ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញវត្ថុ
និង ជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ
ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា នៃរាជរដ្ឋាភិបាល
ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស ជាតិ និង អន្តរជាតិ ទាំងអស់ ជាទីមេត្រី!
ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានចូលរួមជាអធិបតី ក្នុង ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិនាថ្ងៃនេះ។ ប្រព័ន្ធដ៏មានសារៈសំខាន់នេះឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមស្មារតីបុរេសកម្ម និង ទទួលខុសត្រូវខ្ពស់ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និង ការវិនិយោគ នៅកម្ពុជា ។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះ ប្រធាន, អនុប្រធាន, និង សមាជិកទាំងអស់ នៃគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ដែលបានខិតខំ និង រួមគ្នា អភិវឌ្ឍ និង អនុវត្ត គម្រោងបញ្ជរតែមួយជាតិនេះ រហូតសម្រេចបានជោគជ័យ ។ ខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស ជាតិ និង អន្តរជាតិ ទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញចូលរួមពិធីរបស់យើង នាថ្ងៃនេះ ។
ខ្ញុំសូមរំលឹកថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ ក្នុងតំបន់ និង លើសកលលោក។ មុនវិបត្តិនៃជំងឺកូវីដ-១៩ កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧% ក្នុងមួយឆ្នាំ ដែលការណ៍នេះ បានអនុញ្ញាតឱ្យកម្ពុជាប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ ២០១៥។ ក្នុងអំឡុងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ទោះបីជាមានកំណើនអវិជ្ជមាន ក្នុងឆ្នាំ ២០២០, សេដ្ឋកិច្ចកម្ពុជា បានស្ទុះឡើងវិញយ៉ាងឆាប់ ដោយសម្រេចបានកំណើន ៥,១% ក្នុងឆ្នាំ ២០២២ និង ៥% ក្នុងឆ្នាំ ២០២៣ ហើយត្រូវបានព្យាករថា នឹងបន្តសម្រេចបានកំណើនខ្ពស់ ក្នុងរយៈពេលមធ្យម ទៅរយៈពេលវែង ខាងមុខ ។
ជាការពិត មួយចំណែកធំនៃកំណើនខ្ពស់របស់កម្ពុជា ទ្រទ្រង់ដោយពាណិជ្ជកម្ម ។ ជាក់ស្តែង ការនាំចេញរបស់កម្ពុជាមានកំណើនជាមធ្យម ១៣,៣% ក្នុងចន្លោះឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៣ និង បានកើនឡើងដល់ទំហំ ២៣,៤៧ ប៊ីលានដុល្លារអាមេរិក ឬ ស្មើនឹង ៥៤,៧% នៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជា ក្នុងឆ្នាំ ២០២៣ ។ ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២៤ និន្នាការនៃការនាំចេញនៅបន្តមានចលនាវិជ្ជមាន ក្នុងកំណើនប្រមាណ១៧,២%។
ក្នុងន័យនេះ រាជរដ្ឋាភិបាល តែងកំណត់ការកែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ និង កិច្ចសម្រួលពាណិជ្ជកម្ម ជាអាទិភាពដ៏ចម្បងមួយ ដោយបានដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្ត្រ, កម្មវិធី, និង វិធានការកែទម្រង់ ព្រមទាំងបទដ្ឋានគតិយុត្តសម្រាប់កែលម្អការអនុវត្ត ជាក់ស្តែង ជាបន្តបន្ទាប់ ។
