ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល
គណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សាស្រ្តាចារ្យ បុគ្គលិកសិក្សា និងអង្គពិធីទាំងមូលជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំនិងភរិយា មានសេចក្តីសោមនស្សរីករាយ និងមោទនភាពក្រៃលែង ដែលបានមកចូលរួមជាគណៈអធិបតីក្នុង «ពិធីអបអរខួបទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹមនៃកុមារ ឬហៅកាត់ថា PSE និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិតជ័យលាភី» នាវេលាដ៏វិសេសវិសាលនេះ។
កម្មវិធីនេះមិនត្រឹមតែជាការរំឮកដល់ដំណើរដ៏វែងឆ្ងាយរយៈពេលបីទសវត្សរ៍របស់ PSE ប៉ុណ្ណោះទេ ប៉ុន្តែវាជាសក្ខីភាពនៃការផ្លាស់ប្តូរវាសនារបស់កុមារ និងយុវជនកម្ពុជារាប់ម៉ឺននាក់ ឱ្យចាកចេញពីទុក្ខវេទនា ឆ្ពោះទៅកាន់អនាគតដ៏រឹងមាំ និងមានអាជីពការងារពិតប្រាកដ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវិញ្ញាណក្ខន្ធរបស់លោក គ្រីសស្យង់ ដេប៉ាលីយ៉ែរ និងសូមកោតសរសើរចំពោះ លោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ ដែលបានចាប់ផ្តើមបេសកកម្មមនុស្សធម៌នេះពីក្តីស្រឡាញ់ និងការអាណិតអាសូរចំពោះកុមារក្រីក្រនៅកម្ពុជា ហើយបានកសាងអង្គការមួយដែលបានផ្លាស់ប្តូរជីវិតមនុស្សរាប់ម៉ឺននាក់ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមក។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) ភាពជោគជ័យនៃអង្គភាព/អង្គការ គឺការនៅតែបន្តដំណើរការនិងបន្តរីកចម្រើន
ម្សិលមិញទៅ ស្វាយរៀង សំណូមពរគេកុំឲ្យហៅ តា នៅតែភ្លាត់គេហៅ តាបាន។ គ្រាន់តែសក់សបន្តិច តែមិនទាន់អីទេ។ នៅពីរឆ្នាំទៀតបានគ្រប់កន្លះសតវត្សរ៍។ ធ្លាប់បានជួបគាត់ (លោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ) កាលពីឆ្នាំទៅ បើខ្ញុំចាំដូចនៅ CCF។ អរគុណ ផ្តាំផ្ញើសួរសុខទុក្ខគាត់ផង ហើយជូនពរគាត់សុខភាពល្អ។ ចូលមក អម្បាញ់មិញនេះ ក៏បានឃើញនូវប៉ាណូដែលរៀបរាប់ប្រវត្តិត្រួសៗ ហើយក៏មានការអត្ថាធិប្បាយ។ ឃើញឃ្លាមួយដែលខ្ញុំចាប់អារម្មណ៍ ជាប្រសាសន៍របស់ លោក គ្រីសស្យង់ មុននឹងគាត់ចាកចេញទៅ។ គាត់បាននិយាយថា ទោះបីជាគាត់ចាកចេញទៅ ក៏គាត់មានសេចក្តីសុខ មានភាពកក់ក្តៅ ដោយគាត់ដឹងថាអង្គការនេះបានដំណើរការ។ នេះគឺជោគជ័យជាពិសេសចំពោះស្ថាបនិកនៃអ្វីមួយ។ កាលកសាងអង្គភាពប្រឆាំងភេរវកម្ម (មាន)អ្នកកាសែតមួយសួរខ្ញុំថា តើអ្វីទៅជាភាពជោគជ័យនៃអង្គភាពនេះ? សូមអ្នកឯងរៀបរាប់(និង)ឲ្យនិយមន័យភាពអំពីជោគជ័យនេះ។ ខ្ញុំថា ភាពជោគជ័យក្នុងការកសាងអង្គភាពនេះគឺពេលដែលខ្ញុំចេញទៅ អង្គភាពនេះនៅដំណើរការហើយបន្តរីកចម្រើន។ ពីរអាទិត្យមុន ខ្ញុំបានទៅឆ្មក់មើលមេបញ្ជាការអង្គភាពក្រោយ គាត់រាយការណ៍ពីការវិវត្តន៍ប្រាប់ខ្ញុំ។ ខ្ញុំប្រាប់(ថា)នេះគឺអ្វីដែលខ្ញុំចង់បាន។ កុំឲ្យតែខ្ញុំកសាងបានប៉ុណ្ណឹង (ពេលដែលខ្ញុំចេញទៅក៏)ចប់ទៅ(តាម) អង្គភាពនេះរលំ ឬមួយលែងទៅមុខទៀត។
(២) PSE ជោគជ័យដោយសារចក្ខុវិស័យ “ដើម្បីផលប្រយោជន៍រួម”
ដូចគ្នាដែរសំរាប់ PSE។ ជាទ្រឹស្តីគឺអ្វីដែលចង់បានមិនមែនកម្មសិទ្ធិផ្តាច់មុខរបស់ PSE ឬរបស់លោក គ្រីសស្យង់ ឬមួយក៏លោកស្រី ម៉ារី ទេ គឺជាកម្មសិទ្ធិរបស់អ្នកទាំងអស់គ្នានៅ PSE បុគ្គលិក ក្មួយៗ ដែលបានផល របស់គ្រួសារ សង្គមជាតិកម្ពុជា។ គាត់ជាស្ថាបនិក ប៉ុន្តែអ្នកដែលត្រូវថែរក្សា(គឺជាអ្នកនៅ PSE)។ ទោះបីជាគាត់បានលាចាកដូច ១០ឆ្នាំហើយ (កាលពីឆ្នាំ)២០១៦ ប៉ុន្តែ PSE នៅដំណើរការ។ នេះមានន័យថា អ្វីដែលគាត់កសាងមានមូលដ្ឋានច្បាស់លាស់។ ទី១ គឺចក្ខុវិស័យថាធ្វើឡើងដើម្បីផលប្រយោជន៍រួម។ បើគាត់ធ្វើដើម្បីតែផលប្រយោជន៍របស់គាត់ តែគាត់ឈប់ អត់មានអ្នកណារុញបន្តតទៅទៀតទេ។ តែនេះ ដើម្បីផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសកូនចៅអ្នកដែលក្រីក្រនៅក្នុងសហគមន៍ដែលមាន(ភាព)ក្រីក្រ។ កាលពីឆ្នាំ១៩៩៥ ដែលគាត់មកហើយកសាងនៅឆ្នាំ១៩៩៦ យើងឃើញថាស្ថានភាពខុសពីឥឡូវ។ ពេលនោះយើងទើបតែចប់សង្គ្រាម មិនទាន់ចប់ទូទៅទេ ទើបតែបោះឆ្នោតលើកទីមួយហើយឆ្នាំ១៩៩៣។ មានប្រជាជនច្រើនធ្វើសមាហរណកម្មត្រឡប់មកពីព្រំដែន។ ការលំបាកពេលនោះខុសពីឥឡូវ។
(៣) PSE ជោគជ័យដោយសារ បានកសាងមូលដ្ឋានរឹងមាំ និងធនធានមនុស្សទទួលស្គាល់ចក្ខុវិស័យ
