រដ្ឋាភិបាល សម្រេចបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង(ក.គ.ផ.ស) ដែលមានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានជាប្រធាន។ ក.គ.ផ.ស ត្រូវបង្កើតឡើងដើម្បីរៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យាបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈគ្រប់កន្លែង ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព។
ក្រុមការងារ ក.គ.ផ.ស មានលោក ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល លោកស្រី ចម នម្មិល រដ្ឋមន្ត្រីពាណិជ្ជកម្ម និងលោក ហែម វណ្ឌី រដ្ឋមន្ត្រីឧស្សាហកម្ម ជាអនុប្រធាន ដែលមានសមាជិកចំនួន៥នាក់។ បើតាមសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត នាថ្ងៃទី១២មេសា ក.គ.ផ.ស ត្រូវដឹកនាំយុទ្ធសាស្ត្រលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។
ជាមួយគ្នានេះ ក.គ.ផ.ស ត្រូវតម្រង់ទិសក្នុងការរៀបចំយន្តការអនុវត្ត និងបទដ្ឋានបច្ចេកទេសលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។ ជាពិសេស ក្រុមការងារត្រូវកំណត់វិធានបច្ចេកទេស សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ធានាបាននូវកិច្ចការពារអ្នកប្រើប្រាស់ និងជំរុញការប្រកួតប្រជែងដោយសុចរិត។
សេចក្តីសម្រេចដដែលរបស់សម្តេច ហ៊ុន ម៉ាណែត បានតម្រូវឱ្យក្រុមការងារ ក.គ.ផ.ស ដែលមានទីតាំងនៅក្រសួងព័ត៌មាន ត្រូវរៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យាបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈនៃគ្រប់កន្លែង ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព។ ក.គ.ផ.ស ក៏មានសិទ្ធិអញ្ជើញតំណាងក្រសួង ស្ថាប័ន ដៃគូពាក់ព័ន្ធនានា វិស័យឯកជន និងសមាគម ទូរទស្សន៍ វិទ្យុ និងសារព័ត៌មានចូលរួមពិគ្រោះយោបល់ ដើម្បីគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ផងដែរ៕