ខ្ញុំព្រះករុណាខ្ញុំ សូមបង្គំព្រះតេជព្រះគុណ សមណនិស្សិតជ័យលាភីគ្រប់ព្រះអង្គ ជាទីគោរពជាទីសក្ការៈ;
ឯកឧត្តម លោកជំទាវ គណៈធិបតី ភ្ញៀវកិត្តិយស គណៈគ្រប់គ្រង សាស្រ្តាចារ្យ
បុគ្គលិកសិក្សា និសិ្សតជ័យលាភីទាំងអស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមេត្រី!
ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួម នៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជិត ១ម៉ឺននាក់ ថ្ងៃនេះលេងវង់ធំ។ សូមអបអរសាទរ។(សម្ដេចធិបតីនិយាយលេងពីរឿងសក់ស្កូវ អ្នកមានសក់លាប និងអ្នកអត់សក់លាប)
ថ្ងៃនេះ យើងក៏រៀបចំពិធី(ចែកសញ្ញាបត្រសាកលវិទ្យាល័យភូមិន្ទភ្នំពេញ) ៥ថ្ងៃក្រោយពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក។ ខ្ញុំសូមយកឱកាសនេះ ធ្វើការថ្លែងអំណរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្រុមការងារ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមរៀបចំយុវជនស្ម័គ្រចិត្ត, ក្រុមវិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការរួមគ្នា។ ឆ្នាំនេះ (យើង)រៀបចំធំ។ ជាទូទៅ យើងអត់រៀបចំធំ ២ឆ្នាំជាប់គ្នាទេ។ ឆ្នាំទៅ យើងរៀបចំខួបទី ៧០ឆ្នាំ នៃពិធីបុណ្យឯករាជ្យ តែឆ្នាំនេះ គឺខួបទី២០ នៃព្រះរាជពិធីគ្រងបរមរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ ហើយក៏ជាការរៀបចំ(ពិធីបុណ្យអុំទូក) ដើម្បីជំរុញវិស័យទេសចរណ៍របស់យើង។ ឆ្នាំនេះ មនុស្សមកច្រើន។ គ្រាន់តែចំណុះទូកជាង ២ម៉ឺននាក់។
សួរខាងសន្តិសុខ ឯកឧត្តម ស ថេត រាយការណ៍ប្រចាំថ្ងៃថា រៀបចំបានល្អ មិនសូវមានបញ្ហាអីទេ។ ចំណុះទូកឈ្លោះគ្នា ២ដងតែអត់មានរឿងអ្វីធំទេ រឿងបន្តិចបន្តួច ឌឺគ្នាបន្តិចបន្តួច។ ក្រៅពីនោះគឺសប្បាយ។ ចំណុះទូកនោះគឺថាម៉ោង ៣-៤ ភ្លឺ មិនទាន់ចូលសម្រាក។ គាត់ដើរមើល concert គាត់ដើរគ្រប់កន្លែង។ អញ្ចឹងទូកខ្លះថ្ងៃហ្នឹងឈ្នះ ដល់ស្អែកឡើងធ្លាក់ដៃ។ ធ្លាក់ដៃដោយសារអី្វ? ដោយសារចំណុះទូកយប់មិញអត់បានដេក។ រឿងឈ្នះចាញ់ ជារឿងមួយ តែសប្បាយ។ អបអរសាទរបុណ្យប្រពៃណីជាតិយើងទាំងអស់គ្នា។ រួមគ្នាសប្បាយ។ នេះគឺជាជោគជ័យ។ មិនថាអ្នកបានលេខ១ ឬអ្នកមិនបានលេខ១ ទេ យើងរៀបចំបានល្អ។ អញ្ចឹងសូមអរគុណជាពិសេសចំព៉ប្រជាពលរដ្ឋ។
(១) ការផ្សព្វផ្សាយធ្វើអោយមានទេសចរអន្តរជាតិមកលេងពិធីបុណ្យអុំទូក
ទេសចរ(អន្តរជាតិ)ក៏មក(លេង)ច្រើន។ មុននឹងមកទីនេះ គ្រួសារខ្ញុំមកពីក្រៅ(ប្រទេស)។ គាត់ថាយន្តហោះធំមកពីសឹង្ហបុរីពេញ សុទ្ធតែអឺរ៉ុប។ សួរទៅថាមកលេងអុំទូក។ រាល់ដង គេថាមកស្រុកខ្មែរ (មកទាំង)មិនដឹងកម្មវិធី ប៉ុន្តែលើកនេះមួយចំនួនថា មក(ពិធីបុណ្យ)អុំទូក។ ដោយសារផ្សព្វផ្សាយ គេដឹង។ អ្នកខ្លះគេ booking មកសម្រាប់ពេលហ្នឹង។ ពេលបុណ្យអុំទូក ជាពេលមួយដែលអ្នកក្រៅរាជធានីបុកចូលមកភ្នំពេញ ហើយអ្នកភ្នំពេញចេញទៅក្រៅ (ទៅលេងតាមបណ្ដាខេត្ត)។ ជាទូទៅ ពេលបុណ្យទានម្ដងៗ យើងអត់លំបាកជិះឡានទេ ព្រោះអីភ្នំពេញស្ងាត់ជ្រាប។ ទាំងអស់គ្នាបុកទៅខេត្ត។ បុណ្យនេះមនុស្សមកភ្នំពេញ។ តែនៅខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តសៀមរាប ខ្ញុំក៏បានឃើញ(មានអ្នកទៅលេង)បានច្រើន។ ការរៀបចំសណ្ដាប់ធ្នាប់នេះនៅទូទាំងប្រទេស ខ្ញុំសូមអរគុណណាស់។
(២) ការដែលមនុស្សច្រើនមកកម្ពុជា បានន័យថាជាការទទួលស្គាល់ថាកម្ពុជាស្ថិរភាព និងមានសុវត្ថិភាព
ឥឡូវនេះ យើងឃើញការកើនច្រើនវិស័យ។ កន្លងទៅ យើងមានការព្រួយបារម្ភ ព្រោះមានការផ្សព្វផ្សាយមួយចំនួនពីរឿងអសន្តិសុខ រឿងអីដែលមិនពិត អាចធ្វើឱ្យមនុស្សបារម្ភ។ ការដែលមានមនុស្សច្រើន(មកប្រទេសយើង) បានន័យថា ជាការឱ្យតម្លៃពិតប្រាកដ និងការទទួលស្គាល់ពិតប្រាកដនូវស្ថិរភាព សុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា ដែលនៅតែជាការពិត។ ភ្ញៀវបានរៀបផែនការមកពីអឺរ៉ុប មកពី(ទ្វីប)ផ្សេងៗ បានវត្តមានណែននៅសៀមរាប នៅភ្នំពេញ ហើយនៅតែបន្តមក។ នេះហើយគឺជាការពិត។ សូមអរគុណណាស់ចំពោះការចូលរួមផ្សព្វផ្សាយល្អរបស់យើង។ ស្ថាប័នរដ្ឋ អង្គការ វិស័យឯកជន ប្រជាពលរដ្ឋរបស់យើង influencer របស់យើង (និង influencer) បរទេស ទាំងភ្ញៀវបរទេស (ជួយផ្សព្វផ្សាយល្អពីកម្ពុជា)។ ឥឡូវសម្បូរអ្នក TikTok។ សូម្បីតែអុំទូកនេះ ថាកាលមុន នៅអង្គរវត្ត គេមករត់ temple run គេមកធ្វើ Gamble ស្អីៗអញ្ចឹងទៅ។ influencer គេមក(ថតដាក់) TikTok អីអញ្ចឹងទៅ។ ខ្ញុំជជែកនឹងអ្នក marketing ថា marketing ឥឡូវខុសពីមុន។ វិមជ្ឈការ។ ពីមុន ទាល់តែយកលុយទៅជួលក្រុមហ៊ុន marketing មួយ ទៅផលិត(ស្ប៉តពាណិជ្ជកម្មហើយ) យើងទៅដាក់នៅ CNN ចាយអស់រាប់លាន។ ដាក់ទៅបានមានមនុស្សមើលរាប់លាននាក់។ ប៉ុន្តែឥឡូវ influencer ម្នាក់(ធ្វើ content អំពីអ្វីមួយ) អាចមានមនុស្សមើលរាប់លាននាក់។ ដូច Sky (អ្នកចូលមើល)រាប់រយលាននាក់ ខ្លះ ៥០-៦០លាននាក់ ហើយគ្រាន់តែផ្សព្វផ្សាយទៅតាមម្នាក់ហ្នឹង គឺថា (ចំណេញនិងមានអ្នកចូលមើលច្រើន) …។
(៣) ប្រជាជនម្នាក់ៗ ជួយផ្សព្វផ្សាយការពិតល្អៗ ដើម្បីកម្ពុជាបានទេសចរនិងវិនិយោគិន
ខ្ញុំក៏សូមអរគុណណាស់ ដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ជាពិសេស influencer ខ្មែររបស់យើង និងប្រជាពលរដ្ឋរបស់យើង។ ខ្ញុំឃើញការផ្សព្វផ្សាយ ការផូស្ដ(ក្នុងបណ្ដាញសង្គម) ដែលពិតណាស់ថាគ្មានកន្លែងណា ប្រទេសណាដែលល្អឥតខ្ចោះនោះទេ សូម្បីតែប្រទេសមហាអំណាចមួយដែលធំក៏ដោយ ក៏នៅតែមានជ្រុងខ្លះសុទ្ធតែសំរាម ជ្រុងខ្លះក៏មានអ្នកអត់ផ្ទះនៅដែរ។ យើងបានផ្សព្វផ្សាយផ្នត់គំនិតវិជ្ជមាន។ យើងបង្កើតផ្នត់គំនិតនិងទស្សនៈវិជ្ជមានបន្ថែមទៀត។ ខ្ញុំឃើញប្អូនៗខ្លះ គាត់ទៅថតទេសចរជិះទូកនៅសៀមរាបផ្សព្វផ្សាយ។ (គាត់)ថា ឥឡូវខ្ញុំសូមផ្សព្វផ្សាយអ្វីដែលល្អៗពីកម្ពុជា។ ឃើញអ្នក share បន្តច្រើន។ ហ្នឹងហើយដែលប្រជាពលរដ្ឋយើងចូលរួមជាអ្នកផ្សព្វផ្សាយកម្ពុជា។ យើងមិនបាច់យកលុយទៅជួលទូរទស្សន៍(អន្តរជាតិ)រាប់លានដុល្លារ ផលិតពាណិជ្ជកម្មយកទៅផ្សាយទេ។ ប្រជាជនម្នាក់ៗ ជាពិសេសអ្នកដែលមានហ្វេសប៊ុកម្នាក់ៗ គឺជាម្ចាស់ទូរទស្សន៍មួយហើយ។ អញ្ចឹងជួយផ្សព្វផ្សាយល្អពីកម្ពុជា ដើម្បីយើងបានផលល្អ។ ទេសចរក៏មក វិនិយោគក៏មក។ នេះគឺជាការផ្សព្វផ្សាយការពិត។ យើងមិនមែនទៅផាត់មុខនោះទេ។ យើងយកជ្រុងវិជ្ជមានរបស់យើងផ្សព្វផ្សាយ។ នេះគឺអ្វីដែលខ្ញុំសុំយកឱកាសនេះ ធ្វើការថ្លែងអំណរគុណចំពោះបងប្អូន។
(៤) ដោយសារមានទិសដៅវិជ្ជមាន ទើបអាចវិនិយោគក្នុងការរៀនសូត្រ និងរៀនបានចប់
អញ្ចឹងវាពាក់ព័ន្ធជាមួយនឹងការចែកសញ្ញាបត្រនៅថ្ងៃនេះ។ យើងនិយាយអំពីទស្សនៈវិជ្ជមាន។ ពីទុទ្ទិដ្ឋិនិយម វាតែងតែមាន ប៉ុន្តែមិនយកមកគ្របដណ្ដប់ជាឧបសគ្គ សំរាប់យើងឈានទៅចាប់យកគោលបំណងក្នុងទិដ្ឋភាពសុទិដ្ឋិនិយមរបស់យើងទេ។ នៅទីនេះ និស្សិតម្នាក់ៗ ទំរាំនឹងរៀនចប់ សួរថាមិនមានបញ្ហារៀងៗខ្លួនឬ? អត់មានបញ្ហាលំបាក បញ្ហាប្រឈមក្នុងខ្លួន ប្រចាំថ្ងៃ ក្នុងជីវិភាពរស់នៅ និងការងារផ្សេងឬ? ប៉ុន្តែ ដោយសារយើងដាក់ទិសដៅវិជ្ជមាននេះហើយ បានជាយើងអាចរៀនដល់ចប់។ យើងដាក់ទិសដៅអនាគតដ៏វិជ្ជមាននេះហើយ បានជាយើងវិនិយោគនៅក្នុងការអប់រំ រៀនសូត្រខ្លួនឯងឱ្យបានចប់។ អញ្ចឹងការអបអរសាទរការចែកសញ្ញាបត្រថ្ងៃនេះ គឺមិនខុសអំពីការអបអរសាទរនៃភាពវិជ្ជមាន ដូចដែលយើងទើបចប់ពិធីបុណ្យអុំទូក ក៏ដូចជាការវិវត្តវិជ្ជមានរបស់ប្រទេសយើងដែរទេ។ នេះជាអ្វីដែលយើងត្រូវឱ្យបានច្រើន។ កុំឱ្យមាន negative energy ច្រើន។ ត្រូវមាន positive energy ឬថាមពលវិជ្ជមានច្រើន។
អម្បាញ់មិញ ខ្ញុំជិះឡានមក ចេះតែមើលៗទៅ(នៅក្នុងបណ្ដាញសង្គម) ឃើញអ្នកលេង Tennis ល្បីម្នាក់ Roger Federer និយាយពីទស្សនៈរបស់គាត់ថា លេង tennis ទម្រាំតែបាន Champion ពិភពលោកក្នុងការប្រកួតនីមួយៗ ខុស(សមត្ថភាព)គ្នាតែ(បន្តិច)។ បើឈ្នះ ក៏ឈ្នះតែប្រមាណ ៤% ទេ។ បានន័យថា ក្នុង ១០០ពិន្ទុហ្នឹង គាត់បានតែ ៥៤ទេ … បានន័យថា គាត់មិនបាន ១០០% ទេ ហើយមានចាញ់ពិន្ទុខ្លះ។ តែគាត់ថា ដើម្បីឈ្នះ កុំភ្ជាប់តែជាមួយនឹងពិន្ទុដែលចាញ់។ បើសិនជាវាយខូចមួយពិន្ទុ នៅតែចាប់អារម្មណ៍ នៅតែផ្ដោតទៅលើរឿងអវិជ្ជមាន អត់ខំប្រឹងយកឈ្នះដើម្បី(បាន)ពិន្ទុបន្ទាប់ យើងចាញ់គេហើយ។
(៥) តួអង្គ៤ រួមគ្នាធ្វើអោយមានជោគជ័យចំពោះការដាក់ទិសដៅវិជ្ជមានរបស់និស្សិត
ការអបអរការទទួលសញ្ញាបត្រថ្ងៃនេះ គឺការអបអរចំពោះភាពជោគជ័យនៃការដាក់ទិសដៅវិជ្ជមានរបស់និស្សិតទាំងអស់។ ខ្ញុំក៏សូមអបអរសាទរ (ទី១) ជាមួយនឹងសាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ … មិនមែន(ត្រឹមតែ)សាស្រ្តាចារ្យ(បានបង្រៀន) ៤ឆ្នាំទេ គឺយើងអបអរសាទរទាំងលោកគ្រូអ្នកគ្រូពីបឋមសិក្សា ដែលបានបណ្ដុះសិស្ស មានសមត្ថភាពរៀនដល់មហាវិទ្យាល័យ។ យើងម្នាក់ៗ មិនអាច download ដូចកុំព្យូរទ័របានទេ។ ចង់បើកយន្តហោះត្រូវចេះតាំងពីថ្នាក់ទី១ ដើម្បីចេះអានអក្សរសិន បានរៀនបើកយន្តហោះបាន … បើសិនជានិស្សិតយើងម្នាក់នៅថ្ងៃនេះ ចេញទៅកាន់បរិញ្ញាបត្រ កាន់បរិញ្ញាបត្រជាន់ខ្ពស់ ថតបង្ហោះ អ្នកគ្រូលោកគ្រូយើងពីមត្តេយ្យឃើញ គាត់ក៏សប្បាយចិត្តដែរ។ ជឿទេ? ថាអ្នកហ្នឹង កាលពីមុនត្រូវតែរំពាត់ ឥឡូវចេះរៀនចប់ដែរ។ កាលពីមុន ផ្លោះតែរបង ធ្វើបាននិទ្ទេសA ផង? … ជាពិសេស សាស្រ្តាចារ្យនៅសាកលវិទ្យាល័យរយៈពេល ៤ឆ្នាំ ឬ ៦ឆ្នាំ នៃការខិតខំប្រឹងប្រែងចែករំលែកបទពិសោធន៍ ជួយនិស្សិតម្នាក់ៗឱ្យជាប់ពីមួយថ្នាក់ បូកបញ្ចូលគ្នាបានទៅច្រើនថ្នាក់ ជាប់ពីមុខវិជ្ជាមួយឱ្យជាប់ទៅរួមគ្នាចេញទៅជាជាប់មុខវិជ្ជាច្រើន ដើម្បីផ្គុំ។
ទី២ ខ្ញុំសូមអរគុណ និងអបអរសាទរចំពោះគណៈគ្រប់គ្រង និងបុគ្គលិកសិក្សាផងដែរ ព្រោះតួអង្គសំខាន់ គឺនិស្សិត ជាមួយនឹងគ្រូ ប៉ុន្តែបើមិនមានគណៈគ្រប់គ្រងដឹកនាំ មិនមានបុគ្គលិកសិក្សាគ្រប់ផ្នែក គាំទ្រនិងដឹកនាំរៀបចំ ដើម្បីបង្កលក្ខណៈឱ្យទេ ក៏មិនអាច(ជោគជ័យ)ទៅដែរ។ ចុងក្រោយ មិនមែនតួអង្គដែលមានសារសំខាន់តិចជាងគេទេ គឺមាតាបិតា ក្រុមគ្រួសារ អាណាព្យាបាល។ តួអង្គ ៤នេះ រួមគ្នាធ្វើឱ្យជោគជ័យនៅថ្ងៃនេះ។ សមិទ្ធផលថ្ងៃនេះ មិនអាចកើតមានបាន បើគ្មានមាតាបិតា អាណាព្យាបាល ក្រុមគ្រួសារ គាំទ្រនោះទេ។ ថ្ងៃនេះយើងអបអរសាទរនូវសមិទ្ធផលរួមគ្នា ដែលនិស្សិតម្នាក់ និស្សិតគ្រប់អង្គនាក់ បានខិតខំ។ សាស្រ្តាចារ្យ គណៈគ្រប់គ្រង បុគ្គលិកសិក្សា រួមគ្នាបង្កលក្ខណៈ និងមានការគាំទ្រ បង្កលក្ខណៈ ផ្ដល់ឱកាសដល់មាតាបិតា អាណាព្យាបាល។ អញ្ចឹងសូមឱកាសនេះ ក្នុងការអបអរសាទរសរុបតែម្ដងសម្រាប់តួអង្គទាំងអស់ដែលសំខាន់។
(៦) បើកមុនគេ ធំនិងចំណាស់ជាងគេ តែបន្តនៅមានការគាំទ្រ បញ្ជាក់ពីចក្ខុវិស័យវែងឆ្ងាយ និងទាន់សម័យ
