ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា
សមាជិក សមាជិកា រាជរដ្ឋាភិបាល
ឯកអគ្គរាជទូត អគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានា ប្រចាំកម្ពុជា
គណៈធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ មន្រ្តីរាជការ
បណ្ដាដៃគូអភិវឌ្ឍន៍ និងអង្គសន្និបាតទាំងមូល ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំមានសេចក្ដីរីករាយ ដែលបានចូលរួមក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និង លើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងសាធារណការ និង ដឹកជញ្ជូន” ។ ខ្ញុំសូមថ្លែងអំណរគុណ ឯកឧត្ដម លោកជំទាវ, លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន តំណាងអង្គទូត និងអង្គការជាតិ-អន្តរជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងភាគីពាក់ព័ន្ធដែលបានចំណាយពេលវេលាចូលរួមក្នុងសន្និបាតនេះ។
ខ្ញុំសូមសម្ដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំបំពេញភាកិច្ចប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញការងារ និងសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់, ជាពិសេស នៅក្នុងរយៈពេល ១ ឆ្នាំ, ដើមអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។ ទាំងអស់នេះ កើតចេញពីសកម្ម ការអនុវត្តការងារ នៅតាមអនុវិស័យនានារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកបដោយសុពលភាព ។
ទន្ទឹមនេះ, ខ្ញុំសូមកោតសរសើរចំពោះឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដាក់ចេញនូវការដ្ឋានកែទម្រង់ និងទិសដៅជាយុទ្ធសាស្ត្រ សំខាន់ៗ របស់ក្រសួង ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលសម្រេចបាននាពេលកន្លងមក ព្រមទាំងតម្រង់ទិសឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ប្រកបដោយភាពជាក់ស្ដែង និងប្រាកដនិយម ដើម្បី លើកកម្ពស់អភិបាលកិច្ច សមត្ថភាព និងគុណភាពស្ថាប័ន ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ។ ខ្ញុំសូមយកឱកាសនេះ, លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការបន្តអនុវត្តទិសដៅការងាររបស់ខ្លួន ស្របតាមការដ្ឋានកែទម្រង់ និងទិសដៅជាយុទ្ធសាស្ត្រ ដែលបានដាក់ចេញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ។
រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា នៅតែបន្តចាត់ទុកវិស័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាវិស័យអាទិភាពគន្លឹះមួយ ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច, តាមរយៈ ការតភ្ជាប់ប្រទាក់ក្រឡា និងសមាហរណកម្មផ្ទៃក្នុង និងតំបន់, ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងការរីកចម្រើននៃប្រព័ន្ធឡូជីស្ទីក ។
តាមរយៈរបាយការណ៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានលើកឡើងអម្បាញ់មិញនេះ ខ្ញុំបានកត់សម្គាល់ថា អង្គសន្និបាតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ពិតជាបានឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់, តាមរយៈ កិច្ចពិភាក្សា និងការផ្លាស់ប្ដូរមតិយោបល់ជំនាញ និង បទពិសោធរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលនេះ ជាធាតុចូលយ៉ាងសំខាន់សម្រាប់លើកទិសដៅអភិវឌ្ឍន៍វិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើង ។