(ថ្វីបើ)ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេសជាតិយើងទាំងមូលដែលទើបតែចប់សង្គ្រាម និងការវាយគ្នា មិនទាន់មានស្ថិរភាពសង្គម តែគាត់ហ៊ានលះបង់ជីវិតរបស់គាត់ (បន្ទាប់ពីចូល)រីត្រែត (Retire) នៅប្រទេសបារាំង ដែលនៅទទួលប្រាក់រីត្រែត (រស់នៅ)ងាយស្រួល សាមញ្ញ ដើរទូទាំងពិភពលោក មកទីនេះជាការជ្រើសរើសវិធីលំបាកមួយ ចំណាយពេលវេលាពេញ ចំណាយធនធានថវិកា កៀរគរកម្លាំងចិត្តដើម្បីជួយ។ នេះគឺចក្ខុវិស័យពិតប្រាកដ។ ទីពីរ គាត់បានកសាងមូលដ្ឋានរឹងមាំ។ កសាងមូលដ្ឋាន មិនមែនបានន័យថា ហេដ្ឋារចនាសម្ព័ន្ធ ឬមួយគ្រឿងបំពាក់ ឬមួយក៏ថ្នាក់រៀនច្រើនតែប៉ុណ្ណោះទេ ប៉ុន្តែមូលដ្ឋាននៃប្រព័ន្ធការងារមួយដែលផ្តល់ការយកចិត្តទុកដាក់ ផ្តល់ឱកាសឲ្យអ្នកនៅក្នុងស្រុក និងអ្នកផ្សេង មិនក្ដោបតែម្នាក់ឯង។ ទីបី ការកសាងធនធានមនុស្ស ដែលទទួលស្គាល់នូវចក្ខុវិស័យរបស់គាត់ ស្រឡាញ់នូវអ្វីដែល(គាត់)ធ្វើ (ដូចជា) ប្អូនស្រី លក្ខិណា ដែលចេញពីប្រវត្តិមានការលំបាក។
(៤) ១៥ពាន់នាក់បាននិងកំពុងទទួលការបណ្តុះបណ្តាល ដែលម្នាក់ៗ ជាជីវិតមួយដែលត្រូវផ្លាស់ប្តូរ
យើងបន្តដឹកនាំទៅតាមចក្ខុវិស័យដែលគាត់បាន set នេះជាអ្វីដែលជាភាពជោគជ័យ។ មានន័យថា គាត់ចាកចេញទៅ ដោយបន្សល់ទុកនូវមូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើន ហើយមានការទទួលស្គាល់ និងការចូលរួមរបស់ដៃគូជាច្រើន ជាសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស និងការសហការជាមួយស្ថាប័នរដ្ឋ។ នេះជាមូលដ្ឋានរឹងមាំបន្តទៅទៀតដើម្បីផលប្រយោជន៍របស់សិស្សនិស្សិតរាប់ម៉ឺននាក់។ ឥឡូវយើងមាន ១៥ពាន់នាក់ ដែលបាននិងកំពុងទទួលការបណ្តុះបណ្តាល (ក្នុងនោះរៀន)ចប់ជាង ៨០០០នាក់ និងបានការងារជាង ៩០ភាគរយ។ យើងមើលជាតួលេខ ៨០០០នាក់ទេ ប៉ុន្តែកុំភ្លេចថាលេខមួយៗ គឺជាមនុស្សម្នាក់ ជាជីវិតមួយដែលត្រូវផ្លាស់ប្តូរ ទោះបីជាមាន(ប្អូនស្រី) លក្ខិណា តែមួយក៏ដោយ ដែលមកទទួលការងារនេះ។ អម្បាញ់ម៉ិញ ខ្ញុំបានជួបសុទ្ធតែអ្នកដែលបានបណ្តុះបណ្តាលចប់ មានការងារ មានជីវិតខុសគ្នា។ មិនអាចគ្រប់គ្នាមកធ្វើប្រធាន PSE ទេ ប៉ុន្តែម្នាក់ៗ អាចម្ចាស់ការខ្លួនឯងធានាអាយុជីវិត សមត្ថភាព កំណត់ជោគវាសនារបស់ខ្លួន ជាពិសេស បានប្រែក្លាយអំពីការគ្មានឱកាស ទៅជាចាប់បានឱកាស។
(៥) ៨០០០នាក់រៀនចប់និងជាង៩០% មានការងារធ្វើ នឹងក្លាយជាឪពុកម្តាយជួយគ្រួសារឱ្យមានឱកាស
(ម្យ៉ាងទៀត សូមគិតថា) ៨០០០នាក់ គឺជា ៨០០0ជីវិត។ ថ្ងៃក្រោយ ៨០០០នាក់នេះនឹងក្លាយជាឪពុកម្តាយដែលបង្កើតកូនរាប់សែននាក់តកូនតចៅ ចាប់ផ្តើមពីថ្ងៃនេះ ពីជំនាន់ទីមួយដែលមានឱកាស។ ៨០០០នាក់នេះក៏ជាសមាជិកគ្រួសារ។ ក្នុង ៨០០0គ្រួសារ ឬមួយក៏រាប់ពាន់គ្រួសារ អាចអ្នកខ្លះមួយគ្រួសារមានកូនពីរឬបីនាក់មករៀននៅទីនេះ។ មិនត្រឹមតែជួយក្មួយៗ ប្អូនៗ ដែលបានរៀនចប់ពីកន្លែងនេះទេ ប៉ុន្តែក៏ជួយដល់គ្រួសាររបស់យើងឱ្យមានឱកាស។ គ្មានឪពុកម្តាយណា មិនចង់ឲ្យកូនមានឱកាសមានសមត្ថភាពរៀនសូត្រខ្ពស់ទេ។ ពេលខ្លះ ដោយសារជីវភាពបង្ខំត្រូវការកូនជួយ។ ដូចអម្បាញ់មិញ លក្ខិណា និយាយថា “បើឲ្យខ្ញុំទៅរៀន ទាល់តែមានអីជួយឪពុកម្តាយខ្ញុំ ព្រោះពួកខ្ញុំជួយគាត់រាល់ថ្ងៃ”។ នៅស្ទឹងមានជ័យ ការទៅរើសសម្រាម ក៏ជាផ្នែកមួយនៃការជួយ ព្រោះយើងកាលពីឆ្នាំ ១៩៩៥ដល់១៩៩៦ នោះ ជីវភាព(ប្រជាពលរដ្ឋមួយចំនួន)មានការលំបាក អត់លំនឹង។ អញ្ចឹងការជួយនេះគឺជួយដល់គ្រួសារជួយដល់សង្គមជាតិ។ ការសំខាន់ គឺជួយដល់សង្គមជាតិ។
(៦) រាជរដ្ឋាភិបាលបន្តគាំទ្រចក្ខុវិស័យនៃមនុស្សពីរនាក់ពី ៣០ឆ្នាំមុនដើម្បីជួយដល់សង្គមជាតិ
នៅពេលដែលប្រជាជនយើងមានសមត្ថភាព មានឱកាស (ពួកគាត់នឹង)មិនមែនជាបន្ទុក ប៉ុន្តែក្លាយទៅជាទ្រព្យរបស់ប្រទេសជាតិ។ ប្រជាជនដែលមិនមានសុខភាពល្អ ប្រជាជនដែលពិបាកក្នុងការប្រកបរបបផ្ទាល់ខ្លួនដែលមិនអាចចិញ្ចឹមខ្លួនបាន រដ្ឋបានជួយច្រើន ប៉ុន្តែប្រជាពលរដ្ឋដែលមានសមត្ថភាព មានសុខភាពល្អ គឺជាធនធានសម្រាប់ជួយរដ្ឋ។ រដ្ឋក៏បានជួយ(ផ្ដល់)លទ្ធភាពដល់អ្នកគ្មានលទ្ធភាពផ្សេងទៀត។ គឺជួយគ្នាឱ្យជួយសង្គមជាតិ។ មនុស្សពីរនាក់ គឺលោក គ្រីសស្យង់ ដេប៉ាលីយ៉ែរ និងលោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ មានចក្ខុវិស័យ មានបេះដូង និងការប្តេជ្ញាចិត្តខ្ពស់ កាលពី ៣០ឆ្នាំមុន បានផ្តល់ផលច្រើនណាស់ឱ្យសង្គមជាតិ និងទៅដល់មនុស្សម្នាក់ៗ។ នេះគឺជាអ្វីដែលធ្វើឱ្យមានការសប្បាយរីករាយ ហើយរាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ឱ្យបន្តជួយដល់កូនចៅប្រជាពលរដ្ឋដែលពុំមានលទ្ធភាព និងជួយដល់សង្គមជាតិតាមដែលអាចធ្វើទៅបាន។
[ចប់សេចក្ដីអធិប្បាយ១]
អង្គពិធីទាំងមូល! របាយការណ៍ដែលខ្ញុំបានទទួល និងតាមរយៈរបាយការណ៍ លោកស្រីអគ្គនាយិកានៃអង្គការ PSE ក្នុងរយៈពេល ៣០ឆ្នាំនេះ ក៏បានជួយនៅក្នុងការបណ្តុះបណ្តាល ប្រែក្លាយ ដែលខ្ញុំបាននិយាយអញ្ចឹង។ ជាពិសេស ខ្ញុំសូមកោតសរសើរចំពោះទស្សនវិស័យរបស់ PSE ដែលមិនត្រឹមតែផ្តល់ជំនួយបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែបានផ្ដោតលើការបង្កើតសមត្ថភាព ឱកាសយូរអង្វែង និងរយៈពេលនៃការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(៧) “ការផ្តល់សន្ទូច” គឺបង្កលទ្ធភាពឱ្យរស់ដោយខ្លួនឯង និងបង្កើតផ្នត់គំនិតម្ចាស់ការ
