ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ, ភ្ញៀវជាតិ និងអន្តរជាតិ, អង្គពិធីទាំងមូលជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតី នៅក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយ ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១» នាឱកាសនេះ។
ជាកិច្ចបឋម, ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះ ឯកឧត្តម, លោកជំទាវ, លោក លោកស្រី, ថ្នាក់ដឹកនាំ, មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ នៃគ្រប់ក្រសួង ស្ថាប័ន, អង្គភាពថ្នាក់ជាតិនិងក្រោមជាតិ, ចំណុះឱ្យ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត, បំពេញការងារយ៉ាងសស្រាក់សស្រាំ, ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងរយៈពេលកន្លងទៅ, សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ខ្ញុំក៏សូម ថ្លែងអំណរគុណដល់វិស័យពាក់ព័ន្ធ រួមមាន សមាគម, អង្គការជាតិនិងអន្តរជាតិ, គ្រឹះស្ថានឯកជន និងសប្បុរសជននានា ដែលបានបង្កលក្ខណៈ និងផ្តល់កិច្ចសហការល្អ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមស្មារតី នៃការចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហាចម្បងរួមគ្នា ដែលគ្រប់ភាគី ត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។
ខ្ញុំក៏សូមធ្វើការវាយតម្លៃខ្ពស់ចំពោះ គណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលបានចូលរួមអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលរាជរដ្ឋាភិបាលបានដាក់ចេញចំនួន ១០ លើក កន្លងមក ទទួលបានលទ្ធផលគួរជាទីមោទនៈ។ ខ្ញុំមានសុទិដ្ឋិនិយមយ៉ាងមុតមាំថា ផែនការលើកទី១១ សម្រាប់ឆ្នាំ២០២៦ ដែលបានដាក់ចេញ និងប្រកាសកាលពីម្សិលមិញនេះ នឹងបន្តជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញចលនាជាតិ និងស្មារតីរួមទូទាំងប្រទេស ក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមគ្រប់ទម្រង់ គ្រប់រូបភាព និងគ្រប់វិស័យ។
យោងតាមរបាយការណ៍ស្វាគមន៍ និងបូកសរុបលទ្ធផលរបស់អង្គសន្និបាតរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែង, ការឆ្លើយតបទាន់ពេល, ភាពសកម្មឈ្មុសឈ្មុល, និងឆន្ទៈមោះមុតរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការសម្រេចបាននូវសមិទ្ធផលការងារលេចធ្លោជាច្រើន សម្រាប់រយៈពេលពាក់កណ្តាលអាណត្តិកន្លងទៅនេះ, ដែលបានឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ រួមចំណែកកាត់បន្ថយនិងឈានទៅលុបបំបាត់ឥទ្ធិពលដ៏គ្រោះថ្នាក់នៃគ្រឿងញៀនពីសង្គមកម្ពុជា។ ខ្ញុំក៏សូមធ្វើការចាប់អារម្មណ៍ផងដែរ ចំពោះដំណើរការនិងទម្រង់ពិភាក្សានៃអង្គសន្និបាត ដោយក្នុងនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ គឺបានដឹកនាំបទពិភាក្សាដោយផ្ទាល់ ជាមួយសមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល រយៈពេល១ថ្ងៃកន្លះពេញ។
បរិបទនៃសកលលោកនាពេលបច្ចុប្បន្ននេះ បានកំពុងស្ថិតនៅក្នុងសភាពមួយ ប្រកបដោយហានិភ័យ, ភាពផុយស្រួយមិនប្រាកដប្រជា និងពិបាកស្មាន ដែលញាំញីទៅដោយសង្គ្រាមនិងជម្លោះតាមតំបន់, ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏តានតឹង និងការបន្តធ្លាក់ចុះនូវសណ្តាប់ធ្នាប់ពិភពលោក, ដែលនិន្នាការទាំងនេះ បានជះឥទ្ធិពលធ្ងន់ធ្ងរដល់ក្របខ័ណ្ឌនយោបាយ, សន្តិសុខ និងសេដ្ឋកិច្ច។ ស្ថានការណ៍មិនអំណោយផលទាំងនេះ មិនត្រឹមតែបានបន្ទច់បង្អាក់និងក្លាយជាឧបសគ្គ ដល់កិច្ចអភិវឌ្ឍជាតិប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបង្កជាឱកាសដល់ក្រុមឧក្រិដ្ឋជន ក្នុងការបង្កើនសកម្មភាព, ពង្រីកបណ្តាញឧក្រិដ្ឋកម្ម និងបង្កើតចេញនូវយុទ្ធសាស្ត្រ កលល្បិចថ្មីៗ ក្នុងការប្រព្រឹត្តបទល្មើសគ្រប់ប្រភេទទាំងបទល្មើសប្រពៃណី និងមិនប្រពៃណី រួមទាំងបទល្មើសគ្រឿងញៀនផងដែរ។ សមរភូមិគ្រឿងញៀន តាមបណ្តាប្រទេសនានាលើសកលលោក មិនទាន់បង្ហាញសញ្ញាណថមថយនៅឡើយទេ, ជាក់ស្តែង នៅតំបន់អាម៉េរិកឡាទីន, វិបត្តិគ្រឿងញៀនបានក្លាយទៅជាសង្គ្រាម និងជម្លោះប្រដាប់អាវុធយ៉ាងវឹកវរ រវាងសមត្ថកិច្ច និងក្រុមឧក្រិដ្ឋជន បង្កទៅជាចលាចល និងសោកនាដកម្មធ្ងន់ធ្ងរក្នុងសង្គម។
និន្នាការអវិជ្ជមាន និងសភាពការណ៍ដ៏សែនគ្រោះថ្នាក់ទាំងនេះ ក៏បានបង្កជះឥទ្ធិពល ដល់តំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ ដោយកន្លងទៅ សកម្មភាពប៉ុនប៉ងចរាចរគ្រឿងញៀនឆ្លងកាត់តាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងបញ្ញើប្រៃសណីយ៍, ការលបលួចកែច្នៃផលិត និងការផ្សារភ្ជាប់បទល្មើសគ្រឿងញៀន ជាមួយនឹងបទល្មើសនៃក្រុមឧក្រិដ្ឋជនមានអង្គការចាត់តាំង, នៅតែបន្តកើតមាន បើទោះបីជាសមត្ថកិច្ចខិតខំចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបជាប់ជាប្រចាំយ៉ាងណាក្តី។ ការបន្តដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១១, ការដាក់ចេញនូវបទបញ្ជាលេខ០១បប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងបទបញ្ជាលេខ០២បបស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា, ការជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងការលើកកម្ពស់ចលនាជាតិនិងស្មារតីរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស សុទ្ធតែសក្ខីភាពបង្ហាញឱ្យឃើញពីការឆ្លើយតបយ៉ាងមោះមុត ឥតរាថយរបស់រាជរដ្ឋាភិបាល សំដៅធ្វើយ៉ាងណាកាត់បន្ថយឱ្យបានជាអតិបរមា នៃផលប៉ះពាល់និងបច្ច័យអវិជ្ជមានទាំងនេះ។
ជាមួយគ្នានេះ, ខ្ញុំសូមធ្វើការឯកភាពទាំងស្រុង ចំពោះទិសដៅការងារទាំង ៦ ដែលអង្គសន្និបាតបានដាក់ចេញសម្រាប់ជាទិសដៅអាទិភាព ដែលរួមមាន (១) ការងារផ្សព្វផ្សាយអប់រំ (២) ការងារអនុវត្តច្បាប់ (៣) ការងារបន្សាបព្យាបាល និងស្តារនីតិសម្បទា (៤) ការងារគ្រប់គ្រងសារធាតុគីមីផ្សំ (៥) ការងារសហប្រតិបត្តិការអន្តរជាតិ និង (៦) ការងារអនុវត្តគោលការណ៍សម្អាតផ្ទះ និងសម្អាតចកចេញពីបឹង ដែលខ្ញុំមានជំនឿយ៉ាងមុតមាំថា ការងារអាទិភាពទាំង៦នេះ នឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវយ៉ាងសំខាន់ក្នុងការកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា។
ដើម្បីឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អនុវត្តទិសដៅអាទិភាពទាំង៦នេះទទួលបានជោគជ័យ និងអាចសម្រេចបាននូវគោលដៅពិសិដ្ឋក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀនចេញពីសង្គមកម្ពុជា ខ្ញុំសូមផ្តល់អនុសាសន៍ណែនាំមួយចំនួនដូចតទៅ៖
ទី១៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបន្តជំរុញ «ចលនាជាតិ និងស្មារតីរួម ទូទាំងប្រទេស» ក្នុងការបន្តចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហារួមដែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។ ត្រូវបន្តកៀរគរ ការចូលរួមពីគ្រប់វិស័យ ជាពិសេស វិស័យដែលមានឥទ្ធិពល ដូចជា សិល្បៈ កីឡា សាសនា ទេសចរណ៍ និងកម្សាន្ត ដើម្បីបញ្ជ្រាបការយល់ដឹងអំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន សំដៅធ្វើយ៉ាងណាឱ្យពលរដ្ឋទាំងមូល ជាពិសេសយុវជន យុវនារី ដែលជាទំពាំងស្នងឫស្សី មានជំនឿខ្លួនឯងថា ខ្លួនមិនធ្លាក់ក្នុងអន្លង់នៃគ្រឿងញៀនជាដាច់ខាត។ វិធានការបង្ការទប់ស្កាត់នេះ ត្រូវតែជាវិធានការចម្បង ដើម្បីកាត់ផ្តាច់នូវទីផ្សារប្រើប្រាស់នៅកម្ពុជា, បង្វែរគោលដៅក្រុមឧក្រិដ្ឋជនគ្រឿងញៀនចេញពីប្រទេសកម្ពុជា, និងរក្សាកម្ពុជាជាទីកន្លែង ស សុវត្ថិភាព គ្មានគ្រឿងញៀន។
