(ក្រ.កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញពិនិត្យគ្រាប់ស្វាយចន្ទី ដែលកែច្នៃនិងវេចខ្ចប់រួច មុននឹងនាំចេញជាលើកដំបូងទៅកាន់ខេត្តហឺណាន ក្នុងប្រទេសចិន តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន ZHENGZHOU NONGFA និងអាកាសចរណ៍ កម្ពុជា អង្គរ អ៊ែរ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ឯកឧត្តមបណ្ឌិតប្រតិភូមានប្រសាសន៍ថា នេះជាលើកដំបូងហើយ ដែលកម្ពុជានាំគ្រាប់ស្វាយចន្ទីចំនួន២តោន ដែលមានគុណភាពល្អ គ្រាប់ធំ និងរស់ជាតិឆ្ងាញ់ តាមរយៈជើងហោះហើរ ឆ្ពោះទៅកាន់ខេត្តហឺណាន ហើយនឹងបន្តដឹកចេញតាមយន្តហោះកម្ពុជា អង្គរ អ៊ែរ ជារៀងរាល់១សប្តាហ៍ម្តង ក្នុងផែនការប្រមាណ ២០០តោនក្នុងមួយឆ្នាំ។
បើតាមឯកឧត្តមបណ្ឌិត ងិន ឆាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តផ្សព្វផ្សាយនិងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីឱ្យបានកាន់តែច្រើនទៅប្រទេសផ្សេងៗទៀត រួមមាន ប្រទេសអារ៉ាប់ ជប៉ុន កូរ៉េ សហរដ្ឋអាមេរិក និងទៅទីផ្សារសហភាពអឺរ៉ុបជាដើម ដើម្បីពង្រីកទីផ្សារគ្រាប់ស្វាយចន្ទីដែលមានគុណភាពល្អប្រណិតរបស់ខ្មែរ។
សូមជម្រាបថា បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា និងប្រមូលផលបានជាង៨០ម៉ឺនតោនក្នុងមួយឆ្នាំ។ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណជាង ៥៦ម៉ឺនតោន ទៅកាន់ ១១ប្រទេស៕