– ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;
– ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត បណ្ដាប្រទេសនានាប្រចាំកម្ពុជា;
– គណៈធិបតី ភ្ញៀវកិត្តិយស បណ្ដាដៃគូអភិវឌ្ឍន៍ លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស អង្គពិធីទាំងមូល និងជនរួមជាតិជាទីស្រឡាញ់!
ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានមកចូលរួមប្រារព្ធ «ទិវាមច្ឆជាតិ ១ កក្កដា លើកទី ២០» ដែលជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់នៅបឹងទន្លេបាទី, ក្នុងឃុំក្រាំងធ្នង់, ស្រុកបាទី, ខេត្តតាកែវ ។ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យក ថ្ងៃទី ១ ខែ កក្កដា ប្រារព្ធ ទិវាមច្ឆជាតិ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យគ្រប់តួអង្គពាក់ព័ន្ធ, ជាពិសេស ប្រជាពលរដ្ឋ និងប្រជានេសាទមូលដ្ឋាន ចូលរួមការពារ និង អភិរក្សធនធានជលផលធម្មជាតិ ឱ្យស្ថិតស្ថេរគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។ ម្យ៉ាងទៀត, ការកំណត់ឱ្យមានរដូវបិទនេសាទទឹកសាប ចាប់ពីដើមខែ មិថុនា ដល់ចុងខែ តុលា គឺដើម្បីទុកពេលឱ្យត្រីពង, បន្តពូជ និង រីកលូតលាស់ធំធាត់នៅរដូវទឹកឡើង លើក កម្ពស់ផលិតភាពនេសាទនៅរដូវទឹកស្រក និងពង្រឹងចីរភាពនៃធនធានត្រី និងភោគផលនេសាទ ។
តាមរយៈរបាយការណ៍របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំពិតជារីករាយ ដែលបងប្អូនប្រជាពលរដ្ឋឃុំវិហារធំ, ស្រុកកំពង់សៀម, ខេត្តកំពង់ចាម ដែលជាទីតាំងរៀបចំ ទិវាមច្ឆជាតិលើកទី ១៩ កាលពីឆ្នាំ ២០២៤ កន្លងទៅ, សប្បាយរីករាយនឹងភោគផលនេសាទច្រើនជាងមុន ។ ការណ៍នេះ, បានឆ្លុះបញ្ចាំងឱ្យឃើញនូវលទ្ធផលដ៏ល្អប្រសើរ នៃការគ្រប់គ្រង និងការអភិរក្សធនធានជលផលធម្មជាតិ, ជាពិសេស សារប្រយោជន៍នៃការប្រារព្ធមច្ឆទិវារៀងរាល់ឆ្នាំ ។ កាលពីខែ ធ្នូ ឆ្នាំ ២០២៤, ខ្ញុំក៏បានឆ្លៀតពេលចុះពិនិត្យការប្រមូលផលត្រីប្រហុកនៅតាមដាយត្រី, ក្នុងស្រុកពញាឮ, ខេត្តកណ្តាល និង បានកត់សម្គាល់ឃើញថា ផលត្រីប្រហុកមានកំណើនខ្ពស់ ដែលផ្តល់ជាស្បៀងអាហារដល់ប្រជាពលរដ្ឋទូទាំងប្រទេស ។ ខ្ញុំសូមយកឱកាសនេះ, អបអរសាទរប្រហុកសៀមរាប ដែលត្រូវបានចុះបញ្ជី ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) កាលពីខែឧសភាកន្លងទៅ ក្រោមការដឹកនាំរបស់ក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ព្រមទាំងដៃគូអភិវឌ្ឍ និង វិស័យឯកជន ។
ទន្ទឹមនេះ, ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារដ៏ល្អប្រសើរ ដែលថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ សម្រេចបានក្នុងវិស័យកសិកម្មទាំងមូល រួមទាំងអនុវិស័យជលផល ដើម្បីធានាសន្តិសុខស្បៀង, លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និង គាំទ្រកំណើនសេដ្ឋកិច្ចជាតិ ។ ជាមួយគ្នានេះ, ខ្ញុំក៏សូមថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់ក្រសួង-ស្ថាប័ន, កងយោធពលខេមរភូមិន្ទ, រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរ មានសមត្ថកិច្ច ដែលបានចូលរួមសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងស្មារតី «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីសម្រេចគោលដៅរួម ក្នុងការទប់ស្កាត់ និង បង្ក្រាបការទន្ទ្រានដីព្រៃលិចទឹក និងបទល្មើសនេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញធ្ងន់ធ្ងរ សំដៅពង្រឹងការគ្រប់គ្រង និងការអភិរក្សធនធានជលផលធម្មជាតិប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) បរិមាណត្រីកើន តម្លៃសមរម្យ ដោយសារការសហការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់
នេះជាកិច្ចការសំខាន់។ វាជាការងារសរុបរបស់យើង។ ត្រីនៅក្នុងទន្លេ និងបឹង ប៉ុន្តែផលគឺបានទាំងអស់គ្នា មិនថាអ្នកនៅជាប់(ទន្លេ/បឹង) អ្នកនេសាទ ឬអ្នកបរិភោគ ឬអ្នកលក់នៅផ្សារក៏ដោយ។ បើបរិមាណកើន អញ្ចឹង ជាពិសេសចំណីអាហារពីត្រី គឺធ្វើឱ្យសំរេចបានសន្តិសុខស្បៀង រហូតដល់យើងមានប្រហុក(សៀមរាបបានចុះបញ្ជីអំពីម៉ាកសំគាល់)។ បើ(រឿង)ប្រហុក ខ្ញុំធ្លាប់(ប្រាប់អ្នក)នៅក្រៅប្រទេស។ ប្រទេសបារាំងអី គេមាន cheese ហើយគេសួរកម្ពុជាមានអី? ខ្ញុំថាមាន cheese ស្រុកខ្មែរគឺប្រហុក។ អ្វីដែលសំខាន់ គឺការកើនឡើងនៃត្រីឆ្នាំនេះគួរឱ្យកត់សំគាល់។ ខ្ញុំទៅមើលដាយត្រី ក៏ឃើញ(ថាត្រីសម្បូរ)។ នៅផ្សារ(ក៏សម្បូរត្រីលក់)។ (មានការ)បង្ហោះតាមហ្វេសប៊ុក ដែលឃើញបរិមាណត្រីកើនឡើង។ តម្លៃសមរម្យ ដែលធានានូវតម្លៃមិនកើនសម្រាប់អ្នកហូប។ ប៉ុន្តែអ្វីដែលសំខាន់ គឺកើតឡើងពីការចូលរួមសហការគ្នាក្នុងការថែរក្សា ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់។
ប្រជានេសាទដែលធ្វើបទល្មើស ឬមួយប្រើប្រាស់ឧបករណ៍ខុសច្បាប់ មួយចំនួនជា(បទល្មើស)ខ្នាតធំ។ ប៉ុន្តែប្រជាជនមួយចំនួនក៏ប្រើឧបករណ៍(តូចតាច)ដែលប៉ះពាល់(ផងដែរ)។ អញ្ចឹង យើងត្រូវគិតពីការនេសាទដែលបម្រើឱ្យការលក់ដូរ រវាងការនេសាទគ្រួសារ(និង)ការនេសាទយកទៅធ្វើអាជីវកម្ម ដើម្បីយកមកចែកចាយប្រជាពលរដ្ឋដែលមិនមែនជាអ្នកនេសាទ ប៉ុន្តែត្រូវធ្វើនៅក្នុងកម្រិតណាមួយដែលស្របច្បាប់ ដើម្បីអ្នកនេសាទតូចតាចរកបានផល។ អញ្ចឹង ខ្ញុំសូមអរគុណដល់ការប្រើប្រាស់កម្លាំងសរុប ដែលមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ជាពិសេស កងយោធពលខេមរភូមិន្ទ កងទ័ពជើងគោកនោះ បូកជាមួយនឹងមន្រ្តីជលផល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់។ សូមបន្តការងារនេះ ឱ្យដូចភ្លៀងរលឹម កុំធ្វើតែម្ដងហើយចប់។ យើងឃើញថាប្រជាពលរដ្ឋយើងសប្បាយរីករាយ។ ខ្ញុំ(ឮ)អ្នកលក់គាត់រអ៊ូថា ត្រីច្រើនពេកលក់មិនអស់។ ខ្ញុំថា ល្អណាស់! ដែលមានត្រីច្រើនលក់មិនអស់ ហើយតម្លៃសមរម្យសម្រាប់អ្នកហូប ជាជាងអត់ត្រី ហើយលក់ថ្លៃ។ អញ្ចឹង (នេះរាប់ថាជាជោគជ័យនៃ)ការធានាផលត្រីក្នុងបឹង(ទន្លេ)ធម្មជាតិរបស់យើង។ ប្រជាពលរដ្ឋក៏ត្រូវថែរក្សា ខិតខំធ្វើការងារនេះបន្ត។
[ចប់សេចក្ដីអធិប្បាយ១]
ការណ៍នេះ គឺជាលទ្ធផល បង្ហាញថាវិស័យកសិកម្មកម្ពុជាមានភាពធន់ចំពោះការប្រែប្រួលអាកាសធាតុ និង វិបត្តិខាងក្រៅ និង មានលទ្ធភាពទ្រទ្រង់សន្តិសុខស្បៀងពេញលេញ ក្នុងគ្រប់កាលៈទេសៈ ដោយបញ្ចៀសបានទាំងស្រុងនូវវិបត្តិស្បៀងអាហារ, មិនថា ក្នុងស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ឬគ្រោះធម្មជាតិ ឬភាពតានតឹងនៃភូមិសាស្រ្តនយោបាយក្នុងតំបន់ និង ពិភពលោក ។ ជាងនេះទៀត, ការសម្រេចលុបឡូត៍នេសាទ ក្នុងឆ្នាំ២០១២ ដោយ សម្តេចតេជោ ពិតជាបានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនថែមទៀត ដល់ប្រជានេសាទ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ។
ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំក៏សូមចូលរួមអបអរសាទរក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលសេចក្តីព្រាងច្បាប់ស្តីពីជលផល ទទួលបានការសម្រេចយល់ព្រមពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២៤ និង ត្រូវបានអនុម័តដោយរដ្ឋសភា កាលពីថ្ងៃទី ២២ ខែ ឧសភា និង ដោយព្រឹទ្ធសភា កាលពី ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៥ កន្លងទៅ ។ បន្ទាប់ពី ព្រះករុណា ព្រះមហាក្សត្រ ឡាយព្រះហស្តលេខា ប្រកាសឱ្យប្រើនាពេលខាងមុខ, ច្បាប់ស្តីពីជលផលនឹងក្លាយជាឧបករណ៍គតិយុត្តថ្មី ស្របនឹងបច្ចុប្បន្នភាពនៃស្ថានភាពសង្គម-សេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា ក្នុងការពង្រឹងការគ្រប់គ្រង, អភិរក្ស និងអភិវឌ្ឍធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ។
សមិទ្ធផលដ៏ប្រសើរថ្លៃថ្លាទាំងអស់នេះ ពិតជាមិនអាចកាត់ផ្តាច់ចេញបានពីមូលដ្ឋានគ្រឹះ ដ៏រឹងមាំនៃកត្តាសុខសន្តិភាព និង ស្ថិរភាពនយោបាយពេញលេញនៅទូទាំងប្រទេស ដែលប្រសូត្រចេញពី នយោបាយឈ្នះ-ឈ្នះ និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
ក្នុងនោះ កិច្ចការធ្វើការកែទម្រង់ស៊ីជម្រៅក្នុងវិស័យកសិកម្ម ត្រូវបានដាក់ចេញជាបន្តបន្ទាប់ តាមរយៈ គោលនយោបាយ និង យុទ្ធសាស្រ្តជំរុញផលិតកម្ម និង បង្កើនទិន្នផល ចាប់តាំងពីឆ្នាំ ១៩៨៧ ដើម្បីផ្ទេរពីការអភិវឌ្ឍបែបបើកទូលាយ មកជាការអភិវឌ្ឍបែបស៊ីជម្រៅ តាមរយៈ ការដោះស្រាយទឹក, ការបង្កើនការដាំដុះ, ការធ្វើប្រពលវប្បកម្មលើផ្ទៃដី ដែលមាន ព្រមទាំងការស្រាវជ្រាវ, ការប្រើប្រាស់បច្ចេកវិទ្យា និង ពូជថ្មីៗ ការធ្វើទំនើបកម្មគ្រឿងយន្តកសិកម្ម ការដាក់ចេញ គោលនយោបាយអនុគ្រោះពន្ធដល់វិស័យកសិកម្ម និង ការបង្កើនផ្ទៃដីផលិតកម្ម ។
ដើម្បីថែរក្សាសមិទ្ធផលប្រវត្តិសាស្ត្រ ដែលសម្រេចបានក្រោមការដឹកនាំ និង ប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ជាពិសេស សុខសន្តិភាព, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ក៏ដូចជា ដើម្បីបង្កើនល្បឿនការអភិវឌ្ឍប្រទេសជាតិ និងឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញ និងជំរុញអនុវត្ត ក្នុងស្មារតីបុរេសកម្ម និងការទទួលខុសត្រូវនូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ សំដៅលើកកម្ពស់ «កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព» ។ ជាលទ្ធផល, ទោះបីពិភពលោកស្ថិតក្នុងកំដៅនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចស្មុគស្មាញ, ការពិបាកព្យាករណ៍ទុកជាមុននៃសេដ្ឋកិច្ចពិភពលោក, ជម្លោះពាណិជ្ជកម្ម និង សង្គ្រាមក្នុងតំបន់មួយចំនួន ដែលបាន និង កំពុងមានកម្មវិបាកអវិជ្ជមានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្តី, រាជរដ្ឋាភិបាលនៅតែជម្នះបានគ្រប់ឧបសគ្គ និងសម្រេចបានកំណើនសេដ្ឋកិច្ចល្អប្រសើរជាបន្តបន្ទាប់ ។
ក្នុងវិស័យកសិកម្ម, រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាព ដើម្បីធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និង ទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាតុល្យភាពរវាងការអភិរក្ស និង ការអភិវឌ្ឍ ។ ជាក់ស្តែង, តាមរយៈ ការអនុវត្តនូវគោលនយោបាយដែលបានដាក់ចេញ ក្នុងស្មារតីបុរេសកម្ម និងប្រកបដោយប្រសិទ្ធភាព, វិស័យកសិកម្មកម្ពុជាបន្តរក្សាបាននូវភាពរឹងមាំ, ភាពធន់ និង រួមចំណែកយ៉ាងសំខាន់ ក្នុងការបន្ធូរបន្ថយផលប៉ះពាល់ជាអវិជ្ជមានមកលើសេដ្ឋកិច្ចជាតិ, ជាពិសេស បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ និង កង្វះអាហារូបត្ថម្ភ ព្រមទាំងចូលរួមកាត់បន្ថយអតិផរណាតម្លៃស្បៀងក្នុងប្រទេស, ទោះបីកម្ពុជាជួបបញ្ហាគ្រោះធម្មជាតិជាច្រើនលើក ហើយខណៈដែលពិភពលោកជួបប្រទះវិបត្តិសកលជាបន្តបន្ទាប់ក្តី ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(២) សន្តិសុខស្បៀងសំដៅលើសមត្ថភាពផ្គត់ផ្គង់ចំណីអាហារមានជីវជាតិ បរិមាណគ្រប់គ្រាន់ ធានាសុខភាព
ពាក់ព័ន្ធនឹងសន្តិសុខស្បៀង គឺសំដៅទៅលើសមត្ថភាពក្នុងការផ្គត់ផ្គង់ចំណីអាហារជូនប្រជាពលរដ្ឋ ដែលមានជីវជាតិនិងបរិមាណគ្រប់គ្រាន់ ដើម្បីធានាឱ្យប្រជាជនមានសុខភាពល្អ។ រឿងនេះ មិនមែនមកដោយស្វ័យប្រវត្តិនោះទេ។ មានប្រទេសច្រើននៅលើពិភពលោក ដែលមានបញ្ហាសន្តិសុខស្បៀង។ យើងមើលតែនៅក្នុងហ្វេសប៊ុក ប្រទេសមួយចំនួននៅអាហ្វ្រីក កូនក្មេង(ស្គម ដោយសារ)គ្មានជីវជាតិ(ចិញ្ចឹមរាងកាយ) ដោយសារកង្វះ(អាហារូបត្ថម្ភ)។ ប្រទេសនៅក្នុងតំបន់សង្រ្គាម ដូចជាតំបន់ហ្គាហ្សា សមត្ថភាពនៅក្នុងការផ្គត់ផ្គង់ចិញ្ចឹមប្រជាពលរដ្ឋរាប់សែនរាប់លាននាក់ មានការលំបាក(នៅក្នុងផ្គត់ផ្គង់ចំណីអាហារ) មនុស្សស្លាប់ដោយសារការអត់អាហារ។ រឿងនេះមិនមែនជាការចៃដន្យទេ។