ទី២៖ គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវពង្រឹងយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមស្ថាប័នរៀងៗខ្លួន ដោយត្រូវបង្កើតឱ្យមានជាយន្តការ (អាចជាគណៈកម្មការ ឬក្រុមការងារ) ដើម្បីដឹកនាំសម្របសម្រួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងស្ថាប័ននីមួយៗ។ ការបង្កើតគណៈកម្មការ ឬក្រុមការងារតាមក្រសួង ស្ថាប័ននីមួយៗ គឺអាចបង្កលក្ខណៈក្នុងការតាមដាន អប់រំ, មន្ត្រីជាប់ប្រចាំ និងងាយស្រួលក្នុងការសហការជាមួយ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបញ្ជ្រាបការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទៅតាមវិស័យនីមួយៗ ព្រមទាំងសម្រួលដល់ការអនុវត្តបទបញ្ជា០១បប «គោលការណ៍សម្អាតចកចេញពីបឹង» ផងដែរ។
ទី៣៖ ស្ថាប័នអនុវត្តច្បាប់ ជាពិសេស អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបន្តពង្រឹងនិងពង្រីកសមត្ថភាព, ខិតខំស្រាវជ្រាវ, ស៊ើបអង្កេត, បើកការតស៊ូករណី, បង្កើនសកម្មភាពបង្ក្រាបឱ្យដល់ឫសគល់ និងមេក្លោង ព្រមទាំងពន្លាតដល់បទល្មើសសម្អាតប្រាក់ ចំពោះរាល់បទល្មើសគ្រឿងញៀន ដែលរួមមាន ការនាំចូល, ចែកចាយ, ប្រើប្រាស់, រក្សាទុក, ចរាចរ និងកែច្នៃផលិត ព្រមទាំងត្រូវ ការពារ រារាំង មិនឱ្យមានវត្តមានបណ្តាញក្រុមឧក្រិដ្ឋជនគ្រឿងញៀនបរទេសនៅកម្ពុជា ជាដាច់ខាត។ លើសពីនេះទៀត, ក្រសួងយុត្តិធម៌ ត្រូវបន្តយកចិត្តទុកដាក់ និងតាមដានលើ ករណីផ្តន្ទាទោស ឧក្រិដ្ឋជនគ្រឿងញៀន ឱ្យបានធ្ងន់ធ្ងរនិងយុត្តិធម៌បំផុត ជៀសវាងឱ្យមានការដោះលែង ឧក្រិដ្ឋជនដែលពាក់ព័ន្ធនឹងគ្រឿងញៀន ឬការបន្ធូរបន្ថយទោស។
ទី៤៖ គណៈបញ្ជាការឯកភាពរាជធានី ខេត្ត ត្រូវមានភាពម្ចាស់ការលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងការងារផ្សព្វផ្សាយអបរំ និងការងារអនុវត្តច្បាប់ ក្នុងដែនសមត្ថកិច្ចខ្លួន, ដោយសារតែកន្លងទៅ ការងារផ្សព្វផ្សាយអប់រំភាគច្រើនធ្វើឡើងពីថ្នាក់ជាតិ និងមូលដ្ឋានមួយចំនួនក៏ពុំទាន់សកម្ម ក្នុងការងារបង្ក្រាបការប្រើប្រាស់តាមសហគមន៍នៅឡើយ។
ដូច្នេះ ខ្ញុំសូមធ្វើការណែនាំ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការងារនេះ, ដោយភាពម្ចាស់ការនិងក្រោមស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវរៀបចំយន្តការ ក្រុមការងារ និងមន្ត្រីបង្គោលទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យបានគ្រប់ថ្នាក់ តាំងពី ស្រុក ខណ្ឌ ឃុំ សង្កាត់ រហូតដល់ភូមិ។
ទី៥៖ ខ្ញុំសូមធ្វើការណែនាំដល់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត, អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ទាំងអស់ ត្រូវជំរុញឱ្យពលរដ្ឋក្នុងមូលដ្ឋាន ទាញយក និងប្រើប្រាស់ឱ្យបានទូលំទូលាយ នូវកម្មវិធីទូរស័ព្ទដៃ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីទទួលបានសារអប់រំ, មេរៀន, និងព័ត៌មាន និងជាពិសេស ដើម្បីរាយការណ៍ដោយសម្ងាត់ពីបទល្មើសគ្រឿងញៀនក្នុងសហគមន៍ ឈានទៅដល់ការបង្ក្រាបទាន់ពេល និងមានប្រសិទ្ធភាព។ កន្លងទៅ ខ្ញុំក៏សូមកោតសរសើរដល់ក្រុមការងារ App NoDrug នេះ ដែលកន្លងមកបានទទួលសំណូមពរពីពលរដ្ឋជាង ៦ពាន់ ករណី និងដោះស្រាយបានទៅដល់ ៩៣% ដែលជាការទទួលបាននូវទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។ ដូច្នេះ ខ្ញុំសូមអំពាវនាវឱ្យមានការប្រើប្រាស់នូវកម្មវិធីនេះបន្ថែមទៀត ដើម្បីឱ្យពលរដ្ឋនៅមូលដ្ឋានរបស់យើង ចូលរួមជាមួយនឹងសមត្ថកិច្ច ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ទី៦៖ ក្រសួងសុខាភិបាល, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវផ្តល់កិច្ចសហការពេញលេញជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ក្នុងការបង្កើនគុណភាព និងប្រសិទ្ធភាពនៃការបន្សាបព្យាបាល ស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់អ្នកញៀនគ្រឿងញៀន តាមមជ្ឈមណ្ឌលរដ្ឋនិងឯកជន ដោយក្នុងនោះ ត្រូវខិតខំរិះរកវិធីសាស្ត្រព្យាបាលថ្មីៗបន្ថែមទៀត, អនុវត្តនូវនិយាមប្រតិបត្តិSOP, និងសហការបញ្ចូលទិន្នន័យអ្នកញៀនគ្រឿងញៀនតាមមជ្ឈមណ្ឌលនិងសហគមន៍ ដើម្បីមានផែនការច្បាស់លាស់ សម្រាប់ការធ្វើសមាហរណកម្មចូលក្នុងសង្គម។
ទី៧៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហ- ប្រតិបត្តិការអន្តរជាតិទាំងទ្វេភាគី ពហុភាគី និងទាំងក្នុងតំបន់និងសកលលោក ដើម្បីផ្លាស់ប្តូរព័ត៌មាន, សភាពការណ៍, បទពិសោធ និងជំនាញបច្ចេកទេស ក្នុងគោលបំណងរួមជាធ្លុងមួយ ក្នុងការកាត់ផ្តាច់ចរន្តនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀនអន្តរជាតិឆ្លងដែន។ បន្ថែមពីនេះទៀត, រដ្ឋបាលខេត្តជាប់ព្រំដែន ត្រូវគិតគូរ ពង្រឹងយន្តការការិយាល័យទំនាក់ទំនង BLO ដោយត្រូវមានរៀបចំទីស្នាក់ការត្រឹមត្រូវ, មន្ត្រីទទួលបន្ទុកការងារច្បាស់លាស់ និងរបៀបរបបការងារម៉ត់ចត់ក្នុងការទំនាក់ទំនងជាមួយប្រទេសជិតខាង, សំដៅធ្វើយ៉ាងណា ទប់ស្កាត់ និងបង្ក្រាបទាន់ពេល ចំពោះរាល់បទល្មើសនៃការចរាចរគ្រឿងញៀន, សារធាតុគីមីផ្សំ និងឧក្រិដ្ឋជនគ្រឿងញៀនឆ្លងកាត់តាមព្រំដែន។
ជាមួយនឹងអនុសាសន៍គន្លឹះដែលខ្ញុំបានដាក់ចេញខាងលើ រួមជាមួយនឹងទិសដៅការងារអាទិភាពទាំង៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ខ្ញុំពិតជាមានសុទិដ្ឋិនិយមយ៉ាងមុតមាំថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់យើង នឹងកាន់តែទទួលបានផ្លែផ្កាជាច្រើននៅពេលខាងមុខ។ នេះជាការប្តេជ្ញាចិត្តរបស់អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធរបស់យើង។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
(១) គ្រឿងញៀនពាក់ព័ន្ធនឹងសង្គមសេដ្ឋកិច្ច និងយុវជនដែលជាអនាគតរបស់ជាតិ
ថ្ងៃនេះ ខ្ញុំសូមមានចំណាប់អារម្មណ៍លើប្រធានបទមួយពីរ។ ឥឡូវមិនសូវបានចេញតាមកម្មវិធី មិនសូវមានពេលបកស្រាយ ធ្វើឲ្យមានពាក្យជាច្រើនតាមបណ្ដាញសង្គម។ មានប្រធានបទមួយចំនួនដែលខ្ញុំចង់បញ្ជាក់ពាក់ព័ន្ធនឹងស្ថានភាពដែលកើតក្នុងប្រទេស ក៏ដូចជាកើតនៅក្រៅប្រទេសដែលទាក់ទងនឹងប្រជាពលរដ្ឋយើង ជាពិសេសនៅមជ្ឈឹមបូព៌ា។ ក្នុងនោះ គោលការណ៍របស់រាជរដ្ឋាភិបាលអំពីប្រធានបទប្រឆាំង scam online។ រឿង scam online គ្រឿងញៀន លាងសម្អាតប្រាក់ និងជួញដូរមនុស្ស ប្រទាក់ក្រឡាគ្នា។ ថ្ងៃនេះ យើងលើកប្រធានបទគ្រឿងញៀន(មកពិភាក្សា)។ ក្នុងសុន្ទរកថាក៏ដូចជាប្រជុំមកពីរថ្ងៃហើយ មានការប្ដេជ្ញាចិត្ត និងវិភាគពីចំណុចខ្លាំងនិងខ្សោយ។ ខ្ញុំឯកភាពនិងគាំទ្រទាំងស្រុង ហើយក៏សូមលើកទឹកចិត្តដល់សមត្ថកិច្ចពាក់ព័ន្ធ ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តធ្វើការងារនេះ។ នេះជារឿងសំខាន់ពាក់ព័ន្ធនឹងសង្គមសេដ្ឋកិច្ចរបស់យើង ពាក់ព័ន្ធនឹងយុវជនរបស់យើងដែលជាអនាគតរបស់ជាតិយើង …។
(២) បំបាត់ចំណុចខ្សោយនិងពង្រឹងចំណុចខ្លាំង ប្រយុទ្ធប្រឆាំងគ្រឿងញៀន/scam online ជាការសម្អាតផ្ទះ
ខ្ញុំសូមធ្វើការកោតសរសើរ និងសូមលើកទឹកចិត្តដើម្បីបន្តជំរុញបន្ថែមទៀត។ នេះគឺជាការប្ដេជ្ញាចិត្តធ្វើ មិនមែនដើម្បីសម្រាប់តែរាជរដ្ឋាភិបាលអនុវត្តគោលនយោបាយដើម្បីថាបានធ្វើ(កិច្ចការនៅ)លើ Checklist នោះទេ ប៉ុន្តែធ្វើដើម្បីអនាគតប្រទេសជាតិរបស់យើងទាំងអស់គ្នា។ យើងដឹងហើយ ប្រទេសយើងកំពុងឆ្លងកាត់នូវដំណាក់កាលដែលលំបាក ដែលប្រឈមជាច្រើន ដែលអាចថា បញ្ហាខ្លះ(សូម្បីតែបាន)ធ្វើឲ្យយើងរបួស ក៏វា(នៅតែ)ទាមទារមិនឲ្យយើងអង្គុយនៅហ្នឹង(ស្ងៀម) ហើយដេកននាលដោយសាររបួសជើង (ជាមូលហេតុ)ទៅមុខលែងរួច រកស៊ីអ្វីលែងកើត ដេកស្លាប់នៅហ្នឹង(មួយកន្លែង)នោះទេ។ ផ្ទុយទៅវិញ វាត្រូវឲ្យយើងពង្រឹងខ្លួនតាមរយៈ ទី១ ការសម្អាតចំណុចខ្សោយរបស់យើង និងទី២ ពង្រឹងចំណុចខ្លាំងរបស់យើង ក្នុងនោះ គ្រឿងញៀនជាបញ្ហាដែលយើងត្រូវសម្អាតដូចជាការប្ដេជ្ញាចិត្តរបស់អាជ្ញាធរ(បានធ្វើនោះហើយ)។ (ការដោះស្រាយ) scam online ក៏ជាសម្អាតផ្ទះយើងដែរ។
(៣) គ្រឿងញៀន scam online សន្តិសុខសុវត្ថិភាពសង្គម ជាការទទួលខុសត្រូវរួម
