ប្រវត្តិរូបសង្ខេប

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

កើតថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ ក្នុងអំឡុងពេលកម្ពុជាស្ថិតក្រោមរបបខ្មែរក្រហម នៅស្រុកមេមត់ ខេត្តកំពង់ចាម, សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំយោធាដ៏មានកិត្តិយស ដែលបានកាន់មុខតំណែងសំខាន់ៗនៅក្នុងកងយោធពលខេមរភូមិន្ទ។ គួរកត់សម្គាល់ថា សម្ដេចធិបតី បានបម្រើការជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងយោធពលខេមរភូមិន្ទ ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏ជាអ្នកដឹកនាំកងកម្លាំងពិសេសជាតិប្រឆាំងភេរវកម្មផងដែរ។

ដំណើរនៃការ​សិក្សា​របស់សម្ដេចធិបតី បាន​ចាប់​ផ្ដើម​នៅ​ទីក្រុង​ភ្នំពេញ ជា​កន្លែង​ដែលសម្ដេចធិបតី បាន​ទទួល​ការអប់រំ​ទូទៅ​ក្នុងឆ្នាំ១៩៩៣។ នៅឆ្នាំ១៩៩៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចូលបម្រើការងារនៅក្នុងកងយោធពលខេមរភូមិន្ទ ហើយក្នុងឆ្នាំដដែលនេះបានទៅចូលរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកដ៏ល្បីល្បាញនៅ West Point។ ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវម្នាក់ សម្ដេចធិបតី បានក្លាយជាជនជាតិខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាពី West Point ក្នុងឆ្នាំ១៩៩៩ ដោយទទួលបានសញ្ញាបត្រ និងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច។ ក្រោយមកទៀត សម្ដេចធិបតី ក៏បានបន្តការសិក្សារហូតបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យញូវយ៉ក និងបណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Bristol។

ពេញមួយអាជីពយោធា សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចបានស្នាដៃគួរឱ្យកត់សម្គាល់ ដូចជា ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការនៃកងកម្លាំងពិសេសជាតិប្រឆាំងភេរវកម្មរបស់កម្ពុជាក្នុងឆ្នាំ២០០៨ ដែល សម្ដេចធិបតី បានដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការប្រឆាំងអំពើភេរវកម្ម។ សម្ដេចធិបតី ត្រូវបានដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯកក្នុងឆ្នាំ២០១៣ និងចូលកាន់តំណែងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទក្នុងឆ្នាំ២០១៨។ នៅខែមីនា ឆ្នាំ២០២៣ សម្ដេចធិបតី បានទទួលឋានន្តរស័ក្តិជាឧត្តមសេនីយ៍ផ្កាយ៤ ដោយបុព្វហេតុនៃការរួមចំណែកដ៏ពិសេស និងភាពជាអ្នកដឹកនាំក្នុងការពង្រឹងសមត្ថភាពកងទ័ពនិងទំនាក់ទំនងអន្តរជាតិលើវិស័យការពារជាតិ។

ក្រៅពីកាតព្វកិច្ចយោធា សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមយ៉ាងសកម្មក្នុងកម្មវិធីសង្គម ជាពិសេសគឺតួនាទីជាប្រធានគណៈកម្មាធិការ និងសមាគមអាហារូបករណ៍សម្តេចតេជោ។ អង្គការទាំងនេះផ្តល់ឱកាសអាហារូបករណ៍ដល់យុវជនកម្ពុជាជាច្រើន ហើយផ្តល់លទ្ធភាពឱ្យពួកគេបន្តការសិក្សាថ្នាក់ឧត្តមសិក្សាក្នុងប្រទេស។ លើសពីនេះ សម្ដេចធិបតី ក៏ជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលប្រមូលផ្តុំគ្រូពេទ្យ សិស្ស និស្សិត និងអ្នកស្ម័គ្រចិត្ត ដើម្បីផ្ដល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់ប្រ​ជា​ជនកម្ពុជានៅតាមជនបទ។

ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត កាន់តំណែងដ៏លេចធ្លោមួយនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្ស និងដឹកនាំក្រុមយុវជនថ្នាក់កណ្តាលរបស់គណបក្ស។ សម្ដេចធិបតី ត្រូវបានគណបក្សជ្រើសរើសតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ជាបេក្ខជនផ្លូវការសម្រាប់តំណែងនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។ បន្ទាប់ពីទទួលជោគជ័យលើការឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ព្រះ​មហាក្សត្រ​ទ្រង់​បាន​តែង​តាំង​ សម្តេច​ធិបតី ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវភាពជាអ្នកដឹកនាំដ៏ពិសេស តាមរយៈការដឹកនាំប្រកបដោយប្រសិទ្ធភាពនៃកងយោធពលខេមរភូមិន្ទ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ការយកចិត្តទុកដាក់លើយុទ្ធនាការចាក់វ៉ាក់សាំង ការបង្កើតមជ្ឈមណ្ឌលព្យាបាល និងរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័ក ការសម្របសម្រួលការដឹកជញ្ជូនពលករកម្ពុជានៅតាមព្រំដែន និងការគ្រប់គ្រងលើមន្ទីរពេទ្យហ្លួងម៉ែ សុទ្ធតែបង្ហាញពីការប្តេជ្ញាចិត្តរបស់ សម្ដេចធិបតី ក្នុងការការពារសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត តំណាងឲ្យមេដឹកនាំមួយរូបដ៏គំរូនិងមានភាពប៉ិនប្រសព្វ កំណត់ដោយចរិតលក្ខណៈមានភាពវៃឆ្លាតដ៏គួរឱ្យកត់សម្គាល់ និងការលះបង់ឥតងាករេចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋ។ ភក្ដីភាពដ៏អង់អាចចំពោះភាពសុខដុមរមនា ស្ថិរភាព និងវឌ្ឍនភាពជាតិ គួបផ្សំនឹងការប្តេជ្ញាចិត្តដ៏មុតមាំ បង្ហាញឲ្យឃើញនូវគុណតម្លៃល្អឥតខ្ចោះរបស់មេដឹកនាំម្នាក់គួរឱ្យទុកចិត្ត បំផុសគំនិត និងពោរពេញដោយមេត្តាធម៌​។ ការ​​បោះឆ្នោតតាម​បែប​ប្រជាធិបតេយ្យ​របស់គណបក្ស​ជូន សម្ដេចធិបតី ឲ្យក្លាយ​ជា​បេក្ខជន​ចាត់​តាំង​សម្រាប់​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី គឺជា​សក្ខីភាព​បញ្ជាក់ពីសមត្ថភាពរបស់ សម្ដេចធិបតី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរៀបការជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហើយលោកទាំងទ្វេគឺជាឪពុកម្តាយដ៏មោទនភាពចំពោះកូនៗដ៏គួរឱ្យស្រឡាញ់ចំនួនបីនាក់គឺ វលក្ខណ៍ លីណា និងរិទ្ធិសិទ្ធ។ នៅពេលដែល សម្ដេចធិបតី ឡើងកាន់តួនាទីជានាយករដ្ឋមន្ត្រី ប្រទេសជាតិរំពឹងយ៉ាងមុតមាំលើការបន្តការយកចិត្តទុកដាក់ និងភាពជាអ្នកដឹកនាំរបស់ សម្ដេចធិបតី ក្នុងការជំរុញភាពរីកចម្រើន និងសុខុមាលភាពរបស់កម្ពុជា៕