នៅកម្ពុជា មកដល់ពេលនេះ ទោះបីជាក្នុងស្ថានភាពលំបាក ដូចជាការបិទខ្ទប់នៅក្នុងជំនាន់កូវីដ-១៩ ក៏យើងធានាបាននូវសន្តិសុខស្បៀង។ សូម្បីតែនៅក្នុងការបិទច្រកព្រំដែនក្នុងបញ្ហាបច្ចុប្បន្នដោយប្រទេសជិតខាងនេះ ក៏កម្ពុជាធានា(សន្តិសុខស្បៀង)បានបែបនេះ។ សួរថា តើកម្ពុជាធ្លាប់ប្រឈមនឹងបញ្ហាសន្តិសុខស្បៀងឬទេ? យើងធ្លាប់។ ចេញពីជំនាន់ ប៉ុល ពត មកភ្លាម ផលិតភាពរបស់យើងនៅមានការលំបាក។ ពេលនោះ សូម្បីតែឪពុករបស់ខ្ញុំ ជារដ្ឋមន្រ្តីការបរទេស ព្រឹកឡើង(គាត់)ជិះឡានទៅបើករបប ដែលបានតែនំបុ័ងប៉ុន្មានដើមទេ សម្រាប់មួយគ្រួសារ។ ប្រជាពលរដ្ឋខ្លះ រៀបចំ(សំភារៈផ្សេងដោយខ្លួនឯង) ជាសាប៊ូអីជាដើម មិនដូចរាល់ថ្ងៃដែលមានលុយទៅទិញបាននៅផ្សារទេ។ យើងមានបញ្ហាបែបនេះ ដោយសារសង្រ្គាម។
(៣) សង្គ្រាមធ្វើឱ្យកម្ពុជាក្លាយពីប្រទេសផលិតស្បៀងនៅក្នុងតំបន់អាស៊ី ជំនាន់សង្គមរាស្រ្តនិយម ទៅនាំស្បៀងពីក្រៅប្រទេសមកចិញ្ចឹមប្រជាជន
ខ្ញុំធ្លាប់ជួបជាមួយទូតរបស់អាមេរិកាំងម្ដងនោះ យើងនិយាយគ្នាអំពីបំណុលដែលកម្ពុជាជំពាក់អាមេរិកាំងពីជំនាន់ លន់ នល់។ ខ្ញុំថា ឥឡូវមានវិកយបត្រ(ដែលបញ្ជាក់ថា)ហ្នឹងជាជំនួយសង្រ្គាម ឬជំនួយសព្វាវុធប្រយុទ្ធទេ។ ទូតអាមេរិកបាននិយាយថា មិន(មែនជាជំនួយសព្វាវុធទាំងអស់)ទេ។ មួយផ្នែក មានការនាំចូលស្បៀង ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរនៅពេលនោះ។ ខ្ញុំប្រាប់គាត់ថា “ឯកឧត្តម! មុនរដ្ឋប្រហារនៅឆ្នាំ១៩៧០ (មុននឹង)ខ្មែរធ្លាក់ចូលសង្រ្គាម កម្ពុជាមិនដែលមានបញ្ហាខ្វះស្បៀងទេ។ ដោយសារសង្រ្គាម បានជាត្រូវនាំចូលស្បៀង ហើយគិតលុយជំពាក់ទៀត”។ អញ្ចឹង ក្នុងប្រវត្តិ មិនមែនកម្ពុជាសម្បូរសប្បាយថាពីដើមឡើយមានរហូតទេ។ សម័យអង្គរយើងផលិតស្បៀង យើងមានបារាយណ៍ មានប្រព័ន្ធ(អ្វីៗផ្សេងៗ) មានអំណាចចិញ្ចឹមទ័ពអីបាន ប៉ុន្តែចន្លោះហ្នឹង ក៏យើងធ្លាប់មានបញ្ហាប្រឈម ជាពិសេសនៅពេលប្រទេសមានកលយុទ្ធ។
នយោបាយឈ្នះឈ្នះ ជួយឱ្យយើងបញ្ចប់សង្រ្គាម ធានាបានសុខសន្តិភាព។ ពេលដែលវាយគ្នា មានអ្វីកើតឡើង? ផ្ទៃដីច្រើនណាស់មិនបានប្រើប្រាស់សម្រាប់ដាំដុះទេ។ សុទ្ធតែមីន និងកន្លែងទំលាក់គ្រាប់បែក។ មើលរូបកាលជំនាន់ លន់ នល់ វាយគ្នាជាមួយទ័ពខ្មែរក្រហម គឺយកវាលស្រែជាលេណដ្ឋានប្រយុទ្ធ។ មិនដូចអ្នកតាកែវឥឡូវ។ ខ្ញុំឮថាកន្លែងខ្លះលែងចង់ប្រើគោទៅហើយ ប្រើសុទ្ធតែគោយន្ត។ ត្រូវទេ? កន្លែងខ្លះ អ្នកចិញ្ចឹមគោហ្នឹង កាប់ក៏មិនកាប់ ចិញ្ចឹមព្រោះស្រលាញ់។ ទុកមើល។ មិនដូចឥឡូវទេ។ កាលនោះវាយគ្នា គោយន្តក៏ខ្ទេចដែរ គ្មានទាំងលុយផង ព្រោះតែមិនអាចផលិត រហូតទៅដល់នាំស្បៀងពីក្រៅប្រទេសមកចិញ្ចឹម(ប្រជាជន)។ (នេះជារឿងរ៉ាវស្បៀងនៃ)ប្រទេសមួយដែលជាកន្លែងផលិតស្បៀងនៅក្នុងតំបន់អាស៊ី ជំនាន់សង្គមរាស្រ្តនិយម។
(៤) សន្តិភាព មិនត្រឹមតែបញ្ឈប់ការវាយគ្នារវាងខ្មែរនិងខ្មែរទេ តែបើកផ្ទៃដីអតីតសមរភូមិឱ្យប្រជាជនបង្កបង្កើនផលបាន
សម័យសង្រ្គាម កម្លាំងពលកម្មដែលមិនធ្វើកសិកម្ម (ឬថា)កូនចៅមួយចំនួនទៅធ្វើមុខរបរផ្សេង ដើម្បីបានចំណូលចូលផ្ទះ។ តែពេលមានសង្រ្គាម គឺមិនបានធ្វើការរកចំណូលទេ គឺ(មានតែ)ច្បាំងគ្នាស្លាប់រស់។ ម្សិលម្ង៉ៃ ខ្ញុំឃើញការបង្ហោះហ្វេសប៊ុក កាលពីឆ្នាំកៅជាង។ ទាហានអាយុ ១៣-១៤ ឆ្នាំទាំងសងខាង ព្រោះមនុស្សធំមានរបួសស្លាប់សឹងតែអស់ទៅហើយ។ ដល់ពេលចាប់ផ្ដើមវាយគ្នាកាន់តែខ្លាំង ទាំងសងខាងអស់មនុស្សធំ ប្រុសៗរបួសពិការ យកក្មេងៗចូល(ច្បាំង)។ រូបមួយដែលនៅក្នុងវិមានឈ្នះឈ្នះ មានក្មេងម្នាក់ ជាទាហានរបស់ខ្មែរក្រហម កាន់កាំភ្លើង AK (ដែល)វែងជាងខ្លួន ព្រោះគាត់ទាប។ ក្មេងសម័យបច្ចុប្បន្ននេះ កំពុងតែរៀន។ តែពេលសង្រ្គាម យើងត្រូវការមនុស្សទៅវាយគ្នា(មិនថាក្មេងឬចាស់)។ ថវិកាជាតិ ចំណាយច្រើនណាស់ទៅលើការទិញគ្រាប់ ដើម្បីប្រយុទ្ធគ្នាកាលយើងមានសង្រ្គាម។
នេះគឺជាភាពហិនហោច ដែលធ្វើឱ្យប្រទេសមួយក្នុងរយៈពេលប៉ុន្មានឆ្នាំសោះ មុនរដ្ឋប្រហារឆ្នាំ១៩៧០ ធ្លាប់តែជាធានាបានសន្តិសុខស្បៀង ហើយនាំផលិតផលកសិកម្មមួយចំនួនទៅក្រៅ វាយគ្នាតែមួយឆ្នាំពីរឆ្នាំបីឆ្នាំ ទៅជាប្រទេសដែលទិញស្រូវ ទិញស្បៀងពីក្រៅ យកមកផ្គត់ផ្គង់ប្រជាជន ហើយនៅជំពាក់គេដល់រាល់ថ្ងៃ។ សន្តិភាព និងនយោបាយឈ្នះឈ្នះ មិនត្រឹមតែបញ្ឈប់ការវាយគ្នារវាងខ្មែរនិងខ្មែរទេ តែបើកផ្ទៃដីដែលជាអតីតសមរភូមិ(ឱ្យប្រជាជនបង្កបង្កើនផលបាន)។ បងប្អូនទៅមើលនៅទិសខាងលិច តំបន់សំឡូត ម៉ាឡៃ ភ្នំព្រឹក ខ្ញុំទៅកាលពី ៥-៦ ឆ្នាំមុន។ កន្លែងហ្នឹង គឺអតីតសមរភូមិស៊ីសាច់ហុតឈាម។ ពេលយើងធ្វើផ្លូវ(ហើយ) ចាប់ផ្ដើមសុទ្ធតែដំឡូងមី សុទ្ធតែ(ដំណាំកសិកម្ម)ពេញហ្នឹង ហើយមានភូមិថ្មីមួយ។ បីបួនគ្រួសារនៅហ្នឹង សុទ្ធតែអ្នកតាកែវ។ គាត់មានផ្ទះនៅតាកែវ ប៉ុន្តែឃើញឱកាសនៅនោះ មានដីទើបបើកថ្មី គាត់(ប្រមូលគ្នា)ទៅបង្កើតភូមិនៅហ្នឹង។ អញ្ចឹងអ្នកតាកែវក៏មានបងប្អូននៅបន្ទាយមានជ័យ នៅភ្នំព្រឹក នៅបាត់ដំបងដែរ។
(៥) ខ្មែររួមគ្នា អាចចល័តនិងរស់នៅបានគ្រប់កន្លែង ធ្វើឱ្យកើនសកម្មភាពសេដ្ឋកិច្ច និងឧស្សាហកម្ម
(ដោយសារតែ)ខ្មែរ(រួមគ្នាជា)តែមួយ ធ្វើឱ្យខ្មែរយើងអាចចល័តគ្រប់កន្លែង រស់នៅបានគ្រប់កន្លែង។ ពេលដែលប្រជាជនទៅ សកម្មភាពសេដ្ឋកិច្ច ឧស្សាហកម្មកើន។ ពេលដែលយើងមានបញ្ហាព្រំដែន យើងបិទច្រកព្រំដែន ខ្ញុំសួរខាងកសិកម្ម សួរខេត្ត សួរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថាអត់មានបញ្ហា។ ឥឡូវ ដំឡូងមីផុតរដូវ។ ក្នុង៥-៦ ខែទៀត បើមានបញ្ហា យើងនៅតែធានាផ្ទៃក្នុងបាន ព្រោះនាំចេញទៅចិន Direct រាប់ម៉ឺនតោន … ឥឡូវយើងធ្វើផ្លូវពីខាងបាត់ដំបង ភ្ជាប់ទៅប៉ៃលិន ទៅសំឡូត ចុះដល់កោះកុង។ យើងមានច្រកចេញ។ អត់លំបាក។ តើយើងមានផលិតផលឬអត់។ យើងមានផលិតផលដោយសារយើងបញ្ចប់សង្រ្គាម។ ប្រជាពលរដ្ឋនៅទីនោះ(អាចបង្កបង្កើនផល) ទាំងមៀនប៉ៃលិន ឬតាង៉ែន ទាំងពោត យើងធានាបាន។ ឥឡូវ យើងត្រៀមលក្ខណៈ បើសិនជាមានភាពរញ៉ីរញ៉ៃរយៈពេលវែង។ នេះហើយគឺជាអ្វីដែលជាផលដែលយើងបាននៅថ្ងៃនេះនៅទីនេះ។
សូម្បីតែកន្លែងនេះ ក៏ដូចគ្នាដែរ។ ខ្ញុំចាំ ខ្ញុំឧស្សាហ៍មកទន្លេបាទីកាលពីនៅក្មេងៗ។ ខានមកយូរ ឥឡូវមានផ្លូវកៅស៊ូ ផ្ទះធំៗ ពេញហ្នឹង។ កាលពីក្មេង មកហែលទឹកនៅទីនេះ។ នេះទីជាកន្លែងដែលពុកបង្រៀនខ្ញុំហែលទឹក។ ទឹកទន្លេបាទីមិនជ្រៅទេ។ គាត់នាំទៅដល់កណ្ដាល។ គាត់ទម្លាក់ឲ្យ(រៀនហែលដោយខ្លួនឯង)។ ពីក្មេង មិនសូវមានកន្លែង(ដើរលេង)ច្រើនទេនៅភ្នំពេញ មិនមែនដូចឥឡូវទៅ(ផ្សារ)អេអន ចង់ទៅកំពង់សោម/កំពតទៅមួយភ្លែត(ដល់)។ កាលនោះ ដើរច្រើនមានតែកៀនស្វាយ និងទន្លេបាទីនេះ។ ជួនកាលធាក់កង់មកដល់ហ្នឹង មួយម៉ោងជាង ឥឡូវផ្លូវធំ។ កន្លែងនេះប្រែប្រួលសម្បើម … ដូចជាមានកសិដ្ឋានចិញ្ចឹមគោគិរីសួគ៌អីនៅម្ដុំហ្នឹង ផលិតទឹកដោះគោចែកចាយទូទាំងប្រទេសផ្គត់ផ្គង់ផ្ទៃក្នុងរបស់យើង។
(៦) សន្តិភាពជាកត្តាមួយសំខាន់ធានាសន្តិសុខស្បៀង
នេះហើយគឺជាសមិទ្ធផលសន្តិភាព។ អ្នកខ្លះថា ឮនិយាយតែពាក្យហ្នឹង(ដដែលៗ) អរគុណសន្តិភាពៗ។ អ្នកឯងកំពុងតែមានសមត្ថភាពទិញ Facebook សិទ្ធិសេរីភាពជេររិះគន់ហ្នឹង ក៏ដោយសារសន្តិភាពហ្នឹងដែរ។ នេះគឺជាផលដែលយើងត្រូវទទួលស្គាល់។ ពេញចិត្តឬមិនពេញចិត្ត យើងត្រូវទទួលស្គាល់ថា។ យើងកំពុងដកដង្ហើមក្នុងសុខសន្តិភាព ដែលបានមកពីនយោបាយឈ្នះឈ្នះ ដែលយើងអស់សង្រ្គាមនៅថ្ងៃនេះ។ ពេញចិត្តឬមិនពេញចិត្ត មាត់អ្នកថាម៉េច ប៉ុន្តែខ្លួនអ្នកកំពុងតែទទួលស្គាល់ការពិតហើយ។ បើសិនជាអ្នកមិនទទួលស្គាល់ផលពីសន្តិភាព អ្នកទៅរស់នៅក្នុងតំបន់សង្រ្គាមទៅ។ ប៉ុន្តែ (សន្តិភាពមាន)គ្រប់កន្លែង(ហើយ) អញ្ចឹងការធានាសន្តិសុខស្បៀងធ្វើឲ្យយើងបានសុខ។ កត្តាមួយសំខាន់ក្នុងការធានាសន្តិសុខស្បៀង គឺសន្តិភាព។
ទី២ (រដ្ឋាភិបាលមាន)គោលនយោបាយច្បាស់លាស់។ ការចែកផលកសិកម្មដល់ប្រជាពលរដ្ឋ គឺផលដែលបានចូលហោប៉ៅប្រជាពលរដ្ឋ។ ជំនាន់ ប៉ុល ពត ក៏ខ្លាំងដែរខាងកសិកម្មហ្នឹង កុំនិយាយ។ មិនមែនសរសើរ ប៉ុល ពត ទេ តែកសិកម្មខ្លាំងជំនាន់នោះ។ ហេតុអីប្រជាជនអត់បាយហូប? ដោយសារគោលនយោបាយ(មិនត្រឹមត្រូវ)។ គេមានស្រូវយកទៅដូរសព្វាវុធដើម្បីធ្វើសង្រ្គាម គេមិនបានចែកផលឲ្យប្រជាពលរដ្ឋស្រួលបួលទេ។ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនតាំងពី១៩៧៩ មក ក្រោយពីរំដោះមក ខំសិក្សាគ្រប់រូបមន្ត ដូចជាដំបូងឡើយចងក្រងជាក្រុមសាមគ្គីដើម្បីប្រមូលមនុស្សដែលនៅសេសសល់មកនៅជាមួយគ្នា ជួយគ្នាធ្វើទៅ។ ក្រោយមក ក៏បង្កើតទៅជាកម្មសិទ្ធឯកជនជូនប្រជាពលរដ្ឋ ហើយមិនត្រឹមតែប៉ុណ្ណោះ ជួយផ្ដល់អាទិភាពទៅដល់វិស័យកសិកម្មច្រើន ដូចជា ដីកសិកម្មមិនយកពន្ធ ឧបករណ៍សម្ភារៈ ជីកសិកម្ម យើងក៏មិនយកពន្ធ។
(៧) រាជរដ្ឋាភិបាលបន្តអនុគ្រោះវិស័យឯកជនក្នុងវិស័យកសិកម្ម ដោយសង់ប្រព័ន្ធធារាសាស្រ្ត បើកទីផ្សារ និងធានាផលិតផលមួយចំនួន
រាជរដ្ឋាភិបាលច្រើនអាណត្តិ តាំងពីអាណត្តិមុនៗ មកដល់អាណត្តិនេះ យើងបន្តអនុគ្រោះទៅដល់វិស័យឯកជនដែលធ្វើការងារក្នុងវិស័យកសិកម្ម។ យើងជួយច្រើន ទាំងការធ្វើប្រឡាយទឹក ប្រព័ន្ធធារាសាស្រ្តនៅទូទាំងប្រទេស។ សូម្បីតែធ្វើហើយ ពេលដែលមានសភាពការណ៍ខ្លាំង ប្រជាពលរដ្ឋមានការលំបាក ហើយពេលខ្លះប្រជាពលរដ្ឋធ្វើលើសផែនការ ក៏យើងត្រូវចុះមកដែរ ខ្ញុំចាំខ្ញុំចុះមកកន្លែងនេះមកមើល គឺបូមទឹកពីទន្លេបាទីទៅដាក់ប្រឡាយមេមួយ … ដើម្បីបងប្អូន(អាច)ធ្វើ។ ខ្ញុំចុះទៅដល់សួរ ឯកឧត្ដម ឌិត ទីណា ចុះប្រឡាយយើងបើក ៤-៥ថ្ងៃហើយ ម៉េចក៏នៅតែអស់? ខ្ញុំចុះទៅមើល មានម៉ាស៊ីនបូមទឹកច្រើនមែនទែន។ ខ្ញុំស្មានតែម្នាក់ៗ ជួលម៉ាស៊ីនគេ។ សួរទៅ អ្នកខ្លះម្នាក់ឯងម៉ាស៊ីន ៨គ្រឿងដើម្បីបូមដាក់ចូលស្រែ … អញ្ចឹងបានថា យើងជួយ។ ទោះបីជារដ្ឋត្រូវចេញថវិកាថ្ងៃប្រេងអីជាដើម ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ។
ទីផ្សារ (យើងខិតខំ)បើកបន្ថែម ដូចជាការជួយអោយមានលំនឹងមួយចំនួន ការធានាផលិតផលមួយចំនួន។ ពិតណាស់ទីផ្សារបរទេសវាឡើងចុះ។ យើងខិតខំភ្ជាប់ បង្កើតទីផ្សារបន្ថែម កុំពឹងលើទីផ្សារតែមួយ។ បើសិនជាយើងពឹងលើទីផ្សារតែមួយ យើងងាប់។ អញ្ចឹងបានជាប្រទេសខ្លាំង គេមើលងាយយើង។ គេថាយើងពឹងលើទីផ្សារគេបិទ។ សាក(តែគេ)បិទ យើងនឹងងាប់ខ្លួនឯង។ ដោយសារកម្ពុជា មើលមកដូចជាមួយរៀលៗចេញទៅពាក់ស្បែកជើងផ្ទាត់ទេ តែជិះសុទ្ធតែឡានទំនើប។ យើងមិនសម្ញែង មិនអួតថាយើងមានសមត្ថភាពទេ ប៉ុន្តែកន្លែងខ្លះគេមើលងាយថាយើងក្រីក្រ។ ប្រទេសកម្ពុជាគ្មានអីទេ។ ប៉ុន្តែ សេដ្ឋកិច្ចរបស់អ្នកខ្លះរាប់ពាន់លាន (បានពី)លុយរបស់ប្រជាជនខ្មែរទេ។ ការគិតគូររបស់រាជរដ្ឋាភិបាល មិនត្រឹមតែក្នុងវិស័យកសិកម្មដែលលក្ខណៈជាការដាំដុះដំណាំនោះទេ។ ការធ្វើនេសាទ ការដាំជាលក្ខណៈយុទ្ធសាស្រ្ត ដូចជា កៅស៊ូ កែច្នៃផ្សេងៗ ដំណាំរួមផ្សំ ការចិញ្ចឹមសត្វ ក៏យើងយកចិត្តទុកដាក់ដែរ ធ្វើយ៉ាងណាដើម្បីធានានូវសន្តិសុខស្បៀងរបស់យើងផ្ទៃក្នុង។
(៨) កម្ពុជាម្ចាស់ការផ្គត់ផ្គង់និងនាំចេញស្រូវអង្ករ និងផលិតផលមួយចំនួន កាត់បន្ថយឬជំនួសការនាំចូល
