ឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ-សមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល
ឯកឧត្តម លោកជំទាវ លោក លោកស្រី, ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ
លោកយាយ លោកតា អ៊ំពូមីង លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានក្តីរីករាយ ដោយបានចូលរួមក្នុង «ពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ» ជាមួយឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លោកជំទាវ មន្រ្តីរាជការ លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលកំពុងចូលរួមធ្វើជាសាក្សី ក្នុងពិធីទទួលយកចំណងដៃប្រព័ន្ធចម្រោះទឹកកខ្វក់ថ្មីមួយទៀត ។ គម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ ខាងផ្នែកសុខភាពសាធារណៈ និងបរិស្ថាន តាមរយៈ ការកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និង ការការពារបរិស្ថាន សំដៅចូលរួមលើកកម្ពស់សុខភាព និង សុខុមាលភាព របស់ប្រជាជន ជាពិសេស អ្នករស់នៅក្នុង និងជុំវិញក្រុងតាខ្មៅ ។
ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណ ប្រជាជន និង រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា លើគ្រប់វិស័យ, ពិសេសលើវិស័យសំខាន់ៗ ដូចជា៖ វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សុខាភិបាល ការងារ និងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការទទួលយកពលករកម្ពុជាជាច្រើន ទៅបំពេញការងារនៅប្រទេសកូរ៉េក្នុងលក្ខខណ្ឌល្អប្រសើរ គួរជាទីទុកចិត្ត ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ១]
(១) រដ្ឋាភិបាលនិងប្រជាជនកូរ៉េ ជាមិត្តល្អរបស់កម្ពុជា អ្នកវិនិយោគកូរ៉េបានរួមចំណែកក្នុងការងារហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ ធនាគារ និងវិស័យផ្សេងទៀត
ឆ្នាំនេះ ជាខួបទី២៨ នៃទំនាក់ទំនងការទូតកម្ពូជា -កូរ៉េ។ (តាមពិត ទំនាក់ទំនងប្រទេស)យើង បានចាប់ផ្ដើមនៅឆ្នាំ ១៩៧០ ប៉ុន្ដែក៏សឹងរលុបទៅវិញដោយសារជំនាន់ខ្មែរក្រហម។ ក្រោយមក សម្តេចតេជោ បានពុះពារតភ្ជាប់ទំនាក់ទំនងកម្ពុជានិងសាធារណៈរដ្ឋកូរ៉េ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឆ្នាំទៅនេះ ក្នុងទស្សនកិច្ចផ្លូវការរបស់ខ្ញុំទៅកាន់សាធារណរដ្ឋកូរ៉េ យើងក៏បានលើកទំនាក់ទំនងការទូតដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត ដែលនេះបង្កើនសហថាមពល សហការគ្នា ជំរុញការវិនិយោគ ការសហការរវាងប្រជាជននិងប្រជាជនលើគ្រប់វិស័យ អប់រំ សុខាភិបាល ការងារ រួមទាំងការសហការក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ ក្នុងឱកាសនេះ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ខ្ញុំសូមផ្ញើអំណរគុណជូនរដ្ឋាភិបាលកូរ៉េ និងប្រជាជនកូរ៉េដែលបានជាមិត្តល្អសម្រាប់កម្ពុជានិងការសហការ។ អ្នកវិនិយោគកូរ៉េ ក៏បានដើរតួនាទីសំខាន់ច្រើនវិស័យនៅកម្ពុជា រួមចំណែកទាំងការងារសង្គម ការងារអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យចលន/អចលនទ្រព្យនិងវិស័យធនាគារនិងវិស័យផ្សេងទៀត។ សង្ឃឹមថា (សាធារណរដ្ឋកូរ៉េ)នឹងបន្តមកធ្វើការវិនិយោគដើម្បីលើកកម្ពស់ទំនាក់ទំនងរបស់យើង។
[ចប់សេចក្តីអធិប្បាយ១]
ខ្ញុំក៏សូមកោតសរសើរចំពោះក្រសួងសាធារណការ និង ដឹកជញ្ជូន ក្នុងនាមជា សេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងារប្រកបដោយឆន្ទៈមោះមុត ជាពិសេស ការដាក់ចេញនូវយន្តការគន្លឹះ ការអភិវឌ្ឍមូលធនមនុស្ស និងការពង្រឹងពង្រីកកិច្ចសហប្រត្តិបត្តិការ និង កិច្ចសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និង ប្រព័ន្ធឡូជិស្ទីក ស្របតាម កម្មវិធីនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរយៈពេលវែង របស់រាជរដ្ឋាភិបាល ។
ជាក់ស្តែង ការប្រកាសបើកការដ្ឋាននាពេលនេះ គឺជាផ្លែផ្កានៃកិច្ចសហការជិតស្និទ្ធ និងការត្រៀមលក្ខណៈបានយ៉ាងល្អប្រសើររវាង ក្រសួងសាធារណការ និង ដឹកជញ្ជូន និង ក្រុមហ៊ុនសាងសង់ ក្នុងការប្រឹងប្រែងជំរុញ និង ពន្លឿន ការងាររៀបចំទីតាំងការដ្ឋានសាងសង់នេះឡើង អមដោយសម្ភារៈបរិក្ខារ និង គ្រឿងចក្រគ្រប់គ្រាន់ ជាពិសេស ការត្រៀមលក្ខណៈរបស់ថ្នាក់ដឹកនាំ វិស្វករជំនាញ និង មន្ត្រីបច្ចេកទេស របស់ស្ថាប័នទាំងពីរ ពិតជាមានភាពចាំបាច់ និង មិនអាចខ្វះបាន ដើម្បីធានាឱ្យដំណើរការសាងសង់អាចប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យតាមផែនការគ្រោងទុក ។
