Thmey Thmey ៖ អាកាសធាតុក្ដៅហួតហែងនារដូវប្រាំងឆ្នាំនេះ បានធ្វើឱ្យផលអំបិលកើនឡើងជាងពាក់កណ្ដាល ធៀបនឹងឆ្នាំ២០២៣។ នេះបើតាមការលើកឡើងរបស់កសិករ ដោយពួកគេបន្ថែមថា «អំបិលឆ្នាំនេះកើនឡើង តែមិនត្រូវប៉ាន់» ដែលបញ្ហានេះបណ្ដាលមកពីការនាំចូលអំបិលបរទេស និងវិបត្តិសេដ្ឋកិច្ចសកល។
លោក សូត្រ ឈៀរ៉ា ម្ចាស់ស្រែអំបិលមួយកន្លែង ស្ថិតក្នុងភូមិត្រើយកោះ ក្រុងកំពត ខេត្តកំពត បានឱ្យដឹងថា ការធ្វើអំបិលឆ្នាំនេះ មានលក្ខណៈងាយស្រួលជាងឆ្នាំមុន ដោយសារមេឃក្ដៅខ្លាំង និងគ្មានភ្លៀងរំខាន។ រយៈពេល៤ខែមកនេះ លោកអាច ប្រមូលផលអំបិលបាន៧០តោន ក្នុងផ្ទៃដី១ហិកតា។ បរិមាណនេះ កើនឡើង៤០តោន ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។
ទោះបីជាទិន្នផលហក់ឡើងខ្ពស់ តែកសិកររូបនេះ ហាក់មិនសូវសប្បាយចិត្តប៉ុន្មាននោះទេ ដោយសារតែតម្លៃដែលពួកគេលក់ចេញកំពុងធ្លាក់ចុះខ្លាំង។ បើតាម លោក ឈៀរ៉ា បច្ចុប្បន្ន អំបិលអាចលក់បានតម្លៃចន្លោះពី ៩០០០ទៅ ១៣០០០រៀលក្នុងមួយបាវ មានទម្ងន់៥០គីឡូក្រាម តាមប្រភេទផ្សេងៗគ្នា។ តម្លៃនេះទាបជាងឆ្នាំមុន ដែលលក់បានចន្លោះពី១២០០០ ទៅ១៩០០០រៀល ក្នុងបរិមាណដូចគ្នា។
លោក សូត្រ ឈៀរ៉ា ប្រាប់ដូច្នេះថា៖« ឆ្នាំមុនភ្លៀងញឹកញាប់ ដូច្នេះ ធ្វើអំបិលអត់សូវបានទេ តែឆ្នាំនេះអាកាសធាតុក្ដៅល្អ ធ្វើឱ្យអំបិលហុចផលបានរហ័ស។ បើខ្ញុំស្មាន ឆ្នាំនេះអាចកើនឡើងដល់ ៦០ភាគរយ ធៀបនឹងឆ្នាំមុន។ បើនិយាយពីតម្លៃវិញ ឆ្នាំនេះថោកជាងឆ្នាំមុន»។
ការធ្លាក់ថ្លៃនៅពេលនេះ លោក សូត្រ ឈៀរ៉ា អះអាងថា បណ្ដាលមកពីការនាំចូលអំបិលបរទេសក្នុងបរិមាណច្រើន ដែលធ្វើឱ្យចាល់ទីផ្សារ។ ទោះជាបែបនេះក៏ដោយ វាមិនទាន់ធ្វើឱ្យលោកខាតបង់នៅឡើយទេ គ្រាន់តែបាត់បង់ប្រាក់ចំណេញច្រើន។
លោក បន្តដូច្នេះថា៖«មូលហេតុដែលអំបិលធ្លាក់ថ្លៃ ទី១មកពីការនាំចូល និងទី២ គួបផ្សំជាមួយទិន្នផលកើនឡើងទៀតនោះ ដូច្នេះ វាធ្វើឱ្យយើងពិបាកបន្តិចហើយ។ តម្លៃប៉ុណ្ណឹង ខ្ញុំគិតថា នៅអាចទទួលយកបាន ដែលអាចឱ្យយើងអាចមានលទ្ធភាពធ្វើបន្តទៀតបាន»។
ចំណែក អ្នកស្រី សុខ សុភា តំណាងក្រុមហ៊ុនអ៊ិនធ័រប្រាយស៍ (Enterprise) ដែលចែកចាយអំបិលក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស បានលើកឡើងថា បច្ចុប្បន្នទីផ្សារអំបិលទាំងក្នុងស្រុក និងពិភពលោក ហាក់ស្ងប់ស្ងាត់ខ្លាំង។ ជាក់ស្ដែង ម៉ាត ផ្សារទំនើប អ្នកទទួលទិញបរទេស និងតាមបណ្ដាខេត្តនានា បានកាត់បន្ថយការបញ្ជាទិញជាបន្តបន្ទាប់។
អ៊ិនធ័រប្រាយ បាននាំចេញអំបិលទៅកាន់ប្រទេស អាមេរិក ជប៉ុន ឆែក និងផ្គត់ផ្គង់តាមទីផ្សារនានា ក្នុងប្រទេសកម្ពុជា។ ការធ្លាក់ចុះនៅពេលនេះ អ្នកស្រី សុភា ថា បណ្ដាលមកពីការនាំចូលអំបិលពីបរទេស ខណៈវិបត្តិសេដ្ឋកិច្ចសកល បានជំរុញឱ្យមនុស្សព្យាយាមកាត់បន្ថយការចំណាយជាងមុន។
លោកស្រី ប្រាប់ដូច្នេះថា៖«សព្វថ្ងៃ ការបញ្ជាទិញពីអតិថិជនថយចុះស្ទើរគ្រប់កន្លែង។ ជាក់ស្ដែង ពីមុនប្រទេសឆែក បញ្ជាទិញ៤ទៅ៥ដងក្នុងមួយឆ្នាំ តែឥឡូវ ស្ងាត់ឈឹង។ បើនៅ ភ្នំពេញវិញ ធ្លាប់តែកុម្ម៉ង់ញឹកញាប់ តែឥឡូវ មួយខែអត់ទាន់ឃើញកុម្ម៉ង់ម្ដងផង។ កត្តាទាំងនេះ ខ្ញុំថាមកពីការនាំចូលច្រើនពេក ហើយមួយទៀតពីមនុស្សឥឡូវចួបវិបត្តិសេដ្ឋស្ទើរគ្រប់គ្នា ដូច្នេះ ទើបពួកគេកាត់បន្ថយការចាយវាយ»។
បច្ចុប្បន្ន កម្ពុជាមានស្រែអំបិលជិត៤ពាន់ហិកតា ក្នុងនោះ ខេត្តកំពតមាន៣ ៤៨៩ហិកតា និងខេត្តកែប ៤៩៧ហិកតា ដែលជាមធ្យមអាចផលិតអំបិលបានជាង៨០ម៉ឺនតោនក្នុងមួយឆ្នាំ៕