យើងមិនបិទក្នុងការធ្វើពាណិជ្ជកម្មក្នុងប្រទេសផ្សេងៗ រួមទាំងប្រទេសជិតខាងយើងផង ទាំងកសិកម្មអីជាដើម ប៉ុន្តែយើងត្រូវពង្រឹងសមត្ថភាពក្នុងការធានាផ្ទៃក្នុង។ នេះគឺជាកត្តាសំខាន់ ព្រោះប្រជាពលរដ្ឋយើងមានលុយទៅទិញផលិតផល បន្លែ ផ្លែឈើ ពីក្រៅ ក៏គួរតែរៀបចំពង្រឹងទិញផ្ទៃក្នុងរបស់យើង រួមជាមួយកសិករ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ នេះជាការងារដែលយើងត្រូវធ្វើបន្ត។ មកដល់ម៉ោងនេះ មិនបានគ្រប់មុខ ហើយគ្មានប្រទេសណាមួយដែលអាចដាំ ១ពាន់មុខខ្លួនឯង ឬចិញ្ចឹមសត្វ១រយមុខខ្លួនឯង គ្មានការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង ឬប្រទេសក្រៅទេ ប៉ុន្តែការធានានូវសន្តិសុខស្បៀងរបស់យើង ទី១ និងទី២ ការផ្គត់ផ្គង់ផ្ទៃក្នុងទៅលើផលិតផលមួយចំនួនជំនួសការនាំចូល គឺជាការងារដែលយើងត្រូវធ្វើជាបន្តបន្ទាប់។
មកដល់ម៉ោងនេះ ស្រូវ ផលិតផលមួយចំនួន ពោត ជ្រូក អីមួយចំនួន យើងម្ចាស់ការខ្លួនឯង ហើយនាំចេញទៀត។ យើងដាក់ទិសដៅបង្កើតឲ្យកាន់តែច្រើន កាត់បន្ថយការនាំចូល ឬជំនួសការនាំចូល។ ឧទាហរណ៍ ទោះជាយើងនាំស្រូវអង្កររាប់លានតោនទៅក្រៅក្តី ក៏យើងនៅតែនាំអង្ករប្រភេទខ្លះចូល ព្រោះប្រភេទទាំងនោះយើងមិនផលិតក្នុងស្រុក។ ឧទាហរណ៍ ហាងជប៉ុន គេមិនយកអង្ករក្នុងស្រុកយើងទេ។ គេយកអង្ករដាំនៅជប៉ុននាំចូល។ វាមានតិចតួច។ ហាងឥណ្ឌា គេត្រូវការអង្ករ Basmati។ យើងអត់ដាំទេ។ យើងត្រូវតែនាំចូល។ តែភាគច្រើន របស់នេះគេហៅថារបស់បន្ទាប់បន្សំ ឬរបស់ luxury។ ទោះបីគ្មានរបស់ហ្នឹង យើងក៏មិនស្លាប់។ នេះហើយការធានាសន្តិសុខស្បៀង។ ទោះបីថា បិទច្រកព្រំដែន មិនយកអ្វីមកទាំងអស់ ក៏យើងនៅចិញ្ចឹមខ្លួនឯងបាន។
(៩) គោលនយោបាយពង្រឹងវិស័យអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បច្ចេកវិទ្យា ធ្វើឲ្យអាចតទល់នឹងការគំរាមកំហែងប្រើប្រាស់កម្លាំងប្រដាប់អាវុធ ផ្លូវច្បាប់ និងសេដ្ឋកិច្ច
ខិតខំជំរុញបន្ថែមទៀតក្នុងការងារនេះ និងដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ ដើម្បីយើងបង្ហាញនូវភាពម្ចាស់ការក្នុងកាលៈទេសៈដែលលំបាក។ ឧទាហរណ៍ កាលពី(ពេលរាតត្បាត)កូវីដ១៩ យើងបិទភាគច្រើន។ នៅបើកឡានទំនិញខ្លះ តែវាមិនដូចមុនទេ។ ផលិតផលខ្លះគឺត្រូវបិទទាំស្រុង។ ការមកតាមយន្តហោះអីត្រូវបិទ តែយើងនៅតែធានាបាន ម្ចាស់ការផ្គត់ផ្គង់ផ្ទៃក្នុង។ ឥឡូវ បញ្ហាចំពោះមុខរាល់ថ្ងៃនេះ ក៏បានបង្ហាញឲ្យឃើញនូវគោលនយោបាយដ៏ត្រឹមត្រូវលើច្រើនវិស័យ ដែលអាចឲ្យកម្ពុជាម្ចាស់ការបានក្នុងដំណាក់កាលលំបាកនេះ។ ឧទាហរណ៍ជាក់ស្ដែង រឿងព្រំដែនដែលកំពុងកើតឡើងរាល់ថ្ងៃនេះ។ គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងវិស័យអប់រំ វិស័យសុខាភិបាល វិនិយោគពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទឹក ផ្លូវ ភ្លើង បច្ចេកវិទ្យា អ៊ិនធើណិត រាប់សិបឆ្នាំកន្លងមកនេះ ទាំងរដ្ឋាភិបាល ទាំងវិស័យឯកជន ឧទាហរណ៍តែប៉ុណ្ណេះ បានធ្វើឲ្យយើងអាចតទល់បានដោយងាយស្រួលចំពោះការព្យាយាម និងប៉ុនប៉ងគំរាមកំហែងមកលើកម្ពុជា មិនថាតែតាមការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ឬតាមផ្លូវច្បាប់ និងជាពិសេសផ្នែកសេដ្ឋកិច្ចនេះ ដែលថា បន្តិចៗ បិទច្រកទុកឲ្យកម្ពុជាស្លាប់។ បិទប្រេង ឈប់លក់ឲ្យ ១ខែ កម្ពុជានឹងរលំ ទៅអង្វរគេ។ បិទភ្លើង/អ៊ិនធើណិត ឲ្យកម្ពុជាដាច់ខ្យល់។ មិនអាចធ្វើទៅបានទេ។ គោលនយោបាយយើងធ្វើរាប់សិបឆ្នាំមកហើយនេះ ដែលយើងវិនិយោគម្ចាស់ការសមត្ថភាពខ្លួនឯង។ អញ្ចឹង គ្មាននរណាមកមើលងាយកម្ពុជាបាននោះទេ។
(១០) រៀបចំគោលនយោបាយនិងធ្វើពិពិធកម្ម ជំរុញការអភិវឌ្ឍកសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅទិសខាងលិច ជំរុញការកែច្នៃក្នុងប្រទេសនាំចេញទៅក្រៅ
នេះជាគោលនយោបាយត្រឹមត្រូវ ស្ថានភាពសន្តិសុខ ស្ថិរភាពនយោបាយកម្ពុជា។ សន្តិភាពរបស់យើងធានាបាន។ បើសិនជាគ្មាននយោបាយឈ្នះឈ្នះ ម៉ោងថ្មើរនេះ មួយកំណាត់នៅទិសខាងលិចប្រហែលជាពិបាក ហើយកំពុងតែរត់ទៅពឹងពីលិចពីកើតមកជួយ មានជុំរុំជនភៀសខ្លួន វាយគ្នាពេញហ្នឹង។ តែយើងបញ្ចប់សង្រ្គាម យើងភ្ជាប់កន្លែងដែលជាអតីតគ្រាប់ប្លោង ទៅជាកន្លែងកសិកម្ម មានហេដ្ឋារចនាសម្ព័ន្ធ ប្រជាជនរស់នៅសម្បូរសប្បាយ។ ខ្ញុំបានឲ្យគណៈកម្មការគោលនយោបាយរបស់យើងរៀបចំគោលនយោបាយជំរុញការអភិវឌ្ឍកសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅទិសខាងលិចបន្ថែមទៀត។ កន្លងទៅ យើងជំរុញនៅប៉ូលខាងភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាបទេសចរណ៍។
យើងបានដាក់គោលនយោបាយយោគយល់ និងលើកទឹកចិត្តការវិនិយោគឆ្នាំនេះនៅទិសឦសាន។ ឥឡូវ យើងរៀបចំគោលនយោបាយមួយទៀតរុញកសិ-ឧស្សាហកម្ម ជាពិសេស នៅទិសខាងលិច។ កសិកម្មមិនអាចនិយាយត្រឹមតែការដាំដុះ ហើយលក់ផលិតផលជាវត្ថុធាតុដើមនោះទេ។ ត្រូវនិយាយដល់ការអភិវឌ្ឍកសិ-ឧស្សាហកម្ម ជំរុញការកែច្នៃក្នុងប្រទេសរុញចេញទៅក្រៅដើម្បីធ្វើពិពិធកម្ម។ ខេត្តខាងលិចរបស់យើង បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ភ្ជាប់មកខាងក្រោម ដាក់ជាច្រករបៀងមច្ឆា និងអង្ករជាមួយចិន បូកនឹងប៉ូលនៅខាងនោះ ត្រូវជំរុញការងារបែបនេះដើម្បីធានាជំរុញ(សមត្ថភាពផ្កត់ផ្គង់)។
(១១) មិនកាត់ផ្ដាច់ទំនាក់ទំនងជាមួយប្រទេសជិតខាង តែធ្វើពិពិធកម្មសេដ្ឋកិច្ច និងដៃគូ រកវិធីដកដង្ហើមខ្លួនឯងឲ្យបានច្រើន
ការផលិតមួយចំនួនដូចជាទុរេន តាង៉ែន និងផលិតផលខ្លះទៀត យើងរុញពីខេត្តទិសខាងលិចទៅចិនតែម្ដង។ ពេលជាមួយគ្នា យើងនឹងពង្រឹងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅទៀត។ យើងមិនមែនកាត់ផ្ដាច់ទំនាក់ទំនងជាមួយប្រទេសជិតខាង ឬប្រទេសថៃជាអចិន្ត្រៃយ៍ រហូតទៅដល់ប្រជាជនលែងទំនាក់ទំនងពាណិជ្ជកម្មទៅថ្ងៃក្រោយនោះទេ។ វាជាការលំបាកដល់ប្រជាពលរដ្ឋ តែទោះជាយ៉ាងណាក៏ដោយ យើងត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ច ពិពិធកម្មដៃគូរបស់យើង។ បើសិនជាកន្លែងណាមួយមានបញ្ហា កុំឲ្យថប់ដង្ហើមនៅកន្លែងនោះ កុំពឹងដង្ហើមដកទាំងស្រុង។ យើងត្រូវរកវិធីដកដង្ហើមខ្លួនឯងឲ្យបានច្រើន បូកនឹងការធានាដៃគូឲ្យបានច្រើន។ នេះគឺជាយុទ្ធសាស្រ្តធានាសន្តិសុខ ស្ថិរភាពនៃទីផ្សារ … ក៏ដូចជាការផលិតរបស់យើងត្រូវភ្ជាប់ឲ្យបានច្រើន។ ការរៀបចំបែបនេះធ្វើឲ្យយើងធានាបាន(ស្វ័យម្ចាស់ការ)។ ខ្ញុំគិតថា មួយឆ្នាំដំបូងនេះ រដ្ឋាភិបាលថ្មីបានប្រឈមអស់ហើយត្រឹមថ្ងៃ ១៨សីហា ឆ្នាំទៅ ដែលមានការគ្រោងធ្វើចលនាបដិវត្តពណ៌ផ្ដួលរំលំ ដោយរឿង CLV-DTA ថាវាស្មុគស្មាញបន្តិច។ ក្រោយមក សម្ពាធពាណិជ្ជកម្មពិភពលោកចេញមក។ ឯកឧត្ដម ស៊ុន ចាន់ថុល កំពុងចរចា។ អស់ពីអាហ្នឹង គឺការត្រៀមយកស្មារតីជាតិនិយមរឿងទឹកដីផ្សេងៗ រួមទាំងការប្រើសេដ្ឋកិច្ចជាអាវុធ គ្រោងមកវាយប្រហារគាបសង្កត់។
(១២) “ការលំបាក/ការប្រឈមណាដែលមិនសម្លាប់ គឺធ្វើអោយរឹងមាំ”
(យ៉ាងណាក្តី)ការលំបាក ឬបញ្ហាប្រឈមណា ដែលមិនសំលាប់យើង គឺធ្វើអោយយើងរឹងមាំ។ ដោយសារការព្យាយាមដាក់សម្ពាធគ្រប់បែបយ៉ាង ជាពិសេសប្រើសេដ្ឋកិច្ចជាអាវុធ បន្តិចរឿងគំរាមកាត់ភ្លើង បន្តិចទៅរឿងកាត់អ៊ីនធើណិត និងរឿងឈប់នាំប្រេងចូលនេះហើយ កម្ពុជាបានសំរេចធ្វើកិច្ចការនេះដោយមិនចាំបាច់ឱ្យកាត់ទាន់។ យើងធ្វើដោយម្ចាស់ការ និងមានសមត្ថភាពគ្រប់គ្រាន់ខ្លួនឯង … កាលពីមុន អ្នកខ្លះបានជេររដ្ឋាភិបាលថាទៅហៅចិនមកវិនិយោគលើវារីអគ្គិសនី ហៅអ្នកនេះ/នោះ លក់អោយបរទេសអស់។ មកដល់ម៉ោងនេះ ប្រជាជាពលរដ្ឋយើងចាប់អារម្មណ៍ ជឿលើសម្ដេចតេជោ ថាការសម្រេចចិត្តរបស់រដ្ឋាភិបាលពីមុន មិនមែនសម្រាប់ប្រទេសណាទេ គឺសម្រាប់ផលប្រយោជន៍ជាតិយើងទាំងមូលតែម្ដង។ ឥឡូវនេះ កម្ពុជាមានភាពម្ចាស់ការធានាសន្តិសុខ ការពារកិត្តិយសជាតិ ប្រឆាំងជាមួយការមើលងាយគ្រប់បែបយ៉ាង ជាពិសេសការប្រើប្រាស់សេដ្ឋកិច្ចជាប្រព័ន្ធ។ ខ្ញុំមិនចង់ឆ្លើយទេ ប៉ុន្តែខ្ញុំក៏មិននៅឈរឱបដៃទៀតដែរ។ ពីមុនមក យើងចង់បានសេចក្ដីសុខ។
(១៣) កម្ពុជាអត់ធ្មត់ តែទីបំផុតទទួលការមាក់ងាយថា បានលូកលាន់នយោយបាយផ្ទៃក្នុងប្រទេសដ៏ទៃ
ពីដើមអាណត្តិ និងពីដើមឆ្នាំនេះ ពេលដែលប្រទេសមួយទៀតនោះយករឿងស្មារតីជាតិនិយម រឿងទឹកដីវាយប្រហារស៊កមកកម្ពុជា យកល្បីឈ្មោះខ្លួនឯង និងថាបន្តិចទៀតដី(ក្លាយ)របស់គាត់ បន្តិចទៅស្អីផ្សេង … កម្ពុជារក្សាភាពអត់ធ្មត់ ព្រោះយើងមិនចង់មានបញ្ហា និងមិនចង់ប៉ះពាល់រឿងនយោបាយបញ្ហាផ្ទៃក្នុងរបស់គេទេ។ ទីបំផុតការដែលមិនមាត់ គេមើលងាយយើង។ ដល់យើងមាត់ត គេចោទថាយើងមនុស្សអាក្រក់ ជាអ្នកលូកដៃទៅក្នុងនយោយបាយផ្ទៃក្នុងប្រទេសគេ។ យើងឆ្លើយតបការពារភាពត្រឹមត្រូវរបស់យើងតែប៉ុណ្ណោះ។ លើទិដ្ឋភាពមួយទៀត ការគំរាមបិទព្រំដែន ទីបំផុតទម្លាក់កំហុសលើរដ្ឋាភិបាលកម្ពុជាថា យើងជាមនុស្សអាក្រក់ទៅវិញ។ គេចង់បើកតែយើងមិនបើក។ អ៊ំ ពូ មីង បងប្អូន ប៉ុន្មាននាក់មានហ្វេសប៊ុកតាមដានរឿងព្រំដែនកម្ពុជា-ថៃ? (ទាំងអស់) ព្រោះរឿងនេះទាក់ទងហ្នឹងផលប្រយោជន៍ជាតិយើងទាំងមូល។
បងប្អូនឃើញហើយថារដ្ឋាភិបាលយើងអត់ធ្មត់យ៉ាងម៉េច។ ប្រទេសយើងជាប្រទេសស្លូតត្រង់ ប៉ុន្តែការប៉ុនប៉ងប្រើប្រាស់ជាតិនិយម ការដាក់សម្ពាធគ្រប់បែបយ៉ាង មើលងាយមើលថោក ខ្ញុំមិននិយាយពេលនេះទេ បងប្អូនអាចវិនិច្ឆ័យបាន។ តែខ្ញុំសុំលើកតែរឿងបិទព្រំដែនទេ។ រឿងចោទយើងថាលូកដៃចូលរឿងផ្ទៃក្នុង ដែលវិវត្តន៍ថ្មីៗចុងក្រោយនេះ។ ល្ងាចមិញចេញមក អ្នកនាំពាក្យយោធាគេមួយ(ថ្លែងថា) … ផ្ទៃក្នុងច្របូកច្របល់នៅក្នុងប្រទេសថៃគឺដោយសារការៀបចំផែនការរបស់កម្ពុជា។ អ្នកនយោបាយថៃអន់ដល់ថ្នាក់ហ្នឹង។ សូមទោសទូតដែលមក។ មិនដឹងថាទូតថៃមកឬអត់។ នេះជាការពិត ដែលវាយប្រហារមក។ កម្ពុជាគ្មានធ្វើអីសោះ ត្រឹមតែការពារខ្លួន។
(១៤) “បិទច្រកព្រំដែន រហូតទាល់តែកើតមានស្ថានភាពបើកដូចមុនថ្ងៃ ៧មិថុនា” … កម្ពុជាមិនចាត់ទុកការបើកបិទច្រកព្រំដែនជាល្បែងទេ
រឿងបើក/បិទ ច្រកព្រំដែន ខ្ញុំដឹងថាប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងប្រជាជនប្រទេសទាំងសងខាង ជាពិសេសការធ្វើដំណើរឆ្លងកាត់ប្រាស្រ័យទាក់ទង អ្នកជំងឺឆ្លងកាត់ចុះ/ឡើង។ យើងមិនដែលប្រើទេវិធីនេះតាំងពីដើមមក។ ប៉ុន្តែនៅថ្ងៃ ០៧មិថុនា ឯកឧត្តម ស សុខា, ឯកឧត្តម សុខ វាសនា និងខេត្តនៅជាប់ព្រំដែន រាយការណ៍អោយខ្ញុំថា “គេប្រកាសថាបន្តិចទៀតបិទច្រកព្រំដែន”។ គេបិទយ៉ាងម៉េច? ម្ដងបិទ ម្ដងបើក។ ឥឡូវកែម៉ោង។ ដល់ពេលជូនដំណឹងមក ចាប់ពីស្អែកទៅគ្រប់ច្រកទាំងអស់ គឺបិទដោយសាររឿងអសន្តិសុខនៅមុំ៣។ ខ្ញុំថាមិនដែលទេ ៨០០គីឡូ បិទទាំងអស់ តើវាពាក់ព័ន្ធអីជាមួយប្រជាពលរដ្ឋនៅប៉ោយប៉ែត និងចាំយាមដែលកំពុងធ្វើ(ការ)។ រឿងនៅមុំបីគឺការឈ្លានពានមកបាញ់ទាហានក្នុងត្រង់សេក្នុងដីយើង បង្កើតខ្លួនឯងសោះ។ គេបិទម៉ោង៨ បើកម៉ោង៦។ យើងមិនមែនប្រទេសតាមតែគេ(បញ្ជា)ទេ។ យើងក៏មានច្រករបស់យើង សិទ្ធរបស់យើងបើកម៉ោង៩។ ស្អែកឡើងគេបើកម៉ោង៨ ហើយរត់មកសុំ។ យើងបើកម៉ោង៩។ ខ្ញុំថាអត់ទេ កម្ពុជាសម្រេចហើយ អត់មានប្រែប្រួលទេ។ ចាប់ពីថ្ងៃ០៧មកគឺនៅតាមច្រកព្រំដែនផ្សេងៗបន្ត បិទនិងបើក(ចុះឡើង)។ នៅអានសេះ ឯកឧត្តម គីម រិទ្ធី ប្រាប់មកថាគេប្រកាសឈប់អោយចេញហើយ ដោយមួយសប្ដាហ៍បើកតែមួយថ្ងៃ ហើយតែ៣ម៉ោងទេ។ ប្រជាពលរដ្ឋយើងអ្នកលក់ដូរថាបើកតែអោយតែខាងថៃចូលមកលក់ ចុះប្រជាជនខ្មែរទៅអត់រួច មិនស្មើភាព។ ខ្ញុំថាបិទចោលតែម្ដង។