ទាំងអស់នេះបង្កើតអ្វី? រឿងដែលត្រូវអបអរសាទរធំជាងគេគឺកម្ពុជាបានធនធានមនុស្សបន្ថែមទៀត។ យើងបានធនធានមនុស្សដែលជួយឱ្យកម្ពុជាកាន់តែមានសមត្ថភាពក្នុងការគ្រប់គ្រង ឯករាជ្យភាព ម្ចាស់ការលើកការកំណត់ទិសដៅសមត្ថភាព កសាងប្រទេស និងពង្រឹងប្រទេសឱ្យកាន់តែរឹងមាំពីមួយឆ្នាំទៅមួយឆ្នាំ។ ខ្ញុំក៏សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលតាមរយៈរបាយការណ៍របស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អម្បាញ់មិញនេះ បានបង្ហាញថាសាកលវិទ្យាល័យបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់ឱកាសដល់និស្សិតរាប់ពាន់នាក់ទទួលបានការបណ្ដុះបណ្ដាល ផ្ដល់ឱកាសឱ្យសាស្រ្តាចារ្យច្រើននាក់ មានឱកាសក្នុងការកសាងសមត្ថភាព ចែករំលែកចំណេះដឹងទៅឱ្យនិស្សិត សម្រេចភារកិច្ចក្នុងការពង្រីកខ្លួន ដែលអាចថាជាសាកលវិទ្យាល័យដែលធំជាងគេ ហើយចាស់ជាងគេ។
សាកលវិទ្យាល័យ(នេះបាន)បើក(អោយដំណើរការឡើងវិញ)នៅឆ្នាំ ១៩៨៨ ប្រែខ្លួនពីជាសាលាបណ្ដុះបណ្តាលផ្នែកភាសា មកជាសាកលវិទ្យាល័យ ហើយឥឡូវមានការរីកចម្រើន។ មិនប្រាកដថា ឱ្យតែចាស់អាចជោគជ័យនោះទេ។ សាកលវិទ្យាល័យ មិនខុសពីក្រុមហ៊ុនទេ។ មិនប្រាកដថាក្រុមហ៊ុនដែលបង្កើតមុនគេ ហើយជោគជ័យ មកដល់ឥឡូវ(នៅតែជោគជ័យ)នោះទេ។ មើលក្រុមហ៊ុនកុំព្យូទ័រធំជាងគេបំផុតនៅឆ្នាំ ១៩៨០ IBM ឥឡូវបាត់ហើយ។ បត់បែនមិនទាន់ កែសម្រួលមិនទាន់។
តែ(សាកលវិទ្យាល័យភូមិន្ទភ្នំពេញដោយ)បន្តមានការគាំទ្រពីនិស្សិត ក៏ក្លាយទៅជាសាកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេ។ បើកមុនគេ ធំជាងគេ ដោយសារមានការគាំទ្រ និងការចូលរួមរបស់និស្សិត និងរបស់គ្រូ។ អញ្ចឹងវាបញ្ជាក់អំពីការប្ដេជ្ញាចិត្ត ភាពបត់បែន ចក្ខុវិស័យវែងឆ្ងាយ និងទាន់សម័យរបស់គណៈគ្រប់គ្រងសាលា មានកិត្តិនាមល្អនៅកម្រិតតំបន់ និងអន្តរជាតិ ហើយហេដ្ឋារចនាសម្ព័ន្ធបំពាក់ក៏ទំនើប ហើយពង្រីកបាន៣សាខាថែមទៀត។
(៧) មិនមានគោលការណ៍ដោះដូរសកលវិទ្យាល័យរដ្ឋ ឬសូម្បីតែយកទីតាំងធ្វើសកម្មភាពរបស់ស្ថាប័នផ្សេង
ខ្ញុំសូមបញ្ជាក់ថា គ្មានការដោះដូរទេ។ ថ្ងៃមុន មានការផ្អើលថាដោះដូរតិចណូ។ គ្រាន់តែតិចណូបង្កើតសាខាបន្ថែម គេថាដោះដូរតិចណូ។ ខ្ញុំទាក់ទងទៅឯកឧត្ដម ហង់ជួន ណារ៉ុន ថា ឯកឧត្ដមមានគោលការណ៍ដោះដូរដែរឬ? ក្រែងលោថាមានគោលការណ៍ដោះដូរកាលពីមុន។ ថាអត់មានទេ។ ជំនាន់នេះ ក៏ខ្ញុំមិនមានស៊ីញ៉េដែរ … VOD ផ្សាយឯណាផ្សេងទៅ។ គ្មានគោលការណ៍ដោះដូរសកលវិទ្យាល័យរដ្ឋនោះទេ។ សូម្បីតែយកទីតាំងរបស់សកលវិទ្យាល័យរដ្ឋ ធ្វើសកម្មភាពដូចជារៀបចំជាស្ថាប័នអីផ្សេងៗ ក៏ខ្ញុំមិនអនុញ្ញាតដែរ។ ថ្ងៃមុន សមាគមគ្រឹះស្ថាន(ឧត្ដមសិក្សា)ស្នើសុំរៀបចំទីតាំង។ យើងក៏មិនអាចពង្រីកបន្ថែម។ ទុកទីតាំងសកលវិទ្យាល័យ RULE ហ្នឹង។ យើងដោះស្រាយអគារដែលមានស្រាប់ជូន។ យើងទុកពង្រីកទីតាំងនៅហ្នឹងកន្លែង។
(៨) បើពង្រីកសាខាកាន់តែច្រើន មានន័យថាសកលវិទ្យាល័យកាន់តែមានការគាំទ្រ ជឿទុកចិត្ត និងមានចីរភាព
អត់មានដោះដូរទីតាំងទេ មានតែពង្រីកសាខា។ បើកាន់តែរីកខ្លាំង សកលវិទ្យាល័យ(ភូមិន្ទ)ភ្នំពេញមិនត្រឹមមានតែ ៣សាខាទេ អាចមាន ៤-៥ ទៅថ្ងៃមុខ។ ជូនពរឲ្យរីកកាន់តែច្រើន។ បើរីកកាន់តែច្រើន បានន័យថា សកលវិទ្យាល័យកាន់តែមានការគាំទ្រ ជឿទុកចិត្ត និងមានចីរភាព។ បានន័យថា សកលវិទ្យាល័យធ្វើការ។ សម័យឥឡូវ មិនអាចបង្ខំនិស្សិតឲ្យទៅរៀននៅសកលវិទ្យាល័យណាមួយទេ។ និស្សិតមានជម្រើសច្រើន។ អញ្ចឹង ការដែលនិស្សិតស្ម័គ្រចិត្តចូលរួមគាំទ្រ ចុះឈ្មោះ ចូលរៀនកាន់តែច្រើន រីកសាលា បង្កើនហើយនៅតែអត់កន្លែងអង្គុយ ព្រោះសិស្សច្រើនពេក ចេះតែបន្ថែមទៀត នេះគឺជាសញ្ញានៃការបន្តការគាំទ្រ និងទទួលស្គាល់នូវគុណភាព។ បានន័យថា សាលាធ្វើការងារល្អ គណៈគ្រប់គ្រង សាស្រ្តាចារ្យ ធ្វើការបំពាក់ កែលម្អ ទំនើបកម្ម ទាន់សម័យ។ យើងត្រូវការគុណភាព។ បរិមាណមិនអាចឲ្យយើងមានចីរភាពទេ។ គុណភាពទើបធានានូវចីរភាព … ក្រុមហ៊ុនខ្លះរីក ហើយចាប់ផ្ដើមរួមវិញដោយសារគុណភាពនៃប្រកួតប្រជែងលែងកើត មិនទាន់សម័យ។ គេលែងត្រូវការផលិតផល កាត់បន្ថយការផលិត កាត់បន្ថយបុគ្គលិក។ ក្រុមហ៊ុនខ្លះផលិតផលល្អ មានអ្នកគាំទ្រកាន់តែច្រើន។ ផលិតមិនទាន់ ពង្រីកខ្សែផលិតកម្ម។
(៩) សកលវិទ្យាល័យនឹងពង្រីកនិងពង្រឹងសមត្ថភាពជួយកសាងធនធានមនុស្សមានគុណភាពសម្រាប់ជាតិ
សកលវិទ្យាល័យក៏ដូចគ្នា។ ផលិតផលគឺកម្មវិធីអប់រំ គុណភាពអប់រំ និងថ្នាក់រៀន។ យើងនិយាយពីការផលិតធនធានមនុស្សតាមរយៈការដាក់ចេញនូវកម្មវិធីនិងប្រព័ន្ធអប់រំ។ ខ្ញុំសង្ឃឹមនិងជឿជាក់ថា សកលវិទ្យាល័យនឹងមានលទ្ធភាពនៅក្នុងការពង្រីកខ្លួន ពង្រឹងសមត្ថភាពរបស់ខ្លួន មិនត្រឹមតែជួយក្នុងការឲ្យការគាំទ្រនោះទេ ព្រមទាំងជួយក្នុងការកសាងធនធានមនុស្សដែលមានគុណភាពសម្រាប់ជាតិរបស់យើង។ ខ្ញុំក៏សូមអរគុណចំពោះសកលវិទ្យាល័យ ដែលបានផ្ដល់អាហារូបករណ៍ជូនសម្ដេចតេជោ តាមរយៈគណៈកម្មការអាហារូបករណ៍ ដែលខ្ញុំជាប្រធានប៉ុន្មានឆ្នាំមកនេះ ហើយចាប់ផ្ដើមតាំងពីឆ្នាំ២០០៨មក ដូចជា១៦ឆ្នាំ បានផ្តល់ជិត ២ពាន់កន្លែង … ថ្ងៃនេះដូចមានទទួលសញ្ញាបត្រប៉ុន្មានរយនាក់ដែរ។ មិនមែនផ្ដល់អាហារូបករណ៍ជូនតែសម្ដេចតេជោទេ តែក៏ផ្ដល់អាហារូបករណ៍តាមរយៈយន្តការផ្សេងៗទៀតជាច្រើន ផ្ដល់លទ្ធភាពដល់និស្សិតរបស់យើងដែលខ្វះលទ្ធភាពបានរៀនដល់ចប់។
(១០) ការវិនិយោគលើការអប់រំ គឺវិនិយោគលើអនាគត មានឱកាសកាន់តែច្រើន ផ្អែកទៅលើទស្សនៈវិជ្ជមាន
សួរថា ហេតុអីយើងត្រូវវិនិយោគក្នុងការអប់រំ? មិនចាំបាច់សួររដ្ឋាភិបាល។ ចម្លើយដូចតែគ្នាជាមួយនឹងសួរសហគមន៍។ ហេតុអីបានជាសហគមន៍មួយៗខំប្រឹងកសាងសាលារៀន? សហគមន៍ខ្លះថ្មី សុខចិត្តរៀបចំតាំងពីឈើ ខ្ចីកុដិរៀន រកគ្រូស្ម័គ្រចិត្តអត់ទាន់ទៅដល់ ព្រោះភូមិខ្លះបង្កើតថ្មី យើងរុញមិនទាន់ដល់។ ហេតុអីបានគ្រួសារមួយៗត្រូវឲ្យកូនរៀន? ឪពុកម្ដាយ មិនថាគ្រប់កន្លែង គ្រប់កាលៈទេសៈ មិនថាអ្នកក្រុង អ្នកស្រុកជនបទ មិនថាអ្នកមាន អ្នកក្រ សុទ្ធតែចង់ឲ្យកូនរៀន។ បានន័យថា សុខចិត្តវិនិយោគពេលវេលារបស់ខ្លួនបន្ថែមដើម្បីរកលទ្ធភាពឲ្យកូន/ចៅរៀន។ ហេតុអីបានជានិស្សិតម្នាក់ៗត្រូវការចំណាយថវិកា ពេលវេលា ការខិតខំប្រឹងប្រែង? អ្នកខ្លះរៀនផង ធ្វើការផង ចេញពីធ្វើការហត់ហើយនៅឆ្លៀតរៀនទៀត … សួរថាហេតុអី? ការវិនិយោគលើការអប់រំ គឺការវិនិយោគលើអនាគត។ ចង់បានអនាគតកាន់តែល្អ មានឱកាសកាន់តែច្រើន។ ការវិនិយោគផ្អែកទៅលើទស្សនៈវិជ្ជមាន។ ការវិនិយោគ និងការបង្កើតផ្នត់គំនិតក្នុងភាពម្ចាស់ការ ជាការវិនិយោគទៅលើវិស័យអប់រំ និងការបណ្ដុះបណ្ដាលសំខាន់ មិនមែនតែរាជរដ្ឋាភិបាល គឺដូចសហគមន៍ ដូចឪពុកម្ដាយ ដូចគ្រួសារ ដូចជាសាមីខ្លួន ដែលខំរៀនសូត្រ។
(១១) ការវិនិយោគទៅលើវិស័យអប់រំ និងការបណ្ដុះបណ្ដាលដើម្បីបង្កើតភាពឯករាជនិងម្ចាស់ការ
អ្នកទាំងអស់ដែលអង្គុយនៅនេះ សុទ្ធតែជាអ្នកមានការប្ដេជ្ញាចិត្ត។ ខ្ញុំជឿថា មិនមែនចាប់ផ្ដើមឆ្នាំហ្នឹង ១ពាន់នាក់ ៤ឆ្នាំក្រោយចប់ ១ពាន់នាក់នោះទេ។ ខ្ញុំកាន់អាហារូបករណ៍ ខ្ញុំដឹង។ មួយឆ្នាំឲ្យ ២ពាន់នាក់។ ទម្រាំតែដល់ទទួលសញ្ញាបត្រ នៅសល់ប្រហែល ៦០០-៧០០នាក់។ ក្នុង ៦០០-៧០០នាក់នេះ មិនមែនអត់មានបញ្ហាប្រឈមទេ។ មានបញ្ហាប្រឈមច្រើន ប៉ុន្តែសុខចិត្តវិនិយោគកម្លាំងកាយចិត្ត។ បងប្អូនខ្លះ(ប្រឈម)ធនធានថវិកា ប្រឈមគ្រប់បែបយ៉ាងដើម្បីបញ្ចប់ ដើម្បី (ទី១) មានឯករាជ្យ និងភាពម្ចាស់ការ។ ចំណេះដឹងធ្វើឲ្យយើងឯករាជ្យ។ គេថា ចំណេះដឹងជាអំណាចធំណាស់។ ចំណេះដឹងធ្វើឲ្យយើងមានសមត្ថភាពប្រែក្លាយការគិត ទៅជាសកម្មភាពជាក់ស្ដែង។ ហ្នឹងខ្ញុំតែងតែលើកឧទាហរណ៍កំប្លែងលេងថា សូម្បីតែសរសេរសំបុត្រទៅញ៉ែគេហ្នឹង ឥឡូវគេលែងសរសេរសំបុត្រហើយ។
សូម្បីតែចុច text ទៅញ៉ែគេហ្នឹង ទៅសុំស្នេហាពីគេហ្នឹង ក៏ត្រូវការចេះតែងអក្សរ ចេះតាក់តែងជាឃ្លា ចេះវាយអក្សរដែរ … (ដែលថាមាន)ឯករាជ្យក្នុងការសម្រេចចិត្ត គឺធ្វើអីយើងចេះស្រាវជ្រាវ យើងចេះធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ជាជាងស្ដាប់គេ។ ចង់ធ្វើអី ចង់រៀនអី ខ្ញុំមិនដឹងទេ ស៊ីសងយប់ហ្នឹងដេកទៅយល់សប្តិថារៀនអី ឬមួយស៊ីសងខ្ញុំទៅសួរគ្រូទាយសិនថាខ្ញុំត្រូវរៀនអី។ អត់ទេ អត់អាចពឹងអ្វីនៅក្រៅខ្លួនទេ។ ត្រូវពឹងការ(សម្រេចចិត្ត)ខ្លួនឯង។ អញ្ចឹងចំណេះវិជ្ជានេះ ជួយឲ្យយើងសម្រេចចិត្តថាយើងចាប់អាជីពអី តើត្រូវ Reskilling ឬ Upskilling អីយ៉ាងម៉េច? នេះបង្កើនឲ្យយើងមានការពឹងផ្អែកលើខ្លួនឯង ម្ចាស់ការកំណត់អនាគតរបស់ខ្លួនបានច្រើន។
(១២) វិនិយោគលើវិស័យអប់រំនិងការបណ្ដុះបណ្ដាល ដើម្បីនិស្សិតម្នាក់ៗ អាចចាប់ បង្កើត និងពង្រីកឱកាស
ទីពីរ ផ្ដល់ឱកាសឲ្យនិស្សិតម្នាក់ៗមានសមត្ថភាពចាប់យកឱកាស ពង្រីកឱកាស និងបង្កើតឱកាស។ ពាក្យបី៖ ទី១ ចាប់យកឱកាស គឺឱកាសដែលមានស្រាប់។ ឥឡូវយើងនិយាយតែការងារទៅចុះ។ ឱកាសផ្សេងៗទៀតខ្ញុំ(មិននិយាយ) ព្រោះឱកាសមានច្រើន … ខ្ញុំនិយាយតែរឿងឱកាសការងារ។ ឱកាសការងារមានច្រើនកម្រិត ច្រើនប្រភេទ ច្រើនទីកន្លែង។ អញ្ចឹង ការងារកម្រិតកាន់តែខ្ពស់ ត្រូវការចំណេះដឹង និងកម្រិតវប្បធម៌កាន់តែខ្ពស់។ តួនាទីក្នុងកន្លែងកាន់តែខ្ពស់ ត្រូវការកម្រិតវប្បធម៌ បទពិសោធក៏កាន់តែខ្ពស់។ សូម្បីតែរើសទាហាន ប៉ូលីស កន្លែងខ្លះ បើប្រឡងចូលសាលានាយទាហាន ទាល់តែ(មានសញ្ញាបត្រ)បាក់ឌុប្លិ៍ ព្រោះធ្វើនាយទាហានត្រូវចេះសរសេរបទបញ្ជាច្បាស់លាស់។ ដាក់បទបញ្ជា ត្រូវសរសេរច្បាស់លាស់ (បើមិនដូចនោះទេ)មិនដឹងយកទៅអនុវត្តយ៉ាងម៉េច។ ចូលទៅធ្វើការកន្លែងខ្លះត្រូវការចេះភាសា ត្រូវការចេះជំនាញ។ បើទៅធ្វើការគណនេយ្យត្រូវការសញ្ញាបត្រគណនេយ្យ។ អញ្ចឹង ឱកាសដែលមានយើងចាប់បាន អាស្រ័យលើសមត្ថភាព ចំណេះដឹង គុណវឌ្ឍិរបស់យើង។
ថ្ងៃនេះ ខ្ញុំនិយាយសំដៅលើអ្នកចប់សញ្ញាបត្រពីសកលវិទ្យាល័យ។ ក្រៅពីប្អូនៗនិស្សិតសកលវិទ្យាល័យ យើងមានអ្នករៀននៅ TVET នៅសាលាអី គាត់មានវិញ្ញាបនបត្រអី គាត់អាចចាប់ឱកាសហ្នឹង។ សូម្បីតែក្រសួងធម្មការ ក៏មានវិញ្ញាបនបត្រសម្រាប់អាចារ្យដែរ។ ទៅថ្ងៃក្រោយ ចង់ធ្វើពិធីអីមួយ គេមើលសញ្ញាបត្រអាចារ្យដែរមិនស្រួល ព្រោះជួនកាលពាក់តែអាវអាចារ្យ តែអត់ចេះក្បួន … ក្បួនប្រពៃណីយើងពិបាក ការស្តង់ដានេះក៏ពិបាក។ ហ្នឹងខ្ញុំលើកឧទាហរណ៍តែរឿងដុតធូបទៀន ពីក្រោមឡើងលើ ពីលើចុះក្រោម នៅការរៀបចំបាយសី។ ខ្ញុំទៅបញ្ចុះបឋមសីលាពេលព្រឹកនៅស្ទឹងត្រង់ កសាងសាលាមួយ អាចារ្យប្រាប់ថាត្រូវដុតទៀនពីក្រោមឡើងលើ។ ពេលល្ងាចខ្ញុំទៅបញ្ចុះបឋមសីលាកសាងអគារមួយទៀតនៅត្បូងឃ្មុំ អាចារ្យថាត្រូវតែដុតពីលើចុះក្រោម។ គាត់មានអំណះអំណាងការពាររបស់គាត់។ ដល់ទីបំផុតចុងក្រោយគឺពីលើមកក៏បាន ពីក្រោមទៅក៏បាន ឲ្យតែដុតឆេះ។ រឿងវាមានគន្លិកគន្លាក់ច្រើន។ ត្រូវមានជំនាញច្បាស់លាស់។ ដូចជាងភ្លើងត្រូវតែច្បាស់ ប្រយ័ត្នតមិនស្រួលឆេះផ្ទះគេ។ អញ្ចឹងការចេះជំនាញច្បាស់លាស់ឲ្យយើងចាប់ឱកាស។
(១៣) ពង្រីកបានចំណេះវិជ្ជា/ការចេះដឹង ជាគុណវុឌ្ឍិឈានទៅពង្រីកឱកាស ប្ដូរជំនាញ និង/ឬអាជីព
អាចអោយយើងពង្រីកឱកាស។ យើងមានមូលដ្ឋានកម្រិតនេះ អាចឲ្យយើងធ្វើ Reskilling ឬ Upskilling បាន។ បើយើងមានបរិញ្ញាបត្រខាង Management ថ្ងៃក្រោយយើងចង់ទៅរៀនបរិញ្ញាបត្រជាន់ខ្ពស់ខាងភាសា ឬ IT យើងមានសញ្ញាបត្រមូលដ្ឋានមួយដែលមិនចាំបាច់ទៅរៀនឡើងវិញ។ បើយើងចេះភាសាហើយ យើងចង់ reskilling ទៅសិក្សាអីផ្សេងទៀត យើងមានអាហ្នឹងស្រាប់។ មានមូលដ្ឋានមិនបាច់រៀនចំណាយពេលអត់ប្រយោជន៍។ ឥឡូវ upskilling និង reskilling នេះ បង្កើននូវជម្រើស និងសមត្ថភាពជ្រើសរើស បង្កើនឱកាសសម្រាប់យើងកសាងប្រកួតប្រជែងក្នុងសង្គម។ គ្មាននរណាថា បើរៀនគ្រប់គ្រង ត្រូវតែទៅធ្វើការងារគ្រប់គ្រងមួយជីវិតនោះទេ។ យើងអាចប្ដូរ។ នៅប្រទេសណាក៏អញ្ចឹង។ ប៉ុន្តែយើងត្រូវមានមូលដ្ឋានមួយ។ ចំណេះវិជ្ជា សមត្ថភាព ការយល់ដឹងជាគុណវុឌ្ឍិអាចឲ្យយើងឈានទៅជាមូលដ្ឋានពង្រីកឱកាស ប្ដូរជំនាញ … ប្ដូរអាជីព។