ដូច ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរាយការណ៍មុននេះបន្តិច, រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, បានខិតខំធ្វើទំនើបកម្មជាច្រើន លើការងារសំខាន់ៗរបស់ខ្លួន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ម្យ៉ាង, ដើម្បីពង្រឹងប្រសិទ្ធភាព ការងារប្រចាំថ្ងៃរបស់ខ្លួន និងម៉្យាងទៀត ក្នុងគោលបំណងជំរុញកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និង ពង្រីកវិសាលភាពទីផ្សារ និង កាលានុវត្តភាពសេដ្ឋកិច្ច សម្រាប់កម្ពុជា តាមរយៈការកាត់បន្ថយនីតិវិធីរដ្ឋបាល និង ចំណាយលើសេវាសាធារណៈនិងជាពិសេស ការ-បង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការពាណិជ្ជកម្មរបស់វិស័យឯកជន ។
ស្របតាមនិន្នាការតំបន់ និង សកល រាជរដ្ឋាភិបាល បានកំណត់យកបច្ចេកវិទ្យា, ជាពិសេស បច្ចេកវិទ្យាឌីជីថល ជាកាតាលីករគន្លឹះមួយ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព ។ ជាក់ស្តែង រាជរដ្ឋាភិបាល បានដាក់ចេញនូវ ក្របខ័ណ្ឌគោលនយោបាយ សេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាមួយនឹងចក្ខុវិស័យ កសាងសេដ្ឋកិច្ច, សង្គម និង រដ្ឋាភិបាល ឌីជីថល រស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះ សម្រាប់ជំរុញការចាប់យក និង ការធ្វើបរិវត្តកម្ម ឌីជីថល នៅគ្រប់ស្ថាប័ន រដ្ឋ និង ឯកជន ។ បន្ថែមលើនេះ, នៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ដោយបានបន្ថែម «បច្ចេកវិទ្យា» ជាអាទិភាពថ្មីមួយ សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និង បរិវត្តកម្មឌីជីថល ក៏ដូចជាឆ្លើយតបនឹងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយ ដ៏សំខាន់នៃការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ទន្ទឹមនេះ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ការបង្កើនភាពប្រកួតប្រជែង ក៏ត្រូវបានកំណត់យ៉ាងច្បាស់ថា ជាអាទិភាពដ៏សំខាន់មួយ ក្នុង យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ ដោយផ្តោតលើការកែលម្អបរិយាកាសធុរកិច្ច ដែលអំណោយផលដល់ការធ្វើធុរកិច្ច, ការធ្វើពាណិជ្ជកម្ម និង ការវិនិយោគ តាមរយៈការកែសម្រួល និង ការធ្វើសាមញ្ញកម្ម នីតិវិធីពាក់ព័ន្ធនានា ការធ្វើឌីជីថលភាវូបនីយកម្មនៃការផ្តល់សេវាសាធារណៈ និង កិច្ចការរដ្ឋបាល ការពង្រឹងសមត្ថភាពស្ថាប័ន និង ការលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចសម្របសម្រួលអន្តរក្រសួងស្ថាប័ន ។
