ព្រះករុណា ខ្ញុំសូមក្រាបបង្គំទូលថ្វាយ៖
- សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះសង្ឃនាយក ព្រះសង្ឃនាយករងទាំងពីរគណៈ, សម្តេចព្រះរាជាគណៈ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ
- ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសប្រចាំកម្ពុជា
- គណៈអធិបតី និងអង្គពិធីទាំងមូលជាទីមេត្រី!
ថ្ងៃនេះ, ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្ដីសោមនស្ស ដែលបានត្រឡប់មកកាន់វត្តស្វាយពពែសាជាថ្មី ក្រោយពីបានចូលរួមកម្មវិធីបញ្ចុះបឋមសីលាកសាង កាលពីឆ្នាំ២០២២ នូវអគារ៩ជាន់នេះ។ ហើយថ្ងៃនេះ ក៏បានចូលរួម ក្នុងព្រះរាជពិធីសម្ពោធឆ្លងអគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងវត្តស្វាយពពែ និងសូមថ្លែងអំណរព្រះគុណ ប្រកបដោយសទ្ធាជ្រះថ្លា ហើយសូមសម្ដែងនូវមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្តៅ ថ្វាយប្រគេនជូន សម្ដេចព្រះមហាសង្ឃរាជ, សម្តេចព្រះសង្ឃនាយក, សម្ដេចព្រះសង្ឃនាយករង, សម្ដេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ, លោកសាស្រ្តាចារ្យ, លោកគ្រូអ្នកគ្រូ, សមណនិស្សិត-និស្សិត ចំពោះសមិទ្ធផលថ្មីៗ ដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលបន្តិចទៀត។
ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលបានលើកឡើងអំពីវឌ្ឍនភាព ក្នុងវិស័យធម្មការ និងសាសានា, ជាពិសេស វិស័យពុទ្ធិកសិក្សានាពេលបច្ចុប្បន្ន មានការរីកចម្រើនទាំងបរិមាណ និងគុណភាពគួរឱ្យកត់សម្គាល់។ មនុញ្ញផលនេះ កើតចេញពីប្រទេសជាតិមានសុខសន្តិភាព, និយាយជារួម និងនិយាយដោយឡែក កើតចេញពីសាមគ្គីភាព និងកិច្ចសហការល្អ រវាងថ្នាក់ដឹកនាំមន្រ្តីរាជការ និងព្រះមន្រ្តីសង្ឃគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញកាតព្វកិច្ចយ៉ាងសកម្មរយៈកាលកន្លងមក ក្នុងបុព្វហេតុបម្រើដល់វិស័យព្រះពុទ្ធសាសនា និងការជំរុញកិច្ចសន្ទនាអន្តរសាសនា ដើម្បីរក្សានូវសុខដុមនីយកម្មសាសនានៅទូទាំងប្រទេស ឱ្យមានភាពសុខដុមរមនាគួរជាទីមោទនៈ។
ពិធីសម្ពោធឆ្លងអគារអន្តេវាសិកដ្ឋាន ”តេជោសន្តិភាព” និងសមិទ្ធផលនានា នាពេលនេះ, បានបង្ហាញឱ្យឃើញពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់, ទាំងពុទ្ធចក្រ និង អាណាចក្រ។ តាមរយៈរបាយការណ៍របស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ចំនួនវត្តអារាមព្រះពុទ្ធសាសនា និងចំនួនព្រះសង្ឃនៅទូទាំងប្រទេស មានការកើនឡើងជាលំដាប់ […]។
នេះបញ្ជាក់យ៉ាងច្បាស់ថា កត្តាសុខសន្តិភាព នៅតែជាបុរេលក្ខខណ្ឌចាំបាច់គ្រប់កាលៈទេសៈ សម្រាប់មនុស្សគ្រប់រូប។ កត្តាសុខសន្តិភាព មិនត្រឹមតែបង្កលក្ខណៈ ដល់ការអភិវឌ្ឍជាតិប៉ុណ្ណោះទេ, ប៉ុន្តែ បានផ្តល់នូវកាលានុវត្តភាព និងលទ្ធភាពគ្រប់គ្រាន់ សម្រាប់សាសនិកគ្រប់សាសនា ក្នុងការរៀបចំសាសនពិធី និងសកម្មភាពសាសនារបស់ខ្លួន។ ហើយនេះ គឺជាផ្នែកមួយ នៃការចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ, ជាពិសេស ជួយបណ្តុះបញ្ញាស្មារតី, គុណធម៌, សីលធម៌ និងសុជីវធម៌ ដល់មនុស្សនៅក្នុងសង្គម ដែលធ្វើឱ្យសង្គមមានការរីកចម្រើនប្រសើរឡើង។
ក្នុងឱកាសនេះ, ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះព្រះវិរិយភាព ប្រកបដោយការខិតខំប្រឹងប្រែងរបស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះ សាកលវិទ្យាធិការ និងក្រសួងធម្មការ និងសាសនា ព្រមទាំងគណៈគ្រប់គ្រង, មន្រ្តីរាជការ, បុគ្គលិក, សាស្រ្តាចារ្យជាតិ, សាស្ត្រាចារ្យបរទេស នៃ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ, ទាំងរូបវន្តវត្ថុ មានដូចជា អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» ដ៏ខ្ពស់ស្កឹមស្កៃ ជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ និង ការបណ្តុះបណ្តាលសមណនិស្សិត-និស្សិត ឱ្យមានសមត្ថភាព ដែលជាកត្តាចាំបាច់មិនអាចខ្វះបាន ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ។ សមិទ្ធផលទាំងនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការជួយកសាង ក៏ដូចជាជួយ បណ្តុះបណ្តាលសមណនិស្សិត-និស្សិត ឱ្យមានឱកាសទទួលបាននូវចំណេះដឹង, ចំណេះធ្វើ, សីលធម៌ល្អ, មនសិការវិជ្ជាជីវៈ, សេចក្តីថ្លៃថ្នូរ, កិត្តិយស និងចេះរួមរស់ជាមួយគ្នា ប្រកបដោយភាពសុខដុមរមនាក្នុងសង្គម។
ទន្ទឹមនេះ, ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមវាយតម្លៃខ្ពស់ ចំពោះពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលបានខិតខំពង្រឹងយន្តការនៃការអភិវឌ្ឍពុទ្ធិកសាកលវិទ្យាល័យ ដោយឈរលើមូលដ្ឋាននៃការកែទម្រង់, ទាំងផ្នែកទន់ និងផ្នែករឹង និងយន្តការធានាគុណភាពអប់រំ ឱ្យស្របតាមស្តង់ដា ដែលកំណត់ដោយស្ថាប័នទទួលសា្គល់គុណភាពអប់រំ និងក្របខ័ណ្ឌគុណវុឌ្ឍិជាតិ, សូមលើកទឹកព្រះទ័យ និងទឹកចិត្ត ឱ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក៏ដូចជាពុទ្ធិកសិក្សាគ្រប់កម្រិត បន្តចូលរួមលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាល នៅគ្រប់កម្រិតភូមិសិក្សាឱ្យកាន់តែប្រសើរ ដើម្បីរួមចំណែកដល់ការកសាងមូលធនមនុស្សឱ្យកាន់តែខ្ពស់ ដូចបានចង្អុលបង្ហាញនៅក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ជាក់ស្តែង, នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានេះផ្ទាល់ ក្រៅពីសមិទ្ធផលដែលជាអំណោយដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំជាតិ និង អគារអន្តេវាសិកដ្ឋាន«តេជោសន្តិភាព » ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ ហើយក៏នៅមានសមិទ្ធផល និងកិច្ចសហប្រតិបត្តិការជាដៃគូជាមួយភាគីពាក់ព័ន្ធជាច្រើនទៀត ដែលសុទ្ធសឹងតែផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្មទៅលើការបណ្តុះបណ្តាល នៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាផ្ទាល់ ធ្វើឱ្យពុទ្ធិកសាកលវិទ្យាល័យកសាងបាននូវធនធានមនុស្សថ្មីបន្ថែម ប្រកប ដោយចំណេះដឹង, សមត្ថភាព និងលក្ខណសម្បត្តិសមស្រប ស័ក្តិសមជាអ្នកបន្តវេន ជាកម្លាំងចលករ និងជាសសរទ្រូងដ៏រឹងមាំរបស់ព្រះពុទ្ធសាសនា និងប្រទេសជាតិ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ មានសុទិដ្ឋិនិយមថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាគ្រឹះស្ថានអប់រំមួយ ដែលបានរួមចំណែកដល់ការបំពេញបេសកកម្មបណ្តុះបណ្ដាលសមណនិស្សិត-និស្សិត ឱ្យក្លាយជាមូលធនបញ្ញា ប្រកបដោយគុណភាព, សមត្ថភាព, ឧត្តមភាពសីលធម៌ និងមនសិការវិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងតម្រូវការ ទាំងក្នុងក្របខ័ណ្ឌជាតិ-អន្តរជាតិ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងធនធានមនុស្សទាំងគុណភាព និងបរិមាណ។
