ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្ដេចព្រះព្រហ្ម រតនមុនី ពិនសែម ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភានៃព្រះរាជាណាចក្រកម្ពុជា
ព្រះតេជព្រះគុណ ព្រះមេគុណខេត្តសៀមរាបទាំងពីរខណៈ ព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈ;
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល
ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត នៃបណ្ដាប្រទេសនានាប្រចាំនៅកម្ពុជា
គណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អង្គពិធីទាំងមូល និងបងប្អូនជនរួមជាតិ ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមនៅក្នុង ពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី»ប្រកបដោយបរិយាកាសរីករាយ នាពេលនេះ ។
ឆ្នាំនេះ គឺជាការរៀបចំព្រឹត្តិការណ៍ អង្គរសង្រ្កាន្តលើកទី ៧ សម្រាប់ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវ អគ្គរដ្ឋទូត អគ្គរាជទូត លោកតាលោកយាយ អ៊ំពូមីង បងប្អូនទងទំាងអស់ នៅទីនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីឆន្ទៈស្រឡាញ់ និង គាំទ្រ ការរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ដែលជាឱកាសមួយ សម្រាប់កម្ពុជាបង្ហាញពីវប្បធម៌, ប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរ ជូនដល់ពិភពលោកឱ្យកាន់តែស្គាល់ច្បាស់ ។ ឆ្នាំនេះ ទេវតាឆ្នាំថ្មីព្រះនាម «គោរាគទេវី» បានយាងចុះមកតំាងពីវេលាម៉ោង ៤ និង ៤៨ នាទី ទៀបភ្លឺ, មកដល់ពេលនេះ យើងបានឆ្លងចូលឆ្នាំប្រពៃណីជាតិរួចហើយ ។
[ចាប់ផ្ដើមសេចក្ដអធិប្បាយ១]
ខ្ញុំសូមអរគុណចំពោះ សម្ដេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ដែលបានដឹកនាំពិធីទទួលទេវតាឆ្នាំថ្មីនៅអង្គរធំកាលពីពេលព្រឹកមិញនេះ។
[ចប់សេចក្ដីអធិប្បាយ១]
ការផ្លាស់ប្តូរវេនទេវតាបានសាទរជាមួយនឹងការបើក អង្គរសង្រ្កាន្តឆ្នាំថ្មី របស់យើង ហើយសូមឱ្យទេវតាឆ្នាំចាស់ និង ទេវតាឆ្នាំថ្មី ប្រទានពរជ័យ សម្រាប់យើងទំាងអស់គ្នា ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
ព្រឹកមិញនេះ យើងបានប្រារព្ធពិធីដ៏ពិសេសមួយទៀតសម្រាប់ឆ្នាំថ្មី គឺព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខដល់ព្រះរាជាណាចក្រកម្ពុជានៅខាងមុខប្រាសាទអង្គរវត្ត ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