ខ្ញុំសូមបញ្ជាក់ជូនអង្គប្រជុំ ក៏ដូចជា ប្រជាពលរដ្ឋដែលមើលតាមផ្ទះ ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា ការងារបង្រ្កាប ទប់ស្កាត់ scam online មិនមែនជារឿងថ្មីរបស់រាជរដ្ឋាភិបាលទេ។ ពិតណាស់ មានការចាប់អារម្មណ៍អំពីយុទ្ធនាការប៉ុន្មានអាទិត្យនេះ។ ប៉ុន្តែយើងបានធ្វើតាំងពីអាណត្តិមុនមក។ ចុងអាណត្តិមុន សម្ដេចក្រឡាហោម បង្កើតក្រុមការងារពិសេស ចាត់ចែង ដឹកនាំតាមគោលការណ៍របស់សម្ដេចតេជោ ដើម្បីចាប់ផ្ដើមអនុវត្តទៅលើការប្រតិបត្តិកាស៊ីណូអនឡាញ ឬល្បែងអនឡាញ។ កិច្ចការនោះត្រូវបានបន្តរហូតដល់ដើមអាណត្តិនេះ។ ក្រសួងស្នូលទទួលកិច្ចការនេះគឺមហាផ្ទៃ ដែលបានដឹកនាំកិច្ចការនេះតាំងពីដើមអាណត្តិមក បានធ្វើការជោគជ័យច្រើន តាមរយៈការបង្កើតក្រុមការងារពិសេស ដឹកនាំដោយឯកឧត្ដម សុខ ផល, ក្រុមការងារអន្តោប្រវេសន៍, ក្រុមការងារអគ្គស្នងការនគរបាលជាតិ។ រឿង scam online សន្តិសុខ សុវត្ថិភាពសង្គម គ្រឿងញៀនអីនេះ ប្រទាក់ក្រឡាគ្នានៅក្នុងការទទួលខុសត្រូវរួមរបស់យើង មិនមែនជាកាតព្វកិច្ចដាច់ដោយឡែករបស់ក្រសួងមហាផ្ទៃ(នោះទេ)។
(៤) ប្រជាពលរដ្ឋមិនប្រឡូក, អប់រំកូនចៅមិនឲ្យប្រឡូក និងសហការបង្ក្រាបគ្រឿងញៀន scam online …
ទោះបីក្រសួងមហាផ្ទៃជាក្រសួងស្នូលដែលទទួលបន្ទុកបញ្ហាសន្តិសុខសង្គម ប៉ុន្តែវាជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា រួមទាំងប្រជាពលរដ្ឋផង។ និយាយអញ្ចឹង គេថាបន្ទោសប្រជាពលរដ្ឋទៀត។ ខ្ញុំមិនបន្ទោសប្រជាពលរដ្ឋទេ ប៉ុន្តែ ប្រជាពលរដ្ឋក៏មានកាតព្វកិច្ចចូលរួម។ ទី១ កុំប្រឡូកជាមួយវា។ ទី២ អប់រំណែនាំកូនចៅកុំឲ្យប្រឡូកជាមួយវា។ ទី៣ ជួយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការបង្ក្រាបវា។ វាជាកិច្ចការរួម។ អញ្ចឹង នៅក្នុងដើមអាណត្តិរហូតដល់ដើមឆ្នាំ២០២៥ យន្តការពិសេសនេះ(ត្រូវ)បានដឹកនាំអនុវត្តជោគជ័យ ដោយ ឯកឧត្ដម អភិសន្តិបណ្ឌិត ឯកឧត្ដម សុខ ផល បូកនឹងអគ្គស្នងការនគរបាលជាតិ សហការជាមួយដៃគូយើងច្រើនប្រទេស … ប៉ុន្តែ សួរថាវាអស់ឬទេ? វាមិនអស់ទេ យើងត្រូវទទួលស្គាល់ការពិត។
(៥) ប្រយុទ្ធប្រឆាំងនឹងបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញពីសុឆន្ទៈរបស់រាជរដ្ឋាភិបាល
ឈរលើមូលហេតុនេះ នៅដើមឆ្នាំ២០២៥ យើងបានបង្កើតជាគណៈកម្មការចំពោះកិច្ចដឹកនាំប្រយុទ្ធប្រឆាំងនឹង scam online ឬគេហៅថា បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងនោះមាននាយករដ្ឋមន្រ្តីជាប្រធាន បន្ទាប់មកយើងមានក្រសួង/ស្ថាប័នពាក់ព័ន្ធច្រើន មាន ក្រសួងការពារជាតិ យុត្តិធម៌ ការបរទេស សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយក្នុងនោះមានក្រសួងប្រៃសណីយ៍ ឯកឧត្ដម ជា វ៉ាន់ដេត ក្រសួងរ៉ែនិងថាមពល ឯកឧត្ដម កែវ រតនៈ ព្រោះត្រូវការកាត់ភ្លើង កាត់ទឹកពេលខ្លះ មានទាំងធនាគារជាតិ។ រឿងនេះវាមិនមែនពាក់ព័ន្ធតែរឿង scam តែមានការសម្អាតប្រាក់អីផ្សេងទៀត ហើយមានស្ថាប័នច្រើនរាជធានី-ខេត្តចូលរួមជាមួយ។ សួរថាតើបង្កើត(គណៈកម្មការចំពោះកិច្ចដឹកនាំប្រយុទ្ធប្រឆាំងនឹងបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា)ដើម្បីអី្វ? ទី១ បង្ហាញពីសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលស្គាល់ថា scam online នេះគឺជាបញ្ហាដែលត្រូវរួមកម្លាំងគ្នាជួយទៅដល់ក្រសួងមហាផ្ទៃ រួមគ្នាធ្វើ …
(៦) កម្លាំងកងទ័ពជួយគាំទ្រ ឯកម្លាំងអនុវត្តច្បាប់ គឺកម្លាំងកងនគរបាលជាតិ និងកម្លាំងរាជអាវុធហត្ថ
ហេតុអីត្រូវការប្រើកម្លាំងក្រសួងការពារជាតិក្នុងនោះដែរ?ពេលខ្លះត្រូវដាក់កម្លាំងកងទ័ពដើម្បីជួយគាំទ្រ ព្រោះក្នុងកងទ័ពមានកងរាជអាវុធហត្ថ មានកម្លាំងខេត្ត កម្លាំងកងពលអី។ កន្លែងខ្លះ(ប្រើតែ)កម្លាំងនគរបាលជាតិប្រតិបត្តិការអត់(គ្រប់គ្រាន់)ទេ។ យើងមិនមែនយកទាហានទៅបាញ់ ឬទម្លាក់គ្រាប់បែកនៅកន្លែង scam ទេ។ កម្ពុជាមិនធ្វើដូច្នោះទេ។ រឿងពាក់ព័ន្ធនឹង scam ជារឿងអនុវត្តច្បាប់។ យើងអត់យកកាំភ្លើងទៅបាញ់ គ្រាប់បែកទៅទម្លាក់ ផ្លោងគ្រាប់ដាក់ទេ។ តែយើងសហការ។ កម្លាំងអនុវត្តច្បាប់នៅតែជាកម្លាំងកងនគរបាលជាតិ កម្លាំងរាជអាវុធហត្ថ ប៉ុន្តែពេលខ្លះត្រូវការកម្លាំងគាំទ្រ។ ជួនកាលវាធំ វារីក។ កងរាជអាវុធហត្ថ និងនគរបាលជាតិ អត់មានប្រើប្រាស់សម្រាប់តែចាំ(មើល)កន្លែង scam ក្រោយពីបានបង្រ្កាបបិទខ្ទប់ទេ។ គាត់ត្រូវធ្វើការងារស្នូលច្រើនទៀត (ដូចជា រក្សា) សន្តិសុខសង្គមនៅតាមភូមិឃុំជាប្រចាំ ចរាចរណ៍ផ្សេងៗ។ អ្វីដែលខ្ញុំលើកនោះគឺការរៀបចំគណៈកម្មការចំពោះកិច្ចនៅដើមឆ្នាំ២០២៥ គឺដើម្បីបង្ហាញពីសុឆន្ទៈ និងការប្រមូលផ្ដុំធនធានដើម្បីធ្វើ(កិច្ចការប្រយុទ្ធប្រឆាំងនឹងបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ)។
(៧) ប្រទេសស្អាតទាល់តែរាជធានី/ខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់ស្អាត គឺការទទួលខុសត្រូវជាឋានានុក្រម
កាលមុន ការទទួលខុសត្រូវមានពីរថា្នក់ គឺរាជធានី-ខេត្ត បន្ទាប់មកមានមហាផ្ទៃ ដែលមានក្រុមការងារនិងអគ្គស្នងការធ្វើការ។ ឥឡូវ យើងមាន ៣ថ្នាក់។ សួរថា(ការរៀបចំយន្តការដូចនេះ) ដណ្ដើមការងារគ្នាឬទេ? អត់ទេ។ ភារកិច្ច និងការទទួលខុសត្រូវ គឺនៅរាជធានី-ខេត្ត អត់មានចាំបញ្ជាពីកណ្ដាលឲ្យធ្វើទេ។ ការងារត្រូវធ្វើស្វ័យប្រវត្តិ។ ថ្នាក់រាជធានី-ខេត្តគឺបានដឹងហើយអំពីសិទ្ធិនិងការទទួលខុសត្រូវ ហើយក៏បានធ្វើកន្លងទៅហើយ។ ខ្ញុំសូមអរគុណចំពោះរាជធានី-ខេត្តដែលក្នុងរយៈពេលជាច្រើនមកនេះ បានធ្វើកិច្ចការនេះជាប់ជាប្រចាំ ហើយសូមបន្តធ្វើតទៅទៀត។ ប្រទេសមួយស្អាតទាល់តែរាជធានី/ខេត្តស្អាត។ រាជធានីខេត្តស្អាតទាល់តែស្រុក/ក្រុងស្អាត។ ស្រុកក្រុងស្អាតទាល់តែឃុំ/សង្កាត់ស្អាត។ ជាការទទួលខុសត្រូវជាឋានានុក្រម។ យើងប្រជុំច្រើនដងរួចហើយរឿង SCAM Online។ ថ្ងៃនេះខ្ញុំនិយាយជាសាធារណៈ។
(៨) “… មានយន្តការប្រយុទ្ធប្រឆាំងនឹងបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតាំងពីចុងអាណត្តិ …”
ថ្ងៃមុន ក្នុង(ការផ្តល់បទ)សម្ភាសន៍អោយទូរទស្សន៍បរទេសមួយ យើងបាននិយាយច្រើន តែគេយកទៅកាត់(នៅតែ)ប្រហែលជា ១០%។ ឥឡូវនិយាយអោយពេញតែម្ដង។ ពេលដែលខ្ញុំធ្វើសម្ភាសន៍ អ្នកកាសែតពីរនាក់សួរខ្ញុំថា ហេតុអីបានជារដ្ឋាភិបាលកម្ពុជាមុនៗ មិនធ្វើអី ទុកអោយវារីក ហើយទើបខែហ្នឹងបានធ្វើ។ ខ្ញុំប្រាប់ថា រឿងនេះមិនមែនជារឿងចាស់ទេ គឺធ្វើជាប់ជាប្រចាំ … បានប្រាប់ថា យើងមានយន្តការតាំងពីចុងអាណត្តិ គឺធ្វើការងារច្រើន។ ច្រើនកន្លែងដែលយើងត្រូវធ្វើ។ ការងារនេះទាមទារការទទួលខុសត្រូវទីមួយគឺគណៈអភិបាលរាជធានីខេត្ត សុទ្ធតែអ្នកប្ដេជ្ញាចិត្ត ហើយបានធ្វើមែន និងមានស្នងការរាជធានីខេត្ត អាវុធហត្ថ និងកងកម្លាំងមកចូលរួម។ ខ្ញុំសូមអរគុណចំពោះយន្តការជំហានបន្តបានអនុវត្តកន្លងមកនេះ។ សួរថា តើការងារនេះធ្វើដល់ពេលណា?
(៩) បង្ក្រាបនិងបោសសំអាត SCAM Online កុំឱ្យប៉ះពាល់ដល់ និង/ឬបន្តមានការយល់ខុសចំពោះជាតិ
ម្សិលម្ងៃ ខ្ញុំទៅបើកវេទិកាធុរកិច្ចអាស៊ាន នៅក្នុងសុន្ទរកថាមានសរសេរថា ការប្ដេជ្ញាចិត្តធ្វើអោយបាន(ចប់សព្វគ្រប់)ដល់ចូលឆ្នាំ(ប្រពៃណីខ្មែរ)២០២៦។ មានអ្នកខ្លះបកស្រាយថា “ទ្រាំទៅ គេធ្វើត្រឹមចូលឆ្នាំ(ប្រពៃណីខ្មែរ)ទេ។ ក្រោយចូលឆ្នាំគឺចប់ហើយ”។ ខ្ញុំសូមបញ្ជាក់។ យើងធ្វើការងារនេះជាប់ជាប្រចាំ។ យើងសំអាត មិនមែនយើងបង្ក្រាបទេ … យើងបង្ក្រាបហើយបោសសំអាត និងថែអោយស្អាត កុំអោយប្រទេសយើងក្លាយជាមានប្រឡាក់ជាប់នឹងរឿង SCAM Online ដែលជាបញ្ហាប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមយើង។ នេះគឺជាការប្ដេជ្ញាចិត្តបន្តធ្វើជាមួយគ្នា។ នេះជាអ្វីដែលយើងធ្វើ។ លទ្ធផលយ៉ាងណា បងប្អូនអាចអង្គុយសង្ស័យ។ ខ្ញុំអត់បន្ទោសទេ … យើងអត់មានពេលទៅបង្ហាញទេ។ ទាល់តែបានជាលទ្ធផលជាក់ស្ដែង យើងនឹងបង្ហាញតែម្ដង។ អ្វីដែលខ្ញុំបញ្ជាក់ថ្ងៃនេះ គឺជាការប្ដេជ្ញាចិត្តអនុវត្តជាប់រហូតជាប្រចាំ ដើម្បីកុំអោយបញ្ហាប៉ះពាល់ទៅដល់មុខមាត់ប្រទេសជាតិ និង/ឬនៅតែបន្តមានការយល់ខុសពីប្រទេសរបស់យើង។