តាមការសិក្សាស្រាវជ្រាវ ពីសម័យកាលមួយទៅសម័យកាលមួយ, យើងអាចសន្និដ្ឋានបានថា ប្រទេសជាតិមួយ ដែលមានការអភិវឌ្ឍលើគ្រប់វិស័យទៅបាន ដោយសារមានការកសាងមូលធនមនុស្សជាមូលដ្ឋាន។ កម្ពុជាជាប្រទេសដ៏ចំណាស់មួយ មានវប្បធម៌សម្បូរបែប ហើយគុណតម្លៃនៃវប្បធម៌ខ្មែរ ផ្អែកលើមូលដ្ឋានព្រះពុទ្ធសាសនា, ជាពិសេស វប្បធម៌កតញ្ញូ, មេត្តា, ករុណា និងអហិង្សា ជាគោលការណ៍សំខាន់ សម្រាប់រស់នៅក្នុងសង្គមជាមួយគ្នាឱ្យបានល្អប្រសើរ, ទាំងក្នុងសង្គមគ្រួសារ និងសង្គមជាតិ។ ដូច្នេះ, សមណសិស្ស-សិស្ស, សមណនិស្សិត-និស្សិត ត្រូវយកព្រះទ័យយកចិត្តទុកដាក់ខ្ពស់ ចំពោះការសិក្សា ដើម្បីទទួលបានចំណេះដឹងច្បាស់លាស់, ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ទើបអាចអភិរក្ស និងអភិវឌ្ឍ វិស័យព្រះពុទ្ធសាសនាឱ្យគង់វង្ស និងរីកចម្រើនទៅបាន។
ការអប់រំនៅក្នុងពុទ្ធិកសាកលវិទ្យាល័យនេះ មិនគ្រាន់តែជាសសរស្តម្ភដ៏រឹងមាំរបស់ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ, ប៉ុន្តែ ក៏ជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកដល់ការកសាងមូលធនមនុស្សសម្រាប់ការអភិវឌ្ឍសង្គមជាតិ, ជាពិសេស បានដើរតួនាទីសំខាន់ណាស់ ក្នុងការកំណត់បទដ្ឋាន សម្រាប់ការរស់នៅរបស់ប្រជាជនខ្មែរ តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងបន្តទៅអនាគត។ ក្នុងកាលៈទេសៈ ដែលមនុស្សរស់នៅមានស្មារតីក្បត់បទដ្ឋានសាសនា ពិតណាស់ជីវិតរបស់មនុស្សនឹងជួបនៅសេចក្តីទុក្ខ, សង្គមនឹងជួបនូវភាពវិនាស […] ដូច្នេះ កត្តាស្មារតី ដែលឈរលើបទដ្ឋានសាសនានេះ ពិតជាមានសារៈសំខាន់ សម្រាប់ការរស់នៅរបស់ប្រជាជនប្រកបដោយភាពសុខសាន្ត […]។
មិនតែប៉ុណ្ណោះ, ការអប់រំត្រូវបានចាត់ទុកថា ជាកត្តាកំណត់ដ៏សំខាន់នៃសុខុមាលភាពសេដ្ឋកិច្ច និងសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ ជាក់ស្តែង, ការអប់រំមានឥទ្ធិពលវិជ្ជមានលើកំណើនសេដ្ឋកិច្ច តាមរយៈ យន្តការចំនួន ៣ គឺ ១). ការអប់រំបង្កើនមូលធនមនុស្សនៅក្នុងកម្លាំងពលកម្មសរុបរបស់ជាតិ ដែលជាកត្តាចាំបាច់សម្រាប់បង្កើនផលិតភាពពលកម្ម និងជំរុញកំណើនឆ្ពោះដល់កម្រិតថ្មីមួយកម្រិតទៀត ២). ការអប់រំបង្កើនសមត្ថភាព ក្នុងការធ្វើនវានុវត្តន៍ ក្នុងសេដ្ឋកិច្ច ព្រមទាំងបង្កើនចំណេះដឹង សម្រាប់ចាប់យកបច្ចេកវិទ្យាថ្មីៗ និងអភិវឌ្ឍផលិតផលថ្មី ដើម្បីជួយលើកកម្ពស់កំណើនសេដ្ឋកិច្ច និង ៣). ការអប់រំជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា និងចំណេះដឹងថ្មីៗដទៃទៀត ដែលកត្តាទាំងនេះ ជួយបង្កើនផលិតភាព និងជំរុញកំណើនសេដ្ឋកិច្ច។
[ផ្ដើមសេចក្ដីអធិប្បាយ១]
(១) ចំណេះដឹងជាទ្រព្យមាននិរន្ដរភាព និងដែលកា្លយជាធនធានប្រទេសជាតិ
នេះគឺជាកត្ដាកំណត់សមត្ថភាពរបស់ប្រទេសជាតិមួយ នៅក្នុងការធានានូវភាពប្រកួតប្រជែងនៃការធ្វើពិធិធកម្មនៃសេដ្ឋកិច្ច។ ធនធានមនុស្សមិនថា ក្នុងលក្ខណៈគ្រួសារ ឬសង្គមជាតិ តែងតែផ្ដល់នូវការយកចិត្តទុកដាក់ជាធំ ដែលខ្ញុំបានលើកជារឿយៗ មិនថា ខ្ញុំទៅកន្លែងណា (នោះគឺ) មិនថាឪពុកម្ដាយជាអ្នកមាន អ្នកក្រ នៅជនបទដាច់ស្រយាល តែងតែខិតខំឲ្យកូន (បាន) រៀនសូត្រ។ ព្រោះប្រជាជនយើងយល់ថាមានតែ ចំណេះដឹងទេ (ទើប) មាននិរន្ដរភាព។ ទ្រព្យសម្បត្ដិឪពុកម្ដាយឲ្យយកចាយអស់។ ប៉ុន្ដែទ្រព្យសម្បត្ដិក្នុងខ្លួន ដែលគាត់បង្កលក្ខណៈឲ្យកសាងសមត្ថភាព ឥរិយាបថល្អ នោះប្រាកដជាមិនរលាយនោះទេ។
(២) សមត្ថភាពបានពីការរៀនសូត្រ នាំដល់សមត្ថភាពប្រកួតប្រជែងក្នុងថ្ងៃអនាគត
ខ្ញុំឃើញគេធ្វើបទសំភាសន៍តាមហ្វេសប៊ុក ប្អូននោះគឺទៅសំភាសន៍ក្មួយម្នាក់ ដែលរៀនបានលេខមួយ នៅខេត្តព្រៃវែង (សិស្សពូកែ) ខាងគណិតវិទ្យា (មកពី) គ្រួសារក្រីក្រ ពិបាក ប៉ុន្ដែឪពុកម្ដាយតស៊ូ។ ឪពុក(ជាអ្នក)រត់កង់ ៣ ម្ដាយរកស៊ីលាងចាន បោកគក់ឲ្យគេ តែតស៊ូឲ្យកូន (បានរៀន)។ អញ្ចឹងបានន័យថា មិនប្រាកដអ្នកក្ររៀនចាញ់អ្នកមានទេ ហើយសមត្ថភាពនៅក្នុងការរៀនសូត្រនេះ ក៏ឆ្លុះបញ្ចាំងនូវសមត្ថភាពក្នុងការប្រកួតប្រជែងពេលចេញធ្វើការនាថ្ងៃអនាគត (ព្រោះ) គ្មានឪពុកម្ដាយណាមកជួយរហូតនោះទេ។ ពិតណាស់ ក្នុង ១សែននាក់អាចមាន ១នាក់ ឬ ៤-១០ នាក់ ដែលថាមានឪពុកម្ដាយមានទ្រព្យសម្បត្ដិ មានឱកាសអីឲ្យ។ ប៉ុន្ដែ បើឲ្យទៅកូនអត់ មានសមត្ថភាពគ្រប់គ្រង គឺបំផ្លាញខ្ទេចតែម្ដង មិនថានៅកម្ពុជា ឬ ប្រទេសគេទេ។
(៣) បង្រៀនកូនចេះប្រឈមនឹងជីវិត មានចំណេះផង ជឿជាក់លើខ្លួនឯងផង
តួកុន Hollywood ម្នាក់ ដែលមានប្រាក់រាប់រយលានដុល្លារ ប៉ុន្ដែឲ្យកូនទៅរៀនដោយខ្ចីលុយគេ ហើយធ្វើការខ្លួនឯង(ដើម្បីសង)។ (គាត់)មិនឲ្យលុយ(ទៅកូនទេ) ចង់ឲ្យ(កូន)រៀនរស់(ដោយខ្លួនឯង) រៀន(ប្រឈម)នឹងជីវិត។ នេះបង្ហាញពីតម្លៃនៃការបង្រៀនកូន មិនថានៅកម្ពុជា ឬប្រទេសណាទេ។ តម្លៃនៃការខិតខំប្រឹងប្រែង (គឺចាំបាច់) ព្រោះធ្វើការខ្លួនឯង មិនមែនចេះតែចំណេះដឹងទេ ធំបំផុតគឺបង្កើននូវភាពជឿជាក់លើខ្លួនឯង។ កាលខ្ញុំទៅរៀននៅក្រៅប្រទេស បានជួបមិត្តភក្ដិដែលមកពីក្រុងរៀននៅខេត្ត ឬពីខេត្តមករៀននៅក្រុងក៏ដោយ ការរៀនរស់ដោយខ្លួនឯងគឺបង្កើននូវភាពជឿជាក់។ នេះជាតម្លៃមួយសំខាន់ណាស់។
(៤) បើមិនដាក់គោលដៅខំរៀន មិនអាចជោគជ័យ
ចំណេះដឹង ដែលគេហៅថា hard skills ដូចជាមុខវិជ្ជាវិស្វករអី ប៉ុន្ដែវាត្រូវផ្គុំជាមួយនឹង soft skills គឺសមត្ថភាព ផ្នត់គំនិត ភាពជឿជាក់លើខ្លួនឯង ការកំណត់តម្លៃច្បាស់លាស់លើខ្លួនឯង។ របស់ក្រៅខ្លួន ឪពុកម្ដាយអត់លុយទេ លំបាក។ ប្រសិនក្មេងដែលប្រឡងបានលេខមួយគណិតវិទ្យា យកក្មួយហ្នឹងជាឧទាហរណ៍ គាត់បាក់ទឹកចិត្តតាមហ្នឹង។ មិនដាក់ទិសដៅដើម្បីខិតខំរៀនទេ ប្រហែលជាមិនអាចជោគជ័យបានទេ។ អញ្ចឹង ការអប់រំចរិយាធម៌ សីលធម៌ គុណធម៌ ផ្នត់គំនិត សំខាន់។ បច្ចេកទេសជួនកាលស្រដៀងគ្នាទេ។ មនុស្សពីរនាក់ចេញពីសកលវិទ្យាល័យដូចគ្នា ទទួលសញ្ញាបត្រលើមុខជំនួញដូចគ្នា រៀនគ្រូដូចគ្នាទាំងអស់ មិនប្រាកដថាពូកែដូចគ្នាទេ ពេលចេញធ្វើការ។ អ្នកខ្លះច្បាមបន្ថែម អ្នកខ្លះរស់រវើកបន្ថែម។ អញ្ចឹងផ្នត់គំនិត និងការជឿជាក់លើខ្លួនឯងនេះ។ បើឪពុកម្ដាយដឹកដៃគ្រប់ពេលទៅមិនរួចទេ។