យប់ឡើងថ្ងៃ២៣ (មិថុនា ២០២៥) ស្រាប់តែស្រែកពីឧត្តរមានជ័យមកថាគេបិទជប់គគីរហើយ។ អោយគេបិទទៅ យើងបិទដែរ ហើយថែម ជាំ មួយទៀត។ ខ្ញុំបានប្រាប់ទៅឯកឧត្តម មាន ចាន់យ៉ាដា និងបានប្រកាសថាកម្ពុជាអត់លេងបិទបើកទេ តែបើបិទគឺអចិន្ត្រៃយ៍រហូតដល់ថៃបើកជាឯកតោភាគីឡើងវិញ ដូចស្ថានភាពនៅមុនថ្ងៃ០៧ មិថុនា អោយដូចដើមវិញ គឺបើកពីម៉ោង៦ ដល់ម៉ោង១០ គ្រប់ច្រក និងសន្យាថាមិនមានការបិទឬបើកដោយឯកតោភាគីទៀត បានយើងបើក។ ប៉ុន្តែថ្ងៃ២៤ (មិថុនា ២០២៥)ប្រមុខរដ្ឋាភិបាលថៃចេញមកប្រកាសថា “UN ថាកម្ពុជាប្រទេស Scam។ ដើម្បីសន្តិសុខគេបិទទាំងអស់”។ យើងកំដរបាន។ បិទទាំងអស់។ អោយតែសិស្សនិងអ្នកជំងឺបន្ទាន់ចេញចូល។ រថយន្តបិទទាំងអស់។ ប្រជាពលរដ្ឋខ្មែរដែលចង់ចេញមក កម្ពុជាទទួល។ ប្រជាពលរដ្ឋថៃដែលរស់នៅនិងធ្វើការនៅកម្ពុជាឱ្យទៅថៃវិញ តែអត់ឱ្យចូលមកវិញ។
ទីបំផុតគេនៅទម្លាក់កំហុសមកកម្ពុជាទាល់តែបាន។ ម្សិលមិញ គេថាភាគីថៃបើកហើយ តែភាគីកម្ពុជាមិនបើក។ ប្រជាពលរដ្ឋដែលរងវេទនាដោយសារការបិទច្រកនេះបន្ទោសកម្ពុជាទៅ។ រកវិធីចាប់ទាល់តែបាន។ ថ្ងៃ២៤ (មិថុនា ២០២៥) កម្ពុជាប្រកាសថា បើបិទគឺអចិន្ត្រៃយ៍រហូត ទាល់តែស្ថានភាពបើកដូចមុនថ្ងៃ០៧ មិថុនា។ បងប្អូនប្រជាពលរដ្ឋពលរដ្ឋគួរយល់។ សម្រាប់ប្រជាពលរដ្ឋខ្មែរនិងថៃ ដែលរងផលប៉ះពាល់នៃការបិទនេះ ខ្ញុំសូមអោយយោគយល់ មិនមែនកម្ពុជាជាអ្នកចាប់ផើ្ដម ហើយសោរក៏មិនមែនៅកម្ពុជាដែរ។ ទីមួយ កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមលេងល្បែងនេះទេ។ យើងមិនគិតថានេះជាល្បែងទេ។ វិធានការបែបនេះគឺប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងសងខាងដែលយើងមិនដាក់ ប៉ុន្តែគេចាប់ផ្ដើមយើងត្រូវឆ្លើយតប។ បើចង់បើក បើកជាឯកតោភាគីទៅមិនបាច់មកចរចាទេ។
(១៥) កម្ពុជាមានសំឡេងតែមួយ ពីលើដល់ក្រោម ត្រង់ និងតាមក្បួន
មានលួចចរចាអញ្ចេះថា បើមកតាមអ្នកនេះគេធ្វើសំបុត្រតាមអ្នកនេះ តើយើងធ្វើអត់? អត់ទេ។ អត់មានលេងជាមួយទេ។ ខ្ញុំមិនដឹងថាអ្នកណាកាន់សោរពិតប្រាកដនៅព្រំដែនហ្នឹង។ ថ្ងៃ២៤ (មិថុនា ២០២៥)ប្រមុខរដ្ឋាភិបាលថៃចេញមកប្រកាសថាបិទថ្ងៃ២៥ (មិថុនា) គេទាញទ្វារបិទ។ ល្ងាចថ្ងៃ២៥ (មិថុនា)អ្នកនាំពាក្យក្រសួងការបរទេសថៃចេញមកថាអត់បិទទេ។ កាសែតផ្សាយលើពិភពលោក គ្រាន់តែប្រមុខរដ្ឋាភិបាលថៃចេញមកប្រកាសភ្លាម ថាថៃបិទច្រកហើយ។ ពិភពលោកជាសាក្សី។ បន្ទាប់មកទាហានថៃបើកទ្វារច្រកព្រំដែន តែមិនអោយមនុស្សនិងឡានចេញ/ចូលដដែល។ តើបើកធ្វើអី បើកលំអឬមួយយ៉ាងម៉េច? កម្ពុជាអត់លេងទេ។ ឯកឧត្តម សុខ វាសនា សួរខ្ញុំ គេបើកអញ្ចឹងតើយើងគួរបើកទេ។ កុំអោយគេថតបង្ហោះថាយើងអាក្រក់។ ខ្ញុំថាខ្មែរយើងអត់ចេះរញ៉ីរញ៉ៃទេ។ តែបិទគឺបិទហើយ។ ហ្នឹងមិនជាល្បែងលេងបិទពួនដូចឆ្មាចាប់កណ្ដុរទេ។ នេះជាវិធានការដែលប៉ះពាល់ទៅដល់ទំនាក់ទំនងប្រទេសទាំងពីរ។
កម្ពុជាសំឡេងតែមួយពីលើដល់ក្រោម នាយករដ្ឋមន្ត្រីប្រកាសថាម៉េចថ្នាក់ក្រោមធ្វើអញ្ចឹង បើសិនជាមានបញ្ហានាយករដ្ឋមន្ត្រីជាអ្នកទទួលខុសត្រូវទៅលើអ្វីដែលបានបញ្ជា។ មិនមែនដកខ្លួនថាមិនមែនជាខ្ញុំទេ។ ខ្ញុំអោយសិទ្ធិទៅអ្នកនេះហើយនោះទេ។ សូម្បីតែបិទច្រកនៅជប់គគីរនៅជាំ ខ្ញុំអោយបិទ។ ឯកឧត្តម មាន ចាន់យ៉ាដា ដាក់មកខ្ញុំ សម្ដេចខ្ញុំសូមចេញត្រឹមលិខិតខេត្ត បើមានខុសអីគឺខេត្តចុះ កុំអោយប៉ះពាល់រដ្ឋាភិបាល។ ខ្ញុំប្រាប់បង យ៉ាដា ខ្ញុំបញ្ជាខ្ញុំទទួលខុសត្រូវ ដាក់ថាខ្ញុំបញ្ជា។ នៅកម្ពុជាគ្មានអ្នកណាធ្វើរឿងទាក់ទងប្រទេសជាតិ បើគ្មានការឯកភាពពីនាយករដ្ឋមន្ត្រីទេ។ ខ្ញុំគ្មានបង្កើតគណៈកម្មការណា អោយសិទ្ធទៅអ្នកហ្នឹងទទួលខុសត្រូវទេ។ យើងអ្នកធ្វើអោយច្បាស់លាស់។ បើអ្នកធ្វើតាមបទបញ្ជារបស់យើង យើងត្រូវចេញមុខការពារ។ មិនមែននាយករដ្ឋមន្ត្រីប្រគល់សិទ្ធទៅអោយភូមិភាគធ្វើសិន ទៅអោយគណៈបញ្ជាការឯកភាពជួរមុខ អោយខេត្តបិទ/បើក ហើយខ្ញុំអត់ទទួលខុសត្រូវ ហើយអត់ដឹងទេ។ របៀបរបបកម្ពុជាធ្វើបែបនេះ។ ខ្មែរត្រង់ ខ្មែរមិនចោលក្បួន។ យើងធ្វើអីតាមក្បួន។ ត្រង់ណាស់។ គេលេងតាមអ្នកបន្លប់ផ្សេងៗ អោយគេធ្វើអីធ្វើទៅ យើងដាក់គោលជំហរអោយច្បាស់លាស់ទើបបានជោគជ័យ។ បើមិនអញ្ចឹងសូម្បីតែប្រជាពលរដ្ឋយើងក៏បាត់ជំនឿ។ បើធ្វើមេដឹកនាំមិនហានទទួលខុសត្រូវ តើយើងធ្វើធ្វើអី? …។
(១៦) ថៃ ៤ក្រុម ប្រកែកគ្នាលើលិខិតតែមួយ … “មួយថាបានបញ្ជូនមក មួយថាមិនបានបញ្ជូនមក មួយថាជាលិខិតក្លែងក្លាយ និងមួយថា លិខិតបែកធ្លាយ”
ថ្ងៃ២៩ (មិថុនា ២០២៥) ខ្ញុំទៅការកូនឯកឧត្តម គុណ ញឹម។ គេផ្ញើមកពីព្រលឹម។ ឯកឧត្តម សុខ វាសនា ប្រាប់មកថា ភាគីថៃជូនដំណឹងថា ដើម្បីជួយកុំអោយមានការលំបាកប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គេសុំអោយមានការបន្ធូរមួយរយៈខ្លី ដើម្បីអោយរថយន្តដឹកទំនិញចេញចូលមួយថ្ងៃ៥០គ្រឿង និងនៅច្រកខ្លះមួយថ្ងៃ ២០គ្រឿង។ របៀបធ្វើលិខិតរបស់គេពូកែណាស់។ សូមបញ្ជាក់ លិខិតធ្វើផ្ទៃក្នុងគាត់ តែគាត់ជូនដំណឹងមកយើង រាល់ដងធ្វើតែអញ្ចឹង។ កម្ពុជាអោយតែឃើញរបៀបនេះ យើងថាបានទទួលព័ត៌មានតែការសម្រេចចិត្តរបស់យើង ថ្នាក់ដឹកនាំអន្តោប្រវេសន៍របស់យើងចេញហើយ បទបញ្ជារបស់នាយករដ្ឋមន្ត្រីគឺអត់អោយបើក។ គឺរក្សាបិទដដែល។ ទីបំផុតគេចោទថាយើងអាក្រក់។ ដោយសារអី? ឱ្យយើងបើកយ៉ាងម៉េច បើយើងមិនដឹងនិយាយជាមួយអ្នកណាផង។ គ្រាន់តែលិខិតមួយហ្នឹង ៤នាក់ចេញមកនិយាយខុសគ្នា។ ចេញលិខិតហ្នឹងមកភ្លាម ខ្ញុំដាក់សារទៅបដិសេធតាមហ្វេសប៊ុកថា យើងប្រកាន់ជំហរបែបនេះ …សោរនៅខាង(ថៃ)ហ្នឹង។ ធ្វើទៅ។
ស្រាប់តែអ្នកនាំពាក្យកងទ័ពថៃចេញមកថា លិខិតជាការជជែកគ្នាផ្ទៃក្នុង ហើយក៏បាន Communicate។ បានន័យថាប្រជុំព័ត៌មានទៅវិញទៅមកជាមួយភាគីកម្ពុជា សុំអោយបើកបណ្ដោះអាសន្ន ដើម្បីអោយរថយន្តចេញចូល ជាពិសេសរថយន្តដែលនៅជាប់នៅថៃនិងកម្ពុជា … ហ្នឹងគេទទួល (ស្គាល់) ថាគេបញ្ជូនមក ប៉ុន្ដែកម្ពុជាបដិសេធ។ អញ្ចឹងកម្ពុជាអាក្រក់។ ស្រាប់តែឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការពារជាតិថៃចេញមកថា យើងអត់បានបញ្ជូនទៅទេ។ មួយថាបញ្ជូនយើងមិនឆ្លើយ(តប) មួយទៀតថាមិន(បាន) បញ្ជូន។ ល្ងាចមកទៀត មានព័ត៌មានថាឯកសារហ្នឹង Fake ហើយម្សិលមិញនេះថា ឯកសារហ្នឹងអត់ fake ទេ តែលេចធ្លាយ។ ឥឡូវ បងប្អូន គ្រាន់តែលិខិតមួយ (មានការប្រកែកគ្នាពីការទទួលខុសត្រូវ)រវាងទាហាននិងអ្នកនយោបាយ (គឺ)ទាហានជើងទឹក ក្រសួងការបរទេស និងក្រសួងការពារជាតិ សារដល់ទៅ៤។ មួយថាមានលិខិតមែនបញ្ជូនមក(កម្ពុជា) ប៉ុន្ដែយើងបដិសេធ។ មួយថា អត់មានបញ្ជូនមកទេ ។ មួយទៀតថាលិខិតហ្នឹងក្លែងក្លាយ ហើយមួយទៀតថា លិខិតហ្នឹងមាន ប៉ុន្ដែលេចធ្លាយ។
ឥឡូវឲ្យខ្ញុំយកអ្នកណាជាគោល។ រដ្ឋាភិបាលខ្មែរលោតតាមយ៉ាងម៉េច? អ្វីដែលជាខ្លឹមសារនៃលិខិតនេះ គេចោទយើងថា យើងជាមនុស្សអាក្រក់។ គ្រាន់តែសុំឡានដឹកទំនិញមុនថ្ងៃដែលបិទ ដែលជាប់ក្នុងប្រទេសខ្មែរហ្នឹង ក៏មិនឲ្យចេញដែរ។ ខ្ញុំយកខ្លឹមសារលិខិតហ្នឹងមកមើល។ ខ្លឹមសារនៃលិខិតរបស់គេវាមិនត្រូវដែលមកចោទ (កម្ពុជា)បែបនេះ។ ខ្លឹមសារលិខិតថា លិខិតដែលមេទ័ព បូរ៉ាផា នៅស្រះកែវសរសេរទៅគយរបស់គេ ហើយជូនដំណឹងមកយើងជាទំលាប់គេធ្វើបែបហ្នឹង។ គេមិនដែលសរសេរត្រង់មកយើងទេ។ ប៉ុន្ដែចាត់ទុកជាការជូនដំណឹង ជាការអនុវត្ដដើម្បីសុំយើងឯកភាព។ ទី១ អនុញ្ញាតឲ្យចូលនិងចេញនៅចំណុចព្រំដែនអចិន្ដ្រៃយ៍ស្ពាន កម្ពុជាថៃ បាណងអៀង មិនឲ្យលើសពី ៥០គ្រឿងមួយថ្ងៃ។ រថយន្ដចេញ ៥០គ្រឿង និង ចូល ៥០គ្រឿង ចាប់ពីម៉ោង ៨ព្រឹក ដល់ ៤ល្ងាច។ ទី២ អនុញ្ញាតឲ្យចេញចូលនៅចំណុចច្រកព្រំដែន បាងខៅឌីន មិនឲ្យលើសពី ៥០គ្រឿងក្នុងមួយថ្ងៃ។ រថយន្ដចេញ ៥០គ្រឿង ចូល ៥០គ្រឿង ក្នុងមួយថ្ងៃ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៤ល្ងាច។ ទី៣ អនុញ្ញាតឲ្យចូលនិងចេញតាមច្រកផ្លាស់ប្ដូរពាណិជ្ជកម្ម ភូមិបាណងព្រឿ ហាមយានយន្ដលើសពី ២០គ្រឿងក្នុងមួយថ្ងៃ។ ចេញ ២០គ្រឿង/ថ្ងៃ ចូល ២០គ្រឿង/ថ្ងៃ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ១២ថ្ងៃត្រង់។ ទី៤ រថយន្ដដឹកទំនិញដែលដឹកទំនិញតាមមុខទំនិញ ២.១ និង ២.៣ ខាងលើនិងរថយន្ដដឹកទំនិញមិនបានត្រឡប់មកវិញតាំងពីថ្ងៃទី២៣ អាចត្រឡប់មកព្រះរាជាណាចក្រថៃដោយមិនមានទំនិញ។
(១៧) មិនមានរថយន្ដជាប់ផ្លូវនៅព្រំដែន ខាងកម្ពុជាក៏មិនជាប់នៅខាងថៃ ខាងថៃក៏មិនជាប់នៅខាងកម្ពុជា
ឥឡូវ គេចោទកម្ពុជា ថា អាក្រក់ណាស់ សូម្បីរថយន្ដដឹកទំនិញ ដែលនៅសល់មុនបិទច្រក ក៏មិនឲ្យត្រឡប់មកផ្ទះ។ តើត្រូវទេ? ទំនិញ ២.១ ២.៣ សុំទំនិញ ៥០គ្រឿង ច្រកមួយបូកទៅ ១២០គ្រឿង ឆ្លងទៅមក។ បើគ្រាន់តែរថយន្ដជាប់ថ្ងៃមុន បើកតែមួយភ្លែតចេញអស់ហើយ ចាំបាច់សុំអចិន្ដ្រៃមួយថ្ងៃ ១២០គ្រឿងចេញចូលធ្វើអី? បានន័យថាស្មើនឹងសុំដឹកទំនិញលក់ដូរចេញចូលដដែល។ ប៉ុន្ដែមកចោទកម្ពុជាថាកម្ពុជាអាក្រក់ គ្រាន់តែឡានគេជាប់មិនឲ្យចេញ។ ខ្ញុំសួរខាងគយ ខេត្តរបស់យើង គ្មានរថយន្ដខ្មែរយើងជាប់ខាងថៃទេ ក៏គ្មានរថយន្តថៃនៅជាប់ខាងយើងដែរ។ អញ្ចឹង ខ្ញុំសូមជូនដំណឹងទៅវិញ បងប្អូនខ្លះ កាសែតខ្លះរបស់ថៃ ដែលខំព្យាយាម(បំភ្លៃ)ថា កម្ពុជាអមនុស្សធម៌ គ្រាន់តែឡានជាប់នៅនោះមុនថ្ងៃទី២៣ ក៏មិនឲ្យមកដែរ។ ខ្លឹមសារបានបញ្ជាក់ច្បាស់ហើយ បើត្រឹមតែឡានជាប់ត្រឹមថ្ងៃទី ២៣ ដល់ ២៥ (មិថុនា) យើងឲ្យចេញ យើងមិនទុកទេ។ ប៉ុន្ដែនេះ សុំ ១២០គ្រឿងក្នុងមួយថ្ងៃដើម្បីដឹកទំនិញចេញចូល។
លិខិតនេះផ្សាយចែកចាយទូទាំងប្រព័ន្ធ media។ បងប្អូនណាខ្លះឃើញលិខិត? មើលខ្លឹមសារទៅ។ ចំណុចទី៤ មានភា្ជប់រថយន្ដដែលគាំងមែន ប៉ុន្ដែ ៣ចំណុចខាងលើ … ខ្ញុំចង់ប្រាប់ទៅបងប្អូនទាំងអស់ថា កម្ពុជាមិនលេងល្បែងហ្នឹងទេ។ កម្ពុជាចង់មានការបើកច្រកទៅធម្មតាវិញដើម្បីសំរួលឲ្យប្រជាពលរដ្ឋ ប៉ុន្ដែកម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមទេ ហើយកម្ពុជាអាចកំដររឿងនេះរហូត។ រឿងនេះគឺសោរនៅភាគីថៃ។ ចាក់សោរបានដោយឯកតោភាគី (ថៃ) បើក(ច្រក) ឲ្យដូចស្ថានភាពមុនថ្ងៃ ៧ មិថុនា ២០២៥ ហើយនឹងមិនមានការបិទបើក យកច្រកព្រំដែនសេដ្ឋកិច្ចជាគំនាបសំរាប់ធ្វើវិធានការណ៍នយោបាយហ្នឹងទៀតទេ។ ធ្វើឲ្យប្រជាជនរស់នៅបានសេចក្ដីសុខទៅ ធានាច្បាស់លាស់។ (បន្ទាប់ពីថៃបើកហើយ) ៥ម៉ោងក្រោយ (កម្ពុជា)នឹងបើកទៅវិញ ដោយយើងមានឆន្ទៈមិនធ្វើបាបប្រជាពលរដ្ឋទាំងខ្មែរ និង ថៃ រស់នៅព្រំដែននោះទេ នេះជាការពិត ហើយជំហរយើងឲ្យច្បាស់។
បងប្អូនមើលតែប៉ុណ្ណឹង។ លិខិតថ្ងៃទី២៩ មិថុនានេះបញ្ជាក់ច្បាស់ហើយ។ តើនេះជាគិតគូរដូចម្តេច? ខ្ញុំមិនលូកក្នុងកិច្ចការនយោបាយផ្ទៃក្នុងប្រទេសថៃទេ។ ខ្ញុំនិយាយការពារខ្លួននៅពេលដែលមានការចោទប្រកាន់ ដើម្បីឲ្យប្រជាជនទាំងសងខាងបានដឹងការពិត។ មើល(ឃើញ)លិខិតទាំងអស់គ្នា ប៉ុន្មានចំណុចហ្នឹង នេះជាការស្នើសុំបណ្ដោះអាសន្នដើម្បីឲ្យឡានដែលជាប់នៅកម្ពុជាប៉ុន្មានគ្រឿងនៅកម្ពុជាចូល(ថៃ)វិញ។ អត់ទេ។ គឺសុំបើកច្រកមួយថ្ងៃ ១២០គ្រឿងដើម្បីដឹកទំនិញចេញចូល។ ប្រសិនបើកម្ពុជាធ្វើបែបនេះ តើថ្ងៃណាចប់រឿងនេះបងប្អូន? យើងនៅតែអង្គុយកំដរ គេបិទយើងបិទ គេបើកយើងបើក ។ ខ្ញុំសូមអរគុណជាពិសេសប្រជាពលរដ្ឋខ្មែរជាប់ព្រំដែន ដែលយល់នូវការលំបាក និងការសំរេចចិត្តរបស់រាជរដ្ឋាភិបាល(ក្នុង)ការបិទច្រកកុំឲ្យមានបញ្ហានិងកុំឲ្យបន្ដលេងសើច។ វាបង្កភាពមិនពិតប្រាកដដល់ប្រជាពលរដ្ឋ សូម្បីអ្នកលក់ដូរនៅផ្សាររុងក្លឿ ក៏មិនដឹងលក់យ៉ាងម៉េច។ គាត់ទៅ(លក់)ថ្ងៃហ្នឹង (គេបិទច្រក)លែងឲ្យមកជួបគ្រួសារវិញឬយ៉ាងម៉េច? បើ(មិនដឹង)គេបិទបើកច្រកនៅពេលណា។ យកផ្សិតទៅលក់ឬអត់ មិនដឹងស្អែកគេបិទឬបើកច្រក។ បើយកផ្សិតទៅលក់ថ្ងៃត្រង់ ស្រាប់តែគេបិទមិនឲ្យយើងចេញមកវិញមិនងាប់។
(១៨) “អ្នកលេងប៉ះអ្នកមែន” … កម្ពុជារង់ចាំអ្នកមានសិទ្ធិអំណាចពិតប្រាកដបិទ/បើកច្រកព្រំដែន រួចទើបគិតគូរពីការចរចារវាងកងទ័ពនិងកងទ័ព