[ចប់សេចក្ដីអធិប្បាយ២]
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាពសប្បាយរីករាយ ដោយហេតុថាព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត ពុំមែនត្រឹមតែជាឱកាសនៃការចូលឆ្នាំប្រពៃណីជាតិរបស់យើងនោះទេ ថែមទំាងបានក្លាយជាកម្លាំងជំរុញទេសចរណ៍គ្រប់ទម្រង់រួមមាន៖ ទេសចរណ៍វប្បធម៌ប្រពៃណី, ទេសចរណ៍ព្រឹត្តិការណ៍សង្គម, ទេសចរណ៍ធម្មជាតិ និង ទេសចរណ៍បុរាណឋាន ។ ទន្ទឹមនឹងការរៀបចំសង្រ្កាន្តនៅលើទឹកដីអង្គរដ៏បវរនៃយើង, សង្រ្កាន្តនៅគ្រប់រាជធានី-ខេត្ត ក្រុង ស្រុក និង តាមវិទ្យាល័យនានា ទូទំាងប្រទេស បាននិងកំពុងរៀបចំដូចគ្នា ។ នេះ ក៏ជាពេលវេលា ដែលយើងបានបង្ហាញនូវ វប្បធម៌ ប្រពៃណីរបស់យើង សម្រាប់ជាមោទនភាព ហើយក៏ជាការអភិរក្ស សម្រាប់ផ្នែកសិល្បៈ វប្បធម៌ និង អត្តសញ្ញាណជាតិរបស់យើង ។
តាមរយៈសុន្ទរកថាស្វាគមន៍របស់ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ, អភិបាលនៃគណៈ-អភិបាលខេត្តសៀមរាប និង របាយការណ៍សង្ខេបរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អំពីការរៀបចំព្រឹត្តិការណ៍ អង្គរសង្រ្កាន្តឆ្នាំ ២០២៥ និង រយៈពេលកន្លងទៅ, អង្គរសង្រ្កាន្ត បានក្លាយជាចំណែកមួយដ៏ធំ ក្នុងការជំរុញភាពរីកចម្រើន នៅក្នុងខេត្តសៀមរាប និង សេដ្ឋកិច្ចជាតិ ។ បើយោងទៅលើតួលេខ ក្នុងរយៈពេលកន្លងទៅ បានបង្ហាញឱ្យឃើញថា ទេសចរបានកើនឡើងជាលំដាប់ពី ១៨ ម៉ឺននាក់ នៅឆ្នាំ ២០១៣ រហូតដល់ ២ លាន ១ សែននាក់ នៅឆ្នាំ ២០២៣ ។ ឆ្នាំនេះ ខ្ញុំមានជំនឿខ្ពស់ថា ចំនួនភ្ញៀវទេសចរនឹងកើនឡើងកាន់តែច្រើនថែមទៀត, ពីព្រោះថា ទំាងបងប្អូនប្រជាពលរដ្ឋខ្មែរ និង ភ្ញៀវទេសចរបរទេស ក៏ចង់មកចូលរួមសប្បាយរីករាយ នៅក្នុងបរិយាកាស ដែលយើងរៀបចំកម្មវិធីនៅតំបន់ប្រវត្តិសាស្រ្តដ៏យូរលង់ របស់ព្រះរាជាណាចក្រកម្ពុជា ។
ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងការកោតសរសើរចំពោះអាជ្ញាធរខេត្ត, កងកម្លំាងប្រដាប់អាវុធគ្រប់ប្រភេទ, គ្រប់ក្រសួង-ស្ថាប័ន ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ និង ការគំាទ្រក្នុងព្រឹត្តិការណ៍នេះ ហើយក៏សូមថ្លែងការកោតសរសើរចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្តួចផ្តើមគំនិតរៀបចំព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត នាពេលកន្លងមក, និងជាពិសេស ក្នុងឆ្នាំ២០២៥ នេះ ដែលបានជំរុញឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិយើងឱ្យរស់រវើក នៅតាមបណ្តារាជធានី-ខេត្ត ក្រុង ស្រុក នានា នៅ ទូទំាងប្រទេស ។