ផ្អែកតាមរបាយការណ៍របស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន, គម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅនេះ រួមមាន (១). ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ដែលមានសមត្ថភាពចម្រោះ ១២ ០០០ ម៣/ថ្ងៃ, (២). ការសាងសង់សា្ថនីយបូមទឹកភ្លៀង ស្ថានីយបូមទឹកកខ្វក់ និង បណ្តាញលូរំដោះទឹកភ្លៀង, និង (៣). ការតភ្ជាប់តំណតាមខ្នងផ្ទះ នៅ ៦ សង្កាត់ ក្នុងក្រុងតាខ្មៅ ។ គម្រោងនេះគ្រោងចំណាយថវិកាជាង ៩០ លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ, រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការ-ដោះស្រាយផលប៉ះពាល់ និង ពន្ធអាករផ្សេងៗ ។ គម្រោងនេះ គ្រោងបញ្ចប់ការសាងសង់រយៈពេល ៣៦ ខែ, ដោយមានក្រុមហ៊ុន KUMHO-TECHCROSS ទទួលបន្ទុកសាងសង់ និង ក្រុមហ៊ុន DOHWA-SEOYOUNG ទទួលបន្ទុកត្រួតពិនិត្យបច្ចេកទេស ។
ក្រៅពីគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅនេះ មិត្តកូរ៉េ ក៏បានជួយកម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធប្រព្រឹត្តកម្មមួយចំនួន។ អម្បាញ់មិញចូលមកនេះ ក៏ឃើញនូវប្រព័ន្ធប្រព្រឹត្តកម្មនៅខេត្តសៀមរាប ដែលបានធ្វើក្នុងជំហានទី ១ ដែលបានចាប់ផ្តើម ក្នុងឆ្នាំ ២០០៨ និង បានដាក់ឱ្យប្រើប្រាស់ ក្នុងឆ្នាំ ២០១៤ ហើយបច្ចុប្បន្ន កំពុងសិក្សាបច្ចេកទេសលម្អិតសម្រាប់អនុវត្តគម្រោងអភិវឌ្ឍប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងសៀមរាប ជំហានទី ២ ដែលគ្រោងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០២៦ ខាងមុខ។
រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយបន្តកំណត់យក «មនុស្ស» ជាអាទិភាពគន្លឹះទី ១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលផ្តោតកាន់តែខ្លាំងលើបញ្ហាសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ទាំងនៅទីប្រជុំជន និង ទីជនបទ ហើយការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ជាបន្តបន្ទាប់នេះ គឺជាការខិតខំមួយក្នុងចំណោមការប្រឹងប្រែងទាំងឡាយរបស់រាជរដ្ឋាភិបាល ដើម្បីបន្តកាត់បន្ថយអត្រាឈឺ និង ស្លាប់បណ្តាល មកពីការឆ្លងជំងឺកង្វះអនាម័យ និងបរិស្ថានកខ្វក់ ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ២]
(២) សុខភាពលំបាកជាបន្ទុក ដោយមិនអាចជួយអី្វបាន និងជាបន្ទុកសម្រាប់គ្រួសារ
សម្រាប់ប្រជាពលរដ្ឋម្នាក់ សុខភាពគឺជាគោលសំខាន់។ បើយើងមានសុខភាព យើងជាធនធាន។ បើសុខភាពយើងលំបាក យើងជាបន្ទុក។ ហ្នឹងមិនខុសពីគ្រួសារមួយទេ។ បើមានកូនម្នាក់ដែលពេញរូបរាង ពេញកម្លាំង មានសមត្ថភាព មានចំណេះដឹង ជួយរកស៊ី ជួយរកចំណូលចិញ្ចឹមគ្រួសារ។ តែបើកូនហ្នឹងមិនគ្រប់ កើតមកដើរមិនរួច ឬមួយក៏មានជំងឺប្រចាំកាយ គាត់ជាបន្ទុក។ ទី១ មិនអាចជួយអីច្រើន។ ទី២ ថែមទាំងជាបន្ទុកសម្រាប់ឪពុកម្តាយ គ្រួសារ។ អញ្ចឹងប្រជាជនម្នាក់ៗជាបន្ទុកគ្រួសារ តែប្រជាជនជាច្រើនគឺជាកម្លាំងសំខាន់របស់ជាតិរបស់យើង។ក្នុងច្រើនអាណត្តិមកនេះ ជាពិសេសក្នុងពេលជិត ២០ខែនៃអាណត្តិទី១ នីតិកាលទី៧ រាជរដ្ឋាភិបាលបានចេញគោលនយោបាយ បើកការសាងសង់ និងកសាងសមិទ្ធផលជាច្រើន។
(៣) ក្នុងពេល ២០ខែមកនេះ សមិទ្ធផលក្នុងវិស័យសុខាភិបាលមានច្រើន បើធៀបទៅសមិទ្ធផលវិស័យផ្សេងៗ
សំរាប់ក្នុងវិស័យសុខាភិបាល ក្នុងពេល ២០ខែនេះ យើងបានសម្ពោធសមិទ្ធផលច្រើន បើប្រៀបធៀបទៅសមិទ្ធផល(ក្នុងវិស័យ)ផ្សេងៗទៀត។ ការបើកអោយដំណើរការមន្ទីរពេទ្យតេជោសន្តិភាព ការសម្ពោធមន្ទីរពេទ្យបង្អែកស្រុកនៅកោះធំ ការដាក់អោយដំណើរការមណ្ឌលវះកាត់នៅសៀមរាប ការដាក់ចេញគោលនយោបាយពង្រីកវិសាលភាពគ្របដណ្តប់ប្រព័ន្ធសុខាភិបាល ពង្រីកបន្ថែមប្រព័ន្ធ ប.ស.ស ដែលមកដល់ពេលនេះ ប្រជាជនជាអ្នកប្រើប្រាស់បានកើនរាប់សែននាក់។ នេះសុទ្ធតែជាគោលដៅ និងជាអាទិភាពនៃគោលនយោបាយ ដែលមិនមែននៅតែលើក្រដាសប៉ុណ្ណោះទេ ប៉ុន្តែជាអ្វីដែលយើងបានធ្វើជាក់ស្តែង ក្នុងនោះ ក៏មានការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នេះជាផ្នែកមួយនៃ(ការកែលំអ)សុខភាពដែរ។
(៤) ការដោះស្រាយបញ្ហាទឹកកខ្វក់និងសំរាម ការពារដល់សុខុមាលភាព និងសុខភាពប្រជាជន
ពេលដែលប្រជាពលរដ្ឋនៅតាមទីវាល មានផ្ទះមួយៗ ដង់ស៊ីតេមនុស្សមិនធំទេ។ យើងគិតថា ការរៀបចំរំដោះទឹកកខ្វក់នៅទីនេះ ហាក់មិនសូវជាចាំបាច់ ដោយសារយើងអាចបង្ហូរទៅក្រោយដី។ ប៉ុន្តែ កន្លែងនេះ បានក្លាយជាទីក្រុងមួយធំ ដូចជាតាខ្មៅឥឡូវខុសពីតាខ្មៅកាលពី១០ ឬ១៥ឆ្នាំមុន។ មកផ្ទះពុកនៅតាខ្មៅហ្នឹង ជិះវង្វេង។ ពីមុនចេញតែពីរង្វង់មូលតាខ្មៅមក គឺផ្លូវតូចមួយទៅដល់ច្រកចូលផ្ទះ។ ឥឡូវមានផ្ទះល្វែង មានបុរីពេញហ្នឹង។ បានន័យថា កំណើនកាន់តែច្រើននិងដង់ស៊ីតេប្រជាជនកាន់តែខ្ពស់។ ដីដែលសល់សម្រាប់បង្ហូរទឹក(កខ្វក់)ក៏កាន់តែខ្វះ និងបង្ហូរមិនកើតទៀត ព្រោះវានឹងចូលទៅសំណង់ផ្សេងៗ ត្បិតមានកំណើនខ្ពស់។ កាលមុនមានត្រឹម ១០០នាក់ ១០០គ្រួសារ។ ឥឡូវឡើង ១០០០គ្រួសារ។ ដូចនេះ ការដោះស្រាយទឹកកខ្វក់ ការដោះស្រាយសំរាម កាន់តែសំខាន់ ព្រោះទាំងអស់នេះសុទ្ធតែប៉ះពាល់ដល់សុខុមាលភាព សុខភាពប្រជាជន។ បើរស់នៅតំបន់ដែលមានគំនរសំរាមនិង/ឬទឹកកខ្វក់នៅជុំវិញ នោះការរស់នៅរបស់ប្រជាជនមិនមានផាសុខភាពនិងសុខុមាលភាពទេ។