ការធ្វើបែបនេះដើម្បីធានានូវភាពប្រក្រតី ដើម្បីបញ្ចប់រឿងយើងអត់លឹបល៎ទេ។ បើយើងលេងគឺលេងមែនទែន (ដូច) គេថា អ្នកលេងប៉ះអ្នកមែន។ កម្ពុជាអត់មានម្នាក់នេះអញ្ចេះម្នាក់និយាយអញ្ចេះ លិខិតមួយសន្លឹក ៤នាក់ និយាយខុសគ្នាទាំង៤ នោះទេ។ កម្ពុជារង់ចាំអ្នកមានសិទ្ធិអំណាចពិតប្រាកដក្នុងការបិទបើក ច្រកព្រំដែន។ បើកមែនទែន។ ច្បាស់លាស់។ ការចរចារឿងយោធារឿងអី ទាល់តែបើកច្រកព្រំដែនទៅធម្មតាឡើងវិញ បានយើងគិតគូរពីរឿង(ចរចា)កងទ័ពនិងកងទ័ព។ បើមិនអញ្ចឹង យើងទុកចិត្តរឿងអី(បាន) បើគ្រាន់តែក្រដាសមួយសន្លឹកហ្នឹង និយាយគ្នាមិនត្រូវផង។ តើឲ្យខ្ញុំជឿអ្នកណាឥឡូវ? កម្ពុជាសំឡេងអត់មានច្រើនទេ។ សម្ដេចប្រធានព្រឹទ្ធសភា សម្ដេចបញ្ចេញមតិទាក់ទិននឹងរឿងនយោបាយ ប៉ុន្ដែការសំរេចចិត្តនយោបាយ បញ្ជាស្ថាប័នរដ្ឋគឺនាយករដ្ឋមន្ដ្រី។ ខ្ញុំមិនបញ្ជាលេងសើចទេ។ ខ្ញុំដាក់នៅក្នុងហ្វេសប៊ុករបស់ខ្ញុំ ហេតុអ្វី? ខ្ញុំគ្មានការខ្លាចទេ។ ខ្ញុំគ្មានឲ្យខេត្តបញ្ចេញទៅ ហើយខ្ញុំយករួចខ្លួនថាអត់ដឹងទេ។ ខ្ញុំបញ្ជាតែម្ដង ដើម្បីឲ្យមន្ដ្រីរបស់កម្ពុជាអ្នកធ្វើគាត់មានភាពកក់ក្ដៅ។ មេទ័ពក្រវីទង់នៅមុខ បើមានរឿងអីយើងទទួលខុសត្រូវ មិនមែនលឹបលចេញមករឿងបែបនេះទេ។
សូម្បីតែចេញសារថ្ងៃមុន ខ្ញុំចេញនៅថ្ងៃ២៩ មិថុនា ឯកឧត្តមម សុខ វាសនា ថាសម្ដេច គេចេញលិខិត (ត្រឹមថ្នាក់នេះប៉ុន្ដែ) សម្ដេច ប្រមុខរដ្ឋាភិបាលដូចធំពេក ឆ្លើយជាមួយគេ។ ខ្ញុំប្រាប់ទៅវិញថា “វាសនា! កម្ពុជាកុំលេងលឹបល៎។ បើយើងលេងលឹបល៎ជាមួយគេ យើងលេងមិនចប់ទេ”។ ត្រូវលេងឲ្យច្បាស់តែម្ដង។ បានន័យថាសារចេញពីយើងគឺសង្កត់ទំងន់ច្បាស់ ហើយបញ្ជូនសារទៅខាងភាគីថៃ កាសែតថៃ យកទៅចុះ នេះជាជំហររបស់យើង”។ ទី២ ការទទួលខុសត្រូវរបស់យើងបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាពីលើដល់ក្រោមគឺមានការឯកភាព ការដឹកនាំបញ្ជា និងការទទួលខុសត្រូវច្បាស់លាស់ សូមឲ្យភាគីថៃធ្វើដូចគ្នា ទើបយើងដោះស្រាយបញ្ហាបាន។ នេះជាសារធំណាស់ដែលត្រូវធ្វើ។
(១៩) មិនបានលូកដៃក្នុងនយោបាយប្រទេសណាឡើយ តែចាត់វិធានការការពារកិត្ដិយស សេចក្ដីថ្លៃថ្នូរ ភាពត្រឹមត្រូវ បូរណភាពទឹកដី និងឧត្តមប្រយោជន៍ប្រជាជាតិកម្ពុជា
កន្លែងខ្លះគេថាធ្វើអញ្ចឹងគ្មានវិជ្ជាជីវៈ ធ្វើតាមហ្វេសប៊ុក។ មេដឹកនាំមហាអំណាចក៏ធ្វើតាម ហ្វេសប៊ុក tiktok X តាមអីដែរ ពីមុនតាម twitter ដូចគ្នា។ សម្ដីមួយម៉ាត់ៗ គឺការទទួលខុសត្រូវ ។ មន្ដ្រីរបស់យើងគាត់ហ៊ានបញ្ចេញជំហរ ព្រោះនាយករដ្ឋមន្ដ្រីប្រកាសក្នុងផេករបស់គាត់ហើយ។ អញ្ចឹង យកតែបន្ទាត់ហ្នឹងទៅអនុវត្ដទៅមិនខុសទេ កុំចាំបាច់សួរទៅរដ្ឋមន្ដ្រី អ្នកនេះអ្នកនោះ ថាចេញយ៉ាងម៉េច? អត់ដឹងទេ ទាល់សួរថា្នក់លើអី។ អត់ចាំបាច់ទេ។ ខ្ញុំដាក់បន្ទាត់ហ្នឹងយកទៅធ្វើ (តាមទៅ)។ ដូចមុនថ្ងៃប្រជុំ JBC អញ្ចឹង។ យប់ហ្នុងខ្ញុំចេញសារថាស្អីខ្លះដែលមិនត្រូវពិភាក្សា។ អាពិភាក្សាៗ ខ្ញុំមិនលើកទេ ប៉ុន្ដែស្អីដែលមិនត្រូវពិភាក្សា។ ការខិតខំចេញកាសែត ព័ត៌មានអីផ្សាយច្របូកច្របល់ ថា JBC ត្រូវទៅពិភាក្សាទាំង ៤ចំណុច។ ខ្ញុំថាអត់ត្រូវមានពិភាក្សាទេ។ រឿងហ្នឹងយើងយកទៅ ICJ។ រឿងបើកព្រំដែន។ ខ្ញុំថាអត់មានទេ មិនមែនសមត្ថកិច្ចរបស់ JBC ទេ ដាក់ឲ្យច្បាស់កាត់មុខតែម្ដង។ អ្នកដែលអនុវត្ដមិនពិបាក ហើយប្រជាពលរដ្ឋ និងពិភពលោកក៏ដឹងថាជំហរយ៉ាងម៉េច និងការទទួលខុសត្រូវច្បាស់លាស់។
ឥឡូវមកចោទរាជរដ្ឋាភិបាល ជាពិសេសសម្ដេចតេជោ ថា ទៅលូកលាន់នយោបាយផ្ទៃក្នុងរបស់ប្រទេសគេ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូន (ជនរួមជាតិ) កម្ពុជាមិនបានទៅធ្វើអ្វី ឬទៅលូកផ្ទៃក្នុងរបស់គេ រឿងគេយ៉ាងម៉េច ដកអ្នកណា ដាក់អ្នកណារឿងរបស់គេ ប៉ុន្ដែរឿងដែលប៉ះពាល់កម្ពុជាៗ ត្រូវឆ្លើយតប។ ដល់ពេលហើយ។ ពីមុនអត់ធ្មត់ដើម្បីកុំឲ្យមានរឿង។ លើកម្ដងថាអានេះរបស់គេ ដីនេះអញ្ចេះអញ្ចុះ ប្រកាសកាត់អានេះអានោះ។ អនឡាញប្រទេសកម្ពុជា ប្រទេសស្មោគគ្រោក មណ្ឌលឧក្រិដ្ឋកម្មអីផ្សេងៗ សុទ្ធតែនយោបាយផ្ទៃក្នុង ប៉ុន្ដែដល់ពេលដែលកម្ពុជាឆ្លើយតប បង្ខាច់បង្ខូចកម្ពុជាយ៉ាងម៉េច យើងមានភស្ដុតាង ប៉ុន្ដែ យើងមិនរញ៉ីរញ៉ៃទេ។ hacker អីពេញហ្នឹង យកក្រសួងស្ថាប័ន ប៉ុន្ដែកម្ពុជារក្សាសិទ្ធិ ការពារនូវសេចក្ដីថ្លៃថ្នូរនិងភាពត្រឹមត្រូវរបស់យើង តម្លាភាពជាមួយប្រជាពលរដ្ឋយើងទេ។
សូមជូនដំណឹងទៅវិញថា កម្ពុជាមិនបានលូកដៃក្នុងនយោបាយប្រទេសណាទេ។ ប្រទេសណា នយោបាយខ្លួនឯងដោះស្រាយខ្លួនឯង កុំមកលាបពណ៌កម្ពុជាបន្ដទៀត។ លាបពណ៌រាប់សិបខែមកហើយ សូមឈប់យកកម្ពុជាធ្វើបាវសាក់ទៀត។ កម្ពុជាមានដៃដាក់តបទៅវិញ ព្រោះត្រូវការពារ ១៧លាននាក់។ ការពារនូវសេចក្ដីថ្លៃថ្នូរ និងកិត្តិយសរបស់យើង។ យើងទ្រាំ យើងអត់តប ប៉ុន្មានខែមកមុនហើយ។ សូម្បីប្រជាជនរបស់យើងឆ្ងល់ថាហេតុអីរដ្ឋាភិបាលស្លូតម៉េសអត់តបជាមួយគេ? យើងអត់ចង់មានរឿង។ យើងមិនលូកក្នុងបញ្ហាផ្ទៃក្នុងរបស់គេទេ ប៉ុន្ដែដល់វារាលដាលខ្លាំងពេកយើងត្រូវការពារ។ ព្រមានកាត់ភ្លើង កាត់អី វាមិនមែនទើបតែ(កើត)ទេ។ វាយូរមកហើយ។ រហូតដល់ប្រជាពលរដ្ឋនិងប្រជាពលរដ្ឋរបស់ប្រទេសមួយចំនួនមើលងាយ យល់ច្រលំថាខ្មែរអសមត្ថភាព ពឹងលើគេរស់។ អញ្ចឹង ការចាត់វិធានការរបស់យើងគ្មានអីក្រៅពីការការពារកិត្ដិយស សេចក្ដីថ្លៃថ្នូរ ភាពត្រឹមត្រូវ បូរណភាពទឹកដី និង ឧត្តមប្រយោជន៍ប្រជាជាតិខ្មែរតែប៉ុណ្ណឹង។ អត់មានលូកដៃជាមួយអ្នកណាគេទេ។
(២០) នៅតែប្រកាន់ជំហរដោះស្រាយដោយសន្ដិវិធី រុញកន្លែង៤ ដែលអ្នកដឹកនាំនយោបាយនិងកងទ័ពប្រកាសជារបស់ខ្លួនទៅ ICJ
នៅចំពោះមុខ ឯកអគ្គរាជទូត /រដ្ឋទូត ខ្ញុំសូមអត្ថាធិប្បាយរឿងនេះ។ ខ្ញុំមិនសូមឲ្យទូតនីមួយៗកាន់ជើងអ្នកណាទេ។ សូមឲ្យយល់ពីតថភាព ពីជ្រុងរបស់យើង ជូនឲ្យប្រជាពលរដ្ឋយើង និងជំហររបស់យើងនៅតែប្រកាន់ការដោះស្រាយដោយសន្ដិវិធី។ រឿងយើងរុញទៅ ICJ យើងមិនដកថយទេ។ អ្នកខ្លះថាយើងខ្លាចៗ។ វិធីសាស្ដ្រគេធ្វើ គេមានជំហានដើររបស់គេ។ អ្នកខ្លះ គ្រាន់តែយើងគិតគូររៀបចំឯកសារថាយើងដកថយ។ បើគេវិញប្ដឹងតែមួយថ្ងៃ ចេញលទ្ធផលបាត់ហើយ។ សំរាប់កម្ពុជា បើធ្វើបានមួយថ្ងៃចេញលទ្ធផល ខ្ញុំធ្វើភ្លាម តែវាមិនអញ្ចឹង។ យើងត្រូវធ្វើដោយប្រុងប្រយ័ត្ន។ ល្ងាចនេះ ក្រុមអ្នកច្បាប់អន្ដរជាតិមក។ យើងត្រូវទទួល។ យើងត្រូវរៀបចំមេធាវី អ្នកច្បាប់ មិនមែនតែអ្នកច្បាប់នៅក្នុងស្រុកទេ ត្រូវយកអ្នកច្បាប់ មេធាវីអន្ដរជាតិ មានកំរិតការពារ។ ការរកមេធាវីមិនមែននៅក្នុងហោប៉ៅយើងទេ។ ការរៀបចំឯកសារ ក្រុមការងារ ថ្ងៃមុនគ្រាន់តែប្រកាសសមាសភាពក្រុមការងារ យើងមានគ្រប់វិស័យ។ អ្នកខ្លះចេញមកថា រៀបចំក្រុមការងារបំបង់បាយទៀតហើយ។ គេយកតែ ៣ នាក់ ទៅធ្វើបានហើយ។
អើ! រឿងប្រទេសជាតិមួយទាំងមូលធ្វើដោយការងារម៉ត់ចត់ជាកំលាំងសរុប ច្បាប់ប្រើដល់ស្ថាប័ន ក្រសួង រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌។ រឿងការទូតប្រើដល់រដ្ឋមន្ដ្រីការបរទេសដែលជាប្រធាន។ យើងយកចិត្តទុកដាក់ផលប្រយោជន៍ជាតិ។ យើងមិនថយក្រោយទេ។ យើងយក(ដំណោះស្រាយ)នេះ ដោយសារនេះជាដំណោះស្រាយធានាបាននូវសន្ដិភាព ការសហប្រតិបត្ដិការគ្នាបន្ដទៀតជៀសផុតពីការបង្ហូរឈាម ដើម្បីដណ្ដើមនូវអ្វីដែលមិនពិតប្រាកដ មិនច្បាស់លាស់ ជាកន្លែងដែលនៅវិវាទបន្សល់នៅរាប់រយឆ្នាំ ជាពិសេសនៅពេលដែលកន្លែងទាំង៤ នេះ ត្រូវបានប្រកាសទាំងអ្នកដឹកនាំនយោបាយ ទាំងកងទ័ពថាជារបស់គេទៅហើយ។ គេថាបើចង់បានមកវាយគ្នាយកទៅ។ អញ្ចឹងជាជំហរ គេប្រកាសថាជារបស់គេហើយ។ ទោះបីកន្លែងហ្នឹងជាកន្លែងកំពុងតែមានវិវាទក៏ដោយ។ នេះជាការប្រកាសឯកតោភាគី។
(២១) កម្ពុជាប្រើយុទ្ធសាស្រ្តសង្រ្គាមរបស់ចិន “រក្សាទម្រង់ជាទឹក” … ក្នុងយុទ្ធវិធីការពារ ក៏មានការវាយបក
ត្រៀមប្រយុទ្ធ កងទ័ពជិតជល់គ្នា។ វាយគ្នាដូច ២០០៨ ២០១១ យើងធ្លាប់វាយហើយ។ វាយហើយត្រឹមតែដកថយ ចរចា ដដែល ស្លាប់ របួស ប៉ុន្មាន? យើងមិនចង់រញ៉ីរញ៉ៃ វាយម្ដងហ្នឹងហើយ ៥ឆ្នាំក្រោយវាយទៀត។ តើទៅរួចទេ? ចង់បញ្ចប់វា។ រកអ្នកទី៣ គឺតុលាការយុត្ដិធម៌អន្ដរជាតិតែម្ដង។ យន្ដការនេះច្រើនប្រទេសណាស់ដែលប្រើ។ ខ្មែរខ្លួនឯងក៏យើងធ្លាប់ប្រើដែរ។ ប្រទេសក្នុងអាស៊ានមាន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ប្រើអាហ្នឹងដែរ កុំឲ្យឈ្លោះគ្នាច្រើនពេក។ អញ្ចឹងយើងយកជំរើសសន្ដិភាពនិងច្បាប់អន្ដរជាតិ ដើម្បីដោះស្រាយបញ្ហា។ យើងមិនប្រើកំលាំងបាយទេ ប៉ុន្ដែកុំគិតថាកម្ពុជាខ្លាចឲ្យសោះ។ កងទ័ពកម្ពុជាត្រៀមលក្ខណៈគ្រប់បែបយ៉ាង រួចជាស្រេច ដើម្បីការពារបូរណភាពទឹកដីមិនឲ្យបាត់បង់មួយមីលីម៉ែត្រទេ។
ខ្ញុំមិនចង់និយាយលំអិតពីយុទ្ធសាស្រ្ត វិធីសាស្រ្តរឿងព្រំដែននៅពេលនេះទេ។ រឿងកងទ័ព ខ្ញុំមិននិយាយ អួតរឿងវាយកាប់ចាក់ទេ ហើយកម្ពុជាក៏មិនបានបង្អួតម្តងអានេះម្តងអានោះទេ។ បន្តិចក៏ថា ៣អាទិត្យវាយយកភ្នំពេញ បន្តិចវាយអានេះ បន្តិចយន្តហោះមកទម្លាក់គ្រាប់បែក ៥នាទី ស្អីៗនោះទេ។ យើងមិនចាំបាច់មាត់ទេ។ ហ្នឹងយុទ្ធសាស្រ្តសង្រ្គាមរបស់ចិន។ គេថាយកល្អត្រូវរក្សាទម្រង់ជាទឹក។ ទឹកអត់មានទម្រង់ច្បាស់លាស់ទេ តែបើចូលមកផុង/លង់។ យើងមិនអួតរឿងសព្វាវុធ យើងមិនអួតរឿងធ្វើផែនការវាយយកខេត្តណា យកក្រុងណានោះទេ។ យើងមិនដែលនិយាយរឿងហ្នឹងទេ យើងនិយាយតែកុំចូលទឹកដីយើង។ យើងការពារតែប៉ុណ្ណឹងទេ។ ឯកឧត្តមអគ្គរដ្ឋទូត អគ្គរាជទូតនៅទីនេះ កម្ពុជាមិនដែលនិយាយពីការវាយលុកដល់ទីក្រុងអ្នកណា ប្រមាថអ្នកណាទេ សុំតែការពារទឹកដីយើង។ សម្តេចតេជោបានបញ្ជាក់ក្នុងយុទ្ធវិធីការពារក៏មានការវាយបកមួយដែរ តែយើងមិនមានចេតនាចង់រំលោភទឹកដីអ្នកណាប្រើកម្លាំងប្រដាប់អាវុធទេ។
យើងនៅតែព្យាយាមចង់ដោះស្រាយបញ្ហាទាំង ៤ចំណុចនេះ នៅ ICJ ហើយជំហររបស់កម្ពុជាមិនថយទេ សូមបងប្អូនជនរួមជាតិយើងជឿចុះ។ មានអ្នកនយោបាយមួយក្រុមនៅរាប់ពាន់គីឡូ ចេះតែតិចឡើងថាគេធ្វើអញ្ចេះៗ ហើយបើសិនជាកម្ពុជាតក់ក្រហល់ ធ្វើតែមួយអាទិត្យ រៀបចំឯកសារដាក់ប្តឹង ប្រាកដជាមានការរិះគន់ទៀតថារឿងប្រទេសជាតិទាំងមូលធ្វើកញ្ឆក់កណ្តៀត។ ខុសទៀត។ ខ្ញុំសូមបញ្ជាក់ ជំហររបស់កម្ពុជាដោះស្រាយជាមួយនឹងប្រទេសជិតខាង យើងចង់ថែសន្តិភាព កិច្ចសហប្រតិបត្តិការល្អ។ បញ្ហាក្នុងរយៈពេលខ្លី យើងមិនចង់ឲ្យវារាលរាប់រយរាប់ពាន់ឆ្នាំទេ។ ក្នុងរយៈពេលខ្លីនេះ យើងក៏មិនចង់ដោះស្រាយ ដោយការស្លាប់របួសកងទ័ពជនជាតិខ្មែរ ប្រជាពលរដ្ឋជម្លៀសរាប់ពាន់នាក់។ ខាងថៃក៏រៀបចំក្មេងៗតូចៗ ចូលលេណដ្ឋាន។ តើយើងចង់ឲ្យទាំងសងខាងអញ្ចឹងទេ? យើងមិនចង់ឃើញរបៀបនេះទេ ប៉ុន្តែកុំប្រមាថ ហើយកុំបំពាន ពាក្យតែប៉ុណ្ណឹងបានហើយ។
(២២) ៤ចំណុច គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ត្រូវតែទៅ ICJ ឯចំនុចឯទៀតដោះស្រាយតាមទ្វេភាគី
គ្រប់រូបភាពទាំងអស់មិនថាប្រើអាវុធសេដ្ឋកិច្ច គំរាមកំហែង យើងបង្ហាញហើយ ប្រើប្រាស់ការលាបព័ណ៌របស់យើងតាមប្រព័ន្ធកាសែតមកចោទប្រកាន់យើងៗ ឆ្លើយតប ប្រើប្រាស់ក្រុម hacker មកចាប់យកទិន្នន័យយើងៗ ក៏ឆ្លើយតប។ កម្ពុជាក៏មិនមែនអត់ដែរ។ រដ្ឋាភិបាលយើងមិនទៅធ្វើការវាយប្រហារអនឡាញអី យើងការពារស្ថាប័នរបស់យើង ប៉ុន្តែកូនខ្មែរមួយគរគោកក៏ចេះ IT ច្រើនណាស់វាយបកទៅវិញ។ សមត្ថភាពកូនខ្មែរមិនអន់ទេ ទាំងខាងបច្ចេកវិទ្យា វាយលុកខាងមន្រ្តីព័ត៌មាន។ ចោទប្រកាន់ យើងឆ្លើយតប ពន្យល់ឲ្យមហាជនបានយល់ ហើយកុំលេងខាងកងទ័ព។ យើងសង្ឃឹមថា ការដោះស្រាយទ្វេភាគី JBC យើងធ្វើតាមចំណុចផ្សេងៗទៀត ដែលអាចដោះស្រាយបាន។ ប៉ុន្តែ ៤ចំណុច ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ ៣ ត្រូវតែយកទៅ ICJ ដើម្បីដោះស្រាយ ហើយយើងអត់ថយទេ។