(៥) ភាពចាស់ទុំសម្រេចលើជីវិតនិងជោគវាសនាខ្លួនឯង មាននៅក្រោយពីប្រឡងជាប់បាក់ឌូប្លិ៍
ក្នុង ១២ឆ្នាំ ដំបូងនៃការអប់រំមានកម្មវិធី fix ពីក្រសួងអប់រំមកឲ្យ។ សាលាខ្លះគាត់បន្ថែមមុខវិជ្ជាបន្ថែមទៀត ប៉ុន្ដែកម្មវិធីគោលគឺក្រសួងជាអ្នកកំណត់។ សាលាឯកជនខ្លះមានលទ្ធភាពបន្ថែមភាសាអង់គ្លេសនិងកុំព្យូទ័រ។ ប៉ុន្ដែ ក្រោយពីបាក់ឌូប្លិ៍ ក្មួយៗអាចមានភាពចាស់ទុំអាចសម្រេចលើជីវិតនិងជោគវាសនាខ្លួនឯងហើយ។ ទៅរៀនបន្ដនៅសកលវិទ្យាល័យ ឬទៅរៀន(ជំនាញ)ស្អីបន្ថែម ឬទៅធ្វើការ។ ទៅរៀនសកលវិទ្យាល័យ យកជំនាញអី? យើងជាអ្នកសម្រេចនូវជោគវាសនារបស់យើង។ ចូលរៀន ហើយតើយើងរៀនចប់ ឬទេ? ឬមួយរៀនបានបន្ដិច បោះបង់ចោល? រៀនចប់ហើយ ចេះឬទេ? ឬមួយក៏រៀនមិនបាច់ខំប្រឹងទេ ប្រឡងយកពិន្ទុបានត្រឹមមួយជាប់ទៅ ហើយចេញធ្វើការចាំតាមហ្នឹងទៅ ឬមួយក៏ខំរៀនឲ្យច្បាស់។ នេះជាការកំណត់នូវតម្លៃខ្លួនឯង។
(៦) យុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ កសាងមូលធនមនុស្សដែលមានសុខភាព ចំណេះដឹង និងបំណិន
ដែលយើងនិយាយអំពីប្រទេសដែលរីកចម្រើនខ្លាំង អាស្រ័យលើពលរដ្ឋនីមួយៗរឹងមាំ ដែលទិសដៅ និងគោលនយោបាយរបស់យើងក្នុង យុទ្ធសាស្ដ្របញ្ចកោណ-ដំណាក់កាលទី១នេះ គឺកសាងមូលធនមនុស្ស(ទាំងស្រុង) មិនមែនត្រឹមតែធនធានមនុស្សទេ។ មូលធនមនុស្សសំដៅទៅលើសុខភាព ចំណេះដឹង និងបំណិន។ ហើយចំណេះដឹងនេះ សំដៅទៅលើ hard skill និង soft skill។ មានទាំងចំណេះដឹងច្បាស់លាស់ មានបំណិនយ៉ាងហោចមួយ ប៉ុន្តែត្រូវមានឥរិយាបថសមស្របទៀត។ បើគ្មានឥរិយាបថ ច្រងេងច្រងាង ក្រអឺតក្រទម មើលងាយ ប្រកួតប្រជែងមិនស្មោះត្រង់ ធ្វើការមិនសហការ នេះហើយជាកត្តាគ្រោះថ្នាក់។ មិនប្រាកដថាឲ្យតែទំនើបគឺល្អនោះទេ បើសិនជាគ្មានការប្រើប្រាស់វាឲ្យល្អ ជំនាញមនុស្សដូចគ្នា។
(៧) ពុទ្ធចក្រ(ឬសាសនាចក្រ)និងអាណាចក្រ ជាកង់ពីរដែលត្រូវដើរទន្ទឹមគ្នា
ការអប់រំមនុស្សរបស់សង្គមនីមួយៗ ដើរទន្ទឹមគ្នា។ យើងហៅថាពុទ្ធចក្រនិងអាណាចក្រ ឬមួយនិយាយទូទៅ សាសនាចក្រនិងអាណាចក្រ។ ហ្នឹងបើយើងប្រៀបរដ្ឋមួយ ប្រទេសមួយ ដូចជារទេះ សាសនាចក្រ និងអាណាចក្រ គឺកង់ឆ្វេងនិងស្តាំ។ បើវិលមិនស្របគ្នាទេ រទេះហ្នឹងនឹងក្រឡាច់ ឬមិនទៅមុខ ឬគាំង។ សាសនាចក្រនៅយើង ដែលព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ យើងហៅថា ពុទ្ធចក្រ សំដៅលើការអប់រំ សីលធម៌ ឥរិយាបថ និងគុណធម៌ បូកបន្ថែមជាមួយនឹងសមត្ថភាពផ្សេងៗ (តាមបែបពុទ្ធសាសនា)។ ឯអាណាចក្រអាចសំដៅទៅលើអំណាចរដ្ឋ ច្បាប់ផ្សេងៗ នៅក្នុងសង្គម។ បើប្រទេសមួយមានកង់ទាំងពីរវិលព្រមជាមួយគ្នាអាចជោគជ័យបាន។ បើសិនជាកង់អាណាចក្រដើរឬមួយកង់សាសនាចក្រដើរ(លឿន) ហើយកង់ម្ខាងទៀតដើរយឺត វាអាចនឹងមានបញ្ហា។
(៨) ច្បាប់រដ្ឋធានាការពារសិទ្ធិសាសនាដើម្បីធានាសុខដុមនីយកម្ម
បើសិនជាប្រទេសមួយយកសាសនា មិនយកច្បាប់រដ្ឋ សម្រាប់ជួយទៅទប់គ្នាទេ អាចផ្អៀង។ បានន័យថាម៉េច? អាចប៉ះពាល់ទៅដល់សិទ្ធិសុខដុមនីយកម្ម។ ឧទាហរណ៍ រដ្ឋមួយដែលមានសាសនាមួយជាភាគធំ ដែលអត់មានអ្វីធានាសិទ្ធិសេរីភាពរបស់សាសនាភាគតិចអាចបញ្ហា ឬមួយក៏អាចដាក់លក្ខខណ្ឌនៃការប្រតិបត្តិកម្រិតណាមួយខ្លាំងពេក ដែលមិនបើកសិទ្ធិឲ្យប្រជាពលរដ្ឋអាចឈានទៅដល់ទំនើបកម្ម។ នៅអាមេរិក មានការប្រតិបត្តិសាសនាមួយដែលហាមមិនឲ្យប្រើចង្កៀង។ ភូមិហ្នឹងឲ្យប្រើតែរទេះសេះ អត់ឲ្យប្រើឡានទេ … ហាមមិនឲ្យយកបច្ចេកវិទ្យាចូលទេ។ បើគិតថានៅសតវត្សរ៍ទី២១(ទៅហើយ) នៅមានសាសនាអភិរក្សបែបនេះ។ ហ្នឹងគឺសាសនា Amish។ ឥឡូវមិនដឹងថាប្រែប្រួលយ៉ាងម៉េច (ឬក៏)បែកបាក់(ហើយ)។ ដោយហេតុនេះ ត្រូវការច្បាប់រដ្ឋដើម្បីមកធានាលំនឹងនិងតុល្យភាព។ ជួនកាល ការពារសិទ្ធិសាសនាភាគតិច ដើម្បីធានាសុខដុមនីយកម្ម។
(៩) មានតែអាណាចក្រ មិនមានសាសនា អាចនាំដល់ការបាត់បង់សីលធម៌និងគុណធម៌
នៅកម្ពុជា ពុទ្ធសាសនាមានជាង៩០% ប៉ុន្តែច្បាប់រដ្ឋគឺធានាសាសនាផ្សេងទៀតដូចគ្នា។ ផ្ទុយទៅវិញ បើបាត់សាសនាចក្រ មានតែអាណាចក្រ ប្រើច្បាប់ នោះគឺដូចជំនាន់ ប៉ុល ពត អញ្ចឹង។ លុបចោលទាំងអស់ សីលធម៌ គុណធម៌ទៅណា គឺប្រើច្បាប់ទៅតែម្តង។ ប្រើអំណាចរដ្ឋ ដើម្បីគ្របតែម្តង។ គុណធម៌ សីលធម៌របស់មនុស្សដែលនៅសាសនាផ្សេងៗ លុបចោលទាំងអស់តែម្តង។ នេះហើយគឺជាកិច្ចការដែលយើងត្រូវធានាថា កង់ទាំងពីរត្រូវដើរជាមួយគ្នា ព្រមៗគ្នា ដែលក្រោយពី ១៩៧៩ រាជរដ្ឋាភិបាលបើកសិទ្ធិសេរីភាព និងការពារសិទ្ធិនៅគ្រប់សាសនាទាំងអស់។
(១០) មិនមានការផ្ទុយគ្នារវាងសាសនានិងវិទ្យាសាស្ត្រលើការធ្វើឱ្យប្រទេសរីកចម្រើនទេ
មានទស្សនៈមួយចំនួនលើកឡើងថា “សាសនាគឺអភិរក្សនិយម ធ្វើឲ្យប្រទេសមិនរីកចម្រើន”។ គេថា សាសនាបង្កើតឲ្យមនុស្សពឹងលើអបិយជំនឿ ឬជំនឿក្រៅខ្លួន។ គេគួរយកវិទ្យាសាស្រ្តនិយម”។ នៅលើពិភពលោកនេះ ប្រទេសខ្លះមានមនុស្ស ដែលគេហៅថា Atheist។ ពាក្យ Atheist ហ្នឹងគឺអ្នកអត់មានជឿសាសនាអ្វីទាំងអស់។ គាត់ជឿលើខ្លួនឯង លើវិទ្យាសាស្ត្រ។ ហ្នឹងសិទ្ធិរបស់គាត់។ ប៉ុន្តែ តាមការសង្កេតរបស់ខ្ញុំ អត់មានការផ្ទុយគ្នារវាងសាសនានិងវិទ្យាសាស្ត្រ ទៅលើការរីកចម្រើន(របស់ប្រទេសមួយ)ទេ។ ជាក់ស្តែង ក្នុងប្រទេសមហាអំណាច ប្រទេសដែលអភិវឌ្ឍលឿនខាងវិទ្យាសាស្ត្រដូចជាអាមេរិក សាសនាដើរតួនាទីសំខាន់។ ខ្ញុំរស់និងរៀននៅទីនោះ ៨ឆ្នាំ ប្រជាពលរដ្ឋអាមេរិកមាននិកាយខុសៗគ្នា មាន Catholic, Protestant, Mormon អីជាដើម ប៉ុន្តែគាត់ប្រតិបត្តិខ្លាំងណាស់។ រាល់ថ្ងៃអាទិត្យ នៅព្រះវិហារពេញៗ។ មិនមែនថារៀនបានជាអ្នកបច្ចេកវិទ្យា អ្នក Astronaut អី អត់ទៅវត្តទេ។ ទៅដូចគ្នា។
(១១) សាសនាបង្រៀនសីលធម៌និងគុណធម៌នៃការរស់នៅដោយសុខដុម បម្រើសេចក្តីត្រូវការផ្លូវចិត្ត