(៥) ស្ថានភាពនិងស្តង់ដារជីវភាពរស់នៅ ត្រូវឆ្លើយតបទៅកំណើនប្រជាសាស្ត្រ និងកម្រិតជីវភាព
អាស្រ័យហេតុនេះ រដ្ឋបានយកចិត្តទុកដាក់លើសុខភាពរបស់ប្រជាពលរដ្ឋ ដោយមិនត្រឹមតែគិតគូរទៅលើការព្យាបាលនោះទេ។ ម្សិលមិញ ខ្ញុំបានប្រកាសដាក់ឲ្យអនុវត្តផែនការជាតិក្នុងការប្រយុទ្ធប្រឆាំងជំងឺមហារីក ឆ្នាំ ២០២៥-២០៣០ ដោយ ការងារសុខាភិបាល ត្រូវគិតជាសំខាន់ទៅលើការបង្ការជំងឺនិងថែទាំសុខភាពប្រជាជន។បើឈឺ គឺយើងថយមួយជំហានហើយ។ (យើងបានប្រឹងប្រែង)ឆ្លើយតប ជាពិសេសទៅនឹងជំងឺដែលអាចការពារបាន។ បើកូវីដ-១៩ ជាជំងឺថ្មី យើងពិបាក(ទប់ទល់) តែយើងបានខិតខំពេលនោះ ដោយដាក់វិធានការជាច្រើនបង្ការកុំអោយរីករាលដាល។ តែ សំរាប់ជំងឺដែលពាក់ព័ន្ធទៅនឹងបរិស្ថានជុំវិញយើងត្រូវខិតខំទប់ស្កាត់។ រាជរដ្ឋាភិបាល ជាមួយស្ថាប័នជំនាញពាក់ព័ន្ធ រួមជាមួយប្រជាពលរដ្ឋ ត្រូវរួមគ្នាការពារ។ នេះគឺជាកត្តាចាំបាច់ ជាផ្នែកមួយនៃគោលនយោបាយសម្រាប់អភិវឌ្ឍប្រទេស។
បើសិនជាប្រជាជនមិនមានសុខភាពល្អ មិនមានសុខុមាលភាពទេ កម្លាំងអភិវឌ្ឍប្រទេសក៏មានការលំបាក។ នេះគឺជាតម្រូវការរបស់ប្រជាជន។ នៅពេលដែលប្រជាជនមានការរីកចម្រើន គាត់ត្រូវការស្ថានភាពនិងស្ដង់ដារនៃជីវភាពរស់នៅមួយ ដែលសមស្របទៅតាមតម្រូវការនិងកម្រិតជីវភាពរបស់គាត់ បូកជាមួយកំណើននៃប្រជាពលរដ្ឋនៅទីនោះ។ ឯកឧត្តម លោកជំទាវ លោក លោកស្រី អាចយល់ហើយថា ការកសាងមិនអាចជប់បានមួយថ្ងៃទេ។ ប៉ុន្តែ យើងធ្វើនិងបន្តធ្វើ អត់ឈប់ឈរទេ។ មានវត្តមាននៅទីនេះ គឺបងប្អូនមកពីគ្រប់ស្រុកនៅក្នុងខេត្ត(កណ្តាល)។ ឃើញថាមានមកពី(ស្រុក)លើកដែក (ស្រុក)ខ្សាច់កណ្ដាល … តាំងពីម៉ោង៤ ដើម្បីចូលរួម។សូមបងប្អូនកុំភ្លេចថតកន្លែងនេះផង។ ដីដែលយើងអង្គុយកន្លែងនេះ បច្ចុប្បន្នមិនសូវមានតម្លៃប៉ុន្មានទេ។ អាចគិតជាការ៉េបានថ្លៃ ប៉ុន្តែជាតម្លៃសេដ្ឋកិច្ច តម្លៃផលប្រយោជន៍សង្គម មិនសូវមានទេ។
(៦) ប្រព្រឹត្តកម្មទឹកកខ្វក់មានតម្លៃមហាសាល ជាប្រយោជន៍ទ្រទ្រង់សុខភាពនិងលើកកំពស់តម្លៃបរិស្ថានជុំវិញ
ក្រោយពីយើងបើកការដ្ឋាននេះ ក្នុងពេល ៣៦ខែ ទីនេះនឹងក្លាយជាកន្លែងប្រព្រឹត្តិកម្មច្រោះទឹកកខ្វក់ ជួយដល់ ១ម៉ឺនខ្នងផ្ទះ។ ក្នុង ១ម៉ឺនខ្នងផ្ទះនេះ បើនិយាយពីសុខភាពប្រជាពលរដ្ឋវិញ តើមានប៉ុន្មាននាក់ … បច្ចុប្បន្ន ១ម៉ឺនខ្នងផ្ទះ តែនៅក្នុង ១០ឆ្នាំ អាចឡើងដល់ ១ម៉ឺន៥ពាន់ខ្នងផ្ទះ, ក្នុងរយៈពេល ២០ឆ្នាំ អាចឡើងដល់ ២ម៉ឺនខ្នងផ្ទះ ដែលកន្លែងប្រព្រឹត្តកម្មទឹកកខ្វក់ នឹងជួយដល់សុខភាពរបស់ប្រជាពលរដ្ឋរាប់សែននាក់នៅពេលអនាគត។ ពីកន្លែងមួយដែលមិនសូវមានគុណតម្លៃ(សេដ្ឋកិច្ចនិងសង្គម បើលក់បានថ្លៃដែរ តែខ្ញុំមិនដឹងប៉ុន្មានទេ) ដោយមានការសង់ជាប្រព័ន្ធប្រព្រឹត្តិកម្មនេះ នឹងជាការប្រែក្លាយជាកន្លែងដែលមានតម្លៃមហាសាល ត្បិតផ្តល់ជាប្រយោជន៍ជួយទ្រទ្រង់សុខភាពប្រជាពលរដ្ឋ និងលើកកំពស់តម្លៃបរិស្ថានជុំវិញ។ នៅពេលដែលកន្លែងនេះមានប្រព័ន្ធទឹកប្រព័ន្ធលូល្អ ប្រព័ន្ធទឹកកខ្វក់នៅក្រុងតាខ្មៅក៏កាន់តែរីកធំ ប្រជាពលរដ្ឋច្រើនក៏ចង់មករស់នៅទីនេះ។
(៧) គិតគូរពីប្រព្រឹត្តកម្មទឹកកខ្វក់ ទីលានចាក់សំរាម និងការប្រែក្លាយកាកសំណល់ជាជីកំប៉ុស្ត
នេះជាការអភិវឌ្ឍប្រទេសដែលដើរពីមួយជំហានទៅមួយជំហាន។ ដើរលើមាគ៌ាដែលមានចីរភាព មានការគិតគូរច្បាស់ និងមានទិសដៅចែករំលែកផលដល់ប្រជាពលរដ្ឋ។ ការវិនិយោគ ៩០លានដុល្លារ ប្រែក្លាយដីកន្លែងនេះជាកន្លែងប្រព្រឹត្តកម្មទឹកស្អាត មានការសាងសង់ប្រព័ន្ធលូជាង ១២៥គីឡូម៉ែត្រ បូកនឹងស្ថានីយ៍បូមទឹក ៧កន្លែង។ បានន័យថា មិនមែនគ្រាន់តែជីកស្រះប៉ុននេះអស់ ៩០លានដុល្លារទេ។ ទីកន្លែងនេះ ត្រូវតភ្ជាប់ជាមួយប្រព័ន្ធលូ ១២៥គីឡូម៉ែត្រ ថែមទាំងមានម៉ាស៊ីនបូមទឹកមកច្រោះនៅកន្លែងនេះ រួចហើយទើបយើងបង្ហៀរចេញ។ បើសិនជាកន្លែងនីមួយៗ មិនធ្វើបែបនេះទេ បរិស្ថានជុំវិញនឹងត្រូវបំផ្លាញ។ តម្លៃខាតបង់បរិស្ថានក៏ធំដែរ បន្ថែមទៅលើសុខភាពរបស់ប្រជាពលរដ្ឋ។ ខ្ញុំឃើញក្រសួងសាធារណការនិងដឹកជញ្ជូន បានគិតគូរច្រើនពីការរៀបចំ មិនមែនតែកន្លែងប្រព្រឹត្តកម្មទឹកកខ្វក់ទេ ប៉ុន្តែក៏ទីលានចាក់សំរាមផងដែរ។ មួយថ្ងៃៗ សំរាមរាប់តោន។ មិនអាចដាក់នៅរាយប៉ាយទេ ហើយក៏មិនអាចទុកចោលរហូតរលួយ ឬបោះចូលទៅក្នុងទឹកដែរ។ កន្លែងខ្លះ បានគិតដល់ជំហានបន្ទាប់ ដែលប្រែក្លាយកាកសំណល់ទៅជាជីកំប៉ុស្ត។ មានការស្នើសុំវិនិយោគជាបន្តបន្ទាប់ប្រែក្លាយសំរាមនោះទៅជាថាមពលផ្សេងៗ តាមបណ្ដារាជធានីខេត្តមួយចំនួន។ ហ្នឹងលទ្ធភាពក្នុងការគិតគូរបន្ថែម។
(៨) ជិត ២០ខែ កសាងសមិទ្ធផលនានា បង្កលក្ខណៈ
ឲ្យប្រជាជនមានសមត្ថភាព ទទួលបានការព្យាបាលសុខភាពមានចំណេះដឹង និងរកបានការងារចិញ្ចឹមជីវិត
ទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងពេលជាង ៤០ឆ្នាំមុន និងក្នុងអាណត្តិថ្មីនេះជិត ២០ខែ មិនបានសម្រាកទេ។ យើងកសាងសមិទ្ធផលផ្សេងៗ ទាំងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ ស្ពាន បើកកំពង់ផែ ព្រលានយន្តហោះ ធ្វើហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ បូកនឹងការដាក់ចេញគោលនយោបាយទាក់ទាញវិនិយោគ បង្កើតការងារ រៀបចំការពង្រីកខ្សែចង្វាក់ផលិតកម្មនៅរោងចក្រផ្សេងៗ ដែលយើងបានទាក់ទាញនិងពង្រីកដើម្បីការងារប្រជាពលរដ្ឋ បូកនឹងគោលនយោបាយជួយដល់កសិករ ជួយដល់សុខភាពប្រជាពលរដ្ឋ ជួយក្នុងការអប់រំ និងសុខាភិបាល។ ដើម្បីអី? គឺដើម្បីជួយកសាងប្រទេស។ កសាងប្រទេសតាមរយៈអ្វី? តាមរយៈការកសាងសមិទ្ធផលឲ្យប្រជាជន និងបង្កើតលក្ខណៈ
ឲ្យប្រជាជនមានសមត្ថភាព ទទួលបានការព្យាបាលសុខភាពកាន់តែរឹងមាំ មានចំណេះដឹងកាន់តែប្រសើរ រកបានការងារចិញ្ចឹមជីវិត …។
(៩) ដាក់ចេញផែនការការពារនិងប្រយុទ្ធប្រឆាំងជំងឺមហារីក សម្ពោធពេទ្យ បង្កើនសមត្ថភាពព្យាបាលប្រជាជននៅមូលដ្ឋាន ជាសមិទ្ធផលដូចផ្ការីកសម្រាប់ប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់គណបក្សប្រជាជន
យើងមិនបានហៅអ្នកណាឲ្យកាច់ផ្កា បាចផ្កាអីទេ។ អ្នកណាផ្ការីកអី ក៏តែខ្លួនឯងទៅ។ ខ្ញុំដឹងតែពង្រីកសមិទ្ធផល ដើរសម្ពោធបន្ថែមទៀត។ តាំងពីមុននិងក្រោយចូលឆ្នាំខ្មែរ ខ្ញុំដូចជាកាក់កបខាងសម្ពោធសមិទ្ធផល។ ផ្លូវប៉ុន្មានខ្សែថ្ងៃមុន ២រយគីឡូម៉ែត្រជាង តភ្ជាប់ ៥ខេត្តនៃទិសនិរតី។ កំពង់ផែអន្តរជាតិតភ្ជាប់ទេសចរណ៍ពីខេត្តកំពត ទៅខេត្តព្រះសីហនុ និងខេត្តផ្សេងៗ។ ថ្ងៃនេះ កន្លែងប្រព្រឹត្តកម្ម(ទឹកស្អាត)។ ក្នុងផែនការ ពីនេះរហូតដល់ចុងឆ្នាំ មានសមិទ្ធផលបន្តបន្ទាប់។ ខ្ញុំថាឲ្យតែមានសមិទ្ធផល ចូលសម្ពោធទាំងអស់។ នេះជាការសម្ពោធតែខ្ញុំម្នាក់ តែមានសមិទ្ធផលច្រើនទៀតនៅតាមខេត្ត/មូលដ្ឋាន ដែលមន្រ្តីនិងក្រុមការងាររាជរដ្ឋាភិបាល បានទៅសម្ពោធ។
ការវាស់វែងដីធ្លី ការរៀបចំកម្មសិទ្ធិជូនប្រជាពលរដ្ឋ ជាការគិតគូរគ្រប់ជ្រុងជ្រោយបន្ថែមទៀត បង្កើតសមិទ្ធផលថ្មីៗជូនប្រជាពលរដ្ឋ។ យើងបង្កើនសមិទ្ធផលជូនប្រជាពលរដ្ឋឲ្យកាន់តែច្រើន។ ខ្ញុំជឿថាប្រជាជនចង់បានផលទាំងនេះ ព្រោះផលទាំងនេះបានចូលទៅគាត់។ ធ្វើផ្លូវហើយ គាត់ជិះស្រួល កាត់បន្ថយចំណាយ។ ធ្វើផែទេសចរណ៍នៅកំពត ជួយទាញភ្ញៀវមកឲ្យអ្នកកំពតអាចប្រកបរបរបន្ថែម។ ដាក់ចេញគោលនយោបាយ/ផែនការសម្រាប់ជួយការពារនិងប្រយុទ្ធប្រឆាំងជំងឺមហារីក ជួយប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព។ ការរៀបចំសម្ពោធពេទ្យដើម្បីបង្កើនសមត្ថភាពឲ្យពេទ្យព្យាបាលប្រជាជននៅមូលដ្ឋាន។ ខ្ញុំសូមប៉ុណ្ណឹងថា ទាំងអស់នេះជាសមិទ្ធផលដូចផ្ការីកសម្រាប់ប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់គណបក្សប្រជាជន។
(១០) ក្នុងសុខសន្តិភាពនិងស្ថិរភាព មិនថាថ្ងៃម្សិល ថ្ងៃនេះ ឬថ្ងៃស្អែក កម្ពុជាបន្តកសាងសមិទ្ធផលមិននៅនឹងថ្កល់ទេ
អ្នកខាង(យុទ្ធនាការ)ផ្ការីក ដែលអន់ចិត្ត និងមានចិត្តចង់ផ្ដួល(រដ្ឋាភិបាល)អី ជារឿងមួយដែលប្រជាពលរដ្ឋយើងឆ្អែតហើយៗ ចង់បានសេចក្ដីសុខ ចង់បានក្រោយចូលឆ្នាំបន្តការងាររហូតទៅដល់ភ្ជុំបិណ្ឌ រហូតទៅដល់ចូលឆ្នាំៗក្រោយទៀត។ នៅកម្ពុជាមួយឆ្នាំៗ ចូលឆ្នាំច្រើន។ មានអ្នកសួរថា ម៉េចបានជាខ្ញុំឆាប់ស្កូវ។ ថាមកពីចូលឆ្នាំច្រើនដងនៅកម្ពុជា។ ចូលឆ្នាំ(មានការជួបជុំ) យើងសប្បាយជាងចូលឆ្នាំដែលបែកបាក់។ កាលពីក្មេង ពេលចូលឆ្នាំ ខ្ញុំមិនដែលឃើញមុខពុកទេ។ គាត់ទៅប្រចាំការនៅកន្លែង ព្រោះគេវាយគ្នានៅព្រំដែន។ យុទ្ធនាការនៅខែ៥ ហ្នឹងមានទាហានស្លាប់លើសមរភូមិ ប្រពន្ធកូនដែលប្តីនៅសមរភូមិមិនដឹងថាស្លាប់ឬរស់ ពេលចូលឆ្នាំ … ឥឡូវ ចូលឆ្នាំម្តងៗ … មានបុណ្យទាន រាំលេង។ ត្រឡប់ពីធ្វើការនៅភ្នំពេញទៅស្រុកកំណើតរៀងៗ ខ្លួន។ កន្លែងខ្លះបាន Free ទៀត សាលារាជធានីឱ្យឡានជូន។ យើងរស់ក្នុងសុខសន្តិភាព និងស្ថិរភាព។ នេះជាការដែលយើងចង់បាន។ កម្ពុជាអត់នៅនឹងថ្កល់ទេ។ ដរាបណាយើងមានស្ថិរភាព សន្តិភាព អត់វាយគ្នា អត់បែកបាក់គ្នា អត់កាប់ចាក់គ្នាទៀត យើងនឹងបន្តទៅមុខរួមគ្នាកសាងសមិទ្ធផលបន្ថែម មិនថាសមិទ្ធផលថ្ងៃនេះ ឬសមិទ្ធផលថ្ងៃស្អែក ឬម្សិលមិញ យើងនឹងខិតខំបន្តកសាងទៀត ដើម្បីបងប្អូនទាំងអស់កាន់តែបានល្អ ដើម្បីទីក្រុងតាខ្មៅដែលធ្លាប់ពីមុនមកលំបាក ឥឡូវអោយកាន់តែបានប្រសើរឡើងថែមទៀត។
(១១) ប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងតាខ្មៅ ប្រទាក់ក្រឡាជាមួយតំបន់អាកាសយានដ្ឋាន រោងចក្រសហគ្រាស តំបន់សេដ្ឋកិច្ចពិសេស និងការតភ្ជាប់នឹងព្រែកជីកហ្វូណន នឹងធ្វើឱ្យកាន់តែអ៊ូរអរ
ខែកក្កដា(២០២៥) នេះ យើងត្រូវសម្ពោធព្រលានយន្តហោះ។ តំបន់នេះនឹងមានការអភិវឌ្ឍថែមទៀតជាមិនខាន។ ក្នុងទិសនិរតី យើងតភ្ជាប់ជាមួយខេត្តតាកែវ។ ទៅទិសខាងជើង ទៅទិសខាងកើត (ការអភិវឌ្ឍតំបន់)អរិយក្សត្រក៏បន្តរីក។ ស្ពានកំពុងរៀបចំធ្វើជាមួយនឹងស្ពានមិត្តភាពកម្ពុជា-កូរ៉េ តពីផ្សាររាត្រី ចាក់ទៅសណ្ឋាគារសុខា ហើយឈានទៅអរិយក្សត្រ។ ស្ពានអរិយក្សត្រនេះ ទៅថ្ងៃក្រោយមិនខុសពីស្ពានពីភ្នំពេញទៅម្ខាងទៀតទេ។ ពីមុនមានតែស្ពាន ២ទេ គឺស្ពានព្រះមុនីវង្ស (ដែលខ្ញុំហៅថា ១កន្លះ) ឬស្ពានច្បារអំពៅ និងមួយកំណាត់ទៀតគឺស្ពានជ្រោយចង្វារ។ ឥឡូវ យើងមិនត្រឹមតែតស្ពានជ្រោយចង្វារមួយទេ តែយើងមានស្ពានច្រើនខ្សែទៀតហើយ។ អញ្ចឹងពីខាងភ្នំពេញ ពីខាងទិសខាងលិច ទៅអរិយក្សត្រ មិនត្រឹមតែមានផែនការសង់ផ្លូវ និងស្ពានមួយហ្នឹងទេ តែនឹងមានស្ពានបន្តបន្ទាប់។ ក្រសួងសាធារណការ(និងដឹកជញ្ជូន)មាន(ផែនការ)ហើយ។ ខ្ញុំអត់ប្រាប់ថានៅកន្លែងណាទេ គ្រាន់តែថានឹងមានបន្ថែម។