ក្នុងន័យនេះ, ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនាថ្ងៃនេះ ម៉្យាង គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការកែលម្អបរិយាកាសធុរកិច្ច និង ការជំរុញសកម្មភាពពាណិជ្ជកម្ម នៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និង ការជឿទុកចិត្ត ពីសំណាក់ វិនិយោគិន និង ធុរជន និងម៉្យាងទៀត គឺជាការបង្ខិតសេវាសាធារណៈ ទៅជិតអ្នកប្រើប្រាស់ តាមរយៈ ការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និង ថ្នាលបច្ចេកវិទ្យា ក្នុងការផ្តល់សេវាសាធារណៈ ដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេល និង ចំណាយពាក់ព័ន្ធផ្សេងៗ ។ សមិទ្ធផលនេះ ក៏ជាការបន្តជំរុញការកែទម្រង់ស៊ីជម្រៅ និង ការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និង បង្កើតការប្រកួតប្រជែងដោយស្មើភាព ក្នុងការធ្វើធុរកិច្ច និង ការវិនិយោគ និងដើម្បីកាត់បន្ថយបន្ទុកចំណាយលើការបំពេញតាមកាតព្វកិច្ច និងនីតិវិធីសារពើរពន្ធ ។
យ៉ាងណាមិញ ដូច ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានរាយការណ៍ពីខាងដើម, ប្រព័ន្ធបញ្ជរតែមួយជាតិរបស់កម្ពុជា ដែលមានការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្តូរទិន្នន័យជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន នឹងកែសម្រួលនីតិវិធីនៃការស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត, វិញ្ញាបនបត្រ និង ឯកសារតម្រូវនានា ពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញ ដែលកន្លងមក ពាណិជ្ជករ ត្រូវរត់ការឆ្លងកាត់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចផ្សេងគ្នា ជាច្រើនលើក មកជាការស្នើសុំតែមួយលើករួមគ្នា តាមទម្រង់អេឡិចត្រូនិក។ ប្រព័ន្ធនេះ រួមជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា) នឹងជួយសម្រួលដល់ ការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដោយផ្លាស់ប្ដូររបៀបរបបការងារ ពីការពឹងផ្អែកលើក្រដាស (Paper-based) ទៅជាការមិនប្រើក្រដាស (Paperless) ។ ក្នុងន័យនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ដែលធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់យើង កាន់តែមានប្រសិទ្ធភាព និង មានលទ្ធភាព តភ្ជាប់ ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ផ្សេងទៀត ក្នុងតំបន់ និង លើសកលលោក ។
ខ្ញុំរំពឹងយ៉ាងមុតមាំថា ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាគំរូជោគជ័យមួយទៀតនៃកិច្ចប្រឹងប្រែងរួមគ្នារបស់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល ដែលបានជម្នះនូវការលំបាកទាំងឡាយ ក្នុងដំណើការនៃការសម្របសម្រួលស្ថាប័ន ។ ក្នុងន័យនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ អាចចាត់ទុក បានថា ជា ជោគជ័យរួមគ្នា ឬជា សមិទ្ធិផលរួមគ្នា របស់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល ក្នុងការ អនុវត្តការងារ តាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” (Dynamics of Stakeholder System) ។ ការធ្វើការួមគ្នាប្រកបដោយជោគជ័យនេះ ក៏បានហុចផលដល់វិស័យឯកជន ដែលនឹងទទួលបានប្រយោជន៍ជាច្រើន ពី ប្រព័ន្ធបញ្ជរតែមួយជាតិ ជាអាទិ៍ ៖ ចំណេញពេល និង ការកាត់បន្ថយចំណាយ ដោយមិនចាំបាច់ត្រូវរត់ការពីក្រសួង-ស្ថាប័នមួយ ទៅក្រសួង-ស្ថាប័នមួយទៀតនោះទេ។