ជារួម, យើងអាចវាយតម្លៃបានថា ចាប់តាំងពីដើមអាណត្តិទី ៧ រហូតមកដល់ដំណាច់ ឆ្នាំ ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ឆ្លើយតបបានទៅនឹងអាទិភាពនៃ យុទ្ធសាស្ត្របញ្ចកោណ–ដំណាក់កាលទី ១ ជាពិសេស ការកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួន ២ គឺ ១). ការលើកកម្ពស់សេវាដឹកជញ្ជូន តាមរយៈ ការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង និងការផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និង ជឿទុកចិត្ត។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(ក្នុងដំណើរ)ចូលមក (មានការបង្ហាញដោយ)កុំព្យូទ័រថា ចង់បានស្លាកលេខឡានប៉ុន្មាន ដាក់(ស្នើសុំ)ទៅ ចេញមកភ្លាម។ អម្បាញ់មិញ លេខប៉ុន្មាននោះ គ្រាន់តែមើលលេខ ៤៥៤៦ តែតម្លៃថ្លៃជាងឡានទៀត ២០០លានរៀល។ ខ្ញុំសួរថា លេខហុងស៊ុយ ១៦៨ ប៉ុន្មាន? គេថា អាហ្នឹង ២០ម៉ឺន(ដុល្លារ)។ ទុកទិញឡាន ៥ វិញ។ ប៉ុន្តែសេវាលឿន។ ការផ្ដល់ទៅថ្ងៃមុខ ឈានទៅដល់ការគិតគូរ និងផ្ដល់នូវសេវាផ្សេងៗទៀត តាមរយៈការធ្វើទំនើបកម្ម។
[ចប់សេចក្ដីអធិប្បាយ១]
២). ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាប័ន្ន ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(១) សំរេចបានសមិទ្ធផលជាហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ផ្លូវគោក ផ្លូវអាកាសក្នុងរយៈពេល ១៧ខែ
អាចនិយាយបានថា នៅក្នុង ១៧ខែនេះ យើងបានសម្ពោធសមិទ្ធផលធំៗ ច្រើនក្នុងវិស័យសាធារណការ (ដូចជា) ព្រលានយន្តហោះនៅខេត្តសៀមរាប និងផ្លូវជាតិលេខ៥ ស្ពាន។ យើងចាប់ផ្ដើម(សាងសង់)ស្ពាននៅចាក់អង្រែ ឆ្លងកាត់ទន្លេបាសាក់ ផែខេត្តព្រះសីហនុ (បើកការដ្ឋាន)ព្រែកជីក(ហ្វូណនតេជោ)ថ្ងៃទី៥ ខែសីហា ហើយ(នៅ)ខែកក្កដា (នឹងសម្ពោធ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ)។ អញ្ចឹង(យើងបានសំរេចសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធធំៗ ច្រើន) ទាំងផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស នៅក្នុងរយៈពេល ១៧ខែនេះ។ (កាលពី)ថ្ងៃទី ៣ ខែមេសា យើង(បាន)សម្ពោធផែអន្តរជាតិ ADB។ ផែមួយនេះ ខ្ញុំឃើញមានការចាប់អារម្មណ៍ច្រើន។ កាលយើងសម្ពោធផែនៅកំពត ក៏ដូចជាបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មានអ្នកចេញមកសួរថា “ផែហ្នឹង ទុកចោល ឬអី?”។
(២) ប្រព័ន្ធដឹកជញ្ជូននឹងនៅមានប្រយោជន៍រាប់រយឆ្នាំតទៅទៀត
មិនដូចហ្នឹងទេ។ (យើង)ដំណើរការទៅមុខ ហើយជាសហថាមពលសំខាន់សម្រាប់តភ្ជាប់។ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ផ្លូវគោក ផ្លូវអាកាសនេះគឺចាំបាច់ ដរាបណាទំនិញនៅតែបញ្ជូនតាមរថយន្ត។ មិនដឹងថាទៅថ្ងៃក្រោយ គេ(នឹងអាច)បញ្ជូន(ទំនិញ)តាមរលកធាតុអាកាសបានឬយ៉ាងម៉េច ប៉ុន្តែខ្ញុំមិនគិតថាម្ហូបអាហារ ឬមួយខោអាវ(មិនអាចបំ)បែករូបភាពនៅអាមេរិក ហើយមកផ្គុំនៅទីនេះបានទេ។ គេប្រាកដជាដឹកតាមកប៉ាល់ យន្តហោះ (មកទីនេះ)បង្គុំ។ អញ្ចឹង ប្រព័ន្ធ(ដឹកជញ្ជូន)នេះ (នឹងនៅមានប្រយោជន៍)រាប់រយឆ្នាំតទៅទៀត។ ដោយហេតុនេះ ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡា ត្រៀមជួយជំរុញ(សកម្មភាពដឹកជញ្ជូននិងសេដ្ឋកិច្ច)រយៈពេលវែង គឺជាកិច្ចការសំខាន់។
[ចប់សេចក្ដីអធិប្បាយ២]
សមិទ្ធផលដែលក្រសួងសម្រេចបានកន្លងមក បានជួយសម្រួលដល់ការតភ្ជាប់ប្រទាក់ក្រឡា ការធ្វើដំណើរ និងការដឹកជញ្ជូន ព្រមទាំងចូលរួមលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ចាប់យកកាលានុវត្ដភាពថ្មីៗ ដូចជា ៖ ការទាក់ទាញវិនិយោគផ្ទាល់ និងទេសចរណ៍ពីបរទេស ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។
នៅក្នុងស្ថានភាព ដែលភូមិសាស្ត្រនយោបាយសកលមានលក្ខណៈកាន់តែស្មុគស្មាញ ហើយផលប៉ះពាល់ពីស្ថានភាពសង្គ្រាមកាន់តែធ្ងន់ធ្ងរ, តម្រូវឱ្យយើងត្រូវខិតខំពង្រឹងសមត្ថភាព របស់ខ្លួនបន្ថែមទៀត ក្នុងការដោះស្រាយបាននូវការលំបាកនានាចំពោះមុខ ដើម្បីធានាចីរភាព នៃកំណើនសេដ្ឋកិច្ច និងពង្រីកសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចជាអតិបរមា, ជាពិសេសការបង្កើនតម្លៃសេដ្ឋកិច្ចក្នុងវិស័យដឹកជញ្ជូន និងការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ដែលជាចំណែកមួយនៃការទ្រទ្រង់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ។
