- ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល;
- ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសនានាប្រចាំនៅកម្ពុជា;
- គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អង្គពិធីទាំងមូល និងជនរួមជាតិ ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ចូលរួមជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» ដែលត្រូវបានរៀបចំដោយគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នាពេលកន្លងមក ក្រោម ការដឹកនាំនិងសម្របសម្រួលរបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងដែលត្រូវបានអនុម័តដោយរូបខ្ញុំ កាលពីពេលថ្មីៗកន្លងទៅនេះ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូល ជាទីមេត្រី!
ប្រទេសកម្ពុជា ធ្លាប់មានប្រព័ន្ធច្បាប់ សម្រាប់ដឹកនាំនិងគ្រប់គ្រងសង្គម សេដ្ឋកិច្ច របស់ខ្លួន តាំងពីយូរលង់ណាស់មកហើយ។ ផ្អែកតាមប្រវត្តិសាស្រ្ត, សិលាចារឹកវិជ្ជា បានបង្ហាញថា ប្រទេសកម្ពុជាមានច្បាប់សម្រាប់គ្រប់គ្រងនិងដឹកនាំប្រទេស តាំងពីសម័យហ្វូណន រហូតដល់សម័យកាលនៃទំនើបភាវូបនីយកម្មច្បាប់ខ្មែរតាមបែបបារាំង នៅពាក់កណ្ដាលសតវត្សរ៍ទី១៩។ កាលនោះ, ច្បាប់កំពូលរបស់យើងមាននាមថា ព្រះធម្មសាស្រ្ត ឬក្រមព្រះធម្មសាស្រ្ត ដែលមានឧត្តមានុភាពគ្របដណ្តប់លើអំណាចទាំងអស់ រួមទាំងអំណាចរបស់ព្រះមហាក្សត្រ។ ផ្អែកតាមសិលាចារឹកនាសម័យអង្គរ ព្រះមហាក្សត្របានលើកតម្កើង ព្រះធម្មសាស្រ្ត ជាច្បាប់កំពូល និងគោរពប្រតិបត្តិ តាមរាជប្រវេណី ដោយតម្កល់លើព្រះសិរសារបស់ព្រះអង្គ ដើម្បីថែរក្សាព្រះរាជគុណធម៌ ជា ព្រះធម្មរាជា ឬព្រះរាជាទ្រង់ធម៌។ ទំនៀមនេះ បានគូសបញ្ជាក់អំពីទស្សនវិជ្ជានយោបាយដឹកនាំប្រទេសផង និងទស្សនវិជ្ជាដឹកនាំខ្លួន តាមបែបជំនឿឬសាសនារបស់ប្រជារាស្រ្តទូទាំងប្រទេសផង ដោយព្រះរាជវរគំរូ របស់ព្រះមហាក្សត្រ ក្នុងការបដិបត្តិ ព្រះរាជធម៌ ឬទសពិធរាជធម៌ (ព្រះធម្មទាំង១០ ប្រការរបស់ព្រះរាជា) ដើម្បីជាមហាកុសល ផ្តល់សេចក្តីសុខក្សេមក្សាន្ត សម្បូរសប្បាយ រីកចម្រើន រុងរឿង ដល់អាណាប្រជានុរាស្រ្ត របស់ព្រះអង្គ។
ច្បាប់ខ្មែរបុរាណ មានលំនាំទស្សនវិជ្ជា តាមបែបចម្រុះជំនឿសាសនា រួមមានជំនឿអរូបី ពោលគឺជំនឿលើអ្នកតាម្ចាស់ទឹកម្ចាស់ដី ព្រៃព្រឹក្សា ខេត្ត ស្រុក ភូមិជាដើម, ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ទាំងហីនយាន មហាយាន និងពេជ្រយាន។
ទន្ទឹមនឹងការបដិបត្តិលទ្ធិទេវរាជ តាមបែបហិណ្ឌូសាសនា ឬព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា ក៏ត្រូវបានបដិបត្តិផងដែរ តាមបែបបទ នៃយានទាំងបី អាស្រ័យទៅតាមជម្រៅ នៃការសិក្សានិងការប្រតិបត្តិ ស្របតាមដំណើរវិវត្តន៍ជាប្រវត្តិសាស្រ្ត នៃប្រទេសកម្ពុជា […]
ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូល ជាទីមេត្រី!
