្រើន រួមគ្នាកសាងប្រទេស ថែរក្សាទឹកដីរបស់យើង។ បើស្រឡាញ់ជាតិពិតប្រាកដ រួមគ្នាធ្វើអំពើវិជ្ជមានដើម្បីថែរក្សាខេត្តទាំង៤ ជំរុញសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍខេត្តទាំង ៤នេះ ឲ្យកាន់តែរឹងមាំ ជួយជាមួយរាជរដ្ឋាភិបាល ធ្វើរបៀបនេះទើបល្អជាង។
(៤៤) ប្រជាជន ផ្ទះប្រជាជន ចម្ការប្រជាជន ជារបងការពារព្រំដែនដ៏រឹងមាំ
សូមអញ្ជើញបងប្អូនដើរមើលព្រំដែនតែម្ដង។ ផ្លូវព្រំដែនរបស់យើងកសាងដោយក្រុមវិស្វកម្ម។ ជិះឡានទៅ។ ឥឡូវខែភ្លៀង។ កន្លែងខ្លះរាងពិបាក។ ចាំផុតទឹកភ្លៀង។ ចាប់ពីតាកែវឡើងទៅរាប់រយគីឡូ ធ្វើផ្លូវជាប់ទៅដល់មណ្ឌលគិរី រតនគិរី។ ផ្លូវខ្លះយើងធ្វើតែ ៣០ម៉ែត្រ ឬ១០ម៉ែត្រ ពីបង្គោលព្រំដែនទេ។ យើងធ្វើដើម្បីអី? ដើម្បីកូនខ្មែរជិះទៅឃើញបង្គោលព្រំដែននៅហ្នឹង។ ឲ្យអ្នកភូមិយើងធ្វើកសិកម្មមកដល់ហ្នឹង។ មិនបាច់ចាំចំណាយលុយធ្វើរបងខ្ពស់ តែយកប្រជាជន ផ្ទះប្រជាជន ចម្ការប្រជាជន ជារបងដ៏រឹងមាំរបស់កម្ពុជា។ នេះជាអ្វីដែលយើងត្រូវធ្វើ។ សូមឲ្យនិស្សិត យុវជនទៅស្វែងយល់។ ខ្ញុំបានឲ្យឯកឧត្ដម នេត្រ ភក្រ្តា ឯកឧត្ដម ប៉ែន បូណា ឯកឧត្ដម ឡាំ ជា រៀបចំកម្មវិធីមួយស្រដៀងអ្វីដែលបានធ្វើនៅសាលាក្ដីខ្មែរក្រហម នៅពេលផុតរដូវទឹកភ្លៀង គឺដឹកគាត់ទៅមើលអោយជាក់។ យុវជនណាចង់ទៅ យើងចេញបាយថ្ងៃឲ្យ។ ទៅមើល ឲ្យស្គាល់ជាក់ស្ដែង។ បើបងប្អូនព្រួយថាខេត្តហ្នឹង(គេយក)។ បងប្អូនខ្លះអត់ធ្លាប់ទៅដល់ទេ គិតថាខេត្តយើងស្រែសុទ្ធ ព្រៃសុទ្ធ ស្រួលគេយក។ អត់ទេ។ គ្រាន់តែខ្ញុំទៅថ្ងៃមុន ក៏ចង់ភ្ញាក់ដែរ។ មួយកំណាត់នោះសុទ្ធតែចម្ការដំឡូង ស្វាយចន្ទី កៅស៊ូ ហើយមិនមែនជាចម្ការក្រុមហ៊ុនទេ ជាចម្ការកៅស៊ូគ្រួសារ។ មួយគ្រួសារគាត់មាន ២ឬ ៣ ឬ៤ហិកតា។ អ្នកខ្លះមានធំបន្តិច … បើបងប្អូនទៅឃើញ ប្រហែលជាមានភាពកក់ក្ដៅថាកន្លែងហ្នឹងរីកមែន …។
(៤៥) កុំបញ្ចេញទស្សនៈជ្រុលនិយមនាំដល់ការបែកបាក់ និងរួមគ្នាអភិវឌ្ឍខេត្តនៅតំបន់ឦសាន
ខ្ញុំសុំបញ្ជាក់ម្ដងទៀតថា ប្រធានបទ ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការអភិវឌ្ឍត្រីភាគីនេះ មិនខុសពីទ្វេភាគីដែលមានរវាងប្រទេសនិងប្រទេស អភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌអាស៊ាន ១០ប្រទេស(នោះទេ គឺ)គ្មានប្រទេសណាបាត់អធិបតេយ្យភាពទេ។ កន្លែងនេះក៏ដូចគ្នាដែរ។ សូមបងប្អូនទៅមើលជាក់ស្ដែង ហើយរួមគ្នាការពារទឹកដីយើង។ បើខ្លាចបាត់ចូលរួមការពារ ដើម្បី ទី១ កុំឲ្យខ្មែរបែកបាក់។ ធ្វើអីក៏ដោយ បញ្ចេញអារម្មណ៍ ទស្សនៈ ទោះបីជាមិនស្របគ្នាក៏ដោយ ប៉ុន្តែកុំធ្វើអីជ្រុលនិយម នាំឲ្យឈានទៅដល់ការបែកបាក់ ឬធ្វើសកម្មភាពអ្វីមួយនាំដល់ការបាត់បង់ស្ថិរភាព។ ទី២ រួមគ្នាអភិវឌ្ឍខេត្តនៅក្នុងតំបន់ឦសាន ជាពិសេសខេត្តទាំង៤។ យ៉ាងហោចណាស់បើគ្មានអីវិនិយោគ នាំគ្នាទៅលេងជាទេសចរ ឲ្យឆ្នាំ ២០២៤នេះ ជាខេត្តដែលទេសចរឡើងគគ្រឹកនៅខេត្តទាំង ៤។ ទៅក្រចេះមើលផ្សោត។ ទៅរតនគិរី មណ្ឌលគិរី ទៅមើលជ្រោះប៊ូស្រា។
(៤៦) ឆ្នាំ ២០២៧ ធ្វើផ្លូវលេខ ៧៨,៥ ដើម្បីអាចទៅដល់ចំណុចកន្ទុយនាគពីខាងកម្ពុជា
ខ្ញុំបានឲ្យគោលការណ៍វិស្វកម្មឱ្យធ្វើផ្លូវឡើងទៅដល់កន្លែងកន្ទុយនាគ ជាដីរបស់យើង។ ចំណុចហ្នឹងខ្ពស់ណាស់។ ឥឡូវ(ចង់)ចូល(ទៅដល់) ទាល់តែចូលពីខាងវៀតណាម។ យើងត្រូវតែពុះពារ ទោះបីចំណាយប៉ុណ្ណាក៏ដោយទៅថ្ងៃអនាគត ឲ្យកូនខ្មែរមានលទ្ធភាពឡើងទៅដល់កន្លែងកន្ទុយនាគហ្នឹង ពីខាងកម្ពុជាតែម្ដង។ នេះជាមហិច្ឆតារបស់យើង។ សម្ដេចតេជោបានដាក់គោលដៅតាំងពីអាណត្តិមុន ដើម្បីត្រៀមធ្វើផ្លូវ៧៨,៥។ ជជែកជាមួយឯកឧត្ដម (ប៉េង) ពោធិ៍នា ថ្ងៃមុន យើងមានគម្រោងឆ្នាំ ២០២៧ ពិនិត្យមើលពីការតភ្ជាប់ទៅកន្លែងនោះ។ វិស្វកម្មមានធ្វើផ្លូវ(បែកជាខ្នែង)ឆ្អឹងជំនីរប៉ុន្មានទៀត ដើម្បីតំបន់នោះទៅជាតំបន់សេដ្ឋកិច្ច តំបន់សក្ដានុពលរបស់កម្ពុជា ព្រោះនេះមិនមែនរបស់ប្រទេសណាទេ (តែជា)របស់កម្ពុជា។ នេះជាអ្វីដែលរាជរដ្ឋាភិបាលនឹងធ្វើ និងបន្តធ្វើ។
ខ្ញុំសូមឲ្យបងប្អូនរបស់យើង ប្រជាពលរដ្ឋរបស់យើងទូទាំងប្រទេស រួមគ្នាបែបនេះ គឺរួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីពង្រឹងខេត្តទាំង៤ ទោះក្នុងយន្តការណាក៏ដោយ។ យើងមានយន្តការប៉ូលទី ៥ នៅតំបន់ឦសាន ហើយយើងពង្រឹងកសិឧស្សាហកម្មនៅទីនោះ។ ខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងចុះ។ រាងយូរហើយ។ ឯកឧត្ដម លោកជំទាវប្រហែលជាឃ្លានបាយខ្លះ។ តែឃ្លានកាន់តែយូរ បាយកាន់តែឆ្ងាញ់។ ប្រធានបទថ្ងៃនេះ ប្រហែលជាមិន direct ផ្ទាល់ពីអត្ថប្រយោជន៍អ្វីសម្រាប់វិស័យឯកជនទេ។ ប៉ុន្តែជាក្របខ័ណ្ឌស្ថិរភាពរួមរបស់ជាតិយើង។ បើសិនជាប្រជាពលរដ្ឋមួយភាគ មិនមានភាពស្ងប់ចិត្ត មិនទុកចិត្តគ្នា គឺជាផលពិបាករបស់ជាតិ មិនថាវិស័យឯកជន ឬរដ្ឋនោះទេ។ តែបើយើងមានភាពស្ងប់ចិត្ត ប្រែប្ដូរពីការមិនទុកចិត្តគ្នា ការចង្អុលដាក់គ្នា អ្នកនេះជាតិនេះ អ្នកនោះជាតិនោះ បែរទៅជា តោះរួមគ្នាប្រកួតគ្នា ដើម្បីជួយអភិវឌ្ឍកន្លែងដែលយើងខ្លាចបាត់ ទៅជាកន្លែងកាន់តែរឹងមាំ (យើងនឹងមានសុខសន្តិភាពនិងស្ថេរភាព ដើម្បីបន្តការអភិវឌ្ឍ)។ នេះហើយគឺជាអ្វីដែលយើងត្រូវតែធ្វើក្នុងនាមជាប្រជាជាតិខ្មែររបស់យើង។
