ជម្រាបសួរបងប្អូនទាំងអស់។ ថ្ងៃនេះ មិនមែនមកឆ្មក់ទេ មកមែនទែន។ អត់លួចមកទេ ជិះតាមផ្លូវ និងសង្កេត គ្រាន់តែគេមិនដឹងថាជាអ្នកណា។ តាមពិត ត្រូវមកម្សិលមិញ ពេលកម្មវិធីនៅសៀមរាបចប់ ប៉ុន្តែម្សិលមិញនិយាយអត់ចេញ។ បាត់សម្លេង។ ថ្ងៃហ្នឹង ចេញមកបន្តិចៗ។
(១) ជួយកសិករបង្កើនប្រសិទ្ធភាពដាំដុះ កាត់បន្ថយចំណាយ សល់ចំណេញច្រើន
ខ្ញុំបានតាមរហូតក្នុងអាណត្តិថ្មីនេះ។ យើងឱ្យរៀបចំ។ ការកសាងសេដ្ឋកិច្ចពឹងជាសំខាន់លើវិស័យកសិកម្ម ហើយស្វាយចន្ទី ក្នុងប៉ុន្មានអាណត្តិនេះ តាំងពី សម្តេចតេជោ មក លោកយកចិត្តទុកដាក់ណាស់។ យើងចង់ថានៅអាណត្តិថ្មីនេះ ធ្វើយ៉ាងម៉េចបង្កើនប្រសិទ្ធភាពក្នុងការធ្វើ(កសិកម្ម) ដោយបាន្យក្រសួងរៀបចំគោលដៅ/វិធីសាស្រ្តមួយ រៀបចំសហគមន៍កសិកម្មទំនើប ដែលនៅក្នុងនោះ មិនមែនមានតែស្វាយចន្ទីទេ មានដំណាំផ្សេងៗ ទៀតដែរ តែស្វាយចន្ទីនាំមុខ ដោយសារយើងមានសក្តានុពលច្រើន។ គោលដៅសំខាន់គឺជួយកសិករបង្កើនប្រសិទ្ធភាពក្នុងការដាំដុះ កាត់បន្ថយចំណាយ។ អ៊ំពូមីងដឹងហើយ (តម្លៃ)ស្វាយចន្ទីឡើងចុះដូចដំណាំផ្សេងៗ។ ឆ្នាំណាពិភពលោកត្រូវការ ខ្វះច្រើនទៅ ថ្លៃវាឡើង។ ឆ្នាំណា គេបញ្ចេញច្រើន (តម្លៃស្វាយចន្ទីក៏ធ្លាក់ចុះ) ព្រោះមិនមែនតែយើងទេដែលដាំ។ អ្វីដែលសំខាន់ ពេលដែលលក់ទៅ ចំណូលប៉ុន្មានក៏ដោយ ធ្វើម៉េចឱ្យនៅសល់ បានន័យថា ផាត់ចំណាយ នៅសល់ចំណេញច្រើនចូលហោប៉ៅ។
(២) រូបមន្ត៣ ជួយវិស័យកសិកម្ម៖ ពង្រាយមន្ត្រីកសិកម្ម ពង្រាយថវិកាអន្តរាគមន៍ និងរៀបចំសហគមន៍កសិកម្ម
ដោយហេតុនេះ ទើបបានជាឱ្យ(ក្រសួងនិងស្ថាប័នពាក់ព័ន្ធ)រករូបមន្តណាមួយជួយកសិករយើង។ បើគាត់ធ្វើដាច់ដោយដុំម្នាក់ៗឯង ប្រហែលជាពិបាក ទាំងរឿងកម្ចីផង ទាំងរឿងបច្ចេកទេសផង។ កន្លងទៅ យើងជួយប្រជាជនដែរ ប៉ុន្តែពេលខ្លះយើងជួយអត់ស្មើដៃគ្នា ដោយសារបងប្អូនគាត់ធ្វើស្មើដៃគ្នា។ រដ្ឋជួយបានតែឆ្លើយតបថាអ្នកណាពិបាកអី ហើយបាន call។ អញ្ចឹងបានឆ្នាំនេះ (ក្នុងវិស័យ)កសិកម្ម យើងដាក់ចេញអាណត្តិថ្មី៖ ទី១ ពង្រាយមន្រ្តីកសិកម្មតាមទីតាំង, ទី២ ពង្រាយថវិកាមួយចំនួនសម្រាប់អន្តរាគមន៍ជួយខាងតម្លៃ ហើយទី៣ (រៀបចំសហគមន៍)កសិកម្មទំនើប។ ខ្ញុំបានតាមជាប់ជានិច្ចកិច្ចការនេះ។ ដូចបងស្រីស្គាល់ ហ្វីណង់។ ខ្ញុំក៏ស្គាល់តាមហ្នឹងដែរ។ ថាតួអង្គតំណាងឱ្យកសិកម្មទំនើប ហើយដើរលក់បន្លែផងស្រូវផង។ ម្សិលមិញឃើញប្រជាពលរដ្ឋសាក ចាប់អារម្មណ៍នៅបាត់ដំបង រឿងសហគមន៍កសិកម្មទំនើប ខាងស្រូវប៉ុន្តែស្វាយចន្ទីដើរមុខ។ ថ្ងៃនេះ ខ្ញុំចង់ស្តាប់ពីបងប្អូនចាប់អារម្មណ៍ផ្ទាល់ ព្រោះខ្ញុំស្តាប់ពីរដ្ឋមន្ត្រីយូរហើយ។ ហ្វីណង់ ក៏ខ្ញុំស្តាប់ដែរ។ ឃើញលទ្ធផលមួយចំនួន។ ប៉ុន្តែខ្ញុំចង់បានបងប្អូនដែលជាអ្នកចូលក្នុងសហគមន៍ហើយ ជាពិសេសនៅក្នុងប្រាសាទសំបូរនេះ ជាសហគមន៍មួយដែលនាំមុខចាប់ផ្តើមដំបូងគេ។
(៣) តើមួយណាប្រសើរជាង រវាងមុនចូលនិងក្រោយចូលសហគមន៍កសិកម្មទំនើប
នៅឆ្នាំទី១ យើងឃើញលទ្ធផលនៅភ័យអរៗ នៅឡើយទេ។ មិនដឹងរដ្ឋមន្ត្រីមកផ្តិតមេដៃ … បានផលដូចគាត់ថា ឬអត់? ប៉ុន្តែជាការប្តេជ្ញាចិត្តរបស់យើង ធ្វើម៉េចត្រូវឱ្យបានផល ឱ្យជោគជ័យនៅកន្លែងនេះ ហើយខិតខំពង្រីកតទៀត។ បើរូបមន្តមួយអត់ដើរ តើយកមកធ្វើអី? បង្ខំបងប្អូនចូលក៏អត់កើត មានតែបង្ហាញលទ្ធផលជាក់ស្តែង ហើយឱ្យបងប្អូនប្រៀបធៀបចុះ រវាងមុនចូលសហគមន៍ និងចូលសហគមន៍ហើយ តើជោគជ័យឬអត់? បើសិនជាអត់ជោគជ័យ សូមប្រាប់ខ្ញុំ។ ខ្ញុំប្រាប់ថាលុបចោលកម្មវិធីហ្នឹង។ គិតរឿងអីថ្មី។ អញ្ចឹង យើងចង់មើលដែរ ព្រោះសុទ្ធតែជារូបមន្តដែលយើងគិតគូរ ស្រាវជ្រាវមក ដើម្បីយកមកជួយ។ ក្នុងន័យនេះ យើងគិតថា អ្វីដែលដាក់ទៅនេះ គឺបានលទ្ធផលមួយចំនួនពីអ្វីដែលខាងរដ្ឋយើងសម្លឹងមើល។
ថ្ងៃនេះ ចង់ស្តាប់វិញ។ កុំឱ្យថារដ្ឋមន្ត្រី ចៅហ្វាយខេត្តនៅហ្នឹង អត់ហ៊ាននិយាយ? និយាយចុះ អត់អីទេ។ ចង់ដឹងវិញថា តើវិធីសាស្ត្រនេះសម្រាប់បងប្អូនវាយ៉ាងម៉េច? តើគួរមានចំណាប់អារម្មណ៍ គិតថារដ្ឋវិធីសាស្រ្តដែលយើងជួយហ្នឹងប្រសិទ្ធភាពឬនៅ? ឬមួយថាអាចមានយោបល់ ព្រោះអ្នកជំនាញធ្វើកសិកម្មខាងនេះ។ ឯកឧត្តមខាងនេះ គាត់មានជំនាញមែន អ្នកជំនាញនៅក្រសួងនៅអីមែន ប៉ុន្តែគ្រាន់ថានៅម្ខាងទេ។ អ្នកធ្វើផ្ទាល់ គឺអ្នកជំនាញរាប់សិបឆ្នាំមកហើយ។ ដាំស្វាយចន្ទីប៉ុន្មានឆ្នាំមកហើយ? ទើប (អាយុ២៣)ឆ្នាំទេ? ប៉ុន្តែមានឪពុកម្តាយអីធ្លាប់(ដាំស្វាយចន្ទី)ទេ? អញ្ចឹងបានថាអ្នកជំនាញនៅហ្នឹង(…)។
“ការសន្ទនា”
កសិករ៖ ចង់ឱ្យសម្តេចកុងត្រាជាមួយក្រុមហ៊ុនណាមួយ (លក់)ឱ្យបានឱ្យតម្លៃល្អសមរម្យ។
សម្តេចធិបតី៖ នេះហើយជាគោលដៅនៃការប្រមូលផ្តុំគ្នា។ បើក្រុមហ៊ុនគេមកកុងត្រា ១ហិកតា ២ហិកតា ហើយក្នុង ៦០០ហិកតាហ្នឹង កុងត្រា ៣០០នាក់ ទៅ ៦០០នាក់ វាពិបាក។ អញ្ចឹងបានជាយើងរៀបចំជាសហគមន៍។ បើសិនជាយើងឯកភាពគ្នាជាសហគមន៍នេះ (វានឹងមានភាពងាយស្រួលជាង) ដើម្បីយើងរកដៃគូទាំងអ្នកទិញឱ្យ… ឧទាហរណ៍ថា ៦០០ហិកតា ១០០០ហិកតានេះ យើងផលិតបានធំ យើងអាចធានាបានច្រើនជាងលទ្ធភាពកាលមុន។ កាលមុនបើយើងធ្វើដាច់ដោយដុំអញ្ចឹង ជួនកាលតម្លៃឡើងចុះច្រើន ហើយឈ្មួញកណ្តាលមកទិញអញ្ចឹងយើងម្នាក់ៗ ឯងពិបាកទប់។ នេះជាគោលគំនិតនៃការរៀបចំ។ កន្លងទៅចង់ទប់ច្រើនរឿងតម្លៃ។ ទី២ រឿងកាត់បន្ថយចំណាយ។ រដ្ឋអាចជួយយ៉ាងម៉េច? ឧទាហរណ៍ថា អម្បាញ់មិញបញ្ចេញថវិកា ធនាគារអភិវឌ្ឍន៍ជនបទ ទម្លាក់កម្ចីមក ៧%(ក្នុងមួយឆ្នាំ)។ បើយើងទៅខ្ចីរាល់ដងប៉ុន្មាន?