(១៤) ជំនាញបូកនឹងគំនិត ឬចំណេះដឹងនិងចំណេះធ្វើ បង្កើតជាឱកាស
ទី៣ គឺបង្កើតឱកាស។ សម័យឥឡូវពាក្យនេះឃើញនៅគ្រប់កន្លែងទៅហើយ។ អ្នកដែលជោគជ័យខ្លះ អត់ចប់សញ្ញាបត្រពីសាលាទេ។ ដូច Bill Gates អី គាត់អត់មានរៀនចប់ពី Harvard ទេ។ គាត់យកជំនាញខាង IT របស់គាត់ទៅបង្កើតផលិតផលថ្មី។ Jack Ma គាត់មានជំនាញ មានគំនិត បូកបញ្ចូលគ្នា ទៅធ្វើប្រព័ន្ធដឹកជញ្ជូន Alibaba ដែលចេញដំបូងគេសើចគាត់។ តែគាត់មានជំនាញ មានមូលដ្ឋាន បូកនឹងគំនិតបង្កើតឱកាសខ្លួនឯងតែម្ដង។ បើយើងច្បាស់ យើងបង្កើតផលិតផលថ្មីៗ … ពាក្យដែលគេនិយាយថ្មី គឺនវានុវត្តន៍ បច្ចេកវិទ្យា ហើយថែមនវានុវត្តន៍ innovation បានន័យថា បង្កើតអីថ្មីៗ។ ទូរស័ព្ទពីមុន ចុចតែលេខ ប៉ុនស្មងជើង។
ឥឡូវតូចតែមួយ ហើយចេះធ្វើច្រើនមុខ។ ទៅមុខទៀត ខ្ញុំមិនដឹងថាគេអាចធ្វើឲ្យទូរស័ព្ទហោះឬអីទេ។ កុំអាលមើលងាយ ជួនកាលនៅលើតុ គ្រាន់តែលើកដៃ វាហោះមករកយើង។ ឥឡូវគ្រាន់តែយើងចុចទូរស័ព្ទ ម្ហូបហោះមករកយើងហើយហ្នឹង។ មាន Foodpanda មានអី។ ត្រូវទេ? កាលមុន ចង់បានម្ហូបទាល់តែជិះកង់/ម៉ូតូទៅទិញនៅហាង។ ឥឡូវគ្រាន់តែចុចទូរស័ព្ទ ម្ហូបហោះមកយើង គ្រាន់តែបង់លុយឲ្យគេ។ គេបង្កើតគំនិត delivery service។ ឥឡូវប្រទេសខ្លះគេបង្កើត Drone Delivery Service ថ្ងៃក្រោយគេលែងប្រើ Drone ទូរស័ព្ទមួយៗអាចប្រើជា Drone ជាអី ក៏មិនអាចដឹងបាន។ បង្កើតគំនិតថ្មី បង្កើតទីផ្សារថ្មី។ អញ្ចឹង មូលដ្ឋានចំណេះដឹង ចំណេះធ្វើនេះហើយ ដែលយើងអាចមានឱកាស។
(១៥) ចំណេះដឹងជួយលើកកម្ពស់សមធម៌សង្គម
ចំពោះសង្គមក៏ដូចជាបុគ្គល ចំណេះដឹងជួយលើកកម្ពស់សមធម៌សង្គម។ ហេតុអី? នៅស្រុកយើងអត់ដូចនៅប្រទេសខ្លះដែលថាកើតឡើងក្នុងឋានៈណាមួយនៅឋានៈហ្នឹងអស់មួយជីវិត។ យើងអត់មានឋានៈទេ។ ខ្ញុំអត់និយាយប្រទេសណាទេ។ ប្រទេសខ្លះ កើតមកគេមានឋានៈនៅក្នុងសង្គម។ កើតមក អ្នកឯងនៅក្នុងវណ្ណៈអី គឺនៅក្នុងវណ្ណៈហ្នឹងមួយជីវិត ទោះអ្នកឯងធ្វើអីក៏ដោយ។ នៅកម្ពុជាអត់ទេ។ បើអ្នកកើតនៅក្នុងគ្រួសារអ្នកនេសាទមិនត្រូវតែជាអ្នកនេសាទទេ។ អ្នកអាចក្លាយទៅជាអ្នកធុរកិច្ច ឬមួយក៏ជាមន្ត្រីរាជការ ឬមួយក៏អ្នកនៅក្នុងវិស័យឧស្សាហកម្ម។ បានន័យថាម៉េច? (គឺផ្លាស់ប្តូរ)តាមរយៈការអប់រំបណ្តុះបណ្តាលគឺចំណេះដឹងនេះឯង។ កូនក្មេងរបស់ខ្មែរប្រកួតឈ្នះគេ ពានវង្វាន់មេដាយមាស ខាងវិទ្យាសាស្ត្រ ខាង Robot ជាមួយប្រទេសដែលគេទំនើបជាងយើង ដើរមុនយើង ដោយសារយើងមានឱកាសរៀនសូត្រ។ យើងអាចធ្វើបាន។ និទ្ទេស A ជាង ២០០០នាក់ ដែលខ្ញុំត្រូវទៅជួបពេលខាងមុខនេះ មានអ្នកដែលកើតនៅខេត្ត ហើយជាកូនអ្នកក្រីក្រ និងកូនអ្នកធូរធារនៅភ្នំពេញដូចគ្នា។ និទ្ទេស Aដូចគ្នា។ បានន័យថា ផ្តល់ឱកាសគម្លាតខួរក្បាលងាយបិទ។
(១៦) បិទគម្លាតខួរក្បាលគឺបិទគម្លាតសមត្ថភាព បិទគម្លាតសមត្ថភាពគឺបិទគម្លាតនៃការចាប់ឱកាស
ការដែលងាយបិទគម្លាតខួរក្បាលគឺងាយស្រួលក្នុងការបិទនូវគម្លាតសមត្ថភាព។ ការបិទគម្លាតសមត្ថភាព បានន័យថា បិទនូវគម្លាតនៃការចាប់ឱកាសនៅក្នុងការកសាងនូវជីវភាពរស់នៅរបស់ខ្លួន … ជំនាន់ឪពុកម្តាយយើងខុសគ្នា តែជំនាន់កូនមានឱកាសមិនប្រាកដថាកូនខុសគ្នាទៀតទេ។ ជំនាន់ឪពុកម្តាយម្នាក់ជាអ្នកធុរកិច្ច ម្នាក់ជាអ្នកស្រែចម្ការ ជំនាន់កូនអាចខុសគ្នា។ បានន័យថា កូនអ្នកស្រែចម្ការ អាចក្លាយជាអ្នកធុរកិច្ចជោគជ័យ។ ខ្ញុំសួរ ឧកញ៉ា ខ្ញុំសួរបងប្អូនអ្នកធុរកិច្ច សហគ្រិនវ័យក្មេងអីមួយចំនួនថា ខ្សែស្រឡាយគាត់ពីពីដូនតាមកសុទ្ធតែអ្នកធុរកិច្ចធំៗ អញ្ចឹងឬទេ? ថាអត់ទេ។ អ្នកខ្លះជាអ្នកស្រែចម្ការ តែគាត់បែ។ក គាត់មករៀនធ្វើការរកស៊ីឡើង មានជោគជ័យ ដោយសារសមត្ថភាព និងឱកាស។
(១៧) ចំណេះដឹងលើកកំពស់សមធម៌សង្គម បិទគម្លាតរវាងកូនចៅអ្នកគ្មានលទ្ធភាពនិងអ្នកមានលទ្ធភាព
មន្ត្រីរាជការរបស់យើងឥឡូវ រដ្ឋលេខាធិការ រដ្ឋមន្ត្រី សូម្បី ឯកឧត្តម ហង់ជួន ណារ៉ុន ដែលជាឧបនាយករដ្ឋមន្រ្តីអប់រំ សួរថា ឪពុកគាត់ ជីតា គាត់នៅក្នុងមន្ត្រីរាជការ មន្ត្រីរាជការរបស់យើងរដ្ឋលេខាធិការមួយចំនួនដែលខ្ញុំសួរចេញមកពីឆ្នាំ ១៩៧៩ កូនកំព្រាទេ។ ឪពុកម្តាយគេសម្លាប់អស់។ អត់មានអ្នកណាជួយទំនុកបម្រុងដូចគេអ្នកមានឪពុកម្តាយ តែគាត់ខំប្រឹងតស៊ូបានទៅរៀន បានជោគជ័យ។ ឥឡូវគាត់បានធ្វើការងារសំខាន់ៗ។ នេះគឺជាការផ្តល់ឱកាសក្នុងការលើកកម្ពស់សមធម៌សង្គម គឺធ្វើឱ្យគម្លាតរវាងជនបទ និងទីក្រុង គម្លាតរវាងកូនចៅអ្នកដែលមិនមានលទ្ធភាពជាមួយនឹងអ្នកមានលទ្ធភាព ឬបុគ្គលដែលមិនមានលទ្ធភាពតាំងពីក្មេង ឥឡូវអាចមានលទ្ធភាពរីកចម្រើនខ្លួនឯង ដោយសារចំណេះដឹង និងការវិនិយោគទៅលើការខិតខំប្រឹងប្រែងនេះហើយ។ សម្រាប់កម្ពុជាការវិនិយោគរបស់យើងទៅលើវិស័យអប់រំក៏ជាផ្នែកមួយគោលដៅមួយយ៉ាងសំខាន់ គឺពង្រឹងសមធម៌នេះឯង។ ការវិនិយោគលើវិស័យអប់រំគឺយើងជួយបែបនេះ។ សម្រាប់ប្រទេសនីមួយៗមានមូលដ្ឋាន(ធនធាន)មនុស្សកាន់ច្រើន និងកម្រិតកាន់តែខ្ពស់ គឺផ្តល់ឱកាស។
(១៨) ព្រះសង្ឃមករៀននៅសាកលវិទ្យាល័យ បង្ហាញថាអាណាចក្រដើរជាមួយនិងពុទ្ធចក្រ ពង្រីកសមត្ថភាពកូនខ្មែរ បង្កើនប្រកួតប្រជែង ភាពម្ចាស់ការ និងឯករាជ្យភាពនៃប្រទេសជាតិ
ថ្ងៃនេះយើងមានព្រះតេជគុណ ព្រះសង្ឃ ជាសាមណៈនិស្សិតនៅទីនេះ។ ព្រះតេជគុណ បើអាចសួរភាគច្រើនប្រហែលជា Management ហើយ។ មានព្រះតេជគុណណាដែលគ្រោងសឹកទេ ក្រោយពីចប់? ខ្ញុំមានម្តងនៅក្រចេះ។ សញ្ញាបត្ររបស់ព្រះអង្គគឺមានឆាយាល័ក្ខណ៍ ហើយគេតែងតែហុចមកឱ្យខ្ញុំ។ ពេលចែកហ្នឹងមានតែ ៣ប្រភេទសញ្ញាបត្រ ហើយចាំដូរគ្នាក្រោយ មានតែនារី បុរស និងព្រះសង្ឃ។ អញ្ចឹងដល់ពេលមួយព្រះសង្ឃឡើងមកលើគេ ហុចមកគឺរូបថតពាក់អាវធំ។ ខ្ញុំថា ខុសហើយ។ ពិធីការថា អត់ទេត្រូវហើយបង។ ថាខុសហើយព្រះសង្ឃ។ ពិធីការថា ត្រូវហើយ ព្រះសង្ឃលោកជិតសឹកហើយ។ បន្តិចទៀតព្រះអង្គទៅប្រឡងមន្ត្រីរាជការ។ អត់មានលក្ខខណ្ឌហាមព្រះសង្ឃ គ្រហស្ថ ទៅបួសមួយរយៈ ឬមួយព្រះសង្ឃត្រូវតែសាងផ្នូសមួយជីវិតនោះទេ។ សូម្បីតែសម្តេចសង្ឃក៏លោកសឹក។ ឥឡូវនៅក្រសួងការបរទេសសម្តេចសង្ឃ ??? ពេលដែលលោកសឹកគេនាំគ្នាបង្ហោះតាមហ្វេសប៊ុកដាក់ភ្លេងកំសត់ថា គេចាប់លោកសឹកដោយអយុត្តិធម៌។ ខ្ញុំថាទេ! មានតែខ្ញុំអង្វរលោកថាព្រះអង្គនៅជួយបន្ត។ លោកមានជម្រើស។ អត់មានអីខុសទេ។ អញ្ចឹងជាឱកាសសម្រាប់យើងទាំងអស់គ្នាពីដើមក្មេងៗចង់រៀនបន្តទៅបួសនៅវត្តដើម្បីបានរៀន។ ដោយសារយើងអត់មាន។ ឥឡូវព្រះសង្ឃមករៀន នៅពុទ្ធិកសាកលវិទ្យាល័យក៏មាន ព្រះសង្ឃមករៀននៅទីនោះ។ អញ្ចឹងយើងពុទ្ធិចក្រ អាណាចក្រដើរជាមួយគ្នានេះជាឱកាសពង្រីក(សមត្ថភាព)ទាំងអស់គ្នា សម្រាប់កូនខ្មែររបស់យើង បង្កើនប្រកួតប្រជែងសម្រាប់ប្រទេសជាតិ ការបង្កើនភាពម្ចាស់ការ និងឯករាជ្យរបស់ប្រទេសជាតិដូចគ្នា មានធនធានច្រើនយើងអាចកំណត់ទិសដៅនៃសកម្មភាពរបស់យើង ដោះស្រាយបញ្ហារបស់ខ្លួនឯង មូលដ្ឋានសម្រាប់អភិវឌ្ឍប្រទេសឱ្យកាន់តែទំនើប និងប្រកួតប្រជែង។ រឿងនេះធំណាស់។
(១៩) ប្រទេសនីមួយៗ ត្រូវមានសមត្ថភាពប្រកួតប្រជែងទាក់ទាញវិនិយោគ ត្បិតការប្រកួតប្រជែងមិនមែនមានតែខាងនយោបាយទេ
សភាពការណ៍ពិភពលោកដើរលឿន។ ការប្រកួតប្រជែងមិនថាខាងនយោបាយទេ សូម្បីតែខាងពាណិជ្ជកម្មក៏មានការប្រកួតប្រជែងគ្នាយ៉ាងលឿនដែរ។ ប្រទេសនីមួយៗ ត្រូវតែមានសមត្ថភាពនៅក្នុងការប្រកួតប្រជែងដើម្បីទាក់ទាញវិនិយោគ។ នៅកម្ពុជា ខ្ញុំជួបជាប្រចាំ។ ម្សិលមិញជួបជាមួយព្រះអង្គម្ចាស់ម្នាក់ដែលគាត់ប្រធានក្រុមហ៊ុនផែធំរបស់ឌូប៊ៃមួយ ដែលគ្រប់គ្រងផែលើពិភពលោក។ គាត់ចង់មកវិនិយោគនៅកម្ពុជាលើផែលើអីហ្នឹង។ ដោយសារឃើញសក្តានុពលកម្ពុជាធំ ធនធានមនុស្សយើងអាចធ្វើបាន ធ្វើប្រព័ន្ធភស្តុភារកម្ម ប្រព័ន្ឌ Logistics អីបាន។ ម្សិលម៉្ងៃមួយខ្ញុំជួបជាមួយក្រុមវិនិយោគិនពីជប៉ុន។ ម្សិលមិញ ឯកឧត្តម ស៊ុន ចាន់ថុល កំពុងតែចរចាបញ្ចប់ជាមួយក្រុមហ៊ុន BYD ដែលនឹងមកវិនិយោគបើកក្រុមហ៊ុនផលិតរថយន្ត Electric នៅស្រុកខ្មែរ។ ក្រុមហ៊ុន BYD ជាក្រុមហ៊ុនយក្សរបស់ចិន ដូច Tesla របស់អាមេរិក កំពុងតែចរចាចុងក្រោយដែលគ្រោងនឹងមកក្នុងឆ្នាំក្រោយ ឬប៉ុន្មានឆ្នាំទៀត មកបើករោងចក្រ។ ឥឡូវយើងមានក្រុមហ៊ុន រោងចក្រយក្ស របស់ជប៉ុន Toyota។ ខ្ញុំសម្ពោធកាលពីដើមឆ្នាំ មកបើកនៅយើង។ ក្រុមហ៊ុន Ford ខ្ញុំធ្លាប់ទៅសម្ពោធកាលពីឆ្នាំទៅមួយនៅក្រគរ។ មានក្រុមហ៊ុនប៉ុន្មានទៀតដែលផលិតរថយន្ត។ បានន័យថា ដើម្បីប្រកួតប្រជែងកម្ពុជាមិនអាចនៅតែកាត់ដេរ តាំងពីឆ្នាំ ១៩៩០ ជាង នៅតែកាត់ដេររហូតនោះទេ។ មិនអាចប្រកួតឈ្នះគេទេ។ ត្រូវតែមានសមត្ថភាពទាញយកវិនិយោគប្រភេទថ្មី ដើម្បីឱ្យសមត្ថភាពកូនចៅយើងវិវត្តសមត្ថភាពកាន់តែខ្ពស់។
(២០)ត្រៀមទទួលរោងចក្រយីហោធំៗ ដែលគ្រោងរើទីតាំងដោយសារជម្លោះពាណិជ្ជកម្មរវាងមហាអំណាច
មុននឹងមកគេសួរថា តើអ្នកឯងមានធនធានមនុស្សហ្នឹងអត់? បើខ្ញុំបើករោងចក្រកាត់ដេរ ខ្ញុំអត់ត្រូវការអ្នកមានចំណេះដឹងច្រើនទេ អ្នកដែលអាចអង្គុយយូរបាន អ្នកដែលអាចជំនាញបាន។ សូម្បីតែកាត់ដេរឥឡូវ ក៏ខុសពីកាត់ដេរឆ្នាំ ១៩៩០ ជាង ដែលយើងបើកដំបូង។ កាត់ដេរឆ្នាំ ១៩៩០ ជាង សូម្បីតែសម្លៀកបំពាក់ក៏មានស្តង់ដារមានកម្រិតដែរ។ មាន Brand។ ស្តង់ដារទឹកដៃយើងអត់សូវល្អ … ឥឡូវយើងមាន Brand ច្រើនណាស់ ហើយមានមួយចំនួន ថ្ងៃមុនខ្ញុំមើលក្រុមហ៊ុនអាមេរិកមួយទើបបិទពីចិនរើមកកម្ពុជា មកប៉ុន្មានប្រទេស ដោយសារឥឡូវជម្លោះពាណិជ្ជកម្មរវាងមហាអំណាច ក្រុមហ៊ុនចាប់ផ្តើមរើទីតាំងច្រើន។ ខ្ញុំជួបច្រើន។ ទៅ Kunming ក៏ជួបច្រើន គ្រោងមក។ ជប៉ុនក៏ច្រើន។ ក្រុមដែលរើពីចិននោះក៏មិនមែនតែក្រុមហ៊ុនចិនទេ ក៏មានក្រុមហ៊ុនអាមេរិក ក្រុមហ៊ុនអឺរ៉ុបមក ដោយសារយើងមានទឹកដៃទើប Brand បែបនោះមក។ ដោយសារយើងមានសមត្ថភាពទើប Brand ដូចជាការផលិតវ៉ាលី សាឡុង។ ថ្ងៃមុនខ្ញុំទៅបាវិត ខ្ញុំភ្ញាក់។ ខ្ញុំនៅក្រៅប្រទេសសាឡុងអ៊ីតាលីគឺថ្លៃជាងគេបំផុត។ យើងគិតថាធ្វើនៅអ៊ីតាលីទាំងអស់។ អត់ទេ។ នៅបាវិតក៏មានក្រុមហ៊ុនអ៊ីតាលីប្រណិតមួយនាំចេញដែរ ដោយសារទឹកដៃខ្មែរយើងល្អ ផលិតបានខ្ពស់។ ប៉ុន្មានថ្ងៃមុន ក្រុមហ៊ុនផលិតកង់ឡានមួយកំពុងចរចាពង្រីកការវិនិយោគជាង ១០០០លានដុល្លារ។ មួយឆ្នាំនាំចេញរាប់ម៉ឺនគ្រាប់យកទៅក្រៅប្រទេស។ ឥឡូវសុំពង្រីកបន្ថែមទៀត គ្រោងដាក់ប៉ុន្មានពាន់បន្ថែមទៀត ដើម្បីរុញនូវខេត្តជាប់សមុទ្ររបស់យើង។
(២១) រើសយកការវិនិយោគដែលការពារបរិស្ថាននិងសង្គម ហើយផ្តល់ផលប្រយោជន៍ដល់ប្រជាជន