សាសនាណាក៏ដូចសាសនាណាដែរ គឺបង្រៀនអំពីសីលធម៌ គុណធម៌ នៃការរស់នៅដោយសុខដុមនីយកម្ម បម្រើសេចក្តីត្រូវការផ្លូវអារម្មណ៍ ផ្លូវចិត្ត។ ពិភពលោកបច្ចុប្បន្នមានជាងមុន។ ពេលដែលសាសនាបង្កើតរាប់ពាន់ឆ្នាំមុន យើងគ្មានរថយន្ត ទូរស័ព្ទស្មាតហ្វូន និងសម្ភារៈច្រើនអញ្ចឹងទេ។ ប៉ុន្តែ តម្រូវការផ្នែកសម្ភារៈនេះអត់គ្រប់គ្រាន់ទេ។ មនុស្សខំប្រឹងបង្កើត ប្រកួតគ្នា អ្នកណាយកលុយបានច្រើន អ្នកណាកសាងសមិទ្ធផលបានច្រើន អ្នកណាធ្វើអោយមានរបកគំហើញបានច្រើន។ ប៉ុន្តែ ទីបំផុត នៅតែមានបញ្ហាប្រឈមផ្នែកមនុស្សលោក ប្រទាក់ក្រឡាត្រូវដោះស្រាយដូចជារឿងគ្រួសារ រឿងផ្លូវចិត្ត រឿងតម្រូវការផ្សេងៗ … ការផ្តល់ឲ្យមួយទៀតពីការអប់រំផ្នែកសាសនានេះ ដែលវិទ្យាសាស្រ្តមិនអាចផ្តល់ឲ្យ និងដែលនិយាយលេងសើចថា សូម្បីដុកទ័រក៏ចេះឈឺបេះដូងដែរ។ ដុកទ័របេះដូង មានបច្ចេកទេសវិទ្យាសាស្រ្ត អាចព្យាបាលបាន តែបើមានអារម្មណ៍ផ្លូវចិត្ត ទាល់តែរកខាងចិត្តសាស្រ្ត ឬមួយរកសាសនា។
(១២) មនុស្សត្រូវការ ការអប់រំផ្លូវចិត្ត និងការជំរុញលើកទឹកចិត្តជាប្រចាំ
ដូចសាសនាគ្រិស្តមានបន្ទប់មួយសំរាប់ធ្វើ confession។ កន្លែងហ្នឹងគឺទៅសារភាព។ អ្នកដែលមានទោសក្នុងចិត្តទៅប្រាប់ដល់ priest ដោយគាត់ជាអ្នកតភ្ជាប់ទៅព្រះ។ ដល់អញ្ចឹង និយាយអស់ទៅ បានន័យថា អាចរំលាយនូវទោសហ្នឹងចោលចាប់ផ្តើមឡើងវិញ។ ឥរិយាបថរបស់មនុស្សត្រូវការអប់រំ ស្អំ និងបង្កើនជាប្រចាំ។ និស្សិតក៏ដូចគ្នា។ ប្រាកដជាមករៀននៅក្នុងនេះហើយ គ្រួសារយើងសប្បាយចិត្តថា យើងមករៀន ប៉ុន្តែយើងប្រឈមអ្វីខ្លះ។ មួយថ្ងៃៗក្រៅពីមេរៀនគ្រូដាក់ឲ្យ ត្រូវការលើកទឹកចិត្ត។ អ្នកខ្លះជួនកាលប្រឡងធ្លាក់ប៉ុន្មានមុខ មានអារម្មណ៍ថាចង់បោះបង់ចោល ត្រូវការការស្អំ ចិត្តនិងជំរុញបន្តទៀត។ ដូចខ្ញុំនិយាយក្មួយម្នាក់ដែលលេខមួយហ្នឹង គ្រួសារជួនកាលហូបពងទា ជីវភាពមិនសម្បូរដូចមិត្តខ្លះនៅក្នុងសាលា គេមានម៉ូតូ ឪពុកម្ដាយ(គេមានលទ្ធភាព) តែគាត់បន្តជំរុញចិត្ត មានការស្អំ ការបន្ថែមលើកទឹកចិត្តពីឪពុកម្តាយរបស់គាត់។ អញ្ចឹង កិច្ចការទាំងអស់នេះគឺជាកិច្ចការសំខាន់ដែលប្រទេសកាន់តែជឿនលឿន ត្រូវបន្តអនុវត្ត …។
(១៣) គ្រប់គ្រងការវិវត្តជឿនលឿននៃប្រព័ន្ធ AI ដែលកំពុងតែមានចំណែកប្រឈមគ្រោះថ្នាក់
ថ្ងៃមុន ជួបជាមួយអ្នកសារព័ត៌មាន ក្នុងទិវាសេរីភាពសារព័ត៌មាន គេលើកអំពីកង្វល់ថា តើយើងត្រូវធ្វើបែបណាដើម្បីគ្រប់គ្រងការវិវត្តជឿនលឿននៃប្រព័ន្ធ AI ប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសឥឡូវអ្នកណាក៏ប្រើទូរស័ព្ទដែរ។ វាបើកច្រកឱ្យមានការកេងចំណេញពីជនមួយចំនួនតាមបច្ចេកវិទ្យា។ អ្នកខ្លះបង្កើតរូបភាពដើរខ្ចីលុយគេ លួចលុយគេតាមប្រព័ន្ធបច្ចេកវិទ្យា អ្នកខ្លះបង្កើតព័ត៌មានក្លែងក្លាយ កាត់តរូបភាព បង្កើតភាពអសីលធម៌ផ្សេងៗ បង្កើតភាពយល់ច្រឡំ ច្របូកច្របល់។ សូម្បីតែថ្នាក់ដឹកនាំពិភពលោកមួយចំនួនក៏ចាញ់បោក AI ឬក៏ចាញ់បោកប្រព័ន្ធបច្ចេកវិទ្យាដែរ។ អ្នកមានម្នាក់ នៅប្រទេសអ៊ីតាលី ចាញ់បោកប្រព័ន្ធបច្ចេកវិទ្យា។ គេបោកគាត់តាមទូរស័ព្ទ យកសម្លេងរបស់រដ្ឋមន្រ្តីការពារជាតិអ៊ីតាលី ផ្ញើទៅសុំលុយមួយលាន euro យកទៅធ្វើស្អីមួយ។ គាត់អត់ដឹងសោះ។
ថ្ងៃមុន ខ្ញុំបានទទួលសារពី Telegram ពីប្អូនជីទួតមួយថ្លៃរបស់ខ្ញុំ សុំឱ្យផ្ញើលុយ ២៥០ដុល្លារ។ ថ្ងៃក្រោយមកទៀតមួយលានរៀលទៀត … បាញ់សារមករូប profile ដូចគ្នាទាំងអស់។ ខ្ញុំសង្ស័យ។ អញ្ចឹងខ្ញុំឲ្យដាក់សម្លេងមក។ អត់ព្រមផ្ញើមកទេ តែទាមទារឲ្យខ្ញុំបញ្ចូលស្អីទៅឲ្យវិញ ចុច confirm អីឯណាវិញ។ សួរថាតើយើងត្រូវធ្វើម៉េចដើម្បីគ្រប់គ្រងបញ្ហាដែលកាន់តែគ្រោះថ្នាក់នេះ? អ្នកនៅអាមេរិក ឬមួយនៅអាហ្រ្វិកអាចមកបំផ្លាញអ្នកនៅភ្នំពេញ ឬមួយនៅសិង្ហបុរីបានមួយភ្លែត តាមរយៈការបោកបញ្ឆោតតាមហ្នឹង។ បច្ចេកវិទ្យាកាន់តែលឿន AI (ការក្លែងរូបនិងសម្លេង)កាន់តែដូច។
អ្នកណាដែលឃើញ? រូបសំណាកព្រះថោងនាងនាគរស់រវើក មើលមួយភ្លែត បើយើងមិនដឹង ក៏ថាហ្នឹងជា AI។ មិនស្រួលសង្ស័យថាអច្ឆរិយ។ ដូចមែនទែន។ ខ្ញុំមើលមួយភាគនោះ គេធ្វើប្រធានាធិបតី Biden និងប្រធានាធិបតី Trump រាំជាមួយគ្នា។ និយាយទៅវិញទៅមក ភាសាល្អូកល្អឺន ដែលជាក់ស្តែង ពួកគាត់កំពុងតែប្រកួតគ្នាពេលបោះឆ្នោត។ ដល់ឆែកទៅ គេយកសម្លេងគាត់រូបគាត់ដាក់ក្នុងនោះ។ ឥឡូវវាមិនទាន់បាន perfect ១០០% ទេ តែទៅមុខទៀតកាន់តែធ្ងន់។ បើយើងមិនគ្រប់គ្រង បញ្ហាបែបនេះនឹងជាគ្រោះថ្នាក់។
(១៤) ប្រើច្បាប់ខាងអាណាចក្រ និងអប់រំតម្លៃរបស់មនុស្សតាមរយៈសាសនា គ្រប់គ្រងការវិវត្តបច្ចេកវិទ្យា
យើងមិនអាចបិទវិទ្យាសាស្រ្ត មិនឲ្យដើរទៅមុខបានទេ។ អ្វីដែលសំខាន់យើងប្រើ ទី១ ច្បាប់បទដ្ឋានគតិយុត្តិនៅក្នុងផ្នែកអាណាចក្ររបស់យើង និងទី២ ដែលសំខាន់និងមានឥទ្ធិពលបំផុត គឺការអប់រំ ការទទួលខុសត្រូវ និងតម្លៃក្នុងខ្លួនរបស់មនុស្ស ដែលយើងអាចថាសាសនាចក្រ ឬមួយពុទ្ធិចក្រដែលអាចចូលរួមចំណែក។ កាំភ្លើងក៏ដោយ បច្ចេកវិទ្យាក៏ដោយ វាជាឧបករណ៍។ ទាល់តែមនុស្សអាក្រក់បានប្រើវាអាក្រក់ បើមនុស្សល្អគេប្រើវាល្អ។ ហ្នឹងរឿងតែប៉ុណ្ណឹង។ Telegram ដូចគ្នា។ គេប្រើដើម្បីទំនាក់ទំនងគ្នា ចែករំលែកព័ត៌មានលឿន តែអ្នកខ្លះខូច យកមធ្យោបាយហ្នឹងទៅបោកលុយគេ។ បើមានមនុស្សម្នាក់ ឬបួនដប់នាក់ខូច ប្រសើរជាងរាប់លានអ្នកខូច។ បានន័យថា យើងត្រូវប្រើការអប់រំ យើងត្រូវប្រើការបណ្តុះបណ្តាល បំពាក់បំប៉ននូវតម្លៃក្នុងខ្លួនមនុស្ស ដើម្បីឲ្យត្រឹមត្រូវ។ អាចថាមិនបានទាំងអស់ តែនៅសល់តិច។ យើងប្រើច្បាប់ខាងអាណាចក្រតម្រង់ទិស។ ក្រៅពីហ្នឹងគឺការចូលគ្នា។ ពេលខ្លះមិនចាំបាច់ផង ប្រើតែសង្គមមួយដែលមានមនុស្សច្រើន មានផ្នត់គំនិត គឺល្អទៅហើយ។
(១៥) ការអប់រំក្មេងអំពីតម្លៃសង្គមនិងផ្តល់ការសរសើរដល់អ្នកទៀងត្រង់ នឹងជួយឱ្យរក្សាបានសុច្ចរិតភាពសង្គម
ខ្ញុំមើល video YouTube ដែលគេធ្វើតេស្តនៅជប៉ុន។ គេយក iPhone ថ្មីមួយ។ គេធ្វើជាភ្លេចនៅទីសាធារណៈ ២-៣ កន្លែង។ ទុកចោលមួយម៉ោង។ អត់មានអ្នកណាយកទេ។ មនុស្សមើលឃើញ មិនមែនមនុស្សមើលអត់ឃើញ។ តែគេអត់យក។ ប្រទេសអភិវឌ្ឍជឿនលឿនក៏ដោយ សម្ភារៈច្រើនក៏ដោយ ប៉ុន្តែខុសគ្នា។ ប្រទេសអភិវឌ្ឍខ្លះទៀតមិនបានទេ។ កាន់ទូរស័ព្ទស្រួលមិនស្រួល គេឆក់បាត់ឥឡូវហើយ។ សួរថា មានអភិវឌ្ឍន៍ដូចគ្នា កាលពី ១០-២០-៣០ឆ្នាំមុន ស្រដៀងគ្នាទេ ប្រទេសដែលមានបញ្ហា។ ឥឡូវ ១០-២០ឆ្នាំមុន ក៏សុខដុមនីយកម្មស្រដៀងជប៉ុន ហេតុអីបានជាជប៉ុននៅថែរក្សា(សុច្ចរិតភាពក្នុងសង្គម)បាន? (ដែលជប៉ុនរក្សាបាន)មួយផ្នែកក៏គឺដោយសារការអប់រំបណ្តុះបណ្តាលកូនក្មេងតាំងពីតូច ហើយតម្លៃនៃសង្គមនិងការផ្តល់នូវការសរសើរដល់អ្នក(ទៀង)ត្រង់។ បើយើងធ្វើនិងរក្សារឿងនេះបានគឺល្អ។ នៅប្រទេសខ្លះតំបន់ខ្លះ ផ្ទះអត់ចាក់សោរផង … នៅកាណាដា ពេលខ្លះទុកម៉ូតូចោល។ ដោយសារសហគមន៍នៅរក្សាបានសុច្ចរិតភាពក្នុងសង្គម។
