- ឯកឧត្តមរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន
- ភ្ញៀវកិត្តិយស និងដៃគូសន្ទនារបស់អាស៊ាន
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានចូលរួមបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ២០ (AMMSTI-20) ដែលកម្ពុជាធ្វើជាប្រធានលើផ្នែកនេះនៅក្នុងឆ្នាំ២០២៤។ ខ្ញុំក៏សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់ ដែលបានមកកាន់ទីក្រុងអង្គរដែលជាទីក្រុងបុរាណដ៏ស្រស់ស្អាតរបស់យើង។ ទីក្រុងអង្គរ គឺជាភស្តុតាងជាក់ស្តែង នៃការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីកសាងអច្ឆរិយៈពិភពលោក និងប្រាង្គប្រាសាទដ៏អស្ចារ្យជាច្រើន ដែលនៅបន្តគង់វង្សអស់រយៈកាល ១០០០ ឆ្នាំ ហើយក៏នឹងនៅតែបន្តស្ថិតស្ថេរតទៅអនាគតខាងមុខ សម្រាប់មនុស្សជាតិទាំងមូល។
វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជានិច្ចកាល គឺជាសសរស្តម្ភដ៏សំខាន់ ដែលទ្រទ្រង់វឌ្ឍនភាពរបស់មនុស្សជាតិ ជួយផ្តល់ជាដំណោះស្រាយផ្សេងៗ ធ្វើឱ្យជីវិតរបស់យើងកាន់តែល្អប្រសើរ និងងាយស្រួលជាងមុន និងបានជួយពង្រីកវិសាលភាព និងលទ្ធភាពនៃការគ្រប់គ្រងរបស់មនុស្សជាតិ ទៅលើសង្គម ធម្មជាតិ និងភពផែនដីរបស់យើង។ យើងបានឆ្លងកាត់រលកជាច្រើន នៃការជឿនលឿនផ្នែកបច្ចេកវិទ្យា ដែលបានផ្លាស់ប្តូរទាំងស្រុងនូវមូលដ្ឋានឧស្សាហកម្ម ទិដ្ឋភាពសង្គម បូករួមទាំងឥរិយាបថរបស់មនុស្សជាតិ។ ជាមួយនឹងការរីកចម្រើន នៃបច្ចេកវិទ្យា យើងបានកាត់បន្ថយចម្ងាយនៃភូមិសាស្ត្រ បង្កើនល្បឿន និងពង្រឹងសកលភាវូបនីយកម្ម ដែលបានជួយធ្វើឱ្យ
ពិភពលោករបស់យើង កាន់តែខិតជិតគ្នា និងបានផ្តល់នូវកាលានុវត្តភាពជាច្រើន នៅលើទិដ្ឋភាព នៃការចែករំលែកចំណេះដឹង និងការបង្កើតធនធានសេដ្ឋកិច្ច សម្រាប់ពិភពលោកទាំងមូល។
ខ្ញុំអាចនិយាយបានថា អាស៊ានពិតជាបានទទួលនូវផលប្រយោជន៍យ៉ាងច្រើនពីសកលភាវូបនីយកម្ម ដែលគាំទ្រដោយការរីកចម្រើន នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយសកលភាវូបនីយ កម្មនេះហើយ ដែលបានប្រែក្លាយតំបន់អាស៊ាន ពីតំបន់ដែលមានប្រទេសភាគច្រើន ទើបទទួលបានឯករាជ្យថ្មីៗ ទៅជាមជ្ឈមណ្ឌលនៃកំណើនដ៏សំខាន់មួយនៃពិភពលោក។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
នៅពេលដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បន្តវិវឌ្ឍ ក្នុងល្បឿនមួយយ៉ាងលឿន យើងមានភាពចាំបាច់ ដែលពិភពលោកត្រូវប្រើប្រាស់ និងត្រួតពិនិត្យ ឱ្យបានហ្មត់ចត់លើបច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មី ដែលអាចមានឥទ្ធិពល កែប្រែពិភពលោក។ យើងត្រូវតម្រង់ទិសវឌ្ឍនភាព នៃបច្ចេកវិទ្យា ដើម្បីឱ្យបច្ចេកវិទ្យា អាចបម្រើ និងគាំទ្រដល់បរិយាបន្នភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់។