(៤៧) ខេត្ត ៤នៅតំបន់ឦសាន មិនបាត់បង់ កាន់តែរឹងមាំ នឹងបញ្ជាក់ពីភាពស្អាតស្អំរបស់រាជរដ្ឋាភិបាល
ពិតណាស់ នឹងមានការយកទៅបកស្រាយផ្សេងទៀត។ អ្នកពន្លាត់នៅតែពន្លាត់ដដែល។ ប៉ុន្តែមិនសំខាន់ទេ។ អ្វីដែលជាការប្ដេជ្ញាចិត្ត អ្នកឯងពន្លាត់កាន់តែខ្លាំង វាធ្វើឲ្យខ្ញុំមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការបញ្ជាក់ថា កន្លែងនេះពិតជានឹងមិនបាត់។ ផ្ទុយទៅវិញ នឹងទៅជាកន្លែងដែលរឹងមាំបំផុត។ នេះគឺជាអ្វីដែលអាចបញ្ជាក់នូវភាពស្អាតស្អំរបស់រាជរដ្ឋាភិបាល និងមន្រ្តីរបស់យើងដែលធ្វើការងារនេះ។ បើសិនជាមិនអញ្ចឹងទេ នៅមានការស្រពេចស្រពិលរហូត។ បើយើងមិនអភិវឌ្ឍតំបន់ហ្នឹងទេ នឹងនៅតែមានអ្នកថា “បើកុំតែខ្ញុំស្រែក កុំអីកាត់ឲ្យបាត់ហើយ”។ ប៉ុន្តែ ផ្ទុយទៅវិញស្រឡះ … មិនមែនយើងចេញពីក្រដាសស ទើបនឹងគូសវាសពីម្សិលម៉ិញទេ។ យើងមាន(សមិទ្ធផល) ២៥ឆ្នាំរួចហើយ ជាភស្ដុតាង។ លោកអ៊ំ ពូ មីង បងប្អូន ប្រជាពលរដ្ឋដែលព្រួយបារម្ភរឿងបាត់ដី បាត់អធិបតេយ្យនៅខេត្តទាំង ៤នេះ អាចទៅមើលឱ្យឃើញ(អ្វីដែលយើងបានធ្វើអោយកើតឡើងក្នុង) ២៥ឆ្នាំនេះ ហើយជាទិដ្ឋភាពជាក់ស្ដែង មិនមែនយើងត្រៀមឲ្យទៅអ្នកណាទេ។ រាជរដ្ឋាភិបាលមានតែត្រៀមពង្រឹងកន្លែងនេះឲ្យកាន់តែរឹងមាំ ដើម្បីឲ្យអធិបតេយ្យភាព និងប្រជាពលរដ្ឋកាន់តែរីកចម្រើន នៅតំបន់ទិសឦសាន …។
និយាយមកប៉ុណ្ណឹង បានធូរទ្រូងបន្តិច ហើយប្រជាពលរដ្ឋភាគច្រើនក៏នឹងធូរទ្រូងថាម៉េចក៏មិនហ៊ានស្រែក។ ឥឡូវមានអ្នកទៅនិយាយថា រាជរដ្ឋាភិបាលមិនហ៊ាននិយាយ ដោយសាររឿងបម្រុងកាត់ដីឲ្យគេហ្នឹងវាពិត។ ឥឡូវ ខ្ញុំបញ្ជាក់ហើយបញ្ជាក់ឲ្យច្បាស់។ ប៉ុណ្ណឹងល្មមហើយ។ សួរថាខ្ញុំនិយាយមានអីជាភស្ដុតាង? ដាក់សែស្រឡាយខ្ញុំដែលនៅហ្នឹង គ្មានផែនការរត់ចោលស្រុកទេ។ កូនខ្ញុំ ចៅខ្ញុំ ចៅទួតខ្ញុំ នៅហ្នឹង ហើយគ្មានប្រវត្តិសាស្រ្តដែលថាជាអ្នកដែលចូលរួមធ្វើឲ្យបាត់ខេត្តទាំង ៤នោះទេ។ តែខ្ញុំមានមហិច្ឆតាថា នៅថ្ងៃអនាគត ពេលដែលខ្ញុំចូលនិវត្តន៍ ខ្ញុំទៅខេត្តទាំង ៤ ខ្ញុំក៏បានសប្បាយចិត្ត អាចចង្អុលប្រាប់ចៅទួតខ្ញុំថា នែកាលតានៅធ្វើជានាយករដ្ឋមន្រ្តី តាបានចេញគោលការណ៍ជួយអភិវឌ្ឍដែរ។ ខ្ញុំមានមហិច្ឆតា និងគោលដៅធ្វើអញ្ចឹង។ មិនមានមហិច្ឆតាលើកដៃពីរឲ្យអ្នកណាទេ គឺមានតែចង់ថែរក្សា។ ធ្វើបានតិចឬច្រើន ចូលរួមជាមួយឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា បងប្អូនទាំងអស់។
