FN ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញ គេចពន្ធនិងទំនិញខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់ ដោយស្មើភាពនិងតម្លាភាព ជាពិសេសដោយផ្តោតលើដើមខ្សែ ពោលគឺអ្នកដែលនាំចូល និងចែកចាយ។
ការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រីធ្វើឡើង ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
សម្តេចសង្កត់ធ្ងន់ថា វិធានការនេះត្រូវធ្វើឡើងទាំងមុខ ទំនិញជាគ្រឿងឧបភោគបរិភោគ ពីព្រោះវាប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងទាំងទំនិញដែលមានតម្លៃខ្ពស់ ពីព្រោះវាប៉ះពាល់ដល់ការប្រកួតប្រជែងដោយស្មើភាព។
ទន្ទឹមនឹងនេះ សម្តេចបវរធិបតី ក៏បានណែនាំឱ្យអាជ្ញាធរ មានសមត្ថកិច្ច ត្រូវផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ ជូនប្រជាពលរដ្ឋឱ្យបានជ្រាប និងបានលឿនរហ័សអំពីវិធានការ របស់ខ្លួន ដើម្បីចៀសវាងការយល់ច្រឡំ និងមានការបកស្រាយខុសពីគោលបំណងពិត៕

