ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង សមាជិក សមាជិកា រាជរដ្ឋាភិបាល;
គណៈធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ និងគ្រឹះស្ថានសិក្សានានា មាតាបិតា អាណាព្យាបាល និង
ក្មួយៗសិស្សជាប់និទ្ទេស A ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដោយបានជួបសំណេះសំណាលជាមួយក្មួយៗសិស្សជាប់និទ្ទេស A ទាំង ៣ ០២០ នាក់ ដែលជំនួបលើកនេះ គឺជាជំនួបលើកទី១១, បន្ទាប់ពីក្រសួងអប់រំ យុវជន និង កីឡា បានធ្វើការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ ២០១៣ ក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់» ។
ខ្ញុំសូមកោតសរសើរចំពោះក្រសួងអប់រំ យុវជន និង កីឡា ដែលបានសហការគ្នាយ៉ាងល្អជាមួយ ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក), អគ្គិសនីកម្ពុជា, រដ្ឋបាលរាជធានី ខេត្ត និង អ្នកពាក់ព័ន្ធ ក្នុងការរៀបចំ និង ដំណើរការ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥, និង ការប្រឡងសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈកម្រិត៣, ដោយរលូន និង ទទួលបានលទ្ធផលគួរជាទីមោទនៈ ។
ខ្ញុំសូមចូលរួមអបអរសាទរជាមួយ បេក្ខជនទាំង មួយសែនពីរម៉ឺន ពីរពាន់ បួនរយ-ចិតសិបបី (១២២ ៤៧៣) នាក់, ស្មើនឹង ៨៤,៥៦ % នៃបេក្ខជនមកប្រឡងសរុប, ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៥, និង បេក្ខជនទាំង ៩១៣ នាក់, ស្មើនឹង ៩៩,៧៨% នៃ បេក្ខជនមកប្រឡងសរុប, ដែលបានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ កម្រិត៣ នាសម័យប្រឡងថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥ ។ ទន្ទឹមនេះ, ខ្ញុំក៏សូមអបអរសាទរជាពិសេស និង វាយតម្លៃខ្ពស់ចំពោះសិស្សជាប់និទ្ទេស A ទាំង ៣ ០២០ នាក់, ក្នុងនោះ សិស្សជាប់និទ្ទេស A នៃ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ៣ ០០៣ នាក់ (ស្រី ១ ៦៩៤ នាក់), និង ការប្រឡងសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ កម្រិត៣ ចំនួន ១៧ នាក់ (ស្រី ៦ នាក់)។
[ផ្ដើមសេចក្ដីអធិប្បាយ១]
ថ្ងៃនេះ យើងរៀបចំ(ការជួបសំណេះសំណាល)បាន។ កន្លងទៅ យើងបានពន្យារពេល ដោយសារគម្រោងរៀបចំមុននោះ ក៏(ចំពេល)ផ្ទុះស្ថានភាពព្រំដែន។ អញ្ចឹងក៏យើងបានលើកពេលមកដល់ថ្ងៃនេះ។ ទោះយឺតបន្តិច ប៉ុន្តែយើងអាចរៀបចំបាន ដើម្បីអបអរសាទរជូនក្មួយៗ ដែលបានប្រឹងប្រែងសម្រេចបានជោគជ័យក្នុងការប្រឡងកន្លងទៅ។
[ចប់សេចក្ដីអធិប្បាយ១]
វឌ្ឍនភាពដ៏ល្អប្រសើរនេះ គឺជាលទ្ធផលនៃការខិតខំរបស់សិស្សានុសិស្សផ្ទាល់, គួបផ្សំជាមួយការដឹកនាំល្អរបស់ក្រសួងអប់រំ យុវជន និង កីឡា, ការយកចិត្តទុកដាក់បង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូ, ការបំពេញការងារប្រកបដោយប្រសិទ្ធភាពរបស់នាយក នាយិកាសាលារៀន និងការជួយជ្រោមជ្រែងពីមាតាបិតា អាណាព្យាបាល របស់សិស្សានុសិស្សទាំងអស់ ។ ទន្ទឹមនេះ, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត, អាជ្ញាធរពាក់ព័ន្ធ, (ស.ស.យ.ក), និង អ្នកស្ម័គ្រចិត្តដទៃទៀត ដែលបានខ្នះខ្នែង និង ផ្តល់ការបំពាក់បំប៉នសមត្ថភាពដល់សិស្សានុសិស្ស ដើម្បីជួយឱ្យពួកគេទទួលបានលទ្ធផលល្អក្នុងការសិក្សា ក៏ដូចជា ទទួលបានជ័យលាភីនៅក្នុងការប្រឡងយកសញ្ញាបត្រ ។
ការពង្រឹងគុណភាពវិស័យអប់រំកម្ពុជា គឺជាគោលដៅឤទិភាពរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ សម្រាប់អនុវត្តនៅគ្រប់ដំណាក់កាល, គឺការអប់រំឱ្យមានចំណេះដឹងទូលាយ ជំនាញពិតប្រាកដ ព្រមទាំង សីលធម៌ គុណភាព និង មនសិការស្នេហាជាតិ, ជាពិសេស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា, ការតម្រង់ទិសសម្រាប់ទីផ្សារការងារ និងការពង្រឹងជំនាញបច្ចេកទេសដល់យុវជន សំដៅធានាថា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរ និងរួមចំណែកក្នុងកាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ជាមួយនេះ, ការងារអភិវឌ្ឍធនធានមនុស្សកម្ពុជា ពិតជាមានមោទនភាពខ្ពស់ នៅពេលដែលវិស័យអប់រំរបស់ខ្លួន ទទួលបាននូវការរីកចម្រើន, ទាំងបរិមាណ និង គុណភាព ។