ចាប់តាំងពីដំណើរការទំនើបភាវូបនីយកម្មប្រព័ន្ធច្បាប់ខ្មែរ តាមបែបបារាំង នាឆ្នាំ១៨៨៤ រហូតមក ប្រព័ន្ធច្បាប់ខ្មែរបានប្រែក្លាយជាប្រព័ន្ធច្បាប់តាមលំនាំប្រព័ន្ធច្បាប់បែបបារាំង ដែលបានបន្តរហូតមកដល់ពេលប្រទេសកម្ពុជាមានរដ្ឋធម្មនុញ្ញបែបបារាំងជាលើកដំបូង នៅឆ្នាំ១៩៤៧។ វប្បធម៌ នៃរដ្ឋធម្មនុញ្ញបែបបារាំង បានផ្លាស់ប្តូរទៅតាមរបត់នៃរបបនយោបាយជាច្រើនជំនាន់ រហូតដល់ថ្ងៃរំដោះ ៧ មករា ១៩៧៩ និងបន្តផ្លាស់ប្តូរ រហូតដល់ឆ្នាំ១៩៨៩។
ចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន ប្រទេសកម្ពុជា បានប្រកាន់យករបប រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងបានរៀបចំប្រព័ន្ធច្បាប់ និងស្ថាប័នរដ្ឋបាលរបស់ខ្លួនឡើងវិញ នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដោយទទួលយកជំនួយបច្ចេកទេស ពីដៃគូអភិវឌ្ឍជាច្រើនប្រទេស ទាំងប្រទេសដែលប្រកាន់យកប្រព័ន្ធបែបបារាំង ឬស៊ីវិលឡ័វ (Civil Law) និងប្រទេសដែលប្រកាន់យកប្រព័ន្ធបែបអង់គ្លេស ឬខម្មិនឡ័វ/អង់ក្លូ-សាក់សុង (Common Law / Anglo-saxon) ក្នុងគោលដៅចម្បង គឺធ្វើសមាហរណកម្មប្រទេសកម្ពុជា ចូលទៅក្នុងនិម្មាបនកម្មតំបន់និងសាកលលោក ឱ្យបានរួសរាន់ ទាន់តាមសភាពចាំបាច់ នៃការដឹកនាំនិងអភិវឌ្ឍប្រទេស ក្នុងសុខសន្តិភាពថ្មីថ្មោង បន្ទាប់ពីបានងើបឡើងនិងចាកចេញផុតថ្មីៗ ពីសង្គ្រាមរ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។
នៅក្នុងបរិការណ៍នេះ ទំនើបភាវូបនីយកម្ម និងសាកលភាវូបនីយកម្មនៃប្រព័ន្ធច្បាប់ខ្មែរ បានបន្តរីកដុះដាលជាបណ្តើរៗ ស្របជាមួយគ្នានឹងប្រព័ន្ធច្បាប់និងទស្សនវិជ្ជាច្បាប់ខ្មែរបែបទំនៀម ដែលបានបន្តពួនសំងំ ជ្រកក្នុងផ្នត់គំនិត វប្បធម៌ និងជំនឿសាសនា របស់សង្គមខ្មែរ នៅគ្រប់ទិសទី …។ ច្បាប់ខ្មែរបែបទំនៀម ក្រោមទម្រង់ជា វប្បធម៌និងប្រពៃណី ត្រូវបានការពារដោយមាត្រា ៦៩ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ញត្តថា “រដ្ឋមានកាតព្វកិច្ចថែរក្សានិងពង្រីកវប្បធម៌ជាតិ”។