(១០) ពង្រឹងច្បាប់ និងការអនុវត្តច្បាប់ កុំអោយផ្ទះយើងត្រូវបានគេប្រើប្រាស់ក្នុង SCAM Online
ជាក់ស្តែង SCAM Online មិនមែនជាបញ្ហារបស់តែកម្ពុជាទេ។ បើមើលនៅក្នុងតំបន់និងលើពិភពលោកមានច្រើនកន្លែង។ ខ្ញុំមិនដៅប្រទេសណាទេ។ រឿងរបស់គេ។ អ្វីដែលសំខាន់ យើងផ្ដោតតែលើកម្ពុជា។ សំណួរសួរថា តើកម្ពុជាមានឬអត់? យើងត្រូវទទួលស្គាល់ថាមាន។ កម្ពុជាបានបង្ក្រាបនិងបោសសំអាតវាអស់ឬនៅ? យើងត្រូវទទួលស្គាល់ថាមិនទាន់អស់ទេ និងត្រូវខិតខំ(បង្ក្រាប)តទៅទៀត។ SCAM Online មិនមែនជារឿង business ដែលពាក់ព័ន្ធតែក្នុងប្រទេសទេ។ រឿងក្មេងស្ទាវវ៉ៃគ្នា ពាក់ព័ន្ធតែនៅកន្លែងយើងទេ។ បើវ៉ៃគ្នានៅតាកែវប៉ះពាល់តែអសន្តិសុខនៅតាកែវ អត់ប៉ះពាល់រាជធានីទេ … តែ SCAM Online ប្រទាក់ក្រឡា។ ការប្រព្រឹត្តនៅកម្ពុជា វាពាក់ព័ន្ធនឹងជនរងគ្រោះនៅក្រៅប្រទេស … ពេលខ្លះ យើងត្រូវជនបរទេសមួយចំនួនប្រើប្រាស់ឆបោកជនបរទេស តែដល់ជាប់(ឈ្មោះ ក៏ជាប់)តែកម្ពុជា។ យើងទទួល មិនមែនថាយើងអត់កំហុសទេ យើងត្រូវពង្រឹងច្បាប់ និងការអនុវត្តកុំអោយគេមកយកផ្ទះយើង(ប្រើប្រាស់)ទៀត។ ឱ្យគេទៅយកទីណាផ្សេងទៅ។
(១១) គណៈបញ្ជាការរាជធានី/ខេត្ត ជាខ្សែត្រៀមទី១ នៃយន្តការអនុវត្តបីថ្នាក់
អ្វីដែលសំខាន់គឺខិតខំប្រឹងប្រែងនិងទទួលអនុវត្តបន្តទៀតរបស់យើង។ រឿងនេះ ខ្ញុំសុំអោយការចូលរួមពីប្រជាពលរដ្ឋ។ ទី១ ការទទួលខុសត្រូវថ្នាក់ទីមួយ គឺគណៈបញ្ជាការរាជធានី/ខេត្ត។ ទី២ យើងមានយន្តការមហាផ្ទៃដដែល ដែលមានក្រុមការងារអគ្គស្នងការ។ ទី៣ យើងមានគណៈកម្មការចំពោះកិច្ច។ យើងមានការបែងចែកភារកិច្ចគ្នាច្បាស់លាស់។ អត់ដណ្ដើមការងារគ្នាទេ។ ខ្សែត្រៀមទីមួយ មានសិទ្ធិពេញនិងការទទួលខុសត្រូវពេញ គឺគណៈបញ្ជាការរាជធានី/ខេត្ត។ កុំមានសំណួរថាពេលណាដែលត្រូវធ្វើ មិនធ្វើខ្លាចអត់មានបទបញ្ជា។ បានអោយសិទ្ធិធ្វើ គឺធ្វើតែម្ដងនិងអនុវត្តទៅ។ ការងារនេះ (បើមានការ)ខ្វះខាត (អាចថា)ពីកណ្តាលទៅជួយ អាចថាពីថ្នាក់អគ្គស្នងការនគរបាលជាតិ។ យើងបានប្រតិបត្តិមួយជំហាននៅកន្លែងមួយចំនួន។ ពេលខ្លះទៀត ត្រូវមានការសម្របសម្រួលពីខាងលើ។ នេះគឺជាការរៀបចំយន្តការក្នុងការអនុវត្តបីថ្នាក់។ ការអនុវត្តបន្តទៅទៀតនេះ មិនត្រឹមតែប្រតិបត្តិការទេ។
(១២) សេដ្ឋកិច្ច ៣ពណ៌
យើងកំពុងតែរៀបចំច្បាប់ប្រឆាំង SCAM Online។ ច្បាប់នេះនឹងចងកាតព្វកិច្ចមួយចំនួន។ ទៅថ្ងៃក្រោយ ម្ចាស់ទីតាំងក៏ទទួលខុសត្រូវដែរ។ កុំថាខ្ញុំជួលផ្ទះអត់ដឹង។ មានលក្ខខណ្ឌត្រូវគិតគូរ។ អ្នកដើរប្រមូលកៀរគរគេមកធ្វើការ និងក្នុងរូបភាពណាមួយក៏ទទួលខុសត្រូវដែរ … យើងរួមគ្នា មានការចូលរួមគ្នាទាំងអស់ បើមិនអញ្ចឹងទេយើងអត់មានប្រសិទ្ធភាព និងនិរន្តរភាពនៅមានកម្រិត។ ខ្ញុំមើលប្រព័ន្ធសេដ្ឋកិច្ច ប្រព័ន្ធសង្គម អាហ្នឹងវាធ្វើអោយខាតសេដ្ឋកិច្ចរបស់យើង។ វាប៉ះពាល់ដល់បងប្អូនមួយចំនួនធ្វើការ(ក្នុងប្រព័ន្ធនេះ) ប្រាក់ខែច្រើន និងប៉ះពាល់ដល់ការលក់ដូរមួយចំនួន។ យើងយល់។ សេដ្ឋកិច្ចមានបីពណ៌។ ទី១ សេដ្ឋកិច្ចពណ៌ខ្មៅ គឺការឆបោកផ្ទាល់រួមទាំងសកម្មភាពពាក់ព័ន្ធជាមួយ ដែលភាគច្រើនមិនមែនជាកម្ពុជាទេ គឺបរទេស។ ទី២ សេដ្ឋកិច្ចប្រផេះ គឺអ្នកដែលបានផល។ ឧទាហរណ៍ អ្នកជួលផ្ទះ។ ខេត្តខ្លះ កាលពីមុន៥០០$ ជួលមិនបាន។ ឥឡូវគេហ៊ានអោយ ១ម៉ឺនដុល្លារ។ អ្នកប្រកបរបរបើករថយន្ត គាត់បានផល។ គាត់អត់មានធ្វើអ្វីខុសទេ គាត់ទៅធ្វើការធម្មតារបស់គាត់ គ្រាន់តែអ្នកប្រើប្រាស់សេវារបស់គាត់ហ្នឹងធ្វើសេដ្ឋកិច្ចខ្មៅ។ ទី៣ គឺសេដ្ឋកិច្ចពណ៌ស។ សេដ្ឋកិច្ចពណ៌សយើងសំដៅទៅលើទេសចរណ៍ ទៅលើកសិកម្ម ទៅលើឧស្សាហកម្ម ទៅលើវិស័យផ្សេងៗ ដែលបំរើប្រជាពលរដ្ឋភាគច្រើន។
(១៣) សេដ្ឋកិច្ចពណ៌ខ្មៅធ្វើឲ្យបាត់បង់សេដ្ឋកិច្ចពណ៌ស និងប៉ះពាល់ដល់កិត្តិនាមរបស់ជាតិ
អញ្ចឹង ប្រតិបត្តិការ(ប្រយុទ្ធប្រឆាំងនឹងបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា)នេះ ទី១ ប៉ះពាល់ផ្ទាល់ដល់សេដ្ឋកិច្ចខ្មៅ ទី២ ប៉ះពាល់ផ្ទាល់ដល់សេដ្ឋកិច្ចពណ៌ប្រផេះ។ បងប្អូននឹងមានការលំបាក … ប៉ុន្តែសួរថា យើងមានជំរើសអ្វី? សេដ្ឋកិច្ចខ្មៅនេះ វានឹងធ្វើឲ្យបាត់បង់ដល់សេដ្ឋកិច្ចពណ៌ស ទេសចរណ៍នឹងថយ វិនិយោគក៏មិនហ៊ានមក ដោយសារអសន្តិសុខ។ ប្រទេសខ្មែរយើងនឹងពិបាក។ វាមិនប៉ះពាល់ដល់សេដ្ឋកិច្ចទេ វាប៉ះពាល់ដល់កិត្តិនាមរបស់យើង។ ពេលខ្លះ គេសួរប្រជាជនយើងជាទេសចរណ៍ទៅលេងស្រុកក្រៅថាមកពីណា? ថាមកពីខ្មែរ។ គេងាកទៅជជែកគ្នា(ដោយមិនរវល់មាត់ករក) ដោយសារធ្លាប់តែលឺព័ត៌មានថា យើងជាប្រទេស scam។ ប្រទេសដែលធ្លាប់ថាចង់មកលេងស្រុកខ្មែរ គេថាមិនមកទេ ត្បិតឃើញរឿងចាប់ជំរិតដែលផ្សាយច្រើន។ ពិតណាស់ ពេលខ្លះវាអត់យុត្តិធម៌ទេ។ រឿងមួយពីរគេផ្សាយច្រើន ប៉ុន្តែទោះជាយ៉ាងណា ក៏យើងទទួលស្គាល់ថា វាប៉ះពាល់ …។
(១៤) បើបណ្តោយឱ្យសេដ្ឋកិច្ចខ្មៅរីក វានឹងប៉ះពាល់ដល់សេដ្ឋកិច្ចពណ៌ស ប្រទេសជាតិមានការលំបាក
ហេតុដូចម្តេចបានជានាយករដ្ឋមន្ត្រីនិយាយអញ្ចឹង? ខ្មាសគេ។ ខ្លាចគេថា។ អត់ទេ។ យើងត្រូវទទួលស្គាល់។ ដែលគេថាសេដ្ឋកិច្ចខ្មៅមានស្មើនឹង៦០% នៃសេដ្ឋកិច្ចរបស់កម្ពុជា វាមិនមែនជាការពិត។ ចំណូលសេដ្ឋកិច្ចខ្មៅនេះ វាមិនបានចូលមករដ្ឋាភិបាលកម្ពុជាទេ។ វាអាចចូលទៅក្នុងការជួលផ្ទះ ទិញដី ចូលទៅក្នុងប្រាក់ខែរបស់បងប្អូនៗ ស្អីៗ ដែលបំរើ បើកឡានស្អីៗ ធ្វើការឲ្យគេមួយចំនួន ប៉ុន្តែមិនបានចូលមកជាបដិភាគនៃ GDP របស់កម្ពុជាទេ។ ខ្ញុំសូមបញ្ជាក់។ ថ្ងៃមុន ក្នុងបទសំភាសន៍មួយ មិនដឹងថានិយាយច្រឡំ ឬគេបង្ខូច។ គេថា ភាគច្រើននៃចំណូលនេះមិនបានមកសេដ្ឋកិច្ចកម្ពុជា តែអ្នកយកទៅអាន ស្មានថាមួយផ្នែកនៃចំណូលខ្មៅនេះចូលមកក្នុងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ(ប្រទេស)។ អត់មានចូលទេ។ អ្វីដែលចូលគឺសេដ្ឋកិច្ចពណ៌ស ការនាំចេញវិស័យវាយនភណ្ឌ ទេសចរណ៍ស្អីផ្សេងៗ។ អញ្ចឹង បើសិនជាយើងមិនថែទាំសេដ្ឋកិច្ចស (ហើយបណ្តោយអោយ)សេដ្ឋកិច្ចខ្មៅកាន់តែរីក វានឹងប៉ះពាល់ដល់សេដ្ឋកិច្ចពណ៌ស វាធ្វើឲ្យប្រទេសជាតិយើងមានការលំបាក។
(១៥) សំអាតផ្ទះដើម្បីឲ្យសេដ្ឋកិច្ចពណ៌សដើរ ចិញ្ចឹមប្រទេសជាតិទាំងមូល
ដោយមូលហេតុនេះ បានខ្ញុំសូមឲ្យ(អ្នកធ្លាប់បានទទួលផល)មានការយោគយល់ ចូលរួម ដោយយើងត្រូវធ្វើការវះកាត់រួមគ្នា ដើម្បីបោសសំអាតបញ្ហា scam នេះឲ្យចេញពីប្រទេសយើង ឲ្យជាតិខ្មែរយើងទាំងមូល ប្រទេសខ្មែរយើងទាំងមូល មិនមានអ្វីពាក់ព័ន្ធជាមួយ scam ហ្នឹង។ ឥឡូវនេះ ការខិតខំប្រឹងប្រែងរបស់យើងបានទទួលផលផ្លែផ្កា។ ខ្ញុំក៏សូមអរគុណណាស់ដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ រដ្ឋបាលរាជធានីខេត្ត ដែលបានអនុវត្ត ហើយសុំបន្តតទៅទៀត។ នេះគឺជាចលនាដែលត្រូវបន្តធ្វើ ដើម្បីសំអាតផ្ទះយើង។ គ្មានអ្នកណាសំអាតផ្ទះឲ្យយើងទេ។ មិត្តរបស់យើងអាចជួយបង្ហាញថាត្រូវសំអាត ប៉ុន្តែមានតែយើងទេដែលសំអាតផ្ទះយើងដើម្បីឲ្យសេដ្ឋកិច្ចពណ៌សដើរ។ សេដ្ឋកិច្ចពណ៌សនេះ គឺជាសេដ្ឋកិច្ចដែលចិញ្ចឹមប្រទេសជាតិទាំងមូល។ វិស័យសេដ្ឋកិច្ច វិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យវិនិយោគ កម្មន្តសាល អីរីកចម្រើនដោយស្របច្បាប់។
(១៦) កម្ពុជាស្វាគមន៍មិត្តបរទេសមកលេង ធ្វើការស្របច្បាប់ ជួយបណ្តុះបណ្តាល
នេះដែលជាអ្វីដែលយើងចង់បានពាក់ព័ន្ធទៅនឹងបញ្ហា scam online។ ខ្ញុំសុំឲ្យមានការញែកឲ្យដាច់។ មានបងប្អូនខ្លះ រហូតទៅដល់យល់ថា កម្ពុជាយកជនជាតិនេះ/នោះជាសត្រូវ ដោយសារអ្នកដែល scam ពាក់ព័ន្ធជនជាតិនេះ/នោះ … កម្ពុជាមិនបានយកជនជាតិណាជាសត្រូវទេ។ យើងស្វាគមន៍មិត្តបរទេសមកកម្ពុជា តែសូមមកធ្វើការឲ្យល្អ ជួយកម្ពុជា មកលេងជាទេសចរ មកធ្វើការស្របច្បាប់ មកជួយបណ្តុះបណ្តាល។ កម្ពុជាស្វាគមន៍។ សូមកុំមកដើម្បីប្រាក់ខែរបស់ខ្ពស់ មកដុតផ្ទះយើង មកធ្វើឲ្យកម្ពុជាមានឈ្មោះអាក្រក់ យើងអត់ស្វាគមន៍ទេ។ ខ្ញុំជឿថា បងប្អូនទាំងអស់ក៏នឹងយល់ដូចគ្នា។ យើងស្វាគមន៍មិត្ត ប្រទេសណាក៏យើងស្វាគមន៍ដែរ។ យើងអត់រើសប្រទេសណាជាសត្រូវ ប្រទេសណាជាមិត្តទេ។ យើងស្វាគមន៍ទាំងអស់។ មិត្តទាំងអស់។ ទោះបីជាយើងមានបញ្ហាជាមួយប្រទេសជិតខាងរឿងព្រំដែន ប៉ុន្តែយើងមិនបានយកប្រជាជននិងប្រជាជនជាសត្រូវទេ។ ប្រជាជននៅតែធ្វើការជាមួយគ្នា។ បញ្ហាដែលប្រទាញប្រទង់ រកវិធីដោះស្រាយទៅ។ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រោះអ្នកខ្លះក៏ជាប្តីឬប្រពន្ធនឹងគ្នា …។