យើងបានធ្វើស្ពាន២ មួយនៅដីឥដ្ឋ ឆ្លងទន្លេមេគង្គលើ និងមេគង្គក្រោម។ ប៉ុន្តែទៅមុខនឹងមានទៀត។ កំពុងតែចរចាពិនិត្យមើលលទ្ធភាព មិនលើអាកាសទេ តែខាងក្រោមនៅចំណុចមួយទៀត។ កំពុងសិក្សាបន្ថែម។ ទោះជាយ៉ាងណា វាមិនសំខាន់លើ ឬក្រោមទេ។ ស្អីក៏បានដែរ ឱ្យតែបានប្រជាជនឆ្លងកាត់គ្រប់ពេលវេលាមិនចាំបាច់ ខ្លាចដបិទ ថ្មើរណាក៏អាចឆ្លងទៅបាន។ នេះហើយជាអ្វីដែលយើងចង់បានឱ្យប្រជាពលរដ្ឋ។ យើងមានស្ពានព្រែកសំរោង(ឆ្លងកាត់ទន្លេបាសាក់) និងស្ពាននៅកោះធំ។ ឥឡូវយើងធ្វើស្ពាននៅព្រែកប្រាមួយទៀត។ ចេះតែមានបន្តបន្ទាប់ឱ្យអ្នកលិចអ្នកកើតតភ្ជាប់គ្នាកាន់តែច្រើន … ដែលយើងធ្វើប្រព្រឹត្តិកម្មទឹកស្អាតនៅទីនេះ មិនមែនគ្រាន់តែជាការគិតទេ យូរនិងឆាប់វានឹងក្លាយជាទីក្រុងនៅតំបន់នេះ។ ការរីកចម្រើន(អាចសំរេចបានដោយសារមានការ)ប្រទាក់ក្រឡានៃតំបន់អាកាសយានដ្ឋាន តំបន់ភស្តុភារកម្ម រោងចក្រសហគ្រាស តំបន់សេដ្ឋកិច្ចពិសេស និងការតភ្ជាប់នឹងព្រែកជីកហ្វូណនដែលយើងធ្វើ។ អញ្ចឹង តំបន់នេះនឹងកាន់តែអ៊ូរអរខ្លាំង។
(១២) ថតរូប៣៦០ដីក្រេទុក ធៀបកន្លែងនេះនឹងកន្លែងនេះវិញ បើ ៥ឆ្នាំក្រោយមានប្រែប្រួលជាវិជ្ជមាន ហ្នឹងហើយជាការអភិវឌ្ឍ
ដែលខ្ញុំថាសូមឱ្យបងប្អូនមកទីនេះថតឱ្យហើយៗ ថតជា ៣៦០ដឺក្រេផង ដើម្បីយើងអាចមើលការវិវត្តន៍។ នេះជាការវិវត្តន៍នៃប្រទេសជាតិ។ យើងកុំប្រៀបធៀបកន្លែងនេះពេលនេះ ជាមួយនឹងកន្លែងផ្សេងទៀត។ វាខុសគ្នា។ យើងមិនអាចយកដីកន្លែងនេះ ទីតាំងជុំវិញនេះ ទៅប្រៀបធៀបជាមួយតំបន់វត្តភ្នំ ឬមួយតំបន់បឹងកេងកងនោះទេ។ តែយើងអាចប្រៀបធៀបកន្លែងនេះនឹងកន្លែងនេះវិញ នៅពេលវេលាប្រែប្រួលនិងវិវឌ្ឍ។ បើកន្លែងនេះ ៥ឆ្នាំក្រោយ ប្រែប្រួលវិវឌ្ឍច្រើនជាងនេះ ហ្នឹងហើយការអភិវឌ្ឍ។ បើកន្លែងនេះ ១០ឆ្នាំក្រោយ ខុសពីឥឡូវដែលជាលំហរលីងធេង មានផ្ទះ១ ឬ២ រោងចក្រ១ ឬ២ នោះហើយការអភិវឌ្ឍរបស់ប្រទេសជាតិ។ បងប្អូនខ្លះមកពីក្រៅប្រទេសថា ខ្មែរបានស្ពានអាកាសមួយ ២ជាន់ អួតអើយអួត។ ស្រុកគេឡើងដល់ ១០ជាន់។
ត្រូវហើយ វាដោយសារតែពីមុនខ្មែរមិនដែលមានស្ពានអាកាស ២ជាន់ហ្នឹងទេ។ យើងមិនដែលមាន បានជាយើងឈានទៅមាន បានជាយើងអបអរ សប្បាយរីករាយ។ វាប្រៀបដូចជាបងប្អូនខំតស៊ូសន្សំលុយទិញម៉ូតូបាន ១គ្រឿង ហើយត្រូវគេបង្អាប់ថា គេជិះឡានអស់ហើយឯងម៉ូតូ ១គ្រឿងហ្នឹងអួត។ អ្នកណាថាអីថាទៅ។ ប៉ុន្តែ យើងមានមោទនភាព។ វាជាកម្លាំងញើសឈាមរបស់យើង និងបានប្រែក្លាយពីយើងអត់លទ្ធភាព ទៅមានលទ្ធភាពទិញម៉ូតូជិះ។ នេះជាសមិទ្ធផលរបស់យើង។ យើងខិតខំប្រឹងប្រែងដើម្បីថ្ងៃក្រោយមានលទ្ធភាពទិញឡានជិះ។ មិនមានអ្វីត្រូវខ្មាសអៀនទេ ហើយក៏អត់មានអីត្រូវបង្អាប់បងប្អូនទេ។ ត្រូវសរសើរគាត់ដែលខំប្រឹងពីអត់មាន រកព្រឹកខ្វះល្ងាច មកមានលទ្ធភាពសន្សំលុយ មាន(លទ្ធភាព)ទិញម៉ូតូឱ្យកូនជិះ។
គិតក្នុងក្របខណ្ឌប្រទេសយើងក៏វាដូចគ្នា។ យើងគប្បីលើកសរសើរ លើកទឹកចិត្តការខំប្រឹងប្រែងទាំងអស់គ្នាដើម្បីជំរុញការកសាងប្រទេស។ គ្មានអ្នកណាគួរមានមោទនភាពសម្រាប់ការអភិវឌ្ឍស្រុកខ្មែរ ជាងប្រជាជនខ្មែរនោះទេ។ យើងធ្លាប់អត់។ អ្វីដែលយើងចាប់ផ្ដើមមានជាបណ្ដើរ ទោះបីជាប្រទេសគេមាន/លឿនជាងយើង ១០-២០ ឆ្នាំក៏ដោយ ឱ្យមានតែគេចុះ។ យើងសប្បាយជាមួយគេ ប៉ុន្តែយើងក៏មិនភ្លេចអបអរសាទរ និងមានមោទនភាពចំពោះអ្វីដែលយើងកសាងបាន ហើយ(នឹងប្រឹងប្រែងអោយ)កាន់តែមានបន្តបន្ទាប់ទៀត។ ខ្ញុំតែងតែប្រាប់ទៅបងប្អូន ជាពិសេសយុវជនថា យើងត្រូវមានទស្សនៈវិជ្ជមាន។ យើងមិនល្អឥតខ្ចោះទេ។ យើងមិនមានគ្រប់ដូចប្រទេសអ្នកមានខ្លាំងទេ។
(១៣) “បើប្រជាជនរកព្រឹកខ្វះល្ងាច រកអង្ករច្រកឆ្នាំងមិនបាន” គាត់ប្រាកដជាទុកលុយទិញអង្ករ
ទោះជាយ៉ាងណា យើងដើរទៅមុខ។ យើងធ្លាប់តែអត់មានផ្លូវ ក្រោយមកធ្វើពីផ្លូវរទេះ ពង្រីកទៅជាផ្លូវដីធំៗ រួចហើយជាផ្លូវកៅស៊ូ និងក្រោយមកធ្វើផ្លូវបេតុង។ ធ្លាប់តែប្រើចង្កៀងប្រេងកាត ឥឡូវយើងប្រើអគ្គិសនី។ ធ្លាប់តែប្រើគោ ឥឡូវយើងប្រើគោយន្ត។ នេះជាការអភិវឌ្ឍនិងការវិវឌ្ឍនៃប្រទេស។ ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើនបន្តិចម្ដងៗ ដែលជួយឱ្យយើងអាចកាត់បន្ថយភាពក្រីក្រ ដែលតាំងពីការបញ្ចប់សង្រ្គាមឆ្នាំ១៩៩៨ មានជាង៥០% ឱ្យធ្លាក់មកនៅក្រោម១០% កាលមុនកូវីដ-១៩ … ជិត ២០ឆ្នាំមុន ខ្ញុំបានធ្វើការនៅធនាគារពិភពលោក។ មានអ្នកសិក្សា(ជាជនបរទេស)ម្នាក់ចុះមកសិក្សានៅកម្ពុជា។ គាត់ចង់វាយតម្លៃពីកម្រិតជីវភាពរស់នៅរបស់ភូមិមួយ។ កាលហ្នឹង ទិន្នន័យយើងមិនមានទេ។ ខ្ញុំសួរគាត់ថា គាត់ប្រើ(វិធីសាស្ត្រ)អ្វី(ដើម្បីធ្វើការវាយតម្លៃ)? គាត់ប្រាប់ថាជិះមើល និងរាប់ចំនួនទូរទស្សន៍ក្នុងផ្ទះ។ កន្លែងខ្លះ(គាត់រាប់)ចំនួនម៉ូតូ។
មានអ្នកសិក្សាមួយទៀត (ដែល)អង្គុយជជែកគ្នាថា មើលរបស់ទាំងហ្នឹង ធ្វើម៉េចនឹងបានដឹងបានពិតប្រាកដនោះ? ការពន្យល់ជាពាក្យសាមញ្ញមួយថា “បើប្រជាជនរកព្រឹកខ្វះល្ងាច រកអង្ករច្រកឆ្នាំងមិនបាន” នោះគាត់មិនទិញទូរទស្សន៍មកទេ។ គាត់ប្រាកដជាទុកលុយទិញបាយ។ ប៉ុន្តែ ដោយគាត់អាចបំពេញតម្រូវការនិងសល់ខ្លះ គាត់មានលុយទៅទិញទូរទស្សន៍។ នេះជា(វិធីសាស្ត្រក្នុងការ)វាស់ស្ទង់ មើលសមិទ្ធផល និងលទ្ធភាពរបស់ប្រជាជនយើង។ បុរី និងផ្ទះសម្បែង រីកច្រើនមុនកូវីដ-១៩។ ឥឡូវនៅបន្តរីក ដោយមួយថ្ងៃ(អាច)លក់បានមួយចំនួន ដោយសារការរៀបចំនិងលទ្ធភាពរបស់ប្រជាជនយើង។ (ពួកគាត់)មានលទ្ធភាពមួយចំនួននៅក្នុងការធ្វើ(និងទិញសម្ភារៈដែលជាតម្រូវការបន្ថែម ដូចជា) ម៉ូតូ ស្អីផ្សេងៗ។
(១៤) រដ្ឋាភិបាលបន្តខិតខំការពារនិងបង្កើតសមិទ្ធផលសាធារណ និងបង្កលទ្ធភាពឱ្យទទួលបានផលជាឯកជន
ខ្ញុំទទួលស្គាល់ថា កាលជំនាន់កូវីដ-១៩ និងក្រោយកូវីដ-១៩ (សេដ្ឋកិច្ច)យើងរងការប៉ះពាល់ច្រើន។ មកដល់ពេលនេះ យើងកំពុងប្រឈមភាពមិនច្បាស់លាស់រយៈពេលខ្លីក្នុងការវិវត្តទៅមុខ ដោយសារបញ្ហាសង្រ្គាមពាណិជ្ជកម្ម។ ខ្ញុំសូមឱ្យបងប្អូនប្រជាពលរដ្ឋយើងមានភាពជឿជាក់។ ស្ថានភាពមេឃខ្មៅ មេឃស្រលះ មេឃភ្លៀង វាមានខ្លះ ប៉ុន្តែរដ្ឋាភិបាលនៅជាមួយបងប្អូន ខិតខំគ្រប់បែបយ៉ាង ដើម្បីការពារសមិទ្ធផល និងបង្កើតសមិទ្ធផលផ្សេងៗបន្ថែមទៀតជូនប្រជាពលរដ្ឋ ទាំងសមិទ្ធផលរួមនិងបង្កលក្ខណៈ ដើម្បីឱ្យបងប្អូនអាចមានលទ្ធភាពទទួលបាននូវផលជាឯកជនបន្តតទៅទៀត។ យើងរស់ជាមួយគ្នា។ រដ្ឋាភិបាលមិនទៅណាទេ។ ៨០% នៃប្រជាជនមានសិទ្ធបោះឆ្នោត បានទៅបោះឆ្នោត។ ៨លាននាក់បានទៅបោះឆ្នោតកន្លងទៅ ក្នុងនោះ ៦,៤លាននាក់បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ប្រជាជន ១៧លាននាក់ ត្រូវការការគាំពារនិងជួយ។ យើងមិនទៅណាទេ។ ទោះបីជាមានភាពឆកល្វែង មានភាពមិនល្អប្រសើរ(ខ្លះ) (រាជរដ្ឋាភិបាលនឹងបន្តខិតខំបំពេញ)កាតព្វកិច្ច។ មានការបង្អាប់ដូចនេះដូចនោះ ប៉ុន្តែយើងមិនបោះបង់ការប្រឹងប្រែងទេ។ នៅតែបន្ត(ធ្វើជូនប្រជាពលរដ្ឋ)តទៅទៀត។ លោកតា អ៊ំពូមីង បងប្អូន យើងនឹងខិតខំថែរក្សាស្ថិរភាព សន្តិភាព ការបង្រួបបង្រួមជាតិ ឯកភាពជាតិ បូកជាមួយការប្រឹងប្រែងលើកកម្ពស់ជីវភាពនិងសុខុមាលភាពប្រជាពលរដ្ឋ។ នេះជាការប្ដេជ្ញាចិត្ត និងជាគោលនយោបាយដែលបានដាក់ចេញ។ យើងនឹងបន្តតទៅទៀត។
(១៥) បាននិងកំពុងធ្វើសមិទ្ធផលដែលប្រជាពលរដ្ឋចង់បាន ទោះបីមិនល្អឥតខ្ចោះ យើងខំធ្វើឱ្យល្អ
ដរាបណាប្រជាពលរដ្ឋនៅតែគាំទ្រនិងចូលរួមអបអរសមិទ្ធផល និងរួមគ្នាខិតខំកសាងសមិទ្ធផលបន្ថែមទៀត រដ្ឋាភិបាលនឹង(បន្តខិតខំ)តទៅមុខទៀតជាប្រចាំ។ គេថា ឃើញតែ(និយាយ)ចំណុចនេះចំណុចនោះតាមហ្វេសប៊ុក។ ត្រូវហើយ គ្មានអ្នកណាល្អឥតខ្ចោះទេ។ ប៉ុន្តែយើងបានឃើញនូវអ្វីដែលប្រជាពលរដ្ឋចង់បាន។ ទោះបីមិនល្អ(ឥតខ្ចោះ) តែយើងខំកែលម្អឱ្យល្អ។ អ្វីដែលប្រជាពលរដ្ឋឃើញថាល្អ ប្រជាពលរដ្ឋលើកទឹកចិត្តបន្ថែម យើងក៏នឹងបន្ត។ ដូចសមិទ្ធផលថ្ងៃនេះ ទោះបីជាត្រូវងើបម៉ោង៤ ព្រឹក មកពីចម្ងាយ រាងលំបាកបន្តិចក៏ដោយ ខ្ញុំគិតថា ប្រជាពលរដ្ឋមានសេចក្តីរីករាយនឹងមកអបអរសមិទ្ធផលសាធារណៈ ដូចនេះមិនលំបាកទេ។ ខ្ញុំសូមអរគុណចំពោះការរៀបចំ និងការចូលរួមនៅព្រឹកនេះ មិនថាមកពីខ្សាច់កណ្ដាល ឬអ្នកខ្មៅទេ។ វាជាសមិទ្ធផលរួមរបស់ប្រទេស/ខេត្តយើង។ អញ្ចឹងការអបអរសាទរថ្ងៃនេះ អរគុណដល់ខេត្ត ស្រុក អរគុណដល់ប្រជាពលរដ្ឋដែលបានមកចូលរួមកសាង(សមិទ្ធផលថ្មី)។ យើងខំប្រឹងបែកញើសទាំងអស់គ្នា យើងមកអបអរសាទរទាំងអស់គ្នា។ កន្លែងនេះ (ទោះបីហុចផល)សំរាប់ ១ម៉ឺនខ្នងផ្ទះក្នុងក្រុងតាខ្មៅបច្ចុប្បន្ន តែទៅថ្ងៃមុខវាក៏ជាសមិទ្ធផលសំរាប់ខេត្តផងដែរ។
[ចប់សេចក្ដីអធិប្បាយ២]
ខ្ញុំក៏សូមអរគុណណាស់ ជាមួយគោលដៅជាយុទ្ធសាស្រ្ត ដូចមានក្នុងមុំទី៤ នៃបញ្ចកោណទី៤ រាជរដ្ឋាភិបាលបានសិក្សារៀបចំច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់និងត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់នេះ កំណត់អំពីការគ្រប់គ្រង ការអភិវឌ្ឍ ការសាងសង់ ការជួសជុល ការថែទាំ, ការធ្វើប្រតិបត្តិការ និង ការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់ ក្នុងគោលបំណងធានា ប្រសិទ្ធភាព, សុវត្ថិភាព និង និរន្តរភាព នៃប្រព័ន្ធទឹកកខ្វក់ និង ការការពារបរិស្ថាន សំដៅរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខភាពសាធារណៈ និង សុខុមាលភាពប្រជាជនកម្ពុជា។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