រហូតមកដល់បច្ចុប្បន្ន នីតិធរមាន (Law in force) របស់កម្ពុជា ផ្គុំឡើងជាចម្រុះពណ៌សម្បុរបី គឺច្បាប់ទំនៀមផង ច្បាប់ទំនើបបែបបារាំងឬស៊ីវិលឡ័វ ផង និងច្បាប់ទំនើបបែបអង់គ្លេសឬខម្មិនឡ័វ ផង។ ច្បាប់ចម្រុះពណ៌សម្បុរបីនេះ ត្រូវទ្វេគុណ ឬបូកបន្ថែមទៀតដោយភាសា ឬវាក្យសព្ទ និងទស្សនាទានឬទស្សនវិជ្ជាច្បាប់ ដែលខុសប្លែកពីគ្នាបន្ថែមទៀត ពោលគឺពាក្យច្បាប់ខ្មែរសម័យទំនើប ត្រូវបានបកប្រែពីភាសាបារាំងខ្លះ និងភាសាអង់គ្លេសខ្លះ […]
ស្ថានភាពទាំងនេះ ប្រាកដជាមិនអាចជៀសផុតពីភាពប្រទាំងប្រទើសគ្នា ភាពខុសគ្នា ភាពខ្វែងគ្នា ឬភាពស្រពេចស្រពិល លើការបកស្រាយ ការយល់ដឹង និងការអនុវត្តច្បាប់ ជាច្រើនអន្លើ ទៅតាមពេលខ្លះ តាមទីកន្លែងខ្លះ ទៅតាមស្ថាប័នខ្លះ អាស្រ័យលើកម្រិតនៃការយល់ដឹងអំពីបញ្ញត្តិច្បាប់ ភាសាច្បាប់ និងទស្សនាទានច្បាប់ លើប្រព័ន្ធច្បាប់ខ្មែរបែបទំនៀម ប្រព័ន្ធច្បាប់ខ្មែរទំនើបបែបបារាំង និងប្រព័ន្ធច្បាប់ខ្មែរទំនើបបែបអង់គ្លេស។ ប្រការទាំងនេះ ក៏បានរួមចំណែកបង្កើតឱ្យមានការតាក់តែងបទប្បញ្ញត្តិច្បាប់ ដែលឈានទៅដល់ការជាន់ឬស្ទួនសមត្ថកិច្ចគ្នារវាងស្ថាប័នពីរឬច្រើន, បង្កើត ឬបង្កើនបន្ទុកមិនចាំបាច់ដល់បុគ្គល ធុរកិច្ច សេដ្ឋកិច្ច សង្គម, ច្បាប់ខ្លះហួសសម័យកាល, ច្បាប់ខ្លះមិនទាន់មាន សម្រាប់ឆ្លើយតបនឹងតម្រូវការសង្គម សេដ្ឋកិច្ច។
អាស្រ័យហេតុនេះ សុខដុមនីយកម្ម ឯកសណ្ឋានូបនីយកម្ម និងអត្តសញ្ញាណូបនីយកម្ម នៃប្រព័ន្ធច្បាប់ខ្មែរ ព្រមទាំងការបង្កើនភាពចាំបាច់និងភាពមានប្រយោជន៍របស់ច្បាប់ គឺជាលក្ខខណ្ឌដ៏ចាំបាច់និងមិនអាចខ្វះបាន សម្រាប់ធានាបញ្ញានុភាព និងបូរណភាពនៃប្រព័ន្ធច្បាប់ខ្មែរ ព្រមទាំងថែរក្សាចីរភាពនៃវប្បធម៌នីតិរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូល ជាទីមេត្រី!