ក្រុមហ៊ុន Coca Cola កំពុងតែចរចាមើលការរៀបចំការផលិតជាតំបន់។ ឥឡូវលែងផលិតតែសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកទៀតហើយ គឺផលិតដើម្បីរុញទៅប្រទេសក្នុងតំបន់ យកមកដាក់ទីតាំងនៅស្រុកខ្មែរ។ កំពុងដើរមើលរកទីតាំងនៅខេត្តមួយចំនួន។ កន្លែងមានទឹកមានអីល្អយ៉ាងម៉េច។ ខ្ញុំឱ្យមើលឱ្យល្អ រៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ប៉ុន្តែត្រូវមើលរឿងបរិស្ថាន មើលអីជាមួយសហគមន៍ ធ្វើម៉េចបង្កើតផលវិជ្ជមានឱ្យសហគមន៍នៅទីនោះ តាមរយៈការផ្តល់ការងារ ការពារបរិស្ថានផ្សេងៗ … ល្ងាចនេះខ្ញុំទៅសន្និបាត ក្រសួងរ៉ែ និងថាមពល នឹងនិយាយអំពីការអភិវឌ្ឍដោយចីរភាព។ យើងមិនមែនចេះឱ្យតែគេដាក់ទុនមកច្រើន យើងឱ្យនោះទេ។ យើងត្រូវគិតថាវិនិយោគហ្នឹងវាការពារប្រជាពលរដ្ឋយើងយ៉ាងម៉េច? ផ្តល់អត្ថប្រយោជន៍ឱ្យប្រជាពលរដ្ឋយ៉ាងម៉េច? ការពារបរិស្ថាន និងសង្គមយ៉ាងម៉េច? បានយើងឱ្យ។ យើងរើសដែរ។ មិនដូចកាលពីឆ្នាំ ១៩៩០ជាងនោះទេ។ កាលពីឆ្នាំ ១៩៩០ជាង យើងទើបបើកប្រទេស យើងនៅមានការលំបាក។ អញ្ចឹងការចរចាវិនិយោគគឺមានទម្ងន់ធ្ងន់ណាស់។ ឥឡូវអត់ទេ យើងមានជម្រើស។ អត់ត្រូវស្តង់ដារ យើងសុំមិនទទួល ដោយសារយើងត្រូវការពារ ការវិនិយោគ ការរីកចម្រើន ដោយចីរភាព មិនអាចមកធ្វើកន្លែងហ្នឹងហើយបំផ្លាញកន្លែងហ្នឹង ហើយរើទៅទេ។ ត្រូវតែធានាទាំងបរិស្ថាន ទាំងប្រជាពលរដ្ឋនៅជុំវិញ។
(២២) ដាក់ចេញគោលនយោបាយជាក់ស្តែង ធំបំផុតធនធានមនុស្ស ដើម្បីពង្រឹងភាពប្រកួតប្រជែង
អ្នកខ្លះថា ១ឆ្នាំជាងនេះ រដ្ឋាភិបាលឃើញតែអួតអត់ឃើញអីសោះ។ ថាមកពីយើងមិនព្រមបើកភ្នែកមើល។ ខ្ញុំទៅសម្ពោធរោងចក្រ Toyota ក្រុមហ៊ុនវិនិយោគបង្កើតការងារមួយថ្ងៃៗ ក្រសួងការងារដាក់ Dashboard ៥ម៉ឺននាក់ត្រូវការបុគ្គលិក រុញទៅដើម្បីបង្កើតជាប្រចាំ។ មានរោងចក្រខ្លះបិទ យើងទទួលស្គាល់ តែមានរោងចក្រច្រើនបើកដូចគ្នា។ ប្រទេសទាំងអស់ដូចគ្នា។ តែយើងមិននៅស្ងៀមទេ យើងត្រូវពង្រឹងភាពប្រកួតប្រជែងរបស់យើងបន្ថែមទៀត តាមរយៈការដាក់ចេញគោលនយោបាយជាក់ស្តែង ហើយមួយធំបំផុតគឺធនធានមនុស្ស។ អញ្ចឹងពេលដែលខ្ញុំជួបជាមួយក្រុមហ៊ុនជប៉ុនម្សិលម៉្ងៃ គេបណ្តុះបណ្តាលនៅក្នុងស្រុក ហើយថែមទាំងបណ្តុះបណ្តាលគុណភាពអ្នកជំនាញរបស់យើង សម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារជប៉ុន។ ឧទាហរណ៍ ឥឡូវជប៉ុនកំពុងខ្វះ IT ក្នុងរយៈពេល ១០ឆ្នាំទៀត គាត់នឹងខ្វះ IT ភាគច្រើន។ អញ្ចឹងគាត់ធ្វើការជាមួយក្រសួងការងារ ក្រសួង MPTC ក្រសួង Telecom របស់យើង ឯកឧត្តម ជា វ៉ាន់ដេត បណ្តុះបណ្តាលចំតែម្តង ចេញទៅធ្វើការមួយរយៈ ត្រឡប់មកវិញជាធនធានរបស់យើង។ រៀននៅក្នុងសាលា ចេញទៅធ្វើការពីក្រៅមកទៀត។
អញ្ចឹងបានន័យថា មិនមែនបណ្តុះបណ្តាល ក ខ A B C នោះទេ គឺបណ្តុះបណ្តាល IT បណ្តុះបណ្តាលកម្រិតខ្ពស់នេះឯង។ នេះហើយឱ្យយើងជាប្រទេសនៃការប្រកួតប្រជែង មិនត្រឹមតែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនូវជំនាញចាំបាច់ តែយើងផ្គត់ផ្គង់ទីផ្សារចាំបាច់នៅខាងក្រៅ មិនមែនទៅតែធ្វើកសិកម្ម ប៉ុន្តែថែមទាំងនៅក្នុងឧស្សាហកម្ម។ ឥឡូវនៅកូរ៉េដែរ។ កន្លែង IT កន្លែងធនាគារ កន្លែងខ្លះខ្ញុំនៅក្រៅទៅជួបបុគ្គលិកពេទ្យធ្វើការនៅខាងក្រៅ។ គាត់ទៅមក។ គាត់មានសាខារវាង manager របស់យើងនៅក្នុងអូតែល ដែលមានសាខា ឧទាហរណ៍ប្រេនអន្តរជាតិ manager របស់យើងគេដូរវេនគ្នា។ ឧទាហរណ៍សូហ្វីតែល គាត់មានប្រេនរបស់គាត់នៅ ១០ ប្រទេស។ អញ្ចឹងប្រេនគេដូរគ្នា ពេលខ្លះខ្មែរយើងចេញទៅក្រៅ ព្រោះមានសមត្ថភាពដែរ។ នេះហើយបង្កើតការប្រកួតប្រជែងរបស់យើង។ សំខាន់បំផុតគឺការផ្តល់ភាពធុន និងភាពបត់បែន។
(២៣) ឆ្នាំ២០២៥ អនុវត្តផែនការមេ ៤ខេត្តឆ្នេរសមុទ្រ ចេញពីខេត្តព្រះសីហនុ ជំរុញឧស្សាហកម្មនិងភស្តុភារកម្ម
ខ្ញុំនិយាយភាពទំនើបកម្ម ភាពទាក់ទាញប្រកួតប្រជែងនេះ ដើម្បីអ្វី? ដើម្បីពង្រីកឱកាសបន្ថែមឲ្យប្រជាពលរដ្ឋយើងមានលទ្ធភាព ដែលយើងទាក់ទាញការវិនិយោគធំៗមក ទាំងរោងចក្រតម្លើងរថយន្ត ទាំង EV ទាំងរោងចក្រផលិតគ្រឿងអលង្ការ រោងចក្រផលិតឧស្សាហកម្មផ្សេងៗ។ ឥឡូវយើងកំពុងរៀបចំ។ ឆ្នាំនេះរុញចេញនូវផែនការ ៤ ខេត្តខាងឆ្នេរសមុទ្រ ចេញពីខេត្តព្រះសីហនុ ដើម្បីជំរុញឧស្សាហកម្ម។ ខេត្តព្រះសីហនុគឺជាខេត្តពហុបំណង ប៉ុន្តែមូលដ្ឋានធំ ខ្ញុំថាអាទិភាពសំខាន់ដែលជាមូលដ្ឋានគ្រឹះ គឺឧស្សាហកម្ម និង commercial ដែលដាក់ទិសដៅដើម្បីពង្រីកតំបន់សេដ្ឋកិច្ចពិសេសភស្តុភារកម្ម ជំរុញឧស្សាហកម្មឲ្យច្រើននៅខេត្តព្រះសីហនុ។ សង្ឃឹមថាខេត្តព្រះសីហនុអាចទាញបាន។ ពិតណាស់យើងមានសក្តានុពលខាងទេសចរណ៍ មានសមុទ្រ យើងមានកោះ ប៉ុន្តែពិពិធកម្មត្រូវតែធ្វើ។
មូលដ្ឋានធំ ជាទូទៅនៅតាមប្រទេសដែលមានកំពង់ផែ គឺឧស្សាហកម្ម និងភស្តុភារកម្មនេះឯង ដែលជាចំណូលធំបំផុតរបស់ខេត្ត។ នៅសៀងហៃ នៅ California, ហុងកុង, សិង្ហបុរី ផែទឹកជ្រៅនេះហើយចិញ្ចឹមមួយភាគធំនៃសេដ្ឋកិច្ចជាតិ។ អញ្ចឹង ទន្ទឹមនឹងយើងជំរុញទេសចរណ៍ យើងត្រូវរៀបចំបរិស្ថាន ដាក់ទិសដៅធំដើម្បីជំរុញខាងឧស្សាហកម្ម និងcommercial និងផ្នែកបច្ចេកវិទ្យាឲ្យបានច្រើននៅខេត្តព្រះសីហនុ។ នេះជាទិសដៅដែលយើងត្រូវរុញចេញនៅឆ្នាំ ២០២៥ នេះ ចាប់ផ្តើមអនុវត្តផែនការមេរបស់យើង។ យើងចំណាយចូលជាង ១ ពាន់លាន ទុនពីជប៉ុន ៤ ដំណាក់កាលដើម្បីកែប្រែផែរបស់យើង។ ខ្ញុំសម្ពោធដំណាក់កាលទី១ កាលពីចុងឆ្នាំ ចំណាយប៉ុន្មានរយលាន ពង្រីកផែ ដើម្បីជំរុញរឿងដឹកជញ្ជូន ជំរុញមូលដ្ឋានគ្រឹះមួយនៃឧស្សាហកម្ម ពាណិជ្ជកម្ម គឺប្រព័ន្ធដឹកជញ្ជូនកំពង់ផែនេះឯង logistic។
(២៤) ពង្រីកផ្លូវជាតិលេខ៦ ជំរុញផ្លូវរទេះភ្លើងមានស្រាប់ សិក្សាបណ្តាញផ្លូវពីក្រុងទៅព្រលានសៀមរាប
មិនអាចធ្វើអី្វចេញមួយថ្ងៃនោះទេ។ យើងធ្វើមានគោលដៅ។ បងប្អូនរៀនជាងដប់ឆ្នាំ ទើបបានបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់។ មិនមែនធ្វើមួយថ្ងៃទេ។ យើងមានទិសដៅ សមិទ្ធផល និងបានជាជំហានៗ។ ការដាក់ចេញគោលនយោបាយដូចគ្នា។ យើងធ្វើជាជំហានៗ។ ដែលថាអត់មានអ្វីចេញសោះ គឺមកពីអត់មើល។ បើមើលដឹងហើយ។ សមិទ្ធផលទៅមុខ តើធ្វើយ៉ាងម៉េច? យើងនឹងបន្តធ្វើ កំពុងតែដាក់កំហិតឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងក្រុមហ៊ុនរ៉ូយ៉ាល់ railway ធ្វើម៉េចចរចាឲ្យចប់រឿងរទេះភ្លើង ដើម្បីជំរុញរឿងភស្តុភារកម្ម។ ឥឡូវប្រព័ន្ធផ្លូវ ប្រព័ន្ធផ្លូវអាកាស យើងមានព្រលានយន្តហោះសៀមរាបដែលមិនត្រឹមតែព្រលានយន្តហោះទេសចរណ៍ទេ យើងបើកក្នុងមួយឆ្នាំនេះ វាអត់ទាន់ដល់កម្រិតដែលយើងចង់បាន។ ឥឡូវ high season មនុស្សច្រើនប៉ុន្តែយើងចង់បង្កើនទៀត។ យើងកំពុងតែពង្រីកផ្លូវជាតិលេខ៦ ដើម្បីដោះស្រាយបញ្ហាធ្វើដំណើរ។
ខ្ញុំកំពុងឲ្យសិក្សាមួយខ្សែទៀត។ ទី១ បានសិក្សាហើយផ្លូវរទេះភ្លើង railway ពីព្រលានយន្តហោះទៅក្រុង។ តែខ្ញុំឲ្យសិក្សាមួយខ្សែទៀតខ្លី តពីផ្លូវ(អង្គរ)ឃ្យុងយូមានស្រាប់។ ធ្វើថ្មីតែ ១៣ គីឡូគត់ តពីផ្លូវក្នុងដែលមានស្រាប់ បុកពីកន្លែងផ្លូវកាច់ហ្នឹងឡើងបន្ទាយស្រី បុក ១៣ គីឡូឡើងទៅដល់ផ្លូវព្រលានយន្តហោះថ្មីរបស់យើង។ យើងបើកច្រកហ្នឹងមួយទៀត ដើម្បីបំរើប្រជាពលរដ្ឋយើង និងផ្លូវទៅកាន់ព្រលានយន្តហោះសៀមរាបឲ្យកាន់តែធូរ។ យើងធ្វើយ៉ាងម៉េចឲ្យវាដើរ។ មិនអាចធ្វើម្តងល្អឥតខ្ចោះ តែទិសដៅរបស់យើងគឺត្រូវធ្វើឲ្យល្អឥតខ្ចោះ ឲ្យវាដើរ។យើងត្រូវធ្វើមួយតង់ វាយតម្លៃមួយតង់ កែសម្រួលដើម្បីបន្ថែមទៀត នេះគឺជាគោលការណ៍។ ការអនុវត្តគោលនយោបាយជាជំហាន មានទិសដៅច្បាស់លាស់ មិនខុសពីការដាក់ផែនការរបស់បងប្អូនរបស់ព្រះសង្ឃនៅក្នុងការរៀនឲ្យចប់ … និងព្យាយាមជំនះឧបសគ្គ។ យើងធ្វើជាជំហានៗ។
(២៥) អាច re-skilling និងup-skilling បត់បែន និងមានភាពធន់តាមតម្រូវការវិនិយោគ
ការធ្វើឲ្យយើងកាន់តែមានភាពប្រកួតប្រជែង ក៏អាចជួយឲ្យយើងនៅក្នុងភាពធន់ និងភាពបត់បែន។ បើយើងមានធនធានមនុស្ស យើងអាចសារ៉េបាន។ ឥឡូវខ្ញុំអាចប្រាប់ក្រុមវិនិយោគពីអាមេរិក អឺរ៉ុប ជប៉ុនមកដែលសួរថាកម្ពុជាមានធនធានអ្វី? មនុស្សយ៉ាងម៉េច ក្នុងវិស័យនេះវិស័យនោះ។ ខ្ញុំប្រាប់ថា ធនធានមនុស្សខ្ញុំមាន អ្នកមានសញ្ញាបត្រយើងមាន អ្នកដែលបានទទួល(ការបណ្តុះបណ្តាល)បច្ចេកវិទ្យា យើងមាន។ ប៉ុន្តែអ្វីមួយដែលកម្ពុជាអាចផ្តល់ឲ្យបានគឺភាពបត់បែន។ អ្នកឯងត្រូវការតម្លើងរោងចក្រផលិតអគ្គិសនី ត្រូវការបណ្តុះបណ្តាលមនុស្ស ៥០០ នាក់ ក្នុង ៦ខែ ឬមួយឆ្នាំ។ ប្រាប់ខ្ញុំ។ ខ្ញុំអាចធ្វើការបណ្តុះបណ្តាលឲ្យបាន។ ខ្ញុំមានធនធានមនុស្សដែលមានការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះហើយ។ ខ្ញុំអាចកែសម្រួលការបំពាក់ជំនាញថ្មីឲ្យគាត់បាន។ យើងអាចនិយាយដូចហ្នឹង។ បានន័យថា ជាភាពបត់បែន និងភាពធន់របស់យើង។ យើងមានធនធានមនុស្ស ដែលយើងបណ្តុះបណ្តាលប្រចាំឆ្នាំ ជារៀងរាល់ឆ្នាំ។ យើងហ៊ាននិយាយអញ្ចឹង។ មិនមែនខ្ញុំនិយាយលើមេក្រូទេ ខ្ញុំនិយាយជាមួយគេ ក្រសួងការងារ ក្រសួងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ អាច(ធ្វើបាន) ព្រោះយើងមានមូលដ្ឋាន re-skilling up skilling បំប៉នបន្ថែមអត់ពិបាក។ បើថាយកប្រជាពលរដ្ឋដែលអត់មាន(ការបណ្តុះបណ្តាលសោះ) គាត់ទើបរៀនបានថ្នាក់ទី ៤ ទៅបំពាក់រឿង IT ឲ្យគាត់ នោះវាពិបាក។ តែយើងមានអ្នកចប់បាក់ឌុប្លិ យើងមានអ្នកបរិញ្ញាបត្ររង បរិញ្ញា re-skilling ចង់បានយ៉ាងម៉េច ច្រើន។
(២៦) យុទ្ធសាស្ត្របញ្ចកោណអាណត្តិទី៧ ដាក់មនុស្សជាគោលដៅអាទិភាពទី១ ប្រើថវិកាពង្រឹងវិស័យអប់រំ …
យើងអាចផ្គត់ផ្គង់ទីផ្សារ។ យើងអាចតម្រូវឲ្យបាន។ ពេលកូវីដ១៩ ជាក់ស្តែង អត់មានអ្នកណាមកជួយយើងទេ។ ម្នាក់ៗ គិតតែរៀងខ្លួន។ យើងពឹងសមត្ថភាពពេទ្យរបស់យើងដែរ ដើម្បីព្យាបាលអ្នកជំងឺរបស់យើង។ យើងស្លាប់តិច។ ពិតណាស់ ការស្លាប់ម្នាក់គឺជាការសោកស្តាយ ជាការខាតបង់ធនធានមនុស្សរបស់ជាតិ ប៉ុន្តែជាការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់មួយដ៏អាណោចអាធ័ម តែបើសិនយើងគ្មានពេទ្យដែលមានសមត្ថភាពគ្រប់គ្រង ទាំងចត្តាឡីស័ក ទាំងព្យាបាល ជាពិសេសកន្លែងដែលធ្ងន់ ខ្ញុំកាន់ពេទ្យ ជួយមើលពេទ្យហ្លួងម៉ែ ឯកឧត្តម ឃួង ស្រេង មើលពេទ្យប៉ុន្មាន សែនសុខអី ដែលធ្ងន់ៗ អ្នកខ្លះសឹងតែបាត់បង់ទៅហើយ តែពេទ្យយើងព្យាបាលជា។ ថ្ងៃមុនខ្ញុំចុះទៅមើលប្រឡាយទឹកនៅខេត្តកណ្តាល មានម្នាក់ពរកូនមក។ កូនហ្នឹងឈ្មោះធីតា។ កូនហ្នឹងមានប្រវត្តិពេលកូវីដ១៩នេះ គឺម្តាយទំងន់ជិតដល់គ្រប់ខែ។ ពេលដែលគាត់ចូលទៅដល់ពេទ្យហ្លួងម៉ែ ពេទ្យមានវាយតម្លៃតែ ១០%គត់។ ទាំងម៉ែទាំងកូនរស់។ ប៉ុន្តែពេទ្យយើងនៅទីនោះ បូកជាមួយថ្នាំ តែសំខាន់សមត្ថភាពពេទ្យរបស់យើង ជួយទាំងម្តាយទាំងកូនរស់។ ឥឡូវកូនអាយុ ២ឬ ៣ ឆ្នាំហើយ។
នេះបានន័យថា (ជាលទ្ធផលបានពី)ការបណ្តុះបណ្តាល។ ពិតណាស់ ពេទ្យភាគច្រើនមានដុកទ័រ វេជ្ជបណ្ឌិតខ្លះទៅរៀនក្រៅតែភាគច្រើនបណ្តុះបណ្តាលនៅក្នុងប្រទេសយើង។ មិនថាអ្នកដែលធ្វើខេត្ត នៅទីនេះទេ។ នេះបញ្ជាក់អំពីភាពបត់បែន និងភាពធន់របស់យើង ជាពិសេសនៅពេលដែលស្ថានភាពចាំបាច់មកដល់។ នេះដោយសារអ្វី? ដោយសារការបណ្តុះបណ្តាលលើធនធានមនុស្សរបស់យើង។ បើសិនជាយើងគ្មានធនធានពេទ្យរបស់យើងក្នុងស្រុកទេ ចាំតែមានពេលយកពេទ្យពីក្រៅមក ២០១៩, ២០២០, ២០២១ ពេលដែលយើងបិទប្រទេស អត់មានពេទ្យមក យើងប្រហែលវេទនាហើយ។ ម្ចាស់ការធ្វើផែនការអប់រំ ដឹកនាំគ្រប់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាស្ត្រាចារ្យ គណៈគ្រប់គ្រង សុទ្ធតែខ្មែរទាំងអស់ បណ្តុះបណ្តាលភាគច្រើននៅខ្មែរ អត់មានជំនាញការណាមកអង្គុយពេញសាលានោះទេ … នេះហើយគឺជាផលប្រយោជន៍។ អញ្ចឹងហើយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលច្រើនអាណត្តិ ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណ អាណត្តិទី៧ ដាក់គោលដៅមនុស្សជាអាទិភាពទី១ ថវិកាធំសម្រាប់ពង្រឹងវិស័យអប់រំ យកចិត្តទុកដាក់លើគ្រូ ហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងការបើកឱកាសចូលរួមពីសាកលវិទ្យាល័យឯកជន ទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាបណ្តុះបណ្តាល។
