(FN) ៖ ស្ថិតក្នុងដំណាក់កាលដ៏លំបាក នៃការប្រែប្រួលកើនឡើងតម្លៃប្រេងឥន្ទនៈជាសកលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការនានា តាមរយៈក្រសួងជំនាញដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម និង ក្រសួងរ៉ែ និងថាមពល។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីតម្លៃលក់ប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម ដែលចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្នុងគោលបំណង ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបាន៖
១- បន្តបញ្ចុះតម្លៃប្រេងឥន្ធនៈចំនួន ៦,៥សេនដុល្លារក្នុងមួយលីត្រ
២- បន្តបញ្ចុះមួយសេនដុល្លារក្នុងមួយលីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងឡើងលើសពី ៩០ ដុល្លារ/បារ៉ែល និងប្រេងម៉ាសូតអន្តរជាតិឡើងលើស ១០០ ដុល្លារ/បារ៉ែល
៣-ពន្ធគយ ០ (សូន្យ) ដុល្លារ និង
៤-ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តឡើងនៅទីផ្សារអន្តជាតិសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានសម្រេច៖
* បញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាសូតមក ០ (សូន្យ) ដុល្លារ
* បញ្ចុះអាការពិសេសម៉ាសូត ៤% មក ០%
* បញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាសូតពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ៦%។
សូមជម្រាបថា ក្រសួងពាណិជ្ជកម្ម បានបញ្ចេញអត្រាតម្លៃប្រេងឥន្ធនៈថ្មី សម្រាប់លក់រាយតាមស្ថានីយនានាចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦តទៅ គឺប្រេងសាំង មានតម្លៃ ៥៤០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត តម្លៃ ៦៧០០រៀលក្នុងមួយលីត្រ៕