ជាថ្មីម្ដងទៀត សូមអរគុណចំពោះការផ្ដល់មេក្រូឲ្យខ្ញុំនាកឱកាសនេះ។ អរគុណចំពោះការតាមដានស្ដាប់ … អរគុណដែលផ្ដល់ឱកាសឲ្យខ្ញុំបានបកស្រាយអំពីអ្វីដែលជាកង្វល់ជូនជនរួមជាតិនៅថ្ងៃនេះ។ រឿងបងប្អូនទទួលបាន ឬមិនបាន សូមស្រាវជ្រាវបន្ថែមចុះ។ រឿងនេះ រឿងអនាគត។ ពិបាកជាងគេបំផុតគឺការពារអ្វីដែលមិនទាន់កើត។ ប៉ុន្តែ ជាការប្ដេជ្ញាចិត្ត និងការធានាអះអាងក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសុំឲ្យបងប្អូនទាំងអស់ជឿទុកចិត្តចុះ យើងទទួលខុសត្រូវ ដើម្បីអនាគតកូនចៅរបស់យើង រួមទាំងកូនចៅរបស់ខ្ញុំផងដែរ។
យើងរួមគ្នាធ្វើតទៅទៀត ហើយសូមទៅលេងឲ្យច្រើន។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មការគោលនយោបាយសូមពិនិត្យឡើងវិញពីការដាក់ក្របខ័ណ្ឌពិនិត្យមើល។ ឆ្នាំទៅ យើងដាក់គោលដៅ ២គឺ សៀមរាបមួយ ខេត្តព្រះសីហនុមួយ សំរាប់ការលើកទឹកចិត្តវិនិយោគ។ នៅឆ្នាំ ២០២៥ គួរដាក់ទិសដៅវិនិយោគនៅទិសឦសាន។ ចេញគោលការណ៍អនុគ្រោះ លើកទឹកចិត្តខាងគោលការណ៍ណាមួយ ដើម្បីជំរុញការវិនិយោគទៅទីនោះ។ គិតគូរក្របខ័ណ្ឌហ្នឹង។ យើងអាចវិលជុំ ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង។ តែសំខាន់ការចូលរួម។ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ដែលនៅទីនេះអាចមានសក្ដានុពលធំចូលរួមកសាង អភិវឌ្ឍនៅទីនោះ តាមវិស័យមួយចំនួន។ សូមចាប់អារម្មណ៍ និងជំរុញនៅទីនោះផង។ ប្រជាពលរដ្ឋ យុវជនទាំងអស់គ្នា ក៏សូមចូលរូមថែរក្សាស្ថិរភាព សន្តិភាព និងការអភិវឌ្ឍទូទាំងប្រទេស។ បើស្រឡាញ់ជាតិ រួមគ្នាដើម្បីថែរក្សាសុខសន្តិភាព និងអភិវឌ្ឍប្រទេស ដើម្បីពីមួយជំនាន់ទៅមួយជំនាន់ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែរីកចម្រើន ដើម្បីខ្មែរខ្លាំង។
សូមជូនពរឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អង្គទូត ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ សូមទទួលសមប្រកបទៅដោយសេចក្ដីសុខ សេចក្ដីចម្រើន សុភមង្គល ប្រកបទៅដោយភាពជោគជ័យក្នុងអ្វីៗទាំងអស់ និងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