(១៦) ក្នុងដំណាក់កាលទំនើបកម្ម បន្តពុះពារបណ្តុះ គោរព និងផ្តល់តម្លៃឱ្យអ្នកសុច្ចរិតទៀងត្រង់
យើងនៅមានសង្ឃឹម។ យើងមានបញ្ហាច្រើនជាងពីមុន ប៉ុន្តែយើងនៅមានសង្ឃឹមលើភាពល្អនៃមនុស្ស។ មិនអាចថា សម័យនេះហើយគឺអវិជ្ជមានខ្មៅទាំងអស់ទេ។ នៅក្នុងសាសនាក៏មាន ជាបុគ្គល ជាតួអង្គព្រះសង្ឃ ដែលអាចប្រពឹត្តអ្វីប្រាសចាកនឹងសាសនា។ ប៉ុន្តែ មិនមែនបានន័យថា សាសនាទាំងមូលត្រូវអស់តម្លៃនោះទេ។ ត្រូវខំប្រឹងកាត់បន្ថយនូវភាពអវិជ្ជមាននេះ។ ការថែរក្សាតម្លៃគឺជាកិច្ចការសំខាន់។ ខ្ញុំគិតថា យើងត្រូវបន្តពុះពារ ជាពិសេសនៅក្នុងដំណាក់កាលទំនើបកម្មនេះ (បណ្តុះនិងគោរព)តម្លៃនៃសង្គមនិងផ្តល់(តម្លៃ)ឱ្យ(អ្នកសុច្ចរិតទៀងត្រង់)។ ការប្រើប្រាស់បណ្តាញសង្គម វាជាវិធីទំនើប ចែករំលែកបទពិសោធ និងរឿងល្អៗ ចែករំលែកការអប់រំ នេះបើប្រើប្រាស់ត្រូវ។ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បានផ្តល់ការអប់រំជាច្រើន ដោយដាក់ចេញនូវធម្មទេសនា ដែលម្នាក់នេះ[សម្ដេចចង្អុលទៅភរិយា]ជាអ្នកស្តាប់ច្រើនជាងគេ។ អរព្រះគុណដែលធ្វើធម្មទេសនាឱ្យគាត់ឈប់កាច។ ឆ្នាំខ្លាដែរ តែខ្លាតាំងសីល៍។ ការគិតគូរ នឹងនរ ថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ការអំណត់ផ្លូវចិត្ត ការថ្លឹងថ្លែងពិចារណាមុនធ្វើសកម្មភាព ជាកិច្ចការដែលល្អ។
(១៧) អប់រំបណ្តុះបណ្តាលក្នុងបរិស្ថាន៣ សាលា ផ្ទះ និងសង្គម
រៀបចំ និងធានាឱ្យបាននូវការបណ្តុះបណ្តាល ដូចនៅទីនេះ។ យើងមានទាំងព្រះសង្ឃ ទាំងគ្រហស្ថ។ នៅសាកលវិទ្យាល័យឯកជន ក៏មានព្រះតេជព្រះគុណ ព្រះសង្ឃ ក៏បាននិមន្តទៅរៀន។ អញ្ចឹង នៅក្នុងការបណ្តុះបណ្តាលនេះ ពុទ្ធចក្រ និងអាណាចក្រប្រទាក់ក្រឡាជាមួយគ្នា។ ប៉ុន្តែ ការបណ្តុះបណ្តាលអប់រំមិនមែនមានតែនៅក្នុងសាលានោះទេ។ ខ្ញុំព្រះករុណាខ្ញុំតែងតែលើកពីការអប់រំថាមាន ៣កន្លែង៖ ទី១ នៅផ្ទះ ទី២ នៅសាលា និងទី៣ នៅក្នុងសង្គម។ ខ្ញុំព្រះករុណាខ្ញុំលើកឧទាហរណ៍ នៅជប៉ុនគឺអប់រំមាន ៣កន្លែង។
ទី១ នៅផ្ទះឪពុកម្តាយបង្រៀនតាំងពីក្មេងមក ការប្រតិបត្តិ ការគោពយ៉ាងម៉េច? ដើរឆ្លងថ្នល់ត្រូវឱនលំទោន គោរពច្បាប់អីយ៉ាងម៉េច? គេឱ្យទៅ ត្រូវឱនអរគុណអីយ៉ាងម៉េច? (២) បង្រៀននៅសាលាគឺប្រព័ន្ធអប់រំឥរិយាបថតាំងពីក្មេង។ ឥឡូវ នៅថ្នាក់បឋមសិក្សា យើងពង្រឹងទាំងចំណេះដឹង គុណភាព និងឥរិយាបថ តាំងពីក្មេងឱ្យឡើងតែម្តង។ ទី៣ គឺសង្គម … នៅជប៉ុនមាន Yakuza មានអី មិនមែនអត់មានសោះនោះទេ ប៉ុន្តែជាទូទៅ ប្រជាពលរដ្ឋដល់អាយុមួយនៅរួមគ្នា លើកទឹកចិត្ត។
ទៅជប៉ុន ហ៊ានតែឱ្យ Tips គេថាមើលងាយ។ តែនៅប្រទេសខ្លះអត់ឱ្យ Tips រត់តាមយើង។ ឧទាហរណ៍ថាដាក់ ១០% យើងឱ្យ ៥% គាត់រត់មកតវ៉ាឥឡូវ។ តែនៅជប៉ុនបើឱ្យអត់បានទេ គាត់បម្រើដោយសុទ្ធចិត្តគ្មានចង់បានផល។ បើអ្នកឱ្យបានន័យថាឱ្យតម្លៃគេទាប។ បើមួយកន្លែងធ្វើ កន្លែងដទៃទៀតអត់ធ្វើ បានន័យថាបន្តិចទៀតកន្លែងមួយដែលមិនធ្វើនឹងដួលរលំ។ បើគ្រប់គ្នាធ្វើ គ្រប់គ្នាឱ្យតម្លៃខ្ពស់ ហ្នឹងជាការពត់សង្គមឱ្យចូលរួមផងដែរ។
(១៨) ការប្រណិបត្តិតាមការអប់រំបែបសាសនា ជួយតម្រង់ទិស បើមិនដោយត្រង់ក៏ដោយប្រយោល
តើសាសនាដើរតួនាទីយ៉ាងម៉េច? ពីក្មេង ខ្ញុំមិនដែលចូលវត្តទេ។ អាយុ ៦-១០ឆ្នាំ ជួនកាលទៅវត្តជាមួយឪពុកម្តាយមួយភ្លែត ថ្វាយបង្គំព្រះអង្គហើយ ចេញមកលេងនៅក្រៅហើយ។ សួរថាតើខ្ញុំបានទទួលការអប់រំតាមបែបសាសនាទេ ហើយទទួលការជះឥទ្ធិពលដល់របៀបរបបរស់នៅតាមណា? តាមយាយខ្ញុំ តាមម្តាយខ្ញុំ តាមឪខ្ញុំ។ ឪពុកម្តាយ យាយតា អាណាព្យាបាល នៅផ្ទះសុំសីល។ គាត់ប្រតិបត្តិតាំងពីក្មេងមក កុំភូទគេបាប កុំលួចគេបាប កុំប្រើហិង្សាបាប។ ទាំងអស់នេះជួយតម្រង់ទិស ជះឥទ្ធិពល ទោះមិនដោយត្រង់ ក៏ដោយប្រយោលក្នុងការអប់រំ។ គ្មានសាសនាណាមួយដែលប្រៀនប្រដៅមនុស្សឱ្យកាចសាហាវ ឬមួយកាប់សម្លាប់គ្នាទេ។
(១៩) គ្រប់សាសនាមានគម្ពីរដីការាប់ពាន់ឆ្នាំ មិនប្រែប្រួល និងមិនមានអ្នកណាបកស្រាយផ្សេងឡើយ
យើងលើកឧទាហរណ៍ពី ៣សាសនាគឺ ព្រះពុទ្ធសាសនា សាសនាគ្រិស្ត និងសាសនាឥស្លាម។ សាសនាទាំងអស់នេះមាននិកាយច្រើន និងវិវត្តតាមរយៈពេល។ នៅកម្ពុជា ព្រះពុទ្ធសាសនាមានធម្មយុត្តិកនិកាយ និងមហានិកាយ។ ខាងឥស្លាមមាន Shia និង Sunni។ ខាងគ្រិស្តមានច្រើន ក្នុងនោះធំៗ មាន Mormon, Protestant និង Catholic។ គម្ពីរដូចគ្នា។ ព្រះត្រៃបិដកក្នុងព្រះពុទ្ធសាសនា Koran នៅក្នុងសាសនាឥស្លាម ខាងគ្រិស្តមាន Bibles ដែលមាន old និង new testament សរសេរដូចគ្នា គ្រាន់តែនិកាយនីមួយៗ បកស្រាយខុសគ្នា។ ជាខ្លឹមសារគោល ខ្ញុំបានសួរមិត្តភក្តិដែលកាន់សាសនាឥស្លាម (អំពីរឿង)ដែលគេតែងតែភ្ជាប់សាសនាឥស្លាមទៅនឹងភាពកាចអីអញ្ចឹង។ មិត្តភក្តិរបស់ខ្ញុំ កាលពីនៅរៀន ជាអ្នកស្រុកលីបង់ (ប្រាប់ថា)ប្រៀនប្រដៅច្រើនទាក់ទងទៅនឹងការគោរពគ្នា និងការយោគយល់គ្នា។
ខ្ញុំសួរថាម៉េចបានធ្វើរ៉ាម៉ាដាន? តើរ៉ាម៉ាដាននេះគេធ្វើដើម្បីអី? ដែលយើងអត់អាហារពីព្រឹករហូតដល់យប់ … គាត់ថា គោលដៅធំផុតគឺឲ្យមនុស្សយល់ពីភាពអត់ឃ្លានលំបាកយ៉ាងណាដើម្បីចេះចែករំលែក។ ពេលដែលយើងអត់បាយមួយថ្ងៃ ឃ្លានហេវហត់ដូចម្តេច ដើម្បីយើងអាចចែករំលែកទៅអ្នកផ្សេង។ សាសនាច្រើនដែលមានកាតព្វកិច្ចឲ្យអ្នកកាន់សាសនាត្រូវចែករំលែកប៉ុន្មានភាគរយ។ ថ្ងៃមុន ខ្ញុំជួបជាមួយឯកឧត្តម អូស្មាន់ ហាសាន់។ គាត់ថាអ្នកដែលអត់មានលុយចូលជាស្រូវទៅក្នុងសហគមន៍ ដើម្បីចែករំលែក។
សាសនាព្រះពុទ្ធ កសាងសមិទ្ធផលធំៗបាន ដោយសារការចែករំលែក ចែកផលជាមួយគ្នា ការកសាងពីសប្បុរសជន។ ព្រះសង្ឃអត់មានជាអាជីវកម្មអីទេ ប៉ុន្តែជាការចែករំលែករបស់ប្រជាពលរដ្ឋ។ គ្រប់សាសនាទាំងអស់ គម្ពីរដូចគ្នារាប់ពាន់ឆ្នាំមកអត់មានប្រែប្រួលទេ អត់មានអ្នកណាទៅបកស្រាយផ្សេងទេ។ ថ្ងៃមុនមានករណីអង្គជំនុំព្រះត្រៃបិដក។ អ្នកខ្លះគិតថា ការបង្កើតឡើង(អង្គជំនុំព្រះត្រៃបិដកនេះគឺក្នុងបំណង)ទៅកែខ្លឹមសារព្រះត្រៃបិដក។ មិនដូច្នោះទេ។ ខ្ញុំសូមមិនបកស្រាយទេ ដោយសារគណៈសង្ឃនាយកបានចេញបកស្រាយរួចហើយ។ (គ្រាន់តែទាញអារម្មណ៍ថា)ដើម្បីរក្សាតម្លៃនិងអភិរក្ស ទាល់តែមានការបកប្រែ ការប្រមូលឡើងវិញ។ យើងបានបង្កើតដំបូងនៅឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៦៩។ យើងបកបានប៉ុន្មានហើយ។ ក្រោយមក ពេល ប៉ុល ពត ចូលកាន់អំណាច ក៏បាត់អស់ទៅ។ យើងក៏បានប្រមូលផ្ដុំមកចងក្រងវិញដើម្បីរក្សាតម្លៃ។