ពាក្យមួយទៀតដែលថា “មិនឲ្យត្រីទេ យើងឲ្យសន្ទូច” គឺរៀនចាប់ត្រីខ្លួនឯង។ ពាក្យនេះសំខាន់។ ចាប់ផ្តើមឡើងពីការឲ្យត្រី (គឺជួយគ្រា)ដែលកំពុងតែលំបាក ដោះស្រាយ(ក្នុងដំណាក់កាល)ដំបូង ឲ្យអាហារហូបសិន។ ប្អូនស្រី (លក្ខិណា) ដែលធ្វើឧទេ្ទសនាម(មុននេះ)ថា គាត់ទាំងពីរនាក់បានសួរក្មេងៗ មួយក្រុមនៅស្ទឹងមានជ័យ កន្លែងសំរាម ថាចង់បានអី? (ក្មេងៗ ទាំងនោះ)ថា ចង់បានហូបឆ្អែតមួយពេល។ អញ្ចឹងដោះស្រាយហូបឆ្អែតមួយពេល … ក្រោយពីហូបឆ្អែត ក៏សួរចង់បានអីទៀត? ថាចង់បានឱកាសរៀនសូត្រ ដើម្បីមានសមត្ថភាពចិញ្ចឹមខ្លួនឯង។ នេះគឺជាចក្ខុវិស័យដ៏ត្រឹមត្រូវ។ នេះគឺជាអ្វីដែលអង្គការបានអនុវត្តដើម្បីចីរភាព និងនិរន្តរភាព។ យើងមិនអាចបន្តផ្តល់ត្រឹមតែអាហារតែប៉ុណ្ណោះទេ។ ការកសាងធនធានមនុស្សដែលមានសមត្ថភាព និងភាពម្ចាស់ការ គឺការឲ្យសន្ទូច (ដែលវា)មិនមែនត្រឹមតែបង្កលទ្ធភាពឱ្យរស់បានដោយខ្លួនឯងទេ។ អ្វីដែលសំខាន់គឺ(បង្កើតបានជា)ផ្នត់គំនិត។ បើឲ្យត្រី(ហូបរហូតធ្វើឱ្យ)អត់ខំប្រឹង ដឹងតែដល់ពេលបានគេយកមកឲ្យ។ មិនដឹងធ្វើអីទៀត។ ប៉ុន្តែ បើឲ្យសន្ទូច គឺបណ្តុះផ្នត់គំនិតម្ចាស់ការខ្លួនឯង រៀនច្នៃប្រឌិតខ្លួនឯង។
(៨) ពេលដែលមនុស្សចេះម្ចាស់ការ តស៊ូកែច្នៃ មនុស្សចាប់ផ្តើមបង្កើតផលថ្មីក្នុងសង្គម
អម្បាញ់បានមិញសួរប្អូនម្នាក់រៀនកាត់ត ឯម្នាក់ទៀតថតឲ្យ។ ឥឡូវចេះថតហើយ ប៉ុន្តែឈប់ថតឲ្យផលិតកម្ម គេមកបបួលគ្នាបង្កើតក្រុមផលិតវីដេអូខ្លួនឯង។ នេះគឺសមត្ថភាពនិងផ្នត់គំនិតនៃការម្ចាស់ការ មិនរង់ចាំការផ្តល់ឲ្យ មិនរង់ចាំគេប្រាប់ថាធ្វើអី។ យើងមានកិច្ចការជាមូលដ្ឋាននិងសមត្ថភាព ហើយបំប្លែងវាទៅ។ ក្នុងប្រវត្តិសាស្ត្រសង្គមមនុស្ស ហេតុអីបានជាយើងមានស្មាតហ្វូន (Smartphone)? ថាមកពីមនុស្សចេះកែច្នៃប្រឌិត។ បើសិនជាមនុស្សមិនច្នៃប្រឌិតរកអីដែលថ្មី និងបង្កើតអ្វីដែលថ្មីទេ (មនុស្សនឹងនៅ)តែប្រើ(ទូរស័ព្ទNokia)អិនចុចពិល។ មិនស្រួលអត់ទាំងមានអិនចុចពិលផង។ បានន័យថា ធ្វើតែដដែលៗ មិនបង្កើតគំនិតថ្មី។ អញ្ចឹង ប្រគល់មូលដ្ឋាននៃការរៀនធ្វើខ្លួនឯង ប្រគល់ការបណ្តុះបណ្តាល/ផ្នត់គំនិតម្ចាស់ការខ្លួនឯង។ ខ្ញុំគិតថាទ្រឹស្តីនៃការឲ្យសន្ទូច មិនមែនត្រឹមតែចេះរកខ្លួនឯងទេ ប៉ុន្តែបណ្តុះគំនិតធំបំផុតគឺរៀនរស់ខ្លួនឯង ម្ចាស់ការខ្លួនឯង អត់រំពឹងតែលើការផ្តល់ឲ្យ។ នៅពេលដែលមនុស្សចាប់ផ្តើមម្ចាស់ការ ច្នៃខ្លួនឯង ចេះតស៊ូ ហ្នឹងហើយការវិវត្តន៍ ព្រោះមនុស្សចាប់ផ្តើមច្នៃប្រឌិត បង្កើតផលថ្មីនៅក្នុងសង្គម។
(៩) សាលាផ្តល់ការអប់រំ និងបណ្តុះបណ្តាលជំនាញ ប៉ុន្តែដើម្បីជោគជ័យត្រូវពុះពារខ្លួនឯង
ក្នុងសង្គមនៃការវិវត្តន៍ ប្រជាពលរដ្ឋកម្ពុជាដាច់ខាតមិនអាចរស់ក្នុងផ្នត់គំនិតរង់ចាំគេផ្តល់ឲ្យនោះទេ។ មិនមែនឲ្យខ្ញុំរៀនហើយ ចាំរកការងារឲ្យខ្ញុំ បើខ្ញុំទៅមិនរួច ខ្ញុំនៅហ្នឹង អត់បង្កើតអីថ្មីនោះទេ … អម្បាញ់មិញខាងប្អូនស្រី(លក្ខិណា)បានប្រាប់ថា ក្មេងៗ ៨០០០នាក់ដែលរៀនចប់ ក្នុងនោះមានប្រហែល ៩០ភាគរយមាន(ការងារធ្វើ) ប៉ុន្មានភាគរយដែលមិនទាន់បាន(ការងារធ្វើ)។ គាត់ទៅតាមសួរ។ នេះគឺជារបៀបទទួលខុសត្រូវមួយ។ ខ្ញុំសូមអរគុណ។ មិនមែនបានន័យថារៀនចប់ហើយ ឲ្យទៅ(ដោយគ្មានការតាមដាន)ទេ។ តាមសួរ។ ហេតុអីបានរក(ការងារ)អត់ទាន់បាន? លើសពី ៣ខែ គាត់ជួយបំប៉នបន្ថែមឲ្យទៀត។ គាត់អត់ទៅជួយរកការងារឲ្យទេ។ សិស្សហ្នឹងត្រូវតែទៅរកការងារខ្លួនឯង។ សាលាផ្តល់ជំនាញ ផ្តល់ការអប់រំ ផ្តល់សមត្ថភាពមួយផ្នែក ប៉ុន្តែចប់ពីនេះដើម្បីជោគជ័យ ប្អូនៗ ក្មួយៗ ចេញទៅត្រូវពុះពារខ្លួនឯង។ នេះគឺការរស់នៅពិតប្រាកដ។ បើសិនជាប្អូនរកមិនបាន ត្រឡប់មកវិញ(គាត់)ជួយ(បណ្តុះបណ្តាលថែមទៀត) … ខ្ញុំគាំទ្រទ្រឹស្តីហ្នឹង។
(១០) រៀនចប់ ចេញទៅធ្វើការ ត្រូវរៀនបន្ថែម