កសិករ៖ ខ្ចីរាល់ដង ជាង ១០%ក្នុងមួយខែ
សម្តេចធិបតី៖ អញ្ចឹងគុណនឹងមួយឆ្នាំជាង ២០%ជាង? នេះ ៧%ក្នុងមួយឆ្នាំ។ អញ្ចឹងមួយខែចូល ០,១%។ នេះគ្រាន់តែយើងគិតមើលមួយច្រកហ្នឹង បានន័យថ្លៃដើមយើង(ទាបជាងមុន)។
កសិករ៖ យើងអត់ចូលសហគមន៍ យើងបណ្តាក់ជីគេ ក្នុងកសិករម្នាក់ៗ មួយបេ ខុសគ្នា ១០ជាងដុល្លារទៀត។
សម្តេចធិបតី៖ ដោយហេតុហ្នឹងហើយបានជាយើងចូលជាសហគមន៍។ យើងមិនទៅចរចាម្នាក់ឯងទេ។ សហគមន៍ទៅជាមួយគ្នា ទិញម្តងច្រើនតោន ហើយអ្នកលក់បានច្រើនតោន (គាត់ក៏បន្ទាបថ្លៃបាន)។ បើលក់ឱ្យតែបន្តិចបន្តួច គាត់គិតថ្លៃរាងខ្ពស់។ យើងចង់បានអញ្ចឹង។
កសិករ៖ ប្រជាជននៅក្នុងភូមិមិនទាន់ជឿជាក់ ដោយថា ចាំចូលសិនទៅចាំមើលតម្លៃហ្នឹងវាយ៉ាងម៉េច? បើសិនវានៅតែថោក ដដែលអញ្ចឹងទេ(ក៏គិតជាថ្មី)។ សំណូមពរ ជួយឱ្យកសិផលក្នុងសហគមន៍លក់បានតម្លៃខ្ពស់។
សម្តេចធិបតី៖ គោលដៅធំ គឺចង់ឱ្យផាត់ចំណាយ ជាមួយនឹងលក់បានហើយ យើងនៅសល់ចំណេញច្រើន។ ត្រូវទេ? បើសិនជាលក់បានថ្លៃក៏ដោយ បើតម្លៃដើមវាកាន់តែខ្ពស់ ក៏បូកដកទៅនៅសល់តិចដែរ។ ប្រាក់ចំណេញជាប្រាក់ដែលយើងយកមកទុកក្នុងហោប៉ៅ។ ត្រូវទេ? ហ្នឹងជាគោលដៅធំនៅក្នុងការរៀបចំសហគមន៍។ ធ្វើម៉េចកាត់បន្ថយចំណាយ។ យើងខ្ចីលុយគេ កាត់ការប្រាក់។ បើការប្រាក់ថោក (វាមិនសូវជាបញ្ហា)។ រឿងជីហ្នឹង មិនមែនថាតែរឿងតម្លៃជីទេ ជួនកាលប្រើអត់ត្រូវបច្ចេកទេស (ប្រៀបដូចជា)យើងខ្ជះខ្ជាយ។ ឧទាហរណ៍ថា មួយដើមហ្នឹង ដោយសារយើងលាយ(ជី)អត់ត្រូវ ប្រើមិនត្រូវ (យើងខ្ជះខ្ជាយ) តែបើបច្ចេកទេសត្រូវ យើងកាត់បន្ថយចំណាយ។ ឧទាហរណ៍ថា ចំណាយអស់ ១០លីត្រ បាញ់ជី បើយើងលាយមិនត្រូវ អត់ដឹងបច្ចេកទេស (វាស្មើនឹងមិនបានផល ដូច)ដែលបងប្អូនកសិករនៅតាមស្រែមួយចំនួន បាញ់ច្រើនហើយអត់ប្រសិទ្ធភាព។ ដល់ពេលមន្ត្រីកសិកម្មទៅណែនាំ ប្រើអស់តិចប្រសិទ្ធភាពដូចគ្នា។ ហ្នឹងដែលជាគោលដៅ។
យើងជួយទាំងពីរ។ ទី១ បើសិនជាយើងផលិតបានច្រើន យើងរកដៃគូមកទិញ។ អាចធានាទីផ្សារ។ ដៃគូហ្នឹង បើគាត់ទិញធំ អ្នកខ្លះទិញសម្រាប់នាំចេញ។ អញ្ចឹង បើយើងធានា(បាន) គាត់អាចឱ្យតម្លៃគ្រាន់បើ។ តែមួយជ្រុងទៀត គឺជួយកាត់បន្ថយចំណាយ។ អញ្ចឹង បងស្រីដឹងហើយថា យើងធ្វើអីក៏ដោយទី១ ត្រូវចេញពីហោប៉ៅខ្លួនឯងសិន។ ទី២ (កសិផល)បានលក់ទៅទើប(ប្រាក់ចំណេញ)វាបានមកវិញ។ បានដោយសារទិន្នផលយើងទៀត។ អញ្ចឹង(៤) ការដែលចូលសហគមន៍រដ្ឋជួយទី១ បន្ថយចំណាយដំបូង និង ទី២ យើងទទួលបានទិន្នផលខ្ពស់ ដោយធ្វើត្រូវតាមបច្ចេកទេស ហើយយើងនឹង(៣)ព្យាយាម(ធ្វើឱ្យមានស្ថេរភាពថ្លៃ) ព្រោះតម្លៃវានឹងឡើងចុះតាមទីផ្សារ។ ទោះបីយ៉ាងម៉េច ក៏យើងអាចថាជួយរក្សាលំនឹង (តាមរយៈការធ្វើឱ្យ)មានកុងត្រាមួយចំនួន។ ហ្នឹងជារូបមន្ត៣។
ខ្ញុំបាននិយាយពីដើមទីថា (៥) រដ្ឋអត់បង្ខំដាក់ចេញគោលការណ៍មកថា កសិករទូទាំងប្រទេសត្រូវបញ្ចូលជាសហគមន៍ទេ។ ការចូលគឺចូលដោយស្ម័គ្រចិត្ត។ ស្ម័គ្រចិត្តដោយសារអី្វ? គឺស្ម័គ្រចិត្តដោយសារឃើញភាពជោគជ័យរបស់អ្នកដែលចូល។ ហ្នឹងហើយដែលរដ្ឋមន្រ្តីហ៊ានផ្តិតមេដៃខ្លួនឯង ព្រោះទទួលខុសត្រូវខ្ពស់។ បើឲ្យអ្នកផ្សេងធានា ប្រហែលជាធនាគារគេមិនឲ្យខ្ចីទេ។ តែរដ្ឋមន្រ្តី តំណាងរបស់នាយករដ្ឋមន្រ្តី ត្រូវឈរនាំមុខដើម្បីធានាតែម្តង ហើយយើងចាប់ផ្តើមពីសហគមន៍នៅទីនេះ មានទ្រង់ទ្រាយដូចជា ៦០០ហិកតា។ ប៉ុន្មានគ្រួសារដែលចូល(សហគមន៍កសិកម្មទំនើបមាន) ១៥៣គ្រួសារ។ ឆ្នាំនេះ យើងធ្វើឲ្យបានជោគជ័យ ហើយដាច់ខាតត្រូវជោគជ័យដើម្បីយកមកបង្ហាញ។ ក្រៅពីតម្លៃ(កសិផល)ហ្នឹង មានអីទៀត … កន្លងទៅយើងមកចូលសហគមន៍ ហើយមានចម្ងល់ ឬក៏ថាអាចមិនទាន់ដោះស្រាយតាមគំនិតរបស់យើង (មានអ្វីទៀត)?
កសិករ៖ សូមគោរពសម្តេច ក្រៅពីតម្លៃនៅខ្វះបច្ចេកទេស។ ខ្ញុំចង់បានបច្ចេកទេសបន្ថែមពីក្រសួងដើម្បីចុះណែនាំដល់សហគមន៍ ពង្រឹងវិស័យដំណាំស្វាយចន្ទី។ បច្ចេកទេសរាល់ថ្ងៃ គឺបច្ចេកទេសសហគមន៍។ យើងត្រូវការបច្ចេកទេសរបស់ក្រសួងបន្ថែមទៀត ដើម្បីឲ្យបច្ចេកទេសនោះដើរជាមួយគ្នាឲ្យរលូន។ នេះជាការសំណូមពររបស់សហគមន៍។ សូមអរគុណ។
សម្តេចធិបតី៖ រឿងហ្នឹងក្រែងយើងរៀបចំមន្រ្តីបច្ចេកទេស អោយមានអន្តរាគមន៍មក(ហើយមែនទេ)?
រដ្ឋមន្រ្តី៖ សព្វថ្ងៃហ្នឹង យើងមើលឃើញបច្ចេកទេសរបស់សហគមន៍ហ្នឹងធ្វើត្រូវហើយ។ សុំឲ្យស្រុះគ្នាសិន។ អញ្ចឹង យើងកំពុងតែពង្រឹងសម្តេច។ ពីមុន ជាការធ្វើរៀងខ្លួនៗ អ្នកណាចង់ធ្វើម៉េចធ្វើទៅ។ ឥឡូវបច្ចេកទេសរួមហ្នឹង ចេញពីសហគមន៍។ យើងបានពិនិត្យជាមួយគ្នា។ ពេលណាត្រូវបាញ់ថ្នាំ ដាក់អ្វីចំនួនប៉ុន្មានអី។ អញ្ចឹងយើងកំពុងពង្រឹងយន្តការត្រួតពិនិត្យហ្នឹង ដោយសារសព្វថ្ងៃគណត្រួតពិនិត្យហ្នឹងមានគ្នាតែ ៥នាក់ទេ ត្រូវដើរ ៦០០ជាងហិកតា បូកជាមួយនឹងមួយក្រុមប្រឹក្សា ១១នាក់ទៀត។ អញ្ចឹងវារាងនៅតិចបន្តិចដែរ។ នៅពេលដែលយើងពង្រឹងបច្ចេកទេសហ្នឹង អនុវត្តបានគ្រប់គ្នាទៅ ពេលមានបច្ចេកទេសអីថ្មីៗមកទៀត ការប្តូរបច្ចេកទេសហ្នឹងក៏អាចលឿនដែរ។ ចំពោះមុខ ការអនុវត្តបច្ចេកទេសសហគមន៍ហ្នឹងមិនខុសទេ ព្រោះអីសព្វថ្ងៃនេះយើងដឹងរឿងការបាញ់បញ្ចេញផ្កា ថែទាំផ្កា ថែទាំផ្លែ។ បងប្រធានសហគមន៍អាចជួយពន្យល់បន្ថែមបន្តិចក៏បាន។ អញ្ជើញ។
ប្រធានសហគមន៍៖ ខាងមន្រ្តីកសិកម្មបានមកញឹកញាប់ដែរ ប៉ុន្តែទាក់ទងនឹងការអប់រំ យើងដាក់ជីរបៀបម៉េច តើការប្រើប្រាស់ជីត្រូវតាមគោលដៅដែរអត់។ កន្លងមក មន្រ្តីកសិកម្មក្រសួងក៏មក ថ្នាក់ខេត្តក៏អាចមកជួយមួយចំនួនដែរ ប៉ុន្តែទាក់ទងទៅនឹងបទពិសោធន៍ការថែទាំចន្ទីឲ្យចេញផ្លែមុនរដូវ បានផលមុនរដូវ កាត់បន្ថយបម្រែបម្រួលអាកាសធាតុ គឺអាស្រ័យលើសហគមន៍ជាអ្នកកំណត់។ ដូចខ្ញុំអី ធ្លាប់ឆ្លងកាត់ ៥ ទៅ ៦ឆ្នាំ យើងដឹងថាចន្ទីមានបញ្ហានៅខែណា។ ដើម្បីឲ្យចន្ទីផុតពីបញ្ហា តើយើងបាញ់ពីខែណាដល់ខែណា ដើម្បីឲ្យចន្ទីហ្នឹងចេញផ្កា។ ចន្លោះនោះមានបញ្ហាដូចជាស្វិតក្តឹប រាំងស្ងួតជ្រុល ធ្វើឲ្យចន្ទីមានស្វិត។
ការបង្កើតសហគមន៍នេះ គឺអាស្រ័យតែបទពិសោធន៍ពីសហគមន៍ផ្ទាល់ធ្វើទៅលើចន្ទី ដែលឲ្យចន្ទីហ្នឹងចេញផ្លែមុនគេ។ យើងធ្វើចន្ទីដោយចែកចេញជាបី៖ ទី១ អាយុ ៥ឆ្នាំចុះ យើងបាញ់ពីថ្ងៃប៉ុន្មាន ខែតុលា។ អាយុ ៨ ឆ្នាំឡើងទៅ យើងបាញ់ពីថ្ងៃទីប៉ុន្មានខែតុលា។ យើងត្រូវចែកចេញជា៣ ចាប់ពី៨ ឆ្នាំឡើងទៅ យើងត្រូវបាញ់ពីថ្ងៃទីប៉ុន្មាន អីប៉ុន្មានខែ១០ ឲ្យវាចេញផ្កានៅខែ១១។ ចេញផ្កាក្នុងខែ១១ ចេញក្តឹបក្នុងខែ១២ បានន័យថាពាក់កណ្តាលខែ១២ រហូតមកដល់ពាក់កណ្តាលខែ០១ នេះ គឺជាអាកាសធាតុសមស្រប។ អញ្ចឹងហើយ សហគមន៍ធ្វើទៅបានជោគជ័យ ដោយសារយើងយល់ពីដំណើររបស់ចន្ទីនេះ។ ក្នុងនេះ បងប្អូនមួយចំនួនធ្វើខុស ដោយសារ ទី១ កសិករនៅមានអាល់អែក អត់មានទំនុកចិត្តលើយើង។ អត់ទាន់ជឿជាក់។ នៅពេលចាប់ផ្តើម យើងឃើញបានផលមួយចំនួន បានន័យថា កសិករមាន ១៥៣ នាក់នេះ យើងគិតថាប្រហែលជា ១២០ ឬ១៣០(គ្រួសារ) ដែលធ្វើជោគជ័យ នៅតែ ២០នាក់ទៀតទេ ដែលធ្វើអត់ជោគជ័យ។ ហ្នឹងគឺជាបញ្ហាមួយដែលយើងត្រូវតែអប់រំគាត់បន្ថែម ដើម្បីពង្រឹងពីបច្ចេកទេសនេះបន្ថែមទៀត។
សម្តេចធិបតី៖ ប្រភេទស្វាយចន្ទី ៦០០ ហិកតា យើងដាំពូជដូចគ្នា ឬខុសគ្នា?