(១៧) ពាក់ព័ន្ធនឹងសន្តិសុខ scam ជារឿងវាតូច បើប្រៀបធៀបនឹងស្ថិរភាពជាទូទៅ
ខ្ញុំសូមស្វាគមន៍ និងអំពាវនាវឲ្យទេសចរមកទាំងអស់។ កម្ពុជាមានសុវត្ថិភាព។ សូមឯកឧត្តម ហួត ហាក់ ផ្សព្វផ្សាយឲ្យបានច្រើន។ រឿង scam ពាក់ព័ន្ធនឹងសន្តិសុខ វាតូច បើប្រៀបធៀបជាមួយស្ថិរភាពដែលជាការពិតទូទៅ។ ប៉ុន្តែវាជារឿងដែលទទួលផលច្រើននៅក្នុងការផ្សព្វផ្សាយ។ រឿងមានការចាប់ជំរិត ជាអកុសលមានការស្លាប់ បង្ហោះតែមួយ ធ្វើឲ្យភ្ញៀវលុប booking មកស្រុកខ្មែរជាង ៣០% ដោយគិតថាកម្ពុជាអសន្តិសុខ។ អញ្ចឹង យើងត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយចំណុចល្អ ចំណុចវិជ្ជមានរបស់យើង … យើងសហការល្អជាមួយកូរ៉េខាងត្បូង។ រឿងកាលមុនជាអកុសល មានកូនសិស្សម្នាក់ដែលមកកម្ពុជាទទួលរងគ្រោះ។ គេធ្វើឃាត ហើយក៏មានបញ្ហាផ្សព្វផ្សាយឲ្យមានការយល់ច្រឡំ។ ឥឡូវ យើងបង្កើតក្រុមសហការ ធ្វើការ។ យើងធ្វើការល្អ ផ្សព្វផ្សាយឲ្យបានច្រើន។ ថ្ងៃមុន ក៏អរគុណ ឯកឧត្តមប្រធានាធិបតីកូរ៉េខាងត្បូង បានចេញសារអំពីការសហការ។ ខ្ញុំក៏បានឆ្លើយតបទៅវិញដើម្បីពង្រីកនូវអ្វីដែលល្អសម្រាប់យើង ហើយយើងរួមគ្នាធ្វើតទៅទៀត ព្រោះវាជាភារកិច្ចរបស់យើង។ យើងទទួលកិច្ចការនេះ ប៉ុន្តែអ្វីដែលយើងធ្វើ គឺធ្វើសម្រាប់ប្រទេសជាតិទាំងមូល សម្រាប់ជាតិទាំងមូលតែម្តង ព្រោះរឿង scam នេះវាបានជះឥទ្ធិពល។
(១៨) គ្រប់គ្នារួមគ្នាស្តារនិងធានានិរន្តរភាពប្រយុទ្ធប្រឆាំង scam online
កន្លងទៅមានការយល់ច្រឡំជាច្រើន សួរថាវាយឺតពេលទេ? វាអត់យឺតពេលទេ។ យើងនៅតែធ្វើការងារនានាដើម្បីស្តារ និងពង្រឹងឡើងវិញ។ អញ្ចឹងមានតែការធានាឲ្យបាននិរន្តរភាពនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹង scam online នេះ។ ខ្ញុំបានទទួលការប្តេជ្ញាចិត្តជាច្រើនដង ពីគណៈបញ្ជាការឯកភាព សមត្ថកិច្ចពាក់ព័ន្ធរបស់យើង បានយល់អំពីកាតព្វកិច្ចទាំងអស់នេះ។ គ្រប់គ្នា រួមគ្នា ដើម្បីធ្វើនិងប្រយុទ្ធប្រឆាំងទៅលើការឆបោកអនឡាញ។ សូមជំរាបជូនអង្គទូតនៅទីនេះ។ ថ្ងៃមុន ទូតខ្លះសួរខ្ញុំថា តើនេះជាអ្វីដែលកម្ពុជាគ្រាន់តែធ្វើបន្តិច(មួយឈុល)ទេឬអី? មិនដូច្នោះទេ។ គេសួរខ្ញុំទៀតដា “ចុះលឺថាធ្វើរហូតដល់ចូលឆ្នាំខ្មែរ។ ធ្វើតែត្រឹមប៉ុណ្ណឹងទេឬ? ថាអត់ទេ។ មិនដឹងថាគេយកទៅព្រលាត់យ៉ាងម៉េច។ បង្ក្រាប បោសសំអាត គឺជាការងារដែលយើងធ្វើជាប្រចាំ។ យើងទាំងអស់គ្នានៅលើនេះ សុទ្ធតែនៅក្នុងក្រុមគណៈកម្មការចំពោះកិច្ច។ ឯកឧត្តម ស ថេត ឯកឧត្តម សៅ សុខា។ ក្នុងនេះ អគ្គបញ្ជាការទាំងនេះសុទ្ធតែអ្នកដែលប្តេជ្ញាចិត្តដើម្បីយើងរួមគ្នាធ្វើ ហើយមិនមែនគ្រាន់តែប្តេជ្ញាចិត្តនៅលើមេក្រូទេ គឺយើងនឹងបន្តធ្វើ។
(១៩) “ទស្សនៈតែមួយ ឆន្ទៈតែមួយ” គឺសំអាតហើយលើកកម្ពស់កិត្តិយសជាតិ និងដើម្បីខ្មែរ
នៅទីនោះអភិបាល និងគណៈអភិបាលរាជធានីខេត្តទាំងអស់ មេទ័ពដឹកនាំផ្ទាល់នៅខាងមុខ។ ឥឡូវរត់ពីអាធំទៅអាតូច។ បន្តិចទៀត ត្រូវធ្វើរដ្ឋបាលអាតូចៗ ហ្នឹងឲ្យចេញទៅ កុំនៅធ្វើអ្វី។ មានអ្នកនៅចាំអ៊ុត។ និយាយត្រង់អញ្ចឹងតែម្តងទៅ។ អ្នកនៅចាំអ៊ុតខែ៤ អ្នកនៅចាំអ៊ុតខែ៦។ កុំចាំអ៊ុតអី។ រឿងនេះស្រួលទេ។ អត់លំបាកទេ។ (យើង)ត្រូវការ “ទស្សនៈតែមួយ ឆន្ទៈតែមួយ” តែប៉ុណ្ណឹង។ ទស្សនៈ គឺធ្វើដើម្បីសំអាត លើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិ។ ឆន្ទៈ គឺដើម្បីខ្មែរ។ តែប៉ុណ្ណឹងទៅបានហើយ។ គ្មានអ្នកណាជួយយើងទេ។ សូមបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលសេដ្ឋកិច្ចប៉ះពាល់ដោយបោសសំអាតសេដ្ឋកិច្ចខ្មៅយោគយល់។ យ៉ាងណាក្តី យើងរស់តាំងពីបាតដៃទទេមកបាន។ យើងក៏មិនរំពឹងទៅលើសេដ្ឋកិច្ចខ្មៅនេះជាប្រចាំដែរ។ ធ្វើយ៉ាងណាបំបាត់សេដ្ឋកិច្ចខ្មៅ ដើម្បីពង្រីកសេដ្ឋកិច្ចពណ៌ស ដើម្បីយើងមានចំណូល មានសេដ្ឋកិច្ចស្ថិតស្ថេរបានយូរអង្វែង … រាជរដ្ឋាភិបាល នឹងចាត់វិធានការមួយចំនួន … យើងមានវិធានការមួយចំនួនទាក់ទងកិច្ចការនេះ។ ក្រុមការងារងាយអនុវត្តដើម្បីជោគជ័យ ទី១ ឆន្ទៈ និងទស្សនៈ ទី២ អនុវត្តត្រឹមត្រូវ។ ក្រុមការងារអត់ត្រូវការមនុស្សច្រើនទេ។ អញ្ចឹងការទទួលខុសត្រូវ និងសិទ្ធិ យើងប្រគល់ឲ្យ។ ពាក្យថាការទទួលខុសត្រូវ និងសិទ្ធិនេះ យើងត្រូវរួមគ្នាធ្វើ ដើម្បីប្រយោជន៍ជាតិយើង។ យើងមានការកែសម្រួលដើម្បីពង្រឹងនូវយន្តការជាបន្តបន្ទាប់។ ថាការកែសម្រួលស្អីនោះចាំអ៊ុតខ្លួនឯងទៅ ប៉ុន្តែយើងត្រូវធានាយន្តការអនុវត្តដោយភាពទទួលខុសត្រូវនិងមានប្រសិទ្ធភាព។
(២០) ប្រជាជនកុំចូលរួមការឆបោកអនឡាញ តែចូលរួមរាយការណ៍ និងចាប់យកអាជីពដែលត្រឹមត្រូវ
យើងមានវិធានការច្រើនចូលរួម ប៉ុន្តែការចូលរួមរបស់ប្រជាជនចាំបាច់តាមច្រើនរូបភាព។ វាមិនខុសពីគ្រឿងញៀនទេ។ ទី១ សូមកុំចូលរួមដោយផ្ទាល់។ ឧទាហរណ៍ មានគេមកបបួលទៅធ្វើរឿងហ្នឹងបានប្រាក់ខែ២០០០ ដុល្លារ តែយើងដឹងថារឿងហ្នឹងវាបង្កើតបញ្ហាឲ្យអ្នកផ្សេងនៅប្រទេសផ្សេង ឬនៅក្នុងប្រទេសយើង។ ខ្ញុំសូមឲ្យអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាអាជ្ញាធររាជធានីខេត្តធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ កុំប្រជាពលរដ្ឋខ្មែរចូលរួមប៉ះពាល់នៅក្នុងកិច្ចការនេះ។ ទី២ ចូលរួមនៅក្នុងការរាយការណ៍ដូច app ហ្នឹង ចាំមើលគណៈកម្មការចំពោះកិច្ច ឬមួយក៏យន្តការបង្ក្រាបនេះបង្កើត ឬមួយត្រូវបង្កើតព័ត៌មានដើម្បីផ្តល់ទៅយ៉ាងណា ដើម្បីបន្តធ្វើតទៅទៀតគឺរួមសហការ។ ទី ៣ រួមគ្នាចាប់យកអាជីពដែលត្រឹមត្រូវដើម្បីធ្វើកិច្ចការនេះ។ សូមកុំស្តាយ។ ខ្ញុំដឹងថាគេជួលផ្ទះ ១ម៉ឺនដុល្លារ/ខែ ប្រសើរជាងជួលផ្ទះ ៥០០ដុល្លារហើយ ប៉ុន្តែបើយើងឲ្យផ្ទះ ១ម៉ឺនដុល្លារ/ខែនេះដើម្បីគេរករាប់លានដុល្លារតាមរយៈការធ្វើបាបអ្នកផ្សេងនៅក្រៅប្រទេស ហើយបង្ខូចឈ្មោះប្រទេសយើង តើយើងយកលុយហ្នឹងមកសប្បាយទេ? (អាចមានអ្នកនិយាយថា) “លោកនិយាយដូច្នេះ ព្រោះលោកមិនមែនខ្ញុំ។ ខ្ញុំបានចំណូលប៉ុណ្ណឹង …”។ ប៉ុន្តែ ធ្វើម៉េច? ទាល់តែយើងរួមគ្នា។ ទាំងអស់គ្នាកាត់ផ្តាច់ ទើបមួយទៀតបាន។ បើឲ្យខ្មៅរីក សវាអត់រីក។ បើឲ្យខ្មៅរីក យើងកាន់តែលំបាកប្រឈមច្រើនទៀត។ ខ្ញុំមិនទាន់និយាយដល់រឿងការសំអាតប្រាក់ ការជួញដូរមនុស្ស ឬអ្វីដែលបង្កើតជាច្រើនស្មុគស្មាញ ប្រទាក់ក្រឡាគ្នា។
(២១) ផ្សព្វផ្សាយរូបភាពខិតខំប្រឹងប្រែង និងវិធានការសហការជាមួយភាគីមិត្ត អំពី Online Scam
យើងរួមគ្នាធ្វើបែបនេះដើម្បីផលប្រយោជន៍ជាតិ។ រឿងនេះ ខ្ញុំមិនដែលបកស្រាយជាសាធារណៈទេ។ កន្លងទៅយើងមានប្រជុំផ្សេងៗ ហើយក៏មានចេញសារផ្សេងៗ ដែរ។ ប៉ុន្តែ ថ្ងៃនេះ ខ្ញុំសូមលើកមកនិយាយព្រោះមានការជជែកគ្នាច្រើន ជាពិសេសសារព័ត៌មានក្រៅប្រទេសមួយចំនួន នៅបន្តសរសេរមិនមានការពិតពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។ យ៉ាងណាក្តី មានសារព័ត៌មានច្រើន ក៏បានជួយផ្សាយអ្វីដែលយើងបានធ្វើ ក្នុងរយៈពេលកន្លងមកនេះ។ ខ្ញុំសូមលើកទឹកចិត្តឲ្យសមត្ថកិច្ច ជាពិសេសក្រសួងស្ថាប័នពាក់ព័ន្ធដែលធ្វើការងារបានល្អ សូមជួយផ្សព្វផ្សាយរូបភាពនៃការខិតខំប្រឹងប្រែង វិធានការសហការជាមួយភាគីមិត្ត ជាពិសេសជាមួយនឹងបណ្តាប្រទេសមួយចំនួន និង/ឬកាសែតបរទេសខ្លះដែលធ្លាប់និយាយពីបញ្ហា online នៅយើង។ ខ្ញុំបានឲ្យគោលការណ៍ ឯកឧត្តម នេត្រ ភក្រ្តា គួរតែប្រទាក់ក្រឡាឲ្យព័ត៌មានទៅសារព័ត៌មានទាំងនោះចុះអំពីអ្វីដែលយើងបានធ្វើ។ ជួនកាលគេមិនបានព័ត៌មាន(ពីខាងយើង) គេចុះតែពីខាងម្ខាង។ ភាគច្រើន រឿងអាក្រក់ រកលុយបានច្រើនជាង។