(២០) គម្ពីរសាសនាពីរាប់ពាន់ឆ្នាំមុននៅតែមានតម្លៃនិងត្រឹមត្រូវ ក្នុងការគ្រប់គ្រងទំនាក់ទំនង ចិត្តសាស្ត្រ អារម្មណ៍ និងឥរិយាបទមនុស្ស
ខ្ញុំគិតថា ទោះបីជាបច្ចេកទេសវិទ្យាសាស្ត្ររីកចម្រើនយ៉ាងណាក៏ដោយ ប្រែប្រួលអភិវឌ្ឍពីផ្ទះស្លឹកមកផ្ទះថ្ម ពីផ្ទះថ្មទៅផ្ទះរាប់សិបជាន់ក៏ដោយ ពីវិធីសាស្ត្ររត់សារតាមសេះ ឥឡូវតាម Telegram ក៏ដោយ បញ្ហាសង្គមមនុស្សនឹងនៅតែដដែល … រាប់ពាន់ឆ្នាំមុនដែលគម្ពីរទាំងអស់សរសេរចេញមក ដើម្បីគ្រប់គ្រងទំនាក់ទំនងមនុស្សនិងមនុស្ស មកដល់ឥឡូវ ក៏នៅតែមានតម្លៃត្រឹមត្រូវ។ បានន័យថាបញ្ហាទំនាក់ទំនងមនុស្ស ចិត្តសាស្ត្រ អារម្មណ៍ ឥរិយាបទមនុស្ស អត់ប្រែប្រួលទេ ប្រែប្រួលតែបច្ចេកទេសវិទ្យាសាស្ត្រប៉ុណ្ណឹងទេ។ ដូចនេះ ការគ្រប់គ្រងថែរក្សានូវឥរិយាបទ គុណតម្លៃរបស់មនុស្ស គឺជាកិច្ចការសំខាន់ ជាពិសេសក្នុងសម័យទំនើប … ពេលខ្លះប្រកួតប្រជែងដណ្ដើមយកឈ្នះគ្នា ចង់បានអ្នកណាមានជាង អ្នកណារកលុយបានច្រើនជាង។
អ្នកខ្លះដោយចង់បាន Likes និង views ច្រើនជាង នៅក្នុង Facebook ពេលខ្លះ សុខចិត្តហ៊ានធ្វើអ្វីៗទាំងអស់ រហូតប៉ះពាល់ដល់តម្លៃសីលធម៌ វប្បធម៌ តម្លៃជាស្ត្រីខ្មែរផង។ បើយើងលែងគិតអំពីសីលធម៌ គុណធម៌ គិតតែពីជ្រុងហ្នឹង ប្រហែលជាបន្តិចទៀត(សីលធម៌ វប្បធម៌ តម្លៃជាស្ត្រីខ្មែរនឹង)រប៉ាត់រប៉ាយមិនខាន។ រាប់ពាន់ឆ្នាំមុន ប្រជាពលរដ្ឋក៏មានអ្នករកស៊ី ព្យាយាមប្រើវិធីសាស្ត្រដូចគ្នា(បើប្រៀបធៀបឥឡូវហ្នឹង) តែគេមានក្រុមដែលគ្រប់គ្រងដោយការអប់រំ សីលធម៌ គុណធម៌។ ដោយសារនៅតាមជនបទមិនទាន់មានសាលារៀនគ្រប់គ្រាន់ ប្រជាពលរដ្ឋភាគច្រើនបានបួសរៀននៅវត្តមួយរយៈទើបបានចេញមក។ ឥឡូវយើងមានពុទ្ធិកសាលា ពីបឋមសិក្សារហូតដល់សកលវិទ្យាល័យ។ ការចូលរួមនេះសំខាន់ណាស់ …។
(២១) ថ្វីបើមនុស្សមួយចំនួនតូចប្រើប្រាស់បណ្តាញសង្គមបង្កើតប្រធានបទចាប់អារម្មណ៍ចង់បាន views ច្រើន ក៏មិនប្រាកដថាអ្នកមើលជឿតាមនោះទេ
កុំអាលមានការអស់សង្ឃឹម។ តាម Facebook ឥឡូវ មានអ្នកប្រើប្រាស់ដើម្បីជេរគ្នា ហែកគ្នា ធ្វើអាក្រក់ កាត់តផ្សេងៗ។ អ្នកខ្លះចេញមកក្មេងទេ តែជេរចាស់ មើលងាយគ្នា ក្នុងរឿងនយោបាយ។ តួអង្គមួយចំនួនថាអីថាទៅ ធ្វើអីធ្វើទៅ រឿងសីលធម៌ខ្លួនឯង បើខ្លួនឯងគិតថានៅក្នុងសង្គមខ្មែររបស់យើង ប្រជាពលរដ្ឋយើងរាប់សិបលាននាក់ ឲ្យតម្លៃនូវភាពអសីលធម៌បែបនេះ ក៏ធ្វើទៅ។ តែទង្វើបែបនេះ ខ្ញុំគិតថាមិនមែនជាតំណាងរបស់ប្រជាជនយើងទាំងមូលទេ។ ខ្ញុំនៅមានសុទិដ្ឋិនិយមថា ទន្ទឹមនឹងអ្នកមួយចំនួនតូចប្រើប្រាស់ដើម្បីបង្កើតប្រធានបទក្ដៅៗ ឱ្យគេមើលនិងចាប់អារម្មណ៍ច្រើនក្តី ក៏សួរថាតើអ្នកបានមើលទាំងអស់នេះជឿតាមហ្នឹងទេ? មិនប្រាកដទេ។ គ្រាន់តែមាន view ច្រើនប៉ុណ្ណោះ។ កាលពីខ្ញុំនៅរៀន មានការរិះគន់ Hollywood ថាធ្វើតែរឿងបាញ់គ្នា ដែលធ្វើឲ្យក្មេងៗយកគំរូបាញ់គ្នាតាមដែរ។ Hollywood បន្ទោសវិញថា ខ្ញុំធ្វើរឿងស្នេហាលក់មិនដាច់ មនុស្សអត់មើល បានខ្ញុំធ្វើរឿងបាញ់គ្នា។ សួរថាទាំងអស់នេះជានិមិត្តរូបនៃប្រទេសអាមេរិកប្រែប្រួលឬអត់? អត់ទេ។ ភាគច្រើននៅតែមានច្បាប់ទម្លាប់ ប៉ុន្តែនៅមានមនុស្សមួយចំនួនគាត់បង្ករឿង។ បងប្អូនចោទសួរថា ក្នុងសង្គមយើង ក្មេងៗមួយចំនួនឥឡូវគិតពីរឿងអបាយមុខ កាប់ចាក់គ្នាពេញហ្នឹង តើខ្មែរនឹងរលត់រលាយទេ? ថាអត់ទេ។ យើងនៅមានចំណុចវិជ្ជមាន។ មានប្រជាជនយើងច្រើនដែលប្រើ Facebook ដើម្បីចែករំលែកនូវបទពិសោធល្អៗ ផ្សាយល្អៗ អប់រំល្អៗ រួមទាំងព្រះសង្ឃផង។
(២២) រួមគ្នាកាត់បន្ថយភាពអវិជ្ជមានក្នុងសង្គម ដោយបញ្ចេញសារវិជ្ជមាន និងប្រកាន់យកឥរិយាបទ សីលធម៌ គុណធម៌
យើងរួមគ្នាដើម្បីកាត់បន្ថយភាពអវិជ្ជមានក្នុងសង្គម តាមរយៈ ទី១ បញ្ចេញសារវិជ្ជមាន សារល្អៗជាច្រើន ដើម្បីគ្របដណ្ដប់លើរឿងអវិជ្ជមាន។ ទី២ ខ្លួនយើងម្នាក់ៗ ត្រូវប្រកាន់យកឥរិយាបទ សីលធម៌ គុណធម៌ ដើម្បីឱ្យអ្នកដែលអវិជ្ជមានកាន់តែថយទៅៗ។ រដ្ឋនឹងប្រើប្រាស់ច្បាប់ ចំពោះអ្នកដែលដើរហួសព្រំដែន។ យើងមិនចង់ប្រើប្រាស់ច្បាប់ទៅលើប្រជាពលរដ្ឋទេ។ យើងចង់ឱ្យសង្គម ឪពុកម្ដាយ គ្នាយើង រួមគ្នាដើម្បីអប់រំគ្នាយើងឱ្យបានល្អ។ នេះជាកត្តាចីរភាព។ ដើម្បីបានសង្គមមួយមានសុខដុមនីយកម្ម មិនមែនទាល់តែប្រើច្បាប់ដើម្បីគ្របមនុស្សឱ្យនៅទេ ត្រូវតែគោរពគ្នាទៅវិញទៅមក។ ទោះបីជាអត់មានច្បាប់ ក៏នៅ(មាន)សាសនា ព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្ដសាសនា អប់រំមនុស្សឱ្យចេះគោរពស្រលាញ់គ្នា អត់កាប់ចាក់គ្នា។ នេះដែលជានិរន្តរភាពនៃតម្លៃ និងការអប់រំ។ (ត្រូវ)ចូលរួមគ្រប់គ្នា។ បើមេសាសនានីមួយៗ បំពាក់តែមនោគមវិជ្ជាជ្រុលនិយម ប្រកាន់គ្នា រដ្ឋទៅធ្វើអីក៏ពិបាក។ បន្តិចកាប់នៅនេះ បន្តិចកាប់នៅនោះ។ ប្រទេសខ្លះ បន្តិចៗឃើញតែកាប់គ្នា រដ្ឋបញ្ជូនប៉ូលីសទៅ។ បន្តិចៗ ឃើញសងសឹក ដាក់គ្រាប់បែកទៅ។
(២៣) ប្រជាពលរដ្ឋភាគច្រើន នៅមានតម្លៃអប់រំក្នុងគ្រួសារនិងសង្គម ជួយកែលម្អអ្នកដើរខុស
បើសិនជាប្រជាពលរដ្ឋយើងប្រកាន់ជំហរបែបនេះ កាលបើធ្វើអ្វីខុស ក៏ចេញសារដើម្បីកែលម្អ(វាជាដំណើរមួយវិជ្ជមាន)។ យើងឃើញ អ្នកខ្លះ(ធ្វើ)ជ្រុល(លើប្រព័ន្ធបណ្ដាញសង្គម) ដោយសារតែចង់បាន views ពេក។ គាត់ធ្វើភ្លេចស្លៀកខោអីអញ្ចឹងទៅ។ តែប្រជាពលរដ្ឋយើងច្រើនចេញមកដើម្បីអប់រំ។ គាត់ក៏ថយទៅវិញ។ តែកន្លែងខ្លះ ក្នុង ១០នាក់ មានម្នាក់អីអញ្ចឹងមិនថយ។ យើងប្រើច្បាប់ ក្រសួងកិច្ចការីអីទៅ។ តែល្អណាស់ ដែលប្រជាពលរដ្ឋ/សង្គមយើងភាគច្រើន ជួយគ្នានៅក្នុងការកែលម្អអ្នកដែលដើរខុស។ នេះហើយជាតម្លៃ។ ហេតុអ្វីបានជាសង្គម (ទទួលយកការ)កែ(លំអ)? នោះគឺបានន័យថា អ្នករាប់លាននាក់ផ្សេងទៀត(នៅមាន)តម្លៃដែលបាន(សង្គម)អប់រំ និងគ្រួសារអប់រំ ឱ្យតម្លៃទៅលើសីលធម៌ គុណធម៌របស់ខ្មែរ។ នេះជាកត្តាដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់(និង)ជំរុញបន្ថែម។
(២៤) ការអប់រំបណ្ដុះបណ្ដាលពីថ្នាក់មត្តេយ្យ រហូតដល់ឧត្តមសិក្សា គប្បីបញ្ជ្រាប បំពាក់បំប៉ន ដាស់តឿនជាប់ជាប្រចាំអំពីការអប់រំផ្នែកសីលធម៌ គុណធម៌ ឥរិយាបទ