(២៧) សង្គតិភាព និរន្តភាព និងស្ថេរភាព នៃការអនុវត្តគោលនយោបាយត្រឹមត្រូវជាចំណុចខ្លាំង
នេះគឺជាការប្តេជ្ញាចិត្ត ជាទិសដៅគោលនយោបាយ និងជាចក្ខុវិស័យដែលយើងធ្វើ។ មានអ្នកខ្លះសួរថា រដ្ឋាភិបាលអាណត្តិទី៧ ដូចអត់មានគោលនយោបាយអ្វីប្លែក។ ចង់យ៉ាងម៉េច? ចង់ឲ្យធ្វើបដិវត្តន៍ បានហៅថាប្លែកឬ? ចំណុចខ្លាំងមួយរបស់កម្ពុជា គឺសង្គតិភាព និរន្តភាព និងស្ថេរភាព នៃការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវ។ សំខាន់ណាស់។ គោលនយោបាយដែលដូរម្តងបន្តិច ៣ឆ្នាំម្តងដូរ ២ឆ្នាំដូរ អ្នកនេះឡើងមកធ្វើអញ្ចេះ ដូរចុះឡើងវិល។ សូម្បីតែអប់រំ បើសិនជានៅក្នុងសាកលវិទ្យាល័យ មុខវិជ្ជាមួយ មួយឆ្នាំឲ្យដូរសៀវភៅម្តង។ សូម្បីតែគ្រូក៏វិលដែរ។ ត្រូវទេ? លោកគ្រូគាត់បង្រៀនមុខវិជ្ជាមួយ ប្រើសៀវភៅនេះ ទម្រាំតែគាត់ច្បាស់លាស់ហើយដំណើរការថ្នឹកជាមួយសៀវភៅហ្នឹង ថាឈប់ប្រើអាហ្នឹង ទៅយកសៀវភៅថ្មីមក។ គ្រូត្រូវប្រើពេលរៀនឡើងវិញ។ អញ្ចឹងនិរន្តភាព ហើយគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជាគោលនយោបាយដែលអនុម័តដោយអង្គសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ជាគោលនយោបាយដែលអនុវត្ត មានប្រសិទ្ធភាព។ យើងធ្វើការកែសម្រួលគោលនយោបាយរបស់យើង ផ្អែកទៅលើអ្វីដែលដើរ។
បញ្ចកោណវាបន្ថែមមួយមុំទៅលើចតុកោណ។ ចតុកោណនេះធ្វើអស់ឬនៅ? មុំបួននេះ ធ្វើមិនអស់ទេ តែធ្វើមុំមួយៗឲ្យកាន់តែរឹងមាំ។ ធនធានមនុស្ស រដ្ឋបាលសាធារណៈ អភិបាលកិច្ចស្អីៗ ធ្វើដដែល ដើម្បីឲ្យវាកាន់តែមានប្រសិទ្ធភាព។ ការអនុវត្តទិសដៅសំខាន់ទៅលើវិស័យអប់រំ និងសុខាភិបាល គណបក្សប្រជាជនកម្ពុជារាប់អាណត្តិហើយ ដាក់គោលដៅនេះជាអាទិភាព។ យើងនៅតែបន្តគោលដៅនេះជាអាទិភាព។ គ្រាន់តែវិធីសាស្ត្រប្រើ វិធីសាស្ត្រអនុវត្តអាចខុសពីមុន។ ប៉ុន្តែនៅក្នុងគោលគំនិតតែមួយ។ ធ្វើអ្វីមួយត្រូវមានលំនឹង ធ្វើផ្ទះមួយមិនអាចធ្វើមួយជាន់រុះរើ ហើយធ្វើទៀតទេ មានអ្នកខ្លះធ្វើផ្ទះ ៣ឆ្នាំមិនទាន់ហើយ មិនមែនដោយសារជាងធ្វើយូរទេ ដោយសារបន្ទប់ដេកហ្នឹងប្រពន្ធអត់ដែលត្រូវចិត្ត ឲ្យតែរៀបធ្វើ ប្រពន្ធទៅដល់កែអានេះ វាយខ្ទេច ដូរចិត្តរហូត ជាងរត់មិនទាន់ អីមិនទាន់ មិនចប់។
(២៨) ធានាសន្តិភាព ស្ថេរភាព គោលនយោបាយច្បាស់លាស់ មុតស្រួច និងប្រសិទ្ធភាព ឲ្យអភិវឌ្ឍកាន់តែរឹងមាំ
ការធានាមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ គឺការធានានូវនិរន្តភាព និងលំនឹងនៃការអភិវឌ្ឍន៍ប្រទេស ធានាបាននូវសុខសន្តិភាព ស្ថេរភាព គោលនយោបាយដែលមានភាពច្បាស់លាស់ ប្រាកដប្រជា និងលំនឹងគោលនយោបាយ អនុវត្តកាន់តែមុតស្រួច និងមានប្រសិទ្ធភាព ដើម្បីជំរុញប្រទេសយើងឲ្យអភិវឌ្ឍកាន់តែរឹងមាំ នេះគឺជាកិច្ចការសំខាន់។ បងប្អូនអាចមានអារម្មណ៍ថាការដោះស្រាយខុសគ្នា។ ថ្ងៃមុនខ្ញុំទៅសៀមរាប tour guide ២នាក់ នៅពេល low season គាត់ឲ្យចម្លើយខ្ញុំខុសគ្នា។ មិនមែនគាត់ភូតទេ។ tour guide មួយគាត់ថា ខែ low នេះខ្ញុំមិនសូវរកបានមនុស្សទេ ដូចខ្សត់។ tour guide មួយទៀតគាត់ថាយី ខ្ញុំអត់ទេពេញរហូត។ អ្នកលក់ដូចគ្នា វិស័យខ្លះមិនសូវដើរ វិស័យខ្លះដើរ។ គេថាចុះរដ្ឋាភិបាលអួតថាសេដ្ឋកិច្ចកើន ៥% ចុះហេតុអ្វីក៏វិស័យនេះអត់ទៅមុខ ម៉េចក៏ ៥% ខ្ញុំដូចអត់មានអារម្មណ៍ថា ៥%។ ៥%តែឯង។ អត់ទេ។
ឧទាហរណ៍វិស័យនាំចេញ កម្មន្តសាលកាត់ដេរ យើងរីកប៉ុន្មានភាគរយ សួរអ្នកដែលធ្វើនៅក្នុងហ្នឹង គាត់ដឹងថាការរីកចម្រើន ការទិញនៅតែទិញ រីក កម្មករនៅតែត្រូវការ មួយថ្ងៃ ៥ម៉ឺននាក់ រកអត់ទាន់បានផង បៀវត្សរ៍ក៏នៅតែឡើង។ នៅវិស័យខ្លះទៀត លក់រាយ កន្លែងខ្លះលក់មិនសូវដាច់ ដោយារកត្តាជាច្រើន។ បើយើងទៅសួរអ្នកលក់ អ្នកលក់នៅផ្សារជួនកាលអត់ដាច់។ ដាច់អ្នកលក់តាមអនឡាញ ដោយសារការប្តូរវិធីសាស្ត្រ។ ឥឡូវខ្ញុំសួរចំនួនអ្នករត់ food delivery កើន។ ក្រុមហ៊ុន panda ក្រុមហ៊ុន grab អីកើនមនុស្ស។ ដោយសារអ្នកទិញភាគច្រើនលើកតែទូរស័ព្ទ ម្ហូបហោះមកយើង។ បន្ដិចទៀតក្បាលពោះកាន់តែឡើងហើយ ដោយសារមនុស្សលែងដើរទៅផ្សារ ដើរទៅផ្សារតែ ១០ម៉ែត្រ ក៏ដុតកាឡូរីដែរ។ ឥឡូវនៅអង្គុយមើលទូរទស្សន៍ កូកាកូឡា ទឹកផ្អែមៗ កន្លែងខ្លះ(ទឹក)ប្ដូរនិស្ស័យ។ អញ្ចឹង (មនុស្ស)លែងដើរមកយើង វាប្រែប្រួល។ យើងមិនអាចដឹងទេ។
អ្នករៀនដូចគ្នា។ ជំនាញនេះ ខ្ញុំរៀនអត់សូវមានទីផ្សារសោះ។ ស្រាប់តែអ្នកផ្សេងមុខវិជ្ជា(ខ្ញុំរៀន)រកអ្នកធ្វើការមិនគ្រប់ផង វាខុសគ្នាអញ្ចឹង។ ប៉ុន្ដែដំណើរសេដ្ឋកិច្ចមានលំនឹងត្រូវតែមាន។ បើបាត់លំនឹងសេដ្ឋកិច្ច ម៉ាក្រូសេដ្ឋកិច្ច ឧទាហរណ៍គ្រាន់តែអតិផរណា ប្រទេសខ្លះនៅជិតយើង មួយឆ្នាំគ្រាន់តែទំនិញឡើងថ្លៃ ៣០%។ បៀវត្សកម្មករនៅស្រុកយើងឡើងរាល់ឆ្នាំ។ ប្រទេសខ្លះអត់ឡើងហើយធ្លាក់ចុះទៀត។ មិនមែនធ្លាក់ចំនួនទេ ប៉ុន្ដែប្រទេសខ្លះគិតលុយ គាត់ដល់ឆ្នាំហ្នឹងលុយគាត់ធ្លាក់ថ្លៃ។ អញ្ចឹងបើគិតប្រៀបនឹងឆ្នាំទៅ លុយគាត់បានថោកជាងឆ្នាំទៅ។ វាប្រៀបធៀប ប្រកួតប្រជែង ប៉ុន្ដែត្រូវការរក្សាលំនឹង ស្ថិរភាព សន្ដិភាព សន្ដិសុខ។ បើមិនអញ្ចឹងគ្មានអ្នកណាមកទេ។ គេរត់អត់ហើយ។ គ្មានអ្នកណាធានានូវការបើកឱកាសបន្ថែមទៀតទេ។ អ្វីដែលរាជរដ្ឋាភិបាលអាចធានា និងផ្ដល់ឱកាសបាន គឺការធានានូវបរិស្ថានសន្ដិភាព សន្ដិសុខ ស្ថិរភាព ឱកាសការងារ និងដាក់ចេញនូវគោលនយោបាយបន្ថែមទៀត ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដើម្បីមានឱកាសប្រកបរបរចិញ្ចឹមជីវិត មានឱកាសពង្រីក និងពង្រឹងសមត្ថភាព (ដើម្បី)កំណើនជីវភាពរស់នៅរបស់ខ្លួនបន្ដទៀត។នេះជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។
[បញ្ចប់សេចក្ដីអធិប្បាយ១]
ដើម្បីបន្តរួមចំណែកដល់ការលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា ជាពិសេសចូលរួម អនុវត្តឱ្យបានជោគជ័យនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ សម្រាប់ការ-អភិវឌ្ឍមូលធនមនុស្ស, ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖
ទី១ ក្រសួងអប់រំ យុវជន និង កីឡា និង វិស័យឯកជន ត្រូវបន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អប្រសើរ, អភិវឌ្ឍ និង ធ្វើបច្ចុប្បន្នកម្មនៃកម្មវិធីសិក្សា ដោយផ្តោតការយកចិត្តទុកដាក់បន្ថែម ទាំងជំនាញបច្ចេកទេស, ជំនាញរឹង និង ជំនាញទន់, ជាពិសេស ការធ្វើការងារជាក្រុម, ការ-គោរពវិន័យ និង ក្រមសីលធម៌វិជ្ជាជីវៈក្នុងកន្លែងការងារ តាមរយៈ ការពង្រឹងក្របខ័ណ្ឌគុណវុឌ្ឍិជាតិ, ការបង្កើតស្ដង់ដារជាតិលើការអភិវឌ្ឍមុខជំនាញ សំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការទីផ្សារពលកម្ម, ការបង្កើតឱកាសទទួលបានការងារ និង ប្រើប្រាស់ឱ្យអស់សក្ដានុពលប្រជាសាស្ត្ររបស់កម្ពុជា ក៏ដូចជា ដើម្បីបង្កើតលក្ខខណ្ឌ សមស្របសម្រាប់ពលករកម្ពុជា ។
ទី២. ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តពង្រឹងកម្មវិធីសិក្សា និង បំផុសឱ្យសិស្សានុសិស្ស និង និស្សិត, អភិវឌ្ឍចំណេះដឹងជាប់ជាប្រចាំ តាមរយៈ ការស្វ័យសិក្សា, ការសិក្សាស្រាវជ្រាវ និង ការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសក្តានុពល និង ផលិតភាព និង ការកសាងពលរដ្ឋឌីជីថលនៅកម្ពុជា សម្រាប់ទាញយកផលប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថល ក៏ដូចជារួមចំណែកដល់ការកសាងម៉ូដែលកំណើនថ្មីកម្ពុជាដែលផ្អែកលើជំនាញ បចេ្ចកវិទ្យា និង នវានុវត្តន៍ ។
ទី៣. ថ្នាក់ដឹកនាំសាកលវិទ្យាល័យ និង សាស្រ្តាចារ្យ ត្រូវបន្តដើរតួនាទីនាំមុខ, ជាមគ្គុទ្ទេសក៍, ជាទីប្រឹក្សា ជាអ្នកស្រាវជ្រាវ និង ជាអ្នកនវានុវត្តន៍ ដែលត្រូវខិតខំអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ, ទាំងផ្នែកចំណេះដឹង វិធីសាស្ត្របង្រៀន និង ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីផ្ទេរបន្តចំណេះដឹងជាក់ស្តែងដល់និស្សិត និង រួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស សម្រាប់កម្ពុជា ។
ទី៤. ខ្ញុំសូមលើកទឹកចិត្តខ្ពស់ដល់សាស្ត្រាចារ្យ និង បុគ្គលិកសិក្សា បន្តអភិវឌ្ឍសមត្ថភាព ជាប្រចាំ និង បង្កើនការសិក្សាស្រាវជ្រាវ តាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព ក្នុងការបង្រៀន និង ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និង ឧត្តមានុវត្តជាក់ស្តែង ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(២៩) ដាក់គោលដៅខ្លួនឯងធ្វើអោយឥតខ្ចោះ ដើម្បីធ្វើការងារធំជោគជ័យត្រូវធ្វើការងារតូចជោគជ័យ មានអំណត់ ព្យាយាម និងប្រើប្រាស់ចំណេះដឹងធ្វើការសំរេចចិត្ត
ខ្ញុំសង្ឃឹមថាមេរៀនដែលប្អូនៗបានរៀននៅសកលវិទ្យាល័យ អាចបង្កើនសមត្ថភាពប្អូនមានភាពម្ចាស់ការ និងអភិវឌ្ឍអនាគតកាន់តែប្រសើរ ហើយសូមបន្ដរៀនសូត្រ។ រៀនគ្រប់ទីកន្លែង រៀនពីគ្រប់គា្ន រៀនពីខ្លួនឯងផង នឹងខ្ញុំតែងតែឲ្យយោបល់ទេ។ គ្រូធំបំផុតខ្លួនឯង។ ខ្លួនឯងយ៉ាងម៉េច? ត្រូវមានមូលដ្ឋានតែពីរបានហើយ បើកចិត្តតែ ២ ទេ។ (ទី១) បើកចិត្តថាខ្លួនឯងមិនល្អឥតខ្ចោះ ហើយបើកចិត្តនិងដាក់គោលដៅថាខ្លួនឯងចង់ល្អឥតខ្ចោះនូវអ្វីដែលខ្លួនធ្វើ។ តែប៉ុណ្ណឹងទៅបានហើយ។ យកតែគំនិតពីរនឹងបានហើយ។ ប្រសិនបើយើងគិតថាខ្លួនឯងល្អឥតខ្ចោះ គ្មានអ្នកណាចង់រៀន(បន្ថែម)អីទៀតទេ!មិនចាប់អារម្មណ៍ក្នុងការពង្រឹង ហើយបើគិតថាខ្លួនឯងល្អឥតខ្ចោះ ហើយអត់ដាក់ទិសដៅពង្រឹងឲ្យខ្លួនឯងល្អឥតខ្ចោះនោះទេ បានន័យថាបាក់ទឹកចិត្តថា(ខ្លួន)ឯងខ្សោយ មិនដឹងធ្វើម៉េច ទេវតាចារមកថាអញ្ចឹង។ ទី២ មេរៀនដែលប្អូនរៀននៅទីនេះក្នុងសាលា ជាមេរៀនក្នុងជីវិត។ ការងារធំជោគជ័យបានទាល់តែការងារតូចជោគជ័យ។ អាធំវាល្អឥតខ្ចោះ ទាល់តែអាតូចៗវាល្អឥតខ្ចោះ។
សូម្បីគោលនយោបាយរាជរដ្ឋាភិបាលដាក់ចេញ សរសេរមកកន្លែងខ្លះមានការផ្ដល់យោបល់ពី IMF ពីស្អីៗផង អនុវត្ដវាមិនជោគជ័យ មិនរលូនដោយសាររឿងតូចៗ។ ជួនកាលយន្ដការនៃការអនុវត្ដមិនទាន់មានស្រួលបួលផង មិនច្បាស់លាស់ បែងចែកភារកិច្ចគន្លឹះរវាងក្រសួងស្ថាប័នមិនទាន់ច្បាស់។ មន្ដ្រីដែលធ្វើអត់មានធនធានមនុស្ស ថវិកា អត់មូលដ្ឋាន មិនទាន់ធ្វើផង ដាក់គោលនយោបាយធ្វើអី អាតូចៗនឹងសំខាន់។ មិនមែនតែរឿងប្អូនៗទេ រដ្ឋាភិបាលក៏អញ្ចឹងដែរ។ ប្រកាសដាក់អីមួយ មិនទាន់បានរៀបចំលក្ខណៈសម្បត្ដិផងទៅធ្វើម៉េច! អោយគេដាក់ពាក្យ (ប៉ុន្ដែខ្លួនឯង)មិនទាន់វ៉ៃពាក្យឲ្យគេយកទៅដាក់ផង ហើយធ្វើម៉េច?