ប៉ុន្មានទៀតដោះចុះតាមទ្វេភាគី។ កន្លែង ៤ ហ្នឹងដោះអស់ហើយ។ យើងចង់បន្តដោះទៀត ប៉ុន្តែចុងក្រោយគេចាក់សោរ ដោយសារការប្រកាសជាឯកតោភាគី ទាំងថ្នាក់ដឹកនាំនយោបាយ ព្រមទាំងកងទ័ពថាអាហ្នឹងរបស់គេហើយ។ បើថាអាហ្នឹងប្រកាសជាឯកតោភាគី ប្រើផែនទីឯកតោភាគីរួចទៅហើយ ថាអាហ្នឹងរបស់គេ មានអីត្រូវចរចាយន្តការទ្វេភាគីទៀត។ បើសិនជាអ្នកមិនបានប្រកាសថ្នាក់កម្រិតនយោបាយ ត្រឹមតែអ្នកជាតិនិយម បាតុកម្មនៅលើផ្លូវស្រែក ហ្នឹងជារឿងមួយ។ ប៉ុន្តែមេដឹកនាំនយោបាយ និងមេដឹកនាំយោធានិយាយច្បាស់ហើយ ចង់បានវាយគ្នា។ ហ្នឹងមានតែរឿងផ្សេងទៀត។ មាត់ថាអាហ្នឹងជាកន្លែងមិនទាន់ដាច់ស្រេច តែខ្លួនឯងប្រកាសថាជារបស់ខ្លួនឯងឯកតោភាគី។ ចង់ថាម៉េច? ប្រើយន្តការទ្វេភាគី វាមិនទៅរួចអាកន្លែងហ្នឹង។
រហូតទៅដល់ថ្ងៃ២៣ មិថុនា ថ្នាក់ដឹកនាំកំពូលមួយរបស់ថៃបានប្រកាសថា ឥឡូវគេប្រគល់សិទ្ធិមកឲ្យខាងកងទ័ពដើម្បីសំរេចបិទ ឬបើកច្រកតាមាន់ធំ។ ខ្ញុំថាអ្នកឯងប្រកាសបន្ទាត់ក្រហមឲ្យច្បាស់ កន្លែងនេះជាកន្លែងមិនទាន់ដាច់ស្រេច។ ការសំរេចចិត្តបិទតែច្រកខាងថៃចុះ ប៉ុន្តែកុំបិទច្រកខាងខ្មែរ។ ខ្មែរមានសិទ្ធិគ្រប់គ្រងច្រកនេះ។ ក្រោយមកគេថា គេកំពុងសំរេចថាឈប់ឲ្យប្រជាជនទាំងសងខាងឡើង។ អត់ទេអ្នកឯងសំរេចចិត្តឈប់ឲ្យប្រជាជនខាងនោះឈប់ សិទ្ធិអ្នកឯង តែប្រជាជនខ្ញុំ ខ្ញុំជាអ្នកសំរេច។ លេងរឿងហ្នឹងទៀត។ ឥឡូវហ្នឹងអ្នកឃើញអាហ្នឹងតាម Facebook ដែលគេថា គេនឹងសំរេចឈប់ឲ្យប្រជាជនខ្មែរចូល មើលប៉ុន្មាននាក់បានឃើញ? ច្រើន ខ្ជិលលើកដៃទៀត ប៉ុន្តែខ្ញុំដឹងថាឃើញដែរ។ រឿងនេះ គ្មានអ្វីលាក់បាំងដូចកាលពី ២០ឆ្នាំមុន គ្មានប្រព័ន្ធ social media អីទេ។ ឥឡូវតែផុសចេញព្រាត។
(២៣) គោរពតាមស្មារតី MOU ឆ្នាំ២០០០ អនុសញ្ញាបារាំង-សៀម១៩០៤ ផែនទីដើម១៩០៧ ដើម្បីផ្ទេរមកលើដីជាក់ស្តែង
ខ្ញុំសូមប្រកាសជូនឲ្យហើយ កន្លែងតាមាន់ធំ ជាកន្លែងដែលមិនទាន់ដាច់ស្រេច តាមាន់តូច តាក្របី មុំបី។ យើងទៅរកប្រព័ន្ធតុលាការអន្តរជាតិ ដោះស្រាយ។ គ្មានអ្នកណាមានសិទ្ធិឯកតោភាគីប្រកាសបិទកន្លែងហ្នឹង ឈប់ឲ្យអ្នកណាចូល រក្សាស្ថានភាពដដែល។ ជាឯកតោភាគី ហ៊ានតែបិទទ្វារមិនឲ្យប្រជាជនខ្មែរឡើងនឹងមានរឿង បន្ទាត់ក្រហមច្បាស់ ស្មើនឹងអ្នកឯងដាក់ច្រកឯកតោភាគី យកទៅហើយ។ បើសិនជា គេអាចយកកន្លែងហ្នឹងបានដោយផែនទីឯកតោភាគី បានន័យថាយើងទទួលស្គាល់ផែនទីឯកតោភាគី មួយលើហាសិបពាន់របស់ថៃ។ អញ្ចឹងតើនៅតាមបណ្តោយព្រំដែន ៨០០គីឡូម៉ែត្រ ហ្នឹងកន្លែងណាទៀតដែលគេគូសចូល។ អត់ទេ។ គោរពតាម MOU ឆ្នាំ ២០០០ អនុសញ្ញាបារាំង-សៀម ១៩០៤ សន្ធិសញ្ញា ១៩០៧ យកមក ចង់មួយលើហាសិបពាន់ មួយលើមួយរយពាន់ មួយលើប៉ុន្មានវាអត់សំខាន់ទេ ប៉ុន្តែត្រូវយកអាផែនទីដើមហ្នឹងដើម្បីធ្វើការផ្ទេរវាមក។ មួយលើពីររយពាន់ហ្នឹង យកផ្ទេរមកលើផែនទីហ្នឹងបានសុក្រឹត។
សូមបញ្ជាក់ កម្ពុជាចង់បានតែភាពត្រឹមត្រូវ។ អ្វីដែលយើងស៊ីញ៉េនឹងដៃ យើងអនុវត្តទៅ កុំស៊ីញ៉េនឹងដៃ លុបនឹងជើង ។ ទាំងសងខាងស៊ីញ៉េឆ្នាំ២០០០ ទាំងអស់គ្នា ថាប្រើប្រាស់ផែនទី១៩០៧ ដែលបន្សល់ទុកពីក្រុមភូមិសាស្រ្តឥណ្ឌូចិន។ ហេតុអ្វីក៏មិនប្រើ? ស៊ីញ៉េកុងត្រាជាមួយគ្នា តែដល់អនុវត្តៗ តាមសន្លឹកដែលខ្លួនសរសេរជាឯកតោភាគី អ្នកណាព្រម? កម្ពុជាក៏មានសិទ្ធិសរសេរជាឯកតោភាគី អនុវត្តតាមយើងដែរ អញ្ចឹងវាយគ្នាមិនចេះចប់។ អញ្ចឹងហើយបានគេហៅទៅតុលាការអន្តរជាតិដោះស្រាយដោយប្រើច្បាប់អន្តរជាតិ និងដោះស្រាយតាមសន្តិវិធី។ យើងមិនចង់រាលដល់ព្រំផ្សេងទៀត ជាពិសេសតាមព្រំដែន ដែលគេចាប់ផ្តើមបិទមុន។ ឥឡូវបើកមុនទៅ ហើយកុំមកចោទកម្ពុជាថាអាក្រក់។
(២៤) “នឹងមិនមានការប្រជុំ GBC មិនមានការប្រជុំ RBC ទេ បើគ្មានការបើកច្រកអោយដូចធម្មតា”
កម្ពុជារង់ចាំមើលថាអ្នកណាដែលចង់ដោះស្រាយពិតប្រាកដ។ រឿងកែសម្រួលកងទ័ពក្តី រឿងបើកទំនាក់ទំនងព្រំដែនក្តី គឺវាចាប់ផ្តើមពីអ្នកដែលមានអំណាចពិតប្រាកដនៅម្ខាងនោះ។ ច្បាស់ហើយតាំងពីដើមដល់ចប់ កម្ពុជាមាននាយករដ្ឋមន្រ្តីជាអ្នកសំរេចទទួលខុសត្រូវបិទឬបើក។ អញ្ចឹង ខាងនោះបញ្ចេញសារឲ្យច្បាស់មក ហើយមិនបាច់ចរចាសុំធ្វើលិខិតជូនដំណឹង មិនបាច់ជូនដំណឹង យើងមិនត្រូវការទៀត ធ្វើលិខិតមកសុំយើង មិនបាច់ទេ។ ប្រកាសខ្លួនឯងទៅ។ ប្រកាសថាចាប់ពីស្អែកទៅ ចាប់ពីថ្ងៃនេះទៅ ភាគីថៃនឹងចាប់ផ្តើមបើកច្រកពីម៉ោង៦ ដល់ម៉ោង១១ គ្រប់ច្រកទាំងអស់ សម្រាប់មនុស្សនិងទំនិញគ្រប់ប្រភេទ មិនមែនបើកតែច្រកដូចរាល់ថ្ងៃទេណា។ បើកឲ្យដូចស្ថានភាពមុនថ្ងៃ ៧មិថុនា ឆ្នាំ២០២៥ និងមិនមានការបិទច្រកជាឯកតោភាគីទៀតទេ។ បើសិនជាមានកិច្ចការងារអ្វី ត្រូវជូនដំណឹងគ្នាទៅវិញទៅមក ធ្វើដូចពីមុនទៅ ឲ្យមានភាពច្បាស់លាស់។ កម្ពុជានឹងអនុវត្តតាមមិនឲ្យលើសពី ៥ម៉ោង។ ចប់ស្រេច។ បើកច្រកហើយ មានស្ថិរភាពហើយ ចាំយើងណាត់គ្នាជួបរឿងកងទ័ព។
ខ្ញុំប្រាប់ឯកឧត្តម ទៀ សីហា ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ម៉ៅ សុផាន់ “គ្មានការប្រជុំ GBC ដែលរដ្ឋមន្រ្តីការពារជាតិដឹកនាំ គ្មានការប្រជុំ RBC ដែលភូមិភាគកម្ពុជាថៃដឹកនាំនោះទេ បើគ្មានការបើកច្រកទៅស្ថានភាពធម្មតា”។ បើមិនអញ្ចឹងទេ លេងដូចតែរាល់ថ្ងៃហ្នឹង។ កម្ពុជាគ្មានពេលទៅកំដរជាមួយទេ។ យើងចង់បានភាពពិតប្រាកដមួយ។ សូម្បីតែដៃគូរកស៊ីជាមួយគ្នា ក៏យើងត្រូវការអ្នកច្បាស់លាស់ មិនក្រឡិចក្រឡុចដែរ ទម្រាំប្រទេសនឹងប្រទេស យើងត្រូវការអ្នកពិតប្រាកដបានស្រួលនិយាយគ្នា។ កម្ពុជាទទួលខុសត្រូវសំរាប់ប្រជាជនកម្ពុជា នេះនិយាយឲ្យច្បាស់។ តើប្រជាជនកម្ពុជាសុខចិត្តទេ? បើរដ្ឋាភិបាលកម្ពុជា រត់តាមគេរហូត។ គេក្រឡុកយើងវិលមុខ។ កម្ពុជាត្រូវធ្វើការម្ចាស់ការឲ្យបានច្បាស់។ ឆ្លើយតបទៅផលប្រយោជន៍របស់ជាតិនិងប្រជាជន យើងត្រូវប្រកាន់ជំហរឲ្យច្បាស់លាស់។ ជំហរអត់មានលើសពីហ្នឹងទៀតទេ។ ចង់ដឹងមើលទៅលើ Facebook ទៅបានហើយ។ បើថាខ្ញុំនិយាយហ្នឹងមិនកើត ខ្ញុំសរសេរជាលាយលក្ខណ៍អក្សរ ហើយបកជាភាសារអង់គ្លេសឲ្យទៀត ក្រែងលោអ្នកខ្លះយកទៅបកខុស។
បកតាម Google ហ្នឹង មិនដែលត្រូវ … ខ្ញុំធ្លាប់ម្តងទៅគោរពវិញ្ញាណក្ខ័ន្ធនៅរុស្ស៊ី។ កាសែតរុស្ស៊ីចេញជាភាសារុស្ស៊ី ហើយយើងឲ្យ Google បក។ ចេញមកភាសាខ្មែរមើលមិនយល់ … អញ្ចឹងបានបកជាភាសាអង់គ្លេសឲ្យទៀត។ ឲ្យក្រុមជំនួយការ ៤នាក់បក ហើយយកមកខ្ញុំកែបន្ថែមទៀតឲ្យប្រាកដ ព្រោះយើងសរសេរមិនស្រួលគេយកទៅបកបានទៀត។ បើយើងចេញសម្តីមិនស្រួល គេយកទៅពន្លាត់។ អញ្ចឹងដាក់ភស្តុតាងលើហ្នឹងតែម្តង។ អ្នកខ្លះថាម៉េចបានសម្តេចតេជោ សម្តេចធិបតី គិតតែចេញសាររករូបមន្តដឹកនាំតាមប្រធានាធិបតីត្រាំ ឬយ៉ាងម៉េច។ ថា អត់ទេ នៅពេលដែលបញ្ហាស្រពេចស្រពិល បញ្ហាមានភាពមិនច្បាស់លាស់ជាពិសេសការប្រែប្រួលគ្រប់ពេលនៅម្ខាងទៀត កម្ពុជាត្រូវការច្បាស់លាស់និងការទទួលខុសត្រូវ។ មធ្យោបាយមួយគឺនិយាយលើមេក្រូបែបនេះ។ តែខ្ញុំគ្មានពេលទៅនិយាយមេក្រូបែបនេះគ្រប់ពេលទេ។ មានតែសារតាម Facebook តែម្តង។
ថ្ងៃមុនមានអ្នកទៅបន្លំកាត់ត page របស់ខ្ញុំ តែកាត់តមិនស្អាត ព្រោះ Facebook Page របស់យើងមាន tick ព័ណ៌ខៀវ និងមានម៉ោង ពេលណាបង្ហោះបាន ១ថ្ងៃ ២ថ្ងៃ វាលោត។ ដល់អ្នកកាត់ ទៅកាត់អាហ្នឹងមក អត់ដាក់ម៉ោង ហើយទៅប្រកាសថា កម្ពុជាប្រុងផ្តាច់ការនាំចូលទឹកពីថៃមកទៀត។ ខ្ញុំក៏និយាយថា មើលៗវាមាន tick ដំបូងចង់ភ័យ ចង់ឆ្ងល់ខ្លួនឯង ក្រែងលោដេកយល់សប្តិសរសេរអញ្ចឹងមែន។ ដល់មើលច្បាស់ថាអត់ ហើយក៏សួរមួយទៀតក្រែងលោគេ hack របស់យើងទៅសរសេរ។ វាអត់ទៀត។ ដល់ទីបំផុត គេកាត់ត ពូកែទៀត ច្របូកច្របល់។
(២៥) អរគុណគ្រប់ភាគីកម្ពុជាពាក់ព័ន្ធ ដែលសកម្មជ្រោងខ្ពស់ស្មារតីគាំទ្រដល់កងទ័ព ដល់រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាព និងកិត្តិយសជាតិ
រឿងនេះ ឱកាសនេះ និយាយអំពីទិវាមច្ឆាជាតិ និយាយអំពីសន្តិសុខស្បៀង យើងក៏ត្រូវនិយាយអំពីសមត្ថភាពរបស់កម្ពុជាក្នុងការធានាម្ចាស់ការឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជន ជាពិសេសនៅក្នុងដំណាក់កាលលំបាក ដូចជាកូវីដ-១៩ ហើយដូចជាស្ថានភាពឥឡូវនេះ ដែលយើងត្រូវបានការគំរាមកំហែងដែលប្រើប្រាស់ការកៀបសង្កត់ខាងសេដ្ឋកិច្ចមួយ បង្ហាញអំពីសមត្ថភាពរបស់យើង។ ក្នុងឱកាសនេះដែរ ខ្ញុំសូមអរគុណ ឆ្លងពីឱកាសឬបញ្ហាដែលយើងកំពុងប្រឈម វាបានលេចចេញនូវភាពខ្លាំងរបស់កម្ពុជា នោះគឺការពង្រឹងជំនឿទុកចិត្តរបស់ប្រជាជន តាមរយៈលើការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាលពីអាណត្តិមុនៗ ដែលពេលខ្លះសង្ស័យយកស្ពៃយកសាច់គោ លក់ប្រទេសឲ្យគេ។ តែទីបំផុតអត់ទេ។ គ្រាន់តែទាក់ទងការវិនិយោគ ទាំងរដ្ឋ ទាំងឯកជន ទាំងដៃគូមក ដើម្បីបង្កើនសមត្ថភាពខ្លួនឯងក្នុងការផ្គត់ផ្គង់ភ្លើង ទឹក អ៊ិនធើណេត ការបើកទីផ្សារ ដើម្បីធានាសន្តិសុខខាងថាមពល ប្រេងអីផ្សេងៗ ពេលមានកិច្ចការបញ្ហាដូចនេះ។ ធានានៅក្នុងការជួយដល់ប្រជាពលរដ្ឋរបស់យើងដែលត្រឡប់មកពីថៃវិញ។
ខ្ញុំសូមអរគុណណាស់ទៅដល់ក្រសួងមហាផ្ទៃ អគ្គអន្តោប្រវេសន៍ គ្រប់ស្ថាប័នខេត្តទាំង ៧ ជាប់ព្រំដែន ក្រសួងការងារដែលបានសហការគ្នាជួយ ទៅដល់ពលកររបស់យើងដែលបងប្អូនត្រឡប់មក។ នៅក្នុងប៉ុន្មានថ្ងៃនេះ មកដូចជាង ១ម៉ឺននាក់ ជិត ២ម៉ឺននាក់ ហើយបានរុញចូល ឯកឧត្តម ហេង សួរ រាយការណ៍ឲ្យខ្ញុំ update រាល់ថ្ងៃ ប៉ុន្មាននាក់ដែលទៅបណ្តុះបណ្តាលបន្ថែម អ្នកណាដែលរុញទៅភ្ជាប់ការងារផ្សេងៗ។ យើងមិនមែនប្រកាសសង្គ្រាមសេដ្ឋកិច្ចនោះទេ ប៉ុន្តែយើងមានកាតព្វកិច្ចជួយប្រជាពលរដ្ឋដែលត្រឡប់មកវិញ។ បងប្អូនដែលត្រឡប់មកវិញ សូមសហការជាមួយក្រសួងស្ថាប័ន។ អរគុណទៅដល់ខេត្តជាប់ព្រំដែន ជួយសម្រួលឡានដឹកបងប្អូននៅតាមស្រុក ខេត្តបាត់ដំបង បន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តដែលជួយប្រជាពលរដ្ឋយើងនៅព្រះវិហារ ជនភៀសខ្លួន ប្រជាពលរដ្ឋនៅអូរស្មាច់ នៅខេត្តឧត្តរមានជ័យ ជួយនៅក្នុងការជួយគ្នា។
សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់។ នៅ(ក្នុងក្បួន)ថ្ងៃទី១៨ មិថុនា សំឡេងយុវជនច្រើនណាស់ ជាង ១៥ម៉ឺននាក់ ចេញមកគាំទ្ររាជរដ្ឋាភិបាល និងកងទ័ពជួរមុខរបស់យើង។ កម្ពុជាទូទាំងក្នុងនិងក្រៅប្រទេស share រាប់លាននាក់ ដើម្បីស្មារតីគាំទ្រដល់កងទ័ពរបស់យើង ដល់រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការត្រៀមលក្ខណៈការពារបូរណភាពទឹកដី ក៏ដូចជាការពារអធិបតេយ្យភាព និងកិត្តិយសមុខមាត់ជាតិរបស់យើង។ ការណ៍ នេះបានបង្ហាញឲ្យឃើញស្មារតីរួបរួមគ្នា។ សូមអរគុណសាជាថ្មីជូនទៅដល់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលខិតខំរាល់ថ្ងៃនេះ បង្កើនការប្រុងប្រយ័ត្នគ្រប់កន្លែងទាំងអស់ ទាំងភូមិភាគ៣ ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ភូមិភាគ៥ បន្ទាយមានជ័យ ឧត្តរមានជ័យ ភូមិភាគ៤ ព្រះវិហារ ជាប់ទៅដល់បន្ទាយមានជ័យទាំងអស់ ដែលបានខិតខំបង្កើនការយកចិត្តទុកដាក់ ទាំងកងទ័ព ទាំងកងនគរបាលជាតិ ដើម្បីត្រៀមការពារទឹកដីរបស់យើង។
យើងមិនចង់មានសង្គ្រាមទេ តែយើងក៏មិនឲ្យគេបំពានដែរ។ សូមអរគុណទៅដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានផ្តល់ការគាំទ្រគ្រប់រូបភាព មិនថាជាថវិកា ជាស្បៀង ជាកម្លាំងចិត្តលើកទឹកចិត្ត តាមហ្វេសប៊ុក តាមប្រព័ន្ធ social media ជូនបងប្អូនរបស់យើង។ ឃើញមានការតែងចម្រៀងច្រើន លើកទឹកចិត្តកងទ័ព ហើយបូកជាមួយវីដេអូទៀត លើកទឹកចិត្តកងទ័ពរបស់យើង។ អរគុណដល់គ្រួសារទ័ព សូម្បីតែប្រជាជនដែលភៀសខ្លួននៅព្រះវិហារ សុទ្ធតែគ្រួសារទ័ពពីតំបន់ … ខ្ញុំសួរគាត់ថាម៉េចបានជាគាត់(មក) គាត់ថាហ្នឹងលំបាក តែធ្វើម៉េចគាត់ត្រូវចុះមកសិន ដើម្បីទុកឲ្យប្តីឲ្យតា នៅការពារទឹកដីកុំឲ្យគាត់លំបាក។ នេះជាការលះបង់ និងការចូលរួមធំណាស់របស់ជាតិខ្មែរ ជាពិសេស ពេលដែលមានការគំរាមកំហែង ទៅលើកិត្តិយសជាតិ បូរណភាពទឹកដី ខ្មែរយើងរួមគ្នា។
