FN ៖ ក្រុមហ៊ុន Infinite Capital Holding Company (ICAP) ដែលជាក្រុមហ៊ុនវិនិយោគលើឧស្សាហកម្មកម្រិតខ្ពស់របស់ចិន បានបង្ហាញការចាប់អារម្មណ៍វិនិយោគនៅកម្ពុជា។
បំណងនេះត្រូវបានលើកឡើងក្នុងជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Zhang Chaomin ប្រធាន និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន Infinite Capital Holding Company (ICAP) នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពីប្រតិបត្តិការអាជីវកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយដៃគូផ្សេងៗ។ ក្នុងនោះ ក្រុមហ៊ុនបានផ្ដោតលើការវិនិយោគទៅលើវិស័យការផលិតសម្ភារថ្មី, បច្ចេកវិទ្យាបញ្ញានិមិ្មត (AI), សឺមីកុងឌុចទ័រ (Semiconductor), និងសរសៃកាបូន (Carbon Fiber) ជាដើម។
លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចមហាបវរធិបតី អំពី ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យយានយន្ដប្រេីប្រាស់ថាមពលស្អាត (រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនី។ ការចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជានាពេលនេះ គឺដោយសារកម្ពុជា មានសុខសន្តិភាពពេញលេញ និងស្ថិរភាព ជាពិសេស ការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយភាពភាពធន់ក្នុងរង្វង់ ៦ភាគរយ បើទោះបីជាកម្ពុជាទទួលរងនូវផលប៉ះពាល់ដោយសារការរីករាត្បាតពីជំងឺកូវីដ-១៩ ក៏ដូចជាភាពមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចពិភពលោកក៏ដោយ។
ជាការឆ្លើយតប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងសេចក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុន ដែលបានបង្ហាញចំណាប់អារម្មណ៍នៅក្នុងការស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា។
សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់របស់កម្ពុជានៅក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគ ក្នុងការស្វែងរកឱកាសវិនិយោគទៅលើវិស័យផលិតគ្រឿងបង្គុំរថយន្ត ក៏ដូចជាខ្សែច្រវាក់ផ្គត់ផ្គង់នានា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក, តំបន់ និងពិភពលោក។
សម្ដេចមហាបវរធិបតី លើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសិក្សាឱ្យបានលម្អិត ក៏ដូចជាបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ ក៏ដូចជាការស្វែងយល់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ឱ្យអនុវត្ត សំដៅដល់ការគាំទ្រ ក៏ដូចជាការលើកទឹកចិត្តដល់វិនិយោគិននានានៅក្នុងប្រទេសកម្ពុជា៕