ខ្ញុំមានការចាប់អារម្មណ៍លើចំណុចមួយ ក្នុងរបាយការណ៍របស់ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្នដែលបានលើកឡើងអំពីការតភ្ជាប់គ្នាជាខ្សែច្រវាក់នៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ពីប្រព័ន្ធមួយ ទៅប្រព័ន្ធមួយទៀត របស់ក្រសួង-ស្ថាប័ន ចំនួន ២១ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា, ឬហៅថា CamDX, ដែលអនុញ្ញាតឱ្យយើងអាចបង្កើតនូវសេវាអេឡិចត្រូនិកជាច្រើនផ្សេងទៀត ដោយកាត់បន្ថយនូវ នីតិវិធីស្មុគស្មាញ និង ពេល ដ៏ច្រើនគួរ-ឱ្យកត់សម្គាល់ ។ ការកសាងប្រព័ន្ធអេកូឡូស៊ីនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានបែបនេះ ពិតជាមានសារៈសំខាន់ ដែលខ្ញុំយល់ថា អាចបង្កើតជាគំរូ ឬ ក្របខ័ណ្ឌការងារថ្មីមួយទៀត ដែលជាមូលដ្ឋានសម្រាប់យកទៅប្រើប្រាស់ក្នុងការលើកស្ទួយបរិយាកាសធ្វើធុរកិច្ច និង ការសម្រួលពាណិជ្ជកម្ម ក៏ដូចជាការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា ជារួមតែម្តង ។ ក្នុងន័យនេះ ការបន្តយកចិត្តទុកដាក់ពង្រឹង និង ពង្រីកប្រព័ន្ធអេកូឡូស៊ីឌីជីថលនេះ ពិតជាមានសារៈសំខាន់ ជាយុទ្ធសាស្ត្រ ដែលអាចចាត់ទុកថា ជាក្របខ័ណ្ឌរួមមួយនៃការកែទម្រង់របស់យើង សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ។
ស្ថិតក្នុងបរិការណ៍បច្ចុប្បន្ន និង ក្នុងរយៈពេលមធ្យម ទៅអនាគត យើងរំពឹងថា សេដ្ឋកិច្ច តំបន់ និង សកលលោកទាំងមូល នឹងបន្តត្រូវបានហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជា ខ្ពស់ ។ ក្នុងន័យនេះកម្ពុជា ត្រូវត្រៀមខ្លួនឱ្យល្អសម្រាប់ភាពចាំបាច់ក្នុងការឆ្លើយតបទៅនឹងវិបត្តិណាមួយដែលអាចកើតមានឡើងជាយថាហេតុ តាមរយៈការជំរុញការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និង កាន់តែខ្លាំងក្លាឡើង សំដៅលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និង ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និង សង្គមជាតិ ។
ក្នុងស្មារតីនេះ ខ្ញុំសូមយកឱកាសដ៏សំខាន់នេះ ផ្តល់អនុសាសន៍មួយចំនួន ដើម្បីជំរុញការដ្ឋានកែទម្រង់លើកកម្ពស់បរិយាកាសធុរកិច្ច និង ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្ត ប្រព័ន្ធបញ្ជរតែមួយជាតិរបស់យើង ដូចខាងក្រោម ៖
ទី១.ក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធ ហើយដែលមិនទាន់ចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវជំរុញការចូលរួមអនុវត្តប្រព័ន្ធនេះ ឱ្យបានឆាប់ ។ ចំពោះក្រសួង-ស្ថាប័នដែលបានចូលរួមរួចហើយ ក៏ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារ ឱ្យបានប្រកបដោយ គុណភាព និង ប្រសិទ្ធភាព ខ្ពស់ ។
[ផ្ដើមសេចក្ដីអធិប្បាយ១]
(១) ជំរុញស្ថាប័ននៅសល់ចូលរួមប្រព័ន្ធបញ្ជរតែមួយជាតិ ពង្រឹងសមត្ថភាពផ្តល់សេវាសាធារណៈ