(២២) លទ្ធផលកិច្ចសហប្រតិបត្តិការជាមួយ FBI កូរ៉េ ចិន បញ្ជាក់ថា “មិនទុកការប្រយុទ្ធប្រឆាំងបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចោលទេ”
ហ្នឹងហើយដែលកាលមុន Hollywood បន្ទោសអ្នកមើល។ អ្នកមើលថាមកពី Hollywood ហ្នឹងធ្វើសុទ្ធតែរឿងបាញ់សាហាវ បានធ្វើឲ្យមនុស្ស copy តាមយ៉ាងសាហាវក្នុងសង្គម។ ដល់ពេល Hollywood បន្ទោសវិញថា ខ្ញុំធ្វើរឿងស្នេហា គ្មានអ្នកមើល។ អញ្ចឹង ការបញ្ជូនព័ត៌មានផ្សព្វផ្សាយ អំពីអ្វីដែលយើងធ្វើ ការប្តេជ្ញាចិត្ត ជាពិសេសសហប្រតិបត្តិការ ដូចជាការធ្វើការជាមួយកូរ៉េខាងត្បូង ជាមួយ FBI អាមេរិកជាដើម (ជារឿងគប្បីធ្វើ)។ ករណីធំមួយនៅកំពត កាស៊ីណូនៅព្រែកចាក បូកជាមួយការឃាត់ខ្លួនឧកញ៉ាម្នាក់ គឺយើងបានធ្វើ ជាកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក FBI កិច្ចសហប្រតិបត្តិការជាមួយកូរ៉េ កិច្ចសហប្រតិបត្តិការជាមួយចិន សហប្រតិបត្តិការជាមួយប្រទេសផ្សេងៗ។ នេះគឺជាការបង្ហាញថា “កម្ពុជាមិនបានទុក(ប្រយុទ្ធប្រឆាំងនឹងបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា)ហ្នឹងចោលទេ។ យើងបានធ្វើ។ គ្រាន់តែកន្លងទៅ យើងធ្វើ តែមិនបានបង្ហាញច្រើន។ រឿងអវិជ្ជមាន ចន្លោះប្រហោងមួយចំនួន ត្រូវបានផ្សព្វផ្សាយច្រើនជាង យើងខំបិទចន្លោះប្រហោង។ ខ្ញុំសូមឲ្យមានការចូលរួមនៅក្នុងការផ្សព្វផ្សាយកិច្ចការនេះ ពីការខិតខំរបស់យើង និងការសហប្រតិបត្តិការ។
(២៣) ទោះមិនរៀបចំសង្ក្រាន្ត ការចូលឆ្នាំក៏នៅតែចូល … កងទ័ពការពារទឹកដី ដើម្បីឲ្យប្រទេសជាតិដំណើរការប្រក្រតី និងពង្រឹងខ្លួន
ខ្ញុំសូមលើកប្រធានបទមួយទៀតគឺរឿងសង្រ្កាន្ត … គំនិតដែលថារៀបចំសង្ក្រាន្តក្នុងបំណងចង់ឲ្យមានការសាមគ្គីឯកភាពជាតិទេ ប៉ុន្តែឥឡូវ ការរៀបចំនេះមិនទាន់បានចេញផង វាទៅជាមានការជជែកគ្នាបែកម៉ាំទៅហើយ។ តើវាខុសទេ គ្រាន់តែខ្មែរអបអរសាទរការចូលឆ្នាំខ្មែរ? មតិនេះ មានការថ្លឹងថ្លែងច្បាស់ណាស់។ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឯកឧត្តម ហ៊ុន ម៉ានី បានទូរស័ព្ទមកសួរខ្ញុំ។ គេបានប្រជុំផ្ទៃក្នុង សសយក ជាមួយខេត្ដ រាជធានី គិតគូរមើល ថាតើក្នុងដំណាក់កាលដែលប្រទេសយើងមានការលំបាកដោយការឈ្លានពាន មានទ័ពនៅខាងមុខ ប្រជាជនភៀសសឹករាប់ម៉ឺននាក់មិនទាន់បានទៅផ្ទះ សមនឹងមានការរៀបចំសង្ក្រាន្តនេះទេ? ខ្ញុំប្រាប់ថា (ទោះ)យើងរៀបមិនរៀបចំសង្ក្រាន្ត ចូលឆ្នាំក៏នៅតែចូលឆ្នាំ។ យើងមិនអាចទៅសូមទេព្ដាឱ្យលើកពេលចុះទេ។ ទី២ តើការដែលរបួសដៃជើងហ្នឹង យើងត្រូវដេកស្ដូកឬទេ? ថាអត់ទេ។ កងទ័ពនៅខាងមុខ ខំប្រឹងការពារទឹកដី ដើម្បីឲ្យប្រទេសជាតិនៅខាងក្រោយរឹងមាំ ដំណើរការប្រក្រតី ជួយពង្រឹងខ្លួន។
(២៤) ការរៀបចំសង្ក្រាន្ត ជាការអបអរប្រពៃណីជាតិ និងជំរុញដំណើរជីវិត
ប្រសិនបើគាត់ការពារនៅខាងមុខ ហើយប្រជាពលរដ្ឋនៅខាងក្រោយលែងធ្វើអីអស់ហើយ តើវាទៅជាយ៉ាងម៉េចទៅវិញ? អ្វីដែលសំខាន់គឺការថ្លឹងថ្លែងនិងវិធីសាស្ដ្រនៃការរៀបចំ។ មានបងប្អូនជាច្រើនលើកឡើង(នូវមតិទាំងនោះ)។ ខ្ញុំមិនជំទាស់ និងវាយតម្លៃថាមតិណាខុសត្រូវទេ។ សុទ្ធតែជាមតិដែលបង្ហាញនូវទស្សនៈគិតគូរអំពីទឹកដី និង ប្រជាពលរដ្ឋ។ ប៉ុន្ដែ អ្នកដែលមិនចង់ឲ្យរៀបចំថាម៉ោងពេលនេះមិនសមរម្យក្នុងការរៀបចំទេ មិនចង់ឃើញការហ៊ោសប្បាយរញ៉េរញ៉ៃ ដែលមួយផ្នែកនៃប្រជាពលរដ្ឋរបស់យើងកំពុងតែនៅពិបាកខាងមុខ វីរកងទ័ព នគរបាលជាតិ អាវុធហត្ថ ដែលនៅខាងមុខ (និងជនភៀសសឹក)។ នេះ(ជាមតិ) បងប្អូនដែលព្រួយបារម្ភថាយើងភ្លេចរឿងទឹកដី។ បងប្អូនដែលរៀបចំ(កម្មវិធី)ថាវាជារឿងវប្បធម៌ ប្រពៃណី សេដ្ឋកិច្ចសង្គម។ តាមខេត្តនីមួយៗ ត្រូវមានសកម្មភាពខ្លះដើម្បីសេដ្ឋកិច្ចសង្គម។ បងប្អូនមក(លេងបុណ្យនាំអោយ)មានចរន្ដសេដ្ឋកិច្ច។ វាអត់ខុសអីនឹងការអបអរប្រពៃណីដែរ។ អញ្ចឹង សំណួរសួរថា តើការរៀបចំនេះ ជាការបង្វែរប្រជាជនឲ្យសើចសប្បាយហ៊ឺហារភ្លេចគិតពីទឹកដីឬទេ? ថាមិនដូច្នោះទេ។ គឺជាការរៀបចំអបអរប្រពៃណីជាតិ និងជំរុញដំណើរជីវិតរបស់យើង។
(២៥) មិនអាចឲ្យវប្បធម៌ សាសនា សេដ្ឋកិច្ច ត្រូវបានផ្ដួលទៅមុខលែងរួចព្រោះរឿងបាននិងកំពុងកើតទេ
ថ្វីបើយើងមានរបួសក៏ដោយ ក៏យើងត្រូវតែដើរទៅមុខឱ្យកាន់តែស្វាហាប់។ យើងមិនអាចមានរបួសមួយកន្លែង ដេកយំនៅហ្នឹងនោះទេ។ គ្មានអ្នកណាមកជួយយើងទេ។ យើងត្រូវពង្រឹងខ្លួនដើរទៅមុខឲ្យបានលឿននិងបានខ្លាំង។ កន្លែងដែលរបួសព្យាបាលវានៅហ្នឹងកន្លែង ខ្ទប់ឈាម ដាក់ថ្នាំកុំឲ្យវារីក ឲ្យឆាប់ជា ប៉ុន្ដែក្នុងពេលជាមួយគ្នាត្រូវដើរទៅមុខ។ ប្រសិនបើរបួសជើងយើងមិនដើរទៅមុខមិនធ្វើអី បន្ដិចទៀតដាច់ពោះស្លាប់ហើយ គ្មានអ្នកណាយកបាយមកឲ្យយើងទេ … មិនមែនខ្ញុំនិយាយថារឿងទឹកដីជារឿងតូចតាចទេ។ ប្រជាពលរដ្ឋជារឿងធំ ប៉ុន្ដែវាជាផ្នែកមួយនៃ ១៧លាននាក់និងប្រទេសជាតិយើងទាំងមូល។ យើងមិនអាចឲ្យផ្នែកផ្សេងទៀត វប្បធម៌ សាសនា សេដ្ឋកិច្ច ត្រូវបានផ្ដួល ឬដួល ដើរទៅមុខលែងរួច ព្រោះរឿងដែល(បាន)កើតឡើង និងកំពុងកើតឡើងនោះទេ។ យើងត្រូវពង្រឹងខ្លួនយើង ធ្វើប្រក្រតីកម្មខ្លួនយើង រួមទាំងការរៀបចំពិធីសាសនា ប្រពៃណីជាតិនេះ។ អញ្ចឹង ខ្ញុំគាំទ្រក្នុងការរៀបចំ។
(២៦) រៀបចំពិធីចូលឆ្នាំតាមប្រពៃណី រួមនឹងបំពេញកាតព្វកិច្ចចំពោះជនភៀសសឹក
សំណួរសួរថារៀបចំយ៉ាងម៉េច? បងប្អូនដែលព្រួយបារម្ភថាការរៀបចំបុណ្យចូលឆ្នាំ/សង្ក្រាន្តធ្វើឲ្យសប្បាយភ្លើតភ្លើនភ្លេចដល់ទុក្ខលំបាកជនភៀសសឹក កងទ័ព និងទឹកដី។ មិនដូច្នោះទេ។ (ដូច)ខ្ញុំសូមបញ្ជាក់(ហើយ) ទី១ (ចំពោះ)រដ្ឋាភិបាលនិងប្រជាជន អត់ដែលភ្លេចរឿងទឹកដីទេ។ ការងារចរចា ការពារនៅតែបន្ដធ្វើ ទោះបីជាយើងអបអរសាទរ ៣ ឬ៤ ថ្ងៃហ្នឹង ក៏អត់ភ្លេចធ្វើការងារការការពារទឹកដីរបស់យើងដែរ។ ទី២ តើយើងអាចធ្វើបានទេ ទាំងអបអរឆ្នាំថ្មី និងមិនភ្លេចកងទ័ព និងជនភៀសសឹក? ខ្ញុំបានឲ្យគោលការណ៍ថាយើងរៀបចំឲ្យបានសមរម្យ ដោយផ្ដោតលើប្រពៃណី វប្បធម៌ សាមគ្គីភាពរឹងមាំរបស់(ប្រជាជន)កម្ពុជា ជាពិសេសក្នុងដំណាក់កាលលំបាកបំផុតត្រូវបង្ហាញសាមគ្គីភាពនិងភាពរឹងមាំរបស់ជាតិមួយ។ អញ្ចឹង យើងធ្វើអី? យើងរៀបចំសកម្មភាពតាម(បែបបទ)ប្រពៃណីជាតិ។ តាមដែលខ្ញុំដឹង មានការគិតគូរត្រួសៗ ដោយយើងយកទាំងពីរគឺការរៀបចំប្រពៃណីឲ្យប្រជាជនមកចូលរួមសប្បាយដើម្បីឱ្យមានចរន្ដសេដ្ឋកិច្ច ប៉ុន្ដែក្នុងនោះយើងមិនត្រូវបំភ្លេច(កាតព្វកិច្ចចំពោះ)ជនភៀសសឹក។
(២៧) ទៅជួបជនភៀសសឹក រៀបចំរូប Posters បង្ហាញវីរភាព និងបង្វែរមូលនិធិ ១០០% ជួយជនភៀសសឹក យោធិន វីរកងទ័ព
អញ្ចឹងខ្ញុំសួរថាតើនឹងរៀបចំស្អីខ្លះ? កម្មវិធីនេះ ទី១ នឹងមានរៀបចំការបំផុសសិល្បៈករ និងប្រជាពលរដ្ឋមួយចំនួនទៅជួបជនភៀសសឹក … ប្រសិនបើយើងមិនធ្វើ ហើយត្រឹមនៅអង្គុយស្រងូតស្រងាត់នៅផ្ទះហើយចុច LIKE SHARE នោះ (វាក៏មិនបានផលល្អអ្វីដែរ)។ បំផុសការចូលរួមទៅសួរសុខទុក្ខជនភៀសសឹក ទាហាននៅជួរមុខ។ យើងមិនអាចទៅ(សួរសុខទុក្ខ)ពេលនេះទេ ព្រោះគេនៅត្រៀមប្រយុទ្ធ។ ពេលអត់ប្រយុទ្ធគេទៅរាំទៅអី ប៉ុន្ដែក៏មានការជួយតាមរូបភាពផ្សេង។ ទី២ គ្រប់ស្ដង់ វេទិកាទាំងអស់ តាមខ្ញុំដឹង រៀបចំរូប Posters ដែលបង្ហាញអំពីវីរភាពរបស់វីរកងទ័ព នគរបាលជាតិ នៅក្នុងការការពារទឹកដី។ នេះឬជាការភ្លេចកងកម្លាំងឬ? មិនអញ្ចឹងទេ។ ផ្ទុយទៅវិញ យើងយកពិធីនេះបំផុសការចងចាំអំពីគុណបំណាច់វីរកងទ័ព វីរនគរបាលជាតិ វីរយុទ្ធជនទាំងដែលកំពុងឈរជើង និងពលីដើម្បីការពារជាតិមាតុភូមិ។ នេះជាការប្រមូលផ្ដុំដើម្បីរំលឹកគុណឡើងវិញ។ យើងធ្វើបានទាំងពីរ។ ទី៣ រាល់មូលនិធិមានរៀបចំឧទាហរណ៍ការលក់របស់របរ នៃ សសយក យកថវិកា១០០ % ទៅជួយជនភៀសសឹក យោធិន វីរកងទ័ព ហើយវិស័យឯកជនដែលចូលរួមអាចបដិភាគតាមការជាក់ស្ដែង។ ខ្ញុំសូមលើកទឹកចិត្តបងប្អូនរបស់យើងក្រៅពីកម្មវិធីដែល សសយក រៀប បើថាមានពេលទៅលេងជនភៀសសឹកយើង។ កុំឲ្យគាត់នៅស្រងូតស្រងាត់។ នេះជាការបំផុស។ យើងមិនដេកស្ពឹកនៅមួយកន្លែងទេ។ យើងធ្វើសកម្មភាពបង្កើនភាពកក់ក្ដៅ។ ខ្មែរជួយខ្មែរក្នុងឱកាសលំបាក ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