ការបង្ហាញនូវព្រឹត្តិការណ៍ជាច្រើន នៅក្នុងខេត្តសៀមរាប បានរៀបចំក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ដែលប្រៀបបានជាជំនួបត្រីកោណរវាង មនុស្ស, វប្បធម៌រូបី និង អរូបី ដែលសម្ដេចតេជោបានលើក ដោយមនុស្សបាននាំមកនូវសិល្បៈ និង ទំនៀមទំលាប់គ្រប់ទម្រង់ ដែលជាសិល្បៈ វប្បធម៌អរូបី មកកាន់ទីតំាងតំបន់ប្រវត្តិសាស្រ្តនៃវប្បធម៌រូបី ។ ការណ៍នេះ បានបង្ហាញពីគំនិតច្នៃប្រឌិត និង តម្រូវការរបស់យុវជនជំនាន់នេះ ដើម្បីបន្តកសាង សម្រាប់បន្សល់ទុកដល់មនុស្សជំនាន់ថ្មី ។ ដូច្នេះ, ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការគាំទ្រនូវការច្នៃប្រឌិត និងរាល់សកម្មភាពទំាងឡាយ របស់យុវជនក្នុងការចូលរួមទ្រទ្រង់នូវគ្រប់ទម្រង់នៃវប្បធម៌ប្រពៃណីជាតិយើង។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
(១) គោលដៅចម្បង៣ នៃការរៀបចំអង្គរសង្ក្រាន្ត
(ការរៀបចំសង្ក្រាន្ត)ពីលើកមុនៗ ក៏ដូចជានៅឆ្នាំនេះ មានគោលបំណងធំ៣។ ទី១ បំផុសស្មារតីស្នេហាជាតិ តាមរយៈការរួមសាមគ្គីគ្នាជាកម្លាំងជាតិមួយ លើកតម្កើងវប្បធម៌ ប្រពៃណីជាតិខ្មែរ។ ទី២ បំផុសការផ្សព្វផ្សាយវិស័យទេសចរណ៍ និងទី៣ លើកស្ទួយសកម្មភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងក្រុងសៀមរាប និងតំបន់ទេសចរណ៍មួយចំនួននៅក្នុងខេត្ត។ តាមរយៈរបាយការណ៍របស់ឯកឧត្តមអភិបាលខេត្ត ក៏ដូចជាឯកឧត្តម ហ៊ុន ម៉ានី និងតាមព័ត៌មានដែលខ្ញុំបានពីក្រុមការងារ ក៏ដូចជាខ្លួនខ្ញុំផ្ទាល់ ដែលបានក្លែងភេទចុះបន្ដិចល្ងាចមិញ (ក្លែងភេទ ស្មានតែគេមិនចាប់អារម្មណ៍ ទីបំផុតគេដឹងទាំងអស់ បែកការបាត់តាំងពីដើមទី។ ដំបូងចេញឡាន រួចដូរទៅជិះរ៉ឺម៉កកង់បី នៅតែឃើញ គេស្គាល់) … ខ្ញុំអាចនិយាយយ៉ាងមោទនភាពបានថា យើង បានសម្រេចនូវគោលបំណងទាំង៣។
(២) អង្គរសង្ក្រាន្តបំផុសស្មារតីស្នេហាជាតិ ប្រមូលកម្លាំងរួមសាមគ្គីជាតិ លើកតម្កើងវប្បធម៌ និងប្រពៃណីជាតិ