ជាក់ស្តែង, កម្ពុជាបានអភិវឌ្ឍខ្លួនតាំងពីមានអ្នកចេះដឹងក្នុងចំនួនតិចតួចបំផុត នៅដើមទសវត្សរ៍ឆ្នាំ ១៩៨០ ដែលជាដំណាក់កាលអនុវត្តកម្មវិធី «អ្នកចេះច្រើនបង្រៀនអ្នកចេះតិច, អ្នកចេះតិចបង្រៀនអ្នកអត់ចេះ» រហូតឈានដល់បង្កើតបានជាប្រព័ន្ធ ដែលមានស្តង់ដានៅគ្រប់កម្រិត នៃការអប់រំបណ្តុះបណ្តាល ។ ម៉្យាងទៀត, សមិទ្ធផលនាពេលនេះ រួមទាំងការផលិតបាននូវសិស្សជាប់និទ្ទេស A រាប់ពាន់នាក់នៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញពីការខិតខំប្រឹងប្រែងរួមរបស់យើងទាំងអស់គ្នា, ស្របពេលដែលកម្ពុជាកំពុងប្រឹងប្រែង កសាងសមត្ថភាពស្ថាប័ន, ការធ្វើទំនើបកម្មមូលដ្ឋានសម្ភារៈបច្ចេកទេស និង ការពង្រឹងប្រសិទ្ធភាព នៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីឱ្យកម្ពុជាមានមូលធនមនុស្សគ្រប់គ្រាន់ សម្រាប់ឆ្លើយតបនឹងការរីកចម្រើន ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មទី ៤.០ ដែលកម្ពុជាត្រូវឈរលើសក្តានុពលដែលខ្លួនមាន និងបោះជំហានឱ្យទាន់ប្រទេសក្នុងតំបន់ និង បរិការណ៍សកល ជាពិសេស ក្នុងស្ថានភាពដែលកម្ពុជាត្រូវប្រឹងរស់ ងើបឈរឡើង ដើម្បីការពារ ឯករាជ្យ អធិបតេយ្យ និង សន្តិភាព របស់ប្រទេស ។
វឌ្ឍនភាព នៃវិស័យអប់រំនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ, ក្នុងនោះ កម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេសដែលមានការអភិវឌ្ឍឆាប់រហ័ស, ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និង សេវាកម្ម។ ក្នុងឆ្នាំ ២០២៥ កន្លងទៅនេះ, កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាប្រមាណ ៥,២% ហើយ ក្នុងឆ្នាំ ២០២៦ នេះ, ត្រូវបានរំពឹងថា នឹងកើនក្នុងអត្រាប្រមាណ ៥% ឬ លើសពីនេះ ។
កំណើននេះ បានអនុគ្រោះដល់ការអភិវឌ្ឍវិស័យជាច្រើន ជាពិសេស វិស័យហេដ្ឋា-រចនាសម្ព័ន្ធរូបវ័ន្ត ឱ្យកាន់តែមានភាពរស់រវើក និង តភ្ជាប់គ្រប់ទិសតំបន់ ដែលមិនត្រឹមតែធ្វើសមាហរណកម្មហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងធ្វើសមាហរណ-កម្មប្រទាក់ក្រឡាទៅនឹងប្រទេសជិតខាងទៀតផង ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលនឹងបន្តវិភាជន៍ថវិកាបន្ថែមដល់វិស័យ អប់រំ សម្រាប់ជ្រើសរើស និង បណ្តុះបណ្តាលគ្រូបង្រៀន ដែលជាឤទិភាពចម្បង ដើម្បីបំពេញបន្ថែមដល់ការងារពង្រាយគ្រូ និង ជំនួសគ្រូដែលត្រូវចូលនិវត្តន៍, ការធ្វើវិក្រឹត្យការគ្រូបង្រៀន, ការកែលម្អកម្មវិធីសិក្សា និង វិធីសាស្រ្តបង្រៀន, ការធ្វើអធិការកិច្ច, ការពង្រឹងសមត្ថភាពគ្រប់គ្រង និងគុណភាពប្រឡង។
ដើម្បីចូលរួមជំរុញ ការអនុវត្តគោលការណ៍ «អ្នកចេះគឺជាប់» និង ការបង្កើនបរិមាណសិស្សជាប់និទ្ទេស A, ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និង មន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ យុវជន និង កីឡា ដើម្បីចូលរួមអនុវត្តបន្ត ដូចខាងក្រោម៖
ទី១. ត្រូវបង្កើនលទ្ធភាព តាមគ្រប់រូបភាព ដើម្បីបណ្តុះបណ្តាលសិស្សពូកែ រាប់ចាប់តាំងពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ និង រៀបចំឱ្យមានការគាំទ្រចំពោះមុខដល់សិស្សរៀនពូកែដែលកំពុងជួបបញ្ហា, ទាំងក្នុង ការរស់នៅ និង ការរៀនសូត្រ ។
ទី២. ត្រូវផ្តល់នូវការតម្រង់ទិសសិក្សា ដើម្បីឱ្យសិស្សពូកែរបស់យើងឈានចូល និង បន្តការសិក្សានៅកម្រិតបន្តបន្ទាប់ នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាឈានមុខនៅលើសកលលោក ដែលនឹងក្លាយជាធនធានដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេស មុខជំនាញ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា ។
ទី៣. ត្រូវរៀបចំចងក្រងនូវបទពិសោធរបស់ក្មួយៗដែលជាសិស្សពូកែ អំពីវិធីសាស្រ្តក្នុងការរៀនសូត្រឱ្យក្លាយជាសិស្សពូកែ ដើម្បីចែករំលែកដល់ក្មួយៗសិស្សា-នុ សិស្សដទៃទៀត, ព្រមទាំង ផ្តួចផ្តើមនូវអន្តរាគមន៍នានា ដើម្បីបំពាក់បំប៉នបន្ថែមដល់សិស្សពូកែឱ្យកាន់តែមានលទ្ធភាពប្រកួតប្រជែងខ្ពស់ជាងមុន ក្នុងការប្រកួតប្រជែងកម្រិត តំបន់ និង អន្តរជាតិ ។
ទី៤. ត្រូវបន្តផ្តល់អាហារូបករណ៍ដល់សិស្សពូកែ សិស្សជួបការលំបាក ជាពិសេស សិស្សនារី និង សិស្សក្នុងគ្រួសារក្រីក្រ និង ធានាប្រសិទ្ធភាព នៃការអនុវត្តកម្មវិធីសិក្សាផ្នែក គណិតវិទ្យា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង ភាសាបរទេស ដើម្បីឱ្យស្របទៅនឹងចរន្ត នៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មទី ៤.០ ។
ទី៥. ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្មនូវគោលនយោបាយអភិវឌ្ឍវិស័យអប់រំ ដើម្បីធានាថា ការអប់រំមានគុណភាព ប្រកបដោយបរិយាប័ន្ន និង លើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា ។ ជាមួយនេះ, ត្រូវខិតខំជំរុញ និងពង្រីកកម្មវិធីអប់រំកុមារតូច និង បង្កលក្ខណៈឱ្យកុមារ បានសិក្សាយ៉ាងតិច ៩ ឆ្នាំ នៅសាលារៀន ដែលមានបរិស្ថានស្អាត និង អនាម័យល្អ។
[ផ្ដើមសេចក្ដីអធិប្បាយ២]
(១) បង្កើនចំណេះដឹងស្របតាមតម្រូវការការងារ ក៏ដូចជាគន្លងអាជីព ឬចំណង់ចំណូលចិត្តរបស់យុវជន
