(FN)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សេចក្តីប្រកាសព័ត៌មានស្តីពី៖ លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយបានពិភាក្សា ឆ្លង និងអនុម័តរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិ សុវត្ថិភាពម្ហូបអាហារអាស៊ាន
កិច្ចព្រមព្រៀងនេះ មានចំនួន១៨មាត្រា ដោយរៀបចំឡើងក្នុងគោលបំណងបង្កើតឱ្យមានអភិក្រមរួម និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីធានាសុវត្ថិភាពម្ហូបអាហារនៅក្នុងខ្សែច្រវាក់ផលិតកម្ម ស្របតាមទស្សនវិស័យផែនការលម្អិត នៃសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ និងដើម្បីអនុវត្តគោលនយោបាយសុវត្ថិភាព ម្ហូបអាហារអាស៊ាន និងក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន ដែលបានអនុម័តនៅឆ្នាំ២០១៥ និងឆ្នាំ២០១៦ ដោយរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកកសិកម្មនិងរុក្ខាប្រមាញ់ និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំ រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន។
កិច្ចព្រមព្រៀងនេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗដល់កម្ពុជា និងបណ្តាសមាជិកអាស៊ាន រួមមាន ១. ធានាការពារសុខភាពអ្នកប្រើប្រាស់, ២. សម្រួលការធ្វើពាណិជ្ជកម្មធ្វើឱ្យមានលំហូរម្ហូបអាហារមានសុវត្ថិភាព ដោយសេរីនៅក្នុងរដ្ឋសមាជិក, ៣. ពង្រឹងសមត្ថភាពសហគ្រាសធុនតូចនិងមធ្យម (SMEs) របស់កម្ពុជា, ៤. កាត់បន្ថយការខាតបង់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដែលកើតឡើងមកពីម្ហូបអាហារគ្មានគុណភាពនិងសុវត្ថិភាព និង៥. ជំរុញឱ្យមានការធ្វើពាណិជ្ជកម្មម្ហូបអាហារប្រកបដោយសមធម៌ និងលើកកម្ពស់ការប្រកួតប្រជែងដោយ សុចរិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
២៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង អាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល
ពិធីសារនេះ មានចំនួន ២មាត្រា និងឧបសម្ព័ន្ធចំនួន១ ត្រូវបានរៀបចំឡើងក្នុង លើតារាងសន្យាបម្លាស់ទីរូបវន្តបុគ្គល ក្រោមកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គលរបស់ប្រទេសសមាជិកអាស៊ាននីមួយៗឱ្យមានលក្ខណៈនិងទម្រង់រួមគ្នា ដែលនឹងបង្កឱ្យមានភាពងាយស្រួលក្នុងការស្វែងយល់ដោយ សាធារណជនទូទៅ ហើយវាក៏នឹងរួមចំណែកបង្ហាញផងដែរ អំពីការប្តេជ្ញាចិត្តរបស់អាស៊ាន ដើម្បីធ្វើការរួមគ្នា ឆ្ពោះទៅរកការលុបបំបាត់ភាពរឹតត្បិតនានា ទៅលើបម្លាស់ទីឆ្លងកាត់ព្រំដែនជាបណ្តោះអាសន្ន នៃរូបវន្តបុគ្គល ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម និងការវិនិយោគ។
ពិធីសារនេះ នឹងផ្តល់អត្ថប្រយោជន៍មានដូចជា ១. សម្រួលដល់បម្លាស់ទីនិងលំហូរនៃបុគ្គលជំនាញ និង អ្នកចូលមកទស្សនកិច្ចក្នុងគោលបំណងធ្វើពាណិជ្ជកម្ម ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដែលជាផ្នែកសំខាន់ មួយរបស់ផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ ក្នុងការសម្រេចបាននូវការធ្វើសមាហរណកម្ម សេដ្ឋកិច្ចខ្ពស់និងការផ្សារភ្ជាប់សេដ្ឋកិច្ចជាធ្លុងមួយ និង ២. ធ្វើឱ្យតារាងសន្យាបម្លាស់ទីរូបវន្តបុគ្គលកាន់តែមាន លក្ខណៈសាមញ្ញ និងមានទម្រង់រួម ដែលបង្កភាពងាយស្រួលដល់សាធារណជន ជាពិសេសធុរជនក្នុងការស្វែងយល់ អំពីការសន្យារបស់ប្រទេសសមាជិកនីមួយៗ ដើម្បីអាចទាញប្រយោជន៍ពេញលេញ។
៣៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន
ពិធីសារទីមួយនេះ មានចំនួន៤មាត្រា និងសេចក្តីបន្ថែមចំនួន១ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ធ្វើវិសោធនកម្មជំពូក៣ ស្តីពីវិធានដើមកំណើតទំនិញ ដោយផ្តោតសំខាន់លើបទប្បញ្ញត្តិពាក់ព័ន្ធវិធានជាក់លាក់ សម្រាប់ផលិតផល និងដាក់បញ្ចូលលទ្ធផលនៃការចរចាវិធានជាក់លាក់សម្រាប់ផលិតផលថ្មីទៅក្នុងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន សំដៅអនុវត្តវិធានដើមកំណើតទំនិញប្រកបដោយ ប្រសិទ្ធភាព និងមានលក្ខណៈសម្រួលពាណិជ្ជកម្ម។
ប្រទេសដែលជាសមាជិកនឹងទទួលបានអត្ថប្រយោជន៍ រួមមាន ១. ចូលរួមចំណែកលើកកម្ពស់តម្លាភាព និងប្រសិទ្ធភាព នៅក្នុងការអនុវត្តជំពូកស្តីពីវិធានដើមកំណើតទំនិញ ជាពិសេស វិធានជាក់លាក់សម្រាប់ផលិតផល សំដៅជំរុញការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង, ២. បង្កលក្ខណៈកាន់តែងាយស្រួល ដល់ពាណិជ្ជករ ក្នុងការស្វែងរកលក្ខខណ្ឌដើមកំណើតទំនិញសម្រាប់ផលិតផលរបស់ខ្លួន ជាពិសេសសហគ្រាស ធុនតូចនិងមធ្យម និង៣. ចូលរួមពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់ សំដៅធានា លំហូរទំនិញដោយរលូននិងឆាប់រហ័សរវាងប្រទេសជាសមាជិក ដើម្បីឆ្លើយតបតាមតម្រូវការ និងការវិវត្តន៍នៃសេដ្ឋកិច្ចតំបន់និងសកល។
៤៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ច ព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់
ពិធីសារទីពីរ ធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) មានចំនួន៣មាត្រា និងសេចក្តីបន្ថែមរបស់ពិធីសារចំនួន១ ដែលមាន២១ជំពូក ក្នុងនោះមាន ការធ្វើវិសោធនកម្មលើជំពូកដែលមានស្រាប់ក្រោមកិច្ចព្រមព្រៀង AANZFTA ចំនួន១៨ និងជំពូកន្ថែមថ្មី ចំនួន៣។ ពិធីសារទីពីរនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន
១. ឆ្លុះបញ្ចាំងអំពីតម្រូវការ ចាំបាច់ក្នុងការដំឡើងកម្រិតកិច្ចព្រមព្រៀង AANZFTA ដោយដាក់បញ្ចូលនូវធាតុផ្សំនានា ដែលមានតម្លៃបន្ថែមទៅក្នុងផ្នែកជាច្រើននៃកិច្ចព្រមព្រៀង រួមមាន ពាណិជ្ជកម្មទំនិញ វិធានប្រភពដើម នីតិវិធីគយ និងកិច្ចសម្រួល ពាណិជ្ជកម្ម ពាណិជ្ជកម្មសេវាកម្ម ការវិនិយោគ បម្លាស់ទីរូបវន្តបុគ្គល ពាណិជ្ជកម្មអេឡិចត្រូនិក ការប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ សហគ្រាសធុនមីក្រូ តូច និងមធ្យម ពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងលទ្ធកម្មរដ្ឋាភិបាលជាដើម។
២. ធ្វើឱ្យកិច្ចព្រមព្រៀងមានភាពទំនើប ដោយរួមបញ្ចូលនូវនិន្នាការសេដ្ឋកិច្ច ថ្មីៗ ដូចជា ការលើកកម្ពស់ការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងសកម្មភាពសេដ្ឋកិច្ច កិច្ចសហ ប្រតិបត្តិការស្តីពីលទ្ធកម្មរដ្ឋាភិបាល និងពាណិជ្ជកម្មនិងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងពន្លឿនការស្តារ ឡើងវិញក្រោយវិបត្តិជំងឺរាលដាលជាសកល ដោយពិចារណាលើបម្រែបម្រួលនៃនិន្នាការធុរកិច្ចទូទាំងពិភពលោក និងរចនាសម្ព័ន្ធសេដ្ឋកិច្ចតំបន់ ដើម្បីធានាថា ប្រការទាំងឡាយនៃកិច្ចព្រមព្រៀងនឹងលើកកម្ពស់ដល់កិច្ចសម្រួល ពាណិជ្ជកម្ម និងវិនិយោគរវាងបណ្តាភាគី លុបបំបាត់ឧបសគ្គមិនចាំបាច់ចំពោះការធ្វើពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងធានានូវបរិយាកាសពាណិជ្ជកម្មដែលប្រកបដោយតម្លាភាព និងអាចព្យាករណ៍បាន។
៣. បង្កើតកាលានុវត្តភាព សេដ្ឋកិច្ចកាន់តែច្រើន និងទូលំទូលាយ តាមរយៈការធ្វើសេរីភាវូបនីយកម្មទីផ្សារបន្ថែមទៀតលើពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម និងការវិនិយោគ។