ដូចឯកឧត្ដមឯកអគ្គរដ្ឋទូតបានលើក ក្របខណ្ឌហេដ្ឋារចនាសម្ព័ន្ធ លំហូរការងារ ត្រូវការក្របខណ្ឌលិខិតបទដ្ឋានគតិយុត្ដិ ដើម្បីយើងធានាការប្រព្រឹត្ដិឲ្យបានត្រឹមត្រូវ។ របស់ដែលប្រើប្រាស់រួម ត្រូវមានក្របខណ្ឌមួយច្បាស់ ដើម្បីធានាថាគ្រប់គ្នាធ្វើតាមក្រមហ្នឹង ដើម្បីយើងបានឯកភាពទាំងអស់គ្នា។ កុំឲ្យ ១០០នាក់ធ្វើល្អ (ហើយ)ម្នាក់ចេះតែចាក់ទឹកកខ្វក់ធ្វើឲ្យខូចបរិស្ថានតែម្នាក់ឯង ប៉ះពាល់ដល់គេ ៩៩នាក់ទៀត។ ចាំបាច់ធ្វើការគ្រប់គ្រងនេះ ហើយខ្ញុំសុំឲ្យយកចិត្តទុកដាក់ ទៅតាមជំហានដែលយើងអាចធ្វើទៅបាន។
[ចប់សេចក្ដីអធិប្បាយ៣]
លើសពីនេះ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានកំណត់គោលដៅក្នុងការកាត់បន្ថយការបង្ហូរទឹកកខ្វក់, ដែលមិនទាន់ធ្វើប្រព្រឹត្តកម្ម ឬ បានធ្វើប្រព្រឹត្តកម្ម ប៉ុន្តែមិនទាន់បានត្រឹមត្រូវ ចូលក្នុងតំបន់ទឹកសាធារណៈ ដូចជាសមុទ្រ ទន្លេ ស្ទឹង បឹង ព្រែក ត្រពាំង ឱ្យបាន៥០% ត្រឹមឆ្នាំ ២០៣០ តាមរយៈការដាក់ចេញនូវវិធានការចាំបាច់នានា រួមទាំងការអភិវឌ្ឍប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ឱ្យបានទូលំទូលាយនិង ប្រកបដោយនវានុវត្តន៍។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]
(១៦) ទឹកមានគោលដៅប្រើប្រាស់សំរាប់កសិកម្ម សំរាប់ឧស្សាហកម្ម សេវាកម្ម និងសំរាប់មនុស្សនិងសត្វ
អំពីបញ្ហាទឹក ម្សិលមិញ ខ្ញុំជួបជាមួយឯកឧត្តមរដ្ឋមន្ដ្រីក្រសួងបរិស្ថានរបស់សាធារណៈរដ្ឋកូរ៉េ។ ក្រសួងបរិស្ថានកូរ៉េទទួលខុសត្រូវលើកិច្ចការច្រើនជាងក្រសួងបរិស្ថានយើង។ គាត់ទទួលរឿងបរិស្ថាន ធនធានទឹក ទឹកស្អាត ដែលពាក់ព័ន្ធជាមួយស្ថាប័នរបស់យើង។ ទឹកមានគោលដៅ(ប្រើប្រាស់)ច្រើន ទី១ សំរាប់កសិកម្ម។ ទី២ សំរាប់ប្រើប្រាស់ក្នុងឧស្សាហកម្ម សេវាកម្ម ដូចជារោងចក្រសហគ្រាសផ្សេងៗ និងទី៣ សំរាប់មនុស្សនិងសត្វហូបនិងប្រើប្រាស់។ អញ្ចឹង ចំណុចសំខាន់ដែលយើងធ្វើថ្ងៃនេះ គឺពាក់ព័ន្ធនឹងចំណុចទី២ គឺទឹកសំរាប់ការប្រើប្រាស់ បំរើឲ្យឧស្សាហកម្ម សកម្មភាពសេដ្ឋកិច្ចផ្សេងៗ។ ប៉ុន្ដែ ទឹកទាំងអស់ក៏ដូចជា (បំរើឲ្យ) ការប្រើប្រាស់ផ្សេងៗ របស់ប្រជាពលរដ្ឋក្រៅពីហូប។ កិច្ចការទាំងអស់នេះ ទាមទារការគិតគូរអំពីបរិស្ថាន និងសុខភាព។ អញ្ចឹងការរៀបចំគ្រប់គ្រងឲ្យបាននូវការធ្វើប្រព្រឹត្ដកម្មទឹកកខ្វក់នេះ ជាពិសេសនៅតាមខេត្ត ដូចដែលខ្ញុំធ្លាប់បានលើកនៅក្នុងគណៈរដ្ឋមន្ដ្រី ជាកិច្ចការសំខាន់។
(១៧) រាជធានី/ខេត្ត ពិសេសនៅជាប់ទន្លេ សមុទ្រ ត្រូវណែនាំត្រួតពិនិត្យរោងចក្រសហគ្រាស ឲ្យធ្វើប្រព្រឹត្ដកម្មទឹកឲ្យបានស្អាតមុនចាក់ចូលទៅប្រព័ន្ធទឹកធម្មជាតិ
រោងចក្រមួយចំនួនដែលផលិតវត្ថុធាតុដើមសារធាតុគីមីខ្ពស់ ដូចនេះទាមទារការតម្រូវក្របខណ្ឌបរិស្ថានច្បាស់លាស់។ ឧទាហរណ៍ រោងចក្របោកគក់។ ថ្ងៃមុន ដូចនៅខេត្តបាត់ដំបង យើងត្រូវដាក់ពិន័យក្រុមហ៊ុនមួយដែលបានបង្ហូរទឹក(កខ្វក់)ចូលស្ទឹងសង្កែ … នៅខេត្តព្រះសីហនុក៏អញ្ចឹង។ មានប្រព័ន្ធប្រព្រឹត្ដកម្មនៅនោះ … កន្លែងខ្លះទឹក(ប្រើប្រាស់ហើយ) ត្រូវបង្ហូរចូលប្រព័ន្ធទឹកសាធារណៈ … សូមរាជធានី ខេត្ត របស់យើងយកចិត្តទុកដាក់ ជាពិសេសនៅតាមបណ្ដាខេត្តដែលជាប់ទន្លេ សមុទ្រ ណែនាំត្រួតពិនិត្យរោងចក្រសហគ្រាស ដែលបង្ហូរចូល (ប្រភពទឹក) និងត្រូវធ្វើឲ្យទឹកនេះឆ្លងកាត់ការធ្វើប្រព្រឹត្ដកម្មឲ្យបានស្អាត។ មន្ទីរបរិស្ថាន ជំនាញរបស់ខេត្ត ត្រូវយកចិត្តទុកដាក់លើរឿងនេះ ហើយឆែកជាប្រចាំ។ មិនត្រូវមានការយោគយល់ទេ។
បើគាត់បង្ហូរទឹកកខ្វក់ចូល(ប្រភពទឹកស្អាត) អត់មានថាទុកឲ្យគាត់មួយឆ្នាំ ឬប៉ុន្មានខែដើម្បីធ្វើ(ការកែឬសម្រួលទេ) ហើយនៅតែបង្ហូរប៉ុន្មានខែហ្នឹងទេ។ យើងត្រូវផ្អាកដំណើរការរហូតដល់ដោះស្រាយហើយ។ ដោះស្រាយហើយបានឱ្យបើកឡើងវិញ។ បើមិនអញ្ចឹងទេ ប៉ុន្មានខែដែលកំពុងសាងសង់នឹងមានបញ្ហា។ មុននឹងដំណើរការត្រូវធ្វើរឿងហ្នឹងឲ្យហើយ។ មិនមែនដំណើរការហើយ ដល់ពេលចាប់បាន សុំពេលដើម្បីធ្វើទេ។ កន្លែងខ្លះពាក់ព័ន្ធជាមួយការងារប្រជាពលរដ្ឋ ត្រូវផ្អាក ហើយជំរុញឲ្យធ្វើឲ្យមែនទែន កំណត់ឲ្យច្បាស់ ឆែកឲ្យច្បាស់។ បើគាត់ធ្វើ ហើយបង្ហូរចូលទឹកដែលប្រើប្រាស់រួម (វាបង្ក)ឲ្យមានបញ្ហា។ យើងបានធ្វើកិច្ចការនេះច្រើនតាមបណ្ដារាជធានីខេត្ដផ្សេងៗ។ សូមយកចិត្តទុកដាក់ហើយពង្រឹងលើការអនុវត្ដបែបនេះ។
[ចប់សេចក្ដីអធិប្បាយ៤]
ទី១. ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរមូលដ្ឋាន និង ដៃគូអភិវឌ្ឍ ដើម្បីជំរុញការសិក្សារៀបចំផែនការមេអភិវឌ្ឍប្រព័ន្ធចម្រោះ និង ប្រព្រឹត្តកម្មទឹកកខ្វក់ នៅទីក្រុងនិងទីប្រជុំជនធំៗ ដោយធានាឱ្យមានសង្គតិភាពទៅនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅទីនោះ។
ទី២. ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវគិតគូរបន្ថែមទៀតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់ នៅតាមតំបន់ទីក្រុង និង ទីប្រជុំជនសំខាន់ៗ ឱ្យស្របតាមកំណើនប្រជាជន និង ការរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេស ការគ្រប់គ្រងឱ្យបាននូវការបញ្ចេញ សំណល់រឹង សំណល់រាវ ដើម្បីលើកកម្ពស់អនាម័យ បរិស្ថាន និង សោភ័ណភាពទីក្រុង ។ ក្នុងន័យនេះខ្ញុំសូមគាំទ្រ និង ជំរុញការសិក្សាគម្រោងអភិវឌ្ឍប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងតាខ្មៅ ជំហានទី២ ឱ្យបានឆាប់រហ័ស ដើម្បីបង្កើនសមត្ថភាពចម្រោះទឹកកខ្វក់ សំដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងឱ្យកាន់តែប្រសើរ ។