ទី១ (អំពី)ការបំផុសស្មារតីស្នេហាជាតិ តាមរយៈការប្រមូលកម្លាំងរួមសាមគ្គីជាតិមួយលើកតម្កើងវប្បធម៌ ប្រពៃណីជាតិខ្មែរយើង ដូចឯកឧត្តម ហ៊ុន ម៉ានី បានលើកអម្បាញ់មិញ យើងរៀបចំនៅអង្គរវត្ត ក្នុងខេត្តសៀមរាប(ក៏មែនពិត) ប៉ុន្តែ(ការរៀបចំ)ពិធីនេះបានកើតឡើងពីការប្រមូលកម្លាំងរួមគ្នា ពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិមួយចំនួន ពីវិស័យឯកជន ពីអង្គការសមាគម ពីសហព័ន្ធកីឡាច្រើនប្រភេទ ពីវិទ្យាល័យ ពីសប្បុរជន និងសមាគមនានាបានចូលរួមដោយស្ម័គ្រចិត្ត។ យើងមានក្រុមការងារយុវជនស្ម័គ្រចិត្តជាង៥០០០ នាក់ (នៅក្នុង)ឆ្នាំនេះចូលរួមច្នៃប្រឌិតរៀបចំពិធី ដែលមានច្រើនទម្រង់នៃសិល្បៈវប្បធម៌។
រដ្ឋបាលខេត្តសៀមរាប វិស័យឯកជន ក៏ដូចជាប្រជាពលរដ្ឋនៅខេត្តសៀមរាប បានរួមគ្នានៅក្នុងការធ្វើឱ្យខេត្តសៀមរាប ក្រុងសៀមរាបជាកន្លែងល្អទទួលភ្ញៀវនៅពេលនេះ។ ល្ងាចមិញ ខ្ញុំជិះរ៉ឺម៉កកង់បីបើដើរមើល។ ខាងក្រុមការងារប្រាប់ខ្ញុំថា “បង! កន្លែងនេះមិនមែនខេត្តរៀបចំទេ។ កន្លែងនេះ គឺប្រជាពលរដ្ឋនៅកន្លែងហ្នឹង គាត់រៀបចំខ្លួនឯងឱ្យស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរ”។ កន្លែងមួយទៀតនោះ ខាងសហភាពសហព័ន្ធគ្រាន់តែរៀបតង់ទេ ប្រជាពលរដ្ឋដែលលក់ដូរនៅទីនេះចូលរួមរៀបចំយ៉ាងស្អាត ធ្វើ(យ៉ាង)ល្អ។ ប្រជាពលរដ្ឋដែលមកពីភ្នំពេញចូលរួមរៀបចំ និងសមត្ថកិច្ចគ្រប់អង្គភាពជួយសម្រួលចរាចរណ៍ និងសន្តិសុខ បូកជាមួយនឹងសមត្ថកិច្ចនៅក្នុងខេត្តរួមគ្នាធ្វើការងារល្អនៅគ្រប់កន្លែងទាំងអស់។
ល្ងាចមិញ នៅ Pub Street ខ្ញុំបានឃើញប៉ូលីសរាងសង្ហាៗ តែគេប៉ាតម្សៅពេញហ្នឹង។ ធានាសន្តិសុខ ឱ្យបងប្អូនបានសប្បាយ។ ល្ងាចមិញ ម៉ោងជិត១១ យប់ មនុស្សនៅតែច្រើន ទាំងនៅមាត់ស្ទឹងទាំងនៅ Pub Street និងនៅតាមតំបន់ផ្សេងៗទៀត ដើរលេងដោយមិនមានព្រួយបារម្ភ។ នេះគឺជាការចូលរួមគ្នាជាកម្លាំងជាតិរបស់យើង។ មានប្រជាជនខ្មែរគ្រប់សាសនាចូលរួម។ មិនប្រកាន់ទេ។ នេះជាកម្មវិធីដែលយើងអបអរសាទរពិធីបុណ្យ(ប្រពៃណីជាតិ) ប៉ុន្តែមានខ្មែរអ៊ីស្លាម មានខ្មែរកាន់សាសនាគ្រិស្ដ ចូលរួមអបអរសាទរ ព្រោះជាជាការអបអរសាទរបុណ្យជាតិជាខ្មែរ។ មិនថាសាសនាណាៗ ឱ្យតែខ្មែរ យើងអបអរសាទរទាំងអស់គ្នា។ នេះគឺជាស្មារតីស្នេហាជាតិ ប្រមូលគ្នារៀបចំលើកស្ទួយវប្បធម៌ ដែលថាយើងសម្រេចបានគោលដៅទី១។
(៣) អង្គរសង្ក្រាន្តលើកស្ទួយវិស័យទេសចរណ៍