ក្នុងវីដេអូដែលបានបញ្ចេញអម្បាញ់មិញនេះ យើងមាន ១៦ ក្រសួងស្ថាប័ន ដែលចូលរួម។ យើងនៅសល់ជាងពាក់កណ្ដាលទៀតដែលមិនទាន់(ចូលរួម)។ អញ្ចឹងសូមធ្វើម៉េចចាត់ចែងជំរុញ ឯកឧត្តម លោកជំទាវ ដែលជាចៅក្រសួងធ្វើយ៉ាងណាជំរុញកិច្ចការងារនេះឲ្យបានលឿន។ អាណត្ដិនេះ យើងដាក់អភិក្រមពង្រឹងជាជាងពង្រីក។ ពង្រឹងសមត្ថភាពក្នុងការផ្ដល់សេវាសាធារណៈ។ ពង្រឹងសមត្ថភាពក្នុងការលើកកំពស់ភាពប្រកួតប្រជែង។ យើងមិនអាចធ្វើដាច់ដោយដុំទេ។ យើងត្រូវធ្វើជារួម ប្រទាក់ក្រឡាគ្នា។ ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងលក្ខណៈជាប្រព័ន្ធអេកូឡូស៊ីនេះ ខ្ញុំគាំទ្រ។ ឥលូវបច្ចេកវិទ្យា អ្នកណាក៏ធ្វើបានដែរ ហើយកន្លងទៅយើងធ្លាប់មានក្រសួង ស្ថាប័ន ឯករាជ្យម្ចាស់ការផ្ដួចផ្ដើមគ្រប់គ្រងធ្វើប្រព័ន្ធទិន្នន័យជាច្រើន។ តែប្រព័ន្ធតាំំងនោះ ទីបំផុតអត់មានចីរភាពទេ ដោយសារអត់ប្រទាក់ក្រឡា ធ្វើឲ្យមានភាពស្មុគស្មាញទៅវិញ។ អញ្ចឹង ខ្ញុំគាំទ្រនូវការបន្ដយកមូលដ្ឋានជាគោល រៀបចំជាប្រព័ន្ធអេកូឡូស៊ីប្រទាក់ក្រឡា។
(២) ស្ថាប័ននិមួយៗ ត្រូវពង្រឹងសមត្ថភាពផ្ដល់សេវាដល់ប្រជាពលរដ្ឋ
វិស័យឯកជនដើរតួនាទីសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ មិនមែនតែវិស័យឯកជនទេ អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋធម្មតាក៏(មានតួនាទីដូចគ្នា)។ ត្រូវការនូវការរីកចំរើន មានភាពបត់បែន។ យើងរស់នៅក្នុងសេដ្ឋកិច្ចទីផ្សារ។ ពិតណាស់សេដ្ឋកិច្ចទីផ្សារមិនមែនបានន័យថា រដ្ឋាភិបាលអវត្ដមាននោះទេ។ រដ្ឋាភិបាលមិនលូក(ដៃ)ក្នុងការប្រកួតប្រជែងទីផ្សារ ប៉ុន្ដែរដ្ឋាភិបាលផ្ដល់ការគាំទ្រ។ ដូចខ្ញុំឧស្សាហ៍លើកឧទាហរណ៍ពីប្រដាល់សេរី ក្បាច់គុណវ៉ៃនៅក្នុងនោះ ប៉ុន្ដែត្រូវគោរពក្របខណ្ឌមួយចំនួន ហាមមិនឲ្យប្រើអាវុធ មិនឲ្យរុញចេញក្រៅសង្វៀន ឬយ៉ាងណាៗ។ អញ្ចឹង រាជរដ្ឋាភិបាលត្រូវធានានូវភាពប្រកួតប្រជែងខ្លួនឯង។ ប្រកួតប្រជែងតាមស្ថាប័ននិមួយៗត្រូវពង្រឹងសមត្ថភាពដើម្បីបង្ក(លក្ខណៈ)ឲ្យការផ្ដល់សេវាដល់ប្រជាពលរដ្ឋ។ វិស័យឯកជនយើងអាចប្រកួតប្រជែងបាន ទាល់តែមានការបង្កលក្ខខណ្ឌ គឺសេវាដែលរដ្ឋផ្ដល់ឲ្យ។
(៣) ត្រូវធ្វើរដ្ឋបាលទាំងមូលនូវប្រព័ន្ធសេវាការផ្ដល់លិខិតបទដ្ឋានគតិយុត្ដដើម្បីមានភាពប្រកួតប្រជែង
ប្រសិនបើយើងចង់ប្រកួតប្រជែង ប៉ុន្ដែប្រព័ន្ធសេវានៃការផ្ដល់(លិខិត)បទដ្ឋានគតិយុត្ដមានការកកស្ទះ ប្រើពេលយូរ តំលៃខ្ពស់ យើងពិបាកទៅប្រកួតប្រជែងជាមួយប្រទេសផ្សេង។ ការរៀបចំ បង្កើនប្រសិទ្ធភាពដាច់ដោយដុំក៏មិនប្រាកដថាល្អ។ ល្អសំរាប់ទ្រង់ទ្រាយតូច ប៉ុន្ដែពេលប្រទាក់ក្រឡាជាមួយគ្នាអាចធ្វើឲ្យមានបញ្ហា បើគ្រាន់តែទិន្នន័យមិនអាចបញ្ចូលគ្នាបានផង ចៀសមិនផុតពីប្រើក្រដាសដដែល។ ឥលូវបើ PRE ARRIVAL យើងបំពេញអនឡាញ តែមកដល់អត់ត្រូវទំរង់ជាមួយទិន្នន័យផង យើងត្រូវបំពេញជាក្រដាស់ដដែល។ អញ្ចឹងត្រូវប្រទាក់ក្រឡាគ្នាទាំងអស់។ ទាមទារឲ្យការអភិវឌ្ឍនេះ ត្រូវ(ធ្វើ)ជារដ្ឋបាលទាំងមូល Whole government។ ពាក្យថារដ្ឋបាលទាំងមូល មិនមែនក្រសួងស្ថាប័ននៅដាច់ដោយឡែកទេគឺត្រូវរួមគ្នាធ្វើ។ យើងត្រូវទទួលស្គាល់ថាប្រទេសយើងត្រូវប្រកួតប្រជែងគ្រប់ផ្នែក ជាពិសេសការប្រកួតប្រជែងខាងផ្នែកសេដ្ឋកិច្ចនេះ។ អញ្ចឹង ដើម្បីឲ្យវិស័យឯកជន(របស់)ប្រទេសយើងប្រកួតប្រជែងបានក្នុងពាណិជ្ជកម្ម ទាមទារឲ្យមានរដ្ឋបាលមួយដែលមានប្រសិទ្ធភាព។