មិនមែនជាសិទ្ធិ និងការទទួលខុសត្រូវផ្ដាច់មុខរបស់រាជរដ្ឋាភិបាលទេ។ យើងស្វាគមន៍គ្រប់ទាំងអស់ រួមទាំងការចូលរួមជាក្រុម សាលា អង្គការ ស្ថាប័នសាសនា។ មានយុវជនមួយចំនួនបបួលគ្នាជា(បងតូច)បងធំ។ គាត់ចង់ដំឡើងសាច់ដុំ។ គាត់មានដាវសាំមូរ៉ៃមានអីអញ្ចឹង។ ឥឡូវគាត់ទទួលខុសត្រូវ(ចំពោះមុខច្បាប់)។ មានយុវជនច្រើនដែលរួមគ្នាធ្វើការងារសង្គម ជួយគ្នារៀនសូត្រឱ្យពូកែ។ យើងបង្រួមចំណុចអវិជ្ជមាន ជាពិសេសក្នុងចំណោមយុវជន តាមរយៈការពង្រីកសមាជិកដែលធ្វើអំពើល្អឱ្យកាន់តែច្រើន ហើយធ្វើជាប្រចាំ កុំបាក់ទឹកចិត្តនៅក្នុងរឿងអវិជ្ជមានមួយចំនួន និងត្រូវមើលទស្សនៈវិជ្ជមាន។ យើងដើរទៅមុខទាំងអស់គ្នា ទើបប្រទេសជាតិយើងដើរដោយវិជ្ជមាន។ បើ(មាន)ប្រជាជនបាក់ទឹកចិត្តហើយ ជាតិមិនអាចទៅមុខទេ។ មិនអាចជោគជ័យទេ។ ខ្ញុំត្រឡប់ទៅឧទហរណ៍ ក្មួយដែលប្រឡងជាប់លេខ១ គណិតវិទ្យានៅខេត្តព្រៃវែង ដែលឪពុកម្ដាយក្រ (គាត់)ទៅរៀន មិនមានម៉ូតូហ៊ឺហាជិះដូចគេ (តែគាត់)មិនបានបោះបង់ទេ នៅបន្ត(ការសិក្សា)ទៅមុខ។ ការអប់រំបណ្ដុះបណ្ដាលនៅទីនេះ ក៏ដូចជានៅគ្រប់ស្ថាប័នអប់រំ តាំងពីថ្នាក់មត្តេយ្យ រហូតទៅដល់ថ្នាក់ឧត្តមសិក្សា ក៏សូមយកចិត្តទុកដាក់បញ្ជ្រាប បំពាក់បំប៉ន ដាស់តឿនជាប់ជាប្រចាំអំពីការអប់រំផ្នែកសីលធម៌ គុណធម៌ ឥរិយាបទនេះ។
(២៥) វិទ្យាសាស្រ្តកាន់តែទំនើប ប្រទេសកាន់តែរីកចំរើន សាសនាកាន់តែមានតួនាទីអប់រំផ្លូវចិត្តដ៏ជឿជាក់
កុំថា យើងជឿលើសាសនា មិនស្របជាមួយការវិវត្តនៃទំនើបកម្ម នៃសង្គមវិទ្យាសាស្រ្ត។ អត់ទេ។ វិទ្យាសាស្រ្តកាន់តែទំនើប ការជឿជាក់លើសាសនា ដែលការអប់រំផ្លូវចិត្តកាន់តែខ្លាំង។ ជាក់ស្ដែងនៅប្រទេសអភិវឌ្ឍ ដូចជាអាមេរិកនេះ គឺការអប់រំ(សាសនា)នៅតែខ្លាំង។ នៅជប៉ុន សាសនាព្រះពុទ្ធ Shinto, នៅប្រទេសចិន នៅប្រទេសអី ប្រទេសកាន់តែរីក(ចម្រើន សាសនា)ដើរតួនាទីសំខាន់ខាង(អប់រំ)ផ្លូវចិត្ត ព្រោះពេលដែលមិនទាន់រីកចម្រើន មនុស្សម្នាក់ៗមិនសូវស្រ្តេសទេ។ ប៉ុន្តែនៅពេលដែលប្រទេសកាន់តែ(រីកចម្រើន)លឿន ដំណើរជីវិតរបស់មនុស្សម្នាក់ៗកាន់តែស្ត្រេស។ ប្រៀបធៀបអ្នកនៅភ្នំពេញ ជាមួយអ្នកនៅវាលវែង ខេត្តពោធិ៍សាត់។ ដំណើរជីវិតខុសគ្នា។
អ្នកខ្លះ ព្រឹកម៉ោង៧ ដល់ម៉ោង១០ យប់ ធ្វើការរហូត។ បើនៅខេត្ត ជួនកាលអ្នកចំការ គាត់ទៅចំការតែព្រឹក។ ល្ងាចឡើង(គាត់អត់)ធ្វើអី។ អញ្ចឹង ដំណើរ(របស់អ្នកធ្វើការនៅក្រុងវា)លឿន។ ពេលដំណើរលឿន វាស្រេ្តស។ ពេលស្ត្រេស ត្រូវការអារម្មណ៍ផ្លូវចិត្ត។ ហ្នឹងដែលឯកឧត្តម ឃួង ស្រេង រៀបចំ walk street នេះ មនុស្សទៅពេញ។ អ្នកទៅដើរកន្លែងហ្នឹង ពេលខ្លះគាត់ស្រ្តេសដែរ។ ស្ត្រេសទី១ ស្ត្រេសការងារ ចង់លំហែ។ ស្ត្រេសទី២ ស្ត្រេសដោយសារអត់មានពេលសម្រាប់គ្រួសារ។ គិតយូរៗ ធ្វើការយូរៗ ដូចខ្ញុំ ពេលខ្លះកូនធំលឿនពេក។ យើង(គិត)ថា បាត់បង់ពេលវេលាជាមួយ(ពួកគាត់)។ អញ្ចឹងបានសុខចិត្តចំណាយពេលពេលវេលា គិតគូរនាំកូនទៅលេង ដើម្បីបង្កើន(អារម្មណ៍ស្និតស្នាល)។ វាជាសញ្ញានៃសង្គមវិវត្ត ប៉ុន្តែតម្រូវការដូចគ្នា។
(២៦) “រៀនឱ្យចប់ រៀនឱ្យចេះ” ឬ “រៀនកុំបោះបង់ និងអោយមានបំណិនអ្វីមួយប្រាកដ”
ទាំងព្រះតេជព្រះគុណជាសមណនិស្សិត ក៏ដូចជានិស្សិតនៅនេះ ខ្ញុំគិតថា ការខិតខំប្រឹងប្រែងពូនជ្រំសមត្ថភាពរបស់យើងសំខាន់។ “រៀនឱ្យចប់ រៀនឱ្យចេះ” សូមចាំពាក្យពីរហ្នឹង។ (ទី១) រៀនឱ្យចប់ បានន័យថា កុំបោះបង់។ មនុស្សច្រើនណាស់ គ្មានឱកាសអង្គុយ(រៀន)ដូចក្មួយទេ។ យុវជនអាយុ(ប្រហែល)ក្មួយច្រើនណាស់ រាប់ពាន់រាប់ម៉ឺននាក់គ្មានឱកាសអង្គុយរៀនទេ។ (ដោយសារកត្តា)ជីវភាព (និង)កត្តាផ្សេងៗ។ អញ្ចឹងក្មួយអង្គុយមួយកៅអីនេះ មានឱកាសច្រើន។ ទី២ រៀនឱ្យចេះ។ ជ្រុលជាចំណាយពេល ៤ឆ្នាំនៃជីវិតរបស់យើង គុណទៅ(ស្មើនឹង) ១០០០ ថ្ងៃជាង។ ជីវិតយើងរស់យ៉ាងច្រើនបាន ១៥០ឆ្នាំទេ ក្នុងម្នាក់។ អញ្ចឹង ៤ឆ្នាំនេះច្រើនហើយ។ បើជ្រុលជាចប់ ៤ឆ្នាំនេះ ឲ្យចេះអីមួយឲ្យប្រាកដជា hard skills ជាបំណិន។ ឥឡូវ សម្ដេចព្រះមហាសង្ឃរាជបានខិតខំកៀរគរសប្បុរសជន។ សម្ដេចតេជោក៏បានចូលរួមកសាងកន្លែងឲ្យស្អាតឲ្យក្មួយៗរៀន។ អន្តេវាសិកដា្ឋនសម្រាប់ការស្នាក់នៅបានល្អទំនើប។ ព្រះតេជព្រះគុណខិតខំកៀរគរបច្ច័យប្រចាំខែមកបង់ថ្លៃឲ្យក្មួយៗ អាចមានកុំព្យូទ័ររៀន មានអគារស្នាក់នៅ មានកង្ហារ គ្រាន់តែអត់ម៉ាស៊ីនត្រជាក់។ ទាំងអស់នេះមិនមែនបានដោយគ្មានការលះបង់ទេ។
ឪពុកម្ដាយក្មួយខំប្រឹងចិញ្ចឹមតាំងពីក្មេងរហូតមកដល់ប៉ុណ្ណេះ គាត់លះបង់ច្រើន ឲ្យក្មួយមករៀន។ អញ្ចឹង រៀនឲ្យចប់ រៀនឲ្យចេះ ដើម្បីក្មួយក្លាយខ្លួនជាសសរដ៏រឹងមាំ។ កុំឲ្យកាន់តែសញ្ញាបត្រ ដល់ពេលដែលចូលទៅធ្វើការ អត់ចេះអីសោះ។ រៀនខាងកុំព្យូទ័រ តែ(ពេលចេញធ្វើការ)វាយតែ Microsoft Word មិនចេះផង។ យើងត្រូវការអ្នកដែលចេះប្រាកដ។ បើក្មួយចេះប្រាកដ នេះហើយជាភាពជឿជាក់លើសមត្ថភាពរបស់ខ្លួន ជឿខ្ញុំចុះ។ មិនបាច់ចេះច្រើនទេ ដូចភាសាមិនបាច់ចេះដល់ ១០ភាសា (ហើយ)ចេះ(មួយមុខ)បន្តិចៗ ទេ។ ហ្នឹងសម្រាប់តែអួតទេ។ តែដើម្បីឈ្នះ ចេះមួយឲ្យប្រាកដ។ ជំនាញអីក៏ដោយ បើរៀនខាងវិស្វករ គណនាកុំឲ្យបាក់ស្ពាន។ បើរៀនខាងគណនេយ្យ ត្រូវធ្វើម៉េចចេះកាន់ខាងគណនេយ្យ ឬបេឡាឲ្យច្បាស់ ប្រយ័ត្នបូកលេខមិនត្រូវ បាត់លុយគេ។
(២៧) មានចំណេះដឹង គុណធម៌ សីលធម៌ ឥរិយាបថល្អ អាចក្លាយជាមេដឹកនាំនិងបង្កើតសមិទ្ធផលនាថ្ងៃអនាគត
នេះគឺជាកត្តាកំណត់។ វាផ្ដើមចេញពីការសម្រួចផ្នត់គំនិតរបស់ខ្លួន។ ត្រូវយល់ពីតម្លៃនៃកៅអីមួយៗ តម្លៃនៃ(ពេលវេលា)មួយវិនាទីៗរបស់ក្មួយៗ។ បើក្មួយមានទស្សនៈ និងការយល់ពីតម្លៃនេះហើយ យើងអត់ប្រើប្រាស់ខុសនោះទេ។ មើល Facebook ណាមកដល់រញ៉ីរញ៉ៃ ខាតពេលយើង គួរអូសរំលងចោល ទៅមើលអ្វីដែលអប់រំ។ ចំណាយពេលមួយម៉ោង ឬ២០នាទីដូចគ្នា មើលអីដែលអត់ប្រយោជន៍ ដូចជាគេជេរគ្នា ឬមួយមើលព័ត៌មានមួយដែលឲ្យយើងដឹងពីសង្គម និងការអភិវឌ្ឍពិភពលោកយ៉ាងម៉េច។ ពីរហ្នឹងខុសគ្នា។ មិនអាចសុំពេលវេលាឲ្យត្រឡប់មកវិញបានទេ។ គ្មាននរណាថយក្រោយទេ។ មានតែរឿងកុនទេដែលអាចកំណត់ថាចង់ទៅឆ្នាំ១៩៧៥ គេជិះឡានវិលត្រឡប់(ពេលវេលា)ទៅឆ្នាំ១៩៧៥វិញ។ (ក្នុងជីវិតជាក់ស្តែង)អត់មកវិញបានទេ។ ១៥០ឆ្នាំ ស្មើ១០ឆ្នាំតែ ១៥ដងទេ។ ហើយក្មួយៗដែលនៅទីនេះ ប្រហែលជា ១០ឆ្នាំ ចូលពីរទៅបីដងហើយ។ ជីវិតមិនទៀងទេ។