ចំណុចទី២ គឺការលើកស្ទួយវិស័យទេសចរណ៍។ ការរៀបចំអង្គរសង្រ្កាន្តនេះ ជាព្រឹត្តិការណ៍បន្ថែមលើការរៀបចំនៅក្នុងទូទាំងប្រទេស។ អ្វីដែលផ្សព្វផ្សាយនៅទីនេះ មិនមែនសម្រាប់តែខេត្តសៀមរាប ឬតំបន់អង្គរនោះទេ (គឺ)ផ្សព្វផ្សាយទៅទូទាំងពិភពលោកថា ស្រុកខ្មែរសប្បាយ អាចមកលេងក្នុងពេលនេះ។ ល្ងាចមិញ ខ្ញុំឃើញជនជាតិជប៉ុនកាន់កាំភ្លើងបាញ់ទឹកពីរនាក់ ប្រហែលជាសង្សារឬប្ដីប្រពន្ធ។ មានខ្មែរយើងមកពីអូស្ត្រាលីនាំកូនមកលេង។ មានជនជាតិអៀរឡង់ បារាំង មកដើរលេងពេញហ្នឹងនៅ Pub Street នៅអង្គរ។ ឃើញឡើងទៅមើល(ព្រះអាទិត្យលិចនៅ)បាក់ខែង។ ខ្ញុំបានទទួលរូបមកថា (មានមនុស្ស)ជាង ១០០០នាក់ សុទ្ធតែភ្ញៀវមកពីអឺរ៉ុប ទៅមើលព្រះអាទិត្យលិច។ ថ្វីបើម្សិលមិញមេឃរាងស្រអាប់បន្តិច តែមនុស្សច្រើន។
អញ្ចឹង ការផ្សព្វផ្សាយនៅទីនេះជួយលើកវិស័យទេសចរណ៍ មិនមែនតែខេត្តសៀមរាបទេ ប៉ុន្ដែនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានន័យថាបង្ហាញពីសុវត្ថិភាព សន្ដិសុខ និងភាពល្អរបស់ប្រជាជនយើង វប្បធម៌យើង និងប្រទេសជាតិយើង ដើម្បីឱ្យពិភពលោកបានដឹង លើកស្ទួយសេដ្ឋកិច្ច និងវិស័យទេសចរណ៍របស់យើង។ ការផ្សព្វផ្សាយនេះ មិនចប់ត្រឹម ៣ឬ ៤ថ្ងៃទេ (ព្រោះ)ការផ្សព្វផ្សាយល្អនេះនឹងទាញទេសចរមកទៀត។ គោលដៅរបស់យើងធ្វើយ៉ាងណាខែ high និងខែ low season ឬខែបៃតងដែលយើងដាក់ឈ្មោះថ្មី គឺរដូវភ្លៀងនេះ កុំឲ្យមានគម្លាតឆ្ងាយពេក។ អញ្ចឹង ការខិតខំផ្សព្វផ្សាយបែបនេះ ការរៀបចំបែបនេះ គឺជាមោទនភាពមួយ ដែលយើងបានធ្វើនិងផ្សព្វផ្សាយដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជារបស់យើង។
ខ្ញុំក៏បានឃើញការផ្សព្វផ្សាយល្អរបស់ប្រជាពលរដ្ឋរបស់យើង។ សូមអរគុណ។ នេះដែលយើងហៅថា រួមគ្នាផ្សព្វផ្សាយអ្វីដែលជា(ចំណុច)វិជ្ជមានរបស់ប្រទេសយើង ស្រុកយើង ភូមិយើង ឲ្យពិភពលោកបានឃើញ ដើម្បីឲ្យប្រជាជនរបស់យើងនៅទូទាំងប្រទេសបានឃើញ។ ប្រជាជនខ្មែរម្នាក់ៗ ប្រើប្រាស់ហ្វេសប៊ុក TikTok instsgram។ ឃើញគាត់បង្ហោះរូបភាពមានខ្លឹមសារល្អៗ។ យុវជនយើងបង្ហោះ(រូបភាព)សប្បាយ ស្លៀកពាក់(សំលៀកបំពាក់បុរាណ)ថត។ ជាវប្បធម៌របស់យើង។ សូម្បីតែលេងទឹក ប៉ាតម្សៅ វាយក្អមអី គឺផ្សព្វផ្សាយឲ្យបានល្អ។ ខ្ញុំសូមអរគុណចំពោះការរៀបចំទាំងនៅទីនេះនិងទូទាំងប្រទេស ហើយយើងរួមគ្នាផ្សព្វផ្សាយល្អពីប្រទេសរយើង ដើម្បីបានល្អទាំងអស់គ្នាសំរាប់វិស័យទេសចរណ៍។ អញ្ចឹងគោលបំណងទី២ នេះ ក៏យើងបានជោគជ័យ។
(៤) អង្គរសង្ក្រាន្តលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន
គោលបំណងទី៣ ដែលថាលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន ការរៀបចំអង្គរសង្ក្រាន្តនៅទីនេះ បើតាមព័ត៌មានម៉ោងថ្មើរនេះ តាមបណ្ដាសណ្ឋាគារ ផ្ទះសំណាក់(មានមនុស្សពេញ)។ មានអ្នកខ្លះអូតែលផ្កាយ១០០០ ត្បិតកក់មិនទាន់គេ។ កន្លែងខ្លះ (ពួកគាត់ស្នាក់នៅ)តាមផ្ទះបងប្អូន មិត្តភក្ដិអញ្ចឹងទៅ។ (មនុស្ស)ច្រើន។ ខ្ញុំសូមអរគុណចំពោះការរៀបចំ ដែលមិនមែនតែក្នុងក្រុងនេះទេ ប៉ុន្ដែឯកឧត្តមអភិបាលខេត្ត រាយការណ៍ឲ្យខ្ញុំពីថ្ងៃមិញថា សូម្បីតែនៅតំបន់ទន្លេសាប និងនៅតាមសហគមន៍ ដូចកំពង់ភ្លុក នៅកន្លែងផ្សេងៗ ក៏មានមនុស្សកើនច្រើន។ បានន័យថា ជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានរបស់អ្នកខេត្តសៀមរាប។ ល្ងាចមិញ អ្នកបើករ៉ឺម៉កកង់បីមួយនៅ pub street ដោយគាត់មិនដឹងថាខ្ញុំជាអ្នកណា បានប្រាប់ថា “ដឹកបានភ្ញៀវច្រើន បង!”។ គាត់សប្បាយចិត្ត។ ម៉ោង១១ យប់ហើយនៅបន្ដដឹកទៀត។ អញ្ចឹងគ្រប់វិស័យ (នៅមូលដ្ឋានបានទទួលផលពីសកម្មភាពនេះ)។
ខ្ញុំសូមអរគុណដល់ការរៀបចំកម្មវិធី។ យើងមានរៀបចំមួយផ្នែកសម្រាប់ពិពណ៌ជាមួយក្រសួងពាណិជ្ជកម្ម សំរាប់ក្រសួងស្ថាប័នមកពីខេត្តអីផ្សេងៗ ក្រុមហ៊ុនផ្សេងៗ ផ្សាយផលិតផលយើងទៅខាងក្រៅ។ ប៉ុន្តែក្រៅពីមួយកន្លែងនេះ គឺយើងរៀបចំដោយបង្កលក្ខណៈឲ្យអ្នកមូលដ្ឋាន។ ខ្ញុំសួរថា ចុះបងប្អូនដែលលក់នៅក្នុងតំបន់អង្គរហ្នឹង ឲ្យគាត់ចេញទៅណាទេ។ ថាអត់ទេ។ ឲ្យគាត់លក់នៅត្រង់ហ្នឹង ហើយរៀបចំកាន់តែល្អ។ ឲ្យគាត់លក់ និងជួយរក្សាអនាម័យ សណ្តាប់ធ្នាប់។ ហ្នឹងហើយគឺការអនុវត្តមូលដ្ឋាន។ នៅមុខព្រះបរមរាជវាំង យើងមិនត្រឹមតែរៀបចំតង់ឲ្យគាត់លក់ទេ ថែមទាំងបង្កើតកម្មវិធីសួនកុមារអីនៅហ្នឹង ដើម្បីទាញមនុស្សទៅនោះ។ គាត់លក់បានច្រើន។ ហ្នឹងហើយការជំរុញសេដ្ឋកិច្ចមូលដ្ឋាន ដែលជាគោលដៅទី៣ របស់យើង។ នៅភ្នំគូលែន មានទេសចរច្រើនដែរ។ ហ្នឹងហើយដែលយើងចង់បាន។
ខ្ញុំគិតថាក្រោយចូលឆ្នាំ អាចស្ងាត់បន្តិច ស្ងាត់មាន់ស្ងាត់ទាពីភូមិ។ តាមដែលខ្ញុំសួរ ប្រជាពលរដ្ឋថា “សម្រុកលក់ដែលឥឡូវផ្គត់ផ្គង់មាន់អត់គ្រប់ទេ ដោយទាំងទាទៀត”។ ម្សិលមិញ សមាជិកក្រុមការងារខ្ញុំម្នាក់បានសួរបងប្រុសដែលលក់នៅកន្លែងមួយហ្នឹង។ គាត់ថា “ផ្ទះគាត់សល់តែមាន់៥ ទា២ មិនដឹងទុក ឬយ៉ាងម៉េច”។ គាត់ថាលក់សិនហើយ ចាំហើយទិញកូនមាន់កូនទាមកចិញ្ចឹមឡើងវិញ ព្រោះមានតម្រូវការច្រើន។
(៥) សំរេចបានគោលដៅទាំង៣ ដោយមោទនភាព ត្បិតអ្នកសៀមរាប/ទូទាំងប្រទេសចង់បាននិងអបអរ