ក្នុងកិច្ចការ(អនុវត្តឱ្យកាន់តែសកម្មនូវគោលនយោបាយអភិវឌ្ឍវិស័យអប់រំ)នេះ ដូចឯកឧត្តម ហង់ជួន ណារ៉ុន បានលើកឡើង យើងត្រៀមលក្ខណៈបណ្ដុះបណ្ដាលឱ្យស្របទៅតាមតម្រូវការនៃការអភិវឌ្ឍប្រទេស។ ដោយហេតុនេះហើយ ទើបតាំងពីដើមអាណត្តិមក (យើង)បានចាប់ផ្ដើមអនុវត្ត (គោលនយោបាយអភិវឌ្ឍវិស័យអប់រំ ដែល) ឯកឧត្តម ហង់ជួន ណារ៉ុន និងឯកឧត្តម ហេង សួរ បានធ្វើការជាមួយគ្នារៀបចំជាគន្លងនៃការរៀនសូត្រ តម្រង់ទិសសម្រាប់អាជីពទៅថ្ងៃអនាគតរវាងក្រសួងអប់រំនិងក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលទស្សនៈវិស័យរបស់យើង គឺផ្ដល់ឱកាស តម្រង់ទិសឱ្យក្មួយៗ ពីដើមទី បានន័យថា លឿនបន្តិ ពីថ្នាក់ទី១០ ឡើងទៅ។ យើងមិនអាចចាំរហូតដល់(សិស្ស)ប្រលងបាក់ឌុប បានយើងទៅរក(ការតម្រង់ទិស)ថាតើទៅណា ទៅរៀនចំណេះដឹងទូទៅបន្ត ឬមួយក៏វិជ្ជាជីវៈ(នោះទេ)? អញ្ចឹងកិច្ចការនេះ គឺធានាប្រសិទ្ធភាពនៃការបង្កើនចំណេះដឹងឱ្យស្របទៅតាមតម្រូវការការងារ ក៏ដូចជាគន្លងនៃអាជីព ឬមួយក៏ចំណង់ចំណូលចិត្តរបស់យុវជន។
(២) អនាគតប្រទេស ផ្សាភ្ជាប់ជាមួយអនាគតរបស់យុវជន និងប្រជាជន
កិច្ចការនេះ មិនមែនមានធ្វើតែនៅកម្ពុជាទេ។ ប្រទេសអភិវឌ្ឍជាច្រើនបានធ្វើ(រួចហើយ) ដូចនៅប្រទេសសិង្ហបុរី អាល្លឺម៉ង់ជាដើម។ ប្រទេសជាច្រើនដែលផ្ដល់(ការតម្រង់ទិសសម្រាប់អាជីពទៅថ្ងៃអនាគត) ព្រោះ(មិនអាចថា)សិស្សរៀនអនុវិទ្យាល័យ ១០០នាក់ ត្រូវទៅគន្លងនៃចំណេះដឹង(ទូទៅ)ទាំង ១០០នាក់នោះទេ។ អាច(ថាមួយចំនួនទៅតាម)គន្លងនៃការរៀនវិជ្ជាជីវៈចាប់ពីថ្នាក់ទី១០ អីទៅ។ ជាកម្លាំងជំនាញ។ ប៉ុន្តែត្រូវមានភាពបត់បែន ដើម្បីថ្ងៃក្រោយ គាត់អាចមានលទ្ធភាពឆ្លងត្រឡប់មក(បន្តការសិក្សា)វិញ។ ឧទាហរណ៍ ចប់គន្លងវិជ្ជាជីវៈទូទៅ មិនមានបាក់ឌុប ដូចចំណេះដឹងទូទៅទេ ប៉ុន្តែមានសញ្ញាបត្រមួយដែលអាច(ថាមានតម្លៃ)ស្មើគ្នា និងអាចឆ្លងត្រឡប់មករៀនជាបរិញ្ញាបត្រ ឬមួយចំណេះដឹងទូទៅ។ ការគិតគូរឱ្យមានការអនុញ្ញាតនេះ គឺដើម្បីធានាឱ្យ(យុវជនយើងមានអនាគត)។ អនាគតរបស់ប្រទេសភ្ជាប់ជាមួយនឹងអនាគតរបស់យុវជន និងប្រជាជនយើង។
(៣) រៀបចំប្រព័ន្ធការងារ គន្លងគោលនយោបាយ តម្រង់ទិសក្នុងការសម្រេចចិត្ត ជាការកសាងធនធានមនុស្ស
បើយុវជនយើងមានចំណេះដឹង មានសុខភាពល្អ ហើយការងារដែលគាត់បានរៀន ភ្ជាប់ជាមួយតម្រូវការរបស់សង្គម (នោះវានឹងជួយ)កសាងនូវអនាគតរបស់គាត់។ នេះគឺជាការចូលរួមសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសជាតិ។ សំរាប់កិច្ចការនេះ ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដល់ឯកឧត្តម ហង់ជួន ណារ៉ុន និងឯកឧត្តម ហេង សួរ ក៏ដូចជាក្រុមការងារ ដែលបានសិក្សាដល់កិច្ចការនេះ។ យើងបានអនុវត្តពីមុនដែរ។ យើងមានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានកម្មវិធីខ្លះនៅតាមវិទ្យាល័យ ប៉ុន្តែ(ត្រូវ)រៀបចំជាប្រព័ន្ធការងារ រៀបចំជាគន្លងគោលនយោបាយ ដើម្បីជំរុញបន្ថែម និងតម្រង់ទិសបន្ថែម ពីថ្នាក់ទី ៩-១០។ យើងមិនបង្ខំទេ ប៉ុន្តែធ្វើយ៉ាងណាឱ្យក្មួយៗបានទទួលព័ត៌មាន ក៏ដូចជាការតម្រង់ទិសត្រឹមត្រូវក្នុងការសម្រេចចិត្ត។ នេះជាការកសាងធនធានមនុស្ស។
[ចប់សេចក្ដីអធិប្បាយ២]
ជាថ្មីម្តងទៀត, ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការខិតខំរៀនសូត្ររបស់ក្មួយៗ, ការខិតខំរបស់បុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់ អាជ្ញាធរដែនដី មាតាបិតា និង អ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាអនុវត្តការងារ និង បំពេញភារកិច្ច រហូតសម្រេចបានជោគជ័យ នាថ្ងៃនេះ ។ ខ្ញុំក៏សូម ផ្តាំផ្ញើដល់ក្មួយៗសិស្សជាប់និទ្ទេស A ទាំងអស់ សូមបន្តខិតខំ រៀនសូត្រ, ស្រាវជ្រាវ, និង កសាងខ្លួន ឱ្យក្លាយជាយុវជនឆ្នើម ជាពលរដ្ឋឆ្នើម ជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ និង ស្វែងរកកិត្តិយសថ្មីៗទៀត ជូនជាតិមាតុភូមិ នៅពេលដែលក្មួយៗ បន្តការសិក្សានៅកម្រិតឧត្តមសិក្សា និង កម្រិតក្រោយៗទៀត ។
[ចាប់ផ្ដើមសេចក្ដីអធិប្បា៣]
(៤) ពង្រឹងគុណភាពអប់រំ ដើម្បីផ្ដល់ឱកាសនិងសមត្ថភាព ឱ្យយុវជនពីមួយជំនាន់ទៅមួយជំនាន់
ក៏ដូចគ្នាសម្រាប់ក្មួយៗផ្សេងៗទៀត ដែលទោះជាមិនជាប់និន្ទេស A ក៏ដោយ។ ជាយុវជនរបស់យើង ទាំងអ្នកប្រឡងជាប់ និងអ្នកមិនបានប្រឡងជាប់នៅឆ្នាំនេះ ក៏សូមកុំបោះបង់ សូមបន្តខិតខំនៅក្នុងការកសាងនូវសមត្ថភាព និងឱកាសរបស់ខ្លួនបន្ថែមទៀត។ នេះគឺជា(ធនធាន)ដែលប្រទេសជាតិរបស់យើងត្រូវការ។ រាជរដ្ឋាភិបាលនឹងខិតខំពង្រីកឱកាស ពង្រឹងគុណភាពអប់រំ ដើម្បីផ្ដល់ឱ្យយុវជនពីមួយជំនាន់ទៅមួយជំនាន់ មួយឆ្នាំទៅមួយឆ្នាំកាន់តែមានឱកាស និងសមត្ថភាពបន្ថែមទៀត។ ខិតខំប្រឹងប្រែងស្វែងរកទាក់ទាញការបង្កើតការងារថ្មីៗ មិនថាវិនិយោគពីខាងក្រៅឬខាងក្នុង ដើម្បីបង្កើតឱកាសការងារបន្ថែម សម្រាប់អោយយុវជន និងប្រជាពលរដ្ឋរបស់យើងអាចសម្រេចបានឱកាសបង្កើនសមត្ថភាព និងជួយដល់ប្រទេសជាតិរបស់យើង។