យើងចង់បានសុខ សង្គ្រាមរាប់សិបឆ្នាំមកហើយ តែយើងមិនអាចទទួលបាននូវការប្រមាថបានទេ។ ខ្ញុំក៏សូមអរគុណទៅដល់ទ័ពជួរមុខ២ ទៀតផងដែរ។ ទី១ គឺទ័ពខាងបច្ចេកទេស គណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា-ថៃ JBC ឯកឧត្តម ឡាំ ជា និងក្រុមការងារព្រំដែនរបស់យើង ដែលខិតខំច្រើនអាណត្តិមកនេះ ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដែលបន្សល់ទុកមិនច្បាស់លាស់រាប់រយឆ្នាំ។ យើងបោះបង្គោលព្រំដែន តស៊ូដើម្បីការពារ ហើយត្រៀមលក្ខណៈធ្វើការ JBC នៅលើកន្លែងណាមួយចំនួនតទៅទៀត។ ទ័ពស្រួចទី២ គឺក្រុមការងារការទូត និងច្បាប់របស់យើង ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលមានក្រុមការងារចម្រុះធ្វើការទាំងផ្នែកច្បាប់ទៅ ICJ បូកជាមួយនឹងការការពារពន្យល់ទៅកាន់អង្គទូតផ្សេងៗ ឲ្យយល់អំពីស្ថានភាពជាក់ស្តែងនៅកម្ពុជា។
ការដោះស្រាយបញ្ហាទៅព្រមគ្នា ហើយខ្ញុំក៏សូមអរគុណទៅដល់ក្រុមការងារប្រជាពលរដ្ឋរបស់យើង និងក្រុមការងារព័ត៌មាន ក្រសួងព័ត៌មាន ក្រុមការងារដឹកនាំឆ្លើយតប ដើម្បីពន្យល់សាធារណៈ និងឆ្លើយតបទៅនឹងការចោទប្រកាន់ផ្សេងៗ ឯកឧត្តម ស្វាយ ស៊ីថា ឯកឧត្តម នេត ភក្ត្រា ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ យើងធ្វើការស្រុះគ្នា។ អ្នកនាំពាក្យក្រសួងការពារជាតិទាំងអស់ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប៉ះអ្នកណា អ្នកហ្នឹងចេញ ដើម្បីការពារភាពត្រឹមត្រូវរបស់ជាតិរបស់យើង។ កន្លែងខ្លះយើងស្លូតបន្តិច។ ពេលខ្លះយើងមិនចង់មានរឿង ប៉ុន្តែយើងមានសិទ្ធិ។ យើងត្រៀមលក្ខណៈ ហើយយើងបានធ្វើសកម្មភាព ដើម្បីការពារសេចក្តីថ្លៃថ្នូររបស់យើង និងបង្ហាញការពិតពីជ្រុងរបស់កម្ពុជា។ ជ្រុងទាំងអស់នេះ គឺជាជ្រុងដែលយើងត្រូវធ្វើបន្តទៀត ដើម្បីការពារផលប្រយោជន៍ជាតិរួមគ្នារបស់យើង។
ក្នុងពេលជាមួយគ្នា សូមអរគុណទៅដល់ប្រជាពលរដ្ឋ វិស័យឯកជនរបស់យើង ដែលជួយគាំទ្រផលិតផលខ្មែរក្នុងពេលនេះ។ កសិករយើងដាំល្ពៅនៅព្រះវិហារ ដាំផ្លែឈើផ្សេងៗ យើងរៀបចំ។ ខ្ញុំបានចេញបទបញ្ជាតាំងពីមានបញ្ហានៅពេលបិទព្រំដែន ឲ្យសិក្សាអំពីការងារ ត្រៀមលក្ខណៈជួយកសិករយើង។ ម៉ោងថ្មើរនេះ ការនាំចេញរបស់យើងនៅទិសខាងលិចវាអត់សូវមានទេ។ កសិផលរបស់យើងផុតខែច្រូតទៅហើយ។ ខែប្រមូលផលដំឡូងនេះ ប្រហែល ៦ទៅ ៨ខែ។ យើងមានតាង៉ែន យើងមានពោត ដែលត្រូវតែទោះជាយ៉ាងណាក៏ដោយ ទោះព្រំដែនអត់បើក ក៏យើងត្រៀមលក្ខណៈ ដើម្បីជួយកសិកររបស់យើង។ ផ្សារផ្ទៃក្នុង និងផ្សារចេញទៅប្រទេសផ្សេងៗទៀត យើងមានគ្រប់។ អត់បញ្ហា។ ត្រៀមលក្ខណៈគ្រប់បែបយ៉ាង មិនឲ្យគេមើលងាយបាននោះទេ។ មិនឲ្យកសិករយើងស្លាប់ ដោយគ្មានរដ្ឋ គ្មានអ្នកណាជួយដែរ។
ខ្ញុំយកឱកាសនេះ ក៏អរគុណទៅដល់ប្រជាពលរដ្ឋយើង ទាំងលក្ខណៈបុគ្គលទិញទំនិញ ផ្សារ ដែលក្នុងនោះក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម ធ្វើការជាមួយនឹងទីផ្សារនៅក្នុងស្រុករបស់យើង មានដូចផ្សារអ៊ីអន ផ្សារម៉ាក្រូ ផ្សារជីបម៉ុង Big C តេឡាអីច្រើន ក្រុមហ៊ុនដឹកជញ្ជូន មានក្រុមហ៊ុនវីរៈប៊ុនថាំ ក្រុមហ៊ុន ZTO ក្រុមហ៊ុន G-O ក្រុមហ៊ុន E-get Jalet សុទ្ធតែក្រុមហ៊ុនដែលជួយ។ នេះបានហៅថាស្មារតីនៃស្នេហាជាតិ និងខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រខ្មែរ មិនមែនតែរដ្ឋាភិបាលស្រែកឲ្យអ្នកផ្សេង អត់ធ្វើទេ ឬមួយធ្វើតាមហ្វេសប៊ុក តែធ្វើដោយស្ម័គ្រចិត្ត រួមគ្នាតែម្តងជួយ។ នេះហើយគឺជាអ្វីដែលភាពខ្លាំងរបស់យើង។
(២៦) សូមឱ្យស្មារតីជាតិនិយមពេលនេះ នៅស្ថិតស្ថេរដើម្បីខ្មែរជួយផលិតផលខ្មែរជារៀងរហូតតទៅ
ប៉ុន្តែការជួយក្នុងរយៈពេលខ្លីបែបនេះមិនគ្រប់គ្រាន់ទេ។ យើងត្រូវគិតជាយុទ្ធសាស្ត្ររយៈពេលវែង។ ខ្ញុំបានបញ្ជាតាំងពីមុនឲ្យក្រសួងគណៈកម្មការគោលនយោបាយ ក្រសួងកសិកម្មជាពិសេស ហើយពាណិជ្ជកម្ម ពិនិត្យមើលក្នុងការឈានទៅដល់ម្ចាស់ការជាជំហានៗ លើការផលិតនូវផលិតផលមួយចំនួន។ យើងមិនអាចផលិតមួយពាន់មុខគ្រប់ទេ ត្រូវនាំចេញនាំចូល តែត្រូវបង្កើនផលិតផលដែលយើងអាចមានលទ្ធភាពនៅក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកយើងឲ្យកាន់តែមានប្រសិទ្ធភាពទៅថ្ងៃក្រោយ។ ឥឡូវយើងមានអង្ករ យើងមានជ្រូក យើងមានស្អីមួយចំនួនដោយខ្លួនឯង អត់មាននាំចូលមក យើងរស់ខ្លួនឯង តែត្រូវពង្រីកបន្ថែមទៀត។ មើលកសិដ្ឋាន សត្វអ្វីខ្លះដែលយើងអាចចិញ្ចឹម យើងផ្គត់ផ្គង់ផ្ទៃក្នុង ជំនួសការនាំចូល។ បន្លែស្អីខ្លះ មិនមែនបន្លែគ្រប់មុខទេ។ បន្លែអ្វីខ្លះដែលយើងមានប្រៀប យើងអាចផលិតផ្គត់ផ្គង់ខាងក្នុង គ្មានភាពប្រកួតប្រជែង ធ្វើបាន លក់នៅក្នុង នាំចេញទៅក្រៅ ដើម្បីជំនួសឲ្យនាំចូល។ ត្រូវធ្វើកិច្ចការនេះបន្ត ជំរុញកសិឧស្សាហកម្មយ៉ាងណាឲ្យកាន់តែច្រើន បូកជាមួយនឹងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសនៅទិសខាងលិចដើម្បីជំរុញកសិឧស្សាហកម្ម ជំរុញការច្នៃប្រឌិតនូវផលិតផលកសិកម្មនៅហ្នឹងកន្លែង ដើម្បីនាំចេញទៅទីផ្សារឲ្យបានច្រើននៅលើពិភពលោក ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់យើង នេះគឺជាកិច្ចការសំខាន់។
ខ្ញុំបានដាក់គោលការណ៍ហើយ ក្រសួងទាំងអស់ មានក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ គណៈកម្មការគោលនយោបាយ ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម សូម្បីតែឧស្សាហកម្មហ្នឹង ក៏ត្រូវមានលទ្ធភាពច្រើនដែរ។ ថ្ងៃមុនខ្ញុំទៅកម្មវិធី SME បូកសរុប ផលិតផលនំអីពេញក្នុងប្រទេស ចាំបាច់យកលុយរាប់រយលានទៅទិញរបស់ពីក្រៅគ្រប់មុខទេ? ប៉ុន្តែត្រូវការប្រជាពលរដ្ឋគាំទ្រផលិតផលជានិរន្តផង កុំគាំទ្រតែមួយភ្លែត។ បន្តគាំទ្រផលិតផលខ្មែរយើងផង ដើម្បីយើងម្ចាស់ការ ព្រោះទាល់តែមានទីផ្សារ។ រដ្ឋាភិបាលត្រឹមតែជួយបង្កើត ជួយផលិត ជួយប្រទាក់ក្រឡា តែបើប្រជាពលរដ្ឋខ្មែរដែលជាអតិថិជនមិនទិញ ទីផ្សារក៏មិនរីក។ បើសិនជាប្រជាជនយើងទិញ លុយហ្នឹងក្រុមហ៊ុនយកទៅបង្កើនផលិតកម្ម បង្កើនគុណភាពកាន់តែខ្លាំង។ អញ្ចឹងស្មារតីជាតិនិយមនៅពេលនេះ សូមឲ្យនៅស្ថិតស្ថេរ ដើម្បីឲ្យខ្មែរជួយផលិតផលខ្មែរជារៀងរហូតតទៅមុខ។ និយាយបែបនេះមិនមែនបានន័យថាកម្ពុជានឹងបិទប្រទេសឈប់ធ្វើពាណិជ្ជកម្មនោះទេ ប៉ុន្តែមានផលិតផលច្រើនណាស់ ដែលយើងអាចភ្ជាប់រវាងអ្នកផលិតក្នុងស្រុក ជាមួយនឹងប្រជាជនអ្នកប្រើប្រាស់ក្នុងស្រុក ជាជាងយកពីរបស់នាំចូលមក។
នៅពេលនេះ យើងធ្វើបាន យើងក៏អាចធ្វើរយៈពេលវែងដែរ។ អញ្ចឹងសូមឲ្យក្រសួងពាក់ព័ន្ធ ធ្វើម៉េចភ្ជាប់ជាមួយប្រព័ន្ធទីផ្សារ បោះដុំ លក់រាយជាដើម។ អ្នកនាំបោះដុំមកពីក្រៅប្រទេស បង្វែរមកបោះដុំនៅក្នុងស្រុកទៅ។ ធ្វើយ៉ាងណាកាត់បន្ថយការនាំចូល ជួយគាំទ្រផលិតផលក្នុងស្រុក ជួយបង្កើតការងារ និងធានានូវចំណូលដល់ប្រជាពលរដ្ឋនៅក្នុងស្រុក និងវិស័យឯកជននៅក្នុងស្រុករបស់យើង មិនថាស្បៀងអាហារ ចំណីអាហារ ជាបែបកសិកម្ម ឬសិប្បកម្ម ឬយ៉ាងណាទេ។ ផលិតរបស់ប្រើប្រាស់ក៏ដូចគ្នា។ ខ្ញុំសូមឲ្យស្មារតីនេះ ការរួមគ្នារវាងប្រជាជន អតិថិជន វិស័យឯកជន រដ្ឋយើង បន្តទៅមុខទៀតក្នុងស្មារតីស្នេហាជាតិ ស្មារតីខ្មែរជួយខ្មែរ ស្មារតីខ្មែរគាំទ្រផលិតផលខ្មែរ ដើម្បីយើងពង្រឹងសមត្ថភាពផ្ទៃក្នុង។
ខ្ញុំសូមអំពាវនាវឲ្យអ្នកផលិត គិតគូរអំពីគុណភាពរបស់ខ្លួន និងតម្លៃ ព្រោះនេះជាកត្តាកំណត់។ រដ្ឋាភិបាលមិនអាចបង្ខំឲ្យបងប្អូនទៅទិញផលិតផលអត់មានគុណភាព អត់មានបរិមាណគ្រប់។ អត់អាចធានាបាននោះទេ ឬតម្លៃថ្លៃហួសហេតុនោះទេ។ អញ្ចឹងយើងនឹងខិតខំជួយធ្វើយ៉ាងណាដើម្បីភ្ជាប់ឲ្យបានច្រើន។ ថ្ងៃមុន គេដើរបង្ហាញម៉ូត។ បើធម្មតា ខោអាវគេ គេបង្ហាញម៉ូត គេដាក់ផលិតផល មានទឹកសុទ្ធមាននំ ហើយខាងសហគមន៍អីផ្សេងៗ ក៏មាន។ បើទូទាំងប្រទេសបានចាប់ផ្តើមពីភូមិមួយ ស្រុកមួយ ឃុំមួយ ឥឡូវខេត្តមួយៗ សាកមើល។ ខេត្តមួយអាចមានផលិតអីទេ? ចៅហ្វាយខេត្តចលនាប្រជាពលរដ្ឋនៅក្នុងខេត្ត គាំទ្រផលិតផលហ្នឹងទៅ។ ចៅហ្វាយខេត្តនាំដើរលក់ទូទាំងប្រទេស ផលិតផលមួយហ្នឹងទៅ។ ឥឡូវ បើមួយខេត្ត យកផលិតផលមួយលក់ទូទាំងប្រទេស ជួយជំរុញហ្នឹងរួច ២៥ខេត្តបាន ២៥មុខ ម្យ៉ាងដែរតើ។ យើងគិតមើល នេះគ្រាន់តែជាការគិតរបស់ខ្ញុំ។ ប៉ុន្តែ ដែលយើងអាចធ្វើបានពេលមានអាសន្ន ចុះបើស្មារតីហ្នឹងវានៅជាប់ជាប្រចាំ ក្នុងស្មារតីលើកតម្កើង និងពង្រឹងសមត្ថភាពខ្លួនឯង (យើងត្រូវតែអាចធ្វើបាន)។
ទាល់តែយើងរួមគ្នាធ្វើ។ ខ្ញុំគិតថា ប្រជាពលរដ្ឋយើងទាំងអស់ ទាំងវិស័យឯកជន ទាំងអ្នកផលិត ទាំងអ្នកប្រើ ជាមួយរដ្ឋ ត្រូវប្រើ រួមគ្នា ដើម្បីគិតគូរអំពីការជំរុញបន្ថែម ផលិតបន្ថែម គុណភាព បរិមាណ និងតម្លៃ បូកជាមួយទីផ្សារធ្វើយ៉ាងណាភ្ជាប់។ នៅទូទាំងប្រទេស បើបូកទៅអ្នកបោះដុំមិនច្រើនទេ។ អ្នកលក់រាយច្រើនរាប់សែន រាប់លាននាក់ តែអ្នកបោះដុំ ខ្ញុំថាយ៉ាងច្រើន ១ម៉ឺននាក់ប៉ុណ្ណឹង ឬមួយក៏ ១០០០នាក់។ បើយកពីផ្សារអូឡាំពិកទៅបោះ ក៏មិនច្រើនដែរ។ និយាយជាមួយគាត់មើល។ ក្រសួងស្ថាប័ន អាចជួយគាត់។ ឥឡូវធ្លាប់យក ១០០មុខពីក្រៅ សូមយកតែ ៩០មុខ ឯ ១០មុខ យកខាងក្នុងទៅ ខ្ញុំជួយ។ គាត់យកទៅបោះឱ្យម៉ូយស្រាប់។ ធ្វើរឿងហ្នឹងមើល។
ឧទាហរណ៍ ផ្សារអូឡាំពិក ផ្សារអីបោះដុំ ទៅយកពីក្រៅមក ១០០មុខ។ យើងយកតែ ៥មុខ និយាយចរចាគ្នាភ្ជាប់គាត់ជាមួយក្រុមហ៊ុនក្នុងស្រុក ហើយរដ្ឋជួយសម្រួលអីយ៉ាងម៉េចទៅ។ អ្នកហ្នឹងលែងទៅយកពីខាងមកបោះដុំគ្រប់មុខហ្នឹងហើយ។ ឥឡូវចាប់ពី១០០មុខ យកពីក្រៅតែ ៩៥មុខមក នៅក្នុងយក ៥មុខ។ ឆ្នាំក្រោយយក ៥មុខទៀតទៅ។ ខ្ញុំថាធ្វើឿងហ្នឹង យើងជួយបង្កើតបណ្តាញទីផ្សារ យើងជួយធានា យើងជួយនៅក្នុងការភ្ជាប់ប្រព័ន្ធអេកូ។ បើខាងផលិតផលដូចនំ អាចស្រួលជាងកសិកម្ម ព្រោះកសិកម្មរាយច្រើន តែអ្នកផលិតនំ ផលិតអីគាត់តែ ២ ឬ៣ក្រុមហ៊ុន នៅប្រមូលផ្តុំច្រើនណាស់។ គាត់មាន Capacity អាចជួយ។ ហ្នឹងយើងអាចធ្វើបាន សហគ្រាសធុនតូច ធុនមធ្យមរបស់យើង អាហ្នឹងគិតគូរមើល។
វាផ្តើមចេញពីប្រព័ន្ធប្រទាក់ក្រឡាផ្ទៃក្នុង ពីអ្នកផលិតទៅទីផ្សារក្នុងស្រុក ប្រព័ន្ធ Eco-system នេះ Ecology វាធ្វើម៉េចប្រទាក់ក្រឡាឱ្យកាន់តែមានប្រសិទ្ធភាព ផ្គុំជាមួយការរៀបចំពិពិធកម្មទីផ្សារនាំចេញឱ្យច្រើន។ ការនាំចូលអីផ្សេងៗ យើងត្រូវគិតគូរអីយ៉ាងម៉េច? អញ្ចឹង ឱកាសមួយនេះដែលយើងនិយាយព្រឹក អំពីការជំរុញ ការធានាអភិរក្ស និងបង្កើននូវត្រីដែលនិយាយអំពីសមត្ថភាព ធានានូវសន្តិសុខស្បៀង ជាមួយផ្នែកមួយនៃការធានាសមត្ថភាពកម្ពុជា ម្ចាស់ការដោះស្រាយតម្រូវការប្រជាជនខ្លួនឯង ក៏ឈានទៅដល់បញ្ហាដែលយើងប្រទាក់ក្រឡារាល់ថ្ងៃនេះ ជាឧទាហរណ៍ជាក់ស្តែងនៅក្នុងសមត្ថភាពដោះស្រាយបញ្ហាខ្លួនឯង ការហូបចុក ការផ្តល់សេវា ការធានាហេដ្ឋារចនាសម្ព័ន្ធ។ វាពាក់ព័ន្ធជាមួយការដាក់ទិសដៅទៅមុខនៅក្នុងការពង្រឹងសមត្ថភាពរបស់យើងកាន់តែខ្លាំងថែមទៀត ហើយរាជរដ្ឋាភិបាលនឹងបន្តវិនិយោគលើធនធានមនុស្ស លើហេដ្ឋារចនាសម្ព័ន្ធ លើសេវាកម្ម លើការជួយភ្ជាប់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស ដើម្បីឱ្យយើងកាន់តែរឹងមាំ កាន់តែមានភាពម្ចាស់ការខ្លួនឯងតទៅមុខទៀត និងមានសមត្ថភាពធ្វើការជាមួយដៃគូក្រៅប្រទេសដោយកាន់តែទាញផលជាខ្លាំងបង្កើនសមត្ថភាពកម្ពុជា …។
