នៅព្រឹកថ្ងៃអង្គារ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីនៃពិធីជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា នៅវិមានសន្តិភាព។
បន្ទាប់ពីបានស្តាប់របាយការណ៍ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា ស្តីអំពីវឌ្ឍនភាពការងារ ការចូលរួមសកម្មភាពសង្គម និង សំណូមពរបស់ សមាគមរួចមក សម្តេចធិបតី បានមានប្រសាសន៍សំណេះសំណាល ដោយបានអរគុណចំពោះ សមាគមដែលបានខិតខំ បំពេញបេសកកម្មរបស់ខ្លួនក្នុងការចូលរួមលើកកម្ពស់គុណភាពសិក្សាដល់សិស្ស-និស្សិត និងពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសាស្ត្រាចារ្យគ្រប់កម្រិត និងបុគ្គលិកអប់រំ ដើម្បីធានាចីរភាពនៅតាមគ្រឹះស្ថានសិក្សានីមួយៗ ព្រមទាំង បានចូលរួមសកម្មភាពសង្គមជាមួយរាជរដ្ឋាភិបាល។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់វិស័យឯកជន ជាពិសេសសមាជិក សមាជិកា នៃសមាគម ដែលបានចូលរួម ចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍវិស័យអប់រំ និងការបណ្តុះបណ្តាលមូលធនមនុស្ស ជាពិសេសការបង្កើន និងការពង្រីកសេវាអប់រំគ្រប់កម្រិត នៅទូទាំង ប្រទេសកម្ពុជា ព្រមទាំង ការខិតខំផ្តល់សេវាអប់រំ ប្រកបដោយគុណភាព សម្រាប់ឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តអនុវត្តគោលនយោបាយលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់អាទិភាពលើការកសាងមូលធនមនុស្សប្រកបដោយសមត្ថភាព និងសុខភាព ការធ្វើ
ទំនើបកម្ម និងទាញយកបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ រាជរដ្ឋាភិបាលបន្តចាត់ទុកវិស័យឯកជនជាដៃគូ ដែលជាប្រតិបត្តិករសំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើគ្រប់វិស័យ។
ក្នុងឱកាសនេះ សម្តេចធិបតី ក៏បានជំរុញដល់សមាគមយកចិត្តទុកដាក់លើ កិច្ចការសំខាន់៣ ដូចខាងក្រោម៖ (១) ពិនិត្យលទ្ធភាពសហការជាមួយនឹងក្រសួង-ស្ថាប័ន ដើម្បីបណ្តុះបណ្តាលជំនាញដែលឆ្លើយតបទៅនឹង តម្រូវការរបស់ក្រសួង-ស្ថាប័ន និងសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា (២) ត្រូវរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ តាមរយៈការចូលរួមអនុវត្តនូវយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន ដើម្បីពង្រឹង និងពង្រីកការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ព្រមទាំងការដាក់ចេញនូវយន្តការនៅក្នុងការត្រួតពិនិត្យតាមដានដើម្បីតម្រង់ទិសទៅតាមវិស័យនីមួយៗ និង (៣) បញ្ចូលនូវកម្មវិធីសិក្សាពីភាសាខ្មែរ សិល្បៈ វប្បធម៌ សីលធម៌ គុណធម៌ និងប្រវត្តិសាស្ត្រ ព្រោះថា ទោះបីជាប្រទេសជាតិមានការអភិវឌ្ឍទៅដល់ណាក៏ដោយ ក៏ត្រូវតែរក្សាបាននូវអត្តសញ្ញាណជាតិ។
មុននឹងបញ្ចប់ សម្តេចធិបតី បានសម្រេច ចំពោះសំណូមពររបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដូចខាងក្រោម៖ ១. ឯកភាពបន្តផ្តល់ការអនុគ្រោះ សម្រួលដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនឱ្យរួចផុតពី ការបង់ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុក លើសេវា ការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ ដល់ ឆ្នាំ២០២៨ ដោយអនុវត្តតាមខ្លឹមសារ នៃលិខិត លេខ២៥២ សជណ.អវ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចេញប្រកាសរួចហើយ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអប់រំ។ ២. ឯកភាពបន្តពន្យាការអនុវត្តនូវប្រាក់ពិន័យអន្តរកាលរបស់និយ័តករគណនេយ្យ និង សវនកម្ម ប៉ុន្តែគ្រឹះស្ថានសិក្សាត្រូវអនុវត្តនូវលក្ខខណ្ឌមួយចំនួនរួមមាន៖ គ្រឹះស្ថានសិក្សាត្រូវអនុវត្តកាតព្វកិច្ច កាន់បញ្ជីគណនេយ្យត្រឹមត្រូវ រៀបចំ
របាយការណ៍ហិរញ្ញវត្ថុ និងដាក់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុមកនិយ័តករ គណនេយ្យនិងសវនកម្ម ហើយគ្រឹះស្ថានសិក្សាគួរមានឆន្ទៈ រៀបចំផែនការច្បាស់លាស់ក្នុងការចូលរួម សិក្សា ស្រាវជ្រាវ និងចូលរួមការបណ្តុះបណ្តាលស្តង់ដាគណនេយ្យ ដែលរៀបចំដោយនិយ័តករគណនេយ្យ និង សវនកម្ម និងគ្រឹះស្ថានបណ្តុះបណ្តាលផ្សេងៗទៀតខិតខំជំរុញបន្ថែមនូវសកម្មភាពផ្សព្វផ្សាយ និងបណ្តុះបណ្តាល ស្របតាមវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលមានស្រាប់។ ៣. ឯកភាពក្នុងការផ្តល់នូវសាល ក្នុងអគារ ជាន់ទី១ នៃអគារបណ្ណាល័យសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបច្ចុប្បន្ន សម្រាប់ សមាគមប្រើប្រាស់ក្នុងដំណើរការការងារប្រចាំថ្ងៃរបស់ខ្លួន។ ជាទីបញ្ចប់ សម្តេចធិបតី បានលើកទឹកចិត្តដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បន្តចូលរួមធ្វើ អាទិភាវូបនីយកម្មលើគុណភាពនៃការអប់រំ ដើម្បីឱ្យសិស្ស-និស្សិតនៃគ្រឹះស្ថានឧត្តមសិក្សា មានសមត្ថភាព កាន់តែខ្ពស់ក្នុងទីផ្សារការងារ រួមចំណែកជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍមូលធនបញ្ញាដល់យុវជន សម្រាប់បន្តវេន និងជាសសរទ្រូងដ៏រឹងមាំ សម្រាប់ប្រទេសជាតិ ៕