ក្នុងទិសដៅនេះ និង ក្នុងក្របខ័ណ្ឌវិស័យសាធារណការ និងដឹកជញ្ជូន, ខ្ញុំសូមផ្ដល់នូវអនុសាសន៍មួយចំនួន ដើម្បីជាមូលដ្ឋានបន្ថែម ក្នុងការជំរុញល្បឿនការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ក៏ដូចជាចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ដូចតទៅ ៖
ទី១. បន្តលើកកម្ពស់ការផ្ដល់សេវាសាធារណៈ តាមរយៈការកែលម្អនិងបង្កើតកម្រងសេវាថ្មីៗ ការធ្វើទំនើបកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មីៗបន្ថែមទៀត និងការគិតគូរ អំពីជម្រើសអាទិភាពផ្សេងៗនៃការផ្ដល់សេវាឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព តម្លាភាព រហ័ស ងាយស្រួល និងភាពជឿទុកចិត្ត ។
ទី២. បន្តជំរុញការអភិវឌ្ឍ និង តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ឱ្យកាន់តែមានភាពប្រទាក់ក្រឡារវាងតំបន់ប៉ូលសេដ្ឋកិច្ចនៃភូមិភាគកណ្ដាល ភូមិភាគឦសាន និងភូមិភាគនិរតី និងជំរុញការអភិវឌ្ឍបណ្ដាញខ្សែផ្លូវតភ្ជាប់ទៅកាន់តំបន់ដែលមានសក្ដានុពលសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់ព្រំដែន រួមទាំងការសាងសង់ស្ពានទន្លេរពៅ-សេឡាំផាវ និងផ្លូវតភ្ជាប់រវាងខេត្តព្រះវិហារជាមួយខេត្តចំប៉ាសាក់ និងផ្លូវតភ្ជាប់ផ្សេងទៀត ទៅកាន់តំបន់ក្រវាត់ព្រំដែន ។ សូមក្រសួងជំរុញបញ្ចប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីឈានទៅរកការសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ហើយត្រូវជំរុញបញ្ចប់ការសិក្សា និងនីតិវិធីផ្សេងៗ ដើម្បីត្រៀមបើកការដ្ឋានគម្រោងផ្លូវស្ពានមួយចំនួនទៀតតាមការគ្រោងទុកនាពេលខាងមុខនេះ ។
ទី៣. បន្តជំរុញការតាមដាន និងត្រួតពិនិត្យលើការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានាដែលបានប្រកាសបើកការដ្ឋាន និងកំពុងដំណើរការសាងសង់ ដើម្បីបញ្ចប់ឱ្យបានតាមផែនការគ្រោងទុក និងធានាបាននូវគុណភាព និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។ ជាមួយគ្នានេះ, ក្រសួងក៏ត្រូវយកចិត្តទុកដាក់លើការងារជួសជុលថែទាំប្រចាំឱ្យមានប្រសិទ្ធភាព និងជំរុញការស្ដារលើកកម្រិតផ្លូវជាតិ និងផ្លូវខេត្តឱ្យទៅជាផ្លូវក្រាលបេតុងកៅស៊ូ (AC) ដើម្បីប្រើប្រាស់បានយូរអង្វែង ។
ទី៤. ជំរុញការអភិវឌ្ឍបណ្ដាញហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ, តាមរយៈ ការពិនិត្យលទ្ធភាពធ្វើការតភ្ជាប់ប្រទាក់ក្រឡាជាមួយបណ្ដាញប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ដូចជា ៖ ផ្លូវគោក ផ្លូវដែក និងកំពង់ផែ ដោយផ្ដោតអាទិភាពលើការតភ្ជាប់រវាងតំបន់ទីក្រុង, តំបន់ទីប្រជុំជន, តំបន់ផលិតកម្មកសិកម្ម, តំបន់ឧស្សាហកម្ម, តំបន់ទេសចរណ៍ និងតំបន់សមុទ្រ ។ លើសពីនេះ, ក្រសួងក៏ត្រូវបន្តជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំណង់កំពង់ផែកុងតឺន័រទឹកជ្រៅ កំពង់ផែពហុបំណង កំពង់ផែទេសចរណ៍ និង មណ្ឌលអាជីវកម្មកំពង់ផែ, ជាពិសេស ការអភិវឌ្ឍប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកំពង់ផែតំបន់ (Regional Port) និង មជ្ឈមណ្ឌលឡូជីស្ទីក (Logistics Hub) នាពេលអនាគត ដើម្បីលើកកម្ពស់សកម្មភាពប្រកួតប្រជែង, រួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិរយៈពេលវែង ។
ទី៥. ជំរុញបញ្ចប់នីតិវិធីនៃការចរចាលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មី ដោយកំណត់ ឡើងវិញនូវការវិនិយោគក្នុងទម្រង់ភាពដៃគូរវាងរដ្ឋ និង ឯកជន (PPP) ដែលមានការចូលរួមពីដៃគូយុទ្ធសាស្ត្រថ្មី ដើម្បីលើកកម្រិត និងធ្វើឱ្យប្រសើរឡើងផ្លូវដែក ដែលមានស្រាប់ រួមទាំងធានានូវប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រតិបត្តិការផ្លូវដែកនៅកម្ពុជា ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