មិនថាអាយុប៉ុន្មានអីប៉ុន្មាន ត្រូវបង្កើតឲ្យបាននូវអ្វីដែលជាកត្តាចាំបាច់។ ការអប់រំថ្ងៃនេះ គឺកសាងនូវមជ្ឈមណ្ឌលអប់រំនៅក្នុងពុទ្ធចក្រ ដែលភ្ជាប់ជាមួយអាណាចក្រ។ ខ្ញុំសូមចូលរួមអបអរសាជាថ្មី ហើយក៏ជាសមិទ្ធផលមួយធំណាស់។ សង់សាលា ខុសពីសង់រថយន្ត។ សង់រថយន្តបម្រើដល់មនុស្សប៉ុន្មាននាក់ប៉ុណ្ណោះ ហើយអស់តម្លៃនៅពេលណាមួយ។ គ្មានឡានណាមួយដែលប្រើបាន ១០ឆ្នាំហើយ តម្លៃដូចពេលដែលទិញថ្មីនោះទេ។ ប៉ុន្តែ មនុស្សដែលអប់រំនៅទីនេះ កាន់តែលូតតទៅទៀត ព្រោះមូលដ្ឋានកាន់តែរឹងមាំ។ បើមានចំណេះដឹងពិតប្រាកដ គុណធម៌ សីលធម៌ ឥរិយាបថ អាចក្លាយទៅជាមេដឹកនាំ បង្កើតសមិទ្ធផលបន្ថែមទៀតនៅថ្ងៃអនាគត។ ថ្ងៃនេះយើងអបអរសាទរនូវសមិទ្ធផលដែលសម្រាប់កសាងសមិទ្ធផល សាលាដែលកសាងសម្រាប់អប់រំ បណ្ដុះបណ្ដាលមនុស្ស ដែលមានតម្លៃ និងសមត្ថភាព ចូលរួមកសាង បង្កើ់តសមិទ្ធផលផ្សេងៗដល់សង្គមជាតិកម្ពុជា។
[ចប់សេចក្ដីអធិប្បាយ១]
ដូច្នេះ, ដើម្បីឱ្យការអប់រំរវាងពុទ្ធចក្រ និងអាណាចក្រមានសង្គតិភាពនឹងគ្នា ហើយឆ្លើយតបបានយ៉ាងសមស្របទៅនឹង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ និងយុគសម័យឌីជីថលផងនោះ, ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមចូលរួមជាទស្សនទានមួយចំនួនដូចខាងក្រោម៖
ទី១. សូមលើកទឹកចិត្តឱ្យ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ, ជាពិសេស ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អប្រសើរ និងអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹងស្នូល និងជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាមបរិការណ៍នៃការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គមសកលភាវូបនីយកម្ម។
ទី២. សូមលើកទឹកចិត្តដល់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងគណៈគ្រប់គ្រង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សាស្រ្តាចារ្យ ព្រមទាំងសមណនិស្សិត-និស្សិត ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍគុណភាពអប់រំបណ្តុះបណ្តាល និង ការកសាង «វប្បធម៌គុណភាព» និងការផ្តល់តម្លៃលើ «ធម្មាធិបតេយ្យ» ដើម្បីធានាផលិត បាននូវធនធានមនុស្សដ៏មានតម្លៃ សម្រាប់សង្គមជាតិ ប្រកបដោយឧត្តមភាព, សមត្ថភាព,វិជ្ជាជីវៈ, សីលធម៌ និងការទទួលខុសត្រូវ ដែលអាចបំពេញការងារប្រកបដោយប្រសិទ្ធភាព ជូនសង្គមជាតិ។
ទី៣. សូម ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បន្តអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងគុណភាពនៃការបង្រៀនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងជំរុញសកម្មភាពស្រាវជ្រាវ ដើម្បីផ្ទេរចំណេះដឹង ដល់យុវសមណនិស្សិត-និស្សិត, ជនជំនាន់ក្រោយ ប្រកបដោយគុណភាព, ជាពិសេស បន្តធ្វើទំនើបកម្មនៃកម្មវិធីអប់រំ ឱ្យស្របតាមស្តង់ដាក្របខ័ណ្ឌគុណវុឌ្ឍិជាតិ និងស្តង់ដាអន្តរជាតិ ដើម្បីឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពទៅនឹងចរន្តនៃការរីកចម្រើនជាប្រចាំនៃបច្ចេកវិទ្យា។
ទី៤. សូមលើកទឹកចិត្តខ្ពស់ដល់គ្រប់សាស្ត្រាចារ្យ បន្តអភិវឌ្ឍសមត្ថភាព និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្រៀន និងផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និងឧត្តមានុវត្តន៍, ជាក់ស្តែង ដើម្បីរួមចំណែកដល់ការប្រែក្លាយទ្រឹស្តី ដែលបានសិក្សាក្នុងថ្នាក់រៀនទៅជាការអនុវត្តជាក់ស្តែងនៅក្នុងជីវិតប្រចាំថ្ងៃ។
ជាថ្មីម្តងទៀត, ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមកោតសរសើរ និង វាយតម្លៃខ្ពស់ប្រកបដោយសទ្ធាជ្រះថ្លាចំពោះសមិទ្ធផលនានា ដែលបានកើតមានឡើងនៅ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមព្រះរាជតម្រិះដឹកនាំរបស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ស្របតាមទស្សនវិជ្ជាព្រះពុទ្ធសាសនា។
ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមយ៉ាងមុតមាំថា សមិទ្ធផលដ៏ថ្លៃថ្លានេះ នឹង ឆ្លើយតបទៅតាមតម្រូវការចំពោះមុខរបស់ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក៏ដូចជា ព្រះមន្ត្រីសង្ឃ, គណៈគ្រប់គ្រង, សាស្ត្រាចារ្យ, សមណនិស្សិត-និស្សិតទូទៅ, ហើយសូមប្រើប្រាស់សមិទ្ធផលនេះ ជាឧត្តមប្រយោជន៍សម្រាប់ខ្លួនឯង, ព្រះពុទ្ធសាសនា ក៏ដូចជាសង្គមជាតិ និងចូលរួមថែរក្សាឱ្យបានឋិតថេរ គង់វង្សយូរអង្វែង។
ជាទីបញ្ចប់, ជាមួយនឹងការអបអរសាទរ និងសេចក្តីសោមនស្សជ្រះថ្លានេះ, ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ, សូមថ្វាយព្រះពរ ប្រគេនពរ សម្តេចព្រះមហាសង្ឃរាជ, សម្តេចព្រះសង្ឃនាយក, សម្តេចព្រះសង្ឃនាយករង, សម្តេចព្រះរាជាគណៈ, ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនពរ ឯកឧត្តម លោកជំទាវ, លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី, សមណនិស្សិត-និស្សិត និង អង្គពិធី, សូមប្រកបដោយព្រះពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាត។
[ផ្ដើមសេចក្ដីអធិប្បាយ២]
- ថ្ងៃនេះ ក៏សូមជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA យុវជនសមាគម អ.ម.ត យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា ១៥០នាក់ ម្នាក់ៗថវិកា២ម៉ឺនរៀល។
- ជូនគណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិកសិក្សា សរុប ៣២៤នាក់ ម្នាក់ៗថវិកា១០ម៉ឺនរៀល។
- ជូនសមណនិស្សិត និងនិស្សិត សរុប ៣ ៧៧៨ អង្គ/នាក់ ក្នុងមួយអង្គ/នាក់ថវិកា៥ម៉ឺនរៀល។
- ជូនសិស្ស/និស្សិតស្នាក់នៅអន្តេវាសិកដ្ឋាន ២១៨នាក់ ម្នាក់ៗថវិកា១០ម៉ឺនរៀលផងដែរ។ ចូលឆ្នាំរួចហើយ តែអាចនៅសល់ចំហាយ ជប់លៀងបាន។
- ជូនគ្រូពេទ្យនៅប៉ុស្តិ៍សុខភាព សម្ដេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ចំនួន១៨នាក់ ម្នាក់ៗថវិកា១០ម៉ឺនរៀល។
- ជូនពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា ថវិកា១០លានរៀល។
- ជូនប៉ុស្តិ៍សុខភាព សម្ដេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ថវិកា៥លានរៀល។
- ជូនក្រុមគ្រូពេទ្យប្រចាំអង្គពិធី ថវិកា៥លានរៀល។
- និងថ្វាយប្រគេនវត្ត នូវបច្ច័យ៤០លានរៀលផងដែរ។
សូមអរគុណ និងអរព្រះគុណ៕