(២៨) រៀបចំកម្មវិធីនានា និងបើកឱ្យហាត់កីឡា នៅតារាងយន្ដហោះភ្នំពេញ
(មួយទៀត) … សូមអរគុណចំពោះចលនាជាតិ ដែលពេលមានផ្ទុះអាវុធ ជាពិសេសពេលមានការលំបាកក្នុងពេលប្រយុទ្ធគ្នាគឺបងប្អូនបំផុសស្មារតីនេះ។ ពេលដែលរៀបស្ដង់រូបភាពនេះកុំភ្លេចរំលេចឡើងវិញនូវរូបភាពស្មារតីរួមគ្នា។ អញ្ចឹងធ្វើបានទាំងពីរ។ ប្រពៃណីជាតិក៏យើងត្រូវអបអរសាទរជាធម្មតាឲ្យចរន្ដសេដ្ឋកិច្ច(ដើរ) ប្រជាជនបាន(កម្សាន្ដ) កុំឲ្យស្មុគ។ ប្រជាជនយើងស្រ្ដេសការងារច្រើន។ មើលនៅភ្នំពេញ គ្រាន់តែសៅរ៍អាទិត្យ walk street ណែន។ បានន័យថាប្រជាជនត្រូវការរំដោះស្រេ្ដសដែរ ជាពិសេសអ្នកភ្នំពេញ។ ខ្ញុំឲ្យគណៈកម្មការរៀបចំតារាងយន្ដហោះភ្នំពេញធ្វើម៉េចពេលចូលឆ្នាំនេះបើកឲ្យបងប្អូនទៅកីឡា និងរៀបចំកម្មវិធីនៅតារាងហ្នឹង។ យើងរៀបចំទី១ ជា piste ទី២ បងប្អូន(អាច)ទៅហាត់កីឡា។ ពេលចូលឆ្នាំនេះ អាចឱ្យប្រើប្រាស់ទីនោះ សម្រាប់អ្នកភ្នំពេញដែលមិនចេញទៅណា។ នៅភ្នំពេញច្រើនតែស្ងាត់ពេលចូលឆ្នាំ។ អ្នកបើកបរសប្បាយចិត្ត។ ឥឡូវចំពេញសាំង ពេលកំពុងពិបាកទៀត។ អត់ស្ទះចរាចរណ៍។ បន្តិចទៀតខ្ញុំនឹងនិយាយរឿងមជ្ឈឹមបូព៌ា។ ខ្ញុំមិនវាយរិះគន់ទេ។ ថ្ងៃមិញ ខ្ញុំមើលឃើញមានបណ្ឌិតអីណាមួយនៅក្រៅប្រទេសថា គ្រាន់តែយើងរៀបចំពិធីចូលឆ្នាំហ្នឹង យើងជារដ្ឋាភិបាលអត់បានការ ខំបង្វែរស្ថានការណ៍ រៀបចំព្រឹត្តិការណ៍ឱ្យ(ប្រជាពលរដ្ឋ)បំភ្លេចរឿងទឹកដី។ មិនដូច្នោះទេ។
(២៩) សង្រ្គោះ ធ្វើឱ្យប្រសើរឡើង និងស្ដារឡើងវិញ ចំពោះបងប្អូនជនភៀសសឹក
រឿងទឹកដីនិងប្រជាជន (រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន)មិនភ្លេចទេ។ រឿងទឹកដីនៅតែបន្តដោះស្រាយ គ្រាន់តែយើងប្រកាន់យកការដោះស្រាយដោយសន្តិវិធី ជៀសវាងការស្លាប់ ដោះស្រាយ(តាម)ផ្លូវច្បាប់ឱ្យអស់លទ្ធភាព … ការដោះស្រាយជូនបងប្អូនភៀសសឹកមាន ៣ដំណាក់កាល។ ដំណាក់កាលទី១ គឺដំណាក់កាលសង្រ្គោះ។ បានន័យថា ពេលមានការផ្ទុះអាវុធ ត្រូវជម្លៀសចេញពីរង្វង់ស្លាប់ គ្រាប់ផ្លោង គ្រាប់ធ្លាក់ ជូនទៅទួលសុវត្ថិភាព និងដោះស្រាយបឋមជម្រកនិងស្បៀង។ នេះគឺដំណាក់កាលសង្រ្គោះ។ ដំណាក់កាលទី២ គឺដំណាក់កាលធ្វើឱ្យប្រសើរឡើង។ ក្រោយពីចរចាបទឈប់បាញ់ យើងខិតខំកែលម្អ លើកស្ទួយ រៀបចំតង់ឱ្យបានស្រួលបួលនៅតាមមណ្ឌលជនភៀសសឹកមួយចំនួនដែលមិនទាន់ទៅវិញ។ ដំណាក់កាលទី៣ គឺដំណាក់កាលស្ដារឡើងវិញ។ អ្នកដែលអាចត្រឡប់ទៅវិញ យើងខំរុញទៅ។ ខំសម្អាតមីន ខំដោះស្រាយ(បញ្ហាផ្សេងៗ)។ អ្នកមិនទាន់អាចត្រឡប់ទៅវិញបាន យើងខិតខំដោះស្រាយតាមរយៈការធ្វើជម្រកបណ្ដោះអាសន្ន។
(៣០) ការរៀបចំសង្ក្រាន្តប្រមូលផ្ដុំកម្លាំងសាមគ្គីឯកភាព បង្ហាញភាពធនរបស់កម្ពុជា គិតគូរដល់ជនភៀសសឹក និងកងទ័ព
ក្នុងពេលជាមួយគ្នា ត្រូវចរចា គិតគូរគ្រប់វិធីសាស្រ្ត ដើម្បីទឹកដីយើង។ សូមជូនព័ត៌មានថា ទោះបីជាមានការធ្វើសង្រ្កាន្ត ពិធីអបអរសាទរបុណ្យចូលឆ្នាំនៅតាមរាជធានីខេត្ត ក៏រាជរដ្ឋាភិបាលមិនបានចោលកាតព្វកិច្ចក្នុងការគិតគូរទៅដល់ទឹកដី និងប្រជាជន ជាពិសេសកងទ័ពជួរមុខ និងជនភៀសសឹកនោះទេ។ ផ្ទុយទៅវិញ ការឱ្យប្រជាពលរដ្ឋរៀបចំសង្រ្កាន្តនេះ គឺ(ទី១) ជាការចូលរួមបង្កលក្ខណៈឱ្យប្រជាជាតិយើងទាំងមូលប្រមូលផ្ដុំកម្លាំងសាមគ្គីឯកភាព បង្ហាញភាពធនរបស់កម្ពុជាថា ទោះបីជាមានការលំបាក ការប្រឈមក៏ដោយ តែយើងនៅតែរក្សាប្រក្រតីកម្ម និងដើរទៅមុខ ក្នុងសាមគ្គីភាព។ ទី២ មិនតែប៉ុណ្ណោះ យើងថែមទាំងប្រមូលគ្នាដើម្បីរៀបចំជាយន្តការគិតគូរទៅដល់ជនភៀសសឹក និងកងទ័ពរបស់យើងនៅខាងមុខតទៅទៀត តាមរយៈវិធីនានាដែលខ្ញុំលើកអម្បាញ់មិញនេះ។ នេះជាអ្វីដែលខ្ញុំសូមគាំទ្រនូវការរៀបចំនេះ។
(៣១) មិនបាញ់ទឹកនិងប៉ាតម្សៅ តែបំផុសសកម្មភាពសិល្បៈ វប្បធម៌ ប្រពៃណីអោយបានច្រើន
សកម្មភាពមួយចំនួន (ដូចជាដាក់)ឡានទឹកបាញ់ទឹកអីហ្នឹង មិនគួរ(ធ្វើ)ទេ។ តាមខេត្តនីមួយទុកឡានទឹកហ្នឹងបាញ់ពន្លត់អគ្គិភ័យវិញ។ ត្រៀមលក្ខណៈជាពិសេស។ អគ្គិភ័យមិនអាចលេងសើចទេ មានគ្រោះថ្នាក់ច្រើន និងត្រូវយកចិត្តទុកដាក់។ រឿងបាញ់សាប៊ូ បាញ់ទឹកអី មិនគប្បីនឹងធ្វើទេ។ ប៉ុន្មានឆ្នាំមុន (ការលេង)បាញ់ទឹក មិនសូវមានទេ។ កាលហ្នឹងយើងលេងល្បែងប្រជាប្រិយច្រើន។ យកឱកាសហ្នឹងលេងល្បែងប្រជាប្រិយឱ្យច្រើនវិញ។ ការប៉ាតម្សៅអីហ្នឹងទុកសិនទៅ។ (លេងល្បែងប្រជាប្រិយ)សប្បាយដូចគ្នាទេ។ មិនបាច់មានកាំភ្លើងបាញ់ទឹកអីទេ។ បំផុសប្រពៃណីវប្បធម៌ សកម្មភាពផ្សេងៗដែលមាន ធ្វើម៉េចឱ្យខេត្តនីមួយៗមានសកម្មភាព … សូម(ផ្អាក)សកម្មភាពខ្លះ មិនបាច់មានទេ។ បំផុសរឿងវប្បធម៌ សិល្បៈឱ្យច្រើន រឿងប្រពៃណី ការចូលរួមអីផ្សេងៗ។ ដូចមិនមានការរៀបចំអង្គរសង្រ្កាន្តនៅសៀមរាបទេ។ នេះយើងរៀបតាមរាជធានីខេត្ត។ វាសមល្មមហើយ។ បំផុសចលនាផ្សេងៗ គឺសាមគ្គីភាពគ្នានេះឯង និងសូមឱ្យមើលទៅដល់បញ្ហាសន្តិសុខ ជាពិសេសរឿងក្មេងទំនើងកុំឱ្យបង្កបញ្ហានាំឱ្យហ្មងសៅដល់ការអបអរសាទររបស់ប្រជាពលរដ្ឋយើង។
(៣២) ពង្រឹងសាមគ្គីឯកភាពនិងភាពធនរបស់ជាតិ ដើរទៅមុខដោយមោះមុត មិនភ្លេចវីរយុទ្ធជន វីរនគរបាលនិងវីរកងរាជអាវុធហត្ថដែលឈរនៅខាងមុខ ក៏ដូចជាជនភៀសសឹក
សរុបសេចក្ដីមកវិញ ប្រធានបទរៀបចំនគរសង្រ្កាន្តគឺបង្កើតឡើងក្នុងគំនិតឈ្នះឈ្នះ។ កុំទៅរកគំនិតចាញ់ឈ្នះរៀងៗខ្លួន។ អបអរសាទរទៅ។ ខ្មែរដូចគ្នា។ ប្រពៃណីតែមួយ។ ប្រជាជន ទឹកដី ជនភៀសសឹក កងទ័ព យើងត្រូវគិតគូរគាត់។ វិធីសាស្រ្តខុសគ្នាក្នុងការគិតគូរ។ អញ្ចឹង សម្រាប់ខ្ញុំ ខ្ញុំគាំទ្រទៅដល់ការរៀបចំនេះ ហើយគាំទ្រទៅដល់រាជធានីខេត្តនៅក្នុងការរៀបចំសង្ក្រាន្ត។ មិនអាចរបួសដៃ/ជើង ហើយយើង sad (គិតតែសង្ងំ)ដេក។ អត់បានទេ។ យើងត្រូវតែដើរ។ បើតាមគ្រូចិត្តសាស្រ្ត ពេល stress បំផុត ត្រូវសកម្មភាពផ្សេងៗ កុំឱ្យដេក។ ហ៊ានតែដេក stress កាន់តែខ្លាំង។ ទាល់តែដើរអីទៅ បានខួរក្បាលវាដំណើរការ។ អញ្ចឹងការរៀបចំសង្រ្កាន្តឆ្នាំថ្មីនេះ គឺកុំឱ្យ ៣ថ្ងៃនៃសង្រ្កាន្តនៅតែ(មានអារម្មណ៍) sad រហូត។ ត្រូវពង្រឹងសាមគ្គីឯកភាពជាតិ ភាពធនរបស់ជាតិ មិន sad មិនដួល ដើរទៅមុខ ហើយដើរទៅដោយភាពមោះមុត និងគិតគូរគ្រប់ជ្រុងជ្រោយ ដោយមិនភ្លេចវីរយុទ្ធជន វីរនគរបាលជាតិ វីរកងរាជអាវុធហត្ថដែលឈរនៅខាងមុខ ក៏ដូចជាជនភៀសសឹកនោះទេ។ យើងប្រមូល និងបំផុសការចងចាំតាមរយៈរូបភាព សកម្មភាព និងការជួយទៅដល់ពួកគាត់ផ្ទាល់។ នេះគឺជាគំនិតឈ្នះឈ្នះក្នុងការរៀបចំនូវសង្រ្កាន្តនេះ។ សូមរៀបចំឱ្យបានល្អ។
(៣៣) ក្រុងភ្នំពេញរៀបចំរថយន្ត ៦០០គ្រឿងជូនប្រជាពលរដ្ឋទៅខេត្ត … កំពង់ចាមត្រៀមលៀស ៥តោន
អរគុណដល់ឯកឧត្តម ឃួង ស្រេង ដែលឆ្នាំនេះគ្រោងរៀបចំរថយន្ត ៦០០ គ្រឿង ដើម្បីជូនប្រជាពលរដ្ឋនៅក្រុងភ្នំពេញទៅលេងផ្ទះ។ បើមានក្រុមហ៊ុនដៃគូជួយឧបត្ថម្ភទឹកប៉ូវអី ក៏ជួយបន្ថែមបានទៀត។ កន្លងទៅ ដូចជាមានក្រុមហ៊ុនជីបម៉ុង ក្រុមហ៊ុនវឌ្ឍនៈ។ អញ្ចឹងសូមឱ្យជួយបន្ថែមទៀត ដូចជាទឹកសម្រាប់អ្នកធ្វើដំណើរ។ នេះជាការសាមគ្គីជួយគ្នាទៅវិញទៅមក។ មានអីជួយទៅដល់កងទ័ពជួរមុខ ទៅដល់ជនភៀសសឹកយើងបន្តទៀត។ សូមកុំឱ្យមានជជែកបែកបាក់គ្នាទៀតគ្រាន់តែរឿងរៀបចំ(សង្រ្កាន្ត)។ ត្រូវយកទស្សនៈឈ្នះឈ្នះទាំងអស់ទៅដើម្បីជាតិខ្មែរយើងតែមួយទេ។ បើគ្រាន់តែរៀបចំនគរសង្រ្កាន្ត រៀបចំកម្មវិធីប្រពៃណីជាតិនេះ ធ្វើឱ្យខ្មែរបែកបាក់ទៅហើយ វាមិនគួរទេ។ កាន់តែបែកកាន់តែខ្សោយ។ ពេលដែលលំបាក គួរកាន់តែរួមគ្នា។ ពេលដែលចូលឆ្នាំនេះ ជាឱកាសដែលយើងរួមគ្នាអបអរកម្មវិធីប្រពៃណីជាតិ និងធ្វើ(សង្ក្រាន្ត)។ ខ្ញុំគាំទ្រទស្សនទានរបស់ ស.ស.យ.ក ក៏ដូចជាខេត្តផ្សេងៗដែលរៀបចំ។ ឆ្នាំនេះ កំពង់ចាមត្រៀមលៀស ៥តោន។ ឆ្នាំទៅលៀស ៣តោន … ខេត្តផ្សេងៗមិនដឹងថាមានអីសម្រាប់គេទៅភ្លក់ ឬមួយទាក់ទាញ។ អាហ្នឹងខ្ញុំគិតថាជាឱកាស។
(៣៤) និស្សិតនិងប្រជាពលរដ្ឋ ៤៨៧នាក់នៅ ៧ប្រទេសមជ្ឈឹមបូព៌ា និង ២០០នាក់ មិនទាន់ទាកទងបាន