(៣) ពង្រឹងនិងពង្រីកការដឹកជញ្ជូនតាមផ្លូវដែក ដែលមានស្រាប់និងធ្វើឲ្យទំនើបនិងប្រសើរឡើង
ចំណុចនេះ ខ្ញុំសូមអរគុណដល់ក្រសួងសាធារណការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុន Royal Railway ដែលខិតខំជំរុញការចរចា(រហូត)បានបើកមុខ។ ដូចជាស្ទះតាំងពីប៉ុន្មានឆ្នាំមកហើយ។ ឥឡូវឈានដល់ការដាក់ផែនការទៅមុខ រៀបចំនឹងបន្តធ្វើ Framework Agreement។ ប៉ុន្តែ ត្រូវគិតគូរមើលអ្វីដែលមានស្រាប់ ហើយត្រូវខិតខំ ព្រោះយើងពង្រឹង និងពង្រីក។ ពង្រីកបានន័យថា ក្នុងផែនការដែលយើងមាន រកដៃគូ Joint Venture អីនេះមកបន្ថែម។ ពង្រឹងគឺត្រូវមើលអ្វីដែលមានក្នុងដៃស្រាប់ កែច្នៃ ធ្វើឲ្យប្រសើរឡើង បន្ថែមសេវាយ៉ាងណាផ្គុំគ្នា ដើម្បីឲ្យកាន់តែប្រសើរឡើងនៅក្នុងការដឹកជញ្ជូនផ្លូវដែក។
(៤) ជំរុញអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជា–ថៃឆ្នាំ២០១៩ និងពិនិត្យលទ្ធភាពសង់ស្ថានីយរថភ្លើងអន្តរជាតិនៅស្ទឹងបត់
ពិសេស យកចិត្តទុកដាក់លើការដឹកជញ្ជូនទំនិញផង។ ពិតណាស់ យើងមានផ្លូវដែកដែលដឹកជញ្ជូនអ្នកធ្វើដំណើរ និងទំនិញ តែយើងនិយាយលើការងារនេះគឺផ្ដោតទៅលើការខិតខំកែសម្រួលឲ្យបាន។ ចំណុចបន្ថែមទៀត គឺសហការជាមួយភាគីថៃ ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជា–ថៃឆ្នាំ២០១៩ ស្ដីពីការចរាចរផ្លូវដែករួមគ្នា និងការសិក្សាពិនិត្យលទ្ធភាពលើការសាងសង់ស្ថានីយរថភ្លើងអន្តរជាតិថ្មីនៅស្ទឹងបត់ ជំនួសឲ្យស្ថានីយប៉ោយប៉ែត។ កិច្ចការនេះអាចពិនិត្យបន្ថែមទៀតទៅលើតំបន់មួយចំនួន ដូចជានៅខេត្តពោធិ៍សាត់ ដែលយើងត្រូវការបន្ថែមតភ្ជាប់ពីតំបន់អភិវឌ្ឍសេដ្ឋកិច្ចពិសេសជាមួយប្រព័ន្ធផ្លូវដែករបស់យើង។
(៥) គំរោងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ត្រូវការដឹកជញ្ជូនទៅខេត្តព្រះសីហនុ ឬមួយប៉ោយប៉ែត
ចំពោះការរៀបចំតំបន់សេដ្ឋកិច្ចមួយចំនួននៅពេលខាងមុខ ដែលត្រូវការវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នោះ ការតភ្ជាប់ផ្លូវដែក និងផ្លូវថ្នល់គឺជាកិច្ចការសំខាន់មួយ។ សូមក្រសួង(សាធារណការនិងដឹកជញ្ជូន) សហជាមួយខាង CDC ក៏ដូចជាខាងរដ្ឋបាលខេត្តពោធិ៍សាត់ ពិនិត្យសិក្សាមួយជំហាន ព្រោះយើងគ្រោងរៀបចំតំបន់សេដ្ឋកិច្ចពិសេសមួយនៅក្រគរ។ ក្នុងនោះ ចៀសមិនផុតពីការដឹកជញ្ជូនទៅខេត្តព្រះសីហនុ ឬមួយក៏ប៉ោយប៉ែតទេ។ អញ្ចឹង ការដឹកជញ្ជូននេះត្រូវមានពហុមធ្យោបាយ ឬអន្តរមធ្យោបាយ។ ផ្លូវយើងធ្វើហើយ ប៉ុន្តែផ្លូវដែកនេះ ជាពិសេស (ប្រើ)សម្រាប់ដឹកជញ្ជូនទំនិញច្រើន។ ដូចជានៅពោធិ៍សាត់ (ត្រូវ)ដឹក(ជញ្ជូន)រថយន្ត ដូចជាក្រុមហ៊ុន Ford អីជាដើម។ ទៅថ្ងៃមុខទៀត យើងមានលទ្ធភាពដឹកទំនិញផ្សេងទៀតចេញទៅក្រៅ។ អញ្ចឹងការតភ្ជាប់នេះសំខាន់ណាស់ ហើយតួនាទីរបស់ផ្លូវដែកក៏កាន់តែសំខាន់។
(៦) ធ្វើទំនើបកម្មរទេះភ្លើងនិងផ្លូវដែកដែលមាន មិនទាន់វិនិយោគលើរថភ្លើងល្បឿនលឿន
យើងគិតគូររៀបចំ ហើយដូចជាមិនឆ្ងាយប៉ុន្មានទេ។ ខ្ញុំមើលទៅ ដូចជាប្រហែលមិនដល់ ១០គីឡូម៉ែត្រ(ផងទេ)។ ក្រុមការងារបានសិក្សាមួយតង់រួចទៅហើយ(អំពីសមិទ្ធលទ្ធភាពគំរោងដឹកជញ្ជូននេះ)។ ទាំងអស់នេះគឺជាអ្វីដែលខ្ញុំគិតថា ជាកិច្ចការដែលយើងមិនចាំបាច់វិនិយោគដល់ទៅរាប់ពាន់លានដុល្លារលើរថភ្លើងល្បឿនលឿននោះទេ។ អ្វីដែលយើងមានស្រាប់ រទេះភ្លើងដែលយើងមានរាល់ថ្ងៃ អាចធ្វើទំនើបកម្ម ធ្វើឲ្យប្រសើរឡើងសំរាប់កំណាត់ខាងជើងហ្នឹង។ សំរាប់កំណាត់ខាងត្បូងយើងរត់បាន ៨០គីឡូម៉ែត្រ/ម៉ោងហើយ ខាងជើងរាងយឺតបន្តិច។ ប៉ុន្តែ កែសម្រួលបន្តិចបន្តួច យើងអាចជំរុញបាន និងអាចជួយបានច្រើននៅក្នុងការភ្ជាប់ទំនាក់ទំនងនេះ។
(៧) គិតគូរប្រើប្រាស់ធនធានមានស្រាប់សំរួលនិងធានាសុវត្ថិភាពផ្លូវដែក