យើងបានត្រឹមតែផ្តល់ការគាំទ្រ។ យើងអត់ធ្វើជំនួសទេ។ ពួកគាត់ត្រូវតែរៀនខ្លួនឯង ដើម្បីចាប់យកចំណេះឲ្យបាន។ បានមករៀនកន្លែងនេះហើយ ត្រូវប្រឹងខ្លួនឯង ចាប់យកចំណេះឲ្យបានដើម្បីប្តូរជីវិត។ មិនមែនមកដើម្បីតែថាអង្គការឲ្យមក ម៉ែឲ្យមករៀន មកបង្គ្រប់ម៉ោងទេ។ កុំធ្វើអញ្ចឹង។ ប្អូនៗ ក្មួយៗ យកឱកាសនេះ ប្រឹងប្រែង។ កុំដាក់គោលដៅត្រឹមថា “ចេញទៅការងារបឋមត្រឹមតែប៉ុណ្ណេះ”។ ថ្ងៃក្រោយ ត្រូវការវិវត្តតទៅទៀត។ ពេលដែលចេញទៅធ្វើការ ត្រូវរៀនបន្ថែម។ ឱកាសមានហើយ ប៉ុន្តែមិនអាចជោគជ័យបានទេ បើមិនប្រឹងខ្លួនឯង។ ប្រទេសមួយដូចគ្នា យើងចេញពីសង្គ្រាម យើងអភិវឌ្ឍមកដល់ប៉ុណ្ណេះ យើងដើរទៅមុខទៀត មិនមែនយើងពឹងជំនួយរហូតទេ។ បើយើងមិនប្រឹងខ្លួនឯង បើមិនប្រឹងកសាងធនធានមនុស្ស មិនមែននៅតាមក្រសួងស្ថាប័ន មានមន្ត្រីដែលអាចចេះការងារផ្សេងៗទេ។ អ្នកខ្លះថាមន្ត្រីក្នុងក្រសួងស្ថាប័ន សុទ្ធតែកូនអ្នកធំ។ មិនដូច្នោះទេ។ ទៅមើលទៅ។ រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋានអីផ្សេងៗ ចេញមកពីឆ្នាំ១៩៧៩ អត់មានប៉ុន្មាននាក់ទេ។ សូម្បីតែកូនអ្នកធំ អ្នកមានមួយចំនួន ឪពុកម្តាយក៏ចេញពី ប៉ុល ពត មក មិនមានអ្វីដូចតែគ្នាទេ។ និយាយរួមគ្មានអ្នកណាចេញពីរបប ប៉ុល ពត មកធ្វើរដ្ឋមន្ត្រីបន្តទៅជំនាន់សាធារណរដ្ឋប្រជាមានិតកម្ពុជាទេ។ ថ្មីទាំងអស់។
(១១) “បើមិនប្រឹង មិនជោគជ័យ។ បើប្រឹង លទ្ធភាពជោគជ័យមិនមែនសូន្យទេ …”
បានន័យថា ទោះបីជាអ្នករកស៊ីធំនៅសម័យសង្គមរាស្ត្រនិយមក៏ដោយ ដល់ជំនាន់ ប៉ុល ពត ត្រូវគេវាយបំផ្លាញចោលទាំងអស់។ (ដូចនេះយើង)ចេញមកពីបាតដៃទទេដូចគ្នា។ នេះបង្ហាញពីសមត្ថភាពខិតខំប្រឹងប្រែងខ្លួនឯង ដើម្បីឲ្យកម្ពុជាជារីកចំរើន។ ក្មួយៗក៏ដូចគ្នា គ្រួសារនីមួយៗ ក៏ដូចគ្នា ប្រឹងចាប់អារម្មណ៍កសាងសមត្ថភាព។ “កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត” ពាក្យហ្នឹងគេឧស្សាហ៍និយាយ។ បើយើងកើតមកក្នុងគ្រួសារក្រីក្ររវល់តែតូចចិត្តនឹងវាសនា យើងអត់តស៊ូ គ្មានពេលដែលយើងប្រែ(វាសនាបាន)ទេ។ តវ៉ាព្រហ្មលិខិតឲ្យមកយ៉ាងម៉េចគឺអញ្ចឹង។ ប៉ុន្តែ គ្មានអ្នកណាដឹងថា ព្រហ្មលិខិតចារយ៉ាងម៉េចទេ។ សូម្បីតែគ្រូទាយ ក៏អត់ដឹងដែរ។ អត់មានអ្នកណាដឹងថា ទៅថ្ងៃមុខយ៉ាងម៉េចទេ។ ប៉ុន្តែ អ្វីដែលអាចទាយបានគឺ “បើយើងមិនប្រឹង យើងអត់ជោគជ័យ។ តែបើយើងប្រឹង ភាពជោគជ័យនឹងមិនសូន្យទេ គឺមានកម្រិតខ្ពស់”។ ប្រែក្លាយអនាគតរបស់ខ្លួន ការលំបាកជំនាន់ឪពុកម្តាយយើង ដែលចេញពីសង្គ្រាមឆ្នាំ ១៩៩៥, ១៩៩៦ ដែលគាត់ត្រឡប់មកពីជំរំ ត្រឡប់មកពីទីណាផ្សេងៗ បែកបាក់ដោយសារសង្គ្រាម ដែលឥឡូវមានសមត្ថភាព និងឱកាសអង្គុយនៅទីនេះ។
(១២) មានក្តីស្រមៃគឺដាក់ទិសដៅ ឯមានសេចក្តីសង្ឃឹមគឺជំរុញចិត្តឱ្យសម្រេចសេចក្តីស្រមៃ
អ្វីដែលខ្ញុំសុំធ្វើការផ្តល់យោបល់ ក៏ដូចជាធ្វើការអបអរសាទរជាមួយក្មួយៗ … ហៅក្មួយៗ ចុះ នៅទីនេះ ព្រោះប្រហែលជាខ្ទង់ ១៨-១៩ ហ្នឹងទេ។ បើប្អូនៗ ទាល់តែអាយុ ៣០ជាង … នៅទីនេះ ដែលបានចាប់យកឱកាស(រៀនសូត្រ) ស្លៀកពាក់ខោអាវ(ឯកសណ្ឋាន) ទោះបីបរិញ្ញាបត្ររង បរិញ្ញាបត្រ បានបង្ហាញថា យើងបានជ្រើសរើសផ្លូវត្រូវហើយ។ PSE ជាដៃគូផ្តល់លទ្ធភាព ឯរាជរដ្ឋាភិបាលជួយសហការជាមួយ PSE ដើម្បីផ្តល់ឱកាសឱ្យប្អូនៗ។ បើប្អូនៗមិនខំរៀន(ពីដើម)រហូតទៅដល់ចប់ទេ ក៏គ្មានមុខនឹងអង្គុយទីនេះទេ។ គ្មានអ្នកណាអត់មានបញ្ហាទេ។ មិនថានៅក្នុងតួនាទីជាអ្វី ឋានៈជាអ្វី អាជីពជាអ្វី ឬមិនថាមកពីគ្រួសារក្រីក្រ គ្រួសារមធ្យម ឬគ្រួសារអ្នកមានទេ សុទ្ធតែមានបញ្ហារៀងៗ ខ្លួន។ ប៉ុន្តែ អ្វីដែលសំខាន់គឺកុំបោះបង់ចោលចក្ខុវិស័យរបស់ខ្លួន។ គេថាឱ្យមានសេចក្តីស្រមៃនិងក្តីសង្ឃឹម (Dream and Hope)។ ក្តីស្រមៃគឺដាក់ទិសដៅដែលយើងចង់ទៅ។ សេចក្តីសង្ឃឹមគឺអ្វីដែលជំរុញទឹកចិត្តឱ្យសម្រេចនូវសេចក្តីស្រមៃ។ បើគ្មានសេចក្តីសង្ឃឹមមានន័យថាតូចចិត្តនឹងវាសនា យើងបិទសង្ឃឹមហើយ។ យើងអស់(មានកម្លាំងជំរុញឱ្យ)ខំប្រឹងហើយ។ គ្មានអ្នកណាបិទសេចក្ដីសង្ឃឹម មិនយើងឱ្យទៅរកសេចក្តីស្រមៃរបស់យើង ក្រៅពីយើងខ្លួនឯងទេ។
(១៣) ព្យាយាមចាប់យកដើម្បីធានាអភិវឌ្ឍខ្លួនឱ្យក្លាយជាធនធានសម្រាប់ប្រទេសជាតិ
ទទួលស្គាល់ថា(មានសម្ពាធពី)បរិស្ថានសង្គម។ ជំនាន់ប៉ុល ពត មានការបិទសិទ្ធិសេរីភាព រារាំង ទោះអ្នកចង់រៀនធ្វើវិស្វករ ក៏មិនអាចរៀនបានដែរ។ ប៉ុន្ដែ ឥឡូវនេះ យើងមានសិទ្ធិសេរីភាពក្នុងការចាប់យកអាជីព កុំឱ្យតែធ្វើអីខុសច្បាប់។ ថតកុន គ្រប់គ្រង រៀនធ្វើអីក៏បាន។ អញ្ចឹង គឺច្បាមនិងព្យាយាមចាប់យកដើម្បីធានាការអភិវឌ្ឍផ្ទាល់ខ្លួន ដើម្បីក្លាយជាធនធានសម្រាប់ប្រទេសជាតិ។ ប្អូនៗ ដែលសម្រេចចិត្តតស៊ូ ២ឆ្នាំ ៣ឆ្នាំ ៤ឆ្នាំ បានមករៀនចប់ពេលនេះ ខ្ញុំសុំយកឱកាសនេះធ្វើការអបអរសាទរ និងកោតសរសើរចំពោះការសម្រេចចិត្ត និងការខិតខំដ៏ត្រឹមត្រូវរបស់ប្អូនៗ។ ប្អូនៗ មានជម្រើស ដែលគ្មានអ្នកណាភ្ជង់កាំភ្លើង ឬមួយក៏ហាមមិនឱ្យប្អូនបោះបង់ចោល(បំណង ក្តីស្រមៃនិងចក្ខុវិស័យ)ទេ។ PSE មិន(មានតម្រូវលក្ខខណ្ឌថា)ចូលរៀនត្រូវ(ធ្វើ)កុងត្រា បើរៀនបានតែមួយឆ្នាំ បោះបង់ចោលការសិក្សា ទៅចាប់ប្អូនទេ។ គឺជាសិទ្ធិក្នុងការជ្រើសរើស។ អញ្ចឹង សូមកុំសម្រេចចិត្តបោះបង់ចោល។
(១៤) “រៀនកាន់តែខ្ពស់ កាន់តែមានអារម្មណ៍ថាអត់ទាន់ចេះ …”