នេះជាអ្វីដែលខ្ញុំចង់ចូលរួមនៅព្រឹកនេះ … តាមអាយុ។ កាលពីអាយុ ៣០ឆ្នាំជាង(និយាយ)ឱ្យតែដល់ ១ម៉ោង ម៉ៃក្រូចាប់ផ្តើម Error។ ក្រោយមកអាយុ ៣៥ឆ្នាំ និយាយៗចាប់ផ្តើមកុងជាមួយភ្លើង។ និយាយពេលខ្លះឆេះដល់ម៉ាស៊ីនភ្លើង។ ក្រោយមកទៀត និយាយៗ មីក្រូវាដួល។ ដល់តាំងពីអាយុ ៤០ឆ្នាំឡើង និយាយដូចវាមិនអី តែចាប់ផ្តើមជាង ១ម៉ោង ជើងចាប់ផ្តើមស្ពឹក ហើយពេលឈរអត់ដឹងស្ពឹកទេ ដល់ទាល់តែចាប់ផ្តើមដើរទៅអង្គុយបានដូចមានអារម្មណ៍ថា ខួរក្បាលយើងនៅអាយុ ២០ឆ្នាំ តែខ្លួនយើងអាយុ ៤០ឆ្នាំជាង។ សល់តែប៉ុន្មានឆ្នាំទៀត ពាក់កណ្តាលសតវត្សរ៍នឹងគេដែរហើយ។ តែទោះជាយ៉ាងណាក៏សប្បាយចិត្ត ដែលមកចូលរួមគ្រប់សមិទ្ធផលថ្មីៗដែលយើងនៅបន្តធ្វើ។ ៤០ឆ្នាំជាង ពីឆ្នាំ ១៩៧៩មក សម្តេចតេជោ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយើងគ្រប់ជាន់ថ្នាក់ជំនាន់រៀមច្បង តាំងពីមូលដ្ឋានរហូតដល់ថ្នាក់ដឹកនាំជាតិខិតខំកសាងតាំងពីបាតដៃទទេ។ ជំនាន់នេះត្រូវបន្តធ្វើតទៅទៀតមិនមែនតែខ្ញុំជាថ្នាក់ដឹកនាំប្រទេសទេ គ្រប់ជាន់ថ្នាក់ មន្ត្រី ប្រជាពលរដ្ឋទាំងអស់នាំគ្នាបន្តដំណើរដើរទៅមុខរួមគ្នាតទៅទៀត នេះជាមោទនភាព។ ពេលដែលប្រទេសជាតិយើងមានបញ្ហាយើងរួមគ្នាគាំទ្រប្រទេសជាតិយើង នៅជាមួយគ្នាជាធ្លុងមួយ នេះជាមោទនភាព។
ថ្ងៃខ្លះ ៣ ឬ៤ម៉ោង តែមិនអស់កម្លាំង។ អស់អីបើព្រឹកឡើងមកត្រូវបាន៤ ឬ ៥ខ្សឺតហើយហ្នឹង។ ថ្ងៃខ្លះអត់ដឹងទេ ទាល់តែគេបាញ់រូបថតមកឱ្យវិញបានឃើញក្រហម ៣ ឬ៤ដុំនៅថ្ពាល់។ អត់អីទេ ក្រហមហ្នឹងក្រែមប្រថាប់ត្រាសុវត្ថិភាពព្រោះមាន live ផ្ទាល់។ ពីមុនសម្តេចតេជោចេះតែបង្អាប់ ព្រោះខ្ញុំទទួលតែខាងសាសនា សម្ពោធវត្ត សម្ពោធសាលាអីហ្នឹង ពិសេសមកសម្ពោធវត្ត ទៅតាកែវអីហ្នឹងគឺស្នាមស្លាជាប់ថ្ពាល់។ សម្តេចតេជោជួបជាមួយកម្មករ/ការិនី ស្នាមក្រែមជាប់ថ្ពាល់។ ឥឡូវខ្ញុំក៏ក្រែមជាប់ថ្ពាល់ដែរ។ ដល់សម្ពោធវត្ត គឺផ្ទេរសិទ្ធិទៅឱ្យលោកប្អូនទាំង២។ អញ្ចឹងគេទៅជាប់ស្នាមស្លាម្តង។ សេចក្តីស្រឡាញ់ ការផ្តល់សេចក្តីជឿជាក់បែបនេះគឺជាកម្លាំងចិត្តធំណាស់ ដើម្បីបម្រើប្រជាពលរដ្ឋតទៅទៀត។ ការផ្តល់ឱកាសដើម្បីដឹកនាំដោះស្រាយបញ្ហា ជាពិសេសបញ្ហាប្រឈម ការទទួលខុសត្រូវ ហើយមានប្រជាជននៅជាមួយគឺមានអ្វីៗទាំងអស់។ មានប្រជាជននៅផ្តល់កម្លាំងចិត្តកងទ័ពយើងអត់មានខ្លាចអីទេ។ មានប្រជាពលរដ្ឋយើងជាឆ្អឹងខ្នងកងទ័ពយើងទុកចិត្តថាគាត់ធ្វើត្រូវការពារទឹកដី។ សូមបន្តស្មារតីនេះតទៅទៀត។
[ចប់សេចក្តីអធិប្បាយ២]
ដើម្បីបំផុសស្មារតីទិវាមច្ឆជាតិ ១កក្កដា ឱ្យស្ថិតនៅក្នុងដួងចិត្តយើងទាំងអស់គ្នា ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកាអភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយចីរភាព ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖
ទី១. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវបន្តពង្រឹងការគ្រប់គ្រង និងការ-អភិរក្សធនធានជលផលធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់, ជាពិសេស សត្វផ្សោតទន្លេមេគង្គ និង ការអភិរក្សត្រីមេពូជ និង វារីសត្វកំពុងរងគ្រោះ ។ ក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលជលផល, រដ្ឋបាលថ្នាក់ក្រោមជាតិ និង អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តអប់រំផ្សព្វផ្សាយ និង ណែនាំប្រជាពលរដ្ឋ ឱ្យបង្កើនការចូលរួមការពារតំបន់គ្រប់គ្រងជលផល, កន្លែងអភិរក្សជលផល, ដីព្រៃលិចទឹក និង ដីព្រៃកោងកាងពីការទន្ទ្រានកាន់កាប់ ដោយចាត់វិធានការច្បាប់ម៉ឺងម៉ាត់ ព្រមទាំងជំរុញការដាំព្រៃលិចទឹក និង ព្រៃកោងកាងឡើងវិញ ដើម្បីផ្តល់ជម្រក សម្រាប់វារីសត្វគ្រប់ភេទ និង ថែរក្សាចីរភាពធនធានជលផល ។ សម្រាប់ប្រជាពលរដ្ឋ ដែលគ្មានដីពិតប្រាកដ, រាជរដ្ឋាភិបាល បានដាក់ចេញនូវគោល-នយោបាយ «ផ្តល់ដី ការពារព្រៃ» ដើម្បីជួយបងប្អូនឱ្យទទួលបានដីស្របច្បាប់ និង ពឹងផ្អែកលើមុខរបរកសិកម្ម សម្រាប់គាំទ្រជីវភាព។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៣]
(២៧) ៥០០ នាក់ ក្នុងចំណោមអ្នកស្នើជាង ១ម៉ឺននាក់ គ្មានដីពិតប្រាកដ ចាប់ឆ្នោតជំហានទី១ យកអំណោយដី
ម្សិលមិញនេះ (ក្នុងផ្នែកមួយនៃគោលនយោបាយ «ផ្តល់ដី ការពារព្រៃ» យើងបានដាក់អោយ)ចាប់ឆ្នោត ៥ម៉ោង សម្រាប់ប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ។ ឥឡូវដាក់ស្នើជាង ១ម៉ឺននាក់ ហើយជំហាន១ យើងរៀបចំ ៥០០កន្លែងនៅស្ទឹងត្រែង។ យើងធ្វើដោយតម្លាភាព។ អញ្ចឹងមាន ២៥ខេត្តនេះយើងចាប់ឆ្នោត ផ្សាយ Live ផ្ទាល់ អត់មានលេងសៀកទេ។ ចាប់ហើយបាញ់ឱ្យឈ្មោះអ្នកណាបានដីហ្នឹង ហើយដីពិតប្រាកដ។ ចាប់បានដីនេះហើយ យើងនឹងចុះទៅសម្ភាសន៍ឱ្យប្រាកដថាអ្នកហ្នឹងអត់ពិតប្រាកដ ដើម្បីទុកដីនេះឱ្យទៅប្រជាពលរដ្ឋដែលខ្វះដីធ្លី។ នេះគឺជាការដោះស្រាយនៅក្នុងសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋ។ ទៅឆែកមើលនៅលើពិភពលោក សូម្បីតែប្រទេសអ្នកមាន ក៏អត់មានគោលនយោបាយចែកដីឱ្យប្រជាពលរដ្ឋដែរ។ ប្រទេសមួយចំនួនមានប៉ុន្តែមិនមែនគ្រប់ប្រទេសនោះទេ។ ប្រទេសអ្នកមានមហាអំណាចមួយចំនួនប្រជាពលរដ្ឋអត់ដែលមានដីទេណា ជួលផ្ទះគេនៅមួយជីវិត នៅកម្ពុជាអត់ផ្ទះយើងចែកដីឱ្យ។ អាហ្នឹងនិយាយអញ្ចឹង តែយើងឱ្យអ្នកអត់ដីពិតប្រាកដ។ ថ្ងៃមុនខ្ញុំចែកដី ប្អូន សាពូន មីដាដា ស្នើសុំ។ បងអត់ឱ្យទេប្អូនអើយ។ បង្អាប់គ្នាលេងបន្តិចចុះ។ គ្នាចង់ទៅជួយព្រំដែន មានអ្នកផ្សេងទៀតចង់ទៅអត់ទេ។ យើងឱ្យអ្នកអត់ពិតប្រាកដ។
[ចប់សេចក្តីអធិប្បាយ៣]
ទី២. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ក្រសួងរៀបចំដែនដី នគរូបនីយ- កម្ម និង សំណង់ ត្រូវបន្តកិច្ចសហការពន្លឿនការចុះបញ្ជីដីរដ្ឋនៃតំបន់គ្រប់គ្រងជលផល កន្លែងអភិរក្សជលផល ដីព្រៃលិចទឹក និង ដីព្រៃកោងកាង, ជាពិសេស នៅតំបន់ជុំវិញបឹង-ទន្លេសាប និង តំបន់សមុទ្រ ដែលជាកន្លែងជម្រកត្រី និង វារីជាតិពងកូន និង ធំធាត់។
ទី៣. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, កងយោធពលខេមរភូមិន្ទ, គណៈ-បញ្ជាការឯកភាពរាជធានី-ខេត្ត និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នាបន្តទប់ស្កាត់ និង បង្ក្រាបបទល្មើសនេសាទ ឱ្យកាន់តែមានប្រសិទ្ឋភាពខ្ពស់ ព្រមទាំងចាត់វិធានការច្បាប់ម៉ឺងម៉ាត់ចំពោះការផលិត, ការចែកចាយ និង ការប្រើប្រាស់ឧបករណ៍នេសាទ ដែលមានលក្ខណៈបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដូចជា៖ ឧបករណ៍ឆក់ និងស្បៃមុង ជាដើម។
ទី៤. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវបន្តជំរុញវារីវប្បកម្មតាមគ្រប់រូបភាព ទាំងទឹកសាប និង សមុទ្រថែមទៀត ដោយលើកកម្ពស់ការស្រាវជ្រាវបច្ចេកទេស និងនវានុវត្តន៍វារីវប្បកម្ម ព្រមទាំងបង្កាត់-ភ្ញាស់ពូជវារីជាតិកម្រប្រឈមនឹងការផុតពូជ និង ផលិតកូនត្រីពូជដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដើម្បីធានាចីរភាពធនធានជលផល និង សន្តិសុខស្បៀង បង្កើនប្រាក់ចំណូលរបស់វារីវប្បករ ព្រមទាំងកាត់បន្ថយការនាំចូល និង សម្ពាធមកលើធនធានជលផលធម្មជាតិ ។ ទន្ទឹមនេះ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវពង្រឹងសមត្ថភាពសមាគមវារីវប្បករកម្ពុជាលើការសម្របសម្រួល និង តម្រង់ទិសផែនការផលិតកម្ម ឱ្យឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក និង ការកែច្នៃនាំចេញ ដោយពង្រឹងកិច្ចសហការជាមួយ ដៃគូអភិវឌ្ឍ និង វិស័យឯកជន ដើម្បីផ្តល់ការគាំទ្រចាំបាច់ ទាំងផ្នែកបច្ចេកទេស, គុណភាព និង កម្ចីការប្រាក់ទាប ដល់វារីវប្បករ និង អ្នកកែច្នៃនាំ-ចេញផលិតផលជលផល។
ទី៥. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដោយសហការជាមួយ ក្រសួង- បរិស្ថាន ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងក្លាថែមទៀត ក្នុងការកាត់បន្ថយផលប៉ះពាល់បង្កឡើងដោយការប្រែប្រួលអាកាសធាតុ ដើម្បីធានាចីរភាព និង និរន្តរភាព នៃការអភិវឌ្ឍវិស័យកសិកម្ម ។
ទី៦. ដើម្បីចូលរួមពង្រឹងស្មារតី «ទិវាមច្ឆជាតិ ០១ កក្កដា» ខ្ញុំសូមអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ និង បងប្អូនប្រជាពលរដ្ឋ សូមកុំប្រើឧបករណ៍នេសាទខុសច្បាប់ សម្រាប់ធ្វើនេសាទដូចជា៖ ថ្មស្អុយ, ឧបករណ៍ឆក់ត្រី, ស្បៃមុង, គ្រឿងផ្ទុះ ដែលឧបករណ៍នេសាទហាមឃាត់, ជាពិសេស សូមកុំចាប់ត្រីក្នុងរដូវហាមឃាត់ គឺរដូវត្រីពង (ពីថ្ងៃទី ១ ខែ មិថុនា ដល់ថ្ងៃទី ៣១ ខែតុលា)។ សូមមេត្តារួមគ្នា ដើម្បីទុកត្រីឱ្យធំ, ឱ្យវាពង, ឱ្យវាញាស់ឡើង, កុំចាប់វា, កុំបំផ្លាញវា, ព្រោះត្រី គឺជាប្រភពអាហារដ៏ចម្បងមួយ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនយើង ។ ដូច្នេះ, យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារធនធានជលផល ឱ្យបានស្ថិតស្ថេរគង់វង្ស សម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត ។
មុននឹងបញ្ចប់, ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមិទ្ធ-ផលការងារជាច្រើន ដែលថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខិតខំប្រឹងប្រែងសម្រេចបាន នាពេលកន្លងទៅ និង សូមថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលថ្នាក់ក្រោមជាតិ, កងកម្លាំងប្រដាប់អាវុធ, អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់, ដៃគូអភិវឌ្ឍ និង វិស័យឯកជន ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការគ្រប់គ្រង, អភិរក្ស និងអភិវឌ្ឍធនធានជលផលកម្ពុជា សំដៅរួមចំណែករក្សាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ, កាត់បន្ថយភាពក្រីក្រ និង ទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាបាននូវតុល្យភាពរវាងការអភិរក្ស និង ការអភិវឌ្ឍ ។ ទន្ទឹមនេះ, ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញបឹងទន្លេបាទី និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ សូមចូលរួមគ្រប់គ្រង និង អភិរក្សមច្ឆជាតិ ដែលលែងនៅក្នុងថ្ងែនេះ ឱ្យបានធំធាត់ សម្រាប់បំពេញសេចក្តីត្រូវការម្ហូបអាហាររបស់បងប្អូនផង និង ភ្ញៀវទេសចរមកលេងកម្សាន្តនៅរមណីយដ្ឋានទន្លេបាទីនេះផង ។
ជាទីបពា្ចប់, ជាមួយនឹងការចូលរួមអបអរសាទរ «ទិវាមច្ឆជាតិ ១ កក្កដា លើកទី ២០» នៅបឹងទន្លេបាទីនាពេលនេះ, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី និង បងប្អូនជនរួមជាតិ, សូមសមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៤]
អំណោយ
ថ្ងៃនេះផងដែរ ក៏មានលោកគ្រូ អ្នកគ្រូ ១២២នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ក្មួយៗសិស្សានុសិស្ស ៨៧៨នាក់ ម្នាក់ៗ សៀវភៅ ២ក្បាល ប៊ិច ១ដើម ថវិកា ១ម៉ឺនរៀល។ ជូនយុវជនកាយរិទ្ធិ កាកបាទក្រហម សហភាពសហព័ន្ធកម្ពុជា ១៥០នាក់ ម្នាក់ៗថវិកា ២ម៉ឺនរៀល។ សាលាបឋមទន្លេបាទី ថវិកា ១លានរៀល។ វិទ្យាល័យ សុខ អាន ទន្លេបាទី ថវិកា ២លានរៀល។ សាលាស្រុកបាទី ថវិកា ២លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំអង្គពិធី ថវិកា ៥លានរៀល។ ជូនក្រុមតន្រ្តីសម័យថវិកា ១០លានរៀល។(…) ក៏មានក្រុមតន្ត្រីករពីអង្គភាពប្រឆាំងភេរវកម្ម ហើយអ្នកចម្រៀងយើងមកដែរ កូនចៅចាស់ អរគុណណាស់ សូមជូនពរ។ ហើយលេងហែលទឹកទន្លេបាទីទៅរាក់ទេអត់អីទេ។ អញ្ចឹងសូមអរគុណសាជាថ្មី ហើយសូមជម្រាបលាទាំងអស់គ្នា៕