សូមយកចិត្តទុកដាក់ទៅលើកត្តាសុវត្ថិភាព។ ខ្ញុំឧស្សាហ៍និយាយជាមួយឯកឧត្ដម ប៉េង ពោធិ៍នា ថា “យ៉ាងម៉េចទៀតហើយ ពោធិ៍នា! រទេះភ្លើងបុកឡានទៀតហើយឬអី? អ្នកណាជិះចូលទៀតហើយ ឬយ៉ាងណា?”។ នេះគឺជាស្ថានភាពជាក់ស្ដែង។ ចរាចរណ៍យើងកាន់តែច្រើន។ ផ្លូវកាត់ភូមិស្រុកក៏កាន់តែច្រើន។ អញ្ចឹងមួយ crossing ពីជើងទៅត្បូង ដូចជារាប់ពាន់កន្លែងតំណឆ្លងកាត់។ ក្រសួង(សាធារណការនិងដឹកជញ្ជូន)បានសិក្សាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ យើងបានដាក់ផែនការមួយចំនួន។ គិតគូរមើលធនធានដែលមានស្រាប់នៅនឹងកន្លែង។ កន្លងទៅ ក៏ឃើញខាងក្រុមហ៊ុន Railway មានបំពាក់ទូរទេះភ្លើងមួយចំនួនសម្រាប់អ្នកដំណើរ។ វាមិនបានទៅដល់អា ៤០០គីឡូម៉ែត្រ/ម៉ោងដូចនៅជប៉ុនទេ ប៉ុន្តែក៏ដើរទៅមុខ។ ត្រូវបន្តធ្វើកិច្ចការទាំងអស់នេះ ពិសេសយកចិត្តទុកដាក់ទាក់ទងនឹងផ្លូវដែក។
[ចប់សេចក្ដីអធិប្បាយ៣]
ទី៦. ជំរុញអនុវត្តគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC) និងគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) ហើយត្រូវគិតគូរលើការជំរុញគាំទ្រដល់វិនិយោគលើគម្រោងអាទិភាពនានា ដែលបានកំណត់នៅក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និង ភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ។
ចំពោះការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន និងការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន, សូមក្រសួងបន្តពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលរាជធានី-ខេត្ត និង ដៃគូអភិវឌ្ឍ ក្នុងការអភិវឌ្ឍ និងកែលម្អឱ្យកាន់តែប្រសើរឡើងថែមទៀត នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង នីតិវិធីផ្សេងៗនៅច្រកទ្វារព្រំដែន និងដោះស្រាយបញ្ហាប្រឈមនានាចំពោះមុខ ដើម្បីសម្រួលដល់ការដឹកជញ្ជូន, ពាណិជ្ជកម្ម និងទេសចរណ៍ឆ្លងកាត់ព្រំដែន និងរួមចំណែកការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយប្រទេសជិតខាង និងក្នុងតំបន់ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]
(៨) ប្រព័ន្ធដឹកជញ្ជូនបម្រើតម្រូវការក្នុងប្រទេស និងមានចំណែកបូកផ្សំក្នុងការប្រកួតប្រជែងទៅក្រៅប្រទេស
ប្រព័ន្ធដឹកជញ្ជូនមានសារៈសំខាន់ មិនត្រឹមតែបម្រើឲ្យតម្រូវការក្នុងប្រទេស ប្រជាជនត្រូវឆ្លងកាត់ ត្រូវទៅពេទ្យ ត្រូវទៅសាលារៀន បង្កើតតំបន់សេដ្ឋកិច្ច(ប៉ុណ្ណោះទេ) ប៉ុន្តែជាកត្តាមួយដែលធ្វើឲ្យយើងមានភាពប្រកួតប្រជែង ថ្លៃដឹកជញ្ជូន។ មានចំណែកបូកផ្សំធំណាស់ក្នុងការប្រកួតប្រជែងផលិតផលយើងនៅក្រៅប្រទេស។ អញ្ចឹង ការគិតគូរអំពីប្រព័ន្ធភស្តុភារកម្ម យើងមិនគិតគូរតែពីហេដ្ឋារចនាសម្ព័ន្ធរឹងទេ។ កិច្ចការនេះ ខាងក្រសួង(សាធារណការនិងដឹកជញ្ជូន) ស្ថាប័នពាក់ព័ន្ធ បានដើរតួនាទីសំខាន់។ ឧទាហរណ៍ ការសម្រួលនីតិវិធីច្រក(ចេញចូល)។ ជួនកាល ផ្លូវល្អហើយ ទីតាំងល្អហើយ ហេដ្ឋារចនាសម្ព័ន្ធល្អហើយ ប៉ុន្តែនីតិវិធីស្មុគស្មាញនៃច្រក(ចេញចូល) គឺធ្វើឲ្យខាតពេល ខាតវេលា ធ្វើឲ្យតម្លៃលំបាក។
(៩) រៀបចំនិងដាក់អោយអនុវត្ត ការកែសំរួលនីតិវិធី/ការកែទំរង់ជាជំហានៗ
កន្លងទៅ រាជរដ្ឋាភិបាលបានធ្វើការកែទម្រង់ច្រើន ជាពិសេសស្ថាប័នពាក់ព័ន្ធនានា។ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានខិតខំកែសម្រួលនីតិវិធីច្រើន ពាក់ព័ន្ធទៅនឹងគយនៅតាមច្រក នៅតាមផែ ហើយអាណត្តិនេះក៏មានការប្តេជ្ញាចិត្តកែសម្រួលកាន់តែស្រួចបន្ថែមទៀត ដើម្បីធ្វើឲ្យនីតិវិធីកាន់តែមានភាពងាយស្រួល។ ពេលខ្លះ នីតិវីធីខ្លះប្រើប្រាស់យូរឆ្នាំ។ អញ្ចឹងដើម្បីលឿន ខ្ញុំត្រូវតែណែនាំថាកន្លែងខ្លះ កុំស្មុគស្មាញ។ យើងកុំចាប់ផ្តើមឡើងធ្វើទាំងមូល កុំកែទូទាំងប្រទេស។ ជួនកាល នីតិវិធីខ្លះដែលរៀបចំថ្មី … ត្រូវរកវិធីដាក់អោយអនុវត្តជាជំហានៗ។ បានន័យថា បង្កើតតំបន់មួយធ្វើតាមរបៀបហ្នឹងសិន គឺនីតិវិធីដែលត្រូវកែទម្រង់។ ការរៀបចំនីតិវិធីថ្មីនេះ មិនជាការងាយស្រួលទេ ព្រោះត្រូវឲ្យមន្ត្រីយល់ ត្រូវយល់ខ្លួនឯង ត្រូវការអនុវត្ត។
