នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធព្រះបទុមចេតិយក្នុងវត្តមណីរតនារាម ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
មានប្រសាសន៍ក្នុងពិធីដ៏អធិកអធម សម្តេចធិបតី គូសបញ្ជាក់ថា សមិទ្ធផលក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលកើតមាននាពេលបច្ចុប្បន្ន គឺអាស្រ័យកត្តា ៤ យ៉ាង មានជាអាទិ៍ ទី១.កត្តាសុខសន្តិភាព ដ៏មានតម្លៃមហិមា ហើយត្រូវរក្សាឱ្យបានគង់វង្សយូរអង្វែង ព្រោះថាក្នុងសម័យសង្គ្រាមវត្តអារាមអាចក្លាយជាទីតាំងសមរភូមិ ប៉ុន្តែក្នុងសម័យសន្តិភាពទីតាំងសមរភូមិទាំងទ្បាយបានប្រែក្លាយមកជាកន្លែងកសាងសមិទ្ធផលបម្រើដល់ផលប្រយោជន៍របស់ប្រជាជន ។ ទី២. កត្តាសិទ្ធិសេរីភាពក្នុងការគោរពប្រតិបត្តិសាសនានានា ទី៣. កត្តារីកចម្រើននៃកម្រិតជីវភាពរបស់ប្រជាជនដែលនាំឱ្យមានសទ្ធាជ្រះថ្លាក្នុងការចូលរួមក្នុងការកសាងសមិទ្ធផលសាសនាដែលខ្លួនគោរពបដិបត្តិ និង ទី៤.វប្បធម៌នៃការចែករំលែកប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅរវាងគ្នានិងគ្នា ។
សម្តេចធិបតី បានបន្តទៀតថា សាសនា គឺជាប្រភពផ្ដល់គុណតម្លៃសម្រាប់សង្គម ហើយបានផ្សារភ្ជាប់សកម្មភាពមនុស្សទៅនឹងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ មនសិការ ផ្នត់គំនិត និងឥរិយាបថមនុស្សនៅក្នុងសង្គម ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល អាណតិ្តទី៧ បន្តថែរក្សាកេរតំណែលរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ តាមរយៈបន្តដាក់សម្បត្តិវប្បធម៌ជាតិទាំងទ្បាយទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទាំងបីប្រភេទ មានជាអាទិ៍ ១.បញ្ជីបេតិកភណ្ឌរូបីយ៖ ឧទ្យានបុរាណវិទ្យាអង្គរ, ប្រាសាទព្រះវិហារ, តំបន់ប្រាសាទសម្បូរព្រៃគុហ៍, តំបន់ប្រាសាទកោះកេរ ២.បញ្ជីបេតិកភណ្ឌអរូបីយ៖ របាំព្រះរាជទ្រព្យ, ល្ខោនស្រមោលស្បែកធំ, ល្បែងទាញព្រ័ត្រ, ចាប៉ីដងវែង, ល្ខោនខោលវត្តស្វាយអណ្តែត, គុនល្បុក្កតោ និង ៣.បញ្ជីនៃស្មារតីចងចាំរបស់ពិភពលោក៖ បណ្ណាសារសារមន្ទីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, ក្រាំងរឿងអ៊ីណាវបុស្បា ជាដើម ។ល។ ទន្ទឹមនេះ សម្តេច ក៏បានឱ្យដឹងផងដែរថា បានណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការរៀបចំឯកសារដាក់ពាក្យ «សង្ក្រាន្ត» ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ ។ បើមិនមានអ្វីប្រែប្រួល នឹងត្រូវចុះបញ្ជីរួចរាល់នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីជំរុញការពារ និងទទួលស្គាល់ពីទូទាំងសាកលលោក ព្រមទាំងបន្តថែរក្សាកេរតំណែលបុព្វបុរសខ្មែរ សម្រាប់បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយរបស់យើង ។