(៥) ស្មារតីរួបរួមគ្នាជួយដល់វីរកងទ័ព វីរនគរបាល ជនភៀសសឹក ជាស្មារតីស្នេហាជាតិ ជាកំលាំងជាតិដ៏ធំ
មុននឹងបញ្ចប់ ខ្ញុំដឹងថា ក្មួយៗមួយចំនួនដែលជាប់និន្ទេសA នៅទីនេះ ត្រូវជាកូន/ក្មួយ/ចៅ សាច់ញាតិរបស់វីរៈយុទ្ធជន វីរនគរបាល ដែលបំពេញភារកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដីនៅតាមព្រំដែន។ ខ្ញុំសូមផ្ញើការអរគុណ និងដឹងគុណចំពោះវីរភាពរបស់បងប្អូនទាំងអស់ ដែលកំពុងឈរជើង ឬបានពលីកម្មក្នុងការបំពេញកិច្ចការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើងដ៏អង់អាចក្លាហាន។ ខ្ញុំសូមអរគុណដល់ក្រុមគ្រួសារដែលបានផ្ដល់កម្លាំងចិត្ត និងគាំទ្រដល់ពួកគាត់នៅក្នុងការពារទឹកដី និងការពារផលប្រយោជន៍ជាតិសម្រាប់យើងទាំងអស់គ្នា។ ខ្ញុំសូមឆ្លៀតឱកាសនេះ អរគុណបងប្អូនប្រជាពលរដ្ឋយើងទូទាំងប្រទេស មិនថាអ្នកនៅក្នុងប្រទេស ឬក្រៅប្រទេស គឺទូទាំងពិភពលោក ជាពិសេសយុវជនរបស់យើង ដែលបានបង្ហាញស្មារតីរួមគ្នាក្នុងការជួយដល់វីរកងទ័ព វីរនគរបាលជាតិ ជួយដល់ជនភៀសសឹក ដែលនេះជាស្មារតីស្នេហាជាតិមួយធំ ជាកំលាំងជាតិមួយធំជួយគ្នានៅក្នុងគ្រាលំបាក ដែលខ្ញុំនិយាយថាគ្មានអ្នកណាជួយខ្មែរខ្លាំងជាងខ្មែរខ្លួនឯងនោះទេ។
(៦) រឿងទឹកដីនិងប្រជាជនគឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល
ខ្ញុំយល់អំពីការព្រួយបារម្ភរបស់ក្រុមគ្រួសារ ក៏ដូចជាប្រជាជនយើងនៅទូទាំងប្រទេស ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ដែលកន្លងទៅ (ដោយសារតែ)បានបង្កអោយមានការបាត់បង់ជីវិត រងរបួសប្រជាជនស៊ីវិល កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាបានបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បិត្តិសាធារណៈផ្សេងៗ។ ដោយសារបញ្ហាវាមិនទាន់ចប់ ខ្ញុំសូមមិនរៀបរាប់លំអិតលើបញ្ហានេះ ឬវិធានការដោះស្រាយទេ ប៉ុន្តែអ្វីដែលសំខាន់ខ្ញុំចង់បញ្ជាក់គឺ តាំងពីដើមទី តាំងពីការផ្ទុះអាវុធលើកទីមួយ និងលើកទីពីរ រឿងទឹកដីនិងប្រជាជនគឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល។ ពិតណាស់ មានកិច្ចការច្រើនដែលត្រូវធ្វើ។ ការវិវឌ្ឍប្រែប្រួលខ្លះមិនបានដូចចិត្តយើង(ចង់បាន)ទេ។ វាបង្កើតនូវការលំបាកផ្លូវចិត្ត និងការភ័យខ្លាច។ រាជរដ្ឋាភិបាលមិនបោះបង់កាតព្វកិច្ចនេះទេ។ យើងការពារអធិបតេយ្យភាពទឹកដី ក៏ដូចជាអាយុជីវិតនិងសុខទុក្ខប្រជាជន ជាពិសេសអ្នករស់នៅព្រំដែន និងជនភៀសសឹក។
(៧) ធ្វើគ្រប់មុខព្រួញជាប្រចាំ តែក៏នៅមានចំណុចខ្វះខាត អាស្រ័យដោយមានការប្រែប្រួលលឿន
ការងារដែលត្រូវធ្វើគ្រប់មុខព្រួញទាំងអស់នេះ គឺមិនគ្រាន់តែជាការប្ដេជ្ញាចិត្តនោះទេ ប៉ុន្តែជាការធ្វើសកម្មជាប់ជាប្រចាំ។ កន្លែងខ្លះបានគ្រប់ កន្លែងខ្លះបានទាន់ កន្លែងខ្លះបានល្អ កន្លែងខ្លះនៅមានចំណុចខ្វះខាត អាស្រ័យដោយស្ថានភាពមានការប្រែប្រួលលឿន។ ឧទាហរណ៍ ពេលដែលផ្ទុះអាវុធ ជនភៀសសឹកកើនពីប៉ុន្មានពាន់នាក់ទៅជាងកន្លះលាននាក់ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃ ឬ១សប្ដាហ៍។ នោះជាកិច្ចការដែលត្រូវប្រឈមដោះស្រាយ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ មានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋបាលរាជធានី/ខេត្តទាំងអស់ ដែលពាក់ព័ន្ធ រួមទាំងខេត្តដែលជាប់ ដែលបានជួយគ្នាទទួលជនភៀសសឹក ពិសេសពេលដែលកើនចំនួនខ្លាំង ហើយដែលវាហួសពីសមត្ថភាពខេត្តផ្ទាល់។ (អញ្ចឹងយើង)ត្រូវជួយគ្នា។
(៨) នៅមានជនភៀសសឹកជាច្រើនទៀតដែលត្រូវទទួលខុសត្រូវ និងតំបន់មួយចំនួនចាត់ទុកជាតំបន់ហានិភ័យ
អរគុណជាថ្មីដល់ប្រជាពលរដ្ឋរបស់យើង គ្រប់និន្នាការ គ្រប់ទិសទីទាំងអស់ ជាពិសេស យុវជន បានស្ម័គ្រចិត្តក្នុងការកៀរគរជួយដើម្បីបំពេញបន្ថែម។ សូមអរគុណទៅដល់បងប្អូនជនភៀសសឹក ដែលមានការយោគយល់ និងសហការគ្នាល្អ។ នេះគឺជាស្ថានភាពជាក់ស្ដែង ឥឡូវយើងបានធូរស្រាលជាងមុន ប៉ុន្តែមិនទាន់បញ្ចប់ទេ។ យើងនៅមានជនភៀសសឹកជាច្រើនទៀតដែលត្រូវទទួលខុសត្រូវ និងមានតំបន់មួយចំនួនដែលយើងត្រូវចាត់ទុកថាជាតំបន់ហានិភ័យ ដែលបងប្អូនមិនអាចត្រឡប់ទៅបាន។ កន្លែងខ្លះមានបញ្ហាមួយចំនួនត្រូវដោះរយៈពេលមធ្យម និងវែង។ កន្លែងខ្លះទៀតមិនទាន់ត្រឡប់ទៅវិញបាន ដោយសារមានយុទ្ធភណ្ឌមិនទាន់ផ្ទុះច្រើន ហេដ្ឋារចនាសម្ព័ន្ធត្រូវបំផ្លាញ។ ក្មួយៗជំនាន់នេះ ដែលគេហៅថា ក្មេងៗកើតជំនាន់ក្រោយគ្រាប់ផ្លោង ប៉ុន្តែពេលនេះ យើងកំពុងរស់ក្នុងពេលវេលា(នៃគ្រាប់ផ្លោង)នេះ។
