FN ៖ រាជរដ្ឋាភិបាលបានចំណាយថវិកាអស់ ១៣៥៩លានដុល្លារ លើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២.៨លាននាក់។
ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ មានរយៈរយៈពេល៤៦ខែ ដែលក្នុងនោះការអនុវត្តពេញលេញរយៈពេល ៤៣ខែ (ខែមិថុនា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៣) និងការអនុវត្តយុទ្ធសាស្រ្តចាកចេញពី កម្មវិធីមានរយៈពេល ៣ខែ (ខែមករា ដល់ខែមីនា ឆ្នាំ២០២៤) ដោយបានផ្តល់សាច់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះចំនួនប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២.៨លាននាក់ ដោយបានចំណាយថវិការដ្ឋសរុបចំនួន ៥ ៤៣៨ ៤៨៦ ៤១៩ ០០០ រៀល ឬស្មើនឹង ១ ៣៥៩,៦២លានដុល្លារអាម៉េរិក។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១២ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។
របាយការណ៍បិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។
កន្លងមកក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងប្រតិតុល្យការនៃការអនុវត្តកម្មវិធី, ក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំការវាយតម្លៃជាប្រចាំសម្រាប់ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់» នេះ រួមមានទាំងការវាយតម្លៃកម្មវិបាករបស់កម្មវិធីលើសង្គម-សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន និងការវាយតម្លៃលើដំណើរការនៃការអនុវត្តកម្មវិធីផងដែរ ។
ក្រោយពីបានបិទបញ្ចប់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ, រាជរដ្ឋាភិបាលក៏បានសម្រេចដាក់ឱ្យអនុវត្ត «កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» តាមរយៈការធ្វើស្ថាប័នូបនីយកម្ម និងសមាហរណកម្មកម្មវិធីជាតិជំនួយសង្គមទាំងអស់ ដើម្បីពង្រីកការគ្របដណ្ដប់, បង្កើនប្រសិទ្ធភាព, និងការវិនិយោគហិរញ្ញវត្ថុ ជាមួយនឹងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនេះដូចខាងក្រោម៖
គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងចំណោមគ្រួសារគោលដៅដែលមានបណ្ណសមធម៌ចំនួន ៧០ម៉ឺនគ្រួសារ ឬស្មើនឹង ២.៨ លាននាក់, មានគ្រួសារចំនួន ៥៧ម៉ឺនគ្រួសារ (ប្រមាណ ៨៤ %) បានចុះឈ្មោះចូលកម្មវិធីរួចរាល់ និងទទួលផលពីកម្មវិធីដោយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុបប្រមាណ ៧២.៥ ប៊ីលានរៀល (ប្រមាណ ១៨ លានដុល្លារ) ។ ដោយឡែកសម្រាប់ក្រុមគោលដៅនៅសេសសស់ចំនួនប្រមាណ ១៦%, ក្រុមការងារអន្តរក្រសួងពាក់ព័ន្ធ ដោយមានការសម្របសម្រួល ពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បាន និងកំពុងរៀបចំយុទ្ធនាការដើម្បីជំរុញការចុះបញ្ជីឱ្យបានទាន់ពេល ស្របតាមគោលនយោបាយរបស់រាជរដ្ឋា-ភិបាលនីតិកាលទី ៧ នៃរដ្ឋសភា៕