ទាំងនេះគឺជាគោលដៅធំទាំង៣ របស់យើង។ ខ្ញុំអាចនិយាយដោយមោទនភាព មិនមែនផ្អែកតែលើរបាយការណ៍ទេ តែបានឃើញនឹងភ្នែកគឺការបំផុសស្មារតីស្នេហាជាតិ តាមរយៈការប្រមូលកម្លាំងសរុបរបស់ជាតិ ដោយមិនប្រកាន់និន្នាការ មិនប្រកាន់សាសនា មិនប្រកាន់វិស័យ។ ទាំងអស់គ្នារួមប្រារព្ធពិធីមួយនេះឲ្យបានល្អ ដើម្បីលើកតម្កើងការបង្ហាញវប្បធម៌សិល្បៈរបស់យើងគ្រប់ទម្រង់។ ថ្ងៃនេះ ដូចមានចំបាប់ ល្បុក្កតោ និងសូម្បីតែសួនមួយលើកមុនថាដាក់សួនល្បុក្កតោ ឥឡូវអត់ដាក់ថា “ល្បុក្កតោ” ទេ តែដាក់ថាជា “សួនក្បាច់គុនបុរាណចម្រុះ” ព្រោះយើងមកទាំងល្បុក្កតោ ទាំងគុនខ្មែរ ទាំងចំបាប់អី មកបង្ហាញឲ្យបានច្រើន។ នេះជាអ្វីដែលយើងចង់បាន។ នេះជាស្មារតីរួមគ្នា។ សមាគមសិល្បៈ សមាគមកីឡាផ្សេងៗ មកសំដែងឲ្យបានច្រើន រួមគ្នាល្អ។
អំពី(ទី២) ការបំផុសវិស័យទេសចរណ៍ និងទី៣ ការលើកស្ទួយសកម្មភាពសេដ្ឋកិច្ចជីវភាពរស់នៅ … មិនមានបងប្អូនណាថាមិនចាំបាច់ទេ … ចូលមកមុននេះ បានសួរយាយជីតាជីថា ចង់បាន(ព្រឹត្តិការណ៍ដូចនេះ)ទេ សប្បាយទេ ដែលមានការរៀបចំអង្គរសង្ក្រាន្តទាំងវត្តខាងជើងនិងវត្តខាងត្បូង។ ពួកគាត់ថាសប្បាយណាស់ ហើយមានមនុស្សច្រើន។ អញ្ចឹង បានន័យថា អ្នកសៀមរាបនិងប្រជាជនទូទាំងប្រទេសចង់បានហើយ អបអរហើយ ចំពោះការរៀបចំអង្គរសង្ក្រាន្តសម្រាប់អបអរសាទរឆ្នាំថ្មី។
[ចប់សេចក្ដីអធិប្បាយ៣]
ទន្ទឹមនេះ, អំឡុងពេលដែលប្រជាជនកម្ពុជាកំពុងប្រារព្ធពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្ញុំព្រះករុណាខ្ញុំ អាចសរុបបានថា មានកត្តា ៣ យ៉ាង ដែលរួមចំណែកធ្វើឱ្យប្រជាជនសប្បាយរីករាយ ក្នុងក្របខណ្ឌទូទំាងប្រទេស ៖
ទី១. កត្តាសុខសន្តិភាព និង សុវត្ថិភាព ដែលប្រជាពលរដ្ឋមានលទ្ធភាពធ្វើដំណើរ ដោយគ្មានការភ័យខ្លាច
ទី២. ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់យើងកាន់តែប្រសើរ ដែលអនុញ្ញាតឱ្យប្រជា-ពលរដ្ឋអាចធ្វើដំណើរបានទៅគ្រប់ទីកន្លែង ហើយប្រើពេលតិច
ទី៣. មធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋ មានកាន់តែច្រើន ដែលឆ្លុះបញ្ចំាងពីភាពប្រសើរឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។