(៩) ខ្មែរក្នុងឬក្រៅប្រទេស ព្រះមហាក្សត្រ ប្រជាពលរដ្ឋសាមញ្ញ មានសិទ្ធនិងកាតព្វកិច្ចគិតគូរប្រយោជន៍ជាតិ
យើងឃើញរូបភាពដែលធ្លាប់តែឃើញជនភៀសសឹកកាលពីឆ្នាំ១៩៧០ ជាង។ ឥឡូវវានបានកើតក្នុងពេលនេះ។ យើងធ្លាប់ឃើញផ្ទះសម្បែងមួយចំនួនដែលត្រូវខ្ទេចខ្ទីដោយសារសង្រ្គាម។ ឥឡូវយើងកំពុងរស់នៅក្នុង(ស្ថានភាព)នេះ។ កន្លែងខ្លះដែលធ្លាប់តែជាកន្លែងសម្បូររុងរឿង ប៉ុន្តែឥឡូវទៅមើល ជាកន្លែងសម្បូរទៅដោយផ្ទះឆេះ ផ្ទះខ្ទេចខ្ទី (ដែលបងប្អូន)ត្រឡប់ទៅវិញមិនទាន់បាន។ យើងកំពុងរស់នៅក្នុង(ហេតុការណ៍ខូចខាតដោយសារសង្គ្រាមនៃ)បច្ចុប្បន្នកាល។ នេះបានបង្កើតក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ មិនថាខ្មែរនៅកម្ពុជា ឬខ្មែរនៅក្រៅប្រទេសនោះទេ មិនថាព្រះមហាក្សត្រ មិនថាប្រជាពលរដ្ឋ អ្នកប្រកបរបរធម្មតា កសិករ នៅគ្រប់កន្លែងទាំងអស់ គឺសុទ្ធតែមានអារម្មណ៍ដូចគ្នាក្នុងពេលនេះ។ នេះគឺជាកង្វល់។ ការដែលមានកង្វល់នេះជាភាពត្រឹមត្រូវ ព្រោះខ្មែរទាំងអស់ត្រូវមានសិទ្ធ និងកាតព្វកិច្ចគិតគូរពីប្រយោជន៍ជាតិ និងឧត្ដមប្រយោជន៍របស់ប្រជាជនរបស់យើង។ រាជរដ្ឋាភិបាលក៏បានដឹងឮ ហើយមិនបាន(ច្រាន)ចោលនូវ(កង្វល់របស់)ប្រជាពលរដ្ឋ (អំពី)ទឹកដីនោះទេ។
(១០) រាជរដ្ឋាភិបាល មិនអាចធ្វើការសម្រេចចិត្ត របៀបមានមតិលើបណ្តាញសង្គមទេ
ស្ថានភាពពេលខ្លះ វាមិនបានដូចយើងចង់បានក្នុងពេលតែមួយ។ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលអត់ដូចយើងជាសាមញ្ញជនធម្មតានោះទេ។ ខ្ញុំលើកឧទាហរណ៍ ព្រឹកនេះបងប្អូនខ្លះ ឬអ្នកខ្លះអង្គុយនៅតុកាហ្វេ។ ក្នុងរយៈពេលតែមួយម៉ោង ឬ១០នាទី អាចសម្រេចចិត្តធ្វើអី្វៗ បាន ៣-៤មុខ ជាពិសេស តាមហ្វេសប៊ុក (តាមរយៈការ)ចូល comment។ បើកទៅមួយ post ឃើញរូបភាពអ្នកស្លាប់ អ្នកត្រូវរបួស វត្តអារាមឆេះខ្ទេចខ្ទី ផ្ទះមិនទាន់អាចទៅ(វិញបាន) បងប្អូនអាចចូលទៅ comment ថា «សង្រ្គាមគួរឲ្យខ្លាចណាស់ មិនចង់ឃើញទៀតទេ»។ មើលមួយ post ទៀត ឃើញជនភៀសសឹកដែលលំបាកមិនទាន់ត្រឡប់ទៅវិញ បងប្អូនអាចចូលទៅ comment ទៀតថា «វេទនាណាស់ សូមជូនពរបងប្អូនឲ្យឆាប់បានត្រឡប់ទៅវិញ ហើយកុំឲ្យមានសង្រ្គាមតទៅទៀត»។ ចូលមួយ post ទៀត ឃើញអ្នកនៅអូរស្មាច់ (ត្រឡប់)ទៅ(វិញហើយ) តែត្រៀមរត់ ក៏ជូនពរ «សុខសប្បាយ ហើយសង្ឃឹមថាសង្គ្រាមមិនផ្ទុះ(ទៀតទេ) ហើយនិងបានឆាប់ត្រឡប់»។ ចូលទៅមួយ post ទៀត ឃើញកុងតៃន័រ បន្លាលួស ក៏ខឹងភ្លាម ប្ដូរចិត្តភ្លាម ដាក់ថា «ម៉េចបានមិនបាញ់ មិនវាយភ្លាម?»។ អញ្ចឹងក្នុងរយៈពេល១០នាទី បងប្អូនអាចបញ្ចេញមតិ និងអារម្មណ៍ ៤មុខខុសគ្នា។ ចុងក្រោយនេះគឺវាផ្ទុយនឹងអា ៣ ខាងមុខ។ ឯការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល(មិនអាចធ្វើក្នុងរយៈពេលខ្លីៗ ដូចនេះទេ)។
(១១) ការសម្រេចចិត្តគ្រប់ជំហានត្រូវថ្លឹងថ្លែង វាយតម្លៃដោយគិតគូរទាំងទឹកដី ទាំងប្រជាពលរដ្ឋ ទាំងកងកម្លាំង
មានសំណួរ ហេតុម្តេចរដ្ឋាភិបាលធ្វើអញ្ចេះ? ម៉េចមិនធ្វើអានេះ? ខ្ញុំមិនសុំរំលេចហើយពន្យល់លំអិតទេនៅពេលនេះ។ ពេលមានឱកាសសមស្របទៅខាងមុខ ស្ថានភាពវាចប់ ខ្ញុំនឹងពន្យល់។ ប៉ុន្តែក្នុងពេលនេះ ខ្ញុំគ្រាន់តែសូមបញ្ជាក់ឲ្យបងប្អូនប្រជាពលរដ្ឋទទួលជ្រាបថា រាជរដ្ឋាភិបាល ធ្វើការសម្រេចចិត្តគ្រប់ជំហានទាំងអស់ ដោយការទទួលខុសត្រូវថ្លឹងថ្លែង វាយតម្លៃច្បាស់លាស់ នៅក្នុងមុខព្រួញ ដែលត្រូវគិតគូរទាំងទឹកដី ទាំងប្រជាពលរដ្ឋទាំងកងកម្លាំងរបស់យើង។ ក្នុងពេលតែមួយយើងអាចសម្រេចចិត្តជ្រើសរើសជំរើសតែមួយគត់ អត់អាចមានជំរើសច្រើនដូចអ្នក comment ដែលថាតាមអារម្មណ៍ តែគាត់មិនខុសទេ។ ក្នុងអារម្មណ៍ជាខ្មែរ គ្រប់គ្នាមានសិទ្ធិឈឺចាប់ មានសិទ្ធិខឹង មានសិទ្ធិបញ្ចេញមតិ ហើយវាអត់មានប៉ះពាល់អីទៅដល់ស្ថានភាព ឬមួយក៏ការឆ្លើយតបដែលបង្កើតជាស្ថានភាពនៅលើដីដូចការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល។ ខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលគ្រប់ជំហានទាំងអស់គឺដើម្បីឧត្តមប្រយោជន៍ជាតិនិងប្រជាជន …។
(១២) ទោះជាមិនបានបង្ហាញ ក៏ធ្វើសកម្មភាពច្រើន ក្នុងទិសដៅការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជន
រាល់សកម្មភាពទាំងអស់ មិនថាសកម្មភាពដែលចេញមកផ្សព្វផ្សាយ ឬសកម្មភាពដែលបងប្អូនអាចឃើញលទ្ធផលជាក់ស្តែងនៅលើដី។ ឧទាហរណ៍ បើសិនជារាជរដ្ឋាភិបាល មិនសកម្ម អាជ្ញាធរខេត្តមិនសកម្ម កងកម្លាំងសមត្ថកិច្ចគ្រប់កន្លែងមិនសកម្ម ជម្លៀសប្រជាជនកន្លះលាននាក់ ចូលខ្ពស់បំផុត ៧០ម៉ឺននាក់ជាង ក្នុងរយៈពេលតែប៉ុន្មានថ្ងៃ គឺមិនអាចដោះស្រាយបានទេ។ ពិតណាស់កន្លែងខ្លះ តង់អត់បានគ្រប់ភ្លាមទេ។ កន្លែងខ្លះក៏មានបញ្ហាតង់ក្តៅ ឬតង់ធ្លាយ។ ស្បៀងកន្លែងខ្លះទៅមិនទាន់បានមកដល់ពេលភ្លាមៗ។ ប៉ុន្តែរាជរដ្ឋាភិបាលមិនបានទុកបញញ្ហាចោលនោះទេ។ ធ្វើជាសកម្មភាពរស់រវើកជាប្រចាំ។ កាលមុនមានជនភៀសសឹក ៧០ម៉ឺននាក់ ឥឡូវនៅសល់ ១០ម៉ឺននាក់ជាង។ ការដែលបងប្អូនអាចត្រឡប់ទៅស្ថានភាពដើម ត្រឡប់ទៅភូមិឃុំជាងកន្លះលាននាក់ អាចត្រឡប់ទៅជីវភាពរស់នៅឡើងវិញបាន ក៏មិនមែនដោយចៃដន្យនោះដែរ។