ប្រធានសហគមន៍៖ ជាទូទៅមានពូជ M23 និងមាន H09 តែប្រហែល ១% ទេ។ តិចទេ។ ក្នុង ៦០០ ហិកតាជាង ប្រហែលជាមិនដល់ ២០ហិកតាទេ។ សម្តេច។
សម្តេចធិបតី៖ ទីផ្សាររាល់ដងយ៉ាងម៉េច លក់ចេញ?
ប្រធានសហគមន៍៖ ចង់និយាយរាយការណ៍ប្រាប់សម្តេចបន្តិច។ ពីមុនមក ដែលយើងនៅរាយប៉ាយ កសិករគាត់លក់មាន ៣ដំណាក់កាល។ ទី១ ឈ្មួញហៅថាកូនកញ្ច្រែង ទិញពីចំការទៅ យកទៅលក់ឲ្យឈ្មួញមួយទៀត។ ឈ្មួញមួយទៀតហ្នឹងមិនមែនដឹកពីវៀតណាមតែម្តងទេ។ ឈ្មួញមួយទៀតហ្នឹង លក់ទៅឲ្យអ្នកទៅលក់នៅវៀតណាម បានន័យថាអស់ ៣បាត់ហើយ។ តែជាគោលការណ៍របស់សហគមន៍ បើសិនជាយើងធ្វើ គោលដៅគឺយើងលក់ពីសហគមន៍ចេញទៅក្រុមហ៊ុន ឬទៅដៃគូណាជាដៃគូនេះតែម្តង។ បានន័យថា យើងកាត់បន្ថយលក់ចំណេញបានពីរតំណ។ ហ្នឹងគឺគោលការណ៍ អ្វីដែលយើងបានគ្រោងទុក។
កសិករ៖ សូមគោរពសម្តេច សូមបង្ហាញអារម្មណ៍ផ្ទាល់ថ្ងៃនេះ។ ក្នុងនាមខ្ញុំបាទជាសមាជិកសហគមន៍ ជាពិសេសជនជាតិដើមភាគតិចកួយ នៅនេះផ្ទាល់មានការសប្បាយចិត្ត។ តំបន់នេះ ជាតំបន់ជនជាតិដើមភាគតិចកួយ ហើយបើពាក់ព័ន្ធស្វាយចន្ទី កន្លែងតំបន់ជនជាតិដើមភាគតិចកួយពីមុនមកច្រើនតែដាំដើមស្វាយចន្ទីខ្មែរ។ ជំនាន់ពុកម៉ែខ្ញុំ មាន ២៤ឆ្នាំហើយ … ជារួម ពីមុនពួកយើងអត់ដែលដឹងថា មានការចូលរួមជាសហគមន៍អញ្ចេះ បាញ់ថ្នាំអត់ដឹងដំណាក់កាលបាញ់យ៉ាងម៉េចទេ។ តាមធម្មជាតិចឹងវាពិបាក។ ពេលយើងត្រូវការជី បណ្តាក់គេ វាថ្លៃមិនដូចយើងយកពីសហគមន៍របស់យើង។ អត់មានការណែនាំទេ។ ដូច្នេះក្រោយពីយើងចូលជាសមាជិកសហគមន៍នេះ យើងស្តាប់តាមការណែនាំ យើងអាចតេសួរគណៈកម្មការ គាត់ណែនាំថាបាញ់បែបម៉េចៗ គាត់មកជួយពិនិត្យថែមទៀត។
ណាមួយងាយស្រួលពេលដែលយើងអត់ទាន់មានថវិកាប្រើប្រាស់ ដូចជាជី ថ្នាំអី គាត់ផ្តល់ឲ្យយើង។ គណៈកម្មការជួយប្រាប់ផង យើងអនុវត្តផ្ទាល់ផង ដូចបងស្រីគាត់ជាស្ត្រីជនជាតិដើមភាគតិចកួយដ៏ឆ្នើមជិះម៉ូតូកាត់ចុះឡើងនៅចំការគាត់។ គាត់ឃើញចំការបងផន ផ្លែទៅចូលសហគមន៍នឹងគេ ផ្លែដល់កហើយ គេបាញ់បែបម៉េច។ ជាពិសេសវិធីសាស្ត្រដាក់ជី។ គាត់មិនបានទៅមើលមែន ប៉ុន្តែយើងជាសមាជិក ត្រូវដឹងថាក្នុងការប្រជុំគាត់ប្រាប់យើងពេលដាក់ជីឲ្យទៀងទាត់ តែកុំឲ្យបាត់សំបកបេ។ គាត់ប្រាប់មួយដើមដាក់ប៉ុន្មាន មួយគីឡូ ៨ខាំ។ យើងព្យាយាមសួរគាត់។ ខុសបន្តិចបន្តួចអត់អីទេ កុំឲ្យថា ១០០%។
តំបន់ពួកខ្ញុំនេះ ជាតំបន់ជនជាតិដើមភាគតិច ភាគច្រើនស្តាប់គណៈកម្មការដែលគាត់ណែនាំយើងផ្ទាល់។ នៅតំបន់សហគមន៍ជនជាតិដើមភាគតិច មានទាំងគណៈកម្មការសហគមន៍ព្រៃឈើ គណៈកម្មការជនជាតិដើមភាគតិច ស្គាល់អត្តសញ្ញាណដែលយើងបានរៀបចំកន្លងមក។ គណៈកម្មការដឹកនាំបែបប្រពៃណី ពិធីឡើងអ្នកតា បុណ្យ ដូចជាក្នុងខែ៣ នេះ ពិធីក្នុងភូមិ មានរាំវង់រាំអីទៅ ហើយមានក្រុមសំដែងយីកេសំដែងអីទៅ។ និយាយពាក់ព័ន្ធនឹងស្វាយចន្ទីនេះ យើងដឹងថាបងប្អូនគាត់ចង់ចូលច្រើន។ អរគុណណាស់ខាងសហគមន៍យីកេធ្លាប់ខាងក្រសួងវប្បធម៌មកសំដែងពិធីបុណ្យអកអំបុក សំពះព្រះខែ បានសប្បាយ។ កិត្តិយសមែនទែន ធ្លាប់ជួបសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ដែលគាត់មកកម្មវិធីប្រាសាទសំបូរព្រៃគុក … (និយាយរឿងរាំសំដែងរបាំជនជាតិភាគតិច)។
ពីមុន ឃើញបងប្អូនយើងប្រជុំពាក់ព័ន្ធនឹងកម្មវិធីនេះ។ យើងចំណេញច្រើន ចំណេញពេលវេលាថែទាំ ហើយយកជី ហើយបានលុយសម្រាប់ជួលអ្នកដែលត្រូវបាញ់ថ្នាំ។ ពីមុនយើងជួល គាត់យកថ្លៃ។ បើយើងអត់ចូលជាសមាគមន៍ យើងជួលថ្លៃភូមិ ខ្ញុំអ្នកខ្លះ ១២ម៉ឺនរៀល ១០០០លីត្រ អាចដល់ ១៤ម៉ឺនរៀល។ តែយើងចូលអញ្ចេះ យើងដឹងវិធីសាស្ត្រ តែ ១ពាន់លីត្រ តែ ៨ម៉ឺនរៀលស្រួល។ បើសិនជាមានការលើកឡើងដូចឯកឧត្តមរដ្ឋមន្ត្រីថា យើងមានក្រុមអ្នកដែលត្រូវគាត់ជួលសម្រាប់តំបន់មួយល្វែងមានប្រមាណប្រហែល ៨០ហិកតា មានក្រុមគាត់ ៤នាក់ សម្រាប់ជួលអចិន្ត្រៃយ៍ ហ្នឹងក៏ល្អដែរ ងាយស្រួលសម្រាប់យើង។ ពេលខ្លះដូចកន្លែងខ្ញុំជួល រកមនុស្សអត់បាន យើងត្រូវការបាញ់ រកមនុស្សអត់បាន តេទៅនេះស្ងាត់ ទៅនោះស្ងាត់ គេរវល់ដែរ ហើយបើបាញ់រៀងៗខ្លួន យើងទិញជីពីកន្លែងគេលក់ ដេប៉ូនីមួយៗវាថ្លៃជាងយកពីសហគមន៍របស់យើង។ កន្លងមក ខ្ញុំផ្ទាល់បាញ់។ ខ្ញុំតេសួរគាត់។ បើមើលឃើញការប្រែប្រួល ស្វាយចន្ទីក្រៀមអីបន្ដិចបន្ដួច ខ្ញុំ(តេ)សួរគាត់ភ្លាម។ គាត់មកមើលថែមទៀត។ បើពីមុនអត់ទេ។ (លក្ខណៈ)ថាតាមទំនើងចិត្ត។ អ្នកណាបាញ់ចង់មកមើលៗទៅ អត់បាញ់អត់បាញ់ទៅ។ ប៉ុន្ដែឆ្នាំនេះ សូម្បីភរិយាខ្ញុំនិងកូនខ្ញុំ(និយាយភាសាកួយ) ថាពុកឆ្នាំនេះចន្ទីយើងផ្លែច្រើនម្ល៉េះ។ គេថាគេពេញចិត្ត កូនខ្ញុំ។ ខ្ញុំនាំទៅមើល។ ភាសាមានពីរ និយាយខ្លះកុំឲ្យថាបងប្អូនអត់បានស្ដាប់។
ថ្ងៃនេះមានកិត្តិយស។ មិននឹកស្មាន។ ទោះបីពួកខ្ញុំជាគណៈកម្មការសហគមន៍ជនជាតិដើមភាគតិច មានបំណង ចង់ជួបឯកឧត្តមអភិបាលខេត្តថ្ងៃណាមួយ កាត់ចុងសោម ដកផ្សិត បេះផ្លែគុយ យកផ្ញើឯកឧត្តម។ ចង់ធ្វើម្ហូបកួយ អង្ករកួយដើម្បីទុកជាអនុស្សាវរីយ៍ ព្រោះកាលពីឯកឧត្តមអភិបាលខេត្តមុន ឯកឧត្តម សុខ លូ គាត់មកផ្ទាល់។ មកមើលបងប្អូនធ្វើផ្គាក់ កាំបិត ពូថៅ គាត់មកជាវដាវ។ ដំដាវឲ្យគាត់។ នឹងកាលពីគាត់មិនទាន់ចេញទៅបាត់ដំបង។ ឯកឧត្តម នួន រតនៈ គាត់មកបានម្ដងដែរ ប៉ុន្ដែឯកឧត្តមអភិបាលថ្មី នួន ផារ័ត្ន ថ្ងៃណាអញ្ជើញមកម្ដង មកជួបជនជាតិដើមភាគតិច។ ប្រហែលជាពិធីបុណ្យភូមិអីធំ និងបុណ្យឆ្លងសាលា ព្រោះឆ្នាំនេះ យើងធ្វើសាលាសហគមន៍ជនជាតិដើមភាគតិច។ យើងចំនាយអស់ ៤ ម៉ឺន(ដុល្លារ) ធ្វើរួមគ្នាមួយគ្រួសារ ២០ ម៉ឺន(រៀល)។ យើងធ្វើ(រួមគ្នា) ហើយប្រុងឆ្លង។ អាចអញ្ជើញឯកឧត្តមចូលរួមសម្ពោធឆ្លង។ សប្បាយចិត្តបានជួប(សម្ដេចធិបតី)ដូចកើតម្ដងទៀត ហើយមិននឹកស្មាន(ជួបសម្ដេចទេ)។ អម្បាញ់មិញចំនាំឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ដល់ងាកម្ដងទៀតក៏ឃើញសម្ដេចមហាបវរធិតីមកដែរ … ចន្ទី ៣ ហិកតា បាន(លុយ) ១ លាន ៥០ម៉ឺន បានមួយរួចហើយជំពាក់កំលាំងទៀត។ បងប្អូនណាមានយោបល់ទៀត។ ខ្ញុំឃើញបច្ចុប្បន្ននេះ រីកចំរើនច្រើនសំរាប់សហគមន៍យើង។
សម្ដេចធិបតី
៖ សួរថាចំណាយ(ថ្លៃ)ដើមដែលយើងដាំ ពីមុន(ពេល)ដែលយើងចូលសហគមន៍ប្រហែលអស់ប៉ុន្មាន? ហើយ(ក្រោយពេលចូលសហគមន៍)អាចកាត់បន្ថយសល់ប៉ុន្មាន?