(១០) ល្គឹកណាការអនុវត្តនីតិវិធីថ្មី/កែទំរង់បានប្រសើរហើយ ចម្លងទៅប្រើនៅកន្លែងផ្សេង
បើសិនជាយើងរៀបចំកែសម្រួលលិខិតបទដ្ឋាន ហើយអនុវត្ត កែសម្រួលទូទាំងប្រទេស អាចមានបញ្ហាក្នុងការអនុវត្ត។ កែឯកសារអត់លំបាកទេ លំបាកជាងគេ ពេលដែលយកទៅចាត់តាំងអនុវត្តនោះ។ ពេលដែលយើងធ្វើកំណែទម្រង់អ្វីមួយ គប្បីដាក់វាសាកម្តុំ។ ឧទាហរណ៍ថា ឥឡូវនីតិវិធីហ្នឹងត្រូវការកែ តែកែត្រូវតែនៅផែព្រះសីហនុ ឬផែភ្នំពេញ។ យើងបើកកន្លែងហ្នឹងជាតំបន់ពិសេស អនុវត្តនីតិវិធីថ្មីនៅកន្លែងហ្នឹង។ កែសម្រួលហើយ បើសិនជាដើរ(យើងនឹងចម្លងទៅការអនុវត្តទូលាយជាង)។ យើងគិតថានីតិវិធីថ្មីល្អជាងមុន។ ប៉ុន្តែ ជួនកាលដាក់ទៅ វាមិនប្រាកដ(ថាដូចនោះ)ទេ។ អញ្ចឹង យកកន្លែងនេះជាការអនុវត្តដើម្បីបានលឿន។ បើសិនជាមានអីត្រូវកែសម្រួល ស្ថិតនៅក្នុងការគ្រប់គ្រងច្បាស់លាស់ អនុវត្តបានដើរហើយ យើងចាប់ផ្តើមពង្រីក ចម្លងវាទៅរៀបចំកន្លែងផ្សេង។
(១១) រៀបចំប្រព័ន្ធភស្តុភារកម្មមិនតែមធ្យោបាយ ឬហេដ្ឋារចនាសម្ព័ន្ធរឹង តែក៏ប្រព័ន្ធការងារ
យើងកំពុងរៀបចំ/ពិនិត្យមើល ដូចជាការត្រៀមលក្ខណៈនៅព្រលានយន្តហោះថ្មីនៅទីក្រុងភ្នំពេញ។ កន្លែងនេះគឺមានលក្ខណៈពិសេសច្រើន។ នៅតែប៉ុន្មានគីឡូពីព្រែកជីកហ្វូណន យើងមានផ្លូវអាកាសដែលអាចភ្ជាប់ជាមួយនឹងផែតាមផ្លូវទឹក ហើយយើងមានផ្លុវជាតិលេខ២ ងាយស្រួលទាក់ទងទៅកន្លែងផ្សេង។ ថ្ងៃក្រោយអាចមានផ្លូវដែកបន្ថែមទៀតតាមនេះ។ អញ្ចឹង ជាការគិតគូរ គួរបង្កើតជាកន្លែងភស្តុភារកម្មទំនិញឆ្លងកាត់ ដើម្បីធ្វើឲ្យកន្លែងនេះ ក្លាយជាការសាកល្បងការរៀបចំប្រព័ន្ធ logistic តំបន់។ កិច្ចការបែបនេះសំខាន់ និងងាយស្រួលក្នុងការអនុវត្ត ងាយស្រួលនៅក្នុងការដកពិសោធន៍ ដើម្បីដាក់អោយអនុវត្ត។ បានន័យថា កិច្ចការនេះរៀបចំប្រព័ន្ធភស្តុភារកម្មមិនមែនតែមធ្យោបាយ ឬមួយហេដ្ឋារចនាសម្ព័ន្ធរឹងទេ តែប្រព័ន្ធការងារ នេះគឺជានីតិវិធីសំខាន់ណាស់។ រឿងភស្តុភារ រឿង logistic គឺទាមទារឲ្យមានការគិតគូរពីផលិតផល និងសេវាកម្មថ្មីៗ។ សេវាកម្មខ្លះនៅកម្ពុជាយើងមិនទាន់មានទេ។ ឧទាហរណ៍ transshipment នៅលើដី នៅព្រលានយន្តហោះអីហ្នឹង។ ប៉ុន្តែយើងអាច copy។ យើងអាចសិក្សាបាន។ កុំចាំបាច់បើកគ្រប់កន្លែង។ ដាក់មួយកន្លែងហ្នឹងសិន។ រៀបនីតិវិធីឲ្យដើរកុំឲ្យស្មុគស្មាញ អនុវត្តយកតែម្តង។
(១២) ដើម្បីកំណើន មិនចាំបាច់ប្តូរវិធីសាស្រ្ត ឯការអភិវឌ្ឍត្រូវគិតពីវិធីសាស្រ្ត បច្ចេកវិទ្យាថ្មី និងប្តូរផ្នត់គំនិត
ហ្នឹងមិនខុសពីធ្វើតំបន់សេដ្ឋកិច្ចពិសេសទេ។ ដោយសារអី្វ សម្តេចតេជោរុញតំបន់សេដ្ឋកិច្ចពិសេស? ថាបើសិនជាអនុវត្តយន្តការថ្មីក្នុងតំបន់សេដ្ឋកិច្ចពិសេសទូទាំងប្រទេសគឺមិនទៅរួចទេ ព្រោះស្មុគស្មាញប្រទាក់ក្រឡា កម្រិតការអនុវត្តនៅតាមខេត្តនីមួយៗខុសគ្នា។ អញ្ចឹង បើកតំបន់សេដ្ឋកិច្ចពិសេស បានន័យថា ក្នុងហ្នឹងមានរដ្ឋាភិបាលពិសេសដែលអនុវត្តគោលការណ៍ពិសេស។ ធ្វើតែមួយក្នុងតំបន់ហ្នឹងដោយមិនពាក់ព័ន្ធជាមួយនឹងអ្វីដែលនៅជុំវិញ។ នេះជារូបមន្តដែលយើងអាចធ្វើ ជាពិសេសនៅក្នុងការពង្រឹងមជ្ឈមណ្ឌលភស្តុភារកម្មដែលថានៅខេត្តព្រះសីហនុ និងនៅកំពង់ផែភ្នំពេញរបស់យើងអាចជាតំបន់ដែលអនុវត្ត …។
យើងនិយាយពីការអភិវឌ្ឍ។ យើងមិនមែននិយាយអំពីកំណើនទេ។ ខ្ញុំតែងតែនិយាយថា អភិវឌ្ឍន៍និងកំណើនខុសគ្នា។ បើជាកំណើន យើងមិនចាំបាច់ប្តូរវិធីសាស្រ្តទេ ឲ្យតែឆ្នាំនេះកើន បានប៉ុន្មានភាគរយ មានទឹកច្រើនជាងមុន ស្អីច្រើនជាងមុនទៅ។ ប៉ុន្តែ បើនិយាយអំពីការអភិវឌ្ឍ ទាល់តែយើងនិយាយអំពីវិធីសាស្រ្តធ្វើ អំពីការដាក់បច្ចេកវិទ្យាថ្មី អំពីការប្តូរផ្នត់គំនិត។ ឧទាហរណ៍ កសិករគាត់មានស្រែមួយហិកតា។ មួយឆ្នាំគាត់ធ្វើបាន ៣តោន។ ឆ្នាំនេះទឹកច្រើនគាត់អាចធ្វើបាន ២ដង ប៉ុន្តែបើសិនជាមានវិធីសាស្រ្តប្តូរ ធ្វើពូជផ្សេង បច្ចេកវិទ្យាផ្សេងអាចទំនើបជាងហ្នឹង ឬមួយក៏មួយហិកតាឆ្នាំនេះគាត់ធ្វើស្រែបានប៉ុន្មាន? ប៉ុន្តែបើច្នៃមួយហិកតានេះទៅធ្វើដំណាំផ្សេង ឬចិញ្ចឹមសត្វ ឬមួយប្រែក្លាយមួយហិកតានេះទៅជាការអនុវត្តរបៀបដាំ ឬមួយចងជាសហគមន៍ទំនើប ដូចកសិកម្ម អាចសាកធ្វើគឺមានចីរភាពជាង ដោយសារការធានាបែបនេះ។
