Facebbok Page ៖ ឆ្លើយតបនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃ ឲ្យផ្ដាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ិនធឺណិតមកកម្ពុជា សម្ដេចធិបតី បានសរសេរនៅលើហ្វេសប៊ុកផេចផ្ទាល់ខ្លួនថា៖
“ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើនពាក់ព័ន្ធនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃមួយចំនួន ឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។
ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចចិត្តកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកការទិញពីប្រទេសថៃទៀតទេ។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបរាយការណ៍មកខ្ញុំថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា នឹងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានសមត្ថភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។
ដោយឡែកឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក៏បានបញ្ជាក់រួចហើយអំពីសមត្ថភាពរបស់កម្ពុជាក្នុងការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាគ្រប់គ្រាន់ដោយខ្លួនឯង។
បន្ថែមលើក្រសួងពីរខាងលើ ខ្ញុំបានបញ្ជាឲ្យក្រសួងស្ថាប័នរបស់កម្ពុជា ពិនិត្យនិងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត ប្រសិនបើមានការគំរាមកំហែងកាត់ផ្ដាច់ឬបិទអ្វីផ្សេងទៀតមកកម្ពុជាផងដែរ”។