កសិករ៖ ពីមុនចូលសហគមន៍ យើងចំណាយច្រើន។ ឧទាហរណ៍ដូចជាជីប្រើច្រើន។ យើងយកពីគេបណ្ដាក់មួយបេ បើយើងទិញផ្ទាល់ ១៥ម៉ឺនរៀល (ប៉ុន្ដែ)គេយក ១៨ម៉ឺនរៀល អាក្បាលក្របី។ បើអាតំលៃ ៩ម៉ឺនរៀល គេយក ១៣ ទៅ ១៤ម៉ឺនរៀល គិតពីថ្ងៃយើងដាក់រហូតដល់ថ្ងៃបេះស្វាយចន្ទីឲ្យគេ។ ដល់ពេលបានចន្ទី ដូចជាភូមិខ្ញុំគេមានឈ្មួញអ្នកទិញ ៣ ឬ៤ នាក់ មកទិញដល់យើងផ្ទាល់។ អញ្ចឹង យើងជំពាក់ត្រូវតែឲ្យគេ ដូចគេមកកាត់យក ហើយគេទំលាក់តំលៃយើងទៀត ដូចជាគេទិញអ្នកផ្សេងតំលៃ ៤ ៥០០រៀល/គក គេឲ្យយើងតែ ៤ ០០០ទេ ទោះបីជាយ៉ាងណា យើងត្រូវបង្ខំចិត្តលក់ឲ្យគាត់ ព្រោះយើងជំពាក់គាត់។ អ្នកខ្លះ (សង)អត់គ្រប់ ជំពាក់តដល់ឆ្នាំក្រោយទៀត។ អញ្ចឹង វាចេះតែ(កើន)បំណុល។ ជាក់ស្ដែងអ្នកភូមិខ្ញុំផ្ទាល់ ៤៧០ គ្រួសារ មាន ១ ៨០០ នាក់ជាង ឃើញអញ្ចឹងជាក់ស្ដែង។ ដូចបងស្រីថាហូបឈ្នួលទៅចន្ទីមួយឆ្នាំបានតែប៉ុណ្ណឹងទេ។
សម្ដេចធិបតី៖ ឥឡូវឆ្នាំនេះចូលសហគមន៍ យើងឃើញថាយ៉ាងម៉េចដែរ?
កសិករ៖ ចូលសហគមន៍ហើយ ឃើញថាយើងកាត់បន្ថយធៀបនឹងការចំណាយ។
សម្ដេចធិបតី៖ ជីយើងយកពីសហគមន៍?
កសិករ៖ ជី និងថ្នាំបាញ់សត្វល្អិតអី យើងយកពីសហគមន៍ដែរ ហើយអត់ចំណាយលុយផ្ទាល់។ កាលពីមុនខូចខាតចេញលុយខ្លួនឯង (បើ)អត់ទៅខ្ចីលុយខាងឯកជន (ហៅថា)លុយរាប់។ អត់លុយរាប់ (ខ្ចី)លុយអង្គការ ដោយសារយើងអត់មានត្រូវការបាញ់ទាក់ទងហានិភ័យសន្សើមប្រៃ សត្វល្អិតផ្សេងៗ។ ឥឡូវគណៈកម្មការថាបាញ់ ៧ ថ្ងៃ ១០ថ្ងៃ។ ដល់ពេលយើងទៅសួរគាត់ថា ខ្ញុំត្រូវបាញ់ទៀតហើយសុំថ្នាំ គាត់ធ្វើវិក័យបត្រឲ្យ គាត់មួយយើងមួយ យកមកទុកទៅ ចាំបូកសរុបថ្ងៃណាដែលយើងមានពេលទំនេរ។ បូកសរុបថាឥឡូវអស់ប៉ុន្មាន? ដូចខ្ញុំផ្ទាល់មកដល់ពេលនេះ អស់ ២លានរៀលបន្ដិចបន្ដួច បូកទាំងថ្លៃថ្នាំថ្លៃជី។ បើឆ្នាំទៅ យើងចំណាយលើសនេះ។ ខ្ញុំដូចជានៅបាញ់ ២ដងទៀត គ្រប់ ៩ដង។ ជម្រាបសម្ដេច គេតំរូវឲ្យយើងបាញ់ ៩ដង ហើយដូចគណៈកម្មការគេពន្យល់យើង ទាំងលុយរើស តែងមែក ដាក់ជី អីគេមានគិតឲ្យយើងស្រេច។ អញ្ចឹង យើងកាត់បន្ថយចំណាយគ្រួសារ (បានសោហ៊ុយ)កូនចៅទៅរៀនសូត្រផង។ ប្រសិនបើយើងយកលុយផ្ទាល់ចំណាយទៅទៀត ទប់ទល់អត់បានទេ សម្ដេច។
សម្ដេចធិបតី៖ ថ្ងៃនេះ(ខាងថ្នាក់ដឹកនាំខេត្ត)មក។ សង្ឃឹមថាយើងនឹងមកច្រើនដង។ យើងរៀបចំកន្លែងនេះជាសហគមន៍។ (៦) ក្រសួងកសិកម្មត្រូវធ្វើឲ្យបងប្អូននៅសហគមន៍ទំនើបជោគជ័យ។ ដើម្បីជោគជ័យទាល់តែយើងចុះមកជាប់។ អញ្ចឹង បន្ដិចទៀតឃើញឯកឧត្តម នួន ផារ័ត្ន ចុះមកច្រើន មិនមែនចុះមកតែថ្ងៃហ្នឹងហើយបាត់ទេ។ មកជាប់ មកតាមមើល មានអីដោះស្រាយ យើងជួយ ហើយសហគមន៍ទៅចរចាទិញជីមកទុកសំរាប់(កសិករ)។ ចង់សួរបន្ដិចថា ពេលដែលយើងរៀបសហគមន៍ជាមួយក្រសួង តើយើងមានការសំរេចចិត្តអី តើសហគមន៍អ្នកធ្វើ ឬក្រសួង? ការសំរេច អីបច្ចេកទេសការបាញ់អីស្អីហ្នឹង គឺសហគមន៍។ មានអ្នកណាមានអីទៀតទេ ខ្ញុំចង់ស្ដាប់ឲ្យបានច្រើនបន្ដិច។
ប្រធានសហគមន៍៖ សុំបកស្រាយ ដោយសារតែអម្បាញ់មិញគាត់ថា គាត់បាញ់ថ្នាំ គាត់ជួលគេជួលឯង ប៉ុន្ដែគំរោងសហគមន៍យើងមកថ្មីនេះ មានគោលការណ៍រួចស្រេចហើយ។ មួយតំបន់ទិញគោយន្ដមួយសំរាប់ទុក(ប្រើប្រាស់)។ ប្រសិនបើបងប្អូនណាអត់មានសំភារៈប្រើប្រាស់ បាញ់ថ្នាំបាញ់អីទេ យើងនឹងមានរៀបចំក្រុមមួយទុកសឺគួ ឲ្យបងប្អូនដែលជួបប្រទះរកម៉ាស៊ីនបាញ់ថ្នាំមិនបាន ព្រោះយើងបានដាក់ហើយថា មួយក្រុមមានមួយសឺគួររួចស្រេចដែលប្រាក់កម្ចី ៤០ ទៅ ៦០ យើងដាក់រួចស្រេចហើយ។ មានតែប៉ុណ្ណឹងទេ ដើម្បីបងប្អូនជ្រាប។
សម្ដេចធិបតី៖ នៅក្នុងផែនការរដ្ឋាភិបាល ខេត្តកំពង់ធំ(មានដាំស្វាយចន្ទីច្រើនជាងគេ)។ (៧) យើងដាំស្វាយចន្ទីច្រើនខេត្តនៅព្រះវិហារ ត្បូងឃ្មុំខ្លះ តែកំពង់ធំច្រើនជាងគេ។ មាននៅបាត់ដំបង មាននៅអីបន្ដិចបន្ដួច។ ទៅមុខទៀតយើងនឹងមានរៀបចំជាមជ្ឈមណ្ឌលសួនឧស្សាហកម្មធំ ដើម្បីយើងធានាថា កាត់បន្ថយការហូរចេញស្វាយចន្ទីទៅក្រៅ (ប្រទេស)ជិតខាង ដើម្បីនាំចេញបន្ដ (ដោយវាយផ្លាករបស់គេ)។ យើងចង់រកទីផ្សារផ្ទាល់ពីយើងទៅ។ ក្រុមហ៊ុនជប៉ុនមួយគ្រោងនឹងពង្រីកការនាំចេញស្វាយចន្ទី ២ម៉ឺនតោន។ អម្បាញ់មិញ ចូលមក ខ្ញុំឃើញក្រុមហ៊ុនជប៉ុនមួយ ដែលគាត់ថាគ្រោងនឹងពង្រីការនាំចេញ ២ម៉ឺនតោន។ លែងចេញទៅណាហើយ គឺទិញពីយើងនៅទីនេះ យកទៅធ្វើនៅរោងចក្រ ហើយនាំចេញទៅជប៉ុន និងអឺរ៉ុបតែម្ដង។ អញ្ចឹងបានន័យថា តំលៃកាន់តែអាចធានាបាន ប៉ុន្ដែទាល់តែអ្នកផលិតហ្នឹងចងក្រងគ្នាដែរ ដើម្បីគាត់អាចធ្វើកុងត្រាបាន។ ក្រុមហ៊ុនមួយដែលទិញ ២ម៉ឺនតោន មិនអាចទៅកុងត្រាជាមួយកសិករ ៣ម៉ឺននាក់ ឬមួយមួយម៉ឺន មួយពាន់នាក់ដាច់ដោយឡែក មួយពាន់កុងត្រាទេ។ តែបើយើងចងក្រងគ្នាអាចធ្វើការបាន។
ទៅថ្ងៃក្រោយនេះ យើងនឹង (៨) រៀបចំជាសួនឧស្សាហកម្មសំរាប់ប្រមូលការវិនិយោគធំៗ មកធ្វើការវិនិយោគកែច្នៃនៅក្នុងខេត្តកំពង់ធំ។ ខ្ញុំបានឲ្យក្រុមការងារចុះឆែកមើលខេត្តណាខ្លះគួរដាក់ ហើយយើងសំរេច(ដាក់)នៅខេត្តកំពង់ធំ។ អញ្ចឹង ទៅមុខទៀត កន្លែងផលិតកំរិតអន្ដរជាតិនឹងមកកាន់តែក្បែរបងប្អូននៅទីនេះ។ អញ្ចឹងការប្រមូលមកនេះ បានន័យថា ផលិតនៅខេត្តកំពង់ធំ ចូលរោងចក្រធំៗនៅខេត្តកំពង់ធំ ហើយនាំចេញទៅអឺរ៉ុប អាមេរិក … អញ្ចឹងតំលៃអាចធានាបានខ្ពស់ជាងបច្ចុប្បន្ន ថេរជាងបច្ចុប្បន្ន អត់ចាំបាច់ពីរបីតទេ។ ឥឡូវ យើងយកក្រុមហ៊ុនជប៉ុនមកនេះ និងក្រុមហ៊ុនសិង្ហបុរី ហើយដូចមានអឺរ៉ុបមួយដែរ ដែលចង់មកយកស្វាយចន្ទីកម្ពុជានាំចេញទៅក្រៅ។ ឥឡូវយើងមាននាំចេញទៅខ្លះហើយដាក់កំប៉ុងអីនាំទៅក្រៅ ប៉ុន្ដែនៅតិចនៅឡើយ។ អញ្ចឹងសួរគេមកនៅឯណា? គោលដៅរបស់រាជរដ្ឋាភិបាលមិនចង់ឲ្យគេទៅដាក់បន្ដិចៗគ្រប់ខេត្តទេ គឺប្រមូលផ្ដុំមកមួយកន្លែង ហើយខេត្តកំពង់ធំជាខេត្តគោលដៅ(ស្វាយចន្ទី)។ ហើយទៅមុខទៀតទីផ្សារគឺនៅកំពង់ធំនឹងហើយ។ បងស្រីអម្បាញ់មិញថា ធ្វើម៉េចរកទីផ្សារមក។ យើងទៅរកទាញទីផ្សារមកដាក់ខេត្តកំពង់ធំ។