នៅក្នុងចក្ខុវិស័យនៃការស្ថាបនាប្រព័ន្ធច្បាប់ខ្មែរ ឱ្យបានរឹងមាំនិងទំនើប រាជរដ្ឋាភិបាល ក្នុងនីតិកាលមុន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ផ្តល់អាទិភាពខ្ពស់ ជាបន្តបន្ទាប់ នៅក្នុងយុទ្ធសាស្ត្រចតុកោណ ទាំង៤ដំណាក់កាល និងបន្តរហូតដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បច្ចុប្បន្ន នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
រាជរដ្ឋាភិបាល បានធ្វើការកែលម្អ វិចារណកម្ម និងបច្ចុប្បន្នកម្ម ជាបន្តបន្ទាប់ ទាំងលើផ្នែកគោលនយោបាយ ទាំងផ្នែកយុទ្ធសាស្រ្ត ចាប់តាំងពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០២៤ ក្នុងទិសដៅធានាសង្គតិភាពនិងសមានគតិភាពរវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជានិងគុណតម្លៃសាកល។ ស្ថិតក្នុងស្មារតីនេះ នៅដើមឆ្នាំ២០២៤ កន្លងទៅ, ខ្ញុំបានសម្រេចញែកការដ្ឋានកែទម្រង់ច្បាប់ ដាច់ចេញពីការដ្ឋានកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដោយកំណត់ឱ្យការកែទម្រង់ច្បាប់ ស្ថិតនៅក្រោមការដឹកនាំរបស់ទីស្តីការគណៈរដ្ឋមន្រ្តី រីឯការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ស្ថិតនៅក្រោមការដឹកនាំរបស់ក្រសួងយុត្តិធម៌ និងតុលាការកំពូល។
វិចារណកម្មស្ថាប័នកែទម្រង់ទាំងពីរនេះ ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្តែងនៃបញ្ហាប្រឈម ក្នុងប្រព័ន្ធច្បាប់ខ្មែរបច្ចុប្បន្ន និងជាពិសេសឆ្លើយតបទៅនឹងមហិច្ឆតារបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដូចដែលបានកំណត់នៅក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
នៅក្នុងបុព្វហេតុនៃការពង្រឹងបញ្ញានុភាព និងបូរណភាពនៃប្រព័ន្ធច្បាប់ខ្មែរ ព្រមទាំងធានាចីរភាពនៃវប្បធម៌នីតិរដ្ឋ យើងបានផ្លាស់ប្តូរពីការពឹងផ្អែកលើដៃគូអភិវឌ្ឍស្ទើរតែទាំងស្រុង ដើម្បីកសាងច្បាប់របស់ខ្លួន មកកាន់ភាពជាម្ចាស់លើការតាក់តែងច្បាប់របស់ខ្លួន ដោយខ្លួនឯង និងដើម្បីខ្លួនឯង ដោយធានាសង្គតិភាព និងសមានគតិភាពរវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជានិងគុណតម្លៃសាកល។ ក្នុងន័យនេះ ខ្ញុំអាចនិយាយបានថា អំណាចអធិបតេយ្យរបស់ជាតិ លើការតាក់តែងនិងអនុវត្តច្បាប់ ត្រូវបានលើកតម្កើងបន្ថែមទៀត តាមរយៈការកសាងច្បាប់កម្ពុជា ដោយកម្ពុជា ជូនកម្ពុជា ដើម្បីកម្ពុជាធានាបាននូវវឌ្ឍនភាព វិបុលភាព និងផលប្រយោជន៍របស់ខ្លួន ក៏ដូចជាធ្វើសមាហរណកម្មខ្លួនទៅក្នុងប្រព័ន្ធច្បាប់អន្តរជាតិ ចូលរួមចំណែកថែរក្សាសណ្តាប់ធ្នាប់គតិយុត្ត នៅលើសាកលលោក ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូល ជាទីមេត្រី!
