FN ៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួបនោះ សម្ដេចបវរធិបតី បានរំលឹកឡើងវិញនូវលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា របស់លោកប្រធានាធិបតី Marcos កាលពីខែកញ្ញាកន្លងទៅនេះ។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណហ្វីលីពីន ដែលបានគាំទ្រឱ្យមានដំណោះស្រាយដោយសន្តិវិធីលើជម្លោះព្រំដែនរវាងកម្ពុជា និងថៃ និងបានចូលរួមក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ដើម្បីធានាការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ។
ព្រមជាមួយគ្នានោះ, សម្ដេចបវរធិបតីបានជម្រាបជូនថា ឯកសារលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ត្រូវបានចុះហត្ថលេខារួចហើយ។ ក្នុងន័យនេះ, សម្ដេចបវរធិបតីសង្ឃឹមថា ហ្វីលីពីននឹងបន្តគាំទ្រ និងចូលរួមក្នុងយន្តការ AOT នេះ។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចបវរធិបតីបានគូសបញ្ជាក់ជាថ្មីម្ដងទៀតអំពីការគាំទ្ររបស់កម្ពុជា ចំពោះហ្វីលីពីន ដែលនឹងក្លាយជាប្រធានប្ដូរវេនអាស៊ានក្នុងឆ្នាំ២០២៦ ខាងមុខនេះ។
ជាការឆ្លើយតប, លោកប្រធានាធិបតីហ្វីលីពីន បានថ្លែងអំណរគុណកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់រូបឯកឧត្តម នៅកម្ពុជា នាពេលថ្មីៗនេះ។ លោកប្រធានាធិបតី ក៏បានសម្ដែងនូវក្ដីរីករាយដែលបានឃើញនូវការវិវត្តដ៏វិជ្ជមានក្នុងកិច្ចប្រឹងប្រែងដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ជាពិសេស ការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមនាថ្ងៃនេះ។
លោកប្រធានាធិបតី បានគូសបញ្ជាក់ថា ហ្វីលីពីននឹងបន្តចូលរួមគ្រប់យន្តការ តាមសំណូមពររបស់កម្ពុជា សំដៅធានាឱ្យបាននូវសុខសន្តិភាពតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ។ ព្រមជាមួយគ្នានោះ, ឯកឧត្តមប្រធានាធិបតី បានជម្រាបជូនអំពីអាទិភាពរបស់ហ្វីលីពីន ក្នុងការធ្វើជាប្រធានប្ដូរវេនអាស៊ាន ក្នុងឆ្នាំ២០២៦ ខាងមុខនេះ។
ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការថែមទៀត ស្របតាមលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចបវរធិបតីនៅប្រទេសហ្វីលីពីន នាខែកុម្ភៈ និងដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី នៅប្រទេសកម្ពុជា នាខែកញ្ញា កន្លងមក។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរយោបល់គ្នាទៅលើបញ្ហាតំបន់មួយចំនួនផងដែរ៕