យើងបានរៀបចំកិច្ចការនេះ។ មិនមែនថាគ្រាន់តែរៀបចំជាគោលនយោបាយទេ។ ឥឡូវមានប្រតិបត្ដិការក្រុមហ៊ុនជប៉ុន ក្រុមហ៊ុននានាកំពុងដំណើរការបណ្ដើរៗហើយ គ្រាន់តែយើងចងក្រងឲ្យបានកាន់តែប្រសើរ។ ដូចដែលបាននិយាយអញ្ចឹង អ្នកទិញមួយ ប៉ុន្ដែអ្នកផលិតត្រូវចងក្រង(ជាសហគមន៍) ដើម្បីមានប្រសិទ្ធភាព ព្រោះនាំចេញទៅក្រៅអញ្ចឹង គេត្រូវការគុណភាពឲ្យថេរ។ អត់អាចចុះមក ១០០០ហិកតា ៥០ហិតតា ផលិតពូជនេះ ៥០ ហិកតា ផលិតបច្ចេកទេសនោះ(ខុសគ្នាទេ)។ អញ្ចឹង (៩) បើយើងបានចងក្រងគ្នាកាន់តែច្រើន ស្ដង់ដារតែមួយ ផលិតតែមួយ ដាក់ជីតាមស្ដង់ដារ អញ្ចឹងល្អ។ ដើម្បីឲ្យកសិករយើងលក់(ផលិតផល)បានថ្លៃ ទាល់តែអាច(ផលិតបាន)ធ្វើតាមស្តង់ដារ។ ហ្នឹងហើយបានយើងរៀបចំសហគមន៍ ដើម្បីរដ្ឋអាចធ្វើការជាមួយសហគមន៍ ជួយឲ្យបងប្អូនកសិករឲ្យតាមស្តង់ដារ បើមិនអញ្ចឹងយើងពិបាក។
នេះគឺដំណោះស្រាយ។ បើមិនអញ្ចឹងទេយើងនៅតែរត់ឡើងចុះ វាដូចលក់ពីរ ឬបីតង់ដូចរាល់ថ្ងៃអញ្ចឹង។ អញ្ចឹងតម្លៃយើងមិនសូវបានថ្លៃ។ ហ្នឹងដែលពីដំបូងបងស្រីសួរថាធ្វើម៉េចធានាតម្លៃ? ធានាតម្លៃមិនមែនបានន័យថាមួយឆ្នាំៗយើងគុណលេខ ហើយថែមលុយឲ្យគ្រប់ទេ។ យើងត្រូវធ្វើម៉េចធានាទីផ្សារ ធានាអ្នកទិញ ធានាគុណភាព។ ឥឡូវយើងដាក់បង្វិលនៅក្នុង ៦៤៤(ហិកតា) ១៥៣នាក់ ហើយបើជោគជ័យជាងនេះទៀត ប្រហែលជាអាចកើនច្រើន។ នៅទីនេះប៉ុន្មាននាក់ ប៉ុន្មានគ្រួសារដែលសរុបនៅទីនេះ? ៦ តំបន់ ក្រុមទី ១។ តែក្រុមទី ១ ជោគជ័យចាប់ផ្តើមមកទៀតហើយ។ អញ្ចឹងគាត់ទៅរកលុយថែម។
ថ្ងៃនេះ ចុះមកសួរផ្ទាល់ផង សំខាន់បងប្អូនបានប្រាប់ពីជោគជ័យ។ ឥឡូវខ្ញុំចង់ស្តាប់ពីបញ្ហាប្រឈមអីទៀត? រឿងជោគជ័យខ្ញុំស្តាប់ពីក្រសួងហើយ។ ខ្ញុំចង់ស្តាប់ពីបញ្ហាអី្វទៀត ដែលអត់រលូន មិនល្អ។ វាមិនអាចស្អីល្អឥតខ្ចោះទេ តែសំខាន់យើងស្តាប់គ្នា យើងរកបញ្ហាទាំងអស់គ្នា រកដំណោះស្រាយទាំងអស់គ្នា។ មែនទេ?។ ឆ្នាំទៅ យើងចំណាយខ្ពស់កាលមិនទាន់ចូល(សហគមន៍) ឥឡូវចូលឆ្នាំទី ១ យើងកាត់បន្ថយចំណាយ តែនៅតែរអាក់រអួលរឿងទូទាត់ខ្លះ។ អញ្ចឹងដើរទៅថ្ងៃក្រោយកាន់តែរលូន កាន់តែគ្នាច្រើន។ បើកាន់តែគ្នាច្រើន ចរចាជីកាន់តែធ្លាក់ទៀត។ ហ្នឹងជារូបមន្តមួយដែលសំខាន់។ មើលខ្ញុំចង់ស្តាប់បងប្អូន នៅទីនេះសុទ្ធតែជនជាតិទាំងអស់ឬអី? (១០) តែសហគមន៍នេះជោគជ័យ ទូទាំងប្រទេសបង្កើតសហគមន៍ដែរ។ ត្រៀមឲ្យហើយ។ យើងត្រូវធ្វើម៉េចឲ្យជោគជ័យទាំងអស់គ្នា ហើយអត់សម្រាប់អ្នកណាទេ ជោគជ័យសម្រាប់បងប្អូនហ្នឹងឯង។ ហ្នឹងដែលខ្ញុំប្រាប់ថា ជោគជ័យសហគមន៍គឺដោយសារបងប្អូន ព្រោះខាងក្រសួងបានតែត្រឹមជួយបច្ចេកទេស ប៉ុន្តែធ្វើមែនទែនទាល់តែបងប្អូននៅទីនេះ។
អញ្ចឹងទាល់តែឯកភាពគ្នាថា បើសហគមន៍ឯកភាពធ្វើអី ស្តង់ដាររួម យើងធ្វើជាមួយគ្នា។ បើមិនអញ្ចឹងទេ សហគមន៍លែងទៅជាសហគមន៍ហើយ។ សហគមន៍ដែលខ្ញុំនិយាយហ្នឹង គឺថា (១១) ប្រែក្លាយពីអ្នកធ្វើម្នាក់ដាច់តែឯងមកធ្វើរួមគ្នារាប់រយរាប់ពាន់គ្រួសារ។ អញ្ចឹង ទាល់តែទាំងអស់គ្នាឯកភាពគ្នាតាមគោលការណ៍ហ្នឹង អាចទទួលបានទេ ឥឡូវ? បាន រួមចិត្ត រួមគំនិតកុំឲ្យថាទេស្រាប់តែពាក់កណ្តាលធ្វើអញ្ចេះ ស្រាប់តែមួយក្រុមគាត់ថាអត់ធ្វើទេ លេងក្បាច់នេះវិញ។ ហ្នឹងសហគមន៍លែងនៅជាមួយគ្នាដោយសារលែងទុកចិត្តគ្នា។ សំខាន់សហគមន៍ទុកចិត្តគ្នា បើសហគមន៍ទុកចិត្តគ្នាបានទៅចរចាជាមួយនឹងអ្នកក្រៅ គេឲ្យមកទុកចិត្តសហគមន៍។ មែនអត់? បើមេសហគមន៍ទៅចរចាសុំខ្ចីលុយ ប្រាប់ថាឥឡូវយើងអនុវត្ត ឬមួយក៏យកជីយកអីមកអនុវត្តតាមហ្នឹង ឬមួយកុងត្រាទិញ ឧទាហរណ៍ ថ្ងៃក្រោយមានផ្សារ lucky គេមកកុងត្រាទិញពីសហគមន៍ហ្នឹង។ សហគមន៍ថាឥឡូវធានាថាផលិត M23 ឲ្យប៉ុណ្ណេះ កុងត្រាតម្លៃ ហើយបើសិនជាដល់ពេលម៉ោងលក់ស្រាប់តែអ្នកនៅសហគមន៍ថាអត់ទេ ខ្ញុំអត់គោរពតាមកុងត្រាហ្នឹង។ គេលែងមកហើយ។ អញ្ចឹងទាល់តែឯកភាពគ្នា។ ត្រូវទេ? ទាល់តែឯកភាពគ្នាហើយយើងចង់បានចំណុចហ្នឹង។ ស្រុះគ្នាទាល់តែមានការទុកចិត្តជាមួយគ្នា។ យើងឯកភាពគ្នា រដ្ឋក៏ជួយបាន។ យើងអត់ពឹងដង្ហើមគេដកទៀត …។
(១២) យើងចង់ផលិតនាំចេញទៅអឺរ៉ុបទៅអីខ្លួនឯង។ ផលិតក្នុងស្រុក ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជាជាងនាំចូល។ ហ្នឹងដែលសំខាន់។ ជាជាងរបស់យើងហូរចេញទៅក្រៅ វាយផ្លាកគេ យកមកលក់(ឱ្យយើងវិញ)។ យើងដាក់ផ្លាកផលិតផលនៅស្រុកខ្មែរ ឥឡូវផ្សារនៅបារាំងនៅអីមានផលិតផលស្វាយចន្ទី នៅចិននៅអីមានផលិតផលស្វាយចន្ទី direct ពីស្រុកយើង។ អត់ពឹងដង្ហើមគេដក ហើយខ្ញុំចង់ឲ្យរីកកាន់តែធំឡើង។ ខ្ញុំចង់ឃើញសហគមន៍កំពង់ធំដើរតួនាទីសំខាន់ ព្រោះសម្រេចយកសួនឧស្សាហកម្មមកដាក់នៅទីនេះដើម្បីជំរុញស្វាយចន្ទីនៅកំពង់ធំនាំមុខគេនៅកម្ពុជា។ ទាល់តែកសិករស្រុះគ្នា បើយើងមិនស្រុះគ្នា អត់ឈ្នះគេទេ។ យើងអត់ស្រុះគ្នា យើងអត់មានកម្លាំងសម្រាប់ផ្គត់ផ្គង់តម្រូវការទេ។ អញ្ចឹងចាប់ផ្តើមពីតូច ពី ១០០គ្រួសារ ស្រុះគ្នាសិន។ ពី ១០០ គ្រួសារស្រុះគ្នាជារូបមន្ត ជាឧទាហរណ៍សម្រាប់ ១០០០ គ្រួសារ copy តាម។ ហ្នឹងហើយដែលយើងនឹងជោគជ័យ។ ហើយបើ ១០០០ គ្រួសារ ចូល ១០០០០ គ្រួសារដាំស្វាយចន្ទីរាប់សែនហិកតាស្រុះគ្នា អាហ្នឹងហើយយើងជោគជ័យ។ នេះជាអ្វីដែលខ្ញុំគាំទ្រចំពោះការចងក្រងសហគមន៍កសិកម្មទំនើបនេះ។
រដ្ឋជួយតែពីដំបូង។ ពេលដែលសហគមន៍ដើរ សហគមន៍នឹងមានទុនសម្រាប់បង្វិលខ្លួនឯង លែងលំបាកហើយ។ ពេលដែលយើងមាន ខ្ញុំមិនដឹងថា យើងនឹង set មួយចំនួនសម្រាប់(បង្វិល)។ ពេលនោះសហគមន៍ទៅជាតួអង្គមួយដែលជួយចរចាជាមួយនឹងធនាគារជាមួយខ្លួនឯងបាន។ យើងមានទុនគេទុកចិត្តហើយ។ យើងជោគជ័យហើយ។ អញ្ចឹងរដ្ឋយើងជួយពីដំបូង មួយឆ្នាំ ពីរឆ្នាំ បីឆ្នាំ ឲ្យសហគមន៍រឹងដៃ រឹងជើងខ្លួនឯង។ អញ្ចឹងពឹងផ្អែកលើបងប្អូនហ្នឹងឯង។ ស្រុះគ្នា យល់គ្នា ទុកចិត្តគ្នា ថ្ងៃក្រោយអត់លំបាក។ អត់អាចថា ៤០ឆ្នាំ ក្រសួងនៅតែអន្តរាគមន៍ដូចឥឡូវនោះទេ។ ដំបូងឡើយយើងអន្តរាគមន៍ច្រើនយើងជួយច្រើន។
ថ្ងៃក្រោយយើងបន្ថយ ព្រោះពេលហ្នឹងសហគមន៍ម្ចាស់ការខ្លួនឯង ទាំងបច្ចេកទេសទាំងអី។ មានអ្នកបច្ចេកទេសចេះខ្លួនឯងអស់ហើយ។ (១៣)ក្រសួងត្រឹមតែអន្តរាគមន៍ជួយមួយឆ្នាំ ពីរឆ្នាំ ដំបូង។ ក្រោយពីបងប្អូនចេះហើយ លើកលែងតែថាមានបច្ចេកទេសថ្មី ដែលយើងមកជួយបន្ថែម សហគមន៍មានអ្នកបច្ចេកទេសខ្លួនឯង។ កសិករម្នាក់ៗជាអ្នកបច្ចេកទេស។ ឥឡូវយើងគ្រាន់តែជួយតម្រង់ទិសឲ្យត្រូវ បន្តិចទៀតតែម្តង គឺវិធីសាស្រ្តថ្មី ហើយយើងនឹងបន្តជួយរឿងកិច្ចការនេះ។ មានអីទេ ថែមបន្តិចមក។