គឺការធ្វើសកម្មភាព។ អាចថាយើងធ្វើសកម្មភាព ដែលមិនបានចេញមកធ្វើអត្ថាធិប្បាយ ឬសន្និសីទកាសែតប្រាប់ថាខ្ញុំធ្វើអ្វីថ្ងៃនេះ ប៉ុន្តែគ្រប់ពេលវេលាទាំងអស់គឺយើងបានធ្វើ។ ការតវ៉ាប្រឆាំង ការបដិសេធចំពោះការកាន់កាប់ខុសច្បាប់ផ្សេងៗ គឺយើងបានធ្វើ។ ពិតណាស់ សកម្មភាពការទូត សកម្មភាពច្បាប់ សកម្មភាពខ្លះអត់ក្តុងក្តាំងដូចការវាយគ្នានោះទេ។ ការប្រយុទ្ធគ្នាឆាប់ដឹង។ ដាក់មួយក្ឌាំងទៅដឹងចាញ់ឈ្នះ ដឹងរបួសស្លាប់ ប៉ុន្តែសកម្មភាពជាច្រើនត្រូវបានធ្វើ (ទោះជាមិនបានបង្ហាញក៏ដោយ) ប៉ុន្តែមានទិសដៅតែមួយគត់ គឺការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជន។
(១៣) ទឹកដីនិងប្រជាជន ជាអាទិភាព, ការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីទាំងបច្ចុប្បន្ននិងអនាគត
នេះជាអ្វីដែលខ្ញុំសូមបញ្ជាក់ជូនលោកអ៊ំជាមាតា បិតា អ៊ំ ពូមីង ថ្ងៃនេះ ក្មួយៗ ឯកឧត្តម លោកជំទាវ ប្រជាពលរដ្ឋយើងទាំងអស់ឲ្យបានជ្រាប។ ក្នុងនាមជារាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់អំពីគោលការណ៍របស់រាជរដ្ឋាភិបាលឲ្យច្បាស់ថា ទី១ ទឹកដី និងប្រជាជន នៅតែជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ នេះគឺជាការប្តេជ្ញាចិត្តនាពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត។ ទី២ ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិរវាងរដ្ឋនិងរដ្ឋ នឹងត្រូវបានការពារដោយច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ ហេតុដូច្នេះ កម្ពុជាប្រកាន់ជំហរដាច់ខាតការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទាំងបច្ចុប្បន្ន និងទៅអនាគត ដោយប្រើប្រាស់គ្រប់មធ្យោបាយដែលមានស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដែលខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង។
(១៤) ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងតាមយន្តការ JBC
កម្ពុជាប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាជម្លោះកម្ពុជា-ថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែល កម្ពុជានិងថៃ បានចុះហត្ថលេខាជាមួយគ្នាហើយ ជាពិសេសការចុះវាស់វែងតាមយន្តការ JBC ដើម្បីកំណត់ភាពត្រឹមត្រូវនិងយុត្តិធម៌សម្រាប់ប្រទេសទាំងពីរ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដីរៀងៗខ្លួន។ នេះគឺជាគោលការណ៍ ដែលស្របទៅតាមអ្វីដែលបន្សល់ទុកជាមរតកពីអាណានិគមដែលមានទាំងសន្ឋិសញ្ញា អនុសញ្ញា ទាំងការខណ្ឌសីមាដែលមានពីមុនមក។ ជាអ្វីដែលយើងបានឯកភាពគ្នា។ យើងនឹងខិតខំដើម្បីដោះស្រាយបញ្ហានេះដោយសន្តិវិធី។ ខ្ញុំសូមលើកឧទាហរណ៍ ៣-៤ គោលដៅ ជាពិសេសអ្នកដែលរស់នៅតាមព្រំដែន ត្រូវការស្ថិរភាព ប្រជាពលរដ្ឋត្រូវការត្រឡប់ទៅផ្ទះសម្បែង កុំឱ្យមានការភ័យខ្លាច ភ្នែកនៅកញ្ចឹងក ដោយសារតែមិនដឹងថ្ងៃណាត្រូវត្រឡប់រត់ចេញពីហ្នឹងទៀត។
(១៥) រកវិធីដោះស្រាយនិងបញ្ចប់ជម្លោះ មិនទុកជម្លោះជាមរតកឱ្យកូនចៅជំនាន់ក្រោយ
រាជរដ្ឋាភិបាលដរាបណានៅមានជម្រើសដែលអាចដោះស្រាយបាន ដើម្បីបញ្ជាក់អំពីអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ដោយមិនចាំបាច់បង្កភាពឈឺចាប់់ ស្លាប់របួស ខ្ទេចខ្ទាំដល់ប្រជាពលរដ្ឋ។ យើងត្រូវប្រើវិធីសាស្ត្រនោះ។ ហេតុនេះហើយរាជរដ្ឋាភិបាលមានកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃ៧ ខែធ្នូ ក្នុងនោះក៏មានចែងច្បាស់អំពីការប្រើប្រាស់យន្តការព្រំដែន JBC ដើម្បីធ្វើការវាស់វែងតទៅមុខ។ ពិតណាស់ (កិច្ចការនេះនៅ)មិនទាន់កើតនៅឡើយ ដោយសារនៅប្រទេសថៃ មានការបោះឆ្នោត។ ប៉ុន្តែទៅមុខទៀត យើងសង្ឃឹមថាយន្តការនេះគឺជាអ្វីដែលត្រូវប្រើ ដើម្បីធានានូវសន្តិភាពរវាងប្រទេសទាំងពីរ ឱ្យប្រជាជននៅព្រំដែននៃប្រទេសទាំងពីរកុំឱ្យមានការលំបាកដូចរយៈពេល ៦ខែកន្លងមកនេះ។ យើងរកវិធីដោះស្រាយដើម្បីបញ្ចប់ជម្លោះ កុំទុកជម្លោះជាមរតកឱ្យកូនចៅរបស់យើងជំនាន់ក្រោយ។
(១៦) សំរេចបានលទ្ធផលចំពោះមុខជាក់ស្តែងជូនប្រជាពលរដ្ឋជនភៀសសឹក និងតំបន់ខូចខាតដោយសង្គ្រាម