ជំហាននៃជីវិតមានច្រើន។ ឥឡូវយើងបានសញ្ញាបត្រ។ ទៅរកសញ្ញាឃើញទៀត។ សញ្ញាបត្របាន៥០% តែសញ្ញាឃើញ(៥០%)។ សញ្ញាបត្រមានមូលដ្ឋានឱ្យយើងទៅធ្វើការងារដើម្បីចាប់យកការរៀនសូត្របន្ថែមទៀត។ គ្មានអ្នកណាចេះទាំងអស់ពីសាលាទេ។ នៅក្នុងសង្គម … រៀនកាន់តែខ្ពស់ យើងកាន់តែមានអារម្មណ៍ថាយើងអត់ចេះ ដោយសារជំនាញនីមួយៗ វាធំណាស់។ ឧទាហរណ៍ កាលខ្ញុំរៀនសេដ្ឋកិច្ចថ្នាក់ដំបូងបំផុត គឺយល់ថាចេះទាំងអស់។ ចេះតែពន្យល់(ទៅ) … demand, supply ហ្នឹង ពន្យល់បានទាំងអស់។ ដល់ពេលចាប់ផ្តើមរៀនថ្នាក់បណ្ឌិត បែរជាដឹងថា មិនអញ្ចឹងទេ។ (មុខវិជ្ជា)សេដ្ឋកិច្ចហ្នឹងធំ។ យើងរៀនបានតែមួយជ្រុង។ ការអភិវឌ្ឍសេដ្ឋកិច្ច បានតែមួយជ្រុងគត់ ចំណាយពេល ៤-៥ ឆ្នាំហ្នឹង។ វាមានសេដ្ឋកិច្ចពាណិជ្ជកម្មមានអីច្រើន។ អញ្ចឹង បានន័យថា យើងមិនបាច់ចាប់យកទាំងអស់ទេ ចាប់យកជ្រុងណាឱ្យច្បាស់ ផ្តោតទៅលើជ្រុងហ្នឹងឱ្យច្បាស់លាស់។ កុំរៀនហើយអត់ច្បាស់…។
(១៥) ដាក់ទិសដៅដើម្បីពង្រីកខ្លួនជាធនធានកាន់តែមានសមត្ថភាពនិងលទ្ធភាពជួយគ្រួសារនិងសង្គម
អញ្ចឹងប្អូនចាប់យកហ្វ៊ីម(film) ប្អូនរៀនឱ្យច្បាស់ ថត និងកាត់ត។ គេយកប្អូនចេញទៅ ប្អូនបង្ហាញស្នាដៃ ប្អូនមានឱកាសបន្ថែមទៀត។ បើប្អូនច្បាស់លាស់ ថ្ងៃក្រោយអាចមានមូលដ្ឋានសម្រាប់គ្រប់គ្រងគេ នៅក្នុងការបង្រៀនគេ ឬមួយក៏ធ្វើខ្លួនឯង។ វាអាស្រ័យទៅលើគុណភាព ការយកចិត្តទុកដាក់ និងសមត្ថភាពរបស់យើង។ អញ្ចឹង សុំបន្តការយកចិត្តទុកដាក់ និងសុំឱ្យម្ចាស់ការខ្លួនឯង។ ឱ្យត្រីហើយ ឱ្យសន្ទូចហើយ កុំត្រឹមតែយកត្រីប៉ុនហ្នឹង។ ថ្ងៃក្រោយត្រូវហ៊ានបែក(គំនិត)ថែមទៀត។ បើចាប់ត្រីថ្ងៃហ្នឹងបានត្រឹមហូបខ្លួនឯង ដោយពីមុនយើងអត់ចេះ គេឱ្យត្រីយើង ឥឡូវគេបង្រៀនយើងចេះស្ទូចត្រីនៅក្នុងទឹកបឹង ថ្ងៃក្រោយត្រូវចេះស្ទូចនៅក្នុងទន្លេ ហើយហ៊ានជិះទូកទៅកណ្តាលទន្លេ ទៅកន្លែងដែលមានត្រីច្រើន បង់សំណាញ់បានច្រើន …។ មានន័យថាម៉េច? រៀនដាក់ទិសដៅដើម្បីពង្រីកខ្លួន ដើម្បីថ្ងៃក្រោយយើងត្រូវតែជាធនធានមួយដែលកាន់តែ(មានសមត្ថភាពនិងលទ្ធភាព)ជួយ។ ឥឡូវយើងម្នាក់ឯង ថ្ងៃក្រោយយើងមានគ្រួសារ យើងត្រូវចិញ្ចឹមប្រពន្ធ ចិញ្ចឹមកូន ប្រពន្ធប្តីរួមគ្នាចិញ្ចឹមគ្រួសារ មានកូនមានអីបន្ថែម។ អញ្ចឹង យើងត្រូវពង្រីកសមត្ថភាពដោយសុចរិតភាពនិងពង្រីកសមត្ថភាពដែលមានមូលដ្ឋានពីទីនេះ ចេញទៅច្បាមបន្ថែមនៅក្នុងសង្គមជាក់ស្តែង។ គេថាសញ្ញាឃើញ សម្រាប់ប្អូនៗ ដែលបានទទួល(សញ្ញាបត្រ)នៅទីនេះ។
(១៦) សាលារាជធានី អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់អំពីសុវត្ថិភាពរបស់ PSE
ខ្ញុំសូមអរគុណណាស់ចំពោះស្ថាប័នរដ្ឋ មានក្រសួងសង្គមកិច្ច ក្រសួងការងារ ក្រសួងអប់រំ ក្រសួងពាក់ព័ន្ធ… ដូចជាមានបរិស្ថាន ក្រសួងអីផ្សេងៗ ដែលបានសហការជាមួយ PSE និងផ្តល់ការគាំទ្រ។ អាជ្ញាធរមូលដ្ឋាន សាលារាជធានីក៏បានជួយ ជាពិសេសអាជ្ញាធរខណ្ឌក្នុងទីនេះ សង្កាត់ សុំយកចិត្តទុកដាក់ជាពិសេសបញ្ហាសុវត្ថិភាពរបស់ក្មួយៗ ដែលនៅទីនេះ។ បើមានបញ្ហាអី សុំឱ្យជួយមើលដោយយកចិត្តទុកដាក់ … នៅទីនេះមនុស្សច្រើនគ្នា ដូច ៥ឬ៦រយនាក់ ហើយអ្នកខ្លះមកពីខេត្តផង។ សុំឱ្យជួយមើលសុវត្ថិភាព។ កុំឱ្យគ្រឿងញៀនចូលក្នុងនេះ ហើយកុំឱ្យមកបៀតកន្លែងនេះ។ កុំឱ្យបញ្ហាអសន្តិសុខមកធ្វើប៉ះពាល់ទៅដល់សុវត្ថិភាពរបស់ក្មួយៗដែលនៅទីនេះ។ ករណីមានការអ្វី សុំអាជ្ញាធរមូលដ្ឋានចាត់វិធានការដើម្បីជួយការពារឱ្យបានទាន់ពេលវេលា។ សុំឱ្យយកចិត្តទុកដាក់អំពីសុវត្ថិភាព កុំចាំបាច់ថាទាល់តែផ្ទះប្រជាជននៅក្នុងសហគមន៍។ មិនថាសហគមន៍ណាទេ គឺកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាន មិនថានៅក្នុងមណ្ឌល ឬមួយនៅសហគមន៍ផ្សេងៗ គឺជាភារកិច្ចរបស់យើង … ក្រសួងពាក់ព័ន្ធទាំងអស់សុំបន្តជួយលើកិច្ចការនេះ។
(១៧) មិនថាក្នុងសហគមន៍មានជីវភាពធូរធារ មធ្យម ឬមួយក្រីក្រ គ្រួសារដើរតួនាទីសំខាន់
ខ្ញុំសូមយកឱកាសនេះ អរគុណដល់អង្គការដៃគូ សប្បុរសជនជាតិនិងអន្តរជាតិទាំងអស់ ពិសេសដៃគូ ដែលបានជួយដល់អង្គការ PSE និងសប្បុរសជនអន្តរជាតិ និងជាតិ ដែលបានជួយជាថវិកាទ្រទ្រង់រាប់សិបឆ្នាំមកហើយនេះ និងសុំបន្តការបន្តជួយឧបត្ថម្ភគាំទ្រ និងជួយសហការដល់អង្គការ PSE ដើម្បីផ្តល់ផលប្រយោជន៍ជូនដល់ក្មួយៗ កូនចៅ ប្រជាពលរដ្ឋរបស់យើង ជាពិសេសអ្នកដែលពុំមានលទ្ធភាព។ នេះគឺជាអ្វីដែលខ្ញុំសុំសំណូមពរបន្ថែម។ សុំយកចិត្តទុកដាក់ទៅលើការងារនេះ។ សូមអរគុណដល់គ្រួសារ។ គ្រួសារសំខាន់។ បើគ្មានការផ្តល់ឱកាសរបស់ឪពុកម្តាយឱ្យកូនមករៀនគឺមានការលំបាក។ ឪពុកម្តាយមានជីវភាពប្រឈម អញ្ចឹងត្រូវការលះបង់ដើម្បីផ្តល់ឱកាសឱ្យកូន និងផ្តល់ការលើកទឹកចិត្តឱ្យកូនបានរៀន និងផ្តោតអារម្មណ៍ទៅលើការរៀនសូត្រ។ មិនអាចធ្វើកិច្ចការនេះដោយផ្តាច់ពីឪពុកម្តាយ ឬអាណាព្យាបាលនោះទេ។ មិនថានៅក្នុងសហគមន៍ដែលមានជីវភាពធូរធារ ជីវភាពមធ្យម ឬមួយក៏ជីវភាពក្រីក្រ គឺគ្រួសារដើរតួនាទីសំខាន់។ នេះគឺជាអ្វីដែលប្អូនៗនៅទីនេះ ពិសេសក្នុងសហគមន៍ដែលខ្ញុំបានជួបនៅទីនេះ នៅ CCF គឺថាគ្រួសារជាអ្នកបង្កលក្ខណៈឱ្យនិងលើកទឹកចិត្ត។