ក្នុងចំណោមបច្ចេកវិទ្យាជាច្រើន ការជួបជុំគ្នាក្នុងសប្តាហ៍នេះ គឺជាឱកាសដ៏ល្អសម្រាប់យើងទាំងអស់គ្នា សិក្សាស្វែងយល់ពីប្រធានបទដ៏សំខាន់ ពោលគឺ «ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៖ ដំណើរទៅអនាគត»។ ជាមួយនឹងការប្រមូលផ្តុំ និងចងក្រងនូវទិន្នន័យជាច្រើន បញ្ញាសិប្បនិម្មិត បានក្លាយជាបច្ចេកវិទ្យាលេចធ្លោជាងគេ នៅក្នុងចំណោមបច្ចេកវិទ្យានានា នាពេលបច្ចុប្បន្ននេះ ទន្ទឹមនឹងការរីកចម្រើន នៃបច្ចេកវិទ្យា Blockchain Quantum Computing Data Science Machine Learning Augmented Reality and Virtual Reality Deep Learning ជីវបច្ចេកវិទ្យា និងការកែប្រែហ្ស៊ែន (Biotechnology and Gene Editing) និងការផ្ទៀតផ្ទាត់ទិន្នន័យជីវសាស្ត្រ (Biometric Authentication)។ ជាការពិត យើងអាចមើលឃើញការប្រើប្រាស់បញ្ញាសិប្បនិម្មិត ស្ទើរតែគ្រប់ទីកន្លែង នៅក្នុងជីវិតរបស់យើង តួយ៉ាងដូចជា កិច្ចការសាមញ្ញៗ នៅក្នុងការស្វែងរកព័ត៌មាននៅលើទូរស័ព្ទឆ្លាតវៃ ជាដើម។ ទន្ទឹមនឹងការផ្តល់នូវកាលានុវត្តភាពជាច្រើន បញ្ញាសិប្បនិម្មិត ក៏នាំមកនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដូចជា បញ្ហាក្រមសីលធម៌ បរិយាបន្នភាព តម្លាភាព ភាពស្មើគ្នា កង្វល់អំពីឯកជនភាព នៃទិន្នន័យ និងតម្រូវការ នៃការបណ្តុះបណ្តាលជំនាញឡើងវិញ។
ជាការពិត មនុស្សជាតិរបស់យើង កំពុងឈានជើងចូលទៅក្នុងពិភពមួយ ដែលយើងមិនធ្លាប់ស្គាល់ពីមុនមក ដូច្នេះហើយ យើងត្រូវបោះជំហានទៅមុខ ប្រកបដោយការប្រុងប្រយ័ត្ន។ ថ្ងៃនេះ ខ្ញុំចង់គូសរំលេចអំពីគោលការណ៍សំខាន់ពីរ ដែលខ្ញុំគិតថា អាចជួយតម្រង់ទិស នៅក្នុងការឆ្លងកាត់បញ្ហាប្រឈម ក៏ដូចជាកាលានុវត្តភាពថ្មីៗ ដែលស្តែងឡើងតាមរយៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និយាយជារួម និងបញ្ញាសិប្បនិម្មិត និយាយដោយឡែក។
ទីមួយ ខ្ញុំចង់សង្កត់ធ្ងន់ទៅលើភាពចាំបាច់ ដែលការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានមូលដ្ឋានដែល «យកប្រជាជនជាស្នូល»។ ខ្ញុំជឿជាក់ថា យើងពិតជាមានសិទ្ធិនៅក្នុងការទាញប្រយោជន៍ពីវឌ្ឍនភាព នៃបច្ចេកវិទ្យា ប៉ុន្តែ ទន្ទឹមនេះ យើងក៏ត្រូវមានការទទួលខុសត្រូវ នៅក្នុងការធានាតុល្យភាព និងធានានូវអត្ថប្រយោជន៍ ដែលបច្ចេកវិទ្យាអាចបម្រើដល់មនុស្សជាតិ។ វឌ្ឍនភាពថ្មីៗ ដូចជា កម្មវិធី OpenAI’s Sora ដែលជាម៉ូឌែលដែលអាចបំប្លែងអត្ថបទទៅជាវីដេអូ ឬកម្មវិធី Gemini របស់ Google ដែលជាម៉ូឌែល នៃកម្មវិធីដ៏មានឥទ្ធិពល ដែលមានច្រើនទម្រង់ អាចបំពេញតាមតម្រូវការផ្សេងៗរបស់អ្នកប្រើប្រាស់។ ទាំងអស់នេះ គឺសុទ្ធតែជាកម្មវិធី ដែលមានសក្តានុពលយ៉ាងធំធេង ប៉ុន្តែ យើងក៏ត្រូវមានការប្រុងប្រយ័ត្ន នៅក្នុងការអភិវឌ្ឍកម្មវិធីទាំងនេះ ប្រកបដោយការទទួលខុសត្រូវផងដែរ។ ការចាប់យក និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ត្រូវមានដែនកំណត់មួយ ដែលគិតគូរពីសីលធម៌ និងតម្លៃសង្គម។ សាធារណជនទូទៅបានសម្តែងការភ័យខ្លាច និងការព្រួយបារម្ភរួចទៅហើយថា សិទ្ធិ និងឯកជនភាពរបស់ពួកគេ អាចនឹងត្រូវបានរំលោភបំពាន ដោយសមត្ថភាពដ៏ខ្លាំងសម្បើម នៃកម្មវិធីដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត។
ប្រសិនបើគ្មានការអប់រំ និងជំនាញ ជាមូលដ្ឋាន និងការចូលរួមជាបន្តបន្ទាប់ ប្រាកដណាស់ថា ពិតជាមានការលំបាក សម្រាប់អ្នកប្រើប្រាស់ជាទូទៅ នៅក្នុងការបែងចែករវាងព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត ឬ ការបែងចែករវាងរូបភាពសិប្បនិម្មិត ជាមួយនឹងរូបភាពដើម។ ពេលខ្លះ ការវិវត្តបែបនេះ បែរជាបង្កឱ្យមានការខាតបង់យ៉ាងច្រើនដល់សង្គម និងរដ្ឋាភិបាល។ ការបំប្លែងរូបភាពដើម តាមរយៈបច្ចេកវិទ្យាទាំងនេះ អាចយារយីដល់សតិអារម្មណ៍សង្គម និងសាធារណៈមតិ ហើយក៏អាចបង្កឱ្យមានការបែងចែកនៅក្នុងសង្គម ភាពច្របូកច្របល់ និង អស្ថិរភាព ដែលអាចប៉ះពាល់ដល់ភាពសុខដុមនៃសង្គម ក៏ដូចជា សន្តិភាពដែលបានមកដោយលំបាក។ សាធារណជន ក៏បានសម្ដែងនូវក្តីបារម្ភ អំពីការបាត់បង់ការងារ នាពេលអនាគត និងបញ្ហាប្រឈមផ្សេងៗទៀតផងដែរ។
ការប្រកាន់អភិក្រមដែលយកប្រជាជនជាស្នូល នៅក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត មានសារៈសំខាន់យ៉ាងខ្លាំង ហើយយើងក៏ត្រូវជំរុញ ការផ្លាស់ប្តូរឥរិយាបថរបស់អ្នករៀបចំគោលនយោបាយ អ្នកស្រាវជ្រាវ និងស្ថាប័នឯកជន ផងដែរ។ ទន្ទឹមនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត យើងក៏ត្រូវមានការអភិវឌ្ឍក្របខណ្ឌបទដ្ឋានគតិយុត្ត ដើម្បីគាំទ្រដល់វឌ្ឍនភាព នៃបញ្ញាសិប្បនិម្មិត ដោយមានការចូលរួមវិភាគទាន ពីគ្រប់ភាគីពាក់ព័ន្ធ។
ក្នុងស្មារតីនេះ ខ្ញុំសូមគូសរំលេច ចំណុចទីពីរ ដែលនិយាយអំពីសារសំខាន់ នៃគោលការណ៍ពហុភាគីនិយម»។
ពហុភាគីនិយម គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ នៅក្នុងការចាប់យកបច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មី ដើម្បីធានាថា បច្ចេកវិទ្យាទាំងនោះ បម្រើឱ្យមនុស្សជាតិ មិនមែនមនុស្សជាតិ ត្រូវរត់តាមបម្រើបច្ចេកវិទ្យាទាំងនោះទេ។ ពហុភាគីនិយមមានសារសំខាន់ នៅក្នុងការបង្កើនប្រសិទ្ធភាព តាមរយៈការស្រាវជ្រាវរួមគ្នា ការផ្លាស់ប្តូរ ការប្រើប្រាស់ធនធានរួមគ្នា និងការបង្កើតភាពសុខដុម តាមរយៈការរៀបចំក្របខណ្ឌ និងវេទិការួម និងការរៀបចំរបៀបវារៈ សម្រាប់ការអភិវឌ្ឍ និងវឌ្ឍនភាពរួមគ្នា។ ជាការពិត ប្រទេសទាំងឡាយ ត្រូវប្រកួតប្រជែងយ៉ាងខ្លាំងក្លា នៅក្នុងការចាប់យកបច្ចេកវិទ្យាទំនើបបំផុត ប៉ុន្តែ យើងក៏ត្រូវធានាថា