ពាក់ព័ន្ធទៅនឹងការដោះស្រាយបញ្ហាព្រំដែន ខ្ញុំជឿថាមានទស្សនៈខុសគ្នា វិធីសាស្ត្រខុសគ្នា ការយល់ឃើញខុសគ្នា។ មានទស្សនៈដែលបងប្អូនបញ្ចេញយល់ស្របជាមួយការងារដែលរដ្ឋាភិបាលធ្វើ ហើយក៏មានបងប្អូនខ្លះមិនឯកភាពទៅនឹងវិធីសាស្ត្រ។ ជាសិទ្ធិរបស់បងប្អូន។ ជាការយល់ឃើញរបស់យើងជាខ្មែរ។ ប៉ុន្តែ អ្វីដែលខ្ញុំចង់បញ្ជាក់ គឺរដ្ឋាភិបាលនៅបន្តខិតខំដោះស្រាយការងារនេះ ទោះបីជាពេលខ្លះយើងមិនបានផ្សព្វផ្សាយ យើងមិនបានធ្វើសន្និសីទការសែតប្រចាំថ្ងៃ ឬបញ្ជាក់ថាយើងធ្វើអញ្ចេះៗ វិធីសាស្ត្រដើរដោះទៅណា ត្រូវធ្វើម៉េច។ ខ្ញុំសូមការយោគយល់។ អ្វីដែលសំខាន់គឺលទ្ធផលនៅលើដី។ បងប្អូនអាចឃើញបានច្រើនហើយ ជាពិសេសការដោះស្រាយបញ្ហាចំពោះមុខជូនប្រជាពលរដ្ឋជនភៀសសឹក និងតំបន់ដែលខូចខាតដោយសង្គ្រាម។ ក្នុងនោះមានក្មួយៗ (មួយចំនួននៅទីនេះ)ផង។ នៅទីនេះដូចមានប៉ុន្មាននាក់ ដែលមកពីតំបន់ប្រយុទ្ធគ្នា។ មានឬទេ? មានមួយចំនួនដែរ។ អញ្ចឹងក្មួយៗ អាចយល់ហើយ។ ខ្ញុំមិនដឹងថាសាលាអាចចូលរៀនបានហើយឬនៅទេ ព្រោះគេបាញ់គ្នាអត់ស្គាល់សាលា អត់ស្គាល់វត្តទេ។ កាលមុន យើងធ្លាប់តែនិយាយពីជំនាន់១៩៧០ ថា B៥២។ អត់ស្គាល់ទេ។ ឥឡូវយើងបានឃើញ។ ជាអកុសល។ យើងគ្មានជំរើស។ ឃើញវានៅលើទឹកដីយើងម្តងទៀតនៅឆ្នាំ២០២៥ នេះ។ យើងអត់ចង់ឃើញទេ។
(១៧) អភិវឌ្ឍសេដ្ឋកិច្ច ធ្វើទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ការពារទឹកដី និងប្រជាជនក្នុងពេលជាមួយគ្នា
យើងអត់ចង់បានទេ។ នៅតាមតំបន់ព្រំដែន គឺយើងអភិវឌ្ឍ បើកច្រកទំនាក់ទំនង ចង់អភិវឌ្ឍសេដ្ឋកិច្ច បង្កើតជាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ ប៉ុន្តែសភាពការណ៍ដែលកើតឡើង ៦ខែនេះ គឺយើងអត់ជំរើស។ អ្វីដែលយើងអាចធ្វើបាន គឺធានាសុវត្ថិភាព និងសេចក្តីសុខឲ្យប្រជាពលរដ្ឋ រួមទាំងក្មួយៗទាំងប៉ុន្មាននាក់នេះ។ យើងសុខចិត្តមករៀបចំរៀនបណ្តោះអាសន្នកន្លែងផ្សេង ឬរៀបចំជាស្តង់នៅក្នុងមណ្ឌល ប៉ុន្តែមិនអាចទុកគាត់ចោល ឬមួយលោកគ្រូ អ្នកគ្រូចោលនៅកន្លែងតំបន់ដែលកំពុងផ្លោងទេ។ យើងចង់កុំឲ្យស្ថានភាពនោះវាកើតមាន … ចង់ឲ្យ សាលាដែលខូច ត្រូវបានជួសជុលឡើងវិញ។ អាចត្រឡប់ទៅវិញបាន។ ក្មួយៗ កំពុងរៀន មិនត្រូវការរត់ភ័យខ្លាច ដោយសារលឺយន្តហោះមកទំលាក់គ្រាប់បែក ឬកាំភ្លើងធំមកទៀត។ នេះគឺជាគោលដៅរបស់យើងក្នុងការការពារទឹកដី និងការពារប្រជាជនពេលជាមួយគ្នា។ (ធ្វើដូចនេះ)អាចប្រើរយៈពេលវែង អាចស្មុគស្មាញ អាចលំបាក ប៉ុន្តែមិនថារយៈពេលណា ស្មុគស្មាញយ៉ាងណា រាជរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តការពារទឹកដី និងប្រជាជន គ្រប់ពេលវេលាទាំងអស់។
(១៨) គ្រប់ជំនាញ គ្រប់ក្រសួងស្ថាប័ន ធ្វើសកម្មភាពរួមជាមួយប្រជាពលរដ្ឋ រួមជាកម្លាំងចិត្តដ៏ធំ
នេះជាអ្វីដែលខ្ញុំសូមបញ្ជាក់ ពាក់ព័ន្ធទៅនឹងបញ្ហាដែលបងប្អូនប្រជាពលរដ្ឋមានការចាប់អារម្មណ៍ មានការព្រួយបារម្ភ មានការភ័យខ្លាច ហើយកន្លែងខ្លះក៏មានការខឹងសម្បារជាមួយគ្នា។ ខ្ញុំយល់ពីអារម្មណ៍។ អារម្មណ៍អ្នកដោះស្រាយដែលត្រូវសម្រេចចិត្តដោះស្រាយ ក៏មិនខុសគ្នាដែរ។ អារម្មណ៍នៃការទទួលខុសត្រូវ។ ការដោះស្រាយមិនមែនខ្ញុំដោះស្រាយតែម្នាក់ឯង។ យើងមានជួរថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល ក្រុមការងារ អ្នកច្បាប់អីផ្សេងៗចូលរួមដោះស្រាយ។ អ្នកខ្លះសង្ស័យថាដោះស្រាយដោយមនុស្សតែម្នាក់ ឬពីរនាក់។ មិនដូច្នោះទេ។ ការគិតគូរជាការងាររួមរបស់រាជរដ្ឋាភិបាល ការងាររួមរបស់គ្រប់ជំនាញទាំងអស់ គ្រាន់តែយើងមិនបង្កើតគណៈកម្មាការបញ្ជាការសង្គ្រាម ឬមួយស្អីៗ ទេ។ ការទទួលខុសត្រូវរបស់គ្រប់ក្រសួងស្ថាប័ន ដែលដើរមកនេះគឺការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័នទាំងអស់ មិនថាក្រសួងការពារជាតិ អគ្គបញ្ជាការ មិនថាក្រសួងការបរទេស ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន ទូតយើងនៅខាងក្រៅប្រទេស យើងធ្វើសកម្មភាពទាំងអស់រួមគ្នា ជាមួយនឹងប្រជាពលរដ្ឋទាំងអស់ ដែលនេះជាកម្លាំងចិត្តដ៏ធំ។
(១៩) កាន់តែលំបាក កាន់តែឈឺ កាន់តែរឹងមាំ ដើម្បីពង្រឹងជាតិ
ខ្ញុំសូមយកឱកាសនេះជាថ្មីម្តងទៀត ថ្លែងអំណរគុណម្តងហើយម្តងទៀត ចំពោះប្រជាពលរដ្ឋ ទាំងក្នុងនិងក្រៅប្រទេស ដែលបានធ្វើសកម្មភាពកន្លងទៅគាំទ្រដល់សន្តិភាព និងគាំទ្រដល់ការស្វែងរកដំណោះស្រាយមួយ ដើម្បីបានសេចក្តីសុខរួមគ្នាក្នុងស្មារតីជាតិខ្មែរតែមួយ។ យើងឈឺ។ អាចថាយើងរបួសខ្លះ ប៉ុន្តែមិនអាចឲ្យការឈឺ ឬរបួសផ្លូវកាយផ្លូវចិត្តនេះ ធ្វើឲ្យយើងដួលនោះទេ។ យើងត្រូវរឹងមាំឡើង។ កាន់តែលំបាក កាន់តែឈឺ ត្រូវតែកាន់តែរឹងមាំឡើង ដើម្បីពង្រឹងជាតិខ្មែរទៅខាងមុខ។ គ្មានអ្នកណាពង្រឹងជាតិយើង (ក្រៅពីយើង)នោះទេ។ ត្រូវធ្វើការងារ(រៀនសូត្រ) ពង្រឹងសមត្ថភាពទាំងក្មួយៗ បាននិទ្ទេស A និងបានមិន និទ្ទេស A ដូចគ្នា មិនថាថ្នាក់ណាត្រូវខិតខំរៀនសូត្រដើម្បីអនាគតជាតិរបស់យើង។ ខ្មែរ(អាច)ខ្លាំង ដោយសារជនជាតិខ្មែរខ្លាំង។ ប្រព័ន្ធអប់រំ ក្រសួងអប់រំ បានខិតខំពង្រឹង។ លោក/គ្រូរបស់យើងបានខំប្រឹងហើយ។ (ដូចនេះ) យើងខិតខំ(ប្រឹង)បន្ដទៅទៀត។ ជំរុញឲ្យបានកាន់តែប្រសើរគ្រប់វិស័យទាំងអស់សេដ្ឋកិច្ចសង្គម ត្រូវដើរទន្ទឹមគ្នាកាន់តែរឹងមាំ។