(១៨) ការអប់រំធ្វើនៅក្នុងសាលា នៅផ្ទះ និងនៅក្នុងសហគមន៍
ខ្ញុំសុំឱ្យលោកពូ អ្នកមីង បងប្អូនដែលជាឪពុកម្តាយ ជាអាណាព្យាបាល បន្តផ្តល់ឱកាសគាំទ្រដល់កូនៗ ប្អូនៗ ក្មួយៗ ចៅៗ ដែលមករៀននៅទីនេះ ហើយបន្តអប់រំក្នុងផ្ទះបន្ថែមទៀត។ ការអប់រំមិនអាចរៀនបានតែក្នុងសាលាទេ ត្រូវអប់រំទាំងក្នុងសាលា ទាំងនៅផ្ទះ បូកជាមួយនិងនៅក្នុងសហគមន៍ ។ ប៉ុន្តែ ផ្ទះ និងសាលាគឺកត្តាសំខាន់។ បើមករៀននៅសាលា ទៅដល់ផ្ទះឪពុកម្តាយមិនលើកទឹកចិត្ត មិនផ្តល់តម្លៃ ក្មួយៗ ប្អូនៗក៏ពិបាកមករៀន … រៀនក៏អាចបោះបង់ចោល(ការសិក្សា) ព្រោះមករៀនៗ ហើយ រៀបចេញទៅផ្ទះវិញ មាន អារម្មណ៍ភ័យ … ទៅដល់ផ្ទះឪពុកម្តាយមិនឱ្យមករៀន មិនបង្កលក្ខណៈ … អញ្ចឹងត្រូវបន្ត(ការគាំទ្រ)។ រៀនោ្យបានចប់ គឺសំខាន់ … គួរយល់ថា នេះគឺជាការវិនិយោគ។ យើងសុខចិត្តលំបាកបន្តិច ដើម្បីឲ្យកូនមករៀន ដូចជាយើងវិនិយោគបង្កើតធនធានក្នុងគ្រួសារ បានន័យថាកូនម្នាក់មករៀន កសាងសមត្ថភាពឲ្យគាត់មានលំនឹងក្នុងជីវិត អាចជួយខ្លួនគាត់បាន ដែលថ្ងៃក្រោយ ឪពុកម្តាយលែងលំបាក។ គាត់អាចជួយមកគ្រួសារថែមទៀត។ នេះគឺជាកត្តាសំខាន់ ដែលក្រុមគ្រួសារដើរតួនាទី។
(១៩) “ទោះបីតូច និងទាប” ត្រូវប្រឹងឲ្យបានខ្ពស់ ដើម្បីឈានទៅប្រកួតប្រជែង
ខ្ញុំអរគុណសាជាថ្មី ចំពោះសមិទ្ធផលដែលបានប្តូរអនាគតរបស់ប្អូនៗ ក្មួយៗ នៅទីនេះ។ នេះគឺជាគំរូល្អសំរាប់យុវជន សម្រាប់កូនចៅប្រជាពលរដ្ឋរបស់យើង ពីក្រុមគ្រួសារមានការលំបាក។ បើ លក្ខិណា ធ្វើបាន ប្អូនៗក៏អាចធ្វើបាន។ បើប្អូនៗ ធ្វើបាន អ្នកជិតខាងដែលមិនបានចូលមករៀនក៏អាចធ្វើបាន។ កុំឲ្យគាត់កប់ជាមួយនឹង (ស្លោក) “កុំតូចចិត្តព្រេងវាសនា កុំតវ៉ានឹងព្រហ្មលិខិត” ហើយអត់ធ្វើអ្វីទាំងអស់ ប៉ុន្តែប្រែពីការមិនមានលទ្ធភាព មិនមានរបស់របរដូចគេ ទៅជាកម្លាំងចិត្តដែលខំប្រឹងប្រែងកាន់តែខ្លាំង។ យើងតូច យើងទាប យើងត្រូវប្រឹងប្រែងឲ្យខ្ពស់ជាងគេ ដើម្បីយើងអាចឈានទៅដល់ការចាប់ប្រកួតប្រជែង នៅក្នុងពេល ១២ឆ្នាំ ១៣ឆ្នាំ ១៤ឆ្នាំ ចប់ពីការបណ្តុះបណ្តាល ចប់ពីបរិញ្ញាបត្រ បរិញ្ញាបត្ររង ក្នុងការរៀន។ គម្លាតជីវភាព ជួនកាលយើងមិនអាចតវ៉ាបានទេ ព្រោះបើយើងកើតនៅក្នុងគ្រួសារដែលមានជីវភាពទាប មិនអាចបិទនូវគម្លាតជាមួយគ្រួសារដែលមានជីវភាពខ្ពស់ ឬមួយជីវភាពមធ្យមភ្លាមទេ។ ប៉ុន្តែ ការខិតខំប្រឹងប្រែងរបស់ប្អូនៗ ក្មួយៗ នឹងធ្វើឲ្យមានការខុសគ្នាក្នុងពេល ២០ឆ្នាំ។
(២០) មានឱកាសដូចគ្នា មិនប្រាកដថាកូនអ្នកមាននៅទីក្រុង រៀនពូកែជាងកូនអ្នកមានជីវភាពមិនល្អនៅខេត្ត
ជាគម្លាតខួរក្បាលមនុស្ស ឲ្យតែមានឱកាស មិនប្រាកដថា កូនអ្នកមានកើតនៅភ្នំពេញរៀនពូកែជាងកូនអ្នកមានជីវភាពមិនល្អនៅខេត្តព្រះសីហនុ ឬខេត្តរតនគិរីនោះទេ។ យើងមើលប្រលងនិទ្ទេស A ក៏មានអ្នកខេត្ត ប្រលងឈ្នះអ្នកភ្នំពេញ។ ដើរមើលសមត្ថភាពនិងឱកាសការងារនៅក្នុងក្រសួងស្ថាប័នរដ្ឋ នៅក្នុងស្ថាប័នឯកជន នៅក្នុងអង្គការ NGO មិនមែនអ្នកដែលកាន់តួនាទីសំខាន់ ២០ឆ្នាំមុន កើតមកខ្ពស់ ធៀបជាមួយអ្នកនៅពីក្រោមនោះទេ។ គឺការប្រឹងប្រែង។ អ្នកខ្លះជាក្មេងកំព្រា។ សួររដ្ឋមន្ត្រីយើងចំនួន ជាក្មេងកំព្រា រដ្ឋលេខាធិការយើងចំនួន ចេញមកពីជាអ្នកមានជីវភាពក្រីក្រ អ្នកនៅក្នុងវិស័យឯកជនមួយចំនួន ដែលឥឡូវជាឧកញ៉ា ចេញពី១៩៧៩ មកគាត់ ដើរលក់ស្បែកជើង រើសអេតចាយដូចគ្នា។ តែគាត់ខិតខំប្រឹងប្រែងច្នៃប្រឌិត តស៊ូឱ្យកូនរៀន ឥឡូវបានខ្ពស់។ អញ្ចឹង ការចាប់ផ្តើមពីថ្ងៃនេះ ខុសគ្នាមែន ប៉ុន្តែគម្លាតអាចបិទបាន វាអាស្រ័យទៅលើខ្លួនយើង។ ឱកាសមិនផ្តល់ឲ្យអ្នកអត់មានសមត្ថភាពទេ មិនថាអ្នកឯងមកពីណា។ អាចមានការយោគយល់ក្នុងគ្រួសារ ប៉ុន្តែមិនអាចយកគ្រួសារទៅគ្រប់គ្រងបានទេ។ ឧទាហរណ៍ ក្រុមហ៊ុនមួយ អាចផ្តល់ឱកាសឲ្យកូនធ្វើជា Manager ប៉ុន្តែបើកូនគាត់អត់មានសមត្ថភាព អត់ទទួលខុសត្រូវ ដាក់ទៅរលាយ មិនខំរកស៊ី មួយថ្ងៃៗ នាំតែបុគ្គលិក Party គាត់ប្រាកដជាឱ្យកូនសំរាក និងរក Manager ណាមួយ មិនថាអ្នកណាទេ មិនថាបុគ្គលិកណា ឲ្យតែមានភាពស្មោះត្រង់ តស៊ូ ឆ្លាតវៃ ខិតខំ មានសមត្ថភាពគ្រប់គ្រាន់ ឲ្យមកដឹកនាំហើយដើម្បីជោគជ័យ។ នេះជាអ្វីដែលយើងត្រូវខិតខំប្រឹងប្រែងតស៊ូបន្តទៀត។
(២១) PSE ផ្តល់ឆ័ត្រ ឱកាស ធនធាន ទីកន្លែង និងលទ្ធភាពឲ្យគ្រូជួបជាមួយសិស្ស