អញ្ចឹង ការរៀបចំប្រព័ន្ធបញ្ជរតែមួយជាតិនេះ ស្ថិតនៅក្នុងអភិក្រមរៀបចំផ្ទះឲ្យមានលំដាប់លំដោយ ទាំងជា រចនាសម្ព័ន្ធ របៀបរបបការងារ ប្រសិទ្ធភាពនៃការធ្វើការ កាត់បន្ថយនីតិវិធីស្មុគស្មាញ បង្កើនប្រសិទ្ធភាពតាមរយៈការចាប់យកនូវបច្ចេកវិទ្យាឌីជីថល ជាជាងប្រជាពលរដ្ឋត្រូវធ្វើដំណើរ ៣០០ ៤០០ គីឡូម៉ែត្រ ៣ ឬ៤ ដង មកចាំយកឯកសារ តាមបណ្ដាក្រសួង ស្ថាប័ន ដែលកកស្ទះ បន្ដកន្ទុយគ្នា ដល់ម៉ោង ៥ ល្ងាច ត្រូវបិទ។ ស្អែកឡើងមកតកន្ទុយមិនទាន់គេ ក៏អត់ទៀត។ ដូរមកជាការអនុវត្ដតាមឌីជីថល។ មន្ដ្រីរបស់យើងក៏មិនចាំបាច់កកស្ទះ។ ស្ថាប័នរដ្ឋរបស់យើងមិនចាំពង្រីកទីតាំងធំពេក។ នេះជាការប្រកួតប្រជែង។ វាជានិន្នាការពិភពលោកទៅហើយ។ យើងមិនអាចនៅ(យឺតយាវតែឯងបាន)ទេ។
គ្រប់ប្រទេសប្រើប្រាស់ការកាត់បន្ថយនីតិវិធីស្មុគស្មាញដែលប្រើក្រដាសសឹងតែអស់ទៅហើយ។ ទៅថ្ងៃមុខ ខ្ញុំគិតថានឹងមានប្រព័ន្ធមួយដែលមនុស្សមិនបាច់ចាំវាយstamp ទៀតផង។ ចុះពីលើយន្ដហោះដើរកាត់ gate ហ្នឹង ទៅតែម្ដង។ គ្រឿងអេឡិកត្រូនិក ឈីបព័ត៌មានដាក់នៅក្នុងនឹងទាំងអស់។ ប៉ុន្ដែព័ត៌មានមួយនៅក្នុងនេះ អាចប្រើប្រាស់បានលុះត្រាតែមានការប្រទាក់ក្រឡា។ កិច្ចការងារនេះ ត្រូវធ្វើយ៉ាងណាជម្រុញឲ្យគ្រប់ស្ថាប័នរដ្ឋដើរតួនាទីមុនគេជាគំរូប្រទាក់ក្រឡាគ្នា។ សូមជំរុញកិច្ចការនេះ។ ចៅក្រសួងត្រូវជំរុញលើកទឹកចិត្តដើម្បីឲ្យធ្វើការងារនេះ។ សូមឲ្យយកចិត្តទុកដាក់លើជ្រុងនៃសុវត្ថិភាពព័ត៌មានដែលយើងបានគិតគូរខ្ពស់។ នេះជាចំណុចទី១។
[បញ្ចប់សេចក្ដីអធិប្បាយ១]
ទី២. គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ត្រូវតាមដាន និង វាយតម្លៃការ-អនុវត្ត ព្រមទាំងបន្តកែលម្អ និង ពង្រីកមុខងារប្រព័ន្ធ ក៏ដូចជាពង្រីកការតភ្ជាប់ទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងទៀត ដែលពាក់ព័ន្ធនឹងការធ្វើធុរកិច្ច និង ពាណិជ្ជកម្ម ដើម្បីបន្តឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ធុរជន ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(៥) ប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវធ្វើបច្ចុប្បន្នភាពនិងទំនើបកម្មបច្ចេកវិទ្យាជាប្រចាំ
ការភ្ជាប់ប្រព័ន្ធអេឡិចត្រូនិក មិនប្រាកដថាដោះស្រាយបញ្ហាមានចីរភាពរហូតនោះទេ។ យើងត្រូវបត់បែន។ សូម្បី computer ក៏មានទំនើបកម្មដែរ។ បច្ចេកវិទ្យាទូរស័ព្ទ ពីមួយឆ្នាំទៅមួយឆ្នាំ មិននៅនឹងថ្កល់ទេ។ គេតែងរកដំណោះស្រាយថ្មីៗ … ការបង្កើតបច្ចេកវិទ្យា ទី១ យើងថ្ពក់ជាប់ ទី២ តាមដាន ត្រួតពិនិត្យ ធ្វើទំនើបកម្ម ជាពិសេសបង្កើនប្រសិទ្ធភាពកាន់តែល្អទៅថ្ងៃអនាគត។ អញ្ចឹង ការតាមដានត្រួតពិនិត្យ ការអនុវត្ដជួយនូវក្នុងការសំរួលក្នុងការអនុវត្ដជាកិច្ចការសំខាន់ដើម្បីជោគជ័យ។