(២០) គ្រប់ក្រសួងស្ថាប័នរស់រវើក អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ខិតខំបំរើប្រជាពលរដ្ឋ រួមគ្នាកសាងជាតិ
ខ្ញុំតែងប្រាប់ទៅគណៈរដ្ឋមន្ដ្រី នៅពេលប្រជុំថ្នាក់ដឹកនាំថា ខ្ញុំយល់អារម្មណ៍របស់មន្ដ្រី មិនថារដ្ឋមន្ដ្រី ឬ បុគ្គលិកធម្មតា ព្រោះជាអារម្មណ៍ធម្មជាតិរបស់ខ្មែរ នៅពេលដែលប្រទេសជាតិកំពុងប្រឈមនឹងសង្គ្រាម។ ឧទាហរណ៍ ពេលកំពុងប្រយុទ្ធគ្នាឃើញស្ថានភាពមានការវិវត្ដផ្សេងៗ ដែលមិនបានដូចចិត្តរបស់យើង អាចមានអារម្មណ៍បាក់ទឹកចិត្ត។ មើលតាមហ្វេសប៊ុក បងប្អូនខ្លះថាព្រឹកឡើងគ្រាន់តែបើកហ្វេសប៊ុកឃើញព័ត៌មានចង់សន្លប់ លែងចង់ងើប។ មិនអាចអញ្ចឹងទេ។ ពិតណាស់ អារម្មណ៍(បាក់ទឹកចិត្ត) អាចមាន ប៉ុន្ដែយើងមិនអាចនៅអញ្ចឹងទេ។ យើងត្រូវតែរឹងមាំដើរទៅមុខ។ គ្រប់ក្រសួងស្ថាប័នទាំងអស់ត្រូវតែរស់រវើក។ ត្រូវរួមគ្នាពង្រឹងក្រសួងរបស់ខ្លួនដើម្បីបំរើប្រជាពលរដ្ឋ។ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ទាំងអស់ត្រូវខិតខំបំរើប្រជាពលរដ្ឋកសាងសមត្ថភាពរបស់យើង កាត់បន្ថយភាពអសកម្ម ឬមួយក៏ចន្លោះប្រហោងរបស់យើង ដើម្បី(យើង)រួមគ្នាកសាងប្រទេសជាតិ។ គ្រប់គ្នា គ្រប់វិស័យត្រូវតែដើរទៅមុខ កាន់តែលំបាក កាន់តែប្រឹងកសាងប្រទេសជាតិរបស់យើងឲ្យកាន់តែរីកចំរើនទៅថ្ងៃមុខ …។
(២១) ដោះស្រាយតាមសន្ដិវិធី ផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិនិងបច្ចេកទេស ទើបមានប្រសិទ្ធភាពយូរអង្វែង
ខ្ញុំសូមបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលថា ការខិតខំដោះស្រាយដោយសន្ដិវិធី ដោយមូលដ្ឋានច្បាប់អន្ដរជាតិលើបញ្ហាព្រំដែន គឺជាគោលការណ៍មួយដែលយើងខិតខំ។ មានតែវិធីសាស្ដ្រនេះទេ ទើបអាចធានាបាននូវប្រសិទ្ធភាពយូរអង្វែង។ លទ្ធផលអាចយឺត លំបាកខ្លះ ប៉ុន្ដែយើងត្រូវប្រឈមដោះស្រាយទាំងអស់គ្នា ហើយរកវិធីមួយដោះបញ្ចប់ កុំឲ្យវាកើតឡើងវិញនៅថ្ងៃអនាគត ដើម្បីធានានូវភាពសុខសាន្ដ។ កន្លែងដែលពីមុនធ្លាប់តែអភិវឌ្ឍពីជំនាន់(ទសវត្សឆ្នាំ) ១៩៨០ ឬ១៩៩០ ជាកន្លែងសមរភូមិសង្គ្រាមផ្ទៃក្នុង ក្រោយមកមានការអភិវឌ្ឍភ្ជាប់ទំនាក់ទំនងជាមួយប្រទេសជិតខាង។ ជាអកុសល ក្នុងរយៈពេលខ្លីនេះ វាបានក្លាយជាដែនសមរភូមិឡើងវិញ។ យើងសង្ឃឹមថាវានឹងបញ្ចប់ ហើយប្រែក្លាយជាកន្លែងនៃការអភិវឌ្ឍ រស់រវើកនៃប្រជាពលរដ្ឋឡើងវិញ។
យើងនឹងខិតខំស្រាយបញ្ហាទឹកដីផ្អែកលើច្បាប់ដើម្បីការពារនូវអធិបតេយ្យភាព និងដែនបូរណភាពទឹកដីទៅតាមលទ្ធភាព និងបច្ចេកទេស ច្បាប់ ដែលយើងមាន អោយអស់លទ្ធភាពការពារ ដូចជំហរដែលខ្ញុំបញ្ជាក់ពីមុនមកទាំងប៉ុន្មាន។ សូមបងប្អូនជឿទុកចិត្ត និងយោគយល់។ ពេលខ្លះ(លទ្ធផល)មិនបានលឿនដូចបងប្អូនចង់បាន។ យកតែឧទាហរណ៍៣ ឬ៤ ករណី ដែលខ្ញុំបានលើក( ពី) ការបញ្ចេញមតិតាមហ្វេសប៊ុក(មកពិចារណា)។ ប្រសិនបើយើងដោះ(ស្រាយ) អនុវត្ដក្នុងពេលតែមួយគឺវាអត់ទៅរួច។ ដៃម្ខាងចង់បានសន្ដិភាពឈប់បាញ់ ឯដៃម្ខាងទៀតថាបាញ់ទៅ។ អញ្ចឹង ការជ្រើសជំរើសណាមួយ ត្រូវមានតុល្យភាពដើម្បីធានា(សំរេចបាន)អ្វីដែលល្អសំរាប់ប្រជាពលរដ្ឋរបស់យើង។ នេះជាអ្វីដែលរដ្ឋាភិបាលនឹងបន្ដអនុវត្ដ និងស្វែងរកក្នុង(នាម) ជាអ្នកទទួលខុសត្រូវចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋ …។
[ផ្ដើមសេចក្ដីអធិប្បាយ៣]
ជាទីបញ្ចប់, ខ្ញុំសូមប្រសិទ្ធពរចំពោះ ឯកឧត្តម លោកជំទាវ, លោក លោកស្រី នាយក នាយិកា,មាតាបិតា អាណាព្យាបាល និង ក្មួយៗទាំងអស់ សូមទទួលបាននូវពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ ឤយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត៕
[ចាប់ផ្ដើមសេចក្ដអធិប្បា៤]
ក្នុងថ្ងៃនេះ សម្រាប់ក្មួយៗ សិស្សានុសិស្សជាបេក្ខជនប្រឡងជាប់និទ្ទេស សរុប ៣០២០នាក់ ម្នាក់ៗ ទទួលបាន Galaxy Tab ចំនួនមួយគ្រឿង និងថវិកា ២លានរៀល។ សូមអរគុណដល់ក្រុមហ៊ុន ដែលមានឧកញ៉ា លាង ឃុន មកចូលរួមថ្ងៃនេះ។ គាត់ធានាប្រចាំឆ្នាំក្នុងការចូលរួមរៀបចំជា Galaxy Tablet នេះជូនក្មួយ។ ដោយឡែក បន្ថែមជូនសិស្សមានពិការភាពម្នាក់ ថវិកា ១លានរៀលផងដែរ។ ជូននាយក/នាយិកានៃគ្រឹះស្ថានសិក្សានានា ដែលចូលរួមពិធីព្រឹកនេះ សរុប ៥៦៨ នាក់ ម្នាក់ៗសូមជូនថវិកាផ្ទាល់១លានរៀល និងជូនថវិកាសាលាទាំង ៥៦៨សាលា ដោយសាលាមួយៗទទួលបានថវិកា ៣លានរៀល។ ជូនគ្រូពេទ្យប្រចាំអង្គពិធីថវិកា ៥លានរៀលផងដែរ។
[ចប់សេចក្ដីអធិប្បាយ៤]