ការរីកចម្រើនទាំងនេះ ធ្វើឱ្យយើងមើលឃើញកាន់តែច្បាស់អំពីតម្លៃនៃសុខសន្តិភាព ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបានតាមរយៈការអនុវត្ត នយោបាយឈ្នះ-ឈ្នះ កាលពីចុងឆ្នាំ ១៩៩៨ ។ ជាការពិត, បើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍណាមួយកើតមានឡើងនោះទេ ហើយក៏គ្មានការជួបជុំសប្បាយរីករាយនោះដែរ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ប្តេជ្ញាការពារសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីធានាថា ប្រទេសរបស់យើងនឹងក្លាយទៅជាប្រទេស ដែលមានការអភិវឌ្ឍដ៏រឹងមំា, មិនធ្លាក់ទៅក្នុងសង្រ្គាមរុំារ៉ៃ ដូចពីអតីតកាលនោះទេ, ជាពិសេស ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។
មុននឹងបញ្ចប់, ជាថ្មីម្តងទៀត ខ្ញុំព្រះករុណាខ្ញុំ សូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា, ក្រសួងស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, កងកម្លាំងប្រដាប់អាវុធ និង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និង ការរៀបចំសង្រ្កាន្តខេត្ត-ក្រុង នៅទូទំាងប្រទេស ។ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា យើងនឹងសប្បាយរីករាយទំាងអស់គ្នា ហើយក៏សូមយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និង ក្នុងនាមខ្ញុំព្រះករុណាខ្ញុំផ្ទាល់ និង ក្រុមគ្រួសារ សូមថ្វាយព្រះពរចំពោះ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សូមថ្វាយព្រះពរចំពោះ សម្តេចម៉ែ សូម ព្រះអង្គទំាងទ្វេ មានព្រះរាជសុខភាពល្អបរិបូរណ៍ ។
ជាទីបញ្ចប់, ខ្ញុំសូមយកឱកាសនេះ ជូនពរបងប្អូនជនរួមជាតិ, ទំាងក្នុងប្រទេស និង ក្រៅប្រទេស, ជូនពរចំពោះកងកម្លំាងប្រដាប់អាវុធគ្រប់ប្រភេទ, មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់, សូមឱ្យទេវតាឆ្នាំថ្មី, ប្រទានពរជ័យ សម្រាប់យើងទំាងអស់គ្នា, សូមព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ, សម្តេច, ឯកឧត្តម លោកជំទាវ, លោក លោកស្រី បងប្អូនជនរួមជាតិ ទំាងអស់, ទំាងក្នុង និង ក្រៅប្រទេស សូមមានសុខភាពល្អ, ទទួលបាននូវជោគជ័យថ្មីៗ, ធ្វើដំណើរកម្សាន្តជិតឆ្ងាយ ដោយសុខសុវត្ថិភាព និងសូមប្រកបតែនឹងពុទ្ធពរ និង ពរ ទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត ។
ខ្ញុំព្រះករុណាខ្ញុំ សូមប្រកាសបើក ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥, ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី» ចាប់ពីពេលនេះតទៅ ! សូមអរព្រះគុណ និង សូមអរគុណ!