ទាក់ទិននឹងការអភិរក្សនៅក្នុងខេត្តពោធិ៍សាត់ សម្តេចនាយករដ្ឋមន្ត្រី បានស្នើឱ្យមានការសិក្សាដឹកនាំដោយឯកឧត្តម កែវ រតនៈ សហការជាមួយស្ថាប័ន-អាជ្ញាធរជំនាញពាក់ព័ន្ធ ក្នុងការដាក់តំបន់ផ្លូវអន្ទង់អាំង ឬផ្លូវបុប្ផាលាក់ខ្លួន ភ្នំ១.៥០០ ជាតំបន់តំបន់អភិរក្សសម្រាប់ទេសចរណ៍ធម្មជាតិ ព្រោះជាតំបន់ធម្មជាតិដ៏កម្ររបស់កម្ពុជា ។ ទន្ទឹមនេះសម្តេចធិបតី បានគាំទ្រដល់គម្រោងវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិនិងរុក្ខ-ទេសចរណ៍ដែលភ្ជាប់នឹងទឹកដី ដោយត្រូវមានការសិក្សាជាក់លាក់ ត្រួតពិនិត្យឱ្យបានម៉ត់ចត់មុនការផ្តល់ជូនអាជ្ញាបណ្ណអាជីវកម្ម ហើយត្រូវស្នើសុំតាមរយេៈក្រសួងបរិស្ថាន ។ ចំពោះអាជ្ញាបណ្ណដែលកំពុងប្រកបអាជីវកម្ម រាជរដ្ឋាភិបាល នឹងបន្តគាំទ្រ ជួយសម្របសម្រួល ក្នុងការប្រកបអាជីវកម្ម រីឯ អាជ្ញាបណ្ណដែលពុំទាន់ប្រកបអាជីវកម្ម រាជរដ្ឋាភិបាលទុកជូនរយៈពេល ៦ ខែ ដើម្បីអនុវត្តនូវគម្រោងអាជីវកម្មរបស់ខ្លួន ។ ដោយទ្បែក ចំពោះករណីវិនិយោគណាបំពានទៅលើលក្ខខណ្ខដែលបានកំណត់ នោះត្រូវប្រឈមទៅនឹងការដកយកអាជ្ញាបណ្ណ មិនឱ្យប្រកបអាជីវកម្មតទៅទៀតទ្បើយ ។
ក្នុងឱកាសនោះផងដែរ សម្តេចធិបតី ក៏បានធ្វើការក្រើនរំឭកដល់មន្រ្តីពាក់ព័ន្ធទាំងអស់ឱ្យបន្ត យកចិត្តទុកដាក់ និងជៀសឱ្យឆ្ងាយអំពីករណីខុសច្បាប់ទាំងទ្បាយណា ដែលទាក់ទិនទៅនឹងការ បំផ្លាញព្រៃឈើ ព្រោះជាសម្បតិ្តរួមសម្រាប់អនាគតប្រជាជនទូទាំងប្រទេស ហើយដាច់ខាតត្រូវការពារឱ្យបាននូវរាល់ការទន្ទ្រានដីរដ្ឋ និងដីសហគមក្នុងគ្រប់រូបភាព តាមរយៈ ទី១.បន្តពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុត មិនលើកលែងចំពោះអ្នកប្រព្រឹត្តលើ្មសពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវបញ្ជាអនុវត្តផ្ទាល់ រួមជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រៀមផ្ដល់កិច្ចសហការគាំទ្រចាំបាច់នានា ។ និង ទី២.ពង្រឹងយន្តការគ្រប់គ្រងមូលដ្ឋានឱ្យបានរឹងម៉ាំ ដើម្បីថែរក្សាទីតាំងបានយូរអង្វែង និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។
ជាចុងក្រោយ សម្តេចមហាបវរធិបតី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការគ្នាយ៉ាងល្អ ធ្វើឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ មានការអភិវឌ្ឍ និង រីកចម្រើនលើគ្រប់វិស័យ ស្របទៅតាមសក្តានុពលនៃភូមិសាស្រ្តខេត្ត ជាពិសេស ការកើនឡើងគួរឱ្យកត់សម្គាល់នៃសមិទ្ធផលផ្នែកពុទ្ធចក្រ ផងដែរ ៕