ការអភិវឌ្ឍប្រព័ន្ធ logistic ក៏ដូចគ្នាដែរ។ ខ្ញុំសូមកើតសរសើចំពោះការច្នៃប្រឌិតនិងការសិក្សារបស់ក្រសួងស្ថាប័នជំនាញក្នុងមួយរយៈនេះ និងសូមធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើនវានុវត្តន៍ ទាំងបច្ចេកវិទ្យាទាំងនីតិវិធីធ្វើការ ទើបយើងអាចធានាភាពប្រកួតប្រជែងក្នុងរយៈពេលវែង។ មិនធានាតែកំណើនម្តងម្កាល អាស្រ័យទៅលើកត្តាខាងក្រៅ ប៉ុន្តែធានា(ការអភិវឌ្ឍ)ខាងក្នុងរឹងមាំ ចីរភាព រយៈពេលវែង រួមទាំងការគិតគូរកែទម្រង់នៅក្នុងស្ថាប័នរបស់ខ្លួន នេះគឺជាចំណុចពាក់ព័ន្ធទៅនឹងការពង្រឹង។
[ចប់សេចក្ដីអធិប្បាយ៤]
ទី៧. បន្តជំរុញកិច្ចសហការជាមួយដៃគូវិនិយោគ និងដៃគូអភិវឌ្ឍ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់នៅតាមតំបន់នៃខេត្តគោលដៅសំខាន់ៗ ដូចជា ៖ តំបន់ទីប្រជុំជន តំបន់ទេសចរណ៍ និងតំបន់មាត់សមុទ្រ ដែលកំពុងប្រឈមនឹងការបង្ហូរចូលនូវទឹកកខ្វក់ និងកាកសំណល់ផ្សេងៗ ដើម្បីបញ្ចៀស និងគ្រប់គ្រងហានិភ័យនៃការជន់លិច ព្រមទាំងលើកកម្ពស់អនាម័យបរិស្ថាន និងសុខុមាលភាពសាធារណៈ។ ទន្ទឹមនេះ, ក្រសួងក៏ត្រូវគិតគូរលើការបញ្ជ្រាបការយល់ដឹងទៅដល់ប្រជាពលរដ្ឋអំពីសារប្រយោជន៍នៃសេវាប្រើប្រាស់បណ្ដាញលូ និងការតភ្ជាប់ទៅនឹងប្រព័ន្ធលូសាធារណៈ និងត្រូវបន្តបង្កើន កិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាប្រសិទ្ធភាព និង និរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់ដែលបានដាក់ឱ្យប្រើប្រាស់ជាប្រយោជន៍សាធារណៈ។
ទី៨. បន្តពង្រឹងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ, ជាពិសេស ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ ហើយសូមបន្តជំរុញប្រើប្រាស់កម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកលើទូរស័ព្ទដៃ ដែលជាបច្ចេកវិទ្យាបានដាក់ឱ្យអនុ-វត្តកន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងឈានទៅកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកម្រិតអប្បបរមា។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៥]
(១៣) ត្រួតពិនិត្យជាតិស្រវឹងក្នុងពេលបើកបរ ដាក់របាំងខណ្ឌចែកចរាចរលើផ្លូវ ៦០ម៉ ក្នុងក្រុងភ្នំពេញ
ថ្ងៃនេះ មានខេត្តរាជធានីចូលរួម។ ខ្ញុំសូមអរគុណ ដែលកន្លងទៅបានខិតខំយកចិត្តទុកដាក់ត្រួតពិនិត្យទៅលើការបើកបរ(ក្នុងស្ថានភាព)ស្រវឹង។ បានក្រាបបន្តិចរយៈពេលប៉ុន្មានថ្ងៃនេះ។ (ដែល)ប៉ុន្មានអាទិត្យ(មុន)នេះ ចាប់ផ្ដើមឃើញ(កើន)ឡើងវិញ។ សូមពិនិត្យមើល ត្រួតពិនិត្យជាតិស្រវឹងឡើងវិញ។ ជាពិសេស ក្នុងពេលប៉ុន្មានថ្ងៃនេះ ពេលចូលឆ្នាំ(ចិន) គេថា ចូលឆ្នាំចិន ស្រវឹងខ្មែរ ជាពិសេសនៅក្នុងការប្រើប្រាស់(ចរាចរណ៍)ពេលយប់។ នៅផ្លូវ ៦០ម៉ែត្រនេះ ឃើញ(គ្រោះថ្នាក់)ប៉ុន្មាន(ហើយ)។ ថ្ងៃមុន សាលារាជធានី(ភ្នំពេញ) បានចុះពិនិត្យ (ហើយ)ថ្ងៃមិញ ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ឯកភាពថា ឱ្យរៀបចំដាក់ដែកដើម្បីពុះចែកផ្លូវ។
ទោះបីជាដែកក៏ដោយ តែបើកមិនប្រយ័ត្ន បុកទាំងដែកហ្នឹងបាក់ទៀត។ អញ្ចឹងទាល់តែប្រយ័ត្ន អនុវត្តច្បាប់ ហើយការត្រួតពិនិត្យការប្រើប្រាស់គ្រឿងស្រវឹងពេលបើកបរ។ កាលមុន មានរឿងកំប្លែងមួយ មានអ្នកមកប្ដឹងសម្ដេចតេជោ ទារលុយសងថ្លៃជ្រូក (នៅ)ក្រាំងយ៉ូវ។ គេថា “កាលសម្ដេចមិនទាន់ធ្វើផ្លូវស្អាត អត់មានបុកអីសោះ ឡានបើកល្បឿន ១០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ដល់ធ្វើផ្លូវស្អាត ជិះលឿនៗ បុកជ្រូក(ខ្ញុំ)”។ ជ្រូក (កាល)មិនទាន់ធ្វើផ្លូវស្អាត ធ្លាប់តែដេកលើផ្លូវ។ អញ្ចឹងធ្វើផ្លូវស្អាត គាត់ថា (ជ្រូក)ឡើងដេកលើផ្លូវទៀត។