កសិករ៖ ខាងក្រសួង ទៅមុខទៀត ចង់ឲ្យឯកឧត្តមរដ្ឋមន្រ្តី ជួយផលិតសម្ភារៈសម្រាប់បាញ់ថ្នាំឲ្យបានទំនើបបន្តិច ដោយសារបច្ចុប្បន្នកសិករយើងបាញ់ផ្ទាល់ វាមានសើម មានសាច អញ្ចឹងយើងទៅជួលគេ។ គេអត់ចង់មកដែរ ព្រោះជាតិពុល។ អញ្ចឹងចង់ឲ្យមានបច្ចេកទេសណាដែលថាឲ្យផុតពីមនុស្សបន្តិច។ បើមានសម្ភារៈឲ្យទំនើបព្រោះគេថា drone រុកព្រៃ។ បើរុកព្រៃយើងពិបាកដែរ បើសិនជាមានអីដែលល្អ ព្រោះជាក់ស្តែងពិតជាអញ្ចឹងមែន កន្លងមកមានអ្នករងគ្រោះពុលដោយសារថ្នាំហ្នឹងដែរ។ បើមិនបាន drone ក៏បានដែរ ឲ្យតែបានសម្ភារៈណាមួយរាងថាសមរម្យផុតពីការរងគ្រោះអាចបាន អរគុណសម្តេច និងឯកឧត្តម។
ឯកឧត្តមរដ្ឋមន្រ្តី៖ អត់អីទេ សម្ភារៈគឺទៅតាមហ្នឹង។ ដូចខ្ញុំលើកពីខាងដើម យើងជជែកគ្នាសុំឡាន ខ្ញុំក៏ប្រាប់ដែរថាគិតទៅឲ្យតែឡានហ្នឹងវាចំណេញ យើងដាក់ឲ្យហើយ។ អញ្ចឹង សម្ភារៈនេះដូចគ្នា។ យើងចេះលៃលក។ ថ្ងៃហ្នឹងក៏មាន CEO មកដែរ។ ការលៃលកហ្នឹងយ៉ាងម៉េច? សម្ភារៈខ្លះត្រូវមានខ្លួនឯង ទៅទិញខ្លួនឯង។ យើងត្រូវរៀបចំដាក់លុយទិញ។ របស់ណាត្រូវជួលគេយើងដាក់លុយជួល។ ដូចការបាញ់ថ្នាំអីអញ្ចឹង ខ្ញុំសួរថ្ងៃហ្នឹង មកជួបគ្នាចង់សួរថារាល់ដងបាញ់ថ្នាំបាញ់របៀបម៉េច។ មានមួយក្រុមជួលគេ មានមួយក្រុមដាក់ខ្លួនឯង។ អញ្ចឹងរបៀបរបបនេះឲ្យតែសហគមន៍ត្រូវគ្នាថា ចុងក្រោយយើងសម្រេចជាមួយគ្នាថា យើងជួលគេរបៀបនេះ អញ្ចឹងយើងជួលរបៀបហ្នឹងយើងគិតតម្លៃ។ បើយើងនិយាយថាទេ យើងត្រូវការទិញសម្ភារៈហ្នឹងយកមកប្រើខ្លួនឯង អញ្ចឹងឲ្យស្រុះគ្នា។ អញ្ចឹងឲ្យស្រុះគ្នាហើយ ខ្ញុំចាំតែជួយទេ។
ឥឡូវពិភាក្សាគ្នាទៅ បើនៅចង់ប្រើសេវាកម្មមានស្រាប់នៅទីនេះ យើងប្រើសេវាកម្មមានស្រាប់។ សហគមន៍នេះ ខ្ញុំគិតអញ្ចេះ កុំឲ្យថាធ្វើសហគមន៍ហើយយើងកាត់ដៃកាត់ជើងអ្នកផ្សេងៗធ្លាប់រកស៊ីបាន។ ឧបមាថានៅទីនេះ ដូចបងស្រីអញ្ចឹងក្រៅពីធ្វើចន្ទីខ្លួនឯងក៏គាត់ដើរបាញ់ថ្នាំ។ បងថាដើរហូបឈ្នួល។ បើសិនជាខ្ញុំដាក់ឥវ៉ាន់មកពេញហ្នឹងអ្នកហូបឈ្នួលនៅទីនេះដាច់ជើងធ្វើការ។ អញ្ចឹងបានខ្ញុំសុំឲ្យមើលជាមួយគ្នា មិនមែនយើងទំនើបតែយើង សប្បាយតែយើង ប៉ះពាល់ដល់អ្នកដែលមានបញ្ហា មានតម្រូវការ។ អញ្ចឹងសូមពិភាក្សាគ្នាទៅតើផ្នែកណាដែលត្រូវការអ្នកហូបឈ្នួល ផ្នែកណាដែលយើងត្រូវការខ្លួនឯង ដើម្បីឱ្យសហគមន៍នេះបន្តិចម្ដងៗ វិរដ្ដទៅត្រូវគ្នា។ កុំអោយសហគមន៍លេចធ្លោតែឯង ងាប់អ្នកហូបឈ្នួលអស់។ អោយតែសហគមន៍ស្រុះស្រួលគ្នា ពួកយើងចាំជួយ។ ធ្វើអីក៏បាន។ បើសហគមន៍អត់ស្រុះស្រួលគ្នា ពួកយើងមិនអាចដាក់អីទៅដើម្បីអោយយើងបែកគ្នាក្នុងសហគមន៍ទេ។ ចង់បានអាហ្នឹង ប៉ុន្តែមានបងៗមួយចំនួនទៀតគាត់អាចចង់បានអីមួយចំនួនទៀត។ ខ្ញុំចាំស្ដាប់សំណូមពរសហគមន៍ មិនមែនសំណូមពរម្នាក់ៗក្នុងសហគមន៍ដែលមិនមែនជាជំហរួមនៅឡើយទេ។
នាយកប្រតិបត្តិតំណាងអោយសហគមន៍ទាំង៣៖ សូមគោរពសម្ដេចធិបតីនិងឯកឧត្តមអភិបាលខេត្ត។ នាងខ្ញុំ តារា គឺជានាយកប្រតិបត្តិតំណាងអោយសហគមន៍ទាំង៣។ សម្រាប់អារម្មណ៍ខ្ញុំផ្ទាល់ វាជាការងារទី១ ហើយជាបទពិសោធន៍ថ្មីស្រាប់ខ្ញុំ តែនៅពេលដែលខ្ញុំបាន Apply មកធ្វើការនៅទីនេះ មានអ្នកខ្លះថាមកធ្វើអីការងារហ្នឹងគ្រាន់តែជាការសំដែងរបស់គេទេ? ខ្ញុំមានអារម្មណ៍ចង់ចូលធ្វើ។ បន្ទាប់ពីខ្ញុំបានមកធ្វើការមួយរយៈពេលខ្លីទេ ខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយចិត្តខ្លាំង។ ខ្ញុំអរគុណដល់ក្រសួងកសិកម្ម ជាពិសេសរដ្ឋាភិបាល។ អារម្មណ៍របស់ខ្ញុំផ្ទាល់រំភើបជំនួសកសិករ។ ខ្ញុំមកធ្វើការ ៣សហគមន៍នេះ ខ្ញុំនឹងបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ព្រោះអីជាអត្ថប្រយោជន៍ខ្លាំង ដែលមានរដ្ឋជួយការពារ ជួយដឹកនាំ ជួយផ្គត់ផ្គង់គ្រប់សព្វ។
ខ្ញុំមានមានអារម្មណ៍អាណិតដល់កសិករមួយចំនួន ដែលគាត់អត់បានទទួលព័ត៌មានដែលសហគមន៍ពិតជាបានជួយពិតៗ បានជួយគាត់ច្រើន … នាងខ្ញុំសូមគោរពដល់អភិបាលខេត្តដែរ សុំជំនួយខាងរដ្ឋ ឬអាជ្ញាធរមូលដ្ឋានណាមួយ ដែលខ្ញុំចុះទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សុំជំនួយពីគាត់អញ្ចឹងទៅ ដើម្បីអោយការផ្សព្វផ្សាយរបស់ខ្ញុំទៅដល់ប្រជាពលរដ្ឋអោយបានច្រើន។ ខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋនឹងបានចូលសហគមន៍ច្រើន ដើម្បីរីកចម្រើនច្រើន ងាយស្រួលដល់សហគមន៍កាន់តែរឹងមាំដែរ។ ខ្ញុំពិតជាអរគុណ និងភ្ញាក់ផ្អើលមែនទែនដែលបានសម្ដេចអញ្ជើញមក។ បច្ចុប្បន្នខ្ញុំកាន់ជានាយករងនៅធនាគារព្រីន្ស៍ ហើយខ្ញុំក៏ជាចូលជាសហគ្រិនស្ត្រី បានជួបជាមួយសម្ដេចថតរូបផងដែរកន្លងមក។
សម្រាប់ការបាញ់ថ្នាំអី មានការផលប៉ះពាល់ខ្លាំង។ អាចនឹងពិភាក្សាជាមួយប្រធានកុម្មង់មកពីចិន ខោអាវសម្រាប់បាញ់ថ្នាំ។ ការពិតប្រជាពលរដ្ឋប្រើប្រាស់ផ្ទាល់។ អនាគតទៅនឹងជួបជាតិពុលច្រើន។ បើសិនជាមានខោអាវការពារ (អាចនឹងជួយគាត់បាន)។ ចាំមើលខ្ញុំពិភាក្សាជាមួយលោកពូប្រធានសហគមន៍ ដើម្បីរកខោអាវ មានម៉ាស៊ីន ដូចជានៅសៀមរាប ដូចជាមានម៉ាស៊ីនកែច្នៃបាញ់ ដែលថាបាញ់ចំណេញច្រើន។ គាត់ថាថ្នាំដែលយើងបាញ់ចំណាយតិច វាសាចបានច្រើន បើសិនជាដ្រូនអាចកៀនៗ បាញ់អត់ដល់ ប៉ុន្តែម៉ាស៊ីនកែច្នៃនឹងបាញ់បានល្អ ហើយចំណេញ។
សម្ដេចធិបតី៖ អរគុណ ប្អូនស្រីដែលបានស្ម័គ្រចិត្តមកធ្វើការនៅទីនេះ។ រឿងគេថា ជឿចុះមិនចប់ទេ។ ខ្ញុំនិងឯកឧត្តម ឌិត ទីណា ក៏ដូចគ្នា។ ពេលដែលយើងដាក់ចេញគោលនយោបាយ គេថាយើងទ្រឹស្ដី អត់ដឹងអីទេ អត់ធ្វើអ្វីទាំងអស់។ ដល់ពេលយើងនិយាយប្រាប់ថា យើងបានធ្វើអី គេថាយើងអួត។ ពេលយើងដាក់ប្រកាសនៅភ្នំពេញ គេថាយើងនិយាយតែលើមេក្រូ អត់ចុះមកផ្ទាល់។ ដល់ពេលយើងចុះមកផ្ទាល់ គេថាយើងមកសម្ដែង។ អ្នកធ្វើខុសរហូត អ្នកថាមិនដែលខុស ប៉ុន្តែអ្នកថាហ្នឹង ខ្លួនឯងភាគច្រើននៅ ៤ពាន់គីឡូពីស្រុកខ្មែរ មិនដែលមកស្រុកខ្មែរទេ។ ប៉ុន្តែយើងកុំខ្លាចគេថា។ (១៤) អ្វីដែលសំខាន់គឺយើងធ្វើពិត។ អ្នកដែលបានផល អ្នកឃើញពិតប្រជាកសិករប្រជាជនជាក់ស្ដែង អ្នកដែលយើងត្រូវធ្វើ នេះគឺជាអ្វីដែលយើងបង្កើតសហគមន៍។ ខ្ញុំមកថ្ងៃនេះ ដើម្បីមើល។ កន្លងទៅខ្ញុំដើរតាមកន្លែងផ្សេងៗ ពេលខ្លះអត់អោយរដ្ឋមន្ត្រីដឹងផង។ ថ្ងៃមុនទៅមើលប្រឡាយទឹកហៅរដ្ឋមន្ត្រីទៅ ប៉ុន្តែមុនចុះទៅហ្នឹង ខ្ញុំទៅប៉ុន្មានដង(ហើយ)។ ធម្មតាជាការងារដែលយើងត្រូវចុះជាប់ជាមួយនឹងប្រជាពលរដ្ឋ ជួបផ្ទាល់ដើម្បីរកដំណោះស្រាយ។