៤. ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបណ្តាភាគី ដើម្បីធានាថា ភាគី នីមួយៗទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលគាំទ្រនិងផ្តល់ជំនួយបច្ចេកទេសសម្រាប់ការផ្សព្វផ្សាយ និងកសាងសមត្ថភាពស្ថាប័ន លើកកម្ពស់កិច្ចសហប្រតិបត្តិការនិយ័តកម្ម ព្រមទាំងបង្កើនការចូលរួមរបស់សហគ្រាសធុនមីក្រូ តូចនិងមធ្យម នៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគជាដើម។
៥. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិ សម្រាប់សន្តានកម្មអនុសញ្ញានេះ មានចំនួន១១ជំពូក និង៦៣មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកស្ទួយ និងសម្រួលការដោះស្រាយវិវាទអន្តរជាតិប្រកបដោយសន្តិវិធី និងបង្កើតទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រកបដោយ មិត្តភាពក្នុងចំណោមរដ្ឋតាមរយៈសន្ធានកម្ម នៅក្រោមអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម (IOMed) ដែលជាអង្គការអន្តរជាតិមួយមានបុគ្គលភាពគតិយុត្តអន្តរជាតិ និងមានសមត្ថភាពទទួលសិទ្ធិពេញលេញ។
អង្គការ IOMed និងរដ្ឋភាគីត្រូវឈរលើគោលការណ៍ដូចតទៅ
១. ការគោរពអធិបតេយ្យភាពនិងបូរណភាពដែនដី សមភាព ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរដ្ឋ និងការប្តេជ្ញាចិត្តចំពោះនីតិរដ្ឋអន្តរជាតិ។
២. ការធានានូវស្វ័យភាពរបស់ភាគី និងសេរីភាពក្នុងការជ្រើសរើសមធ្យោបាយក្នុងការដោះស្រាយវិវាទ។
៣. សុចរិតភាព និងស្មារតីកិច្ចសហប្រតិបត្តិការ ក្នុងការស្វែងរកដំណោះស្រាយវិវាទអន្តរជាតិប្រកបដោយការយោគយល់។
៤. ការធានានូវបរិយាកាសមិនលម្អៀង អព្យាក្រឹត និងសមធម៌ ដែលជំរុញដល់មធ្យោបាយដែលមានភាពបត់បែន និងប្រសិទ្ធភាពសម្រាប់ ការដោះស្រាយវិវាទប្រកបដោយសន្តិវិធីតាមរយៈសន្ធានកម្ម។
៦៖ សេចក្តីព្រាងរបាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា
សេចក្តីព្រាងរបាយការណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការអនុវត្តកាតព្វកិច្ចដូចមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិជនពិការក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរបស់ជនមានពិការភាព ការជំរុញកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាព ដើម្បីធានាថា ជនមានពិការភាព ទទួលបានដោយពេញលេញនូវសិទ្ធិមនុស្សនិងសេរីភាពជាសារវន្ត ការលើកស្ទួយការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូរ ដែលមានពីកំណើត។
សេចក្តីព្រាងរបាយការណ៍នេះ បានបង្ហាញអំពីទិដ្ឋភាពទូទៅវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ ដែលក្រសួង ស្ថាប័ននានា បានខិតខំប្រឹងប្រែងអនុវត្តនិងសម្រេចបានស្របតាមកម្មវិធីគោលនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ច្បាប់ស្តីពីកិច្ចការពារនិង លើកកម្ពស់សិទ្ធិជនពិការ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព យុទ្ធសាស្ត្រអ៊ុនឈាន់ «ធ្វើឱ្យសិទ្ធិក្លាយជាការពិត» ជាពិសេសគោលការណ៍នានាដែលមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិជនពិការ សំដៅ៖
១. ការពារសិទ្ធិ សេរីភាព និងឧត្តមប្រយោជន៍របស់ជនមានពិការភាព រួមទាំងការពារផលប្រយោជន៍របស់ជនមានពិការភាព ដែលជាជនងាយ រងគ្រោះក្នុងសហគមន៍ និងសង្គម។
២. ការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ការរើសអើង ជនមានពិការភាព។
