នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានថ្លែងអំណរគុណផងដែរ ចំពោះព្រឹទ្ធសភា និង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលស្វាគមន៍ឯកឧត្តម និងគណៈប្រតិភូ យ៉ាងល្អប្រពៃ និងយ៉ាងកក់ក្តៅ ក្នុងឱកាសបំពេញទស្សនកិច្ចការងារ។ បន្ថែមលើនេះ ឯកឧត្តមប្រធានរដ្ឋសភា បានសម្តែងនូវការកោតសរសើរជាខ្លាំង ចំពោះសមត្ថភាព និងភាពជាអ្នកដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបាននាំមកនូវភាពរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យដល់ប្រទេសកម្ពុជា នាពេលកន្លងមក ហើយឯកឧត្តមមានជំនឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងបន្តការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀត។ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានបង្ហាញពីការទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ ហើយរដ្ឋសភានៃប្រទេសទាំងពីរនឹងឈានដល់ការរៀបចំការចុះអនុស្សរណៈនៃការយោគយល់គ្នា លើការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគណៈប្រតិភូសភានៃប្រទេសទាំងពីរ និងការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកនាពេលខាងមុខនេះផងដែរ។ ព្រមជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភា បានជម្រាបជូនសម្តេចធិបតី ថា រដ្ឋសភាថៃនឹងបន្តចូលរួមចំណែក និងគាំទ្រដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តមប្រធានរដ្ឋសភា និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ ដែលបានឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្ត” ដែលជាទំនាក់ទំនងដ៏ល្អប្រសើរ។ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា តាមរយៈទស្សនកិច្ចការងាររបស់ឯកឧត្តមប្រធានរដ្ឋសភានាឱកាសនេះ នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាអាទិ៍ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ ការពារជាតិ សន្តិសុខ និងវិស័យផ្សេងៗទៀត។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ និងស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ថែទាំដល់ពលករខ្មែរដែលកំពុងបំពេញការងារ នៅព្រះរាជាណាចក្រថៃ និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃលើការផ្ដល់នូវការលើកលែងថ្លៃទិដ្ឋាការចេញ-ចូល (Re-entry Visa Fee) សម្រាប់ពលករខ្មែរ ដែលនឹងធ្វើដំណើរត្រលប់មកកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងត្រឡប់ទៅព្រះរាជាណាចក្រថៃវិញ។
មុននឹងបញ្ចប់ សម្តេចធិបតី និងឯកឧត្តមប្រធានរដ្ឋសភា ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសម្រាប់បញ្ហាតំបន់ និងអន្តរជាតិ ដើម្បីចូលរួមក្នុងការកសាងសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពនៅក្នុងតំបន់ ហើយក៏បានបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការពង្រឹង និងពង្រីកការអភិវឌ្ឍន៍វិស័យឌីជីថល ការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា បទឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធអនឡាញ ផងដែរ ៕