រឿងកសិករ/ប្រជាពលរដ្ឋ៖ ទី១ ជីវភាព សុខភាព ចំណេះដឹង។ អញ្ចឹងបានរដ្ឋធ្វើការងារកសាងសាលាផ្សេងៗ ផ្លូវតភ្ជាប់ រឿងជីវភាព សុខភាព ចំណេះដឹង សមត្ថភាពកូនចៅ។ ការងារកសិកម្មដូចគ្នា។ ចំណេះដឹងខាងបច្ចេកទេសក៏ត្រូវជួយ ប៉ុន្តែមួយទៀតរឿងសុខភាព។ ខ្ញុំឯកភាពដូចដែលបានលើកឡើង។ ខ្ញុំគិតថាពេលខ្លះ យើងមិនចាំបាច់ឃើញនៅស្រុកគេ ជប៉ុនគេហោះដ្រូន យើងហោះដែរទេ ត្រូវប្រើស្អីដែលស្របតាមស្ថានភាពរបស់យើង។ ដ្រូននេះ ប្រទេសជប៉ុន ១ពាន់ហិកតា គេប្រើតែ ២នាក់ទេ បានគេប្រើដ្រូនប្រើស្អីទៅ។ គេមិនប្រើកម្លាំងពលកម្មច្រើន។ នៅយើង ពេលខ្លះយើងត្រូវមានបងប្អូនជំនួស។ ស្វាយចន្ទីនេះ យើងប្រើដ្រូនហោះបាញ់ពីក្រោម ឬយ៉ាងម៉េច? អត់កើត។ យើងច្នៃមើល។ ប៉ុន្តែបញ្ហាសុខភាពនេះគិតគូរ។ ពេលខ្លះនៅតែគាត់ដដែល ត្រូវការពារយ៉ាងម៉េច របៀបបាញ់យ៉ាងម៉េច វិធីសាស្ត្រឬអាវការពារ ឬពាក់ម៉ាសយ៉ាងម៉េច សម្រាប់គិតគូរមើលក្នុងន័យនេះ មិនមែនតែនៅតំបន់នេះទេ គិតគូរមើលនៅទូទាំងប្រទេស។
ទីពីរ៖ ប្រភេទនៃថ្នាំគីមីក៏សំខាន់។ ហ្នឹងហើយដែលយើងត្រូវការបច្ចេកទេស។ ក្រសួងកសិកម្មត្រូវសិក្សាមើល ព្រោះគីមីមានច្រើន។ ការលាយមិនស្រួលគឺប៉ះសុខភាព។ សូម្បីតែការលាយគីមី បើមិនស្រួលប៉ះសុខភាពអ្នកបាញ់។ សូមក្រសួងយកចិត្តទុកដាក់លើកិច្ចការនេះ។ គីមីលាយមិនស្រួលផលិតផលយើង នាំចេញទៅក្រៅអត់កើតទៀត ដោយសារវាអត់ស្ដង់ដារ។ អញ្ចឹងត្រូវលាយក្នុងកម្រិតណា។ សំខាន់រឿងសុខភាពប្រជាពលរដ្ឋ សំខាន់សុខភាពអ្នកបាញ់។ បងលើកឡើងត្រូវហើយ ក្រសួងក៏បានធ្វើកិច្ចការនេះ ព្រោះច្នៃអ្វីដែលងាយស្រួលក្នុងការថែទាំ ប្រើបានយូរ។ របស់ទំនើប ពេលខ្លះពិបាកថែទាំវិញទេ អត់អ្នកបច្ចេកទេ ធ្វើហោះបានល្អស្រាប់តែបាន២ខែខូច អត់មានកន្លែងជួសជុល ឆ្នាំក្រោយទុកចោល។ អ្វីដែលអាចធ្វើបាន យើងបំពាក់បន្ថែមបន្តិច ដើម្បីការពារ។ គាត់បាញ់ យើងបំពាក់(ខោអាវអោយគាត់)អត់ពិបាកថែទាំបានរាប់សិបឆ្នាំ។ ចាស់យើងដូរ។ មើលអាហ្នឹង។ ច្នៃម៉ាស៊ីន កន្លែងណាយើងអាចធ្វើបាន ព្រោះមិនអាចរាប់ម៉ឺនហិកតា យើងរាប់ម៉ឺនម៉ាស៊ីន បើកន្លែងណាអាចធ្វើបាន យើងធ្វើ។ អរគុណច្រើន។
(កសិករនិយាយអត់មេក្រូ ស្ដាប់អត់បាន) ឥឡូវបងឯងធ្វើអីខ្លះ? ដាំស្វាយចន្ទី ដាំស្រូវ ហើយស្រូវដាំពូជអី? OM ស្រូវស្រាលហ្នឹង? ស្រូវវៀតណាម។ ហ្នឹងរឿងមួយទៀត ខាងក្រសួងកសិកម្ម គេកំពុងតែជួយរៀបចំសហគមន៍ដូចគ្នាដែរ។
កសិករ៖ មានពូជអីដែលយើងដាក់ទៅអាចលក់ចេញទៅក្រៅប្រទេស? ពូជអូអឹមតម្លៃតែ៧០០រៀលជាង។ រកពូជអីដែលដាំទៅមានទីផ្សារ។
សម្ដេចធិបតី៖ ឆ្នាំហ្នឹងពូជសែនក្រអូបលក់បានមួយគីឡូជាងមួយពាន់រៀល។ កសិកម្មកំពុងតែធ្វើ។ ថ្ងៃក្រោយយើងចង់រុញរូបមន្តស្រដៀងគ្នា ជាសហគមន៍កសិករ ដូចគ្នាដើម្បីយើងជួយ។ ឆ្នាំនេះ យើងអន្តរាគមន៍ទៅលើម៉ាស៊ីនកិនស្រូវ ទៅលើអីផ្សេងមួយចំនួនដើម្បីបង្វិល។ ឆ្នាំនេះ ដោយសារឥណ្ឌានាំចេញអង្ករ នៅវៀតណាមឥឡូវទម្លាក់ថ្លៃមែនទែន ដើម្បីប្រកួតជាមួយអង្ករឥណ្ឌា។ យើងដាំពូជស្រូវហ្នឹង យើងនាំទៅវៀតណាម។ អញ្ចឹងតម្លៃឡើងចុះតាមហ្នឹងដែរ។ បើអង្ករសែនក្រអូបរបស់យើង នៅតម្លៃ ១០០០រៀលជាង ដែលយើងគ្រប់គ្រង។ហ្នឹងពូជខ្មែររបស់យើងតែម្ដង។ ហ្នឹងទុកឲ្យប្រធានបទផ្សេងទៅចុះ។ ខាងកសិកម្ម បានធ្វើជាប់ជាប្រចាំហើយ។
ប្រុសស្អាតនេះ(រដ្ឋមន្រ្តី)ក៏ដើរចុះ ម្សិលមិញមើលតាមហ្វេសប៊ុកឃើញហើយ និយាយរឿងស្រូវហ្នឹងឯង។ ចង់ចងក្រង។ ប៉ុន្តែ ក្រៅពីអ្នកសហគមន៍ ក៏យើងអន្តរាគមន៍ទៅតាមលទ្ធភាព តាមរយៈម៉ាស៊ីនកិនស្រូវ។ ថ្ងៃមុន រដ្ឋបង្កើនការធានា ១៥០លានដុល្លារ ទៅឲ្យក្រុមម៉ាស៊ីនកិនស្រូវដើម្បីទិញបង្វិល ព្រោះឥឡូវចូលឆ្នាំវៀតណាម គេសម្រាកចូលឆ្នាំ។ អញ្ចឹងម៉ាស៊ីនកិនស្រូវយើងបង្វិលទិញបានមួយចំនួន មិនបានទាំងអស់ទេដើម្បីឲ្យមានចរន្តខ្លះ។ តែបើយើងធ្វើថ្ងៃក្រោយឯកភាពគ្នា ធ្វើសហគមន៍ យើងមានពូជស្រូវ មានទីផ្សារ ធានាដូចស្វាយចន្ទីល្អ បច្ចេកទេសដូចគ្នា។ ហ្នឹងគឺយើងចង់បានម្ចាស់ការ។ ថ្ងៃក្រោយ (១៥) យើងផលិត(ពូជស្រូវ)ខ្លួនឯង នាំទៅក្រៅដោយខ្លួនឯង ទ្រង់ទ្រាយធំ ធ្វើការជាមួយកសិករ ស្រដៀងគ្នា ប៉ុន្តែថ្ងៃនេះនិយាយរឿងស្វាយចន្ទី។
មើលតើមានប៉ុន្មាននាក់ដាំស្រូវទៀត? ច្រើនគ្នាដែរ។ ពេលខែស្រូវៗ ពេលខែចន្ទីៗ ទៅ។ ធ្វើពិពិធកម្មគ្រាន់បើ។ អ្នកស្រែខ្លះធ្វើបានតែស្រូវទេ អត់មានស្វាយចន្ទីទេ។ ខ្ញុំទៅខេត្តកណ្ដាលអីហ្នឹង អត់មានលទ្ធភាពដាំស្វាយចន្ទីទេ ធ្វើតែស្រូវ។ អញ្ចឹងបានន័យថាអ្នកនៅនេះឧស្សាហ៍ ធ្វើស្រែផងធ្វើស្វាយចន្ទីផង។ បងប្អូនមានគំនិតត្រូវហើយ អត់ពឹងតែទៅលើមួយប្រភេទទេ។ អ្វីដែលរដ្ឋជួយធ្វើឲ្យមួយមុខៗ នេះកាន់តែចំណូលកាន់តែខ្ពស់ ផាត់ចំណាយកាន់តែទាប ឲ្យសល់ចំណេញច្រើន បានន័យថា ធ្វើម៉េចឲ្យលំនឹង កាត់បន្ថយខាតពីរឿងអី? ថាតែថ្លៃធ្វើខ្ពស់ លក់បានទាប ខាតហើយ គឺជួយធ្វើម៉េចដោះរូបមន្តហ្នឹង កាត់តម្លៃឲ្យថ្លៃពេកចេញពីហោប៉ៅច្រើនពេក ទាំងខ្ចីគេ ទាំងជីអីហ្នឹង ទាំងដាក់ថ្នាំ។ ដូចបងមួយនៅក្រោយគាត់ថា រាល់ដងបាញ់ ១២-១៣ដងអីអញ្ចឹង។ បើឥឡូវកាត់មកត្រឹមបាញ់តែ ៨-៩ដង វាសន្សំបានខ្លះ។ ហ្នឹងចំណាយ ហើយបើផលមកបានគ្រាន់បើជាងមុនទៀត ទោះបីតម្លៃឡើងចុះយ៉ាងណា អាចំណាយដើមយើងប្រហែលជាមិន(ច្រើនដែរ)។
និយាយតែប៉ុណ្ណឹងទេ។ តែអ្វីដែលចង់ឲ្យបងប្អូនជឿគឺមានតែធ្វើជាក់ស្ដែងនោះឯង។ ខ្ញុំមកថ្ងៃនេះដើម្បីចង់ជួប ចង់សួរផ្ទាល់ ព្រោះស្ដាប់របាយការណ៍រដ្ឋមន្រ្តីគាត់រាយការណ៍មកល្អ តែមុននឹងដាក់ល្អហ្នឹង ក៏គាត់បានប្រាប់ខ្ញុំថាបញ្ហាប្រឈមអីខ្លះដែរ ហើយបានយើងចេញរូបមន្តនេះមកដោះស្រាយ។ ខ្ញុំចុះមកហ្នឹង ចង់ដឹងថា តើវិធានការដែលបានដាក់ដើម្បីដោះស្រាយបញ្ហាបងប្អូនហ្នឹងបានលទ្ធផលយ៉ាងម៉េច? អញ្ចឹងបងប្អូនអាចបញ្ជាក់បាន។ ថ្ងៃនេះមក (១៦) ប្រាប់ថាបាន(ដែរទោះ)វាមិនបានដូចចិត្តយើងចង់បានល្អឥតខ្ចោះ តែយើងបានប្រសើរជាងមុនចូលសហគមន៍។ អញ្ចឹងទេ? ហើយចង់ឲ្យក្រសួងនៅបន្តជួយរៀបចំសហគមន៍ ឬមួយក៏មិនបាច់ធ្វើទៀត ឲ្យដកចេញ? បើចង់បន្តទៀត សូមទះដៃមួយអញ្ចឹង (ស្នូរទះដៃ)។ សូមបន្តសហការគ្នា។