ដើម្បីទ្រទ្រង់ទៅដល់ដំណើរនៃការអភិវឌ្ឍ ការកសាងរដ្ឋ និងការកសាងប្រជាជាតិជឿនលឿន រឹងមាំ មានភាពធន់ ហើយជម្នះបានរាល់ឧបសគ្គ និងការប្រឈមនានា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំកម្ពុជា២០៥០ របស់ខ្លួន, ការបណ្តុះគំនិត និងការប្រកាន់គោលការណ៍នីតិរដ្ឋ គុណតម្លៃនៃការគោរពច្បាប់ដោយផ្អែកលើប្រព័ន្ធច្បាប់ ដែលមានឯកភាព ប្រសិទ្ធភាព សមានគតិភាព(Legal relevancy) ឧត្តមានុភាពគតិយុត្ត (Legal supremacy) និងសន្តិសុខគតិយុត្ត គឺជាខឿនដែលមិន អាចខ្វះបាន សម្រាប់កម្ពុជា នៅក្នុងការកែទម្រង់ប្រព័ន្ធច្បាប់នេះ។
អាស្រ័យហេតុនេះ ខ្ញុំបានសម្រេចកំណត់ចក្ខុវិស័យ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ឱ្យធ្វើជា “និម្មាបនករនៃប្រព័ន្ធច្បាប់និងវប្បធម៌នីតិរដ្ឋ ស្របតាមគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជាផង និងគុណតម្លៃសាកលផង”។
ដើម្បីសម្រេចចក្ខុវិស័យដ៏ថ្លៃថ្លានេះ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវបំពេញបេសកកម្មដ៏មានសារៈសំខាន់មួយគឺ ដឹកនាំនិងសម្របសម្រួលការកែទម្រង់ច្បាប់កម្ពុជា ឱ្យទៅជាប្រព័ន្ធច្បាប់មួយដែលមានឯកភាព ប្រសិទ្ធភាព សមានគតិភាព ឧត្តមានុភាពគតិយុត្ត និងសន្តិសុខគតិយុត្ត ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ និងបរិការណ៍កម្ពុជា។
ដូចអ្វីដែល ឯកឧត្តម វង្សី វិស្សុត ទើបបានបញ្ជាក់អម្បាញ់មិញ, បេសកកម្មជាសារវន្តនេះ ត្រូវអនុវត្ត ទៅតាមជំហានយុទ្ធសាស្រ្តចំនួន ៤ គឺ៖
ទី១- ដឹកនាំនិងសម្របសម្រួលចងក្រង និងផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តដើម្បីធានាពិនិត្យានុភាពគតិយុត្ត (Legal accessibility)
ទី២- ដឹកនាំនិងសម្របសម្រួលរៀបចំក្របខ័ណ្ឌតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីធានាសុខដុមនីយកម្មគតិយុត្ត (Legal harmonization)
ទី៣- ដឹកនាំនិងសម្របសម្រួលការពិនិត្យនិងវាយតម្លៃគុណភាព និងប្រសិទ្ធភាព នៃការតាក់តែងនិងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីធានាអត្តសញ្ញាណឬឯកសណ្ឋាននៃប្រព័ន្ធច្បាប់ខ្មែរ (Identity or uniformity of Khmer legal system)
ទី៤- ដឹកនាំនិងសម្របសម្រួលរៀបចំក្របខ័ណ្ឌដោះស្រាយវិវាទគតិយុត្ត និងការពារនីត្យានុកូលភាព (Legality) ដើម្បីធានាបញ្ញានុភាព (Intelligibility) និងបូរណភាព (Integrity) នៃប្រព័ន្ធច្បាប់ ព្រមទាំងរក្សាចីរភាពនៃវប្បធម៌នីតិរដ្ឋ (Sustainability of “Rule of Law” culture) នៅកម្ពុជា ។
នៅក្នុងទស្សនវិស័យនេះ ខ្ញុំសូមផ្តល់អនុសាសន៍គន្លឹះជាអាទិភាពចំនួនបួនប្រការ សម្រាប់កិច្ចការកែទម្រង់ច្បាប់ ចំពោះមុខ ដូចតទៅ៖
ទី១– គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការចាប់ផ្តើមរៀបចំនីតិវិធីដាក់ឱ្យដំណើរការគណៈកម្មការជំនាញទាំង៤ វិស័យ ជាមួយក្រុមការងារកែទម្រង់ច្បាប់ នៃក្រសួង ស្ថាប័ន ប្រកបដោយភាពប្រទាក់ក្រឡាគ្នា ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ព្រមទាំងរៀបចំផែនការសកម្មភាពចូលរួមអនុវត្តក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ឱ្យសម្រេចជាលទ្ធផលជាក់ស្តែង ស្របតាមសូចនាករសមិទ្ធកម្មគន្លឹះ ដែលបានកំណត់តាមជំហានយុទ្ធសាស្រ្តទាំងបួនដំណាក់កាល។