អញ្ចឹងវាទាមទារនូវវិន័យ។ វិន័យ(ជា)ធំ។ បើបរទេសគេហៅថា SOP (Standard Operating Procedure) បទ ដ្ឋានប្រតិបត្ដិ checklist។ បើចង់ធ្វើល្អឥតខ្ចោះ (ការងារ)តូច(អាច)ត្រូវងាយរំលង។ (អញ្ចឹង)ត្រូវមាន checklist។ បានខ្ញុំចេះតែប្រាប់ជំនួយការរបស់ខ្ញុំ មើលគំរូអ្នករៀបបន្ទប់នៅអូតែល។ បន្ទប់នីមួយៗមាន ២០ទៅ ៣០ មុខ ហើយមនុស្សម្នាក់ៗ ត្រូវទទួល ៥០បន្ទប់ ត្រូវរៀបឲ្យហើយក្នុងរយៈពេល ១ម៉ោង។ សួរថាគេដែលបាត់ទេ? ចូលទៅបន្ទប់នេះ បាត់សាប៊ូ បាត់អី ខុសកន្លែងទេ។ អត់ទេ។ គេមាន checklist។ វិន័យរបស់គេ។ ចុងភៅបើមិនមានវិន័យដាក់គ្រឿងផ្សំមិនត្រូវម្ដងប្រៃ ម្ដងផ្អែម មានអ្នកណាជោគជ័យ។ checklist និង discipline បើមិនមានវិន័យការងារតូចៗនឹងរំលង។ បើអូតែល receptionist បន្ដិចៗទទួលភ្ញៀវចូលទៅថ្មី ទារសាប៊ូ ទារនេះទារនោះ ដោយសារអ្នករៀបបន្ទប់ភ្លេចដាក់ ភ្លេចកន្សែងភ្លេចអី ៥០ បន្ទប់វិលមុខហើយ។ អញ្ចឹងយករូបមន្ដនឹងហេតុអីបានជាមនុស្សម្នាក់គាត់មិនចំាបាច់មានចំណេះដឹងខ្ពស់ទេអ្នករៀបបន្ទប់នោះ ប៉ុន្ដែគាត់ធ្វើបានការងារតូចៗរៀបបន្ទប់មួយធំ វាផ្គុំពីការរៀបគ្រែ សាប៊ូ កន្សែង អីនៅណា។គេរៀបស្ដង់ដារត្រូវ ១០០% គ្រប់ពេល ហើយ ៥០ទៅ ៦០ បន្ទប់ជួនកាលគេឲ្យតែមួយម៉ោង ពីរ ឬ បីម៉ោងធ្វើបាន ដោយសារមានវិន័យ និងរបៀបរបបច្បាស់លាស់ក្នុងការធ្វើការងារ SOP checklist។ ម្សិលមិញ ខ្ញុំមើលរឿងកំប្លែងមួយ។ ប្ដីគេបើកឡានដល់ផ្ទះ ប្រពន្ធ text message ថាប្ដីឯងនៅឯណា? ប្ដីផ្ញើត្រឡប់ទៅវិញ ថា បងទើបត្រឡប់មកពីផ្សារមកដល់ផ្ទះ។ តែប្រពន្ធតបវិញថាតែខ្ញុំនិងកូនមកផ្សារជាមួយបងឯង។ យល់ទេ? បានន័យថាគាត់ចេញមកវិញ ភ្លេចយកប្រពន្ធកូនចេញពីផ្សារ។ គាត់អត់មើលថាពេលចុះពីឡានមានអី។ គ្រប់នៅ។ គាត់ភ្លេច checklist រត់ទៅវិញ។ ខ្ញុំមើលពីរដងបានយល់។
ទី៣ ការអំណត់ តស៊ូ ព្យាយាម ជោគជ័យត្រូវការពេលវេលា។ រៀនសូត្រ ១០ ឆ្នាំជាង បានបរិញ្ញបត្រ បរិញ្ញាបត្រជាន់ខ្ពស់ យើងបន្ដរៀន។ អភិវឌ្ឍខ្លួនឯង យកចំណេះដែលមានអភិវឌ្ឍឲ្យស្របជាមួយការអភិវឌ្ឍរបស់ប្រទេសជាតិ។ កុំយកចំណេះដឹង និងជំនាញរបស់ខ្លួនទៅអនុវត្ដឲ្យខូចផលប្រយោជន៍ប្រទេសជាតិ អ្នកដទៃ យកទៅធ្វើអ្វី ដែលល្អ ចែកគ្នារីកចំរើនទៅ។ បើចេះជំនាញហើយធ្វើការក្នុងក្រុមហ៊ុនមួយរួមគ្នាឲ្យយោបល់គ្នាជោគជ័យ កុំទៅប៉ែងជើងគ្នា អានឹងវាបង្កើតទំនាស់ ធ្វើឲ្យខូចស្ថាប័នទាំងមូល។ មិនអាចរីកតែខ្លួនឯងទេ។
ទស្សនៈរបស់អ្នកកីឡាខ្លះថា ខ្ញុំសុខចិត្តជាអ្នកចុងក្រោយនៃអេគីបដែលជោគជ័យ ជាជាងជាអ្នកទី១ នៃអេគីបដែលបរាជ័យ។ បានន័យថា ខ្ញុំឲ្យតំលៃផលប្រយោជន៍រួមជាគោល។ បើខ្ញុំចំណាប់តែម្នាក់ឯងធ្វើឲ្យបែកបាក់ផ្ទៃក្នុង ប្រកួតមិនឈ្នះគេ បរាជ័យទាំងអស់គ្នា។ ការប្រើពាក្យនេះចេញពីការងារដូចយើងរៀន។ យើងសហការគ្នាយើងជួយគ្នា ពិតណាស់ពេលប្រលង យើងមិនឲ្យជួយគ្នាទេ។ ធ្វើ project រួម យើងជួយគ្នា ប៉ុន្ដែការប្រលងយើងកុំជួយគ្នា។ ឯកឧត្តម ហង់ ជួណារ៉ុន មិនបាច់ឆែកប្រ៊ីយ៉ុងអីទេ។
ទី៤ សូមប្រើប្រាស់ចំណេះដឹងក្នុងការសំរេចចិត្ត។ ជានិស្សិត បញ្ញវន្ដ ធ្វើអ្វីត្រូវមានការគិតគូរ។ យើងរៀនដើម្បីឯករាជ្យមែនទេ? ដើម្បីយើងមានសមត្ថភាពចេះស្រាវជ្រាវ ធ្វើការសំរេចចិត្តដោយខ្លួនឯងព្រោះយើងទទួលខុសត្រូវដោយខ្លួនឯង។ យើងធ្វើអីមួយយើងយកយោបល់ពីអ្នកដទៃ ប៉ុន្ដែចុងបំផុតនៅតែយើងជាអ្នកសំរេចចិត្តខ្លួនឯងមិនមែនពឹងលើគេសំរេចចិត្តជំនួសយើងនោះទេ។ យើងធំហើយជានិស្សិត។ គេហៅថា mature បានន័យថានិស្សិតដែលមានវិ័យចាស់ទុំ តែចប់ពីវិទ្យាល័យមកគេហៅថានិស្សិតមានសមត្ថភាពរើសខ្លួនឯង។ កាលយើងនៅរៀនវិទ្យាល័យថា្នក់រៀនទាំងអស់គឺសាលារៀបចំឲ្យទាំងអស់ ឆ្នាំនេះ ម៉ោងនេះរៀនអីៗ។ ដល់ពេលយើងចប់វិទ្យាល័យភ្លាមត្រូវរើសហើយ ត្រូវរៀនមុខវិជ្ជាអី រៀនថ្នាក់ណា សាលាណា។ ត្រូវរៀនសំរេចចិត្តឯករាជ្យ ម្ចាស់ការ ជាបញ្ញវន្ដ និស្សិត ទទួលព័ត៌មានគ្រប់ជ្រុងជ្រោយដើម្បីធ្វើការសំរេចឲ្យបានច្បាស់លាស់។
(៣០) កោះគុត៖ យករឿងនយោបាយមកលាយឡំនឹងបច្ចេកទេស នាំអោយខូចប្រយោជន៍ជាតិ
ចំណុចនេះ ខ្ញុំសូមបើកវង់ក្រចក។ ពាក្យថាបើកវង់ក្រចកបានន័យថាវាមិនជាប់ផ្ទាល់ជាមួយរឿងចែកសញ្ញាបត្រ ឬសិក្សាវិស័យអប់រំ ប៉ុន្ដែវាពាក់ព័ន្ធជាមួយរឿងដែលបងប្អូនទាំងអស់ប្រហែលជាចង់ដឹងចង់លឺ ហើយក៏ជារឿងដែលប្រជាពលរដ្ឋរបស់យើងត្រូវវិភាគឲ្យបានច្បាស់លាស់ គឺរឿងដែលក្ដៅ។ រឿងប៉ុន្មានថ្ងៃនេះ សូម្បីបុណ្យអ៊ុំទូកក៏គេមិនឲ្យសុខដែរ គឺរឿងដែនសមុទ្រ រឿងកោះគុត។ (គេ)ថា ហេតុអីក៏រដ្ឋាភិបាលស្ងាត់ម្ល៉េះ? រដ្ឋាភិបាលប្រាកដជាមានខ្លួនហើយបានជាអត់ហ៊ាននិយាយ។ ដល់យើងមិននិយាយ គេថាមែន! ចាប់បានហើយ។ គេឡើងមកវិភាគបែកផ្សែង។ អ្នកណាក៏ក្លាយជាអ្នកជំនាញព្រំដែន ជាងក្រុមឯកឧត្តម ឡាំ ជា ទៀត។ អ្នកវិភាគ ដោយទាំងអ្នកដែលស្រែកលឺជាងគេមួយនោះ គឺធ្លាប់ជាប់គុកដោយសារបង្ហោះព័ត៌មានក្លែងក្លាយរឿងព្រំដែន។ មានធ្វើកិច្ចសន្យាកាលពី ៦ឆ្នាំមុន ថាខ្ញុំឈប់បង្ហោះព័ត៌មានដែលខ្វះការពិចារណារឿងព្រំដែនហើយ (ប៉ុន្ដែ)ឥលូវធ្វើទៀត។ រឿងនេះជារឿងព្រំដែន រឿងប្រទេសជាតិ បូរណភាពទឹកដី ដែលយើងទាំងអស់គ្នាត្រូវយល់។
ខ្ញុំសូមបកស្រាយដោយខ្លី ដោយពន្យល់ថាហេតុអីបានជា(រដ្ឋាភិបាល)មិនយករឿងបច្ចេកទេសមកលាយនឹងរឿងនយោបាយ ដែលអាចធ្វើឲ្យយើងបាត់ផលប្រយោជន៍ជាតិ។ បើយើងគិតពីផលប្រយោជន៍ជាតិត្រូវយល់ការសំរេចចិត្តពេលណាត្រូវធ្វើអី។ សំនួរដែលគេចោទថា រដ្ឋាភិបាលនៅស្ងាត់ជ្រាប អត់ហ៊ានតតាំងជាមួយថៃ ពេលដែលគេនិយាយថាស្អីៗ អញ្ចឹងទៅ។ គេចោទថារដ្ឋាភិបាលជំនាន់ខ្ញុំនេះធ្វើឲ្យបាត់កោះគត់ បាត់ដែនសមុទ្រខ្មែរ។ គេថារដ្ឋាភិបាលត្រូវតែប្ដឹងទៅ ICJ ទៅស្អីអញ្ចឹងទៅ។ ខ្ញុំសុំពន្យល់ឲ្យខ្លីបែបនេះ។ ថ្ងៃនេះ មាននិស្សិតបញ្ញវន្ត ១ពាន់នាក់ ប្រហែលជាចង់ដឹង ប្រហែលជាចង់ឃើញរឿងហ្នឹងមានវិទ្យុនៅក្រៅប្រទេសផង ហើយអ្នកនយោបាយអស់ពីរឿងមួយចូលរឿងមួយអារឿង CLV- DTA អាអត់រឿងសោះក៏បង្កើតរឿងមួយទៅ សុទ្ធតែអ្នកជំនាញ។ អ្នកខ្លះពេលខ្លួនឯងនៅសភាមិនខ្ចីនិយាយ គិតថាត្រូវ ដល់ឥឡូវទើបឃើញឱកាសនយោបាយយកទៅនិយាយប៉ាតណាប៉ាតណី។ ហើយអ្នកខ្លះគឺអ្នកចេះគ្រប់។
(៣១) រដ្ឋាភិបាលមានភាពចាស់ទុំខាងនយោបាយ និងទទួលខុសត្រូវចំពោះជាតិ និងប្រជាជនការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ
ខ្ញុំសូមផ្ញើសារឲ្យបងប្អូនជនរួមជាតិ។ ចម្លើយហេតុអីបានរដ្ឋាភិបាលនៅស្ងៀមមិននិយាយស្តីផ្អែកលើមូលដ្ឋាន ២។ ទី១ គឺភាពចាស់ទុំខាងនយោបាយ និងទី២ គឺការទទួលខុសត្រូវចំពោះជាតិ និងប្រជាជនក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ ខ្ញុំនឹងពន្យល់។ មូលដ្ឋាន ២ នេះហើយបានជារាជរដ្ឋាភិបាល មិននិយាយស្តីរឿងនេះ … តើអ្វីទៅជាភាពចាស់ទុំ? ភាពចាស់ទុំមានមូលហេតុ៣។ ទី១ យើងប្រកាន់គោលការណ៍មិនយកភ្លើងចូលផ្ទះ។ ពាក្យចាស់ថាកុំយកភ្លើងចូលផ្ទះ។ រឿងបោះបង្គោលព្រំដែនយើងចរចាគ្នា បើនិយាយរឿងព្រំដែនកម្ពុជា-ថៃនេះ គឺយើងបានចរចាបោះបង្គោលព្រំដែនតាំងពី ២០០៦ ហើយនៅបន្តធ្វើមិនទាន់ចប់ទេ ទាំងព្រំដែនគោក និងព្រំដែនទឹក ក៏យើងមានការចរចា។ រឿងនេះវាកើតជារឿងដោយសារអី? ពីមុនមានរឿង ដោយសារនៅប្រទេសជិតខាងយើង គណបក្សប្រឆាំង ក្រុមប្រឆាំងរដ្ឋាភិបាលបានលើកយករឿងនេះមកវាយប្រហាររដ្ឋាភិបាលថៃ រឿងទំនាស់ផ្ទៃក្នុងនយោបាយរបស់ថៃចោទថារដ្ឋាភិបាលថៃ ធ្វើឲ្យបាត់កោះគុតមកខ្មែរ។
អញ្ចឹងរដ្ឋាភិបាល(ថៃ)ត្រូវចេញតតាំងផ្ទៃក្នុង រឿងផ្ទៃក្នុងគេ។ តើចង់ឲ្យរដ្ឋាភិបាលខ្មែរទៅតតាំងយ៉ាងម៉េច? យើងថាមិនមែនជាការចាំបាច់សម្រាប់យើង។ ថៃគេថាអីថាទៅ រឿងឯកតោភាគីរបស់គេ។ ដូចយើង រឿងផ្ទៃក្នុង CLV-DTA វៀតណាម ឡាវ។ គេមិនធ្វើ គេមិនខ្ចីមាត់រឿងវាមិនមែនរឿង។ ភាពចាស់ទុំខាងនយោបាយរបស់រាជរដ្ឋាភិបាលមិនមែនដូចអ្នកវិភាគទេ។ ចេះតែលើកចុះលើកឡើង។ ស្អីដែលនិយាយមានទម្ងន់។ សួរថាយើងត្រូវលូកដៃរឿងបញ្ហាផ្ទៃក្នុងប្រទេសគេធ្វើទេ? … មួយថាបាត់ ខ្មែរយក។ មួយថាអត់។ អញ្ចឹងគេតតាំងទៅ។ យើងចាំបាច់យកភ្លើងមកចូលផ្ទះធ្វើអ្វី? នេះជាភាពចាស់ទុំមួយ។ បើយើងក្មេងឈាមរាវ លោតលិចលោតកើត ឲ្យតែឃើញលោត លោតមិនស្រួលនាំរឿងចូលផ្ទះ។ អាហ្នឹងកត្តាទី ១។
ទី២ វិធីសាស្រ្តដោះស្រាយរបស់រដ្ឋាភិបាលគឺប្រកាន់យន្តការចាស់ទុំ ដោះស្រាយបញ្ហាព្រំដែនគឺយើងមានយន្តការផ្លូវការសម្រាប់ធ្វើ មិនមែនយន្តការ facebook យន្តការកាសែតនោះទេ។ មកដោះស្រាយព្រំដែននាំគ្នាឡងទៅវិញទៅមកតាម facebook តាមព័ត៌មាន ១៨ ឆ្នាំនេះផ្អើលរួចទៅហើយ។ យន្តការដោះស្រាយភាពផ្លូវការរបស់យើងគឺយើងផ្អែកទៅលើយន្តការដែលបានឯកភាពគ្នា គឺយើងមានយន្តការគណកម្មការព្រំដែន ២ ដោះស្រាយជាមួយថៃ។ ទី១ គឺ JBC ដោះស្រាយព្រំដែនគោក គណកម្មការកិច្ចការព្រំដែនគោកចំរុះ ទី ២ គឺ JTC គណកម្មាធិការបច្ចេកទេសចម្រុះដែលធ្វើការចរចាដើម្បីខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក និងកំណត់ព្រំដែនសមុទ្រ។ នេះជាយន្តការផ្លូវការ។ រដ្ឋាភិបាលគេធ្វើការអញ្ចឹង អ្នកឯងនិយាយអ្វីរឿងអ្នកឯង។ ផ្ទៃក្នុងខ្ញុំមិនដឹងទេ បើអ្នកឯងតវ៉ាមក និយាយជាមួយគ្នា ទល់មុខបានយកជាផ្លូវការ។
តើយើងចាំបាច់លោតទេ? និស្សិតបញ្ញវន្តរបស់យើង បងប្អូនរបស់យើង តើរដ្ឋាភិបាលចាំបាច់លោតលិចលោតកើតទេ? រឿងគេរឿងគេ។ បើយើងចង់ដោះស្រាយ យើងប្រើយន្តការដែលមានស្រាប់ផ្លូវការ។ អ្នកឯងចង់ថាអីរបស់អ្នកឯង មកនិយាយជាមួយខ្ញុំ បានខ្ញុំយកផ្លូវការ។ ខ្ញុំថាអីរបស់ខ្ញុំ ដូចគ្នាទាល់តែយន្តការផ្លូវការបានមានកំណត់ហេតុច្បាស់លាស់។ អាហ្នឹងគេហៅថារបៀបធ្វើការចាស់ទុំ។ តើចង់ឲ្យនាយករដ្ឋមន្រ្តីឡើងនិយាយមួយថ្ងៃៗបញ្ចេញសារតាម facebook រឿងទំនាស់នៅក្នុងប្រទេសគេទេ? វាមិនមែនរឿង(យើង)។ អញ្ចឹង បើចង់ដោះស្រាយ យើងត្រូវដោះស្រាយត្រង់ការងារនេះ។
ទី៣ គឺផ្អែកទៅលើមូលដ្ឋានជាក់ស្តែងនិយម ធ្វើអ្វីក៏ដោយត្រូវស្រាវជ្រាវឲ្យច្បាស់ឲ្យមានមូលដ្ឋានជាក់ស្តែង។ បងប្អូនអើយ នាំគ្នាមួយថ្ងៃៗបំផុសវិភាគលិច វិភាគកើតថារដ្ឋាភិបាលធ្វើឲ្យបាត់កោះនេះ។ រដ្ឋាភិបាលធ្វើឲ្យបាត់ដែនសមុទ្រនេះ។ សួរថាមូលដ្ឋានស្អី យកមកនិយាយ។ ខ្ញុំសូមបញ្ជាក់ ព្រំដែនថៃ-កម្ពុជា មកដល់ម៉ោងនេះយើងធ្វើការចរចាកំណត់តែព្រំដែនគោកទេ ដែលមានការឯកភាពគ្នាមួយចំនួន ៨០៥ គីឡូម៉ែត្រ បង្គោល ៧៣(លេខតែ ៧៣ទេ) តាមពិតបង្គោល ៧៤ ព្រោះអាបង្គោល ២២ ហ្នឹងវាមាន ២ បង្គោល។ ដើមឡើយវាមាន ៣ បង្គោលតាមព្រំដែនគេឲ្យមក ២២, ២២A, ២២B ដល់ក្រោយមកគេវាយបង្គោលមួយចោលសល់ ២។ អញ្ចឹងយើងរកឃើញហើយកិច្ចការព្រំដែន សន្ធិសញ្ញាបារាំងសៀម ១៩០៧ កំណត់ព្រំដែនគោក ៨០៥ គីឡូម៉ែត្រ បង្គោល ៧៣ យើងរកឃើញអស់ហើយ។ យើងចរចាគ្នា។ ឥឡូវឯកភាពគ្នា ៤២ បង្គោល ខ្វះ ៣២ ទៀត។ យើងធ្វើការមិនមែនងាយស្រួលទេ។ មិនមែនឃើញហើយឯកភាពទេ មួយមីលីម៉ែត្រៗយើងធ្វើការច្បាស់លាស់ណាស់។ ១៨ ឆ្នាំហើយ ២០០៦-២០២៤ អាហ្នឹងព្រំដែនគោក។
(៣២) បើព្រំដែនសមុទ្រមិនទាន់បញ្ចប់ការចរចា តើយើងបាត់ស្អី?
ដោយឡែក ព្រំដែនសមុទ្រយើងមានទាន់មានដែលឯកភាពគ្នាពីអង្កាល? នៅចរចាគ្នាច្រើនដងហើយ ប៉ុន្តែមិនទាន់មានការឯកភាព។ បើមិនទាន់មានការឯកភាព តើយើងបាត់ស្អី? ខ្ញុំសួរ។ ចេះតែថាក្បត់ជាតិបាត់កោះ បាត់ស្អី បើមិនទាន់មានការឯកភាពផងហ្នឹង។ ហើយឲ្យទៅប្តឹង ICJ យ៉ាងម៉េច។ បើយើងមិនទាន់មានការឯកភាពស្អីផង។ គេសួរប្តឹងរឿងអ្វី? ហើយឲ្យរដ្ឋាភិបាលមិននៅស្ញៀម ឲ្យរដ្ឋាភិបាលរវល់តែតតាំងទៅពន្យល់ ICJ ស្អី។ វាអត់មានរឿង។ រឿងផ្ទះគេសោះ ឯងចង់យកមកដុតនៅក្នុងស្រុក។ ទុកឲ្យគ្នាសប្បាយបុណ្យអុំទូកខ្លះទៅអី។ ខ្ញុំមិននិយាយចេះតែនៅបកស្រាយផ្សេងៗទៀត។ ផ្អែកទៅលើមូលដ្ឋាននេះហើយ ឥឡូវខ្ញុំសួរដោយឆោតបងប្អូន និស្សិតបញ្ញវន្តនៅទីនេះ ឥឡូវក្រុមប្រឆាំងថៃចោទរដ្ឋាភិបាលថៃថាធ្វើឲ្យបាត់កោះគុតមកខ្មែរ នៅពេលដែលក្រុមប្រឆាំងខ្មែរចោទរដ្ឋាភិបាលខ្មែរថាធ្វើឲ្យបាត់កោះគុតទៅថៃ ឥឡូវកោះហ្នឹងវាបានទៅអ្នកណា?
ខ្ញុំសួរ។ ក្រុមប្រឆាំងថៃចោទរដ្ឋាភិបាលថៃថាបាត់កោះគុតមកខ្មែរ ឥឡូវគេកំពុងតតាំងបកស្រាយ ស្រាប់តែមកនៅក្នុងប្រទេសខ្មែរមកថារដ្ឋាភិបាលខ្មែរធ្វើឲ្យបាត់កោះគុតទៅថៃ ឥឡូវខ្ញុំសួរតើបាត់ទៅណា? បើមានតែតួអង្គ ២ ហ្នឹង មានតែអ្នកទី៣ ឬមួយក៏លិចចូលក្នុងសមុទ្រ? វាអត់ logic។ ហើយឲ្យរដ្ឋាភិបាលដោះស្រាយលេងសើចយ៉ាងម៉េច។ ចេះតែឡើង facebook ឡើងទៅថាម៉េច។ បើយើងចរចាគ្នាមិនទាន់មានការឯកភាពផង។ យើងនៅបន្តទាមទារអ្វីដែលយើងមាន។ គេនៅបន្តទាមទារអ្វីដែលគេបានទាមទារ។ នៅចរចាគ្នាមិនទាន់ឯកភាពទេដែនសមុទ្រជាមួយថៃ។ អញ្ចឹងសួរថាបាត់ស្អីនៅឯណា? បើមិនទាន់ឯកភាពគ្នា មិនទាន់មានស៊ីញេឯកភាពគ្នាថាអានេះឲ្យទៅអ្នកណា អានេះឲ្យទៅអ្នកណា? នៅទាមទាររៀងៗខ្លួន។ ហ្នឹងហើយដែលយើងមានតំបន់ត្រួតស៊ីគ្នានេះ។ ឥឡូវឲ្យរដ្ឋាភិបាលធ្វើស្អី? ឲ្យតែយើងមិនចេញពន្យល់ប្រាប់ថាយើងហ្នឹងដឹងហើយ ធ្វើឲ្យបាត់មែន ស្ងាត់ៗលួចស្រុះស្រួលគ្នា។ ខ្ញុំស្តាប់មិនបានទេ បងប្អូនជួយពន្យល់ខ្ញុំបន្តិច។មើលខាងណោះថាកោះមួយហ្នឹងបាត់មកយើង? ខាងយើងប្រាប់ថាអាកោះមួយហ្នឹងបាត់ទៅគេ។ ឥឡូវបាត់ទៅណា បើភាគីហ្នឹងបាត់ទាំងអស់គ្នា។ តើយើងត្រូវពន្យល់យ៉ាងម៉េច ? វាអត់មានអីត្រូវពន្យល់ មិនមែនបានន័យថារដ្ឋាភិបាលមិនពន្យល់ មិនចេញជាសាធារណៈពន្យល់បច្ចេកទេស ថារដ្ឋាភិបាលមិនទទួលខុសត្រូវទេ។ គណកម្មការព្រំដែននៅបន្តធ្វើការចរចា រឿង OCA។ ខ្ញុំមិនយកបកស្រាយព្រឹកនេះទេ ខ្ញុំទុកប្រធានបទទៅនិយាយរឿងរ៉ែថាមពលល្ងាចនេះ។ រឿង OCA តំបន់ត្រួតស៊ីគ្នាដែលជាប្រធានបទភ្ជាប់នេះ។ បើបងប្អូនចង់ដឹងរឿងហ្នឹង សូមមើលល្ងាចហ្នឹងតាមដានភាគបន្តល្ងាចនេះ ព្រោះរឿងវាច្រើន។
ឥឡូវទី ២ មិនត្រឹមតែភាពចាស់ទុំទេ យើងមានការទទួលខុសត្រូវចំពោះជាតិរបស់យើង រឿងព្រំដែនជារឿងរយៈពេលវែង។ ពេលខ្លះត្រូវការអត់ធ្មត់ណាស់ សួរអ្នកគណកម្មការព្រំដែន។ លុយទឹកទៅវាស់ ចរចាគ្នាអត់បាយ អត់ទឹកទល់ភ្លឺ ១ មីលីម៉ែត្រៗអត់ត្រូវគ្នារាប់សិបឆ្នាំ។ រឿងវារយៈពេលវែង មិនមែនចេះតែចង់ដោះបញ្ចប់ភ្លាមៗទេ អញ្ចឹងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហា។ ទី១ គឺការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិរបស់កម្ពុជាឲ្យបានដាច់ខាត នេះជាការប្តេជ្ញាខ្ពស់ប្រកបដោយការទទួលខុសត្រូវ មិនមែននៅស៊ុមគ្រលុំលួចកាត់ឲ្យទេ មិនមែនដូចលួចឲ្យនំប៉័ងមួយលាក់ជិតទេ ព្រំដែនអ្នកណាក៏ឃើញតជំនាន់។ ការដោះស្រាយមួយៗទទួលខុសត្រូវការពារអធិបតេយ្យភាព ទី២ យើងប្រកាន់ជំហរដោះស្រាយដោយសន្តិវិធីចៀសវាងការប្រើហឹង្សាតាមរយៈយន្តការបច្ចេកទេសនឹងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ។ យើងប្រើគណកម្មការ ប្រើច្បាប់អន្តរជាតិកំណត់ព្រំដែន សន្ធិសញ្ញាផ្សេងៗ បូកជាមួយបច្ចេកទេសខាងភូមិសាស្រ្តខាងព្រំដែននេះដើម្បីធ្វើការ និយាយអញ្ចឹងមិនមែនបានន័យថាយើងទន់ជ្រាយទេ។
យើងធ្លាប់លើកទ័ពទៅប្រយុទ្ធនៅព្រំដែន។ ឯកឧត្តម អគ្គបញ្ជាការនៅទីនេះ ទៅប្រចាំនៅនេះ យើងមិនចង់ទៅដោះស្រាយបែបហ្នឹងទេ? អ្នកខ្លះគេថាគេឡើងទៅលើកទ័ពវាយយកកម្ពុជាក្រោម។ ទៅវាយយកនេះយកនោះ វាយខ្លួនឯងទៅ។ ខ្ញុំធ្លាប់ធ្វើទ័ពហើយ។ ទាហានរបស់ខ្ញុំមានគ្រួសារ។ ទៅវាយស្អី រកដោះស្រាយដើម្បីមានសន្តិវិធី ដោះស្រាយបញ្ហាបញ្ចប់ដែលបន្សល់ពីរាប់រយឆ្នាំមុន ហើយបង្កើនមិត្តភាពប្រទេសជិតខាង បងប្អូនបន្តរស់នៅជាមួយគ្នា។ នេះគឺគោលការណ៍ ការដោះស្រាយដោយទទួលខុសត្រូវ មិនមែនឃើញវាយៗទេ មិនមែនឃើញឡើងដាក់ facebook ឡើងដាក់អីផ្សព្វផ្សាយប្រមូលមនុស្សប្រជាពលរដ្ឋដើម្បីបំផុសប្រជាជន ឈ្លោះគ្នាជាមួយប្រជាជន អាហ្នឹងគេមិនមែនហៅថាគោលនយោបាយដោះស្រាយបញ្ហារសើបដោយទទួលខុសត្រូវទេ បើបំផុសប្រជាជនឲ្យតែពាក់មុខយក្សដាក់គ្នាហ្នឹង ឲ្យតែកងទ័ពវាយគ្នាហ្នឹង តើយើងដោះស្រាយទេ? អត់ទេ។
ទី៣ ក្នុងន័យនេះរាជរដ្ឋាភិបាលតាមរយៈរដ្ឋលេខាធិការកិច្ចការព្រំដែនគឺត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីធ្វើការចរចា ហើយយើងចាត់ទុកជាអ្នកធ្វើការងារមិនមែនលេងសើចទេរឿងព្រំដែនបងប្អូន។ រឿងព្រំដែនគឺជារឿងអនាគតវែងឆ្ងាយ។ យើងត្រូវធ្វើការដោយប្រុងប្រយ័ត្ន។ អញ្ចឹងហើយបានព្រំដែនថៃ ជាពិសេសព្រំដែនគោកស្រួលរកជាងព្រំដែនជាមួយឡាវ ជាមួយវៀតណាម ដោយសារព្រំដែនជាមួយឡាវ មួយផ្នែកនោះព្រំដែនរដ្ឋបាលអត់មានបោះបង្គោលទេ មានតែការគូសព្រំដែនឡាវ ព្រំដែនថៃ ព្រំដែនគោក ខ្ញុំនិយាយព្រំដែនគោក។ សមុទ្រយើងមិនដែលមានការកំណត់ព្រំដែនទេ។ យើងនៅចរចា។ អត់ទាន់ឯកភាពគ្នាទេ។ ខ្ញុំបញ្ជាក់ឡើងវិញ។ សន្ធិសញ្ញា ១៩០៧ នេះកំណត់ព្រំដែនគោក ៧៣ បង្គោល ៨០០ ដែនសមុទ្រអត់ទាន់មានដែលជជែកគ្នាត្រូវគ្នាម្តងណាទេ។ អញ្ចឹងមិនអាចថាអ្នកនេះបាត់នេះ អ្នកនេះចំណេញនោះទេ។
ខ្ញុំឃើញអ្នកជំនាញតាម facebook ហ្នឹងគឺថាខ្លាំងណាស់ និយាយដូចឯងច្បាស់ ច្បាស់ជាងខាងជំនាញច្បាប់ ខាងជំនាញរបស់រដ្ឋលេខាធិការ ដោយទាំងអ្នកដែលធ្លាប់បង្ហោះសន្ធិសញ្ញាក្លែងក្លាយជាប់គុកទៀតអត់ព្រមរាង។ ខ្លួនឯងមិនច្បាស់ទេ ហើយម្នាក់ហ្នឹងខ្ញុំចាំអង្កាលខ្ញុំថ្ងៃមុនចេញសារមកថាខ្ញុំទៅរៀននៅ west point នេះដោយសារពុករលួយ គេថាគេដាក់ពាក្យប្រឡង ខំប្រឡងដល់ជាប់។ មកជាប់ខ្ញុំវិញ។ ខ្ញុំថានែ ជេរពុករលួយកុំជេរខ្ញុំ អ្នកឯងកំពុងតែជេរអាមេរិកព្រោះអាមេរិកអ្នករើស។ ការប្រឡងរើសសាលាហ្នឹង គ្មានយើងទៅអន្តរាគមន៍ទេ។ អញ្ចឹងអ្នកឯងជេរទៅរឿងហ្នឹង បង្កើតរឿងអត់ប្រយោជន៍។ ឥឡូវរឿងមួយទៀតខ្ញុំផ្តាំសារទៅវិញ សន្យាហើយថា ៦ឆ្នាំមុនថាខ្ញុំមិនដាក់បង្កើតព័ត៌មានមិនច្បាស់លាស់ អត់ពិចារណាត្រឹមត្រូវរឿងព្រំដែនដែលនាំឲ្យប្រជាជនមានការបារម្ភ បំផុសនូវការយល់ខុសហើយជាតិនិយមអាចខុស ធ្វើឲ្យមានបញ្ហានៅក្នុងសង្គម យល់ច្រឡំលើរដ្ឋាភិបាល។ អញ្ចឹងការចរចាព្រំដែននេះ គឺប្រើពេលវេលា និងការទទួលខុសត្រូវហើយយើងត្រៀមលក្ខណៈគ្រប់ពេល នេះគឺជាការទទួលខុសត្រូវរបស់យើង ហើយយើងមិនធ្វើឲ្យបាត់នូវដែនដីរបស់យើង ឬអធិបតេយ្យភាពជាតិរបស់យើងទេក្នុងកិច្ចការព្រំដែននេះ។ សូមធានា។ សូមបងប្អូនជឿទុកចិត្តចុះ។
ដែលស្រែកថារាជរដ្ឋាភិបាលមិនមាត់/ក គឺដោយសារយើងប្រកាន់និន្នាការជំហរចាស់ទុំ មិនចេះតែលោតលិច លោតកើត។ បើលោកអ្នកនយោបាយចាស់វស្សាខ្លួនឯង បន្តិចលោតលិចបន្តិចលោតកើត កុំនាំក្មេងលោតតាម ធ្វើចរិកក្មេងខ្លួនឯងទៅ ទុកឱ្យខ្ញុំធ្វើចរិកចាស់ទុំខ្លះផង។ មួយថ្ងៃៗជេរ ក្បត់ជាតិពីឪដល់កូន ក្បត់ជាតិកាត់កោះគុត ក្បត់ជាតិស្អីៗ … ដែនសមុទ្រមានបាត់មកពីណា មិនទាន់ចរចាចេញផង មិនទាន់ឯកភាពគ្នាផង បើថាឯកភាពគ្នាស៊ីញ៉េទាំងសងខាងបានយើងទៅមើលចំណុចណាដែលយើងឯកភាព វាបាត់ឬវានៅ។ បើឥឡូវមិនទាន់ចរចាឯកភាពគ្នាលើព្រំដែនសមុទ្រកន្លែងណាមួយផង តើបាត់យ៉ាងម៉េច? ខ្ញុំអត់យល់។ យើងមិនមាត់នាំគ្នាជំរុញបន្ថែម ខ្ញុំបកស្រាយឱ្យប្រជាពលរដ្ឋយើងបានស្ងប់ចិត្ត។ រឿងអ្នកនយោបាយចាស់វស្សា បញ្ញវន្តស្អីណាសាលាបារាំងយ៉ាងម៉េចខ្ញុំមិនដឹងទេ ឥឡូវកើតចលនា ៣ទៅ ៤ ដូរឈ្មោះ(រាប់)ភ្លេច។ ម្ដងនោះឱ្យអនុរបស់គាត់ទៅបង្កើតធ្វើប្រធានបានបន្តិចធ្លាក់មកធ្វើជាអនុវិញ។ មិនដឹងរឿងស្អីទៅបង្កើតរដ្ឋាភិបាល … ថាឥឡូវឈប់ជឿបោះឆ្នោតហើយ។ អញ្ចឹងប្រជាពលរដ្ឋ ៨លាន ២សែននាក់ទៅបោះឆ្នោត កាលពីឆ្នាំ២០២៣ … ហ្នឹងទុករឿងគេចុះ តែកុំយករឿងអីមករញេរញ៉ៃក្នុងស្រុក។
(៣៣) អ្នកទាមទាររដ្ឋាភិបាលអោយបញ្ចេញឯកសារនិងយុទ្ធវិធីចរចា ស្មើនឹងជាមនុស្សល្ងង់