មួយទៀតគឺបញ្ហានៅមជ្ឈឹមបូព៌ា។ បញ្ហានេះខ្ញុំមិននិយាយរឿងនយោបាយភូមិសាស្ត្រអីទេ។ អ្វីដែលខ្ញុំនិយាយគឺសម្រាប់បងប្អូនប្រជាពលរដ្ឋមានកូនមានក្មួយមានសាច់ញាតិធ្វើការនៅតំបន់នោះ។ បច្ចុប្បន្នយើងមាននិស្សិត និងប្រជាពលរដ្ឋដែលយើងក្តាប់បានទិន្នន័យនៅតំបន់មជ្ឈឹមបូព៌ា ៤៨៧នាក់ នៅ ៧ប្រទេស។ និស្សិតដែលស្នាក់នៅអ៊ីស្រាអែលមាន ២៨២នាក់។ ខ្ញុំក៏សូមអរគុណដល់ក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ ស្ថាប័នអគ្គចារកិច្ច ក្រសួងកសិកម្ម ក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធ កុងស៊ុលនៅខាងក្រៅ ទូតយើងនៅខាងក្រៅប្រទេសជិតហ្នុង គឺបានភ្ជាប់ប្រទាក់ក្រឡាគ្នាជាមួយនិស្សិតនៅអ៊ីស្រាអែល ហើយសូមឱ្យព្យាយាមតាមមើលបងប្អូនផ្សេងៗទៀត ដើម្បីជូនព័ត៌មានឱ្យមានការទាក់ទង។ យើងប្រទាក់ក្រឡាបាន ២៨០នាក់ជាង។ យើងនៅខ្វះ ២០០នាក់ជាងទៀត(ដែលមិនទាន់ទាក់ទងបាន)។ អាទិភាពគឺសុវត្ថិភាពរបស់គាត់។ នេះវាជាលើកទី២។ លើកទី១ កាលពីវាយគ្នា ២ឆ្នាំមុន យើងក៏បានត្រៀមលក្ខណៈស្រដៀងអញ្ចឹង …។
(៣៥) ផ្អាកបញ្ជូននិស្សិតទៅធ្វើកម្មសិក្សារហូតទៅដល់ស្ថានភាពបានប្រសើដូចធម្មតាឡើងវិញ
វិធានការជាក់ស្តែង ការជម្លៀសយ៉ាងម៉េច ឈានទៅដល់វិធានការដែលអាចធ្វើទៅបានកម្រិតណា ត្រូវធ្វើម៉េចឱ្យទាន់ពេលវេលា និងតាមឱ្យជាប់ សហការជាមួយកុងស៊ុលយើងដែលមាននៅអ៊ីស្រាអែល ជាមួយទូតយើងនៅអេហ្ស៊ីបដែលនៅជិតបំផុត ហើយនៅប្រទេសណាទៀតតាមដានឱ្យជាប់ហើយសហការ។ បើត្រូវការចាំបាច់ ត្រូវចាត់វិធានការឱ្យបានលឿន ត្រូវការឆ្លងគោលការណ៍កុំឱ្យមានបញ្ហា ជាពិសេសគឺសុវត្ថិភាពជាចម្បង។ ការបញ្ជូននិស្សិតយើងទៅធ្វើការគឺសុំផ្អាករហូតទៅដល់ស្ថានភាព(បានធម្មតា) … យើងត្រូវផ្អាកកម្មសិក្សាការីរហូតដល់ស្ថានភាពបានសមរម្យវិញ … មានឪពុកម្តាយ បងប្អូន ប្រពន្ធកូនដែលព្រួយបារម្ភ អ្នកខ្លះក៏មើលដែរ ព្រោះលើកនេះវាធ្ងន់ជាងលើកមុន។ មួយថ្ងៃៗឃើញតែកាំជ្រួចហោះចុះឡើង ទៅមកច្រើនប្រទេស។ មិនត្រឹមតែពីអ៊ីរ៉ង់ និងអ៊ីស្រាអែល ឈានទៅដល់ប៉ុន្មានប្រទេសនៅជាប់ជាមួយទៀត ប្រទេសណាក៏អត់រួចដែរ។ អញ្ចឹងសុវត្ថិភាពរបស់បងប្អូនយើងនៅទីហ្នឹងជារឿងទី១។
(៣៦) សូមក្រសួងពាក់ព័ន្ធ តាមទិន្នន័យនិងការប្រែប្រួលបរិមាណប្រេងក្នុងប្រទេស និងគ្រប់់គ្រងតម្លៃ
ទី២ ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមឱ្យជាប់ទិន្នន័យ និងការប្រែប្រួលទាក់ទងនឹងប្រេង។ កិច្ចការនេះខ្ញុំបានប្រគល់ភារកិច្ចឱ្យឯកឧត្តម កែវ រតនៈ តាមដានពីដើមទី និងលោកជំទាវ ចម និម្មល ធ្វើការងារនេះ។ ទី១ រឿងបរិមាណការនាំចូលកម្រិតណា។ តើមើលប្រទេសណាដែលគ្រោងបិទការនាំចេញ ឬទេ? បើស្ថានភាពវាយូរអង្វែង ប្រទេសជាច្រើនអាចមានការបិទការនាំចេញ នាំឱ្យមានការខ្វះខាត។ អញ្ចឹងត្រូវតាមដានឱ្យជាប់ ដាក់វិធានការឱ្យទាន់ពេលវេលា។ គណៈកម្មាការគោលនយោបាយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ និងគ្រោងរៀបចំដើម្បីដឹកនាំការងារនេះ ព្រោះក្រសួងប៉ុន្មានទៀតបានធ្វើការជាប្រចាំហើយ។ យើងគ្រប់គ្រងឱ្យទាន់សភាពការណ៍។ ជាពិសេស ទី១ បរិមាណនៅក្នុងប្រទេស ទី២ គឺការគ្រប់់គ្រងតម្លៃ។ ព្រឹកមិញខ្ញុំបានទទួលព័ត៌មានពីហ្គារ៉ាស់សាំងខ្លះនៅបាត់ដំបងថាដំឡើងពី ៤០០០ដល់ ៦០០០រៀលជាង ក្នុងមួយលីត្រអីទៅហើយ។
សូមធ្វើការគ្រប់គ្រង និងសូមអំពាវនាវទៅដល់អ្នកម្ចាស់ហ្គារ៉ាស់សាំងទាំងអស់កុំឆ្លៀតឱកាសដំឡើងហួសហេតុ ព្រោះវាប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយសូមឱ្យក្រសួងពាណិជ្ជកម្ម អាជ្ញាធរពាក់ព័ន្ធ ក្រសួងពាក់ព័ន្ធតាមមើលទៅលើការងារនេះ។ ដៃម្ខាងរឿងលក់ដូររបស់អាជីវករ រឿងស្តុកនាំចូល ព្រោះតែស្តុកខ្វះតម្លៃឡើង អញ្ចឹងការរៀបចំឱ្យវាច្បាស់។ ប៉ុន្តែមួយទៀត វាមិនមែនរឿងបញ្ហាស្តុក វាជារឿងការឆ្លៀតឱកាស។ សុំទប់ឱ្យបាន ព្រោះវាប៉ះពាល់ទៅដល់ប្រជាពលរដ្ឋរបស់យើង អ្នកប្រើប្រាស់។ សូមឱ្យបងប្អូនអាជីវករដែលប្រកបរបរនេះចូលរួមសហការនិងអនុវត្តជាមួយនឹងស្ថាប័នដើម្បីរួមគ្នាដោះស្រាយបញ្ហាចំពោះមុខ។ បញ្ហា ៣នេះដែលខ្ញុំសូមលើកបន្ថែមទៅលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន វាទៅកញ្ចប់់តែមួយទេគឺសន្តិសុខសង្គម។
(៣៧) “ដើរទៅមុខរឹងមាំទាំងអស់គ្នាក្នុងឆ្នាំ២០២៦ និងបន្តទៅមុខទៀត”
ពេលចូលឆ្នាំថ្មីនេះ ក៏ជាឆ្នាំមួយដែលប្រទេសយើងឆ្លងកាត់ និងអាចប្រឈមបញ្ហាដែលមិនធ្លាប់មានពីមុនជាពិសេសដូចរឿងព្រំដែននេះជាដើម។ ប៉ុន្តែខ្ញុំក៏សូមអរគុណទៅដល់មន្ត្រីរាជការ ពលរដ្ឋយើងទាំងអស់។ ពិតណាស់ការកង្វល់មាន ការឈឺចាប់មាន ប៉ុន្តែដំណើរការជីវិតរបស់យើងនៅទៅមុខ។ ថ្ងៃនេះ យើងត្រូវរួមគ្នាធ្វើការប្រយុទ្ធប្រឆាំងនិងគ្រឿងញៀន ការប្រយុទ្ធប្រឆាំងនិង Scam Online ការប្រយុទ្ធប្រឆាំងនិងការអសកម្មផ្សេងៗ ជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ការនាំចេញ។ យើងកំពុងតែធ្វើជាប្រចាំ។ យើងអត់បានទន់ដៃទេ។ ផ្ទុយទៅវិញ យើងបានរួមគ្នាដើរទៅមុខ។ ខ្ញុំសូមអំពាវនាវសូមបន្តការងារនេះតទៅទៀត។ រឿងដោះស្រាយទឹកដី ដោះស្រាយបញ្ហាកងទ័ពជួរមុខ ជនភៀសសឹក យើងនៅបន្តរួមគ្នាធ្វើ តែគ្រប់វិស័យផ្សេងទៀតត្រូវធ្វើយ៉ាងណាឱ្យកាន់តែខ្លាំងឡើង ដើម្បីឱ្យប្រទេសជាតិយើងកាន់តែរឹងមាំ។ គ្មានអ្នកណាជួយយើងក្រៅពីយើងជួយខ្លួនឯងនោះទេ។ បោសសំអាតចំណុចអវិជ្ជមាន និងពង្រឹងចំណុចវិជ្ជមានរបស់យើង។
កិច្ចការនេះមិនមែនជាកាតព្វកិច្ចផ្តាច់មុខរបស់រាជរដ្ឋាភិបាលឡើយ។ រាជរដ្ឋាភិបាលតែម្នាក់ឯងធ្វើក៏មិនទៅរួចដែរ បើគ្មានការចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋ។ ក្នុងឱកាសឆ្នាំថ្មីនេះ ខ្ញុំសូមឱ្យស្មារតីនៃការរួបរួមរបស់ជាតិយើងទាំងមូល មិនថាមន្ត្រីរដ្ឋ មិនថាអង្គការសង្គមស៊ីវិល មិនថាគណបក្សនយោបាយ មិនថាប្រជាពលរដ្ឋសាមញ្ញ គ្រប់សាសនា ក្នុងនាមជាខ្មែររួមគ្នាដើម្បីយើងអបអរសាទរនូវអ្វីដែលយើងមាន យើងនាំគ្នាដោះស្រាយបញ្ហាព្យាបាលនូវអ្វីដែលយើងមានបញ្ហា ដើម្បីយើងដើរទៅមុខបានរឹងមាំទាំងអស់គ្នានៅក្នុងឆ្នាំ២០២៦ និងបន្តទៅទៀត។ ចំណុចនេះគឺសុំថែមប៉ុណ្ណឹង ហើយសុំបិទវង្វង់ក្រចកវិញ ព្រោះនិយាយច្រើនតែបើករង្វង់់ក្រចកហើយបិទ។ អម្បាញ់មិញដូចភ្លេចបើក ប៉ុន្តែរឿងតែប៉ុណ្ណឹងទេដែលពាក់ព័ន្ធ។
[ចប់សេចក្តីអធិប្បាយ]
សាជាថ្មីម្តងទៀត, ខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែង ការលះបង់ និងស្មារតីចូលរួម ពីគ្រប់ជាន់ថ្នាក់, គ្រប់ស្រទាប់, និងគ្រប់វិស័យ ចំពោះបេសកកម្មដ៏មានអត្ថន័យនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការចាត់ទុកការងារនេះ គឺជាការងារអាទិភាពរបស់គ្រប់ក្រសួង ស្ថាប័ន និងអង្គភាពនីមួយៗរៀងៗខ្លួន។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ ព្រមទាំង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៃគ្រប់ក្រសួង ស្ថាប័ន អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ នឹងបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលនយោបាយ, ទិសដៅការងារ, បទបញ្ជា និងសេចក្តីណែនាំនានា ព្រមទាំងផ្តល់កិច្ចសហការទូលំទូលាយ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបេសកកម្មដ៏មានអត្ថន័យរបស់ជាតិមាតុភូមិយើង គឺ «ការកសាងសហគមន៍មួយដែលគ្រឿងញៀនលែងជាឧបសគ្គនៃការអភិវឌ្ឍជាតិ» និងស្របតាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នា ដើម្បីជិវិតនិងសហគមន៍គ្មានគ្រឿងញៀន»។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបិទ «សន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ផ្សព្វផ្សាយ ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១» ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី និង អង្គពិធី សូមសមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕


