FN ៖ នាល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក វ៉ាង យូបូ (Wang Yubo) អភិបាលខេត្តយូណាន ប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម (CLMV) លើកទី១១ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន។
ក្នុងឱកាសនៃជំនួបនោះ លោកអភិបាលខេត្តយូណាន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានសម្ដេចបវរធិបតី ដែលអញ្ជើញចូលរួមកិច្ចប្រជុំ GMS នៅទីក្រុងគុនមិញ នាឱកាសនេះ និងបានសម្ដែងសេចក្ដីរីករាយ ដែលបានជួបសម្ដេចបវរធិបតីម្ដងទៀត បន្ទាប់ពីបានជួបជាមួយសម្ដេចបវរធិបតី ក្នុងឱកាសនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីចុងឆ្នាំ២០២៣ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីការវិវឌ្ឍន៍ និងសក្តានុពលរបស់ខេត្តយូណានផងដែរ។
លោកអភិបាលខេត្តបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន និងប្រទេសកម្ពុជា មានការរីកចម្រើន ជាពិសេសតាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ច វិស័យពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណលោកអភិបាលខេត្ត ចំពោះបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅ និងបានសម្តែងក្ដីសោមនស្សរីករាយ ដែលបានជួបលោកអភិបាលខេត្ត ម្ដងទៀត។ សម្ដេចបវរធិបតីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងការអភិវឌ្ឍរបស់ខេត្តយូណាន ដែលជាក្បាលម៉ាស៊ីនមួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន។
សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់អំពីភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកម្ពុជា-ចិន ស្របពេលប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីសក្តានុពលក្នុងវិស័យជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងប្រទេសកម្ពុជា និងខេត្តយូណាន។ សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមការងារកិច្ចសហប្រតិបត្តិការ រវាងតំណាងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងមន្ទីរការបរទេសនៃខេត្តយូណាន ជួបប្រជុំបានឆាប់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
សម្តេចបវរធិបតី និងលោកអភិបាលខេត្តយូណាន បានពិភាក្សាផ្លាស់ប្តូរយោបល់អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ឧស្សហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំនិងការបណ្ដុះបណ្ដាល ព្រមទាំងទេសចរណ៍ ជាដើម។
លោកអភិបាលខេត្តបានសន្យាពិនិត្យលទ្ធភាពផ្ដល់អាហារូបករណ៍កាន់តែច្រើនទៀត ដល់និស្សិតកម្ពុជា ដើម្បីមកបន្តការសិក្សានៅខេត្តយូណាន និងបន្តខិតខំលើកទឹកចិត្តឱ្យប្រជាជនចិន ទៅធ្វើទេសចរណ៍ នៅប្រទេសកម្ពុជា ដែលមានគោលដៅទេសចរណ៍សម្បូរបែប៕