ខ្ញុំសូមជូនសារទៅបងប្អូនប្រជាពលរដ្ឋ រដ្ឋាភិបាលមិនមាត់មិនក មិនមែនបានន័យរដ្ឋាភិបាលអត់ទទួលខុសត្រូវទេ មិនមែនរដ្ឋាភិបាលរួមគំនិត តែយើងមិនចាំបាច់ទៅយករឿងភ្លើងក្រៅផ្ទះដាក់ក្នុងផ្ទះ យើងដោះស្រាយតាមយុន្តការចាស់ទុំគឺយន្តការផ្លូវរដ្ឋនិងរដ្ឋ យើងដោះស្រាយផ្អែកលើគោលការណ៍ និងធ្វើសកម្មភាពផ្អែកលើកគោលការន៍ប្រាកដប្រាជា។ ទៅប្ដឹងយ៉ាងម៉េច ICJ យ៉ាងម៉េចបើយើងមិនទាន់ឯកភាពគ្នាផង។ បាត់អី? ដោយសារយើងមិនទាន់ឯកភាពគ្នាហ្នឹងហើយ បានជាយើងកំណត់មិនបាន។ យើងធ្វើស្អីមិនចេញបន្តចរចាគ្នាទៀតទៅ។ បន្តការពារផលប្រយោជន៍រៀងខ្លួន។ រឿងតែប៉ុណ្ណឹង។ ខ្ញុំនិយាយមួយម៉ោងមុនអត់អីទេ ឥឡូវមួយម៉ោងក្រោយបែកញើសខ្លួនឯង និយាយចំប្រធានបទក្ដៅបែកញើសតែម្ដង។ ខ្ញុំសង្ឃឹមថាបងប្អូននៅទីនេះប្រហែលជាបានស្ដាប់លឺក៏មានការព្រួយបារម្ភ។ ហេតុអីបានជារដ្ឋាភិបាលនៅស្ងៀមនៅពេលដែលខាងភាគីផ្សេងគេថាបោះគេនេះនោះ… រឿងគេថារឿងផ្ទៃក្នុងរបស់គេ។ បើចង់ឱ្យយើងទទួលស្គាល់មកចរចាគ្នាទៅ ទាល់តែមានការឯកភាពពីយើង បានយើងទទួលស្គាល់។ រឿងឯកតោភាគីអ្នកណាថាអីថាទៅ។ ហេតុអីបានជារដ្ឋាភិបាលមិនពន្យល់ រឿងកោះ។ រឿងបច្ចេកទេសគ្មានអ្នកណាគេឆ្កួតដល់ថ្នាក់ហ្នឹង។ បើអ្នកនយោបាយជាពិសេសអ្នកនយោបាយចាស់វស្សាទាមទារឱ្យគណកម្មការព្រំដែនមកធ្វើបទបង្ហាញលក្ខណៈបច្ចេកទេស ចរចាហ្នឹងដូចសម្លាប់ខ្លួនឯងចឹង។ ល្ងង់សុទ្ធ។ គណៈកម្មការព្រំដែន គណៈកម្មការព្រំដែនប្រទេសជិតខាងស្រាវជ្រាវរៀបចំមនុស្សឯកសារដូចសន្លឹកបៀរសំរាប់ទៅចរចា។ បើយើងបើកសន្លឹកបៀរមុននឹងចរចារហើយ ធ្វើម៉េចឈ្នះគេ។ ថាអត់តម្លាភាព។ តម្លាភាពចាំមើលលទ្ធផលទៅ។
បងប្អូន ខ្ញុំប្រៀបធៀបមិនមែនខ្ញុំជាអ្នកល្បែងទេ ប៉ុន្តែដោយសារស្រួលនិយាយ លេងកាតេ សន្លឹកបៀរកាន់នៅដៃ។ យើងទៅចរចាយកឈ្នះ ផលប្រយោជន៍រៀងៗខ្លួន បើសិនជាយើងរវល់តែឈ្លោះគ្នាឯង ប្រាប់គេឱ្យបង្ហាញសន្លឹកបៀរ មកពន្យល់សន្លឹកបៀរ យើងមានស្អីខ្លះយើងលេងយ៉ាងម៉េច ម្ខាងទៀតស៊ីផុយ។ យើងជាអ្នកចាញ់ គ្មានអ្នកណាទៅធ្វើកិច្ចការចរចាទេ … យើងពន្យល់ផ្ទៃក្នុងយើង លក្ខណៈចង្អៀតមុននឹងទៅចរចា។ អ្នកខ្លះថាបើរដ្ឋាភិបាលអត់លាក់លៀម ម៉េចក៏មិនចេញឯកសារនិងយុទ្ធវិធីចរចា។ វាស្មើនឹងល្ងង់សុទ្ធ។ យើងចរចាដើម្បីដឹងថាពេលដែលលទ្ធផលចុងក្រោយជាអ្វី ដែលជាតម្លាភាពជាមួយប្រជាពលរដ្ឋរបស់យើង ព្រោះនេះជាការងារដែលយើងត្រូវទទួលខុសត្រូវ ប្រជាពលរដ្ឋដឹងបាន។ អញ្ចឹងយើងត្រូវធ្វើម៉េចឱ្យបានផលអតិបរមា ដើម្បីពេលបើកបៀរឱ្យប្រជាពលរដ្ឋយើងឈ្នះ។ យើងបានប្រៀប។ បានផលប្រយោជន៍ដែលអាចទទួលយកបានទាំងសងខាង ហើយប្រទេសជាតិយើងបានទទួល។ បើថាអ្នកនយោបាយចាស់វស្សាទាមទារថារដ្ឋាភិបាលត្រូវតែពន្យល់ថាយើងមានឯកសារស្អីខ្លះ ត្រូវចរចាយ៉ាងម៉េច អាហ្នឹងស្មើនឹងហុចទៅឱ្យគេបាត់ទៅហើយ។ បានន័យថាល្ងង់សុទ្ធ។
(៣៤) អ្នកសាក់ខ្លួនទំហំដីកម្ពុជា ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ បន្តិចទៀតត្រូវសាក់ឡើងវិញ
បងប្អូននិស្សិតបញ្ញវន្ត ចង់បានពន្យល់ឥឡូវតែចាញ់គេពេលចរចា ឬមួយក៏ថាទុកការជឿលើរដ្ឋាភិបាលលើមន្ត្រីព្រំដែនរបស់យើងប្រមូលឯកសារកសាងមូលដ្ឋានច្បាប់ មូលដ្ឋានបច្ចេកទេស ដើម្បីចរចាប្រើយុទ្ធវិធីដើម្បីទាញផលប្រយោជន៍អតិបរមាឱ្យជាតិរបស់យើង ពេលដែលចប់ចរចាឯកភាពគ្នាយើងបានផលឱ្យជាតិរបស់យើង ត្រូវទេ។ សុំឱ្យជឿទុកចិត្តលើរដ្ឋាភិបាល ជាមួយមន្ត្រីបច្ចេកទេសរបស់យើង។ បងប្អូនខំធ្វើការអត់បាយទឹក មិនមែនបងប្អូនចង់ក្បត់ជាតិទេ។ ល្ងាចមិញលោកជំទាវ កុយ ពិសី … ឯកសារហ្នឹងសម្ដេចតេជោធ្លាប់បង្ហាញរួចម្ដងមកហើយ។ ក្រោយពីយើងវាស់វែង អាហ្នឹងយើងមិនទាន់រៀបចំរាប់ដីកោះដីអីផង មានបងប្អូនខ្លះទៅសាក់លើខ្នង ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ។ មានអ្នកសាក់ទេ? ប្រយ័ត្នត្រូវដូរចេញណា។ យើងគ្រាន់តែវាស់កាលពីឆ្នាំ២០១២ ផ្ទៃក្រឡាដីរបស់យើងឡើង ១៨១ ៤៣៦ គីឡូម៉ែត្រការ៉េ មិនទាន់រាប់កោះផង។ មិនមែនបាត់ក្រោម ១៨១ ០៣៥ គីឡូម៉ែត្រការ៉េទេ។ គ្រាន់តែយើងវាស់សាកល្បងប្រើបច្ចេកវិជ្ជា GPS ថ្មី តាមអ្វីដែលយើងបានឯកភាពគ្នាមកដល់ម៉ោងនេះ មិនទាន់រាប់ដីកោះរបស់យើងផងមាន ១៨១ ៤៣៦ គីឡូម៉ែត្រការ៉េ កើនជាង៣០០គីឡូម៉ែត្រការ៉េទៅហើយ។ អ្នកទៅសាក់ ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ បន្តិចទៀតគួរតែទៅដូរទៅ។ ចាំពេលយើងចរចា មិនឱ្យបានក្រោម ១៨១ ០៣៥ គីឡូម៉ែត្រការ៉េទេ។ ឯកសារនេះអត់លាក់លៀមទេ។ សម្ដេចតេជោ បានបង្ហោះ និងបានបោះពុម្ភរាប់ពាន់ចែក ពេលដែលសម្ដេចបកស្រាយនៅសភា៥ម៉ោង។
(៣៥) ប្រជាពលរដ្ឋយល់និងអោយតម្លៃស្ថិរភាព និងសាមគ្គីឯកភាព
ពេលគេរុញ CLV-DTA, ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ តែយើងមិនទាន់ប្រកាសជាផ្លូវការដោយសារយើងនៅចរចាព្រំដែនទឹក ព្រំដែនអីបន្ថែមទៀត មានកោះមានអីផ្សេងៗ ជាច្រើន … ចប់ពីឆ្នាំ ២០១២ នោះវាលើស១៨១ ០៣៥ គីឡូម៉ែត្រការ៉េទៅហើយ។ នេះជាការពិតគ្មានអីលាក់លៀមទេ។ សួរថាយើងចរចាបាន បោះបង្គោលបានប៉ុណ្ណឹង មានដែលទៅវាយស្គរតាមផេកតតាំងទេ? យើងប្រកាន់អភិក្រមចាស់ទុំ។ គោលការណ៍ច្បាស់លាស់ ការពារបានដាច់ខាតផលប្រយោជន៍ជាតិ អធិបតេយ្យជាតិ និងទឹកដី ដោះស្រាយបញ្ហាដែលបន្សល់ទុករាប់រយឆ្នាំដើម្បីឱ្យចប់ប្រកបដោយស្មារតីទទួលខុសត្រូវ មិនឱ្យបាត់បង់ទឹកដីនិងអធិបតេយ្យភាពជាតិ។ ធ្វើយ៉ាងណាផលប្រយោជន៍ជាតិរបស់យើងបានអតិបរមា នេះជាគោលការណ៍។ មិនចាំបាច់ស្រែកធ្វើមួយជំហានប្រកាសលំៗតាមហ្វេសប៊ុក តាមអីនោះទេ។ ពេលខ្លះការចរចាត្រូវការអត់ធ្មត់។ ហេតុអីបានមិនឃើញនាយករដ្ឋមន្ត្រីយើងចេញមក។ ស្ងាត់ម្លេះ។ តើឱ្យខ្ញុំចេញមកយ៉ាងម៉េច? ឱ្យខ្ញុំចេញមកមករាល់ថ្ងៃ គេឡងមកតតាំងគ្នាចុះឡើងៗ ដូចហែកទ្រូងឱ្យក្អែកចឹកតែខ្លួនឯង។ រឿងគេសោះមកដុតខ្លួនឯង។ រឿងដែលត្រូវចរចាចុះឡើងយ៉ាងម៉េច។ វាអត់។
ខ្ញុំសុំបញ្ជាក់មកវិញកាលដែលរដ្ឋាភិបាលរក្សាការស្ងាត់ស្ងៀម មិនមែនបានន័យថារដ្ឋាភិបាលមិនធ្វើការងារ មិនមែនថារដ្ឋាភិបាលបោះបង់នូវការចរចាយកផលប្រយោជន៍ជាតិរឿងទឹកដីនោះ មិនមែនថារដ្ឋាភិបាលគ្មានការទទួលខុសត្រូវនោះទេ។ ផ្ទុយទៅវិញយើងធ្វើការដោយភាពចាស់ទុំនិងការទទួលខុសត្រូវ។ ខ្ញុំគិតថាអ្វីដែលខ្ញុំនិយាយថ្ងៃនេះ អ្នកនយោបាយ/អ្នកវិភាគនឹងយកទៅកាត់ដើម្បីវាយបន្តទៀត។ ខ្ញុំសូមឱ្យវាយបែកញើសខ្លួនឯងចុះ។ ខ្ញុំសុំនិយាយតែប៉ុណ្ណឹង បងប្អូនអាចមានមូលដ្ឋានយល់ហើយ។ គ្មានពេលវេលាទៅលេងល្បែងកូនក្មេងឆ្លើយឆ្លងរឿងនេះទេ។ ព្រួយបារម្ភរឿងទឹកដីដូចគ្នា។ អ្នកមានវិទ្យុស្រែកចុះបញ្ចេញមតិចុះ។ រាជរដ្ឋាភិបាលមានយន្តការច្បាស់លាស់ មានការទទួលខុសត្រូវច្បាស់ យើងនឹងបន្តតាមអ្វីដែលយើងធ្វើ តាមយន្តការដែលយើងមានស្រាប់ ផ្លូវការបន្តចរចាដើម្បីផលប្រយោជន៍ជាតិរបស់យើង នេះគឺជាអ្វីដែលយើងធ្វើ ហើយខ្ញុំនឹងមិនឆ្លើយឆ្លងចុះឡើងរញេរញ៉ៃជាមួយអស់លោកនៅខាងក្រៅ។ ថាខ្ញុំស្ងាត់ ខ្ញុំអត់ហ៊ាន ខ្ញុំអត់ឆ្លើយគេថាម៉េចប្រទេសផ្សេង គេថាម៉េចរឿងរបស់គេ ឯកតោភាគីថាអីថាទៅ បើចង់និយាយមកទល់មុខ យើងចរចាគ្នា។
បើអ្នកនយោបាយវិភាគខាងក្នុងធ្វើអីធ្វើចុះ កុំបំផុសដូចថ្ងៃ១៨ សីហា បាតុកម្ម ផ្ដួលស្អីៗ។ ស្រុកខ្មែរគេកំពុងអុំទូក អ្នកឡើងពីទូក ២ម៉ឺននាក់ដើរពេញក្រុង ទៅបបួលគេ(ធ្វើបាតុកម្ម)ដូចបង់ក្លាដែស។ ផែនការរបស់គេ ពេលដែលប្រជាជនមកបុណ្យអុំទូករាប់ម៉ឺននាក់នេះ គេធ្វើម៉េចបំផុសយកពេលហ្នឹងដើម្បីធ្វើបាតុកម្ម បានខំនិយាយរឿងកោះគុត រឿងស្អីនេះតែទៅមិនរួច។ ប្រជាពលរដ្ឋរវល់តែមើល វ៉ាន់ដា ខនសឺត ដល់ប្រជាពលរដ្ឋកំពុងមើល ព្រាប សុវត្ថិ, ពាក់មី កំពុងតែអុំទូក។ គេបរាជ័យហើយ ដោយសារប្រជាពលរដ្ឋយើងយល់ នឹងអោយតម្លៃនូវស្ថិរភាព និងពេលវេលាដែលយើងត្រូវសាមគ្គីឯកភាពគ្នា កុំគិតតែឈ្លោះគ្នាអត់ប្រយោជន៍ កុំយកភ្លើងក្រៅផ្ទះមកដុតផ្ទះខ្លួនឯងដោយគ្មានផលប្រយោជន៍ជាតិអីទាំងអស់។ នេះជាអ្វីដែលខ្ញុំសុំអរគុណប្រជាពលរដ្ឋយើង។ រឿងព្រំដែនរឿងទឹកកោះ ខ្ញុំបញ្ជាក់ហើយខ្ញុំសុំបិទវង់ក្រចកវិញ។ បើកវង់ក្រចកច្រើនតែបែកញើស។
[បញ្ចប់សេចក្ដីអធិប្បាយ២]
ជាថ្មីម្តងទៀត, ខ្ញុំសូមសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រង, បុគ្គលិក, សាស្រ្តាចារ្យជាតិ និង អន្តរជាតិ, ដៃគូសហប្រតិបត្តិការជាតិ និង អន្តរជាតិ, និង ប្អូនៗ និស្សិត ក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំ ស្របតាមគោលនយោបាយកែទម្រង់ របស់រាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និង កីឡា ជាសេនាធិការ ព្រមទាំងបន្តលើកស្ទួយគុណភាពវិស័យអប់ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍមូលធនបញ្ញាដល់យុវជនយើង សម្រាប់បន្តវេនទៅថ្ងៃអនាគត និង ក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ ។
ជាទីបញ្ចប់, ខ្ញុំសូមប្រសិទ្ធពរជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ជូនឯកឧត្តម លោកជំទាវ, លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងប្អូនៗជ័យលាភី សូមបានប្រកបដោយពុទ្ធពរ និង ពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត ។
ជូននិស្សិតជ័យលាភីសរុប ៨ ៣៣៩ អង្គ/នាក់ ថវិកា៥ម៉ឺនរៀល, និស្សិតពិការភាព២៣នាក់ ម្នាក់ថវិកា១លានរៀល, សាស្ត្រាចារ្យ បុគ្គលិកសិក្សា១១៤៣នាក់ ម្នាក់ៗថវិកា១០ម៉ឺនរៀល, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថវិកា១០លានរៀល, ក្រុមគ្រូពេទ្យប្រចាំអង្គពិធី ថវិកា៣លានរៀល៕