យើងនៅតែអាចបង្កើតលំហសម្រាប់កិច្ចសហប្រតិបត្តិការ នៅក្នុងការប្រកួតប្រជែងដោយភាពថ្លឹងថ្លែងរបស់យើង។ «ការកាត់ផ្តាច់» (decoupling) និង «ការបែងចែក» (fragmentation) មិនគួរក្លាយជាវិធានដែលយើងប្រកាន់យកនោះទេ ព្រោះថា បើយើងប្រកាន់យកអភិក្រមបែបនេះ យើងនឹងត្រូវប្រឈមនឹងហានិភ័យ នៃការបាត់បង់ធនធានដែលមានកម្រិតរបស់យើងដោយត្រូវផ្តោតទៅលើការព្យាយាមរត់តាមទម្រង់ និងស្តង់ដារផ្សេងៗគ្នា សម្រាប់ប្រភេទនៃបច្ចេកវិទ្យាតែមួយ។
ខ្ញុំជឿជាក់ថា អាស៊ានដែលមានប្រវត្តិយូរលង់ នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គួរតែត្រូវខិតខំតស៊ូមតិឱ្យបានខ្លាំងក្លាបន្ថែមទៀត អំពីភាពចាំបាច់នៅក្នុងការប្រកាន់ខ្ជាប់គោលការណ៍ពហុភាគីនិយម ដើម្បីតម្រង់ទិសអនាគតនៃបច្ចេកវិទ្យាថ្មីៗ។ ប្រព័ន្ធអេកូឡូស៊ី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់អាស៊ាន ពឹងផ្អែកយ៉ាងខ្លាំង ទៅលើគោលការណ៍ពហុភាគី ដែលឈរលើមូលដ្ឋាន នៃស្ថិរភាព សន្តិភាព សមធម៌ និរន្តរភាព និងបរិយាបន្នភាព។
ខ្ញុំមានសេចក្តីរីករាយ ជាមួយនឹងវឌ្ឍនភាព ដែលសម្រេចបាន នៅក្នុងផែនការសកម្មភាព អាស៊ាន ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ ២០១៦-២០២៥ (APASTI ២០១៦-២០២៥)។ ខ្ញុំសូមផ្តល់អនុសាសន៍ដល់ការរៀបចំ APASTI ២០២៦-២០៣៥ ឱ្យយកចិត្តទុកដាក់ បន្ថែមទៀត ចំពោះលទ្ធភាពទទួលបានបច្ចេកវិទ្យា និងការផ្ទេរបច្ចេកវិទ្យា ប្រកបដោយសមធម៌ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយទេពកោសល្យ និងចល័តភាព នៃបុគ្គលដែលមាន ទេពកោសល្យ តាមរយៈការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្សដែលមានទេពកោសល្យ និងចល័តភាពរបស់ពួកគេ នៅក្នុងការពង្រឹងកិច្ចសហការរវាងតួអង្គពាក់ព័ន្ធ នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ នៅក្នុងតំបន់ ព្រមទាំងយកចិត្តទុកដាក់លើការវិនិយោគបន្ថែមទៀត នៅក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍដែលជំរុញនវានុវត្តន៍។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការពិភាក្សា និងការផ្លាស់ប្តូរស៊ីជម្រៅពេញមួយសប្តាហ៍ យើងនឹងអាចដាក់ចេញនូវគំនិតជាក់ស្តែងនិយម ដែលមានមូលដ្ឋាននៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៅក្នុងទិសដៅពន្លឿនការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ។ ខ្ញុំសូមជូនពរដល់អ្នកចូលរួមកិច្ចប្រជុំទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យនៅក្នុងការងាររៀងៗខ្លួន និងសូមជូនពរភ្ញៀវកិត្តិយសទាំងឡាយ សូមទទួលបាននូវភាពរីករាយ នៅក្នុងការស្នាក់អាស្រ័យ នៅក្នុងខេត្តសៀមរាប។
ចុងក្រោយ ខ្ញុំសូមប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ២០ ចាប់ពីពេលនេះតទៅ។
សូមអរគុណ!