សូមអគ្គស្នងការនគរបាលជាតិ យកចិត្តទុកដាក់ត្រួតពិនិត្យ អនុវត្ត និងសហការជាមួយស្នងការរាជធានីខេត្ត ទៅលើកិច្ចការនេះផង។ ទោះជាយ៉ាងណា ការកាត់បន្ថយការគ្រោះថ្នាក់ដោយភាពស្រវឹង ក៏មានការថយចុះ ប៉ុន្តែអត្រានៃការគ្រោះថ្នាក់ចរាចរណ៍នៅច្រើននៅឡើយ។ នៅកម្ពុជាយើង ក្រោយពីចប់សង្រ្គាម គឺអត្រាដែល(ស្លាប់) មូលហេតុដែលសម្លាប់មនុស្សច្រើនជាងគេ ធ្វើឱ្យបាត់បង់ជីវិតច្រើនជាងគេ គឺគ្រោះថ្នាក់ចរាចរណ៍។ នេះគឺជាកត្តាដែលយើងត្រូវយកចិត្តទុកដាក់អនុវត្តកិច្ចការនេះ។
[ចប់សេចក្ដីអធិប្បាយ៥]
ទី៩. ចំពោះការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សូមក្រសួង គិតគូរនូវយន្តការពង្រឹងការអនុវត្តឱ្យបានច្បាស់លាស់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង ត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឱ្យបានជាអតិបរមា សំដៅធានានូវការថែទាំ និងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានបានយូរអង្វែង ។
ទី១០. ជំរុញការផ្សព្វផ្សាយច្បាប់សំខាន់ៗ នៅក្នុងវិស័យសាធារណការ និង ដឹកជញ្ជូន ដូចជា ច្បាប់ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក និងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ ដើម្បីបង្កើនការយល់ដឹងអំពីវិសាលភាព និង វិធានចាំបាច់មួយចំនួន ដែលត្រូវគោរពប្រតិបត្តិតាម ។ សូមក្រសួងបន្តជំរុញកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ក្នុងការគិតគូររៀបចំ និងធ្វើវិសោធនកម្មក្របខ័ណ្ឌច្បាប់ ដែលមានភាពចាំបាច់សម្រាប់វិស័យអាទិភាព របស់ក្រសួង ដូចជា ការធ្វើវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងច្បាប់ស្ដីពីផ្លូវថ្នល់, ការរៀបចំច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវគោក និងច្បាប់ស្តីពីផ្លូវដែកជាដើម រួមទាំងការរៀបចំលិខិត បទដ្ឋានគតិយុត្ត ផែនការមេ និងគោលនយោបាយគាំទ្រវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមស្ថានភាព និងតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត ។
ទី១១. បន្តអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការចូលរួមចំណែកលើការពង្រឹងអភិបាលកិច្ច ការធ្វើទំនើបកម្មស្ថាប័នសាធារណៈ និង ការអភិវឌ្ឍសមត្ថភាពមន្ត្រី ដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព ។ សូមក្រសួងបន្តយកចិត្តទុកដាក់ ក្នុងការពង្រឹងការអប់រំបណ្ដុះបណ្ដាលនិស្សិតនៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដើម្បីកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព និង ជំនាញបច្ចេកទេសច្បាស់លាស់សម្រាប់គាំទ្រដល់វិស័យសាធារណការ និងដឹកជញ្ជូន ។
ជាថ្មីម្ដងទៀត ខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបំពេញតួនាទីភារកិច្ចដ៏ថ្លៃថ្លានេះ ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍ, វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមគាំទ្រ និងសហការយ៉ាង សកម្ម ដើម្បីសម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់ លើការងារអភិវឌ្ឍវិស័យសាធារណ-ការ និងដឹកជញ្ជូន សម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប និងតជំនាន់ ។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ និង អង្គសន្និបាត, សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងក្រុមគ្រួសារ និងសម្រេចបាននូវជោគជ័យគ្រប់ភារកិច្ច និង សូមប្រកបដោយពុទ្ធពរ និងពរ ទាំង ៥ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត ។
ខ្ញុំសូមប្រកាសបិទ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និង លើកទិសដៅ ការងារឆ្នាំ ២០២៥ របស់ក្រសួងសាធារណការ និង ដឹកជញ្ជូន” នៅពេលនេះ! សូមអរគុណ៕