ទី៣. ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវរួមគ្នាសិក្សាវាយតម្លៃអំពីលទ្ធភាពនៃការអភិវឌ្ឍប្រព័ន្ធចម្រោះ និង ប្រព្រឹត្តកម្មទឹកកខ្វក់ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជន ដើម្បីពន្លឿនការអភិវឌ្ឍ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង កាត់បន្ថយហានិភ័យ និង ជំរុញការប្រើប្រាស់បច្ចេកវិទ្យា និង នវានុវត្តន៍ខ្ពស់ ។
ទី៤. ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និង ដៃគូអភិវឌ្ឍ ដើម្បីបន្តបញ្ជ្រាបការយល់ដឹងអំពីសារប្រយោជន៍ និង របៀបរស់នៅបែបថ្មី ឱ្យបានទូលំទូលាយ, និង ជំរុញការផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាជននៅមូលដ្ឋាន ក្នុងការប្រើប្រាស់ប្រព័ន្ធចម្រោះទឹកកខ្វក់ និង ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ឱ្យបានត្រឹមត្រូវ ដោយធ្វើយ៉ាងណាកៀរគរបងប្អូនប្រជាពលរដ្ឋឱ្យចូលរួមសហការ តភ្ជាប់បណ្ដាញលូនៅតាមលំនៅឋានរបស់ខ្លួនជាមួយបណ្ដាញលូសាធារណៈ ។
ទី៥. ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវពន្លឿនការសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តចាំបាច់នានា ដូចជា៖ អនុក្រឹត្យ ប្រកាស និង បទប្បញ្ញត្តិបច្ចេកទេស ដើម្បីជំរុញការអនុវត្តច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ ឱ្យមានប្រសិទ្ធភាព តាមរយៈ ការកំណត់យន្តការជាក់លាក់សម្រាប់ ការគ្រប់គ្រង ការអភិវឌ្ឍ ការសាងសង់ ការជួសជុល ការថែទាំ ការធ្វើប្រតិបត្តិការ និង ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធទឹកកខ្វក់ ស្របតាមនិយាមបច្ចេកទេសជាតិ និង អន្តរជាតិ ។
ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងអំណរគុណដល់ ឯកឧត្តមឯកអគ្គរដ្ឋទូត និង សហការី នៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និង មូលនិធិសហប្រតិបតិ្តការអភិវឌ្ឍសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ (EDCF) ដែលបានជំរុញរំហូរហិរញ្ញប្បទានរបស់ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ សម្រាប់ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា ឱ្យប្រព្រឹត្តទៅដោយរលូន និង ឆាប់រហ័ស ។ ទន្ទឹមនេះ ខ្ញុំក៏សូមថ្លែងអំណរគុណ និង សូមឱ្យ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ផ្តល់កិច្ចសហការតាមតម្រូវការជាក់ស្តែង ដើម្បីជំរុញការអនុវត្តគម្រោងនេះ ឱ្យសម្រេចបានជោគជ័យ តាមការគ្រោងទុក ។
មុននឹងបញ្ចប់ ខ្ញុំសូមស្នើដល់ភាគីក្រុមហ៊ុនសាងសង់ និង ក្រុមហ៊ុនទីប្រឹក្សាបច្ចេក- ទេស ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការសាងសង់ និង ការត្រួតពិនិត្យបច្ចេកទេស ឱ្យបាន ត្រឹមត្រូវ តាមស្ដង់ដាបច្ចេកទេស និង ប្រកបដោយគុណភាព ហើយក៏សូមស្នើសុំការយោគយល់ និង អធ្យាស្រ័យ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ដោយសារ គម្រោងសាងសង់នេះ ។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបើកការដ្ឋាន គម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ នេះ, ខ្ញុំសូមប្រសិទ្ធពរជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី និង អង្គពិធី ទាំងមូល ពិសេស ជូនដល់ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះ-រាជាណាចក្រកម្ពុជា សហការី និង អ្នកជំនាញការកូរ៉េ ដែលបាន និង កំពុងបំពេញ បេសកកម្មនៅប្រទេសកម្ពុជា សូមទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន និង ជោគជ័យ គ្រប់ភារកិច្ច ព្រមទាំងបានប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបី ឃ្លៀងឃ្លាត ។
សំរាប់ថ្ងៃនេះ ក៏មានក្រុមកាយរិទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធកម្ពុជា យុវជនគណបក្សមូលដ្ឋាន សមាគមនារីដើម្បីអភិវឌ្ឍ យុវជនសមាគមបញ្ញវន្ដក្មេងវត្ដ យុវជនស្រឡាញ់សន្ដិភាព និង យុវជនរាជសី សរុប ២៤០ នាក់ ។ ម្នាក់ៗ ថវិកា ២ ម៉ឺនរៀល។ លោក/អ្នកគ្រូ ៩៥ នាក់ ៥ ម៉ឺន/ម្នាក់។ សិស្សានុសិស្ស ៣១៥ នាក់ ម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល។ ជូនវិទ្យាល័យ ហ៊ុន សែនសេរីភាព/វិទ្យាល័យ ហ៊ុន សែន តាខ្មៅ ថវិកា ២ លាន រៀល។ សាលាគរុកោសល្យ និងវិក្រឹត្យការខេត្តកណ្ដាល ថវិកា ៣ លានរៀល។ មជ្ឈមណ្ឌលភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល ថវិកា ៥ លាន រៀល។ សាលាក្រុងតាខ្មៅ ថវិកា ២ លាន រៀល។ ក្រុមគ្រូពេទ្យប្រចាំអង្គពិធីថវិកា ៥ លានរៀលនិងក្រុមតន្ដ្រីសម័យថវិកា ១០ លាន រៀល៕