៣. ស្តារលទ្ធភាពពលកម្មកាយសម្បទា សតិបញ្ញា និងវិជ្ជាជីវៈ ដើម្បីធានាលទ្ធភាពក្នុងការចូលរួមដ៏ពេញលេញ និងដោយស្មើភាពរបស់ជនមានពិការភាពក្នុងសកម្មភាពនានារបស់សង្គម
៤. បង្កើន កិច្ចសហការរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រព័ន្ធតុលាការក្នុងការដោះស្រាយបញ្ហាជនមានពិការភាពឱ្យស្របទៅ នឹងអនុសញ្ញាស្តីពីសិទ្ធិជនពិការ
៥. បំពេញកាតព្វកិច្ចជារដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការរបស់អង្គការសហប្រជាជាតិ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសនានា និងស្ថាប័ន អន្តរជាតិផ្សេងៗ នៅក្នុងតំបន់ និងសកលលោក។
៧៖ បញ្ហាផ្សេងៗ
សម្តេចធិបតី បានកោតសរសើរចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្ត ទុកដាក់ក្នុងការការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌកន្លងទៅ ឱ្យប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
សម្តេចធិបតី បានកោតសសើរ និងថ្លែងអំណរគុណចំពោះវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលឈរជើងយ៉ាងអង់អាចក្លាហាននៅគ្រប់ទិសសមរភូមិជួរមុខ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងបានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនជនរួមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលមានជំនឿចិត្តមកលើរាជរដ្ឋាភិបាល និងបន្តចូលរួមចំណែកឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្ត ដ៏ស្មោះស្ម័គ្រជូនវីរកងទ័ព និងវីរនគរបាលជួរមុខដ៏អង់អាចក្លាហាន។
សម្តេចធិបតី បានគូសបញ្ជាក់សារជាថ្មី អំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការគោរពច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ សម្តេចធិបតី បានគូសបញ្ជាក់ថា បទពិសោធនៃសង្គ្រាម ដ៏រ៉ាំរៃរបស់កម្ពុជាបានបង្ហាញថា សង្គ្រាមមិនអាចបញ្ចប់ដោយការធ្វើសង្គ្រាមបានទេ ពោលគឺមានតែការចរចា ដោយសន្តិវិធីប៉ុណ្ណោះដែលអាចរកដំណោះស្រាយបានប្រកបដោយសុខសន្តិភាព ដែលបង្កលក្ខណៈងាយស្រួល ឱ្យប្រជាពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅកាន់ភូមិឋានរបស់ខ្លួនវិញ។ សម្តេចធិបតី បានគូសបញ្ជាក់ថា ចំពោះយោធិនទាំង១៨នាក់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ រាជរដ្ឋាភិបាលកម្ពុជាមិនដែលបំភ្លេចពួកគាត់ឡើយ។ រាជរដ្ឋាភិបាលបន្តប្រើគ្រប់យន្តការទាំងអស់ដើម្បីជំរុញឱ្យមាន ការដោះលែងពួកគាត់វិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញនាពេលខាងមុខ។
– សម្តេចធិបតី ថ្លែងអរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងនោះមានក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន រដ្ឋបាលខេត្តទាំង៧ នៅជាប់ព្រំដែនថៃ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមក្នុងការការពារបូរណភាពទឹកដី ការដោះស្រាយបញ្ហាជនភៀសខ្លួន ការធានាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ហើយត្រូវធ្វើការងារនេះរួមគ្នាបន្តទៀត។
– សម្តេចធិបតី បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បន្តតាមដានស្ថានភាពទឹកជំនន់ ពីព្រោះឆ្នាំនេះនឹងមានទឹកជំនន់ធំដែល ត្រូវត្រៀមចាត់វិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងសង្គ្រោះផលដំណាំ របស់កសិករដែលនឹងរងផលប៉ះពាល់។
– សម្តេចធិបតី បានណែនាំឱ្យក្រសួងមហាផ្ទៃ និងសមត្ថកិច្ចពាក់ព័ន្ធបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោល នយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