សង្ឃឹមថាសហគមន៍យើងនឹងបានរឹងដៃរឹងជើងកាន់តែច្រើន។ សាមគ្គីផ្ទៃក្នុង ឯកភាពផ្ទៃក្នុង គឺជាកត្តាកំណត់នៃភាពជោគជ័យ។ ចូលឆ្នាំចិនអត់មានអ្នកណាជប់លៀងទេ? ឥឡូវ គ្រីស្មាសក៏ជប់លៀង។ តើប៉ុន្មាននាក់នៅនេះ ជប់លៀងដាច់ឆ្នាំកាលខែ១២? […] នៅស្រុកខ្មែរឥឡូវគេបុណ្យគ្រប់ បុណ្យប្រពៃណីខ្លួនឯងក៏យើងអបអរ បុណ្យណាទៀតក៏អបអរដែរ។ ខ្ញុំមិននិយាយរឿង(ជប់លៀង)អធិកអធមឯណា ខ្ញុំនិយាយពេលវេលាជួបជុំគ្រួសារ ឧទាហរណ៍ ចុងឆ្នាំអញ្ចឹងបងប្អូនគេឈប់នៅភ្នំពេញ។ ហ្នឹងយើងចាត់ទុកថាជាការជប់លៀងហើយ។ ចូលឆ្នាំ បងប្អូនមកផ្ទះជុំគ្នា។ ហ្នឹងជាការអបអរ មិនបាច់ទាល់តែបាញ់កាំជ្រួចទេ។ នៅភ្នំពេញ អត់កាត់ចិន ក៏សប្បាយដែរ។
ការងារយើងឥឡូវវាមិនខុសពីប្រទេសគេទេ។ វាវិវត្ត ពីប្រទេសនៅទាប(ទៅខ្ពស់)។ កសិកម្មភាគច្រើន (១៧) ដល់ពេលរីកចម្រើនសេដ្ឋកិច្ចមួយចំនួន គេត្រូវការឧស្សាហកម្ម អ្នកខ្លះធ្វើការនៅធនាគារ ខ្លះនៅរោងចក្រ ខ្លះក្នុងវិស័យសំណង់ ខ្លះធ្វើការនៅតាមអូតែល ភោជនីយដ្ឋានអី ខាងសេវាកម្ម អ្នកខ្លះទៅរៀនធ្វើ IT អី វាច្រើន។ បើនៅតាកែវ សឹងតែអត់មានអ្នកធ្វើ ព្រោះកូនចៅទៅធ្វើការនៅភ្នំពេញ។ នៅក្រៅប្រទេសក៏ដូចគ្នា ខ្ញុំរៀននៅអាមេរិក កូនតែ១៧-១៨ឆ្នាំ ចេញពីផ្ទះអស់ ទៅរៀន ធ្វើការខ្លួនគេ ម៉ែឪធ្វើការខ្លួនម៉ែឪទៅ។ យើងចាស់ៗ មានអ្នកនៅក្បែរ បើនៅក្រៅ ចាស់កំព្រា នៅផ្ទះជិតគ្នាអត់មានបងប្អូន។ អ្នកភ្នំពេញឥឡូវអត់ដូចអ្នកនៅ(តាម)ស្រុកទេ។ អ្នកភ្នំពេញខ្លះនៅអាផាតមិនអី ផ្ទះជិតគ្នាមិនសូវមាន។ អ្នកនៅស្រុកស្រែ ចាស់ៗគាត់នៅមើលកូនមើលអីជុំគ្នាបាន ក្មេងៗទៅធ្វើការធ្វើអីទៅ។ វាវិវត្តអញ្ចឹង។ នៅភ្នំពេញឥឡូវទាំងប្ដីទាំងប្រពន្ធត្រូវធ្វើការទាំងអស់គ្នា។ ហ្នឹងវាវិវត្ត។
[…] នៅកំពង់ធំ បន្តិចទៀតយើងនឹង (១៨) បើកតំបន់ឧស្សាហកម្ម កសិ-ឧស្សាហកម្ម គេហៅ សួនឧស្សាហកម្ម។ អញ្ចឹងគេនឹងមានការវិនិយោគដាក់ទុនរាប់រយលានមកធ្វើរោងចក្រកែច្នៃ។ រោងចក្រកែច្នៃហ្នឹង ដូចស្វាយចន្ទី១ គេច្នៃបានច្រើនមុខ។ គ្រាប់យកដាក់កំប៉ុងនាំចេញទៅ អាសម្បកគេយកកិនធ្វើប្រេង សាច់វាគេកិនយកធ្វើបាន ២-៣មុខ ទឹកវាគេយកធ្វើអីមួយទៅ សម្បកអាចយកទៅដុតធ្វើអគ្គិសនី។ អញ្ចឹង ផ្លែមួយៗអាចទាញផលបានច្រើន។ គេមកទិញពីយើងក៏ច្រើន។ ពេលដែលរោងចក្រមកបើកនៅទីនេះ អ្នកកំពង់ធំមួយចំនួនក៏នឹងទៅធ្វើការនៅនោះផងដែរ។ អានោះចំណូលថេរ។ បានន័យថា គាត់អត់ព្រួយបារម្ភរឿងតម្លៃឡើងចុះទេ ព្រោះគាត់ទៅធ្វើការប្រាក់ខែរបស់គាត់គឺចំណូលថេរ។ អញ្ចឹងក្នុងគ្រួសារមួយអាចថាគាត់កាលមុនមួយគ្រួសារធ្វើតែស្រែចម្ការ ឥឡូវគាត់អាចបំបែកគ្នា មួយចំនួននៅធ្វើ(ស្រែចម្ការ)ហ្នឹង មួយចំនួនទៀតធ្វើ(នៅរោងចក្រ)បានចំណូល ដឹងតែមួយឆ្នាំចូលមកផ្គុំគ្នាបានប៉ុន្មាន។ វាជួយ។
ខេត្តកំពង់ធំនេះ ថ្ងៃមុន (១៩) ខេត្តបានសុំគោលការណ៍ធ្វើតំបន់សេដ្ឋកិច្ចពិសេស ក្រៅពីកសិ-ឧស្សាហកម្មហ្នឹង ទាញរោងចក្រធំៗមកទៀត មិនមែនត្រឹមរោងចក្រកាត់ដេរទេ គឺរោងចក្រធំៗ។ នៅពោធិសាត់យើងមានរោងចក្រដំឡើងរថយន្ត។ នៅទីនេះថ្ងៃក្រោយអាច។ ធ្វើម៉េចឲ្យចំណូលមកប្រជាពលរដ្ឋ។ បានន័យថា កសិករមិនចាំបាច់ថាតកូនតចៅនៅតែកសិករទេ ជួនកាលអ្នកខ្លះកូនចៅធំឡើងអាចទៅរៀនធ្វើជាពេទ្យ ជាអីផ្សេងៗ។ ឧទាហរណ៍ គ្រួសារមួយមានដី ៣ហិកតា កូន ៧នាក់ នៅពីតូចចិញ្ចឹមបាន។ ដល់កូនធំឡើង ឡើង៧គ្រួសារ ដី ៣ហិកតាហ្នឹងទៅមិនរួចទេ។ អញ្ចឹង កូនខ្លះគាត់ម្ចាស់ការខ្លួនឯង គាត់រៀន គាត់ទៅធ្វើការអីផ្សេងៗ នៅសល់កូនពៅអីអញ្ចឹងមួយទៅ នៅជាមួយម៉ែធ្វើកសិកម្ម។ បែបហ្នឹងនៅខេត្តផ្សេងៗមានច្រើន ដូចជា ខេត្តតាកែវអីជាដើម។ ចំនួនកសិករក៏នឹងថយ។ ដីយើងនៅមាន ប៉ុន្តែយើងត្រូវជួយឲ្យផលិតភាពបានកើន។ មួយហិកតាធ្លាប់តែបានប៉ុណ្ណេះតោន យើងជួយឲ្យមួយហិកតា(បានផលច្រើនជាងមុន)។ អម្បាញ់មិញគ្រាន់តែសួរ កូនប្រាប់ថា ឪឆ្នាំនេះ ស្វាយចន្ទីយើងផ្លែច្រើនជាងមុន។ ហ្នឹងបានន័យថាទិន្នផលយើងកើនហើយ ដីអត់កើន … មិនអាចថា បងមាន ៣ហិកតា ស្រាប់តែដល់ជំនាន់កូន ដីហ្នឹងវារីកឡើង ៦ហិកតា(ទេ) … តែធ្វើម៉េចផលិតភាពនៅក្នុងហ្នឹងបានកើន។
អ្នកចូលសហគមន៍ហ្នឹង ឃើញផលកើនឬទេ? ប៉ុន្មាននាក់ដែលផលមិនកើន បើប្រៀបធៀបនឹងឆ្នាំហ្នឹង ឬថយ? មិនទាន់ដឹងទេ (នៅ)សង្កេតផ្កា(ដើមស្វាយចន្ទី) ហើយក្ដឹបច្រើនជាងមុន។ (អ្នកមិនចូលសហគមន៍) មិនទាន់ចេញ(ផ្កា) អញ្ចឹងបានគេចូល(សហគមន៍ស្វាយចន្ទី)មកថែម។ អម្បាញ់មិញ បង គង់ ប្រាប់ថា នៅខាងណោះ ពីមុនចូលសហគមន៍ (ប្រមូលផល)បានប្រហែល ៨០០គីឡូ ដល់ចូល(សហគមន៍)ឆ្នាំទៅ អាចបានដល់ ២តោន (និង)ឆ្នាំនេះអាចកើន(បន្ថែមទៀត)។ ដីដដែល ដើមដដែល ខុសតែបច្ចេកទេស ខុសគ្នាមួយគុណនឹងពីរ គុណនឹងបី។ ចុះថ្នាំអីហ្នឹង យើងដាក់ច្រើនជាងមុន ឬតិចជាងមុខ? ដាក់(ថ្នាក់)ប្រហាក់ប្រហែល ថ្នាំបាញ់ប្រហាក់ប្រហែលគ្នា តែ(ខុសបច្ចេកទេស ធ្វើឱ្យ)បានផលច្រើនជាង។ ដីចំការអ្នកណាហ្នឹង? មានធ្វើស្រែដែរ? ធ្វើស្រែវស្សាដែរ។ ប៉ុន្តែចំណូលច្រើន ភាគច្រើនលើស្វាយចន្ទី។ (សម្ដេចនិយាយលេងកសិករស្វាយចន្ទី សួរអំពីសមាជិកគ្រួសារ និងថា អាយុប្អូន តែមានចៅអស់ហើយ)។
ដឹងថាឪពុកម្ដាយស្រលាញ់កូនប៉ុណ្ណា ទាល់តែយើងធ្លាប់ធ្វើជាឪពុកម្ដាយគេ។ (២០) កាលពីក្មេង ម្នាក់ៗឱ្យតែឪពុកម្ដាយប្រដៅ ថាឪពុកម្ដាយមិនស្រលាញ់ទេ (ត្រូវរំពាត់ ត្រូវមាត់)រហូត ដល់ពេលយើងធំឡើង មានកូនខ្លួនឯង បានដឹងថា អត់មានអីធំជាងកូន គិតតែពីកូន ចង់ឱ្យមានចំណេះ មានសុខភាពល្អ ចង់ឱ្យអី(ល្អៗគ្រប់យ៉ាង)។ ឥឡូវយើងរៀបចំសហគមន៍នេះដើរ បានផលសម្រាប់កូនចៅ។ ហ្នឹងដូចគិតឱ្យកូនចៅអញ្ចឹង។ យើងលំបាកចុះ យើងសាកល្បងមុនចុះ តែដើរហើយ កូនចៅអាចគ្រាន់បើ។ ខ្ញុំមានតែប៉ុណ្ណឹង ត្រូវទៅមើលកន្លែងជួយសង្រ្គោះស្រូវបន្តិច។ ថ្ងៃនេះ មកពីរកន្លែង។ អរគុណណាស់បានជួបគ្នាព្រឹកនេះ ហើយអរគុណបានឆ្លងឆ្លើយគ្នាទៅវិញទៅមក។ ខ្ញុំនិយាយមិនចង់ចេញផង បើមកនិយាយម្នាក់ឯងទៀត មិនដឹងថាដូចម្តេចទេ។ បានឆ្លងឆ្លើយគ្នាអញ្ចឹងល្អ។ ម្សិលមិញ បាត់សម្លេងតែម្ដង។ ឥឡូវនិយាយ(បានគ្រាន់បើបន្តិច)។
ខ្ញុំទៅមើលមួយកន្លែងទៀត គេនៅចាំដែរ ហើយមិនមែនមកមើលចុងក្រោយទេ។ ថ្ងៃនេះ ដំបូង ថ្ងៃក្រោយ ពេលដែលលូតលាស់គ្រាន់បើ គេអួតប្រាប់ខ្ញុំ។ ខ្ញុំចុះមកមើលផ្ទាល់ទៀត។ ទាល់តែជោគជ័យ ត្រូវតែខំប្រឹង។ ខំប្រឹងអស់ហើយ ខ្វះចន្លោះអី ចាំយើងជួយអន្តរាគមន៍។ សង្ឃឹមថា នៅក្នុងរយៈពេលមិនយូរ សហគមន៍នឹងអាចម្ចាស់ការខ្លួនឯង រឹងមាំខ្លួនឯង ព្រោះដើម្បីបងប្អូនខ្លួនឯងទេ មិនមែនដើម្បីខ្ញុំ។ ប៉ុន្តែជួយធ្វើម៉េចឱ្យគោលនយោបាយរបស់រាជរដ្ឋាភិបាលជោគជ័យផង៕