សូមអរគុណផងដែរជូនដល់បុគ្គលិកនិងលោកគ្រូអ្នកគ្រូនៅក្នុងអង្គការ PSE ដែលបានផ្តល់ក្តីស្រឡាញ់និងការយកចិត្តទុកដាក់បណ្តុះបណ្តាលសមត្ថភាពសិស្ស។ កត្តាសំខាន់មួយគឺគ្រូ។ ផ្ដើមចេញពីឆន្ទៈ និងសមត្ថភាពបើគ្រូមិនមានសមត្ថភាពគ្រប់គ្រាន់ហើយគ្មានឆន្ទៈនៅក្នុងការបង្រៀន សិស្សអត់បានគុណភាពល្អដែរ។ បើសិស្សមិនមានគុណភាពល្អ ចេញពីសាលាទៅធ្វើការមិនច្បាស់លាស់ ក៏មិនអាចមានឱកាសនៅក្នុងការអភិវឌ្ឍខ្លួន ទោះបីជាធ្វើអ្វីខ្លួនឯង ក៏ប្រកួតមិនឈ្នះគេដែរ … គុណភាព ការយកចិត្តទុកដាក់ និងការលះបង់របស់គ្រូ មិនខុសពីការលះបង់របស់ឪពុកម្តាយ ដែលយើងហៅថាឪពុកម្តាយទី១ និងឪពុកម្តាយទី២។ គ្រូនៅក្នុងអាជីពកសាងអនាគតរបស់មនុស្ស ប្រែក្លាយមនុស្ស គ្មានគ្រូណាចង់ឃើញកូនសិស្សបរាជ័យទេ។ មានតែចង់ឃើញកូនសិស្សហ្នឹងជោគជ័យ ដើម្បីមានអារម្មណ៍ថា “ខ្ញុំក៏មានចំណែកតូចមួយក្នុងការជួយនាំអោយមានជោគជ័យ” នេះដែរ។ គ្រួសារ គ្រូជាអ្នកអនុវត្តផ្ទាល់ ជាតួអង្គសំខាន់ ក្នុងការជួយគាំទ្រផ្ទាល់ដល់សិស្សនិស្សិត … អង្គការ PSE ជាអ្នកផ្តល់ឆ័ត្រ ផ្តល់ឱកាស ផ្តល់ធនធាន ផ្តល់ទីកន្លែង ផ្តល់លទ្ធភាព ដើម្បីឲ្យគ្រូជួបជាមួយសិស្ស បង្រៀនសិស្ស គ្រួសារអាចមានលំនឹងខ្លះ រដ្ឋដៃគូ ជាអ្នកជួយពីខាងក្រៅ។
(២២) ប្រទេសជាតិ អបអរសាទរអ្នកទទួលសញ្ញាបត្រ ក្នុងន័យជាតិខ្មែរបានធនធានមនុស្សបន្ថែមទៀត
ទាំងអស់នេះហើយជាអ្វីដែលយើងអបអរសាទរថ្ងៃនេះ។ មិនមែនអបអរសាទរតែចំពោះសមិទ្ធផល ដែលក្មួយៗ ប្អូនៗ បានរៀនចប់នោះទេ ប៉ុន្តែអបអរសមិទ្ធផលទាំងអស់គ្នា ដែលបានខំរួមគ្នា។ នៅក្នុងការជួយនេះ បើគ្មានតួអង្គណាមួយ ជាពិសេសអង្គការ PSE ជាស្ថាបនិក ក៏ដូចជាថ្នាក់ដឹកនាំទីនេះ ក៏អង្គការពិបាកដំណើរការ និងមិនអាចបណ្តុះបណ្តាលបន្ត ១៥,០០០នាក់។ ខ្វះគ្រូក៏ពិបាកនៅក្នុងការបណ្តុះបណ្តាល ខ្វះការគាំទ្រពីឪពុកម្តាយក៏សិស្សពិបាកអង្គុយរៀននៅទីនេះដល់ចប់។ បើខ្វះការតស៊ូរបស់ក្មួយៗ ប្អូនៗ ក៏ការចែកសញ្ញាបត្រថ្ងៃនេះ ក៏មិនអាចទៅរួច ព្រោះប្អូនៗ មិនអាចបញ្ចប់ការសិក្សា។ រាជរដ្ឋាភិបាល ប្រទេសជាតិទាំងមូល ក៏សូមទទួលផលនេះ ព្រោះជាតិរបស់យើង អនាគតរបស់យើង ពឹងលើក្មួយៗ។ អញ្ចឹង ថ្ងៃនេះយើងអបអរសាទរមិនមែនចំពោះតែអ្នកទទួលសញ្ញាបត្រផ្ទាល់ទេ គឺអបអរសាទរទាំងអស់តែម្តង ជាពិសេសជាតិខ្មែរយើងទាំងមូលដែលបានធនធានបន្ថែមទៀត។
(២៣) រកវិធីបំពេញគ្នារវាង កម្មវិធីអាហារូបករណ៍ ១លាន៥សែននាក់ និងការបណ្តុះបណ្តាលធនធានមនុស្សរបស់ PSE
ចំពោះក្មួយៗ ដែលបានចេញទៅធ្វើការហើយ ទទួលផលពីនេះ ក៏សូមបន្តខិតខំប្រឹងប្រែង។ ក្នុងពេលជាមួយគ្នានេះ ខ្ញុំសូមផ្តាំសាជាថ្មីដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសអាជ្ញាធរមូលដ្ឋានបន្តជួយគាំទ្រទៅដល់សកម្មភាពរបស់បងប្អូន ពិសេសការបណ្តុះបណ្តាលដោយក្រសួងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអាចធ្វើទៅបាន។ ឥឡូវ យើងមានប្រាំជំនាញនៅទីនេះ។ ថ្ងៃក្រោយត្រូវការផ្លាស់ប្តូរយ៉ាងម៉េចសូមពិនិត្យមើល។ យើងមានអាហារូបករណ៍ ១លាន៥សែននាក់ ក្នុងកម្មវិធីដែលឲ្យធ្វើការបណ្តុះបណ្តាលឲ្យក្មួយៗមកពីគ្រួសារដែលមានការលំបាក ហើយថែមទាំងមានប្រាក់ឧបត្ថម្ភ។ អញ្ចឹង អាចពិនិត្យមើល ធ្វើការយ៉ាងម៉េចជួយបំពេញគ្នាយ៉ាងម៉េច ព្រោះសុទ្ធតែការបណ្តុះបណ្តាលធនធានមនុស្ស ឯ PSE ក៏បណ្តុះបណ្តាលធនធានសម្រាប់ជាតិរបស់យើង។ រាជរដ្ឋាភិបាលចង់បាន(ការជួយបណ្តុះបណ្តាលធនធានមនុស្សនេះដែរ) ព្រោះរដ្ឋាភិបាលមិនអាចធ្វើម្នាក់ឯងបានទេ។
(២៤) ការបណ្តុះបណ្តាលធនធានមនុស្ស PSE ជាគំរូកិច្ចសហប្រតិបត្តិការល្អ រវាងរាជរដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាលជាដៃគូ
ខ្ញុំសូមនិយាយ (ការជួយបណ្តុះបណ្តាលធនធានមនុស្សដោយ PSE)នេះ ជាគំរូនៃកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលនិងអង្គការដៃគូមិនមែនរដ្ឋាភិបាល។ មានការយល់ច្រឡំ ជាពិសេសការលើកឡើងក្នុងបណ្តាសារព័ត៌មានមួយចំនួនដែលចោទថា រាជរដ្ឋាភិបាលមិនបានលើកទឹកចិត្តដល់អង្គការសង្គមស៊ីវិល បិទសេរីភាព បិទស្អីៗ មិនឲ្យគេធ្វើការ។ មិនអញ្ចឹងទេ។ រឿងអង្គការមួយក្តាប់តូចជារឿងមួយ រឿងបញ្ចេញមតិ រឿងធ្វើសកម្មភាពនៅក្នុងច្បាប់ ប៉ុន្តែយើងមាន ៣,០០០សមាគម ៣,៥០០NGO ៦,០០០ជាង ដែលបានចុះឈ្មោះនិងធ្វើការទូទាំងប្រទេស មួយចំនួនបានបិទ ប៉ុន្តែមានរាប់ពាន់ NGO សង្គមស៊ីវិលដែលជាដៃគូដ៏ល្អរបស់រដ្ឋាភិបាល។ ដៃគូបែបនេះ រដ្ឋាភិបាលមិនបានបិទសិទ្ធិទេ មានតែសូមជួយឱ្យ(សកម្ម)ថែមទៀត ជួយឱ្យរីកចម្រើនថែមទៀត ព្រោះ(ពួកគាត់)ធ្វើពិតប្រាកដ។ សួរថា តើអង្គការ PSE ដែលផ្ដល់ការអប់រំបណ្ដុះបណ្ដាលដូចនេះ មិនមានតម្លៃស្មើនឹងអង្គការមួយ ដែលជ្រកក្រោមស្លាក(ជាសង្គមស៊ីវិល ឬអង្គការក្រៅរដ្ឋាភិបាល) ហើយទៅស្រែករឿងនេះរឿងនោះឬ?