[បញ្ចប់សេចក្ដីអធិប្បាយ២]
ទី៣. សូមវិស័យឯកជន ចូលរួមប្រើប្រាស់ និង ទាញយកអត្ថប្រយោជន៍ ឱ្យបានជាអតិបរមា ពីប្រព័ន្ធបញ្ជរតែមួយជាតិនេះ និង ចូលរួមផ្តល់មតិយោបល់ សម្រាប់ការកែលម្អឱ្យកាន់តែប្រសើរ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
(៦) សូមផ្នែកឯកជនជួយគិត ជួយធ្វើ ជួយទទួលខុសត្រូវ ជួយប្រើបញ្ជរតែមួយជាតិ និងផ្តល់យោបល់កឬលំអ
នេះជាកិច្ចការធំ ដែលយើងដាក់អភិក្រមភាពជាដៃគូរវាងរដ្ឋនិងឯកជន ឱ្យជួយគិត ជួយធ្វើ ជួយទទួលខុសត្រូវ។មិនត្រឹមតែជួយគិតនិងផ្ដល់សំណូមពរមករដ្ឋាភិបាល(ទេ) ពេលដែលរដ្ឋាភិបាលចេញគោលការណ៍ហើយ សូមជួយប្រើផង។ បញ្ជរតែមួយជាតិមិនដើរទេ ប្រសិនបើបងប្អូនមិនប្រើ។ ធ្វើប្រព័ន្ធបានល្អយ៉ាងម៉េចក៏ដោយប្រសិនបើអត់មានអ្នកប្រើ ក៏មិន(ជោគជ័យ)។ ប្រៀបដូចជាផលិតផល ទោះជាធ្វើបានល្អយ៉ាងម៉េចក៏ដោយ ប្រសិនបើគ្មានអតិថិជនប្រើប្រាស់ ក៏មិនអាច(លក់ដាច់)។ ពេលដែលយើងប្រើប្រាស់នេះហើយ (ជា)ការប្រទាក់ប្រឡាគ្នា ស្វែងរកប្រសិទ្ធភាពដែលអាចធ្វើទៅបាន និងការចូលរួមផ្ដល់យោបល់កែលំអរ។ កិច្ចការងារនេះបានដើរច្រើននៅក្នុងដំណោះស្រាយរបស់រដ្ឋជាមួយវិស័យឯកជន ដែលមានបង្កើតក្រុមការងាររាជរដ្ឋាភិបាល វិស័យឯកជន ជជែកកគ្នាដោះស្រាយរាប់អាណត្ដិមកហើយ។ យើងនៅបន្ដទៅទៀត។
[បញ្ចប់សេចក្ដីអធិប្បាយ៣]
ទី៤. ដើម្បីបន្តចូលរួមដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ក្រសួង ស្ថាប័នត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ លើការងារលើកកម្ពស់បរិយាកាសធុរកិច្ច និង ការ-សម្រួលពាណិជ្ជកម្ម, ជាពិសេស ត្រូវជំរុញអនុវត្តឱ្យបានជោគជ័យ នូវវិធានការទាំងឡាយ ដែលត្រូវបានដាក់ចេញ នៅក្នុង វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។ និង
ទី៥. គ្រប់ក្រសួង ស្ថាប័ន ក្រោមការដឹកនាំ និង ការសម្របសម្រួលរបស់គណៈកម្មា-ធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល, ត្រូវបន្តខិតខំរៀបចំដាក់បញ្ចូលអនឡាញ នូវសេវាសំខាន់ដទៃទៀត ដែលជាសេចក្តីត្រូវការប្រចាំថ្ងៃសម្រាប់ធុរកិច្ច និង សូមរួមសហការគ្នា រៀបចំជាក្របខណ្ឌរួមមួយ ដែលខ្ញុំសូមដាក់ឈ្មោះថា “ប្រព័ន្ធអេកូ-ឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច” ដើម្បីជាមូលដ្ឋានឈានទៅពង្រីកការដ្ឋានការងារផ្សេងទៀត សំដៅកែលម្អបរិយាកាសធុរកិច្ចក្នុងប្រទេស និង បង្កើនភាពទាក់ទាញ របស់កម្ពុជា សម្រាប់ការវិនិយោគ ។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ, តំណាងដៃគូអភិវឌ្ឍន៍ និង អង្គពិធីទាំងមូល សូមប្រកបដោយពុទ្ធពរ និង ពរ ទាំង ៥ ប្រការ គឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
ខ្ញុំសូមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ ចាប់ពីពេលនេះតទៅ ៕