ទី២– គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការរៀបចំនិងដាក់ឱ្យដំណើរការគណៈកម្មាធិការជាតិការពារនីត្យានុកូលភាព ស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីដោះស្រាយវិវាទគតិយុត្ត និងធានាសង្គតិភាព នៃការអនុវត្តច្បាប់ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាក់ស្តែង នៃការធានាសន្តិសុខគតិយុត្ត និងឯកសណ្ឋានភាពឬឯកភាពនៃការអនុវត្តច្បាប់។ ទន្ទឹមនេះ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការរៀបចំនិងដាក់ឱ្យដំណើរការគណៈកម្មាធិការជាតិភាសាច្បាប់ ដើម្បីធានាសង្គតិភាព និងឯកភាព នៃការប្រើប្រាស់ពាក្យច្បាប់ និងភាសាច្បាប់ ទាំងសម្រាប់នីតិសាមញ្ញ និងនីតិវិសេស។
ទី៣– គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវចាត់ចែងរៀបចំនិងដាក់ឱ្យអនុវត្ត នូវមគ្គទេសក៍នៃសិល្បសាស្រ្តនីតិកម្ម ឬនីតិនិពន្ធវិទ្យា (Guide de Légistique) និងមគ្គទេសក៍នៃក្រមូបនីយកម្ម ឬនីតិក្រមវិទ្យា (Guide de Codistique) ដើម្បីធានាសង្គតិភាព និងប្រសិទ្ធភាព នៃការពិនិត្យ លើការតាក់តែងខ្លឹមសារច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដែលរៀបចំព្រាងដោយក្រសួង ស្ថាប័នជំនាញ និងចងក្រង ជាកម្រងច្បាប់ ឬនីតិក្រម ទៅតាមវិស័យ ច្បាប់ជំនាញនីមួយៗ ប្រកបដោយតក្កវិជ្ជាគតិយុត្ត និងនវានុវត្តន៍នីតិសាស្រ្ត (Legal innovation)។
ទី៤– គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល (ទម្រង់ទន់)។
ដើម្បីសម្រេចវិធានការអាទិភាពទាំង៤ប្រការខាងលើនេះ ខ្ញុំសូមលើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័ន, ដៃគូអភិវឌ្ឍ, វិស័យឯកជន និងតួអង្គពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមចំណែកយ៉ាងសកម្ម, អន្តរសកម្ម និងបុរេសកម្ម ស្របតាមមុខងារនិងភារកិច្ច ជាធរមាន និងក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ឈានទៅសម្រេចចេញលទ្ធផលជាក់ស្តែង ជាឧត្តមប្រយោជន៍ដល់ការពង្រឹងវប្បធម៌នីតិរដ្ឋ នៅកម្ពុជា ជាពិសេសដើម្បីបង្កើនជំនឿ ទុកចិត្តរបស់ប្រជាពលរដ្ឋ វិនិយោគិន និងវិស័យ ឯកជន មកលើប្រព័ន្ធច្បាប់កម្ពុជា។
មុននឹងបញ្ចប់, ខ្ញុំសូមសម្តែងនូវមូលវិចារណ៍ដ៏ថ្លៃថ្លា ជូនចំពោះគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ក្រោមការដឹកនាំនិងសម្របសម្រួលរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធាន គ.ក.ច. ព្រមទាំង ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន និងតួអង្គ ពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម នាពេលកន្លងមក ក្នុងការរៀបចំក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល ដ៏មានសារៈសំខាន់នេះ រហូតសម្រេចបានជោគជ័យយ៉ាងឆាប់រហ័ស គួរឱ្យកោតសរសើរ។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងអង្គពិធីទាំងមូល សូមបានប្រកបដោយព្រះពុទ្ធពរ និងពរទាំង ៥ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
ខ្ញុំសូមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» ចាប់ពីពេលនេះតទៅ។
សូមអរគុណ!