(២៥) អង្គការសង្គមស៊ីវិល/ក្រៅរដ្ឋាភិបាលដែលធ្វើការងារពិតប្រាកដ គឺផ្ដល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋ
អង្គការសង្គមស៊ីវិលដែលធ្វើការងារពិតប្រាកដ គឺផ្ដល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋ។ ឥឡូវ សិទ្ធិសេរីភាពយើងចង់និយាយពីអ្វី? មិនមែនតែសិទ្ធិសម្រាប់ឡើងជេរ ឡើងបាតុកម្មនោះទេ តែសិទ្ធិដើម្បីទទួលបានការអប់រំហ្នឹងជាសិទ្ធិរបស់មនុស្ស។ សិទ្ធិទទួលបានការថែទាំសុខភាព សិទ្ធិរបស់មនុស្ស សិទ្ធិទទួលបានការថែទាំ សុខុមាលភាពផ្សេងៗ ជាសិទ្ធិមនុស្ស។ សិទ្ធិមូលដ្ឋាន សិទ្ធិទទួលបានការអប់រំ ថែទាំសុខភាពត្រឹមត្រូវ។ អង្គការផ្ដល់សិទ្ធិមនុស្សមូលដ្ឋាន គឺបណ្ដុះបណ្ដាលមនុស្សឱ្យមានសិទ្ធិសេរីភាព មានចំណេះដឹង … បើយើងអត់ចេះយើងពឹងគេរហូត។ បើយើងចេះ យើងអាចម្ចាស់ការគ្រប់គ្រងអនាគតរបស់ខ្លួន កំណត់ជោគវាសនារបស់ខ្លួន។ ប្អូនខាងនោះថា គាត់ប្រមូលគ្នាបង្កើតការផលិតខ្លួនឯង។ បើយើងអត់មានសមត្ថភាពចំណេះដឹងយើងធ្វើបានទេ? យើងបានត្រឹមតែចង់ យើងមានត្រឹមតែ Dream ប៉ុន្តែយើងគ្មានសមត្ថភាពធ្វើបានដោយសារយើងអត់មានបំណិន។ ចំណេះដឹងនិងបំណិននេះហើយ ជួយឱ្យយើងមានសិទ្ធិសេរីភាព និងសមត្ថភាពគ្រប់គ្រងអនាគតរបស់យើង។
(២៦) សិទ្ធិរស់រានមានជីវិតដោយសេចក្ដីថ្លៃថ្នូរ ទទួលបានការអប់រំបណ្ដុះបណ្ដាលនិងថែទាំសុខភាព
អង្គការផ្ដល់ការបណ្ដុះបណ្ដាលនេះ គឺផ្ដល់សិទ្ធិសេរីភាពរួចទៅហើយ។ នេះហើយគេហៅសិទ្ធិមនុស្ស មិនមែនសិទ្ធិត្រឹមតែឡើងហ្វេសប៊ុក ឡើងនិយាយរឿងផ្សេងៗនោះទេ។ សិទ្ធិដែលសំខាន់គឺសិទ្ធិរស់រានមានជីវិតដោយសេចក្ដីថ្លៃថ្នូរ ទទួលបានការអប់រំ ការបណ្ដុះបណ្ដាលនិងសុខភាព ថែទាំសុខភាព។ នេះគឺជាសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលរដ្ឋាភិបាលយកចិត្តទុកដាក់ ហើយយើងក៏ស្វាគមន៍ និងគាំទ្រទៅដល់ដៃគូអង្គការសង្គមស៊ីវិលរាប់ពាន់ ដែលបានធ្វើការជាមួយគ្នាទៅលើកិច្ចការងារនេះ ហើយនិងបន្តទៅទៀត។ ខ្ញុំការចូលរួមប៉ុណ្ណឹងចុះ។ កុំយូរពេក។ ប្រហែលជាចប់ពីនេះ ក្មួយៗ ត្រូវជួបគ្រួសារទៅអបអរសាទរ។ អ្នកណាអាចនឹងកក់ហាងទៀត … អត់អីទេ។ ពូយល់។ ពូធ្លាប់អាយុ ២០ឆ្នាំ។ ក្មួយទេ ដែលអត់ធ្លាប់អាយុ ៤៨ ឆ្នាំ។ កាលនៅរៀន ទៅអង្គុយក្នុងកម្មវិធីម្ដងៗ មិត្តភក្តិបន់ឱ្យតែចប់ ត្បិតបានណាត់រួចហើយ។ ត្រូវទេ? ឥឡូវអ្នកណាខ្លះមានកម្មវិធីលើកដៃមើល។ ជួបមិត្តភក្តិក្រោយពីចប់នេះ? អត់មានទេ? លើកតែលើកតិចៗ។ ជ្រុលជាលើកៗ ឱ្យអស់ កុំខ្មាស់។ មើលប៉ុន្មាននាក់ទៅជាមួយគ្រួសារថតរូបអនុស្សាវរីយ៍? ប៉ុន្មាននាក់មានស្មាតហ្វូន? តាមសាលាអត់លើកដៃ ក្នុង ១០០នាក់លើក ១០នាក់។ ដល់ពេលចេញទៅថត Selfie ម្នាក់មានទូរស័ព្ទដល់ទៅ៣។
សូមអរគុណសាជាថ្មី ជូនពរហើយផ្ដាំអរគុណដល់លោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយែរ (Marie-France des Pallières)ផង។ សូមជូនពរគាត់ឱ្យសុខភាពប្រសើរ។ សង្ឃឹមថ្ងៃណាមួយគាត់អាចបានជិះយន្តហោះមក។ បានជួបគាត់ឆ្នាំទៅដូច ៨០ជាងដែរ(៨៣ឆ្នាំ)។ អញ្ចឹង ឆ្នាំទៅប្រហែលជា ៨២ឆ្នាំ។ ជួបគាត់នៅ CCF។ សំខាន់ទឹកចិត្តនៃការស្រឡាញ់របស់គាត់សម្រាប់បុគ្គលិក ក្មួយៗ និងគ្រួសារនៅទីនេះ។ ខ្ញុំសូមអរគុណ និងជូនពរចំពោះអង្គការដែលបានជួយបណ្ដុះបណ្ដាល និងជួយផ្ដល់អនាគតថ្មីដល់កូនចៅប្រជាពលរដ្ឋរបស់យើង ក៏អរគុណទៅដល់គ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធ ហើយសូមជូនពរ និងប្រសិទ្ធពរ ជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ក្មួយៗទាំងអស់ឱ្យទទួលបាននូវជោគជ័យ នៅគ្រប់ភារកិច្ច សុខភាពល្អ និងទទួលបាននូវពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ។
អំណោយ
ថ្ងៃនេះក៏សូមជូនសិស្សជ័យលាភី ចំនួន ៥០០ នាក់ ម្នាក់ៗថវិកា ៥ ម៉ឺនរៀល ដល់អញ្ចឹងអាចដឹងកន្លែងទៅណាទៅបានហើយ។ ជូនសាស្ត្រាចារ្យ និងបុគ្គលិក ចំនួន ៥៨៣ នាក់ ម្នាក់ៗថវិកា ១០ ម៉ឺនរៀល។ អញ្ជើញគ្រូទៅបាយផងទៅ។ ដោយឡែក បន្ថែមជូននិស្សិតនារីមានផ្ទៃពោះ ១៦ នាក់ ម្នាក់ៗថវិកា ១ លានរៀលផងដែរ។ អ្នកមានពិការភាព ៦ នាក់ ម្នាក់ៗថែម ៥០ ម៉ឺន។ ជូនវិទ្យាស្ថាន PSE ថវិកា ១០ លានរៀល ជូនក្រុមគ្រូពេទ្យប្រចាំអង្គពិធី ថវិកា ៣ លានរៀល ហើយអម្បាញ់មិញ លោកជំទាវបណ្ឌិត ឡោក ខេង សូមឧបត្ថម្ភថវិកា ៤០ លានរៀល ទៅដល់មណ្ឌល សូមអរគុណ។ ដោយសារចូលមកនៅទីនេះមានការទទួលការហូបចុកអីផង អញ្ចឹងខ្ញុំសូមជូនមួយខែ ចាប់ពីខែ ៧ នេះទៅ អង្ករ ២ តោន និងថវិកា ៥ លាន ជូនទៅដល់អង្គការ…។ កន្លងទៅសម្តេចតេជោក៏បានជួយទៅតាមបណ្ដាផ្សេងៗ ហើយខ្ញុំក៏បន្ត ហើយនៅទីនេះថ្ងៃនេះក៏សូមជួយ អញ្ចឹងសូមអរគុណណាស់សាជាថ្មី ហើយសូមជម្រាបលាផង។ អរគុណ៕


