FN ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលប្រទេសកម្ពុជា កំពុងទទួលរងឥទ្ធិពល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «សម្តេចបានណែនាំ ឱ្យក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលរាជធានីខេត្ត បន្តតាមដានការវិវត្តន៍ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ បានដឹងអំពីផលវិបាកនៃ ការប្រែប្រួលអាកាសធាតុនេះ»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានីខេត្ត ត្រៀមមធ្យោបាយចាំបាច់ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។
ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រៀមបំរុង ស្បៀងនិងសម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជាកសិករ ដែលនឹងរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា។
សូមជម្រាបថា បាតុភូត El Niño គឺជាលំនាំអាកាសធាតុធម្មជាតិ ដ៏មានឥទ្ធិពលបំផុតមួយនៅលើភពផែនដី ដែលចាប់ផ្តើមឡើងនៅពេលដែលទឹកសមុទ្រ នៅភាគកណ្តាល និងភាគខាងកើត នៃមហាសមុទ្រប៉ាស៊ីហ្វិកឡើងកម្តៅខុសប្រក្រតី។
ឥទ្ធិពលរបស់វាអាចរីករាលដាល ទៅទូទាំងពិភពលោក បង្កើតជាគ្រោះរាំងស្ងួត ទឹកជំនន់ និងខ្យល់ព្យុះនៅតាមទ្វីបនីមួយៗ។ បាតុភូតនេះជះឥទ្ធិពលដល់គំរូអាកាសធាតុ វិស័យកសិកម្ម វិស័យនេសាទ ធនធានទឹក ប្រព័ន្ធអេកូឡូស៊ី សេដ្ឋកិច្ច និងជីវិតមនុស្សនៅទូទាំងពិភពលោក៕

